Author: សឿន សំណាង

  • មួយថ្ងៃ​ចាយ​អស់ 10,000 ដុល្លារ! តើ​អ្នក​នឹងត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទើប​ចាយ​អស់ប្រាក់​របស់​មហាសេដ្ឋី Elon Musk?

    មួយថ្ងៃ​ចាយ​អស់ 10,000 ដុល្លារ! តើ​អ្នក​នឹងត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ទើប​ចាយ​អស់ប្រាក់​របស់​មហាសេដ្ឋី Elon Musk?

    បើ​និយាយ​ឱ្យលើស​បន្តិច ប្រាក់​ទាំងអស់​របស់​ម​ហា​សេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក លោក Elon Musk បើ​ទោះ​យកទៅ​ដុត​ក៏​មិន​ងាយ​នឹង​អស់​ដែរ។

    ក្នុងពេល​បច្ចុប្បន្ន លោក Elon Musk គឺជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ជាមួយនឹង​ទ្រព្យ​ជាង 300 ពាន់​លាន​ដុល្លារ​អាម៉េរិក (ជាក់ស្ដែង​គឺ 315.6 ពាន់​លាន​ដុល្លារ) លោក Musk មាន​ជាង​មហាសេដ្ឋី Jeff Bezos រហូតដល់ 100 លាន​ដុល្លារ​អាម៉េរិក។

    ប៉ុន្តែ តើ​ប្រាក់​ចំនួន 315 ពាន់​លាន​ដុល្លារ ច្រើន​ដល់​កម្រិតណា? បើសិនជា​ប្រាក់​ចំនួន 315 ពាន់​លាន​ដុល្លារ​ខាងលើ​ជា​របស់​អ្នក ហើយ​ក្នុង​មួយថ្ងៃ អ្នក​ចាយ​អស់ 10,000 ដុល្លារ តើ​អ្នក​នឹងត្រូវ​ប្រើពេល​ប៉ុន្មាន​ឆ្នាំ ដើម្បី​ចាយ​ឱ្យអស់​ប្រាក់​នេះ?

    តាម​ការ​គណនា អ្នកនឹង​ត្រូវ​ប្រើពេល​ប្រមាណ​រហូតដល់​ជាង 315,00,000 ថ្ងៃ ដែល​ស្មើនឹង 86,300 ឆ្នាំ ទើប​អាច​ចាយ​អស់ប្រាក់​ចំនួន 315 ពាន់​លាន​ដុល្លារ​នេះ។ សូមបញ្ជាក់ថា តួលេខ​នេះ គ្រាន់តែ​ជាការ​គណនា​ក្រៅផ្លូវការ​ប៉ុណ្ណោះ ហើយ​វា​អាស្រ័យទៅលើ​តម្លៃពិត​នៃ​ទ្រព្យ​របស់​មហាសេដ្ឋី Elon Musk។

    មហាសេដ្ឋី Elon Musk (Elon Reeve Musk FRS) មាន​សញ្ជាតិ​ចំនួន 3 គឺ អាម៉េរិក កាណាដា និង​អាហ្វ្រិក​ខាងត្បូង។ បច្ចុប្បន្ន លោក​មាន​អាយុ 50 ឆ្នាំ។ លោក Musk តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​សាធារណជន មិន​ថា​នៅលើ​បណ្ដាញ​សង្គម មិន​ថា​នៅលើ​ទំព័រសារព័ត៌មាន។ លោក​គឺជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អវកាស SpaceX និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla៕

  • ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 35 ឆ្នាំ ក្លាយជា​អភិបាលក្រុង នៅ សហរដ្ឋ​អាម៉េរិក

    ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 35 ឆ្នាំ ក្លាយជា​អភិបាលក្រុង នៅ សហរដ្ឋ​អាម៉េរិក

    លោកស្រី Michelle Wu អាយុ 35 ឆ្នាំ ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាស៊ី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ក្រោយពី​ជិត 200 ឆ្នាំ ដែល​ទីក្រុង​នេះ​ជ្រើសរើស​មេដឹកនាំ​ជា​បុរស​ស្បែ​កស។

    លោកស្រី Michelle Wu សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែល​បាន​យកឈ្នះ​លើ​គូប្រជែង Annissa Essaibi George មកពី​បក្ស​ជាមួយគ្នា កាលពី​ថ្ងៃទី 2 វិច្ឆិកា ក្លាយជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ដែលជា​ក្រុង​រដ្ឋបាល​របស់​រដ្ឋ Massachusetts។ លោកស្រី Wu នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

    Essaibi George ក៏បាន​ទទួលស្គាល់​បរា​ជ័យ​របស់ខ្លួន និង​បាន​អបអរ​លោកស្រី Wu ដែល​ក្លាយជា​ស្ត្រី ក៏ដូចជា​ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី ដំបូង​គេ ដែល​បាន​ជាប់ឆ្នោត​ជា​អភិបាលក្រុង Boston។

    ការសន្យា​ពីរ​ចំនុច​ដែល​ប្រកបដោយ​មហិច្ឆតា​ជាងគេ​របស់​លោកស្រី Wu គឺ​ការផ្ដោត​ទៅលើផ្ទះ​សម្បែង និង​ចរាចរណ៍​សាធារណៈ ដែលជា​បញ្ហា​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាង 675,000 នាក់​នៅក្នុង​ទីក្រុង​នេះ។ ឧបសគ្គ​ផ្សេងទៀត​ដែល​លោកស្រី​ត្រូវ​ប្រឈម រួមមាន បញ្ហា​អប់រំ សង្គ្រាម​ប្រឆាំង COVID-19 និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

    លោកស្រី Wu មាន​ឱ​ពុក ម្ដាយ​ជា​ជនអន្តោប្រវេសន៍​មកពី កោះ​តៃវ៉ាន់។ លោកស្រី​ធំ​ឡើង​នៅ Chicago និង​បាន​ទៅ​រស់នៅក្នុង​ទីក្រុង Boston ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard។ លោកស្រី​ធ្លាប់ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ដំបូង​គេ​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង Boston កាលពី​ឆ្នាំ 2013 នៅក្នុង​វ័យ 28 ឆ្នាំ ហើយ 3 ឆ្នាំ​បន្ទាប់ លោកស្រី​ក៏បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង៕

  • 3 ជំហាន​ត្រូវអនុវត្ត ដើម្បី​អាចធ្វើ​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​បាន នៅ​ឆ្នាំ 2040 (វីដេអូ)

    3 ជំហាន​ត្រូវអនុវត្ត ដើម្បី​អាចធ្វើ​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​បាន នៅ​ឆ្នាំ 2040 (វីដេអូ)

    ដើម្បី​អាច​រស់​នៅលើ​ភព​ព្រះ​អង្គារ​បាន មនុស្សលោក​ត្រូវ​រក​វិធី​សុវត្ថិភាព​ដើម្បី​ហោះ​ឡើងទៅ​កាន់​ឋាន​មួយ​នេះ រួច​បង្កើត​ខ្យល់​អុកស៊ីសែន និង​ទឹក ដាំ​ដំណាំ និង​សាងសង់​ទីជម្រក។

    បច្ចុប្បន្ន មានតែ​ភព​មួយគត់​ដែលមាន​សក្ដានុពល អាច​នាំឱ្យ​មនុស្ស​ឈានដល់​ការពង្រីក​ដែនដី​អាណានិគម​នៅ​ខាងក្រៅ​ផែនដី នោះ​គឺ​ពិភព​ព្រះ​អង្គារ។ ​ភព​ក្រហម​នេះ បាន​ក្លាយជា​គោលដៅ​សម្រាប់​ដាក់​អាណានិគម​នៅ​ខាងក្រៅ​ពិភព​ផែនដី ដោយសារតែ​អំណោយផល​ពី​ទំហំ និង​រយៈ​ចម្ងាយ​របស់​វា។

    មាន 3 ជំហាន​ដែល​ជួយ​ឱ្យ​មនុស្ស​អាចដាក់​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​នៅ​ឆ្នាំ 2040 ៖

    ទីមួយ៖ ការធ្វើដំណើរ

    ឧបសគ្គ​ដំបូង​ដែល​ធំ​បំផុត​សម្រាប់​ការធ្វើ​អាណានិគម នោះ​គឺ​ហោះ​ទៅកាន់​ពិភព​នោះ​ដោយ​សុវត្ថិភាព។ NASA នឹង​បញ្ជូន​យានអវកាស​ដឹក​មនុស្ស​ដំបូង​ហោះ​ទៅកាន់​ភព​អង្គារ​នៅក្នុង​ទសវត្សរ៍​ក្រោយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​យានអវកាស (SLS)។

    ប៉ុន្តែ ប្រការ​នោះ​ទំនងជា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​អាណានិគម​លើ​ភព​ក្រហម​នេះ​នៅឡើយ។ យានអវកាស​នឹងត្រូវ​ការ​ផ្ទាំង​ការពារ​វិទ្យុសកម្ម​ពិសេស​ដើម្បី​រារាំង​កាំរស្មី​ដ៏​គ្រោះថ្នាក់​ដែល​បាញ់​ពី​ទី​អវកាស​សំដៅ​មកកាន់​យាន នៅ​ក្នុង​​ដំណើរ​​ហោះ​ហើរ​​ដែលមានរ​យៈ​ពេល 9 ខែ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ការហោះហើរ​ទៅកាន់​ភព​ព្រះ​អង្គារ នឹង​បណ្ដាលឱ្យ​ក្រុម​អ្នក​អវកាស​ត្រូវ​ប្រឈម​នឹង​បរិមាណ​វិទ្យុសកម្ម​គ្រោះថ្នាក់​ដ៏​ច្រើន។ បរិមាណ​វិទ្យុសកម្ម​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ហានិភ័យ​កើត​ជំងឺមហារីក​កើនឡើង​នោះទេ ប៉ុន្តែ វា​ក៏​ប៉ះពាល់​ដល់​អវយវៈ​បន្ត​ពូជ​ផងដែរ។ និយាយ​រួម ការហោះហើរ​ឆ្លងកាត់​ទី​អវកាស នឹងធ្វើ​ឱ្យមាន​ប្រតិកម្ម​តានតឹង​ជាច្រើន ដែល​បង្ក​ផល​អាក្រក់​ដល់​ប្រព័ន្ធ​ហ្សែ​ន និង​ប្រព័ន្ធ​ការពារ​រាងកាយ។

    ផលប៉ះពាល់​ខាងលើ​អាច​បញ្ចប់​រាល់​គម្រោង​ធ្វើ​អាណានិគម​លើ​ផ្កាយ​ព្រះ​អង្គារ នៅ​មុនពេល​មនុស្ស​ទៅដល់​ភព​ក្រហម​នេះ។ ប៉ុន្តែ មានគំនិត​ពីរ​ដែល​អាច​ការពារ​ក្រុម​អវកាស​ចរ​ពី​វិទ្យុសកម្ម​អវកាស។ ឧទាហរណ៍៖ សមាសធាតុ​មួយចំនួន​ត្រូវបាន​គេ​ជឿថា អាច​ទប់ទល់ ឬ​បន្សាប​ធាតុ​វិទ្យុសកម្ម​បាន ដូចជា lithium hydride។ ប៉ុន្តែ វា​មិនទាន់​ត្រូវបាន​ពិសោធ​ពេញលេញ​នៅលើ​យានអវកាស​នៅឡើយ។ ពេលវេលា​សម្រាប់​ការអភិវឌ្ឍ សាកល្បង និង​ដាក់ឱ្យ​ប្រើប្រាស់ អាច​ស៊ីពេល​អស់​ប្រហែល 20 ឆ្នាំ។

    ទី​ពីរ៖ បង្កើត​បរិស្ថាន​ដែល​អាច​ទ្រទ្រង់​ជីវិត

    ប្រការ​ដំបូង​ដែល​ក្រុម​អវកាស​ចរ​ត្រូវ​សម្រេចបាន​ដើម្បី​ចាប់​ផ្ដើមធ្វើ​អាណានិគម​គឺ​ការកសាង​ប្រភព​បង្កើត​ខ្យល់​បរិយាកាស ទឹក អាហារ និង​ថាមពល​នៅលើ​ដី​មហា​ឆ្ងាយ​នេះ។ នេះ​គឺជា​ក្ដីសង្ឃឹម​តែមួយគត់​សម្រាប់​ជីវិត​របស់​ពួកគេ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​ពី​យានអវកាស មានកំណត់។

    ដូច្នេះ តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​បំប្លែង​ខ្យល់អាកាស​នៅលើ​ភព​អង្គារ​ទៅជា​អុកស៊ីសែន​ដែល​អាច​ដកដង្ហើម​បាន?

    ចម្លើយ​សម្រាប់​សំនួរ​នេះ​អាចជា​មនុស្ស​យន្ត ឬ​រ៉ូ​បូត។ កាលពី​ខែមេសា ឆ្នាំ 2021 រ៉ូ​បូត Perseverance បាន​បង្កើត​អុកស៊ីសែន​នៅលើ​ផ្ទៃ​របស់​ភព​អង្គារ​ដោយ​ជោគជ័យ ដោយ​ប្រើប្រាស់​ឧបករណ៍ MOXIE។ នេះ​គឺជា​ឧបករណ៍​តូច​មួយ​ដែល​អាច​បំប្លែង​ឧស្ម័ន Carbon Dioxide ក្នុង​បរិយាកាស ទៅជា​អុកស៊ីសែន តាមរយៈ​យន្តការ​មួយ​ដែលមាន​ឈ្មោះថា Solid Oxide Electrosis។

    ឧបករណ៍​ខាងលើនេះ អាច​ផលិត​អុកស៊ីសែន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ម្នាក់​ដកដង្ហើម​ក្នុង​រយៈពេល 10 នាទី ជិត​ស្មើនឹង​បរិមាណ​អុកស៊ីសែន​ដែល​បញ្ចេញ​ដោយ​ដើមឈើ​មួយ​ដើម​នៅលើ​ផែនដី។ ជាមួយនឹង​បច្ចេកវិទ្យា​ដែលមាន​ស្រាប់ អ្នកវិទ្យាសាស្ត្រ​គ្រាន់តែ​បង្កើន​ទំហំ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ការធ្វើ​អាណានិគម​ប៉ុណ្ណោះ។ ជា​ទ្រឹស្ដី មនុស្ស​អាច​ប្រើប្រាស់ MOXIE ដើម្បី​ជំនួស​ឱ្យ​រុក្ខជាតិ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

    ដូច​ទៅនឹង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) យាន​ទៅកាន់​ភព​អង្គារ​នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​កែច្នៃ​ទឹក​ដ៏​មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ​នេះ​នឹង​ជួយ​ឱ្យ​អវកាស​ចរ មាន​សេរីភាព​ក្នុងការ​រុករក​ប្រភពធនធាន​ធម្មជាតិ​ដែលមាន​សក្ដានុពល​នៅលើ​ភាព​ក្រហម។

    ភ័ស្ដុតាង​បានបង្ហាញ​ថា ផ្ទៃ​របស់​ភព​ព្រះ​អង្គារ ធ្លាប់​ត្រូវបាន​គ្របដណ្ដប់​ដោយ​មហាសមុទ្រ ទន្លេ និង​បឹង ដូច​ទៅនឹង​ផែនដី។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​រកឃើញ​បឹង​ទឹក​មួយ​ដែល​ស្ថិតក្រោម​ផ្ទៃ​ទឹកកក ក្នុង​ជម្រៅ 1.5 ម៉ែត្រ ខាងក្រោម​ដុំ​ទឹកកក​នៅ​ប៉ូល​ខាងត្បូង។ ប៉ុន្តែ យើង​នឹង​ត្រូវការ​គម្រោង​អភិវឌ្ឍ​ដ៏​ធំ​មួយ​ដើម្បី​អាច​ចូលទៅ​គ្រប់គ្រង​បឹង​ទឹក​នោះ។ មនុស្ស​ត្រូវការ​ពេល 20 ឆ្នាំ ដើម្បី​អភិវឌ្ឍ​ឱ្យមាន​ប្រសិទ្ធភាព។

    ​ទី​បី៖ តាំងទី​លំនៅ

    Matt Damon បាន​ដាំ​ដើមឈើ នៅក្នុង​ខ្សែភាពយន្ត​រឿង «The Martian»។ ក៏ប៉ុន្តែ ជាក់ស្ដែង យើង​មិនទាន់​ដឹង​ច្បាស់​ថា អាច​ដាំ​ដើមឈើ​នៅលើ​ដី​របស់​ភព​ព្រះ​អង្គារ ឬ​យ៉ាងណា​នៅឡើយ។ យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​បង្ហាញ​អំពី​ក្ដីសង្ឃឹម ព្រោះតែ​សមាសធាតុ​នៃ​សម្បក​ខាងក្រៅ​របស់​ពិភព​មួយ​នេះ។ ស្រទាប់ដី​នេះ​អាច​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​ដែល​រុក្ខជាតិ​ត្រូវការ​ដើម្បី​លូតលាស់ និង​រស់ មានដូចជា nitrogen, potassium និង phosphor ជាដើម។

    ក៏ប៉ុន្តែ បើទោះជា​មានការ​ជឿជាក់ យើង​ក៏​មិនទាន់​ប្រាកដ 100% នោះដែរ រហូតដល់​ពេល​បាន​ដាំ​សាកល្បង។ ស្រទាប់ដី​ពណ៌​ក្រហម​អាច​ផ្ទុក​សារធាតុពុល ធ្វើឱ្យ​រុក្ខជាតិ​នៅ​ទីនោះ​ត្រូវ​ស្រូបយក​ជាតិពុល​នេះ។

    ក្រៅពី​បញ្ហា​ខាងលើ សូម្បីតែ​នៅពេល​កំពុង​ដោះស្រាយ​បញ្ហា​ប្រភព​អុកស៊ីសែន យើង​នៅតែ​អាច​ដាំ​ដុះ​នៅលើ​ភព​ព្រះ​អង្គារ​បាន។ យ៉ាងហោច​ក៏​យើង​អាច​ប្រមូល​វត្ថុ​ធាតុ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធភ្លាម។ ដោយ​ប្រើប្រាស់​ឧបករណ៍​សមស្រប ថ្ម​នៅលើ​ភព​ក្រហម​នេះ​ក៏​អាចយ​កមក​ធ្វើជា​របស់​សម្រាប់​ការពារ​អ្នក​អវកាស​នៅ​ចំពោះមុខ​វិទ្យុសកម្ម នៅពេល​ពួកគេ​ស្វែងរក​ប្រភពធនធាន ដូចជា ទឹក លោហធាតុ ឬ​រ៉ែ​ដទៃទៀត។

    គ្រប់​ជំហាន​ដើម្បី​បង្កើត​អាណានិគម​លើ​ភព​អង្គារ ដូច​បាន​រៀបរាប់​ខាងលើ សុទ្ធសឹង​តែមាន​សក្កា​នុព​ល ទោះបីជា​បច្ចុប្បន្ន វា​គ្រាន់តែ​ជាការ​ព្យាករ​ក៏ដោយ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 4 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 4 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 3 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 83 នាក់
    – ជាសះស្បើយ​ថ្មី = 96 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 83 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 74 នាក់
    – អ្នកដំណើរពីបរទេស 09 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,870 នាក់
    – អ្នកជាសះស្បើយ= 115,207 នាក់
    – អ្នកស្លាប់= 2,813 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 248,824,220 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 225,449,990 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,037,020 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,337,210 នាក់

  • អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី សង់​​​បាន​ 26% ហើយ​ ខណៈ​​វិស័យ​ឯកជន បោះទុន​ 15 លាន​ដុល្លារ​ថែម​ទៀត​

    អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី សង់​​​បាន​ 26% ហើយ​ ខណៈ​​វិស័យ​ឯកជន បោះទុន​ 15 លាន​ដុល្លារ​ថែម​ទៀត​

    វិស័យ​ឯកជន​បាន​បោះទុន​វិនិយោគ 15 លាន​ដុល្លារ​អាម៉េរិក លើ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន CAIC ដោយ​ធនាគារ​ព្រី​នស៍ សម្រាប់​គម្រោង​សាងសង់​សំណង់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី នៅ​ខេត្ដ​កណ្ដាល បន្ទាប់ពី កម្ពុជា សម្រេច​បើក​ប្រទេស​ឡើងវិញ។

    ពិធី​ចុះហត្ថលេខា​មួយ រវាង​លោក Honn  Sorachna នាយក​ធនាគារ ធនាគារ Prince Bank និង​លោក Charles Vann នាយក​ក្រុមហ៊ុន OCIC ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី  3 ខែវិច្ឆិកា ដោយមាន​វត្តមាន​រប​ស់​អ្នកឧកញ៉ា ពុង ឃែ​វ​សែ នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​កាណាឌីយ៉ា ផងដែរ។

    ការចុះហត្ថលេខា​ខាងលើនេះ​គឺជា​ការបញ្ជាក់​អំពី​ការវិនិយោគ​ដោយ​ទឹកប្រាក់ 15 លាន​ដុល្លារ ទៅលើ​មូល​ប​ត្រ​បំណុល​របស់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី (New Phnom Penh International Airport/NPPIA)។ ទឹកប្រាក់​ដែល​ប្រមូលបាន​ពី​កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ និង​ការអភិវឌ្ឍន៍ NPPIA។

    គម្រោង NPPIA ដែល​បច្ចុប្បន្ន​សម្រេចបាន 26% លើទឹក​ប្រាក់​ប្រមាណ 346 លាន​ដុល្លារ​អាម៉េរិក (មិន​រាប់បញ្ចូល​ថ្លៃ​ដី ដែល​វិនិយោគ​រួច​ដោយ CAIC) នេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ 2023។ នេះ​បើតាម លោក Honn Sorachna នាយក​ធនាគារ Prince។

    សូមបញ្ជាក់ថា NPPIA គឺជា​គម្រោង​ធំ​មួយ​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation) ខណៈ​ក្រុមហ៊ុន CAIC ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ឱ្យ​កាន់កាប់​រចនា​​នៃ​​ការ​សាង​សង់ ​ធ្វើ​ហិរញ្ញប្បទាន និង​គ្រប់គ្រង​ប្រតិបត្តិការ​គម្រោង​នេះ។

  • សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ឆ្នាំ 2022 អាច​គ្រប់គ្រង​បាន​ជំងឺ​រាតត្បាត​សកល​ ខណៈ COVID-19 ក្លាយជា​រោគ​ឆ្លង​ដោយ​តំបន់

    សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ឆ្នាំ 2022 អាច​គ្រប់គ្រង​បាន​ជំងឺ​រាតត្បាត​សកល​ ខណៈ COVID-19 ក្លាយជា​រោគ​ឆ្លង​ដោយ​តំបន់

    សារព័ត៌មាន Reuters បាន​សម្ភាស​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​លំដាប់កំពូលៗជាង 10 រូប និង​បានដឹង​ថា​ នៅ​ពេល​ដែល​ការ​រាតត្បាត​របស់​វ៉ា​រ្យ៉​ង់ Delta បាន​ថយចុះ​នៅក្នុង​តំបន់​ជាច្រើន​ក្នុង​ពិភពលោក ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​គ្រោង​គំនូសតាង​បង្ហាញ​អំពី​ពេលវេលា និង​ទីកន្លែង​ដែល COVID-19 នឹង​ក្លាយជា​ជំងឺ​ប្រភេទ endemic (រោគ​ឆ្លង​ដោយ​តំបន់) ក្នុង​ឆ្នាំ 2022 និង​ក្រោយមកទៀត។

    ឆ្នាំ 2022 ពិភពលោក​អាច​គ្រប់គ្រង​រោគរាតត្បាត​សកល COVID-19?

    ក្រុម​អ្នកជំនាញ​សង្ឃឹមថា បណ្ដា​ប្រទេសដំបូងៗដែល​រួច​ពី​ជំងឺ​រាតត្បាត​នឹង​ជា​ប្រទេស​ដែលមាន​ការរួម​ផ្សំ​រវាង​អត្រា​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង និង​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ធម្មជាតិ​នៅលើ​អ្នក​ដែល​បាន​ឆ្លង COVID-19 ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ និង ឥណ្ឌា។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា COVID-19 នៅតែ​ជា​ប្រភេទ​វីរុស​ដែល​ពិបាក​ឱ្យ​យើង​ស្មាន​ត្រូវ និង​កំពុង​បន្ត​បំប្លែង​ខ្លួន​នៅពេល​វា​បាន​ឆ្លងទៅ​ក្នុង​សហគមន៍​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង។

    លោកស្រី Maria Van Kerkhove អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​នឹង COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា៖ «អំឡុងពេល​ចាប់ពី​បច្ចុប្បន្ន​ដល់​ចុងឆ្នាំ 2022 គឺជា​ឱកាស​ដែល​យើង​អាច​គ្រប់គ្រង​វីរុស​នេះ​បាន នៅពេល​យើង​អាច​កាត់បន្ថយ​បាន​ច្រើនលើករ​ណី​ជំងឺ​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់»។

    WHO បានកំណត់​គោលដៅ​ដល់​ចុងឆ្នាំ 2022 ប្រជាជន​ប្រមាណ 70% ក្នុង​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង COVID-19។

    Marc Lipsitch វេជ្ជបណ្ឌិត​ផ្នែក​រោគ​ឆ្លង​នៅ​សាលា​វេជ្ជសាស្ត្រ​សាធារណៈ Harvard TH Chan នៃ​សាកលវិទ្យាល័យ Harvard ថ្លែងថា៖ ការប្រែប្រួល​នឹង​ខុសគ្នា​ទៅតាម​តំបន់ ព្រោះថា អត្រា​ខ្ពស់-ទាប នៃ​ការចាក់​វ៉ាក់សាំង​ពី​តំបន់​មួយ ទៅ​តំបន់​មួយ នឹងធ្វើ​ឱ្យ​ករណី​ឆ្លង COVID-19 ក្នុង​តំបន់​ទាំងនោះ ត្រូវ​ខុសគ្នា។

    រោគរាតត្បាត​សកល​បញ្ចប់ ប៉ុន្តែ ជំងឺ COVID-19 ឆ្លង​ដោយ​តំបន់ នៅតែ​ប្រកបដោយ​គ្រោះថ្នាក់

    អ្នកជំនាញ​មួយចំនួន​ជឿថា រលក​នៃ​ការឆ្លង​វីរុស COVID-19 ប្រភេទ Delta នៅ សហរដ្ឋ​អាម៉េរិក នឹង​បញ្ចប់​ក្នុង​ខែវិច្ឆិកា​នេះ និង​ជាការ​ផ្ទុះ​ឆ្លង​ធំ​ចុងក្រោយបង្អស់។

    អតីត​ប្រធានការិយាល័យ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ អាម៉េរិក លោក Scott Gottlieb ឱ្យដឹងថា៖ «យើង​កំពុងតែ​ស្ថិតក្នុង​ដំណើរ​ប្រែប្រួល​ពី​ដំណាក់កាល​ជំងឺ​រាតត្បាត​សកល មកជា​ដំណាក់កាល​ជំងឺឆ្លង​ដោយ​តំបន់ ជាទី​ដែល​វីរុស​នេះ​ក្លាយជា​ការគំរាមកំហែង​យូរអង្វែង​នៅ សហរដ្ឋ​អាម៉េរិក»។

    លោក Chris Murray អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​រោគ​ឆ្លង​នៅ​សាកលវិទ្យាល័យ Washington ក៏បាន​ព្យាករ​ដូចខាងលើ។ លោក​ថា៖ «បើ​មិនមាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​កើតឡើង​ទៀត នោះ COVID-19 ពិតជា​ត្រូវ​បានបញ្ចប់​ជាបណ្ដើរៗនៅក្នុង​ខែមេសា (ឆ្នាំ 2022)»។

    «ជា​មូលដ្ឋាន រោគរាតត្បាត​សកល​គឺជា​ស្ថានការណ៍​អាសន្ន​ដែល​កំពុង​ស្ថិតនៅ​ខាងក្រោយ​របស់​យើង» នេះ​បើតាម Neil Ferguson អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​ប្រចាំ​សាកលវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស។

    អ្នកជំនាញ Van Kerkhove បញ្ជាក់ថា ប្រភេទ​ជំងឺឆ្លង​ដោយ​តំបន់ មិនមែន​មានន័យថា វា​មាន​សភាព​ស្លូត​នោះទេ។ ចំណែក​អ្នកជំនាញ​មួយចំនួន​ផ្សេងទៀត​និយាយថា វីរុស COVID-19 ចុងក្រោយ​នឹង​នៅតែមាន​វត្តមាន ហើយ​ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ជំងឺ​កញ្ជ្រឹល ជា​ជំងឺ​មួយ​ដែល​នៅតែ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប។

    មនុស្ស​មួយចំនួន​យល់ថា COVID-19 នឹង​ក្លាយជា​ជំងឺ​ផ្លូវដង្ហើម​តាម​រដូវ​កាល​ដូចជា​ជំងឺ​ផ្ដាសាយ។ ឬថា COVID-19 អាច​ក្លាយជា​វីរុស​ដែល​បង្ក​ការស្លាប់​តិចជាង​មុន និង​ប៉ះពាល់​តែ​ក្មេងតូច។

    Travor Bedford អ្នកជំនាញ​ខាង​វីរុស​សាស្ត្រ​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក Fred Hutchinson ថ្លែងថា COVID-19 នឹង​បន្ត​បំប្លែង​ខ្លួន ដែលនាំឱ្យ​យើង​ត្រូវ​ការបន្ត​ការចាក់​វ៉ាក់សាំង​ប្រចាំឆ្នាំ។ លោក​ថា COVID-19 នឹង​ក្លាយជា​រោគរាតត្បាត​ដោយ​តំបន់​នៅ​ឆ្នាំ 2022-2023។

    លោក Richard Hatchett នាយក​ប្រតិបត្តិ​របស់ អង្គការ​សម្ព័ន្ធភាព​ត្រៀមខ្លួន​ប្រឆាំង​ជំ​ងឹ​ឆ្លង (Coalition for Epidemic Preparedness Innovations/CEPI) ឱ្យដឹងថា ប្រទេស​មួយចំនួន​ត្រូវបាន​ការពារ​យ៉ាង​ល្អ​ដោយ​វ៉ាក់សាំង តែ​ក៏​នៅមាន​ប្រទេស​ជាច្រើន​ហាក់​មិនមាន​ទាល់តែសោះ ដូច្នេះ ពិភពលោក​នៅតែ​ងាយ​រង​ផលប៉ះពាល់​ដដែល៕

  • ទិដ្ឋភាព​ក្រុង​ខាងលិច​នៃ រាជធានី​បាងកក ក្រោយ​ការបើកទ្វារ​ទទួល​ទេសចរ

    ទិដ្ឋភាព​ក្រុង​ខាងលិច​នៃ រាជធានី​បាងកក ក្រោយ​ការបើកទ្វារ​ទទួល​ទេសចរ

    ផ្លូវ Khaosan ដែល​ធ្លាប់ជា​តំបន់​អ៊ូអរ​ដោយសារ​វត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស នៅ រាជធានី​បាងកក នៅតែមាន​សភាព​ស្ងាត់ជ្រងំ បើទោះជា ប្រទេស​ថៃ បានប្រកាស​បើកទ្វារ​ទទួល​ទេសចរ​ឡើងវិញ​ក៏ដោយ។

    យោងតាម​សារព័ត៌មាន Reuters របស់ អង់គ្លេស ផ្លូវ Khaosan ក្នុង​រាជធានី​បាងកក លែងមាន​សភាព​អ៊ូអរ​ដូច​មុន​ទៀតហើយ ចាប់តាំងពី COVID-19 ផ្ទុះ​ឆ្លង​រាលដាល​កាលពី​ឆ្នាំទៅ។ ប៉ុន្តែ ម្ចាស់​អាជីវកម្ម​នានា កំពុងតែ​សង្ឃឹមថា ការដែល ប្រទេស​ថៃ បើកទ្វារ​ទទួល​អ្នកទេសច​រណ៍​ក្នុង​សប្ដាហ៍​នេះ នឹង​ជួយ​ស្ដារ​ស្ថានការណ៍​របស់​ក្រុង​នេះ​ឡើងវិញ។

    ប្រទេស​ថៃ ដែលជា​ទីតាំង​ទេសចរណ៍​ល្បីឈ្មោះ​មួយ​នៅ ទ្វីបអាស៊ី បាន​អនុវត្ត​វិធានការ​ទប់ស្កាត់ COVID-19 យ៉ាង​តឹងរ៉ឹង ដោយ​ផ្អាក​ការទទួល​ភ្ញៀវទេសចរ​ណ៍​បរទេស​ក្នុង​រយៈពេល 18 ខែ​កន្លងទៅ។ ប៉ុន្តែ ចាប់ពី​ថ្ងៃទី 1 ខែវិច្ឆិកា ប្រទេស​នេះ​បាន​បើកទ្វារ​ទទួលភ្ញៀវ​បរទេស​ទាំងឡាយណា​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ និង​ជា​ពលរដ្ឋ​មកពី​ប្រទេស និង​ដែនដី​ជាង 60 ដែលមាន​ហានិភ័យ​ទាប ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក។

    Thapanee Pansodsaicharoenkit ម្ចាស់​ភោជនីយដ្ឋាន Rocco នៅលើ​បណ្ដោយ​ផ្លូវ Khaosan ឱ្យដឹងថា៖ «ផ្លូវ Khaosan គឺជា​ទីតាំង​ល្បីឈ្មោះ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅពេល​ពួកគេ​មកលេង បាងកក។ ចំពោះ​យើង និង​អ្នក​ទាំងឡាយ​ដែលជា​ម្ចាស់​អាជីវកម្ម ពួកគេ​គឺជា​ក្ដីសង្ឃឹម​តែមួយគត់​នៅពេលនេះ»។

    នៅពេល​អ្នកយកព័ត៌មាន​របស់ Reuters មកកាន់​ទីនេះ​កាលពី​ព្រលប់​ថ្ងៃទី 2 វិច្ឆិកា បើទោះជា​ភោជនីយដ្ឋាន​ចាប់ផ្ដើម​មាន​ភ្ញៀវ ប៉ុន្តែ ផ្លូវ​ក្នុង​ក្រុង​នៅតែ​ស្ងប់ស្ងាត់ ក្នុងនោះ​មាន​ហាង​លក់ទំនិញ​ប្រមាណ 90% បាន​បិទទ្វារ​ដោយ​មិនមាន​កាលកំណត់។

    ផ្លូវ​ Khaosan មុន​ពេល​ COVID-19 មក​ដល់

    Prasit Singhdamrong ប្រធាន​សមាគម​ពាណិជ្ជកម្ម Khaosan ថ្លែងថា អាជីវកម្ម​នៅតាម​បណ្ដោយ​ដងផ្លូវ Khaosan ត្រូវបាន​ផ្អាក​រយៈពេល 18 ខែ​កន្លងទៅ ហើយ​មាន​អាជីវកម្ម 10% ប៉ុណ្ណោះ ដែល​អាច​បន្ត​រកស៊ី។ ទោះជា​បាន​បើកទ្វារ​នា​សប្ដាហ៍​នេះ ប៉ុន្តែ វិធានការ​រឹង​បន្តឹង​មួយចំនួន នៅតែមាន។ ភោជនីយដ្ឋាន​ទាំងឡាយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ទេសចរណ៍​ទទួលស្គាល់ អាច​បម្រើ​ស្រា​ដល់​អតិថិជន​ត្រឹម​ម៉ោង 21 ប៉ុណ្ណោះ ខណៈ​ហាង​ស្រា នៅតែ​ត្រូវ​បិទទ្វារ៕

  • កម្ពុជា អនុញ្ញាត​ឱ្យប្រើ​ប្រាស់​​ថ្នាំ​គ្រាប់ Molnupiravir សម្រាប់​ព្យាបាល​ជំងឺ COVID-19 ក្នុង​លក្ខខណ្ឌ​បន្ទាន់

    កម្ពុជា អនុញ្ញាត​ឱ្យប្រើ​ប្រាស់​​ថ្នាំ​គ្រាប់ Molnupiravir សម្រាប់​ព្យាបាល​ជំងឺ COVID-19 ក្នុង​លក្ខខណ្ឌ​បន្ទាន់

    ក្រសួងសុខាភិបាល នៅ​ថ្ងៃទី 3 ខែវិច្ឆិកា​នេះ បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ឈ្មោះ Molnupiravir ក្នុង​លក្ខខណ្ឌ​បន្ទាន់។

    ឱសថ Molnupiravir នេះ​ជា​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​លេប មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រឆាំងនឹង​វីរុស COVID-19។ Molnupiravir ផលិត​ដោយ​ក្រុមហ៊ុន Mylan Laboratories Limited ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ឥណ្ឌា។

    ក្រសួងសុខាភិបាល​បញ្ជា​ក់ថា សម្រាប់​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ឱសថ​នេះ គឺ​ប្រើតែ​ក្នុងអំឡុងពេល​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ COVID-19 ដែល​កំពុង​កើតមាន និង​ជា​ជម្រើស​នៃ​ការព្យាបាល ដែល​ស្ថិតក្រោម​ការស្រាវជ្រាវ និង​វាយតម្លៃ និង​ប្រើ​ក្រោម​អាទិភាព​របស់​រាជរដ្ឋាភិបាល។

  • អាច​ឆ្លើយ​នឹង​សំនួរ​របស់ Jeff Bezos ដែល​សួរថា «មាន​បង្អួច​ប៉ុន្មាន​នៅ​​ក្នុង​ទីក្រុង» បេ​ក្ខ​នារី​​មួយ​រូប​ បាន​ចូលធ្វើការ​នៅ Amazon ភ្លាម មិន​ចាំ​ស្អែក

    អាច​ឆ្លើយ​នឹង​សំនួរ​របស់ Jeff Bezos ដែល​សួរថា «មាន​បង្អួច​ប៉ុន្មាន​នៅ​​ក្នុង​ទីក្រុង» បេ​ក្ខ​នារី​​មួយ​រូប​ បាន​ចូលធ្វើការ​នៅ Amazon ភ្លាម មិន​ចាំ​ស្អែក

    សំនួរ​ក្នុង​កិច្ច​សម្ភាស​ប្រកបដោយ​ភាព​រីករាយ​របស់​មហា​សេដ្ឋី អាម៉េរិក Jeff Bezos គឺ៖ «មាន​បង្អួច​សរុប​ចំនួន​ប៉ុន្មាន នៅក្នុង​ទីក្រុង?»។

    អត្ថបទ​នេះ​គឺជា​ការចែករំលែក​រប​ស់​នាង​ Ann Hiatt ដែលជា​អតីត​អ្នក​យុទ្ធសាស្ត្រ​មួយរូប​នៅ​ជ្រលង​ភ្នំ Silicon (silicon valley) នៃ​រដ្ឋ California សហរដ្ឋ​អាម៉េរិក។ នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទង​នឹង​ការងារ​ជា​សហការិនី ឬ​ជំនួយការ​របស់​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើនរូប មានដូចជា មហាសេដ្ឋី Jeff Bezos, Marissa Mayer និង Eric Schmidt ជាដើម។ ថ្មីៗនេះ Hiatt បាន​បង្កើត និង​ទទួល​ភារកិច្ច​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ដែលមាន​អតិថិជន​ជា CEO របស់​បណ្ដា​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក។

    «ខ្ញុំ​បានដាក់​ពាក្យសុំ​ការងារ​ជា​ជំនួយការ​នៅឯ​ក្រុមហ៊ុន Amazon កាលពី​ឆ្នាំ 2002។ កាលណោះ ខ្ញុំ​មិនបាន​ស្គាល់​អ្នកណា​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន និង​មិនមាន​សញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ថែមទាំង​មិនមាន​បទពិសោធន៍​ក្នុង​កិច្ចការ​ជា​លេខា​របស់ CEO ណាមួយ​នោះដែរ។

    ហើយ​នេះ​គឺជា​បទពិសោធន៍​នៃ​កិច្ច​សម្ភាស​សុំ​ការងារ​របស់ខ្ញុំ នៅ Amazon ៖

    កិច្ច​សម្ភាស​ដំបូង​របស់ខ្ញុំ​នៅឯ​ក្រុមហ៊ុន Amazon ច្រើន​ដល់​ថ្នាក់​វិលមុខ។ ខ្ញុំ​បាន​សម្ភាស​ផ្ទាល់​ជាមួយ​ជំនួយការ​ជាន់ខ្ពស់​ទាំង​អស់​របស់​ក្រុមហ៊ុន​នេះ ក្នុងចំណោម​នោះ មាន​ខ្លះ​ស៊ីពេល​ពេញ​មួយថ្ងៃ។

    ជាង​នេះ ក៏មាន​កិច្ច​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅក្នុង​បន្ទប់​ងងឹត មានតែ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ដែល​ពេញ​ដោយ​កូដ និង​អំពូល​ភ្លើង​រាត្រី​ច្រើន​ពណ៌​នៅឯ​ជ្រុង​បន្ទប់។ ប៉ុន្តែ វា​មិន​ចម្លែក​ប៉ុន្មាន​ទេ ព្រោះ​ធ្លាប់​ជួប​រឿងនេះ (ឪពុក ម្ដាយ​របស់ខ្ញុំ​គឺជា​អ្នកធ្វើការ​ក្នុង​វិស័យនេះ)។

    នាង Ann Hiatt បច្ចុប្បន្ន​គឺជា​ CEO របស់​ក្រុម​ហ៊ុន​ប្រឹក្សា​យល់​ ដែល​អតិថិជន​គោល​ដៅ​សុទ្ធតែ​ជា​ CEO នៃ​បណ្ដា​ក្រុម​ហ៊ុន​អន្តរ​ជាតិ​

    ប៉ុន្មាន​ខែក្រោយ​មក ខ្ញុំ​គិតថា ប្រហែលជា​ធ្លាក់​បាត់​ហើយ ព្រោះ​មិនមាន​ការឆ្លើយតប​សោះ។ ប៉ុន្តែ បុគ្គលិក​ធនធានមនុស្ស​ម្នាក់​របស់ Amazon បាន​ហៅ​ទូរស័ព្ទ និង​អញ្ជើញ​ខ្ញុំ​ទៅ​សម្ភាស​លើកចុងក្រោយ។ ប៉ុន្តែ ម្នាក់នេះ​មិនបាន​ប្រាប់ថា ខ្ញុំ​នឹងត្រូវ​សម្ភាស​ជាមួយ​មហាសេដ្ឋី Jeff Bezos នោះឡើយ។

    សំនួរ​ដំបូង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ម្ចាស់ Amazon

    ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​នៅពេល​ត្រូវ​សម្ភាស។ Bezos ឈាន​ជើង​ចូលដល់ អង្គុយ​ទល់មុខ​នឹង​ខ្ញុំ រួច​ក៏​ណែនាំ​ខ្លួន។ គាត់​ប្រាប់ថា នឹង​សួរ​តែ​ពីរ​សំនួរ​គត់ ហើយ​សំនួរ​ដំបូង​នឹង​ជា​សំនួរ «សប្បាយរីករាយ»។

    «ខ្ញុំ​ចង់ឱ្យ​អ្នក​គណនា។ មាន​បង្អួច​ចំនួន​ប៉ុន្មាន​នៅក្នុង​ទីក្រុង?» លោក Bezos និយាយ​បណ្ដើរ គូររូប​បង្អួច​នៅលើ​ក្ដារខៀន​បណ្ដើរ។

    ភ្លាមនោះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់។ ក្រោយមក ខ្ញុំ​ក៏​ដកដង្ហើម​មួយ​យ៉ាង​វែង​ដើម្បី​សម្រួល​អារម្មណ៍ និង​រំលឹក​ខ្លួនឯង​អំពី «គោលបំណង» របស់ Bezos នៅពេល​សួរ​សំនួរ​នោះ។ ខ្ញុំ​គិតថា ប្រការនេះ​គឺ​ដើម្បី​សង្កេត​មើលថា តើ​ខ្ញុំ​រហ័សរហួន​ដល់​កម្រិតណា ហើយ​គាត់​ចង់ឃើញ​វិធី​ដែល​ខ្ញុំ​បំបែក​បញ្ហា​ស្មុគស្មាញ​ជា​ចំណែកតូចៗ ដើម្បី​គ្រប់គ្រង។

    ខ្ញុំ​ចាប់ផ្ដើម​ដោយ​លើកឡើង​អំពី​ចំនួន​ប្រជាជន​នៅ​ទីក្រុង Seattle (ប្រហែល 1 លាន​នាក់)។ បន្ទាប់មក ខ្ញុំ​លើក​ឧទាហរណ៍​ថា ក្នុង​មនុស្សម្នា​ក់មាន​ផ្ទះមួយ​ខ្ន​ង រថយន្ត​មួយគ្រឿង និង​ការិយាល័យ​មួយ ឬ​សាលារៀន​មួយកន្លែង ដែល​ទាំងអស់នេះ​សុទ្ធ​តែមាន​បង្អួច។ ហើយ​យើង​ក៏​ចាប់ផ្ដើម​គណនា​ជាមួយគ្នា ដោយ​ពិនិត្យមើល​រាល់​ករណី​ដែល​អាច​កើតឡើង ប្រក្រតីភាព រួម​នឹង​ករណី​លើកលែង។ ខ្ញុំ​និយាយ ចំណែក Bezos បង់​លេខ​ទៅលើ​ក្ដារខៀន។ កិច្ចការ​នេះ​ស៊ីពេល​អស់​ជាង 10 នាទី មុននឹង​គាត់​សរសេរ​អំពី​ការប៉ាន់ស្មាន​ចុងក្រោយ រួច​បញ្ចេញយោបល់៖ «ស្ដាប់ទៅ ទំនង​ត្រូវ»។

    ដូច្នេះ សំនួរ «សប្បាយរីករាយ» ក៏បាន​បញ្ចប់។

    នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទងនឹងការងារជាសហការិនី ឬជំនួយការរបស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន

    សំនួរ​ទី​ពីរ​របស់លោក Jeff Bezos ៖ «តើ​គោលដៅ​នៃ​មុខរបរ​របស់​អ្នក​គឺជា​អ្វី?»

    ខ្ញុំ​និយាយថា Amazon ត្រូវបាន​គេ​បញ្ជាក់ថា ជា​ក្រុមហ៊ុន​មួយ​ដែល​ពោរពេញ​ដោយ​មនុស្ស​ដែលមាន​មហិច្ឆតា និង​ការជាប់​ចិត្ត។ ខ្ញុំ​ចង់​ដូច​ពួកគាត់ និង​រៀនសូត្រ​ពី​ពួកគាត់។ ចំនុចខ្លាំង​របស់​ពួកគាត់​គឺជា​អ្វីដែល​ខ្ញុំ​ចង់​រីកចម្រើន។ ទោះបី​កន្លងមក ខ្ញុំ​មានបំណង​ក្លាយជា​សាស្ត្រាចារ្យ ប៉ុន្តែ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ការគិត ហើយ​ចង់​ទទួលបាន​បទពិសោធន៍​ពី​ក្រុមហ៊ុន Amazon។

    ខ្ញុំ​ក៏បាន​បន្ថែមថា ខ្ញុំ​មិនមាន​បទពិសោធន៍​ធ្វើការ​ជា​ជំនួយការ ប៉ុន្តែ តែងតែ​យល់ច្បាស់​អំពី​សារសំខាន់​ដែល​គួរ​នៅក្រៅ​រង្វង់​សុវត្ថិភាព​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ដើម្បី​ជោគជ័យ។

    បន្ទាប់មក Bezos មិនបាន​ទុកឱ្យ​ខ្ញុំ​ត្រូវ​រង់ចាំ​ទៀត​នោះទេ គាត់​ប្រកាស​នៅនឹងកន្លែង​ថា ខ្ញុំ​ត្រូវបាន​ជ្រើសរើស។ គាត់​ក៏​បង្ហាញ​តុ​ធ្វើការ​របស់ខ្ញុំ​ដែលមាន​ចម្ងាយ​ប្រហែល 3 ជំហាន ពី​កន្លែង​អង្គុយ​របស់គាត់។ នោះ​គឺជា​តុ​ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់ Bezos ជាងគេ នៅក្នុង​ក្រុមហ៊ុន​នេះ។

    ពេលវេលា​បាន​កន្លងទៅ​អស់​ជាច្រើន​ឆ្នាំ ទើប​ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល Bezos បែរជា​ផ្ដល់ឱកាស​ការងារ​ដល់​បេក្ខភាព​ដែល​មិនមាន​បទពិសោធន៍​ដូច​ខ្ញុំ។ គាត់​មានបំណង​បង្កើត​ក្រុម​បុគ្គលិក​ដែល​ពេញ​ដោយ​មហិច្ឆតា ច្នៃប្រឌិត​ក្នុង​ការងារ ដោយ​មិន​គិតដល់​ការដែល​ពួកគេ​ខ្វះ​ជំនាញ​មួយចំនួន៕

  • អ្នក​នៅ​ខេត្តបាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ អាច​ទិញ​ទំនិញ​តាម​វី​ង​ម៉​ល​បាន​ហើយ

    អ្នក​នៅ​ខេត្តបាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ អាច​ទិញ​ទំនិញ​តាម​វី​ង​ម៉​ល​បាន​ហើយ

    អ្នក​នៅ​ខេត្ត​ទាំងបី​នេះ អាច​ទិញ​ទំនិញ​តាម Wing App ហើយ​ទទួល​ប្រាក់​ត្រឡប់ ១០០%

    ពិតជា​លឿន​មែន វី​ង​ម៉​ល (WingMall) ពេលនេះ បាន​ពង្រីក​ខ្លួន​ទៅដល់​ខេត្តបាត់ដំបង កំពង់ចាម និង​ខេត្ត​ព្រះសីហនុ ហើយ​អតិថិជន​នៅ​ទីនោះ​អាច ធ្វើការ​កុម្ម៉ង់​ទិញ អាហារ ផ្លែឈើ គ្រឿងទេស និង​សម្ភា​ជាច្រើន​តាមតាម កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង(Wing app) ជាមួយ​ការផ្តល់ជូន​ប្រូ​ម៉ូ​កូដ​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

    ដើម្បី​អបអរសាទរ​ពី​ការគាំទ្រ​ដ៏​ខ្លាំងខ្លា​ពី​សំណាក់​អតិថិជន វី​ង​ម៉​ល​នឹង​ផ្តល់ជូន ប្រូ​ម៉ូ​កូដ ២.៥ ដុល្លារ​អា​មេ​រិច សម្រាប់​ការ​កុម្ម៉ង់​ទិញ ៣ ដង ដោយ​ប្រើប្រាស់ ប្រូ​ម៉ូ​កូដ ‘HELLOBTB’ សម្រាប់​ខេត្តបាត់ដំបង ‘HELLOKPC’ សម្រាប់​ខេត្តកំពង់ចាម, និង ‘HELLOSHV’ សម្រាប់​ខេត្ត​ព្រះសីហនុ។

    លើសពីនេះទៅទៀត​នោះ អតិថិជន​ទាំងអស់ អាច​រីករាយ​ជាមួយ​ទំនិញ​និង​អាហារ​ដ៏​សំបូរបែប​ប្រចាំខេត្តនីមួយៗរួមទាំង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ក្នុង​ហាង​រហូតដល់ ៥០% រួមទាំង​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន​ដោយ​ឥតគិតថ្លៃ​ថែមទៀត។

    ការផ្តល់ជូន​ប្រូ​ម៉ូ​កូដ​នេះ មាន​សុពលភាព​ចាប់ពី​ថ្ងៃទី៣ រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២។

    អតិថិជន​វី​ង​ទាំងអស់​អាច​ស្វែងរក​វី​ង​ម៉​ល​បាន​យ៉ាងងាយៗ ដោយ​គ្រាន់តែ ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង(Wing Money App)ពី Play Store ឬ App Store បន្ទាប់មកទៀត ធ្វើការ​តំឡើង​ក្នុង​ទូរស័ព្ទដៃ​លោកអ្នក​ជាការ​ស្រេច។

    ដើម្បី​ទទួលបាន​ពត៌មាន​ពី​ការផ្តល់ជូន​ប្រូ​ម៉ូ​កូដ​ជាច្រើន​រាល់ថ្ងៃ លោក លោកស្រី​អាច​ចូលរួម គ្រុប​តេ ឡេ​ក្រាម​របស់​វី​ង​ម៉​ល តាម​បណ្តា​ខេត្តនីមួយៗ រួមមាន WingMall Club BTB សម្រាប់​ខេត្តបាត់ដំបង, WingMall Club KPC សម្រាប់​ខេត្តកំពង់ចាម, និង WingMall Club SHV សម្រាប់​ខេត្ត​ព្រះសីហនុ៕