Author: សឿន សំណាង

  • កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ផ្ដើម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ អេក្វាទ័រ

    កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ផ្ដើម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ អេក្វាទ័រ

    កាលពី​ថ្ងៃទី 18 តុលា អនុ​ប្រធានាធិបតី​នៃ ប្រទេស​អេក្វាទ័រ លោក Alfredo Borrero ប្រកាស​ចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ក្នុង​គ្រា​ដែល​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​នៅតែមាន​ភាពស្មុគស្មាញ។

    ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង លោក Borrero អះអាងថា នឹង​សម្រេច​ជា​ស្ថាពរ​នូវ​យុទ្ធនា​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ និង​ជំរុញ​សង្គម​ឱ្យ​ត្រលប់​មករក​សភាព​ដើម​វិញ ទៅតាមជំហាន។ ទន្ទឹមនឹងនេះ ការចាក់​វ៉ាក់សាំង​ដល់​កុមារ​នឹង​ជួយ​ឱ្យ​ពួកគេ​ត្រលប់​ចូល​សាលារៀន​វិញ​ប្រកបដោយ​សុវត្ថិភាព។

    យោងតាម​ក្រុមមន្ត្រី​សុខាភិបាល ក្រុម​កុមារ​ដែលមាន​អាយុ 5 ឆ្នាំ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង Pfizer របស់ សហរដ្ឋ​អាម៉េរិក ក្នុង​លក្ខខណ្ឌ «បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដទៃ​រួចរាល់»។ ចំណែក​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ចិន Sinovac។

    នៅ ប្រទេស​អេក្វាទ័រ កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ដល់ 11 ឆ្នាំ មាន​ចំនួន 13% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 17.7 លាន​នាក់។ មកដល់​បច្ចុប្បន្ន ពលរដ្ឋ​ប្រហែល 10 លាន​នាក់​របស់​ប្រទេស​នៅ ទ្វីប​អាម៉េរិក​ខាងត្បូង​មួយ​នេះ បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់។ អា​ក្វា​ទ័​រ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​នៅ​តំបន់ អាម៉េរិក​ឡាទីន។ ប្រទេស​ប្រេ​ស៊ី​ល ប៉េ​រូ, កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន និង ស៊ី​លី ក៏​សុទ្ធតែជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​នៅ​តំបន់​ខាងលើ៕

  • លក់​កូនស្រី​​ដើម្បី​ដោះបំណុល ដោយ​សារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

    លក់​កូនស្រី​​ដើម្បី​ដោះបំណុល ដោយ​សារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

    (អា​ហ្វ​ហ្គា​នី​ស្ថាន)-ប្ដី​ប្រពន្ធ​មួយគូ​នៅ​ទីក្រុង Herat ត្រូវប្រគល់​កូនស្រី​អាយុ 3 ឆ្នាំ ទៅឱ្យ​ម្ចាស់បំណុល នៅក្នុង​ស្ថានភាព​គ្រោះ​ទុរភិក្ស​កំពុង​គ្របដណ្ដប់​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី តា​លី​បង់ បាន​ឡើង​ក្ដាប់​អំណាច។

    ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ Saleha ដែលជា​ស្ត្រី​វ័យ 40 ឆ្នាំ មានការ​ងារ​ជា​អ្នក​បោស​សម្អាតផ្ទះ​នៅ​ទីក្រុង Herat ស្ថិតក្នុង​ភាគ​ខាងលិច​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏បាន​ខ្ចីប្រាក់​ពី​ម្ចាស់ផ្ទះ។ ស្ត្រី​ដែលមាន​កូន 6 នាក់​នេះ រកប្រាក់​បាន​ប្រហែល 70 សេន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈដែល​ប្ដី​របស់​នាង​មិនមាន​ការងារ​ធ្វើ។

    នៅពេល​ខ្ទង់​បំណុល​បាន​កើន​ដល់ 550 ដុល្លារ​អាម៉េរិក គ្រួសារ​របស់ Saleha អស់​លទ្ធភាព​នឹង​សងបំណុល ហើយ​មានតែ​វិធី​តែមួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ នោះ​គឺ «លក់​កូនស្រី​អាយុ 3 ឆ្នាំ ឈ្មោះ Najiba ឱ្យទៅ​ម្ចាស់បំណុល»។

    «បើសិនជា​ជីវភាព​នៅតែ​បន្ត​អាក្រក់​ដូច្នេះ​ទៀត ខ្ញុំ​នឹង​សម្លាប់​កូន ហើយ​សម្លាប់​ខ្លួនឯង។ ខ្ញុំ​មិនដឹងថា ល្ងាច​នេះ​យើង​នឹងមាន​អ្វី​ហូប​នោះទេ» អ្នកស្រី Saleha ឱ្យដឹង​ដូច្នេះ។

    ប្ដី​របស់​អ្នកស្រី​គឺ​លោក Abdul Wahab និយាយថា៖ «ខ្ញុំ​នឹង​ខំ​រកប្រាក់​ដើម្បី​ជួយសង្គ្រោះ​កូនស្រី»។

    ចំណែក​ម្ចាស់បំណុល​ឈ្មោះ Khalid Ahmad វិញ បាន​ប្រាប់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​កុមារី​អាយុ 3 ឆ្នាំនេះ ដើម្បី​ដោះស្រាយ​បំណុល។ ខ្ញុំ​ក៏​មិនមាន​ប្រាក់។ ពួកគេ​មិនទាន់​សង​ប្រាក់​មក​ខ្ញុំ ទើប​ខ្ញុំ​មិនមាន​ជម្រើស​ណា​ផ្សេង​ក្រៅតែពី​ការទទួលយក​ក្មេង​តូច​នេះ»។

    កាលពី​ខែ​មុន កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (Unations Development Programme/UNDP) បាន​បញ្ជាក់ថា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ឆ្ពោះទៅកាន់ «គ្រោះ​ទុរភិក្ស​ទូទាំងប្រទេស» បន្ទាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​អំណាច។ ប្រធាន UNDP ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Kanni Wignaraja មានប្រសាសន៍ថា ក្នុង​រយៈពេល 1 ឆ្នាំ​ទៀត អត្រា​នៃ​ភាពអត់ឃ្លាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ឡើងដល់ 97-98%។

    តា​លី​បង់ បាន​ក្ដាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុងខែ​សីហា ឆ្នាំ 2021 បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ដកទ័ព​ចេញពី​ប្រទេស​នេះ។ តា​លី​បង់ ក្រោយមក​ក៏បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ទៅជា អេ​មី​រ៉ា​ត​អ៊ីស្លាម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) ដែល​ឈ្មោះ​នេះ​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រា​ក្រុម​នេះ​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចន្លោះ​ពី​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។

    ក្រោយពី សហរដ្ឋ​អាម៉េរិក បានធ្វើ​អន្តរាគមន៍​យោធា​កាលពី​ឆ្នាំ 2001 និង​បង្កើត​រដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​ក្រុម​ប្រទេស​លោកខាងលិច ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្គាល់​ភាពរុងរឿង​ផ្នែក​សេដ្ឋកិច្ច រួមទាំង​បង្កើន​ប្រាក់ចំណូល​បាន​ទ្វេដង ហើយ​វិស័យ​អប់រំ​ក៏​រីកចម្រើន​ផងដែរ។

    ប៉ុន្តែ បន្ទាប់ពី តា​លី​បង់ ត្រលប់មក​កាន់អំណាច​វិញ សេដ្ឋកិច្ច​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ដាំ​ក្បាល​ចុះ និង​ស្ថិត​ក្បែរ​មាត់ជ្រោះ​មរណៈ នៅពេល​សាច់ប្រាក់​ជិត 10 ពាន់​លាន​ដុល្លារ​របស់​ធនាគារជាតិ​នៃ​ប្រទេស​នេះ ត្រូវ សហរដ្ឋ​អាម៉េរិក បង្កក៕

  • ចិន បង្កើតបាន «ផ្កាយ» មួយ​ដូង ដែលមាន​កម្ដៅ​ខ្ពស់ជាង​ព្រះអាទិត្យ 8 ដង (វីដេអូ)

    ចិន បង្កើតបាន «ផ្កាយ» មួយ​ដូង ដែលមាន​កម្ដៅ​ខ្ពស់ជាង​ព្រះអាទិត្យ 8 ដង (វីដេអូ)

    ឧបករណ៍ តូ​កា​ម៉ាក (Tokamak) ដែល​កំពុង​ត្រូវបាន​ពិសោធ​នៅ ប្រទេស​ចិន បង្ហាញ​អំពី​យន្តការ​ប្រមូលផ្ដុំ អ៊ីដ្រូសែន របស់​ព្រះអាទិត្យ និង​បង្កើតបាន​កម្ដៅ​រហូតដល់ 120 លាន​អង្សា​សេ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន កំពុង​អភិវឌ្ឍ «ព្រះអាទិត្យ​សិប្បនិម្មិត​មួយ​ដួង» ដែលមាន​កម្ដៅ​ខ្លាំង​ជាង​ស្នូល​របស់​ព្រះអាទិត្យ​រហូតដល់ 8 ដង​ឯណោះ ដោយ​ការធ្វើ​ត្រាប​តាម​យន្តការ​ប្រតិកម្ម​នៃ​បណ្ដុំ អ៊ីដ្រូសែន របស់​ព្រះអាទិត្យ ដើម្បី​បង្កើតបានជា​ថាមពល នៅលើ​ផែនដី​តែម្ដង។

    យោងតាម​អង្គការ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ កម្ដៅ​របស់​ព្រះអាទិត្យ ជួយ​ធានា​ឱ្យ អ៊ីដ្រូសែន ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន ក៏ដូចជា​ទំហំ និង​ទម្ងន់​របស់​វា​ត្រូវបាន​កំណត់​ក្នុង​បរិវេណ​ជាក់លាក់ នាំឱ្យមាន​ការប៉ះទង្គិច​គ្នា បង្កើតបានជា​ថាមពល​ដ៏​មហិមា។

    ម៉ាស៊ីន​ប្រតិកម្ម តូ​កា​ម៉ាក ដ៏​ទំនើប ដែល​ត្រូវបានធ្វើ​ការពិសោធ​នៅឯ​ទីក្រុង Hefei នៃ​ប្រទេស​ចិន ដំណើរការ​ដោយ​វិធីសាស្ត្រ​បង្កបង្កើត​ជាថ្មី​នូវ​លក្ខណ​ទាំងឡាយ​ខាងលើ។ តូ​កា​ម៉ាក ប្រើប្រាស់​កង​មេដែក​ដើម្បី​រក្សា​លំហូរ​នៃ​រស្មី ផ្លា​ស្មា (plasma) របស់ អ៊ីដ្រូសែន ដ៏​មហា​សែន​ក្ដៅ ឱ្យ​ផ្លាស់​ទី​នៅក្នុង​វត្ថុ​មួយ​ដែលមាន​រូបរាង​ដូច​ពោះវៀន​កង់ឡាន (torus)។

    នៅពេល អ៊ីដ្រូសែន អណ្ដែត​នៅ​ខាងក្នុង​បន្ទប់​មេដែក ហើយ តូ​កា​ម៉ាក បញ្ចេញ​អេ​ឡិច​ត្រូ​ម៉ាញេទិក ដើម្បី​បំបែក​អាតូម​នានា​របស់ អ៊ីដ្រូសែន ចេញពី អ៊ី​ឡិច​ត្រុ​ង របស់​ពួកវា បង្កើតបានជា​ស្ថានភាព ផ្លា​ស្មា ហើយ​ក្រោយមក​ធ្វើឱ្យ​វា​ឡើងក​ម្ដៅ។

    ដោយសារតែ​ផ្កាយ​សិប្បនិម្មិត​របស់ ប្រទេស​ចិន មិនអាច​បង្ហាប់ ផ្លា​ស្មា រហូតដល់​កម្រិត​មួយ​ដូច​ព្រះអាទិត្យ ដូច្នេះ​គ្រាប់​អាតូម​នានា​ត្រូវ​ការដុត​កម្ដៅ​ច្រើនជាង​ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា។

    កាលពី​ខែឧសភា ម៉ាស៊ីន​ប្រតិកម្ម តូ​កា​ម៉ាក បាន​បង្កើត​កម្ដៅ ផ្លា​ស្មា រហូតដល់ 120 លាន​អង្សា​សេ ឯណោះ ក្នុង​រយៈពេល 101 វិនាទី៕

  • ឧបករណ៍​ឡាស៊ែរ ចាក់​វ៉ាក់សាំង​ដោយ​មិន​បង្ក​ការឈឺចាប់អ្វី​ទាំង​អស់​ (វីដេអូ)

    ឧបករណ៍​ឡាស៊ែរ ចាក់​វ៉ាក់សាំង​ដោយ​មិន​បង្ក​ការឈឺចាប់អ្វី​ទាំង​អស់​ (វីដេអូ)

    (ហូ​ឡង់)-ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឡាស៊ែរ ដើម្បី​បញ្ជូន​វ៉ាក់សាំង​ឆ្លងកាត់​ស្បែក ចូលទៅ​កាន់​ខ្លួន​មនុស្ស​ដោយ​មិនបាច់​ប្រើ​ម្ជុល អាច​នេះ​នឹង​ជួយ​កាត់បន្ថយ​ភាពភ័យខ្លាច​ចំពោះ​មនុស្ស​មួយចំនួន។

    ឧបករណ៍ «Bubble Gun» ប្រើប្រាស់​ឡាស៊ែរ ដើម្បី​រុញច្រាន​គ្រាប់​ល្អិត​នៃ​ទឹក​ថ្នាំ ឬ​វ៉ាក់សាំង​ចូលទៅក្នុង​សាច់ ដោយ​ឆ្លងកាត់​ស្រទាប់​ស្បែក​ខាងក្រៅ នេះ​បើតាម DAvid Fernandez Rivas សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Twente និង​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts។ ដំណើរ​នេះ​កើតឡើង​លឿន​ជាង​មូស​ខាំ និង​មិនមាន​ការឈឺចាប់ ដោយសារ​មិន​ប៉ះពាល់​ដល់​ក្បាល​សរសៃវិញ្ញាណ​នៅលើ​ស្បែក។

    «ក្នុង​រង្វង់ 1 មិ​ល្លី​វិនាទី បំពង់​កញ្ចក់​ដែល​ផ្ទុក​ពេញ​ដោយ​ធាតុ​រាវ​ត្រូវ​ឡើង​ក្ដៅ​នៅពេល​បញ្ចាំង​ពន្លឺ​ឡាស៊ែរ។ ពពុះ​កើតឡើង​នៅត្រង់​ធាតុ​រាវ ហើយ​រុញច្រាន​ធាតុ​រាវ​នោះ​ឱ្យធ្វើ​ដំណើរ​ក្នុង​ល្បឿន 100 គីឡូម៉ែត្រ/ម៉ោង។ យន្តការ​នេះ​អនុញ្ញាតឱ្យ​នាំ​វ៉ាក់សាំង​ឆ្លងកាត់​ស្បែ​កដោយ​មិន​បង្ក​របួសស្នាម។ យើង​មិន​បានឃើញ​របួស ឬ​ស្នា​មចាក់​អ្វី​ទាំងអស់» Rivas បកស្រាយ​ដូច្នេះ។

    Rivas សង្ឃឹមថា របកគំហើញ​នេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​កើនឡើង​នោះទេ តែ​វា​ក៏​ទប់ស្កាត់​ការឆ្លង​មេរោគ​នៅពេល​ចាក់​វ៉ាក់សាំង​ដោយ​ម្ជុល និង​កាត់បន្ថយ​កាកសំណល់​ផ្នែក​សុខាភិបាល​ផងដែរ។ ការពិសោធ​ដោយ​ជោគជ័យ​ខាងលើ ត្រូវ​ចំណាយ​ថវិកា​អស់ 1.73 លាន​ដុល្លារ​អាម៉េរិក ដែល​បានមកពី សហភាព​អឺរ៉ុប។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ចាប់ផ្ដើម​ពិសោធ​នៅលើ​មនុស្ស ហើយ​អ្នកស្ម័គ្រចិត្ត​ទាំងឡាយ​នឹង​អាច​ចុះឈ្មោះ​បាន​នៅក្នុង​ខែតុលា​នេះ។

    Rivas និង​សហការី ត្រូវការ​ពេល​ពី 1-3 ឆ្នាំ​ក្នុងការ​បំពេញការងារ​នានា​ដើម្បី​អាច​បញ្ចេញ​លក់​ឧបករណ៍​នេះ​នៅក្នុង​ទីផ្សារ អាស្រ័យ​លើ​ភាពជាក់ស្ដែង​នៃ​ការស្រាវជ្រាវ និង​បញ្ហា​ផ្ដល់​លិខិតអនុញ្ញាត៕

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18​ ខែតុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18​ ខែតុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 17 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 195 នាក់
    – ជាសះស្បើយ​ថ្មី = 279 នាក់
    – ស្លាប់​ថ្មី = 12 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 195 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 173 នាក់
    – អ្នកដំណើរពីបរទេស 22 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 18 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 116,860 នាក់
    – អ្នកជាសះស្បើយ= 111,149 នាក់
    – អ្នកស្លាប់= 2,670 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 241,475,500 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 218,718,100 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,914,100 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,843,200 នាក់

  • ក្រដាសប្រាក់​ប្រភេទ 30,000 រៀល​គំរូ​ថ្មី ដែល​ទើបត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ កម្ពុជា

    ក្រដាសប្រាក់​ប្រភេទ 30,000 រៀល​គំរូ​ថ្មី ដែល​ទើបត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅ កម្ពុជា

    ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ២០០អនក្រ.បក អនុញ្ញាត​ដាក់ឱ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំងប្រទេស​នូវ ក្រដាសប្រាក់​ប្រភេទ 30,000 រៀល​គំរូ​ថ្មី ដើម្បី​អបអរ​ខួប 30 ឆ្នាំ​នៃ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប 30 ឆ្នាំ​នៃ​ការយាង​និវត្តន៍​របស់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ “ព្រះ​បរម​រតន​កោដ្ឋ”។

    សេចក្ដីលម្អិត សូម​អាន​ខ្លឹមសារ​នៃ​អនុក្រឹត្យ និង​ព័ត៌មាន​ទាក់ទង​នឹង​ក្រដាសប្រាក់​នេះ ដែលមាន​ដូចខាងក្រោម៖

  • បាតុកម្ម​ដ៏​ធំ ប្រឆាំងនឹង ក្រុម​ហ្វា​ស៊ី​ស​និយម នៅ ប្រទេស​អ៊ីតាលី

    បាតុកម្ម​ដ៏​ធំ ប្រឆាំងនឹង ក្រុម​ហ្វា​ស៊ី​ស​និយម នៅ ប្រទេស​អ៊ីតាលី

    កាលពី​ថ្ងៃទី 16 តុលា មនុស្ស​រាប់សែន​នាក់​បាននាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ក្នុង ទីក្រុង​រ៉ូម របស់ ប្រទេស​អ៊ីតាលី ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំងនឹង ហ្វា​ស៊ី​ស​និយម និង​ប្រមូល​ផ្ដុំគ្នា​នៅក្រោម​ផ្ទាំង​បដា «លែងមាន​លទ្ធិ​ហ្វា​ស៊ី​ស៖ គាំទ្រ​ការងារ ការចូលរួម និង​ប្រជាធិបតេយ្យ»។

    ការទាមទារ​ចម្បង​របស់​ក្រុមបាតុករ​គឺ ការរំសាយ​ជាបន្ទាន់​នូវ​បក្ខពួក និង​អង្គការ​ចាត់តាំង​ដែល​ជាប់​ទាក់ទិន​នឹង​លទ្ធិ​ហ្វា​ស៊ី​ស បើទោះជា​ផ្ទាល់ ឬ​ប្រយោល​ក៏ដោយ។

    ប្រភពព័ត៌មាន​ពី ទីក្រុង​រ៉ូម បានឱ្យដឹងថា លោក Mauricio Ladini លេខា​របស់ សហព័ន្ធ​សហជីព​ទូទៅ​អ៊ីតាលី (CGIL) បាន​សង្កត់ធ្ងន់ថា៖ «យើង​កំពុងនិយាយ​អំពី​ចលនា​មួយ​ដែល​មិន​ត្រឹមតែ​មិនមាន​និន្នាការ​រក​បក្ស​ណាមួយ​នោះទេ តែ​ក៏​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ទាំងអស់​នៅ អ៊ីតាលី»។

    លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេសអ៊ីតាលី (កណ្ដាល), លោក Enrico Letta ប្រធានបក្សប្រជាធិបតេយ្យ (ឆ្វេង) និង​លោក Giuseppe Conte អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំចលនាផ្កាយប្រាំ (M5S)

    ដោយសារតែ​មានការ​ការពា​រ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដូច្នេះ​ពុំមាន​បញ្ហា​ហិង្សា​ណាមួយ​កើតឡើង​នៅក្នុង​បាតុកម្ម​នេះ។ យោងតាម​ក្រុម​អ្នករៀបចំ បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​រហូតដល់ 200,000 នាក់ បន្ទាប់ពី​ការអំពាវនាវ​របស់​ស​ហ​ជីពធំៗចំនួន 3 នៅ ប្រទេស​អ៊ីតាលី រួមមាន សហព័ន្ធ​សហជីព​ទូទៅ​អ៊ីតាលី (CGIL), សហជីព​កម្មករ​អ៊ីតាលី (CISL) និង សម្ព័ន្ធ​ពលកម្ម​អ៊ីតាលី (UIL)។

    ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​ជិត 50,000 នាក់ ក្នុងនោះ​ក៏មាន​លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី, លោក Enrico Letta ប្រធាន​បក្ស​ប្រជាធិបតេយ្យ, លោក Giuseppe Conte អតីត​នាយករដ្ឋមន្ត្រី និង​ជា​មេដឹកនាំ​ចលនា​ផ្កាយ​ប្រាំ (M5S) ផងដែរ៕

  • គុយបា ពិចារណា​អំពី​ការពិសោធ​វ៉ាក់សាំង COVID-19 លើ «កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ»

    គុយបា ពិចារណា​អំពី​ការពិសោធ​វ៉ាក់សាំង COVID-19 លើ «កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ»

    ប្រទេស​គុយបា កំពុងតែ​វាយតម្លៃ​លើ​លទ្ធភាព​នៃ​ការពិសោធ​វ៉ាក់សាំង​ប្រឆាំង COVID-19 នៅលើ​កុមារ​ដែលមាន​អាយុ​ក្រោម 2 ឆ្នាំ ក្រោយពី​បានទទួល​លទ្ធផល​ល្អ​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នាពេល​កន្លង។

    Eduardo Martinez ប្រធាន​ក្រុមហ៊ុន​ឱសថ​ជីវសាស្ត្រ​ជាតិ​របស់​ប្រទេស​គុយបា (BioCubaFarma) កាលពី​សប្ដាហ៍​មុន​បានឱ្យដឹងថា ក្រុមមន្ត្រី​កំពុង​ពិនិត្យ ពិចារណា​អំពី​ការពិសោធ​លើ​កុមារ​អាយុ​ក្រោម 2 ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 ក្នុងស្រុក ព្រោះតែ​កម្រិត​សុវត្ថិភាព​ខ្ពស់​ត្រូវបាន​បញ្ជា​ក់រួច​ហើយ​នៅក្នុង​ការពិសោធ​កន្លង​មក ក៏ដូចជា​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស។

    សារព័ត៌មាន​ក្នុងស្រុក Prensa Latina បាន​រាយការណ៍​ថា គុយបា គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 2-18 ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ 2 ដូ​ស Soberana 02 និង​ប្រភេទ 1 ដូ​ស Soberana Plus ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន Vaccine Finlay ជាមួយនឹង​ប្រសិទ្ធភាព 91.2%។ លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ឱសថ និង​សម្ភារៈ​សុខាភិបាល​ជាតិ (CECMED) ដើម្បី​វាយតម្លៃ​នាពេលឆាប់ៗខាងមុខ។

    លោក Martinez ឱ្យដឹងថា កុមារ និង​ក្មេង​ជំទង់​ដែលមាន​អាយុ​ចាប់ពី 2 ដល់ 18 ឆ្នាំ បានទទួល​ការចាក់​វ៉ាក់សាំង Soberana 02 យ៉ាងតិច 1 ដូ​ស។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Jose Angel Portal Miranda បញ្ជាក់ថា តួលេខ​នេះ​ស្មើនឹង 92% នៃ​ចំនួន​កុមារ និង​ក្មេង​ជំទង់​សរុប​នៅ​ប្រទេស​នេះ ខណៈ 8% ទៀត​គឺជា​កុមារ​អាយុ​ក្រោម 2 ឆ្នាំ។ រដ្ឋមន្ត្រី​រូបនេះ​សង្កត់ធ្ងន់ថា គុយបា នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បើក​ដំណើរការ​សាលារៀន​ដែល​បង្រៀន​ដោយផ្ទាល់​ឡើងវិញ នៅពេល​សិស្សានុសិស្ស​បាន​ចាក់​វ៉ាក់សាំងគ្រប់ៗគ្នា នៅក្នុង​ខែវិច្ឆិកា។

    គុយបា គឺជា​ប្រទេស​ដំបូង​គេ​នៅ អាម៉េរិក​ឡា​ទិន ដែល​បាន​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បណ្តុំ​ប្រូតេអ៊ីន ដែលជា​វ៉ាក់សាំង​មិន​ទាមទារ​ឱ្យ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ដែល​ផ្ទុយ​ពី​វ៉ាក់សាំង​បច្ចេកវិទ្យា mRNA ដែល​ប្រើប្រាស់​កំណែ​ចម្លង​របស់​ម៉ូលេគុល RNA ព័ត៌មាន ដើម្បី​បង្កើត​ភាពស៊ាំ​ក្នុង​រាងកាយ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទាន់​រួចហើយ៕

  • គ្រូ​វេទមន្ត ទទួលបាន​ប្រាក់បៀវត្ស​សរុប 368,000 ដុល្លារ​អាម៉េរិក ជា​ថ្នូរ​នឹង​សកម្មភាព​ប្រោះព្រំ​វេទមន្ត​ដល់ទី​ក្រុង

    គ្រូ​វេទមន្ត ទទួលបាន​ប្រាក់បៀវត្ស​សរុប 368,000 ដុល្លារ​អាម៉េរិក ជា​ថ្នូរ​នឹង​សកម្មភាព​ប្រោះព្រំ​វេទមន្ត​ដល់ទី​ក្រុង

    (នូ​វែ​ល​សេ​ឡង់)-គ្រូមន្តអាគម​ម្នាក់​បាន​ចុះ​កិច្ចព្រមព្រៀង និង​ទទួលបាន​ប្រាក់បៀវត្ស​ចំនួន 11,300 ដុល្លារ​អាម៉េរិក/ឆ្នាំ ជា​ថ្នូរ​នឹង​ការ «ប្រោះព្រំ​វេទមន្ត» ដល់ទី​ក្រុង Christchurch ក្នុង​រយៈពេល 2 ទសវត្សរ៍​កន្លង។

    ក្រុមប្រឹក្សា​ទី Christchurch នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី 09 តុលា បានប្រកាសថា នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ Wizard (គ្រូ​វេទមន្ត) របស់​ទីក្រុង​នេះ នៅ​ចុងឆ្នាំ 2021។ ខ្ទង់​ប្រាក់ខែ​ចុងក្រោយ​នឹងត្រូវ​បាន​ទូទាត់​នៅក្នុង​ខែធ្នូ​ខាងមុខ។

    ឈ្មោះ​ផ្លូវការ​របស់រាជគ្រូ Wizard គឺ Brackenbury Channell អាយុ 88 ឆ្នាំ កើត​នៅ ប្រទេស​អង់គ្លេស បានចាប់ផ្ដើម​សកម្មភាព​ប្រើប្រាស់​វេទមន្ត និង​សិល្បៈ​កំសាន្ត​នៅ​ទីសាធារណៈ នៅពេល​ទៅដល់ ប្រទេស​នូ​វែ​ល​សេ​ឡង់ កាលពី​ឆ្នាំ 1976។

    ឆ្នាំ 1982 សមាគម​នាយក​វិចិត្រសាល​សិល្បៈ​នូ​វែ​ល​សេ​ឡង់ (New Zealand Art Gallery Directors Association) បានប្រកាស​តែងតាំង​លោក Brackenbury Channell ជា​ស្នាដៃ​សិល្បៈ​រស់ ហើយ​ក្រោយមក នៅ​ឆ្នាំ 1990 នាយករដ្ឋមន្ត្រី​របស់ នូ​វែ​ល​សេ​ឡង់ កាលណោះ​គឺ Mike Moore បានស្នើ​ឱ្យ​លោក​ធ្វើជា​រាជគ្រូ​នៃ​ប្រទេស​នេះ។

    «ខ្ញុំ​បារម្ភ​ថា មន្តអាគម​របស់លោក មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នៅ​ទូទាំងប្រទេស។ ដូច្នេះ ខ្ញុំ​ស្នើឱ្យ​លោក​ប្រញាប់​ពិចារណា​អំពី​សំណើ​តែងតាំង​ជា​រាជគ្រូ​របស់ នូ​វែ​ល​សេ​ឡង់, អង់​តាក​តិក​នៃ​នូ​វែ​ល​សេ​ឡង់ (Antarctica New Zealand) និង​តំបន់​សមុទ្រ​ដែល​ជាប់ទាក់ទង។ ប្រាកដ​ណាស់​ថា មន្តអាគម​នានា មាន​ឥទ្ធិពល​លើ​អំពើ​អាប​ធ្មប់ បណ្ដាសា និង​បញ្ហា​ជំនឿ​អរូបី​ផ្សេងទៀត​ដែល​ស្ថិត​នៅក្រៅ​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្ត្រី» Mike Moore កាលណោះ​ថ្លែង​ដូច្នេះ។

    តាំងពី​ពេលនោះ​មក Channell ក៏​ចាប់​ផ្ដើមធ្វើ​សកម្មភាព​សម្ដែងឫទ្ធិ​នៅ​ទីក្រុង Christchurch ដើម្បី​បួងសួង​សុំ​ទឹកភ្លៀង​នៅ នូ​វែ​ល​សេ​ឡង់ និង អូស្ត្រាលី។ លោក​ក៏​ធ្លាប់​ទទួលបាន​មេដាយ​បម្រើ​មហាក្សត្រី អង់គ្លេស កាលពី​ឆ្នាំ 2009 ផងដែរ។

    រាជគ្រូ Brackenbury Channell នៅ​ឯ​មជ្ឈមណ្ឌលសិល្បៈ Christchurch កាល​ពីថ្ងៃទី 15 តុលា

    រាជគ្រូ Brackenbury Channell បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង Christchurch ចាប់តាំងពី​ឆ្នាំ 1998 ដើម្បី «ផ្ដល់​សេវាកម្ម​វេទមន្ត និង​សេវាកម្ម​ដទៃទៀត​ដែល​ប្រហាក់ប្រហែល​នឹង​វេទមន្ត ដែល​ដូច​ទៅនឹង​ផ្នែក​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សម្រាប់​ទីក្រុង Christchurch» ដោយ​ទទួលបាន​ប្រាក់​បៀរ​វត្ស 16,000 ដុល្លារ​នូ​វែ​ល​សេ​ឡង់ (11,300 ដុល្លារ​អាម៉េរិក)/ឆ្នាំ រយៈពេល 23 ឆ្នាំ​កន្លង។ ទឹកប្រាក់​សរុប​ដែល Channell បានទទួល​ក្នុងអំឡុង​ពេលនោះ ស្មោះ​នឹង 368,000 ដុល្លារ​អាម៉េរិក។

    ថ្មីៗនេះ ក្រុមប្រឹក្សា​ទីក្រុង បានប្រកាសថា បាន​ផ្ញើលិខិត​ទៅ​អរគុណ​លោក Channell ចំពោះ​ការលះបង់​របស់លោក​នៅ​ក្នុង​កិច្ច​ការបម្រើ​ទីក្រុង​អស់​រយៈពេល​ជាង 20 ឆ្នាំ​កន្លង ទន្ទឹមនឹងនេះ​ក៏បាន​ប្រកាសថា ជិត​បញ្ចប់​កិច្ចសន្យា​ជាមួយ​រាជគ្រូ​នេះ​ផងដែរ នេះ​បើតាម​អ្នកនាំពាក្យ Lynn McClelland។ លោកស្រី​និយាយ​បន្ថែមថា ក្រុមប្រឹក្សា​ក្រុង មានការ​ច្របូកច្របល់​ចិត្ត​នៅពេល​សម្រេច​បញ្ចប់​កិច្ចសន្យា​នេះ ប៉ុន្តែ បាន​សង្កត់ធ្ងន់ថា លោក Channell «នៅតែ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់ Christchurch»។

    ទីក្រុង​នេះ​កំពុងតែ​ជំរុញ​វិស័យ​ទេសចរណ៍​ទៅតាម​ទិសដៅ​ថ្មី បង្ហាញថា​ជា «ទីក្រុង​មមាញឹក សម្បូរបែប ទាន់សម័យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស​មក​ទស្សនា ព្រមទាំង​ទាក់ទាញ​ក្រុមហ៊ុនថ្មីៗ និង​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ខ្ពស់ ចូលមក​បណ្ដាក់ទុន និង​ធ្វើការ»។

    លោក Channell ឱ្យដឹងថា ការដែល​ក្រុមប្រឹក្សា​ក្រុង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ក៏​ព្រោះតែ​យល់ថា លោក​លែង​សមស្រប​នឹង​រូបភាព​ថ្មី​របស់​ទីក្រុង។ លោក​និយាយថា លោក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ចូលចិត្ត​បង្កហេតុ។

    លោក Channell ជា​បុគ្គល​ដែលមាន​គេ​ស្គាល់​ច្រើន​នៅ​ទីក្រុង Christchurch ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​មិនសូវ​បានបង្ហាញ​ខ្លួន​នៅ​ទីសាធារណៈ។ លោក​ឱ្យដឹងថា មូលហេតុ​គឺ​ដោយសារ​ក្រុមប្រឹក្សា​ធ្វើឱ្យ​លោក​អវត្តមាន​ច្រើនជាង​មុន និង​មិនបាន​ឆ្លើយតប​នឹង​សំណើ​កែលម្អ​វិស័យ​ទេសចរណ៍​ដែល​លោក​លើកឡើង។

    Lianne Dalziel (អភិបាល​ក្រុង​ Christchurch បច្ចុប្បន្ន​) និង​រាជគ្រូ Brackenbury Channell

    ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមប្រឹក្សា​ក្រុង មជ្ឈមណ្ឌល​សិល្បៈ Christchurch នឹង​ប្រារព្ធ​ពិធី​តាំងពិព័រណ៍​មួយ​ស្ដីពី​ដំណើរ​ជីវិត​របស់​រាជគ្រូ​រូបនេះ​នៅក្នុង​ខែតុលា។

    នៅពេល​ត្រូវបាន​សួរថា «តើ​លោក​បានដាក់​បណ្ដាសា​ដល់​ក្រុមប្រឹក្សា​ក្រុង ព្រោះតែ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​លោក ឬទេ?» លោក Channell ឆ្លើយថា លោក «ចូលចិត្ត​ជូនពរ​ជាង»៕

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16​ ខែតុលា​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16​ ខែតុលា​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 15 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 267 នាក់
    – ជាសះស្បើយ​ថ្មី = 311 នាក់
    – ស្លាប់​ថ្មី = 24 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 267 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 251 នាក់
    – អ្នកដំណើរពីបរទេស 16 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 116,407 នាក់
    – អ្នកជាសះស្បើយ= 110,465 នាក់
    – អ្នកស្លាប់= 2,634 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 240,836,900 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 218,110,100 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,904,800 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,821,900 នាក់