Author: សឿន សំណាង

  • COVID-19 ប្រភេទ Delta កំពុង​រាតត្បាត៖ WHO ចេញ​សេចក្តីអំពាវនាវ​ឱ្យ កម្ពុជា បង្កើន​ការប្រយុទ្ធ

    COVID-19 ប្រភេទ Delta កំពុង​រាតត្បាត៖ WHO ចេញ​សេចក្តីអំពាវនាវ​ឱ្យ កម្ពុជា បង្កើន​ការប្រយុទ្ធ

    (ភ្នំពេញ)៖ អង្គការ​សុខភាព​ពិភពលោក (WHO) អំពាវនាវ​ដល់​រាជ​រដ្ឋ​បា​ភិ​បាល និង​ប្រជាជន​កម្ពុជា ពង្រឹងស្មារតី​ចូលរួម​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី (វ៉ា​រ្យ៉​ង់) Delta ឱ្យបាន​សកម្ម​ខ្លាំងក្លា​បំផុត។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​របស់​អង្គការ​នេះ ចុះ​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021។

    នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ តំណាង WHO ប្រចាំ កម្ពុជា លោកស្រី Li Ailan បាន​បញ្ជាក់ថា «យើង​កំពុង​ប្រណាំងប្រជែង​ជាមួយនឹង​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី (រួមមាន Delta, Alpha, Beta និង Gamma)៖ សូម​ធ្វើ​សកម្មភាព​នៅថ្ងៃនេះ ដើម្បី​កុំឱ្យ​មានការ​ស្ដាយក្រោយ​នៅ​ថ្ងៃស្អែក»។

    អត្ថន័យ​លម្អិត សូម​បន្ត​អាន​សេចក្ដីប្រកាស​ព័ត៌មាន​របស់​តំណាង​អង្គការ WHO ប្រចាំ កម្ពុជា ដែលមាន​ដូចខាងក្រោម៖
    ដកស្រង់​៖ បុត្រា

  • បញ្ជី​នៃ​បណ្ដា​ប្រទេស​ដណ្ដើមបាន​មេដាយ នៅ Olympic Games Tokyo 2020 សម្រាប់​ថ្ងៃទី​ 30 កក្កដា​

    បញ្ជី​នៃ​បណ្ដា​ប្រទេស​ដណ្ដើមបាន​មេដាយ នៅ Olympic Games Tokyo 2020 សម្រាប់​ថ្ងៃទី​ 30 កក្កដា​

    នាំមុខគេ​ក្នុង​បញ្ជី​នេះ​គឺ ប្រទេស ចិន ដោយ​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 38 ក្នុងនោះ​មាន មេដាយមាស​ចំនួន 18, មេដាយប្រាក់​ចំនួន 9 និង​មេដាយសំរិទ្ធ​ចំនួន 11។

    ប្រទេស​ដែល​ដណ្ដើម​បាន​មេដាយ​មាស​ចាប់​ពី​ 3 ដល់​ 18 រួមមាន​ចំនួន​ 12 ប្រទេស​ គិត​ត្រឹម​ថ្ងៃទី 30 ខែ​កក្កដា ឆ្នាំ​ 2021។

    ប្រភព៖ AS.COM
    ដកស្រង់​៖ បុត្រា

  • អគ្គិភ័យកំពុងឆាប​ឆេះចំណតរថយន្តក្រុង វិរៈ ប៊ុនថាំ

    អគ្គិភ័យកំពុងឆាប​ឆេះចំណតរថយន្តក្រុង វិរៈ ប៊ុនថាំ

    ចំណតរថយន្តក្រុងរបស់​ក្រុម​ហ៊ុន​ វិរៈ ប៊ុនថាំ ដែល​មាន​ទីតាំង​នៅ​គល់ស្ពានជ្រោយចង្វា ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅម៉ោង​ប្រមាណ​ជិត​​ 16 រសៀល​ ថ្ងៃទី 30 កក្កដា​នេះ​។

    ទំហំខូចខាតសរុប​ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ ប៉ុន្តែ​ រថយន្តក្រុងចំនួនជាង 20 គ្រឿងបាន​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​ ខណៈ​ដែល​​អង្គភាពពន្លត់អគ្គិភ័យ កំពុង​ធ្វើ​អន្តរាគមន៍បាញ់ទឹកពន្លត់។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​។

     

  • (វីដេអូ)-តាក់ស៊ី​ហោះ ប្រើ​ស្លាប​កង្ហារ​ចំនួន 18 ហោះ​ហើរ​​ដឹក​មនុស្ស​ដោយ​ជោគជ័យ នៅ អាមេរិក

    (វីដេអូ)-តាក់ស៊ី​ហោះ ប្រើ​ស្លាប​កង្ហារ​ចំនួន 18 ហោះ​ហើរ​​ដឹក​មនុស្ស​ដោយ​ជោគជ័យ នៅ អាមេរិក

    តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ ឈ្មោះ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ ក្នុង 1 ម៉ោង។

    Volocopter 2X ដែលជា​តាក់ស៊ី​ហោះ ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី របស់​ក្រុមហ៊ុន អាល្លឺម៉ង់ Volocopter បាន​ឈានដល់​របត់​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍ Oshkosh ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 27 កក្កដា។ នេះ​គឺជា​យានជំនិះ​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ និង​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​គេ ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​សាកល្បង​ហោះហើរ​ដឹក​មនុស្ស​នៅ​ទីសាធារណៈ នៅ សហរដ្ឋអាមេរិក។

    តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន Volocopter បាន​ហោះហើរ​សាកល្បង​ដោយ​មិនមាន​ដឹក​មនុស្ស ជាង 100 លើក​មកហើយ ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លង។ ការហោះហើរ​ដែលមាន​ដឹក​មនុស្ស​ដំបូង ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស អាល្លឺម៉ង់ កាលពី​ឆ្នាំ 2016។ តាំងពី​នោះមក Volocopter បាន​ហោះហើរ​ដឹក​មនុស្ស និង​មិន​ដឹក​មនុស្ស​ជា​បន្តបន្ទាប់ នៅ សិង្ហ​បុរី អារ៉ាប់​រួម ព្រមទាំង​ធ្លាប់បាន​ហោះ​សំដែង​នៅលើ​ឆាក​នៃ​ពិធី​តាំងពិព័រណ៍​អេឡិចត្រូនិក CES នៅ Las Vegas កាលពី​ឆ្នាំ 2018 ផងដែរ។

    Volocopter 2X បំពាក់​ប្រព័ន្ធ​ស្លាប ដែលមាន​កង្ហារ​ចំនួន 18 គ្រឿង។ កាលពី​ថ្ងៃទី 27 កក្កដា តាក់ស៊ី​នេះ បាន​ហោះហើរ​នៅឯ​ព្រលានយន្តហោះ​តំបន់ Wittman (Wittman Regional Airport)។

     

    តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ/ម៉ោង។ កំណែ​មួយ​ផ្សេងទៀត​របស់ Volocopter 2X ត្រូវបាន​ដាក់តាំង​នៅលើ​ដី ដើម្បីឱ្យ​អ្នកចូលរួម អាច​ពិនិត្យមើល​បាន​ដោយ​គ្រប់​ជ្រុងជ្រោយ។

    «តាក់ស៊ី​ហោះ ជិត​ត្រូវបាន​បង្ហាញខ្លួន ហើយ​យើង​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើការ​ហោះហើរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី នៅឯ​ទីក្រុង​នានា​ក្នុង​ពិភពលោក ក្នុង​រយៈពេល ពី 2 ទៅ 3 ឆ្នាំ» CEO របស់ Volocopter លោក Florian Reuter បាន​ប្រាប់​ដូច្នេះ៕

    ប្រភព៖ New Atlas
    ប្រែ​សម្រួល៖ បុត្រា

  • SpaceX ទទួលបាន​ប្រាក់ 178 លាន​ដុល្លារ ដើម្បី​នាំ​យាន​របស់ NASA ទៅរក​ជីវិត​លើ​ព្រះ​ចន្ទ​នៃ​ភព​ព្រហស្បតិ៍

    SpaceX ទទួលបាន​ប្រាក់ 178 លាន​ដុល្លារ ដើម្បី​នាំ​យាន​របស់ NASA ទៅរក​ជីវិត​លើ​ព្រះ​ចន្ទ​នៃ​ភព​ព្រហស្បតិ៍

    ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk បាន​ចុះ​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ 178 លាន​ដុល្លារ​ជាមួយ​ទីភ្នាក់ងារ​អវកាស អាមេរិក NASA ដើម្បី​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​មួយគ្រឿង ទៅ​ស្វែងរក​ជីវិត​នៅលើ​ឋាន​ព្រះ​ចន្ទ​របស់​ភព​ព្រ​ហស្ប​តិ៍ នៅ​ឆ្នាំ 2024។

    រ៉ុក្កែត Falcon Heavy របស់ SpaceX ត្រូវបាន​ជ្រើសរើស ដើម្បី​នាំយក​យានអវកាស Europa Clipper របស់ NASA ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ Europa ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ខែតុលា ឆ្នាំ 2024 ដោយ​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Kennedy នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀង​សម្រាប់​ការផ្ដល់ និង​ទទួល​សេវាកម្ម​ខាងលើ មានតម្លៃ​ប្រហែល 178 លាន​ដុល្លារ​អាមេរិក។

    កាលពី​ដំបូង​ឡើយ NASA មានបំណង​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ផ្ទាល់ខ្លួន ដើម្បី​បំពេញបេសកកម្ម​នេះ ប៉ុន្តែ ការអភិវឌ្ឍ​មានការ​យឺតយ៉ាវ។

    យានអវកាស Europa Clipper ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍ ក្នុង​បំណង​ឱ្យដឹង​ច្បាស់​ថា ឋាន​ដែល​មហា​សែន​ត្រជាក់​នេះ អាច​ទ្រទ្រង់​ភាវរស់​បានដែរ ឬ​អត់។

    ភារកិច្ច​របស់​យានអវកាស​នេះ​គឺ ថតរូប​ភាព​របស់​ព្រះ​ចន្ទ Europa ឱ្យបាន​ច្បាស់​បំផុត និង​ស្វែងយល់​អំពី​សមា​ធាតុ​របស់​វា និង​ស្វែងរក​សញ្ញា​នៃ​បាតុភូត​រញ្ជួយ​ដី​កំពុង​កើតឡើង ឬ​បាន​កើតឡើង​កាលពី​អតីតកាលថ្មីៗនេះ។

    យានអវកាស​របស់ NASA នេះ ក៏​នឹង​ត្រូវបាន​បំពាក់​ឧបករណ៍​វាស់​កម្រាស់​នៃ​ស្រទាប់​ទឹកកក​ខាងលើ​របស់ Europa ស្វែងរក​បឹង​ក្រោម​ដី និង​វាស់​ជម្រៅ រួមទាំង​កម្រិត​នៃ​ជាតិ​ប្រៃ​របស់​មហាសមុទ្រ​ក្រោម​ផ្ទាំង​ទឹកកក​ផងដែរ។

    ជា​ព្រះ​ចន្ទ​មួយ ក្នុងចំណោម​ព្រះ​ចន្ទ​ធំជាងគេ​ទាំង 4 របស់​ភព​ព្រហស្បតិ៍ Europa បាន​ក្លាយជា​ប្រធានបទ​សំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​កាលពីពេល​កន្លង។ កាលពី​ឆ្នាំ 2020 ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ឱ្យឃើញថា វិទ្យុសកម្ម​មាន​ជាប្រចាំ ដែល Europa ទទួលបាន​ពី​ភព​ព្រហស្បតិ៍ បណ្ដាលឱ្យ​ព្រះ​ចន្ទ​មួយ​នេះ បញ្ចេញ​ពន្លឺ​នៅក្នុង​ទី​ងងឹត៕

    ប្រភព៖ Reuters

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ​ខែ​កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ​ខែ​កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 668 នាក់, អ្នកជា​ចំនួន 812 នាក់ និង​អ្នកស្លាប់​ចំនួន 25 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 76,585 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 69,198 នាក់ និង អ្នកស្លាប់ 1,375 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 197,381,920 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 178,533,740 ​​​នាក់​បានជា, 4,214,877 នាក់​បាន​ស្លាប់ និង​ជាង 14,633,300 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • កម្ពុជា អនុញ្ញាតឱ្យ​ខេត្ត​ចំនួន 22 ទៀត អនុវត្ត​ការព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅតាម​ផ្ទះ

    កម្ពុជា អនុញ្ញាតឱ្យ​ខេត្ត​ចំនួន 22 ទៀត អនុវត្ត​ការព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅតាម​ផ្ទះ

    នា​ព្រឹក​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​ខេត្ត​ចំនួន 22 ទៀត រៀបចំ​ការអនុវត្ត​ការព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅតាម​ផ្ទះ។

    ខេត្ត​ទាំង 22 នេះ រួមមាន បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះ​ស៊ី​ហ​នុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ព្រៃវែង និង​ខេត្តស្វាយរៀង។

    អ្នកជំងឺ COVID-19 ដែល​នឹង​ត្រូវបាន​ដាក់ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ គឺជា អ្នកជំងឺ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា។ ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម៖

    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • ក្រុម​ហ៊ុន​របស់​មហា​សេដ្ឋី​ទីមួយ​នៅ​ វៀត​ណាម កំពុង​​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19

    ក្រុម​ហ៊ុន​របស់​មហា​សេដ្ឋី​ទីមួយ​នៅ​ វៀត​ណាម កំពុង​​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19

    គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ VinSmart។

    Vingroup ត្រូវបាន​គេ​ដឹងថា បាន​ចរចា​ជាមួយនឹង​ក្រុមហ៊ុន Acturus របស់ សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 រួចហើយ។ ក្រសួងសុខាភិបាល វៀតណាម ឱ្យដឹងថា តាម​ផែនការ នៅ​ខែសីហា ឆ្នាំ 2021 វ៉ាក់សាំង​របស់​ក្រុមហ៊ុន អាមេរិក នេះ អាច​ចាប់ផ្ដើម​សាកល្បង​នៅលើ​មនុស្ស នៅ​ប្រទេស វៀតណាម។ រោងចក្រ​នេះ​នឹង​អាច​ផលិត​វ៉ាក់សាំង​បាន​ចាប់ពី 100 លាន ទៅ 200 លាន​ដូ​ស/ឆ្នាំ។

    កាលពី​ខែមិថុនា ឆ្នាំ 2021 ក្រុម​ហ៊ុន Vingroup បាន​សហការ​ជាមួយ Viet A Corp បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Vinbiocare ដោយមាន​ទុន ប្រមាណ 8,700,000 ដុល្លារ​អាមេរិក ក្នុងនោះ Vingroup កាន់កាប់ 69% នៃ​ដើមទុន​សរុប។

    Vinbiocare រកស៊ី​ក្នុង​វិស័យ​ផលិត​ឱសថ គីមី​សម្រាប់​ផលិត​ឱសថ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្នាំពេទ្យ ក្នុងនោះ​មានដូចជា ការផលិត​វ៉ាក់សាំង ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឱសថ​ជាដើម។

    ប្រធាន​ក្រុមហ៊ុន Vingroup មហាសេដ្ឋី Pham Nhat Vuong ដែល​មាន​ទ្រព្យ​ 8 ពាន់​លាន​ដុល្លារ​អាមេរិក​ បានឱ្យដឹងថា Vinbiocare គឺជា​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​ស្វែងរក​កម្រៃ ហើយ​អាច​បរិច្ចាគ​ទាំង​ថ្លៃដើម បើសិនជា​ចាំបាច់។

    Vingroup បាន និង​កំពុង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ច្រើន​ប្រភេទ និង​ម៉ាស៊ីន​វាស់​កំដៅ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន​នេះ បានផ្ដល់​ជំនួយ​ជា​ម៉ាស៊ីន​ជំនួយ​ដង្ហើម​រាប់ពាន់​គ្រឿង ដល់​ក្រសួងសុខាភិបាល វៀតណាម ផងដែរ។

    សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) ក្នុង​រដ្ឋធានី ហាណូយ៕

    ប្រភព​៖ Forbes, Viettimes
    ប្រែសម្រួល​៖ បុត្រា

  • AstraZeneca រកបាន 1.2 ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​ឆមាស​ដំបូង

    AstraZeneca រកបាន 1.2 ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​ឆមាស​ដំបូង

    ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់ អង់គ្លេស បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់​ពួកគេ រកចំណូលបាន 1.2 ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021។

    ក្រុមហ៊ុន​បាន​ចែកចាយ​វ៉ាក់សាំង AstraZeneca ប្រមាណ 319 លាន​ដូ​ស នៅ​ជុំវិញ​ពិភពលោក ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ក្នុងនោះ ចំណូល​ចំនួន 572 លាន​ដុល្លារ​បានមកពី​អឺរ៉ុប និង 455 លាន​ដុល្លារ បានមកពី​ទីផ្សារ​ទើប​លេចធ្លោ។

    «យើង​សម្រេចបាន​ជោគជ័យ​គួរសម ជាមួយនឹង​វ៉ាក់សាំង COVID-19 Vaxzevria (ឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង​បង្ការ COVID-19 ដែល​ផលិត​ដោយ AstraZeneca)។ គិត​មកដល់​ថ្ងៃនេះ AstraZeneca និង​ដៃគូ​សហការ​របស់​យើង បាន​លក់​វ៉ាក់សាំង​ចំនួន 1 ពាន់​លាន​ដូ​ស​ទៅឱ្យ​ប្រទេស​ជាង 170» នាយក​ប្រតិបត្តិ​របស់ AstraZeneca លោក Pascal ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី 29 កក្កដា។

    ស្ថាប័ន​ផលិត​ឱសថ​នេះ ក៏បាន​ឱ្យដឹងថា នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021 នេះ ក្រុមហ៊ុន AstraZeneca រក​បាន​ប្រាក់ចំណេញ​ចំនួន 2.1 ពាន់​លាន​ដុល្លារ ស្មើនឹង 40% ធៀប​នឹង​ឆ្នាំមុន។ ប្រាក់ចំណូល​សរុប​នៅក្នុង​អំឡុង​ជិត 1 ត្រីមាស​កន្លងទៅ ស្មើនឹង 15.5 ពាន់​លាន​ដុល្លារ។ ដោយ​មិន​រាប់បញ្ចូល​ទាំង​វ៉ាក់សាំង COVID-19 ប្រាក់ចំណូល​សរុប​រប​ស់​ក្រុមហ៊ុន បាន​កើន 14% ស្មើនឹង 14.4 ពាន់​លាន​ដុល្លារ។

    វ៉ាក់សាំង COVID-19 របស់ AstraZeneca គឺជា​វ៉ាក់សាំង​លំដាប់​ពិភពលោក និង​មាន​តួនាទី​សំខាន់​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ អង់គ្លេស ជួយ​ឱ្យ អង់គ្លេស អាច​បើកទ្វារ​សេដ្ឋកិច្ច​ទាំង​ស្រុក​ក្នុង​ខែ​នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង COVID-19 ចំនួនជិត 500,000 ដូ​ស ដែលជា​ជំនួយ​របស់ សហរដ្ឋអាមេរិក បានមក​ដល់ កម្ពុជា ហើយ

    វ៉ាក់សាំង COVID-19 ចំនួនជិត 500,000 ដូ​ស ដែលជា​ជំនួយ​របស់ សហរដ្ឋអាមេរិក បានមក​ដល់ កម្ពុជា ហើយ

    (ភ្នំពេញ)៖ Johnson & Johnson ដែលជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ជា​ជំនួយ​របស់ សហរដ្ឋអាមេរិក តាមរយៈ​យន្តការ COVAX បាន​ដឹក​មកដល់ កម្ពុជា ហើយ នៅ​ព្រឹក​ថ្ងៃទី 30 កក្កដា ឆ្នាំ 2021។

    វ៉ាក់សាំង Johnson & Johnson ចំនួនជិត​ 500,000 ដូ​ស ដែល​បាន​ដឹកជញ្ជូន​មកដល់ កម្ពុជា ព្រឹក​នេះ គឺ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន ប្រមាណ​ជាង 1 លាន​ដូ​ស ដែល សហរដ្ឋអាមេរិក បានប្រកាស​ផ្ដល់ជំនួយ​ដល់ កម្ពុជា។ ចំណែក​ជាង 500,000 ដូ​ស ផ្សេងទៀត នឹងត្រូវ​បាន​ដឹក​មកដល់ កម្ពុជា នៅ​ថ្ងៃទី 02 សីហា​ខាងមុខ។

    នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង Johnson & Johnson នា​ព្រឹក​នេះ ក៏មាន​វត្តមាន​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល របស់ កម្ពុជា រួម​នឹង ភារធារី​ស្ថានទូត​អាមេរិក លោក Ben wohlauer តំណាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF ។

    សូមបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ដែល​ផលិត​នៅ សហរដ្ឋអាមេរិក នេះ គឺជា​វ៉ាក់សាំង​ដែល​ចាក់​តែ 1 ដូ​ស គត់ គឺ​គ្រប់គ្រាន់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​ជំនួយ​ពី សហរដ្ឋអាមេរិក ប្រមាណ 11 លាន​ដុល្លារ រាប់​ចាប់ពី COVID-19 បានបង្ហាញ​ខ្លួន។

    ប្រភព៖ RGSUCAMBODIA
    ដកស្រង់​៖ បុត្រា