Author: សឿន សំណាង

  • បច្ចេកវិទ្យា​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ថ្មី ដោយ​ប្រើ​​រុក្ខជាតិ​ និង​មិនបាច់​រក្សាទុក​ក្នុង​ទូទឹកកក

    បច្ចេកវិទ្យា​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ថ្មី ដោយ​ប្រើ​​រុក្ខជាតិ​ និង​មិនបាច់​រក្សាទុក​ក្នុង​ទូទឹកកក

    សហរដ្ឋអាមេរិក ៖ ក្រុម​វិស្វករ​ផ្នែក​វិទ្យាសាស្ត្រ ណា​ណូ (nano) នៅ​សាកល​វិទ្យា California San Diego កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​វ៉ាក់សាំង​នេះ​អាច​ទ្រាំ​បាន​នឹង​កម្ដៅ ដោយមាន​សមាសធាតុ​ចម្បង​គឺ​វីរុស​ពី​រុក្ខជាតិ ឬ​បាក់តេរី។

    វ៉ាក់សាំង​ខាងលើនេះ ទើបតែ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វ​ឌ្ឍ​ដំបូង​នៅឡើយ។ នៅលើ​សត្វ​កណ្ដុរ វ៉ាក់សាំង​នេះ​ជួយ​ជំរុញ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ​ក្នុង​បរិមាណ​យ៉ាងច្រើន​ដែល​អាច​កម្ចាត់ COVID-19។ បើសិន​ជាមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៅលើ​មនុស្ស ផលិតផល​នេះ​នឹង​ផ្លាស់ប្ដូរ​រាល់​ការប្រឹងប្រែង​ដើម្បី​ចែកចាយ​វ៉ាក់សាំង នៅ​ទូទាំង​ពិភពលោក រួមទាំង​តំបន់​ជនបទ​ដាច់ស្រយាល និង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប។

    «បច្ចេកវិទ្យា​វ៉ាក់សាំង​របស់​យើង មាន​ស្ថិរភាព​ផ្នែក​សីតុណ្ហភាព ដូច្នេះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅ​តំបន់​ដែល​មិន​អាចដាក់​ទូទឹកកក​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ឬ​ទី​ដែល​រថយន្ត​បំពាក់​ទូទឹកកក​ត្រជាក់​ខ្លាំង​មិនអាច​ទៅដល់» Nicole Steinmeetz សាស្ត្រាចារ្យ​ផ្នែក​បច្ចេកទេស​ណា​ណូ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​បច្ចេកទេស​ប្រព័ន្ធ​ស៊ាំ​វិទ្យា​កម្រិតណា​ណូ នៃ​មហាវិទ្យាល័យ Jacobs របស់​សាកលវិទ្យាល័យ UC San Diego បានឱ្យដឹង​ដូច្នេះ។

    រុក្ខជាតិ​សណ្ដែក​កួរ​ដែល​ក្រុម​ស្រាវ​ជ្រាវ​​របស់​សាស្ត្រាចារ្យ​ Nicole Steinmeetzប្រើ​ប្រាស់​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ COVID-19

    ក្នុងការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 7 កញ្ញា នៅលើ​ទស្សនាវដ្ដី​នៃ​សមាគម​គីមី​សាស្ត្រ សហរដ្ឋអាមេរិក ក្រុម​ស្រាវជ្រាវ​បង្កើតបាន​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន​ពីរ​ប្រភេទ ក្នុងនោះ ទីមួយ​គឺជា​វ៉ាក់សាំង​អភិវឌ្ឍ​ពី​វីរុស​នៅលើ​រុក្ខជាតិ ដែល​វា​មាន​ឈ្មោះថា “cowpea mosaic virus” និង​មួយ​ប្រភេទ​ទៀត អភិវឌ្ឍ​ពី​វីរុស​នៅលើ​បាក់តេរី ដែល​ហៅថា Q beta។

    ការអភិវឌ្ឍ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ សុទ្ធតែ​ប្រើ​រូបមន្ត​ដូចគ្នា។ ក្រុម​ស្រាវជ្រាវ​ប្រើប្រាស់​រុក្ខជាតិ​សណ្ដែកកួរ និង​បាក់តេរី E. coli ដើម្បី​បណ្ដុះ​ជា​វីរុស​រុក្ខជាតិ និង​វីរុស​បញ្ញើក្អែក​លើ​បាក់តេរី ចំនួន​រាប់លាន ដែលមាន​រូបរាង​ជា​គ្រាប់​មូល​ល្អិត​កម្រិតណា​ណូ។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​គ្រាប់​វីរុស​ទាំងនេះ ក្រោយមក​ភ្ជាប់​ប្រូតេអ៊ីន​បន្លា​មួយ​កំណាត់​របស់ COVID-19 ទៅលើ​ផ្ទៃ​របស់​វីរុស​ណា​ណូ។ ផលិតផល​សម្រេច មាន​រូបរាង​ដូច​ទៅនឹង​វីរុស​ចម្លងជំងឺ​ដែលមាន​សមត្ថភាព​ជំ​រុញឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ស្គាល់​ពួកវា ប៉ុន្តែ ពួកវា​មិន​ឆ្លង​រាលដាល​នៅលើ​មនុស្ស និង​សត្វ​នោះទេ។ ប្រូតេអ៊ីន​មួយ​កំណាត់​ខ្លី​មាន​រូបរាង​ដូច​បន្លា​ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ផ្ទៃ​លើ​នៃ​វីរុស​សិប្បនិម្មិត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ ជំ​រុញឱ្យ​រាងកាយ​ធ្វើ​ប្រតិកម្ម បង្កើតបានជា​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង​វីរុស COVID-19។

    Nicole F. Steinmetz សាស្ត្រាចារ្យផ្នែកបច្ចេកទេសណាណូ និងជាប្រធានមជ្ឈមណ្ឌលបច្ចេកទេសប្រព័ន្ធស៊ាំវិទ្យាកម្រិតណាណូ នៃមហាវិទ្យាល័យ Jacobs របស់សាកលវិទ្យាល័យ UC San Diego

    ប្រការ​ដែលនាំឱ្យ Steinmetz សប្បាយចិត្ត​ខ្លាំង​បំផុត នោះ​គឺ​បច្ចេកវិទ្យា​វ៉ាក់សាំង​នេះ​អាច​បត់បែន​បាន​យ៉ាង​ល្អ​ទៅតាម​កាលៈទេសៈ ដោយ​វា​អាច​ត្រូវបាន​កែសម្រួល​ក្នុង​រយៈពេល​ខ្លី​ដើម្បី​សម្រប​ខ្លួន​សម្រាប់​ប្រឆាំងនឹង​វីរុស​ដែល​ទើប​បង្ហាញខ្លួន​ថ្មី។

    យ៉ាងនេះ​ក្ដី សារ​ព័ត៌មាន​ Phys.org បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត ដើម្បី​អាចឈាន​ដល់​ដំណាក់កាល​ពិសោធន៍​លើ​មនុស្ស៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 9 កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 9 កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 8 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 589 នាក់

    – ជាសះស្បើយ​ថ្មី = 480 នាក់

    – ស្លាប់​ថ្មី = 20 នាក់។

    • ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 589 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 441 នាក់

    – អ្នកដំណើរពីបរទេស 148 នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 97,524 នាក់

    – អ្នកជាសះស្បើយ= 92,495នាក់

    – អ្នកស្លាប់= 2,007នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប= 223,436,470​​ នាក់

    – អ្នកជា​សះស្បើយ= 199,951,934 នាក់

    – អ្នកស្លាប់= 4,610,315 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,874,221 នាក់៕

  • រដ្ឋបាល​រាជធានី៖ ផ្អាក​​បណ្ដោះ​អាសន្ន​​សម្ម​ភា​ព​​ការងារ និង​អាជីវកម្ម​ដែលមាន​ហានិភ័យ​ឆ្លង​រាលដាល COVID-19

    រដ្ឋបាល​រាជធានី៖ ផ្អាក​​បណ្ដោះ​អាសន្ន​​សម្ម​ភា​ព​​ការងារ និង​អាជីវកម្ម​ដែលមាន​ហានិភ័យ​ឆ្លង​រាលដាល COVID-19

    នា​ព្រឹក​ថ្ងៃទី 9 កញ្ញា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​ទំព័រ Facebook បានចេញ​ប្រកាស សម្រេច​ផ្អាក​បណ្ដោះអាសន្ន​រាល់​សម្មភាព​ការងារ និង​អាជីវកម្ម​ដែលមាន​ហានិភ័យ​ឆ្លង​រាលដាល COVID-19 នៅក្នុង​សហគមន៍។

    ការផ្អាក​នេះ​នឹងមាន​រយៈពេល 14 ថ្ងៃ ដោយមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2021 ដល់​ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅក្នុង​សហគមន៍។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដូចខាងក្រោម៖

  • គំរាមថា​មាន​គ្រាប់បែក​លើ​យន្តហោះ ព្រោះតែ​ខក​ជើងហោះហើរ ស្ត្រី​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់

    គំរាមថា​មាន​គ្រាប់បែក​លើ​យន្តហោះ ព្រោះតែ​ខក​ជើងហោះហើរ ស្ត្រី​ម្នាក់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ច្បាប់

    សហរដ្ឋអាមេរិក៖ ស្ត្រី​ម្នាក់​បាន​កុហក​ប្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដោយ​គំរាមថា ក្នុង​វ៉ាលិស​របស់ខ្លួន​ដែល​ស្ថិតនៅលើ​យន្តហោះ មាន​គ្រាប់បែក ខណៈ​យន្តហោះ​កំពុង​បរ​ទៅមុខ ធ្វើឱ្យ​បុគ្គលិក​ត្រូវ​ជម្លៀស​អ្នកដំណើរភ្លាម។

    Marina Verbitsky អាយុ 46 ឆ្នាំ រួមជាមួយ​ប្ដី និង​កូន កាលពី​ថ្ងៃទី 6 កញ្ញា បាន​ខក​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Fort Lauderdale-Hollywood ក្នុងស្រុក Broward ដោយសារតែ​ពួកគេ​យឺតយ៉ាវ។ យន្តហោះ​ពេលនោះ​កំពុងតែ​ត្រៀម​ហោះ​ឡើង។

    «អ្នកស្រី​នោះ​ខឹង ព្រោះតែ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ» ប៉ូលិស​ស្រុក Broward ឱ្យដឹង​ដូច្នេះ។ «អ្នកស្រី​នេះ​ប្រើប្រាស់​ពាក្យសម្ដីអាក្រក់ៗជាមួយ​បុគ្គលិក ហើយ​នៅពេល​ដឹងថា យន្តហោះ​កំពុង​ត្រៀម​ហោះ​ឡើង​ដោយ​នាំយក​ទាំង​អីវ៉ាន់​របស់​អ្នកស្រី​ផង​នោះ អ្នកស្រី​ក៏​និយាយថា មាន​គ្រាប់បែក​ក្នុង​ថង់​វ៉ាលិស»។

    អ្នក​ស្រី Marina Verbitsky

    យន្តហោះ​នេះ​ត្រូវ​បង្ខំ​ឱ្យ​ឈប់​មកវិញ ចំណែក​អ្នកដំណើរ​ទាំងអស់​ក៏ត្រូវ​បាន​ឈ្លៀស​ចុះ​ពី​យន្តហោះ។ ក្រោយមក ក្រុមប៉ូលិស​របស់​ស្រុក Broward បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​រកឃើញថា ស្ត្រី​នេះ​និយាយ​កុហក។

    Verbitsky ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ព្រមាន​ក្លែងក្លាយ​អំពី​គ្រាប់បែក និង​គ្រឿងផ្ទុះ ហើយក៏​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​មួយ​នៅ​តំបន់ Fort Lauderdale។ អ្នកស្រី​បាន​ចូល​តុលាការ​កាលពី​ថ្ងៃទី 7 កញ្ញា និង​ត្រូវ​បង់ប្រាក់​ធានា​ខ្លួន​ចំនួន 10,000 ដុល្លារ ហើយ​ថែមទាំង​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​លើ​សុខភាព​ផ្លូវចិត្ត​ទៀតផង៕

  • COVAX កាត់បន្ថយ 30% នៃ​​គោល​ដៅ​​ចែករំលែក​​វ៉ាក់​សាំង​ដល់​​បណ្ដា​​ប្រទេស​​ក្រីក្​រ ក្នុង​ឆ្នាំ 2021

    COVAX កាត់បន្ថយ 30% នៃ​​គោល​ដៅ​​ចែករំលែក​​វ៉ាក់​សាំង​ដល់​​បណ្ដា​​ប្រទេស​​ក្រីក្​រ ក្នុង​ឆ្នាំ 2021

    ក្រុម​អង្គ​ការដែល​ដឹកនាំ​កម្មវិធី COVAX បានឱ្យដឹងថា ប្រភព​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ចែករំលែក​ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំនេះ ត្រូវ​ថយចុះ 30% ធៀប​នឹង​គោលដៅ 2 ពាន់​លាន​ដូ​ស។

    គោលដៅ​បែងចែក​វ៉ាក់សាំង COVID-19 ចំនួន 2 ពាន់​លាន​ដូ​ស សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ នឹង​ត្រូវបាន​កាត់បន្ថយ 30% មក​នៅត្រឹម 1.425 ពាន់​លាន​ដូ​ស ក្នុង​ឆ្នាំ 2021 នេះ​បើតាម​ប្រកាស​រួម​ដែល​ត្រូវបាន​សម្ព័ន្ធ​វ៉ាក់សាំង Gavi, អង្គការ​សុខភាព​ពិភពលោក (WHO), UNICEF និង សម្ព័ន្ធ​ផ្លាស់ប្ដូរ​ការច្នៃប្រឌិត​ថ្មី ត្រៀម​សម្រាប់​រោគរាតត្បាត (CEPI) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 8 កញ្ញា។

    ក្រុម​អង្គការ​ខាងលើ​ឱ្យដឹងថា មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​មានការ​កាត់បន្ថយ​ការផ្គត់ផ្គង់​វ៉ាក់សាំង​នេះ ក្នុងនោះ​មាន​ទាំង​បញ្ហា​កាត់បន្ថយ​ការនាំចេញ និង​បញ្ហា​ផលិត​របស់​បណ្ដា​ក្រុមហ៊ុន ដូចជា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា, ក្រុមហ៊ុន Johnson & Johnson និង AstraZeneca ក៏ដូចជា​បញ្ហាយឺតយ៉ាវ​ក្នុង​ការអនុម័ត​វ៉ាក់សាំង​ថ្មី​នៅ សហរដ្ឋអាមេរិក និង ចិន​ផងដែរ។

    Seth Berkley ប្រធាន​អង្គការ Gavi ថ្លែងថា៖ «នេះ​គឺជា​បញ្ហា​អាក្រក់​សម្រាប់​ពិភពលោក ព្រោះ​យើង​បានឃើញ​ហើយ​អំពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​នៅពេល​វីរុស​ឆ្លង​រាលដាល​ដោយ​មិនអាច​គ្រប់គ្រង​បាន»។

    ប្រកាស​រួម​ខាងលើ​ឱ្យដឹង​ដែរ​ថា គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង 2 ពាន់​លាន​ដូ​ស គ្រោង​នឹង​សម្រេចបាន​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2022។

    គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង 5.56 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ដោយ​មធ្យមភាគ​ក្នុង 1 ថ្ងៃ ចាក់​បាន 31.23 លាន​ដូ​ស។ ក៏ប៉ុន្តែ ប្រហែល 80% ក្នុងចំណោម​នោះ ត្រូវបាន​ចាក់​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន។ ជាង 41% នៃ​ប្រជាជន​សរុប​របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស​រួចហើយ ប៉ុន្តែ អត្រា​នេះ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​គឺ​ត្រឹមតែ 1.9% ប៉ុណ្ណោះ៕

  • តា​លី​បង់ វាយតប់​ក្រុម​ស្ត្រី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល

    តា​លី​បង់ វាយតប់​ក្រុម​ស្ត្រី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ ប្រើប្រាស់​រំពាត់ ដំបង វាយ​ទៅលើ​ក្រុម​ស្ត្រី​ដែល​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល ដើម្បី​ជំទាស់​ទៅនឹង​រដ្ឋាភិបាលបណ្ដោះអាសន្ន​ដែលមាន​សុទ្ធតែ​បុរស។

    ហេតុការណ៍​បានកើត​ឡើង​នៅពេល​ក្រុម​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន នាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 8 កញ្ញា និង​បាននាំគ្នា​ស្រែកថា «ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន​ម៉ឺន​ឆ្នាំ»។ បាតុករ​ខ្លះ​កាន់​បដា​ដែល​សរសេរថា «ពុំមាន​រដ្ឋាភិបាល​ណា​ដែល​បដិសេធ​វត្តមាន​របស់​ស្ត្រី»។

    បាតុករ​មួយចំនួន​ក៏បាន​លើក​រូបថត​ស្ត្រី​ជា​នគរបាល​មួយរូប​កំពុងមាន​ផ្ទៃពោះ ដែល​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ខេត្ត Ghor កាលពី​ប៉ុន្មាន​ថ្ងៃមុន​ផងដែរ។

    «យើង​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​ប្រកាស​កាលពីពេលថ្មីៗនេះ​អំពី​អាជ្ញាធរ​ដែល​មិនមាន​វត្តមាន​របស់​ស្ត្រី» បាតុករ​ម្នាក់​និយាយ​ដូច្នេះ។ នាង​និយាយថា បាតុករ​មួយចំនួន ត្រូវបាន​គេ​វាយ​នឹង​រំពាត់។ «ពួកគេ​ប្រាប់​ឱ្យ​យើង​ត្រលប់​ទៅផ្ទះ និង​ទទួលស្គាល់​រដ្ឋាភិបាល​នេះ។ ហេតុអ្វី​យើង​ត្រូវ​ទទួលស្គាល់ នៅពេលដែល​វា​មិន​ផ្ដល់​សិទ្ធិ និង​ពុំមាន​វត្តមាន​របស់​យើង​ជា​ស្ត្រី»។

    សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា អាជ្ញាធរ តា​លី​បង់ ក៏បាន​វាយតប់​អ្នកកាសែត​មួយចំនួន​ដែល​រាយការណ៍​អំពី​បាតុកម្ម​នេះ។ មនុស្ស​ម្នាក់​និយាយថា នារី​វ័យ 16 ឆ្នាំ​ម្នាក់ កំពុងធ្វើដំណើរ​ទៅ​សាលារៀន «ត្រូវបាន​ចាប់​ចូល​ផ្ទះ និង​វាយដំ​យ៉ាងធ្ងន់ធ្ងរ»។

    បាតុករ​ម្នាក់​និយាយថា តា​លី​បង់ បាន​បង្ហាញថា «ពួកគេ​មិនអាច​ផ្លាស់ប្ដូរ» សារជាតិ​ដើម​របស់​ពួកគេ។

    នេះ​គឺជា​បាតុកម្ម​ថ្មី​បំផុត​របស់​សកម្មជន​ស្ត្រី ដើម្បី​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​អាជ្ញាធរ តា​លី​បង់។ មុន​នោះ​មួយថ្ងៃ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​បានចេញ​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​នៅ កា​ប៊ុល រាប់​ចាប់ពី​ពេល តា​លី​បង់ បាន​សម្រុកចូល​កាន់កា​ប់​ទីក្រុង​កាលពី​ខែ​មុន។

    តា​លី​បង់ ពុំទាន់​បាន​បញ្ចេញមតិ​អ្វី​អំពី​បាតុកម្ម​កាលពី​ថ្ងៃទី 8 កញ្ញា។ កងកម្លាំង​នេះ កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដែលមាន​សមាជិក​សុទ្ធតែជា​បុរស ក្នុងនោះ​ភាគច្រើន​គឺជា​មេដឹកនាំ​ដែល​ធ្លាប់​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ទសវត្សរ៍ 1990៕

  • រដ្ឋាភិបាល​អន្តរកាល​របស់ អាហ្វហ្គានីស្ថាន​ នៃ​ក្រុម តា​លី​បង់ ដែល​​ប្រកប​ដោយ​​អាថ៌កំបាំង

    រដ្ឋាភិបាល​អន្តរកាល​របស់ អាហ្វហ្គានីស្ថាន​ នៃ​ក្រុម តា​លី​បង់ ដែល​​ប្រកប​ដោយ​​អាថ៌កំបាំង

    តា​លី​បង់ បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថ្មី សម្រាប់​ដឹកនាំ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ក្រុម​នេះ​ហៅថា «រដ្ឋ​អ៊ីស្លាម​អេ​មី​រ៉ា​ត នៃ អា​ហ្វ​ហ្កា​នី​ស្ថាន» (Islamic Emirate of Afghanistan)។

    សារព័ត៌មាន BBC បាន​រាយការណ៍​ថា រដ្ឋាភិបាល​អន្តរកាល​នេះ មាន​សមាជិកសំខាន់ៗចំនួន 10 រូប។ ប៉ុន្តែ Aljazeera រាយការណ៍​ថា ជិត​ពាក់កណ្ដាល​ក្នុងចំណោម​សមាជិក​ទាំងនេះ ពុំ​ធ្លាប់​បានបង្ហាញ​វត្តមាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

    ក្នុង​បញ្ជី​ឈ្មោះ​នៃ​សមាជិក​ទាំង 10 រូប របស់​រដ្ឋាភិបាល​ថ្មី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ (តាម​ការផ្សាយ​របស់ BBC) រួមមាន៖

    • មេដឹកនាំ​របស់​ក្រុម តា​លី​បង់ ៖ Mawlawi Hibatullah Akhundzada មាន​តួនាទី​ដូច​ប្រធានាធិបតី
    • សមាជិក​រដ្ឋាភិបាលបណ្ដោះអាសន្ន ៖
    នាយករដ្ឋមន្ត្រី​​នៃ​ក្រុម​ តាលីបង់ លោក​ Mullah Mohammad Hassan Akhund (រូបថត​ថ្មី​)

    នាយករដ្ឋមន្ត្រី ៖ Mullah Hassan Akhund

    ឧបនាយករដ្ឋមន្ត្រី ៖ Mullah Abdul Ghani Baradar

    ឧបនាយករដ្ឋមន្ត្រី ៖ Maulvi Adul Salam Hanafi

    • រដ្ឋមន្ត្រី ៖

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ៖ Mullah Mohammed Yaqoob Mujahid

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ Sirajuddin Haqqani

    រដ្ឋមន្ត្រី​ក្រសួងការបរទេស ៖ Maulvi Amir Khan Muttaqi

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ៖ Mullah Hidayat Badri

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ Abdul Hakim Ishaqzai

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ Khairullah Said Wali Khairkhwa

  • វៀតណាម ពិសោធ​ថ្នាំ​ថ្មី​ ព្យាបាលជំងឺ​ COVID-19 បច្ចេក​វិទ្យា​របស់​ បារាំង

    វៀតណាម ពិសោធ​ថ្នាំ​ថ្មី​ ព្យាបាលជំងឺ​ COVID-19 បច្ចេក​វិទ្យា​របស់​ បារាំង

    ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាសថា បាន និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន បារាំង ក្នុងការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី និង​ទទួល​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​ប្រភេទ polyclonal ដែលមាន​ឈ្មោះថា XAV-19 សម្រាប់​ព្យាបាល​ជំងឺ COVID-19។

    ធាតុ​រាវ​សម្រាប់​បញ្ចូល​ក្នុង​សរសៃឈាម​របស់ XAV-19 គឺជា​អង្គ​ប​ដិ​ប្រាណ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​មធ្យម។ ថ្នាំ​នេះ​ត្រូវបាន​ក្រុមហ៊ុន បារាំង Xenothera អភិវឌ្ឍ ដោយ​យោងទៅលើ​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​របស់​ក្រុមហ៊ុន​នេះ​ផ្ទាល់ ដែល​រួមផ្សំ​រវាង​វិស័យ​ជាតិពន្ធុវិទ្យា និង​ប្រព័ន្ធ​ស៊ាំ​វិទ្យា។ លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទីមួយ និង​ទី​ពីរ បង្ហាញថា «ថ្នាំ​មាន​សុវត្ថិភាព ប្រសិទ្ធ​ភាពល្អ ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្សាប​វីរុស និង​កាត់បន្ថយ​រលាក» នេះ​បើតាម​ក្រសួងសុខាភិបាល។

    ថ្នាំ XAV-19 ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​នានា​របស់ COVID-19 ដែល​ត្រូវបាន​រកឃើញ​កន្លងមក។ ថ្នាំ​នេះ​ក៏​អាចបង្កើត​ភាពស៊ាំភ្លាមៗ និង​រារាំង​វីរុស​ជ្រៀត​ចូលក្នុង​កោសិកា។

    អ្នកស្រី Odile Duvaux ប្រធានក្រុមហ៊ុន Xenothera

    XAV-19 កំពុង​ត្រូវបាន​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី នៅ​ប្រទេស​បារាំង និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប។ ថ្នាំ​នេះ​ក៏​នឹង​ត្រូវបាន​ផ្គត់ផ្គង់​នៅ​ប្រទេស​បារាំង បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់។

    អ្នកស្រី Odile Duvaux ប្រធាន​ក្រុមហ៊ុន Xenothera ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​ត្រៀមខ្លួន​សហការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី​នៅ វៀតណាម និង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​ការផលិត។ ចំណែក​អនុរដ្ឋមន្ត្រី​សុខ​ភិ​បាល វៀតណាម Tran Van Thuan អះអាងថា វៀតណាម ក៏បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចសហការ​នេះ​ផងដែរ៕

  • អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្នាក់រៀន​ត្រូវ​ខណ្ឌ​ចែក​និស្សិត​ប្រុស-ស្រី ដោយ​វាំងនន ក្នុងសម័យ តា​លី​បង់

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្នាក់រៀន​ត្រូវ​ខណ្ឌ​ចែក​និស្សិត​ប្រុស-ស្រី ដោយ​វាំងនន ក្នុងសម័យ តា​លី​បង់

    វាំងនន​ពណ៌​ស្រអាប់​ខណ្ឌ​ចែក​ក្នុង​បន្ទប់រៀន​នៅក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​រដ្ឋធានី​កា​ប៊ុល ដោយ​ម្ខាង​ជា​ក្រុមនិស្សិត​ប្រុស ចំណែក​ម្ខាង​ទៀត​គឺជា​ក្រុមនិស្សិត​ស្រី​ដែល​ជួត​កន្សែង​ពណ៌​ខ្មៅ​លើ​ក្បាល។

    យោងតាម​ការស្នើ​របស់ តា​លី​បង់ និស្សិត​ប្រុស និង​និស្សិត​ស្រី ត្រូវ​ចេញ-ចូល​សាលា​ដោយ​ប្រើប្រាស់​ផ្លូវ​ដោយឡែក​ពីគ្នា ហើយ​ថ្នាក់រៀន​ដែលមាន​សិស្ស​ចម្រុះ​ភេទ នឹងត្រូវ​បានអនុញ្ញាត បើសិនជា​សិស្សស្រី​មាន​ចំនួន​ក្រោម 15 នាក់ ប៉ុន្តែ ត្រូវតែមាន​វាំងនន​ខណ្ឌ​ចែក​រវាង​ក្រុមសិស្ស​ប្រុស និង​សិស្សស្រី។ ស្ថាប័ន​អប់រំ​នានា ត្រូវតែមាន​ទីតាំង​ថ្វាយបង្គំ​ព្រះ​ដោយឡែក​សម្រាប់​និស្សិត​ស្រី។

    ក្រៅពីនេះ សំណើ​របស់ តា​លី​បង់ ក៏​ស្នើឱ្យ​និស្សិត​ស្រី អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ភេទ​ស្រី​ទាំងអស់ គោរព​តាម​ការកំណត់ ដោយ​ជួត​កន្សែង ហ៊ី​ចាប (hijab) ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម Sharia។ កន្សែង ហ៊ី​ចាប បិទបាំង​សក់ ប៉ុន្តែ​មិន​បិទបាំង​មុខ​ដូច​ស្បៃ នី​កាប (niqab) នោះទេ។

    សំណើ​របស់ តា​លី​បង់ មាន​ឃ្លា​សរសេរថា៖ «សាកលវិទ្យាល័យ​នានា ក្នុង​អនាគត​គួរតែ​ព្យាយាម​ជ្រើសរើស​សាស្ត្រាចារ្យ​ភេទ​ស្រី ដើម្បី​បង្រៀន​និស្សិត​ស្រី។ នាបច្ចុប្បន្ន ត្រូវការ​អនុញ្ញាតឱ្យ​សាស្ត្រាចារ្យ​ដែលមាន​វ័យ​ចំណាស់ និង​គួរឱ្យ​ទុកចិត្ត ដើម្បី​បង្រៀន​និស្សិត​ស្រី»។

    Waheed Roshan នាយករង​នៃ​សាកលវិទ្យាល័យ Bakhtar នៅ​រដ្ឋធានី​កា​ប៊ុល ឱ្យដឹងថា សាលា​នេះ​នឹង​គោរព​តាម​ការស្នើ​របស់​អាជ្ញាធ​រ តា​លី​បង់។ Roshan និយាយថា កិច្ច​ការដែល​ត្រូវធ្វើ​នឹង​ជា​រឿង​លំបាក​សម្រាប់​សាកលវិទ្យាល័យ​ជាច្រើន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ និស្សិត​ប្រមាណ 20% នៅ​សាកលវិទ្យាល័យ Bakhtar គឺជា​ស្ត្រី ហើយ​សាលា​អាច​បង្រៀន​និស្សិត​ប្រុស និង​ស្រី​ទៅតាម​វេន​ដោយឡែក​បាន ប៉ុន្តែ សាលា​ជាច្រើន​ដទៃ អាច​ជួប​ការលំបាក​ខ្លាំង និង​ត្រូវ​ប្រើប្រាស់​វិធី​ខណ្ឌ​ចែក​ដោយ​វាំងនន។

    និស្សិត​ស្រី​នៅ កា​ប៊ុល មានប្រតិកម្ម​ផ្សេងគ្នា​ជុំវិញ​ការផ្លាស់ប្ដូរ​នៅក្នុង​សាលា​ដែល​ពួកគេ​រៀន។ Sahar និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វ័យ 21 ឆ្នាំ និយាយថា រីករាយ​នៅពេល តា​លី​បង់ មិន​ហាម​ស្ត្រី​ចូលរៀន​នៅ​មហាវិទ្យាល័យ ប៉ុន្តែ យល់ថា ការកំណត់​ថ្មី​នេះ​គឺជា​រឿង​ជ្រុលនិយម។

    «មាន​និស្សិត​ស្រី​ជាច្រើន​នៅ កា​ប៊ុល ធំ​ឡើង​នៅក្នុង​សង្គម​សេរីភាព ពួកគេ​មានឱកាស​ជ្រើសរើស​សម្លៀកបំពាក់​ដែល​ពួកគេ​ចង់បាន និង​អាច​ជ្រើសរើស​មហាវិទ្យាល័យ​ដែល​ពួកគេ​ចូលចិត្ត ឬ​សម្រេចចិត្តថា តើ​គួរ ឬ​មិនគួរ​អង្គុយ​ជិត​មិត្ត​រួម​ថ្នាក់​ដែលជា​បុរស។ ប៉ុន្តែ ពេលនេះ ពួកគេ​ពិបាក​សម្រប​ខ្លួន​ទៅតាម​ការកំណត់​ដ៏​តឹងរ៉ឹង​ថ្មី​នេះ» Sahar បន្ថែម​ដូច្នេះ។

    Ziba ដែលជា​និស្សិត​ម្នាក់ វ័យ​ប្រហែល 20 ឆ្នាំ នៅ​ក្រុង​កា​ប៊ុល និយាយថា ខ្លួន​កំពុង​មានបំណង​បោះបង់​ការសិក្សា ព្រោះ​ព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច តា​លី​បង់ ដាក់​លក្ខខណ្ឌ​តឹងតែង​ជាង​នេះ​នាពេល​អនាគត។ Ziba ថ្លែងថា ល្អ​បំផុត​គឺ​នៅផ្ទះ។

    ចំណែក Mina Qasem អាយុ 19 ឆ្នាំ បានឱ្យដឹងថា នាង​សប្បាយចិត្ត នៅពេល​បានចាប់ផ្ដើម​ចូលរៀន​មហាវិទ្យាល័យ។ «ខ្ញុំ​នឹង​ប្រើប្រាស់​កន្សែង​គ្រប់​ប្រភេទ​ដែល​ពួកគេ (តា​លី​បង់) ស្នើ ឱ្យតែ​ពួកគេ​អនុញ្ញាតឱ្យ​និស្សិត​ស្រី​ចូលរៀន​មហាវិទ្យាល័យ។ ប្អូនស្រី​របស់ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅ​ឆ្នាំនេះ ហើយនឹង​ចុះឈ្មោះ​ចូលរៀន​មហាវិទ្យាល័យ​ឯកជន​នៅ​ចុងឆ្នាំ​នេះដែរ»។ Mina បន្តថា៖ «បើសិនជា​ស្ត្រី​ចង់​មាន​សំឡេង​នៅក្នុង​អនាគត ពួកគេ​ត្រូវតែ​ទទួលបាន​ការអប់រំ​នៅក្នុង​ស្ថានភាព​ណា​ក៏​ដោយ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8 ខែ​កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 7 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 596 នាក់
    – ជាសះស្បើយ​ថ្មី = 397 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    • ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 596 នាក់ មាន៖

    – ករណី​ឆ្លងក្នុង​​សហគមន៍ 419 នាក់
    – អ្នកដំណើរ​ពី​បរទេស 177 នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 8 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប = 96,935 នាក់
    – អ្នកជាសះស្បើយសរុប​ = 92,015 នាក់
    – អ្នកស្លាប់ = 1,987 នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប= 222,777,304​​ នាក់
    – អ្នកជា​សះស្បើយ= 199,304,747 នាក់
    – អ្នកស្លាប់= 4,600,073 នាក់
    – អ្នក​​កំពុង​ព្យាបាល = 18,872,484 នាក់៕