Author: សឿន សំណាង

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 27 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 866 នាក់

    – ជាសះស្បើយ​ថ្មី = 505 នាក់

    – ស្លាប់​ថ្មី = 26 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 866 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 783 នាក់

    – អ្នកដំណើរពីបរទេស 83 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប = 110,792 នាក់

    – អ្នកជាសះស្បើយសរុប​ = 101,690 នាក់

    – អ្នកស្លាប់សរុប​ =​ 2,287 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖     

    – អ្នក​ឆ្លង​សរុប = 233,099,451 នាក់

    – អ្នកជា​សះស្បើយ​សរុប​ = 209,832,648 នាក់

    – អ្នកស្លាប់​សរុប​ = 4,769,820 នាក់

    – អ្នក​​កំពុង​ព្យាបាល​សរុប​ = 18,496,983 នាក់

  • WHO បង្កើត​ក្រុម​ថ្មី​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស COVID-19

    WHO បង្កើត​ក្រុម​ថ្មី​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស COVID-19

    អង្គការ​សុខភាព​ពិភពលោក (WHO) គ្រោង​នឹង​បង្កើត​ក្រុម​ថ្មី​មួយ​ដែល​រួមមាន​អ្នកជំនាញ​ប្រហែល 20 នាក់ ដើម្បី​ដំណើរការ​កម្មវិធី​ស្រាវជ្រាវ​រក​ប្រភព​របស់​វីរុស COVID-19 បន្តទៀត។

    សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ក្រុម​ថ្មី​របស់ WHO ដែលមាន​ចំនួន​ប្រហែល 20 នាក់ នឹង​រួមមាន​ទាំង​អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ជីវសាស្ត្រ សុវត្ថិភាព​បន្ទប់ពិសោធន៍ អ្នកឯកទេស​ផ្នែក​ហ្សែ​ន រួមទាំង​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​របស់​សត្វ​ផងដែរ។

    ក្រុម​ស្រាវជ្រាវ​ថ្មី​នេះ​នឹងធ្វើ​កិច្ចការ​ដូច​ទៅនឹង​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍ ជួយ​ដល់ WHO ក្នុងការ​ស្រាវជ្រាវ​លើ​ករណី​វីរុស​ផ្ទុះ​ឆ្លង​រាលដាល​នាពេល​អនាគត និង​កំណត់​ឱ្យដឹង​ច្បាស់​ថា សកម្មភាព​អ្វីខ្លះ​របស់​មនុស្ស ដែល​អាច​នាំឱ្យ​កើត​ជំងឺ​ថ្មី។

    ក្រុម​នេះ​ក៏​ទទួលខុសត្រូវ​ក្នុងការ​ស្រាវជ្រាវ​រក​ប្រភព​របស់ COVID-19 ផងដែរ។ ពួកគេ​ត្រូវបាន​គេ​ជឿថា នឹង​ស្វែងរក​ភ័ស្ដុតាង​ថ្មី​នៅ ប្រទេស​ចិន និង​ប្រទេស​ដទៃ។

    បុគ្គលិកសុខាភិបាល នៅខាងក្រៅផ្សារបោះដុំគ្រឿងសមុទ្រ Wuhan (Wuhan South China Seafood Wholesale Market) កាលពីខែមីនា ឆ្នាំ 2020

    អ្នកនាំពាក្យ​របស់ WHO ឱ្យដឹងថា «អាទិភាព​របស់​ក្រុម​ថ្មី​នេះ​គឺ​ទទួលបាន​ទិន្នន័យ និង​មាន​សិទ្ធិ​ចូលទៅ​កាន់​ប្រទេស​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​ដំបូង»។

    រដ្ឋាភិបាល​ចិន ជាទី​ដែល​បាន​រាយការណ៍​អំពី​ករណី​ឆ្លង COVID-19 នៅ​ទីក្រុង Wuhan កាលពី​ខែធ្នូ ឆ្នាំ 2019 បាន​បដិសេធ​ការឆ្លើយ​នឹង​សំណួរ​ដែលថា អនុញ្ញាតឱ្យ​ក្រុម​ថ្មី​របស់ WHO ចូលទៅ​កាន់​ទឹកដី​របស់​ពួកគេ​ដែរ ឬ​យ៉ាងណា។ ប៉ុន្តែ ប្រធានាធិបតី​ចិន លោក ស៊ី​ជីន​ពីង ធ្លាប់បាន​ថ្លែងថា ប្រទេស​ចិន «បន្ត​គាំទ្រ និង​ចូលរួម​ស្វែងរក​ប្រភព​របស់ COVID-19 ដោយយោង​ទៅតាម​វិទ្យាសាស្ត្រ ហើយ​ប្ដេជ្ញា​ប្រឆាំងនឹង​ឥទ្ធិពល​នយោបាយ តាម​គ្រប់​រូបភាព»។

    ក្រសួងការបរទេស​ចិន បានឱ្យដឹងថា ប្រទេស​នេះ​មាន​ផែនការ​តាមដាន​យ៉ាង​ម៉ត់ចត់​ចំពោះ​ការជ្រើសរើស​ក្រុម​អ្នកជំនាញ​ថ្មី​របស់ WHO ហើយ ទីក្រុង​ប៉េកាំង ក៏​ស្នើ​បញ្ចូល​សមាជិក​មួយចំនួន​របស់ខ្លួន ឱ្យទៅ​ចូលរួម​ផងដែរ។

    កាលពី​ខែកក្កដា WHO បានស្នើ​ឱ្យមាន​ដំណាក់កាល​ទី​ពីរ​នៃ​ការស្រាវជ្រាវ​អន្តរជាតិ​លើ​ប្រភព​របស់ COVID-19 ដែល​ក្នុងនោះ​មាន​ទាំង​ការត្រួតពិនិត្យ​បន្ទប់ពិសោធន៍​នានា​របស់ ប្រទេស​ចិន។ រដ្ឋាភិបាល​ចិន បាន​រិះគន់​លើ​សំណើ​នេះ ដោយ​យល់ថា ទីក្រុង​ប៉េកាំង បានសម្រេច​កាតព្វកិច្ច​របស់ខ្លួន​រួចហើយ នៅក្នុង​ការស្វែងរក​ប្រភព COVID-19 និង​បាន​និយាយថា ការស្រាវជ្រាវ​ដំណាក់កាល​ទី​ពីរ​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ផ្សេង៕

  • ប្រធានាធិបតី​បារាំង ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត នៅ​ទីសាធារណៈ (វីដេអូ)

    ប្រធានាធិបតី​បារាំង ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត នៅ​ទីសាធារណៈ (វីដេអូ)

    (បារាំង)-ប្រធានាធិបតី​នៃ ប្រទេស​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ត្រូវបាន​បុរស​ម្នាក់​គប់​នឹង​គ្រាប់​ស៊ុត ក្នុងពេល​កំពុង​ចូលរួម​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ទីក្រុង លី​យ៉ុង (Lyon) បានឱ្យដឹងថា នឹង​និយាយ​គ្នា​ជាមួយ​ជនដៃដល់ នៅក្រោយ​ហេតុការណ៍​នេះ។

    ហេតុការណ៍​ខាងលើ​បានកើត​នៅពេល ប្រធានាធិបតី​បារាំង ម៉ា​ក្រុង ទៅធ្វើ​ទស្សនកិច្ច​នៅឯ​ពិធី​តាំងពិព័រណ៍​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង​លី​យ៉ុង កាលពី​ម្សិលមិញ។ បុរស​ម្នាក់​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​គប់​គ្រាប់​ស៊ុត​តម្រង់​លោក ម៉ា​ក្រុង ក្នុងពេល​លោក​កំពុង​សម្ដែង​ស្វាគមន៍​អ្នក​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍។

    គ្រាប់​ស៊ុត​ កំពុង​ហោះ​តម្រង់​លោក​ ម៉ាក្រុង

    គ្រាប់​ស៊ុត​បាន​ហោះ​ទៅ​ចំ​ស្មា​របស់ ប្រធានាធិបតី​បារាំង ប៉ុន្តែ វា​មិន​បែក។ ភ្លាមនោះ ជនដៃដល់​ក៏ត្រូវ​បាន​ចាប់ខ្លួន និង​នាំ​ចេញទៅ​ខាងក្រៅ។ «បើ​គាត់​មាន​អ្វី​ចង់​និយាយ​ជាមួយ​ខ្ញុំ សូម​ទុកឱ្យ​គាត់​មកជួប​ខ្ញុំ។ ខ្ញុំ​នឹង​ជួប​និយាយ​គ្នា​ជាមួយ​គាត់» លោក ម៉ា​ក្រុង ថ្លែង​ដូច្នេះ។

    នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​លោក ម៉ា​ក្រុង ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត។ កាលពី​ឆ្នាំ 2017 លោក​ក៏​ធ្លាប់​ត្រូវគេ​គប់​នឹង​គ្រាប់​ស៊ុត ម្ដង​រួចហើយ ដែល​កាលណោះ គាត់​នៅ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅឡើយ។

    កង​អង្គរក្ស​របស់​ប្រធានាធិបតី ម៉ា​ក្រុង នឹងត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ គ្រា​ដែល​លោក​បង្ហាញខ្លួន​នៅ​ទីសាធារណៈ​ជា​បន្តបន្ទាប់។ លោក ម៉ា​ក្រុង ត្រូវបាន​គេ​ព្យាករ​ថា នឹងចូលរួម​ដណ្ដើម​សន្លឹកឆ្នោត​ចូលទៅ​កាន់កាប់​វិមាន អេ​លី​សេ (Elysee) នៅ​ខែមេសា ឆ្នាំ 2022 ប៉ុន្តែ លោក​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ៕

  • កម្មករ​អណ្ដូងរ៉ែ​រាប់សិប​នាក់​របស់​ កាណាដា ​កំពុង​ជាប់​ក្រោម​ដី

    កម្មករ​អណ្ដូងរ៉ែ​រាប់សិប​នាក់​របស់​ កាណាដា ​កំពុង​ជាប់​ក្រោម​ដី

    (កាណាដា)-កម្មករ​ចំនួន 39 នាក់ កំពុង​ជាប់​ក្នុង​អណ្ដូងរ៉ែ​លោហធាតុ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​កាណាដា ក្រោយ​មាន​ឧបទ្ទវហេតុ​មួយ​ដែល​បណ្ដាលឱ្យ​ផ្លូវ​ចេញ-ចូល​ត្រូវ​ស្ទះ​មុន​នោះ 24 ម៉ោង។

    Vale ជា​ក្រុមហ៊ុន​គ្រប់គ្រង​អណ្ដូងរ៉ែ Totten នៅក្នុង​ខេត្ត Ontario របស់ កាណាដា បានឱ្យដឹងថា ពុំមាន​កម្មករ​ណា​ម្នាក់រ​ងរ​បួង​នៅក្នុង​ហេតុការណ៍​កាលពី​ថ្ងៃទី 26 កញ្ញា​នោះទេ ហើយ​ពួកគេ​នៅតែ​ទទួលបាន​អាហារ និង​ទឹក។ «ក្រុម​សង្គ្រោះបាន​ទៅដល់​កន្លែង​របស់​កម្ម​ករ និង​កំពុង​នាំ​ពួកគេ​ឡើង​មកលើ តាមរយៈ​ប្រព័ន្ធ​ជណ្ដើរ​ទី​ពីរ» Vale បាន​ប្រាប់​ដូច្នេះ។ ក្រុមហ៊ុន​នេះ​សង្ឃឹមថា នឹង​សង្គ្រោះ​កម្មករ​បាន​ទាំងអស់​នៅ​យប់​ថ្ងៃទី 27 កញ្ញា (ព្រឹក​ថ្ងៃទី 28 កញ្ញា នៅ ភ្នំពេញ)។

    Danica Pagnutti ជា​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Vale និយាយថា មិនមាន​អ្នកណាម្នាក់​ស្ថិតនៅត្រង់​ច្រកចេញ-ចូល​ធំ​នោះទេ នៅពេល​ផ្នែក​មួយ​នៃ​ឧបករណ៍​ធុន​ធ្ងន់ ប៉ះទង្គិច​នឹង​ជណ្ដើរយន្ត​របស់​ប្រព័ន្ធ​ដឹកជញ្ជូន។

    សកម្មភាព​នៅឯ​អណ្ដូងរ៉ែ Totten ក្នុង​ទីក្រុង Greater Sudbury នៃ​ខេត្ត Ontario ត្រូវបាន​ផ្អាក​ដំណើរការ​ចាប់ពី​ថ្ងៃទី 27 កញ្ញា ហើយ Vale ឱ្យដឹងថា នឹង​វាយតម្លៃ​ស្ថានការណ៍ មុនពេល​ដំណើរការ​ឡើងវិញ។ អណ្ដូងរ៉ែ Totten បាន​បិទទ្វារ​កាលពី​ឆ្នាំ 1972 ប៉ុន្តែ ក្រុមហ៊ុន Vale បាន​បើកទ្វារ​ឡើងវិញ​ចាប់ពី​ឆ្នាំ 2014។ នៅក្នុង​រយៈពេល 6 ខែ​ដើម​ឆ្នាំនេះ ធាតុ​នី​កែ​ល ប្រហែល 3,600 តោន ត្រូវបាន​ទាញយក​ពី​អណ្ដូងរ៉ែ Totten៕

  • រញ្ជួយ​ដី​នៅ​ប្រទេស​ក្រិ​ក អាជ្ញាធរ​ប្រទេស​តួ​ក​គី ព្រមាន​អំពី​រលក​យក្ស

    រញ្ជួយ​ដី​នៅ​ប្រទេស​ក្រិ​ក អាជ្ញាធរ​ប្រទេស​តួ​ក​គី ព្រមាន​អំពី​រលក​យក្ស

    គ្រោះ​រញ្ជួយ​ដី​ដែលមាន​កម្លាំង 5.8 រិច​ទ័​រ នៅលើ​កោះ Crete របស់​ប្រទេស​ក្រិ​ក បានសម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់ និង​បណ្ដាលឱ្យ​ប្រទេស​តួ​ក​គី ព្រមាន​អំពី​លទ្ធភាព​នៃ​ការកើតមាន​រលក​យក្ស។

    អាជ្ញាធរ​របស់​ប្រទេស​ក្រិ​ក បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រហែល 9 ព្រឹក ថ្ងៃទី 27 កញ្ញា ដោយ​ចំណុចកណ្ដាល​របស់​វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល 246 គីឡូម៉ែត្រ ទៅ​ទិសអាគ្នេយ៍​នៃ​ទីក្រុង Athens របស់ ក្រិ​ក។

    ស្ថាប័ន​តាមដាន​គ្រោះ​រញ្ជួយ​ដី​របស់ សហរដ្ឋ​អាម៉េរិក និយាយថា គ្រោះ​រញ្ជួយ​ដី​ខាងលើនេះ​មាន​កម្លាំង 6 រិច​ទ័​រ មាន​ចម្ងាយ​ពី​ភូមិ Thrapsano ប្រហែល 7 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង។

    សារព័ត៌មាន National News បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​ធ្វើឱ្យ​ប្រទេស​តួ​ក​គី ដែល​នៅក្បែរ​ខាង ត្រូវ​ប្រកាស​ការព្រមាន​អំពី​គ្រោះ​រលក​យក្ស​នៅ​សមុទ្រ។

    សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​ថា ផ្ទះ​ជាច្រើន​ខ្នង​បាន​ខូចខាត ក្នុងនោះ​ភាគច្រើន​គឺជា​ផ្ទះថ្ម​បុរាណ ស្ថិតនៅ​ក្នុងភូមិ​នានា ដែល​នៅក្បែរ​ចំណុចកណ្ដាល​នៃ​គ្រោះធម្មជាតិ​នេះ។ ក្មេងៗក្នុង​តំបន់ ត្រូវបាន​ជម្លៀស​ចេញពី​សាលារៀន។

    យោងតាម​ទិន្នន័យ​ពី សហភាព​អឺរ៉ុប (EU) Crete គឺជា​កោះធំ​ជាងគេ និង​មាន​ប្រជាជន​រស់នៅ​ច្រើនជាងគេ​របស់ ប្រទេស​ក្រិ​ក ដោយមាន​ពលរដ្ឋ​ជាង 634,000 នាក់​កំពុង​រស់នៅ។

    ក្រិ​ក និង​តួ​ក​គី ស្ថិតនៅលើ​តំបន់​ដែល​កើត​គ្រោះ​រញ្ជួយ​ដី​ខ្លាំងក្លា​បំផុត​ក្នុង​ពិភពលោក។ គ្រោះ​រញ្ជួយ​ដី​កម្លាំង 7.4 រិច​ទ័​រ កាលពី​ឆ្នាំ 1999 ដែល​កើតឡើង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​តួ​ក​គី បានសម្លាប់​មនុស្ស​ជាង 17,000 នាក់ ក្នុងនោះ​មាន​ប្រហែល 1,000 នាក់ នៅ​ទីក្រុង Istanbul។ គ្រោះ​រញ្ជួយ​ដី​មួយ​កាលពី​ខែកក្កដា ឆ្នាំ 2017 នៅលើ​កោះ Kos ជិត​តំបន់ Samos របស់ ប្រទេស​ក្រិ​ក ក៏បាន​សម្លាប់​មនុស្ស 2 នាក់​ផងដែរ៕

  • «រាជបុត្រី Wuawei» វិល​ចូល​ប្រទេស​ក្រោយ​ការដោះលែង! មនុស្ស 430 លាន​នាក់ ចូល​ទស្សនា​ការផ្សាយ​ផ្ទាល់

    «រាជបុត្រី Wuawei» វិល​ចូល​ប្រទេស​ក្រោយ​ការដោះលែង! មនុស្ស 430 លាន​នាក់ ចូល​ទស្សនា​ការផ្សាយ​ផ្ទាល់

    ការផ្សាយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍ Meng Wanzhou ត្រលប់មក​ប្រទេស​វិញ របស់​ស្ថានីយទូរទស្សន៍​ចិន មាន​អ្នកទស្សនា​ជិត 430 លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ចំនួន 400 លាន​លើក។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន CMG (China Media Group) លោក Shen Haixiong លើកឡើង​កាលពី​ថ្ងៃទី 26 កញ្ញា នៅ​ទីក្រុង​សៀង​ហៃ។

    ទូរទស្សន៍​ចិន កាលពី​យប់​ថ្ងៃទី 25 កញ្ញា បាន​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍ Meng Wanzhou ដែល​ត្រូវគេ​ស្គាល់​ថា​ជា «រាជបុត្រី Huawei» ត្រលប់​មកដល់​ព្រលានយន្តហោះ Shenzhen Bao’an ក្រោយ​ត្រូវបាន​ឃាត់ខ្លួន​មិនឱ្យ​ចេញពី​ប្រទេស​កាណាដា អស់​រយៈពេល 3 ឆ្នាំ។ ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅលើ​បណ្ដាញ​សង្គម​នានា​ផងដែរ។

    យោងតាម​លោក Shen Haixiong ពលរដ្ឋ​ប្រមាណ 400 លាន​នាក់ ដែល​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ចិន (ខ្ពស់ជាង​ចំនួន​ប្រជាជន​សរុប​របស់ សហរដ្ឋ​អាម៉េរិក និង កាណាដា) បាន​ចុច​ចូលចិត្ត (Like) លើ​ព័ត៌មាន​ផ្សាយ​ផ្ទាល់​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់ CMG។ «នេះ​គឺជា​ការចង់បាន​របស់​គ្រប់គ្នា» ប្រធាន​ក្រុមហ៊ុន CMG ថ្លែង​ដូច្នេះ។ «ប្រទេសជាតិ​តែងតែ​ជាទី​ពឹង​ដ៏​រឹងមាំ​សម្រាប់​ប្រជាជន​ចិន»។

    Michael Spavor (ស្ដាំ លើ),​ Michael Kovrig (ស្ដាំ) និង Meng Wanzhou (ឆ្វេង)

    Meng Wanzhou ត្រូវបាន​ដោះលែង​បន្ទាប់ពី​មានការ​ព្រមព្រៀង​ជាមួយនឹង​តុលាការ​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 24 កញ្ញា។ ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រទេស​ចិន ក៏បាន​ដោះលែង​ពលរដ្ឋ​កាណាដា 2 នាក់ គឺ Michael Kovrig និង Michael Spavor ក្រោយពី​បានអនុញ្ញាត​ឱ្យ​ពួកគេ​នៅក្រៅ​ឃុំ​ដោយ​មូលហេតុ​សុខភាព។ Michael Kovrig និង Michael Spavor ត្រូវបាន​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី Wanzhou ត្រូវ​ភាគី​ប្រទេស​កាណាដា ឃុំខ្លួន​ទៅតាម​សំណើ​របស់ សហរដ្ឋ​អាម៉េរិក។

    មុន​ការមកដល់​របស់​យន្ត​ហោះ​ដឹក​លោកស្រី Wanzhou គេ​ឃើញ​មាន​ជនជាតិ​ចិន រាប់រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ព្រលានយន្តហោះ Shenzhen Bao’an និង​បាន​នាំយក​បដា​សរសេរ​ពាក្យ​ស្លោក​ជាច្រើន​ដើម្បី​ទទួល​ស្វាគមន៍​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei រូបនេះ។ «ចុងក្រោយ ខ្ញុំ​ក៏បាន​ត្រលប់មក​ផ្ទះ» លោកស្រី Wanzhou និយាយ​ដូច្នេះ។

    លោកស្រី Wanzhou បាន​អរគុណ​ដល់​គ្រប់គ្នា​ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ដល់​លោកស្រី ពិសេស​គឺ​ប្រធានាធិបតី​ចិន លោក Xi Jinping។

    ប្រទេស​ចិន បាន​ចោទប្រកាន់​ប្រទេស​កាណាដា ថា «ស្ដាប់បង្គាប់ អាម៉េរិក» នៅពេល​ចាប់ខ្លួន​លោកស្រី Wanzhou ដែលជា​មនុស្ស​ម្នាក់​ត្រូវគេ​ជឿថា នឹង​ក្លាយជា​មេដឹកនាំ​របស់ Huawei នាពេល​អនាគត ព្រមទាំង​បាន​ចោទ សហរដ្ឋ​អាម៉េរិក ថា វាយប្រហារ​ផ្នែក​នយោបាយ​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei។

    ករណី​ចាប់ខ្លួន​លោកស្រី Wanzhou ត្រូវបាន​គេ​យល់ថា ស្ថិតក្នុង​យុទ្ធនាការ​ធំ​មួយ ដែល សហរដ្ឋ​អាម៉េរិក ធ្វើ​ឡើង​ សំដៅ​លើ​ Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ទីក្រុង​វ៉ា​ស៊ី​ង​តោន សង្ស័យថា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធជាមួយ​​នឹង​រដ្ឋាភិបាល ក៏ដូចជា​កងទ័ព​ចិន។

    ក៏ប៉ុន្តែ ការចោទប្រកាន់​របស់ សហរដ្ឋ​អាម៉េរិក តែងតែ​ត្រូវបាន Huawei ច្រានចោល ដោយ​អះអាងថា សហរដ្ឋ​អាម៉េរិក មានបំណង​បង្ក​ឧបសគ្គ​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​នេះ ព្រោះថា ពុំមាន​ក្រុមហ៊ុន​ណាមួយ​របស់ សហរដ្ឋ​អាម៉េរិក ផ្ដល់​សេវាកម្ម​តម្លៃ​ទាប​ដូច Huawei។ ចំណែក​រដ្ឋាភិបាល​ចិន វិញ ក៏បាន​ចោទថា ការវាយប្រហារ​សំដៅ Huawei ពី​សំណាក់ សហរដ្ឋ​អាម៉េរិក គឺជា​ហេតុផល​នយោបាយ ដើម្បី​ធ្វើឱ្យ​កម្លាំង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ធ្លាក់ចុះ៕

  • CEO របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer ថា «ជីវភាព​ធម្មតា​នឹង​ត្រលប់​មកវិញ​នៅ​ឆ្នាំក្រោយ»

    CEO របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer ថា «ជីវភាព​ធម្មតា​នឹង​ត្រលប់​មកវិញ​នៅ​ឆ្នាំក្រោយ»

    នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer លោក Albert Bourla ជឿថា ជីវភាព​រស់នៅ​របស់​មនុស្ស​នឹង​ត្រលប់​មករក​សភា​ពធ​ម្ម​តា​វិញ​នៅ​ឆ្នាំក្រោយ បើទោះជា​វ៉ា​រ្យ៉​ង់ថ្មីៗរបស់ COVID-19 នៅតែ​បន្ត​បង្ហាញខ្លួន។

    «ខ្ញុំ​យល់ថា យើង​អាច​ត្រលប់​ទៅរក​ជីវភាព​ធម្មតា​វិញ​ក្នុង​រយៈពេល 1 ឆ្នាំ​ទៀត» នាយក​ប្រតិបត្តិ​របស់ Pfizer លោក Bourla បាន​ប្រាប់ ABC News កាលពី​ថ្ងៃទី 26 កញ្ញា​ដូច្នេះ។ លោក​បន្តថា «ប៉ុន្តែ នេះ​មិនមែន​មានន័យថា វីរុស​បំប្លែង​ខ្លួន​នានា​នឹង​លែង​បង្ហាញខ្លួន ហើយ​យើង​បន្ត​រស់នៅ​ដោយ​មិនបាច់​ចាក់​វ៉ាក់សាំង​នោះទេ»។

    ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាម៉េរិក Moderna លោក Stephane Bancel កាលពី​សប្ដាហ៍​កន្លងទៅ​ក៏បាន​ព្យាករ​ថា រោគរាតត្បាត​សកល COVID-19 នឹង​បញ្ចប់ «ក្នុង​រយៈពេល 1 ឆ្នាំ​ខាងមុខ» ដោយសារ​ការផលិត​វ៉ា​ក់​សាំង​ត្រូវបាន​ពង្រីក​នៅ​ទូទាំង​ពិភពលោក អនុញ្ញាតឱ្យ​គ្រប់គ្នា​មានឱកាស​ទទួល​បានកា​រ​ចាក់​វ៉ាក់សាំង។ លោក Bancel និយាយថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នឹង «មាន​ភាពស៊ាំ​ឯកឯង» ព្រោះថា វ៉ា​រ្យ៉​ង់ Delta មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់។ នេះ​មានន័យថា អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នឹងត្រូវ​ឆ្លង COVID-19 ប្រភេទ Delta មិន​ខាន។

    នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាម៉េរិក Moderna លោក Stephane Bancel

    CEO របស់ Pfizer ជឿថា ប្រជាជន​អាច​នឹងត្រូវ​ការចាក់​វ៉ាក់សាំង​បង្ការ COVIDD-19 ជា​រៀងរាល់ឆ្នាំ ដើម្បី​ទប់ស្កាត់​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​បង្ហាញខ្លួន​នៅ​ពាសពេញ​ពិភពលោក។ «សេណារីយោ​ដែលមាន​លទ្ធភាព​កើតឡើង​បំផុត​គឺ​ការចាក់​ប្រចាំឆ្នាំ ប៉ុន្តែ យើង​ពិតជា​មិន​បានដឹង​ច្បាស់ ដូច្នេះ​ត្រូវការ​រង់ចាំ​មើល​ទិន្នន័យ​ជាក់ស្ដែង»។

    ការ​ព្យាករ​ខាងលើ​ត​នេះ​ត្រូវ​បានលើកឡើង​នៅក្នុង​គ្រា​ដែល​ប្រជាជន​អាម៉េរិក ដែល​គ្រប់​លក្ខខណ្ឌ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម។ នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក កាលពី​សប្ដាហ៍​មុន​បាន​យល់​ព្រមឱ្យ​ចាក់​ដូ​ស​បន្ថែម​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 65 ឆ្នាំ​ឡើងទៅ អ្នក​ដែលមាន​ហានិភ័យ​ឈឺ​ធ្ងន់​បើសិន​ឆ្លង COVID-19 រួម​នឹង​អ្នក​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដោយសារ​កន្លែង​រស់នៅ និង​កន្លែងធ្វើការ។

    សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជិត 44 លាន​នាក់ និង​អ្នកស្លាប់​ដោយសារ COVID-19 សរុប​ជាង 706,000 នាក់ នេះ​បើតាម​ទិន្នន័យ​ពី​ទំព័រ Worldometer។ គិត​ត្រឹម​សប្ដាហ៍​មុន តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ សហរដ្ឋ​អាម៉េរិក បាន​កើន​លើសពី​តួលេខ​នៃ​ជនជាតិ​អាម៉េរិក ដែល​បាន​ស្លាប់​ដោយសារ​រោគរាតត្បាត​សកល​កាលពី​ចន្លោះ​ឆ្នាំ 1918-1919៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 26 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 839 នាក់

    – ជាសះស្បើយ​ថ្មី = 530 នាក់

    – ស្លាប់​ថ្មី = 18 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 839 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 730 នាក់

    – អ្នកដំណើរពីបរទេស 109 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=109,926 នាក់

    – អ្នកជាសះស្បើយ=101,185 នាក់

    – អ្នកស្លាប់=2,261 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖ 

    – អ្នក​ឆ្លង​សរុប = 232,602,351 នាក់

    – អ្នកជា​សះស្បើយ = 209,239,640 នាក់

    – អ្នកស្លាប់ = 4,761,950 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,600,761 នាក់

  • រួច​​ផុត​ពី​ក្ដី​ស្លាប់ បន្ទាប់ពី​សួត​ទាំងពីរ​សងខាង​ត្រូវ COVID-19 «ស៊ី​ខ្ទេច​ស្ទើរ​គ្មាន​សល់»!

    រួច​​ផុត​ពី​ក្ដី​ស្លាប់ បន្ទាប់ពី​សួត​ទាំងពីរ​សងខាង​ត្រូវ COVID-19 «ស៊ី​ខ្ទេច​ស្ទើរ​គ្មាន​សល់»!

    (សហរដ្ឋ​អាម៉េរិក)-បុរស​វ័យ 25 ឆ្នាំ​ម្នាក់ ត្រូវ​ទទួល​ការវះកាត់​ត​ភ្ជាប់​សួត​ទាំងពីរ​សងខាង បន្ទាប់ពី​ត្រូវ COVID-19 ស៊ី​ទម្លុះ​គ្រប់កន្លែង។

    Blake Bargatze រស់នៅក្នុង​រដ្ឋ Georgia សហរដ្ឋ​អាម៉េរិក បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ខែមេសា ពេល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​ឆ្លង COVID-19។ ក្នុងអំឡុង​សម្រាក​ព្យាបាល ស្ថានភាព​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរឡើងៗ រហូតដល់​ថ្នាក់​ក្រុម​វេជ្ជបណ្ឌិត​ឱ្យដឹងថា Bargatze ត្រូវការ​ការវះកាត់​ភ្ជាប់​សួត ទើប​អាចរ​ស់បាន។ Bargatze ត្រូវបាន​វះកាត់​ភ្ជាប់​សួត​ចំនួន​ពីរ​កាលពី​ខែមិថុនា។

    «COVID-19 ស៊ី​សួត​ទាំងពីរ​សងខាង​របស់​ខ្ញុំ អស់​គ្មាន​សល់» Bargatze រៀបរាប់​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ Insider កាលពី​ថ្ងៃទី 26 កញ្ញា។ «ពេល​គ្រូពេទ្យ​យកចេញ សួត​របស់ខ្ញុំ​មើលទៅ​ដូចជា​សំណល់​ស្ការ​កៅស៊ូ ធ្លុះ​ស្ទើរ​គ្រប់កន្លែង។ ខ្ញុំ​សំណាង​ណាស់ ព្រោះ​មុខងារ​នានា​ក្នុង​រាងកាយ មិន​ចុះខ្សោយ»។

    សួត​របស់​ Bargatze មើល​ទៅ​ដូច​សំណល់​ស្ករ​កៅស៊ូ

    Bargatze គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ដែល​បាន​វះកាត់​ភ្ជាប់​សួត​ទាំងសងខាង​ដោយ​ជោគជ័យ ក្រោយពី​បាន​ឆ្លង COVID-19។ Bargatze យល់ថា ខ្លួន​បាន​ឆ្លង​វីរុស​នេះ​នៅពេល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មួយ​នៅ Florida កាលពី​ខែមីនា ហើយ​គាត់​ពិតជា​មាន​វិប្បដិសារី​ជាខ្លាំង។

    កាលណោះ Bargatze ពាក់​ម៉ាស ប៉ុន្តែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង ព្រោះតែ​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ និង​រង់​ចាំមើល​ផលវិបាក​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ។

    ម្ដាយ​របស់ Bargatze និយាយថា៖ «វា​ចង់​រង់ចាំ​រហូតដល់​វ៉ាក់សាំង​អភិវឌ្ឍ​បាន 10 ឆ្នាំ​ទៀត ឬ​យូរ​ជាង​នេះ ដូច​ទៅនឹង​មនុស្ស​ជាច្រើន​ដែល​កំពុង​រារែក​នៅពេល​នេះ»។

    ក្រោយ​ការវះកាត់​ត​ភ្ជាប់​សួត កំលោះ​វ័យ 25 ឆ្នាំ​រូបនេះ បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19។ Bargatze សង្ឃឹមថា ខ្លួន​នឹង​ឆាប់​បាន​ត្រលប់​ទៅធ្វើ​កិច្ច​ការដែល​ខ្លួន​ចូលចិត្ត ដូច​ជាការ​ស្ទូចត្រី​ជាដើម។ គាត់​នឹង​ត្រលប់​ទៅធ្វើ​ការ​វិញ​ចាប់ពី​សប្ដាហ៍​នេះ និង​បាន​និយាយថា នេះ​គឺជា «ជោគជ័យ​ដ៏​ធំ​មួយ»។ ទោះជា​ត្រូវ​លេបថ្នាំ 50 គ្រាប់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ Bargatze នៅតែ​រីករាយ ព្រោះថា ខ្លួន​នៅ​ដើរ​បាន និង «អរគុណ​ដែល​នៅមាន​ជីវិត»។

    បច្ចុប្បន្ន Black Bargatze បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​ពីរ​រួចហើយ។ គ្រួសារ​របស់​បុរស​នេះ បាន​បង្កើត​ទំព័រ​សម្រាប់​រៃអង្គាសប្រាក់ ដោយ​សង្ឃឹមថា សប្បុរសជន​នានា​នឹង​ជួយ​ដល់ Bargatze៕

  • តាលីបង់​ ​បង្ហាញ​​​កាន់​តែ​ច្បាស់​អំពី​ការ​ប្រកាន់​តឹង​ ដូច​កាល​ 20 ឆ្នាំ​មុន​

    តាលីបង់​ ​បង្ហាញ​​​កាន់​តែ​ច្បាស់​អំពី​ការ​ប្រកាន់​តឹង​ ដូច​កាល​ 20 ឆ្នាំ​មុន​

    មេដឹកនាំ​ម្នាក់​របស់ តា​លី​បង់ ប្រកាសថា នឹង​ស្ដារ​វិធានការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដែល​ក្រុម​នេះ​ធ្លាប់បាន​អនុវត្ត​អំឡុង​គ្រប់គ្រង​អំណាច​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1990 ធ្វើឱ្យ​ជ្រ​ជា​ជន​អា​ហ្វ​ហ្គា​នី​ស្ថាន កាន់តែ​ព្រួយ​ភ័យ​ចំពោះ​វិធី​ប្រើប្រាស់​អំណាច​របស់​កង​កម្លាំង​នេះ នា​បច្ចុប្បន្ន។

    ចាប់តាំងពី តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 15 សីហា 2021 ពលរដ្ឋអា​ហ្វ​ហ្គា​នី​ស្ថាន និង​ពិភពលោក តែង​តាមដាន​មើលថា តើ​ពួកគេ​អាច​វិល​ត្រលប់​ទៅរក​របប​ដ៏​គួរឱ្យ​ភ័យខ្លាច​ដូច​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ 1990 ដែរ ឬ​យ៉ាងណា។ ចម្លើយ​សម្រាប់​សំនួរ​នេះ ចាប់ផ្ដើម​បង្ហាញ​កាន់តែច្បាស់ តាមរយៈ​ប្រកាស​របស់ Mullah Nooruddin Turabi ដែលជា​ស្ថាបនិក​ម្នាក់​របស់ តា​លី​បង់ ស្ដីអំពី​លទ្ធភាព​នៃ​ការស្ដារ​ទណ្ឌកម្ម​ប្រហារជីវិត កាត់ដៃជើង ជាដើម បើ​ទោះ​ពួកគេ​ប្រហែលជា​មិន​ប្រកាស​ជា​សាធារណៈ។

    «បណ្ដា​ប្រទេស​រិះគន់​យើង ទាក់ទិន​នឹង​ទណ្ឌកម្ម​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន ប៉ុន្តែ យើង​មិនដែល​និយាយ​អ្វី​ចំពោះ​ច្បាប់ និង​ទណ្ឌកម្ម​របស់​ពួកគេ។ មិនមាន​អ្នកណាម្នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​និយាយ​អំពី​ច្បាប់​របស់​យើង​ថា ត្រូវធ្វើ​យ៉ាងណា​នោះទេ។ យើង​នឹង​ដើរ​តាម​សាសនា​អ៊ីស្លាម និង​លើកឡើង​អំពី​ច្បាប់​របស់​យើង​ដោយយោង​ទៅតាម​គម្ពីរ កូ​រ៉ា​ន» Turabi បញ្ជាក់​ដូច្នេះ។

    សម្ដី​របស់ Turabi បាន​បង្ហាញថា ក្រុម​មេដឹកនាំ​របស់ តា​លី​បង់ នៅតែ​ប្រកាន់​តឹង អភិរក្សនិយម​ជ្រាលជ្រៅ សូម្បីតែ​នៅពេល​ពួកគេ​ទទួលយក​ការផ្លាស់ប្ដូរ​ផ្នែក​បច្ចេកវិទ្យា ដូចជា វីដេអូ និង​ទូរស័ព្ទ។

    «ការដាក់ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​គឺជា​រឿង​ចាំបាច់​ដើម្បី​ធានាថា មិន​ធ្វើ​ខុសច្បាប់​ម្ដងទៀត» Turabi អះអាង​ដូច្នេះ និង​បន្ថែមថា ទណ្ឌកម្ម​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​គំរាម ហើយ​គណៈរដ្ឋមន្ត្រី​កំពុងតែ​ពិចារណា​ថា តើ​គួរ​ដាក់ទណ្ឌកម្ម​នៅ​ទីសាធារណៈ​ដែរ ឬទេ។

    អាជ្ញាធរ តា​លី​បង់ បាន​ស្ដារ​ទណ្ឌកម្ម​មួយចំនួន​ទាក់ទង​នឹង​បទល្មើស​លួច​ឆក់​ប្លន់។ ប្រកាស​ខាងលើ និង​ការអនុវត្ត​ច្បាប់​មួយចំនួន​របស់ តា​លី​បង់ នា​ពេល​ថ្មី​ៗ​នេះ​ មិនមែនជា​មូលហេតុ​តែមួយ​ដែលនាំឱ្យ​គេ​ជឿថា ច្បាប់​ដ៏​តឹងតែង​របស់ តា​លី​បង់ អាច​នឹង​ត្រូវបាន​ស្ដារឡើងវិញ​ក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែ តា​លី​បង់ បាន​ស្ដារ​ក្រសួង​ឃោសនា​​សីលធម៌ ដែល​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​ការដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ នៅក្នុង​សម័យ​ដែល តា​លី​បង់ គ្រប់គ្រង​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី 20 ឆ្នាំមុន ដោយ​ប្រើ​ច្បាប់ សារី​អះ

    Mullah Nooruddin Turabi ​ស្ថាបនិក​ម្នាក់​របស់ តា​លី​បង់

    ច្បាប់ សារី​អះ ត្រូវបាន​អនុវត្ត​ដោយ​អាជ្ញាធរ តា​លី​បង់ ក្នុងអំឡុង​ឆ្នាំ 1996 ដល់​ឆ្នាំ 2001 តា​លី​បង់។ ពួកគេ​បាន​ហាម​ប្រជាជន​មិនឱ្យ​ទទួលទាន​សាច់ជ្រូក និង​ផឹកស្រា។ តន្ត្រី ទូរទស្សន៍ ភាពយន្ត និង​អ៊ី​ន​ធើ​ណិ​ត ក៏ដូចជា​ទម្រង់​នានា​នៃ​សិល្បៈ ដូចជា​គំនូរ ឬ​ការថតរូប​ជាដើម ក៏​ត្រូវបាន​ហាមឃាត់។

    ស្ត្រី​ត្រូវបាន​ហាម​មិនឱ្យ​ចេញទៅ​ធ្វើការ ចំណែក​ក្មេងស្រី​ក៏ត្រូវ​ហាម​មិន​ឱ្យទៅ​សាលារៀន។ ស្ត្រី​ត្រូវគេ​តម្រូវ​ឱ្យទៅ​ទស្សនា​ពិធី purdah (ពិធី​បង្ហាញ​អំពី​ទំនៀមទម្លាប់​របស់​ស្ត្រី នៅក្នុង​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម មួយចំនួន) ហើយ​រាល់ពេល​ចេញទៅ​ខាងក្រៅ​គឺ​ត្រូវតែមាន​បុរស​ជា​ញាតិ​ទៅជា​មួយ។ អ្នក​ដែល​រំលោភ​លើ​វិន័យ​នេះ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម។

    ចំណែកឯ​បុរស​វិញ ក៏ត្រូវ​ហាម​មិនឱ្យ​កោរពុកមាត់ ពុកចង្កា ដោយ​ត្រូវ​ទុក​វា​ឱ្យ​វែង និង​ត្រូវ​ស្លៀកពាក់​ឈុត turban ពេល​ចេញទៅ​ក្រៅ។ សកម្មភាព​ថ្វាយបង្គំ​ព្រះ​គឺជា​តួនាទី​ដែល​ត្រូវតែ​ធ្វើ ហើយ​អ្នក​ដែល​មិន​គោរព​តាម​តួនាទី​នេះ​នឹង​ត្រូវបាន​ចាប់ខ្លួន។

    ចំពោះ​ទោស​ដូចជា ការ​លួច​ប្លន់​វិញ ការដាក់ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល នៅតែ​ត្រូវបាន តា​លី​បង់ អនុវត្ត។ ចំណែក​ស្ត្រី​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​សហាយស្មន់ ទណ្ឌកម្ម​ដែល​ត្រូវ​ទទួល​នោះ​គឺ​ការប្រហារជីវិត​ដោយ​គប់​នឹង​ដុំថ្ម ឬ​ព្យួរ​ក។ ទាំងនេះ​គឺជា​ការកំណត់​នៅក្នុង​ច្បាប់​អ៊ីស្លាម សារី​អះ ហើយ​មានតែ តា​លី​បង់ និង​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន។ មុននេះ នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ តា​លី​បង់ ច្បាប់​នេះ​នៅតែ​ត្រូវបាន​អនុវត្ត។

    ដោយសារតែ តា​លី​បង់ ធ្លាប់បាន​អនុវត្ត​ច្បាប់ សារី​អះ ដ៏​មហា​តឹងតែង​នេះហើយ ទើប​នៅពេល​កងកម្លាំង​នេះ​ត្រលប់មក​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិញ មនុស្ស​ជាច្រើន​បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង ពិសេស​គឺ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី និង​កុមារី៕