Author: សឿន សំណាង

  • ទូរស័ព្ទ​ស៊េរី​ថ្មី Redmi 10 បានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ!

    ទូរស័ព្ទ​ស៊េរី​ថ្មី Redmi 10 បានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការណ៍​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ!

    នៅ​ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ Xiaomi បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការណ៍​ដើម្បី​ស្វាគមន៍​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Redmi 10 នៅក្នុង​ប្រទេស​កម្ពុជា។

    ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​មានការ​ចូលរួម​យ៉ាង​ពិសេស​ពី អ្នក​ដែលមាន​ឥទ្ធិពល​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅលើ​បណ្តាញ​សង្គម ក្នុងនោះ​ក៏មាន​កម្ម​វិធីចែក​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀតផង។

    លោក រ៉ៃ​យ៉ា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សា​លក់រាយ​របស់ Xiaomi ប្រចាំ កម្ពុជា ក៏បាន​ធ្វើការ​បង្ហាញ​ពី​ឆន្ទៈ​របស់ Xiaomi ដែល​នាំយក​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ច្នៃប្រឌិត​ថ្មី ដើម្បី​ឲ្យ​គ្រប់គ្នា​នៅ​ប្រទេស​កម្ពុជា អាច​រីករាយ​ជាមួយ​បច្ចេកវិទ្យា​ដ៏​ល្អ​បំផុត​ជាមួយនឹង​តម្លៃ​សមរម្យ​ផងដែរ។

    ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង 10 ដែលនាំឱ្យ Redmi 10 ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់គ្នា៖

    1. ការ​រចនា​ម៉ូត​ទាន់សម័យ

    Redmi 10 ត្រូវបាន​រចនា​ម៉ូត​ឡើង​យ៉ាង​ប្រណិត តួខ្លួន​ស្រោប​ដោយ​កញ្ចក់ Glossy Glass រលោង ជាមួយ​ស៊ុម​ផ្លា​ស្ទីក​ជុំវិញ កម្រាស់​ស្តើង 8.9mm និង​ទំងន់​ត្រឹម 181 ក្រាម​តែប៉ុណ្ណោះ។ Redmi 10 ក៏បាន​ផ្តល់នូវ​ជម្រើស​ពណ៌​ដល់​ទៅ 3 ពណ៌​គឺ ប្រផេះ ស និង​ទឹកសមុទ្រ ស័ក្ដិសម​នឹង​យកទៅ​តាម​ខ្លួន​គ្រប់​កាលៈទេសៈ។

    1. ថាមពល​ថ្ម​ធំ សាក​លឿន កាន់​បានយូរ

    សម្រាប់​ថាមពល​ថ្ម​គឺមាន​ទំហំ 5,000mAh ទ្រទ្រង់​ការ​សាក​លឿន 18W តាមរយៈ​រន្ធ​ចម្លង USB-C និង​មាន​មុខងារ reverser charge កម្លាំង 9W សម្រាប់​សាក​ថ្ម​ទៅឱ្យ​ទូរស័ព្ទ​ផ្សេង​បាន​តាម​ខ្សែ USB-C ថែម​ទៀតផង។ ហើយ​អ្វីដែល​ពិសេស​គឺ Redmi 10 មានភ្ជាប់​មកជា​មួយ ឆ្នាំង​សាក​ល្បឿន​លឿន​កម្លាំង 22.5W នៅក្នុង​ប្រអប់​ស្រាប់​តែម្ដង។

    1. កាមេរ៉ា​ថត​បាន​ច្បាស់

    កាមេរ៉ា​ក្រោយ​របស់ Redmi 10 មាន​ចំនួន 4 គ្រាប់ ភ្ជាប់​ដោយ​សែន​ស័​រគោល​ទំហំ 50MP aperture f/1.8 ស្ថិតនៅ​ខាងលើ​គេ រំលេច​ដោយ​ផ្ទៃ​ស៊ុម​ពណ៌​ទឹកប្រាក់ រួមជាមួយ​សែន​ស័​រ Ultra-wide angle ទំហំ 8MP ហើយ​និង​សែន​ស័​រ Macro និង Depth Sensor មាន​ទំហំ 2MP ដូចគ្នា។ សម្រាប់​កាមេរ៉ា​សែ​ល​ហ្វី​ក្នុង​លែ​ន​ទំ​លុះ​អេក្រង់ មាន​ទំហំ 8MP។

    1. កម្លាំង​ម៉ាស៊ីន​ខ្លាំង

    Redmi 10 គឺជា​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម​ដែល​បំពាក់​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio G88។ បន្ទះ​ឈី​ប​ជំនាន់​ថ្មី​នេះ ភ្ជាប់​ដោយ​អង្គ CPU កម្រិត Octa-core ដំណើរការ​លើ​ប្រព័ន្ធ Cortex-A75 ល្បឿន 2.0GHz ភ្ជាប់​ជាមួយ​រ៉េ​ម ទំហំ 4GB និង 6GB រួមជាមួយ​នឹង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ចាប់ពី 64GB ដល់ 128GB។  ស្មា​ត​ហ្វូ​ន​ស៊េរី ថ្មី​មួយ​នេះ​ប្រតិបត្តិ​ការណ៍​ដោយ Android 11 និង​ស្រោប​ដោយ MIUI12.5។

    1. ប្រព័ន្ធ​សំឡេង​លឺ​ច្បាស់​ល្អ

    Redmi 10 បំពាក់​នូវ​ប្រព័ន្ធ Speaker ដល់​ទៅ​ពីរ​គ្រាប់ និង​មាន​រន្ធ​ដោត​កាស 3.5mm មួយ​ផងដែរ ដែល​អាច​ផ្តល់ជូន​នូវ​សំឡេង​ពីរោះ​រណ្ដំ។

    1. ផ្តល់​ការភ្ជាប់​ទំនាក់ទំនង​ដ៏​ងាយស្រួល

    ស្មា​ត​ហ្វូ​ន​នេះ​អាច​ប្រើ​ស៊ីម​បាន​ពីរ ប្រព័ន្ធ​សេវា​ខ្លាំង និង​មាន​មុខងារ​ពិសេស IR Blaster ដែល​អាច​បញ្ជា​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​ជំនួស​តេ​ឡេ​បាន។

    1. ប្រព័ន្ធ​សុវត្ថិភាព

    Redmi 10 ភ្ជាប់​មក​នូវ​ប្រព័ន្ធ​ស្កេ​ន​ក្រយៅដៃ​ដោះ​សោ​សុវត្ថិភាព​ដែល​ស្ថិតនៅលើ​ប៊ូ​តុង​បិទ​បើក​នៅ​គែម​ខាងស្តាំ​នៃ​ទូរស័ព្ទ ព្រមទាំង​អាច​ដោះ​សោ​ដោយ​ស្កែ​ន​មុខ​ផងដែរ។

    1. គុណភាព​អេក្រង់

    Redmi 10 បំពាក់​អេក្រង់ IPS LCD កម្រិត 90Hz ទំហំ 6.5 អ៊ី​ញ កម្រិត​បង្ហាញ Full HD+ លើ​ខ្នាត Aspect ratio 20:9 និង​មាន​ដង់ស៊ីតេ​នៃ​កម្រិត​ភាពច្បាស់ 405ppi។

    1. តម្លៃ​សមរម្យ

    បើទោះបីជា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បំពាក់​នូវ​បច្ចេកវិទ្យាទំនើបៗជាច្រើន​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​គឺ​ត្រឹមតែ $159 ប៉ុណ្ណោះ ចំពោះ​ទំហំ RAM 4GB និង​មេម៉ូរី 64GB ព្រមទាំង​មាន​ជម្រើស​មួយទៀត នោះ​គឺ RAM 6GB ជាមួយ​មេម៉ូរី​រហូតដល់ 128GB ដែលមាន​តម្លៃ​ត្រឹមតែ $189 ប៉ុណ្ណោះ។

    1. ផ្ដល់ជូន​ប័ណ្ណធានា​រហូតដល់ 18 ខែ រឺ 1 ឆ្នាំកន្លះ

    នេះ​ក៏​ជា​ភាព​ទាក់ទាញ​មួយ​ដែល​មិនអាច​ប្រកែក​បាន។ រាល់​ការ​ជាវ​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​ថ្មី Redmi 10 នឹង​ទទួលបាន​ប័ណ្ណធានា​រហូតដល់18 ខែ ឬ 1 ឆ្នាំកន្លះ ពី​ក្រុមហ៊ុន Xiaomi ផ្ទាល់​តែម្ដង។

    ឥឡូវនេះ Redmi 10 មាន​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​ហើយ! លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​នៅតាម​បណ្តា​ហាង Xiaomi Store ដៃគូ​សហការ​អន​ឡាញ និង​ហាង​លក់​ទូរស័ព្ទ​នានា​នៅក្នុង​ប្រទេស​កម្ពុជា! ជាមួយនឹង​ប័ណ្ណធានា 18 ខែ ក៏មាន​ការ​ថែម​ជូន​ស៊ីម​កាត​ស្មា​ត​លេខ​ពិសេស និង​គម្រោង​ស្មា​ត​ធំ​ហ្មង 12 សប្តាហ៍! នៅចាំ​អី​ទៀត! ទៅ​ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​លោកអ្នក​ឥឡូវនេះ​ដើម្បី​ធ្វើជា​ម្ចាស់​របស់ Redmi 10!

    បន្ថែម​ពីនេះ​ទៅទៀត Xiaomi ក៏បាន​ដាក់​សម្ពោធ​ឧបករណ៍​ឆ្លាត​វៃ​ស៊េរី​ថ្មី​បី​ប្រភេទ​គឺ​កាស​ឥត​ខ្សែ Redmi Buds 3 Pro តម្លៃ $65 , កាមេរ៉ា​សុវត្ថិភាព​ឆ្លាត​វៃ​ឥត​ខ្សែ Mi Wireless Outdoor Security Camera 1080p តម្លៃ $85 និង Mi Router AX9000 តម្លៃ $239 ជា Tri-Band Wifi 6 Router ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ទាំងអស់គ្នា ជាពិសេស Gamers។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Xiaomi Cambodia។

  • តួលេខ​នៃ​ការស្លាប់​ដោយសារ​វីរុស​ COVID-19 នាបច្ចុប្បន្ន និង H1N1 កាលពី​ឆ្នាំ 1918 នៅ សហរដ្ឋ​អាម៉េរិក

    តួលេខ​នៃ​ការស្លាប់​ដោយសារ​វីរុស​ COVID-19 នាបច្ចុប្បន្ន និង H1N1 កាលពី​ឆ្នាំ 1918 នៅ សហរដ្ឋ​អាម៉េរិក

    ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ សហរដ្ឋ​អាម៉េរិក បាន​កើន​លើសពី 675,000 នាក់ ដែលជា​តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស H1N1 នៅ​ប្រទេស​នេះ ក្នុង​សោកនាដកម្ម​ដែល​បង្កឡើង​ដោយ​រោគរាតត្បាត​សកល កាលពី​ឆ្នាំ 1918។

    ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី 17 កញ្ញា សហរដ្ឋ​អាម៉េរិក មាន​អ្នកស្លាប់​ចំនួន 675,722 នាក់​ដោយសារ​ឆ្លង COVID-19។ ក្រោយពី​បានសម្លាប់​មនុស្ស​ជាង 675,000 នាក់​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ 1918 វីរុស H1N1 ក៏បាន​បំប្លែង​ខ្លួន​ទៅជា​វីរុស​ផ្ដាសាយ​តាម​រដូវ ដែល​បច្ចុប្បន្ន​គេ​ហៅថា A H1N1 និង​បង្ក​ផលប៉ះពាល់​តិចតួច។

    តួលេខ​នៃ​ការស្លាប់​ខាងលើ​បាន​កើតឡើង​នៅពេល សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​រលក​នៃ​ការ​រាតត្បាត​ថ្មី​ដែល​ទាក់ទិន​នឹង​វ៉ា​រ្យ៉​ង់ Delta ក្នុងនោះ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បាន​តិច​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​ករណី​ស្លាប់​ច្រើន។

    រោគ​រាតត្បាត​សកល​ H1N1 កាលពី​ឆ្នាំ​ 1918

    រោគរាតត្បាត​សកល​កាលពី​ឆ្នាំ 1918 បាន​បណ្ដាលឱ្យ​មនុស្ស​ប្រហែល 50 លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់ ចន្លោះ​ឆ្នាំ 1918-1920 ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នាបច្ចុប្បន្ន ដែលមាន​ត្រឹម​ជាង 4.7 លាន​នាក់។

    តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ សហរដ្ឋ​អាម៉េរិក មាន​ប្រហែល 14% ធៀប​នឹង​តួលេខ​សរុប​របស់​ពិភពលោក ខណៈដែល​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​មាន​ត្រឹមតែ 5%។ ចំនួន​ប្រជាជន​របស់ អាម៉េរិក កាលពី​ឆ្នាំ 1918 មាន​មិន​ដល់ 1/3 ធៀប​នឹង​បច្ចុប្បន្ន ដូច្នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​វិបត្តិ​រោគរាតត្បាត​សកល​នៅ​ដើម​សតវត្សរ៍​ទី 20 គឺ ប្រហាក់ប្រហែល​នឹង​អ្នកស្លាប់ 2.2 លាន​នាក់​នាបច្ចុប្បន្ន។

    មិន​ដូច​ទៅនឹង COVID-19 ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ក្មេង​តូច និង​មនុស្ស​ចាស់ H1N1 ឆ្នាំ 1918 បានសម្លាប់​មនុស្ស​វ័យ​ក្មេង​ក្នុង​អត្រា​ខ្ពស់។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់ អាម៉េរិក ឱ្យដឹងថា ការដែល​មិនមាន​ថ្នាំ និង​វ៉ាក់សាំង បានធ្វើឱ្យ​ការប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កាលពី​ឆ្នាំ 1918 ត្រូវ​ជួប​បញ្ហា​ធំ។

    រោគ​រាត​ត្បាតសកល​​ COVID-19

    បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាច្រើន​ប្រភេទ​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ត្រូវបាន​គេ​អភិវឌ្ឍ និង​ពិសោធ​ដោយ​ប្រើពេល​ខ្លី​បំផុត។ ប៉ុន្តែ មនុស្សពេញវ័យ​ប្រហែល 24% នៅ សហរដ្ឋ​អាម៉េរិក ដែល​ជិត​ស្មើនឹង 60 លាន​នាក់ នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ណាមួយ​នៅឡើយ។ ក្រុម​អ្នកជំនាញ​យល់ថា មូល​ហេតុដែល​នាំឱ្យមាន​ការរារែក​ក្នុងការ​ទទួល​ការចាក់​វ៉ាក់សាំង​គឺ​មកពី​វិបត្តិ​នៃ​ការយល់ដឹង និង​ព័ត៌មាន​មិន​ពិត។

    ក្រៅពី​វ៉ាក់សាំង បណ្ដា​វិធីសាស្ត្រ​ព្យាបាល COVID-19 ផ្សេងទៀត ត្រូវបាន​អភិវឌ្ឍ ក្នុងនោះ​មានដូចជា ការប្រើ​អង្គ​បដិបក្ខ Monoclonal, ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទាន់សម័យ និង​ក្រុម​ថ្នាំ​ប្រឆាំង​បញ្ហា​រលាក corticoid ដើម្បី​កាត់បន្ថយ​ការ​ប្រតិកម្ម​ខ្លាំងក្លា​នៃ​ប្រព័ន្ធ​ភាពស៊ាំ ចំពោះ​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ៕

  • Pfizer អះអាងថា «វ៉ាក់សាំង​បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំង​នៅលើ​កុមារ​អាយុ​ពី 5 ឆ្នាំ ទៅ 11 ឆ្នាំ»

    Pfizer អះអាងថា «វ៉ាក់សាំង​បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំង​នៅលើ​កុមារ​អាយុ​ពី 5 ឆ្នាំ ទៅ 11 ឆ្នាំ»

    (សហរដ្ឋ​អាម៉េរិក)-ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer និង BioNTech ឱ្យដឹងថា វ៉ាក់សាំង COVID-19 មាន​សុវត្ថិភាព បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំង នៅក្នុង​ការពិសោធ​លើ​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ។

    Pfizer និង BioNTech កាលពី​ម្សិលមិញ (20 កញ្ញា) បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​វ៉ាក់សាំង COVID-19 នៅលើ​កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ។ ពួកគេ​បាន​ចាក់ 2 ដូ​ស 10 មី​លី​ក្រាម ស្មើនឹង 1/3 នៃ​បរិមាណ​ដែល​ប្រើ​សម្រាប់​ក្មេង​ជំទង់ និង​មនុស្សពេញវ័យ ហើយ​ការចាក់​នេះ​មាន​គម្លាត​ពីគ្នា 3 សប្ដាហ៍។ លទ្ធផល​បាន​បង្ហាញថា វ៉ាក់សាំង​ត្រូវបាន​រាងកាយ​ប្រើប្រាស់​បាន​យ៉ាង​ល្អ ប្រព័ន្ធ​ភាពស៊ាំ​ដំណើរ​ការល្អ និង​មាន​ផលវិបាក​ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៅក្នុង​ការពិសោធ​លើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 16 ឆ្នាំ ដល់ 25 ឆ្នាំ។

    អាការ​នៃ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង Pfizer នៅលើ​ក្មេង​ជំទង់ និង​មនុស្សពេញវ័យ រួមមាន អស់កម្លាំង, ឈឺក្បាល, ឈឺ​សាច់ដុំ, ព្រឺ​រងា, ក្ដៅខ្លួន និង​រកកល​ក្អួត នេះ​បើតាម​នាយកដ្ឋាន​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង​របស់ សហរដ្ឋ​អាម៉េរិក (CDC)។ Pfizer បានឱ្យដឹងថា ទិន្នន័យ​នៃ​ការពិសោធ​លើ​កុមារ​ចំនួន 2,200 នាក់ នឹងត្រូវ​បានដាក់​ជូន​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ អាម៉េរិក (FDA) ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ នាពេល​ដ៏​ខ្លី​ខាងមុខ។

    Albert Bourla នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer និយាយថា៖ «យើង​រំពឹងថា​នឹង​ពង្រីក​លទ្ធភាព​នៃ​ការការពារ​របស់​វ៉ាក់សាំង​ទៅដល់​ពលរដ្ឋ​វ័យក្មេង​នេះ អាស្រ័យទៅលើ​ស្ថាប័ន​គ្រប់គ្រង នៅក្នុង​ស្ថានការណ៍​ដែល​វ៉ា​រ្យ៉​ង់ Delta កំពុង​រាតត្បាត​ខ្លាំង និង​គំរាមកំហែង​ដល់​កុមារ»។

    ទិន្នន័យ​ថ្មី​ត្រូវបាន​បញ្ចេញ នៅក្នុង​គ្រា​ដែល​អាណាព្យាបាល​ព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង​ឱ្យកូនៗ ក្នុងពេលដែល​សាលារៀន​បើក​ដំណើរការ​ឡើងវិញ ចំណែក​វីរុស​បំប្លែង​ខ្លួន Delta នៅតែ​បន្ត​រាតត្បាត។ តួលេខ​នៃ​ការចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ សហរដ្ឋ​អាម៉េរិក កំពុង​កើនឡើង ក្នុងនោះ​ក៏មាន​ទាំង​កុមារតូចៗដែល​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទទួល​ការចាក់​វ៉ាក់សាំង​ផងដែរ។

    FDA បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer/BioNTech សម្រាប់​កុមារ​ចាប់ពី​អាយុ 12 ឆ្នាំ​ឡើងទៅ រីឯ​វ៉ាក់សាំង Moderna និង Johnson & Johnson សម្រាប់​ចាក់ឱ្យ​មនុស្សពេញវ័យ។ FDA គ្រោង​នឹង​ប្រកាស​លក្ខខណ្ឌ​សម្រាប់​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​បន្ថែម​នៅក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​បានផ្ដល់​អនុសាសន៍​ឱ្យ​ចាក់ Pfizer ដូ​ស​បន្ថែម​សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 65 ឆ្នាំ​ឡើងទៅ និង​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ។ នេះ​បើ​តាម​សារ​ព័ត៌មាន CNBC។

    Bourla កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា Pfizer អាច​បញ្ជូន​ទិន្នន័យ​ស្ដីពី​កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ឡើងទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ចុងខែ​នេះ។ ទន្ទឹមនឹងនេះ Pfizer ក៏មាន​គម្រោង​ប្រកាស​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ពិសោធ​លើ​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ខែ ដល់ 5 ឆ្នាំ​ផងដែរ នៅ​ចុងខែ​តុលា​ខាងមុខ៕

  • បុរស និង​ស្ត្រី​ជាង 800 នាក់ អាក្រាតកាយ​ទាំងស្រុង ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ

    បុរស និង​ស្ត្រី​ជាង 800 នាក់ អាក្រាតកាយ​ទាំងស្រុង ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ

    (អង់គ្លេស)-បុរស និង​ស្ត្រី​ជាង 800 នាក់ នាំគ្នា​អាក្រាតកាយ នៅ​ឈូង​សមុទ្រ Druridge ដើម្បី​ទទួល​អំណរ​ថ្ងៃ​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ «Autumnal Equinox» ខាងមុខ។

    មនុស្ស​រាប់រយ​នាក់ ប្រមូល​ផ្ដុំគ្នា​ទស្សនាការ​រាំរែក​នៅ​ជុំវិញ​ភ្លក់​ភ្លើង​មុនពេល​ដោះ​សម្លៀកបំពាក់​ទាំងអស់ និង​ត្រាំ​ខ្លួន​ក្នុង​ទឹក​នៅ​ឈូង​សមុទ្រ Druridge ក្នុង​តំបន់ Northumberland ភាគ​ឦសាន​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 19 ក​ញ្ញ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​អបអរ​ថ្ងៃ Autumnal Equinox ជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃទី 22 កញ្ញា។ យោងតាម​វិទ្យាសាស្ត្រ​អឺរ៉ុប Autumnal equinox ឬ September Equinox ឬក៏ Fall Equinox គឺជា​ថ្ងៃ​ដំបូង​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​អឌ្ឍគោល​ខាងជើង។

    ក្រុម​សង្គ្រោះបន្ទាន់​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ឆ្នេរសមុទ្រ ដើម្បី​ត្រៀម​បង្ការ និង​សង្គ្រោះ​នៅពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង ប៉ុន្តែ ពុំមាន​បញ្ហា​ណាមួយ​នោះទេ​នៅក្នុង​ព្រឹត្តិការណ៍​នេះ។

    ពិធីបុណ្យ​អាក្រាតកាយ​ដ៏​ធំ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​អបអរ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ឈូង​សមុទ្រ Druridge បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ បន្ទាប់ពី​ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ 2012 ដើម្បី​រៃអង្គាសប្រាក់​ជូន​ដល់​អង្គការ​មនុស្សធម៌​ដែល​ធ្វើការ​ខាង​សុខភាព​ផ្លូវចិត្ត MIND។

    កាលពី​ឆ្នាំ 2020 ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​លុបចោល​បណ្ដោះអាសន្ន ដោយសារតែ​បម្រាម​គោចរ។ ឆ្នាំ 2019 ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​បាន​អ្នកចូលរួម​ជាង 700 នាក់។

    «គ្រប់យ៉ាង​ពិតជា​អស្ចារ្យ និង​ប្រព្រឹត្តទៅ​យ៉ាង​រលូន។ យើង​មាន​គ្នា​ចូលរួម​យ៉ាងតិច 820 នាក់ បើ​ទោះ​តួលេខ​ចុងក្រោយ​មិនទាន់​ប្រកាស» Jax Higginson អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍ និយាយ​ដូច្នេះ និង​បន្ថែមថា ឆ្នាំនេះ​អាច​រៃអង្គាស​បាន​ប្រាក់​ប្រហែល 20,000 ផោន ស្មើនឹង​ជាង 27,000 ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​មូលនិធិ MIND៕

  • ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ទាំង 5 របស់​ពិភពលោក នា​ឆ្នាំ 2021

    ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ទាំង 5 របស់​ពិភពលោក នា​ឆ្នាំ 2021

    យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 ដុល្លារ​អាម៉េរិក កើត 312,000,000,000 ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

    ក្រុម​ត្រកូល​អ្នកមាន​នៅលើ​ពិភពលោក រកបាន​ប្រាក់​យ៉ាងច្រើន​ក្នុងអំឡុង 1 ឆ្នាំ​កន្លងទៅនេះ។ ភាពសម្បូរ​ទ្រព្យ​ដែល​ងាយស្រួល​លក់ដូរ និង​ទីផ្សារ​មូល​ប​ត្រ​ឡើងដល់​កំពូល​ជា​បន្តបន្ទាប់ បូករួម​នឹង​គោលនយោបាយ​ពន្ធដារ​ប្រកបដោយ​អត្ថប្រយោជន៍​គឺជា​កត្តា​ដែល​ជួយ​ឱ្យ​ទ្រព្យ​ដែល​ពួកគេ​រកបាន កាន់តែ​រីក​មាឌ។ យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg បច្ចុប្បន្ន ត្រកូល​អ្នកមាន​បំផុត​ចំនួន 25 របស់​ពិភពលោក កាន់កាប់​ទ្រព្យ​សរុប​ចំនួន  1,700,000,000,000 (1.7 សែន​កោដិ ឬ 1.7 ទ្រី​លាន) ដុល្លារ​អាម៉េរិក កើត 312,000,000,000 (3.12 សែន​កោដិ ឬ 312 ពាន់​លាន​ដុល្លារ) ដុល្លារ ស្មើនឹង 22% ធៀប​នឹង 1 ឆ្នាំមុន។

    ឈរ​លំដាប់​ទីមួយ​ដែលជា​ត្រកូល​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​សកលលោក​រយៈពេល 4 ឆ្នាំ​បន្តបន្ទាប់​គឺ Waltons មកពី Arkansas សហរដ្ឋ​អាម៉េរិក។ ត្រកូល​នេះ​កំពុង​កាន់កាប់​ទ្រព្យ​ចំនួន​ពាក់កណ្ដាល​នៅក្នុង​បណ្ដាញ​ផ្សារ​លក់រាយ Walmart។ ធៀប​នឹង​ឆ្នាំ 2020 ទ្រព្យ​របស់​ត្រកូល​នេះ​បាន​កើន​ថែម 23 ពាន់​លាន​ដុល្លារ មានន័យថា ត្រកូល Waltons រកបាន 63 លាន​ដុល្លារ/ ថ្ងៃ ឬ 2.6 លាន​ដុល្លារ/ម៉ោង ឬក៏ 44,000 ដុល្លារ/វិនាទី។

    ថ្ងៃ​ណា​ក៏​គេ​ឃើញ​ធនាគារ Goldman Sachs តំណាងឱ្យ​ត្រកូល Waltons លក់​ភាគហ៊ុន។ ក្នុង​សប្ដាហ៍​កន្លងទៅ ត្រកូល​នេះ​បាន​លក់​ភាគហ៊ុន​តម្លៃ 294 លាន​ដុល្លារ។ ជា​សរុប ក្នុង​រយៈពេល 7 ខែ​ចុង​ក្រោយនេះ ត្រកូល Waltons លក់​ភាគហ៊ុន Walmart បាន​រហូតដល់​ជាង 6 ពាន់​លាន​ដុល្លារ។

    ប៉ុន្តែ បណ្ដា​កូនចៅ​ជំនាន់​ក្រោយ​របស់ Sam Walton បច្ចុប្បន្ន​នៅតែ​កាន់កាប់​មូល​ប​ត្រ​ចំនួន 1,334,480,250 ហ៊ុន នៅក្នុង​ក្រុមហ៊ុន Walmart។ ដោយសារ​តម្លៃ​ភាគហ៊ុន Walmart កើនឡើង​ខ្ពស់​ក្នុង 1 ឆ្នាំ​កន្លង ទ្រព្យ​របស់​គ្រួសារ Walton ក៏​កើនឡើង​គួរឱ្យកត់សម្គាល់។

    ជោគជ័យ​របស់ Walmart ជួយ​ឱ្យ​ត្រកូល Waltons ដែល​មកពី Arkansas (បច្ចុប្បន្ន​បាន​ឈានចូល​ដល់​ជំនា​ន់ទី​បី រាប់​ចាប់តាំងពី Walmart បានបង្ហាញ​ខ្លួន) មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី Jeff Bezos និង Elon Musk ទៅទៀត។ ត្រកូល Waltons ក៏មាន​ប្រាក់​ច្រើនជាង​ជិត 100 ពាន់​លាន​ដុល្លារ ធៀប​នឹង​ត្រកូល​អ្នកមាន​លំដាប់​ទី​ពីរ​គឺ Mars។

    ត្រកូល Mars

    Mars និង Waltons គឺជា​ត្រកូល​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​បំផុត​នៅក្នុង​ឆ្នាំ​កន្លង ដោយសារតែ​ផលិតផល​របស់​ពួកគេ​ទទួលបាន​ការគាំទ្រ​ច្រើន​នៅក្នុង​អំឡុង COVID-19 កំពុង​រាតត្បាត ក្នុងនោះ​ក៏មាន​ផលិតផល​ដែល​ទាក់ទង​នឹង​ផ្សារ​អន​ឡាញ​ផងដែរ។

    នៅមាន​ត្រកូល​ជាច្រើន​ផ្សេងទៀត​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​និន្នាការ​ប្ដូរផ្លាស់​ថ្មី​នៅក្នុង​វិស័យផ្សេង។ ត្រកូល Johnsons ដែល​នៅ​ពីក្រោយ​មូលនិធិ​វិនិយោគ Fidelity Investments រកបាន​ប្រាក់​ច្រើន​ពី​ការពេញនិយម​នៃ​ការជួញដូរ​មូល​ប​ត្រ​អន​ឡាញ។ ចំណែក​ត្រកូល​អ្នកមាន​បំផុត​នៅ​ទ្វីបអាស៊ី គឺ Ambanis ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ទិន្ន​ការ​ថាមពលបៃតង និង​និន្នាការ​នៃ​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation)។

    នៅពេល COVID-19 រាតត្បាត​ខ្លាំង​បំផុត បណ្ដា​យីហោ​ប្រណិត​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​ត្រូវគេ​ព្យាករ​ថា​នឹង​ជួប​វិបត្តិ​ធំ។ ប៉ុន្តែ ត្រកូល​នានា​ដែល​នៅ​ពីក្រោយ​យីហោ​លំដាប់​ខ្ពស់​ទាំងនោះ បែរជា​រកបាន​ប្រាក់​ច្រើន​ទៅវិញ។ ត្រកូល Lauders ដែល​នៅ​ពីក្រោយ​យីហោ​ផលិតផល​គ្រឿងសម្អាង Estee Lauder ជា​លើកដំបូង​មានឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់ ខណៈដែល​ទ្រព្យ​របស់​ត្រកូល Hermes កើន 75% ពោលគឺ​ឡើងដល់ 112 ពាន់​លាន​ដុល្លារ។

    ត្រកូល​មួយចំនួន​រង​ផលប៉ះពាល់​ដោយសារ​ជាប់ពន្ធ​ស្នង​មរតក ក្នុងនោះ ត្រកូល Lee ដែល​គ្រប់គ្រង Samsung គឺជា​ឧទាហរណ៍​មួយ។ ត្រកូល​នៅ កូរ៉េខាងត្បូង​មួយ​នេះ​បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់ ដោយសារតែ​ត្រូវ​បង់ពន្ធ​ចំនួន 11 ពាន់​លាន​ដុល្លារ លើ​ការ​ស្នង​មរតក​ក្រោយពី​លោក Lee Kun-hee បាន​ស្លាប់។

    ត្រកូល Kochs

    ខាងក្រោម​នេះ​គឺជា​ត្រកូល​អ្នកមាន​ជាងគេ​ទាំង 5 របស់​ពិភពលោក ដែល​យោងតាម​តារាង​ចំណាត់ថ្នាក់​របស់ Bloomberg ៖

    1-ត្រកូល Walton

    ក្រុមហ៊ុន៖ Walmart

    ទ្រព្យ​សរុប៖ 238.2 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Bentonville, Arkansas, សហរដ្ឋ​អាម៉េរិក

    2-ត្រកូល Mars

    ក្រុមហ៊ុន៖ Mars

    ទ្រព្យ​សរុប៖ 141.9 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ McLean, Virginia, សហរដ្ឋ​អាម៉េរិក

    3-ត្រកូល Kochs

    ក្រុមហ៊ុន៖ Koch Industries

    ទ្រព្យ​សរុប៖ 124.4 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Wichita, Kansas, សហរដ្ឋ​អាម៉េរិក

    4- ត្រកូល Hermes

    ក្រុមហ៊ុន៖ Hermes

    ទ្រព្យ​សរុប៖ 111.6 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Paris, ប្រទេស​បារាំង

    5-រាជវង្ស Al Saud

    ទ្រព្យ​សរុប៖ 100 ពាន់​លាន​ដុល្លារ

    អាសយដ្ឋាន៖ Riyadh, រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត

  • អាម៉េរិក ទិញ​វ៉ាក់សាំង 500 លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ផ្ដល់​ជា​ជំនួយ​ដល់​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19

    អាម៉េរិក ទិញ​វ៉ាក់សាំង 500 លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ផ្ដល់​ជា​ជំនួយ​ដល់​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19

    អាជ្ញាធរ​របស់​ប្រធានាធិបតី Biden កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន Pfizer ដើម្បី​ទិញ​វ៉ាក់សាំង 500 លាន​ដូ​ស​ទៀត ក្នុង​បំណង​ជួយ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង COVID-19 ដែល​កំពុង​បន្ត​រាតត្បាត​ទូទាំង​សកលលោក។

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន Pfizer នឹងត្រូវ​បានប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ មុនពេល​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្ដីពី COVID-19 ដែល​ប្រធានាធិបតី Joe Biden ស្នើឱ្យ​ធ្វើឡើង​ដំណាលគ្នា​នឹង​មហាសន្និបាត​អង្គការសហប្រជាជាតិ។

    រដ្ឋាភិបាល​របស់លោក Biden សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដែល​ស្ទើរតែ​ដូចគ្នានេះ​កាលពី​ខែសីហា ហើយ Pfizer កំពុង​ដឹកជញ្ជូន​វ៉ាក់សាំង​ទាំងនេះ​ទៅឱ្យ COVAX ដែលជា​យន្តការ​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ដោយ​មិន​គិតថ្លៃ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ។

    អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំង COVID-19 របស់​សេត​វិមាន លោក Jeffrey Zients

    «ប្រធានាធិបតី​បាន​អះអាង​ច្បាស់​ថា យើង​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​ដល់​ការខិតខំ​ក្នុង​ការចាក់​វ៉ាក់សាំង​របស់​ពិភពលោក» អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំង COVID-19 របស់​សេត​វិមាន Jeffrey Zients បានបញ្ជាក់​កាលពី​ថ្ងៃទី 17 កញ្ញា។

    សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ផ្នែក​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ខណៈដែល​ប្រទេស​ចិន ឈរ​លំដាប់​លេខ 2 ចំណែក ជប៉ុន និង អង់គ្លេស ឈរ​លេខ​រៀង​បន្ទាប់ គិត​ត្រឹម​ថ្ងៃទី 9 កញ្ញា។ នេះ​បើតាម​ទិន្នន័យ​របស់​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (UNICEF)៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 19 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 622 នាក់

    – ជាសះស្បើយ​ថ្មី = 473 នាក់

    – ស្លាប់​ថ្មី = 14 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 622 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 444 នាក់

    – អ្នកដំណើរពីបរទេស 178 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=104,716 នាក់

    – អ្នកជាសះស្បើយ=97,700 នាក់

    – អ្នកស្លាប់=2,123 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖ 

    – អ្នក​ឆ្លង​សរុប = 229,292,520 នាក់

    – អ្នកជា​សះស្បើយ = 205,922,518 នាក់

    – អ្នកស្លាប់ = 4,705,482 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,664,520 នាក់

  • បណ្ដាញ​សង្គម​ TikTok ចិន រឹតត្បិត​លើ​ការប្រើប្រាស់​របស់​ក្មេង​អាយុ​ក្រោម 14 ឆ្នាំ

    បណ្ដាញ​សង្គម​ TikTok ចិន រឹតត្បិត​លើ​ការប្រើប្រាស់​របស់​ក្មេង​អាយុ​ក្រោម 14 ឆ្នាំ

    Douyin ដែលជា​កំណែ​សម្រាប់​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន របស់ TikTok បានប្រកាសថា​នឹង​កាត់បន្ថយ​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​ក្មេង​ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​លេង​ត្រឹមតែ 40 នាទី​ប៉ុណ្ណោះ ក្នុង 1 ថ្ងៃ។

    ByteDance ជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម Douyin កាលពី​ថ្ងៃទី 18 កញ្ញា បានប្រកាស​អនុវត្ត​គោលការណ៍​សម្រាប់​ក្មេង​ជំទង់ ក្នុងនោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម TikTok កំណែ​សម្រាប់​ប្រទេស​ចិន ដែលមាន​អាយុ​ក្រោម 14 ឆ្នាំ អាច​លេង Douyin បានតែ 40 នាទី​ប៉ុណ្ណោះ​ក្នុង 1 ថ្ងៃ ក្នុងអំឡុងពេល​ពី​ម៉ោង 6 ព្រឹក ដល់​ម៉ោង 22 យប់។

    Douyin បានដាក់​មុខងារ​មួយចំនួន​ដូចគ្នានេះដែរ តាំងពី​ឆ្នាំ 2018 ប៉ុន្តែ ជា​មុខងារ​ដែល​អាច​ជ្រើសរើស​បាន។ ការកំណត់​ខាងលើ​ដែល​នឹង​អនុវត្ត​ចំពោះ​អ្នកប្រើប្រាស់​ចុះឈ្មោះ​ពិត និង​មាន​អាយុ​ក្រោម 14 ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារក្មេងៗពី​ខ្លឹមសារអាក្រក់។

    ក្នុង​រយៈពេល 40 នាទី​រៀងរាល់ថ្ងៃ Douyin នឹង​ណែនាំ​ដល់​អ្នកប្រើប្រាស់​នូវ​ខ្លឹមសារ​ដែល​សម្បូរ​ចំណេះដឹង ដូចជា ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ ឬ​ពិព័រណ៍​សារមន្ទីរ និង​មេរៀន​ប្រវត្តិសាស្ត្រ​ជាដើម។ Douyin អំពាវនាវ​ឱ្យ​អាណាព្យាបាល​គ្រប់រូប ចុះឈ្មោះ និង​អាយុ​ពិត​របស់​កូន ដើម្បី​ជួយ​គាំទ្រ​ដល់​គោលការណ៍​ថ្មី​របស់​បណ្ដាញ​សង្គម​មួយ​នេះ។

    ការកំណត់​ខាងលើ​របស់ Douyin ត្រូវបាន​ធ្វើឡើង​នៅពេល​រដ្ឋាភិបាល​ចិន ស្វែងរក​វិធី​គ្រប់គ្រង​បណ្ដា​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដែល​ផ្ដល់​ខ្លឹមសារ​លើ​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន ដោយ​ចោទ​ពួកគេ​ថា រំលោភច្បាប់​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ បញ្ហា​ការពារ​ទិន្នន័យ និង​កម្លាំង​ពលកម្ម។

    ប្រទេស​ចិន កាលពី​ខែមិថុនា បានធ្វើ​វិសោធនកម្ម​ច្បាប់​ការពារ​អនីតិជន ដោយ​ស្នើ​ដល់​ក្រុម​អ្នកផ្គត់ផ្គង់​ខ្លឹមសារ​ឌីជីថល បំពាក់​ឧបករណ៍​គ្រប់គ្រង​ពេលវេលា​នៃ​ការប្រើប្រាស់​របស់​អតិថិជន កាត់បន្ថយ​មុខងារ​មួយចំនួន និង​កាត់បន្ថយ​ការលក់​ផលិតផល​ចំពោះ​អ្នកប្រើប្រាស់​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។

    កម្មវិធី (App) ចែករំលែក​វីដេអូ Kuaishou របស់​ក្រុមហ៊ុន Kuaishou Technology ដែលជា​គូប្រជែង​ធំ​នៅ​ប្រទេស​ចិន របស់ Douyin បានកំណត់​របប​សម្រាប់​ក្មេង​មិនទាន់​គ្រប់​អាយុ ដូច​ទៅនឹង Douyin តាំងពី​ឆ្នាំ 2019 ក្រោមរូបភាព​អាច​ជ្រើសរើស​បាន។ ចំណែក WeChat ដែលជា​កម្មវិធី​ទាក់ទង​គ្នា​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​ចិន របស់​ក្រុមហ៊ុន Tencent, TokTik ដែលជា​កំណែ​អន្តរជាតិ​របស់ Douyin ជាដើម ក៏បាន និង​កំពុង​អនុវត្ត​គោលការណ៍​នានា​ដើម្បី​ជួយ​ការពារ​អនីតិជន​ផងដែរ៕

  • កំពូលកីឡាករប្រដាល់របស់ ហ្វីលីពីន ក្លាយជាបេក្ខភាពប្រធានាធិបតី

    កំពូលកីឡាករប្រដាល់របស់ ហ្វីលីពីន ក្លាយជាបេក្ខភាពប្រធានាធិបតី

    ជើងឯក​ប្រដាល់​របស់​ប្រទេស​ហ្វីលីពីន លោក Manny Pacquiao កាលពី​ម្សិលមិញ បានប្រកាស​ចូលរួម​ប្រជែង​ដណ្ដើម​តំណែង​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2022។

    «បច្ចុប្បន្ន​គឺជា​ពេលវេលា​សមស្រប។ យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ប្រឈម​នឹង​ឧបសគ្គ​នៃ​ការដឹកនាំ» Manny Pacquiao វ័យ 42 ឆ្នាំ បាន​និយាយ​ដូច្នេះ​បន្ទាប់ពី​យល់ព្រម​តាម​សំណើ​ពី​ក្រុម​ដែល​លោក​ដឹកនាំ​នៅក្នុង​បក្ស​កាន់អំណាច PDP-Laban។

    មុននេះ​មិនយូរប៉ុន្មាន ក្រុម​គូប្រជែង​របស់ Pacquiao បាន​ជ្រើសតាំង​ជំនួយការ​ផ្ទាល់​របស់​ប្រធានាធិបតី Rodrigo Duterte គឺ​តំណាងរាស្ត្រ Christopher “Bong” Go ជា​បេក្ខភាព​ប្រធានាធិបតី។ ក្រុម​នេះ​ក៏បាន​ជ្រើសតាំង Duterte សម្រាប់​តំណែង​អនុ​ប្រធានាធិបតី​ផងដែរ ដើម្បី​ជួយ​ឱ្យ​ប្រធានាធិបតី ហ្វីលីពីន រូបនេះ អាច​បន្ត​កាន់អំណាច។

    Go បាន​បដិសេធ​ការជ្រើសតាំង​ខាងលើ ប៉ុន្តែ បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​ក្រុម Pacquiao និង​ក្រុម Duterte នៅក្នុង​បក្ស នៅតែ​បន្ត​កើនឡើង។

    «ខ្ញុំ​គឺជា​អ្នក​ប្រយុទ្ធ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើជា​អ្នក​ប្រយុទ្ធ មិន​ថា​នៅ​ខាងក្នុង ឬ​ខាងក្រៅ» កំពូល​អ្នក​ប្រដាល់​របស់ ហ្វីលីពីន លោក Pacquiao ប្រកាស​ដូច្នេះ។ លោក​​បាន​បញ្ជាក់​​ថា «ខ្ញុំ​យល់ព្រម​ទទួលយក​ការជ្រើសតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​របស់ សាធារណរដ្ឋ​ហ្វីលីពីន»។

    កំពូល​អ្នក​ប្រដាល់​របស់​ ហ្វីលីពីន លោក​ Pacquiao (ស្ដាំ)

    Pacquiao គឺជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​បំផុត និង​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​ដណ្ដើមបាន​ខ្សែក្រវាត់​ពិភពលោក​ចំនួន 8 ក្នុង​ប្រភេទ​ទម្ងន់ផ្សេងៗគ្នា។

    ទោះជា​ល្បីឈ្មោះ ប៉ុន្តែ Pacquiao នៅតែ​មិនអាច​ឈរលើ​កំពូល​តារាង​ក្នុង​ការស្ទង់មតិ​នាពេល​កន្លង។ Sara Duterte-Carpio កូនស្រី​របស់​ប្រធានាធិបតី Duterte គឺជា​អ្នក​ស្ថិតនៅលើ​កំពូល​តារាង​នេះ។

    កាលពី​ខែកក្កដា គណបក្ស PDP-Laban បាន​បោះឆ្នោត​ទម្លាក់ Pacquiao ពី​តំណែង​ប្រធាន​បក្ស ក្រោយពី​លោក​បាន​រិះគន់​ប្រធានាធិបតី Duterte ទាក់ទិន​នឹង​បញ្ហា​ជាមួយ​ប្រទេស​ចិន និង​សង្គ្រាម​ប្រឆាំង​អំពើពុករលួយ។ ប៉ុន្តែ ការសម្រេច​នេះ​ត្រូវបាន​ក្រុម​អ្នកនយោបាយ​ដែល​ដឹកនាំ​ដោយ Pacquiao នៅក្នុង​បក្ស ច្រានចោល។

    កំពូល​អ្នក​ប្រដាប់​រូបនេះ បាន​ចូលប្រលូក​ក្នុង​វិស័យ​នយោបាយ​ចាប់ពី​ឆ្នាំ 2010 ក្នុងនាម​ជា​តំណាងរាស្ត្រ​ម្នាក់ មុននឹង​ត្រូវបាន​បោះឆ្នោត​ជា​សមាជិកសភា​ជាន់ខ្ពស់។ លោក​ទទួលបាន​ការចូល​ចិត្តខ្លាំង​នៅ ហ្វីលីពីន ដោយសារតែ​ចិត្ត​ទូលាយ និង​ការ​ប្រឹង​ប្រែ​រើខ្លួន​ចេញពី​ភាពក្រីក្រ ដើម្បី​ក្លាយជា​អ្នក​ប្រដាល់​ម្នាក់​ក្នុងចំណោម​អ្នក​ប្រក​ដាល់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ។

    ក្រុមអ្នកវិភាគ​អះអាងថា ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់ រួម​នឹង​គោលដៅ​ប្រឆាំង​ភាពក្រីក្រ និង​អំពើពុករលួយ អាចជា​ប្រធានបទ​សំខាន់​នៅក្នុង «យុទ្ធនា​ការដណ្ដើម​សំឡេងឆ្នោត» របស់ Manny Pacquiao៕

  • ធ្លាក់​យន្តហោះ​យោធា​របស់ អាម៉េរិក 1 គ្រឿង! អ្នកបើកបរ​ត្រូវ​ជាប់​លើ​ខ្សែភ្លើង

    ធ្លាក់​យន្តហោះ​យោធា​របស់ អាម៉េរិក 1 គ្រឿង! អ្នកបើកបរ​ត្រូវ​ជាប់​លើ​ខ្សែភ្លើង

    អ្នកបើកបរ​យន្តហោះ​ចំនួន 2 នាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈ​មនុស្ស 3 នាក់​ទៀត​រងរបួស​ស្រាល នៅពេល​យន្តហោះ​សម្រាប់​ហ្វឹកហាត់ 1 គ្រឿង​របស់​កងទ័ព សហរដ្ឋ​អាម៉េរិក បាន​ធ្លាក់​នៅឯ​ទីក្រុង Lake Worth រដ្ឋ Texas កាលពី​ថ្ងៃទី 19 កញ្ញា។

    អ្នកបើក​បរទាំង 2 នាក់ សុទ្ធតែ​បាន​រំដោះខ្លួន​ដោយ​ការបាញ់​បង្ហោះ​ឆត្រយោង​ចេញពី​បន្ទប់​បើកបរ មុនពេល​យន្តហោះ​ប្រតិកម្ម​សម្រាប់​ហ្វឹកហាត់ T-45C របស់​កងទ័ពជើងទឹក បាន​ធ្លាក់​ដល់​ដី។ ក្នុងចំណោម​អ្នកបើកបរ មាន​ម្នា​ក់ជាប់​លើ​ខ្សែភ្លើង ចំណែក​ម្នាក់ទៀត​រងរ​បួស​នៅពេល​ធ្លាក់​ដល់​ដី។ ពួកគេ​គឺជា​គ្រូបង្វឹក និង​សិក្ខាកាម។

    បច្ចុប្បន្ន សុខភាព​របស់​គ្រូបង្វឹក​បាន​ត្រលប់​មករក​សភាព​ដើម ប៉ុន្តែ កូនសិស្ស​របស់គាត់​កំពុង​ទទួល​ការព្យាបាល​នៅឡើយ។

    យន្តហោះ​ T-45C

    យន្តហោះ​ដែល​ធ្លាក់​នោះ ស្ថិតក្នុង​អង្គភាព​ហ្វឹកហ្វឺន​ទ័ពអាកាស​លេខ 2 នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក និង​អាកាស Kingsville។ ពួកគេ​កំពុង ហ្វឹកហាត់​ដោយ​ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Corpus Christi។

    មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ប៉ុន្តែ​អ្នកជំនាញ​មួយក្រុម​កំពុងតែ​វាយតម្លៃ​ការខូចខាត​នៅ​កន្លែងកើតហេតុ។ យន្តហោះ​នេះ​បាន​ធ្លា​ក់នៅ​តំបន់​មួយ​ដែលមាន​ចម្ងាយ​ពី​បន្ទាយ Fort Worth ប្រហែល 1.6 គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង។

    យន្តហោះ T-45C បាន​ធ្លាក់ចំ​ទីលាន​ខាងក្រោយ​របស់​ផ្ទះ 3 ខ្នង បណ្ដាលឱ្យ​ពលរដ្ឋ 3 នាក់​រងរបួស​ស្រាល។ នេះ​បើតាម​នាយក​រដ្ឋ​ពន្លត់​អគ្គិភ័យ Fort Worth៕