Author: សឿន សំណាង

  • រមណីយដ្ឋាន​អង្គរ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ជាទី​កន្លែង​ដែល​​ល្អ​បំផុត សម្រាប់​​ដំណើរ​​ទេសចរណ៍ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

    រមណីយដ្ឋាន​អង្គរ ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ជាទី​កន្លែង​ដែល​​ល្អ​បំផុត សម្រាប់​​ដំណើរ​​ទេសចរណ៍ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

    ដំណឹង​ខាងលើនេះ​គឺ​យោងតាម​ការស្ទង់មតិរ​បស់​ក្រុមហ៊ុន​ម​គ្គុ​ទេស​ទេសចរណ៍ Touropia ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

    រមណីយដ្ឋាន​ អង្គរ

    «នៅពេល​និយាយ​ដល់ទី​តាំង​បុរាណ អ្នក​ទេសចរណ៍​នឹងមិន​ចង់​រំលង​ចោល​រមណីយដ្ឋាន​អង្គរ នៅ​ខេត្តសៀមរាប ដែល​ស្ថិតនៅ​ភាគ​ខាងជើង នៃ ប្រទេស​កម្ពុជា សោះឡើយ។ រមណីយដ្ឋាន​អង្គរ បង្កប់​ទៅដោយ​វប្បធម៌​ដ៏សំខាន់ៗបំផុត​របស់​ពិភពលោក រួម​នឹង​ប្រាសាទអង្គរវត្ត​ដ៏​ធំ​សម្បើម ប្រាសាទបាយ័ន ដែលមាន​រូបព្រហ្ម​មុខ 4 ធំៗ និង​ប្រាសាទតាព្រហ្ម ជា​ប្រាសាទ​បែប​ព្រះពុទ្ធសាសនា ដែល​គ្របដណ្តប់​ដោយ​រុក្ខជាតិធំៗ និងខ្ពស់» Touropia រៀបរាប់​ដូច្នេះ។

    កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី

    ក្រៅពី​រមណីយដ្ឋាន​អង្គរ កម្ពុជា ក៏​នៅមាន​ខេត្ត ព្រះសីហនុ ផងដែរ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ 28 ខណៈ រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ 20។

    ឈូង​សមុទ្រហាឡុង នៃ​ ប្រទេស​វៀតណាម

    ចំណាត់ថ្នាក់​លេខ​ពីរ ក្នុងចំណោម​ទីកន្លែង​ល្អ​បំផុត សម្រាប់​ដំណើរ​ទេសចរណ៍ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ទៅលើ កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ចំណែក​ឆ្នេរសមុទ្រ​ហា​ឡុង នៃ​ប្រទេស​វៀតណាម បាន​ជាប់​លេខ​បី៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 3 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 3 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 1 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 85 នាក់
    – ជាសះស្បើយ​ថ្មី = 94 នាក់
    – ស្លាប់​ថ្មី = 7 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 85 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 76 នាក់
    – អ្នកដំណើរពីបរទេស 09 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,787 នាក់
    – អ្នកជាសះស្បើយ= 115,111 នាក់
    – អ្នកស្លាប់= 2,807 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 248,283,340 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 224,990,300 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,028,600 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,264,400 នាក់

  • រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​បើក​​​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ខណៈ​ដែល​​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ

    រាជធានី​ភ្នំពេញ ហាម​មិនឱ្យ​បើក​​​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ខណៈ​ដែល​​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ

    អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​រាជធានី អនុវត្ត​វិធានការ​នៃ​ការហាម​មិនឱ្យ​បើក​អាជីវកម្ម ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​​ដែល​ស្ថិត​នៅក្នុង​ភូមិ​សាស្ត្រ​​រាជធានី​ភ្នំពេញ។

    បទបញ្ជា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ ភ្នំពេញ នា​រសៀល​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 នៅ​សាលា​រាជធានី​ភ្នំពេញ។

    ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ​ហើយ ប៉ុន្តែ​ចំពោះ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺ​មិន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​នោះទេ ខណៈ​ភោជនីយដ្ឋាន និង​បៀរហ្គាឌិន ត្រូវបាន​អនុញ្ញាត។ ការដាក់​បម្រាម​នេះ ត្រូវបាន​អភិបាល​រាជធានី ពន្យល់ថា ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ គឺជា​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ COVID-19។

    ឯកឧត្តម អភិបាល ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ រៀបចំ អនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន ឱ្យបាន​ល្អ នៅពេល​ពួកគាត់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

  • ការពង្រឹង​តំណែង​ប្រទេស​ម៉ាឡេស៊ី ជា​ទិសដៅ​ថែទាំ​សុខភាព​ឈានមុខ​គេ​លើ​ពិភពលោក

    ការពង្រឹង​តំណែង​ប្រទេស​ម៉ាឡេស៊ី ជា​ទិសដៅ​ថែទាំ​សុខភាព​ឈានមុខ​គេ​លើ​ពិភពលោក

    ពី​ឈ្មោះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា គ្រាប់ពេជ្រ​ដែល​លាក់ខ្លួន​នៅ​អាស៊ី កំពុង​វិ​វត្ត​ខ្លួន​ទៅជា The World’s Healthcare Marvel ។ ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ម៉ាឡេស៊ី​បាន​កសាង​កេរ្តិ៍ឈ្មោះ​ដ៏​រឹងមាំ ដើម្បី​ក្លាយជា​ទិសដៅ​របស់​ភ្ញៀវ​ធ្វើដំណើរ​ទទួលយក​ការថែទាំ​សុខភាព ដែល​ជាទី​ទុកចិត្ត និង​មាន​សុវត្ថិភាព​បំផុត ឈានមុខ​គេ​ទូទាំង​ពិភពលោក។

    ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) គឺជា​ភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល នៅក្រោម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី (MOH) ផ្តល់​ការទុកចិត្ត​ដើម្បី​ជួយ​សម្រួល និង​ពង្រីក​វិស័យ ថែទាំ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី ក្រោម​ឈ្មោះ ‘Malaysia Healthcare’។

    ចាប់តាំងពី​ការបង្កើតឡើង​នៅក្នុង​ឆ្នាំ 2009 មក ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី MHTC បាន​ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​យ៉ាង​ទូលំទូលាយ ទូទាំង​ពិភពលោក រហូត​ធ្វើឱ្យ​ប្រទេស​ម៉ាឡេស៊ី​មានឈ្មោះ​ជា គ្រាប់ពេជ្រ​ដែល​លាក់ខ្លួន​នៅ​អាស៊ី (Hidden Jewel of Asia) ក្នុងការ​ថែទាំ​សុខភាព។ កេរ្តិ៍ឈ្មោះ​នេះ​បន្ត​អភិ​វ​ឌ្ឈ​ន៍ ចាប់ពី​ឆ្នាំ 2011 ដល់​ឆ្នាំ 2019 អ្នក​ទេសចរណ៍​ដែល​បាន​មកដល់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ទទួលយក​ការថែទាំ​សុខភាព បាន​កើន​ឡើងដល់ 90% ហើយ​នៅក្នុង​ឆ្នាំ 2019 ប្រាក់ចំណូល​ពី​វិស័យ​ថែទាំ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន 1.7 ពាន់​លាន​រីង​ហ្គី​ត ជាមួយនឹង​ការកើនឡើង​ក្នុង​តំបន់ 17% នៅ​ចន្លោះ​ឆ្នាំ 2015-2019។ នេះ​បានបង្ហាញ​ពី​វិសាលភាព និង​សក្តានុពល​របស់​ប្រទេស​ម៉ាឡេស៊ី អាច​ឈរ​ឈោះ្ម​ជា​ទិសដៅ​ថែទាំ​សុខភាព​ទូទាំង​ពិភពលោក The World’s Healthcare Marvel ។

    MHTC បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដែលជា​ដៃគូ​សហការ​ណ៍ និង​អ្នកផ្តល់​សេវាកម្ម ដោយ​ផ្ដោត​កាន់តែខ្លាំង​ទៅលើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ដើម្បី​លើក​កំពស់​ផ្នែក ថែទាំ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី ឆាក​អន្តរជាតិ។ មូលដ្ឋានគ្រឹះ​របស់ Malaysia Healthcare ត្រូវបាន​បង្កើតឡើង​យ៉ាងរឹងមាំ​លើ​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​រវាង រដ្ឋ និង​ឯកជន ពោលគឺ​រវាង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នានា រួមមាន​កន្លែង​ថែទាំ​សុខភាព​ឯកជន ភ្នាក់ងារ​ធានារ៉ាប់រង ក្រុមហ៊ុន​អាកាសចរណ៍ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារ​ប្រឹក្សា​និង​សម្របសម្រួល​ផ្នែក​សុខភាព​ជាដើម។

    ចក្ខុវិស័យ៖ ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយជា​ទិសដៅ​ធ្វើដំណើរ​ដើម្បី​ទទួលយក​ការថែទាំ​សុខភាព ឈានមុខ​គេ​ទូទាំង​ពិភពលោក។

    បេសកកម្ម៖ លើក​កំពស់​និង​និរន្តរភាព​វិស័យ​ថែទាំ​សុខភាព​ប្រទេស​ម៉ាឡេស៊ី​ទូទាំង​ពិភពលោក។

    បទពិសោធន៍​នៃ​ការធ្វើដំណើរ​ដើម្បី​ទទួលយក​ការថែទាំ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី

    ការធ្វើដំណើរ​ដើម្បី​ទទួលយក​ការថែទាំ​សុខភាព​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដោយ Ministry of Health ។

    ភាព​រីកចំរើន​ជា​បន្ត​បន្តា​ប់​លើ​វិស័យនេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី​អាច​ឈរឈ្មោះ​លើ​ឆាក​អន្តរជាតិ ទាំង​គុណភាព និង​ស្តង់ដា​លំដាប់​ពិភពលោក ដែល​ផ្តល់​ភាពងាយស្រួល និង ផ្តល់នូវ​តំលៃ​សមរម្យ។ ប្រទេស​ម៉ាឡេស៊ី ជា​ទិសដៅ​ដែល​ពេញនិយម​បំផុត​ក្នុងការ​ធ្វើដំណើរ ដើម្បី​ទទួលយក​ការថែទាំ​សុខភាព​ដ៏​ល្អឥតខ្ចោះ ដោយ​ឈរលើ​គោល​ការ​ណ៏​សុវត្ថិភាព​ក៏ដូចជា​សុខភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ​ជា​ចំបង។ ប្រទេស​ម៉ាឡេស៊ី ឈរលើ​យុទ្ធសាស្ត្រ​ប្រទេស​កាន់សាសនា​ឥស្លាម ដែល​ផ្តល់នូវ​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​កក់ក្តៅ នេះ​ក៏​ជា​ផ្នែក​ទាក់ទាញ​មួយ​ដែល​ជួយ​ជំរុញ​ភាពលេច​ធ្លោ​លើ​វិស័យ​ថែទាំ​សុខភាព​ផងដែរ។

    ការទទួលស្គាល់​ជា​សកលលោក

    នេះ​ជា​មោទនភាព​ជាតិ និង​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការដាក់​ប្រទេស​ម៉ាឡេស៊ី​ឈរឈ្មោះ​ជា​គោលដៅ​ទេសចរណ៍​ផ្នែក​ថែទាំ​សុខភាព​ឈានមុខ​គេ​នៅលើ​ឆាក​អន្តរជាតិ

    • International Medical Travel Journal Awards (2015-2020)
      • Health and Medical Tourism: Destination of the year – Malaysia
      • Health and Medical Tourism: Cluster of the year – Malaysia Healthcare Travel Council
    • Best country in the World for Healthcare (2015-2019) by International Living
    • Top Asian Country for Retirement (2018-2021) by International Living

    សេវាកម្ម​ដ៏​ល្អឥតខ្ចោះ

    សេវាកម្ម​មើលថែ​អ្នកជំងឺ​ដ៏​ល្អឥតខ្ចោះ​គឺជា​ផ្នែក​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ដ៏​ជោគ​ជ​យ័ រវាង​ដៃគូ​សហការ​នានា​ទាំង​រដ្ឋ និង​ឯកជន។ ការសហការ​ណ៍​គ្នា​ជាមួយ​ដៃគូ​នៅ​គ្រប់ផ្នែក ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​ភ្ញៀវ​និង​អ្នកជំងឺ រួមមាន​ការធ្វើដំណើរ​មក​ព្យាបាល ពេលមកដល់ និង​សូម្បីតែ​ពេលធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​វិញ ។ Malaysia Healthcare ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកសម្របសម្រួល​ផ្នែក​ថែទាំ​សុខភាព ក៏ដូចជា​ភ្នាក់ងារ និង​អ្នកតំណាង​ទីផ្សារ​ប្រចាំ​តំបន់​របស់​យើង រួមទាំង​ប្រទេស​ចិន ឥណ្ឌូនេស៊ី និង​វៀតណាម​ផងដែរ។ ទាំងនេះ​គឺ​ដើម្បី​ធានាបាន​ថា តម្រូវការ​របស់​អ្នកជំងឺ ត្រូវបាន​ថែទាំ​យ៉ាង​ល្អ​បំផុត។

    បង្កើន​ភាពរឹងមាំ សម្រាប់​ទេសចរណ៍​ថែទាំ​សុខភាព

    ជំងឺ​កូ​វីដ១៩ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​គ្រប់​វិស័យ រួមទាំង​វិស័យ​ថែទាំ​សុខភាព​ផងដែរ។ ក្រុមប្រឹក្សា​ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី MHTC កំពុងធ្វើការ​យ៉ាងសកម្ម​លើ​ផែនការ​ស្តារឡើងវិញ​លើ​វិស័យនេះ ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព​របស់​ម៉ាឡេស៊ី។ ទាំងនេះ​រួមបញ្ចូល ទាំង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុងការ​ផ្សព្វផ្សាយ ដើម្បី​ប្រាកដថា MHTC ត្រូវបាន​ស្គាល់​កាន់តែច្រើនឡើង។

    ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព គឺ​ពឹង​ផ្អែកលើ​កត្តាផ្សេងៗមានដូចជា សន្ទុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស និង​ជាស​កល ក៏ដូចជា​ការបើក​ព្រំដែន​ឡើងវិញ និង​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​ក្នុងការ​ធ្វើដំណើរ។ យើង​ផ្ដល់​អទិភាព​ទៅលើ​ការពង្រីក​វិសាលភាព​លើ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព​អោយ​កាន់តែ​ល្បី និង​ជាទី​ពេញនិយម តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រសើរឡើង និង​ការអភិវឌ្ឍ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​របស់​យើង​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ដ៏​ល្អឥតខ្ចោះ និង​ឈានមុខ​គេ​លើ​វិស័យ​ទេសចរណ៍​ថែទាំ​សុខភាព​ឱ្យបាន​ក្នុង​ឆ្នាំ២០២។   មធ្យោបាយ​មួយ​ក្នុងចំនោម​ផែនការ​ណ៍​គោល​របស់​យើង គឺ​ការ​អភិវឌ្ឃន៍​លើ​ការផ្តល់ជូន​ដែល​យើង​កំពុងមាន និង​ប្រើ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ដូចជា៖

    ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយជា​ទិសដៅ​ទេសចរណ៍​ថែទាំ​និង​ព្យាបាល​ជំងឺ​បេះដូង និង​ការ​គ្មាន​បុត្រ ប្រចាំ​តំបន់​អាស៊ី៖

    មជ្ឈមណ្ឌល​ព្យាបាល​ការ​គ្មាន​បុត្រ អាស៊ី

    មជ្ឈមណ្ឌល​ព្យាបាល​ការ​គ្មាន​បុត្រ​ធីតា​របស់​យើង ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត និង​អ្នកជំនាញ​ពោរពេញ​ដោយ​បទពិសោធន៍ ផ្នែក​អំប្រ៊ីយ៉ុង ដែល​នឹង​ផ្តល់ជូន​ការព្យាបាល​ក្នុងតម្លៃ​សមរម្យ។ ការគ្រប់គ្រង​ដ៏​ល្អ​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី ក៏បាន​ផ្តល់នូវ​គោលនយោបាយ​មួយចំនួន ដែល​ជួយ​សម្រួល​ដល់​អ្នកធ្វើដំណើ​រ​ផ្នែក​ថែទាំ​សុខភាព​ដើម្បី​ទទួលយក​ការព្យាបាល​បញ្ហា​ការ​គ្មាន​គភ៌។

    មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​បេះដូង អាស៊ី

    ប្រវត្តិ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុងការ​ព្យាបាល​ជំងឺ​បេះដូង គឺ​បាន​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​សមាគមន៍​បេះដូង​ជាតិ​ម៉ាឡេស៊ី និង​ក្រសួងសុខាភិបាល។ ភាពជា​ដៃគូ​នេះ​បាន​នាំមក​នូវ​ការអភិវឌ្ឍន៍ ស្រាវជ្រាវ លើ​ការថែទាំ​និង​ព្យាបាល​ជំងឺ​ទាក់ទង​នឹង​បេះដូង ព្រមទាំង​អភិវឌ្ឍន៍​គុណភាព​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ពង្រឹង​ជំនាញ​របស់​យើង​ក្នុង​វិស័យនេះ។

    ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយជា​មជ្ឈមណ្ឌល​ឯកទេស​ថែទាំ​និង​ព្យាបាល​ជំងឺមហារីក

    អ្នកធ្វើដំណើរ​ស្វែងរក​ការព្យាបាល​ជំងឺមហារីក​ជាច្រើន​នាក់ បាន​ទទួលយក​ការព្យាបាល​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​មន្ទីរពេទ្យ​នៅទីនេះ ផ្តល់​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ផ្នែក​មហារីក រាប់​ចាប់តាំងពី​ការ​ផ្ដិត​យក​រូបភាព​ជាក់ស្តែង​យ៉ាង​លម្អិត រហូតដល់​បច្ចេកវិទ្យា​ស្វែងរក​ដុំ​សាច់​មហារីក ទាំងនេះ​គឺ​ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការព្យាបាល​របស់​អ្នកជំងឺ។

    កម្មវិធី​វេជ្ជសាស្ត្រ​ទេសចរណ៍​សហប្រជាជាតិ

    កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​ទម្រង់​មន្ទីរពេទ្យ​ដែលជា​សមាជិក​របស់​យើង តាមរយៈ​ការផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដល់​អ្នកជំងឺ និង​បង្កើត​ទីតាំង​រួមមួយ​ដើម្បី​ជា​ចំណុច​សម្គាល់​ទៅកាន់​អន្តរជាតិ ក្នុងការ​ទទួលយក​សេវាកម្ម​ថែទាំ​សុខភាព​លំដាប់​ពិភពលោក  ដោយ​ឈរលើ​មូលដ្ឋាន​ឧត្តមភាព​នៃ​សេវា​វេជ្ជសាស្ត្រ ការអនុវត្ត​ល្អ​បំផុត និង​ឈរឈ្មោះ​ជា​អន្តរជាតិ។

    ការដាក់​ប្រទេស​ម៉ាឡេស៊ី​ជា​គោលដៅ​ក្នុង​ការថែទាំ​មនុស្ស​ចាស់

    ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេសមួយ​ដែល​ឈរលើ​តារាង​កំពូល​ដែលមាន​អត្រា​ប្រជាជន​ចូលនិវត្តន៍ ច្រើនជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​ជា​កត្តា​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​មានបំណង​ស្វែងរក​ការ​ថែ​រទាំ​សុខភាព​ដ៏​ល្អឥតខ្ចោះ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​បាន​បំពាក់​នូវ​សម្ភារៈ  បរិក្ខារ​ពេទ្យទំនើបៗ ស្តង់ដា​អន្តរជាតិ។

    តាមរយៈ​អត្តសញ្ញាណ​ពិសេស​ទាំងអស់នេះ រួមទាំង​ចំណុច​សំខាន់​ក្នុងចំណោម​ចំណុចផ្សេងៗជាច្រើន​ទៀត យើង​ជឿជាក់ថា ប្រទេស​ម៉ាឡេស៊ី​នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុងចំណោម​ទីតាំង​ផ្សេងទៀត​លើ​សកលលោក ដែលជា​ទិសដៅ​ឈានមុខ​គេ​ក្នុង​ពិភពលោក​ក្នុង​ផ្នែក​ថែទាំ​សុខភាព ដោយ​ពង្រឹង​តួនាទី​របស់​យើង​ជា The World’s Healthcare Marvel ។

  •  វ៉ាក់សាំង​បង្ការ​ COVID-19 នាពេល​អនាគត អាច​គ្រាន់តែ​ជា «បង់​បិទ​លើ​ស្បែក»

     វ៉ាក់សាំង​បង្ការ​ COVID-19 នាពេល​អនាគត អាច​គ្រាន់តែ​ជា «បង់​បិទ​លើ​ស្បែក»

    វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ដូច​ទៅនឹង​ឧបករណ៍​បិទ​លើ​ស្បែក អាច​ឱ្យជួយ​មនុស្ស​ក្នុង​ពិភពលោក ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​ងាយស្រួល។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី កំពុង​ស្រាវជ្រាវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មួយ​ប្រភេទ ដែល​អាច​រក្សាទុក​ក្នុង​សីតុណ្ហភាព​បន្ទប់ និង​អាច​ប្រើប្រាស់​ដោយ​មិនចាំបាច់​ប្រើ​ម្ជុលចាក់​ដូច​សព្វថ្ងៃ។ ព័ត៌មាន​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Scientific Advances។

    ប្រភពព័ត៌មាន​ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ​មួយក្រុម​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បាន​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​សម្រាប់​បិទ​លើ​ស្បែក។ វា​ជា​ឧបករណ៍​តូច​មួយ មាន​រាង​ជា​រង្វង់​មូល​សំប៉ែត បិទ​ភ្ជាប់​លើ​កំភួនដៃ​ផ្នែក​ខាងលើ។ បន្ទះ​បិទ​នេះ​មាន​ទំហំ 7×7 ម.ម។ នៅលើ​វា​មាន​ក្បាល​ម្ជុល​ចំនួន 5,000 ដែលមាន​តួនាទី​បញ្ជ្រាប​វ៉ាក់សាំង​ចូលទៅក្នុង​ស្រទាប់​ស្បែក។

    មិន​ដូច​ទៅនឹង​ម្ជុលចាក់​ថ្នាំ​បច្ចុប្បន្ន ក្បាល​ម្ជុល​ចំនួន 5,000 នេះ មាន​រូបរាង​ល្អិត​ខ្លាំង ដូច្នេះ វា​មិន​បឺត​ឈាម ឬ​ប៉ះពាល់​ដល់​ក្បាល​សរសៃវិញ្ញាណ​ដែលនាំឱ្យ​មាន​អារម្មណ៍​ឈឺ​នោះឡើយ។

    បច្ចេកវិទ្យា​នេះ ត្រូវបាន​គេ​ហៅថា បង់​ម្ជុល​ល្អិត (microneedle) ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បញ្ចូល​ថ្នាំ អាំង​សូលី​ន ឱ្យ​អ្នកជំងឺ​ទឹកនោម​ផ្អែក និង​ថ្នាំ​ដទៃទៀត។ វ៉ាក់សាំង​បង់​ម្ជុល​ល្អិត​នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Queensland រចនា​ឡើង​ដើម្បី​ការពារ​មនុស្ស​ពី​ជំងឺ COVID-19 ប៉ុន្តែ មកដល់​បច្ចុប្បន្ន វា​ទើបតែ​ត្រូវបាន​ពិសោធ​នៅលើ​កណ្ដុរ​ប៉ុណ្ណោះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍ​វ៉ាក់សាំង​ខាងលើនេះ ដោយ​វិធី​ស​ម្ងួ​ត​ពិសេស ដើម្បី​កែប្រែ​ប្រូតេអ៊ីន​បន្លា​នៅលើ COVID-19 ឱ្យទៅជា​ទម្រង់​ម្សៅ។ ក្រោយមក ពួកគេ​យក​ម្សៅ​នេះ​ទៅ​លាប​លើ​ក្បាល​ម្ជុល​ល្អិត។

    ក្នុងការ​ពិសោធ ក្រុម​ស្រាវជ្រាវ​រកឃើញថា បង់​បិទ​វ៉ាក់សាំង​នេះ​នៅតែ​មានគុណ​ភាពល្អ​ដដែល​ក្នុង​រយៈពេល​មួយខែ នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ និង​ឡើងដល់​មួយ​សប្ដាហ៍​ពេល​ដាក់​ក្នុង​សីតុណ្ហភាព 40 អង្សា​សេ។ ការពិសោធ​លើ​កណ្ដុរ​បង្ហាញថា បង់​បិទ​វ៉ាក់សាំង​នេះ​បង្កើតបាន​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង COVID-19 ខ្ពស់ជាង ធៀប​នឹង​វ៉ាក់សាំង​ដែល​ចាក់​ដោយ​ម្ជុល​ធម្មតា។

    David Muller ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​នៅក្នុង​ក្រុម​ខាងលើ និង​ជា​អ្នកឯកទេស​ជាន់ខ្ពស់​មួយរូប​នៅ​សាកលវិទ្យាល័យ Queensland ឱ្យដឹងថា៖ «យើង​បានទទួល​នូវ​ការឆ្លើយតប​ដ៏​អស្ចារ្យ»៕

  • រដ្ឋាភិបាល​ចិន ណែ​នាំឱ្យ​ពលរដ្ឋ​ទិញ​ទំនិញ​ចាំបាច់​ទុក​ប្រើប្រាស់ បំណង​​បង្ការ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស COVID-19

    រដ្ឋាភិបាល​ចិន ណែ​នាំឱ្យ​ពលរដ្ឋ​ទិញ​ទំនិញ​ចាំបាច់​ទុក​ប្រើប្រាស់ បំណង​​បង្ការ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស COVID-19

    រដ្ឋាភិបាល​ចិន បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​របស់ខ្លួន ទិញ និង​រក្សាទុក​របស់រ​បរ​ប្រើប្រាស់​ចាំបាច់ នៅក្នុង​គ្រា​ដែល​ប្រទេស​នេះ​បង្កើន​វិធានការ​ទប់ស្កាត់​រលក​នៃ​ការផ្ទុះ​ឆ្លង​វីរុស COVID-19 ជាថ្មី។

    សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃទី 1 វិច្ឆិកា បានចេញ​ផ្សាយ​ថា ក្រសួងពាណិជ្ជកម្ម​រប​ស់​ប្រទេស​ចិន បង្ហោះ​សេចក្ដីប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ ស្នើឱ្យ «គ្រួសារ​ទាំងឡាយ រក្សាទុក​ទំនិញ​ចាំបាច់​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ និង​បន្ទាន់»។ ការណែនាំ​នេះ មិនបាន​និយាយ​អំពី​មុខទំនិញ​ណាមួយ​ជាក់លាក់​នោះទេ។

    ប្រកាស​ខាងលើ​ក៏បាន​ស្នើឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផលិត​កសិក​ផល ការរក្សា​ប្រភព​ផ្គត់ផ្គង់​ឱ្យបាន​ល្អ ការធានា​លើ​ការរក្សា​ទុក​ស្បៀង​ក្នុង​តំបន់ និង​រក្សា​តម្លៃ​ឱ្យមាន​លំនឹង។ សារព័ត៌មាន​រដ្ឋ​ចិន កាលពី​ថ្ងៃទី 1 វិច្ឆិកា បាន​ផ្សាយ​ថា បន្លែ​ចំនួន 28 ប្រភេទ បាន​ឡើងថ្លៃ 16% ធៀប​នឹង​ខែ​មុន។

    ប្រទេស​ចិន គ្រប់គ្រង​វិបត្តិ COVID-19 ក្នុងស្រុក​បានល្អ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជាច្រើន ដូចជា ការបិទទ្វារ​ព្រំដែន ការបិទ​ខ្ទប់​គោលដៅ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​យូរ។ ប្រទេស​នេះ​កំពុង​បង្កើន​ការអនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ថ្មី ពិសេស នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា 2022 (2022 Winter Olympics) ដែល​គ្រោង​នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2022។

    វិធានការ​តឹងរ៉ឹង បាន​ជួយ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ មាន​ត្រឹមតែ​ខ្ទង់​រាប់សិប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 97,314 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 4,636 នាក់ និង​កំពុង​ព្យាបាល​ចំនួន 912៕

  • CDC របស់ អាម៉េរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer ដល់​កុមារ​អាយុ​ពី 5-11 ឆ្នាំ

    CDC របស់ អាម៉េរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer ដល់​កុមារ​អាយុ​ពី 5-11 ឆ្នាំ

    ក្រុមមន្ត្រី​សុខាភិបាល​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ប្រទេស​នេះ​អាច​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ពី​ថ្ងៃទី 8 វិច្ឆិកា បន្ទាប់ពី​ត្រូវបាន​អនុម័ត​ជា​ចុងក្រោយ​រួចមក។

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ស្ដីពី​ការចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ បន្ទាប់ពី​បាន​រកឃើញថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប​បើ​ធៀប​នឹង​ហានិភ័យ។

    មុន​នោះ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ អាម៉េរិក បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer/BioNTech សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ។ ដូច្នេះ ពេលនេះ សហរដ្ឋ​អាម៉េរិក អាច​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ រដ្ឋាភិបាល​អាម៉េរិក បានឱ្យដឹងថា បាន​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​រួចហើយ និង​កំពុង​បែងចែក​ទៅតាម​តំបន់​នានា​នៅ​ទូទាំងប្រទេស៕

  • មូលនិធិ​​មហា​សេដ្ឋី​ Jeff Bezos និង Rockefeller រួម​នឹង​ក្រុម​កំពូល​អ្នកមាន ប្រកាស​បរិច្ចាគ​រាប់សែន​លាន​ដុល្លារ ដើម្បី «សង្គ្រោះ​ពិភពលោក»

    មូលនិធិ​​មហា​សេដ្ឋី​ Jeff Bezos និង Rockefeller រួម​នឹង​ក្រុម​កំពូល​អ្នកមាន ប្រកាស​បរិច្ចាគ​រាប់សែន​លាន​ដុល្លារ ដើម្បី «សង្គ្រោះ​ពិភពលោក»

    មូលនិធិ​របស់​ត្រកូល Rockefeller, មហាសេដ្ឋី Jeff Bezos និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធ​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ពិភព​ផែនដី ក្នុង​បំណង​ជួយ​ដល់​រដ្ឋាភិបាល​នានា និង​ក្រុម​អ្នកមាន អាចរួមចំណែក ជំរុញ​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។

    នៅក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និសីទ​ស្ដីពី​អាកាសធាតុ​របស់ អង្គការសហប្រជាជាតិ (COP26) ក្រុម​សប្បុរសជន បាន​សន្យាថា​នឹង​បរិច្ចាគ​ថវិកា ដើម្បី​គោលដៅ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងនោះ មូលនិធិ​របស់​ត្រកូល Rockefeller និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធភាព​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ផែនដី។

    អង្គការ​ខាងលើ រួម​នឹង​ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័ន​អភិវឌ្ឍ​ពហុ​គោលដៅ ចំនួន 8 ផ្សេងទៀត នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា 10 ពាន់​លាន​ដុល្លារ​ដំបូង ដើម្បី​ធ្វើការ​សាកល្បង​នូវ​យុទ្ធសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មី ក្នុងទិសដៅ​ជួយ​ដល់​ការអភិវឌ្ឍ​ថាមពល​ប្រើប្រាស់​ឡើងវិញ​នៅលើ​ពិភពលោក។ បណ្ដា​តំបន់​ដែល​នៅមាន​ការរារែក​ក្នុងការ​ប្ដូរផ្លាស់​មកប្រើប្រាស់​ថាមពល​ស្អាត នឹង​ទទួលបាន​ការជំរុញ​ខ្លាំងក្លា។ នៅពេល​ដំណាក់កាល​ដំបូង​មាន​ប្រសិទ្ធភាព ពួកគេ​គ្រោង​នឹង​ទូទាត់​ខ្ទង់​វិនិយោគ មួយ​សែន​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ពង្រីក​ផែនការ។

    មហាសេដ្ឋី Bezos នៅក្នុងសន្និសីទ COP26

    ក្នុង​គ្រា​នោះដែរ មូលនិធិ Bezos Earth Fund បានឱ្យដឹងថា នឹង​ផ្ដល់ជំនួយ 500 លាន​ដុល្លារ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ខាងលើ។ ក្រៅពីនេះ មូលនិធិ​នេះ​ក៏​សន្យា​បរិច្ចាគ​បន្ថែម 1 ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​ជួយ​ឱ្យ​ធម្ម​ជាតិរស់​ឡើងវិញ មានដូចជា​ការដាំ​ដើមឈើ និង​ការ​ពង្រ​ស់​ស្មៅ​នៅតាម​ទីវាល។ល។ រួម​នឹង​ខ្ទង់​ថវិកា​ប្រហាក់ប្រហែល​ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀងអាហារ ដោយ​ការបង្កើន​ផលិតភាព​កសិផល ប៉ុន្តែ​នៅតែ​ធានា​ឱ្យបាន​ថា ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​កាត់បន្ថយ។

    កម្មវិធី​ខាងលើ​ត្រូវ​ប្រកាស​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍ COP26 ដែល​ត្រូវបាន​ធ្វើឡើង​នៅ Glasgow ប្រទេស​ស្កុ​ត​ឡេ​ន។ គោលដៅ​របស់ COP26 គឺ​បង្កើន​ការសន្យា​កាលពី​ឆ្នាំ 2009 របស់​បណ្ដា​ប្រទេស​អ្នកមាន ក្នុងការ​ផ្ដល់ជំនួយ​ស​ម្រា​ប់​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ជាមួយនឹង​ខ្ទង់ចំណាយ មួយ​សែន​លាន​ដុល្លារ/ឆ្នាំ៕

  • ប្រធាន​​ម្នាក់​​របស់​អង្គ​ការ​សហប្រជាជាតិ​ សុំ​​ជួប​ Elon Musk ដោយផ្ទាល់ សម្បី​តែ​នៅ​ទី​អវកាស ដើម្បី​រៀបរាប់​អំពី ប្រាក់ 6 ពាន់​លាន​ដុល្លារ​នឹង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​ដោយ​វិធី​ណា

    ប្រធាន​​ម្នាក់​​របស់​អង្គ​ការ​សហប្រជាជាតិ​ សុំ​​ជួប​ Elon Musk ដោយផ្ទាល់ សម្បី​តែ​នៅ​ទី​អវកាស ដើម្បី​រៀបរាប់​អំពី ប្រាក់ 6 ពាន់​លាន​ដុល្លារ​នឹង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​ដោយ​វិធី​ណា

    ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​នៅលើ​បណ្ដាញ​សង្គម​នាពេល​កន្លង ថ្មីៗនេះ ប្រធាន​មួយរូប​របស់​អង្គការសហប្រជាជាតិ បានស្នើ​សុំ​ជួប​មុខ​មហាសេដ្ឋី Elon Musk ដោយផ្ទាល់ ដើម្បី​អធិប្បាយ​អំពី​របៀប​នៃ​ការប្រើប្រាស់​ថវិកា 6 ពាន់​លាន​ដុល្លារ ក្នុងការ​សង្គ្រោះ​ប្រជាជន​រាប់លាន​នាក់​ដែល​កំពុង​រងគ្រោះ​ទុរភិក្ស។

    ការឆ្លង​ឆ្លើយ​គ្នា​រវាង​លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់ អង្គការសហប្រជាជាតិ ជាមួយនឹង​មហាសេដ្ឋី Elon Musk បានចាប់ផ្ដើម​ដោយ​កិច្ច​សម្ភាស​របស់លោក Beasley ជាមួយនឹង CNN ដែល​កាលណោះ​លោក​បាន​និយាយថា៖ ក្រុម​មហាសេដ្ឋី​គួរតែ​បរិច្ចាគ​នៅពេលនេះ និង​តែម្ដង​គត់។ 42 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន 42 លាន​នាក់ ដែលជា​អ្នកនឹង​ត្រូវស្លាប់ បើសិន​យើង​មិនបាន​ជួយ​ពួកគេ។ រឿងនេះ​មិន​ស្មុគស្មាញ​ឡើយ។

    ក្រោយមក មហាសេដ្ឋី Elon Musk ដែលមាន​ទ្រព្យ​ប្រមាណ​ជិត 289 ពាន់​លាន​ដុល្លារ បាន​បង្ហោះ​សារ​នៅលើ Twitter ថា៖ បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

    ភ្លាមនោះ លោក David Beasley ក៏​ចូលមក​ឆ្លើយឆ្លង ដោយ​អះអាងថា លោក​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​ស្ថាប័ន​នេះ មាន​តម្លាភាព ហើយ​ថា ក្រុម​របស់លោក Musk អាច​ពិនិត្យ និង​ធ្វើការ​ជាមួយ​ក្រុម​របស់លោក​បាន។

    មកដល់​ថ្ងៃនេះ លោក Beasley បន្ត​ឆ្លើយឆ្លង​ជាមួយ​លោក Elon Musk។ លើក​នេះ លោក​បាន tag គណនី Twitter របស់លោក Elon Musk ចូលក្នុង​សារ​របស់លោក ហើយ​ប្រាប់ថា៖ «ជំនួស​ឱ្យ​ការ​បង្ហោះ​សារ​ឆ្លើយឆ្លង សូម​អនុញ្ញាតឱ្យ​ខ្ញុំ​អធិប្បាយ​ឱ្យ​លោក​បាន​ជ្រាប។ ខ្ញុំ​ត្រៀមខ្លួន​សម្រាប់​ជួប​លោក​នៅ​គ្រប់កន្លែង​ក្នុង​ពិភពលោក សូម្បីតែ​នៅ​ទី​អវកាស។ ប៉ុន្តែ ខ្ញុំ​យល់ថា ល្អ​បំផុត​គឺ​នៅ​កន្លែង​ដែល​លោក​អាច​មើលឃើញ​បុគ្គលិក សកម្មភាព ដំណើរការ និង​បច្ចេកវិទ្យា​របស់ WFP ប្រព្រឹត្ត​ទៅដោយ​របៀប​ណា។ ខ្ញុំ​នឹង​នាំយក​គម្រោង​នោះ​ទៅ​ជំរាបជូន​លោក»។

    នៅ​ខាងក្រោម​អត្ថបទ​របស់លោក David Beasley ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter បច្ចុប្បន្ន មាន​មតិ​ស្រប និង​ផ្ទុយ​ជាច្រើន៕

  • សិស្សានុសិស្ស អាច​ប្រើប្រាស់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង ចៀសវាង​ការបាត់បង់​ច្បាប់ដើម

    សិស្សានុសិស្ស អាច​ប្រើប្រាស់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង ចៀសវាង​ការបាត់បង់​ច្បាប់ដើម

    សារ​សំឡេង​ពិសេស​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​ការប្រើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង​សម្រាប់​សិស្សានុសិស្ស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2021 បន្ទាប់ពី​មានការ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្រោយពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ជុំទីមួយ​ទទួលបាន​ជោគជ័យ។

    នៅក្នុង​សារ​ជា​សំឡេង​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ រៀបចំ​អនុញ្ញាត​ឱ្យប្រើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង​សម្រាប់​សិស្សានុសិស្ស​យកទៅ​សាលារៀន​ដើម្បី​ការពារ​ការបាត់បង់ ឬ​ខូចខាត​ច្បាប់ដើម​នៃ​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

    https://www.youtube.com/watch?v=n-bb3TsfjiU

    ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី 1 ខែវិចិ្ឆកា ឆ្នាំ 2021​ រួម​មាន​៖

    – អាយុ 6 ឆ្នាំ​ – 11 ឆ្នាំ = 101.46%
    – អាយុ 12 – 17 ឆ្នាំ = 97.93%
    – អាយុ 18 ឆ្នាំ ឡើងទៅ = 100.05%