Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 766 នាក់, អ្នកជា​ចំនួន 967 នាក់ និង​អ្នកស្លាប់​ចំនួន 15 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 75,152 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 67,692 នាក់ និង អ្នកស្លាប់ 1,339 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 195,992,087 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 177,679,271 ​​​នាក់​បានជា, 4,193,169 នាក់​បាន​ស្លាប់ និង​ជាង 14,119,647 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ប្រទះឃើញ​ត្បូង​ខ្នាត​យក្ស មានតម្លៃ 100 លាន​ដុល្លារ ពេល​ជីក​អណ្ដូង​ក្នុងផ្ទះ

    ប្រទះឃើញ​ត្បូង​ខ្នាត​យក្ស មានតម្លៃ 100 លាន​ដុល្លារ ពេល​ជីក​អណ្ដូង​ក្នុងផ្ទះ

    ស្រីលង្កា៖ ក្រុមកម្មករ​​ដែល​ជីក​អណ្ដូង​ក្នុងផ្ទះ​របស់​អ្នកជំនួញ​ម្នា​ក់នៅ​តំបន់ Ratnapura បាន​ប្រទះឃើញ​ត្បូង​កណ្ដៀង (sapphire) មួយ​ដុំ​ធំ​ដែលមាន​ទម្ងន់​ជាង 500 គីឡូក្រាម និង​មានតម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាមេរិក។

    បណ្ដាញសារព័ត៌មាន ស្រីលង្កា កាលពី​ថ្ងៃទី 27 កក្កដា បានចេញ​ផ្សាយ​ថា ត្បូង​កណ្ដៀង (sapphire) ទម្ងន់​ជាង 2.5 លាន​កា​រ៉ា​ត ត្រូវបាន​ក្រុម​អ្នក​ជីក​អណ្ដូង ប្រទះឃើញ​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នកជំនួញ Gamage នៅក្នុង​ក្រុង Ratnapura ខេត្ត Sabaragamuwa ដែលជា​តំបន់​មួយ សម្បូរ​ធនធានធម្មជាតិ ពិសេស​គឺ​ត្បូង​ដែលមាន​តម្លៃ​ខ្ពស់ របស់ ស្រីលង្កា។

    «កម្មករ​ជីក​អណ្ដូង បាន​ប្រាប់ថា ពួកគេ​ប្រទះឃើញ​ត្បូង​តូច​មួយចំនួន។ ក្រោយមក យើង​ក៏បាន​បន្ត​រកឃើញ​ត្បូង​ដ៏​ធំ​នេះ» លោក Gamege ប្រាប់​ដូច្នេះ។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ត្បូង​កណ្ដៀង​ទម្ងន់​សរុប 510 គីឡូក្រាម ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា «Serendipity Sapphire» នេះ មានតម្លៃ​ឡើងដល់ 100 លាន​ដុល្លារ​អាមេរិក នៅលើ​ទីផ្សារ​ត្បូង​អន្តរជាតិ។

    អ្នកជំនួញ Gamage ជា​សមាជិក​នៃ​គ្រួសារ​ដែល​ធ្វើ​ជំនួញ​ខាងត្បូង អស់ 3 ជំនាន់​មកហើយ ក្រោយមក​ក៏បាន​រាយការណ៍​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ។ ប៉ុន្តែ ក្រុមមន្ត្រី​ត្រូវការ​ពេល​ជាង 1 ឆ្នាំ ក្នុងការ​សម្អាត ទើប​អាច​វាយតម្លៃ​ជា​ផ្លូវការ​បាន។

    Gamage ថ្លែងថា ក្នុងអំឡុង​សម្អាត​ដំបូង ត្បូងតូចៗមួយចំនួន​បាន​របេះ​ចេញពី Serendipity Sapphire ហើយ​វា​ត្រូវបាន​បញ្ជាក់ថា ជា ត្បូង​កណ្ដៀង​រូប​ផ្កាយ (Star Sapphire) ដែលមាន​គុណភាព​ខ្ពស់។

    Gamini Zoysa ដែលជា​បណ្ឌិត​ផ្នែក​ត្បូង​ពេ​ជ្យ បាន​អធិប្បាយ​អំពី Serendipity Sapphire ថា៖ «ខ្ញុំ​មិន​ធ្លាប់​បានឃើញ​វត្ថុ​ធំ​យ៉ាង​ដូច្នេះ​ទេ។ ត្បូង​នេះ ទំនងជា​បាន​កកើត​តាំងពី 400 លាន​ឆ្នាំមុន»។

    យ៉ាងណាក៏ដោយ អ្នកជំនាញ​មួយចំនួន​និយាយថា បើជា​ត្បូង​នេះ​មាន​ទម្ងន់​ធ្ងន់ ប៉ុន្តែ មិន​ប្រាកដថា គ្រប់ផ្នែក​របស់​វា សុទ្ធតែជា​ត្បូង​ដែលមាន​គុណភាព​ខ្ពស់​នោះដែរ។ Thilak Weerasinghe មេដឹកនាំ​ស្ថាប័ន​ត្បូង​មានតម្លៃ​របស់ ស្រីលង្កា សង្ឃឹមថា ត្បូង Serendipity Sapphire នេះ នឹង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមហ៊ុន ឬ​សារមន្ទីរ​អន្តរជាតិ៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា

  • ប៉ូលិស ឥណ្ឌា បាញ់ប្រហារ​គ្នា! អ្នកស្លាប់ និង​របួស កើន​ដល់​ជាង 60 នាក់

    ប៉ូលិស ឥណ្ឌា បាញ់ប្រហារ​គ្នា! អ្នកស្លាប់ និង​របួស កើន​ដល់​ជាង 60 នាក់

    ប៉ូលិស​ក្នុង​រដ្ឋ​ចំនួន 2 គឺ​រដ្ឋ Assam និង​រដ្ឋ Mizoram របស់​ប្រទេស ឥណ្ឌា បាន​បាញ់ប្រហារ​គ្នា ដោយសារតែ​ការដណ្ដើម​ទឹកដី បណ្ដាលឱ្យមាន​អ្នកស្លាប់ 6 នាក់ និង​របួស​ជាង 60 នាក់។

    មេដឹកនាំ​រដ្ឋ Assam លោក Himanta Biswa Sarma កាលពី​ថ្ងៃទី 27 កក្កដា បានឱ្យដឹងថា បុគ្គលិក​ពិសេស​ចំនួន 4,000 នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​តំបន់​ព្រំប្រទល់​នឹង​រដ្ឋ Mizoram បន្ទាប់ពី​មាន​ករណី​ប្រយុទ្ធ​គ្នា​មួយថ្ងៃ​មុន​នោះ។

    ចំណែក មេដឹកនាំ​រដ្ឋ Mizoram លោក Zoramthanga បាន​ចោទថា ប៉ូលិស​របស់​រដ្ឋ Assam បាន​ផ្ទុះអាវុធ​មុន ហើយ​គំរាម​សម្លុត​បុគ្គលិក​នៅ​បន្ទាយ​ការពារ​ដែន និង​បាន​វាយប្រហារ​ពលរដ្ឋ​ស៊ីវិល​ដែល​មិនមាន​អាវុធ។

    រដ្ឋ​ទាំងពីរ​មានការ​ប្រទាញប្រទង់​គ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ទាក់ទង​នឹង​បញ្ហា​ព្រំប្រទល់។ ភាព​តានតឹង​បាន​កើនឡើង​តាំងពី​ខែ​មុន នៅពេល​រដ្ឋ Mizoram បាន​ចោទ​កងកម្លាំង​របស់រ​ដ្ឋ Assam ថា បាន​រំលោភ​ទឹកដី។ ជាការ​ឆ្លើយតប រដ្ឋ Assam ក៏បាន​ចោទ​វិញ​ថា ពលរដ្ឋ​របស់​រដ្ឋ Mizoram បាន​រំលោភ​យក​ដីព្រៃ​បម្រុង​របស់​រដ្ឋ​នេះ។

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឥណ្ឌា លោក Amit Shah បាន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ ប៉ុន្តែ មិនទាន់មាន​ដំណោះស្រាយ​សមស្រប​ដើម្បី​សម្របសម្រួល​បញ្ហា​ដណ្ដើម​ទឹកដី​គ្នា​នេះ​នៅឡើយ។ Sarma សមាជិក​ម្នាក់​នៃ​បក្ស​កាន់អំណាច Bharatiya Janata (BJP) របស់​នាយករដ្ឋមន្ត្រី Narendra Modi ឱ្យដឹងថា អាជ្ញាធរ​របស់លោក​នឹងដាក់​សំណើ​ឡើង​តុលាការ​កំពូល ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា «ពុំមាន​ដីព្រៃ​បម្រុង​មួយ​តឹក​ណា ត្រូវបាន​គេ​រំលោភបំពាន»។

    Mizoram ធ្លាប់ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​រដ្ឋ Assam គិត​ត្រឹម​ឆ្នាំ 1972 បន្ទាប់ពី​ត្រូវបាន​បំបែកចេញ​ពីគ្នា ហើយ​ក្រោយមក​ក៏​ក្លាយជា​រដ្ឋ​ដាច់ដោយឡែក​នៅ​ឆ្នាំ 1986។ អាជ្ញាធរ​រដ្ឋ Mizoram ឱ្យដឹងថា តំបន់​ដែល​រដ្ឋ Assam ប្រកាសថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​ដែរនោះ ត្រូវបាន​ពលរដ្ឋ​រប​ស់​ពួកគេ ប្រើប្រាស់​ជាង 100 ឆ្នាំ​មកហើយ។ ប៉ុន្តែ ភាគី​ខាង Assam អះអាងថា ដែនដី​មួយផ្នែកធំ​របស់ខ្លួន ត្រូវបាន​គេ​រំលោភ​កាន់កាប់។

    តំបន់​ភាគ​ឦសាន​ដែល​នៅ​ដាច់ស្រយាល និង​សម្បូរ​ធនធានធម្មជាតិ របស់​ប្រទេស ឥណ្ឌា គឺ​ជាទី​ដែលមាន​បញ្ហា​ពូជសាសន៍​កើតឡើង​ជា​ញឹកញាប់ ចាប់តាំងពី​ប្រទេស​នេះ ដណ្ដើមបាន​ឯករាជ្យ កាលពី​ឆ្នាំ 1947។ បន្ទាត់​ព្រំប្រទល់​រវាង​រដ្ឋ​ចំនួន 7 នៅ​តំបន់​នេះ មិនត្រូវ​បាន​ខណ្ឌ​ចែក​ច្បាស់លាស់ ធ្វើឱ្យ​ជម្លោះ​ដណ្ដើម​ទឹកដី និង​ទ្រព្យសម្បត្តិ កើតមាន​ជា​បន្តបន្ទាប់ ប៉ុន្តែ កម្រ​កើតមាន​ការប្រយុទ្ធ​គ្នា​រហូតដល់​ថ្នាក់​មាន​មនុស្ស​ស្លាប់​ច្រើន​ដូច្នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • តារា​សំដែង​ Song Hye Kyo ឡង់សេ ម៉ូដ​សក់ក្រង ទម្លាក់​ចំហៀង នៅ​ក្នុង​ព្រឹត្តិការណ៍​ Fendi Photos

    តារា​សំដែង​ Song Hye Kyo ឡង់សេ ម៉ូដ​សក់ក្រង ទម្លាក់​ចំហៀង នៅ​ក្នុង​ព្រឹត្តិការណ៍​ Fendi Photos

    តារា​សំដែង​ស្រី កូរ៉េខាងត្បូង វ័យ 40 ឆ្នាំ នាង Song Hye Hyo បង្អួត​ម៉ូដ​សក់ក្រង​ទម្លាក់​ចំហៀង និង​បង្ហាញ​រាង​ក្នុង​ឈុត​សម្លៀកបំពាក់ ពណ៌ pastel យ៉ាង​ស្រទន់។

    ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង សេ​អ៊ូ​ល កាលពី​ថ្ងៃទី 26 កក្កដា តារា​សំដែង Song Hye Hyo ប្រើប្រាស់​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន Fendi។

    Hye Hyo ឡង់សេ កម្រង​តង្កៀប​សក់ O’Lock របស់ Fendi។

    នៅលើ​ទំព័រ វេទី​កា (forum) ជាច្រើន នៅ អាស៊ី អ្នកគាំទ្រ​របស់​តារា​រូបនេះ ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​របៀប​ក្រង​សក់​ទម្លាក់​ចំហៀង ដែល​បង្កើតជា​បែបបទ​ថ្មី​សន្លាង សម្រាប់ Hye Hyo។

    កន្លងមក គេ​កម្រ​ឃើញ​តារា​សំដែង​ដែល​កើត​ឆ្នាំ 1981 រូបនេះ ធ្វើ​ម៉ូដ​សក់ប្លែកៗណាស់ នាង​តែងតែ​ទម្លាក់​ប៉ប្រះ​ស្មា អ៊ុត​រួញ ឬ​ចង​បួង​ឡើងលើ។

    Hye Hyo ឡង់សេ ម៉ូដ​សម្លៀកបំពាក់​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ របស់​ក្រុមហ៊ុន Michaa។

    ស្រី​ស្អាត​នេះ រកបាន​ប្រាក់ចំណូល​ច្រើន ពី​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​ឆ្នៃ​ម៉ូដ​សម្លៀកបំពាក់ និង​ក្រុមហ៊ុន​ថែទាំ​សម្រស់។

    បច្ចុប្បន្ន Song Hye Kyo កំពុង​ថត​ភាពយន្ត​ទូរទស្សន៍ រឿង «Now, We Are Breaking Up»។ «Now, We Are Breaking Up» គឺជា​ស្នាដៃ​និពន្ធ​របស់ Je In និង​ដឹកនាំ​សំដែង​ដោយ Lee Gil-bok ហើយ​ផលិត​ដោយ​ក្រុមហ៊ុន Samhwa Networks រួមសហការ​ដោយ United Artists Agency សម្រាប់​ទូរទស្សន៍ SBS នៃ​ប្រទេស​កូរ៉េខាងត្បូង។ ក្រៅពី​ខ្សែភាពយន្ត​ទូរទស្សន៍​នេះ នៅមាន​គម្រោង​ចំនួន 2 ទៀត កំពុង​រង់ចាំ​នាង៕

    ប្រភព៖ Fendi
    ប្រែសម្រួល​៖ បុត្រា

  • ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​វិស័យ​ឯកជន នាំចូល​វ៉ាក់សាំង COVID-19 សម្រាប់​ចែកចាយ​នៅ កម្ពុជា

    ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​វិស័យ​ឯកជន នាំចូល​វ៉ាក់សាំង COVID-19 សម្រាប់​ចែកចាយ​នៅ កម្ពុជា

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បាន​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ផ្នែក​ឱសថ អាច​នាំចូល​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) មក​ចែកចាយ​នៅ កម្ពុជា។

    ក្នុង​លិខិត​ជម្រាប​ទៅ​ម្ចាស់​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ នា​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល អាចធ្វើ​ការស្នើសុំ​នាំចូល​វ៉ាក់សាំង COVID-19 ទាំងឡាយណា ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែកចាយ និង​ចាក់​តាម​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ស្របច្បាប់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។

    ក្នុង​លិខិត​នេះ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណ​ឱសថ ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ក្នុងការ​ដឹកជញ្ជូន ការថែរក្សា និង​ការ​ស្តុក​វ៉ាក់សាំង នៅក្នុង​ឃ្លាំង ដើម្បី​ធានា​ឱ្យបាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់៕

  • iPhone 14 Pro ប្រើប្រាស់​វត្ថុ​ធាតុ «ប្រណិត និង​ថ្នៃ​ថ្នូរ» ជាង​ឆ្ងាយ ធៀប​នឹង​បច្ចុប្បន្ន

    iPhone 14 Pro ប្រើប្រាស់​វត្ថុ​ធាតុ «ប្រណិត និង​ថ្នៃ​ថ្នូរ» ជាង​ឆ្ងាយ ធៀប​នឹង​បច្ចុប្បន្ន

    iPhone 14 កំណែ​លំដាប់​ខ្ពស់​ឆ្នាំ 2022 តាម​គម្រោង​នឹងត្រូវ​ងាក​ទៅប្រើ​ប្រាស់​លោហធាតុ ទី​តានី​ញ៉ូ​ម។ នេះ​គឺជា​របាយការណ៍​របស់​ធនាគារ JPMorgan Chase។

    យោងតាម​របាយការណ៍ លោហធាតុ ទី​តានី​ញ៉ូ​ម នេះ គឺជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​មួយ ចំពោះ ទូរស័ព្ទ Apple iPhone 2022។ ក្រុម​ហ៊ុន​ Foxconn នឹង​ផលិត​ផ្ដាច់មុខ ស៊ុម​ដែល​ធ្វើ​អំពី​ទី​តានី​ញ៉ូ​ម សម្រាប់ iPhone 14 Pro។ បើសិនជា​ព័ត៌មាន​នេះ ពិតជា​ត្រឹមត្រូវ​មែន នោះ​នឹង​ជា​លើកដំបូង​ដែល Apple ប្រើប្រាស់ ទី​តានី​ញ៉ូ​ម សម្រាប់​ផលិត​ផល​​ជា​​ទូរស័ព្ទ​របស់ខ្លួន។

    ធៀប​នឹង​ដែក​មិន​ច្រែះ (អ៊ី​ណុ​ក) លោហធាតុ ទី​តានី​ញ៉ូ​ម រឹង​ជាង​ឆ្ងាយ និង​អាច​ទប់​ទល់នឹង​បញ្ហា​ឆ្កូត​បាន​យ៉ាង​ល្អ។ វា​ក៏មាន​លទ្ធភាព​ប្រឆាំងនឹង​ការ​សឹករិចរឹល ជាង​លោហធាតុ​ដទៃ។ ប៉ុន្តែ ទី​តានី​ញ៉ូ​ម ក៏មាន​ចំណុចខ្សោយ​មួយចំនួន មានដូចជា ស្នាម​ក្រយៅដៃ​ច្បាស់​ជាង ចំណែក​ភាពរឹងមាំ​របស់​វា ក៏បង្ក​ការលំបាក​ដល់​សកម្មភាព​ឆ្លាក់​ផងដែរ។

    Apple កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។ ប័ណ្ណ​ប៉ាតង់ថ្មីៗនេះ បង្ហាញថា Apple អាច​នឹង​ប្រើប្រាស់​ស្រទាប់​ស្ដើង​នៃ ធាតុ oxide ដើម្បី​ស្រោប​ពីលើ​លោហធាតុ​ទី​តានី​ញ៉ូ​ម បំណង​កាត់បន្ថយ​ស្នាម​ក្រយៅដៃ​នៅលើ​ស្មា​ត​ហ្វូ​ន។ ក្រុមហ៊ុន​ក៏​បង្កើត​គំនូរព្រាង​ថ្មី ដើម្បី​នាំមក​នូវ​ភាព​រលោង​ដល់ទី​តានី​ញ៉ូ​ម។

    របាយការណ៍​របស់ JPMorgan Chase ធ្វើឱ្យ​ព័ត៌មាន​ចចាមអារ៉ាម ដែលថា «iPhone 2022 នឹងមាន​ការប្ដូរ​ផ្លាស់​ច្រើន​ធៀប​នឹង iPhone 13» កាន់​តែមាន​ភាពច្បាស់លាស់ ស្រប​ពេលដែល Apple ចាត់ទុក​ឆ្នាំ 2022 ជា​ឆ្នាំ «មហា​វដ្ដ» របស់ iPhone។ នៅក្នុង​វដ្ដ​បែបនេះ អ្នកប្រើប្រាស់​នឹង​ទិញ​ច្រើនជាង​ធម្មតា។ iPhone 2022 នឹងមិន​មាន​កំណែ mini នោះឡើយ។ មុននេះ អ្នកវិភាគ Ming Chi Kuo បាន​ព្យាករ​ថា Apple នឹងដាក់​លក់ iPhone 2022 កំណែ 6.1 អ៊ិ​ញ ចំនួន 2 ម៉ូ​ដែល និង​កំណែ 6.7 អ៊ិ​ញ ចំនួន 2 ម៉ូ​ដែល។

    របាយការណ៍​ខាងលើ ក៏បាន​រំលឹក​ឡើងវិញ​អំពី​ដំណឹង​ចចាមអារ៉ាម ដែលថា Touch ID នឹង​ត្រលប់​មកកាន់ iPhone 2022 ក្រោមរូបភាព​ផ្សេង ដោយ​វា​ត្រូវបាន​បំពាក់​នៅលើ​គ្រាប់​ចុច​ចំហៀង ឬ​លាក់​ក្រោម​អេក្រង់។ ព័ត៌មាន​ចចាមអារ៉ាម មួយចំនួនទៀត បាន​និយាយថា iPhone ឆ្នាំក្រោយ នឹង​លែងមាន​កន្លែង​ឆក​ទៀតហើយ ពោលគឺ វា​នឹង​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន Android មួយចំនួន​នាបច្ចុប្បន្ន៕

    ប្រភព​៖ Mashable
    ប្រែសម្រួល​៖ បុត្រា

  • តួលេខ​ COVID-19 និង​ការ​ចាក់​វ៉ាក់សាំង​នៅ​ កម្ពុជា និង​​ពិភពលោក គិត​ត្រឹម​​ថ្ងៃទី 27 កក្កដា ឆ្នាំ 2021

    តួលេខ​ COVID-19 និង​ការ​ចាក់​វ៉ាក់សាំង​នៅ​ កម្ពុជា និង​​ពិភពលោក គិត​ត្រឹម​​ថ្ងៃទី 27 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 685 នាក់, អ្នកជា​ចំនួន 775 នាក់ និង​អ្នកស្លាប់​ចំនួន 19 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 74,386 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ 66,725 នាក់ និង អ្នកស្លាប់ 1,324 នាក់។

    នៅ​ព្រឹក​នេះ​ ក្រសួង​សុខាភិបាល​ ក៏​បាន​ចេញ​​សេចក្តីជូនព័ត៌មាន ឱ្យ​ដឹង​ថា កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស COVID-19 ប្រភេទ​បំប្លែងថ្មី B.1.617.2 (Delta) ចំនួន 39 ករណីផងដែរ​ កាល​ពី​ថ្ងៃទី 22 និងថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2021​។

    ចំណែក​យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​វិញ រហូត​មក​ដល់​ថ្ងៃទី​ 26 ខែកក្កដា ការចាក់វ៉ាក់សាំងបង្ការ​ COVID-19 នៅកម្ពុជា សម្រេចបាន 68.39% ក្នុង​នោះ​មាន​ អ្នក​បាន​ចាក់លើក​ទីមួយ​ជាង​ 6,552​,000​ នាក់​ និង​អ្នក​បាន​ចាក់​លើក​ទីពីរ​ជាង​ 4,363,000​ នាក់​។ តាម​ផែន​ការ​ កម្ពុជា​ ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ចំនួន​ពី​ 10​ លាន​ ទៅ​ 13 លាន​នាក់​នៅក្នុង​ចំណោម​ប្រជាជន​សរុប​ចំនួនជិត​​ 17 លាន​​នាក់​។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 195,384,882 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 177,223,145 ​​​នាក់​បានជា, 4,183,291 នាក់​បាន​ស្លាប់ និង​ជាង 13,978,446 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • តំណាងរាស្ត្រ អាមេរិក វាយប្រហារ Jeff Bezos ៖ មាន​ប្រាក់​ហោះ​ទៅកាន់​អវកាស ម៉េច​ក៏​មិន​បង់ពន្ធ​បន្ថែម!

    តំណាងរាស្ត្រ អាមេរិក វាយប្រហារ Jeff Bezos ៖ មាន​ប្រាក់​ហោះ​ទៅកាន់​អវកាស ម៉េច​ក៏​មិន​បង់ពន្ធ​បន្ថែម!

    ស្ថាបនិក​របស់ Amazon បន្ត​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ក្រុម​អ្នកនយោបាយ អាមេរិក បន្ទាប់ពី​ជើងហោះហើរ​ឡើងទៅ​កាន់​ទី​អវកាស​ដោយ​ជោគជ័យ។

    យោងតាម​ទំព័រ Business Insider តំណាងរាស្ត្រ Elizabeth Warren ថ្មីៗនេះ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter អំពី​ជើងហោះហើរ​របស់​កំពូល​មហាសេដ្ឋី Jeff Bezos ដោយ​យល់ថា ស្ថាបនិក Amazon រូបនេះ បើសិន​នៅសល់​លុយ​ហោះ​ទៅកាន់​ទី​អវកាស នោះ​ក៏មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ពន្ធ​បន្ថែម។

    «បុរស​ជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក អាច​បាញ់​បង្ហោះ​យាន​ដើម្បី​នាំ​ខ្លួនឯង​ឡើងទៅ​កាន់​អវកាស ខណៈដែល​ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​អាមេរិក ត្រូវ​រស់នៅក្នុង​ស្ថានភាព​លំបាក​ពីមួយថ្ងៃ ទៅមួយថ្ងៃ។ បច្ចុប្បន្ន មនុស្ស​ជាង 43 លាន​នាក់ កំពុង​ជួប​ការលំបាក ដោយសារ​បំណុល​លើ​ការ​សិស្ស និង​ថ្លៃ​សម្រាប់​សុខាភិបាល​ជាដើម ហើយ​ថែមទាំង​មិនមាន​ការងារ​ធ្វើ​ទៀតផង។ ជាក់ស្ដែង គាត់​អាច​បង់ពន្ធ​បន្ថែម ដើម្បីឱ្យ​គ្រប់គ្នា​មានឱកាស​រស់ក្នុង​ជីវភាព​ល្អ​ជាង​នេះ» តំណាងរាស្ត្រ Warren សរសេរ​ដូច្នេះ។

    របាយការណ៍​របស់ ProPublica បាន​បង្ហាញថា ស្ថាបនិក​របស់ Amazon មិនត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល​អ្វី​ទាំងអស់ ក្នុងអំឡុងពេល​យ៉ាងតិច 2 ឆ្នាំ (2006 និង 2018)។ ពួកគេ​សង្ស័យថា Bezos ថែមទាំង​បានគេច​វេះ​មិន​បង់ពន្ធ​ជាច្រើន​ឆ្នាំ​ផ្សេងទៀត ប៉ុន្តែ មិនទាន់​ប្រមូលបាន​ទិន្នន័យ​គ្រប់គ្រាន់។

    Jeff Bezos (ទីពីរ​ រាប់​ពី​ស្ដាំ) និង​អ្នក​ដែល​បាន​ឡើង​ទៅ​ទីអវកាស​ តាម​រយៈ​យាន​របស់​ Blue Origin កាល​ពីសប្ដាហ៍​មុន​

    ទាក់ទង​នឹង​បញ្ហា​នេះ របាយការណ៍​របស់ Lynnley Browning មកពី​ក្រុមហ៊ុន Insider ក៏បាន​បង្ហាញថា Amazon មាន​សកម្មភាព​គេចពន្ធ​ក្នុង​ឆ្នាំ 2017 និង 2018។

    បច្ចុប្បន្ន មហាសេដ្ឋី អាមេរិក លោក Jeff Bezos កំពុងស្ថិត​នៅលើ​កំពូល​នៃ​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ក​ក្រុម​អ្នកមាន​ជាងគេ​នៅលើ​ពិភពលោក របស់​ទស្សនាវដ្ដី Forbes ដោយមាន​ទ្រព្យ​រហូតដល់ 209.2 ពាន់​លាន​ដុល្លារ​អាមេរិក។ Blue Origin ដែលជា​ក្រុមហ៊ុន​អវកាស​របស់លោក បានទទួល​ជោគជ័យ​ក្នុងការ​នាំយក​ស្ថាបនិក​រូបនេះ ឡើងទៅ​កាន់​ជាយ​អវកាស។

    បន្ទាប់ពី​ករណី​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​សប្ដាហ៍​មុន របស់​ក្រុមហ៊ុន Blue Origin តំណាងរាស្ត្រ Warren បាន​ចំអក​នៅលើ Twitter ថា មហាសេដ្ឋី Bezos ភ្លេច​អរគុណ​កម្មករ អាមេរិក ដែល​កំពុង​បង់ពន្ធ​ជូន​រដ្ឋ ខណៈដែល​ខ្លួន​លោក និង​ក្រុមហ៊ុន Amazon បែរជា​គេចពន្ធ​ទៅវិញ៕

    ប្រភព៖ BI
    ប្រែ​សម្រួល៖ បុត្រា

  • Joe Biden ប្រកាស​បញ្ចប់​បេសកកម្ម​សង្គ្រាម​របស់ អាមេរិក នៅ អ៊ីរ៉ាក់

    Joe Biden ប្រកាស​បញ្ចប់​បេសកកម្ម​សង្គ្រាម​របស់ អាមេរិក នៅ អ៊ីរ៉ាក់

    ប្រធានាធិបតី សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សកម្មភាព​ប្រយុទ្ធ​របស់​ទាហាន​អាមេរិក នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ក្រោយ​ការចូល​ធ្វើ​អត្ត​រាគ​មន៍​ជាង 18 ឆ្នាំ។

    «តួនាទី​របស់​យើង​នៅ​ប្រទេស អ៊ីរ៉ាក់ នឹង​ជាការ​បង្វឹក គាំទ្រ និង​ជួយឧបត្ថម្ភ ក៏ដូចជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើសកម្មភាព បើសិនជា​ក្រុម​រដ្ឋ​អ៊ីស្លាម (IS / Islamic State) បង្ហាញខ្លួន​ជាថ្មី។ ប៉ុន្តែ យើង​នឹងមិន​ចូលរួម​ការប្រយុទ្ធ ចាប់ពី​ចុងឆ្នាំ​នេះ» ប្រធានាធិបតី Joe Biden ថ្លែង​ក្រោយ​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Mustafa al-Kadhimi នៅ​សេត​វិមាន កាលពី​ថ្ងៃទី 26 កក្កដា។

    ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Biden បានប្រកាស​ដកទ័ព អាមេរិក ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន បញ្ចប់សង្គ្រាម​ពីរលើក​ដែល​ចាប់ផ្ដើម​តាំងពី​ជំនាន់​អតីត​ប្រធានាធិបតី George W. Bush។

    លោក Joe Biden (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ អ៊ីរ៉ាក់ Mustafa al-Kadhimi

    សហរដ្ឋអាមេរិក កំពុង​ដាក់​ទាហាន 2,500 នាក់ នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ដោយមាន​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS ។ តួនាទី​របស់​ទាហាន អាមេរិក នឹង​ងាក​ទៅធ្វើជា​គ្រូបង្វឹក និង​ប្រឹក្សា​យោបល់​ឱ្យ​កងទ័ព អ៊ីរ៉ាក់ ក្នុង​បេសកកម្ម​ប្រយុទ្ធ។ ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក នឹង​ទុក​ទាហាន​ចំនួន​​ប៉ុន្មាន​នាក់ ឱ្យនៅ​ក្នុងប្រទេស អ៊ីរ៉ាក់ នោះទេ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រយុទ្ធ។

    សហរដ្ឋអាមេរិក បាន​បញ្ជូន​កងទ័ព​​របស់​ខ្លួន​ចូល​ប្រទេស អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2003 ដើម្បី​ផ្ដួលរំលំ​របប​ប្រធានាធិបតី Saddam Hussein ហើយ​ក្រោយមក​ក៏បាន​ដកទ័ព​ទាំងអស់​ចេញពី​ប្រទេស​នេះ នៅ​ខែធ្នូ ឆ្នាំ 2011 ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី Barack Obama ប៉ុន្តែ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់ អ៊ីរ៉ាក់ ជាថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS តាម​ការស្នើ​របស់​ប្រទេស​នេះ។

    «នឹង​មិនមាន​អ្នកណាម្នាក់ ប្រកាស​បញ្ចប់​ភារកិច្ច​នោះទេ។ គោលដៅ​គឺ​ការធានា​ឱ្យបាន​នូវ​បរាជ័យ​របស់ IS » នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ សហរដ្ឋអាមេរិក ដែល​ទំនងជា​ចង់​បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិន​បោះ​បង់ អ៊ីរ៉ាក់ នោះឡើយ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ហិ​ង្ហ​បុរី គ្រោង​អនុញ្ញាតឱ្យ​ដើរទេស​ចរណ៍​ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    ហិ​ង្ហ​បុរី គ្រោង​អនុញ្ញាតឱ្យ​ដើរទេស​ចរណ៍​ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក

    ប្រទេស​សិង្ហ​បុរី កំពុង​ឆ្ពោះទៅរក​គោលដៅ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស ក្នុងនោះ​រួមមាន​ទាំង​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ដើរទេស​ចរណ៍​ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ចាប់ពី​ខែកញ្ញា​តទៅ។

    ថ្លែង​នៅក្នុង​សភា នា​ថ្ងៃទី 27 កក្កដា រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Lawrence Wong បានឱ្យដឹងថា នៅ​ខែកញ្ញា តាម​ផែនការ សិង្ហ​បុរី នឹង​ចាក់​វ៉ាក់សាំង​រួចរាល់​បាន 80% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ដែល​នេះ​នឹង​ជួយ​ឱ្យ​សិង្ហ​បុរី មាន​មូលដ្ឋាន​ជាក់លាក់​ដើម្បី​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ។

    ការសម្រេច​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង នឹង​អនុញ្ញាតឱ្យ​សិង្ហ​បុរី បើកទ្វារ​ព្រំដែន​ឡើងវិញ សម្រាប់​ការធ្វើដំណើរ​ទៅ-មក ជាមួយនឹង​បណ្ដា​ប្រទេស ឬ​តំបន់​ដែល​គ្រប់គ្រង​វីរុស​បានល្អ។

    យោងតាម​រដ្ឋមន្ត្រី Lawrence Wong នៅពេល សិង្ហ​បុរី សម្រេចបាន​គោលដៅ​ក្នុង​ការចាក់​វ៉ាក់សាំង ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ អាច​ដើរ​ទេសចរណ៍​បាន ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក 14 ថ្ងៃ ពេល​ត្រលប់​ចូល​ប្រទេស។

    យោងទៅតាម​កម្រិត​នៃ​ហានិភ័យ​របស់​បណ្ដា​ប្រទេស​ដែល​ពលរដ្ឋ​បាន​ទៅ​ទេសចរណ៍ វិធានការ​ច​ត្តា​ឡី​ស័ក​អាច​ត្រូវបាន​ជំនួស​ដោយ​យន្តការ​ធ្វើតេស្ត​ម៉ត់ចត់ ឬ​ពេលវេលា​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម 7 ថ្ងៃ និង​ត្រូវធ្វើ​នៅក្នុង​ផ្ទះ ជំនួស​ឱ្យ​សណ្ឋាគារ​ដែល​ត្រូវ​បានកំណត់។ ពលរដ្ឋ​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ក៏មាន​សិទ្ធិ​ទៅ​ទេសចរណ៍ ប៉ុន្តែ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ពេញលេញ។

    សិង្ហ​បុរី មាន​ផែន​ការចាក់​វ៉ាក់សាំង​ឱ្យបាន 2/3 នៃ​ចំនួន​ប្រជាជន​សរុប នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ (9 សីហា) ហើយ​ក្រោយមក នឹង​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​បន្តិចម្ដង៕

    ប្រភព៖ Bloomberg News
    ប្រែ​សម្រួល៖ បុត្រា