Author: សឿន សំណាង

  • អ្នកវិទ្យាសាស្ត្រ អាចធ្វើឱ្យ​ទឹកស្អាត​ក្លាយជា​លោហធាតុ

    អ្នកវិទ្យាសាស្ត្រ អាចធ្វើឱ្យ​ទឹកស្អាត​ក្លាយជា​លោហធាតុ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការពិសោធ និង​បានប្រែក្លាយ​ទឹកស្អាត​ឱ្យទៅជា​លោហធាតុ ដោយ​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​នេះ​ក៏​បង្កើតបានជា​ធាតុ​រាវ​ដែលមាន​សមត្ថភាព​បញ្ជូន​អគ្គិសនី។

    ទឹក​ដែល​មិនទាន់បាន​ច្រោះ​ស្អាត​អាច​នាំ​អគ្គិសនី មានន័យថា អេ​ឡិច​ត្រុ​ង​បន្ទុក​អវិជ្ជមាន អាច​ត្រូវបាន​ចម្លង​រវាង​ម៉ូលេគុល ព្រោះ​នៅក្នុង​ទឹក​មាន​ជាតិ​អំបិល។ ប៉ុន្តែ ទឹកស្អាត​គឺមាន​តែ​ម៉ូលេគុល​ទឹក​ប៉ុណ្ណោះ ក្នុងនោះ​អេ​ឡិច​ត្រុ​ង​នានា​នៅ​សម្បក​ខាងក្រៅ​បង្អស់ (សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់/ Valence electron) នៅតែ​តោង​ជាប់​នឹង​អាតូម និង​មិនអាច​ផ្លាស់​ទី​ដោយ​សេរី​ក្នុង​ទឹក។

    អំពី​ទ្រឹស្ដី បើសិនជា​បង្កើត​សម្ពាធ​ឱ្យបាន​គ្រប់គ្រាន់​ទៅលើ​ទឹកស្អាត ម៉ូលេគុល​ទឹកនឹង​ត្រូវ​កៀប​ឱ្យ​ជាប់​គ្នា ហើយ​សម្បក​អេ​ឡិច​ត្រុ​ង​ខាងក្រៅ​បង្អស់​ដែល​ព័ទ្ធជុំវិញ​អាតូម នឹងត្រូវ​គរ​លើ​គ្នា។ ប្រការនេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​អេ​ឡិច​ត្រុ​ង​ផ្លាស់​ទី​ដោយ​សេរី រវាង​អាតូមនីមួយៗ ហើយ​ប្រែក្លាយ​ទឹក​ទៅជា​លោហធាតុ។

    បញ្ហា​នៅត្រង់ថា ដើម្បី​កៀប​ទឹក​រហូតដល់​ក្លាយជា​លោហធាតុ គឺ​ទាមទារ​ឱ្យមាន​សម្ពាធ​ប្រហែល 220 លាន psi (pound per square inch) នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ Pavel Jungwirth មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ ឆែក នៅ​រដ្ឋធានី Prague។ ដោយ​មូលហេតុ​នេះហើយ ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្ស័យថា ទឹក​ត្រូវ​ប្រែ​ទៅជា​លោហធាតុ ដែល​អាចមាន​វត្តមាន​នៅក្នុង​ស្នូល​របស់​បណ្ដា​ភព​ខ្នាត​យក្ស ដូចជា​ភព​ព្រហស្បតិ៍ ភព​ណិ​ប​ទូ​ន និង​ភព​អ៊ុយ​រ៉ា​នុស។

    Jungwirth និង​ក្រុមការងារ បា​នរក​វិធី​ផ្សេង ដើម្បី​អាចធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។ ពួកគេ​ប្រើប្រាស់​លោហអាល់កាឡាំង រួមមាន​ធាតុ​ផ្សំ​ដូចជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ហើយ​មាន​ផ្ទុក​អេ​ឡិច​ត្រុ​ង​តែមួយ​នៅ​សម្បក​អេ​ឡិច​ត្រុ​ង​វ៉ាឡង់។

    លោហអាល់កាឡាំង អាច​ផ្ទុះ នៅពេល​ប៉ះ​នឹង​ទឹក ប៉ុន្តែ ពួកគេ​គិតថា ដោយ​វិធី​ណាមួយ​នោះ ដែល​អាច​ចៀសវាង​ការផ្ទុះ​បាន ពួកគេ​អាច​ខ្ចី​អេ​ឡិច​ត្រុ​ង​ពី​លោហអាល់កាឡាំង និង​ប្រើប្រាស់​អេ​ឡិច​ត្រុ​ង​នោះ​ដើម្បី​ធ្វើឱ្យ​ទឹក​ក្លាយជា​លោហធាតុ។

    ការពិសោធ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 28 កក្កដា នៅលើ​ទស្សនាវដ្ដី Nature ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​សមស្រប។ ពួកគេ​ដាក់​ស៊ីឡាំង​ដែល​ពេញ​ដោយ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​នៅក្នុង​ប្រអប់​ទំនេរ រួច​បញ្ចេញ​តំណក់តូចៗនៃ​លោហធាតុ​រាវ​ក្នុង​សីតុណ្ហភាព​ស្មើនឹង​កំដៅ​ក្នុង​បន្ទប់ ក្រោយមក​ទុកឱ្យ​តំណក់​លោហធាតុ​នេះ​ប៉ះ​នឹង​ចំហាយ​ទឹក​ដ៏​ល្អិត។ ទឹក​ក៏បាន​កកើត​នៅលើ​បន្ទះ​មួយ​ដែលមាន​កម្រាស់ 0.1 micromet នៅ​ខាងលើ​ផ្ទៃ​នៃ​តំណក់​លោហធាតុ ហើយ​ភ្លាមនោះ អេ​ឡិច​ត្រុ​ង​ពី​លោហធាតុ​ក៏​រត់ទៅរក​ទឹក។

    នៅក្នុង​រយៈពេល​ដ៏​ខ្លី ទឹក​ប្រែ​ទៅជា​ពណ៌​លឿង​បែប​លោហធាតុ​រលើបរលោង។ ដោយ​ការប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់ spectrometer ក្រុម​ស្រាវជ្រាវ​អាច​បញ្ជាក់បាន​ថា ទឹក​ដែលមាន​ពណ៌​លឿង​នោះ ពិតជា​លោហធាតុ៕

  • Amazon កំពុងក្លាយជាគោលដៅក្នុងការរឹតត្បឹតពីសំណាក់រដ្ឋាភិបាលអាមេរិក

    Amazon កំពុងក្លាយជាគោលដៅក្នុងការរឹតត្បឹតពីសំណាក់រដ្ឋាភិបាលអាមេរិក

    ការរីកចម្រើន ហើយ​ពេលខ្លះ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​ជា ការរកស៊ី​ផ្ដាច់មុខ​កាន់តែខ្លាំង​ឡើង​របស់ Amazon បានធ្វើឱ្យ​ពួកគេ​ក្លាយជា​គោលដៅ​ដែល​ត្រូវ​ចាត់វិធានការ​ពី​សំណាក់​រដ្ឋ និង​ក្រុម​អ្នកតាក់តែង​ច្បាប់ នៅ​សហរដ្ឋ អាមេរិក។

    ក៏ប៉ុន្តែ ដោយសារតែ​ទំហំ​ដ៏​មហិមា និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន ក្រុមហ៊ុន Amazon ក៏​ធ្វើឱ្យ​ក្រុម​អ្នកបង្កើត​ច្បាប់ ត្រូវ​ថ្លឹងថ្លែង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក្នុងការ​រឹត​ត្បឹ​ត​លើ​ក្រុមហ៊ុន​នេះ ដើម្បី​មិនឱ្យ​មានការ​ប៉ះពាល់​ដល់​អតិថិជន និង​បណ្ដា​ក្រុមហ៊ុន​ដែល «អាស្រ័យ​ផល» ដោយសារ។

    កាលពី​ចុងខែ​មុន តំណាងរាស្ត្រ​មួយក្រុម រួមមាន​ទាំង​ក្រុម​អ្នកតាក់តែង​ច្បាប់​នៅ​សភា​ជាន់​ទាប​អាមេរិក បានបង្ហាញ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា «ក្ដោប​ក្ដាប់​អំណាច» នៃ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មានដូចជា Facebook, Amazon, Apple និង Google។ សេចក្ដីព្រាងច្បាប់​នេះ នឹង​អាច​បើកផ្លូវ​ឱ្យមាន​ការ​កាត់ផ្ដាច់​ក្រុមហ៊ុន​មួយ ឬ​ច្រើន​ចេញពី​គ្នា ទន្ទឹមនឹង​ការដែល​ត្រូវ​រក​ដំណោះស្រាយ​ឱ្យបាន​សមស្រប។

    ក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ប្រហែលជា​ត្រូវបាន​បង្ខំ​ឱ្យ​ឈប់​ដំណើរការ​ទីផ្សារ​របស់​អ្នកលក់​ជា​ភាគី​ទី​បី និង​ត្រលប់មក​ស្ថានភាព​ដើម ដែល Amazon គ្រាន់តែ​លក់ទំនិញ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ សកម្មភាព​នេះ នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកលក់​រាប់​លាន​នាក់ ដែល​កំពុង​ពឹង​ផ្អែកលើ​ទីផ្សារ​ជា​ឈ្មួញកណ្ដាល​របស់ Amazon ដើម្បី​ធ្វើ​ជំនួញ និង​ធ្វើឱ្យ​បទពិសោធន៍​នៃ​ការទិញ​ដូរ​របស់​អតិថិជន ត្រូវ​ក្រឡាប់ចាក់។

    Joel Mitnick ដែលជា​សមាជិក​ម្នាក់​នៃ​ក្រុម​មេធាវី​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ ប្រចាំ​ក្រុមហ៊ុន​ច្បាប់ Cadwalader ឱ្យដឹងថា៖ «ការ​បំបែក​ក្រុមហ៊ុន​នានា ពិតជា​មានការ​លំបាក ហើយ​ការ​បំបែក​ក្រុមហ៊ុន​ដែលមាន​អតិថិជន​ស្រលាញ់​ចូលចិត្ត​ច្រើន នោះ​វា​កាន់តែ​ពិបាក​ខ្លាំង​ទៅទៀត»។

    Amazon ធ្លាប់តែ​ជា​ក្រុមហ៊ុន​មួយ​ដែល​លក់​តែ​សៀវភៅ។ ពេលនេះ យើង​អាច​ហៅ​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ដោយ​ខ្លី​ថា «ពាណិជ្ជកម្ម​អន​ឡាញ»។ Amazon មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន ដូចជា Amazon Web Services, Whole Food, ផ្សព្វផ្សាយ, ហ្គេម, កំសាន្ត និង​សេវាកម្ម​ផ្សាយ​ផ្ទាល់, ដឹកជញ្ជូន, ឧបករណ៍​ឆ្លាត​វៃ, សេវា​ទូទាត់​ប្រាក់ និង​ផ្សារ​អន​ឡាញ។

    ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​របស់ Amazon បាន​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តំណាងរាស្ត្រ Elizabeth Warren ធ្លាប់បាន​ដាក់សំណើ​បង្កើត​អង្គភាព​នានា ដើម្បី «ប្រែ​ត្រលប់​មកវិញ ចំពោះ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​បណ្ដា​ក្រុមហ៊ុន ដែលមាន​កត្តា​ប្រឆាំងនឹង​ការប្រកួតប្រជែង»។ ក្នុងនោះ​មាន​ទាំង​ករណី Amazon ប្រើប្រាស់​លុយ 13.7 ពាន់​លាន​ដុល​លារ ដើម្បី​ទិញ​ក្រុមហ៊ុន Whole Foods កាលពី​ឆ្នាំ 2017។

     

    ថ្មីៗនេះ ការដែល Amazon លើកសំណើរ​ទិញយក​ក្រុមហ៊ុន​ភាពយន្ត MGM ក្នុងតម្លៃ 8.45 ពាន់​លាន​ដុល្លារ ក៏​ជួបនឹង​ប្រតិកម្ម​របស់ Warren និង​អ្នកតាក់តែង​ច្បាប់​ដទៃទៀត។ គណៈកម្មការ​ពាណិជ្ជក​ម្ម​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធាន​ដែល​ទើបតែ​ត្រូវបានតែងតាំង Lina Khan នឹង​សើរើ​កិច្ចព្រមព្រៀង​ខាងលើ​ឡើងវិញ។

    បើទោះជា​មិនទាន់​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ Amazon Web Services នៅតែ​អាច​ទទួលរង​ឥទ្ធិពល ដោយសារតែ​ច្បាប់។

    អ្នកវិភាគ​មួយចំនួន ក្នុងនោះ​មាន​ទាំង​អតីត​អនុប្រធាន​របស់ Amazon បានផ្ដល់​យោបល់​ថា ក្រុមហ៊ុន Amazon គួរតែ​បំបែក Amazon Web Services ឱ្យដាច់​ដោយឡែក ដើម្បី​ទប់ទល់​នឹង​កម្លាំង​មកពី​បណ្ដា​អង្គភាព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ និង​ដើម្បី​ជំរុញ​កំណើន​របស់​សេវា​កម្មនេះ។

    អំពី Amazon នៅពេល​គេ​ស្វែងរក​ផលិតផល​មួយ​នៅលើ​គេហទំព័រ​របស់ Amazon គេ​ឃើញ​មាន​ទំនិញ​ជាច្រើន​ដែល​មិនមែនជា​ផលិតផល​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​នេះ ប៉ុន្តែ ជា​ផលិតផល​របស់​ភាគី​ទី​បី ដែល​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​របស់ Amazon ដើម្បី​លក់​ផលិតផល​ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ទំនាក់ទំនង​បែបនេះ រវាង Amazon និង​ភាគី​អ្នកលក់ បាន​ក្លាយជា​ចំណុច​ដែល​ត្រូវ​រិះគន់។

    មនុស្ស​ជាច្រើន​មានការ​បារម្ភ​អំពី​ការដែល Amazon ចម្លង​ផលិតផល​របស់​អ្នកលក់ ហើយ​លក់​វា​ក្នុងតម្លៃ​ទាប​ជាង នៅពេល​ពួកគេ​មាន​ទំហំ​គ្រប់គ្រាន់ និង​ធនធានមនុស្ស​ច្រើនជាង​បច្ចុប្បន្ន។

    សង្គ្រាម​ទប់ទល់​នឹង​ការរកស៊ី​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន Amazon ទំនងជា​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ទៀត ហើយក៏​នឹង​នៅមាន​ការប្ដូរ​ផ្លាស់​ទៅតាម​ពេលវេលា។ ប៉ុន្តែ ប្រតិកម្ម​ដំបូង​របស់ Amazon បាន​បង្ហាញថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ណាខ្លះ​ដែល​ទទួល​បានការ​គាំពារ​ជា​អាទិភាព នៅក្នុង​ពិភព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ៕

  • ក្រសួងសុខាភិបាល​ថា កម្ពុជា កំពុង​រង​ការវាយប្រហារ​ពី វ៉ា​រ្យ៉​ង់ Delta ខណៈ​ប្រមុខ​រដ្ឋាភិបាល សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​បី

    ក្រសួងសុខាភិបាល​ថា កម្ពុជា កំពុង​រង​ការវាយប្រហារ​ពី វ៉ា​រ្យ៉​ង់ Delta ខណៈ​ប្រមុខ​រដ្ឋាភិបាល សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​បី

    គិត​ត្រឹម​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta សរុប​ចំនួន 223 ករណី ក្នុងនោះ​មាន 5 ករណី នៅ ភ្នំពេញ។

    ទាក់ទិន​នឹង​រលក​នៃ​ការឆ្លង​រាលដាល​របស់ COVID-19 ពិសេស​គឺ​ប្រភេទ Delta ប្រមុខ​រដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី 01 ខែសីហា បានសម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ។ វ៉ាក់សាំង AstraZeneca ដែល​អភិវឌ្ឍ​ដោយ អង់គ្លេស នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​របស់ ចិន ប្រភេទ Sinopharm ឬ Sinovac។

    ចំណែក​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង AstraZeneca រួចហើយ នឹង​អាច​ត្រូវបាន​ចាក់​ដូ​ស​ទី 3 ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm ឬ Sinovac វិញ​ម្តង។

    ការចាក់​ដូ​ស​ទី 3 នេះ គឺ​ផ្ដល់​អាទិភាព​សម្រាប់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ដោយសារ​ពួកគេ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង COVID-19 ប្រភេទ Delta ដែលជា​វ៉ា​រ្យ៉​ង់​មួយ​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា។ នេះ​បើតាម ប្រមុខ​រដ្ឋាភិបាល។

    ​ប្រភពព័ត៌មាន​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ បាន​ឱ្យ​ដឹង​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 នេះ ក៏​នឹង​ផ្ដល់​អាទិភាព​ចំពោះ​បុគ្គលិក​សុខាភិបាល និង​ក្រុម​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ជួរមុខ​ផង ដែរ៕

  • COVID-19 នៅកម្ពុជា និងនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី 02 សីហា ឆ្នាំ 2021

    COVID-19 នៅកម្ពុជា និងនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី 02 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 560 នាក់, អ្នកជា​ចំនួន 763 នាក់ និង​អ្នកស្លាប់​ចំនួន 22 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 01 ខែ​សីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 78,474 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 71,517 នាក់ និង អ្នកស្លាប់ 1,442 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 199,022,838​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 179,631,883​ ​​​នាក់​បានជា, 4,240,374 នាក់​បាន​ស្លាប់ និង​ជាង 15,150,581 នាក់ កំពុង​ព្យាបាល៕

  • ព្រះសង្ឃ​ថៃ ដែល​ចូលរួម​ធ្វើជា​កម្លាំង​ជួរមុខ ដើម្បី​ទប់ទល់​នឹង COVID-19៖ ដល់​ពេលដែល​ព្រះសង្ឃ​ត្រូវ​សងគុណ​បរិស័ទ​ហើយ!

    ព្រះសង្ឃ​ថៃ ដែល​ចូលរួម​ធ្វើជា​កម្លាំង​ជួរមុខ ដើម្បី​ទប់ទល់​នឹង COVID-19៖ ដល់​ពេលដែល​ព្រះសង្ឃ​ត្រូវ​សងគុណ​បរិស័ទ​ហើយ!

    ព្រះសង្ឃ​ពុទ្ធសាសនា​ជាច្រើន​អង្គ កំពុង​គ្រង​ឈុត​ការពារ​វីរុស ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ដែល​កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​ថៃ។

    ប្រទេស​ថៃ កំពុង​រង​ការវាយប្រហារ​ពី​វីរុស COVID-19 ប្រភេទ Delta។ តួលេខ​អ្នក​ឆ្លង​វីរុស COVID-19 កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស នាំឱ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រឈម​នឹង​បញ្ហា​លើស​ចំណុះ និង​បង្ក​ការខាតបង់​បន្ថែមទៀត​ដល់​សេដ្ឋកិច្ចជាតិ។

    ក្នុង​ស្ថានការណ៍​នេះ ព្រះសង្ឃ​ពុទ្ធសាសនា​ជាច្រើន​អង្គ​នៅ​ប្រទេស​ថៃ បានសម្រេច​ដោះ​ឈុត​ចីពរ​ទុក​មួយ​ឡែក ហើយ​គ្រង​ឈុត​ការពារ​វីរុស​វិញ​ម្ដង ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19 ក្នុងនោះ​មាន​អង្គ​ខ្លះ​ជួយ​ដឹកជញ្ជូន​ធុង​អុកស៊ីសែន អង្គ​ខ្លះ​ធ្វើជា​ជំនួយ​ការយក​សំណាក ហើយ​អង្គ​ខ្លះទៀត​ក៏​ស្ម័គ្រចិត្ត​ធ្វើជា​ជំនួយការ​របស់​ក្រុម​ដឹក​សាកសព​អ្នកជំងឺ COVID-19 យកទៅ​កាន់​ឡ​បូជា​ទៀតផង។

    «នៅមាន​ប្រជាជន​ថៃ​ជាច្រើន​ទៀត​ដែល​មិនអាច​ប្រើប្រាស់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ។ ពួក​អាត្មា​ថែទាំ​គ្រប់គ្នា​ដែល​ត្រូវការ​ជំនួយ» ព្រះអង្គ Mahapromphong ព្រះជន្ម 33 វស្សា ជា​គ្រូសូត្រស្ដាំ​របស់​វត្ត Suthi Wararam នៅ​ទីក្រុង​បាងកក បាន​មាន​សង្ឃដីកា​ដូច្នេះ។

    ចាប់តាំងពី​ថ្ងៃទី 21 កក្កដា ព្រះអង្គ Mahapromphong បាន​និមន្ត​ទៅកាន់​ទីប្រជុំ​ជនក្រីក្រ​បំផុត​នៃ​ទីក្រុង​បាងកក នាំយក​ធុង​អុកស៊ីសែន អាហារ និង​សម្ភារ​វេជ្ជ​សា​ស្រ ប្រគល់ដល់ដៃ​ប្រជាជន ក៏ដូចជា​យក​សំណាក​ទៅធ្វើ​តេស្ត។

    ព្រះអង្គ Mahapromphong រៀន​យក​សំណាក COVID-19 ពី​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ដែល​ធ្វើការ​ក្នុង​វត្ត Suthi Wararam ជា​កន្លែង​ដែល​ត្រូវបាន​យកមក​ធ្វើជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាក់​អ្នកជំងឺ COVID-19។

    ចៅអធិការ​រង​វត្ត Suthi Wararam នេះ មាន​សង្ឃដីកា​ថា៖ «ព្រះសង្ឃ​អាចរ​ស់បាន​ក៏​ដោយសារ​ការដាក់​បាត្រ​ពី​ប្រជាជន។ ដូច្នេះ ដល់ពេល​ដែល​ពួក​អាត្មា​ត្រូវ​សងគុណ​ពួកគាត់​វិញ​ហើយ។ យ៉ាងហោចណាស់​ក៏​ពួក​អាត្មា​អាច​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​ការប្រយុទ្ធ​ទៅទៀត»។

    ចំណែកឯ ព្រះសង្ឃ​មួយអង្គ​​ផ្សេង​ទៀត​ដែលមាន​ព្រះនាម​ថា Supornchaithammo កំពុង​គង់នៅ​វត្ត Chin Wararam Worawiharn ក៏បាន​ចូល​ជា​កម្លាំង​ក្នុងការ​ដឹកជញ្ជូន​សាកសព​អ្នកជំងឺ COVID-19 ទៅកាន់​ឡ​បូជា។ ព្រះអង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​ស្ម័គ្រចិត្ត​ប្រឈម​នឹង​ហានិភ័យ។ បើ​អាត្មា​ឆ្លង​វីរុស អាត្មា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ប្រឈមមុខ​នឹង​វា ដោយ​មិន​មានការ​ស្ដាយក្រោយ​អ្វី​ឡើយ»។

    ប្រទេស​ថៃ គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 សរុប​ចំនួន 633,284 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 5,168 នាក់ និង​ជាសះស្បើយ​ចំនួន​ជាង 419,000 នាក់៕

  • កម្ពុជា រកឃើញ COVID-19 ប្រភេទ Delta ជាង 100 ករណី នៅ​ចុងខែ​កក្កដា និង​ដើមខែ​សីហា

    កម្ពុជា រកឃើញ COVID-19 ប្រភេទ Delta ជាង 100 ករណី នៅ​ចុងខែ​កក្កដា និង​ដើមខែ​សីហា

    ក្រ​សូង​សុខាភិបាល កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការរកឃើញ​វីរុស COVID-19 ប្រភេទ Delta (B.1.617.2) ចំនួន 109 ករណី នៅក្នុង​ថ្ងៃទី 31 ខែកក្កដា និង​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។

    ក្នុងចំណោម​អ្នកជំងឺ​ដែល​វិជ្ជមាន​នឹង​វ៉ា​រ្យ៉​ង់ Delta របស់​វីរុស COVID-19 នេះ ភាគច្រើន​គឺជា​ពលករ​ខ្មែរ​ដែល​បាន​ត្រលប់​មកពី​ប្រទេស​ថៃ។

    គិត​មកដល់​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន​ជាង 77,900 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 1,400 នាក់ និង​ជាសះស្បើយ​ជាង 70,000 នាក់។

    ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ កម្ពុជា រាប់​ចាប់ពី​ថ្ងៃទី 10 កុម្ភៈ ដល់​ថ្ងៃទី 01 សីហា ឆ្នាំ 2021 សម្រេចបាន​ជាង 46% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់។

    គិត​ត្រឹម​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta សរុប​ចំនួន 223 ករណី ក្នុងនោះ​មាន 5 ករណី នៅ ភ្នំពេញ៕

    ព័ត៌មាន​លម្អិត ស្ដីពី​ការ​រកឃើញ​អ្នក​វិជ្ជមាន​នឹង​ COVID-19 ប្រភេទ​ Delta សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 658 នាក់, អ្នកជា​ចំនួន 798 នាក់ និង​អ្នកស្លាប់​ចំនួន 22 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 77,243 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 69,990 នាក់ និង អ្នកស្លាប់ 1,397 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នក​វិជ្ជមាន​នឹង​ Covid-19 សរុប​ចំនួន​ជាង 198,031,330​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 178,925,460 ​​​នាក់​បានជា, 4,224,346 នាក់​បាន​ស្លាប់ និង​ជាង 14,881,520 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • កម្ពុជា មាន​វ៉ាក់សាំង COVID-19 ជិត 19,000,000 ដូ​ស បន្ទាប់ពី​ទំនិញ 1 លាន​ដូ​ស បានមក​ដល់​នា​ព្រឹក​នេះ

    កម្ពុជា មាន​វ៉ាក់សាំង COVID-19 ជិត 19,000,000 ដូ​ស បន្ទាប់ពី​ទំនិញ 1 លាន​ដូ​ស បានមក​ដល់​នា​ព្រឹក​នេះ

    (ភ្នំពេញ)៖ វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Sinovac នៃ​ប្រទេស​ចិន​ចំនួន 1 លាន​ដូ​ស និង​ឧបករណ៍​តេស្ត​រហ័ស​ចំនួន 30 ម៉ឺន ទើបត្រូវ​បាន​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​ថ្ងៃទី 31 ខែកក្កដា។

    វ៉ាក់សាំង Sinovac ដែល​ទើបតែ​បាន​ដឹក​មកដល់​នេះ គឺជា​ការបញ្ជាទិញ​រប​ស់ កម្ពុជា រីឯ​ឧបករណ៍​តេស្ត​រហ័ស​ចំនួន 30 ម៉ឺន​ឈុត ដែល​ដឹក​មកជា​មួយ​វ៉ាក់សាំង​នេះដែរ គឺជា​ជំនួយ​របស់ ចិន។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ចុះទៅ​ទទួល​ទំនិញ និង​ជំនួយ​នេះ។

    គិត​ត្រឹម​ថ្ងៃទី 31 កក្កដា ឆ្នាំ 2021 នេះ កម្ពុជា មាន​វ៉ាក់សាំង​ក្នុង​ដៃ​សរុប​ចំនួន 18,856,000 ដូ​ស ក្នុងនោះ​មាន វ៉ាក់សាំង​ជំនួយ​ពី​បរទេស ចំនួន 3,356,000 ដូ​ស និង​វ៉ាក់សាំង​ទិញ​ពី​បរទេស​ចំនួន 15,500,000 ដូ​ស។

    ប្រទេស​ដែល​បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ច្រើនជាងគេ​ដល់ កម្ពុជា គឺ​ប្រទេស​ចិន ដោយបាន​ផ្ដល់ជំនួយ​ចំនួន 2,200,000 ដូ​ស ខណៈ សហរដ្ឋអាមេរិក បានផ្ដល់​ចំនួន 500,000 ដូ​ស និង ជប៉ុន ចំនួន 332,000 ដូ​ស។

    ក្រៅពី​ប្រទេស​ខាងលើ កម្ពុជា ក៏បាន​ទទួល​ជំនួយ​ជា​វ៉ាក់សាំង​ចំនួន 324,000 ដូ​ស ពី COVAX ដែលជា​យន្តការ​ចែករំលែក​វ៉ាក់សាំង COVID-19 ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។

    ជាមួយនឹង​វ៉ាក់សាំង​ក្នុង​ដៃ​ចំនួន​ជិត 19 លាន​ដូ​ស​នេះ បច្ចុប្បន្ន កម្ពុជា ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង 7 លាន​នាក់​រួចរាល់​ហើយ៕

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»

    ថ្មីៗនេះ ទន្ទឹមនឹង​ការណែនាំ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​បង់ពន្ធ​តាម​ទូរស័ព្ទដៃ GDT Taxpayer ថ្មីៗនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​បានចេញ​វីដេអូ ណែនាំ​អំពី​របៀប​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» ផងដែរ។

    ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ជាប់​ពន្ធ​ទាំងអស់ ដែល​មានបំណង​ស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើ​ការណែនាំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ»។ ម្ចាស់​អាជីវកម្ម និង​អ្នក​ជាប់ពន្ធ​ទាំងអស់ អាច​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​បង្កើត​សំណើ និង​បោះ​ពុ​ម្ភ​វិញ្ញាបនបត្រ​របស់ខ្លួន សម្រាប់​ប្រើប្រាស់​ផ្លូវការ​បាន។

    ប្រភេទ​វិញ្ញ​បន​ប​ត្រ​ដែល​អ្នក​ជាប់ពន្ធ​អាច​ស្នើសុំ​តាមរយៈ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» នេះ មានដូចជា «វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ», «វិញ្ញាបនបត្រ​បញ្ជិកា​គ​ណ​នេ​យ្យ​ត្រឹមត្រូវ», «វិញ្ញាបនបត្រ​អត្រា​សូន្យ​នូវ​អាករ​លើ​តម្លៃបន្ថែម» និង «វិញ្ញ​បន​ប​ត្រ​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល» ជាដើម។

    ដើម្បី​ប្រើប្រាស់ «ប្រព័ន្ធ​គ្រង់​គ្រង​ការស្នើសុំ​វិញ្ញាបនបត្រ​ពន្ធដារ» នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ www.tax.gov.kh និង​ធ្វើតាម​ការណែនាំ​នៅក្នុង​វីដេអូ​ខាងក្រោម៖

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
    ដកស្រង់​៖ បុត្រា

  • អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​ឱ្យប្រើ​កម្មវិធី​ទូរស័ព្ទ ដើម្បី «បង់ពន្ធ​យានយន្តគ្រប់ប្រភេទ»

    អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​ឱ្យប្រើ​កម្មវិធី​ទូរស័ព្ទ ដើម្បី «បង់ពន្ធ​យានយន្តគ្រប់ប្រភេទ»

    «អគ្គនាយក​ដ្ឋា​ពន្ធដារ បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​អ្នក​ជាប់ពន្ធ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការផ្តល់សេវា និង​ជួយ​សម្រួល​ដល់​លោក-លោកស្រី​ដែលជា​ម្ចាស់-តំណាង​សហគ្រាស​ប្រកប​អាជីវកម្ម ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ប្រជាពលរដ្ឋ និង​សាធារណៈជន​មាន​ចលនទ្រព្យ និង​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​បង់ប្រាក់​ពន្ធ​តាម​ទូរស័ព្ទដៃ​បាន» នេះ​បើតាម​អគ្គនាយក​ដ្ឋា​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កម្ពុជា។

    នៅក្នុង​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​ឈ្មោះថា GDT Taxpayer នេះ ក៏​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដែលជា​ម្ចាស់​សហគ្រាស ប្រជាពលរដ្ឋ និង​សាធារណៈជន​មាន​ចលនទ្រព្យ និង​អចលនទ្រព្យ​តាមដាន និង​មើល​ប្រវត្តិ​បង់ប្រាក់​ពន្ធ​បាន​ផងដែរ។

    ដើម្បី​ប្រើប្រាស់​កម្មវិធី​នេះ​បាន សូម​ចូលទៅ​កាន់ Google Play (Google Play Store / សម្រាប់​ទូរស័ព្ទ Android) ​ទាញយក និង​ដំឡើងលើ​ទូរស័ព្ទ​ដៃ។ សូម​ធ្វើតាម​ការណែនាំ​នៅក្នុង​វីដេអូ​ខាងក្រោម៖

    https://www.youtube.com/watch?v=INEV2Fp2E3U

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដា
    ដកស្រង់​៖ បុត្រា