Author: សឿន សំណាង

  • តួលេខ​អ្នក​ឆ្លង​ និង​ការ​ចាក់​វ៉ាក់សាំង​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 09 សីហា ឆ្នាំ 2021

    តួលេខ​អ្នក​ឆ្លង​ និង​ការ​ចាក់​វ៉ាក់សាំង​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 09 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 508 នាក់, អ្នកជា​ចំនួន 660 នាក់ និង​អ្នកស្លាប់​ចំនួន 23 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 08 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 09 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 82,399 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 76,155 នាក់ និងអ្នកស្លាប់ 1,585 នាក់ ខណៈ​អ្នក​ជំងឺ​កំពុង​ព្យាបាល​ មាន​ចំនួន​ប្រមាណ​ជាង​ 4,000 នាក់​។

    ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 09 ខែសីហា ឆ្នាំ 2021 នេះ រួម​មាន​៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋ​គោលដៅ 10​ លាន​នាក់​) ចាក់​បាន​ 78.73% ​ ចំណែក​​ពលរដ្ឋ​ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោល​ដៅ​ ជិត​ 2​ លាន​នាក់​) ចាក់បាន​ 14.19%​។ ជាសរុប​ ការ​ចាក់វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោល​ដៅ​ 16 លាន​នាក់​ នៅ​ទូទាំង​ប្រទេស​ សម្រេច​បាន​ 50.95%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 203,454,300​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 182,770,290 ​​​នាក់​បានជា, 4,307,445 នាក់​បាន​ស្លាប់ និង​ជាង 16,376,560 នាក់ កំពុង​ព្យាបាល៕

  • រថយន្ត​គ្មាន​មនុស្ស​បើកបរ របស់​ក្រុមហ៊ុន វៀតណាម៖ ល្បឿន 30គម/ម៉ោង កំណត់​ទិស​បាន​យ៉ាង​សុក្រឹត

    រថយន្ត​គ្មាន​មនុស្ស​បើកបរ របស់​ក្រុមហ៊ុន វៀតណាម៖ ល្បឿន 30គម/ម៉ោង កំណត់​ទិស​បាន​យ៉ាង​សុក្រឹត

    ក្រុមហ៊ុន Vingroup របស់​ប្រទេស​វៀតណាម មាន​គម្រោង​ដាក់ឱ្យ​ដំណើរការ​រថយន្ត​ស្វ័យប្រវត្ត​នេះ នៅក្នុង​តំបន់​ទេសចរណ៍ តំបន់​លំហែកាយ និង​នៅ​ទីក្រុង​នានា ទូទាំងប្រទេស។

    រថយន្ត​ឆ្លាត​វៃ គ្មាន​មនុស្ស​បើកបរ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ទិន្នន័យ​ធំ VinBigData នៃ​ក្រុមហ៊ុន Vingroup របស់​មហាសេដ្ឋី វៀតណាម Pham Nhat Vuong ត្រូវបាន​អភិវឌ្ឍ​តាំងពី​ខែមករា ឆ្នាំ 2021 និង​បាន​ដំណើរការ​សាកល្បង​នៅ VinPearl តាំងពី​ពាក់កណ្ដាល​ឆ្នាំ 2021 ហើយ​បច្ចុប្បន្ន វា​កំពុង​ត្រូវ​បានរៀបចំ​សម្រាប់​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំ 2022។

    យោងតាម​ក្រុមហ៊ុន Vingroup រថយន្ត​ស្វ័យប្រវត្តិ​របស់ VinBigData នាំមក​នូវ​បទពិសោធន៍​នៃ​ការផ្លាស់​ទី​ប្រកបដោយ​ភាព​រលូត​សម្រាប់​អ្នកដំណើរ។

    រថយន្ត​ដែល​អាច​ដឹក​មនុ​ស្សបាន 23 នាក់​នេះ ក៏មាន​ភាពងាយស្រួល​ស​ម្រា​ប់​ការ​កក់​សំបុត្រ​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ។ រថយន្ត​នឹងធ្វើ​ដំណើរ​ទៅ​ទទួល​អ្នកដំណើរ​ដែល​បាន​កក់​សំបុត្រ​រួច ដោយ​ប្រើប្រាស់​ល្បឿន​ជា​មធ្យម 20 ទៅ 25 គីឡូម៉ែត្រ/ម៉ោង ខណៈដែល​ល្បឿន​ជា​អតិបរមា ស្មើនឹង 30 គីឡូម៉ែត្រ/ម៉ោង។

    https://www.youtube.com/watch?v=k7GjY1glI5c

    មុខងារ​នានា​ដែល​លេចធ្លោ​ប​ជាងគេ របស់​រថយន្ត​ស្វ័យប្រវត្តិ​នេះ រួមមាន៖

    – ផែនទី​ដែលមាន​គុណភាព​បង្ហាញ​ខ្ពស់ ដែលមាន​ទំហំ​ផ្ទៃក្រឡា ឡើងដល់ 10 គីឡូម៉ែត្រ

    – សមត្ថភាព​នៃ​ការកំណត់​ទិស​កម្រិត​ខ្ពស់ ដោយ​ខុស​តួលេខ​ប្រមាណ 5 ស.ម ប៉ុណ្ណោះ

    – ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ភ្ជាប់​ទិន្នន័យ​រវាង​ប្រព័ន្ធ lidar (Light Detection and                 Ranging​)​ ចំនួន 2 និង​កាមេរ៉ា មុំ 102 ដឺ​ក្រេ ចំនួន 6 ដែល​អាច​ចាប់​រូបភាព​ឧបសគ្គ​នៅលើ​ដងផ្លូវ ដូចជា​   មនុស្ស មធ្យោបាយ​ធ្វើដំណើរផ្សេងៗ និង​ស្លាក​សញ្ញា​ចរាចរណ៍​បាន​យ៉ាង​ល្អ និង​ដោះស្រាយបាន​យ៉ាង​សុក្រឹត

    – សមត្ថភាព​បន្ថយល្បឿន​ស្វ័យប្រវត្ត ពី​ចម្ងាយ 30 ម៉ែត្រ, ប្ដូរ​គន្លង​ផ្លូវ​ពី​ចម្ងាយ​ប្រហែល 10 ម៉ែត្រ នៅពេល​មាន​ឧបសគ្គ​នៅខាងមុខ​ដែល​ត្រូវបាន​កំណត់ថា នៅ​ស្ងៀម​នឹង​កន្លែង

    – មុខងារ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត

    – បច្ចេកវិទ្យា​ស្វែងរក​កំហុស ទាក់ទង​នឹង​បញ្ហា​លើស​ចរន្តអគ្គិសនី លើស​សម្ពាធ​របស់​តួប៊ីន​អគ្គិសនី ដែល​ជួយ​ការពារ និង​បង្កើន​ភាព​មាំមួន​របស់​រថយន្ត

    – មាន​សមត្ថភាព​ដំណើរការ​បានល្អ នៅលើ​សណ្ឋាន​ដីភ្នំ នៅពេល​ចុះ​ទួល និង​ឡើង​ទួល៕

  • ជើងឯក​អូឡាំពិក​របស់​ ឥណ្ឌា ទទួល​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    ជើងឯក​អូឡាំពិក​របស់​ ឥណ្ឌា ទទួល​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ

    Neeraj Chopra ដែល​ដណ្ដើមបាន​មេដាយមាស នៅក្នុង​ការប្រកួត​វិញ្ញាសារ​ចោល​លំពែង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិត​តូ​ខ្យូ ទទួលបាន​ការសន្យា​ផ្ដល់​រង្វាន់​ជាង 2 លាន​ដុល្លារ​អាមេរិក ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន និង​អាជ្ញាធរ​ឥណ្ឌា។

    អត្ត​ព​លិ​កវ័យ 23 ឆ្នាំ ឈ្មោះ Neeraj Chopra បាន​យកឈ្នះ​លើ​អត្ត​ព​លិ​ក​នានា នៅក្នុង​ការប្រកួត​វិញ្ញាសារ​ចោល​លំពែង ដោយ​ចោល​បាន​ចម្ងាយ 87.58 ម៉ែត្រ នៅលើ​ទីលាន​ប្រកួត​កីឡា​អូឡាំពិក​តូ​ខ្យូ កាលពី​ថ្ងៃទី 07 សីហា។ ជ័យជំនះ​នេះ បាន​នាំមក​នូវ​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ជូន​ដល់​ប្រទេស​ឥណ្ឌា។ នេះ​គឺជា​មេដាយមាស​អូឡាំពិក​ដំបូង​របស់ Chopra ហើយក៏​ជា​មេដាយមាស​អត្តពលកម្ម​ដំបូង​របស់ ឥណ្ឌា នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទាំងឡាយ​ដែល​ប្រទេស​នេះ​បាន​ចូលរួម។

    Chopra កំពុង​នាំមុខ​អត្ត​ព​លិ​ក​អូឡាំពិក​ដែល​ជោគជ័យ​បំផុត​របស់ ឥណ្ឌា តាំង​ពីមុន​រហូតដល់​បច្ចុប្បន្ន ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 1, មេដាយប្រាក់​ចំនួន 2 និង​មេដាយ​សំរឹទ្ធ​ចំនួន 4។

    អាជ្ញាធរ​រដ្ឋ Haryana ដែលជា​ស្រុកកំណើត​របស់ Chopra បានឱ្យដឹងថា ពួកគេ​នឹង​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 60 លាន​រ៉ូ​ពី​ឥណ្ឌា (800,000 ដុល្លារ​អាមេរិក)។ បណ្ដា​រដ្ឋផ្សេងៗ ក៏បាន​ស្នើ​ផ្ដល់​រង្វាន់​បន្ថែម 400,000 ដុល្លារ ខណៈ​ក្រុមហ៊ុន​វិស័យ​អប់រំ​ដ៏​ធំ​មួយ​នៅ ឥណ្ឌា ក៏បាន​សន្យា​ផ្ដល់ប្រាក់​រង្វាន់​ចំនួន 270,000 ដុល្លារ​ផងដែរ។

    ក្រុមប្រឹក្សា cricket ឥណ្ឌា (BCCI) និង​ក្រុម Chennai Super Kings ក៏បាន​សន្យា​ផ្ដល់​រង្វាន់ 135,000 ដុល្លារ សម្រាប់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ ហើយ Chopra ក៏​នឹង​ទទួលបាន 100,000 ដុល្លារ​ពី​សមាគម​អូឡាំពិក ឥណ្ឌា (IOA) ផងដែរ។

    ចំណែក​បណ្ដា​ក្រុម​ហ៊ុ​ង​ដទៃទៀត ក៏​ផ្ដល់​រង្វាន់​ឱ្យ Chopra តាមរយៈ​ការមិន​យក​ថ្លៃ​សំបុត្រ​យន្តហោះ ការផ្ដល់​រង្វាន់​ជា​រថយន្ត​ទំនើប និង​ប្រាក់សុទ្ធ។ល។ ប្រាក់រង្វាន់​ជា​សរុប​របស់ Chopra បច្ចុប្បន្ន​បាន​កើន​ដល់​ជាង 2 លាន​ដុល្លារ​អាមេរិក ហើយ​តួលេខ​នេះ​នឹង​នៅតែ​កើនឡើង មុនពេល Chopra ត្រលប់មក​ប្រទេស​វិញ។

    រាក់​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ សុទ្ធតែ​អាច​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងច្រើន នៅពេល​ត្រលប់មក​ប្រទេស។ IOA ផ្ដល់​រង្វាន់ 53,000 ដុល្លារ​សម្រាប់​មេដាយប្រាក់ និង 33,500 ដុល្លារ សម្រាប់​មេដាយ​សំរឹទ្ធ។

    ឥណ្ឌា ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែល​ផ្ដល់​រង្វាន់​ច្រើនជាងគេ​ដល់​បណ្ដា​អត្ត​ព​លិ​ក​ដែល​ដណ្ដើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍​អូឡាំពិក 2021 នៅ ជប៉ុន បើ​ទោះ សិង្ហ​បុរី កន្លងមក​ក៏​ធ្លាប់​នាំមុខគេ​លើ​រឿងនេះ ដោយ​ផ្ដល់​រង្វាន់​ជាង 700,000 ដុល្លារ​សម្រាប់​មេដាយមាស៕

  • WHO ប្រុង​ដាក់ឈ្មោះ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 ទៅតាម​ឈ្មោះ​នៃ​កញ្ចុំ​ផ្កាយ

    WHO ប្រុង​ដាក់ឈ្មោះ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 ទៅតាម​ឈ្មោះ​នៃ​កញ្ចុំ​ផ្កាយ

    អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា អង្គការ​នេះ​អាចដាក់​ឈ្មោះ​វីរុស​បំប្លែង​ថ្មី​របស់ COVID-19 ទៅតាម​ឈ្មោះ​នៃ​កញ្ចុំ​ផ្កាយ​នៅលើ​មេឃ ក្នុងករណី​បាន​ប្រើប្រាស់​អស់​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក។

    Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​ក្នុងការ​ទប់ទល់​នឹង COVID-19 របស់ WHO កាលពី​ថ្ងៃទី 08 សីហា បាន​និយាយថា អង្គការ​នេះ​កំពុង​ពិចារណា​ក្នុងការ​ប្រើប្រាស់​ឈ្មោះ​នៃ​បណ្ដា​កញ្ចុំ​ផ្កាយ ដូចជា Orion, Leo, Gemini និង Aries ជាដើម ដើម្បី​ដាក់ឈ្មោះ​ឱ្យ​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 បើសិនជា​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក ត្រូវបាន​ប្រើប្រាស់​អស់។

    លោក​ស្រី Kerkhove បន្ថែមថា៖ «WHO កំពុង​សិក្សា​ស្រាវជ្រាវ​លើ​សំណើ​នានា ដើម្បី​ធានាថា ពុំមាន​អ្នកណាម្នាក់​ពិបាក​ទ្រាំ​ជាមួយនឹង​ឈ្មោះ​ទាំងនេះ»។

    អង្គ​ការ​ WHO បានដាក់​ឈ្មោះ​ឱ្យ​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី​របស់ COVID-19 ទៅតាម​អក្ខរក្រម​នៃ​អក្សរ​ក្រិ​ក ចាប់​តាំង​ពី​ខែឧសភា ឆ្នាំ 2021។ មកដល់​បច្ចុប្បន្ន វីរុស​បំប្លែង​ថ្មី​របស់ COVID-19 ចំនួន 11 ប្រភេទ ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​វិធី​នេះ ក្នុងនោះ​មាន Alpha, Beta, Delta និងថ្មីៗនេះ​គឺ Lambda។ល។

    មុន​នោះ បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី តែង​ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​ទីតាំង​ដែល​វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង។ មូលហេតុ​ដែល​វិធី​ដាក់ឈ្មោះ​នេះ ត្រូវបាន​គេ​ប្ដូរ នោះ​គឺ​មកពី​វា​អាច​នាំឱ្យមាន «ការរើសអើង​ចំពោះ​ប្រទេសមួយ ឬ​ទីតាំង​មួយ» នេះ​បើតាម​លោក​ស្រី​ Kerkhove។

    Kerkhove បាន​ព្រមាន​ថា វត្តមាន​របស់​បណ្ដា​វ៉ា​រ្យ៉​ង់ថ្មីៗនៃ​វីរុស COVID-19 ដែលមាន​សមត្ថភាព​គេច​ពី​វ៉ាក់សាំង គឺជា «ការគំរាមកំហែងពិត»។ នេះ​គឺជា​មូលហេតុ​សំខាន់​ដែល​ប្រទេស​នានា មិនត្រូវ​រំពឹង​លើ​វ៉ាក់សាំង​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ ត្រូវធ្វើ​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល»។

    មន្ត្រី​រូបនេះ​ក៏បាន​ព្រមាន​ថា វ៉ា​រ្យ៉​ង់​ថ្មី​មួយ​ប្រភេទ​ដែល​ប្រកបដោយ​គ្រោះថ្នាក់ អាច​បង្ហាញខ្លួន​នៅ​តំបន់​ដែល COVID-19 ឆ្លង​រាលដាល​ខ្លាំង ឬ​តំបន់​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ប៉ុន្តែ COVID-19 នៅតែ​រាតត្បាត។

    ការព្រមាន​របស់ Kerkhove នេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី​ស្ថាប័ន​សុខាភិបាល​សាធារណៈ​របស់ អង់គ្លេស បានប្រកាស​លទ្ធផល​នៃ​ការវិភាគ​បឋម​មួយ បង្ហាញថា បរិមាណ​វីរុស COVID-19 នៅលើ​អ្នក​វិជ្ជមាន​នឹង​វ៉ា​រ្យ៉​ង់ Delta គឺ​ខ្ពស់​ដូចគ្នា បើទោះជា​អ្នកជំងឺ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឬ​មិនទាន់បាន​ចាក់​ក៏ដោយ៕

  • ម្ចាស់​គ្លីនិក​មួយ​នៅ​ កម្ពុជា​ ក្លាយ​ជា​មហា​សេដ្ឋី​ ក្នុងអំឡុង​ COVID-19

    ម្ចាស់​គ្លីនិក​មួយ​នៅ​ កម្ពុជា​ ក្លាយ​ជា​មហា​សេដ្ឋី​ ក្នុងអំឡុង​ COVID-19

    តម្លៃ​នៃ​ទ្រព្យ​សម្បត្តិ​របស់​វេជ្ជបណ្ឌិត​ Loo Choon Yong បាន​កើន​ឡើង​ដល់​ 1.1​ ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​ក្រុម​ហ៊ុន​របស់​លោក​ បាន​ជួយ​​ដល់​ដំណើរ​ការ​​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ COVID-19 នៅ​ សិង្ហបុរី​។

    នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​​របស់​ទស្សនាវដ្ដី Bloomberg ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ម្សិល​មិញ (06 សីហា) ទ្រព្យ​​របស់​វេជ្ជបណ្ឌិត​ Loo Choon Yong នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Raffles Medical បាន​កើន​ឡើង​លើស​ពី​ 1 ពាន់​លាន​ដុល្លារ​ ក្រោយ​ពី​ប្រាក់​ចំណូល​សុទ្ធ​របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​​សុខាភិបាល​នេះ​ កើន​ឡើង​ជាង​ទ្វេដង​ នៅក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ 2021​ ខណៈ​មូលបត្រ​ក៏​បាន​កើន​ 104% ធៀប​នឹង​​ខែ​មីនា​ ឆ្នាំ​ 2020​។

    ក្រុម​ហ៊ុន​ Raffles Medical កំពុង​គ្រប់​គ្រង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​ 15​ នៅ​ប្រទេស​សិង្ហបុរី​ និង​ជួយ​ដល់​សកម្មភាព​ចម្រាញ់​រក​អ្នក​ផ្ទុក​វីរុស​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ ក៏​ដូចជា​ផ្ដល់​សេវាកម្ម​​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ផងដែ​រ។ ក្រុមហ៊ុន​នេះ​ ក៏​កំពុង​ដំណើរ​ការ​គ្លីនិក​ជាង​ 80 និង​មន្ទីរ​ពេទ្យ​ចំនួន​ 1 នៅ​ សិង្ហបុរី​។

    វេជ្ជបណ្ឌិត Loo Choon Yong

    វេជ្ជបណ្ឌិត​ Loo Choon Yong មាន​ភាគ​ហ៊ុន​ប្រមាណ​ 52% នៅ​ក្នុង​ក្រុមហ៊ុន Raffles Medical។ វេជ្ជបណ្ឌិត​វ័យ​ 72 ឆ្នាំ​ ​រូប​នេះ​ បាន​សហការ​បង្កើត​ក្រុម​ហ៊ុន​​នេះ​ ជាមួយមិត្ត​ម្នាក់​ឈ្មោះ Alfred Loh កាល​ពី​ឆ្នាំ​ 1976​។ ដំបូង​ ពួក​គេ​បាន​ទិញ​បន្ទប់​ពិគ្រោះ​ជំងឺ​ចំនួន​​ 2 ផ្សេង​គ្នា​ ហើយ​ចាប់​ផ្ដើម​កសាង​ក្រុមហ៊ុន​នេះ​ទៅ​តាម​ដំណាក់​កាល​។​ ក្រៅ​ពី​ សិង្ហបុរី ក្រុម​ហ៊ុន​ Raffles Medical ក៏​មាន​មន្ទីរពេទ្យ​ចំនួន​ 3 នៅ​​ប្រទេស​ចិន និង​ពង្រីក​អាជីវកម្ម​ទៅ​កាន់​​ប្រទេស​ជប៉ុន និង​ កម្ពុជា​ ផងដែរ​។ នៅ​ភ្នំ​ពេញ​ Raffles Medical មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌពេញ​។

    វេជ្ជបណ្ឌិត​ Loo ឱ្យ​ដឹង​ថា៖ «នៅ​ក្នុង​អំឡុង​ COVID-19 អ្នក​ជំងឺ​មាន​ការ​ព្រួយបារម្ភ​ និង​ចង់​តែ​នៅ​ផ្ទះ​ មិន​ចង់​ទៅ​ពិនិត្យ​សុខភាព​ នៅ​ចំពោះ​មុខ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​»។

    ដូច្នេះ​ហើយ​ ក្រុម​ហ៊ុន​ក៏​ទទួល​បាន​ការ​អនុញ្ញាត​​ក្នុង​ការ​បញ្ជូន​ក្រុម​វេជ្ជបណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ ទៅ​កាន់​តំបន់​នានា ដើម្បី​ធ្វើ​តេស្ត​រក COVID-19 និង​ចម្រាញ់​រក​អ្នក​ឆ្លង​វីរុស​ នៅ​ព្រលាន​យន្ត​ហោះ​។ ជា​លទ្ធផល​ ប្រាក់​ចំណេញ​ក្រោយ​ការ​បង់​ពន្ធ​ដែល​ក្រុ​មហ៊ុន​នេះ​រក​បាន​ក្នុង​ពាក់​កណ្ដាល​ដើម​ឆ្នាំ​ 2021 នេះ​ ​ឡើង​ដល់​ 28.7​ លាន​ដុល្លារ​អាមេរិក​ កើន​ 138% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ ក្នុង​ឆ្នាំ​ 2020​។ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ ក៏​​បាន​កើន 42% ឡើង​ដល់​ 254.4​ លាន​ដុល្លារ​អាមេរិក​៕

  • តួលេខ​ COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 07 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 07 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 522 នាក់, អ្នកជា​ចំនួន 700 នាក់ និង​អ្នកស្លាប់​ចំនួន 11 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 06 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 07 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 81,335 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 74,740 នាក់ និងអ្នកស្លាប់ 1,537 នាក់ ខណៈ​អ្នក​ជំងឺ​កំពុង​ព្យាបាល​ មាន​ចំនួន​ប្រមាណ 5,000 នាក់​។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 202,421,800​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 181,926,970 ​​​នាក់​បានជា, 4,290,677 នាក់​បាន​ស្លាប់ និង​ជាង 16,204,140 នាក់ កំពុង​ព្យាបាល៕

  • ក្រុមហ៊ុន ជប៉ុន សុំច្បាប់ ធ្វើ​ចរាចរណ៍​ថ្នាំ​ពិសេស ព្យាបាល COVID-19

    ក្រុមហ៊ុន ជប៉ុន សុំច្បាប់ ធ្វើ​ចរាចរណ៍​ថ្នាំ​ពិសេស ព្យាបាល COVID-19

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ Shionogi របស់​ប្រទេស​ជប៉ុន នឹង​ស្នើសុំ​ច្បាប់​សម្រាប់​ធ្វើចរាច​រណ៍​ឱសថ​ព្យាបាល​ជំងឺ COVID-19 ប្រភេទ​គ្រាប់​សម្រាប់​លេប នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​នេះ​នឹង​ផ្ដល់​ជម្រើស​បន្ថែម​ក្នុងការ​ព្យាបាល​នៅតាម​ផ្ទះ និង​កាត់បន្ថយ​សម្ពាធ​នៅតាម​មន្ទីរពេទ្យ។

    ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន Shionogi ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 06 សីហា បានឱ្យដឹងថា ថ្នាំ​ព្យាបាល​ជំងឺ COVID-19 នេះ ត្រូវបាន​ពិសោធ​លើ​មនុស្ស​ចាប់តាំងពី​ខែកក្កដា ឆ្នាំ 2021 ហើយ​ថា នឹង​ស្នើសុំ​អាជ្ញាប័ណ្ណ​នៅ​ចុងឆ្នាំ​នេះ។ ឱសថ​នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម ដោយ​ជួយ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ។

    បើសិនជា​ទទួលបាន​ច្បាប់​អនុញ្ញាតឱ្យ​ដាក់លក់ នោះ​វា​នឹង​ជា​ថ្នាំលេប​ដំបូង​គេ​បង្អស់ សម្រាប់​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម​នៅ​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន មានតែ​ថ្នាំ​ចាក់​មួយ​ប្រភេទ​ប៉ុណ្ណោះ សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅក្នុង​ប្រទេស​នេះ ហើយ​ថ្នាំ​នេះ ក៏ត្រូវ​ការចាក់​នៅតាម​មន្ទីរពេទ្យ។

    លោក Isao Teshirogi ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ជប៉ុន Shionogi & Co.,

    ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន​ខាងលើ ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​ពិនិត្យ​ទៅលើ​លទ្ធភាព​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ដទៃ​ផងដែរ។ Shionogi កំពុង​ពិភាក្សា​អំពី​គម្រោង​នាំចេញ​ឱសថ​នេះ ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជីវ​ឱសថ​កម្រិត​ខ្ពស់ របស់ សហរដ្ឋអាមេរិក (Biomedical Advanced Research and Development Authority / BARDA)។

    ក្រុមហ៊ុន Shionogi មាន​ផែនការ​ស្នើសុំ​ច្បាប់​បន្ទាន់​ពី​ក្រសួងសុខាភិបាល ជប៉ុន ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មិនចាំបាច់​បំពេញ​ការពិសោធ​លើ​មនុស្ស មុនពេល​ដាក់លក់​នៅក្នុង​ទីផ្សារ ដោយ​គ្រាន់តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចាំបាច់​នាពេល​បន្ទាប់។

    ក្រុមហ៊ុន Shionogi ក៏​សង្ឃឹមថា នឹង​អាច​ផ្គត់ផ្គង់​ថ្នាំ​នេះ ដល់​អ្នកជំងឺ​ចាប់ពី 1 លាន ទៅ 2 លាន​នាក់ ក្នុងប្រទេស​ជប៉ុន នៅ​ចុងឆ្នាំ 2021៕

  • ក្រសួងសុខាភិបាល៖ ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 08 សីហា

    ក្រសួងសុខាភិបាល៖ ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 08 សីហា

    ក្រសួងសុខាភិបាល នា​ព្រឹក​នេះ (07 សីហា 2021) បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ឬ​ហៅថា ដូ​ស​ជំរុញ ជូន​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm ឬ Sinovac ដោយ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca។

    ក្រុម​គោលដៅ​ដែល​ស្ថិតក្នុង​អាទិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ រួមមាន ក្រុមគ្រូពេទ្យ​ជួរមុខ មន្ត្រីរាជការ ទាហាន គ្រួសារ​ទាហាន នគរបាល និង​អតីតយុទ្ធជន​ផងដែរ។

    ការចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 ឬ ដូ​ស​ជំរុញ ដែល​នឹង​ប្រ​ព្រឹ​តទៅ​ចាប់ពី​ថ្ងៃទី 08 សីហា 2021 នេះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​របស់ COVID-19 ប្រភេទ Delta។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម។

    គិត​ត្រឹម​យប់​ថ្ងៃទី 06 ខែសីហា ឆ្នាំ 2021 ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់ វ៉ាក់សាំង​បង្ការ COVID-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស សរុប​ចំនួន 7,927,745 នាក់៕

  • ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា ជា​ជម្រើស​មាន​សក្ដានុពល​ក្នុងការ​ប្រឆាំង COVID-19

    ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា ជា​ជម្រើស​មាន​សក្ដានុពល​ក្នុងការ​ប្រឆាំង COVID-19

    ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា ដើម្បី​បង្ការ​ការឆ្លង​វីរុស COVID-19 កំពុង​ក្លាយជា​ដំណោះស្រាយ​ដែលមាន​សក្តានុពល នៅពេល​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រកបដោយ​គ្រោះថ្នាក់ កំពុង​គំរាមកំហែង​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក។

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី 12 កក្កដា បាន​លើកឡើងថា បណ្ដា​ប្រទេស​ពុំគួរ​ប្រញាប់​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា​នោះទេ ដោយសារតែ​ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្ដីពី​ប្រសិទ្ធភាព និង​ផលប៉ះពាល់​ដល់​សុខភាព នៅមាន​កំណត់។ ប៉ុន្តែ បញ្ហាយឺតយ៉ាវ​នៃ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង រួម​នឹង​ការឆ្លង​រាលដាល​ខ្លាំង​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ធ្វើឱ្យ​បណ្ដា​ប្រទេស​ត្រូវ​គិតគូរ​អំពី​ការប្ដូរ​យុទ្ធសាស្ត្រ​ក្នុងការ​ចាក់​វ៉ាក់សាំង។

    មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ជាច្រើន​កំពុង​ពិចារណា​ទៅលើ​ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា សម្រាប់​ដូ​ស​ទី​ពីរ ឬ​ដូ​ស​បន្ថែម​ដើម្បី​ធានា​លើ​ការការពារ​ពលរដ្ឋរ​បស់​ខ្លួន។ នៅ កម្ពុជា កាលពី​ថ្ងៃទី 01 សីហា ប្រមុខ​រដ្ឋាភិបាល បាន​មានប្រសាសន៍ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm ឬ Sinovac រួចរាល់ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង AstraZeneca 1 ម្ជុល​បន្ថែមទៀត ខណៈដែល​អ្នក​ចាក់ AstraZeneca រួចរាល់ នឹងត្រូវ​ចាក់​រំលឹក​មួយ​ម្ជុល​ទៀត ដោយ​ប្រើ​វ៉ាក់សាំង Sinovac វិញ​ម្ដង។

    ប្រទេស​ថៃ ឯណោះ​វិញ កាលពី​ថ្ងៃទី 12 កក្កដា ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​ចាក់ AstraZeneca ចំនួន 2 ដូ​ស ចំពោះ​អ្នក​ដែល​បាន​ចាក់ Sinovac ចំនួន 1 ដូ​ស​រួចហើយ។

    វេជ្ជបណ្ឌិត Vinod RMT Balasubramaniam សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Monash ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា៖ «ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា​នេះ ត្រូវបាន​យកចិត្តទុកដាក់​កាន់តែ​ច្រើនឡើង។ ទិន្នន័យ​ដែល​ត្រូវបាន​ប្រកាស​ចុងក្រោយ​នេះ បានបង្ហាញ​អំពី​ប្រសិទ្ធភាព និង​សមត្ថភាព​នៃ​ការការពារ​ខ្ពស់ នៅ​ចំពោះមុខ​វ៉ា​រ្យ៉​ង់​នានា​របស់ COVID-19»។

    វិទ្យាស្ថាន​សេរ៉ូម​របស់ ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី 02 សីហា ក៏បាន​បង្ហើប​ឱ្យដឹងថា ការចាក់ Pfizer ឬ Moderna បន្ទាប់ពី​បាន​ចាក់ AstraZeneca បង្កើតបានជា​ស្រទាប់​ការពារ​ដែល​ល្អ​ជាង សម្រាប់​មនុស្ស។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា រយៈពេល 14 ថ្ងៃ បន្ទាប់ពី​បាន​ចាក់​លាយ​ឆ្លាស់គ្នា ហានិភ័យ​នៃ​ការឆ្លង COVID-19 បាន​ថយចុះ 88% ប្រើ​ធៀប​នឹង​អ្នក​ដែល​មិនទាន់បាន​ចាក់។

    ការស្រាវជ្រាវ​មួយ​របស់​ប្រទេស កូរ៉េខាងត្បូង កាលពី​ខែកក្កដា បានឱ្យដឹងថា ការចាក់ Pfizer ចំនួន 2 ដូ​ស ក្រោយពី​ចាក់ AstraZeneca 1 ដូ​ស ជួយ​បង្កើន​កម្លាំង​ការពារ​រាងកាយ​ខ្ពស់ជាង 6 ដង ធៀប​នឹង​ការចាក់​តែ AstraZeneca 2 ដូ​ស។

    សាកលវិទ្យាល័យ Oxford របស់​ប្រទេស​អង់គ្លេស កាលពីដើមឆ្នាំ​នេះ​ ក៏បាន​បញ្ជាក់ថា ការចាក់​លាយ Pfizer ជាមួយនឹង AstraZeneca ក៏មាន​ប្រយោជន៍​ច្រើន​ដល់​អង្គ​ប​ដិ​ប្រាណ។

    ចំណែក​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​មូលនិធិ​វិនិយោគ​ផ្ទាល់ នៃ​ប្រទេស រុស្ស៊ី (RDIF) ដែល​បានប្រកាស​កាលពី​ថ្ងៃទី 30 កក្កដា 2021 ​ក៏បាន​ឱ្យដឹងថា ការសាកល្បង​ចាក់​វ៉ាក់សាំង Sputnik V និង AstraZeneca លាយ​ឆ្លាស់គ្នា បាន​បង្ហាញថា ពុំមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​មិនបាន​រកឃើញ​ករណី​ឆ្លង​នោះទេ នៅក្នុង​ចំណោម​អ្នកស្ម័គ្រចិត្ត។

    ក្រុមមន្ត្រី​សុខាភិបាល​របស់​ អាល្លឺម៉ង់ កាលពី​ថ្ងៃទី 2 សីហា បាន​ប្រាប់ថា ប្រទេស​នេះ មាន​គម្រោង​ប្រើប្រាស់ Pfizer និង Moderna ដើម្បី​ចាក់​ដូ​ស​បន្ថែម សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់ និង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ចាប់ពី​ខែកញ្ញា ដោយ​មិន​ខ្វល់​ថា មុននេះ ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ណា​នោះទេ។

    មកដល់​បច្ចុប្បន្ន មនុស្ស​ជាង 200 លាន​នាក់ បាន​ឆ្លង COVID-19 និង​ជាង 4 លាន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ រាប់​ចាប់ពី​វា​បាន​បង្ហាញខ្លួន​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន កាលពី​ចុងឆ្នាំ 2019។  វ៉ាក់សាំង​ចំនួន 4.36 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ដោយ​ជា​មធ្យម ចាក់​បាន 40.31លាន​ដូ​ស​ក្នុង 1 ថ្ងៃ។ ប្រជាជន​ចំនួន 29.6% របស់​ពិភពលោក បាន​ចាក់​យ៉ាងតិច 1 ដូ​ស និង 15.2% បាន​ចាក់​រួចរាល់។ ដោយឡែក នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន ពលរដ្ឋ​របស់​ពួកគេ ប្រមាណ ពី 60-80% បាន​ចាក់​យ៉ាងតិច 1 ដូ​ស ខណៈដែល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អត្រា​នេះ​ប្រហាក់ប្រហែល​នឹង 1.1% ប៉ុណ្ណោះ។ នេះ​បើតាម Our World in Data។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា សូម្បីតែ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​បំផុត ក៏​មិនល្អ​គ្រប់​ដប់​នោះដែរ នៅពេលដែល​អត្រា​នៃ​ការឆ្លង​បាន​កើនឡើង​ខ្ពស់​ខ្លាំង បើ​ទោះ​មិនមាន​ហានិភ័យ​ខ្ពស់​ដល់​ថ្នាក់​ចូល​ពេទ្យ ឬ​ស្លាប់។ ដូច្នេះ វិធានការ​រក្សា​គម្លាត​សង្គម ការ​រឹង​បន្តឹង​ការជួបជុំ នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​សំខាន់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង COVID-19 ពិសេស​គឺ​នៅពេល​ត្រូវ​ប្រឈមមុខ​នឹង វ៉ា​រ្យ៉​ង់ Delta៕

  • តារាង​ចំណាត់ថ្នាក់​មេដាយ Olympic Games Tokyo 2021 សម្រាប់​ថ្ងៃទី 06 សីហា

    តារាង​ចំណាត់ថ្នាក់​មេដាយ Olympic Games Tokyo 2021 សម្រាប់​ថ្ងៃទី 06 សីហា

    ក្រុម​កីឡាករ​របស់​ប្រទេស​ចិន កំពុង​បង្ហាញ​ស្នាដៃ​ខ្លាំងក្លា​របស់ខ្លួន នៅ Olympic Games Tokyo 2020 ដែល​កំពុង​ប្រព្រឹត្តិ​ក្នុង​ឆ្នាំ 2021 នៅ​ប្រទេស​ជប៉ុន។

    ក្នុង​តារាង​ចំណាត់ថ្នាក់​នៃ​ចំនួន​មេដាយ ដែល​ក្រុម​កីឡាករ​នៃ​បណ្ដា​ប្រទេស​ដណ្ដើមបាន​នេះ ក្រុម​របស់​ចិន កំពុង​នាំមុខគេ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើក​នេះ ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 34, មេដាយប្រាក់​ចំនួន 24 និង​មេដាយ​សំរឹទ្ធ​ចំនួន 17។ ជា​សរុប គិត​មកដល់ពេលនេះ ចិន ដណ្ដើមបាន​មេដាយ​ចំនួន 75 រួចហើយ។

    ឈរ​លំដាប់​ទី 2 គឺ សហរដ្ឋអាមេរិក ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 30, មេដាយប្រាក់​ចំនួន 35, មេដាយ​សំរឹទ្ធ​ចំនួន 27។ សរុបមក ប្រទេស​នេះ រកបាន​មេដាយ​ចំនួន 92។

    ចំណែក​លំដាប់​ទី 3 គឺ ជប៉ុន ដែលជា​ម្ចាស់ផ្ទះ ដោយ​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន 47 ក្នុងនោះ​មាន​មេដាយមាស​ចំនួន 22, ប្រាក់​ចំនួន 10 និង​សំរឹទ្ធ​ចំនួន 15។

    រីឯ​ចំណាត់ថ្នាក់​ទី 4 បាន​ទៅលើ អង់គ្លេស, ទី 5 អូស្ត្រាលី, ទី 6 រុស្ស៊ី, 7 អាល្លឺម៉ង់, 8 អ៊ីតាលី, 9 ហូ​ឡង់, ទី 10 បាន​ទៅលើ​ប្រទេស បារាំង។