Author: សឿន សំណាង

  • Selena Gomez មានទ្រព្យ​រាប់សិប​លាន​ដុល្លារ និង​ចូលចិត្ត​ស្លៀក​រ៉ូ​ប​បង្ហាញ​សម្រស់​រាងកាយ

    Selena Gomez មានទ្រព្យ​រាប់សិប​លាន​ដុល្លារ និង​ចូលចិត្ត​ស្លៀក​រ៉ូ​ប​បង្ហាញ​សម្រស់​រាងកាយ

    រ៉ូ​ប​ប្រភេទ Versace និង Armani ជាដើម ជួយ​ឱ្យ​កំពូល​តារាចម្រៀង​ជនជាតិ​អាមេរិកាំង នាង Selena Gomez បង្ហាញ​សម្រស់​នៃ​រាងកាយ​បាន​យ៉ាង​ល្អ។

    Selena Gomez ទទួល​អំណរ​អាយុ​ថ្មី​របស់​នាង​កាលពី​ថ្ងៃទី 22 ខែកក្កដា នៅ​ភូមិគ្រឹះ​នាទី​ក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្នុងឱកាស​ខួបកំណើត តារាចម្រៀង និង​ជា​អ្នកជំនួញ​រូបនេះ បាន​អំពាវនាវ​ឱ្យ​បង្កើត​មូល​និ​ធី​មួយ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​ជួយ​ដល់​អ្នកជំងឺ​ផ្លូវចិត្ត។

    យោងតាម Forbes ក្នុង​វ័យ 29 ឆ្នាំ Selena មានទ្រព្យ​សម្បត្តិ​តម្លៃ 75 លាន​ដុល្លារ​អាមេរិក។ ក្រៅពី​អាជីព​ជា​អ្នកចម្រៀង និង​សំដែង ស្រី​ស្អាត​កើត​ឆ្នាំ 1992 នេះ ក៏​រកចំណូលបាន​ពី​ការធ្វើ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ តាំងពី​អាយុ 19 និង​ជោគជ័យ ពេល​គ្រប់គ្រង​ក្រុមហ៊ុន​លក់​គ្រឿងសំអាង Rare Beauty ចាប់ពី​ឆ្នាំ 2020 ផងដែរ។

    ទំព័រ Tribedynamics បាន​រកឃើញថា ប្រាក់ចំណូល​របស់ Rare ខ្ពស់ជាង​ប្រភេទ​ផលិតផល​ថែ​សម្រស់​របស់ Victoria Beckham ទៅទៀត។

    Vogue បាន​អធិប្បាយ​ថា Selena Gomez ចូលចិត្ត​ឈុត​សម្លៀកបំពាក់​ទាក់ទាញ​ចំណាប់អារម្មណ៍។ ស្រី​ស្អាត​នេះ ចូលចិត្ត​រ៉ូ​ប​ឆែក រឹប​ចង្កេះ រឹប​ដើមទ្រូង ឬ​ទាក់ទាញ​ភ្នែក ត្រង់​ត្រគាក៕

    ប្រភព៖ Forbes, REX
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-រថភ្លើងហោះ ល្បឿន 600 ម៉ែត្រ ក្នុង 1 ម៉ោង ៖ លឿនជាងយន្តហោះទៅទៀត

    (វីដេអូ)-រថភ្លើងហោះ ល្បឿន 600 ម៉ែត្រ ក្នុង 1 ម៉ោង ៖ លឿនជាងយន្តហោះទៅទៀត

    ជាមួយនឹង​ល្បឿន​អតិបរមា 600 គីឡូម៉ែត្រ ក្នុង 1 ម៉ោង រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​ម៉ាញេទិក ដែល​ត្រូវបាន ចិន ឧទ្ទេសនាម​កាលពី​ថ្ងៃទី 21 កក្កដា គឺជា​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    ប្រទេស ចិន កាលពី​ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021 បានបង្ហាញ​រថភ្លើង​អណ្ដែតថ្មី​សន្លាង​មួយ​គ្រឿង​ ដែល​ប្រើ​កម្លាំង​មេដែក (maglev (magnetic levitation train) និង​អាច​រត់​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ ល្បឿន​នេះ​អាចជួយ​ឱ្យ​គំរូ​រថភ្លើង​ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ប្រទេស ចិន នៅ​ទីក្រុង​ឆ្នេរសមុទ្រ Qingdao នៃ​ខេត្ត Shandong ក្លាយជា​យាន​ដែលមាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក បើ​ធៀប​នឹង​ប្រភេទ​យាន​ទាំងឡាយ​ដែល​ធ្វើដំនើរ​លើដី​គោក។

    ដោយ​កម្លាំង​ដ៏​មហិមា​របស់​ថាមពល​នៃ អេ​ឡិច​ត្រូ​ម៉ាញេទិក (electromagnetic force) រថភ្លើង​នេះ អណ្ដែត​ក្នុង​បរិយាកាស ដោយ​មិន​ប៉ះពាល់​ដល់​ផ្លូវដែក​ដែល​នៅ​ខាងក្រោម។ ប្រការនេះ​មានន័យថា រថភ្លើង​អណ្ដែត​ដោយសារ​កម្លាំង​របស់​ដែន​ម៉ាញេទិក បង្កើតឡើង​ដោយ​អគ្គិសនី «ខ្នាត​យក្ស»។

    បច្ចេកវិទ្យា​នេះ ត្រូវបាន​ប្រទេស ចិន ប្រើប្រាស់​ជិត​ពីរ​ទសវត្សរ៍​មកហើយ ប៉ុន្តែ ប្រើ​ក្នុង​ទ្រង់ទ្រាយ​មានកំណត់។ នៅ​ទីក្រុង សៀង​ហៃ មាន​ផ្លូវ​រថភ្លើង​ប្រភេទ maglev មួយ​ខ្សែ ដែល​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​មួយ ចូលមក​កាន់​ទីក្រុង។

    បច្ចុប្បន្ន បើទោះជា​មិនទាន់មាន​ផ្លូវដែក​សម្រាប់​រថភ្លើង​ហោះ​ឆ្លងខេត្ត​នៅ​ប្រទេស ចិន ដែល​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូច្នេះ​ក៏ពិតមែន ប៉ុន្តែ បណ្ដា​ទីក្រុង​ដូចជា សៀង​ហៃ និង ចេង​ឌូ (Chengdu) បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅហើយ។

    ដោយមាន​ល្បឿន 600 គីឡូម៉ែត្រ​ក្នុង 1 ម៉ោង គេ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ 2.5 ម៉ោង​ប៉ុណ្ណោះ ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ជាង 1,000 គីឡូម៉ែត្រ ពី​ទីក្រុង​ប៉េកាំង ទៅកាន់​ទីក្រុង​សៀង​ហៃ។ ចម្ងាយ​ផ្លូវ​ឆ្ងាយ​បែបនេះ បច្ចុប្បន្ន បើ​ជិត​រថភ្លើង​ល្បឿន​លឿន គេ​ត្រូវ​ចំណាយពេល​អស់ 5.5 ម៉ោង ហើយ​បើ​ជិត​យន្តហោះ​វិញ ក៏​ស៊ីពេល​អស់ 3 ម៉ោង​ឯណោះ៕

    ប្រភព​៖ Next Media
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ព្យុះ​ខ្សាច់​កម្ពស់​ជាង 100 ម៉ែត្រ គ្របដណ្ដប់​ទីក្រុង​របស់​ប្រទេស​ចិន

    (វីដេអូ)-ព្យុះ​ខ្សាច់​កម្ពស់​ជាង 100 ម៉ែត្រ គ្របដណ្ដប់​ទីក្រុង​របស់​ប្រទេស​ចិន

    ព្យុះ​ខ្សាច់​នេះ បាន​វាយប្រហារ​មកលើ​ទីក្រុង Dunhuang នាំឱ្យ​ផ្ទៃមេឃ​ប្រែជា​ពណ៌​លឿង ងងឹត ហើយ​អាច​មើលឃើញ​ក្នុង​រយៈ​ចម្ងាយ​តែ 5 ម៉ែត្រ ខណៈ​ចរាចរណ៍​ក៏ត្រូវ​ស្ទះ។

    ព្យុះ​ខ្សាច់​មួយ​ដ៏​ធំ បាន​បោកបក់​មកដល់​ទីក្រុង Dunhuang នៅវេលា​ម៉ោង​ប្រហែល 15 នៃ​ថ្ងៃទី 25 ខែកក្កដា (ម៉ោង​ក្នុងស្រុក)។ ទ្រង់ទ្រាយ​របស់​ព្យុះ​នេះ ដូច​ទៅនឹង​ជញ្ជាំង​ខ្សាច់​ដែលមាន​កម្ពស់​ជាង 100 ម៉ែត្រ និង​ធ្វើដំណើរ​ពី​ទិស​ខាងជើង​មក​ខាងត្បូង ហើយ​ក៏បាន​គ្របដណ្ដប់​ផ្លូវ​ល្បឿន​លឿន​អស់​ជាច្រើន​នាទី បណ្ដាលឱ្យ​ផ្ទៃមេឃ​ប្រែ​ទៅជា​ពណ៌​លឿន ចំណែក​រយៈ​ចម្ងាយ​មើលឃើញ​ក៏ត្រូវ​ធ្លាក់​ចុះក្រោម 5 ម៉ែត្រ។

    ប៉ូលិស​ក្នុង​តំបន់ ដែល​មក​បំពេញការងា​រ ណែ​នាំឱ្យ​រថយន្ត​ដែល​ត្រូវ​ស្ទះ ប្រញាប់​ចាកចេញ​ពី​ផ្លូវ​ល្បឿន​លឿន ទៅកាន់​ទីតាំង​សុវត្ថិភាព រង់ចាំ​ព្យុះ​ទៅ​ផុត។

    ទីក្រុង Duhuang ដែល​ស្ថិតនៅលើ​សមុទ្រ​ខ្សាច់ Gobi មានឈ្មោះ​ល្បី​ខ្លាំង ដោយសារតែ​អាកាសធាតុ និង​បាតុភូតធម្មជាតិអាក្រក់ៗ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់ ពិបាក​រស់នៅ៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • គូស្នេហ៍​​ក្លាយជា​សេដ្ឋី​មុន​វ័យ 20 ឆ្នាំ ៖ Startup តាំងពី​រៀន​នៅ​វិទ្យាល័យ និង​តែង​គោរព​តាម​គោលការណ៍ «ចាយ​កម្រិតណា វិនិយោគ​កម្រិត​នោះ» ដើម្បី​ក្លាយជា​អ្នកមាន

    គូស្នេហ៍​​ក្លាយជា​សេដ្ឋី​មុន​វ័យ 20 ឆ្នាំ ៖ Startup តាំងពី​រៀន​នៅ​វិទ្យាល័យ និង​តែង​គោរព​តាម​គោលការណ៍ «ចាយ​កម្រិតណា វិនិយោគ​កម្រិត​នោះ» ដើម្បី​ក្លាយជា​អ្នកមាន

    Dalton Ng និង Joella Lum បច្ចុប្បន្ន រស់នៅ​ជាមួយគ្នា​ក្នុង​ខុន​ដូ​មួយ​ដ៏​សុខសាន្ត ដោយសារ​ពួកគេ​សុទ្ធតែជា​សេដ្ឋី​ដែល​រកស៊ី​មានបាន​ពី​បាត់​ដៃទទេ ហើយ​បច្ចុប្បន្ន ពួកគេម្នាក់ៗ មានទ្រព្យ​ចាប់ពី 2 ដល់ 3 លាន​ដុល្លារ​អាមេរិក។

    សេដ្ឋី Dalton Ng (វ័យ 20 ឆ្នាំ) និង​សេដ្ឋិនី Joella Lum (វ័យ 19 ឆ្នាំ) ពុំមែន​ជា​គូស្នេហ៍​ដែល​ស្រលាញ់គ្នា​ធម្មតា​នោះទេ។ Joella បានឱ្យដឹងថា អ្នក​ទាំងពីរ​សុទ្ធតែជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ឯករាជ្យ និង​មាន «ឈាម» ជា​អ្នកជំនួញ​តាំងតែ​ពី​ក្មេង។ «អ្នក​ដឹងថា មានក្មេងៗដែល​រៀន​នៅ​បឋមសិក្សា ទិញ​ប្រដាប់​លុប 1 កញ្ចប់ ហើយ​លក់រាយ​ទៅវិញ​ដើម្បី​រកប្រាក់​ចំណេញ​ដែរ​ទេ? ពួកយើង​គឺជា​មនុស្ស​ប្រភេទ​នោះ»។

    គ្រា​ដែល​មនុស្ស​ជាច្រើន​ក្នុង​វ័យ​ប្រហាក់ប្រហែល​នឹង Dalton Ng និង Joella Lum សុទ្ធតែ​កំពុងធ្វើការ​រកប្រាក់​ទៅតាម​ម៉ោង Dalton Ng និង Joella Lum បែរជា​រកបាន​ប្រាក់​ពី 70,000 ដល់ 150,000 ក្នុងមួយខែៗ ពី​សកម្មភាព​ជំនួញ​មួយចំនួន និង​ការវិនិយោគផ្សេង។

    ចំពោះ Joella Lum វិញ នាង​កំពុង​គ្រប់គ្រង​ហាង​មួយចំនួន​នៅលើ​ផ្សារ​អន​ឡាញ Shopify។ នាង​ក៏​ទទួលបន្ទុក​ក្នុងការ​វិនិយោគ​លើ​មូល​ប​ត្រ និង​រូបិយវត្ថុ​ឌីជីថល របស់​អ្នក​ទាំងពីរ​ផងដែរ។

    ដោយសារតែ​ការប្រឹងប្រែង និង​ព្យាយាម ពេលដែល Joella ទើបតែ​មាន​វ័យ 18 ឆ្នាំ ហើយ Dalton វ័យ 19 ឆ្នាំ ពួកគេ​ក៏មាន​លទ្ធភាព​ចេញ​រស់នៅ​ខាងក្រៅ និង​មាន​ប្រាក់​សល់​សម្រាប់​ទិញ​ផ្ទះ ក៏ដូចជា​មធ្យោបាយ​ធ្វើដំណើរ​មួយចំនួន បម្រើ​ដល់​កិច្ចការជំនួញ។

    ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​របស់ Dalton Ng និង Joella Lum ជូន​ចំពោះ​យុវជន យុវនារី ដែល​ទើបតែ​ពេញវ័យ និង​ចង់​ក្លាយជា​អ្នកមាន៖

    1-ឆាប់​ចាប់ផ្ដើម

    Dalton Ng និង Joella Lum មិនមែន​ក្លាយជា​អ្នកមាន​ក្រោយ​រយៈពេល​តែមួយ​យប់​នៅទេ ប៉ុន្តែ ពួកគេ​បានចាប់ផ្ដើម​មុខ​ជំនួញ​តាំងតែ​ពី​នៅ​រៀន​វិទ្យាល័យ រួមផ្សំ​នឹង​ទម្លាប់​សន្សំសំច័យ និង​ការវិនិយោគ​បន្ថែម​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

    Joella ចាប់ផ្ដើម​ធ្វើ​ជំនួញ​ដោយ​ការលក់​សម្លៀកបំពាក់​ដែល​បាន​ទិញ​ពី​ហាង H&M និង Cotton On នៅលើ​គេហទំព័រ Carousell និង​រកបាន​ប្រាក់​រាប់ពាន់​ដុល្លារ​តាំងតែ​ពី​នៅ​រៀន​វិទ្យាល័យ។ ចំណែក Dalton វិញ បាន​ធ្វើជា​អ្នកសរសេរ​កូដ ក៏ដូចជា​អភិវឌ្ឍ​កម្មវិធី (App) តាំងពី​នៅ​រៀន​អនុវិទ្យាល័យ ហើយ​រកបាន​ប្រហែល 10,000 ដុល្លារ​ពី​គម្រោងនីមួយ។

    2-ចាយវាយ​ដោយ​ការទទួលខុសត្រូវ

    ការចាយវាយ​សម្រាប់​ជីវិត​លំដាប់​ខ្ពស់ គឺជា ការទាក់ទាញ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​រកបាន​ប្រាក់​ច្រើន​ដូចជា Dalton  និង Joella។ ប៉ុន្តែ គូស្នេហ៍​នេះ ឆាប់​ចាប់ផ្ដើម​ចេះ​ចាយវាយ​ដោយមាន​ការទទួលខុសត្រូវ និង​តែង​គោរព​ទៅតាម​គោលការណ៍ «ចាយ​កម្រិតណា វិនិយោគ​កម្រិត​នោះ។

    3-ស្រាវជ្រាវ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ និង​មិន​វិនិយោគ​ច្រើនជាង​ប្រាក់​ដែល​អ្នក​អាច​បាត់បង់

    បច្ចុប្បន្ន មាន​យុវវ័យ​ជាច្រើន បាន​លោត​ទៅ​វិនិយោគភ្លាមៗ បន្ទាប់ពី​បាន​មើល​វីដេអូ​មួយចំនួន​នៅលើ Youtube ពិសេស​គឺ​ទាក់ទង​នឹង​ផ្សា​រមូល​ប​ត្រ។ ប៉ុន្តែ Dalton និង Joella សង្កត់ធ្ងន់ថា ប្រការនេះ​នាំឱ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ផ្ទុយទៅវិញ អ្នក​ត្រូវតែ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ មុននឹង​ធ្វើការ​វិនិយោគ។

    Dalton និយាយថា៖ «អ្នក​មិនគួរ​វិនិយោគ​ទៅលើ​អ្វីដែល​ខ្លួន​មិន​យល់ច្បាស់ សូម្បីតែ​រូបិយវត្ថុ​ឌីជីថល។ មុនពេល​ទិញ​រូបិយវត្ថុ​ឌីជីថល ខ្ញុំ​បាន​ស្វែងយល់​អំពី​វា តាំងពី​នៅ​រៀន​អនុវិទ្យាល័យ»៕

    ប្រភព៖ Asia One
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 778 នាក់, អ្នកជា​ចំនួន 686 នាក់ និង​អ្នកស្លាប់​ចំនួន 22 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 73,701 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 65,950 នាក់ និង អ្នកស្លាប់ 1,305 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 194,835,310 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 176,779,220 ​​​នាក់​បានជា, 4,175,129 នាក់​បាន​ស្លាប់ និង​ជាង 13,880,950 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • កំណើនសេដ្ឋកិច្ច​ពិភពលោក អាច​ឡើងដល់​កំពូល នៅក្នុង​ត្រីមាស​ទី​បី

    កំណើនសេដ្ឋកិច្ច​ពិភពលោក អាច​ឡើងដល់​កំពូល នៅក្នុង​ត្រីមាស​ទី​បី

    សេដ្ឋកិច្ច​នៅ​ទូទាំង​សកលលោក​សម្រាប់​ត្រីមាស​ទី​បី នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ 2021 ប៉ុន្តែ វីរុស​បំប្លែង​​ខ្លួន Delta របស់ COVID-19 ត្រូវបាន​គេ​ចាត់ទុកជា​ហានិភ័យ​គួរឱ្យ​បារម្ភ។

    តំបន់​សេដ្ឋកិច្ច​នានា​នៃ​ពិភពលោក ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ ដែល​នេះ​ជួយ​ឱ្យ​បណ្ដា​ប្រទេស តាម​ជិត​ទាន់ សហរដ្ឋអាមេរិក និង​ចិន។ នេះ​បើតាម ការសិក្សា​ស្រាវជ្រាវ​មួយចំនួន ទៅលើ ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ (Purchasing Managers Index / PMI)។

    ទិន្នន័យ​ដែល​ត្រូវបាន IHS Markit ប្រកាស​កាលពី​ថ្ងៃទី 23 កក្កដា បាន​បង្ហាញថា សហរដ្ឋអាមេរិក ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​ត្រីមាស​ទី​ពីរ នឹង​ថយចុះ​បន្តិច​ក្នុង​ត្រីមាស​ទី​បី ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​បន្ត​មានកំណត់ កង្វះ​ពលករ និង​ការរីក​រាលដាល​នៃ​វ៉ា​រ្យ៉​ង Delta របស់ COVID-19។

    PMI សរុប​របស់ សហរដ្ឋអាមេរិក បាន​ថយ​ចុះមក​នៅត្រឹម 59.7 ពិន្ទុ ក្នុង​ខែកក្កដា ទាប​ជាង​បន្តិច​ធៀប​នឹង 63.7 ពិន្ទុ ក្នុង​ខែមិថុនា។ អត្រា​លើ 50 ពិន្ទុ បញ្ជាក់ថា សកម្មភាព​ផលិត នៅតែ​បន្ត​កើនឡើង។

    ផ្ទុយ​មកវិញ PMI នៃ​តំបន់​ដែល​ប្រើប្រាស់​រូបិយវត្ថុ Euro បាន​កើន​ឡើងដល់ 60.6 ពិន្ទុ ក្នុង​ខែ​នេះ ខ្ពស់ជាង បើ​ធៀប​នឹង​ពិន្ទុ 59.5 ក្នុង​ខែមិថុនា។ សញ្ញា​នេះ​បង្ហាញថា សេដ្ឋកិច្ច​អឺរ៉ុប កំពុងតែ​ងើបឡើង​យ៉ាង​ឆាប់រហ័ស។

    ខណៈដែល​ក្រុម​សេដ្ឋវិទូ ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់ សហរដ្ឋអាមេរិក បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ត្រីមាស​កន្លង កំណើន​របស់​ពិភពលោក ក៏​ត្រូវគេ​ព្យាករ​ថា នឹង​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ក្នុង​ត្រីមាស​បច្ចុប្បន្ន។ JPMorgan ព្យាករ​ថា GDP របស់ អាមេរិក និង ចិន នឹង​បន្ថយល្បឿន​ក្នុង​ត្រីមាស​ទី​បី ប៉ុន្តែ ជំនួស​មកវិញ កំណើនសេដ្ឋកិច្ច​របស់ អឺរ៉ុប អាចមាន​ល្បឿន​លឿន​ជាង​កំណើនសេដ្ឋកិច្ច​របស់ អាមេរិក កាលពី​ត្រីមាស​ទី​ពីរ​ទៅទៀត។ បូករួម​ជាមួយនឹង​ការ​ងើបឡើង​វិញ​យ៉ាង​ឆាប់​របស់ ប្រទេស ឥណ្ឌា កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល អាច​ឡើងដល់​កំពូល​បំផុត​ក្នុង​ឆ្នាំ 2021 នៅ​ត្រីមាស​ទី​បី។

    យ៉ាងនេះ​ក្ដី វីរុស​បំប្លែង​ខ្លួន​ប្រភេទ Delta របស់ COVID-19 នៅ​តេ​ជា​ឧបសគ្គ​ធំ​សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក។ «Delta អាច​រារាំង​ការ​ងើប​ឡើងវិញ​របស់​វិស័យ​មួយចំនួន ពិសេស​គឺ ទេសចរណ៍ និង​សណ្ឋាគារ» នេះ​បើតាម Christine Lagarde ប្រធាន​ធនាគារកណ្ដាល​អឺរ៉ុប។

    Chris Williamson ប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​ប្រចាំ IHS Markit ក៏បាន​ទទួលស្គាល់ថា Delta បង្ក​ហានិភ័យ​ធំធេង​ដល់​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច សហរដ្ឋអាមេរិក៕

    ប្រភព៖ WSJ
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមហ៊ុន ជប៉ុន ពិសោធ​ថ្នាំ​ព្យាបាល COVID-19! ព្យាបាល 5 ថ្ងៃ ជា ៖ អ្នក​មិន​អាច​ចាក់​វ៉ាក់សាំងបាន​​ មាន​សង្ឃឹម​ហើយ!

    ក្រុមហ៊ុន ជប៉ុន ពិសោធ​ថ្នាំ​ព្យាបាល COVID-19! ព្យាបាល 5 ថ្ងៃ ជា ៖ អ្នក​មិន​អាច​ចាក់​វ៉ាក់សាំងបាន​​ មាន​សង្ឃឹម​ហើយ!

    ក្រុមហ៊ុន Shionogi នៅ Osaka ប្រទេស ជប៉ុន បានចាប់ផ្ដើម​ពិសោធ​លើ​មនុស្ស ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ ដោយ​ឱ្យ​លេប 1 ថ្ងៃ 1 ដង ហើយ​លទ្ធផល​ដែល​ទទួលបាន នោះ​គឺ​ការ​កម្ចាត់​វីរុស​ក្នុង​រយៈពេល មិន​ដល់ 1 សប្ដាហ៍។

    ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានចេញ​ផ្សាយ​ថា Shionogi ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ​សម្រាប់​បញ្ចុះ​ខ្លាញ​អាក្រក់ Crestor បានប្រកាសថា ផលិត​បាន​ថ្នាំ​កម្ចាត់​វីរុស COVID-19។ ដោយ​ត្រូវ​លេប 1 ដង ក្នុង 1 ថ្ងៃ ថ្នាំ​ប្រភេទ​នេះ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ព្យាបាល។ ក្រុមហ៊ុន Shionogi បានឱ្យដឹងថា ពួកគេ​កំពុង​ពិសោធ​លើ​ការប្រើប្រាស់​ថ្នាំ រួម​នឹង​ផលប៉ះពាល់​របស់​វា នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត។ ការពិសោធ​នេះ​ទើបតែ​បានចាប់ផ្ដើម​ក្នុង​ខែកក្កដា ហើយ​វា​អាច​អូសបន្លាយ​ដល់​ឆ្នាំ 2022។

    វិធី​ព្យាបាល COVID-19 ដែលមាន​ក្នុង​បច្ចុប្បន្ន មានដូចជា ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​បញ្ចូល​ក្នុង​សរសៃឈាម remdesivir របស់ Gilead Sciences ប្រើ​នៅក្នុង​មន្ទីរពេទ្យ និង​មាន​ប្រសិទ្ធភាព​ដោយ​ករណី។ ថ្នាំ​មួយចំនួនទៀត​ដែល​ត្រូវបាន​ប្រើ​នាបច្ចុប្បន្ន មានដូចជា ថ្នាំ​អង្គ​ប​ដិ​ប្រាណ​ប្រភេទ monoclonal (mAb ឬ moAb) ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Regeneron និង​ថ្នាំ​ប្រភេទ steroid dexamethasone។

    «គោលដៅ​របស់​យើង នោះ​គឺ​ការបង្កើត​ថ្នាំ​ប្រភេទ​លេប ប្រកបដោយ​សុវត្ថិភាព ដូច​ទៅនឹង Tamiflu និង Xofluza» លោក Isao Teshi នាយក​ប្រតិបត្តិ​របស់ Shionogi បញ្ជាក់​ដូច្នេះ។ លោក​ថ្លែងថា ថ្នាំ​គ្រាប់​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​វីរុស ក្នុង​រយៈពេល 5 ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បាន​លេប​គ្រាប់​ដំបូង។

    លោក Isao Teshi នាយកប្រតិបត្តិរបស់ Shionogi

    វេជ្ជបណ្ឌិត Teshirogi បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ស្វែងរក​អ្នកស្ម័គ្រចិត្ត ចាប់ពី 50-100 នាក់ ដើម្បី​ចូលរួម​ការពិសោធ​នៅ ជប៉ុន។ ក្រោយមក ការពិសោធ​ធំ​ជាង​នេះ​មួយ​ផ្សេងទៀត ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ 2020។

    ក្រុមហ៊ុន ជប៉ុន នេះ បាន​ចូលរួម​ប្រជែង​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 យឺត​ជាង បើ​ធៀប​នឹង​ក្រុមហ៊ុន Pfizer និង Merck ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់ សហរដ្ឋអាមេរិក។ Pfizer បានប្រកាសថា ថ្នាំ​ប្រភេទ​លេប 2 ដង/ថ្ងៃ របស់​ពួកគេ នឹង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ដាក់លក់​ក្នុង​ទីផ្សារ លឿន​បំផុត​នៅ​ឆ្នាំនេះ។ Pfizer កំពុង​ត្រៀម​ស្វែងរក​អ្នកជំងឺ COVID-19 ចំនួន 2,000 នាក់ ដើម្បី​ចូលរួម​ការពិសោធ​ថ្នាំ​នេះ។

    ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ការចាក់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដែល​បង្កឡើង​ដោយ​វ៉ា​រ្យ៉​ង​មួយចំនួន​របស់ COVID-19 ប៉ុន្តែ ជាក់ស្ដែង នៅមាន​មនុស្ស​ជាច្រើន​មិន​ចង់​ចាក់​វ៉ាក់សាំង ឬ​មាន​ជំងឺ​ប្រចាំកាយ មិនអាច​ចាក់​វ៉ាក់សាំង​បាន ខណៈដែល​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ក៏​នៅមាន​ហានិភ័យ​វិជ្ជមាន​នឹង​វីរុស​នេះ។ ដូច្នេះ ការអភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​ទាំងនេះ គឺ​សំដៅលើ​ក្រុមមនុស្ស​ខាងលើ។

    ក្រៅពី​ក្រុមហ៊ុន​ខាងលើ នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត កំពុង​យកចិត្តទុកដាក់​លើ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ក្នុងនោះ នៅ​ប្រទេស អ៊ីស្រាអែល ក្រុម​អ្នកវិទ្យាសាស្ត្រ បានប្រកាសថា បាន​រកឃើញ​ថ្នាំ​ចំនួន 3 ប្រភេទ​ដែលមាន​ស្រាប់ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ COVID-19 រួមមាន ថ្នាំ​ព្យាបាល​បញ្ហា​ស្ទះ​សរសៃឈាម darapladib, ថ្នាំ​ព្យាបាល​មហារីក flumatinib និង​ថ្នាំ​ព្យាបាល​ជំងឺ HIV៕

    ប្រភព​៖ WSJ
    ប្រែសម្រួល​៖ បុត្រា

  • «កំពូល​បុរស» មកពី Tonga បង្ហាញ​សាច់ដុំ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ ជប៉ុន

    «កំពូល​បុរស» មកពី Tonga បង្ហាញ​សាច់ដុំ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ ជប៉ុន

    អត្ត​ព​លិ​ក Pita Taukatofua ដែល​កាន់​ទង់​ឱ្យ​ក្រុម​កីឡាករ Tongo នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​តូ​ខ្យូ 2020 (Olympic Tokyo 2020) បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​ការ​ដោះអាវ បង្ហាញ​សាច់ដុំ​ដ៏​រឹងមាំ។

    Pita Taufatofua ធ្លាប់បាន​លេចធ្លោ​នៅក្នុង​រាត្រី​មួយ​កាលពី 5 ឆ្នាំមុន ពេល​គាត់​ដោះអាវ​ជា​លើកដំបូង នៅក្នុង​ពិធី​ហែ​ក្បួន​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​របស់​ជនជាតិ តុង​ហ្គា (Tongan) ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ 2016 នៅ ប្រេ​ស៊ី​ល និង ឆ្នាំ 2018 នៅ កូរ៉េខាងត្បូង។ ជាថ្មី​ម្ដងទៀត Taufatofua ក៏បាន​បង្ក​ការចាប់អារម្មណ៍​នៅក្នុង​រាត្រី​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 ពេល​បង្ហាញខ្លួន​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​តូ​ខ្យូ ឆ្នាំ 2020 នៅ​ជប៉ុន។

    នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើក​នេះ អត្ត​ព​លិ​ក Taufatofua នឹងចូលរួម​ប្រកួត​ក្បាច់គុន តៃ​ខ្វាន់​ដូ (Taekwondo)។

    Taufatofua បាន​ប្រាប់ New York Time ថា គាត់​មានការ​ភ្ញាក់ផ្អើល​នៅពេល​អ្នកលេង​បណ្ដាញ​សង្គម បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​គាត់ នាពេលថ្មីៗនេះ។ តួលេខ​អ្នក​ចុច​តាមដាន​រូបគាត់​នៅលើ​បណ្ដាញ​សង្គម បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស។

    បច្ចុប្បន្ន Taufatofua មិន​ត្រឹម​តែមាន​អាជីព​ជា​អត្ត​ព​លិ​ក​នោះទេ តែ​គាត់​ក៏​ជា​វាគ្មិន​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​តួនាទី​ជា​ទូត​សុច្ឆន្ទៈ តំណាងឱ្យ UNICEF ផងដែរ។

    ប្រភព៖ Olympics
    ប្រែសម្រួល​៖ បុត្រា

  • មន្ត្រី​ហិរញ្ញវត្ថុ ព្រមាន​អំពី​ហានិភ័យ​ដែល អាមេរិក ត្រូវ​ក្ស័យធន នៅ​ថ្ងៃទី 1 សីហា

    មន្ត្រី​ហិរញ្ញវត្ថុ ព្រមាន​អំពី​ហានិភ័យ​ដែល អាមេរិក ត្រូវ​ក្ស័យធន នៅ​ថ្ងៃទី 1 សីហា

    រដ្ឋាភិបាល សហរដ្ឋអាមេរិក នឹង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន នៅ​ថ្ងៃទី 1 ខែសីហា ឆ្នាំ 2021 ហើយ​បង្ខំ​ឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ ដាក់ចេញ​នូវ «វិធានការ​ពិសេស​នានា» រហូតដល់​សភា​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ។

    ខាងលើនេះ​គឺជា​ការព្រមាន​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ សហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែល​បានលើកឡើង​កាលពី​ថ្ងៃទី 23 កក្កដា នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ក្រុមតំណាងរាស្ត្រ សហរដ្ឋអាមេរិក។

    ក្នុង​លិខិត​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បានលើកឡើង​ច្បាស់​ថា៖ «បើសិនជា​សភា មិន​ផ្អាក ឬ​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ ឱ្យបាន​មុន​ថ្ងៃទី 2 ខែសីហា នោះ​ក្រសួង​ហិរញ្ញវត្ថុ​នឹងត្រូវ​អនុវត្ត​វិធានការ​បន្ថែម​ពិសេស ដើម្បី​ទប់ស្កាត់​មិនឱ្យ សហរដ្ឋអាមេរិក ធ្លាក់​ទៅក្នុង​ស្ថានភាព​ក្ស័យធន»។

    លោកស្រី Yellen បញ្ជាក់ថា ការដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ មិន​ធ្វើឱ្យ​ការចំណាយ​របស់​រដ្ឋាភិបាល​ឡើង​ខ្ពស់​នោះទេ ប៉ុន្តែ នឹង​អនុញ្ញាតឱ្យ​ក្រសួង​ហិរញ្ញវត្ថុ ផ្ដល់​ការគាំទ្រ​ដល់​សកម្មភាព​នានា​ដែល​ត្រូវបាន​សភា​អនុម័ត។

    យោងតាម​រដ្ឋមន្ត្រី​ខាងលើ បើសិនជា សហរដ្ឋអាមេរិក មិន​ធានាបាន​នូវ​កាតព្វកិច្ច​ក្នុងការ​ទូទាត់​បំណុល នោះ អាមេរិក នឹង​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ ដែល​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ក្រសួង​នឹង​ផ្អាក​លក់​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល នៅ​ថ្ងៃទី 30 កក្កដា ហើយក៏​នឹងមិន​ភ្ជាប់​សកម្មភាព​នេះ​ឡើងវិញ​នោះដែរ រហូតដល់​សភា​ដំឡើង​ពិ​ដាន​នៃ​សូចនាករ​បំណុល​សាធារណៈ។

    បំណុល​សាធារណៈ​របស់ សហរដ្ឋអាមេរិក កើនឡើង​នៅក្នុង​សម័យ COVID-19 បន្ទាប់ពី​សេត​វិមាន បានអនុម័ត​លើ​គម្រោង​ចំណាយធំៗចំនួន 3 ដើម្បី​កាត់បន្ថយ​ការខូចខាត​នានា ដែល​កើតឡើង​ដោយសារ​វិបត្តិ​សុខភាព។

    យោងតាម​ការិយាល័យ​ថវិកា​សភា របស់ សហរដ្ឋអាមេរិក (Congressional Budget Office) គិត​ត្រឹម​ចុងខែ​មិថុនា បំណុល​សាធារណៈ​របស់​ប្រទេស​នេះ បាន​ឡើងដល់ 28,500,000,000,000 ដុល្លារ (28.5 លាន​លាន ឬ 28.5 ទ្រី​លាន ដុល្លារ) និង ឱនភាព​ថវិកាជាតិ ឆ្នាំនេះ ត្រូវបាន​ព្យាករ​ថា នឹង​ឡើងដល់ 3,000,000,000,000 ដុល្លារ (3 លាន​លាន ឬ 3 ទ្រី​លាន ដុល្លារ) ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ បន្ទាប់ពី ឱនភាព​ថវិកា ឆ្នាំ 2020។

    ការដំឡើង​ពិតាន​នៃ​សូចនាករ​បំណុល​សាធារណៈ ធ្លាប់ជា​បញ្ហា​ដែល​បង្កឱ្យមាន​ភាពចម្រូងចម្រាស​នៅ​សភា អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ភាពទាល់ច្រក​នៃ​បញ្ហា​នេះ​ក្នុង​ឆ្នាំ 2011 ក៏បាន​ធ្វើឱ្យ​រដ្ឋាភិបាល ត្រូវគេ​ទម្លាក់​ចំណាត់ថ្នាក់​ទំនុកចិត្ត​ផងដែរ៕

    ប្រភព៖ CNBC
    ប្រែសម្រួល​៖ បុត្រា

  • Zhao Wei ចូលរួម​ព្រឹត្តិការណ៍​ជាមួយ​តួឯក​ស្រី ក្នុង​រឿង The Dance of the Storm

    Zhao Wei ចូលរួម​ព្រឹត្តិការណ៍​ជាមួយ​តួឯក​ស្រី ក្នុង​រឿង The Dance of the Storm

    (ប្រទេស​ចិន)៖ Zhao Wei តួឯក​ស្រី​ក្នុង​រឿង ព្រះ​នាង​យេ​យេ (My Fair Princess) បាន​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់ ជាមួយនឹង​ក្រុម​តារា​សំដែង​ជំនាន់​ក្រោយ មានដូចជា នាង Gulinazha ដែលជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ទូរទស្សន៍​រឿង The Dance of the Storm រួមជាមួយ​នឹង Zhang Ruoyun និង Xu Kai ជាដើម ។ល។

    តារា​សំដែង​វ័យ 45 ឆ្នាំ Zhao Wei បាន​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ របស់​ក្រុមហ៊ុន​ម៉ូដ​សម្លៀកបំពាក់ Fendi នៅឯ សៀង​ហៃ កាលពី​យប់​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021។

    Zhao Wei ស្លៀក​ឈុត​រ៉ូ​ប​សូត្រ និង​ប្រើប្រាស់​កាបូប​យួរដៃ​ដែលមាន​ពណ៌​ប្រហាក់ប្រហែល​នឹង​រ៉ូ​ប។

    ទំព័រ Sina បាន​អធិប្បាយ​ថា Zhao Wei បង្ហាញ​ស្ទីល​ថតរូប​ប្រកបដោយ​ភាព​ទាក់ទាញ ទាន់សម័យ និង​គួរឱ្យ​ស្រលាញ់។

    ចំណែក​ស្រី​ស្អាត​ជនជាតិ អ៊ុយ​ហ្គួ មកពី​តំបន់ Xinjiang នាង Gulinazha វិញ ជ្រើសរើស​អាវ​បង្ហាញ​ក្បាលពោះ (crop-top) និង​ខោខ្លី។

    នាង Gulinazha ទទួលបាន​ការសរសើ​រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ទាក់ទង​នឹង​ការលេង​ស្ទីល និង​សម្រស់​ក្នុង​វ័យ 29 ឆ្នាំ។

    តារា​សិល្បៈ​ពហុ​ជំនាញ (សំដែង, ច្រៀង និង​អ្នករាំ) នាង Kong Xueer បង្ហាញខ្លួន​យ៉ាង​ទាក់ទាញ ជាមួយនឹង​អាវ​បង្ហាញ​ទាំង​ស្មា បង្ហាញ​ទាំង​ក្បាលពោះ។

    រីឯ តារា​សំដែង​ប្រុស​ក្នុង​រឿង ជម្លោះ​ដំណាក់​យ៉ាន​ស៊ី (Story of Yanxi Palace) ក៏​មិន​អន់​ដែរ ដោយ​ប្រើប្រាស់​កាបូប​ពណ៌​លឿង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍។

    ​តារា​សំដែង Zhang Ruoyun ស្លៀកពាក់​ឈុត​ពណ៌​ខ្មៅ រំលេច​ដោយ​កាបូប​យួរដៃ​បែប​យុវវ័យ​ទាន់សម័យ។

    ប្រភព៖ Sina
    ប្រែ​សម្រួល៖ បុត្រា