Author: សឿន សំណាង

  • វៀតណាម៖ ករណី​វិជ្ជមាន​នឹង​វីរុស COVID-19 កើន​ដល់​ជាង 17 ម៉ឺន​នាក់

    វៀតណាម៖ ករណី​វិជ្ជមាន​នឹង​វីរុស COVID-19 កើន​ដល់​ជាង 17 ម៉ឺន​នាក់

    ក្រសួងសុខាភិបាល វៀតណាម នា​ព្រឹក​នេះ (04 សីហា) បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ចំនួន 4,271 នាក់​បន្ថែមទៀត ក្នុងនោះ​មាន 1,044 នាក់ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅក្នុង​ថ្ងៃទី 03 ខែកក្កដា។

    ទីក្រុង​ហូជីមិញ (សៃ​ហ្គ​ន) មាន​អ្នក​វិជ្ជមាន​ថ្មី​ច្រើនជាងគេ (2,365 នាក់) ខណៈ​ខេត្ត​ប៊ិ​ញ​ហ្សឿ​ង​ជាប់​លំដាប់​លេខ 2 ដោយមាន​អ្នក​ឆ្លង​ថ្មី 1,032 នាក់។ ដូច្នេះ តួលេខ​នៃ​ករណី​ឆ្លង​ថ្មី កើន 704 នាក់ បើ​ធៀប​នឹង​ម្សិល​មិញ។

    អ្នក​វិជ្ជមាន​សរុប​នៅ​ទីក្រុង​ហូជីមិញ បាន​កើន​ឡើងដល់ 105,095 នាក់ ក្នុង​គ្រា​ដែល​ខេត្ត​ប៊ិ​ញ​ហ្សឿ​ន ដែល​នៅជាប់​នឹង​ទីក្រុង​ហូជីមិញ មាន​ចំនួន 20,445 នាក់។ ដោយឡែក រដ្ឋធានី​ហាណូយ វិញ មាន​អ្នក​វិជ្ជមាន​សរុប ត្រឹមតែ 1,975 នាក់​ប៉ុណ្ណោះ។

    តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង COVID-19 នៅ វៀតណាម គិត​មកដល់​បច្ចុប្បន្ន មាន​ចំនួន 174,461 នាក់ ក្នុងនោះ​អ្នក​បានជា​សះស្បើយ មាន​ចំនួន 50,831 នាក់, អ្នកស្លាប់​ចំនួន 2,071 នាក់ និង​អ្នក​កំពុង​ព្យាបាល មាន​ចំនួន 121,555 នាក់៕

  • តួលេខ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា 2021

    តួលេខ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា 2021

    (ភ្នំពេញ)៖ នៅ​ កម្ពុជា​ ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​ បាន​ចំនួន 7,607,884 នាក់ គិត​ត្រឹម​ព្រឹក​ព្រលឹម ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021។

    ក្នុងចំណោម​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​សរុប ក៏មាន​កុមារ និង​ក្មេង​ជំទង់ ដែលមាន​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ ចំនួន 124,157 នាក់​ផងដែរ ក្រោយពី​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពួកគេ​បាន 3 ថ្ងៃ។

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ​ទូទាំងប្រទេស​គឺ ស្មើនឹង 74.84% ធៀប​នឹង​គោល​ដៅ 10 លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់។ ចំណែក តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​​ជូន​កុមារ និង​ក្មេង​ជំទង់​គឺ ស្មើនឹង 6.31% ធៀប​នឹង​គោល​ដៅ 1,966,931 នាក់។ រីឯ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​សរុប​ទូទាំងប្រទេស (16 លាន​នាក់) គឺ ស្មើនឹង 47.55%។

  • តំណែង​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក របស់ Jeff Bezos បាន​ធ្លាក់​ទៅលើ​ដៃ​ជនជាតិ​បារាំង

    តំណែង​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក របស់ Jeff Bezos បាន​ធ្លាក់​ទៅលើ​ដៃ​ជនជាតិ​បារាំង

    ក្រោយ​ការ​ត្រលប់​មកពី​អវកាស មហាសេដ្ឋី របស់ សហរដ្ឋអាមេរិក លោក Jeff Bezoa ទទួលបាន​ដំណឹង​មិនល្អ៖ បាត់បង់​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។

    សារព័ត៌មាន MarketWatch បាន​រាយ​កាណ៍​ថា លោក Jeff Bezos ទើបតែ​បាន​បាត់បង់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយសារ​ទ្រព្យ​របស់លោក បាន​ថ​យុះ 13.9 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​តែ 1 ថ្ងៃ។

    មូលហេតុ​នៃ​បញ្ហា​នេះ គឺ​ដោយសារ​មូល​ប​ត្រ Amazon បាន​ដាំ​ក្បាល​ចុះ​កាលពី​ចុង​សប្ដាហ៍​មុន ដោយ​បាត់​បង់អស់ 7% បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានចេញ​របាយការណ៍​ស្ដីពី​កំណើន​ពាណិជ្ជកម្ម​នៅក្នុង​ត្រីមាស​ទី 2 ដែល​មិនបាន​ដូច​ការ​ព្យាករ។

    មហា​សេដ្ឋី​ជនជាតិ​បារាំង លោក​ Bernard Arnault

    ការបាត់បង់​ទ្រព្យ​ដ៏​ច្រើន​នេះ ធ្វើឱ្យ​លោក Jeff Bezos ត្រូវបាន​អ្នកជំនួញ​បារាំង លោក Bernard Arnault ដណ្ដើម និង​កាន់កាប់​តំណែង​ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។ លោក Arnault មាន LVMH ក្នុង​ដៃ។ LVMH ជា​ក្រុមហ៊ុន​ដែល​ក្ដោប​ក្ដាប់​យីហោ​ផលិតផលប្រណិតៗ រួមមាន​ទាំង Louis Vuitton, Sephora, Moët & Chandon និង Tiffany & Co ផងដែរ។

    គិត​មកដល់​ថ្ងៃនេះ (03 សីហា ឆ្នាំ 2021) ទ្រព្យ​របស់លោក Arnault បាន​កើន​ឡើងដល់ 195.8 ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ទ្រព្យ​របស់លោក Bezos ធ្លាក់​មក​នៅត្រឹម 192.6 ពាន់​លាន​ដុល្លារ៕

  • យានអវកាស​របស់ Boeing ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហោះ​ទៅ​ទី​អវកាស​នៅ​ថ្ងៃស្អែក

    យានអវកាស​របស់ Boeing ត្រៀមខ្លួន​ជាស្រេច ដើម្បី​ហោះ​ទៅ​ទី​អវកាស​នៅ​ថ្ងៃស្អែក

    យានអវកាស Starliner របស់​ក្រុមហ៊ុន Boeing និង​រ៉ុក្កែត Atlas V របស់ Boeing សហការ​ជាមួយ Lockheed Martin ត្រូវបាន​នាំទៅ​កាន់​ប្រព័ន្ធ​ជើង​ទម្រ​លេខ 41 នៅ​ស្ថានីយ​អវកាស​ចរណ៍ Cape Canaveral កាលពី​ថ្ងៃទី 02 ខែសីហា។

    រ៉ុក្កែត Atlas V និង​យាន Starliner នឹង​បំពេញភារកិច្ច​ដែល​គេ​ហៅថា OFT-2 គ្រោង​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង 0:20 នាទី ថ្ងៃទី 04 សីហា (ម៉ោង​នៅ​កម្ពុជា)។ ក្នុង​បេសកកម្ម​នេះ យាន Starliner ដែល​មិនមាន​មនុស្ស​បើក នឹងត្រូវ​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​រ៉ុក្កែត Atlas V និង​យាន Starliner បាន​ទៅដល់​កន្លែង​បាញ់​បង្ហោះ​លេខ 41។ ពួកវា​ធ្លាប់​ត្រូវបាន​ដឹក​ទៅ​ដា​ក់លើ​ជើង​ទម្រ​នេះ​កាលពី​ថ្ងៃទី 29 កក្កដា ដើម្បី​ត្រៀម​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 30 កក្កដា។ ប៉ុន្តែ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ពន្យារពេល ដោយសារតែ​ម៉ូឌុល Nauka របស់ រុស្ស៊ី បានធ្វើ​ឱ្យមាន​បញ្ហា​មួយចំនួន​ដល់ ISS។

    ក្រុមហ៊ុន Boeing អភិវឌ្ឍ Starliner ក្រោម​ការវិនិយោគ​ពី​កម្មវិធី​ពាណិជ្ជកម្ម​ដឹក​មនុស្ស របស់ NASA។ កម្មវិធី​នេះ​ក៏​គាំទ្រ​ដល់​យាន Crew Dragon របស់ SpaceX ផងដែរ ក្នុង​គោលដៅ​ប្រើប្រាស់​យានអវកាស​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​យាន Space Shuttle របស់ NASA បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ 2011។

    Crew Dragon ធ្លាប់បាន​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់ ISS ដោយ​ជោគជ័យ ចំណែក Starliner មិនទាន់​ធ្វើបាន​នៅឡើយ។ ជាដំបូង យាន Starliner ត្រូវ​បង្ហាញ​អំពី​សមត្ថភាព​នៃ​ការហោះហើរ​ដោយ​ស្ថិរភាព​នៅពេល​ពុំមាន​មនុស្ស​ជិះ។ នេះ​គឺជា​គោលដៅ​របស់ OFT-2។ OFT-2 គឺជា​ការហោះហើរ​សាកល្បង​លើក​ទី​ពីរ​របស់ Starliner ដោយ​ត្រូវ​ហោះ​ទៅកាន់ ISS។ ការសាកល្បង​ដំបូង ត្រូវបាន​ធ្វើឡើង​កាលពី​ខែធ្នូ ឆ្នាំ 2019 ប៉ុន្តែ មិនបាន​ជោគជ័យ៕

  • ចិន បង្កើត «សណ្ឋាគារ​ជ្រូក» ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់

    ចិន បង្កើត «សណ្ឋាគារ​ជ្រូក» ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់

    «សណ្ឋាគារ​ជ្រូក» កម្ពស់​ច្រើន​ជាន់​គឺជា​ដំណោះស្រាយ​ថ្មី​មួយ​សម្រាប់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ដូច ចិន ដើម្បី​ការពារ​ជ្រូក​របស់​ប្រទេស​នេះ ពី​ការយាយី​របស់​ជំងឺឆ្លង​មួយចំនួន ដូចជា​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ជាដើម។

    ចិន កំពុងតែ​នាំយក​បញ្ហា​សុវត្ថិភាព​ជីវសាស្ត្រ​សម្រាប់​សត្វ​ជ្រូក ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត។ អគារ​កម្ពស់ 13 ជាន់ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​ចិញ្ចឹម​ជ្រូក​ប្រមាណ 10,000 ក្បាល។ ជ្រូក​នៅទីនេះ រស់នៅក្នុង​បរិស្ថាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ក្នុងនោះ​មាន​ទាំង​កាមេរ៉ា​តាមដាន ផ្លូវចេញចូល​មានកំណត់ សេវាកម្ម​ពេទ្យសត្វ​នៅនឹងកន្លែង ហើយ​អាហារ​ក៏ត្រូវ​បានរៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន។

    ដំណើរការ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ​ដល់​ប្រភព​ផ្គត់ផ្គង់​សាច់​ជ្រូច នៅ​ចំពោះមុខ​វីរុស​ជាច្រើន​ប្រភេទ រួមទាំង​ជំងឺប៉េស្ត​ជ្រូក (African swine fever) ដែល​ធ្លាប់បាន​លុបបំបាត់​ជ្រូក​ប្រមាណ​ពាក់កណ្ដាល​នៃ​ចំនួន​ជ្រូក​សរុប​ទូទាំងប្រទេស​របស់​ចិន ក្នុង​ឆ្នាំ 2018 និង 2019។

    រូបមន្ត​ដែលមាន​រហ័ស​នាម​ថា «សណ្ឋាគារ​ជ្រូក» នេះ ត្រូវ​សាងសង់ឡើង​ដោយ​បណ្ដា​ក្រុមហ៊ុន​ដូចជា Muyuan Foods និង New Hope Group។ រូបមន្ត​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេសផ្សេងៗតាំងពី​យូរ​មកហើយ ដើម្បី​គ្រប់គ្រង និង​ការពារ​សត្វ​ជ្រូក​ពី​ជំងឺ​កាច​សាហាវផ្សេង។

    Rupert Claxton ប្រធាន​ផ្នែក​សាច់​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Gira នៃ​ប្រទេស អង់គ្លេស បាន​វាយតម្លៃថា ប្រទេស​ចិន កំពុង​រៀនសូត្រ​អំពី​វិធីសាស្ត្រ​ល្អ​បំផុត​ពី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​គម្លាត​ផ្នែក​សុវត្ថិភាព​ជី​វិ​សាស្ត្រ។ «ក្នុង​រយៈពេល 20 ឆ្នាំ ពួកគេ​អាចធ្វើ​បាន​នូ​វប្រ​ការដែល​ជនជាតិ​អាមេរិក ប្រហែលជា​ត្រូវ​ចំណាយពេល 100 ឆ្នាំ ទើប​អាច​ធ្វើបាន»។

    ជំងឺ​បេ​ស្ដ​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ឆ្លង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ 2018។ ក្នុង​រយៈពេល 1 ឆ្នាំ ជ្រូក​ជាង 400 លាន​ក្បាល​របស់​ប្រទេស​នេះ ត្រូវបាន​សម្លាប់ចោល ដែល​ចំនួន​នេះ ច្រើនជាង​ចំនួន​ជ្រូក​ប្រចាំឆ្នាំ​របស់ សហរដ្ឋអាមេរិក និង ប្រេ​ស៊ី​ល បូក​ចូលគ្នា​ទៅទៀត។ បញ្ហា​នេះ​ក៏បាន​នាំឱ្យ​តម្លៃ​សាច់ជ្រូក​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​តម្រូវការ​នៃ​ការនាំ​ចូល​ពី​បរទេស កើនឡើង​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

    នៅពេល​បញ្ហា​អតិ​ភរ​ណា​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុងពេល 8 ឆ្នាំ រដ្ឋាភិបាល​ចិន ត្រូវ​ងាក​ទៅរក​ប្រភព​សាច់ជ្រូក​ក្លាសេ​ជាបន្ទាន់ ដើម្បី​បញ្ចុះតម្លៃ ទន្ទឹមនឹង​គោលនយោបាយ​ថ្មី សម្រាប់​ការប្ដូរ​ទៅរក​សកម្មភាព​ចិញ្ចឹម​ជ្រូក​តាមបែប​ឧស្សាហកម្ម​ទំនើប។

    មកដល់​បច្ចុប្បន្ន បរិមាណ​ជ្រូក​ក្នុងស្រុក បាន​ងើប​ឡើងវិញ​លឿន​ជាង​ការ​ព្យាករ ដោយសារ​កសិដ្ឋានធំៗ នាំគ្នា​បង្កើន​ទំហំ​នៃ​ការចិញ្ចឹម។ តម្លៃ​របស់​សាច់ជ្រូក​ក៏បាន​ធ្លាក់ចុះ​រហូតដល់​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សញ្ញា​អាសន្ន ហើយ​ឃ្លាំង​ជាតិ ក៏ត្រូវ​បើក​យុទ្ធនា​ការប្រមូលទិញ​សាច់ជ្រូក​យកមក​រក្សាទុក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ទីផ្សារ។

    ប៉ុន្តែ ការ​គំរាម​ពី​វីរុស​នានា នៅតែ​កើតមាន។ ជំងឺឆ្លង​ចំនួន 11 លើក បានកើត​ឡើងលើ​សត្វ​ជ្រូក ក្នុង​ឆ្នាំ 2021 នាំឱ្យ​ជ្រូក​ជាង 2,000 ក្បាល​ត្រូវបាន​សម្លាប់ចោល ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស ដូចជា សហរដ្ឋអាមេរិក ដា​ណឺ​ម៉ាក និង​ហូ​ឡង់ ជាដើម ពុំ​ធ្លាប់មាន​របាយការណ៍​ស្ដីពី​ជំងឺ​ដូច​នៅ​ប្រទេស​ចិន។

    ដូច្នេះហើយ ចិន ក៏​ព្យាយាម​កែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក និង​បង្កើន​បរិមាណ​សត្វ​ជ្រូក​ក្នុងប្រទេស។ គិត​មកដល់​ឆ្នាំ 2020 57% នៃ​បរិមាណ​សាច់ជ្រូក​របស់​ប្រទេស​នេះ គឺ​បានមកពី​កសិដ្ឋានធំៗ ដែល​អាច​ចិញ្ចឹម​បាន​ជាង 500 ក្បាល ក្នុងមួយឆ្នាំ។

    ការកែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ចិន រួមមាន​ដូចជា ការសាងសង់​កសិដ្ឋាន​បែប​ឧស្សាហកម្ម​ទំនើប ក្នុងនោះ​ក៏មាន​ការសាងសង់​អគារខ្ពស់ៗសម្រាប់​ចិញ្ចឹម​ជ្រូក ការសាងសង់​កន្លែង​ស្នាក់នៅ​សមរម្យ​សម្រាប់​បុគ្គលិក កម្មករ​នៅ​កសិដ្ឋាន ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​របស់​ពួកគេ​ជាមួយនឹង​បរិស្ថាន​នៅ​ខាងក្រៅ។ល។

  • ផ្អាក​ដំណើរការ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ព្រោះ​ទាក់ទិន​នឹង COVID-19 ប្រភេទ Delta

    ផ្អាក​ដំណើរការ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ព្រោះ​ទាក់ទិន​នឹង COVID-19 ប្រភេទ Delta

    រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បណ្ដោះអាសន្ន​ចំពោះ​ផ្សារ​បណ្ដោះអាសន្ន​សិន​ជូ​រី​ផ្លា​ហ្សា បន្ទាប់ពី​សង្ស័យថា អាជីវករ​របស់​ផ្សារ​នេះ មាន​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta។

    ព័ត៌មាន​នេះ​គឺ​យោងទៅតាម​ខ្លឹមសារ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ Facebook របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង​ប្រមាណ 11 ព្រឹក ថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021។

    ផ្សារ​បណ្ដោះអាសន្ន​សិន​ជូ​រី​ផ្លា​ហ្សា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​នៅក្បែរ​សួន​កុមារ​ពោធិ៍​តុ​ន ចម្ងាយ​ 1.5 គីឡូម៉ែត្រ​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ភ្នំពេញ។ ព័ត៌មាន​លម្អិត មិនទាន់​ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហើប​ឱ្យដឹង​នៅឡើយ។

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 577 នាក់, អ្នកជា​ចំនួន 628 នាក់ និង​អ្នកស្លាប់​ចំនួន 29 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 79,051 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 72,145 នាក់ និង​អ្នកស្លាប់ 1,471 នាក់។

    កំណើន​អត្រា​ចាក់​វ៉ាក់សាំង COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 មាន 74.18% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ 10លាន​នាក់ និង​លើ​កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 18 ឆ្នាំ មាន 4.05% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ 1,966,931 នាក់។

    អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 នៅ​កម្ពុជា ស្មើនឹង 85នាក់/1លាន​នាក់ ខណៈ​អត្រា​នៃ​ការឆ្លង ស្មើនឹង 4,624នាក់/1លាន​នាក់ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជិត 17 លាន​នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 199,611,790 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 180,101,720 នាក់​បានជា, 4,249,322 នាក់​បាន​ស្លាប់ និង​ជាង 15,260,750 នាក់ កំពុង​ព្យាបាល៕

  • បក្ស​សាធារណរដ្ឋ របស់ អាមេរិក ប្រកាសថា «COVID-19 រួច​ចេញពី​បន្ទប់ពិសោធន៍»

    បក្ស​សាធារណរដ្ឋ របស់ អាមេរិក ប្រកាសថា «COVID-19 រួច​ចេញពី​បន្ទប់ពិសោធន៍»

    បក្ស​សាធារណរដ្ឋ របស់ សហរដ្ឋអាមេរិក បានចេញ​របាយការណ៍​មួយ​និយាយថា COVID-19 បាន​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​នៅ​ប្រទេស​ចិន បើទោះជា​សហគមន៍​អ្នកស៊ើប​ការណ៍​សម្ងាត់ មិនទាន់​ធ្វើការ​សន្និដ្ឋាន​ក៏ដោយ។

    លោក Mike McCaul សមាជិក​នៃ​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប នៃ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 01 សីហា ឆ្នាំ 2021 បានប្រកាស​របាយការណ៍​មួយ​របស់​ក្រុម​សមាជិក​បក្ស​សាធារណរដ្ឋ នៅក្នុង​គណៈកម្មការ​នេះ ដោយមាន​ភ័ស្ដុតាង​ជាច្រើន បង្ហាញថា ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan (WIV) របស់ ចិន កំពុង​ពិសោធ​លើ​ការកែប្រែ​ហ្សែ​ន​របស់​វីរុស CORONA ដើម្បី​ចម្លង​ទៅ​មនុស្ស ហើយ​សកម្មភាព​ដូចនេះ អាច​ត្រូវបាន​លាក់បាំង។

    «ពេលនេះ យើង​ជឿថា ដល់​ពេលដែល​ត្រូវ​លុបបំបាត់​សម្មតិកម្ម​ដែលថា វីរុស​មាន​ប្រភពពី​ផ្សារ​លក់​សត្វ​រស់។ យើង​ក៏​ជឿជាក់​ទៅលើ​ភាពលេច​ធ្លោ​នៃ​ភ័ស្ដុតាង​នានា​ដែល​បញ្ជាក់ថា វីរុស​បាន​រួច​ចេញពី​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ហើយ​ករណី​លេច​ធ្លាយ​នេះ កើតឡើង​មុន​ថ្ងៃទី 12 កញ្ញា ឆ្នាំ 2021» របាយការណ៍​ខាងលើ​បានឱ្យដឹង​ដូច្នេះ។

    របាយការណ៍ បាន​យោងទៅតាម​អ្វីដែល​ក្រុម​អ្នកតំណាងរ​រាស្ត្រ​របស់​បក្ស​សាធារណរដ្ឋ​ហៅថា «ព័ត៌មាន​ថ្មី និង​កម្រ​ត្រូវ​បានប្រកាស» ស្ដីពី​ការរក្សា​អនាម័យ​នៅឯ​បន្ទប់ពិសោធន៍ WIV ក្នុងនោះ​រួមមាន​ទាំង​សំណើ​កាលពី​ខែកក្កដា ឆ្នាំ 2019 ទាក់ទិន​នឹង​ការកែលម្អ​ប្រព័ន្ធ​សម្អាត​កាកសំណល់​គ្រោះថ្នាក់ ដោយ​ប្រើប្រាស់​ថវិកា 1.5 លាន​ដុល្លារ បើទោះជា​វិទ្យាស្ថាន​នេះ​ទើបតែ​បើក​ដំណើរការ​មិនទាន់បាន 2 ឆ្នាំ​ក៏ដោយ។

    លោក Mike McCaul

    ក្រុម​ស៊ើបការណ៍​សម្ងាត់ អាមេរិក កាលពី​ខែមេសា បានឱ្យដឹងថា ពួកគេ​យល់ស្រប​ជាមួយនឹង​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​និយាយថា វីរុស COVID-19 មិនមែនជា​ផលិតផល​របស់​មនុស្ស ឬ​ត្រូវបាន​កែប្រែ​ហ្សែ​ន។ ប្រធានាធិបតី Joe Biden កាលពី​ខែឧសភា ក៏បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​អ្នកស៊ើប​ការណ៍ តាមរក​ប្រភព​របស់​វីរុស និង​ធ្វើ​របាយការណ៍​ក្នុង​រយៈពេល 90 ថ្ងៃ។

    អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បច្ចុប្បន្ន​មិនទាន់​សន្និដ្ឋានថា វីរុស​នេះ​មាន​ប្រភពពី​សត្វព្រៃ ឬ​រួច​ចេញពី​បន្ទប់ពិសោធន៍​នៅឡើយ។

    ប្រទេស​ចិន បាន​ច្រានចោល​ការសន្និដ្ឋាន​ដែលថា COVID-19 រួច​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ក៏ដូចជា​ការចោទប្រកាន់​ដែលថា ចិន បាន​លាក់បាំង​អំពី​ប្រភព​របស់​វីរុស។ អ្នកស្រាវជ្រាវ​មួយចំនួន​យល់ថា វីរុស​នេះ មាន​ប្រភពពី​សត្វ​ដែល​អាច​ចម្លង​វីរុស​មក​មនុស្ស​នៅក្នុង​ផ្សារ​លក់​សត្វ​រស់​មួយ​នៅក្បែរ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​របស់​ទីក្រុង Wuhan៕

  • កងទ័ព អាមេរិក ធ្វើ​សមយុទ្ធ​ធំជាងគេ​បំផុត​ក្នុងអំឡុង 4 ទសវត្សរ៍​មកនេះ

    កងទ័ព អាមេរិក ធ្វើ​សមយុទ្ធ​ធំជាងគេ​បំផុត​ក្នុងអំឡុង 4 ទសវត្សរ៍​មកនេះ

    កងទ័ពជើងទឹក និង​កង​ម៉ា​រី​ន របស់ សហរដ្ឋអាមេរិក រៀបចំ​ធ្វើ​សមយុទ្ធ​ធំ​បំផុត​នៅក្នុង​អំឡុង 40 ឆ្នាំ​កន្លងមកនេះ ដោយមាន​ការចូលរួម​របស់​អង្គភាព​មកពី​តំបន់​ដែលមាន​ពេលវេលា​ខុសគ្នា​ជាង 17 ឯណោះ។

    សមយុទ្ធ​ទ្រង់ទ្រាយ​ធំ (LSE) ឆ្នាំ 2021 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 03 ដល់ 16 ខែសីហា ឆ្នាំ 2021 ដោយមាន​វត្តមាន​រប​ស់​ទីបញ្ជាការ​ចំនួន 6 របស់​កងទ័ពជើងទឹក និង​កង​ម៉ា​រី​ន, កង​នាវាចម្បាំង​ចំនួន 5 ក្រុម និង​កង​ម៉ា​រី​ន ប្រចាំការ​នៅក្រៅ​ប្រទេស​ចំនួន 3 ក្រុម។ ក្នុង​សមយុទ្ធ​នេះ​ក៏មាន​ការចូលរួម​ពី​នាវាចម្បាំង​ប្រមាណ 36 គ្រឿង។ នេះ​បើតាម​ការ​ឱ្យដឹងពី​កងទ័ពជើងទឹក អាមេរិក ប្រចាំការ​នៅ​អឺរ៉ុប-អាហ្វ្រិក / ក្រុម​នាវាចម្បាំង​ទី 06។

    សមយុទ្ធ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​តំបន់​ចំនួន 17 ដែលមាន​ពេលវេលាខុសៗគ្នា​នេះ មិន​ធ្លាប់​ត្រូវបាន សហរដ្ឋអាមេរិក ធ្វើឡើង​នោះទេ រាប់​ចាប់​ពីក្រោយ​សង្គ្រាមត្រជាក់។

    «LSE នឹង​ពិសោធ​លើ​សមត្ថភាព​របស់​ក្រុម​មេបញ្ជាការ​របស់​យើង នៅលើ​វិស័យ​ជាច្រើន​ក្នុង​កងទ័ពជើងទឹក តាំងពី​យុទ្ធវិធី រហូតដល់​យុទ្ធសាស្ត្រ និង​លទ្ធភាព​នៃ​ការ​ផ្គុំ​កម្លាំង​ជាមួយ​កង​ម៉ា​រ៉ី​ន ដើម្បី​បង្ហាញ​អំពី​សក្ដានុពល​នៃ​កង​នាវាចម្បាំង​ទូទាំង​ពិភពលោក នៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ផ្គុំ​កម្លាំង ពី​សហា​សមុទ្រ រហូតដល់​តំបន់ឆ្នេរ​សមុទ្រ» នៅក្នុង​សេចក្ដីប្រកាស​មួយ មេបញ្ជាការ​កង​នាវាចម្បាំង​ទី 06 របស់ សហរដ្ឋអាមេរិក លោក Gene Black បានឱ្យដឹង​ដូច្នេះ។

    James R. Holmes អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​ផ្លូវ​សមុទ្រ​ប្រចាំ​សាលា US Naval War College របស់ សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ថា LSE អាចធ្វើឱ្យ​គូប្រជែង​នានា​យល់ថា សហរដ្ឋអាមេរិក អាច​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ខ្មៅ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ក្នុងពេល​តែមួយ៕

  • បិទ​ផ្សារលើ​ធំថ្មី នៅ សៀមរាប បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ COVID-19

    បិទ​ផ្សារលើ​ធំថ្មី នៅ សៀមរាប បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ COVID-19

    រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ផ្សារលើ​ធំថ្មី ដែល​ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រយៈពេល​ពីរ​សប្តាហ៍​ប​ន្ថែ​ម​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស COVID-19។

    នៅក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារ​ខាងលើ ចាប់ពី​ថ្ងៃទី 02 ទៅដល់​ថ្ងៃទី15 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 78,474 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 71,517 នាក់ និង អ្នកស្លាប់ 1,442 នាក់។