Author: សឿន សំណាង

  • អា​រ៉ា​ប៊ី​សា​អូឌីត បើក​ការសាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» ប្រវែង​រាប់រយ​គីឡូម៉ែត្រ

    អា​រ៉ា​ប៊ី​សា​អូឌីត បើក​ការសាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» ប្រវែង​រាប់រយ​គីឡូម៉ែត្រ

    ទីក្រុង​អនាគត​នៅលើ​សមុទ្រ​ខ្សាច់ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​រហូតដល់ មួយ​សែន​លាន​ដុល្លារ (100,000,000,000) មិន​ប្រើប្រាស់​រថយន្ត ហើយ​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​ស្អាត។

    ព្រះអង្គម្ចាស់ Mohammed bin Salman របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ខែមករា ឆ្នាំ 2021 បានប្រកាស​ជា​លើកដំបូង​នូវ​គម្រោង​សាងសង់ «ទីក្រុង​បណ្ដោយ​ត្រង់» (The Line) ដែលមាន​ប្រវែង 170 គីឡូម៉ែត្រ។ បច្ចុប្បន្ន គ្រឿងចក្រ​នានា​កំពុងតែ​ដឹកជញ្ជូន​ដី និង​ជីក​ផ្លូវ​ក្រោម​ដី ទម្លុះ​ភ្នំ ដើម្បី​សាងសង់​ទីក្រុង​បណ្ដោយ​ត្រង់​បី​ជាន់ រួមមាន តំបន់​លើដី​សម្រាប់​មនុស្ស​ដើរ និង​ពីរ​ជាន់​នៅក្រោម​ដី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ និង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ។ Nadhmi Al-Nasr ដែលជា​អ្នកគ្រប់គ្រង​គម្រោង បានឱ្យដឹងថា នេះ​គឺជា​សំណង់​ដ៏​មហិមា។

    ជំនួស​ឱ្យ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម និង​ពង្រីក​ទៅ​ទី​ជុំវិញ ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង កំពុង​ពិចារណា​លើ​ការសាងសង់​ពី​ចំនុច​ចាប់ផ្ដើម​ចំនួន​ពីរ ហើយ​សាងសង់​ឆ្ពោះទៅកាន់​តំបន់​កណ្ដាល។

    ដោយ​លាតសន្ធឹង​ពី​ជួរ​ភ្នំ​នៅ​ភាគ​ពាយព្យ​នៃ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដល់​សមុទ្រ​ក្រហម ទីក្រុង​បណ្ដោយ​ត្រង់ នេះ អាចឱ្យ​មនុស្ស​មួយ​លាន​នាក់​រស់នៅ​បាន ជាមួយនឹង​ការតភ្ជាប់​ដោយ​ផ្លូវ​ល្បឿន​លឿន និង​មធ្យោបាយ​ធ្វើដំណើរ​ស្វ័យប្រវត្ត​ជាច្រើន​ប្រភេទ។ សាលារៀន ភោជនីយដ្ឋាន ហាង និង​ទីតាំងផ្សេងៗ សុទ្ធតែ​ស្ថិតនៅលើ​រង្វង់​ដែល​មនុស្ស​អាច​ដើរ​ដល់​ក្នុង​រយៈពេល 5 នាទី និង​ពុំមាន​ទីតាំង​ណាមួយ​ដែល​ត្រូវធ្វើ​ដំណើរ​លើសពី 20 នាទី​នោះឡើយ។

    ដោយសារ​តែមាន​រូបរាង​បណ្ដោយ​ត្រង់ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សុទ្ធតែ​នៅក្រោម​ដី ដូច្នេះ ទីក្រុង​នេះ​ក៏​ជួយ​ការពារ​ធម្មជាតិ​នៅលើ​ដី​បាន 95% ផងដែរ។ ប្រជាជន​អាច​ចូលមក​រស់នៅក្នុង​ទីក្រុង​ថ្មី​នេះ​ចាប់ពី​ឆ្នាំ 2024។

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត វិនិយោគ​ប្រមាណ​ពី មួយ​សែន​លាន ទៅ​ពីរ​សែន​លាន​ដុល្លារ សម្រាប់​ការសាងសង់​ទីក្រុង​បណ្ដោយ​ត្រង់នេះ។ តាម​ផែនការ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ថ្មី​ដល់​មនុស្ស​ចំនួន 380,000 នាក់ និង​ជួយ​ឱ្យ GDP របស់​ប្រទេស​នេះ​កើន​បន្ថែម​ប្រមាណ 48 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2030។

    ទីក្រុង​បណ្ដោយ​ត្រង់នេះ​គឺជា​គម្រោង​ដំបូង​មួយ​ដែល​ស្ថិតក្នុង​គម្រោង​មេ Neom ដែលជា​មហា​ទីក្រុង​ស្វយ័ត​មួយ​មានតម្លៃ 5 សែន​លាន​ដុល្លារ គ្របដណ្ដប់​លើ​ផ្ទៃដី 25,900 គីឡូម៉ែត្រ​ក្រឡា នៅក្នុង​ខេត្ត Tabuk របស់ អា​រ៉ា​ប៊ី​សា​អូឌីត ជិត​ព្រំដែន​នៃ ប្រទេស​ហ្ស៊​កដា​នី និង ប្រទេស​អេ​ហ្ស៊ី​ប។ Neom គឺជា​មហា​គម្រោង​ប្រកបដោយ​មហិច្ឆតា​ដែល​អាចជួយ អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ការពឹង​ផ្អែកលើ​រ៉ែ​ប្រេង និង​ប្រែក្លាយ​ប្រទេស​នេះ​ទៅជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដូច​ទៅនឹង​ជ្រលង​ភ្នំ Silicon នៅ សហរដ្ឋ​អាម៉េរិក។

    ទីក្រុង​នេះ​នឹង​ប្រើប្រាស់​តាក់ស៊ី​ហោះ រ៉ូ​បូត​ដាយ​ណូ​ស័​រ និង​ភោជនីយដ្ឋាន​កម្រិត​ផ្កាយ Michelin ខ្ពស់បំផុត​ក្នុង​ពិភពលោក។ តំបន់​នេះ​នឹង​ត្រូវបាន​ប្ដូរផ្លាស់​ដោយ​ការប្រើប្រាស់​ម៉ាស៊ីន​បង្កើត​ភ្លៀង។ Neom ក៏​នឹងមាន​ឧទ្យាន​ផ្កាថ្ម​ធំ​បំផុត​ក្នុង​លោក ខ្សាច់​បញ្ចេញ​ពន្លឺ និង​ព្រះ​ចន្ទ​សិប្បនិម្មិត​ដ៏​ធំ​ដែល​ភ្លឺ​នៅពេល​យប់។ មហា​ទីក្រុង​នេះ​នឹង​ប្រើ​ថាមពល​ដែល​បាន​ពី​ខ្យល់ ពី​ព្រះអាទិត្យ និង​បច្ចេកវិទ្យា​ទំនើប​ប្រែក្លាយ​ទឹក​ឱ្យទៅជា​អុកស៊ីសែន និង​អ៊ីដ្រូសែន ដើម្បី​ប្រើប្រាស់​ជំនួស​ប្រេងឥន្ធនៈ៕

  • បុគ្គលិក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១ ក្នុងការ​ប្រកួត​រចនា​និមិត្តសញ្ញា​អាស៊ាន ខណៈ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២២

    បុគ្គលិក​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១ ក្នុងការ​ប្រកួត​រចនា​និមិត្តសញ្ញា​អាស៊ាន ខណៈ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២២

    [រាជធានី​ភ្នំពេញ, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១] – ព្រី​នស៍ ហូល​ឌី​ង គ្រុប (ហៅ​កាត់​ថា“ព្រី​នស៍ គ្រុប”) ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ​និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ពិត​ជាមាន​មោទក​ភាព​ដែល កញ្ញា ឈុត ចិន្តា ជា​បុគ្គលិក​សញ្ជាតិ​ខ្មែរ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (Prince Real Estate ) បានទទួល​នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១ ក្នុងការ​ប្រកួត​រចនា​និមិត្តសញ្ញា​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែល​ការប្រកួតប្រជែង​នេះ​មានការ​រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា (ហៅ​កាត់​ថា “MFAIC”)។ កញ្ញា​ចិន្តា​គឺជា​បុគ្គលិក​មួយរូប ក្នុងចំណោម​បុគ្គលិក​ដែល​បាន​ចូលរួម​ចំនួន៤រូប​របស់​ក្រុមហ៊ុន​ព្រី​នស៍។

    សម្រាប់​ជ័យលាភី​នេះ កញ្ញា​ចិន្តា​បានទទួល​នូវ​រង្វាន់​ជា​សាច់ប្រាក់​ចំនួន១ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (“MFAIC”)។ ដើម្បី​ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​និង​ស្នាដៃ​របស់គាត់ ថ្នាក់​គ្រប់គ្រង​នៃ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានសម្រេចផ្តល់ប្រាក់រង្វាន់បន្ថែម​ជូន​ដល់ក​ញ្ញា​ចិន្តា នូវ​ចំនួន​ដូចគ្នា​ទៅនឹង​ប្រាក់រង្វាន់​ដែល​ក្រសួង​បាន​ផ្តល់ជូន​គាត់​ផងដែរ។ ចំណែកឯ អ្នក​ដែល​បាន​ចូលរួម​ចំនួន​បី​រូប​ផ្សេងទៀត ក៏បាន​ទទួលបាន​រង្វាន់​ជាការ​កោតសរសើរ​លើក​ទឹកចិត្ត​ផងដែរ។ ចំពោះ​និមិត្តសញ្ញា​ដែល​ទទួល​ជ័យលាភី​ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  (“MFAIC”) បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៨ ខែតុលា​នេះ នៅពេលដែលកម្ពុជាធ្វើជានិមិត្តរូបនៃការកាន់តំណែងជាប្រធានអាស៊ានបន្តពីប្រទេសប្រ៊ុយណេជាផ្លូវការ។

    អាស៊ាន ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ហៅថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏​លេចធ្លោ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ដល់​ប្រទេស​ដែលជា​សមាជិក​ទាំងឡាយ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ក្រោយនេះ នឹង​បង្ហាញ​ពី​ចំណុច​សំខាន់​មួយ​ក្នុងការ​ស្តារឡើងវិញ​ក្រោយពី​វិបត្តិ​នៃ​ជម្ងឺ​រាតត្បាត ខណៈ​កិច្ចប្រជុំ​នេះ​នឹង​ត្រូវបាន​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​ពី​អន្តរជាតិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំសំខាន់ៗមកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក។ និមិត្ត​ស​ញ្ញ​នេះ​នឹង​ក្លាយជា​រូបភាព​តំណាង​តែមួយគត់​ក្នុងនាម​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ ហើយក៏​នឹង​ក្លាយជា​កេរ្តិ៍ដំណែល​ដ៏​យូរអង្វែង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​កំណត់ត្រា​ឯកសារ​របស់​អាស៊ាន​ផងដែរ។

    ការ​រចនា​និមិត្តសញ្ញា​ដែល​បានទទួល​ជ័យលាភី​នេះ​បង្ហាញ​ពី «ផ្កាឈូក​ចំនួន១០ស្រទាប់​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​រង្វង់​ពណ៌​មាស​ដែលមាន​និមិត្តសញ្ញា​អាស៊ាន​នៅ​ចំ​កណ្តាល»។ កញ្ញា​ចិន្តា​បានធ្វើការ​ពន្យល់ថា​គឺ​តំណាងឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ ដែល​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​រួមគ្នា ក្នុង​ដំណើរ​ស្វែងរក​នូវ​សុខសន្តិភាព​របស់​ពួកគេ​ដើម្បី​ភាពរុងរឿង និង​ភាពសុខដុមរមនា។ ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង១០គឺជា​ដកស្រង់​ចេញពី​ពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រធាន​ហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នា​ឆ្នាំ២០២២ផងដែរ។

    សិ្ថ​ត​ក្នុង​វ័យ ២៩ ឆ្នាំ កញ្ញា​ចិន្តា​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត(Prince Real Estate ) តាំងពី​ដើមឆ្នាំ២០២០ បានឱ្យដឹងថា​នៅពេល​ទំនេរ​គាត់​ចូលចិត្ត​គូររូប​លេង ហើយ​ក្រោយមក​ក៏​មានការ​ជម្រុញ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួមការ​ងារ ទើប​ក៏​ដាក់ពាក្យ​ចូលរួម។ ពេលនោះ​គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយ​និមិត្តសញ្ញា​របស់គាត់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​គាត់​ក៏បាន​រំពឹងថា​និមិត្តសញ្ញា​នេះ​វា​បង្ហាញ​ពី​ក្តីសង្ឃឹម​របស់គាត់​ថា​ប្រទេស​អាស៊ាន​ទាំង១០នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម ដែល​ប្រជាជាតិនីមួយៗកំពុង​ជួបប្រទះ ហើយ​អាច​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​អាស៊ាន​ទាំងមូល​ផងដែរ។

    លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា៖ «នៅ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប យើង​តែងតែ​រីករាយ​នៅពេលដែល​ឃើញ​បុគ្គលិក​របស់​យើង​បាន​ចូលរួម​ក្នុងការ​បង្កើត​ស្នាដៃថ្មីៗឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​សហគមន៍ ហើយ​ការរួមចំណែក​របស់​ក​ញ្ញា​ចិន្តា​គឺជា​គំរូ​ដ៏​ល្អ សម្រាប់​ផ្នត់គំនិត​ក្នុងនាម​ជា​បុគ្គលិក ដែល​អាច​ស្វះ​ស្វែងរក​ភាព​រក​ពានរង្វាន់​សម្រាប់​ស្ថាប័ន​ខ្លួន​បាន»។ លោក​ក៏បាន​បន្តទៀតថា៖ «ពួកយើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​និមិត្តសញ្ញា​ដែល​ទទួលបាន​ជ័យលាភី​នេះ នឹង​ក្លាយជា​មោទកភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក យើង​នឹង​បន្តទៀត​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ២០២២នេះ»។

    គួរ​បញ្ញា​ក់​ផងដែរ​ថា ការធ្វើជា​ប្រធាន​អាស៊ាន​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​គ្នា​ជា​រៀងរាល់ឆ្នាំ​ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​របស់​ប្រទេស​ដែលជា​សមាជិក​អាស៊ាននីមួយ។ កម្ពុជា​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែមេសា​ឆ្នាំ១៩៩៩ ហើយ​កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​លើកចុងក្រោយ​ក្នុង​ឆ្នាំ២០១។

    សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានធ្វើ​សកម្មភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ( Chen Zhi) ដែលជា​ប្រធាន​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​បរិច្ចាគ​ថវិការ​ចំនួន១លាន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត។ ថ្មីៗនេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​សហគ្រាស​អាស៊ី (Enterprise Asia) ចំពោះ​ភាពជា​សហគ្រិន​ដែលមាន​ទំនួល​ខុសត្រូវ​នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស ដែលមាន​ទំនួល​ខុសត្រូវ​ប្រចាំ​នៅ​តំបន់​អាស៊ី​ឆ្នាំ២០២១ (“AREA”)ផងដែរ។ នេះ​ជា​ពានរង្វាន់​ទី​ប្រាំមួយ​ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប​ទទួលបាន​នៅក្នុង​ឆ្នាំនេះ ដោយសារតែ​ក្រុម​អ្នក​វិនិច្ឆ័យ​ថ្នាក់​តំបន់ និង​អន្តរជាតិ​បាន​ទទួលស្គាល់ថា សម្ព័ន្ធ​នេះ​ពិតជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ធុរកិច្ច​ក្នុង​តំបន់​អាស៊ី​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​ទូទាំង​តំបន់​អាស៊ាន​ពិតប្រាកដ​មែន៕

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ  វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ច្រើនជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង    ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន ទីក្រុង​រាម នាពេលខាង​មុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

    កញ្ញា​ចាន់ សុ​ម៉ាល្លី​ស
    Two Way Public Relations
    ទូរ​សព្ទ​លេខ៖ +៨៥៥ ៦៩៥៣៣ ៣៣២
    អ៊ី​ម៉ែ​ល៖ [email protected]

     

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 2 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 2 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 1 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 89 នាក់
    – ជាសះស្បើយ​ថ្មី = 115 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 89 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 85 នាក់
    – អ្នកដំណើរពីបរទេស 4 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,702 នាក់
    – អ្នកជាសះស្បើយ= 115,017 នាក់
    – អ្នកស្លាប់= 2,800 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 247,867,920 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 224,573,930 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,020,690 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,273,280 នាក់

  • ពលរដ្ឋ​អាម៉េរិក តុបតែង​ខ្លួន​ជា​វីរុស​ COVID-19 និង​វ៉ាក់សាំង​ជា​ដើម​ ក្នុង​រាត្រី​នៃ​ពិធីបុណ្យ​ហា​ឡូ​វីន

    ពលរដ្ឋ​អាម៉េរិក តុបតែង​ខ្លួន​ជា​វីរុស​ COVID-19 និង​វ៉ាក់សាំង​ជា​ដើម​ ក្នុង​រាត្រី​នៃ​ពិធីបុណ្យ​ហា​ឡូ​វីន

    ប្រជាជន​ជាច្រើន​ក្រុម នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​តុបតែង​ខ្លួន​ទៅតាម​ប្រធានបទ​ដែល​ទាក់ទង​នឹង COVID-19 ក្នុង​ការហែក្បួន នា​រាត្រី​បុណ្យ​ហា​ឡូ​វីន លើកដំបូង ក្នុងអំឡុង​ពីរ​ឆ្នាំ​កន្លង។

    កាលពី​យប់​ថ្ងៃទី 31 តុលា ទីក្រុង​នី​វ​យ៉​ក របស់ សហរដ្ឋ​អាម៉េរិក មាន​ព្រឹត្តិការណ៍​ហែ​ក្បួន​នៅក្នុង​ពិធីបុណ្យ​ហា​ឡូ​វីន​ដំបូង ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ក្រោយពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​ត្រូវបាន​លុបចោល​ដោយសារ​បម្រាម​គោចរ​ប្រឆាំង COVID-19។

    ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អ្នកខ្លះ​ពាក់​ឈុត​ដែល​បង្ហាញ​អំពី​ប័ណ្ណ​ចាក់​វ៉ាក់សាំង អ្នកខ្លះ​ជ្រើសរើស​ឈុត​ម្ជុលចាក់​វ៉ាក់សាំង Pfizer និង​អ្នកខ្លះ​ក៏​ពាក់​ឈុត​ជា​រូបរាង​របស់​វីរុស COVID-19 ខណៈ​អ្នក​ផ្សេងទៀត​ក៏​កាន់​រូប​គ្រោងឆ្អឹង​មនុស្ស។ ទាំងនេះ​គឺ​ដើម្បី​រំលឹក​គ្រប់គ្នា​ឱ្យ​ចងចាំ​រោគរាតត្បាត​នេះ ក៏ដូចជា​អំពាវនាវ​ដល់​អ្នកដទៃ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ភ្លាម បើសិនជា​អាច។

    ហា​ឡូ​វីន (Halloween) គឺជា​ពិធីបុណ្យ​ប្រពៃណី​របស់​ប​ណ្ដា​ប្រទេស​លោកខាងលិច ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 31 តុលា រៀងរាល់ឆ្នាំ។

    ពិធីបុណ្យ​​ហាឡូវីន​ នេះ ​ជា​ចំនុច​សម្គាល់​នៃ​ការបញ្ចប់​រដូវ​ប្រមូល​ផល និង​ចាប់ផ្ដើម​រដូវរងា។ ទន្ទឹមនឹងនេះ វា​ក៏​ជា​ពិធីបុណ្យ​ដែល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ដែល​បាន​លាចាក​លោក​ផងដែរ៕

     

  • កោះរ៉ុង ជា​​សួគា៌ និង​ជា​គោលដៅ​ដែល​មិនគួរ​មើលរំលង នៅពេល​សម្រេចចិត្ត​ដើរទេស​ចរណ៍

    កោះរ៉ុង ជា​​សួគា៌ និង​ជា​គោលដៅ​ដែល​មិនគួរ​មើលរំលង នៅពេល​សម្រេចចិត្ត​ដើរទេស​ចរណ៍

    កោះរង់​ដែលមាន​សម្រស់​ដ៏​ស្រស់ត្រកាល​ស្ថិតនៅ​លំហ​សមុទ្រ​នៃ​ខេត្ត ព្រះសីហនុ គឺជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំងបី​របស់ កម្ពុជា ដែល​ត្រូវ​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រណ៍ ចាប់ពី​ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021។

    ការ​ងើប​ឡើងវិញ​យ៉ាង​លឿន​នៃ​វិស័យ​ទេសចរណ៍​នឹង​ស្ដែង​ឱ្យឃើញ​កាន់តែច្បាស់ នៅពេល កម្ពុជា សម្រេច​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ ពិសេស​គឺ​ការបើកទ្វារ​ទទួល​ទេសចរ​មកកាន់​ទីក្រុង ព្រះសីហនុ និង កោះរ៉ុង នៃ​ខេត្ត ព្រះសីហនុ រួម​នឹង តារា​សាគរ នៃ​ខេត្ត កោះកុង ចាប់ពី​ថ្ងៃទី 30 វិច្ឆិកា ហើយ​បន្ទាប់មកទៀត​គឺ​ខេត្ត សៀមរាប ចាប់ពី​ឆ្នាំ 2022។

    ក្រោយ​ជោគជ័យ​របស់​កម្មវិធី «ប្រអប់​ខ្សាច់» Phuket នៅ ប្រទេស​ថៃ មាន​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ក៏​កំពុង​ជំរុញ​ការអនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នេះ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ។

    នៅ កម្ពុជា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ដោយបាន​នាំមុខគេ ធៀប​នឹង​ប្រទេស​ភាគច្រើន​ក្នុង​តំបន់។ ជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង រួម​នឹង​អត្រា​អ្នក​ឆ្លង COVID-19 ថ្មី ត្រឹម​ក្រោម 100 នាក់/ថ្ងៃ គឺជា​កម្លាំង​ដែល​រុញច្រាន កម្ពុជា ដល់​ដំណាក់កាល​បើកទ្វារ​សេដ្ឋកិច្ច សង្គម ឡើងវិញ ក្នុងនោះ ទេសចរណ៍​គឺជា​វិស័យ​ដ៏​សំខាន់។

    យោងតាម​កម្មវិធី​ទេសចរណ៍​នៃ​ខេត្ត ព្រះសីហនុ អ្នក​ទេសចរណ៍​គ្រាន់តែ​បង្ហាញ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង COVID-19, ធានារ៉ាប់រង​សុខភាព និង​លទ្ធផល​តេស្ត​អវិជ្ជមាន 72 ម៉ោង មុនពេល​ចេញដំណើរ។ ពួកគេ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ដើរ​កំសាន្ត​គ្រប់កន្លែង​ក្នុង​រយៈពេល 5 ថ្ងៃ ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក។

    អ្នក​ទេសចរណ៍​ក៏​អាច​មុជ​ទឹក​ គយគន់​ផ្កាថ្ម​ផងដែរ​

    ឋានសួគ៌​ធម្មជាតិ ដែល​អ្នក​ទេសចរណ៍​មិនគួរ​មើលរំលង

    ជា​យូរ​មកហើយ កម្ពុជា មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភពលោក ទាក់ទង​នឹង​វប្បធម៌ ប្រាសាទបុរាណ​ដ៏​ច្រើន និង​សម្បូរបែប។ ក៏ប៉ុន្តែ នេះ​មិនមែនជា​ទីតាំង​ទេសចរណ៍​តែមួយ​ដែល​ភ្ញៀវ​អាច​ទទួលបាន​បទពិសោធ​ន៍​នោះទេ។ កម្ពុជា នៅមាន​កោះ​តូចធំ និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត មិន​ចាញ់​តំបន់​ដទៃ​ឡើយ។ ក្នុងនោះ គេ​ក៏​មិនត្រូវ​មើលរំលង កោះរ៉ុង និង កោះរ៉ុង​សន្លឹម។

    កោះរ៉ុង គឺជា​កោះ​ដែលមាន​ផ្ទៃដី​ធំ​លំដាប់​កំពូល​មួយ​នៅ កម្ពុជា ដោយមាន​ផ្ទៃដី 78 គីឡូម៉ែត្រ​ក្រឡា និង​មាន​ឆ្នេរ​ខ្សាច់​ប្រកបដោយ​ភាព​ទាក់ទាញ​រហូតដល់ 23 កន្លែង។ ទីនេះ ល្បី​ឈ្មោះថា​មាន​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ ដែល​ត្រូវបាន​ទេសចរ​ប្រសិទ្ធ​នាម​ថា «ឋានសួគ៌» ពេលវេលា​ល្អ​បំផុត​សម្រាប់​ដំណើរ​កំសាន្ត​មកកាន់ កោះរ៉ុង គឺ​ក្នុង​ខែឧសភា និង​ខែវិច្ឆិកា។ សីតុណ្ហភាព​ក្នុងអំឡុង​ពេលនេះ ប្រហែល​ពី 25 ទៅ 40 អង្សា​សេ។

    ចាប់ពី​ខែធ្នូ រហូតដល់​ខែមេសា ទឹកសមុទ្រ​នឹង​ប្រែជា​ពណ៌​ខៀវស្រងាត់ ឆ្នេរ​ខ្សាច់​សក្បុស ស្រស់ស្អាត ជំនោរ​សមុទ្រ​ដ៏​បរិសុទ្ធ​ជាមួយនិង​សម្រស់​ធម្មជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ទេសភាព​ដែល​ស្រស់ស្អាត​បំផុត គឺ​នៅក្នុង​ខែកុម្ភៈ។ ឆ្នេរ​ខ្សាច់​ល្បី​ជាងគេ​របស់ កោះរ៉ុង មានដូចជា ឆ្នេរ​ឡុង​សិត (Long Set), ឆ្នេរ​ខាង​និរតី​នៃ​កោះរុង (Southwestern beach, Kohrong), ឆ្នេរ​សុខសាន្ត រី​សត ឬក៏​គេ​ច្រើន​ហៅថា ឆ្នេរ​សុខសាន្ត កោះរ៉ុង, ឆ្នេរ​ខ្សាច់ វ៉ៃ​ត៍ (White)។ល។

    ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​នៅ​លើ​ កោះ​រ៉ុង​

    ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ទៅ​កំសាន្ត​នៅតាម​ឆ្នេរ​ខ្សាច់​របស់ កោះរ៉ុង ក៏​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​អស្ចារ្យ​នៅពេល​ព្រះអាទិត្យ​ជិត​អស្ដង្គត​ផងដែរ។

    ភ្ញៀវទេសចរ​មិនបាច់​បារម្ភ​ពី​ការ​អត់​កន្លែង​ស្នាក់នៅ ហូបចុក​នោះទេ ពីព្រោះថា​នៅទីនេះ​មាន​ទាំង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បារ ផ្ទះ​ស្នាក់ ផ្ទះសំណាក់ សណ្ដា​គារ បឹង​ហ្កា​ឡូ និង​រី​សត​ជាដើម​បើក​បម្រើ​ដល់​ភ្ញៀវទេសចរ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​សូម​កក់​ទុក​មុន ដើម្បី​មាន​ភាពងាយស្រួល​ជាង៕

  • ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ​មិនទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ទទួល​សេវាកម្ម ដើម្បី​ការពារ​សុខភាព

    ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ពលរ​ដ្ឋ​មិនទាន់បាន​ចាក់​វ៉ាក់សាំង រួសរាន់​ស្ម័គ្រចិត្ត​ទៅ​ទទួល​សេវាកម្ម ដើម្បី​ការពារ​សុខភាព

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (គ.វ.ក.១៩) ជូន​សេចក្ដីណែនាំ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ក្រោយពី​ការប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជុំទីមួយ។

    គ.វ.ក.១៩ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គោលដៅ​ខាងលើ ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅតាម​មន្ទីរពេទ្យបង្អែក​នានា។ ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​លើក​នេះ ក្រសួងសុខាភិបាល មិន​តម្រូវឱ្យ​ពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​ច្រើន​នោះទេ ដោយ​គ្រាន់តែ​យកទៅ​តាម​ខ្លួន​នូវ អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត តែមួយ​ប៉ុណ្ណោះ។

    ការអំពាវនាវ​របស់ គ.វ.ក.១៩ នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយសារ​មូលហេតុផ្សេងៗ ក្រោយ​ការប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ជុំទីមួយ។

  • (វីដេអូ)-ព្យុះ​ព្រះអាទិត្យ ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង នឹង​វាយលុក​ពិភព​ផែនដីនៅ​ចុង​សប្ដាហ៍​នេះ

    (វីដេអូ)-ព្យុះ​ព្រះអាទិត្យ ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង នឹង​វាយលុក​ពិភព​ផែនដីនៅ​ចុង​សប្ដាហ៍​នេះ

    ផ្កាយរណប​របស់ NASA ថត​បាន​ទិដ្ឋភាព​ព្យុះ​ព្រះអាទិត្យ​កំពុង​ផ្ទុះ​កញ្ជ្រោល​ខ្លាំង ធ្វើឱ្យ​រស្មី​អូ​រ៉ូ​រ៉ា (aurora) នៅលើ​ផែនដី ប្រែជា​បង្ហាញខ្លួន​យ៉ាងច្បាស់​នៅក្នុង​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween)។

    វីដេអូ​ពី​ផ្កាយរណប Solar Dynamics Orbiter របស់ NASA បង្ហាញថា ការ​កញ្ជ្រោល​នៃ​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ​កើតឡើង​ពីថ្ងៃ​ទី 25 ដល់​ថ្ងៃទី 28 តុលា និង​បញ្ចប់​ដោយ​ការផ្ទុះ​មួយ​ដ៏​ធំ​ដែល​អាច​បង្កើន​រស្មី​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី​ចំ​ថ្ងៃបុណ្យ​ហា​ឡូ​វីន។

    ព្យុះ​ព្រះអាទិត្យ​កើតឡើង​ជាច្រើន​បែប ក្នុងនោះ​មានការ​ផ្ទុះ​ភ្លើង​ព្រះអាទិត្យ (Solar flare) និង​ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា (CME/​Coronal​ Mass Ejections)។ Solar flare គឺជា​ការផ្ទុះ​វិទ្យុសកម្ម​ខ្លាំងក្លា បញ្ចេញ​រលក​ពន្លឺ​ផូ​តុង (photon) សំដៅ​មកកាន់​ផែនដី។ កម្លាំង​របស់​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​មាន 3 កម្រិត​គឺ C, M និង កម្រិត X ក្នុងនេះ X គឺជា​កម្រិត​ខ្លាំង​បំផុត។ CME រួមមាន ពពក​ប្លា​ស្មា និង ម៉ាញ៉េទិក ដែល​បាញ់​ចេញពី​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ នាំមក​ជាមួយ​នូវ​ភាគល្អិត​ជាច្រើន។ ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ និង ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា មាន​ប្រភព​តែមួយ ដោយ​កើតឡើង​ពី​ការរអាក់រអួល​នៃ​ម៉ាញ៉េទិក (disruption of the magnetic) នៅក្នុង​តំបន់​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ។

    NASA ឱ្យដឹងថា ថ្វីបើ​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​ដែលមាន​ផ្ទុក​វិទ្យុសកម្ម​គ្រោះថ្នាក់​នេះ​មិនអាច​ឆ្លងកាត់​បរិយាកាស​ផែនដី​បាន តែ​វា​ខ្លាំង​គ្រប់គ្រាន់​ដែល​អាច​បង្ក​ការរំខាន​ដល់​បណ្ដាញ​ទាក់ទង និង GPS។

    ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​កាលពី​ថ្ងៃទី 28 តុលា និង​អមដោយ CME បាន​បញ្ចេញ​ភាគល្អិត​ដែល​ផ្ទុក​អគ្គិសនី ធ្វើដំណើរ​ក្នុង​ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង។ ភាគល្អិត​ទាំងនេះ​នឹង​មកដល់​ពិភព​ផែនដី​នៅ​ចុង​សប្ដាហ៍ ហើយ​អាចធ្វើឱ្យ​បាតុភូត​រស្មី​អូ​រ៉ូ​រ៉ា កាន់តែខ្លាំង​ក្លា​ជាង​មុន។

    បាតុភូត​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី កើតឡើង​នៅពេល​ភាគល្អិត​ផ្ទុក​អគ្គិសនី​ពី​ព្រះអាទិត្យ ប៉ះ​ជាមួយនឹង​បរិយាកាស​ខាងលើ​របស់​ផែនដី បង្កើតបានជា​រលក​ព​ន្លឺ​យ៉ាង​រស់​រវើក។ ដែន​ម៉ាញ៉េទិក​របស់​ផែនដី នាំ​ភាគល្អិត​ផ្ទុក​អគ្គិសនី ទៅកាន់​តំបន់​ប៉ូល ទើប​រស្មី​អូ​រ៉ូ​រ៉ា តែងតែ​បង្ហាញខ្លួន​នៅ​ភាគ​ខាងជើង៕

  • ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង ប្រទេស​ថៃ អាច​ទទួលបាន​វ៉ាក់សាំង COVID-19 ពី កម្ពុជា នាពេលឆាប់ៗខាងមុខ

    ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង ប្រទេស​ថៃ អាច​ទទួលបាន​វ៉ាក់សាំង COVID-19 ពី កម្ពុជា នាពេលឆាប់ៗខាងមុខ

    ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជា​ឱ្យ​មន្ដ្រី​ជំនាញ សហការ​ជាមួយ​ភាគី​ថៃ បញ្ជូន​វ៉ាក់សាំង COVID-19 ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​នេះ។

    ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​លឿន​ជាង​ការកំណត់ ក្នុង​រង្វង់ 8 ខែ បន្ទាប់ពី​ការបើក​យុទ្ធនាការ​ដំបូង។

    ដើមឡើយ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជុំទីមួយ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ 2022 ប៉ុន្តែ​បច្ចុប្បន្ន ការចាក់​វ៉ាក់សាំង​សម្រេចបាន​ក្នុង​អត្រា​មួយ​ដ៏​ខ្ពស់។

    ស្ថានទូតកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចុះចែកអំណោយដល់ ពលរដ្ឋខ្មែរដែលរងគ្រោះដោយសារ COVID-19 ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន

    យ៉ាងនេះ​ក្ដី សម្តេច​តេ​ជោ បន្ថែមថា នៅមាន​ប្រជាពលរដ្ឋ​កម្ពុជា មួយចំនួនទៀត​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង។ ប្រមុខ​រដ្ឋាភិបាល ជឿថា ពលរដ្ឋ​កម្ពុជា នៅ ប្រទេស​កូរ៉េខាងត្បូង បាន​ចាក់ 100% នៃ​ចំនួន​ពលរដ្ឋ​រប​ស់​កម្ពុជា ខណៈ ជប៉ុន ក៏​ចាក់​បាន 100% ប៉ុន្តែ នៅ ប្រទេស​ថៃ និង ម៉ាឡេស៊ី ប្រហែលជា​អាច​ចាក់​បាន​មួយចំនួន​ប៉ុណ្ណោះ។

    ដោយសារតែ​ប្រទេស​ថៃ មិនទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដូច្នេះ កម្ពុជា មានបំណង​បញ្ជូន​វ៉ាក់សាំង​ទៅកាន់ ប្រទេស​ថៃ ដោយ​ស្នើឱ្យ​អាជ្ញាធរ​ថៃ ជួយ​យក​វ៉ាក់សាំង​ទៅ​ចាក់​ជូន​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ។

    យោង​តាម​គេហទំព័រ Ourworldindata គិត​មកដល់​ថ្ងៃទី 30 ខែតុលា ឆ្នាំ 2021 ការចាក់​វ៉ាក់សាំង COVID-19 ប្រទេស​ថៃ រួមមាន៖ ពលរដ្ឋ​ប្រមាណ​ជាង 42% បាន​ចាក់​រួចរាល់ ខណៈ​ជាង 17% បាន​ចាក់​យ៉ាងតិច 1 ដូ​ស។ ដូច្នេះ ប្រទេស​ថៃ ទើបតែ​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ 59% ប៉ុណ្ណោះ ធៀប​នឹង​គោលដៅ​សរុប៕

  • កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​ជាបណ្តើរៗ

    កម្ពុជា ប្រកាស​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើងវិញ​ជាបណ្តើរៗ

    សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​បើក​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​លើ​គ្រប់​វិស័យ​ជាបណ្តើរៗ ចាប់ពី​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ​តទៅ ដោយ​ការរស់នៅ​តាម​ប្រក្រតីភាព​ថ្មី ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

    នា​វិមាន​សន្តិភាព ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​ក្មេង​អាយុ 5 ឆ្នាំ នា​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា៖ «ថ្ងៃនេះ​ជាមួយនឹង​ការប្រកាស​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជុំទីមួយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស យើង​ក៏​ប្រកាស​បើក​ទំព័រ​ថ្មី​មួយទៀត គឺ​ការរស់នៅ​ជាមួយ COVID-19 ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រក្រតីភាព​ថ្មី តាមរយៈ​ការបើក​ឡើងវិញ​ជាបណ្តើរៗនូវ​សកម្មភាព​សង្គម-សេដ្ឋកិច្ច និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​គ្រប់ផ្នែក និង​គ្រប់​វិស័យ ប្រសិនបើ​មិនមាន​ប្រភេទ​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ឡើងវិញ​ដល់​សុខភាព​សាធារណៈ​នោះទេ យើង​អាច​វាយតម្លៃ​បាន​ថា ប្រទេសជាតិ​យើង​ទាំងមូល​កំពុង​ចាប់ផ្ដើម​ចាក​ចេញពី​វិបត្តិ​នៃ COVID-19 នេះ ក្នុង​ភាពរឹងមាំ ត្រឡប់​ទៅរក​មាគ៌ា នៃ​កំណើន និង​ការអភិវឌ្ឍ»។

    គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ការចាក់​វ៉ាក់សាំង​នៅ ​កម្ពុជា រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់​បាន 100%, ទី​ពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់​បាន 97.89% និង​ទី​បី៖ អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់​បាន 101.22%។

  • Elon Musk ថា​ បរិច្ចាគ​ប្រាក់​ 6 ពាន់​លាន​ដុល្លារ​​ដើម្បី​ដោះ​ស្រាយ​គ្រោះ​ទុរភិក្ស​ក៏​បាន​ តែ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ត្រូវ​ធ្វើ​រឿង​ម្យ៉ាង​

    Elon Musk ថា​ បរិច្ចាគ​ប្រាក់​ 6 ពាន់​លាន​ដុល្លារ​​ដើម្បី​ដោះ​ស្រាយ​គ្រោះ​ទុរភិក្ស​ក៏​បាន​ តែ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ត្រូវ​ធ្វើ​រឿង​ម្យ៉ាង​

    ទាក់​ទង​នឹង​បញ្ហា​ខ្វះ​ថវិកា​​ទិញ​ស្បៀង​អាហារ​ជួយ​ដល់​ប្រជាជន​កំពុង​ជួប​គ្រោះ​អត់ឃ្លា​ មហា​សេដ្ឋី​ជន​ជាតិ​អាម៉េរិក​ ដើម្បី​កំណើត​អាហ្វ្រិក​ខាង​​ត្បូង​ និយាយ​ថា «បរិច្ចាគ 6 ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ពិភពលោក​ក៏បាន» ប៉ុន្តែ លោក Elon Musk ចង់ឱ្យ​ប្រធាន​ស្ថាប័ន​មួយ​របស់​អង្គការសហប្រជាជាតិ «បង្ហាញ​តម្លៃភាព​ថវិកា» ឱ្យបាន​ច្បាស់លាស់។

    លោក Elon Musk ទើបតែ​បានលើកឡើង​នូវ​ប្រតិកម្ម​ចំពោះ​មតិ​របស់​ប្រធាន​អង្គការ​មួយរូប​របស់​អង្គការសហប្រជាជាតិ ដែល​និយាយថា គ្រាន់តែ​មួយចំណែក​ដ៏​តូច​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​ក៏​អាច​ដោះស្រាយបាន​នូវ​គ្រោះ​ទុរភិក្ស​នៅលើ​សកលលោក

    មហាសេដ្ឋី Elon Musk បាន​ប្រតិកម្ម​ទៅនឹង​មតិ​មួយ​របស់លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម Twitter។

    មុន​នោះ លោក David Beasley ថ្លែងថា៖ «ត្រូវការ 6 ពាន់​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​មនុស្ស 42 លាន​នាក់​ដែល​ជិត​នឹង​អត់បាយ​ស្លាប់។ ប្រការនេះ​ពិតជា​ពិបាក។ ក្រុម​មហាសេដ្ឋី គួរតែ​ធ្វើ​ភ្លាម​នៅពេលនេះ»។ ក្រុម​មហាសេដ្ឋី​ដែល​លោក Beasley កំពុងនិយាយ​ដល់​នៅទីនេះ​គឺ Elon Musk និង Jeff Bezos ជាដើម ដែលជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។

    CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យ​ជិត 289 ពាន់​លាន​ដុល្លារ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Bloomberg។ ប្រការនេះ​មានន័យថា លោក Beasley កំពុងតែ​លើកឡើង​នូវ​គំនិត​មួយ​ដែលថា លោក Elon Musk គ្រាន់តែ​បរិច្ចាគ​ប្រហែល 2% នៃ​ទ្រព្យ​សរុប​របស់ខ្លួន​គឺអាច​ជួយ​ឱ្យ​មនុស្ស 42 លាន​នាក់​នៅ​ទូទាំង​សកលលោក រួច​ផុតពី​គ្រោះ​ទុរភិក្ស។

    ឆ្លើយតប​នឹង​បញ្ហា​ខាងលើ កំពូល​អ្នកមាន Elon Musk និយាយថា បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

    បច្ចុប្បន្ន សារ​ខាងលើ​របស់លោក Elon Musk ទទួលបាន​ការចែករំលែកតៗគ្នា​ជាង 3 ម៉ឺន​លើក និង​ការ​ចុច​ចូលចិត្ត​ជាង 2 សែន​លើក រួម​នឹង​ការបញ្ចេញមតិ​ជាច្រើន​ទៀត។

    ក្រៅពី​ការបញ្ចេញ​មតិផ្ទុយ និង​ស្រប ការ​ចុច​ចូលចិត្ត និង​ការចែករំលែក​ត​គ្នា​របស់​អ្នកលេង​បណ្ដាញ​សង្គម គេ​ក៏​ឃើញ​គណនី Twitter របស់លោក David Beasley ចូលមក​បកស្រាយ៖ «ខ្ញុំ​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​យើង​ពិត​ជាមាន​តម្លាភាព និង​ជា​សាធារណៈ​ទាំងស្រុង។ ភាគី​ខាង​លោក អាចធ្វើ​ការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ធានា​ចំពោះ​បញ្ហា​នេះ»។

    ប៉ុន្តែ នៅ​ខាងក្រោម​ការបកស្រាយរ​ប​ស់លោក David Beasley មាន​គណនី​មួយ​ដែលមាន​ឈ្មោះថា @CG បាន​បញ្ចេញមតិ​ថា៖ «ខ្ញុំ​ជឿជាក់ថា គាត់​នេះ​មិនមែន​រស់នៅក្នុង​ផ្ទះ​ដ៏​តូច​ដែលមាន​តម្លៃ​តែ 35,000 ដុល្លារ ដូច Elon Musk នោះទេ»៕