Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 26 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 26 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 25​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 423 នាក់​, – ជាសះស្បើយ​ថ្មី​ = 291 នាក់​, – ស្លាប់​ថ្មី​ = 06 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 26 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 90,958 នាក់, – ជាសះស្បើយ​សរុប​ = 86,993 នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,841 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប = 214,741,111​ នាក់, – អ្នកជាសះស្បើយ = 192,081,019 នាក់,​ – អ្នកស្លាប់ = 4,476,008 នាក់ និង​កំពុង​ព្យាបាល​ = 18,184,084 នាក់៕

  • តា​លី​បង់៖ «មិនមាន​ភ័ស្ដុតាង​បញ្ជាក់​ថា bin Laden ជា​មេ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា»

    តា​លី​បង់៖ «មិនមាន​ភ័ស្ដុតាង​បញ្ជាក់​ថា bin Laden ជា​មេ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា»

    តា​លី​បង់ បាន​អះអាងថា ពុំមាន​អ្វីដែល​អាច​បញ្ជាក់បាន​ថា Osama bin Laden គឹជា​មេដឹកនាំ​ភេរវកម្ម​ក្នុងករណី​វាយប្រហារ​នៅ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 បើទោះជា​មេ​ភេរវ​ករ​រូបនេះ ធ្លាប់បាន​ទទួលស្គាល់​នៅក្នុង​ខ្សែអាត់​សំឡេង។

    «ពេល Osama bin Laden ក្លាយជា​បញ្ហា​សម្រាប់ សហរដ្ឋអាមេរិក គាត់​កំពុង​ស្ថិតនៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ ពុំមាន​ភ័ស្ដុតាង​ណាមួយ​បង្ហាញថា គាត់​ជាប់​ទាក់ទិន ប៉ុន្តែ ពេលនេះ យើង​សន្យាថា ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមិន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អ្នកណា​ទាំងអស់» អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid បាន​ប្រាប់ NBC News ពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 25 សីហា។

    អធិប្បាយ​ខាងលើ ត្រូវ​បានលើកឡើង​បន្ទាប់ពី​អ្នកយកព័ត៌មាន​សួរថា តើ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ក្លាយជា​មូលដ្ឋាន​របស់​ក្រុម​ភេរវ​ករ​ដែរ ឬទេ នៅក្នុង​គ្រា​ដែល សហរដ្ឋអាមេរិក នឹង​បញ្ចប់​យុទ្ធនាការ​ដកទ័ព នៅ​ថ្ងៃទី 31 សីហា។ លោក Mujahid ថ្លែងថា ការចោទប្រកាន់​របស់ សហរដ្ឋអាមេរិក «គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក​សង្គ្រាម»។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid

    នៅក្នុង​ខ្សែអាត់​សំឡេង​ដែល​បានប្រកាស​កាលពី​ឆ្នាំ 2004 លោក bin Landen ទទួលស្គាល់ថា បានចេញ​បញ្ជា​ឱ្យ​អនុវត្ត​ករណី​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ក្នុងនោះ​មាន​ភេរ​វករ 19 នាក់ បាន​ប្លន់​យន្តហោះ​ពាណិជ្ជកម្ម​របស់ អាមេរិក ចំនួន 4 គ្រឿង និង​បាន​បញ្ជា​ឱ្យ​ហោះ​ទៅបុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នានា នៅ​ទីក្រុង​នី​វ​យ៉​ក និង មន្ទីរ​បញ្ច​កោណ។ អ្នកដំណើរ​ក្នុង​យន្តហោះ​មួយគ្រឿង បាន​តដៃ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ បណ្ដាលឱ្យ​យន្តហោះ​ត្រូវ​ធ្លាក់​ទៅលើ​វាល​នៅក្នុង​រដ្ឋ Pennsylvania។

    សហរដ្ឋអាមេរិក បាន​ផ្ដើម​យុទ្ធនាការ​យោធា​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ចោទថា តា​លី​បង់ បាន​បដិសេធ​ការប្រគល់​ខ្លួន​ក្រុម​មេ​ភេរ​វករ al-Qaeda ឱ្យ សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​លោក bin Landen ផងដែរ។ មេ​ភេរ​វករ​រូបនេះ ត្រូវបាន​កម្លាំង​ពិសេស SEAL របស់ អាមេរិក បាញ់សម្លាប់​នៅ ប៉ា​គីស​ស្ថាន កាលពី​ថ្ងៃទី 1 ឧសភា ឆ្នាំ 2011។

    លោក​ Osama bin Laden

    របាយការណ៍​មួយ​របស់ «ក្រុមប្រឹក្សា 11 កញ្ញា» បាន​បញ្ជាក់ថា «ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា​គឺ​ត្រូវបាន​ដឹកនាំ​ដោយ Osama bin Laden»។

    «នៅពេល​ដំណាក់កាល​ត្រៀម​ចុងក្រោយ​កំពុង​ត្រូវបាន​ធ្វើឡើង​នា​រដូវក្ដៅ​ឆ្នាំ 2001 ក្រុម​មេដឹកនាំ​របស់ al-Qaeda នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មានទំនាស់​ផ្ទៃក្នុង ទាក់ទង​នឹង​បញ្ហា​ដែលថា គួរតែ​វាយប្រហារ​ភេរវកម្ម​លើ សហរដ្ឋអាមេរិក ឬ​អត់» របាយការណ៍​ខាងលើ សរសេរ​ដូច្នេះ។ «មេបញ្ជាការ​របស់ តា​លី​បង់ Mullah Omar បាន​ជំទាស់​នឹង​ការវាយប្រហារ​លើ អាមេរិក។ ទោះជា​ត្រូវ​ជួបនឹង​ការប្រឆាំង​ពី​មេដឹកនាំកំពូលៗជាច្រើនរូប ប៉ុន្តែ bin Laden នៅតែ​សម្រេចចិត្ត​វាយប្រហារ»។

    យុទ្ធនាការ​យោធា​ឆ្នាំ 2001 របស់ សហរដ្ឋអាមេរិក បាន​បណ្ដាលឱ្យ តា​លី​បង់ ត្រូវ​ដួលរលំ។ ប៉ុន្តែ តា​លី​បង់ វាយ​ដណ្ដើម​យកបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មកវិញ កាលពី​ថ្ងៃទី 15 សីហា ឆ្នាំ 2021 បន្ទាប់ពី អាមេរិក សម្រេច​ដកទ័ព​ចេញពី​ប្រទេស​នេះ។ យុទ្ធនាការ​ជម្លៀស​ពល​រដ្ឋ កំពុង​ត្រូវបាន អាមេរិក ធ្វើឡើង​នៅ​រដ្ឋធានី​កា​ប៊ុល ក្នុង​គ្រា​ដែល​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​ម៉ឺន​នាក់ កំពុង​រក​វិធី​ចាក​ចេញពី​ប្រទេស។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid ថ្លែងថា៖ «នេះ​គឺជា​កាលៈទេសៈ​ដែល​យើង​សប្បាយរីករាយ​ជាទីបំផុត»៕

  • ទារក អា​ហ្វ​ហ្គា​នី​ស្ថាន ដាក់ឈ្មោះ​តាម​យន្តហោះ​ដឹក​ជនភៀសខ្លួន

    ទារក អា​ហ្វ​ហ្គា​នី​ស្ថាន ដាក់ឈ្មោះ​តាម​យន្តហោះ​ដឹក​ជនភៀសខ្លួន

    មន្ត្រី សហរដ្ឋអាមេរិក បានឱ្យដឹងថា ទារិកា ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន មួយរូប ដែល​បានចាប់កំណើត​លើ​យន្តហោះ​យោធា អាមេរិក ដឹក​ជនភៀសខ្លួន​ពី កា​ប៊ុល ត្រូវបាន​ឪពុកម្ដាយ​ដាក់ឈ្មោះ​ទៅតាម​ឈ្មោះ​យន្តហោះ។

    ស្ត្រី​ជា​ម្ដាយ​ចាប់ផ្ដើម​ឈឺពោះ​កាលពី​ថ្ងៃទី 21 សីហា ក្នុង​ដំណើរ​ពី កា​ប៊ុល ទៅកាន់​មូលដ្ឋានទ័ព សហរដ្ឋអាមេរិក នៅ​ប្រទេស​អាល្លឺម៉ង់។ ក្នុងពេល​កំពុង​ចុះចត បុគ្គលិក​ពេទ្យ​យោធា បាន​ជួយ​ដល់​ការ​សម្រាលកូន​នៅក្នុង​បន្ទប់​យន្តហោះ។ បន្ទាប់មក ទាំង​ម្ដាយ ទាំង​កូន ត្រូវបាន​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​នៅក្បែរនោះ។

    គ្រប់​យន្តហោះ​របស់​កងទ័ពអាកាស អាមេរិក សុទ្ធតែ​មានឈ្មោះ និង​លេខ​កូដ ដើម្បី​ងាយស្រួល​ដល់​ការទាក់ទង​ទៅកាន់​យន្តហោះ​ដទៃ និង​ទីបញ្ជាការ​ដែនអាកាស។ យន្តហោះ​ដឹកជញ្ជូន C-17 មាន​ឈ្មោះថា «Reach» បូក​ជាមួយនឹង​លេខ​កូដ​នៅ​ខាងក្រោយ។ លេខ​កូដ​នៃ​យន្តហោះ​ដែល​បាន​ដឹក​គ្រួសារ​របស់​ទារិកា ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ទៅដល់​កន្លែង​ដោយ​សុវត្ថិភាព គឺ «828» ហើយ​នេះ​គឺជា​មូល​ហេតុដែល​ឪពុកម្ដាយ​បានសម្រេច​ដាក់ឈ្មោះ​ឱ្យ​កូនស្រី​របស់ខ្លួន​ថា Reach។ នេះ​បើតាម​ការឱ្យ​ដឹង​កាលពី​ថ្ងៃទី 25 សីហា ពី​មេបញ្ជាការ​កងទ័ព​រប​ស់ សហរដ្ឋអាមេរិក ប្រចាំ​ទ្វីបអឺរ៉ុប។

    ទន្ទឹមនឹង​ទារិកា Reach នៅមាន​ទារក​ពីរ​នាក់​ផ្សេងទៀត ក៏បាន​ចាប់កំណើត ក្រោយពី​ម្ដាយ​របស់​ពួកគេ​បាន​ចុះចត​នៅ​មូលដ្ឋានទ័ព Ramstein។ បច្ចុប្បន្ន Reach និង​ឪពុកម្ដាយ រួមជាមួយ​ជនភៀសខ្លួន​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដទៃទៀត កំពុង​ឆ្ពោះទៅកាន់ សហរដ្ឋអាមេរិក៕

  • ផ្ទះ​តូច​បំផុត​នៅ​អង់គ្លេស៖ ទទឹង​មិន​ដល់ 2 ម៉ែត្រក្រឡា តែមាន​អ្នក​មក​ទស្សនា 55,000 នាក់ រៀងរាល់ឆ្នាំ

    ផ្ទះ​តូច​បំផុត​នៅ​អង់គ្លេស៖ ទទឹង​មិន​ដល់ 2 ម៉ែត្រក្រឡា តែមាន​អ្នក​មក​ទស្សនា 55,000 នាក់ រៀងរាល់ឆ្នាំ

    ផ្ទះ​ដ៏​សែន​តូច​នេះ ត្រូវបាន​ផ្ទេរ​មកឱ្យ​កូនចៅ​ច្រើន​ជំនាន់ និង​មាន​អាយុកាល​រាប់រយឆ្នាំ ហើយ​ធ្វើឱ្យ​គ្រប់គ្នា​ចង់ដឹង ចង់​លឺ​អំពី​បរិវេណ​ខាងក្នុង​របស់​ផ្ទះ​នេះ។

    ផ្ទះ​ដែល​ស្ថិតនៅក្នុង​ក្រុង Conwy នៃ​តំបន់ North Wales ប្រទេស​អង់គ្លេស មាន​ទទឹង 1.82 ម៉ែត្រ, កម្ពស់ 3.01 ម៉ែត្រ និង​មាន​បន្ទប់​ចំនួន​ពីរ។ វា​ស្ថិតនៅ​ចន្លោះផ្ទះ​នានា និង​ហាក់​ត្រូវ​កៀប​ជាប់​នឹង​ផ្ទះ​ទាំងនោះ ធ្វើឱ្យ​អ្នកដំណើរ​មានការ​ចង់ដឹង ចង់​លឺ។

    សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​នេះ សុទ្ធតែ​ត្រូវបាន​ច្នៃ​យ៉ាង​ពិសេស​ដើម្បី​អាច​យក​ចូល​តាម​ទ្វារ​ដ៏​តូច។ ក្នុងផ្ទះ អាចដាក់​បាន​គ្រែ​មួយ​សម្រាប់​មនុស្ស​ម្នាក់ ចង្ក្រាន​កម្ដៅ និង​កន្លែង​ដាក់​ធ្យូង។ ប៉ុន្តែ ពេលនេះ ម្ចាស់ផ្ទះ​ក៏បាន​បន្ថែម​សា​ឡុង​មួយ ដែល​ត្រូវបាន​រចនា​ជាពិសេស​ដោយ​ក្រុមហ៊ុន Snug។

    Jan Tyley ដែលជា​ម្ចាស់​បច្ចុប្បន្ន​របស់​ផ្ទះ​នេះ បានឱ្យដឹងថា អ្នកស្រី​ភ្ញាក់ផ្អើល​ណាស់​នៅពេល​ពួកគេ​អាច​យកសា​ឡុង​ការិយាល័យ​ចូលទៅក្នុង​បន្ទប់ក្រោមដី​បាន។ បន្ទប់ក្រោមដី​គឺជា​កន្លែង​ទទួលភ្ញៀវ ផ្ទះបាយ និង​បន្ទប់ទឹក។

    ផ្ទះ​តូច​បំផុត​នៅ​អង់គ្លេស​នេះ ត្រូវបាន​ម្ចាស់ផ្ទះ​រក្សាទុក ត​កូន ត​ចៅ ក្នុងអំឡុង 130 ឆ្នាំ​មកហើយ។ ដើម្បី​ចៀស​ពី​ការ​តម្រូវឱ្យ​រុះរើ​ពី​សំណាក់​អាជ្ញាធរ អតីត​ម្ចាស់ផ្ទះ​នេះ ដែលមាន​ឈ្មោះថា Robert Jones បាន​ដើរ​គ្រប់កន្លែង​ក្នុងប្រទេស​អង់គ្លេស ដើម្បី​ស្រាវជ្រាវ​ឱ្យដឹង​ច្បាស់​ថា តើ​ផ្ទះ​របស់ខ្លួន ពិតជា​ផ្ទះ​តូច​ជាងគេ​បង្អស់​ប្រចាំ​ប្រទេស​ដែរ ឬ​យ៉ាងណា។

    ចុងក្រោយ ផ្ទះ​របស់គាត់​បានជា​ប់​ឯតទគ្គ​កម្ម Guinness កាលពី​ឆ្នាំ 1920 និង​ត្រូវបាន​ទទួលស្គាល់ថា​ជា ផ្ទះ​តូច​ជាងគេ​បង្អស់​នៅ​ប្រទេស​អង់គ្លេស។ ចាប់តាំងពី​ពេលនេះ​មក ផ្ទះ​នេះ ទាក់ទាញ​បាន​ភ្ញៀវ​មក​ទស្សនា​ប្រមាណ 55,000 នាក់ ជា​រៀងរាល់ឆ្នាំ។ នេះ​ក៏​ជា​មូលហេតុ​ដែលនាំឱ្យ​រដ្ឋាភិបាល បោះបង់​បំណង​រុះរើ​ផ្ទះ​នេះ៕

  • រោងចក្រ​ផលិត​តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន EHang

    រោងចក្រ​ផលិត​តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន EHang

    ប្រទេស​ចិន៖ រោងចក្រ​នៅ​ទីក្រុង Yunfu របស់​ក្រុមហ៊ុន Ehang កំពុង​ផលិត​តាក់ស៊ី​ហោះ​ចំនួន​ពីរ​ម៉ូ​ដែល គឺ 216 និង VT30។

    ក្រុមហ៊ុន EHang នៅ​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Guangzhou កាលពី​ថ្ងៃទី 18 សីហា បាន​ចែករំលែក​វីដេអូ​ស្ដីអំពី​រោងចក្រ​ផលិត​តាក់ស៊ី​ហោះ​របស់ខ្លួន ដែល​កំពុងដំណើរការ​គ្រប់​ជ្រុងជ្រោយ នៅក្នុង​ទីរួមស្រុក Yunfu។ EHang ធ្លាប់បាន​ដឹក​មនុស្ស​ជាច្រើន​នាក់​ដោយ​ប្រើប្រាស់​យន្តហោះ​អគ្គិសនី ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ (eVTOL) ក្នុងនោះ​ក៏មាន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ផងដែរ។

    ការធ្វើ​តេស្ត​ជាច្រើន​ដែល​ជួយ​ឱ្យ EHang ទទួលបាន​ជោគជ័យ បាន​នាំឱ្យ​ក្រុមហ៊ុន​នេះ លេចធ្លោ​ជាង បើ​បៀ​ប​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​តាក់ស៊ី​ហោះ​ដទៃទៀត ដូចជា Joby Aero Inc ដែល​កំពុង​ធ្វើតេស្ត​ហោះហើរ​ដោយ​គ្មាន​មនុស្ស​ជិត និង​ក្រុមហ៊ុន Volocopter ដែល​ទើបតែ​ធ្វើតេស្ត​ហោះហើរ​ដឹក​មនុស្ស​ដំបូង​កាលពី​ខែ​មុន។ តាម​គម្រោង EHang នឹង​ផ្ដល់​សេវាកម្ម​នៅ ប៉ារីស និង​សិង្ហ​បុរី ចាប់ពី​ឆ្នាំ 2024។

    នៅក្នុង​វីដេអូ​ថ្មី រោងចក្រ​របស់ EHang ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា ទីតាំង​ផលិត​តាក់ស៊ី​ហោះ eVTOL ដែល​ដំណើរការ​ពេញលេញ​ដំបូង​គេ​ក្នុង​ពិភពលោក។ ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​រោងចក្រ​ទំហំ 2,230 ម៉ែត្រក្រឡា នៅ Yunfu នេះ កំពុង​ផលិត​គ្រឿង​បម្លាស់​ចាំបាច់​សម្រាប់​ដំឡើង​ជា​តាក់ស៊ី​ហោះ​ស្វ័យប្រវត្ត ម៉ូ​ដែល 216 និង​យន្តហោះ​ក្នុង​ទីក្រុង VT30 ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ សុទ្ធតែជា​មធ្យោបាយ​ហោះហើរ ដែលមាន​កៅអី​ចំនួន 2 ដូចគ្នា។ វីដេអូ​នេះ ក៏​បង្ហាញ​ឱ្យដឹង​អំពី​ដំណើរការ​នៃ​ការបាញ់​ថ្នាំ ការដំឡើង​ស្លាប និង​ការធ្វើ​តេស្ត​ប្រព័ន្ធ​រុញច្រាន។ល។

    កាលពី​ឆ្នាំមុន EHang ប្រកាសថា សហការ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក នៅ អេ​ស្ប៉ា​ញ និង ន័​រ​វែ​ស ដើម្បី​ដំណើរការ​សាកល្បង​នូវ​បច្ចេកវិទ្យា​តាក់ស៊ី​ហោះ ដែល​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី ក៏ដូចជា​បង្ហាញ​ម៉ូ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ប្រភេទ 200 គីឡូក្រាម។

    EHang កំពុង​ឆ្ពោះទៅរក​គោលដៅសំខាន់ៗជាច្រើន នៅក្នុង​ទីផ្សារ​ពិភពលោក។ ក្រុមហ៊ុន​នេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​ចិន ក្នុងការ​ធ្វើតេស្ត​ប្រព័ន្ធ​នានា​របស់​យន្តហោះ។ ប្រទេស​ចិន សង្ឃឹមថា អាច​ស្ដារឡើងវិញ​នូវ​តំណែង​លំដាប់​កំពូល​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ទាក់ទង​នឹង​បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ផលិត​តាក់ស៊ី​ហោះ​ជាច្រើន កំពុង​បង្ហាញខ្លួន៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 សីហា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 22​ សីហា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 410 នាក់​, – ជាសះស្បើយ​ថ្មី​ = 537 នាក់​, – ស្លាប់​ថ្មី​ = 16 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 ខែសីហា​ ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 89,641 នាក់, – ជាសះស្បើយ​សរុប​ = 85,618 នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,808 នាក់។

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​នៅ ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 23 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 87.26%, អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 50.39%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 60.73%។

    តារាង​តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក កម្ពុជា​ និងនៅ​​បណ្ដា​ប្រទេស​ជាប់​ព្រំ​ដែន​ កម្ពុជា​ គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖

    ល.រប្រទេស​/តំបន់ឆ្លង​សរុប​ឆ្លង​ថ្មី​ស្លាប់​សរុបស្លាប់​ថ្មីជាសរុបជាថ្មីកំពុង​ព្យាបាល
    1ពិភពលោក​212,595,39739,4174,444,648683190,210,93453,69517,939,815
    2ថៃ1,066,78917,4919,562242861,77022,134195,454
    3វៀតណាម348.0598,277147,667192,115
    4កម្ពុជា89,6414101,8081685,6185372,200
    5ឡាវ12.469114,6047,854
  • ចិន បង្កើត​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ ដែលមាន​ទុន​ជាង 1.7 ពាន់​លាន​ដុល្លារ

    ចិន បង្កើត​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ ដែលមាន​ទុន​ជាង 1.7 ពាន់​លាន​ដុល្លារ

    ប្រទេស​ចិន មាន​ផែនការ​បង្កើត​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ ដែលមាន​ទុន​ជិត 11.2 ពាន់​លាន​យុន (ជាង 1.7 ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​គ្រា​ដែល​ប្រជាជន​របស់​ប្រទេស​នេះ កំពុង​ចាស់​យ៉ាង​លឿន។

    សមាគម​ធានារ៉ាប់រង​ចិន ឱ្យដឹងថា ស្ថាប័ន​ចំនួន 17 នឹង​បណ្ដាក់ទុន​ទៅក្នុង​ក្រុមហ៊ុន​នេះ។ ក្នុងនោះ ផ្នែក​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នៃ​ធនាគារ​ធំ​បំផុត​ចំនួន 5 នៅ​ប្រទេស​ចិន មួយស្ថាប័នៗ វិនិយោគ 1 ពាន់​លាន​យុន ស្មើនឹង 8.97% នៃ​មូល​ប​ត្រ​សរុប​របស់​ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ។ ក្រៅពីនេះ ក្រុមហ៊ុន​ជើងសា​ធំជាងគេ​ប្រចាំ​ប្រទេស​ចិន គឺ Citic Securities, Taikang Life Insurance រួម​នឹង​ក្រុមហ៊ុន​វិនិយោគ​ដែល​ស្ថិតក្រោម​គណៈកម្មការ​គ្រប់គ្រង​ទ្រព្យ​សាធារណៈ ក៏​នឹងចូលរួម​ធ្វើ​សកម្មភាព​ផងដែរ។

    ប្រទេស​ចិន ជិត​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ចូលនិវត្តន៍ នៅពេល​ល្បឿន​នៃ​ភាព​ចាស់ជរា​របស់​ប្រជាជន កំពុង​កើនឡើង ខណៈ​ក្រុម​ដែល​ស្ថិតក្នុង​វ័យ​ធ្វើការ និង​អត្រា​នៃ​ការ​បង្កើតកូន កំពុង​ធ្លាក់ចុះ។ នេះ​បើតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ប្រជាជន ដែល 10 ឆ្នាំ ប្រកាស​ម្ដង បានឱ្យដឹង​កាលពី​ខែឧសភា  ឆ្នាំ 2021។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន នឹង​ពង្រីក​វិសាលភាព​របស់​វិស័យ​ធានារ៉ាប់រង​ការចូលនិវត្តន៍​ជា​មូលដ្ឋាន ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ទន្ទឹមនឹងនេះ​ក៏​លើកទឹកចិត្ត​ឱ្យ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​លើ​ការចូលនិវត្តន៍​ឯកជន បង្កើន​អាយុ​ចូលនិវត្តន៍​ផងដែរ។ នេះ​បើតាម​គម្រោង​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែកក្កដា។

    ឯកសារ​របស់ Citic Securities កន្លងមក បានផ្ដល់​តម្រុយ​ខ្លះ​អំពី​ផែនការ​នេះ របស់​រដ្ឋាភិបាល ទៅឱ្យ​ក្រុមអ្នកវិភាគ។ ជាក់ស្ដែង ក្រុមហ៊ុន​ចំនួន 2 បាន​ត​ភ្ជាប់​ជាមួយនឹង​ស្ថាប័ន​ជើងសា Citic Securities ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​ចំនួន 15 ផ្សេងទៀត ក្នុង​បំណង​បង្កើត​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង។

    ឯកសារ​​ខាង​លើ​បានឱ្យដឹងថា ក្រុមហ៊ុន​ដែល​កំពុង​រង់ចាំ​ការអនុម័ត​ពី​រដ្ឋាភិបាល​នេះ នឹង​គ្រប់គ្រង​បណ្ដា​មូលនិធិ​សោធន​និវត្តន៍​ពាណិជ្ជកម្ម, ធានារ៉ាប់រង​សុខភាព​រយៈពេល​ខ្លី និង​រយៈ​ពេល​​មធ្យម, ធានារ៉ាប់រង​អាយុជីវិត និង​មូលនិធិ​ទំនុកចិត្ត​នានា​សម្រាប់​គោលដៅ​ចូលនិវត្តន៍។

    ក្រុមអ្នកវិភាគ​ព្យាករ​ថា ក្រុមហ៊ុន​សោធន​និវត្តន៍​ជាតិ របស់​ចិន នឹង​ដើរតួនាទី​សំខាន់​នៅលើ​ទីផ្សារ​សោធន​និវត្តន៍​ដែល​​ប្រកប​ដោយ​​ការប្រកួតប្រជែង​ខ្ពស់។

    ប្រទេស​ចិន កំពុងដំណើរការ​ប្រព័ន្ធ​សោធន​និវត្តន៍ ដោយ​ប្រើប្រាស់​មូលដ្ឋានធំៗចំនួន 3 ក្នុងនោះ មូលដ្ឋាន​ចម្បង​ជាងគេ​គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​កាន់កាប់ 82.9% នៃ​ទ្រព្យ​សរុប​របស់​មូលនិធិ​សោធន​និវត្តន៍​នៅ​ប្រទេស​នេះ។ មូលដ្ឋាន​ទី 2 គឺ​មូលនិធិ​នានា​ដែល​អ្នកប្រើប្រាស់​ពលករ បាន​ចូលរួម​ជាប្រចាំ​ឆ្នាំ ក្នុងនោះ​រួមមាន​ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន 13 ផងដែរ។ មូលដ្ឋាន​ទី 3 កំពុងស្ថិត​ក្នុងដំណាក់កាល​ក្មេងខ្ចី ប៉ុន្តែ មាន​សក្ដានុពល​ខ្លាំង នៅពេល​ប្រទេស​ចិន ជំរុញ និង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ដល់​វិស័យ​សោធន​និវត្តន៍​ឯកជន៕

  • តា​លី​បង់ ប្រមូល​ទាហាន ឆ្ពោះទៅ​វាយប្រហារ​មូលដ្ឋានទ័ព Panjshir របស់​ក្រុម​ដែល​មិន​ព្រម​ចុះចាញ់

    តា​លី​បង់ ប្រមូល​ទាហាន ឆ្ពោះទៅ​វាយប្រហារ​មូលដ្ឋានទ័ព Panjshir របស់​ក្រុម​ដែល​មិន​ព្រម​ចុះចាញ់

    ក្រុម តា​លី​បង់ បានប្រកាសថា ទាហាន​រាប់រយ​នាក់​របស់ខ្លួន កំពុង​ឆ្ពោះទៅកាន់​ជ្រលង​ភ្នំ Panjshir ជាទី​ដែល​អតីតមន្ត្រី​យោធា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​បង្កើត​ចលនា​ប្រឆាំង តា​លី​បង់។

    «ក្រុម មូ​ចា​ហ៊ី​ឌី​ន (ជា​ក្រុម​ប្រយុទ្ធ​ដើម្បី​សាសនា​អ៊ីស្លាម) រាប់រយ​នាក់ របស់​រដ្ឋ​អ៊ីស្លាម​អេ​មី​រ៉ា​ត​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ឆ្ពោះទៅកាន់ Panjshir ដើម្បី​ដណ្ដើម​កាន់កាប់​ជ្រលង​ភ្នំ បន្ទាប់ពី​ក្រុមមន្ត្រី​មូលដ្ឋាន មិន​ព្រម​ប្រគល់​អំណាច​ដោយ​សន្តិវិធី» តា​លី​បង់ បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ Twitter កាលពី​ថ្ងៃទី 22 សីហា។ មូ​ចា​ហ៊ី​ឌី​ន (Mujahideen) គឺជា​ពាក្យ​ដែល តា​លី​បង់ ប្រើប្រាស់ សំដៅលើ​ទាហាន​ខ្លួន។

    ចាប់តាំងពី តាលីបង់ បានគ្រប់គ្រង អាហ្វហ្គានីស្ថាន គេឃើញមានចលនាប្រឆាំងនានា កំពុងផ្ទុះឡើង នៅពេលទាហានរបស់រដ្ឋាភិបាលដែលបានដួលរលំ ប្រមូលផ្ដុំគ្នានៅជ្រលងភ្នំ Panjshir ជាទីតាំងដែលត្រូវបានគេហៅថា មូលដ្ឋានប្រឆាំងនឹង តាលីបង់។ លោក Amrullah Sahel អតីតអនុប្រធានាធិបតី អាហ្វហ្គានីស្ថាន ក៏បានប្រកាសបង្កើតចលនាប្រឆាំងនឹង តាលីបង់ នៅជ្រលងភ្នំនេះផងដែរ។

    លោក Ahmad Massoud អតីតរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់ អាហ្វហ្គានីស្ថាន ជាអ្នកប្រយុទ្ធចុងក្រោយដែលនៅប្រឆាំងនឹង តាលីបង់ បានឱ្យដឹងថា ពួកគេសង្ឃឹមថា អាចចរចាដោយសន្តិភាព ប៉ុន្តែ បញ្ជាក់ថា កងកម្លាំងរបស់ខ្លួននៅ Panjshir បានត្រៀមប្រយុទ្ធរួចរាល់ហើយ។

    «យើងចង់ប្រាប់ តាលីបង់ ឱ្យដឹងថា ផ្លូវដែលត្រូវដើរបន្តគឺ ការចរចា។ យើងមិនចង់បង្កើតសង្គ្រាម» Ahmad Massoud ថ្លែងដូច្នេះ។ កងកម្លាំងរបស់ Massoud រួមមាន ក្រុមទាហាននៃកងទ័ពរដ្ឋាភិបាល និងកម្លាំងពិសេស របស់ អាហ្វហ្កានីស្ថាន រួមទាំងកងជីវពលក្នុងតំបន់ផងដែរ។

    ជ្រលងភ្នំ​ Panjshir

    Ahmad Massoud គឺជាកូនប្រុសរបស់ Ahmad Shah Massoud ជាមេបញ្ជាការម្នាក់ក្នុងចំណោមមេដឹកនាំសំខាន់ៗរបស់សម្ព័ន្ធយោធាខាងជើង ដែលធ្លាប់ប្រឈមមុខជាមួយ តាលីបង់ រហូតដល់ឆ្នាំ 2001។ Ahmad Massoud អះអាងថា អ្នកគាំទ្ររបស់លោក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រយុទ្ធ បើសិទ្ធជា តាលីបង់ ព្យាយាមចូលមកគ្រប់គ្រងជ្រលងភ្នំ Panjshir។

    យ៉ាងនេះក្ដី មិនទាន់ច្បាស់ថា យុទ្ធនាការចូលដណ្ដើមកាន់កាប់ Panjshir របស់ តាលីបង់ បានចាប់ផ្ដើមហើយ ឬនៅ។ មន្ត្រី តាលីបង់ ម្នាក់ និយាយថា តាលីបង់ បានចេញបញ្ជាឱ្យវាយប្រហារ ខណៈដែលជំនួយការម្នាក់របស់ Massoud ឱ្យដឹងថា មិនទាន់មានសញ្ញាបង្ហាញថា ក្រុមប្រដាប់អាវុធ តាលីបង់ ឆ្លងកាត់ផ្លូវនៅលើភ្នំដើម្បីចូលទៅកាន់ជ្រលងភ្នំ ហើយក៏មិនទាន់មានរបាយការណ៍ស្ដីពីការប្រយុទ្ធគ្នានៅឡើយដែរ។

    Masoud ប្រកាសថា មិនធ្វើការវាយប្រហារដោយប្រើប្រាស់កងជីវពលក្នុងតំបន់នេះ ប៉ុន្តែ បានអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលពេញលេញមួយនៅ កាប៊ុល ដែលតំណាងឱ្យគ្រប់ជាតិសាសន៍ របស់ អាហ្វហ្គានីស្ថាន។

    តាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី 15 សីហា ដោយស្ទើរតែមិនមានការប្រយុទ្ធគ្នា បន្ទាប់ពី សហរដ្ឋ​អាមេរិក ដកទ័ពចេញពី អាហ្វហ្គានីស្ថាន ទៅតាមបំណងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden ក្រោយ​រយៈ​ពេល 20 ឆ្នាំ ដែលពួកគេមានវត្តមាននៅប្រទេសនេះ៕

  • អ៊ីស្រាអែល បញ្ជាក់ថា វ៉ាក់សាំង​ដូ​ស​បន្ថែម កាត់បន្ថយ​ហានិភ័យ​ឆ្លង​វីរុស COVID-19

    អ៊ីស្រាអែល បញ្ជាក់ថា វ៉ាក់សាំង​ដូ​ស​បន្ថែម កាត់បន្ថយ​ហានិភ័យ​ឆ្លង​វីរុស COVID-19

    ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 22 សីហា បានប្រកាស​អំពី​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​បី និង​បាន​បញ្ជាក់ថា ដូ​ស​បន្ថែម​នេះ បាន​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​របស់ COVID-19។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​គ្រប់គ្រង​ការចាក់​វ៉ាក់សាំង កាលពី​ថ្ងៃទី 19 សីហា និង​ត្រូវបាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល អ៊ីស្រាអែល កាលពី​ថ្ងៃទី 23 សីហា ក៏​ប៉ុន្តែ បច្ចុប្បន្ន​នេះ​ សេចក្ដីលម្អិត​នៃ​ការស្រាវជ្រាវ​នេះ មិនទាន់​ត្រូវបាន​ធ្វើឡើង​ពេញលេញ​នៅឡើយ។

    ការរកឃើញ​នេះ​គឺ​ត្រូវ​ទៅនឹង​ស្ថិតិ​ដែល​ត្រូវ​បានលើកឡើង​កាលពី​សប្ដាហ៍​មុន ដោយ Maccabi ដែលជា​អ្នកផ្ដល់​សេវាកម្ម​សុខាភិបាល របស់ អ៊ីស្រាអែល និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ដើម្បី​ទប់ស្កាត់​វ៉ា​រ្យ៉​ង់ Delta។

    ក្រោយ​ការពិនិត្យ​ទៅលើ​ទិន្នន័យ​ដែល​បាន​ដកស្រង់​ពី​ស្ថិតិ របស់​វិទ្យាស្ថាន Gertner និង​វិទ្យាស្ថាន KI ក្រុមមន្ត្រី​សុខា​ភី​បាល អ៊ីស្រាអែល ឱ្យដឹងថា ក្នុងចំណោម​មនុស្ស​ដែលមាន​វ័យ​លើសពី 60 ឆ្នាំ លទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​វីរុស បន្ទាប់ពី​បាន​ចាក់​ម្ជុល​ទី​បី បាន 10 ថ្ងៃ គឺ​ខ្ពស់ជាង 4 ដង ធៀប​នឹង​អ្នក​ចាក់​តែ​ពីរ​ម្ជុល។

    ការចាក់​ដូ​ស​ទី​បី​ដល់​ពលរដ្ឋ​វ័យ​លើសពី 60 ឆ្នាំ ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​អាការ​ធ្ងន់ធ្ងរ ចាប់ពី 5 ដល់ 6 ដង​ឯណោះ។ នេះ​គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយសារ COVID-19 និង​ជា​ក្រុម​ពលរដ្ឋ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដំបូង​គេ​នៅ អ៊ីស្រាអែល កាលពី​ខែធ្នូ ឆ្នាំ 2020។

    អ៊ីស្រាអែល គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 990,428 នាក់ ក្នុងនោះ​មាន 6,830 នាក់ បាន​ស្លាប់៕

  • វិធីសាស្ត្រ​​ដែល សិង្ហ​បុរី ប្រើប្រាស់​ដើម្បី​ធ្វើឱ្យ​ទីក្រុង «ចុះ​ត្រជាក់» (វីដេអូ)

    វិធីសាស្ត្រ​​ដែល សិង្ហ​បុរី ប្រើប្រាស់​ដើម្បី​ធ្វើឱ្យ​ទីក្រុង «ចុះ​ត្រជាក់» (វីដេអូ)

    ដើម្បី​បញ្ចុះ​កម្ដៅ​ដល់ទី​ក្រុង សិង្ហ​បុរី បាន​រចនា​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ក្រោម​ដី​ក្នុង​អគារ​នានា ដាំ​ដើមឈើ និង​ការពារ​ប្រភពទឹក​ក្រោម​ដី។

    សិង្ហ​បុរី តែងមាន​សីតុណ្ហភាព​លើសពី 32 អង្សា​សេ។ នៅលើ​ផ្ទៃដី​នៃ​ទីក្រុង​របស់ សិង្ហ​បុរី ស្ទើរតែ​ទាំងអស់​គឺជា​ប៊េ​តុង នាំឱ្យ​សីតុណ្ហភាព​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​កម្ដៅ​នៅ​ជនបទ និង​នៅ​ទីក្រុង​របស់​ប្រទេស​នេះ ខុសគ្នា​រហូតដល់ 7 អង្សា​សេ។

    រដ្ឋាភិបាល កំពុង​ចាត់វិធានការ​នានា​ដើម្បី​ច​ញ្ចុះ​កម្ដៅ។ សួន Garden by the Bay ដែល​ជាទី​ប្រមូលផ្ដុំ​នៃ​សំណង់​មួយកន្លែង ធ្លាប់​ទទួលបាន​ពានរង្វាន់ International Garden Tourism ដោយ​សីតុណ្ហភាព​ក្នុង​អគារ​កញ្ចក់​ខាងក្នុង​សួន​នេះ មាន​កម្ដៅ​ត្រឹមតែ 24 អង្សា​សេ ប៉ុណ្ណោះ។

    ដោយសារ​តែមាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ក្រោម​ដី ទើប​អគារ​ជាច្រើន​នៅ​ជុំវិញ​សួន​នេះ ទទួលបាន​ផលចំណេញ។ ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​នេះ នឹង​ផ្គត់ផ្គង់​ទឹក​ត្រជាក់​ដល់​អគារ​នានា តាមរយៈ​បណ្ដាញ​ទូ​យោ​ទឹក​ក្រោម​ដី​ដែល​មិនអាច​ចម្លង​កម្ដៅ។

    ប្រទេស​នេះ ប្រើប្រាស់​មជ្ឈមណ្ឌល​រោងចក្រ​ដ៏​ធំ​មួយ ដើម្បី​បញ្ចុះ​កំដៅ​របស់​ទឹក។ ទឹក​ត្រជាក់​នឹងត្រូវ​បាន​នាំ​ឆ្លងកាត់​ប្រព័ន្ធ​ផ្លាស់ប្ដូរ​កម្ដៅ​ដែល​រត់​ទៅតាម​ទូ​យោ​ក្នុង​អគារ មជ្ឈមណ្ឌល​ពិព័រណ៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច Marina Bay Sand។

    ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​ទឹក អាច​សំច័យ​ថាមពល​អគ្គិសនី​បាន 40% ធៀប​នឹង​ម៉ាស៊ីនត្រជាក់។ ក្រៅពីនេះ វា​ក៏​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​ស្មើនឹង​ការ​ដំណើរការ​របស់​រថយន្ត​ចំនួន 10,000 គ្រឿង​ឯណោះ។

    បើសិន​ត្រូវបាន​ប្រើប្រាស់​ទូទាំង​ពិភពលោក បច្ចេកទេស​នេះ​របស់ សិង្ហ​បុរី អាច​សំច័យ​ថាមពល​អគ្គិសនី​បាន 1/3 នៃ​អគ្គិសនី​ដែល​បាន ប្រើប្រាស់​នាបច្ចុប្បន្ន សម្រាប់​បញ្ចុះ​កម្ដៅ​ទៅលើ​អគារ និង​រថយន្ត នា​ឆ្នាំ 2050។

    ចាប់តាំងពី​ឆ្នាំ 2017 ក្រុម​អ្នកស្រាវជ្រាវ​នៃ​គម្រោង​បញ្ចុះ​កម្ដៅ (Cooling) សិង្ហ​បុរី បាន​ដំណើរការ​គម្រោង​នេះ។ គម្រោង​នេះ បាន​អនុវត្ត​ដំណោះស្រាយ ដើម្បី​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់។

    ទន្ទឹមនឹងនេះ សិង្ហ​បុរី ក៏មាន​គម្រោង​អភិវឌ្ឍ​តំបន់​បៃតង​ផងដែរ។ ឧទាហរណ៍៖ Parkroyal on Pickering ត្រូវបាន​រចនា​តាមបែប «សណ្ឋាគារ​កណ្ដាល​សួន​រុក្ខជាតិ»។ ពួកគេ​បង្កើន​ទ្វេដង​នូវ​សក្ដានុពល​អភិវឌ្ឍ​តំបន់​តៃ​បង​របស់ខ្លួន។ បច្ចុប្បន្ន សណ្ឋាគារ​នេះ មាន​សួន​នៅក្នុង​ទី​ខ្ពស់ ទំហំ 15,000 ម៉ែត្រក្រឡា បឹង ជ្រោះ ដំបូល​មាន​ដាំ​រុក្ខជាតិ រួម​នឹង​ជញ្ជាំង​បៃតង។

    សិង្ហ​បុរី បានរៀបចំ​ផែនការ​ដាំ​រុក្ខជាតិ​ចំនួន 1 លាន​ដើរ​បន្ថែមទៀត និង​បង្កើត​តំបន់​បៃតង​ជាច្រើន​ផ្សេងទៀត ក្នុង​រយៈពេល 10 ឆ្នាំ​ខាងមុខ។ ប៉ុន​នេះ មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ សិង្ហ​បុរី នៅតែ​កំពុង​ប្រឈម​នឹង​ការឡើង​កម្ដៅ​ទ្វេដង ធៀប​នឹង​កម្រិត​មធ្យម​របស់​ពិភពលោក ក្នុង​រយៈពេល 60 ឆ្នាំ​កន្លង។ ដូច្នេះ Cooling Singapore បាន​បង្កើត​តារាង​ស្ថិតិ​មួយ​ដែល​រៀបរាប់​អំពី​ដំណោះស្រាយ​ទាំងឡាយ​ដែលមាន​សក្ដានុពល​ក្នុងការ​បញ្ចុះ​កម្ដៅ។

    ការការពារ​ប្រភពទឹក​ក្រោម​ដី មាន​តួនាទី​ដូច​ទៅនឹង​ស្រទាប់​បញ្ចុះ​កម្ដៅ​យ៉ាង​មាន​ប្រសិទ្ធភាព។ ធានា​ឱ្យបាន​ប្រាកដថា ទីក្រុង​មិនមាន​ការប្រើប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង ទាំង​ក្នុង​រយៈពេល​ខ្លី មធ្យម ឬ​រយៈពេល​វែង។ ផ្លាស់​ទី​រោងចក្រ​ផលិត​អគ្គិសនី ទៅ​តាំងនៅ​ជាយក្រុង និង​នាំយក​ប្រភព​អគ្គិសនី​ស្អាត​ចូល​ទីក្រុង។ ផ្លាស់ប្ដូរ​ដំបូលផ្ទះ​នៅក្នុង​ទីក្រុង ទៅជា​តំបន់​ដែល​អាច​ផលិត​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ជាជំហាន។

    បើសិនជា​គ្រប់​ដំបូលផ្ទះ និង​ផ្ទៃ​ខាងក្រៅ​របស់​ផ្ទះ ត្រូវបាន​អនុវត្តតាម​វិធីសាស្ត្រ​នេះ ក្នុង​រយៈពេល​វែង គេ​អាច​ផលិត​បាន​អគ្គិសនី ចាប់ពី 20-25% នៃ​បរិមាណ​អគ្គិសនី​ចាំបាច់ នៅ សិង្ហ​បុរី៕