Author: សឿន សំណាង

  • សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្ដីពីការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗរបស់​ជាតិ

    សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្ដីពីការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗរបស់​ជាតិ

    (ភ្នំពេញ)៖ ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា​១០៦​ថ្មី (មួយ) មាត្រា១១៩ថ្មី និង​មាត្រា១៣៧ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា៣ និង​មាត្រា៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ (៣ទំព័រ) ពាក់ព័ន្ធ​នឹង​ការកំណត់​ឱ្យមាន​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័នកំពូលៗរបស់​ជាតិ​ចំនួន៤ រួមមាន​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និង​នាយករដ្ឋមន្ត្រី ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ហើយ នា​ព្រឹក​ថ្ងៃទី០៨ ខែតុលា ឆ្នាំ​២០២១ និង​ត្រៀម​បញ្ជូន​ទៅកាន់​រដ្ឋសភា។

    ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ ស្ដីពី​ការ​កំណត់​ឱ្យ​មាន​សញ្ញជាតិ​តែ​មួយ​ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ​ ដែល​ដំណឹង​នេះ​ដក​ស្រង់​ពី​ Press OCM (អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស) នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​៖

  • រ៉ូ​បូត យក​សំណាក​វីរុស COVID-19 ស្វ័យប្រវត្ត​ដំបូង​គេ ក្នុង​ពិភពលោក (វីដេអូ)

    រ៉ូ​បូត យក​សំណាក​វីរុស COVID-19 ស្វ័យប្រវត្ត​ដំបូង​គេ ក្នុង​ពិភពលោក (វីដេអូ)

    (ប្រទេស​ចិន)-មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Shenzhen បង្ហាញ រ៉ូ​បូត ដែល​បំពាក់​បច្ចេកវិទ្យា​ស្គាល់​មុខមាត់ និង​គ្រប់គ្រង​កម្លាំង ជួយ​យក​សំណាក COVID-19 ដោយ​សុក្រឹត និង​ស្វ័យប្រវត្ត។

    រ៉ូ​បូត នេះ កំពុងតែ​ជួយ​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​ក្នុង​ការយក​សំណាក​របស់​អ្នកជំងឺ និង​អ្នក​ជាប់​សង្ស័យ ហើយ​វា​គឺជា រ៉ូ​បូត យក​សំណាក​ស្វ័យប្រវត្តិ​ទាំងស្រុង​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។ រ៉ូ​បូត នេះ បំពាក់​បច្ចេកវិទ្យា​ស្នូល​ចំនួន​ពីរ​គឺ បច្ចេកវិទ្យា​សម្គាល់​មុខមាត់ និង​បច្ចេកវិទ្យា​គ្រប់គ្រង​កម្លាំង ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវយក​សំណាក។ វា​ក៏មាន​បច្ចេកវិទ្យា deep-learning សម្រាប់​ជួយ​កែសម្រួល​លក្ខណៈសម្បត្តិ​របស់ រ៉ូ​បូត ផងដែរ។

    Sun Xizhuo ប្រធាន​មន្ទីរពេទ្យ​ប្រជាជន Shenzhen Luohu បានឱ្យដឹងថា៖ «បច្ចេកវិទ្យា​សម្គាល់​មុខមាត់ នៅ ប្រទេស​ចិន ទំនើប​ណាស់ និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ព្រលានយន្តហោះ គយ និង​សណ្ឋាគារ។ វា​ពិតជា​សុក្រឹត»។

    ដោយមាន​កាមេរ៉ា រ៉ូ​បូត នេះ អាច​ស្វែង​រកឃើញ​ទីតាំង​ច្រមុះ​របស់​អ្នក​ត្រូវយក​សំណាក។ នេះ​បើតាម​លោក Sun Xizhuo។

    បច្ចេកវិទ្យា​សំខាន់​ទី​ពីរ​របស់ រ៉ូ​បូត​នេះ គឺ ប្រព័ន្ធគ្រប់គ្រង​កម្លាំង។ នៅពេល​ប្រដាប់​ត្បារ​ច្រមុះ​ត្រូវបាន​នាំទៅដល់​កន្លែង​ដែល​បានកំណត់ ប្រព័ន្ធ​នឹង​គណនា​កម្លាំង​ក្នុង​កម្រិត 0.2 Newton (N)។ អនាគត វា​នឹង​អាច​ត្រូវបាន​សម្រួល​ទៅជា 0.19 N ឬ 0.21 N។

    https://www.youtube.com/watch?v=9MhvY8fsArA

    លោក Sun Xizhuo និយាយថា «ដោយសារតែ រ៉ូ​បូត បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) យើង​នឹងដាក់​កម្មវិធី​ស្វែងយល់​ស្វ័យប្រវត្ត​ឱ្យ​វា។ រ៉ូ​បូត យក​សំណាក​កាន់តែច្រើន វា​នឹង​កាន់តែ​ស្ទាត់ជំនាញ ព្រោះ​តែមាន​បន្ថែម​មុខងារ សិក្សា​ស៊ីជម្រៅ (deep learning)»។

    វា​នឹង​កត់ត្រា​រាល់​សំណាក​ដែល​ធ្លាប់បាន​យក​កន្លងមក។ ឧទាហរណ៍ បើសិនជា រ៉ូ​បូត យក​សំណាក​របស់​មនុ​ស្សណា​ម្នាក់ វា​នឹង​ស្គាល់​សំណាក​នោះ​នៅពេល​យក​លើក​ក្រោយ។ ជួនកាល​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ គេ​ត្រូវ​ការពិសោធ អាស៊ីត​នុយ​ក្លេ​អ៊ិ​ក (Nucleic acid) រាល់ថ្ងៃ ឬ ពីរ​ថ្ងៃ​ម្ដង ដូច្នេះ​ការ​គណនា​របស់ រ៉ូ​បូត នឹងត្រូវ​បានកំណត់។

    រ៉ូ​បូត នេះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​កាលពីដើម​ខែកញ្ញា ហើយ​បច្ចុប្បន្ន វា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិសោធន៍។ COVID-19 នឹង​អាច​បាត់​ខ្លួន ប៉ុន្តែ ជំងឺឆ្លង​នឹង​នៅតែ​បន្ត​កើតមាន។ រ៉ូ​បូត អាច​ជំនួស​មនុស្ស ក្នុងការ​បំពេញភារ​កិច្ច​​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ និង​ងាយ​ឆ្លង​រោគ៕

  • ចង់​ហោះ​ទៅ​គយគន់​សណ្ឋាន​កោង​រប​ស់​ផែនដី​ពីលើ​មេឃ ដោយ​ចំណាយ​ប្រាក់​តិច? ក្រុមហ៊ុន​មួយ​នេះ​កំពុង​ទទួល​ការ​កក់​សំបុត្រ

    ចង់​ហោះ​ទៅ​គយគន់​សណ្ឋាន​កោង​រប​ស់​ផែនដី​ពីលើ​មេឃ ដោយ​ចំណាយ​ប្រាក់​តិច? ក្រុមហ៊ុន​មួយ​នេះ​កំពុង​ទទួល​ការ​កក់​សំបុត្រ

    ក្រុមហ៊ុន​មួយ​របស់ អាម៉េរិក គ្រោង​នឹង​បាញ់​បង្ហោះ​ប្រព័ន្ធ​បា​ឡុង​ហោះ (hot air balloon) ដែលមាន​ភ្ជាប់​បន្ទប់​ជា​យានជំនិះ សម្រាប់​ដឹក​ភ្ញៀវ​ឡើងទៅ​កាន់​កម្ពស់​ចាប់ពី 30,000 ម៉ែត្រ ដើម្បី​គយគន់​សណ្ឋាន​កោង​រប​ស់​ពិភព​ផែនដី។

    World View Enterprises ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ស្រាវជ្រាវ​លម្ហ​អាកាស​ក្បែរ​ទី​អវកាស​របស់ សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់​សេវាកម្ម​ហោះហើរ​ឡើងទៅ​កាន់​ស្រទាប់ stratosphere ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បា​ឡុង​ហោះ​ភ្ជាប់​នឹង​បន្ទប់​យាន ចាប់ពី​ឆ្នាំ 2024 ក្នុងនោះ ជើងហោះហើរនីមួយៗនឹង​អូស​បន្លាយពេល​ចាប់ពី 6 ទៅ 12 ម៉ោង ហើយ​សំបុត្រ​មានតម្លៃ 50,000 ដុល្លារ/កៅអី។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ទទួលបាន​ការ​កក់​ចំនួន 250 កៅអី​រួចហើយ។ នេះ​បើតាម Business Insider ចុះផ្សាយ​កាលពី​ថ្ងៃទី 5 តុលា។

    អ្នក​ទេសចរណ៍​នឹងត្រូវ​បាន​នាំ​ទៅកាន់​កម្ពស់​យ៉ាងតិច 30,000 ម៉ែត្រ ដើម្បី​អាច​មើលឃើញ​រូបរាង​កោង​របស់​ផែនដី នៅលើ​ផ្ទៃ​អាកាស​ងងឹត។ ពួកគេ​នឹង​អង្គុយ​ក្នុង​បន្ទប់ Explorer Capsule ជា​យាន​ដាក់​អ្នក​ទេសចរណ៍​ដែល​ដឹក​ដោយ​បា​ឡុង​អេ​លី​យ៉ូ​ម ទំហំ​ជិត​ប៉ុន​ទី​តារាង​បាល់។ ជើងហោះហើរនីមួយៗ នឹង​អាច​ដឹក​អ្នក​ទេសចរណ៍​បាន​ចំនួន 8 នាក់ និង​អ្នកបើកបរ 2 នាក់។

    ស្រទាប់​បរិយាកាស​ផែនដី

    ក្រុមហ៊ុន​នេះ គ្រោង​នឹង​បង្ហោះ​បា​ឡុង​ចំនួន 3,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។ បន្ទប់​ជាយា​ន​នឹង​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ ប៉ុន្តែ បា​ឡុង នឹងត្រូវ​ប្រើប្រាស់​តែម្ដង​គត់។ នៅពេល​ត្រលប់​មកកាន់​ផែនដី ឆត្រយោង​មួយឈុត​ដែល​បំពាក់​ប្រព័ន្ធ​កំណត់​ទិស (GPS) នឹង​នាំ​ផ្លូវ​វា​ទៅដល់​គោលដៅ​ដែល​បានកំណត់​សម្រាប់​ការចុះ​ចត។

    ជើងហោះហើរ​ទៅកាន់​បរិយាកាស​ក្បែរ​អវកាស​របស់ World View Enterprises នឹងមាន​ផាសុកភាព និង​ភាព​ប្រណិត​ខ្លាំង។ នៅលើ​បន្ទប់ Explorer Capsule មាន​កាមេរ៉ា​ទំនើប តេ​ឡេ​ស្កុប Wi-Fi និង​កន្លែង​ផ្គត់ផ្គង់​អាហារ និង​ភេសជ្ជៈ។ Explorer Capsule អាច​ដឹក​មនុស្ស​គ្រប់​វ័យ និង​ស្ថានភាព​សុខភាព។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន World View Enterprises៕

  • ម៉ាឡេស៊ី ចូលរួម​ដណ្ដើម​ទិញ​ថ្នាំ​​គ្រាប់​ molnupiravir សម្រាប់​ព្យាបាល​ជំងឺ​​ COVID-19

    ម៉ាឡេស៊ី ចូលរួម​ដណ្ដើម​ទិញ​ថ្នាំ​​គ្រាប់​ molnupiravir សម្រាប់​ព្យាបាល​ជំងឺ​​ COVID-19

    ក្រសួងសុខាភិបាល​​នៃ​ ប្រទេស​ម៉ាឡេស៊ី ប្រកាសថា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ Merck ដើម្បី​ទិញ​ថ្នាំ molnupiravir  ចំនួន 150,000 ដូ​ស សម្រាប់​ព្យាបាល​ជំងឺ COVID-19។

    «ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​យើង​ត្រៀម​ចូលដល់​ដំណាក់កាល​ថ្មី​ដែល​ត្រូវ​ចាត់ទុក COVID-19 ជា​ជំងឺ​ពិសេស និង​នៅពេលដែល​យើង​អាច​រស់នៅ​ជាមួយ​វីរុស ដោយ​ការបន្ថែម​វិធីសាស្ត្រ​ព្យាបាល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី សម្រាប់​ជា​អាវុធ​ប្រឆាំងនឹង COVID-19 ទន្ទឹមនឹង​ការចាក់​វ៉ាក់សាំង រួម​នឹង​វិធានការ​សុខាភិបាល​សាធារណៈ​ផ្សេងទៀត» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី Khairy Jamaluddin ប្រកាស​កាលពី​ថ្ងៃទី 7 តុលា ស្ដីអំពី​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ molnupiravir ពី​ក្រុមហ៊ុន​ឱសថ Merck របស់ សហរដ្ឋ​អាម៉េរិក។

    Molnupiravir នឹង​ក្លាយជា​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​ COVID-19 ដំបូង​គេ បើសិនជា​ទទួល​បានកា​រ​អនុម័ត​ពី​ស្ថាប័ន​សុខាភិបាល។ ទិន្នន័យ​នៃ​ការពិសោធ​បានបង្ហាញ​ថា ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​រហូតដល់​ពាក់​កណ្ដាល​នៃ​ហានិភ័យ​ស្លាប់ ឬ​ចូល​ពេទ្យ ដោយសារ COVID-19។

    បណ្ដា​ប្រទេស​នៅ អាស៊ី កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​លើ​ថ្នាំ molnupiravir។ ប្រទេស​កូរ៉េ​ខាង​ខាងត្បូង និង​សិង្ហ​បុរី សុទ្ធតែ​បានប្រកាសថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ​នេះ។ ចំណែក ប្រទេស​ថៃ និង កោះ​តៃវ៉ាន់ វិញ ក៏​កំពុងតែ​ចរចា​ជាមួយ​ក្រុមហ៊ុន Merck ដើម្បី​ទិញ​ថ្នាំ​នេះដែរ។

    ក្រុមហ៊ុន Merck គ្រោង​នឹង​ផលិត​ថ្នាំ molnupiravir ចំនួន 10 លាន​ដូ​ស មុន​ឆ្នាំ 2022។ ក្រុមហ៊ុន​នេះ ទទួលបាន​ការបញ្ជាទិញ​ចំនួន 1.7 លាន​ដូ​ស ពី​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុងតម្លៃ 700 ដុល្លារ/ឈុត (ព្យាបាល​មួយ​ជា)។ តាម​គម្រោង Merck នឹង​ប្រើប្រាស់​វិធី​គណនា​តម្លៃ​ថ្នាំ​ទៅតាម​កម្រិតផ្សេងៗគ្នា ដោយយោង​ទៅលើ​ប្រាក់ចំណូល​របស់​ប្រទេសនីមួយ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែ​តុលា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែ​តុលា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 01 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 174 នាក់

    – ជាសះស្បើយ​ថ្មី = 535 នាក់

    – ស្លាប់​ថ្មី = 24 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 174 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 153 នាក់

    – អ្នកដំណើរពីបរទេស 21 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=113,057 នាក់

    – អ្នកជាសះស្បើយ=103,918 នាក់

    – អ្នកស្លាប់=2,360 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖    

    – អ្នក​ឆ្លង​សរុប = 235,077,026​ នាក់

    – អ្នកជា​សះស្បើយ = 211,833,856 នាក់

    – អ្នកស្លាប់ = 4,805,890 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,437,280 នាក់

  • ប្រសិទ្ធភាពរបស់ «ថ្នាំគ្រាប់ព្យាបាល COVID-19» ធ្វើឱ្យ ទីប្រឹក្សារបស់ Joe Biden «ពេញចិត្ត»

    ប្រសិទ្ធភាពរបស់ «ថ្នាំគ្រាប់ព្យាបាល COVID-19» ធ្វើឱ្យ ទីប្រឹក្សារបស់ Joe Biden «ពេញចិត្ត»

    វេជ្ជបណ្ឌិត Fauci និយាយថា ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ COVID-19 ឈ្មោះ molnupiravir ផ្ដល់​លទ្ធផល​ល្អ គួរ​ជាទី​ពេញចិត្ត នៅក្នុង​ការពិសោធ​លើ​មនុស្ស បើទោះជា​ការអនុម័ត​ឱ្យប្រើ​ប្រាស់​អាច​ត្រូវ​ចំណាយពេល​យូរ។

    ក្រុមហ៊ុន​ផលិត​ឱសថ Merck កាលពី​ម្សិលមិញ (01 តុលា) បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​របស់​ថ្នាំ​គ្រាប់ molnupiravir ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Merck និង​ក្រុមហ៊ុន Ridgeback Biotherapeutics។ Merck ឱ្យដឹងថា ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ ឬ​ស្លាប់ នៅពេល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ COVID-19 ពេញវ័យ ដែលមាន​អាការ​ស្រាល និង​មធ្យម។

    ក្រុមហ៊ុន​បានឱ្យដឹងថា ការពិសោធ​ក្រោយ​រយៈពេល 29 ថ្ងៃ បង្ហាញថា ពុំមាន​អ្នកជំងឺ​ណា​ម្នាក់​ក្នុងចំណោម 385 នាក់​ដែល​ប្រើប្រាស់​ថ្នាំ​នេះ ស្លាប់​នោះទេ ហើយ​មានតែ 28 នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ចូល​ពេទ្យ តួលេខ​នេះ​ស្មើនឹង​ពាក់កណ្ដាល បើ​ធៀប​នឹង​ក្រុម​ដែល​ប្រើ​ថ្នាំ​បញ្ឆោត (placebo)។

    Molnupiravir (EIDD-2801)

    ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន កាលពី​ថ្ងៃទី 1 តុលា វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​កំពូល​ផ្នែក​សុខាភិបាល​របស់​ប្រធានាធិបតី Joe Biden ថ្លែងថា លោក​ទទួលបាន​ការជូន​ដំណឹង​យ៉ាង​ល្អ​ពី Merck។ Merck នឹង​បញ្ជូន​ទិន្នន័យ​ឱ្យ​នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ភេសជ្ជៈ (FDA) ដើម្បី​សុំ​ការអនុម័ត​បន្ទាន់។

    «ទិន្នន័យ​ពិតជា​គួរឱ្យ​ពេញចិត្ត» លោក Fauci និយាយ​ដូច្នេះ បើទោះជា​លោក​ព្រមាន​ថា ដំណើរការ​នៃ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី FDA អាច​នឹងត្រូវ​ចំណាយពេល​យូរ។

    COVID-19-Exposé-molnupiravir

    រដ្ឋាភិបាល​អាម៉េរិក បាន​បញ្ជា​ទិញ ថ្នាំ molnupiravir នេះ ចំនួន 1.7 លាន​កញ្ចប់ (1 កញ្ចប់​សម្រាប់​ព្យាបាល​មួយ​ជា) ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ។ នេះ​បើតាម Jeff Zient អ្នកចាត់ចែង​យុទ្ធនាការ​ប្រឆាំង​រោគរាតត្បាត​របស់ សេត​វិមាន។

    បើទោះជា​មាន​ដំណឹង​ល្អ​ពី​ក្រុមហ៊ុន Merck ប៉ុន្តែ ក្រុមមន្ត្រី​សុខាភិបាល​សាធារណៈ នៅតែ​លើកឡើងថា ការចាក់​វ៉ាក់សាំង​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19៕

  • អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្សកហ្ស៊ី ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន

    អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្សកហ្ស៊ី ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន

    លោក Saakashvili អតីត​ប្រធានាធិបតី​នៃ ប្រទេសហ្សកហ្ស៊ី ត្រូវបាន​ក្រុមប៉ូលិស ចាប់ខ្លួនភ្លាមៗ បន្ទាប់ពី​លោក​ត្រលប់មក​ប្រទេស​កំណើត​វិញ ដោយសារ​លោក​ធ្លាប់​ត្រូវបាន​កាត់ទោស​កំបាំងមុខ​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 6 ឆ្នាំ ទាក់ទិន​នឹង​ទោស​រំលោភ​អំណាច។

    «ប្រធានាធិបតី​ទី​បី​របស់ ប្រទេសហ្សកហ្ស៊ី លោក Mikheil Saakashvili ថ្ងៃនេះ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​ពន្ធនាគារ» នាយករដ្ឋមន្ត្រី Irakli Garibashvili បាន​ប្រាប់​អ្នកយកព័ត៌មាន​នា រដ្ឋធានី ប៊ីលីស៊ី (Tbilisi) កាលពី​ថ្ងៃទី 1 តុលា។ ក្នុង​វីដេអូ​មួយ ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រសួងមហាផ្ទៃ ហ្សកហ្ស៊ី បង្ហាញថា លោក Saakashvili ញញឹម ខណៈដែល​ដៃ​ជាប់​ខ្នោះ ហើយ​ត្រូវ​ប៉ូលិស​បញ្ជូន​ចូលទៅ​ខាងក្នុង​ពន្ធនាគារ។

    លោក Saakashvili កំពុងស្ថិត​ក្នុង​ពន្ធនាគារ​ក្នុង​ទីរួមស្រុក Rustavi ដែលមាន​ចម្ងាយ 30 គីឡូម៉ែត្រ ពី រដ្ឋធានី Tbilisi។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់ ហ្សកហ្ស៊ី លោក Nino Lomjaria បាន​ទៅសួរសុខទុក្ខ​លោក Saakashvili នៅក្នុង​ពន្ធនាគារ ហើយ​បានឱ្យដឹងថា អតីត​ប្រធានាធិបតី​រូបនេះ កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ។

    មុននេះ គូប្រជែង​នានា​របស់លោក Saakashvili នៅក្នុង​បក្ស​សុបិនហ្សកហ្ស៊ី (Georgian Dream) បាន​ព្រមាន​ថា អតីត​ប្រធានាធិបតី​នឹង​ត្រូវបាន​ចាប់ខ្លួន និង​ជាប់ពន្ធនាគារ 6 ឆ្នាំ បើសិនជា​ត្រលប់មក​ប្រទេស ក្រោយពី​ត្រូវបាន​កាត់ទោស​កំបាំងមុខ​កាលពី​ឆ្នាំ 2018។ ប្រធានាធិបតី ហ្សកហ្ស៊ី លោក Salome Zurabishvili ដែលជា​គូប្រជែង​របស់ Saakashvili បានឱ្យដឹងថា ខ្លួន​នឹងមិន​លើកលែងទោស​ឱ្យ​អតីត​ប្រធានាធិបតី​រូបនេះ​ជាដាច់ខាត។

    លោក Saakashvili ដែលជា​ប្រធានាធិបតី​នៃ​ប្រទេស ហ្សកហ្ស៊ី ចាប់ពី​ឆ្នាំ 2004-2007 និង 2008-2013 នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន។ លោក បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ ឱ្យចេញ​ធ្វើបាតុកម្ម​នៅ រដ្ឋធានីប៊ីលីស៊ី ក្នុង​ថ្ងៃទី 3 តុលា។

    អតីត​ប្រធានាធិបតី​រូបនេះ ត្រូវបាន​កាត់ទោស​កំបាំង​មុខ ពីបទ​រំលោភ​តួនាទី​កាលពី​ឆ្នាំ 2018 និង​ជាប់ពន្ធនាគារ 6 ឆ្នាំ។ ប៉ុន្តែ Saakashivili បាន​បដិសេធ ដោយ​ចោទថា ជា​រឿង​នយោបាយ។ ការចាប់ខ្លួន​លោក Saakashivili ត្រូវបាន​ក្រុមអ្នកវិភាគ​ព្យាករ​ថា នឹង​បង្កឱ្យមាន​ភាពវឹកវរ នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ស្ថិតក្រោម សហភាពសូវៀត មួយ​នេះ៕

  • យន្តហោះ​យោធា​ចិន រាប់សិប​គ្រឿង ទៅ​បំភ័យ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃ​តែមួយ

    យន្តហោះ​យោធា​ចិន រាប់សិប​គ្រឿង ទៅ​បំភ័យ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃ​តែមួយ

    ប្រទេស​ចិន បាន​បញ្ជូន​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ឈ្លបយកការណ៍​សរុប​ចំនួន 38 គ្រឿង ទៅ​ក្បែរ​ដែន​កោះ​តៃវ៉ាន់ នៅក្នុង​មួយថ្ងៃ ដែល​នេះ​គឺជា​តួលេខ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

    ស្ថាប័ន​ការពារ​កោះ​តៃវ៉ាន់ កាលពី​ជិត​ពាក់​កណ្ដាលយប់​នៃ​ថ្ងៃទី 1 តុលា បានប្រកាស​នៅលើ​ទំព័រ Twitter ថា ក្រុម​យន្តហោះ​យោធា​ចិន រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 10 គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ចំនួន 2 គ្រឿង និង​​យន្ត​ហោះ​​ព្រមាន​រហ័ស Kj-500 ចំនួន 1 គ្រឿង ហោះចូល​ក្បែរ កោះ​តៃវ៉ាន់ នៅក្នុង​ពេលយប់។

    បណ្ដា​យន្តហោះ​ចម្បាំង J-16 អមដំណើរ​ហោះហើរ​រប​ស់​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 បាន​ហោះ​ទៅដល់​តំបន់​ភាគ​អាគ្នេយ៍​នៃ កោះ​តៃវ៉ាន់ ខណៈដែល​យន្តហោះ​ព្រមាន​រហ័ស KJ-500 ធ្វើ​សកម្មភាព​ក្បែរ​ប្រជុំ​កោះ Pratas ដែល​គ្រប់គ្រង​ដោយ តៃវ៉ាន់។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល ប្រទេស​ចិន បញ្ជូន​ក្រុម​យន្តហោះ​យោធា ចូលទៅ​ក្បែរ កោះ​តៃវ៉ាន់ នៅក្នុង​អំឡុងពេល​តែមួយ​ថ្ងៃ។ មុននេះ យន្តហោះ​យោធា​របស់ ចិន មួយក្រុម បាន​ចូលទៅ​កាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់ កោះ​តៃវ៉ាន់ នៅ​ល្ងាច​ថ្ងៃទី 1 តុលា ផងដែរ។ យន្តហោះ​ទាំងនេះ រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 18 គ្រឿង, Su-30 ចំនួន 4 គ្រឿង, យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ចំនួន 2 គ្រឿង និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក Y-8 ចំនួន 1 គ្រឿង។

    ប្រជុំ​កោះ​ Pratas ឬ ហៅ​ថា កោះ​ Dongsha (ក្នុង​រង្វង់​មូល)

    យន្តហោះ​ខាងលើ ហោះ​ជុំវិញ​តំបន់​ចន្លោះ កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas ហើយ​ក្រោយមក​ក៏​ត្រលប់​ទៅកាន់ ចិនដីគោក។ នេះ​បើតាម​ស្ថាប័ន​ការពារជាតិ​របស់ កោះ​តៃវ៉ាន់។

    តៃវ៉ាន់ បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទៅ​បណ្ដេញ​យន្តហោះ​យោធា​របស់ ចិន ទន្ទឹមនឹងនេះ​ក៏បាន​ដំណើរការ​ប្រព័ន្ធ​មី​ស៊ិ​ល​ការពារ​ដែនអាកាស ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ ចិនដីគោក ទាំងនោះ​ផងដែរ។

    ការដែល ប្រទេស​ចិន បញ្ជូន​យន្តហោះ​យោធា​របស់ខ្លួន​ចំនួន 38 គ្រឿង ទៅ​បំភ័យ តៃវ៉ាន់ នៅក្នុង​ថ្ងៃ​តែមួយ​នេះ គឺជា​ប្រការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក។ សកម្មភាព​នេះ​ក៏​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ថ្ងៃ​ដែល ប្រទេស​ចិន ប្រារព្ធ​ពិធី​គម្រប់​ខួប 72 ឆ្នាំ នៃ​ទិវា​ឯករាជ្យ​ជាតិ។

    ក្រសួងការពារជាតិរ​បស់ ប្រទេស​ចិន មិនទាន់​បញ្ចេញមតិ​អ្វី​ជុំវិញ​ការបញ្ជូន​យន្តហោះ​យោធា​ដ៏​ច្រើន​ទៅ​ក្បែរ តៃវ៉ាន់ ​នៅ​ឡើយ។ ប៉ុន្តែ កន្លងមក ក្រសួង​នេះ​ធ្លាប់បាន​អះអាងថា ការហោះហើរ​ទៅ​ក្បែរ កោះ​តៃវ៉ាន់ គឺ​ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ទន្ទឹមនឹងនេះ​មានបំណង​សំដៅលើ​សកម្មភាព «សមគំនិត​គ្នា» របស់​ក្រុមមន្ត្រី​នៃ កោះ​តៃវ៉ាន់ ជាមួយនឹង សហរដ្ឋ​អាម៉េរិក ផងដែរ ដែលជា​អ្នក​នៅ​ពីក្រោយ កោះ​តៃវ៉ាន់៕

  • «Putin ប្រើប្រាស់​សម្រស់​ស្រី​ស្អាត ដាក់​អន្ទាក់ស្នេហ៍​លើ Trump»! សៀវភៅ​របស់​អតីត​លេខា​នៅ​សេត​វិមាន សរសេរ​ដូច្នេះ

    «Putin ប្រើប្រាស់​សម្រស់​ស្រី​ស្អាត ដាក់​អន្ទាក់ស្នេហ៍​លើ Trump»! សៀវភៅ​របស់​អតីត​លេខា​នៅ​សេត​វិមាន សរសេរ​ដូច្នេះ

    អតីត​ជំនួយការ​ផ្នែក​សារព័ត៌មាន​ប្រចាំ​សេត​វិមាន យល់ថា Putin មាន​ចេតនា​ជ្រើសរើស​នារី​បកប្រែ​ដ៏​ស្រស់ស្អាត​មួយរូប នៅពេល​ជួបពិភាក្សា​ជាមួយ​លោក Trump កាលពី​ឆ្នាំ 2019 ប៉ុន្តែ ភាគី រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ។

    Daria Boyarskaya អាយុ 36 ឆ្នាំ ជា​ស្រី​ស្អាត​ដែលមាន​សក់​ពណ៌​ប្រផេះ និង​ដងខ្លួន​ដ៏​ទាក់ទាញ បង្ហាញ​វត្តមាន​នៅក្នុង​រូបថត​នៃ​ជំនួប​រវាង ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​លោក Donald Trump ដែល​កាលណោះ​គឺជា ប្រធានាធិបតី​អាម៉េរិក នៅក្រៅ​ក្រប​ខ័​ណ្ណ​នៃ​កិច្ចប្រជុំ​កំពូល G20 នាទី​ក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ឆ្នាំ 2019។

    នៅក្នុង​អារម្ភកថា​នៃ​សៀវភៅ​ដែល​នឹង​ចេញលក់​នៅ​ថ្ងៃទី 05 តុលា និង​មាន​ចំណងជើង​ថា «ពេលនេះ​ខ្ញុំ​នឹង​ឆ្លើយ​នឹង​សំនួរ​របស់​អ្នក» អតីត​លេខា​ផ្នែក​សារព័ត៌​មាននៅ​សេត​វិមាន Stephanie Grisham បានឱ្យដឹងថា Fiona Hill ដែល​កាលណោះ​គឺជា​មន្ត្រី​ទទួលបន្ទុក​លើ​បញ្ហា​ស្ដីពី រុស្ស៊ី និង អឺរ៉ុប ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ សហរដ្ឋ​អាម៉េរិក បាន​សម្ដែង​ការ​មន្ទិល នៅពេល​ឃើញ Boyarskaya បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍។

    នាង​ Daria Boyarskaya បង្ហោះ​រូប​ថត​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ កាល​ពី​ថ្ងៃទី 31 ធ្នូ 2020

    «នៅពេល​ជំនួប​បានចាប់ផ្ដើម Fliona Hill ផ្អៀងខ្លួន​ងាក​មក​សួរ​ខ្ញុំ​ថា មាន​ចាប់អារម្មណ៍​អ្នកបកប្រែ​របស់ Putin ឬទេ។ នាង​នោះ​មាន​សក់​ពណ៌​ប្រផេះ​ដ៏​ទាក់ទាញ រង្វង់​មុខស្រស់​សោភា​មាន​មន្ត​ស្នេហ៍ និង​ដងខ្លួន​ដ៏​អស្ចារ្យ» Grisham សរសេរ​ដូច្នេះ។ «លោកស្រី​បន្ត​និយាយ​ជាមួយ​ខ្ញុំ​ថា លោកស្រី​សង្ស័យថា Putin ជ្រើសរើស​អ្នកបកប្រែ​នេះ​ដើម្បី​ធ្វើឱ្យ ប្រធានាធិបតី​អាម៉េរិក ញាប់​ញ័រ»។

    អធិប្បាយ​តប​នឹង​ព័ត៌មាន​ដែល​លើកឡើង​ដោយ Grisham លោក Dmitry Peskov អ្នកនាំពាក្យ​របស់​ប្រធានាធិបតី Putin បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា នារី​បកប្រែ Boyarskaya គឺជា «អាវុធ​សម្រស់» ដែល​ប្រើប្រាស់​សំដៅលើ Trump។

    Daria Boyarskaya (ទីពីរ រាប់​ពី​ឆ្វេង) នៅ​ក្នុង​ជំនួប​រវាង​ លោក​ Trump និង​លោក​ Putin នៅ​ ជប៉ុន កាល​ពី​ឆ្នាំ​ 2019

    «អ្នកបកប្រែ ត្រូវបាន​ជ្រើសរើស​ដោយ​ក្រសួងការបរទេស ដោយយោង​ទៅតាម​ការស្នើ​របស់​វិមាន​ក្រឹម​ឡាំង។ លោក Putin មិនបាន​ចូលរួម​ក្នុងការ​ជ្រើសរើស​អ្នកបកប្រែ​នោះទេ» សារព័ត៌មាន East2West ដកស្រង់​សម្ដី​របស់ Peskov ចុះផ្សាយ​ដូច្នេះ។

    ស្រី​ស្អាត Boyarskaya បានបញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ដុះបណ្ដាល​អ្នកបកប្រែ St.Peterburg ហើយ​នាង​ក៏​ជា​អ្នករបាំ salsa និង bachata ផងដែរ។

    ស្រីស្អាត Boyarskaya ក៏​ជាអ្នករបាំ salsa និង bachata ផងដែរ

    លោក Trump កាលពី​ថ្ងៃទី 29 កញ្ញា បាន​រិះគន់​ដល់​ការបោះ​ពុ​ម្ភ​សៀវភៅ​របស់ Grisham ដោយបាន​និយាយថា អតីត​លេខា​សារព័ត៌មាន​នៃ​សេត​វិមាន​រូបនេះ បាន «ខឹង​ខ្លាំង» ក្រោយពី​បញ្ចប់​មុខនាទី​នៅក្នុង​រដ្ឋការ​របស់លោក។

    «នាង​ជាប់​ទាក់ទិន​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​យើង​យល់ថា នាង​គួរតែ​ដោះស្រាយ​ដោយ​ខ្លួនឯង។ ពេលនេះ ដូច​ទៅនឹង​មនុស្ស​ដទៃ នាង​យកប្រាក់​ពី​ម្ចាស់​រោង​ពុ​ម្ភ​ឆ្វេងនិយម​ជ្រុល ដើម្បី​និយាយ​អំពី​រឿង​មិនល្អ និង​ប្រឌិត» លោក Trump អះអាង​ការពារ​ខ្លួន​ដូច្នេះ៕

  • ស្ដេច​ប្រដាល់​របស់ ហ្វ៊ី​លី​ពី​ន ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ជា​ផ្លូវការ

    ស្ដេច​ប្រដាល់​របស់ ហ្វ៊ី​លី​ពី​ន ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ជា​ផ្លូវការ

    កំពូល​អ្នក​ប្រដាល់​ដែល​ទើបតែ​ចូលនិវត្តន៍ លោក Manny Pacquiao បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន សម្រាប់​អាណត្តិ​ថ្មី។

    «អាទិភាព​របស់ខ្ញុំ​គឺ ការដោះស្រាយ​បញ្ហា​វិបត្តិ COVID-19 ដើម្បី​អាច​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ» លោក Pacquiao ថ្លែង​នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត​នា​ថ្ងៃនេះ នៅពេល​រួម​ដំណើរ​ជាមួយ​ភរិយា និង​សហការី Lito Atienza ទៅ​ដាក់ពាក្យ​ឈរឈ្មោះ​ជា​ផ្លូវការ​ដើម្បី​ក្លាយជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហ្វ៊ី​លី​ពី​ន ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ខែឧសភា ឆ្នាំ 2022។

    នៅតាម​បណ្ដោយ​ផ្លូវ​ឆ្ពោះទៅកាន់​ការិយាល័យ​ទទួល​ឯកសារ​ឈរឈ្មោះ​បោះឆ្នោត​នៅ រដ្ឋធានី​ម៉ា​និល លោក Pacquiao ទទួលបាន​ការគាំទ្រ ការស្រែក​ហ៊ោ​លើកទឹកចិត្ត​ពី​ហ្វូងមនុស្ស ក្នុងនោះ​មាន​អ្នកខ្លះ​លើក​បដា​ដែល​សរសេរថា «ឆ្ពោះទៅមុខ Pacman» ។ល។ Pacman គឺជា​សហ័ស​នាម​របស់​ស្ដេច​ប្រដាល់​រូបនេះ។

    លោក Pacquiao មាន​អាយុ 42 ឆ្នាំ បានឱ្យដឹងថា លោក​មិន​យកចិត្តទុកដាក់​នឹង​លទ្ធផល​នៃ​ការស្ទង់មតិ​សាធារណជន ដែល​បាន​បង្ហាញថា លោក​ឈរ​លំដាប់​ទី​បួន​នោះទេ។ លោក​បន្ថែមថា៖ «សំឡេង​របស់​អ្នកក្រ មិនត្រូវ​បាន​គេ​ស្ដាប់»។

    ស្ដេចប្រដាល់រូបនេះ ធ្លាប់ក្លាយជាជើងឯកផ្នែកប្រដាល់ពិភពលោករហូតដល់ 8 លើក ដោយឈ្នះ 56 ប្រកួត, ចាញ់ 3 ប្រកួត និងស្មើ 2 ប្រកួត

    លទ្ធផល​នៃ​ការស្ទង់មតិ​ថ្មី ដែល​ត្រូវបាន​ធ្វើឡើង​ចំពោះ​ជនជាតិ​ហ្វ៊ី​លី​ពី​ន ចំនួន 2,400 នាក់ បង្ហាញថា អត្រា​នៃ​ការគាំទ្រ​ចំពោះ Pacquiao បាន​កើន​ពី 8% ឡើងដល់ 12% ប៉ុន្តែ នៅតែ​ឈរ​លំ​បាប់​ទី​បួន។ បុគ្គល​នាំមុខគេ​នៅក្នុង​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​គឺ Sara Duterte ដែលជា​អភិបាលក្រុង Davao និង​ជា​កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte ដោយមាន​អត្រា​គាំទ្រ 20%។

    ស្ដេច​ប្រដាល់​របស់ ហ្វ៊ី​លី​ពី​ន បាន​ចូលប្រលូក​ក្នុង​វិស័យ​នយោបាយ​ចាប់ពី​ឆ្នាំ 2010 ក្នុងនាម​ជា​តំណាងរាស្ត្រ មុនពេល​ត្រូវបាន​បោះឆ្នោត​ចូល​សភា​ជាន់ខ្ពស់។ លោក Pacquiao ទទួលបាន​ការស្រលាញ់​ចូលចិត្ត​ខ្លាំង​នៅ ហ្វ៊ី​លី​ពី​ន ដោយសារ​តែមាន​សន្ដាន​ចិត្តល្អ និង​ប្រឹងប្រែង​រលាស់​ខ្លួន​ចេញពី​ភាពក្រីក្រ និង​ក្លាយជា​អ្នក​ប្រដាល់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​មួយរូប​នៅក្នុង​ពិភពលោក។ ស្ដេច​ប្រដាល់​រូបនេះ ធ្លាប់​ក្លាយជា​ជើងឯក​ផ្នែក​ប្រដាល់​ពិភពលោក​រហូតដល់ 8 លើក ដោយ​ឈ្នះ 56 ប្រកួត, ចាញ់ 3 ប្រកួត និង​ស្មើ 2 ប្រកួត។

    ក្រោយពី​យល់ព្រម​តាម​សំណើ​ធ្វើជា​បេក្ខភាព​ប្រធានាធិបតី​របស់​ក្រុម​ដែល​លោក​ដឹកនាំ​នៅក្នុង​បក្ស​កាន់អំណាច PDP-Laban កាលពី​ថ្ងៃទី 19 កញ្ញា Pacquiao បាន​សន្យាថា ប្រឆាំងនឹង​អំពើពុករលួយ​នៅក្នុង​រដ្ឋាភិបាល។ ស្ដេច​ប្រដាល់​រូបនេះ កាលពី​ថ្ងៃទី 29 កញ្ញា បានប្រកាស​ចូលនិវត្តន៍ ដើម្បី​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

    ក្រុមអ្នកវិភាគ​អះអាងថា ស្នាដៃ និង​ជោគជ័យ​នៅក្នុង​វិស័យ​ប្រដាល់ រួម​នឹង​គោលដៅ​ប្រឆាំង​ភាពក្រីក្រ និង​អំពើពុករលួយ អាចជា​ប្រធានបទ​ស្នូល​នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នាពេលខាងមុខ របស់ Paquiao៕