Author: សឿន សំណាង

  • ផ្ទុះ​ភ្នំភ្លើង Otake នៅ​លើ​កោះ​ធំ Suwanose ! ជប៉ុន ប្រកាសអាសន្ន

    ផ្ទុះ​ភ្នំភ្លើង Otake នៅ​លើ​កោះ​ធំ Suwanose ! ជប៉ុន ប្រកាសអាសន្ន

    អាជ្ញាធរ​ប្រទេស​ជប៉ុន បានចេញ​សេចក្ដី​ព្រមាន បន្ទាប់ពី​ភ្នំភ្លើង​នៅ​ភាគ​និរតី​ប្រទេស​នេះ ផ្ទុះ បណ្ដាលឱ្យ​ក​ម្អែ​ភ្នំភ្លើង ក៏ដូចជា​ដុំថ្ម​ភ្លើងធំៗ ត្រូវ​ខ្ទាត​ចេញ​ចម្ងាយ​រាប់រយ​ម៉ែត្រ។

    ស្ថាប័ន​ឧតុនិយម​របស់ ជប៉ុន ថ្ងៃនេះ បានប្រកាស​អាសន្ន​កម្រិត 3 នៅលើ​មាត្រដ្ឋាន​ទាំង 5 កម្រិត ដែល​មានន័យថា ប្រជាជន​មិនគួរ​ទៅ​ក្បែរ​តំបន់​ជុំវិញ​ភ្នំភ្លើង Otake ដែល​ស្ថិតនៅលើ​កោះ Suwanose នៃ​ខេត្ត Kagoshima នោះទេ ក្រោយ​ករណី​ផ្ទុះ​ក​ម្អែ​កាលពី​ថ្ងៃទី 16 ខែកញ្ញា។

    បច្ចុប្បន្ន ពុំទាន់​មាន​របាយការណ៍​ស្ដីពី​ការខូចខាត​ទ្រព្យសម្បត្តិ ក៏ដូចជា​មាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នៅឡើយ។

    ការផ្ទុះ​ដំបូង បាន​កើតឡើង​កាលពី​ថ្ងៃទី 16 កញ្ញា។ ស្ថាប័ន​ឧតុនិយម​បាន​ព្រមាន​ថា ផ្ទាំង​ថ្មធំៗដែល​បាញ់​ចេញពី​មាត់​ភ្នំភ្លើង​កម្ពស់ 799 ម៉ែត្រ នៅឯ​ភូមិ Toshima អាច​ធ្លាក់​ក្នុង​រង្វង់​ចម្ងាយ 2 គីឡូម៉ែត្រ។

    ក្រោយ​ការផ្ទុះ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃនេះ រាជរដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​ការិយាល័យ​ទំនាក់ទំនង​មួយ​នៅក្នុង​ការិយាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ប្រមូល​ព័ត៌មាន។

    Suwanose ជា​កោះ​ភ្នំភ្លើង​មួយ​ដែលមាន​ប្រជាជន​មិន​ដល់ 100 នាក់ ស្ថិតនៅ​ភាគខាងត្បូង​កោះធំ Kyushu នៅ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន។ ប្រទេស​ដែលមាន​ភ្នំភ្លើង​សកម្ម​ជាច្រើន​មួយ​នេះ ស្ថិតនៅលើ​តំបន់​ខ្សែក្រវ៉ាត់​ភ្លើង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាទី​ដែលមាន​គ្រោះ​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង​ច្រើនជាងគេ​ក្នុង​ពិភពលោក៕

  • «ផ្ទះបាយ​ខ្មោច» (Ghost Kitchens) កំពុង​ពេញនិយម​នៅ​តំបន់​អាស៊ី

    «ផ្ទះបាយ​ខ្មោច» (Ghost Kitchens) កំពុង​ពេញនិយម​នៅ​តំបន់​អាស៊ី

    ក្នុង «ផ្ទះបាយ​ខ្មោច» មួយកន្លែង នៅ​តំបន់ឧស្សាហកម្ម​ជាយក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ក្រុម​ចុងភៅ​កំពុង​ញាប់ដៃ ញាប់ជើង ចម្អិន​អាហារ​ដែល​មិនត្រូវ​បាន​បម្រើ​អតិថិជន​នៅក្នុង​ភោជនីយដ្ឋាន​នោះទេ៖ ស្វាគមន៍​មកកាន់​ពិភពលោក «ផ្ទះបាយ​ខ្មោច»។

    មុន COVID-19 មកដល់ វិស័យ​ប្រគល់​អាហារ​ដល់ផ្ទះ​អតិថិជន បាន​រីកចម្រើន​ណាស់​ទៅហើយ ប៉ុន្តែ នៅពេល​បម្រាម​គោចរ​ត្រូវបាន​អនុវត្ត បន្ទាប់ពី COVID-19 បង្ហាញខ្លួន វិស័យនេះ​បន្ត​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​នៅ​ទ្វីបអាស៊ី។

    នៅពេល​កម្មវិធី​ទូរស័ព្ទ (App) បញ្ជា​ទិញ និង​ប្រគល់​អាហារ​បាន​ផ្ទុះឡើង ក៏​មានន័យថា អតិថិជន​បាន​ស៊ាំ​នឹង​ការហៅ​មុខ​អាហារ ឬ​ភេសជ្ជៈ​ពី​ចម្ងាយ និង​ទទួលបាន​យ៉ាង​ឆាប់រហ័ស។ ឆ្លើយតប​នឹង​តម្រូវការ​នេះ ភោជនីយដ្ឋាន​កាន់តែច្រើនឡើងៗ នាំគ្នា​បង្កើត​សេវាកម្ម​លក់​អាហារ​ដោយ​មិន​បម្រើ​នៅនឹងកន្លែង ឬ​ហៅថា «ផ្ទះបាយ​ពពក» (cloud kitchens) ឬ «ផ្ទះបាយ​ខ្មោច» (ghost kitchens)។ ក្រោយមក មហា​រោគរាតត្បាត បានមក​ដល់ ធ្វើឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​មិនអាច​ទៅកាន់​ភោជនីយដ្ឋាន​ដើម្បី​បរិភោគ។

    «COVID-19 ពិតជា​បាន​ជំ​រុញឱ្យ​វិស័យនេះ​រីកចម្រើន​ខ្លាំងក្លា ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​យើងខ្ញុំ» Jason Chen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JustKitchen និយាយ​ដូច្នេះ។

    JustKitchen ចាប់ផ្ដើម​ដំណើរការ «ផ្ទះបាយ​ខ្មោច» ដំបូង​នៅ តៃវ៉ាន់ ចាប់ពី​ដើមឆ្នាំ 2020។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន 17 នៅ កោះ​តៃវ៉ាន់, 1 កន្លែង​នៅ ហុងកុង និង​កំពុងមាន​គម្រោង​ពង្រីក​ទៅកាន់​ប្រទេស​ហ្វីលីពីន និង សិង្ហ​បុរី នៅ​ចុង​ឆ្នាំនេះ។

    បណ្ដា​ក្រុមហ៊ុនធំៗក្នុង​វិស័យ​ដឹកជញ្ជូន​អាហារ​ក្នុង​តំបន់ ក៏បាន​ក្ដោប​ក្ដាប់​និន្នាការ​នេះ​បាន និង​បាន​ពង្រីក​ផ្ទះបាយ​ពពក​នៅ​ពាសពេញ​តំបន់ អាស៊ីអាគ្នេយ៍ ចាប់តាំងពី COVID-19 រាតត្បាត​ខ្លាំង។

    បុគ្គលិក​របស់​ក្រុម​ហ៊ុន​ JustKitchen កំពុង​ញាប់​ដៃញាប់​ជើង

    យោងតាម Researchchandmarkets.com វិស័យ «ផ្ទះបាយ​ខ្មោច» នៅ​ទូទាំង​សកលលោក ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន 12% ជា​រៀងរាល់ឆ្នាំ ហើយ​មានតម្លៃ​សរុប​ប្រមាណ 139.37 ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ 2028។ អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​ដែលមាន​ប្រជាជន 4.3 ពាន់​លាន​នាក់ កាន់កាប់​ចំណែក​ទីផ្សារ​ពិភពលោក​ក្នុង​វិស័យនេះ ប្រហែល 60%។

    ក្រុមហ៊ុន​ស្រាវជ្រាវ Euromonitor បាន​គណនា​ឃើញថា ផ្ទះបាយ​ពពក ចំនួន 7,500 កន្លែង កំពុងដំណើរការ​នៅ​ប្រទេស​ចិន, 3,500 កន្លែង នៅ ឥណ្ឌា, 1,500 នៅ សហរដ្ឋអាមេរិក និង 750 នៅ​ប្រទេស​អង់គ្លេស។

    Natalie Phanphensophon ត្រូវ​ប្ដូរ​ទិសដៅ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន​អាយុកាល 45 ឆ្នាំ​របស់ខ្លួន ទៅជា​សេវា​អាហារ​វេច​ទៅផ្ទះ ដោយសារតែ COVID-19។ គ្រួសារ​របស់​នាង គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន Mango Tree & Coca នៅ​ប្រទេស​ថៃ។

    ដើមឆ្នាំ​នេះ ពួកគេ​បាន​បើក​ភោជនីយដ្ឋាន​ពពក​ដំបូង នៅ​ជាយក្រុង​បាងកក និង​កំពុង​ត្រៀម​បើក​បន្ថែម 2 កន្លែង​ផ្សេងទៀត។ «គោលដៅ​របស់​យើង​គឺ​ធានា​ឱ្យ​បុគ្គលិក​គ្រប់រូប​ក្នុង​បណ្ដាញ អាច​ឆ្លង​ផុត​ការលំបាក​រួមគ្នា» ស្ត្រី​វ័យ 35 ឆ្នាំ​ខាងលើ និយាយ​ដូច្នេះ។

    ប្រាក់ចំណេញ​ដែល​ផ្ទះបាយ ឬ​ភោជនីយដ្ឋាន​ពពក​នាំមក​គឺ​តិចជាង បើ​ធៀប​នឹង​ភោជនីយដ្ឋាន​បែប​បុរាណ ព្រោះ​តែមាន​អតិថិជន​តិចតួច​ដែល​បញ្ជា​ទិញ​អាហារ​ច្រើន​មុខ​ក្នុងពេល​តែមួយ។ ប៉ុន្តែ ជំនួស​មកវិញ ប្រាក់​ចំណាយ​សម្រាប់​ដំណើរការ​ហាង​គឺ​ទាប​ជាង​ច្រើន។

    iBerry Group ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន និង​ហាង​កា​រ៉ែ​ម ដែល​នៅក្នុង​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ក៏បាន​បើក​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ដល់ផ្ទះ​មួយកន្លែង​ផងដែរ។

    អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានប្រជាជន 4.3 ពាន់លាននាក់ កាន់កាប់ចំណែកទីផ្សារពិភពលោកក្នុងវិស័យនេះ ប្រហែល 60%។

    «ផ្ទះបាយ​ពពក ជា​មូលដ្ឋាន គ្រាន់តែ​ជា​ម៉ាស​អុកស៊ីសែន សម្រាប់​ពួកយើង​នៅក្នុង​សម័យ COVID-19» Thitanun Taveebhol នាយក​ផ្នែក​ម៉ាក យីហោ (Brand Manager) របស់ iBerry Group បញ្ជាក់​ដូច្នេះ។

    នៅពេល​បណ្ដា​ក្រុមហ៊ុន និង​បណ្ដាញ​ភោជនីយដ្ឋាន ងាក​ទៅរក​អាជីវកម្ម​ប្រគល់​ទំនិញ​ដល់ផ្ទះ បណ្ដា​ផ្ទះបាយ​ពពក​លក្ខណៈ​គ្រួសារ ក៏​ចាប់ផ្ដើម​ពេញនិយម។

    បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Air India លោក Nirjash Roy Chowdhury ក៏បាន​យកប្រាក់​សន្សំ​បាន​ទៅ​បើក​ភោជនីយដ្ឋាន​ពពក​មួយ នៅ​ទីក្រុង ម៉ុម​បៃ។ អ្នកជំនួញ​រូបនេះ​បាន​ជួល​បុគ្គលិក 6 នាក់ ដែល​ធ្លាប់​បានធ្វើការ​នៅ​សណ្ឋាគារ។

    Chowdhury ឱ្យដឹងថា លោក​ចំណាយពេល 6 ខែ ទើប​រកបាន​ប្រាក់​ដើម​មកវិញ ប៉ុន្តែ លោក​ជឿជាក់ថា វិស័យនេះ​នៅតែ​បន្ត​មាន​សក្ដានុពល​យូរអង្វែង។

    ក្រុម​អ្នកជំនាញ​យល់ថា នេះ​គឺជា​ទិសដៅ​ដែល​ប្រកបដោយ​សុវត្ថិភាព។ Nailul Huda អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ឱ្យដឹងថា កត្តា​ថ្លៃ​ដំណើរការ​ទាប​ជាង និង​ទម្លាប់​ហៅ​អាហារ​ដែល​ដឹកជញ្ជូន​ដល់ផ្ទះ​របស់​ក្រុម​យុវវ័យ​សម័យថ្មី នឹង​ធានា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​វិស័យ​ផ្ទះបាយ​ពពក៕

  • ទារកអាយុ 3 ខែ និងកុមារីអាយុ 5 ឆ្នាំ ត្រូវគេប្លុងចោលនៅព្រំដែន អាម៉េរិក ដោយសង្ឃឹមថា បានរស់នៅលើទឹកដីនេះ

    ទារកអាយុ 3 ខែ និងកុមារីអាយុ 5 ឆ្នាំ ត្រូវគេប្លុងចោលនៅព្រំដែន អាម៉េរិក ដោយសង្ឃឹមថា បានរស់នៅលើទឹកដីនេះ

    (សហរដ្ឋ​អាម៉េរិក)-ទាហាន​ការពារ​ព្រំដែន​នៅ​រដ្ឋ Texas បាន​ប្រទះ​ទើ​ញ​កុមារី​ម្នាក់​អាយុ 2 ឆ្នាំ អង្គុយ​ក្បែរ​ប្អូនប្រុស​របស់ខ្លួន​ដែលមាន​អាយុ 3 ខែ នៅក្រោម​គុម្ពោធ​ព្រៃ ហើយ​នៅក្បែរនោះ​គឺជា​លិខិត​មួយ​សន្លឹក។

    ក្នុងពេល​ល្បាត​នៅឯ​ទន្លេ​ជាប់​ព្រំដែន Rio Grande ដែល​ខណ្ឌ​ចែក សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 14 កញ្ញា បុគ្គលិក​គយ និង​កម្លាំង​ការពារ​ព្រំដែន​របស់ អាម៉េរិក (CBP) បាន​ប្រទះឃើញ​សញ្ញា​មិន​ប្រក្រតី​នៅ​មាត់ទន្លេ។ ពេល​ទៅ​ក្បែរ ពួកគេ​បានឃើញ​កុមារី​ម្នាក់​ពាក់អាវ​ពណ៌​លឿង ខោ​ពណ៌​ផ្កាឈូក អង្គុយ​ក្បែរ​កូន​គ្រែ​យួរដៃ​របស់​ទារក​តូច​ម្នាក់។

    ជន​អន្តោប្រវេសន៍​ កំពុង​ឆ្លង​ដែន​ពី​ ម៉ិកស៊ិក ចូល​ សហរដ្ឋ​អាមេរិក​ ត្រង់​តំបន់​ Rio Grande​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ 2021

    លិខិត​មួយ​សន្លឹក​នៅក្បែរនោះ បានឱ្យដឹងថា កុមារី​អាយុ​ 2 ​ឆ្នាំ និង​ទារក​អាយុ 3 ខែ​នេះ​គឺជា​បងប្អូន​បង្កើត មកពី ហុង​ឌូ​រ៉ា​ស។ ក្រុម​ទាហាន​ការពារ​ព្រំដែន​បាន​ស្វែងរក​មនុស្ស​នៅ​ជុំវិញ​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​ឃើញ​អ្នកណាម្នាក់​ឡើយ។ ក្មេង​ទាំងពីរ​នាក់​នេះ ត្រូវបាន​នាំទៅ​កន្លែង​សុវត្ថិភាព និង​មិនចាំបាច់​ត្រូវ​ចូល​ពេទ្យ។

    នេះ​គឺជា​ករណី​ថ្មី​បំផុត​ដែល​កុមារ​ត្រូវបាន​គេ​យកទៅ​ប្លុង​ចោល​នៅ​ព្រំដែន ដោយ​សង្ឃឹមថា ទាហាន​ព្រំដែន​របស់ អាម៉េរិក នឹង​បានឃើញ និង​ទទួលយក​ពួកគេ រួច​ដោះស្រាយ​បញ្ហា​លិខិតស្នាម ហើយ​ប្រគល់​ក្មេង​ទាំងនេះ​មកឱ្យ​អាណាព្យាបាល ដែល​ភាគច្រើន​គឺជា​ឪពុក ម្ដាយ ឬ​សាច់ញាតិ​របស់​ក្មេង ដែល​ពួកគេ​កំពុងស្ថិត​នៅក្នុង​ទឹកដី អាម៉េរិក។

    ជនអន្តោប្រវេសន៍​ កំពុង​រត់​ឡើង​ច្រាំង​ទន្លេ Rio Grande ក្នុង​តំបន់ Penitas រដ្ឋ​ Texas កាល​ពី​ខែ​មីនា​ ឆ្នាំ​ 2021

    កាលពី​ខែឧសភា CBP បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញថា កុមារី​តូច​ម្នាក់ អាយុ 5 ឆ្នាំ ដើរ​អណ្ដែតត្រសែត​ម្នាក់ឯង បន្ទាប់ពី​ត្រូវគេ​ប្រាប់​ឱ្យ​ដើរ​ឆ្លង​ព្រំដែន។

    ក្រុម​អន្តោប្រវេសន៍​ នាំ​គ្នា​រត់​ឆ្លង​ដែន​ ពី​ ម៉ិកស៊ិក ចូល​ទឹក​ អាម៉េរិក ត្រង់​តំបន់​​ទន្លេ Rio Grande កាល​ពី​ខែ​ឧសភា ឆ្នាំ​ 2019

    កាលពី​ខែសីហា កម្លាំង​ការពារ​ព្រំដែន សហរដ្ឋ​អាម៉េរិក ក៏បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ចំពោះ​កុមារ​ចំនួន 834 នាក់ ដែលជា​ក្រុម​អន្តោប្រវេសន៍​ឆ្លងដែន​ដោយ​មិនមាន​មនុស្ស​ចាស់​ដើរ​ជាមួយ។ នៅក្នុង​ខែសីហា ឆ្នាំ 2021 កុមារ​អន្តោប្រវេសន៍​ដែល​ពុំមាន​មនុស្ស​ចាស់​ដើរ​ជាមួយ សរុប​ប្រមាណ 18,847 នាក់ បាន​ឆ្លងដែន​ចូល​ទឹកដី អាម៉េរិក ប៉ុន្តែ តួលេខ​នេះ​បាន​ថយចុះ​បន្តិច បើ​ធៀប​នឹង​ខែកក្កដា៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 15 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 693 នាក់

    – ជាសះស្បើយ​ថ្មី = 443 នាក់

    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 693 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 581 នាក់

    – អ្នកដំណើរពីបរទេស 112 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=102,136 នាក់

    – អ្នកជាសះស្បើយ=95,810 នាក់

    – អ្នកស្លាប់=2,078 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 227,268,290 នាក់

    – អ្នកជា​សះស្បើយ = 203,970,323 នាក់

    – អ្នកស្លាប់ = 4,673,652 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,624,315 នាក់

  • ក្រសួងសុខាភិបាល ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ និង​ទី​ពីរ ជូន​កុមា​រវ័យ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ

    ក្រសួងសុខាភិបាល ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ និង​ទី​ពីរ ជូន​កុមា​រវ័យ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញ​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 (ស៊ី​ណូ​វ៉ា​ក់) ដូ​ស​ទីមួយ និង​ដូ​ស​ទី​ពីរ ជូន​ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ។

    សេចក្ដីលម្អិតសំខាន់ៗ មាន​ដូចខាងក្រោម៖

    1-ការចាក់​វ៉ាក់សាំង COVID-19 ដល់​កូនចៅ​មន្ត្រីរាជការ​ជាតិ៖ នឹងត្រូវ​ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី 17 ខែកញ្ញា ឆ្នាំ 2021 នៅតាម​មន្ទីរពេទ្យ​ជាតិ​នានា ទៅតាម​ទីតាំង កាល​បិ​រ​ច្ឆេ​ទ និង​ពេលវេលា ក្នុង​សេចក្តីជូនដំណឹង​នេះ​នៅ​ខាងក្រោម។

    2-សម្រាប់​កូនចៅ​មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី និង​បុគ្គលិក ស្ថានទូត​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ អ្នកឧកញ៉ា និង​ឧក​ញ៉៖ ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី 5 ដល់ 13 ខែតុលា ឆ្នាំ 2021។

    3-ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ ដល់​កូនចៅ​មន្ត្រីរាជការ និង​កូនចៅ​ប្រជាពលរដ្ឋ​ក្រោម​ឱវាទ​រាជធានី-ខេត្ត៖

    ក– រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និង​កោះកុង ត្រូវ​ចាក់​ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ​មាន​គម្លាត​ពីគ្នា 21 ថ្ងៃ។ សម្រាប់​ទីតាំង​ចាក់ រដ្ឋបាលខេត្ត នឹង​ជូនដំណឹង​ដាច់ដោយឡែក។

    ខ– ខេត្ត​ចំនួន 21 ផ្សេងទៀត នឹង​ចាក់​ចាប់ពី​ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ​មាន​គម្លាត​ពីគ្នា 21 ថ្ងៃ។ សម្រាប់​ទីតាំង​ចាក់ រដ្ឋបាលខេត្ត នឹង​ជូនដំណឹង​ដាច់ដោយឡែក។

    4-ឯកសារ​ភ្ជាប់​មកជា​មួយ​នៅពេល​មកចាក់​វ៉ាក់សាំង រួមមាន៖

    សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតឆ្លងដែន និង​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ឪពុកម្តាយ (ចំពោះ​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ជាតិ)៕

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​ដូចខាងក្រោម៖

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ​ ដល់​ក្រោម 12 ឆ្នាំ

    រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ​ ដល់​ក្រោម 12 ឆ្នាំ

    នា​ព្រឹក​ថ្ងៃទី 16 ខែកញ្ញា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ អាយុ​ក្រោម 12 ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

    ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021។

    ក្នុង​យុទ្ធនាការ​នេះ ដូ​ស​ទីមួយ​នឹងត្រូវ​បានធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ដល់​ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 ចំណែក​ដូ​ស​ទី​ពីរ នឹង​ចាប់ផ្ដើម​ចាក់​ពីថ្ងៃ​ទី 8 ដល់ 24 ខែតុលា ឆ្នាំ 2021 រៀងរាល់​ម៉ោង 8 ព្រឹក ដល់​ម៉ោង 17 រសៀល។

    ដើម្បី​បានទទួល​ការចាក់​វ៉ាក់សាំង រដ្ឋបាល​រាជធានី សូម​អញ្ជើញ​អាណាព្យាបាល​របស់​កុមារ ទាក់ទង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ភ្ជាប់​ជាមួយ​សេចក្ដីជូនដំណឹង​នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ដែល​មាននៅ​ខាងក្រោម៖

  • ព្រោះតែ​សម្លាប់​ត្រី​ចិញ្ចឹម​របស់​អតីត​ភរិយា​ដើម្បី​សងសឹក សេដ្ឋី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ

    ព្រោះតែ​សម្លាប់​ត្រី​ចិញ្ចឹម​របស់​អតីត​ភរិយា​ដើម្បី​សងសឹក សេដ្ឋី​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​ជាង​មួយឆ្នាំ

    អង់គ្លេស៖ សេដ្ឋី​ឈ្មោះ Haines ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល 16 ខែ ព្រោះតែ​បាន​លួច​ចូល​ផ្ទះ​របស់​អតីត​ភរិយា នៅឯ​ស្រុក Caerphilly និង​បានសម្លាប់​ត្រី​ចិញ្ចឹម​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ របស់​អ្នកស្រី ដើម្បី​ជាការ​សងសឹក។

    តុលាការ Newpor Crown កាលពី​ថ្ងៃទី 14 កញ្ញា បាន​កាត់ទោស​ម្ចាស់​ក្រុមហ៊ុន​កែច្នៃ Anthony Haines វ័យ 51 ឆ្នាំ ពីបទ​លួច​ចូល​ផ្ទះ​អតីត​ភរិយា​ឈ្មោះ Jane អាយុ 52 ឆ្នាំ មាន​ទីលំនៅ​ក្នុង​តំបន់ Caerphilly នៃ​ដែនដី Wales របស់ អង់គ្លេស កាលពី​ខែមិថុនា។ Haines បាន​ផ្ដាច់​អគ្គិសនី​ក្នុងផ្ទះ​របស់ Jane ធ្វើឱ្យ​ត្រី​ដែលមាន​តម្លៃ​ជិត 14,000 ដុល្លារ​អាមេរិក ត្រូវ​ងាប់។

    Anthony Haines វ័យ 51 ឆ្នាំ

    Haines ថែមទាំង​បាន​បំផ្លាញ​រូបថត​របស់ Jane ដែល​ថត​ជាមួយ​មិត្ត​ប្រុស​របស់​អ្នកស្រី ព្រមទាំង​បាន​ឆែកឆេរ​បន្ទប់​គេង និង​យក​កាំបិត​កាប់​ចិញ្ច្រាំ​ក្ដារ​ជ្រញ់ និង​ទូ​ក្នុង​ផ្ទះបាយ​ទៀតផង។ បន្ទាប់ពី​បាន​សារភាព​ទោស សេដ្ឋី​រូបនេះ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល 16 ខែ។

    «Jane បាន​សង្ស័យ​លើ​អតីត​ស្វាមី​តាំងពី​ដំបូង។ អ្នកស្រី​និយាយថា គាត់​ប្រចណ្ឌ ព្រោះតែ​អ្នកស្រី​បានចាប់ផ្ដើម​ជីវិត​ថ្មី» ចៅក្រម Jones និយាយ​ដូច្នេះ និង​បន្ថែមថា ចាប់តាំងពី​គូ​ស្វាមី និង​ភរិយា​នេះ​បានរស់នៅ​បែក​ពីគ្នា និង​ជិត​ឈានដល់​ការលែង​លះ​ស្ថាពរ Haines បានធ្វើឱ្យ​ជីវភាព​របស់​អតីត​ភរិយា «ដូច​ទៅនឹង​នរក​អវីចី»។

    កាលពី​ឆ្នាំ 2019 លោក Haines ក៏​ធ្លាប់បាន​ជាប់ពន្ធ​គារ​ម្ដង​រួចហើយ ព្រោះតែ​បាន​គំរាមកំហែង​ដល់ Jane និង​មិត្ត​ប្រុស​របស់​អ្នកស្រី ដោយ​កាំបិត​កាប់សាច់​ជ្រូក។

    ក្នុង​ហេតុការណ៍​កាលពី​ខែមិថុនា ដោយសារតែ​ស្រវឹងស្រា ទើប Haines មាន​សកម្មភាព​ដូច្នេះ នេះ​បើតាម​មេធាវី Marian Lewis។ ចំណែក​កូនស្រី​របស់ Haines ក៏បាន​ឱ្យដឹងថា គាត់​គឺជា​ឪពុក ជា​លោកតា​ដ៏​ល្អ​របស់​កូនចៅ។ សេដ្ឋី Haines បាន​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន និង​បាន​ជួយ​ឱ្យ​គ្រួសារ​មាន​ជីវភាព​ល្អប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ៕

  • iPhone 13 ទើបតែ​បង្ហាញខ្លួន​សោះ Samsung ​ចំអកចំអន​ឱ្យ Apple ភ្លាមៗតែម្ដង

    iPhone 13 ទើបតែ​បង្ហាញខ្លួន​សោះ Samsung ​ចំអកចំអន​ឱ្យ Apple ភ្លាមៗតែម្ដង

    ក្នុងអំឡុង​ពេលនេះ Samsung ទំនងជា «មាន​ក្ដី​សុខ» នៅពេល​បាន «ចំអក» ឱ្យ Apple ក្រោយ iPhone 13 ត្រូវបាន​បង្ហាញខ្លួន។

    ថ្មីៗនេះ Appe បាន​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​វៃ​មួយគូ​គឺ iPhone 13 Pro និង iPhone 13 Pro Max ដែលមាន​មុខងារ​ជាច្រើន​ត្រូវបាន​បន្ទាន់​សម័យ ក្នុងនោះ អេក្រង់ ProMotion 120Hz ត្រូវបាន​បំពាក់​ជា​លើកដំបូង​នៅលើ iPhone។ មុខងារ​នេះ​ប្រហែលជា​ថ្មីថ្មោង​សម្រាប់​អ្នកប្រើប្រាស់ iPhone ប៉ុន្តែ​តាមពិត អេក្រង់​លំដាប់​នេះ​ត្រូវបាន​បំពាក់​នៅលើ​ទូរស័ព្ទ Android លំដាប់​ខ្ពស់​តាំងពី​យូរ​មកហើយ ចំណែក​បច្ចុប្បន្ន វា​ក៏មាន​នៅលើ​ទូរស័ព្ទ​តម្លៃ​មធ្យម​ផងដែរ។

    ដូច​សព្វមួយដង បន្ទាប់ពី Apple បញ្ចេញ iPhone ថ្មី ដោយមាន​ចំនុច​បង្ក​ចំណាប់អារម្មណ៍​គឺ​អេក្រង់ ProMotion 120Hz ក្រុមហ៊ុន Samsung ក៏បាន «លែបខាយ» ដាក់ Apple ដោយ​ការ​បង្ហោះ​សារ​នៅលើ Twitter។

    សារ​ខាងលើ​ត្រូវបាន​បង្ហោះ​ដោយ​គណនី​ផ្លូវការ​មួយ​ដែលមាន​សញ្ញា «គូស​ធី​ក (tick) ពណ៌​ខៀវ» របស់ Samsung នៅ សហរដ្ឋអាមេរិក។ នេះ​មិនមែនជា​លើកដំបូង​ដែល Samsung ចំអក​ឱ្យ​គូប្រជែង​នោះទេ។ ឱ្យតែ​មានការ​បញ្ចេញ​ផលិតផល​ថ្មី Samsung តែងតែ​មានការ​បង្ហោះ​សារ​រិះគន់ លែបខាយ​ដល់​ផលិតផល​របស់​គូប្រជែង​នេះ ទន្ទឹមនឹងនេះ Samsung ក៏​មិន​ភ្លេច​ឃោសនា​ផលិតផល​របស់ខ្លួន​ផងដែរ។

    «យើងមានអេក្រង់ 120Hz មួយរយៈពេលយូរហើយ…»

    ជា​មូលដ្ឋាន iPhone 13 ឆ្នាំនេះ ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់ LTPO ដែលមាន​សមត្ថភាព​ដំណើរការ​ស្វ័យប្រវត្ត​ក្នុងការ​កែតម្រូវ​ល្បឿន​ប្រតិបត្តិការ​របស់​អេក្រង់ ដោយ​យោងទៅលើ​កិច្ចការ និង​ខ្លឹមសារ​ដែល​បង្ហាញ​នៅលើ​អេក្រង់ ដើម្បី​សន្សំសំច័យ​ថ្ម។ បច្ចេកវិទ្យា​នេះ ធ្លាប់​ត្រូវបាន Samsung បំពាក់​លើ Galaxy S21 Ultra ដែល​បាន​បង្ហាញខ្លួន​ក្នុង​ទី​ផ្សាយ​កាលពីដើម​ឆ្នាំនេះ។ ចំណែក​ទូរស័ព្ទ​ដំបូង​របស់ Samsung ដែល​បាន​បំពាក់​អេក្រង់​ល្បឿន 120Hz គឺ Galaxy S20 ដែល​បាន​បង្ហាញខ្លួន​កាលពីដើមឆ្នាំ 2020។

    iPhone 13 Pro និង 13 Pro Max បច្ចុប្បន្ន មានតម្លៃ​ចាប់ពី 999 ដុល្លារ និង 1,099 ដុល្លារ​អាមេរិក សម្រាប់​កំណែ​ដែលមាន​អង្គ​ចងចាំ 128GB៕

  • មហាសមុទ្រទាំងអស់របស់ផែនដី ត្រូវកក តើបញ្ហាអ្វីខ្លះនឹងកើតឡើង? (វីដេអូ)

    មហាសមុទ្រទាំងអស់របស់ផែនដី ត្រូវកក តើបញ្ហាអ្វីខ្លះនឹងកើតឡើង? (វីដេអូ)

    ទឹកសមុទ្រ​កក នឹង​បណ្ដាលឱ្យមាន​គ្រោះមហន្តរាយ​ដល់​ជីវិត​ទាំងអស់​ដែលមាន​នៅលើ​ពិភព​ផែនដី ដោយសារតែ​បាត់បង់​ប្រភព​ផ្គត់ផ្គង់​អុកស៊ីសែន និង​ដំណើរ​នៃ​វដ្ដ​របស់​ទឹក។

    ផែនដី បាន​ឆ្លងកាត់​យុគសម័យ​ទឹកកកធំៗយ៉ាងតិច 5 លើក​រួចមកហើយ។ លើកចុងក្រោយ​បានកើត​ឡើង​កាលពី​ប្រមាណ 20,000 ឆ្នាំមុន និង​ធ្វើឱ្យ​ផែនដី​ត្រជាក់​ជាង​បច្ចុប្បន្ន ប្រហែល 5 អង្សា​សេ។ ប៉ុន្តែ កាលណោះ អ្នក​ក៏​មិនអាច​មើលឃើញ​ផ្ទៃ​ទឹក​មហាសមុទ្រ​ត្រូវ​កក​ទាំងស្រុង​នោះដែរ។

    មាន​កត្តាសំខាន់ៗមួយចំនួន​ដែល​រក្សា​ទឹក​ក្នុង​មហាសមុទ្រ​របស់​យើង ឱ្យ​ស្ថិតនៅក្នុង​សភាព​រាវ ក្រៅពី​តំបន់​ដែល​ត្រជាក់​បំផុត​នៃ​ប៉ូល​ខាងជើង និង​ខាងត្បូង។ បើសិនជា​បាត់បង់​កត្តា​ទាំងនេះភ្លាមៗ ទឹកនឹង​ត្រូវ​កក។

    កត្តា​ដំបូង​គឺ​កំហាប់​ខ្ពស់​នៃ​ជាតិ​អំបិល ដោយ​វា​ជួយ​កំណត់​កម្រិត​នៃ​ភាព​ត្រជាក់​ដែលនាំឱ្យ​ទឹក​ប្រែជា​កក ពី 0 អង្សា​សេ មក​នៅត្រឹម -2 អង្សា​សេ។

    មូលហេតុ​មួយ​ផ្សេងទៀត នោះ​គឺ​ផែនដី​មានទឹក​យ៉ាងច្រើន។ ប្រមាណ 71% នៃ​ផ្ទៃផែនដី ត្រូវបាន​គ្របដណ្ដប់​ដោយ​ទឹក ក្នុងនោះ​មាន​ប្រហែល 96.5% គឺជា​ទឹកប្រៃ។ ចំពោះ​បរិមាណ​ទឹក​នេះ គេ​ត្រូវ​ការបំបាត់​កំដៅ​យ៉ាងច្រើន ដើម្បី​អាចឈាន​ដល់​សភាព​កក។ សូម​កុំភ្លេចថា ទឹក​ក្នុង​មហាសមុទ្រ​ទាំងអស់​សុទ្ធ​តែមាន​ចលនា។ លំហូរ​ទឹកសមុទ្រ​បែងចែក​ទឹក​ក្កៅ​ទៅកាន់​តំបន់​ទឹក​ត្រជាក់។

    កត្តា​ចុងក្រោយ នោះ​គឺ​សម្បក​ផែនដី​ដែល​ស្ដើង​បំផុត ស្ថិតនៅ​ខាងក្រោម​មហាសមុទ្រ ដូច្នេះហើយ​ទើប​កម្ដៅ​អាច​ភាយ​ចេញពី​ខាងក្រោម​សម្បក​ផែនដី​ចូលមកក្នុង​ទឹកសមុទ្រ។

    បើសិនជា​កត្តា​ទាំងឡាយ​ខាងលើ​ត្រូវ​បាត់បង់ អ្នកនឹង​ត្រូវការ​វ៉ែនតា​ពណ៌​ខ្មៅ ព្រោះថា​ពេលនោះ ផែនដី​របស់​យើង​នឹង​ក្លាយជា​ពិភព​ដ៏​មហា​សែន​ត្រជាក់ ដែល​ពន្លឺព្រះអាទិត្យ​ត្រូវ​ចាំង​ប្លាត​យ៉ាងខ្លាំង​ក្លា ដោយសារតែ​ទឹកកក និង​ព្រឹល​មាន​ពណ៌​ស រលោង អាចបង្កើត​កម្រិត​ខ្ពស់។ បាតុភូត​នេះ​បកស្រាយ​អំពី​មូលហេតុ​ដែលនាំឱ្យ​កំពូល​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល បាន​ជួយ​រក្សា​អាកាសធាតុ​ផែនដី​ឱ្យមាន​ស្ថិរភាព​ក្នុង​រយៈពេល​រាប់ពាន់​ឆ្នាំ។

    https://www.youtube.com/watch?v=dasw-xE9WCU

    បើសិន​មហាសមុទ្រ​ទាំងអស់​ត្រូវ​កក វា​នឹង​ចាំង​ប្លាត​ពន្លឺព្រះអាទិត្យ​យ៉ាងច្រើន​ចេញទៅ​ក្រៅ​បរិយាកាស ហើយ​ប្រការនេះ​នឹងធ្វើ​ឱ្យ​វដ្ដ​របស់​ទឹក​នៅលើ​ផែនដី ត្រូវ​រអាក់រអួល។

    កម្ដៅ​ពី​ព្រះអាទិត្យ​នឹងមិន​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ទឹក​ត្រូវ​ហួត​ទៅលើ​មេឃ។ ប្រការនេះ​មានន័យថា មិនមាន​ភ្លៀង​ធ្លាក់​ទៀត​នោះទេ។ បើ​ពុំមាន​ពពក ភ្លៀង​ក៏ត្រូវ​បាត់​ខ្លួន។ ទឹក និង​ព្រឹល​មាន​សារសំខាន់​សម្រាប់​ជីវិត​នៅលើ​ផែនដី ប៉ុន្តែ​បើសិន​ពួកវា​បាត់​ខ្លួន ផែនដី​នឹង​ក្លាយទៅជា​ស្ងួត​ហួតហែង​ដូច​ទៅនឹង​ប៉ូល​ខាងត្បូង ឬ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ខ្សាច់ សាហា​រ៉ា (Sahara)។

    មហាសមុទ្រ​ទាំងអស់​ដែល​កក​ជា​ទឹកកក អាចធ្វើឱ្យ​ជីវិត​របស់​សត្វ​ច្រើន​ប្រភេទ​ត្រូវផុត​ពូជ ព្រោះថា មហាសមុទ្រ​នានា​មាន​ផ្ទុក​ជីវិត​របស់​ផែនដី ប្រមាណ 80% ហើយ​ត្រី​ទាំងឡាយ​ដែល​បាន​ងាប់​ក្រោម​ផ្ទៃ​ទឹកកក​នេះ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​មនុស្ស។

    ទឹកកក​នឹង​កាត់ផ្ដាច់​ផ្លូវទឹក​នៅលើ​សមុទ្រ ដែល​នេះ​មានន័យថា នឹង​ធ្វើឱ្យ​សកម្មភាព​ដោះដូរ​ពាណិជ្ជកម្ម​សកល​ត្រូវ​បាត់បង់ 80%។ មនុស្ស​ជិត 56 លាន​នាក់​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​នេសាទ​ត្រី និង​ដាំ ឬ​ចិញ្ចឹមសត្វ​ក្នុង​ទឹកនឹង​ត្រូវអស់​ការងារ​ធ្វើ។ អាហារ​សមុទ្រ​នឹង​លែង​ជា​អាហារ​សំខាន់​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ទៀតហើយ ក្នុងនោះ​ក៏​នឹង​លែងមាន​មុខម្ហូប ស៊ូ​ស៊ី ឬ​បង្កង​អាំង​នៅលើ​ចង្ក្រាន​ទៀត​ដែរ។

    ប៉ុន្តែ បញ្ហា​ខាងលើនេះ​នៅតែ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន បើ​ធៀប​នឹង​ការដែល​អ្នក​ត្រូវ​ពិបាក​ដកដង្ហើម​ជាង​មុន។ មហា​ស​មុ​ត្រ​រួមចំណែក​ផ្ដល់​អុកស៊ីសែន​ពី 50-85% នៃ​បរិយាកាស​របស់​ផែនដី ដែល​នេះ​គឺ​សារ​តែ​សត្វ​ប្រភេទ​ប្លង់តុង (Zooplankton) សារាយ និង​បាក់តេរី បង្កើតឡើង​ក្នុងពេល​ធ្វើ​រស្មី​សំយោគ។ បើសិនជា​មហា​មុ​ទ្រ​ត្រូវ​កក ពួកវា​អាច​ងាប់​ទាំងអស់ លើកលែងតែ​អ្នក​ដាំ​ដើមឈើ​រាប់ពាន់​លាន​ដើម​ក្នុង​រយៈពេល​តែមួយ​យប់។

    សត្វ​ច្រើន​ប្រភេទ​នៅលើ​គោក រួមទាំង​មនុស្ស ក៏​នឹង​ស្លាប់​ដោយសារ​គ្មាន​អុកស៊ីសែន។ បើសិន​អ្នកជា​មនុស្ស​ម្នាក់​ដែលមាន​សំណាង​នៅរស់ នោះ​ចំណេរ​ចុងក្រោយ កំហាប់​អុកស៊ីសែន​អាច​ត្រលប់មក​ជាធម្មតា​វិញ។ ប៉ុន្តែ តើ​ជីវិត​នឹងត្រូវ​បន្ត​រស់​តាមរបៀប​ណា​នៅលើ​ផែនដី​ដែល​កក​មួយ​នេះ?

    ការ​ចែវ​ទូក kayak ទៅ​មើល​សត្វ​ផ្សោត​នៅ​មហាសមុទ្រ នាំមក​នូវ​ការសប្បាយរីករាយ​ដល់​យើងទាំងអស់គ្នា។ ប៉ុន្តែ នៅពេល​មហាសមុទ្រ​ត្រូវ​កក អ្នកនឹង​លែង​បានទទួល​បទពិសោធន៍​ទាំងនោះ​ទៀតហើយ៕

  • ឈុត​ហោះហើរដែល​ «មិន​ប្រើ​កម្លាំង​ដៃ» ដំបូងបង្អស់​ក្នុង​ពិភពលោក

    ឈុត​ហោះហើរដែល​ «មិន​ប្រើ​កម្លាំង​ដៃ» ដំបូងបង្អស់​ក្នុង​ពិភពលោក

    អង់គ្លេស៖ ឈុត​ហោះហើរ Maverick Jetpack មាន​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ជួយ​ឱ្យ​អ្នកប្រើប្រាស់​មិនត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ស្មុគស្មាញ និង​តម្លៃ​ថ្លៃ។

    Maverick Aviation ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី មាន​ទីស្នាក់ការ​កណ្ដាល​នៅ Southampton ប្រទេស​អង់គ្លេស បាន​អភិវឌ្ឍ​ឈុត​ហោះហើរ​ថ្មី​ដែលមាន​ឈ្មោះថា Maverick Jetpack ដែល​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ 2022។ ក្រុមហ៊ុន​នេះ​អះអាងថា នេះ​គឺជា​ឈុត​ហោះហើរ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​មិនបាច់​ប្រើ​ដៃ។ នេះ​បើតាម​សារព័ត៌មាន Mail ចេញផ្សាយ​កាលពី​ថ្ងៃទី 14 កញ្ញា។

    ខុសពី​ឈុត​ហោះហើរ​របស់​បណ្ដា​ក្រុមហ៊ុន​ដែល​តម្រូវឱ្យ​អ្នកប្រើប្រាស់​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ ឈុត Maverick Jetpack មាន​ប្រព័ន្ធ​បញ្ជាការ​ហោះហើរ​ដោយ​ស្វ័យប្រវត្តិ។ ក្រុម​អ្នក​អភិវឌ្ឍ​ជឿថា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ឧបករណ៍​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ទី​ដែល​ពិបាក​ទៅដល់ ដូចជា ស្លាបចក្រ​នៅ​ទី​ខ្ពស់ ឬ​ការដ្ឋាន​សំណង់។ល។

    Maverick Jetpack គឺជា​ផលិតផល​ប្រកបដោយ​បញ្ញា​របស់ Matt Denton អ្នកជំនាញ​ផ្នែក​វិស្វកម្ម​មេកា​និក នៅ ហូលីវូដ និង Antony Quinn មកពី​កងទ័ពជើងទឹក​អង់គ្លេស។

    Quinn និយាយ​អំពី​មូល​ហេតុដែល​នាំឱ្យមាន Maverick Jetpack ៖ «ក្រុម​វិស្វករ ត្រូវ​ដើរ​ឡើង​តាម​ជណ្ដើរ​ខាងក្នុង​សំណង់​នានា​រាប់​ម៉ោង​ក្នុងមួយៗ ហើយ​ក្នុងស្ថានភាព​បន្ទាន់ ការដើរ​ចុះ​លឿន ហាក់​មិនអាច​ធ្វើទៅបាន។ ដ្រូ​ន អាចមាន​ប្រយោជន៍​ដល់​ការត្រួតពិនិត្យ ប៉ុន្តែ ក្នុងករណី​ជាច្រើន គេ​នៅតែ​ត្រូវការ​វិស្វករ​ម្នា​ក់នៅ​ទីនោះ»។

    ក្រោយ​ដំណើរ​ទស្សនកិច្ច អា​ហ្វ​ហ្គា​នី​ស្ថាន និង អ៊ីរ៉ាក់ Quinn បានឃើញ​សក្ដានុពល​នៃ​ការប្រើប្រាស់​ឈុត​ហោះហើរ​នេះ។ «មុននេះ គ្រប់គ្នា​នឹង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​តម្លៃ 30 លាន​ផោន (ជាង 41,400,000 ដុល្លារ) ដើម្បី​បំពេញការងារ​សាមញ្ញ​មួយចំនួន ដូច្នេះ យើង​អាច​បង្ហាញ​ដំណោះស្រាយ​សមស្រប ដោយ​ចំណាយ​ប្រាក់​តិចតួច​ប៉ុណ្ណោះ» Quinn បន្ថែម​ដូច្នេះ។

    ក្នុងវីដេអូ​ខាង​លើ​គឺជា​ឈុត​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​ Gravity Industries

    Maverick Jetpack ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុស្រាលៗ រួមមាន អាលុយមីញ៉ូម, ទី​តានី​ញ៉ូ​ម និង​សរសៃ​កាបូន ហើយ​អាច​ហោះហើរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង អាស្រ័យ​លើ​ប្រភេទ​ការងារ។ ឈុត​នេះ​ក៏​បំពាក់​ប្រព័ន្ធ​ហោះ​ឡើង និង​ចុះចត​ត្រង់ ដំណើរការ​ដោយ​ម៉ាស៊ីន​យន្តហោះ​ដែលមាន​ទំហំ​ប៉ុន​គ្រាប់​បាល់​ក្នុង​កីឡា​បាល់ឱប។

    Quinn ក៏បាន​ឱ្យដឹងថា ការហោះហើរ​ដោយ​ប្រើ​ឈុត Maverick Jetpack គឺ​ពិតជា​សាមញ្ញ​ណាស់ ដូច្នេះ ថ្លៃ​បណ្ដុះបណ្ដាល​ក៏​នឹង​ទាប ក្រុម​អ្នកជំនាញ​អាច​ធ្វើការ​នៅក្នុង​បរិស្ថាន​ពិបាក​ទៅដល់ ប្រកបដោយ​សុវត្ថិភាព និង​រហ័ស​ទាន់​ចិត្ត។ ការហោះហើរ​សាកល្បង​ដែលមាន​មនុស្ស​បើកបរ​ដំបូង​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្នុង​រដូវក្ដៅ​ឆ្នាំក្រោយ៕