Author: សឿន សំណាង

  • កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ​ខាងមុខ

    កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ​ខាងមុខ

    នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ប្រកាស​ឱ្យ​ចាប់ផ្តើម​រៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដើម្បី​អាច​បើក​ដំណើរការ​សាលាបឋមសិក្សា​ឡើងវិញ។ នេះ​បើតាម សារ​ជា​សំឡេង ដែល​ផ្ញើ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021។

    «បើ​មិន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ទៅ 12 ឆ្នាំ​ទេ យើង​មិនអាច​ឈានទៅ​បើក​សាលាបឋមសិក្សា​បានទេ ព្រោះ​អាយុ​នេះ គឺ​នៅក្នុង​ក្របខ័ណ្ឌ​បឋមសិក្សា ហើយ​យើង បែរជា​បើក​តែ​អនុវិទ្យាល័យ-វិទ្យាល័យ ដូច្នេះ​ធ្វើឱ្យមាន​បញ្ហាលំបាក» ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ។

    សម្តេច បាន​បញ្ជាក់ថា ប្រទេសមួយ​ចំនួន​បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ក្រោម​អាយុ 12 ឆ្នាំ​រួចហើយ បន្ទាប់​មានការ​សិក្សា​ស្រាវ​នៅតាម​បណ្ដា​ប្រទេស។

    ការចាក់​វ៉ាក់សាំង COVID-19 ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដែលមាន​ចំនួន​ជាង 1.8 លាន​នាក់​នៅ កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ ទី 17 ខែកញ្ញា ឆ្នាំ 2021 ក្នុង​ក្រប​ខ័​ណ្ណ​ទូទាំងប្រទេស។

  • ខ្លាចការវាយប្រហារពីកងទ័ពរបស់ ចិនដីគោក យន្តហោះចម្បាំងរបស់ កោះតៃវ៉ាន់ ហាត់ហោះហើរលើផ្លូវល្បឿនលឿន

    ខ្លាចការវាយប្រហារពីកងទ័ពរបស់ ចិនដីគោក យន្តហោះចម្បាំងរបស់ កោះតៃវ៉ាន់ ហាត់ហោះហើរលើផ្លូវល្បឿនលឿន

    យន្តហោះ​ចម្បាំង និង​យន្តហោះ​ព្រមាន​រហ័ស​របស់​កោះ​តៃវ៉ាន់ ហាត់​ស៊ាំ​ហោះ​ឡើង និង​ចុះចត​លើផ្លូវ​ល្បឿន​លឿន នៅក្នុង​សេណារីយោ «មូលដ្ឋាន​ទ័ពអាកាសសំខាន់ៗ រង​ការវាយប្រហារ​ពី​គ្រាប់​រ៉ុក្កែត»។

    ក្រុម​យន្តហោះ​ចម្បាំង​ដែល​រួមមាន F-16V មួយគ្រឿង, Mirage 2000 មួយគ្រឿង, IDF (Indigenous Defense Fighter) មួយគ្រឿង និង E-2 មួយគ្រឿង ធ្វើការ​ហាត់​ស៊ាំ​ក្នុង​ការហោះ​ឡើង និង​ចុះចត​នៅលើ​កំណាត់​ផ្លូវ​ល្បឿន​លឿន​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ស្រុក Pingtung របស់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី 15 កញ្ញា។ ការហ្វឹកហាត់​នេះ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ Han Kuang ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 13 ដល់ 17 កញ្ញា។

    ការហ្វឹកហាត់​នេះ​គឺ​ដើម្បី​បង្ការ និង​ទប់​ទល់នឹង​ស្ថានការណ៍​ដែល​មូលដ្ឋាន​កងទ័ពអាកាស​នានា​របស់ តៃវ៉ាន់ រង​ការវាយប្រហារ​ពីស​ត្រូវ។

    លោក​ស្រី Tsai Ing-Wen

    មេដឹកនាំ​របស់ កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ តៃវ៉ាន់ ដែល​កាន់តែ​បង្ហាញ​អំពី​ភាពជឿជាក់​ទៅលើ​លទ្ធភាព​ការពារ​ដែនអាកាស​រប​ស់កោះ​នេះ «តាមរយៈ​ជំនាញ​ក្នុងការ​ប្រយុទ្ធ​ដ៏​អស្ចារ្យ រួម​នឹង​សកម្មភាព​ជាក់ស្ដែង និង​រហ័សរហួន​ដែល​បានមកពី​ការហ្វឹកហាត់​ប្រចាំថ្ងៃ»។

    តៃវ៉ាន់ មាន​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ចម្បាំង ចំនួន 5 កន្លែង នៅ​គ្រប់​តំបន់សំខាន់។ ផ្លូវ​រត់​ទាំងនេះ ភាគច្រើន​ជា​កំណត់​ផ្លូវ​ល្បឿន​លឿន​ដែល​ត្រូវបាន​សាងសង់​ជាពិសេស​សម្រាប់​ការហោះ​ឡើង និង​ចុះចត​របស់​យន្តហោះ​ចម្បាំង ដើម្បី​អាច​ប្រើប្រាស់​បានភ្លាមៗនៅពេល​មូលដ្ឋាន​ទ័ពអាកាស​ត្រូវ​បាន​កម្ទេច​ដោយ​សត្រូវ។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    មូលដ្ឋាន​ទ័ពអាកាសរ​បស់ តៃវ៉ាន់ ភាគច្រើន​ស្ថិតនៅ​ភាគ​ខាងលិច ទល់មុខ​នឹង​ប្រទេស​ចិនដីគោក ដែល​អាច​រង​ការវាយប្រហារ​ពី​មី​ស៊ី​លភ្លាមៗ បន្ទាប់ពី​សង្គ្រាម​កើតឡើង។

    F-16V ហោះ​ឡើង​ពី​ផ្លូវ​ល្បឿន​លឿន​

    មូលដ្ឋាន​ទ័ពអាកាស​ចំនួន​ពីរ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​របស់​កោះ​តៃវ៉ាន់ មាន​ឃ្លាំង​យន្តហោះ​ស្ថិតនៅ​ជ្រៅ​ក្នុង​ភ្នំ ដែល​អាច​ទប់​ទល់នឹង​ការវាយប្រហារ​បានល្អ​ជា​ង​បណ្ដា​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​របស់​ដែន​កោះ​នេះ។

    ការហាត់​ស៊ាំ​នានា​របស់​កងទ័ព​តៃវ៉ាន់ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល ចិនដីគោក កំពុង​បង្កើន​សកម្មភាព ក៏ដូចជា​វត្ត​មាននៅ​ជុំវិញ​កោះ​នេះ។ ប្រទេស​ចិន តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ប្រើប្រាស់​អាវុធ​ដើម្បី​ដណ្ដើម​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។

    ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទ័ពអាកាស​របស់ តៃវ៉ាន់ ហាក់​ត្រូវបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​បណ្ដេញ​យន្តហោះ​ចិនដីគោក ស្ទើរតែ​រាល់ថ្ងៃ ដោយសារតែ​យន្តហោះ​យោធា​ចិន រំលោភ​ចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់ តៃវ៉ាន់៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 ខែ​កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 14 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 653 នាក់

    – ជាសះស្បើយ​ថ្មី = 463 នាក់

    – ស្លាប់​ថ្មី = 9 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 653 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 523 នាក់

    – អ្នកដំណើរពីបរទេស 130 នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=101,443 នាក់

    – អ្នកជាសះស្បើយ=95,367 នាក់

    – អ្នកស្លាប់=2,067 នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 226,673,731 នាក់

    – អ្នកជា​សះស្បើយ = 203,381,136 នាក់

    – អ្នកស្លាប់ = 4,663,088 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,629,507 នាក់

  • តា​លី​បង់ ដណ្ដើម​តំណែង​គ្នា​! ថ្នាក់​លើ​ឈ្លោះ​​ប្រកែក​គ្នា​ ថ្នាក់​ក្រោម​វាយតប់​គ្នា​នៅឯ​​វិមាន​ប្រធានាធិបតី

    តា​លី​បង់ ដណ្ដើម​តំណែង​គ្នា​! ថ្នាក់​លើ​ឈ្លោះ​​ប្រកែក​គ្នា​ ថ្នាក់​ក្រោម​វាយតប់​គ្នា​នៅឯ​​វិមាន​ប្រធានាធិបតី

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​ជាន់ខ្ពស់ តា​លី​បង់ បានឱ្យដឹងថា ការ​វាយតប់​គ្នា​ដ៏​ធំ​មួយ​បានកើត​ឡើង​រវាង​សមាជិក​របស់​ក្រុម​នេះ ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី។

    ប្រភពព័ត៌មាន​ពី តា​លី​បង់ កាលពី​ថ្ងៃទី 14 កញ្ញា បានឱ្យដឹងថា សហ​ស្ថាបនិក​ក្រុម លោក Abdul Ghani Baradar និង Khalil ur-Rahman Haqqani រដ្ឋមន្ត្រី​បណ្ដោះអាសន្ន​ទទួលបន្ទុក​ជនភៀសខ្លួន ដែលជា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បណ្ដាញ Haqqani (សាខា​ប្រដាប់អាវុធ​សំខាន់​របស់ តា​លី​បង់) បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំងក្លា ខណៈដែល​ថ្នាក់ក្រោម​របស់​ពួកគេ លោត​ចូល​ប្រវាយប្រតប់​គ្នា។

    សមាជិក​ជាន់ខ្ពស់​ម្នាក់​របស់ តា​លី​បង់ នៅ​ប្រទេស​កាតា និង​ប្រភពព័ត៌មាន​មួយទៀត​ក៏បាន​បញ្ជាក់ថា ការឈ្លោះទាស់ទែង​គ្នា​ខាងលើ រវាង​ក្រុម​មេដឹកនាំ តា​លី​បង់ បាន​កើតឡើង​កាលពី​ចុង​សប្ដាហ៍​មុន។ ប្រភពព័ត៌មាន​នានា​ឱ្យដឹងថា មូលហេតុ​គឺ​ដោយសារ​ឧបនាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន Baradar មិន​ពេញ​ចិត្តនឹង​រចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល តា​លី​បង់។

    សហស្ថាបនិកក្រុម លោក Abdul Ghani Baradar

    ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​នេះ​ត្រូវបាន​គេ​ជឿថា បានចាប់ផ្ដើម​ចេញពី​ការបែកបាក់​ផ្ទៃក្នុង ជុំវិញ​បញ្ហា​ដែលថា សមាជិក​ណាខ្លះ​ត្រូវ​ទទួលបាន​តំណែង បន្ទាប់ពី​ក្រុម​នេះ​បាន​ឡើង​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន។ Baradar យល់ថា ក្រុមមនុស្ស​ដែល​បានធ្វើ​សកម្មភាព​ការទូត​ដូចជា​ថ្នាក់ក្រោម​របស់លោក ត្រូវតែ​ទទួលបាន​ចំណាប់អារម្មណ៍ ខណៈដែល​សមាជិក​នៃ​បណ្ដាញ Haqqani និង​អ្នកគាំទ្រ​និយាយថា តា​លី​បង់ ដណ្ដើមបាន​ជ័យជំនះ​តាមរយៈ​ការប្រយុទ្ធ។

    Baradar គឺជា​មេដឹកនាំ តា​លី​បង់ ដំបូង​គេ​ដែល​បាន​ចរចា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ដែល​កាលណោះ​គឺ​លោក Donald Trump។ មុន​នោះ Baradar ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង Doha ស្ដីពី​ការដក​ទ័ព​របស់ អាម៉េរិក ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

    ចំណែកឯ​បណ្ដាញ Haqqani វិញ មាន​ជាប់ទាក់ទង​នឹង​ការវាយប្រហារ​ភេរវកម្ម​មួយចំនួន​សំដៅលើ​កងទ័ព អា​ហ្វ​ហ្កា​នី​ស្ថាន និង​សម្ព័ន្ធមិត្ត ក្នុងអំឡុង​ច្រើន​ឆ្នាំ​មកនេះ។ សហរដ្ឋ​អាម៉េរិក ចាត់ទុក​បណ្ដាញ Haqqani ជា​អង្គការ​ភេរវកម្ម។ Sirajuddin Haqqani ដែលជា​មេដឹកនាំ​បណ្ដាញ​នេះ គឺជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្ដោះអាសន្ន​នៅក្នុង​រដ្ឋាភិបាល​អន្តរ​កាល​របស់ តា​លី​បង់។

    Khalil ur-Rahman Haqqani រដ្ឋមន្ត្រីបណ្ដោះអាសន្នទទួលបន្ទុកជនភៀសខ្លួន

    ជម្លោះ​រវាង​ក្រុម​ទាំងពីរ​ខាងលើ​បាន​កើតឡើង​មុនពេល Baradar បាត់​ខ្លួន​ពី​ទីសាធារណៈ។ មនុស្ស​មួយចំនួន​យល់ថា Baradar ប្រហែលជា​បាន​ស្លាប់។ ប៉ុន្តែ ប្រភពព័ត៌មាន​ពី តា​លី​បង់ និយាយថា Baradar បាន​ចាក​ចេញពី​រដ្ឋធានី​កា​ប៊ុល ទៅកាន់​ទីក្រុង កាន​ដា​ហារ បន្ទាប់ពី​មាន​ជម្លោះ​កើតឡើង។ កាលពី​ថ្ងៃទី 13 កញ្ញា Baradar ឱ្យដឹងថា លោក​ទៅ​បំពេញបេសកកម្ម​ឆ្ងាយ និង​អះអាងថា លោក​ពុំមាន​បញ្ហា​អ្វី​នោះទេ បើទោះជា​ស្ថិតនៅ​ទីណា​ក៏ដោយ។

    តា​លី​បង់ បាន​បញ្ជាក់ថា មិនមាន​ករណី​ឈ្លោះប្រកែក​គ្នា ឬ​វាយតប់​គ្នា​នោះទេ ហើយ Baradar នៅតែមាន​សុវត្ថិភាព ប៉ុន្តែ​បានលើកឡើង​នូវ​ការប្រកាស​ផ្ទុយគ្នា​ស្ដីអំពី​សកម្មភាព​របស់​សហ​ស្ថាបនិក​របស់​ក្រុម​នេះ។ អ្នកនាំពាក្យ​ម្នាក់​បានឱ្យដឹងថា Baradar ទៅកាន់ កាន​ដា​ហារ ដើម្បី​ជួប​មេដឹកនាំ តា​លី​បង់ Hibatullah Akhundzada ប៉ុន្តែ​ក្រោយមក​បែរជា​និយាយថា Baradar «ហត់នឿយ និង​ចង់​សម្រាក​បន្តិច»៕

  • COVID-19! អនាគត​នៃ «មហា​រោគរាតត្បាត» ក្នុង​រយៈពេល 6 ខែ​ខាងមុខ

    COVID-19! អនាគត​នៃ «មហា​រោគរាតត្បាត» ក្នុង​រយៈពេល 6 ខែ​ខាងមុខ

    ដោយសារតែ​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅលើ​ពិភពលោក មិនទាន់បាន​ចាក់​វ៉ាក់សាំង វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ COVID-19 ពិបាក​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល 6 ខែ​ខាងមុខ ប៉ុន្តែ វា​អាច​នឹង​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​ជាង​បច្ចុប្បន្ន នៅក្នុង​រដូវរងា។

    វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 5.76 ពាន់​លាន​ដូ​ស ត្រូវបាន​គេ​ចាក់​នៅ​ទូទាំង​សកលលោក ក្នុងនោះ 43.3% នៃ​ប្រជាជន​សរុប បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស។ ប្រការនេះ​មានន័យថា មនុស្ស​ជិត 4 ពាន់​លាន​នាក់​ទៀត នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ក្នុង​គ្រា​ដែល​ការចាក់​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន សុទ្ធតែ​ចាក់​បាន​ច្រើនជាង 60% បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ឯណោះ​វិញ ការចាក់ 1 ដូ​ស​នៅតែ​មិន​ទាល់​ដល់ 1.9% នៅ​ឡើង។ ខាងលើនេះ​គឺជា​ទិន្នន័យ​បានមកពី Our World in Data។

    ក្រុម​អ្នកជំនាញ សុទ្ធតែ​យល់ថា ការចាក់​វ៉ាក់សាំង​គឺជា​គន្លឹះ​ដែល​ជួយ​ឱ្យ​មនុស្សលោក​អាច​ទប់​ទល់នឹង​រោគរាតត្បាត។ ការឆ្លង​រាលដាល​របស់ COVID-19 នាបច្ចុប្បន្ន អាច​ត្រូវបាន​គ្រប់គ្រង នៅពេល​ប្រជាជន​ភាគច្រើន (90-95%) បានទទួល​ការចាក់​វ៉ាក់សាំង ឬ​ធ្លាប់បាន​ឆ្លង​COVID-19។ ប៉ុន្តែ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង និង​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​ដែលមាន​កំណត់​ដូច​បច្ចុប្បន្ន គោលដៅ​នេះ​មិនអាច​សម្រេចបាន​នៅក្នុង​រយៈពេល 6 ខែ​ខាងមុខ។

    «មិនមាន​ការចាក់​វ៉ាក់សាំង យើង​នឹង​ងាយ​រង​ផលប៉ះពាល់ ដោយសារ​វីរុស​នឹង​ឆ្លង​រាលដាល​ខ្លាំង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ខាងមុខ» Lone Simonsen អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Roskilde ប្រទេស​ដា​ណឺ​ម៉ាក ថ្លែង​ដូច្នេះ។

    Michael Osterholm ប្រធាន​មជ្ឈមណ្ឌល​គោលនយោបាយ​និង​ស្រាវជ្រាវ​រោគ​ឆ្លង​នៃ​សាកលវិទ្យាល័យ Minnesota នៅ Minneapolis និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden និយាយថា៖ «ខ្ញុំ​គិតថា រលក​នៃ​ការឆ្លង​រាលដាល​នឹង​បន្ត​កើតឡើង​នៅ​ពាសពេញ​ពិភពលោក។ រោគ​ឆ្លង​នឹង​ថយចុះ ប៉ុន្តែ ក្រោយមក ខ្ញុំ​គិតថា យើង​នឹងរង​ការផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា​ឆ្នាំនេះ»។

    ការ​ស្កេត​កូដ QR ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ សិង្ហបុរី​ កាល​ពី​ខែឧសភា​

    Osterholm បន្ថែមថា៖ «យើង​នឹង​បានឃើញ​រោគរាតត្បាត​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង រួច​ក៏​ថយចុះ​ជាច្រើនលើក ច្រើនសា ក្នុងអំឡុងពេល​ច្រើន​ឆ្នាំ​ទៅមុខ នៅពេល​វ៉ាក់សាំង​ត្រូវបាន​ចាក់​ទូលំទូលាយ​ជាង​បច្ចុប្បន្ន។ ខ្ញុំ​អាច​និយាយបានថា នេះ​គឺ​ដូច​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​មួយ​លើក​ដែល​មិនមាន​ទីបញ្ចប់ រហូតដល់​វា​បាន​ដុត​កម្ទេច​គ្រប់យ៉ាង»។

    មហា​រោគរាតត្បាត​ចំនួន 5 លើក​ដែល​មនុស្សលោក​ធ្លាប់​ជួបប្រទះ​ក្នុងអំឡុង 130 ឆ្នាំ​កន្លងទៅ អាចឱ្យ​យើង​ដឹង​អំពី​តម្រុយ​នៃ​ដំណើរការ​របស់ COVID-19 នាពេលខាងមុខ។ នេះ​បើតាម​សាស្ត្រាចារ្យ Simonsen។

    Simonsen ឱ្យដឹងថា បើ​ទោះ​រោគរាតត្បាត​ផ្ដាសាយ​ទូទាំង​សកលលោក​ដែល​អូស​បន្លាយពេល​យូរ​បំផុត​ត្រឹម 5 ឆ្នាំ ប៉ុន្តែ ពួកវា​ភាគច្រើន​ផ្ទុះ​ឆ្លង​រាលដាល​ចាប់ពី 2-4 លើក ក្នុងអំឡុងពេល​ពី 2-3 ឆ្នាំ។ COVID-19 គឺជា​វីរុស​ដែល​ខ្លាំងក្លា​ជាងគេ នៅពេលដែល​ឆ្នាំ​ទី​ពីរ​ជិត​ត្រូវ​បានបញ្ចប់ ពិភពលោក​នៅតែ​ពើបប្រទះ​នឹង​រលក​ឆ្លង​ទី​បី និង​មិនទាន់មាន​សញ្ញា​បង្ហាញ​អំពី​ទីបញ្ចប់​នៅឡើយ។

    ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការយល់ឃើញថា វីរុស​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង​ទៅតាម​ពេលវេលា​គឺជា​រឿង​ខុសឆ្គង​ទាំងស្រុង។ «បើទោះជា​វ៉ា​រ្យ៉​ង់​ថ្មី​នានា មិនមែន​សុទ្ធតែ​គ្រោះថ្នាក់​ជាង​មុន ប៉ុន្តែ​វិបត្តិ​សុខភាព​អាច​ប្រែ​ទៅជា​ធ្ងន់ធ្ងរ នៅពេល​វីរុស​ស្វែងរក​វិធី​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ថ្មី» លោកស្រី Simonsen បញ្ជាក់​ដូច្នេះ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Bloomberg។

    Erica Charters សាស្ត្រាចារ្យ​រង​ផ្នែក​ប្រវត្តិសាស្ត្រ​សុខាភិបាល ប្រចាំ​សាកលវិទ្យាល័យ Oxford ឱ្យដឹងថា COVID-19 នឹង​បញ្ចប់​នៅក្នុង​អំឡុងពេលផ្សេងៗគ្នា​ទៅតាម​តំបន់ផ្សេងៗគ្នា។ រដ្ឋាភិបាល​នានា​នឹងត្រូវ​ធ្វើការ​សម្រេចចិត្ត​ទៅលើ​កម្រិត​នៃ​ការ​រាតត្បាត​របស់​វីរុស​ដែល​ពួកគេ​អាច​រស់នៅ​ជាមួយ​បាន។

    Erica Charters បញ្ជាក់ថា៖ «ដំណាក់កាល​នៃ​ទីបញ្ចប់​របស់ COVID-19 នឹងមិន​ស្របគ្នា​នៅទេ។ រោគរាតត្បាត​គឺជា​បាតុភូត​ជីវសាស្ត្រ ប៉ុន្តែ​វា​ក៏​ជា​បាតុភូត​នយោបាយ និង​សង្គម​ផងដែរ»។

    ដូចដែល​បាន​រៀបរាប់​ខាងលើ ក្រុម​អ្នកជំនាញ​យល់ថា គ្រប់គ្នា​ត្រូវការ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ទៀងទាត់ ដើម្បី​រក្សា​សមត្ថភាព​ការពារ​សុខភាព​ផ្ទាល់ខ្លួន​នៅ​ចំពោះមុខ «មហា​វីរុស» COVID-19៕

  • គម្រោង​សាងសង់​ទីក្រុង​បៃតង តម្លៃ 400 ពាន់​លាន​ដុល្លារ នៅលើ​សមុទ្រ​ខ្សាច់

    គម្រោង​សាងសង់​ទីក្រុង​បៃតង តម្លៃ 400 ពាន់​លាន​ដុល្លារ នៅលើ​សមុទ្រ​ខ្សាច់

    សហរដ្ឋ​អាម៉េរិក៖ មហាសេដ្ឋី Marc Lore នឹង​សាងសង់​ទីក្រុង​ថ្មី អាចឱ្យ​មនុស្ស 5 លាន​នាក់​រស់នៅ​បាន​ស្រួល ដោយ​ប្រើប្រាស់​ស្ដង់ដា​នៃ​ភាព​ស្អា​តរបស់​ទីក្រុង​តូ​ខ្យូ​នៃ​ប្រទេស​ជប៉ុន ភាពសម្បូរ​បែប​របស់​ទីក្រុង​នី​វ​យ៉​ក នៃ​សហរដ្ឋអាមេរិក និង​សេវាកម្ម​សាធារណៈ​រីកចម្រើន​ដូច​ទីក្រុង​ស្តុក​ខុល នៃ​ប្រទេស​ស៊ុយអែត។

    Lore អតីត​នាយ​ប្រតិបត្តិ​របស់ Walmart កាលពី​សប្ដាហ៍​មុន​បានប្រកាស​គម្រោង​សាងសង់ Telosa ជា​កំពូល​ទីក្រុង​នៅលើ​សមុទ្រ​ខ្សាច់​របស់ សហរដ្ឋ​អាម៉េរិក ជាមួយនឹង​ទុនវិនិយោគ 400 ពាន់​លាន​ដុល្លារ។ គម្រោង​ដែល​នឹងមាន​ទំហំ 60,703 ហិកតា​នេះ នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​ជាមួយនឹង​បរិស្ថាន ដោយមាន​ការផលិត​ថាមពល​ស្អាត និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​បែប​ថ្មី​សម្រាប់​តំបន់​ក្ដៅ​ហួតហែង​នេះ។ អ្នករស់នៅ​ក្នុង​ទីក្រុង​នេះ​នឹង​អាចធ្វើ​ដំណើរ​ទៅកាន់​កន្លែងធ្វើការ សាលារៀន និង​ទីតាំង​នានា​ដោយ​ចំណាយពេល​តែ 15 នាទី។ បើទោះជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កំពុងតែ​រកមើល​ទីតាំង​សាងសង់ ប៉ុន្តែ តំបន់ Nevada, Utah, Idaho, Arizona, Texas និង Appalachian ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ។

    ប្រកាស​ខាងលើ មាន​អម​ជាមួយនឹង​គំនូរ​ឌីជីថល​របស់ Bjarke Ingels Group (BIG) ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែល Lore ជួល​ដើម្បី​ប្រែក្លាយ​គម្រោង​នេះ​ឱ្យទៅជា​ការពិត។ បណ្ដា​ទិដ្ឋភាព​ដែល​បាន​បង្ហើប​ឱ្យឃើញ បង្ហាញថា អគារ​ស្នាក់នៅ​ពោរពេញ​ដោយ​ពណ៌​បៃតង ហើយ​ប្រជាជនមាន​ទីកន្លែង​សាធារណៈ​ធំ​ទូលាយ​សម្រាប់​លេង​កម្សាន្ត។ មធ្យោបាយ​ធ្វើដំណើរ​ដែល​ប្រើប្រាស់​ឥន្ធនៈ​បំពុលបរិស្ថាន​នឹងត្រូវ​បាន​ហាមឃាត់​នៅក្នុង​ទីក្រុង​នេះ ជំនួស​មកវិញ​គឺ​រថយន្ត​បើកបរ​ស្វ័យប្រវត្ត និង​ម៉ូតូ ឬ​ដើរ​ដោយ​ថ្មើរជើង។

    ដំណាក់កាល​សាងសង់​ដំបូង​នឹង​ផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស​ចំនួន 50,000 នាក់ នៅលើ​ផ្ទៃក្រឡា 607 ហិកតា ដោយ​ចំណាយ​ប្រាក់​ខ្ទង់ 25 ពាន់​លាន​ដុល្លារ។ ទីក្រុង​នេះ​អាចមាន​ប្រជាជន​រស់នៅ​រហូតដល់ 5 លាន​នាក់ ក្នុងអំឡុង 40 ឆ្នាំ។ ថវិកា​សាងសង់​នឹង​បានមកពី​ប្រភពផ្សេងៗ រួមមាន អ្នកវិនិយោគ​ឯកជន អង្គការ​មនុស្សធម៌ អាជ្ញាធរ​តំបន់ និង​រដ្ឋ រួម​នឹង​ជំនួយ​អភិវឌ្ឍ​សេដ្ឋកិច្ច។

    នៅក្នុង​គម្រោង Telosa នេះ ប្រជាជន​ក្នុង​ទីក្រុង មាន​សិទ្ធិ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​នានា រួមទាំង​ការកំណត់​ថវិកា​របស់​ទីក្រុង​ផងដែរ។

    Telosa មិនមែនជា​ទីក្រុង​ថ្មី​ដំបូង​ដែល BIG បាន​រចនា និង​រៀបចំ​គម្រោង​នោះទេ។ កាលពី​ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota ក៏បាន​ប្រគល់ឱ្យ BIG រៀបចំ​គម្រោង​សាងសង់​ទីក្រុង​សម្រាប់​ប្រជាជន 2,000 នាក់ នៅ​ជើងភ្នំ ហ្វូ​ជី (Fuji) ផងដែរ។ បើទោះជា​តូច​ជាង​ឆ្ងាយ ធៀប​នឹង Telosa ប៉ុន្តែ គម្រោង​ដែលមាន​ឈ្មោះថា Woven City របស់ ជប៉ុន មាន​សេវាកម្ម​ធ្វើតេស្ត​រថយន្ត​បើកបរ​ស្វ័យប្រវត្ត បច្ចេកវិទ្យា​ឆ្លាត​វៃ និង​មនុស្ស​យន្ត ឬ​រ៉ូ​បូត សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន៕

  • តាក់ស៊ី​ហោះ​ឡើង​ត្រង់​របស់​ក្រុម​ហ៊ុន​ Paragon VTOL Aerospace ប្រើ​ថាមពល​អ៊ីដ្រូសែន និង​អាគុយ

    តាក់ស៊ី​ហោះ​ឡើង​ត្រង់​របស់​ក្រុម​ហ៊ុន​ Paragon VTOL Aerospace ប្រើ​ថាមពល​អ៊ីដ្រូសែន និង​អាគុយ

    សហរដ្ឋ​អាម៉េរិក៖ ដោយ​ការប្រើប្រាស់​រួមផ្សំ​រវាង​ម៉ាស៊ីន​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថាមពល​អាគុយ តាក់ស៊ី​ហោះ Soar នឹង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ដ៏​ឆ្ងាយ ជាមួយនឹង​សមត្ថភាព​ដឹក​អ្នកដំណើរ​បាន 9 នាក់។

    Paragon VTOL Aerospace កំពុង​អភិវឌ្ឍ​តាក់ស៊ី​ហោះ​កំណែ​ថ្មី មាន​ឈ្មោះថា Soar នេះ​បើតាម​គេហទំព័រ New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 13 កញ្ញា។ កំណែ​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​អ៊ីដ្រូសែន និង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ អាស្រ័យ​លើ​ចំនួន​អ្នកដំណើរ​ដែល​វា​ដឹក។ នៅពេល​ដឹក​អ្នកដំណើរ 9 នាក់ និង​អ្នកបើកបរ​ម្នាក់ តាក់ស៊ី​ហោះ​នេះ​អាច​ហោះ​បាន​ចាប់ពី 480 ទៅ 640 គីឡូម៉ែត្រ ឬ​ដឹក​អ្នកដំណើរ 4 នាក់ អាច​ហោះ​បាន 1,450 គីឡូម៉ែត្រ។

    ការហោះ​ឡើង​ត្រង់​របស់ Soar គឺ​ពឹង​លើ​ស្លាបចក្រធំៗចំនួន 8 របស់​វា ដែល​ស្ថិតនៅត្រង់​បណ្ដោយ​ខ្លួន។ ស្លាបចក្រ​មួយចំនួន​ផ្សេងទៀត​ដែលមាន​ទំហំ​តូច​ជាង និង​ត្រូវបាន​បំពាក់​ត្រង់​ស្លាប​យន្តហោះ អាចជួយ​ប្រតិកម្ម និង​រក្សា​លំនឹង​បានភ្លាមៗ ជំនួស​ឱ្យ​ការជួយ​ជា​កម្លាំង​លើក​ទៅលើ។ ស្លាបចក្រធំៗចំនួន 2 នៅ​ខាងក្រោយ ជួយ​លើក​យន្តហោះ​ឡើង​ត្រង់​ផង និង​ជួយ​រុញច្រាន​យន្តហោះ​ឆ្ពោះទៅមុខ​ផង។

    ជំនួស​ឱ្យ​សរសៃ​កាបូន គ្រោងឆ្អឹង​របស់ Soar ត្រូវបាន​ធ្វើឡើង​អំពី​វត្ថុ​ធាតុ composite ដែលមាន​តម្លៃ​ទាប​ជាង មាំមួន​ជាង និង​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​កំណក​ទឹកកក ដូច្នេះ គេ​មិនចាំបាច់​បំពាក់​ឧបករណ៍​ជម្រះ​ទឹកកក​នោះទេ។

    កំណែ​ចាស់​របស់ Soar មាន​កៅអី​ចំនួន 6 និង​អាច​ហោះ​បាន​ចម្ងាយ 805 គីឡូម៉ែត្រ ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​កូនកាត់​ឥន្ធនៈ-អគ្គិសនី។ ប៉ុន្តែ Dwight Smith ស្ថាបនិក​របស់​ក្រុមហ៊ុន Paragon VTOL Aerospace និយាយថា កំណែ​ចាស់​បង្ក​សំឡេង​រំខាន​ខ្លាំង។ គំរូ​ដំបូង​របស់​កំណែ​ថ្មី​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ហោះហើរ​សាកល្បង​នៅក្នុង​ឆ្នាំ 2022។

    ក្រុង​ហ៊ុន​នេះ​ក៏មាន​គម្រោង​សាងសង់​រោងចក្រ​មួយ​ដែលមាន​ទំហំ​ប្រហែល 3 គីឡូម៉ែត្រ​ក្រឡា នៅ​ទីក្រុង Brownville រដ្ឋ Texas ក្បែរ​មូលដ្ឋាន​បាញ់​បង្ហោះ​រ៉ុក្កែត​របស់​ក្រុមហ៊ុន SpaceX៕

  • ឃើញ​នាវាចម្បាំងរបស់ ចិន ច្រើនគ្រឿង ចូលទៅក្បែរទឹកដី សហរដ្ឋអាម៉េរិក ក៏​បញ្ជូន​នាវា​ល្បាត​ទៅ​​ឃ្លាំ​មើល

    ឃើញ​នាវាចម្បាំងរបស់ ចិន ច្រើនគ្រឿង ចូលទៅក្បែរទឹកដី សហរដ្ឋអាម៉េរិក ក៏​បញ្ជូន​នាវា​ល្បាត​ទៅ​​ឃ្លាំ​មើល

    នាវាចម្បាំង​របស់​ប្រទេស​ចិន ចំនួន 4 គ្រឿង ធ្វើការ​ចល័ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជុំវិញ​ប្រជុំ​កោះ Aleutian នៅ Alaska នាំឱ្យ សហរដ្ឋអាម៉េរិក បញ្ជូន​នាវា​ល្បាត​ឆ្នេរ​ចេញទៅ​តាមដាន។

    នាវា​ល្បាត USCGC Bertholf របស់ សហរដ្ឋអាម៉េរិក បាន​ស្ថិតនៅ​ទល់មុខ​គ្នា​នឹង​នាវាចម្បាំង 4 គ្រឿង​របស់​ប្រទេស​ចិន ក្បែរ​ប្រជុំ​កោះ Aleutian លើ​លម្ហ​សមុទ្រ​ក្បែរ​ដែនទឹក​របស់​រដ្ឋ Alaska កាលពី​ខែសីហា ប៉ុន្តែ រូបថត​ទើបតែ​ត្រូវបាន​ក្រុម​ល្បាត​ឆ្នេរ​របស់ សហរដ្ឋអាម៉េរិក បញ្ចេញ​កាលពី​ថ្ងៃទី 13 កញ្ញា ក្រោយពី​ទីក្រុង​ប៉េកាំង បាន​រិះគន់​លើ​ដំណើរ​ល្បាត​ដោយ​សេរី​ដែល​ត្រូវបាន​ក្រុង​វ៉ា​ស៊ី​ង​តោន ធ្វើឡើង​នៅឯ​មហាសមុទ្រ ប៉ាស៊ីហ្វិក។

    «ក្នុង​ដំណើរ​ល្បាត​ជាប្រចាំ​នៅ​សមុទ្រ Bering និង​តំបន់​ប៉ូល​ខាងជើង កាលពី​ថ្ងៃទី 30 សីហា នាវា​ល្បាត Bertholf បាន​​ប្រឈម​មុខ​ និង​បាន​ទាក់ទង​ក្រុម​នាវាចម្បាំង​របស់​ប្រទេស​ចិន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ សហរដ្ឋអាម៉េរិក ក្នុង​លម្ហ​សមុទ្រ​នៃ​ប្រជុំ​កោះ Aleutian។

    ដំណើរ​របស់​នាវា​ចម្បាំង​ចិន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ Alaska (ខៀវ)

    ការ​ស្ថិតនៅ​ទល់មុខ​គ្នា​រវាង​ភាគី​ទាំងពីរ សុទ្ធតែ​បាន​គោរព​តាម​គោលការណ៍ និង​ច្បាប់​អន្តរជាតិ។ កងកម្លាំង​ចិន មិន​រំលោភ​ដែនទឹក​របស់ សហរដ្ឋ​អាម៉េរិក» ក្រុម​ល្បាត​ឆ្នេរ​របស់ អាម៉េរិក បាន​ប្រាប់​ដូច្នេះ​នៅពេល​បញ្ចេញ​រូបថត​ទាំងនេះ។

    ក្រុម​ល្បាត​ឆ្នេរ​របស់ អាម៉េរិក មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ក្រុម​នាវាចម្បាំង​ចិន នោះទេ ប៉ុន្តែ ឱ្យដឹងថា នាវា​ទាំងនេះ​រូប​មាន នាវា​ល្បាត​សមុទ្រ​ដែលមាន​មី​ស៊ី​ល​នាំ​ផ្លូវ, នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ, នាវា​ស៊ើបការណ៍ និង​នាវា​ដឹកជញ្ជូន។

    ក្រុមមន្ត្រី ជប៉ុន កាលពី​ថ្ងៃទី  24 សីហា បានប្រកាសថា ក្រុម​នាវាចម្បាំង​របស់ ចិន បាន​ឆ្លងកាត់​ច្រក​សមុទ្រ Soya ឆ្ពោះទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក នៅឯ​លម្ហ​សមុទ្រ​ក្បែរ​រដ្ឋ Alaska។ ក្រុម​នាវា​របស់​ចិន ទាំងនេះ រួមមាន Type-055, Type-052, Type-093 និង​នាវា 1 គ្រឿង​ទៀត​មាន​លេខ​សម្គាល់ 799។

    តំបន់​សមុទ្រ​ Bering

    Aleutian គឺជា​ប្រជុំ​កោះ​ភ្នំភ្លើង​ដែល​លាតសន្ធឹង​ពី​ដីគោក Alaska ដល់​ជាយ​ខាងលិច​នៃ​សមុទ្រ Bering។ នេះ​គឺជា​ទី​ដែលមាន​អាកាសធាតុ​អាក្រក់​បំផុត និង​ជា​ដែនដី​ដាច់ស្រយាល​បំផុត​នៅលើ​ទ្វីប​អាម៉េរិក​ខាងជើង ប៉ុន្តែ វា​មាន​តួនាទី​ជា​យុទ្ធសាស្ត្រ ដោយសារតែ​កោះ​នានា​បង្កើតបានជា​រនាំង​ធម្មជាតិ​របស់​អឌ្ឍគោល​ខាងលិច និង​ខាងកើត៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែ​កញ្ញា ឆ្នាំ 2021

    • តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 13 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 657 នាក់

    – ជាសះស្បើយ​ថ្មី = 578 នាក់

    – ស្លាប់​ថ្មី = 9 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 657 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ = 504 នាក់

    – អ្នកដំណើរពីបរទេស = 153 នាក់

    • គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប​ = 100,790 នាក់

    – អ្នកជាសះស្បើយសរុប ​= 94,904 នាក់

    – អ្នកស្លាប់សរុប = 2,058 នាក់

    • តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 226,105,771 នាក់

    – អ្នកជា​សះស្បើយ = 202,749,075 នាក់

    – អ្នកស្លាប់ = 4,652,663 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,704,033 នាក់

  • អង្គការសហប្រជាជាតិ​ ៖ «តា​លី​បង់ មិន​គោរព​ពាក្យ​​សន្យា»

    អង្គការសហប្រជាជាតិ​ ៖ «តា​លី​បង់ មិន​គោរព​ពាក្យ​​សន្យា»

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​របស់​អង្គការសហប្រជាជាតិ​និយាយថា តា​លី​បង់ មិន​ធ្វើតាម​ការសន្យា ទាក់ទង​នឹង​ការធានា​សិទ្ធិ ផលប្រយោជន៍​របស់​ស្ត្រី និង​ការសង​សឹក​លើ​មន្ត្រី ឬ​មនុស្ស​របស់​រដ្ឋាភិបាល​ចាស់។

    «ផ្ទុយ​ពី​ការសន្យា​កាលពី 3 សប្ដាហ៍​មុន ដែលថា តា​លី​បង់ នឹង​រក្សា​សិទ្ធិ​របស់​ស្ត្រី ពេលនេះ ស្ត្រី​ត្រូវបាន​ហាម​បង្ហាញ​វត្ត​មាននៅ​ទីសាធារណៈ​ជាបណ្ដើរៗហើយ» ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ Michelle Bachelet បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 13 កញ្ញា ដោយបាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ផលប្រយោជន៍​របស់​ស្ត្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់។

    លោកស្រី Michelle Bachelet និយាយថា បានទទួល​ព័ត៌មាន​ថា នៅ​កន្លែង​មួយចំនួន ក្មេងស្រី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោម​អាយុ 12 ឆ្នាំ ត្រូវបាន​ហាម​មិន​ឱ្យទៅ​សាលារៀន ខណៈដែល​ស្ត្រី​ត្រូវបាន​ស្នើឱ្យ​នៅផ្ទះ ដែល​នេះ​បាន​នាំ​ឱ្យគេ​នឹកឃើញ​ដល់​សម័យកាល​គ្រប់គ្រង​អំណាច​ដ៏​មហា​តឹងរ៉ឹង​របស់ តា​លី​បង់ អំឡុង​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។

    មន្ត្រី​នៃ​អង្គការសហប្រជាជាតិ​រូបនេះ​ក៏បាន​ចោទ តា​លី​បង់ ថា មិន​ធ្វើតាម​សម្ដី​ដែល​បាន​សន្យា ទាក់ទង​នឹង​ការលើកលែងទោស​ចំពោះ​អតីតមន្ត្រី បុគ្គលិក​សន្តិសុខ​រប​ស់​រដ្ឋាភិបាល​ចាស់ រួម​នឹង​ការ​ឆែក​ឆែរ​តាម​ផ្ទះ។

    ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឱ្យ​បង្កើត​យន្តការ​ត្រួតពិនិត្យ​លើ​ការធានា​សិទ្ធិ​នានា​របស់​ស្ត្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ «ខ្ញុំ​រំលឹក​ឡើងវិញ​អំពី​ការអំពាវនាវ​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អនុវត្ត​សកម្មភាព​ឱ្យបាន​ខ្លាំងក្លា និង​ម៉ឺងម៉ាត់ សមស្រប​នឹង​កម្រិត​នៃ​ភាព​សំខាន់​នៃ​វិបត្តិ​នេះ» លោកស្រី Michelle Bachelet សង្កត់ធ្ងន់​ដូច្នេះ។

    សូម​រំលឹកថា ក្រោយពី​បាន​ឡើង​ក្ដាប់​អំណាច និង​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានប្រកាស​លើកលែងទោស​រួម​ដល់​ក្រុមមន្ត្រី​ទាំងអស់​របស់​រដ្ឋាភិបាល​ចាស់ និង​បាន​អំពាវនាវ​ដល់​ក្រុមមន្ត្រី​ទាំងនេះ ត្រលប់មក​ធ្វើការ​វិញ។ តា​លី​បង់ ក៏បាន​ប្រកាសថា នឹង​ធានា​ផលប្រយោជន៍​របស់​ស្ត្រី នៅក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម​ង​ផងដែរ៕