Author: សឿន សំណាង

  • ករណី​ចាក់​សម្លាប់​តំណាងរាស្ត្រ​ម្នាក់​នៅ ប្រទេស​អង់គ្លេស សមត្ថកិច្ច​ថា​ជា​អំពើ​ភេរវកម្ម

    ករណី​ចាក់​សម្លាប់​តំណាងរាស្ត្រ​ម្នាក់​នៅ ប្រទេស​អង់គ្លេស សមត្ថកិច្ច​ថា​ជា​អំពើ​ភេរវកម្ម

    ជនសង្ស័យ អាយុ 25 ឆ្នាំ ជា​ពលរដ្ឋ​អង់គ្លេស ដើមកំណើត​សូ​ម៉ាលី បាន​សម្រុក​យ៉ាង​លឿន​ចូលក្នុង​វិហារ​ដែល​តំណាងរាស្ត្រ David Amess កំពុង​ជួប​ជាមួយ​ម្ចាស់ឆ្នោត ហើយ​ដក​កាំបិត ចាក់​ប្រហារ បណ្ដាលឱ្យ​តំណាងរាស្ត្រ​រូបនេះ​ដួល​ទៅលើ​ដី។

    នៅឯ​វិហារ Belfairs នា​ទីរួមស្រុក Leigh-on-Sea ក្នុង​តំបន់ Essex ក្រុម​ម្ចាស់ឆ្នោត​ដែល​កំពុង​សប្បាយរីករាយ បាន​ប្រែ​ទៅជា​តក់ស្លុត នៅពេល​បានឃើញ​ហេតុការណ៍​នេះ។ ពួកគេ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​នៅវេលា​ម៉ោង 12 និង 05 នាទី។ តំណាងរាស្ត្រ David Amess  ត្រូវបាន​គេ​បញ្ជាក់ថា បាន​ស្លាប់​នៅវេលា​ម៉ោង 15 នៃ​ថ្ងៃទី 15 តុលា។

    ប៉ូលិស Essex បាន​ចាប់ខ្លួន​ជនដៃដល់​នៅ​កន្លែងកើតហេតុ និង​ដកហូត​អាវុធ​ដែល​ជននេះ​បាន​ប្រើប្រាស់។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​ពលរដ្ឋ​អង់គ្លេស ដើមកំណើត​សូ​ម៉ាលី។ សមត្ថកិច្ច​បាន​ហៅ​ករណីនេះ​ថា​ជា​អំពើ​ភេរវកម្ម​ដែលមាន​អង្គការ​ចាត់តាំង ទាក់ទិន​នឹង​លទ្ធិ​អ៊ីស្លាម​ជ្រុលនិយម។

    តំណាង​រាស្ត្រ​របស់​ អង់គ្លេស លោក​ David Amess

    តំណាងរាស្ត្រ David Amess ជា​អ្នក​ដែលមាន​គំនិត​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា និង​ការ​រំលូតកូន ត្រូវបាន​គេ​មើលឃើញថា មាន​ទឹកមុខ​សប្បាយរីករាយ​ និង​សើច​​ក្អាក​ក្អាយ​ជាមួយនឹង​មនុស្ស​នៅ​ជុំវិញ​ប្រហែល 15 នាទី មុនពេល​ត្រូវគេ​ចាក់​ប្រហារ។

    តំណាងរាស្ត្រ Amess អាយុ 69 ឆ្នាំ បាន​ក្លាយជា​សមាជិកសភា​ជាតិ តំណាងឱ្យ​ទីក្រុង Basildon កាលពី​ឆ្នាំ 1983។ ចាប់ពី​ឆ្នាំ 1997 លោក​គឺជា​តំណាងរាស្ត្រ​នៃ​មណ្ឌលបោះឆ្នោត Southend West របស់​តំបន់ Essex។

    កាលពីដើម​ឆ្នាំនេះ លោក Amess ធ្លាប់បាន​ថ្លែង​រិះគន់​ដល់​អំពើ​ប្រឆាំង​សង្គម និង​ករណី​ល្មើសច្បាប់​ដែលមាន​ការប្រើប្រាស់​កាំបិត៕

  • ចិន បាញ់​បង្ហោះ​យានអវកាស​ទី​ពីរ​ដែល​ដឹក​អវកាស​ចរ​ទៅ​សាងសង់​ស្ថានីយ​អវកាស

    ចិន បាញ់​បង្ហោះ​យានអវកាស​ទី​ពីរ​ដែល​ដឹក​អវកាស​ចរ​ទៅ​សាងសង់​ស្ថានីយ​អវកាស

    វេលា​ទៀបភ្លឺ​នៃ​ថ្ងៃ 16 តុលា (យប់​ថ្ងៃទី 15 តុលា នៅ​ភ្នំពេញ) ប្រទេស​ចិន បាន​បាញ់​បង្ហោះ​យានអវកាស Shenzhou 13 ដែល​ដឹក​អវកាស​ចរ 3 នាក់ ក្នុងនោះ​ក៏មាន​ស្ត្រី​ម្នាក់​ផងដែរ ឡើងទៅ​កាន់​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស Tiangong ដើម្បី​បំពេញភារកិច្ច។

    យានអវកាស Shenzhou 13 ត្រូវបាន​នាំទៅ​កាន់​គន្លង​គោចរ​ផែនដី ដោយ​រ៉ុក្កែត Long March 2F ដែល​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៃ​ខេត្ត Gansu នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​ចិន។ បេសកកម្ម​របស់​អ្នក​អវកាស​ទាំងនេះ​គឺ​រស់នៅ និង​ធ្វើការ​រយៈពេល 6 ខែ នៅលើ​មេឃ។

    នេះ​គឺជា​យានអវកាស​ទី​ពីរ នៅក្នុង​ការបាញ់​បង្ហោះ 4 លើក ទៅតាម​គម្រោង​នាំ​អ្នក​អវកាស​ឡើងទៅ​សាងសង់​ស្ថានីយ​អវកាស Tiengong របស់ ប្រទេស​ចិន ដែល​គ្រោង​នឹងធ្វើ​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ 2022៕

  • បាតុកម្ម​ផ្ទុះ​ឡើង​ ក្រោយ​ពី​បទបញ្ជា​ប្រើប្រាស់​ប័ណ្ណបៃតង​វ៉ាក់សាំង​ប្រឆាំង​ COVID-19 ចាប់​ផ្ដើម​មាន​សុពលភាព

    បាតុកម្ម​ផ្ទុះ​ឡើង​ ក្រោយ​ពី​បទបញ្ជា​ប្រើប្រាស់​ប័ណ្ណបៃតង​វ៉ាក់សាំង​ប្រឆាំង​ COVID-19 ចាប់​ផ្ដើម​មាន​សុពលភាព

    (អ៊ីតាលី)-បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​នៅ​ពាសពេញ​ទឹកដី អ៊ីតាលី នៅពេល​វិធានការ​ទប់ស្កាត់ COVID-19 ប្រកបដោយ​ភាព​តឹងរ៉ឹង​បំផុត​នៅ អឺរ៉ុប ចាប់ផ្ដើម​មាន​សុពលភាព ដោយសារ​វា​តម្រូវឱ្យ​បុគ្គលិក​ទាំងអស់ តាំងពី​ចៅក្រម រហូតដល់​កូនឈ្នួល ត្រូវ​បង្ហាញ​ប័ណ្ណ​បៃតង ទើប​អាចធ្វើ​ការ​បាន។

    កាលពី​ថ្ងៃទី 15 តុលា ក្រុមប៉ូលិស អ៊ីតាលី ត្រូវបាន​ដាក់ពង្រាយ សាលារៀន​មួយចំនួន​ត្រូវ​បិទទ្វារ​បន្ទាន់ ខណៈដែល​ស្ថានទូត​នានា​ព្រមាន​ថា បាតុកម្ម​ប្រឆាំង​ប័ណ្ណ​បៃតង (ប័ណ្ណ​បញ្ជាក់​អំពី​ការចាក់​វាក់​សាំង ឬ​មាន​អង់​ទី​ក័​រ​ប្រឆាំង COVID-19) អាច​ក្លាយជា​អំពើហិង្សា។

    ប៉ុន្តែ នៅ​ដំណាច់​ថ្ងៃ​ដដែល បាតុកម្ម​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី។ ទីតាំង​បាតុកម្ម​ខ្លះ ក្រុមបាតុករ​បាន​សម្ដែង​សញ្ញា​សន្តិភាព​ដោយ​ការជូន​ផ្កា​ដល់​កងកម្លាំង​ប៉ូលិស។

    «យើង​មក​ទីនេះ​មិនមែន​ដើម្បី​បង្ក​អំពើហិង្សា ឬ​បញ្ហា​ស្រដៀង​នេះ យើង​មក​ទីនេះ​ក៏​ព្រោះតែ​ពួកគេ​ដកហូត​សិទ្ធិ​របស់​យើង។ យើង​មិនអាច​ទៅធ្វើ​ការ​បាន​ទៀត» បាតុករ​ម្នាក់​ឈ្មោះ Elena Campisi ត្អូញត្អែរ​ប្រាប់​អ្នកយកព័ត៌មាន។

    «ប័ណ្ណ​បៃតង» (Green Pass) គឺជា​ភ័ស្ដុតាង​ដែល​ទទួលស្គាល់ថា ម្ចាស់​វា​បាន​ចាក់​វ៉ាក់សាំង លទ្ធផល​តេស្ត​អវិជ្ជមានថ្មីៗ ឬ​បានជា​សះស្បើយ​ពី​ជំងឺ COVID-19 ក្នុង​រង្វង់ 6 ខែ។

    អ៊ីតាលី តម្រូវឱ្យ​ពលរដ្ឋ​គ្រប់រូប បង្ហាញ​ប័ណ្ណ​បៃតង មុនពេល​ចូលទៅក្នុង​អគារ រួមទាំង​ភោជនីយដ្ឋាន, សារមន្ទីរ, សាល​មហោស្រព, រថភ្លើង។ល។ ប៉ុន្តែ ការតម្រូវ​ឱ្យ​បង្ហាញ​ប័ណ្ណ​បៃតង​ទើប​អាច​ចូលធ្វើការ​បាន​នាពេលថ្មីៗនេះ បាន​នាំឱ្យ​មានមតិ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​នេះ។

    បាតុករ​ម្នាក់​ឈ្មោះ Loris Mazzarato ប្រកាសថា៖ «ថ្ងៃនេះ​ពួកគេ​កំពុង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​រប​ស់​យើង។ ខ្ញុំ​និយាយថា ទេ ចំពោះ​ការរើសអើង​នេះ»។

    Loris Mazzarato ស្ថិតក្នុង​ចំណោម​បាតុករ​រាប់រយ​នាក់​នៅ Trieste ជាទី​ដែល​ការតវ៉ា​របស់​ពលករ​កំពង់ផែ កំពុង​ជះឥទ្ធិពល​របស់​សកម្ម​ភាព​ពាណិជ្ជកម្ម។

    បទបញ្ជា​ថ្មី​របស់ អ៊ីតាលី នេះ ត្រូវបាន​គេ​យល់ថា ជាការ​ដាក់​សម្ពាធ​ទៅលើ​ពលករ និង​អ្នកប្រើប្រាស់​ពលករ។ ម៉ាស៊ីន​ស្កេ​ន​កូដ QR លើ Green Pass ត្រូវបាន​អាជ្ញាធរ​ដំឡើង​នៅក្នុង​បណ្ដា​ទីតាំង​ធ្វើការធំៗ មានដូចជា ការិយាល័យ​នាយករដ្ឋមន្ត្រី Mario Draghi ឬ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ Trenitalia ។ល។

    ចំណែក​នៅ​ទីកន្លែង​ធ្វើការ​ដែលមាន​ទំហំ​តូច ចាប់ពី​ភោជនីយដ្ឋាន ដល់​ក្លឹប​កីឡា​វាយ​កូន​បាល់ (tennis) អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​ត្រូវតែ​ទាញយក​កម្មវិធី​មួយ​ដែល​អាច​ស្កេ​ន​កូដ QR។ បើទោះជា​មិនដឹង​ច្បាស់​ថា អ៊ីតាលី នឹង​អនុវត្ត​បទបញ្ជា​នេះ​តឹងរ៉ឹង​កម្រិតណា ប៉ុន្តែ​ការព្រួយបារម្ភ​អំពី​ការដែល​ត្រូវ​ត្រួតពិនិត្យ​នៅនឹងកន្លែង បានធ្វើឱ្យ​ក្រុមហ៊ុន​នានា​ត្រូវ​បង្ខំចិត្ត​គោរព​តាម។

    ការពិន័យ​ជា​ប្រាក់​ចំពោះ​អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​ដែល​មិនបាន​ពិនិត្យ​ប័ណ្ណ​បៃតង​របស់​បុគ្គលិក​គឺ​ចាប់ពី 400 ដល់ 1,000 អឺរ៉ូ។ បុគ្គលិក​ម្នាក់​ដែល​មិនបាន​បង្ហាញ​ប័ណ្ណ​បៃតង​នៅ​កន្លែងធ្វើការ ត្រូវបាន​ចាត់ទុកថា​អវត្តមាន​ដោយ​មិនមាន​មូលហេតុ​សម​ហេតុផល ហើយ​បើសិន​បង្ហាញខ្លួន​ដោយ​មិនមាន​ប័ណ្ណ​បៃតង​ស្របច្បាប់ ពួកគេ​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចាប់ពី 600 ដល់ 1,500 អឺរ៉ូ។

    ចំណាត់ការ​ខាងលើនេះ​គឺ​ក្នុង​បំណង​ជំរុញ​កំណើន​នៃ​ការចាក់​វ៉ាក់សាំង​នៅ ប្រទេស​អ៊ីតាលី ដែល​បច្ចុប្បន្ន​បាន​កើន​ដល់​ជាង 81% ធៀប​នឹង​ចំនួន​ប្រជាជន​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​មិនអាច ឬ​មិន​ចង់​ចាក់​វ៉ាក់សាំង បទបញ្ជា​ខាងលើ តម្រូវឱ្យ​ពួកគេ​ធ្វើតេស្ត 48 ម៉ោង/ម្ដង ដើម្បី​អាច​ចូលធ្វើការ​បាន។ ចំណែក​អ្នក​ដែល​ត្រូវបាន​បញ្ជាក់ថា មិនអាច​ចាក់​វ៉ាក់សាំង​បាន ទទួលបាន​ការលើកលែង​ពីបទ​បញ្ជា​នេះ៕

  • អាយុ 39 ឆ្នាំ ត្រូវបាត់​បង់​ការងារ ដល់​វ័យ 42 ឆ្នាំ ក្លាយជា​សេដ្ឋិនី៖ ការងារ​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​គឺជា​ស្នូល​នៃ​ជីវិតជោគជ័យ

    អាយុ 39 ឆ្នាំ ត្រូវបាត់​បង់​ការងារ ដល់​វ័យ 42 ឆ្នាំ ក្លាយជា​សេដ្ឋិនី៖ ការងារ​ដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត​គឺជា​ស្នូល​នៃ​ជីវិតជោគជ័យ

    ជីវភាព​របស់ Roshida Dowe ក្រោយពេល​ត្រូវគេ​បណ្ដេញ​ពី​ការងារ បាន​ក្លាយជា​ឱកាស​ដើម្បីឱ្យ​នាង​មាន​សេរីភាព សុភមង្គល និង​ធ្វើ​អ្វីដែល​នាង​ប្រាថ្នា។

    Roshida Dowe គឺជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ក្នុងការ​បំពេញការងារ ចាប់តាំងពី​ថ្ងៃ​ធ្វើការ​ដំបូង​ក្នុងតួនាទី​ជា​អ្នក​ទទួលភ្ញៀវ រហូត​ដល់ពេល​សម្រេច​ចិត្ត​ទៅ​រៀន​ច្បាប់ និង​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងតួនាទី​ជា​មេធាវី​ផ្នែក​ហិរញ្ញវត្ថុ​រថយន្ត​នៅ​ជ្រលង​ភ្នំ Silicon។

    ក៏ប៉ុន្តែ នៅ​ឆ្នាំ 2018 ក្នុង​វ័យ 39 ឆ្នាំ គ្រប់យ៉ាង​បាន​ប្ដូរផ្លាស់​នៅពេល​នាង​ត្រូវគេ​បណ្ដេញ​ពី​ការងារ ហើយ​នាង​ក៏​សម្រេចចិត្ត​ចំណាយ​វេលា​មួយឆ្នាំ​នៅពេល​អត់​ការងារ​ធ្វើ ដើម្បី​ដើរទេស​ចរណ៍​ជុំវិញ​ពិភពលោក។ ក្នុង​ដំណើរ​ទេសចរណ៍ នាង​បានដឹង​ច្បាស់​ថា ខ្លួន​ចូលចិត្ត​សេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត ដូច្នេះ​នាង​ក៏​ប្ដេជ្ញា​ប្រែក្លាយ​ដំណើរ​ទេសចរណ៍​នេះ ឱ្យទៅជា​ជីវភាព​ប្រចាំថ្ងៃ។

    Dowe បាន​បោះបង់​ការរស់នៅ​ឯ សហរដ្ឋ​អាម៉េរិក។ បច្ចុប្បន្ន នាង​រស់នៅក្នុង​ទីក្រុង Mexico City នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ជាទី​ដែល​នាង​ទទួលយក​បទពិសោធន៍​មួយ​ដែល​នាង​ហៅថា «ចូលនិវត្តន៍​ចៃដន្យ» ដោយ​ធ្វើជា​គ្រូបង្វឹក​ផ្នែក​ជីវិត និង​គ្រប់គ្រង​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន។

    បច្ចុប្បន្ន នៅក្នុង​វ័យ 42 ឆ្នាំ Dowe កំពុង​អនុវត្ត​គម្រោង​វិនិយោគ​ជាច្រើន​ដែលមាន​តម្លៃ​ជាង 1 លាន​ដុល្លារ និង​មានបំណង​ឆាប់​ចូលនិវត្តន៍។

    លើកកម្ពស់​ខ្ទង់​ចំណូល កាត់បន្ថយ​ខ្ទង់ចំណាយ និង​សន្សំសំច័យ​ដើម្បី​ដោះបំណុល

    បើទោះជា​ធំ​ឡើង​នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​មធ្យម ប៉ុន្តែ ឪពុក ម្ដាយ​របស់ Dowe កម្រ​ចែករំលែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គ្រួសារ​ដល់​នាង។

    ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​ធ្វើជា​អ្នកទទួល​ភ្ញៀវ Dowe ក៏​មិនបាន​ស្ទាត់ជំនាញ​អ្វី​ដែរ អំពី​បញ្ហា​ហិរញ្ញវត្ថុ។ ការសម្រេចចិត្ត​ត្រលប់​ទៅ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Virginia ក៏​ព្រោះតែ​នាង​យល់ឃើញថា ប្រាក់ខែ​របស់​អ្នកទទួល​ភ្ញៀវ មិន​គ្រប់គ្រង​សម្រាប់​ទូទាត់​លើ​ខ្ទង់ចំណាយ​ប្រចាំថ្ងៃ​របស់​នាង។
    ការសិក្សា​ផ្នែក​ច្បាប់​នឹង​ជួយ​ឱ្យ Dowe ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ឆ្ងាយ បើ​ទោះ​នាង​ត្រូវ​ទៅ​ខ្ចីប្រាក់​ពី​គេ 200,000 ដុល្លារ​សម្រាប់​បង់ថ្លៃ​សាលា។ ដើម្បី​អាច​សងបំណុល​អស់ នាង​ត្រូវ​កាត់បន្ថយ​ការចំណាយ​ជា​អតិបរមា និង​ប្រមូលប្រាក់​យកទៅ​សងបំណុល មុននឹង​ទូទាត់​ខ្ទង់ចំណាយ​ដទៃ។ ទោះជា​បាន​សងបំណុល​រួចរាល់​ហើយ​ក្ដី ក៏​នាង​នៅតែ​រក្សា​ទម្លាប់​សំច័យ​ប្រាក់ ហើយ​សន្សំទុក​ខ្លះ​សម្រាប់​ការវិនិយោគ។

    បាត់បង់​ការងារ ប៉ុន្តែ រកឃើញអ្វីៗដែល​ខ្លួន​ចូលចិត្ត

    ឆ្នាំ 2018 ក្រុមហ៊ុន​របស់​នាង បាន​បិទទ្វារ ហើយ Dowe ក៏ត្រូវ​បាត់បង់​ការងារ និង​បាត់បង់​ប្រាក់បៀវត្ស 200,000 ដុល្លារ។ ជំនួស​ឱ្យ​ការស្វែងរក​ការងារ​ថ្មីភ្លាមៗ Dowe សម្រេចចិត្ត​ដើរទេស​ចរណ៍​ពេញ​មួយឆ្នាំ។

    Dowe បាន​ទៅដល់​ទីក្រុង ចំនួន 44 របស់​ប្រទេស​ចំនួន 23 ក្នុង​ពិភពលោក ប៉ុន្តែ Mexico City គឺជា​ទីក្រុង​តែមួយគត់​ដែល​នាង​ត្រលប់​ទៅលេង​ច្រើនលើក​ជាងគេ។

    «ខ្ញុំ​ពិតជា​ចូលចិត្ត​អារម្មណ៍​នៅពេល​នៅទីនេះ។ ខ្ញុំ​ចូលចិត្ត​ថាមពល​នៅទីនេះ» Dowe រៀបរាប់។

    នេះ​គឺជា​មូលហេតុ​ដែលនាំឱ្យ Dowe បោះបង់​គម្រោង​ដំបូង​ដែលថា​នឹង​ត្រលប់​ទៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ស្វែងរក​ការងារ​ថ្មី។ នាង​សម្រេចចិត្ត​រស់នៅក្នុង ប្រទេស​ម៉ិចស៊ិក។

    ជាមួយនឹង​ប្រាក់​ជាង 500,000 ដុល្លារ នៅក្នុង​ខ្ទង់​វិនិយោគ​នានា និង​ប្រហែល 150,000 ដុល្លារ ជា​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ចាស់ Dowe គិតថា នាង​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​រស់នៅក្នុង ប្រទេស​ម៉ិ​ក​ស៊ិ​ក យ៉ាងហោច​ក៏បាន​មួយរយៈ​ពេល។

    «ខ្ញុំ​បាន​សងបំណុល​រួចស្រេច និង​សន្សំ​ប្រាក់​បាន​មួយចំនួន។ នៅពេល​ដឹងថា ខ្លួន​មិន​ចង់​ធ្វើការ​ទៀត ខ្ញុំ​ក៏​ចាប់ផ្ដើម​រៀប​ផែនការ» Dowe និយាយ​ដូច្នេះ។

    ទោះជា​ថ្លៃ​ជួល​ផ្ទះ​នៅក្នុង​ទីក្រុង Mexico City មិន​ទាប​ជាង​បណ្ដា​ទីក្រុងធំៗផ្សេងទៀត ប៉ុន្តែ នាង​នៅតែ​ត្រូវ​ចំណាយ​តិចជាង បើ​ធៀប​នឹង​ការវិល​ត្រលប់​ទៅ​រស់នៅ សហរដ្ឋ​អាម៉េរិក។ ជារួម ខ្ទង់ចំណាយ​ប្រចាំខែ​របស់ Dowe ប្រហាក់ប្រហែល​នឹង 2,300 ដុល្លារ។

    ស្ថានភាព​ដូច​ក្នុង​សុបិន

    ក្នុង​ដំណើរ​ទេសចរណ៍​របស់​ខ្លួន Dowe បាន​បង្ហោះ​អត្ថបទ​និយាយ​អំពី​ការដើរ​ត្រាច់ចរ​របស់ខ្លួន​ដើម្បី​ជា​ដំណឹង​ជូន​ដល់​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្ដិ។ យូរៗទៅ នាង​ទទួលបាន​ការចូល​ចិត្តច្រើនឡើងៗ ហើយ​មាន​អ្នកខ្លះ​ថែមទាំង​សុំ​យោបល់​ពី​នាង​ទៀតផង។

    «អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់ ភាគច្រើន​ជា​ស្ត្រី បាន​ទាក់ទង​មក​ខ្ញុំ និង​សួរថា «អ្នក​បាន​ឈប់​ពី​ការងារ? ខ្ញុំ​ក៏​ចង់​ធ្វើ​ដូច្នេះ។ អ្នក​អាច​ចែករំលែក​បន្ថែម​អំពី​ប្រកា​រទាំង​នោះទេ?» Dowe រៀបរាប់​ដូច្នេះ និង​បន្ថែមថា៖ «ខ្ញុំ​បាន​ជួយ​ដល់​ពួកគេ​រហូត​ចប់​ចុង ចប់​ដើម ហើយ​ចុងក្រោយ​ខ្ញុំ​គិតថា នេះ​អាចជា​កិច្ចការជំនួញ​មួយ»។

    ពេលនេះ Dowe ធ្វើ​កិច្ចការងារ​ដូច​ទៅនឹង​គ្រូបង្វឹក​ផ្នែក​ជីវិត​មួយរូប ដោយ​ជួយ​ដល់​ស្ត្រី​ទាំងឡាយ​ដែល​ចង់​ឈប់​ធ្វើការ និង​ចង់​បោះបង់​ការងារ​បច្ចុប្បន្ន​ដែល​មិន​ស័ក្ដិសម​នឹង​ពួកគេ។ អតិថិជន​របស់ Dowe ភាគច្រើន​គឺជា​ស្ត្រី​ដែល​ចង់ទៅ​រស់​នៅឯ​បរទេស ប៉ុន្តែ​មិនដឹងថា ខ្លួន​ធ្វើបាន​ឬ​អត់។

    Dowe ក៏មាន​ឆា​នែ​ល Youtube ផ្ទាល់ខ្លួន​មួយ ដើម្បី​ចែករំលែក​អំពី​ដំណើរ​ទេសចរណ៍​នានា​របស់ខ្លួន។

    ការងារ​ដែល Dowe កំពុង​ធ្វើ បាន និង​កំពុង​នាំយក​ប្រាក់ចំណូល​ដល់​នាង​ប្រហែល​ពី 3,000 ដុល្លារ ដល់ 5,000 ដុល្លារ/ខែ។ «ប្រាក់ចំណូល​នេះ ជួយ​ឱ្យ​ខ្ញុំ​រក្សាបាន​នូវ​ខ្ទង់​វិនិយោគ​ទាំងឡាយ​ដែល​ខ្ញុំ​កំពុងមាន» Dowe បន្ថែម។

    បើទោះបីជា​បច្ចុប្បន្ន Dowe មានមុខ​ជំនួញ​ជោគជ័យ​មួយ ប៉ុន្តែ​នាង​នៅតែ​ចាត់ទុកថា បាន​ចូលនិវត្តន៍​ពេញលេញ។ នាង​មិនដែល​ធ្វើការ​លើសពី 4 ថ្ងៃ​នោះទេ នៅក្នុង​មួយ​សប្ដាហ៍ ហើយ​ពេលខ្លះ នាង​ឈប់​ធ្វើការ​រាប់​អាទិត្យ ឬ​រាប់​ខែ​ដើម្បី​ធ្វើ​អ្វីដែល​នាង​ចង់​ធ្វើ។

    «មនុស្ស​ជាច្រើន​គិតថា ការចូលនិវត្តន៍​មានន័យថា អ្នក​មិន​ធ្វើការ​អ្វី​ទាំងអស់ ហើយ​បើសិនជា​អ្នក​កំពុងធ្វើការ នោះ​មិនមែនជា​ការចូលនិវត្តន៍​ពិតប្រាកដ។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ធ្វើ​កិច្ចការ​ណា​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​ខ្ញុំ​ធ្វើ​នៅពេលណា​ដែល​ខ្ញុំ​ចង់​ធ្វើ​តែប៉ុណ្ណោះ» Dowe បញ្ជាក់។

    ចុងក្រោយ ជីវភាព​របស់ Dowe ពេលនេះ ហាក់​ត្រូវបាន «រចនា​ឡើង» ដើម្បីឱ្យ​នាង​ទទួលបាន​ការសប្បាយរីករាយ​ជានិច្ច និង​អាច​គ្រប់គ្រង​ខ្លួនឯងបាន ហើយ​អាចធ្វើ​អ្វីដែល​ខ្លួន​ស្រលាញ់​ចូលចិត្ត ដែល​នេះ​ទើប​ជា​ប្រការ​សំខាន់បំផុត​ចំពោះ Dowe៕

  • (វីដេអូ)-ទាហាន​ពិសេស​របស់ កូរ៉េខាងជើង បង្ហាញ​សមត្ថភាព​លំដាប់​កំពូល នៅ​ចំពោះ​មុខ​មេដឹក​នាំ​ប្រទេស​

    (វីដេអូ)-ទាហាន​ពិសេស​របស់ កូរ៉េខាងជើង បង្ហាញ​សមត្ថភាព​លំដាប់​កំពូល នៅ​ចំពោះ​មុខ​មេដឹក​នាំ​ប្រទេស​

    ក្រុម​ទាហាន​ពិសេស​របស់ ប្រទេស​កូរ៉េខាងជើង ដោះអាវ សម្ដែង​បង្ហាញ​កម្លាំង និង​សមត្ថភាព​នៃ​ក្បាច់គុន ក៏ដូចជា​ការ​ស៊ូទ្រាំ​ជាមួយ​ភាពលំបាក​កម្រិត​កំពូល នៅក្នុង​ពិព័រណ៍​របស់​ប្រទេស​នេះ។

    សកម្មភាព​បង្ហាញ​សមត្ថភាព​ពិសេស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​មេដឹកនាំ Kim Jong-un និង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ផ្សេងទៀត។ ក្រុម​ទាហាន​ពិសេស​ បង្ហាញ​សមត្ថភាព​កម្រិត​កំពូលនេះ​ ​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​វិស័យ​ការពារជាតិ នៅ រដ្ឋធានី​ព្យុងយ៉ាង។

    ការបង្ហាញ​កម្លាំង​នេះ​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ បន្ទាប់ពី​សុន្ទរកថា​របស់​មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ស្ដីពី​សក្ដានុពល​ក្នុង​វិស័យ​ការពារជាតិ​របស់ កូរ៉េខាងជើង។

  • បច្ចុប្បន្ន​ភាព​នៃ​តួលេខ COVID-19 នៅ​ កម្ពុជា​ និង​ពិភពលោក​ សម្រាប់​ព្រឹក​ថ្ងៃទី 14 ខែ​តុលា

    បច្ចុប្បន្ន​ភាព​នៃ​តួលេខ COVID-19 នៅ​ កម្ពុជា​ និង​ពិភពលោក​ សម្រាប់​ព្រឹក​ថ្ងៃទី 14 ខែ​តុលា

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 13 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 268 នាក់
    – ជាសះស្បើយ​ថ្មី = 359 នាក់
    – ស្លាប់​ថ្មី = 25 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 268 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 244 នាក់
    – អ្នកដំណើរពីបរទេស 24 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 14 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 115,875 នាក់
    – អ្នកជាសះស្បើយ= 109,655 នាក់
    – អ្នកស្លាប់= 2,584 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 239,944,000​ នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 217,297,000 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,889,000 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,756,000 នាក់

     

  • តារា​វ័យ 90 ឆ្នាំ នៃ​ខ្សែភាពយន្តអវកាស Star Trek ពេល​នេះ​បាន​ហោះ​ទៅកាន់​ទី​អវកាសពិតៗ

    តារា​វ័យ 90 ឆ្នាំ នៃ​ខ្សែភាពយន្តអវកាស Star Trek ពេល​នេះ​បាន​ហោះ​ទៅកាន់​ទី​អវកាសពិតៗ

    (សហរដ្ឋ​អាម៉េរិក)-William Shatner ដែលជា​តារា​សម្ដែង​មួយរូប​នៅក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​រឿង Star Trek បាន​ក្លាយជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ ហោះ​ទៅកាន់​ទី​អវកាស នៅក្នុង​ដំណើរ​ហោះហើរ​នៃ​យាន​របស់​មហាសេដ្ឋី Jeff Bezos។

    «ពិតជា​មិនគួរ​ឱ្យ​ជឿ» Shatner អ្នក​សម្ដែង​វ័យ 90 ឆ្នាំ ជនជាតិ​កាណាដា និយាយ​ដោយ​រំភើប​រហូតដល់​ស្រក់​ទឹកភ្នែក បន្ទាប់ពី​បានបញ្ចប់​ការហោះហើរ​ឡើងទៅ​កាន់​ជាយ​អវកាស​ក្នុង​រយៈពេល 11 នាទី និង​ត្រលប់​មកកាន់​ផែនដី កាលពី​យប់​ថ្ងៃទី 13 តុលា។

    រ៉ុក្កែត New Shepard របស់​ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Blue Origin របស់​មហាសេដ្ឋី Jeff Bezos បាន​ហោះ​ឡើង​នៅវេលា​ម៉ោង 9៖49 នាទី (ម៉ោង 21៖49 នាទី នៅ ភ្នំពេញ)។ នាយិកា​ក្រុមហ៊ុន Blue Origin លោកស្រី Audrey Power, សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Planet Labs លោក Chris Boshuizen និង សហ​ស្ថាបនិក​ក្រុមហ៊ុន Medidata Solutions លោក Glen de Vries ក៏មាន​វត្តមាន​នៅក្នុង​បន្ទប់​អ្នកដំណើរ​របស់​យានអវកាស New Shepard ផងដែរ។

    មហាសេដ្ឋី Jeff Bozos បានមក​ទទួល​ស្វាគមន៍​សមាជិក​ក្រុម​ហោះហើរ​ដែល​បាន​ត្រលប់មក​ផែនដី​វិញ អម​ជាមួយនឹង​ស្នូរ​ទះដៃ និង​ស្រា​សាំ​ប៉ា​ញ។

    ក្រុម​អ្នក​ហោះហើរ បាន​ចំណាយពេល​ច្រើន​នាទី​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ ពេល​យានអវកាស​បាន​ហោះ​ឡើងដល់​កម្ពស់ 106 គីឡូម៉ែត្រ ខ្ពស់ជាង 6 គីឡូម៉ែត្រ ធៀប​នឹង Karman ដែលជា​ព្រំដែន​អវកាស​មួយ​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់។

    មិន​ខុសពី​អ្នក​អវកាស​ប្រហែល 600 នាក់​ដែល​ធ្លាប់បាន​ហោះ​ឡើងដល់​លើ​មេឃ លោក Shatner ក៏មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ទម្ងន់ និង​បាន​គយគន់​សម្រស់​ដ៏​ស្រស់ស្អាត​របស់​ពិភព​ផែនដី ពីលើ​មេឃ។

    «អ្វីដែល​អ្នក​បាន​ផ្ដល់ឱ្យ​ខ្ញុំ នោះ​គឺ​ការទទួល​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​នឹកស្មាន​មិន​ដល់។ ខ្ញុំ​ពិតជា​រំភើប​ចំពោះ​អ្វីដែល​បានកើត​ឡើង» Shatner និយាយ​ជាមួយ Jeff Bezos។

    កាលពី​ខែកក្កដា Blue Origin បាន​បង្កើត​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​របស់ខ្លួន ហោះ​ទៅកាន់​ទី​អវកាស។ ក្នុង​ជើងហោះហើរ​នោះ​មាន​វត្តមាន​របស់លោក Jeff Bezos, ប្អូនប្រុស​របស់លោក Jeff Bezos គឺ​លោក Mark Bezos, អ្នកបើកបរ Wally Funk និង Oliver Daemen រួម​នឹង​អតិថិជន​វ័យ 18 ឆ្នាំ​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ មកពី ប្រទេស​ហូ​ឡង់។

    លោក William Shatner មានឈ្មោះ​ល្បី នៅក្នុង​តួអង្គ​ប្រធាន​ក្រុម​នាវិក Kirk របស់​យានអវកាស USS Enterprise ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ Star Trek។ ដំណើរ​ហោះហើរ​ឆ្លងកាត់​កាឡាក់ស៊ី របស់​យាន USS Enterprise បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី ពលរដ្ឋ​អាម៉េរិក ចំពោះ​វិស័យ​អវកាស នៅពេល​ប្រទេស​នេះ​ចាប់ផ្ដើម​បន្ត​កម្មវិធី​អវកាស​ខ្លួន៕

  • ស្ត្រី​ដែល​ទើបត្រូវ​បាន ហ្គី​ណេ​ស ទទួលស្គាល់ថា ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក៖ «គ្រប់យ៉ាង​ដែលជា​ឧបសគ្គ អាច​ប្រែ​ទៅជា​ប្រយោជន៍»

    ស្ត្រី​ដែល​ទើបត្រូវ​បាន ហ្គី​ណេ​ស ទទួលស្គាល់ថា ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក៖ «គ្រប់យ៉ាង​ដែលជា​ឧបសគ្គ អាច​ប្រែ​ទៅជា​ប្រយោជន៍»

    នាង Rumeysa Gelgi នៅ ប្រទេស​តួ​ក​គី ត្រូវបាន​អង្គការ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ទទួលស្គាល់ថា​ជា​ស្ត្រី​ដែល​ខ្ពស់​ជាងគេ​បង្អស់ ដោយមាន​កម្ពស់​ជាង 2.15 ម៉ែត្រ។

    Rumeysa Gelgi អាយុ 24 ឆ្នាំ រស់នៅក្នុង​ខេត្ត Karabuk កើត​ជំងឺ Weaver បណ្ដាលឱ្យ​រាងកាយ​លូតលាស់​លឿន​ខុស​ប្រក្រតី នេះ​បើតាម​អង្គការ​កំណត់ត្រា Guinness World Records។ ឆ្នាំ 2014 នាង Gelgi ធ្លាប់​ត្រូវបានគេទទួលស្គាល់​ថា​ជា នារី​ដែល​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក នៅក្នុង​វ័យ 18 ឆ្នាំ។

    Gelgi មិនអាច​ធ្វើដំណើរ​ដោយ​គ្មាន​រទេះ​សម្រាប់​ជនពិការ​បានឡើយ។ ប៉ុន្តែ នាង​អាច​ផ្លាស់​ទី​បាន​ក្នុង​រយៈពេល​ខ្លី ដោយ​ប្រើ​ឧបករណ៍​សម្រាប់​អ្នករៀន​ដើរ។
    «គ្រប់យ៉ាង​ដែលជា​ឧបសគ្គ អាច​ប្រែ​ទៅជា​ប្រយោជន៍​របស់ខ្លួន ដូច្នេះ​ចូរ​ទទួលយក​នូវ​អ្វី​ដែលជា​របស់ខ្លួន ស្វែងយល់​អំពី​សក្ដានុពល​របស់ខ្លួន និង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព» Gelgi និយាយ​ដូច្នេះ។

    លោក Craig Glenday និពន្ធ​នាយក​នៃ​សៀវភៅ​កំណត់ត្រា​ពិភព​ហ្គី​ណេ​ស ថ្លែងថា៖ «ពិត​ជាមាន​កិត្តិយស នៅពេល​បានទទួល​ស្វាគមន៍ Rumeysa ដែល​បាន​ត្រលប់​មកកាន់​កំណត់ត្រា​ពិភពលោក។ ស្មារតី​រឹងមាំ និង​មោទកភាព​លើ​ខ្លួនឯង​នៅពេល​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សាធារណជន​របស់​នាង​គឺជា​ប្រភព​ថាមពល​សម្រាប់​លើកទឹកចិត្ត​ដល់​គ្រប់គ្នា»។

    បុរស​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​គឺ Sultan Kosen ក៏​ជា​ពលរដ្ឋ​មកពី ប្រទេស​តួ​ក​គឺ ដោយមាន​កម្ពស់ 2.51 ម៉ែត្រ។ អង្គការ​ហ្គី​ណេ​ស ឱ្យដឹងថា តំណែង​ជា​បុរស និង​ស្ត្រី​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ដែល​សុទ្ធតែជា​ពលរដ្ឋ​របស់​ប្រទេស​តែមួយ​គឺជា «រឿង​កម្រ​ជួបប្រទះ»។

    ករណី​ដូចគ្នានេះ បាន​កើតឡើង​កាលពី​ឆ្នាំ 2009។ កាលណោះ Bao Xishun មាន​កម្ពស់ 2.36 ម៉ែត្រ និង Yao Defen មាន​កម្ពស់ 2.33 ម៉ែត្រ មកពី ប្រទេស​ចិន សុទ្ធតែ​គ្រប់គ្រង​តំណែង​បុរស និង​ស្ត្រី​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ពិ​ភ​លោក។

    ស្ត្រី​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក​ដែល​ធ្លាប់​ត្រូវបាន ហ្គី​ណេ​ស ទទួលស្គាល់​គឺ Zeng Jinlian មកពី ប្រទេស​ចិន ដោយមាន​កម្ពស់​ជាង 2.46 ម៉ែត្រ ប៉ុន្តែ ស្ត្រី​រូបនេះ​បានទទួល​មរណភាព​កាលពី​ឆ្នាំ 1982 ទៅហើយ៕

  • យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល បន្ត​បាញ់​កម្ទេច​មូលដ្ឋាន​នានា​របស់ អ៊ីរ៉ង់ នៅ ស៊ី​រី

    យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល បន្ត​បាញ់​កម្ទេច​មូលដ្ឋាន​នានា​របស់ អ៊ីរ៉ង់ នៅ ស៊ី​រី

    កងទ័ព​របស់ អ៊ីស្រាអែល បាន​បាញ់ប្រហារ​តាម​អាកាស លើ​ទីតាំង​ជាច្រើន​នៅក្នុង​ទីក្រុង ប៉ាលម៉ៃរ៉ា (Palmyra) បណ្ដាលឱ្យ​ទាហាន​របស់ រដ្ឋាភិបាល​ស៊ី​រី ម្នាក់ បាន​ស្លាប់ និង​ទាហាន​ស្និទ្ធ​នឹង អ៊ីរ៉ង់ 3 នាក់ បាត់បង់​ជីវិត។

    សារព័ត៌មាន​រដ្ឋ ស៊ី​រី SANA បាន​រាយការណ៍​ថា ករណី​វាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់មិញ នៅពេល អ៊ីស្រាអែល បាញ់​រ៉ុក្កែត ច្រើន​គ្រាប់​សំដៅលើ​ប៉ម​ទំនាក់ទំនង​មួយ និង​គោលដៅ​ជាច្រើន​នៅ​ជុំវិញ​នោះ នាទី​ក្រុង ប៉ាលម៉ៃរ៉ា ស្ថិតក្នុង​ភាគ​កណ្ដាល​នៃ ប្រទេស​ស៊ី​រី។ «ទាហាន​ម្នា​ក់បាន​ស្លាប់ និង 3 នាក់​រងរបួស» SANA ដកស្រង់​ប្រភពព័ត៌មាន​ពី​កងទ័ព ឱ្យដឹង​ដូច្នេះ។

    អង្គការសិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​អង់គ្លេស បានឱ្យដឹងថា ទាហាន​រដ្ឋាភិបាល​ម្នាក់ និង​ខ្មាន់កាំភ្លើង 3 នាក់ បាន​ស្លាប់ ខណៈ​មនុស្ស 7 នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់កង​ទ័ព អ៊ីស្រាអែល។ SOHR បន្ថែមថា គោលដៅ​របស់ អ៊ីស្រាអែល គឺ​ទីតាំង​របស់​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ ដែល​ស្ថិត​នៅក្បែរ​មូលដ្ឋានទ័ព​អាកាស T4 ជាទី​ដែល​ធ្លាប់បាន​រង​ការវាយប្រហារ​ពី​រ៉ុក្កែត​របស់ អ៊ីស្រាអែល កាលពីដើម​សប្ដាហ៍​នេះ។

    ទាក់ទង​នឹង​ព័ត៌មាន​ស្ដីពី​ករណី​វាយប្រហារ​ថ្មី​នេះ កងទ័ព​អ៊ីស្រាអែល មិនទាន់បាន​អធិប្បាយ​អ្វី​នៅឡើយ។

    អ៊ីស្រាអែល វាយប្រហារ​តាមផ្លូវ​អាកាស​សំដៅ​ទីតាំង​ជាច្រើន​នៅក្នុង​ទឹកដី​របស់​ ស៊ី​រី ក្នុងនោះ​ក៏មាន​ទាំង​រដ្ឋធានី ដាម៉ាស (Damascus) ផងដែរ។ គោលដៅ​នៃ​ការវាយប្រហារ​របស់ អ៊ីស្រាអែល ភាគច្រើន​គឺជា​កងកម្លាំង​ដែល​ស្និទ្ធ​នឹង រដ្ឋាភិបាល​អ៊ីរ៉ង់ និង​ក្រុម ហេស្បូឡា (Hezbollah) របស់ ប្រទេស​លី​បង់ ប៉ុន្តែ ពេលខ្លះ អ៊ីស្រាអែល ក៏បាន​វាយប្រហារ​លើ កងទ័ព​ស៊ី​រី ផងដែរ។

    កងជីវពល ហេស្បូឡា និង​ទីប្រឹក្សា​នានា​នៃ កងទ័ព​ប​ដិ​វដ្ដន៍​អ៊ីស្លាម​អ៊ីរ៉ង់ គឺជា​សម្ព័ន្ធមិត្ត​សំខាន់​របស់ កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង ក្រុម​ឧទ្ទាម​អ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បាន​ចោទ ហេស្បូឡា ថា កំពុង​ប្រើប្រាស់​មូលដ្ឋាន​នៅ ស៊ី​រី ដើម្បី​ធ្វើជា​ឈ្នាន់​សម្រាប់​ការវាយប្រហារ​លើ​តំបន់​ខ្ពង់រាប ហ្គោឡាន (Golan) ដែល​គ្រប់គ្រង​ដោយ​ រដ្ឋធានី ហ៊្សេរុយសាឡិម (ហ៊្សេរុយសាឡិមជារដ្ឋធានី​ដែល​អន្តរជាតិទទួល​ស្គាល់​ ខណៈ​ អ៊ីស្រាអែល​ ហៅ​ទីក្រុង​ តេល​អាវីវ/Tel Aviv ថា​ជា​ រដ្ឋធានី​របស់​ខ្លួន​)។

    អ៊ីស្រាអែល កម្រ​នឹង​ទទួលស្គាល់​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើទឹក​ដី ស៊ី​រី។ កងទ័ព​ប្រទេស​នេះ ធ្លាប់បាន​ឱ្យដឹងថា បាន​វាយប្រហារ​តាម​អាកាស តម្រង់​គោលដៅ​ប្រហែល 50 នៅ ស៊ី​រី ក្នុង​ឆ្នាំ 2020 ប៉ុន្តែ មិនបាន​បង្ហើប​ឱ្យដឹង​អំពី​សេចក្ដីលម្អិត​នោះទេ៕

  • កំលោះ​វ័យ 26 ឆ្នាំ មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ តែ​រកប្រាក់​ទិញ​បាន​ផ្ទះ​ជាង 1 ពាន់​ខ្នង​ទុក​ជួល៖ ការងារ​ជា​អ្នកលក់​ធានារ៉ាបរង ត្រូវ​សន្សំ​ប្រាក់​ពីមួយ​កាក់-មួយ​សេន និង​វិនិយោគ​មិនចេះ​ស្ទាក់ស្ទើរ

    កំលោះ​វ័យ 26 ឆ្នាំ មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ តែ​រកប្រាក់​ទិញ​បាន​ផ្ទះ​ជាង 1 ពាន់​ខ្នង​ទុក​ជួល៖ ការងារ​ជា​អ្នកលក់​ធានារ៉ាបរង ត្រូវ​សន្សំ​ប្រាក់​ពីមួយ​កាក់-មួយ​សេន និង​វិនិយោគ​មិនចេះ​ស្ទាក់ស្ទើរ

    ក្នុង​វ័យ 21 ឆ្នាំ កំលោះ​រូបនេះ ទិញ​បាន​អគារ​ស្នាក់នៅ (apartment) មួយ​ខ្នង ដែលមាន​រហូតដល់ 20 បន្ទប់ ទុក​សម្រាប់​ជួល។

    នៅពេល Abraham Anderson ទិញ​បាន​អគារ​មួយ​ខ្នង​ដែលមាន 20 បន្ទប់ គឺជា​ឆ្នាំ​ដែល​គាត់​មាន​អាយុ​ទើបតែ 21 ប៉ុណ្ណោះ ហើយ​ពេលនេះ (2021) ស្ថិតក្នុង​វ័យ 26 ឆ្នាំ កំលោះ​នេះ​មានផ្ទះ​រហូតដល់ 1,300 ខ្នង ទុក​សម្រាប់​ជួល។

    Anderson មិនមែនជា​អ្នកជំនាញ​ខាង​អចលនទ្រព្យ ហើយ​គាត់​ក៏​មិនមាន​សញ្ញាបត្រ​មហាវិទ្យាល័យ​នោះដែរ។ វ័យ 18 ឆ្នាំ Anderson ចាប់ផ្ដើម​ធ្វើជា​អ្នកលក់​ធានារ៉ាប់រង ដូច្នេះ ប្រាក់ចំណូល​សំខាន់​របស់គាត់​បានមក​ពី​កម្រៃជើងសារ។ សម្រាប់​គាត់ ប្រការនេះ​មានន័យថា គាត់​អាច​រកប្រាក់​បាន​យ៉ាងច្រើន ធៀប​នឹង​វ័យ​របស់ខ្លួន ឱ្យតែ​គាត់​ឧស្សាហ៍​ព្យាយាម​គ្រប់គ្រាន់។

    ក្នុង​ឆ្នាំ​ដំបូង គាត់​រកបាន 143,000 ដុល្លារ​អាម៉េរិក រស់នៅ​ជាមួយ​ឪពុកម្ដាយ និង​សន្សំសំច័យ​ប្រាក់​យ៉ាងខ្លាំង។ នៅពេល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ចុះកិច្ចសន្យា គាត់​តែងតែ​គេង​នៅក្នុង​រថយន្ត​ដើម្បី​ចៀសវាង​ការជួល​បន្ទប់​សណ្ឋាគារ។ អាហារ​ពេលព្រឹក​របស់គាត់​គឺ​នំប៉័ង​តម្លៃ​ទាប​មួយ​ដើម​ដែល​ទិញ​ពី Walmart។

    ការប្រឹងប្រែង​របស់ Anderson ក៏​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត។ ខ្ទង់​ចំណូល​ដែល​គាត់​សន្សំ​បាន ក៏បាន​ជួយ​ប្ដូរផ្លាស់​ជីវិត​របស់គាត់ និង​ជួយ​ឱ្យ​គាត់​សម្រេចបាន «សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ» ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    ការជួញដូរ​ដំបូង

    ក្នុង​វ័យ 19 ឆ្នាំ Anderson ចំណាយ​ប្រាក់ 56.000 ដុល្លារ ដើម្បី​ទិញ​ដី​មួយ​ដុំ​នៅ Cleveland ក្នុង​រដ្ឋ Tennessee។ ឪពុក​របស់​មិត្ត Anderson គឺជា​អ្នកម៉ៅការ​សំណង់ ទើប​ក្លាយជា​អ្នកទទួលយក​ការងារ​សាងសង់​ផ្ទះមួយ​ខ្នង​នៅលើ​ដី​នេះ។

    ដើម្បី​មាន​ប្រាក់ Anderson បាន​ចុះឈ្មោះ​ខ្ចីប្រាក់​ឥណទាន​ពី​ធនាគារ​មួយ​នៅក្នុង​តំបន់។ ជាធម្មតា វា​ពិបាក​ទៅរួច សម្រាប់​ការខ្ចីប្រាក់​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់ចំណូល​ពេញ​មួយឆ្នាំ ចំពោះ​មនុស្ស​ម្នាក់​ដែលមាន​អាយុ​ប៉ុន​នេះ។ ប៉ុន្តែ ឪពុក​របស់​មិត្ត​ម្នាក់​នោះ បាន​ណែនាំ Anderson ជាមួយនឹង​ធនាគារ​មួយ ដែល​នេះ​បាន​ជួយ​ឱ្យ​ទំនុកចិត្ត​កើនឡើង។ គាត់​ខ្ចី 300,000 ដុល្លារ ជាមួយនឹង​ការប្រាក់ 5%។ មួយរយៈ​ពេល បន្ទាប់ពី​បានបញ្ចប់​ការសាងសង់ Anderson ក៏បាន​លក់​អគារ​នេះ និង​សងបំណុល ហើយ​ចំណេញ​បាន 74,000 ដុល្លារ។

    «នេះ​មិនមែនជា​វិធី​ដែល​ខ្ញុំ​ណែនាំ​ដល់​អ្នកវិនិយោគ​ដំបូង​នោះទេ។ បើសិនជា​ទិញ​បាន​ផ្ទះមួយ​ខ្នង ហើយ​ជួសជុល កែលម្អ រួចហើយ​លក់​ទៅវិញ ខ្ញុំ​អាច​រកប្រាក់​បាន​ច្រើនជាង​នេះ ឬ​យ៉ាងហោច​ក៏​ស្មើ​នេះ។ ចំណែក​ការស្វែងរក​ទិញ​ដី ខ្ចីប្រាក់ សាងសង់​ផ្ទះ សុទ្ធតែ​ត្រូវការ​ពេលវេលា និង​កម្លាំង​ច្រើន។ សំណាងល្អ​ដែល​ខ្ញុំ​អាច​ខ្ចី​បាន​ប្រាក់ ព្រោះតែ​បញ្ជាក់បាន​អំពី​លទ្ធភាព​សងបំណុល»។

    ពង្រីក​វិស័យ​សម្រាប់​វិនិយោគ

    នៅពេល​សាងសង់ និង​លក់​ផ្ទះ​ដំបូង Anderson នៅតែ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធានារ៉ាប់រង និង​រស់នៅ​យ៉ាង​សន្សំសំច័យ។ ក្នុង​ឆ្នាំ​នោះ គាត់​សន្សំ​បាន 150,000 ដុល្លារ។ គាត់​សម្រេចចិត្ត​វិនិយោគ​ទៅលើ​អចលនទ្រព្យ​ពហុមុខ​ងារ នៅ Sevierville ក្នុង​រដ្ឋ Tennessee ដែល​អនុញ្ញាត​ឱ្យធ្វើជា​កា​រិ​យា​ល័យ​ផង និង​ស្នាក់នៅ​ផង។ Anderson បាន​ប្រើប្រាស់​វា ធ្វើជា​ទ្រព្យ​បញ្ចាំ​នៅក្នុង​ការទិញ​ដូរ​បន្ទា​ប់។

    លើក​នេះ គាត់​សម្រេចចិត្ត «លេង​ធំ» ដោយ​ទិញ​អគារ​ស្នាក់នៅ​ដែលមាន​បន្ទប់​ចំនួន 20 ក្នុងតម្លៃ 1.3 លាន​ដុល្លារ។ ដោយសារតែ​ម្ចាស់​អគារ​នេះ​ត្រូវការ​ប្រាក់​បន្ទាន់ ទើប Anderson អាច​ទិញ​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ។ គាត់​ទូទាត់​មុន 10% ស្មើនឹង 130,000 ដុល្លារ។

    បន្ទាប់ពី​បាន​ទិញ Anderson ក៏បាន​ជួសជុល កែលម្អ ហើយក៏​ដាក់ឱ្យ​ជួល។ ក្នុង​រយៈពេល 7 ឆ្នាំ​កន្លងមកនេះ គាត់​បាន​ទិញ និង​លក់​អចលនទ្រព្យ​ជាច្រើន ដើម្បី​រក​ចំណេញ និង​ទុក​ជួល។

    នាពេល​បច្ចុប្បន្ន ក្រៅពី​ការបន្ត​វិនិយោគ​លើ​អចលនទ្រព្យ លោក Anderson ក៏​ថែមទាំង​ចែករំលែក​បទពិសោធន៍​ដោយ​មិន​គិតថ្លៃ​នៅលើ​គេហទំព័រ និង​ឆា​នែ​ល Youtube របស់ខ្លួន​ផងដែរ ដើម្បី​ជួយ​ដល់​គ្រប់គ្នា ទទួលបាន​ចំណេះដឹង​ច្រើន​នៅក្នុង​ដំណើរ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ៕