Author: សឿន សំណាង

  • វី​ធី​សាស្ត្រ​ដែលនាំឱ្យ ជេ​ស្ស៊ី​កា អាល​បា (Jessica Alba) ជោគជ័យ​ក្នុង​ការកសាង​ក្រុមហ៊ុន​រហូតដល់​មានតម្លៃ​ជិត 1,000 លាន​ដុល្លារ

    វី​ធី​សាស្ត្រ​ដែលនាំឱ្យ ជេ​ស្ស៊ី​កា អាល​បា (Jessica Alba) ជោគជ័យ​ក្នុង​ការកសាង​ក្រុមហ៊ុន​រហូតដល់​មានតម្លៃ​ជិត 1,000 លាន​ដុល្លារ

    នៅក្នុង​ដំណើរ​កសាង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ជេ​ស្ស៊ី​កា អាល​បា (Jessica Alba) បាន​ជួបប្រទះ​ឧបសគ្គ​ជាច្រើន និង​ត្រូវ​ប្រឈម​នឹង​ការមន្ទិលសង្ស័យ និង​ការរិះគន់​ផងដែរ។

    មកដល់​បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Honest ដែល ជេ​ស្ស៊ី​កា ជា​អ្នក​បង្កើតឡើង បាន​កើន​ដល់​ជិត 1,000 លាន​ដុល្លារ​ទៅហើយ។ ប៉ុន្តែ នៅក្នុង​អំឡុងពេល​ចាប់ផ្ដើម​រកស៊ី​ទាក់ទង​នឹង​មុខទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​កាលពី​ឆ្នាំ 2012 តារា​សម្ដែង​នៃ​ខ្សែភាពយន្ត​រឿង «Dark Angel» ត្រូវ​ប្រឈម​នឹង​ការសង្ស័យ​ជាច្រើន សូម្បីតែ​ខ្លួន​នាង​ផ្ទាល់ ទាក់ទិន​នឹង​លទ្ធភាព​ជោគជ័យ​របស់​គម្រោង។

    នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការកសាង​ក្រុមហ៊ុន ជេ​ស្ស៊ី​កា ត្រូវ​ធ្វើការ​ដើម្បី​ទប់ទល់​នឹង​មតិ​ប្រឆាំង ដោយ​បង្កើត​យុទ្ធសាស្ត្រ «ដោះស្រាយ» ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់ និង​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​របស់​នាង​នៅក្នុង​កិច្ចការជំនួញ។ បច្ចុប្បន្ន ជេ​ស្ស៊ី​កា គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Honest ហើយក៏​ជា​ប្រធាន​ផ្នែក​ច្នៃប្រឌិត និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នេះ​ផងដែរ។

    ថ្មីៗនេះ ជេ​ស្ស៊ី​កា បាន​ចែករំលែក​ឱ្យដឹងថា៖ «ខ្ញុំ​ស្រលាញ់​តួលេខ និង​ទិន្នន័យ។ ដូច្នេះ នៅពេល​មាន​អ្នកណាម្នាក់​បង្ហាញឱ្យឃើញ​ថា មានការ​សង្ស័យ និង​លើកឡើង​នូវ​មូលហេតុ​ទាំងឡាយ​ដែលថា​គ្រប់យ៉ាង​មិនគួរ​កើតមាន ខ្ញុំ​បកស្រាយ​បញ្ច្រាស​មកវិញ​ថា “អូ មែន​ក៏​អី? ហេតុអ្វី​ប្រការ​ទាំងនេះ​មិនអាច​កើតមាន?” ហើយ​ក្រោយមក ខ្ញុំ​នឹង​ទៅ​ប្រមូល​រាល់​ទិន្នន័យ​ចាំបាច់ និង​ឱ្យ​ពួកគេ​មើល»។

    ជេ​ស្ស៊ី​កា បន្ថែមថា ការត្រៀមខ្លួន​ដោយមាន​យុទ្ធសាស្ត្រ​នឹង​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព នៅពេល​អ្នក​អាច​គ្រប់គ្រង​ឥរិយាបថ​របស់ខ្លួន​បាន ខណៈ​លើកឡើង​នូវ​សំនួរ​នោះ (ពោលគឺ​មិន​ខឹង​នឹង​មតិ​ខាងក្រៅ)។

    អនុសាសន៍​របស់ ជេ​ស្ស៊ី​កា ស្ដីពី​ការត្រៀមខ្លួន​ទាក់ទង​នឹង​តួលេខ ឬ​ទិន្នន័យ​គឺ​ពិតជា​សាមញ្ញ ប៉ុន្តែ ប្រាកដ​ណាស់ វា​មិន​ងាយស្រួល​ឡើយ ហើយ​នេះ​គឺជា​ការពិត​ដែល​ស្ត្រី​​កូន​ 3 វ័យ 40 ឆ្នាំនេះ​បានទទួល​ស្គាល់ នៅពេល​នាង​រំលឹក​អំពី​យប់​ទាំងឡាយ​ដែល​គេង​មិន​លក់ និង​អារម្មណ៍​នៅក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបើក​អាជីវកម្ម​របស់ខ្លួន។ ពិតជា​ពិបាក​ឱ្យ​យើង​ញញឹម នៅពេល​អស់កម្លាំង​ខ្លាំង ប៉ុន្តែ ជេ​ស្ស៊ី​កា ឱ្យដឹងថា ប្រការ​ចាំបាច់​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន នោះ​គឺ​ត្រូវ​ដោះស្រាយ​កិច្ច​ការឱ្យ​បានល្អ​បំផុត៖ «រាល់​សេចក្ដីលម្អិត សុទ្ធតែ​សំខាន់»។

    ជាច្រើន​ឆ្នាំ​ក្រោយពី​បានបង្ហាញ​ខ្លួន វិថី​ត្រូវ​ដើរ​នៅតែមាន​ឧបសគ្គ៖ ក្រុមហ៊ុន​របស់​នាង ត្រូវ​ប្រឈម​នឹង​ពាក្យបណ្ដឹង​ជា​ក្រុម​ស្ដីពី​ការឃោសនា​ផលិតផល​ខុសពី​ការពិត បញ្ហា​ច្របូកច្របល់​ក្នុងការ​ដឹកនាំ និង​ការចេញលក់​ដំបូង​ទទួល​បរាជ័យ។ ចំពោះ ជេ​ស្ស៊ី​កា គន្លឹះ​សម្រាប់​ដោះស្រាយ នោះ​គឺ​ត្រូវ​បិទ​ត្រចៀក​ខ្លះ​ចំពោះ​គំនិត​ពី​ខាងក្រៅ។

    ឆ្នាំ 2016 ក្នុង​កិច្ច​សម្ភាស​ជាមួយ Vanity Fair ជេ​ស្ស៊ី​កា និយាយថា៖ «ខ្ញុំ​គិតថា អាថ៌កំបាំង​ដើម្បី​ជោគជ័យ​គឺ​ស្ថិតនៅលើ​ប្រការ​ជុំវិញខ្លួន​អ្នក រួម​នឹង​មនុស្ស​ដែល​ឆ្លាត​វៃ​ខ្លាំង ហើយ​តែងតែ​ផ្ដោតទៅលើ​បេសកកម្ម និង​ធានា​ឱ្យបាន​ប្រាកដថា អ្នក​ពិត​ជាមាន​ការចូល​រួម​យ៉ាងសកម្ម»។

    ចុងក្រោយ ក្រុមហ៊ុន Honest របស់ ជេ​ស្ស៊ី​កា បានធ្វើ IPO (ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង) ដោយ​ជោគជ័យ កាលពី​ខែឧសភា ឆ្នាំ 2021 ជាមួយនឹង​តម្លៃ 16 ដុល្លារ/ហ៊ុន ហើយ​ប្រមូល​ទុន​បាន​ប្រហែល 122 លាន​ដុល្លារ នេះ​បើតាម Bloomberg។ ក្រុមហ៊ុន​នេះ​កំពុង​ជួញដូរ​ក្នុងតម្លៃ 10.71 ដុល្លារ/ហ៊ុន គិត​ត្រឹម​ថ្ងៃទី 14 កញ្ញា។

    ស្វាមី​របស់ ជេ​ស្ស៊ី​កា ដែលជា​ផលិតករ​ភាពយន្ត​ហូលីវូដ លោក ខាស វ័រ​រ៉ែ​ន (Cash Warren) បាន​បញ្ជាក់ថា ជោគជ័យ​របស់ ជេ​ស្ស៊ី​កា គឺ​បានមកពី «ឧបសគ្គ​គ្រប់យ៉ាង» ដែល​នាង​បាន​ឆ្លងកាត់។ សារ​របស់លោក ខាស វ័រ​រ៉ែ​ន គឺថា «នាង​ស័ក្ដិសម​ជាង​អ្នកណា​ទាំងអស់​សម្រាប់​ការ​ស្ថិតនៅក្នុង​តំណែង​នោះ»៕

  • មេដឹកនាំ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់ ប៊ី​ន ឡា​ដែន ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់ តា​លី​បង់

    មេដឹកនាំ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់ ប៊ី​ន ឡា​ដែន ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់ តា​លី​បង់

    ហាក មូ​ចា​ហ៊ី​ដ (Haq Mujahid) មេបញ្ជាការ​របស់​ក្រុម «អង្គរក្ស​ឈុតខ្មៅ» របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ី​ន ឡា​ដែន (Osama bin Laden) ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​នៃ​ទាហាន​មួយក្រុម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    «អាន​វ៉ារ អ៊ុ​ល ហាក មូ​ចា​ហ៊ី​ដ (Anwar ul Haq Mujahid) បាន​ត្រលប់​មកវិញ ដោយមាន​ការ​អម​ការពារ​ពី​យានជំនិះ​រាប់រយ​គ្រឿង និង​មនុស្ស​រាប់ពាន់នាក់​ទទួល​ស្វាគមន៍​នៅ​តំបន់ ចា​ឡា​ឡា​បាដ (Jalalabad)» អតីតមន្ត្រី​ចារកម្ម​ជាន់ខ្ពស់​ម្នាក់រ​បស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ចាស់ បានឱ្យដឹង​នៅ​សប្ដាហ៍​នេះ។

    អតីតមន្ត្រី​ខាងលើ​បន្ថែមថា ហាក មូ​ចា​ហ៊ី​ដ ត្រលប់​មកវិញ​ជាមួយនឹង​ក្រុមមនុស្ស​ដែល​ធ្លាប់បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​ភេរវកម្ម អាល់​កៃ​ដា កាលពី​ឆ្នាំ 2001។ ហាក មូ​ចា​ហ៊ី​ដ ត្រូវបាន​គេ​ជឿថា កំពុង​ដឹកនាំ​ទាហាន​មួយក្រុម​របស់ តា​លី​បង់ និង​ទាហាន​ស៊ី បរទេស​មួយក្រុម នៅ​ភាគ​ខាងកើត​នៃ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Daily Mail។

    ហ្វី​លី​ព​ប៉ូ រ៉ូ​ស្ស៊ី (Filippo Rossi) និង​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការសហប្រជាជាតិ ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា ហាក មូ​ចា​ហ៊ី​ដ  ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​កងទ័ព។

    អានវ៉ារ អ៊ុល ហាក មូចាហ៊ីដ (Anwar ul Haq Mujahid)

    ហាក មូ​ចា​ហ៊ី​ដ គឺជា​មេដឹកនាំ​ក្រុម «អង្គរក្ស​ឈុតខ្មៅ» (Black Guards) របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ិន ឡា​ដែន។ ហាក មូ​ចា​ហ៊ី​ដ ធ្លាប់បាន​ជួយ​ឱ្យ ប៊ិន ឡា​ដែន គេច​ផុតពី​ការតាមប្រមាញ់​របស់​ក​ង​ទ័ព សហរដ្ឋ​អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ឆ្នាំ 2001។

    តា​លី​បង់ មិនទាន់​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។ កន្លងមក តា​លី​បង់ ធ្លាប់បាន​បដិសេធ​អំពី​ទំនាក់​ទំនងជា​សម្ព័ន្ធមិត្ត​ជាមួយនឹង​ក្រុម អាល់​កៃ​ដា បើទោះជា​អតីត​អគ្គរដ្ឋទូត​របស់ អាម៉េរិក ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោក រ៉ូ​ណា​លដ៍ នូ​ម៉ាន់ (Ronald Neumann) ប្រកាសថា អាល់​កៃ​ដា នៅតែមាន​វត្តមាន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ តា​លី​បង់។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក ហ្សា​ប៊ី​ល​ហ៊ុ​ល្លា មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) កាលពី​ខែ​មុន​បានប្រកាស​ថា ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​សា​ម៉ា ប៊ី​ន ឡា​ដែន គឺជា​មេខ្លោង​នៃ​អំពើ​ភេរវកម្ម​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 11 កញ្ញា​នោះឡើយ បើទោះជា ប៊ី​ន ឡា​ដែន ធ្លាប់បាន​ទទួលស្គាល់​នៅក្នុង​ខ្សែអាត់​សំឡេង៕

  • ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ថា «ធ្វើ​ឱ្យ​ក្លឹប​បាល់​ទាត់​ Saint​-​​Etienne ​ត្រលប់​ទៅ​កាន់​សម័យ​​អស្ចារ្យ​របស់​វា»​ គឺ​ជា​មហិច្ឆតា​របស់​ទ្រង់​

    ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ថា «ធ្វើ​ឱ្យ​ក្លឹប​បាល់​ទាត់​ Saint​-​​Etienne ​ត្រលប់​ទៅ​កាន់​សម័យ​​អស្ចារ្យ​របស់​វា»​ គឺ​ជា​មហិច្ឆតា​របស់​ទ្រង់​

    សារព័ត៌មាន បារាំង បាន​រាយការណ៍​ថា «រាជទាយាទ​របស់ កម្ពុជា» មានបំណង​ទិញ​ក្លឹប​បាល់ទាត់ Saint Etienne ក្នុងតម្លៃ 117 លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ ក្រសួង​ព្រះ​បរម​រាជ​រាំង អះអាងថា កម្ពុជា មិនមាន​រាជទាយាទ​នោះទេ។

    កាសែត​ជាច្រើន​របស់ បារាំង កាលពី​ថ្ងៃទី 18 កញ្ញា ដកស្រង់​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន Le Parisien ដែល​បាន​ចុះផ្សាយ​ដំណឹង​ដែល​ទាក់ទង​នឹង «រាជទាយាទ កម្ពុជា» ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ មានបំណង​ទិញ​ក្លឹប​បាល់ទាត់ Saint Etienne ក្នុងតម្លៃ 100 លាន​អឺរ៉ូ (ជាង 117 លាន​ដុល្លារ​អាម៉េរិក)។ ប៉ុន្តែ គណៈ​គ្រប់គ្រង​របស់​ក្លឹប មិនទាន់​ឆ្លើយតប​នឹង​សំណើ​នេះ​នៅឡើយ។

    ការចរចា​អាច​ត្រូវបាន​ចាប់ផ្ដើមឆាប់ៗខាងមុខ ដោយសារ​ក្លឹប​បាល់ទាត់ Saint Etienne កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ។ នេះ​បើតាម​សារព័ត៌មាន បារាំង។

    គ្រូបង្វឹក​ Claude Puel របស់​ក្លឹប​ Saint-Etienne

    «រាជទាយាទ (ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ) គឺជា​មនុស្ស​ដែល​ចូលចិត្ត​បាល់ទាត់ និង​ត្រូវបាន​គេ​ជឿថា កំពុងមាន​បំណង​បន្ត​ទំនាក់ទំនង​យូរអង្វែង​រវាង បារាំង និង កម្ពុជា ដោយ​ការគ្រប់គ្រង​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​បាល់ទាត់ នៅ​ប្រទេស​បារាំង» សារព័ត៌មាន French Football News ចុះផ្សាយ​ដូច្នេះ។

    ក្រសួង​ព្រះ​បរម​រាជ​រាំង​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី 20 កញ្ញា បានឱ្យដឹងថា កម្ពុជា ពុំមាន​តំណែង «រាជទាយាទ» នោះទេ ដូច្នេះ មិន​មានរឿង​ដែលថា «រាជទាយាទ កម្ពុជា» ចង់​ទិញ​ក្លឹប​បាល់ទាត់​បារាំង នោះដែរ។

    ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ

    សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ ប្រសូត្រ​នៅ​ឆ្នាំ 1974 មាន​ព្រះបិតា​ព្រះនាម​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រពង្ស សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​មាន​ព្រះ​មាតា​នាម ហ៊ុន សឿន ដែលជា​អតីត​អ្នករបាំ​ព្រះ​រាជ្យទ្រព្យ។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ ត្រូវជា​ព្រះ​ភាគិនេយ្យ(ក្មួយប្រុស) របស់ ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី និង​ត្រូវជា​ព្រះ​នត្តា(ចៅប្រុស) របស់ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​រប​ស់ កម្ពុជា៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 21 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 637 នាក់

    – ជាសះស្បើយ​ថ្មី = 469 នាក់

    – ស្លាប់​ថ្មី = 14 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 637 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 539 នាក់

    – អ្នកដំណើរពីបរទេស 98 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=105,981 នាក់

    – អ្នកជាសះស្បើយ=98,655 នាក់

    – អ្នកស្លាប់=2,154 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖     

    – អ្នក​ឆ្លង​សរុប = 230,318,726 នាក់

    – អ្នកជា​សះស្បើយ = 207,030,233 នាក់

    – អ្នកស្លាប់ = 4,722,782 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,565,711 នាក់

  • ឥណ្ឌា ចាប់បាន​ថ្នាំញៀន ហេ​រ៉ូ​អ៊ី​ន ជិត 3 តោន ពី អា​ហ្វ​ហ្គា​នី​ស្ថាន

    ឥណ្ឌា ចាប់បាន​ថ្នាំញៀន ហេ​រ៉ូ​អ៊ី​ន ជិត 3 តោន ពី អា​ហ្វ​ហ្គា​នី​ស្ថាន

    អាជ្ញាធរ​ឥណ្ឌា បាន​រឹបអូស ហេ​រ៉ូ​អ៊ី​ន ជាង 2.9 តោន ដែលមាន​តម្លៃ 2.72 ពាន់​លាន​ដុល្លារ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ តា​លី​បង់ ឡើងកាន់​អំណាច​នៅ​ប្រទេស​នេះ​បាន 1 ខែ។

    មន្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Gujarat របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី 21 កញ្ញា បានឱ្យដឹងថា នាយកដ្ឋាន​ស៊ើបការណ៍​ផ្នែក​ប្រាក់ចំណូល (DRI) ជា​ស្ថាប័ន​ប្រឆាំង​អំពើ​គេចពន្ធ​កំពូល​របស់ ឥណ្ឌា កាលពី​សប្ដាហ៍​មុន បាន​ត្រួតពិនិត្យ​កុងតឺន័រ​ចំនួន 2 នៅឯ​កំពង់ផែ Mundra ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន។

    ក្រុមហ៊ុន​មួយ​នៅក្នុង​ទីក្រុង Vijayawada នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា គឺជា​អ្នក​នាំចូល​កុងតឺន័រ​ទាំងនេះ។ ពេល​ត្រួតពិនិត្យ អាជ្ញាធរ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ទម្ងន់ 2,989 គីឡូក្រាម ដែលមាន​ប្រភពពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស 2 នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ការដឹកជញ្ជូន ហើយ​កំពុង​សួរចម្លើយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​នាក់​ផ្សេងទៀត​ដែល​ជាប់ទាក់ទង។

    បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ កំពុង​ប្រមូល​ផ្កា​អាភៀន​​ នៅ​ក្នុង​ខេត្ត​ Jalalabad កាល​ពីឆ្នាំ​ 2014

    ក្រុមមន្ត្រី​ឱ្យដឹងថា កុងតឺន័រ ទាំង 2 ខាងលើ ដែល​ត្រូវបាន​ប្រកាសថា ផ្ទុក​ថ្ម talc ជា​ធាតុ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​គីមី និង​សេ​រ៉ា​មិច គឺ​មកពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន។

    កុងតឺន័រ​ទាំងនេះ​ត្រូវបាន​ដឹក​ពី​កំពង់ផែ Bandar Abbas របស់​ប្រទេស​អ៊ីរ៉ង់ ទៅកាន់​កំពង់ផែ Gujarat Mundra ប្រទេស​ឥណ្ឌា។

    អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផ្គត់ផ្គង់​អាភៀន​ធំជាងគេ​ក្នុង​ពិភពលោក។ ក្រោយពី​បាន​ឡើងកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានប្រកាសថា នឹង​ហាមឃាត់​សកម្មភាព​ជួញដូរ​ថ្នាំញៀន ប៉ុន្តែ មិនទាន់​ឱ្យដឹង​សេចក្ដីលម្អិត ក៏ដូចជា​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​របស់​ពួកគេ​នៅឡើយ៕

  • ក្រសួងសុខាភិបាល ថា ស្ថានភាព COVID-19 មានសភាពធូរស្រាល ខណៈស្នើឱ្យរៀបចំនីតិវិធីប្រតិបត្តិ សម្រាប់​អនុវត្តនៅផ្សារនានា

    ក្រសួងសុខាភិបាល ថា ស្ថានភាព COVID-19 មានសភាពធូរស្រាល ខណៈស្នើឱ្យរៀបចំនីតិវិធីប្រតិបត្តិ សម្រាប់​អនុវត្តនៅផ្សារនានា

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី 22 កញ្ញា​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ដោយ​ស្នើ​សុំឱ្យ​ក្រសួងទេសចរណ៍ រៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដារ សម្រាប់​ដាក់ឱ្យអនុវត្ត​នៅ​ផ្សារ​ទំនើប និង​ផ្សារ​សាធារណៈ​ទាំងអស់​នៅ​ទូទាំងប្រទេស។

    មូលហេតុ​នៃ​ការស្នើ​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់ថា ដោយសារតែ​ស្ថានភាព​នៃ​ការ​រាតត្បាត​របស់ COVID-19 មាន​សភាព​ធូរស្រាល និង​ដើម្បី​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច ក៏ដូចជា​សង្គម​ឱ្យមាន​សកម្មភាព​ប្រក្រតី​ឡើងវិញ។

    នីតិវិធី​ប្រតិបត្តិ​ស្ដា​ង់​ដារ​នេះ នឹងត្រូវ​ផ្ដោតទៅលើ​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដើម្បី​ធានា​សុខភាព​សាធារណៈ និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច។

  • រដ្ឋប្រហារ​យោធានៅ​ប្រទេស​ស៊ូដង់ ទទួល​បរាជ័យ» 

    រដ្ឋប្រហារ​យោធានៅ​ប្រទេស​ស៊ូដង់ ទទួល​បរាជ័យ» 

    មន្ត្រី​យោធា​នៃ​ប្រទេស​ស៊ូដង់ ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ព្យាយាម​ដណ្ដើម​កាន់កាប់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព នៅក្នុង​ផែនការ​រដ្ឋប្រហារ​ដែល​មិនបាន​សម្រេច។

    «កងទ័ព​បាន​រាំងខ្ទប់​ផែន​ការធ្វើ​រដ្ឋប្រហារ ហើយ​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង» ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់​ឧ​ត្ត​ម​សេនីយ៍ Abdelfattah al-Burhan និង​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យ ស៊ូដង់ បាន​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិលមិញ​ដូច្នេះ។

    យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទាហាន​ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​កំពុង​ព្យាយាម​ដណ្ដើម​កាន់កាប់​អគារ​នានា​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព។ អាជ្ញាធរ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ូដង់ បាន​ចោទប្រកាន់​កងកម្លាំង​ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ​ថា ជាប់​ទាក់ទិន​នឹង​អតីត​ប្រធានាធិបតី Omar al-Bashir ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2019។

    «យើង​ធានា​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់ ថា ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង។ សមាជិក​កងទ័ព និង​កម្លាំង​ស៊ីវិល​ដែល​ចូលរួម​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​ចាប់ខ្លួន និង​កំពុង​ត្រូវបាន​សួរចម្លើយ» Hamza Balol អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ស៊ូដង់ ប្រកាស​លើ​ទូរទស្សន៍​ដូច្នេះ និង​បន្ថែមថា ពួកគេ​កំពុង​បន្ត​ស្វែងរក​ក្រុមមនុស្ស​ស្មោះស្ម័គ្រ​នឹង Bashir ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ។

    Abdalla Hamdok គឺ​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​នៅ​ ស៊ូដង់ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ Omar al-Bashir កាល​ពី​ឆ្នាំ​ 2019

    អតីត​ប្រធានាធិបតី Omar al-Bashir បច្ចុប្បន្ន​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​មួយ​ក្នុង​តំបន់ Khartoum និង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន។ ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់ កំពុង​រ៉ាប់រង​លើ​ការដឹកនាំ​ប្រទេស ដោយយោង​ទៅតាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​កងទ័ព និង​កងកម្លាំង​ស៊ីវិល ចាប់តាំងពី Bashir ត្រូវបាន​ផ្ដួលរំលំ។ ការបោះឆ្នោត​នានា តាម​គម្រោង​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ 2024។

    នេះ​មិនមែនជា​លើកដំបូង​ដែល​រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​ប្រទេស​ស៊ូដង់ ត្រូវ​ប្រឈម​នឹង​ឧបសគ្គ។ ពួកគេ​បានឱ្យដឹងថា កន្លងមក​ក៏​ធ្លាប់មាន​ការព្យាយាម​ធ្វើ​រដ្ឋប្រហារ​ជាច្រើនលើក ដែល​ជាប់​ទាក់ទិន​នឹង​ក្រុមគាំទ្រ​របស់លោក Bashir ប៉ុន្តែ ត្រូវបាន​បែកធ្លាយ​ជា​ព័ត៌មាន ឬ​ត្រូវបាន​កម្ចាត់។ កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី ស៊ូដង់ Abdalla Hamdok បាន​រួច​ពី​ការស្លាប់ នៅពេល​ត្រូវគេ​លួច​ធ្វើឃាត​នៅឯ Khmartoum។

    ស៊ូដង់ ជា​ប្រទេសមួយ​ដែលមាន​ប្រវត្តិ​រដ្ឋប្រហារ​ជាច្រើនលើក និង​យូរអង្វែង។ Bashir បាន​ក្លាយជា​ប្រធានាធិបតី ក្រោយពី​រដ្ឋប្រហារ​ដែល​គាំទ្រ​ដោយ​សាសនិក​អ៊ីស្លាម កាលពី​ឆ្នាំ 1989។ លោក Bashir គឺជា​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​ប្រធានាធិបតី​ច្រើន​រូប​ដែល​កាន់អំណាច​យូរ​ជាងគេ​នៅ ស៊ូដង់ (ជិត 30 ឆ្នាំ) និង​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាម​ចាប់ខ្លួន​ពីបទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

    លោក Bashir ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ 2019 នៅក្នុង​រដ្ឋប្រហារ​យោធា ក្រោយ​ពលរដ្ឋ​ចេញ​ធ្វើបាតុកម្ម​អស់​រយៈពេល 4 ខែ ដើម្បី​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង៕

  • អ្នកវិទ្យាសាស្ត្រ​ផលិត​កាហ្វេ ដោយ​មិនបាច់​ដាំ​ដើម​កាហ្វេ

    អ្នកវិទ្យាសាស្ត្រ​ផលិត​កាហ្វេ ដោយ​មិនបាច់​ដាំ​ដើម​កាហ្វេ

    (ហ្វាំងឡង់)-អ្នកវិទ្យាសាស្ត្រ​មួយក្រុម យក​កោសិកា​របស់​ដើម​កាហ្វេ​រស់ និង​អភិវឌ្ឍ​វា​នៅក្នុង​បន្ទប់ពិសោធន៍ ហើយក៏​បង្កើតបាន​កាហ្វេ​ដែលមាន​ក្លិន​ឈ្ងុយ​ដូច​កាហ្វេពិតៗដែលមាន​នៅលើ​ទីផ្សារ។

    បណ្ឌិត Heiko Rscher ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ជីវសាស្ត្រ​រុក្ខជាតិ ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ VTT នៃ​ប្រទេស​ហ្វាំ​ង​ឡង់ កំពុង​ទទួលខុសត្រូវ​លើ​គម្រោង​ស្រាវជ្រាវ​ទាក់ទង​នឹង​ការផលិត​កាហ្វេ​នៅក្នុង​បន្ទប់ពិសោធន៍។ កាលពី​សប្ដាហ៍​មុន ការប្រឹងប្រែង​របស់​ពួកគេ ទទួលបាន​ផ្លែផ្កា​គួរឱ្យ​ពេញចិត្ត នៅពេល​បង្កើតបាន​កាហ្វេ​មួយ​ពែង​ដំបូង​ដែលមាន​រសជាតិ និង​ក្លិន​ដូច​ទៅនឹង​កាហ្វេ​ដែល​ផលិត​ពី​គ្រាប់​របស់​ដើម​កាហ្វេពិត។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 20 កញ្ញា។

    ពិភពលោក​ផលិត​កាហ្វេ​ជិត 10 ពាន់​លាន​គីឡូក្រាម ជា​រៀងរាល់ឆ្នាំ ហើយ​តម្រូវការ​នេះ​នឹង​កើនឡើង​នាពេលខាងមុខ។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នេះ មនុស្ស​នឹងត្រូវ​កាប់​ព្រៃ​បន្ថែមទៀត​ដើម្បី​ដាំ​ដើម​កាហ្វេ។

    បច្ចេកវិទ្យា​ថ្មី​របស់ បណ្ឌិត Heiko Rscher បានបង្ហាញ​អំពី​រូបមន្ត​នៃ «កសិកម្ម​កោសិកា» ក្នុងនោះ បណ្ដា​ផលិតផល​ត្រូវបាន​ផលិតឡើង​ដោយ​ការចិញ្ចឹម​កោសិកា​ដែល​មិនមែនជា​សត្វ ឬ​រុក្ខជាតិពិត។ ដូច្នេះ ដំណើរការ​នេះ​ត្រូវការ​ថាមពល ទឹក និង​បញ្ចេញ​ឧស្ម័ន​ក្នុង​កម្រិត​ទាប។

    «គំនិត​នៅទីនេះ​គឺ ការប្រើប្រាស់​បច្ចេកវិទ្យា​ជីវសាស្ត្រ​ជំនួស​ឱ្យ​ការដាំដុះ​បែប​បុរាណ​ដើម្បី​ផលិត​អាហារ។ ដំណោះស្រាយ​នេះ ទាមទារ​ទឹក និង​សកម្មភាព​ដឹកជញ្ជូន​តិចជាង​ធម្មតា។ ពួកវា​ក៏​មិន​ពឹង​ផ្អែកលើ​រដូវ​កាល និង​មិន​ត្រូវការ​ថ្នាំ​សម្លាប់​សត្វល្អិត» លោក Riscer បកស្រាយ​ដូច្នេះ។

    លោក​បន្ថែមថា៖ «ដំណើរការ​នៃ​ការផលិត​គឺ ត្រូវ​ប្រើប្រាស់​កោសិកា​ពិត​របស់​ដើម​កាហ្វេ​រស់។ កោសិកា​ដំបូង​ត្រូវបាន​ចិញ្ចឹម​ដោយ​ផ្សាំ​ពី​ផ្នែក​មួយ​របស់​ដើម​កាហ្វេ ដូចជា​ស្លឹក​ជាដើម។ បន្ទាប់មក កោសិកា​នឹង​ដុះ​ឡើង​ច្រើន​នៅក្នុង​បរិស្ថាន​ដែលមាន​សារធាតុចិញ្ចឹម​សមស្រប។ ចុងក្រោយ ពួកវា​ត្រូវបាន​ដឹក​ទៅកាន់​រោងចក្រ​ប្រតិកម្ម​ជីវសាស្ត្រ​ដើម្បី​ប្រមូល​ផល។ បន្ទាប់មក កោសិកា​របស់​កាហ្វេ​ត្រូវបាន​គេ​ស​ម្ងួ​ត និង​លីង រួចហើយ អាច​យកមក​ឆុង​ជា​កាហ្វេ​បាន»។

    Rischer បញ្ជាក់ថា៖ «យោងតាម​សេណារីយោ​ដែល​ប្រកបដោយ​សុទិដ្ឋិនិយម​បំផុត ផលិតផល​មួយ​សម្រាប់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម អាច​នឹង​ត្រៀម​រួចរាល់​ដើម្បី​បង្ហាញខ្លួន​នៅក្នុង​រយៈពេល 4 ឆ្នាំ​ខាងមុខ»៕

  • ក្រុម​ហ៊ុន​​​​​ផលិត​រថយន្ត​របស់​ អង់គ្លេស​ ប្រើប្រាស់​​ថាមពល​​នុយក្លែអែរ​ ​សម្រាប់​ការ​ទាញ​យក​រ៉ែ​ពី​ឋាន​ព្រះចន្ទ​

    ក្រុម​ហ៊ុន​​​​​ផលិត​រថយន្ត​របស់​ អង់គ្លេស​ ប្រើប្រាស់​​ថាមពល​​នុយក្លែអែរ​ ​សម្រាប់​ការ​ទាញ​យក​រ៉ែ​ពី​ឋាន​ព្រះចន្ទ​

    ក្រុមហ៊ុន Rolls-Royce កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ (nuclear reactor) ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​សកម្មភាព​ទាញយក​រ៉ែ​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ។

    ក្រុមហ៊ុន Rolls-Royce កាលពីដើម​ឆ្នាំនេះ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​របស់ អង់គ្លេស ដើម្បី​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ប្រើប្រាស់​ថាមពល​នុយ​ក្លេ​អែរ​សម្រាប់​រ៉ុក្កែត។ ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​លើ​វិធី​ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ខ្នាតតូច ដើម្បី​រុញច្រាន​រ៉ុក្កែត​ក្នុង​ទី​អវកាស បំណង​បង្កើនល្បឿន​ឱ្យ​លឿន​ជាង​បច្ចុប្បន្ន និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឡើងវិញ​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​សកម្មភាព​ទាញយក និង​រក្សា​រ៉ែ បន្ទាប់ពី​ដំណើរការ​រុករក​នៅលើ​ឋាន​ព្រះ​ចន្ទ ឬ​ពិភព​ព្រះ​អង្គារ។

    Dave Gordon មេដឹកនាំ​ផ្នែក​ការពារជាតិ​របស់ Rolls-Royce បានឱ្យដឹងថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​បទពិសោធន៍ 60 ឆ្នាំ នៅក្នុង​ការអភិវឌ្ឍ​នាវាមុជទឹក​នុយ​ក្លេ​អែរ​សម្រាប់​កងទ័ពជើងទឹក អង់គ្លេស របស់ខ្លួន សម្រាប់​វិស័យ​អវកាស។

    Gordon និយាយថា ប្រភព​រ៉ែ​កម្រ​នៅលើ​ផែនដី ពិតជា​មិនសូវមាន ប៉ុន្តែ គេ​អាច​រកឃើញ​ពួកវា​នៅលើ​ឋាន​ព្រះ​ចន្ទ និង​បណ្ដា​ភព​ដទៃ។ លោក​អះអាងថា ការរុករក និង​ទាញយក​រ៉ែ​នៅលើ​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ អាច​ក្លាយជា​ការពិត​ក្នុង​អនាគតកាល។ សកម្មភាព​ថ្មី​ទាំងនេះ ត្រូវការ​ថាមពល​នុយ​ក្លេ​អែរ ព្រោះថា ថាមពលព្រះអាទិត្យ​មិន​សមស្រប​ជាមួយនឹង​គម្លាត​នៃ​រយៈ​ចម្ងាយ​ដ៏​ធំធេង​នេះ​ទេ។

    Rolls-Royce មិនមែនជា​ក្រុមហ៊ុន​តែមួយ​ដែលមាន​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​រុករក និង​ទាញយក​រ៉ែ​ពី​ភព​ផ្សេង​នោះទេ។ ក្រុមហ៊ុន​ចំនួន​បី រួមមាន Lunar Outpost, Honeybee Robotics និង​ក្រុមហ៊ុន Masten Space Systems ក៏​កំពុងតែ​អភិវឌ្ឍ​ប្រព័ន្ធ​ថ្មី​ដើម្បី​ទាញយក​ទឹកកក​ពី​ឋាន​ព្រះ​ចន្ទ ដោយ​រ៉ុក្កែត នៅ​ឆ្នាំ 2023។ អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​សាកលវិទ្យាល័យ Arizona ក៏​ទទួលបាន​ខ្ទង់​ថវិកា 500,000 ដុល្លារ ពី NASA ដើម្បី​អភិវឌ្ឍ​ក្រុម​រ៉ូ​បូត​ស្វ័យប្រវត្ត​ដែល​អាច​ស្វែងរក និង​ជីក​យក​រ៉ែ​ដី​កម្រ​នៅលើ​ឋាន​ព្រះ​ចន្ទ​ផងដែរ៕

  • (វីដេអូ)-ក​ម្អែ​ភ្នំភ្លើង លេប​ត្របាក់​ភូមិឋាន! រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន

    (វីដេអូ)-ក​ម្អែ​ភ្នំភ្លើង លេប​ត្របាក់​ភូមិឋាន! រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន

    អេស្ប៉ាញ៖ ក​ម្អែ​ភ្នំភ្លើង​ក្រហមឆ្អៅ​ហូរ​ដូច​គេ​ចាក់​បបរ​នៅលើ​ខ្នងភ្នំ និង​ហូរ​កាត់​ចូលក្នុង​តំបន់​ភូមិឋាន​របស់​ប្រជាជន​នៅលើ​ប្រជុំ​កោះ Canary បន្ទាប់ពី​មានប​ន្ទុះ​ភ្នំភ្លើង​កើតឡើង។

    ការផ្ទុះ​ភ្នំភ្លើង​នៅលើ​កោះ Canary កាលពី​ថ្ងៃទី 19 កញ្ញា គឺជា​ប​ន្ទុះ​ភ្នំភ្លើង​លើកទីមួយ ក្រោយ​រយៈពេល 50 ឆ្នាំ​កន្លងទៅ។ ប​ន្ទុះ​ភ្នំភ្លើង​នេះ បាញ់​ក​ម្អែ​ឡើង​ទៅលើ​អាកាស​កម្ពស់​រាប់រយ​ម៉ែត្រ និង​បាន​ពន្លិច​តំបន់​ព្រៃ​ស្ទើរតែ​ទាំងស្រុង។ វីដេអូ​នានា​បាន​បង្ហាញថា ក​ម្អែ​ភ្នំភ្លើង​កំពុង​ហូរ​តាម​ជម្រាលភ្នំ ឆ្ពោះទៅកាន់​សមុទ្រ។

    ក​ម្អែ​របស់​ភ្នំភ្លើង​ក៏បាន​ហូរ​ចូលក្នុង​ភូមិ​របស់​ប្រជាជន​នៅលើ​កោះ La Palma ដែលជា​កោះ​មួយ​នៅ​ភាគ​ពាយព្យ​របស់​ប្រជុំ​កោះ Canary។ សាក្សី​ម្នាក់​និយាយថា ក​ម្អែ​ភ្នំភ្លើង ហូរ​នៅលើ​ផ្លូវ និង​ចាក់​ចូលក្នុង​ផ្ទះ​របស់​ប្រជាជន ធ្វើឱ្យ​គ្រប់យ៉ាង​ត្រូវ​រលាយ​គ្មាន​សល់។

    ផ្ទះ​ប្រហែល 100 ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈ​មនុស្ស​ជាង 5,500 នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​កើតហេតុ។ ប៉ុន្តែ ពុំទាន់​មាន​ករណី​ស្លាប់ ឬ​របួស​ណាមួយ​ត្រូវបាន​រាយការណ៍​នៅឡើយ។

    ផ្លូវ​ចំនួន 6 ខ្សែ​ដែល​នៅលើ​កោះ ត្រូវបាន​បិទ។ ក្រុមមន្ត្រី​បានស្នើ​ឱ្យ​ពលរដ្ឋ​កុំ​ស្លន់ស្លោ​ខ្លាំងពេក ហើយ​ត្រូវ​ជម្លៀស​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ។

    Miguel Angel Morcuende អ្នកចាត់ចែង​កិច្ចការ​បន្ទាន់​ក្នុង​តំបន់ បានឱ្យដឹងថា ក​ម្អែ​ភ្នំភ្លើង​នេះ​ផ្លាស់​ទី​យឺត​ជាង​ការ​ព្យាករ និង​កំពុង​ឆ្ពោះទៅកាន់​សមុទ្រ។

    នាយករដ្ឋមន្ត្រី Pedro Sanchez កាលពី​ថ្ងៃទី 20 កញ្ញា បាន​ទៅពិនិត្យ​តំបន់​ដែល​រង​ផលប៉ះពាល់ និង​បាន​សរសើរ​ដល់​កងក​ម្លាំ​ង​សង្គ្រោះបន្ទាន់​នៅ​ទីនោះ។

    នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល Enaire ឱ្យដឹងថា ដែនអាកាស​ជុំវិញ​ប្រជុំ​កោះ Canary នៅតែ​បើក​ដំណើរការ ដោយសារ​ធូលី និង​ផ្សែង​របស់​ភ្នំភ្លើង មិនទាន់​បង្ក​ការលំបាក​ដល់​ការហោះហើរ​នៅឡើយ៕