Author: សឿន សំណាង

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 10 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 10 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 9 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 65 នាក់
    – ជាសះស្បើយ​ថ្មី = 68 នាក់
    – ស្លាប់​ថ្មី = 4 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 65 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 58 នាក់
    – អ្នកដំណើរពីបរទេស 07 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,292 នាក់
    – អ្នកជាសះស្បើយ= 115,659 នាក់
    – អ្នកស្លាប់= 2,845 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 251,562,900 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 227,779,600 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,079,915 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,703,300 នាក់

  • ជាប់ពន្ធនាគារ 10 ឆ្នាំ ដោយសារ​បទល្មើស​វាយ​ធ្វើបាប​សត្វ​ចិញ្ចឹម

    ជាប់ពន្ធនាគារ 10 ឆ្នាំ ដោយសារ​បទល្មើស​វាយ​ធ្វើបាប​សត្វ​ចិញ្ចឹម

    (សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​នៅ​រដ្ឋ Florida ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល 10 ឆ្នាំ ព្រោះតែ​បាន​វាយ​ធ្វើបាប​សត្វ​សុនក​ប្រភេទ pit bull ដោយ​ចាក់ 50 កាំបិត និង​ញាត់​ចូលក្នុង​វ៉ាលិស បណ្ដាលឱ្យ​ស្លាប់​ពីរ​ថ្ងៃ​ក្រោយមក។

    Brendan Evans អាយុ 35 ឆ្នាំ នៅ​ទីក្រុង Hollywood រដ្ឋ Florida ត្រូវ​ទទួលទោស​នៅក្នុង​រឿងក្ដី​វាយ​ធ្វើបាប​សត្វ​សុនក​ឈ្មោះ Ollie កាលពី 4 ឆ្នាំមុន។ នេះ​បើតាម Michael Gottlieb ដែលជា​មេធាវី​របស់​ជនល្មើស ឱ្យដឹង​កាលពី​ថ្ងៃទី 9 វិច្ឆិកា។

    យោងតាម​ឯកសារ​រឿងក្ដី កាលពី​ឆ្នាំ 2017 Evans បាន​វាយ​ធ្វើបាប Ollie ដោយ​ចាក់ 50 កំបិទ និង​ញាប់​វា​ចូលក្នុង​វ៉ាលិស នៅពេល​សត្វ​ចិញ្ចឹម​នេះ​កំពុង​ត្រដរខ្យល់។ ប្ដី ប្រពន្ធ​មួយគូ ដែល​កំពុង​ដើរលេង​ពី​យប់ បានឮ​សំឡេង​ស្រែកថ្ងូរ​របស់​សុនករ​ង​គ្រោះ​ចេញពី​វ៉ាលិស​ពណ៌​ខៀ​ស​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់ Evans ហើយ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស។

    Ollie ត្រូវបាន​នាំទៅ​កាន់​បន្ទប់​ព្យាបាល​សត្វ​ដែល​នៅក្បែរនោះ។ ក្រុមគ្រូពេទ្យ​យល់ថា សុនក​នេះ​​នឹង​​ជាសះស្បើយ ប៉ុន្តែ ពីរ​ថ្ងៃ​ក្រោយមក Ollie ក៏បាន​ស្លាប់។

    ដំបូង​ឡើយ មនុស្ស​រាប់រយ​នាក់​បាន​ស្នើសុំ​ទទួលយក Ollie មក​ចិញ្ចឹម។ ក្រោយពី​វា​បាន​ស្លាប់​ដោយសារ​របួស មនុស្ស​ទាំងនេះ​ក៏​ប្រមូលប្រាក់​បរិច្ចាគ​បាន​ជិត 60,000 ដុល្លារ ដើម្បី​វែកមុខ​ជនដៃដល់។

    ប៉ូលិស​កំណត់​បាន​អត្តសញ្ញាណ​របស់ Evans ដោយសារតែ DNA របស់​ជននេះ​ដែលជា​ប់​នៅលើ វ៉ាលិស។ Evans ដំបូង​ឡើយ​បាន​បដិសេធ ប៉ុន្តែ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​រកឃើញ​ជើង​របស់​សត្វ​ឆ្មា និង​កណ្ដុរ​ដែល​ត្រូវគេ​កាត់​ក្បាល នៅក្នុង​ទូ​ក្លាសេ​របស់​ជននេះ រួម​នឹង​កូនកាំបិទ​បាក់ដង​មួយ​នៅក្នុង​ចាន​ចំណី​របស់​សុនក។ ស្នាម​ឈាម​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក ចំណែក​ឈាមកក​ស្ងួត និង​រោមសត្វ​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ចង្ក្រាន​អាំង​សាច់។

    អំពើ​ឃោរឃៅ​ចំពោះ Ollie បាន​បណ្ដាលឱ្យ​មានប្រតិកម្ម​នៅ​ទូទាំង​សកលលោក ពិសេស​ពី​អ្នក​ដែល​ស្រលាញ់​សុនក។ Evans ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី 4 ឆ្នាំមុន។

    មេធាវី Gottlieb ឱ្យដឹងថា ដំបូង ជននេះ​ត្រូវបាន​ចោទប្រកាន់​លើ​បទល្មើស​ធ្វើបាប​សត្វ​ចំនួន 17 ករណី ប៉ុន្តែ តុលាការ​បានសម្រេច​លុប​ចោល 15 ករណី។ បើសិន​ត្រូវបាន​កាត់ទោស​ទាំង 17 ករណី Evans អាច​ត្រូវ​ដេក​គុក 85 ឆ្នាំ​ឯណោះ៕

  • យន្តហោះ​ចម្បាំង 6 គ្រឿង​របស់ ចិន ចូលទៅ​​ជិត​កោះ តៃវ៉ាន់ ក្នុង​គ្រា​​ដែល​តំណាងរាស្ត្រ សហរដ្ឋ​អាមេរិក 6 រូប ធ្វើ​ទស្សនកិច្ច​កោះ​នេះ

    យន្តហោះ​ចម្បាំង 6 គ្រឿង​របស់ ចិន ចូលទៅ​​ជិត​កោះ តៃវ៉ាន់ ក្នុង​គ្រា​​ដែល​តំណាងរាស្ត្រ សហរដ្ឋ​អាមេរិក 6 រូប ធ្វើ​ទស្សនកិច្ច​កោះ​នេះ

    កងទ័ព​ចិនដីគោក បានប្រកាសថា បាន​បញ្ជូន​កងកម្លាំង​ល្បាត និង​ប្រយុទ្ធ​ទៅ​ក្បែរ​កោះ តៃវ៉ាន់ ក្រោយពី​តំណាងរាស្ត្រ អាមេរិក 6 រូប ធ្វើ​ទស្សនកិច្ច​កោះ​នេះ កាលពី​វេលា​ម៉ោង​ប្រហែល 18 ថ្ងៃទី 9 វិច្ឆិកា។

    «ការ​ល្បាត​ដែល​ត្រៀម​ជាស្រេច​សម្រាប់​ប្រយុទ្ធ​នៅ​ច្រក​សមុទ្រ តៃវ៉ាន់ នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្ដី និង​សកម្មភាព​ខុសឆ្គង​ធ្ងន់ធ្ងរ​របស់​ប្រទេសមួយ​ចំនួន​ដែល​ទាក់ទិន​នឹង​បញ្ហា តៃវ៉ាន់ ក៏ដូចជា​សកម្មភាពរ​បស់​កងកម្លាំង​ប្រឆាំង​នៅ​កោះ​នេះ» ក្រសួងការពារជាតិ​ចិន បានចេញ​ប្រកាស​នា​ថ្ងៃនេះ។

    ភាគី​តៃវ៉ាន់ បានឱ្យដឹងថា យន្តហោះ​យោធា​ចិន រួមមាន យន្តហោះ​ចម្បាំង J-16 ចំនួន 4 គ្រឿង និង​យន្តហោះ​ឈ្លប​ការណ៍ 2 គ្រឿង បាន​ហោះហើរ​ចូលមក​កាន់​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​និរតី​របស់ តៃវ៉ាន់។

    សារព័ត៌មាន​របស់ តៃវ៉ាន់ បាន​រាយការណ៍​ថា តំណាងរាស្ត្រ 4 រូប នៃ​សភា​ជាន់ខ្ពស់ និង 4 រូប នៃ​សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​ជំនួយការ 7 រូប បាន​ឡើង​យន្តហោះ C-40A របស់​កងទ័ព សហរដ្ឋ​អាម៉េរិក នៅ​ទីក្រុង ម៉ានីល នៃ​ប្រទេស ហ្វ៊ី​លី​ពី​ន ហើយ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ Taipei Songshan នៃ​កោះ តៃវ៉ាន់ កាលពី​វេលា​ម៉ោង​ប្រហែល 18 ម្សិលមិញ។

    ស្ថាប័ន​ការទូត​របស់ តៃវ៉ាន់ បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ក្រុមមន្ត្រី​របស់ តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក។ ក្នុង​គ្រា​នេះដែរ ក្រសួងការពារជាតិ​ចិន បាន​ចោទថា ទស្សនកិច្ច​នេះ​គឺជា «ទង្វើ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ចិន»។

    កាលពី​ខែមិថុនា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល 3 ម៉ោង នៃ​តំណាងរាស្ត្រ 3 រូប របស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ ចិនដីគោក ខឹង​យ៉ាងខ្លាំង​ម្ដង​រួចមកហើយ។

    យន្តហោះ​របស់​កងទ័ព ចិនដីគោក (PLA) បាន​ចូលទៅ​ក្បែរ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​អាគ្នេយ​របស់ តៃវ៉ាន់ ចំនួន 554 លើក រាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ 2020 ដល់​ចុងខែ​សីហា ឆ្នាំ 2021។ នេះ​បើតាម​ប្រកាស​កាលពី​ថ្ងៃទី 9 វិច្ឆិកា របស់​កងទ័ព តៃវ៉ាន់៕

  • ក្រុមតំណាងរាស្ត្រ​​សហរដ្ឋ​អាម៉េរិក ជា​ច្រើន​រូប​ មក​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ទៀត​​ហើយ!

    ក្រុមតំណាងរាស្ត្រ​​សហរដ្ឋ​អាម៉េរិក ជា​ច្រើន​រូប​ មក​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ទៀត​​ហើយ!

    តំណាងរាស្ត្រ​ចំនួន 6 រូប របស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅពេល​មក​ធ្វើ​ទស្សនកិច្ច​កោះ តៃវ៉ាន់ ដែលជា​ឥរិយាបថ​មួយ​ធ្វើឱ្យ​ទីក្រុង ប៉េកាំង ប្រតិកម្ម​ខ្លាំងក្លា និង​ចោទថា ទីក្រុង វ៉ា​ស៊ី​ង​តោន «ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង»។

    សារព័ត៌មាន​របស់ តៃវ៉ាន់ បាន​រាយការណ៍​ថា តំណាងរាស្ត្រ 4 រូប នៃ​សភា​ជាន់ខ្ពស់ និង 4 រូប នៃ​សភា​ជាន់​ទាប​របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​ជំនួយការ 7 រូប បាន​ឡើង​យន្តហោះ C-40A របស់​កងទ័ព សហរដ្ឋ​អាម៉េរិក នៅ​ទីក្រុង ម៉ានីល នៃ​ប្រទេស ហ្វ៊ី​លី​ពី​ន ហើយ​បាន​ចុះចត​នៅ​ព្រលានយន្តហោះ Taipei Songshan នៃ​កោះ តៃវ៉ាន់ កាលពី​វេលា​ម៉ោង​ប្រហែល 18 ម្សិលមិញ។

    ស្ថាប័ន​ការទូត​របស់ តៃវ៉ាន់ បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ក្រុមមន្ត្រី​របស់ តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក។ ពួកគេ​នឹង​ប្រកាស​ព័ត៌មាន​ដែល​ទាក់ទង​នៅក្នុង​ពេលវេលា​សមស្រប ដើម្បី​គោរព​ដល់​ការសម្រេចចិត្ត​របស់​ក្រុមមន្ត្រី​ដែល​មក​ធ្វើ​ទស្សនកិច្ច។ ការិយាល័យ​មេដឹកនាំ​កោះ តៃវ៉ាន់ ក៏​មិនបាន​ផ្ដល់ព័ត៌មាន​អ្វី​បន្ថែម​នោះដែរ ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។

    ក្នុង​គ្រា​នេះដែរ ក្រសួងការពារជាតិ​ចិន បាន​ចោទថា ទស្សនកិច្ច​នេះ​គឺជា «ទង្វើ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ ចិន»។ «យើង​ចង់​ព្រមាន​ដោយ​ភាពម៉ឺងម៉ាត់ ឱ្យ សហរដ្ឋ​អាម៉េរិក បញ្ឈប់​ជាបន្ទាន់​រាល់​ឥរិយាបថ​បង្កហេតុ បញ្ឈប់​រាល់​សកម្មភាព​ដែលនាំឱ្យ​ភាព​តានតឹង​កើនឡើង​នៅ​ច្រក​សមុទ្រ តៃវ៉ាន់» អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Tan Ke Fei បាន​ថ្លែង​ដូច្នេះ។

    ប្រទេស ចិន ធ្លាប់បាន​ព្រមាន​ជា​ច្រើនដង​មកហើយ​ថា មិនឱ្យ សហរដ្ឋ​អាម៉េរិក បញ្ជូន​មន្ត្រី​មកកាន់​កោះ តៃវ៉ាន់ ឬ​ទាក់ទង​ជា​ផ្លូវការ​ជាមួយ​កោះ​នេះ។ ទីក្រុង ប៉េកាំង ចាត់ទុកថា កោះ តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។ កាលពី​ខែមិថុនា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល 3 ម៉ោង នៃ​តំណាងរាស្ត្រ 3 រូប របស់ សហរដ្ឋ​អាម៉េរិក បានធ្វើឱ្យ ចិនដីគោក ខឹង​យ៉ាងខ្លាំង​ម្ដង​រួចមកហើយ។

    នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 9 វិច្ឆិកា កងទ័ព​របស់ តៃវ៉ាន់ បានឱ្យដឹងថា យន្តហោះ​របស់​កងទ័ព ចិនដីគោក (PLA) បាន​ចូលទៅ​ក្បែរ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​និរតី​​របស់ តៃវ៉ាន់ ចំនួន 554 លើក រាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា ឆ្នាំ 2020 ដល់​ចុងខែ​សីហា ឆ្នាំនេះ៕

  • អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បើក​ឱ្យប្រើ​ប្រាស់​បណ្ដោះអាសន្ន ផ្លូវ​ក្រោម​ដី​ចោមចៅ​មួយ​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរណ៍

    អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បើក​ឱ្យប្រើ​ប្រាស់​បណ្ដោះអាសន្ន ផ្លូវ​ក្រោម​ដី​ចោមចៅ​មួយ​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរណ៍

    ការសម្រេច​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន​នេះ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ខណៈ​ក្រុមការងារ​កំពុង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ដទៃ។

    មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃនេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មូល​ហេតុដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​បើកផ្លូវ​ក្រោម​ដី​បណ្ដោះអាសន្ន​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍ ក្នុងពេល​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ទៅ​ផ្លូវជាតិ លេខ 4 និង​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​ចោមចៅ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី។

    ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការ​សាង​សង់​​ក្នុង​រយៈពេល 30 ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ 22 លាន​ដុល្លារ​អាម៉េរិក។

  • ព្រឹលធ្លាក់​ខ្លាំង​នៅ​ដើម​រដូវ ពលរដ្ឋ​នៅ​ទីក្រុង​ប៉េកាំង នាំគ្នា​ចេញ​គយគន់​​នៅ​តាម​ទីតាំង​ទេសចរណ៍​

    ព្រឹលធ្លាក់​ខ្លាំង​នៅ​ដើម​រដូវ ពលរដ្ឋ​នៅ​ទីក្រុង​ប៉េកាំង នាំគ្នា​ចេញ​គយគន់​​នៅ​តាម​ទីតាំង​ទេសចរណ៍​

    មនុស្ស​រាប់សែន​នាក់​នៅ រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នាំគ្នា​ចេញទៅ​គយគន់​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​តំបន់​ទេសចរណ៍​ដែល​គ្របដណ្ដប់​ដោយ​ព្រឹល​ពណ៌​សក្បុស នៅពេល​រដ្ឋធានី​នេះ​មាន​ព្រឹក​ធ្លាក់​នៅ​ដើមរដូវ។

    រដ្ឋធានី​ប៉េកាំង មាន​ព្រឹល​ធ្លាក់​ដំបូង​កាលពី​ថ្ងៃទី 6 វិច្ឆិកា ឆាប់​ជាង 23 ថ្ងៃ ធៀប​នឹងឆ្នាំមុន។ សីតុណ្ហភាព​កាលពី​យប់​ថ្ងៃទី 7 វិច្ឆិកា ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង។ សីតុណ្ហភាព​ជា​មធ្យម ចាប់ពី 1 ដល់ 2 អង្សា​សេ នៅពេល​ថ្ងៃ និង​ពី -5 ដល់ -4 អង្សា​សេ​នៅពេល​យប់។

    នាយកដ្ឋាន​ឧតុនិយម​របស់ ប្រទេស​ចិន កាលពី​ថ្ងៃទី 7 វិច្ចិកា បាន​ព្រមាន​ថា ព្យុះ​ព្រឹល​កើត​មាននៅ​ភាគ​ឦសាន​ប្រទេស ក្នុងនោះ​មាន​តំបន់​ខ្លះ​ព្រឹក​ធ្លាក់​កម្រាស់ 45 ម.ម ក្នុង​រយៈពេល 24 ម៉ោង ខណៈ​នៅ​ពាសពេញ​ភាគ​ខាងជើង មាន​ព្រឹល​ធ្លាក់​ខ្លាំង។

  • លោក​ Elon Musk កំពុង​ត្រៀម​ខ្លួន​​លក់​ភាគហ៊ុន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ នៅ Tesla ក្រោយ​ការស្ទង់មតិ​​លើ​​ Twitter

    លោក​ Elon Musk កំពុង​ត្រៀម​ខ្លួន​​លក់​ភាគហ៊ុន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ នៅ Tesla ក្រោយ​ការស្ទង់មតិ​​លើ​​ Twitter

    លទ្ធផល​នៃ​ការស្ទង់មតិ​បានបង្ហាញ​ថា 58% ក្នុងចំណោម​អ្នក​បាន​ចូលរួម​បញ្ចេញយោបល់ បាន​គាំទ្រ​ឱ្យ​មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla។

    កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លងទៅ មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក Elon Musk បានធ្វើ​ការស្ទង់មតិ​មួយ​នៅលើ​បណ្ដាញ​សង្គម Twitter ស្ដីពី​ការដែល​ថា លោក​គួរតែ​លក់​ភាគហ៊ុន 10% របស់ខ្លួន នៅក្នុង​ក្រុមហ៊ុន Tesla ឬ​អត់។ យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​បានបញ្ចប់​កាលពីរ​ល្ងាច​ថ្ងៃអាទិត្យ (ម៉ោង​នៅ​ទីក្រុង​នី​វ​យ៉​ក) 58% ក្នុងចំណោម 3.5 លាន​នាក់​ដែល​បាន​ចូលរួម​បញ្ចេញយោបល់ បាន​គាំទ្រ​ឱ្យ​លោក Elon Musk លក់​ភាគហ៊ុន​នេះ។

    យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន Tesla ចំនួន 170.5 លាន​ហ៊ុន។ បើសិនជា​លក់ 10% ក្នុងចំណោម​នេះ លោក Musk នឹង​រកបាន 21 ពាន់​លាន​ដុល្លារ​បន្ថែមទៀត។

    «ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលយក​លទ្ធផល» លោក Musk បង្ហោះ​សារ​នៅលើ Twitter ដូច្នេះ ក្រោយពី​ការស្ទង់មតិ​បានបញ្ចប់។

    ឥរិយាបថ​នេះ​របស់ Elon Musk ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក កំពុងមាន​ការជជែក​អំពី​ការយកពន្ធ​លើ​ខ្ទង់​ចំណេញ​មិនទាន់​ទទួលបាន ដូចជា​មូល​ប​ត្រ​ជាដើម។ CEO របស់ Tesla ក៏​ធ្លាប់បាន​អះអាងថា លោក​មិន​បានទទួល​ប្រាក់បៀវត្ស ឬ​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​ណាមួយ​ឡើយ។

    «ខ្ញុំ​មានតែ​មូល​ប​ត្រ។ ដូច្នេះ​ហើយ​ មាន​​វិធី​តែ​មួយគត់​ដែល​អនុញ្ញាតឱ្យ​ខ្ញុំ​បង់ពន្ធ​លើ​ប្រាក់ចំណូល​រូបវ័ន្ត​បុគ្គល (Personal Income) នោះ​គឺ​ការលក់​មូល​ប​ត្រ» លោក Elon Musk និយាយ​ដូច្នេះ។

    Dan Ives អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Wedbush Securities អះអាងថា ការដែល​ភាគ​ហ៊ុ​និក​លក់​ភាគហ៊ុន​ដ៏​ច្រើន តែង​ត្រូវបាន​គេ​ចាត់ទុកជា​សញ្ញា​អវិជ្ជមាន។ ប៉ុន្តែ ក្នុងករណី​របស់​មហា​សេដ្ឋី Elon Musk នេះ​វិញ នឹងមិន​ប៉ះពាល់​ខ្លាំង​ដល់ Tesla ទេ ព្រោះថា ទាំង​ក្រុម​អ្នកវិនិយោគ​ដែលមាន​អង្គការ​ចាត់តាំង ទាំង​អ្នកវិនិយោគ​លក្ខណៈ​បុគ្គល នៅតែ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ៕

  • (វីដេអូ)-NASA បង្ហើប​ឱ្យឃើញ​រ៉ុក្កែត​កម្ពស់​ជិត​ 100 ម៉ែត្រ សម្រាប់​បេសក​កម្ម​​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ ក្នុង​ពេល​ឆាប់ៗ​នេះ

    (វីដេអូ)-NASA បង្ហើប​ឱ្យឃើញ​រ៉ុក្កែត​កម្ពស់​ជិត​ 100 ម៉ែត្រ សម្រាប់​បេសក​កម្ម​​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​ ក្នុង​ពេល​ឆាប់ៗ​នេះ

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) កំពុង​បង្ហើយ​ការងារ​ចុងក្រោយ​មួយចំនួន​ដើម្បី​ត្រៀម​សម្រាប់​បេសកកម្ម Artemis ដំបូង​នៅ​ឆ្នាំក្រោយ។

    NASA កំពុង​តែមាន​គោលដៅ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី ក្រោយ​រយៈពេល 5 ទសវត្សរ៍ រាប់​ចាប់ពី​ព្រឹត្តិការណ៍​ឡើង​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​កម្មវិធី Apollo 17 កាលពី​ឆ្នាំ 1972។ គម្រោង​ថ្មី (Artemis) នេះ រួមមាន បេសកកម្ម Artemis 1, 2, 3 ដែល​គ្រោង​អនុវត្ត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ 2022, 2023 និង 2024។

    កាលពី​ថ្ងៃទី 5 វិច្ឆិកា NASA បានឱ្យដឹងថា ពួកគេ​សម្រេចបាន​ការងារសំខាន់ៗមួយចំនួន នៅពេល​ដំឡើង​យានអវកាស Orion ទៅលើ​ក្បាល​រ៉ុក្កែត SLS Block 1 ដែលមាន​កម្ពស់ 98 ម៉ែត្រ ខាងក្នុង​រោងចក្រ​ដំឡើង​នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ NASA ដែលមាន​ទីតាំងនៅ​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។

    បេសកកម្ម​ដំបូង (Artemis 1) គឺជា​ការហោះហើរ​គ្មាន​មនុស្ស​បើកបរ ដើម្បី​ពិនិត្យ​ស្ថានភាព​ហោះហើរ​ក្នុង​ទី​អវកាស​ជ្រៅ​របស់​យាន Orion ហើយនឹង​ចុះចត​លើ​ផែនដី​វិញ ដោយ​ប្រើ​ឆត្រយោង។

    បើសិនជាអ្វីៗដំណើរការ​ដោយ​រលូន នោះ Artemis 1 នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។ ចំណែក​បេសកកម្ម Artemis 2 និង Artemis 3 វិញ​គឺ សុទ្ធ​តែមាន​អវកាសយានិក​ទៅជា​មួយ។ តាម​ផែនការ Artemis 2 នៅតែ​ប្រើប្រាស់​រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បី​នាំ​យាន Orion ទៅ​ហោះហើរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ Artemis 3 នឹង​ប្រើប្រាស់​ប្រព័ន្ធ Starship របស់​ក្រុមហ៊ុន SpaceX ដើម្បី​នាំ​យាន Orion ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ។

    ក្រុម​អវកាសយានិក​នៃ​បេសកកម្ម​នេះ នឹង​រួមមាន​ទាំង​ស្ត្រី​ដំបូង​គេ និង​ជនជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​ផងដែរ ដែល​នឹង​បាន​ជាន់ដី​នៅលើ​ឋាន​ព្រះ​ចន្ទ៕

  • ក្រុម​មហាសេដ្ឋី​ និង​អ្នក​មាន​កំពូល​ៗ​រាប់​​រយ​នាក់ នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ប្រាក់​ជំនួយ COVID-19!

    ក្រុម​មហាសេដ្ឋី​ និង​អ្នក​មាន​កំពូល​ៗ​រាប់​​រយ​នាក់ នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ប្រាក់​ជំនួយ COVID-19!

    យោងតាម ProPublica មហាសេដ្ឋី​សរុប​ចំនួន 18 នាក់ និង​អ្នកមាន​លំដាប់កំពូលៗជាង 200 នាក់ ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត COVID-19 ពី​រដ្ឋាភិបាល​អាម៉េរិក។

    ProPublica ដែលជា​អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​មិន​ស្វែងរក​កម្រៃ មាន​ជំនាញ​ខាង​ស៊ើបអង្កេត បានឱ្យដឹងថា ក្រុម​មហាសេដ្ឋី បានទទួល​ខ្ទង់​ប្រាក់​ជំនួយ​ដំបូង ដែល​នេះ​គឺ​យោងទៅតាម​ឯកសារ​បែកធ្លាយ​ពី​ការិយាល័យ​សេវា​ចំណូល​ផ្ទៃក្នុង (Internal Revenue Service/ IRS)។

    ក្នុងចំណោម​មហាសេដ្ឋី​ដែល​ត្រូវបាន​ចោទថា បានទទួល​ប្រាក់​ជំនួយ​ខាងលើ ក៏មាន​មហាសេដ្ឋី George Soros ដែល​បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 8.6 ពាន់​លាន​ដុល្លារ។ បន្ទាប់មកទៀត​គឺ ស្ថាបនិក​របស់ Renco Group លោក Ira Rennert ដែលមាន​ទ្រព្យ​ប្រមាណ 3.7 ពាន់​លាន​ដុល្លារ។ ចំណែក មហាសេដ្ឋី Terrence Pegula ដែលមាន​ទ្រព្យ 5.7 ពាន់​លាន​ដុល្លារ ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ។

    ស្ថាបនិក​របស់ Renco Group លោក Ira Rennert

    គ្រួសារ​របស់​មហាសេដ្ឋី George Soros ក្រោយមក បានប្រកាសថា បាន​សង​ប្រាក់​ទាំងនេះ​ត្រលប់​ទៅវិញ ខណៈដែល​មហាសេដ្ឋី Rennert បាន​បដិសេធ​ការអធិប្បាយ​ចំពោះ​បញ្ហា​នេះ។

    Timothy Headington ជា​អ្នកវិនិយោគ​លើ​អណ្ដូងប្រេង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​ជា​ផលិតករ​ភាពយន្តល្បីៗដូចជា «Argo» និង «World War Z» ជាដើម ដែលមាន​ទ្រព្យ​ប្រមាណ 1.4 ពាន់​លាន​ដុល្លារ ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​បញ្ជី​នេះ​ផងដែរ។

    Robert Dart អ្នក​ស្នង​មរតក​របស់​គ្រួសារ​ត្រកូល Dart ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Dart Container ក៏​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ បើ​ទោះ​លោក​លែង​ជា​ពលរដ្ឋ​អាម៉េរិក និង​ប្រកាស​ពន្ធ​ពី​អាសយដ្ឋាន​មួយ​នៅ​ប្រជុំ​កោះ Cayman។ Dart ក្រោយមក​ក៏បាន​ប្រគល់​ប្រាក់​នេះ​ត្រលប់មក​រដ្ឋាភិបាល​វិញ។

    ​មហាសេដ្ឋី George Soros

    នៅមាន​បុគ្គល​អ្នកមាន​ជាច្រើន​ផ្សេងទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ខាងលើ ក្នុងនោះ​មាន​ទាំង​អតីត​នាយក​ប្រតិបត្តិ​របស់ Lehman Brothers លោក Richard Fuld ឬ លោក​ Erik Prince ស្ថាបនិក​របស់​ក្រុមហ៊ុន Blackwater ដែលជា​ក្រុមហ៊ុន​យោធា​ឯកជន និង​ជា​អ្នកម៉ៅការ​របស់​រដ្ឋាភិបាល។

    យោងតាម​ច្បាប់​ផ្ដល់ជំនួយ សង្គ្រោះ និង​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​វិបត្តិ Coronavirus (CARES) ក្រុម​គោលដៅ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​ជំនួយ​ដោយសារ COVID-19 គឺជា​គូ​ស្វាមី ភរិយា ដែល​ប្រកាស​ពន្ធ​រួម ហើយ​មាន​ចំណូល​សរុប​ក្រោម 150,000 ដុល្លារ/ឆ្នាំ និង​ពលរដ្ឋ​នៅ​លីវ​ដែលមាន​ចំណូល​ក្រោម 75,000 ដុល្លារ/ឆ្នាំ នៅ​ចុងឆ្នាំ 2019។

    ProPublica ឱ្យដឹងថា ក្រុម​មហាសេដ្ឋី និង​កំពូល​អ្នកមាន​រាប់រយ​នាក់ បានទទួល​ប្រាក់​ជំនួយ ព្រោះតែ​ពួកគេ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដោយសារតែ​រដ្ឋាភិបាល​កំណត់​ទៅលើ​តែ​ប្រាក់ចំណូល​ដែល​ត្រូវ​បង់ពន្ធ។ សរុប មនុស្ស​ប្រមាណ 270 នាក់​ដែល​បាន​បង់ពន្ធ​ក្នុងនាម​ជា​អ្នកមាន មាន​ប្រាក់ចំណូល​សរុប 5.7 ពាន់​លាន​ដុល្លារ នេះ​បើតាម​តារាង​ប្រកាស​ពន្ធ​មុន​នោះ​របស់​ពួកគេ។ ប៉ុន្តែ ខ្ទង់​ពន្ធ​នានា​ដែល​ត្រូវបាន​កាត់បន្ថយ​របស់​ពួកគេ​ធំ​រហូតដល់​ថ្នាក់​ក្លាយជា​ចំណូល​អវិជ្ជមាន (Negative Income) ក្នុង​ឆ្នាំ 2019។

    លោក​ Erik Prince ស្ថាបនិក​របស់​ក្រុមហ៊ុន Blackwater

    ការដែល​ក្រុម​មហាសេដ្ឋី ទទួលបាន​ប្រាក់​ជំនួយ បានបង្ហាញ​អំពី​កំហុសឆ្គង​នៅក្នុង​គោលនយោបាយ​ពន្ធដារ​ចំពោះ​ក្រុម​កំពូល​អ្នកមាន។ បញ្ហា​នេះ​បាន​នាំឱ្យ​ពួកគេ​ត្រូវបាន​ការពារ​ច្រើនជាង​ក្រុម​ពលរដ្ឋ​ដែល​រស់​ដោយសារ​ប្រាក់ខែ៕

  • កម្ពុជា​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី COVID-19 ចំនួនជាង​​ 60​ នាក់​ទៀត​ កាល​ពី​ម្សិល​មិញ

    កម្ពុជា​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី COVID-19 ចំនួនជាង​​ 60​ នាក់​ទៀត​ កាល​ពី​ម្សិល​មិញ

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី 68 (PCR) នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ចំនួន​ 72 នាក់ និងស្លាប់ 6 នាក់ ក្នុង​រយៈ​ពេល​ 24 ម៉ោង​ នៃ​ថ្ងៃទី 7 វិច្ឆិកា ឆ្នាំ​ 2021។

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 250,613,440 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 226,869,270 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,064,640 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,679,530 នាក់