សហស្ថាបនិកពិតប្រាកដចំនួនពីរនាក់របស់ Tesla គឺ Martin Eberhard និង Marc Tarpenning។ ពួកគាត់ចាប់ផ្ដើមគិតអំពី Tesla បន្ទាប់ពី General Motors បញ្ចប់កម្មវិធីរថយន្តអគ្គិសនី EV1 របស់ខ្លួន។
ស្ថាបនិកដំបូងពីររូបរបស់ក្រុមហ៊ុន Tesla
Tesla Motors ត្រូវបានដាក់ឈ្មោះទៅតាមអ្នកវិទ្យាសាស្ត្រ Nikola Tesla។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ 2003 ដោយ Martin Eberhard និង Marc Tarpenning។ អ្នកទាំងពីរ ដំបូងឡើយមានតួនាទីជា CEO (នាយកប្រតិបត្តិ) និង CFO (នាយកផ្នែកហិរញ្ញវត្ថុ) របស់ក្រុមហ៊ុន Tesla។ Eberhard ធំឡើងនៅឯតំបន់ Kensington រដ្ឋ California និងបានរៀននៅសាកលវិទ្យាល័យ Illinois នៅទីក្រុង Urbana-Champain ជាសាលាដែលលោកទទួលបានសញ្ញាបត្របរិញ្ញាផ្នែកវិស្វកម្មកុំព្យូទ័រ (computer engineering) កាលពីឆ្នាំ 1982 និងអនុបណ្ឌិតផ្នែកបច្ចេកទេសអគ្គិសនី ឆ្នាំ 1984។
បន្ទាប់ពី Eberhard និង Tarpenning បុគ្គលិកទីបីរបស់ Tesla គឺ Ian Wright ដែលបានចូលបម្រើការប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើង។ ខែកុម្ភៈ ឆ្នាំ 2004 ពួកគេប្រមូលទុនបានដោយជោគជ័យពីអ្នកវិនិយោគជាច្រើន ក្នុង Elon Musk បោះទុនច្រើនជាងគេ។
ការជួបមុខដំបូងជាមួយ Elon Musk
Eberhard និង Tarpenning បានជួប Elon Musk ដំបូងនៅក្នុងកិច្ចប្រជុំមួយសម្រាប់សមាជិករបស់ Mars Society ដែលជាអង្គការមិនស្វែងរកកម្រៃសម្រាប់ការស្រាវជ្រាវ និងរស់នៅលើពិភពព្រះអង្គារ។ ដំណាក់កាលនោះ លោក Musk មិនទាន់បានបង្កើត SpaceX នៅឡើយ។ ពួកគេបានយល់ចិត្តគ្នា ដោយសារតែមានចក្ខុវិស័យស្រដៀងគ្នា។
បន្ទាប់ពីការប្រមូលទុនជុំ Series A លោក Elon Musk បានក្លាយជាប្រធានក្រុមហ៊ុន Tesla។ មួយឆ្នាំក្រោយមក Tesla បានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Lotus Cars របស់ អង់គ្លេស ហើយក្រោយមក រថយន្តដំបូងរបស់ Tesla ឈ្មោះ Roadster ក៏បានបង្ហាញខ្លួន។
ឆ្នាំដដែល សហស្ថាបនិករបស់ Google គឺលោក Sergey Brin និង Larry Page ក៏បានចូលរួមក្នុងការប្រមូលទុន Series B របស់ Tesla។ Musk នៅតែជាអ្នកនាំមុខក្នុងជុំប្រមូលទុនលើកនេះ។ លោក Musk ក្រោយមកក៏បានប្រកាសអំពីគម្រោង «អាថ៌កំបាំង» របស់ខ្លួនសម្រាប់ Tesla នោះគឺ ប្រើប្រាស់ទុនដែលប្រមូលបានដើម្បីអភិវឌ្ឍរថយន្តមួយប្រភេទដែលមានតម្លៃទាបសមរម្យ ហើយក៏បង្កើតបានរថយន្តអគ្គិសនីប្រហាក់ប្រហែលសព្វថ្ងៃ។
ក្នុងឆ្នាំ 2006 ថ្នាក់ដឹកនាំរបស់ Tesla មានការប្រែប្រួល។ លោក Eberhard លាលែងពីតំណែង CEO ដោយមកធ្វើជាទីប្រឹក្សា។ ចំណែក Michael Marks ដែលជាអ្នកវិនិយោគមួយរូបរបស់ Tesla ក៏បានឡើងធ្វើជា CEO បណ្ដោះអាសន្ន រហូតដល់អ្នកប្រណាំងឡាន Ze’ev Drori បានចូលមកជំនួសនៅខែវិច្ឆិកា។
លោក Elon Musk
ឆ្នាំ 2008 Tesla មានបញ្ហាខ្វែងគំនិតគ្នារវាងសហស្ថាបនិក។ ជាលទ្ធផល សហស្ថាបនិកដំបូងគេពីរនាក់ គឺលោក Martin Eberhard និង Mark Tarpenning បានចាកចេញពីក្រុមហ៊ុន។ នេះក៏ជាដំណាក់កាលរថយន្ត Tesla គ្មានដំបូលដំបូង ត្រូវបានប្រគល់ឱ្យ Elon Musk ហើយខ្សែរោងចក្រផលិតរថយន្តនេះក៏បានចាប់ផ្ដើម។
ខែតុលា ឆ្នាំ 2008 Elon Musk បានក្លាយជា CEO របស់ Tesla និងបានបញ្ឈប់បុគ្គលិកចំនួន 25%។ ដំណាក់កាលនេះ Tesla មានសាច់ប្រាក់ក្នុងដៃតែ 9 លានដុល្លារប៉ុណ្ណោះ និងកំពុងប្រឈមនឹងបញ្ហាមិនអាចប្រគល់ទំនិញទាន់ពេល។ Tesla ត្រូវបោះផ្សាយមូលបត្របំណុលដើម្បីប្រមូលទុន 40 លានដុល្លារ ក្នុងបំណងបញ្ចៀសការក្ស័យធន។
ដើមឆ្នាំ 2009 Tesla បញ្ចេញរថយន្តគំរូ Model S ដែលមានតម្លៃចាប់ពី 76,000 ដុល្លារ។ មិនយូរប៉ុន្មាន Daimler AG បានទិញភាគហ៊ុន 10% របស់ Tesla ក្នុងតម្លៃ 50 លានដុល្លារ។ ខ្ទង់វិនិយោគនេះបានជួយឱ្យ Tesla រួចពីហានិភ័យនៃការក្ស័យធននៅឆ្នាំបន្ទាប់។
ឆ្នាំ 2009 ដដែល អតីត CEO របស់ Tesla លោក Martin Eberhard បានចោទប្រកាន់លោក Elon Musk ថា បានកែប្រែប្រវត្តិសាស្ត្រ និងបានប្ដឹងពីបទបរិហារកេរ្ដិ៍។
ខែកញ្ញា ឆ្នាំ 2009 Tesla និង Martin Eberhard បានប្រកាសកិច្ចព្រមព្រៀងមួយស្ដីពីអ្នកដែលអាចហៅខ្លួនឯងថាជាសហស្ថាបនិករបស់ក្រុមហ៊ុននេះ។ កិច្ចព្រមព្រៀងចែងថា មនុស្ស 5 នាក់ដែលត្រូវបានគេចាត់ទុកថាជាសហស្ថាបនិករបស់ Tesla រួមមាន Elon Musk, JB Straubel (កាលណោះជាប្រធានផ្នែកបច្ចេកវិទ្យារបស់ Tesla), Martin Eberhard, Marc Tarpenning និង Ian Wright។
សហរដ្ឋអាម៉េរិក ផ្ដល់អត្តសញ្ញាណប័ណ្ណដំបូងដែលមានជម្រើសភេទ X ជារបត់ថ្មីមួយនៅក្នុងការទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋដែលមិនបានកំណត់ភេទជាស្រី ឬប្រុស។