Author: សឿន សំណាង

  • សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង «បញ្ចេញស្នាដៃ» បើសិន កោះ​តៃវ៉ាន់ រង​ការវាយប្រហារ

    សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង «បញ្ចេញស្នាដៃ» បើសិន កោះ​តៃវ៉ាន់ រង​ការវាយប្រហារ

    រដ្ឋមន្ត្រីការបរទេស Blinken ប្រកាសថា សហរដ្ឋ​អាម៉េរិក រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត នឹង​ចាត់ការ បើសិនជា ប្រទេស​ចិន ប្រើ​កម្លាំងបាយ​ក្នុងការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៅ តៃវ៉ាន់ ប៉ុន្តែ មិនបាន​លើកឡើង​លម្អិត​នោះទេ។

    «មាន​ប្រទេស​ជាច្រើន​នៅក្នុង និង​ក្រៅ​តំបន់ ចាត់ទុកថា រាល់​សកម្មភាព​ឯកតោភាគី​ដែល​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​បំផ្លាញ​ស្ថានការណ៍​បច្ចុប្បន្ន​គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្ដិសុខ» រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក Antony Blinken ថ្លែង​ដូច្នេះ​កាលពី​ម្សិលមិញ នៅពេល​ត្រូវបាន​សួរថា តើ សហរដ្ឋ​អាម៉េរិក អាច​ចូលរួម​ការពារ តៃវ៉ាន់ ដែរ​ទេ បើសិន​ត្រូវ ចិនដីគោក វាយប្រហារ។

    លោក Blinken បន្ថែមថា៖ «ពួកគេ​ក៏ដូចជា សហរដ្ឋ​អាម៉េរិក នឹង​បញ្ចេញ​សកម្មភាព បើសិន​បញ្ហា​នោះ​កើតឡើង» ប៉ុន្តែ មន្ត្រី​រូបនេះ​មិនបាន​លើកឡើង​សេចក្ដីលម្អិត​ថា ប្រទេស​នេះ និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​អ្វីខ្លះ​នៅក្នុង​សេណារីយោ «ចិន វាយប្រហារ តៃវ៉ាន់»។

    ប្រកាស​របស់លោក Blinken ត្រូវបាន​លើកឡើង​នៅមុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាម៉េរិក Joe Biden និង​ប្រធានាធិបតី​ចិន Xi Jinping ដែល​ត្រូវបាន​គេ​ជឿថា នឹងធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ។ នេះ​នឹង​ជា​ជំនួប​ដំបូង​រវាង​មេដឹកនាំ​ទាំងពីរ បន្ទាប់ពី​លោក Joe Biden ឡើងកាន់​អំណាច។

    កាលពី​ខែ​មុន ប្រធានាធិបតី Biden ក៏​ធ្លាប់បាន​ថ្លែង​ដូច​លោក Blinken ដែល​ប្រការនេះ​គឺ​ផ្ទុយទៅនឹង​គោលនយោបាយ​តាំងពី​យូរ​មកហើយ​របស់ សហរដ្ឋ​អាម៉េរិក ដែល​ទទួលស្គាល់​ប្រទេស​ចិន​តែមួយ។

    ប្រទេស​ចិន តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ថ្ងៃ​បម្រួបបម្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំង​ទ័ព​បើសិនជា​ចាំបាច់៕

  • កម្ពុជា កំពុងជំរុញឱ្យមាន​ជើង​ហោះ​ហើរ​ត្រង់​ជា​មួយ​ ប្រទេស​ជប៉ុន​ បន្ថែម​ទៀត​ ដើម្បី​ទាក់​​ទាញ​ទេសចរ​វ៉ាក់​សាំង

    កម្ពុជា កំពុងជំរុញឱ្យមាន​ជើង​ហោះ​ហើរ​ត្រង់​ជា​មួយ​ ប្រទេស​ជប៉ុន​ បន្ថែម​ទៀត​ ដើម្បី​ទាក់​​ទាញ​ទេសចរ​វ៉ាក់​សាំង

    កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចាក់​វ៉ាក់សាំង​ពី​អន្តរជាតិ ក្នុងនោះ​ទីផ្សារ​ជប៉ុន ត្រូវបាន​រដ្ឋាភិបាល​យ​ក​ចិត្ត​ទុកដាក់​ខ្លាំង។

    យោងតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​រវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ កម្ពុជា ស្ដីពី​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី 10 វិច្ឆិកា 2021 នៅ​ស្ថានទូត​ជប៉ុន នា​រាជធានី​ភ្នំពេញ។

    ក្នុងជំនួប​នោះ ឯកឧត្តម ថោង ខុន បាន​ជម្រាប​លោក មី​កា​មិ ថា កម្ពុជា នឹងមាន​ការរៀបចំ​ជាពិសេស​សម្រាប់​ការធ្វើដំណើរ​របស់​ទេស​ចរ​ជប៉ុន មកកាន់​តំបន់​គោលដៅ​ទាំង 3 របស់ កម្ពុជា ដែល​ទើបតែ​ត្រូវបាន​បើក​ដំណើរ​ការទទួល​ទេសចរ​វ៉ាក់សាំង​ពី​បរទេស។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំ កម្ពុជា

    ថ្មីៗនេះ កម្ពុជា បានប្រកាស​បើកទ្វារ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ ក្នុងនោះ​តំបន់​ទេសចរណ៍សំខាន់ៗចំនួន 3 រួមមាន ខេត្ត​ព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារា​សាគរ នៃ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី 31 ខែវិច្ឆិកា ខណៈ​តំបន់​សៀមរាប​អង្គរ ក៏​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​ចាប់ពី​អំឡុង​ខែមករា ឆ្នាំ 2022៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 11 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 11 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 10 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 66 នាក់
    – ជាសះស្បើយ​ថ្មី = 71 នាក់
    – ស្លាប់​ថ្មី = 5 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 66 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 58 នាក់
    – អ្នកដំណើរពីបរទេស 08 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,358 នាក់
    – អ្នកជាសះស្បើយ= 115,730 នាក់
    – អ្នកស្លាប់= 2,850 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 252,153,200 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 228,227,500 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,088,500 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,837,200 នាក់

  • ប្រជាជន​ឥណ្ឌា ងូតទឹក​ទន្លេ​ទេព​ដែល​គ្របដណ្ដប់​ដោយ​ពពុះ​ពុល​ក្នុង​ពិធីបុណ្យ​សាសនា (វីដេអូ)

    ប្រជាជន​ឥណ្ឌា ងូតទឹក​ទន្លេ​ទេព​ដែល​គ្របដណ្ដប់​ដោយ​ពពុះ​ពុល​ក្នុង​ពិធីបុណ្យ​សាសនា (វីដេអូ)

    ពលរដ្ឋ​ឥណ្ឌា ដែល​កាន់សាសនា​ហិណ្ឌូ នាំគ្នា​ទៅ​ងូតទឹក​ទន្លេ Yamuna ដើម្បី​សម្ដែង​អំណរគុណ​ដល់​ព្រះអាទិត្យ បើទោះជា​ផ្ទៃ​ទឹកទន្លេ​គ្របដណ្ដប់​ដោយ​ពពុះ​មាន​ជាតិពុល ដោយសារតែ​ទឹក​សំណល់​មិនទាន់​ឆ្លងកាត់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម។

    ពពុះទឹក​មាន​ផ្ទុក​ជាតិពុល គ្របដណ្ដប់​លើ​ផ្ទៃ​ទឹកទន្លេ Yamuna ជាច្រើន​កន្លែង​ដែល​ហូរ​ឆ្លងកាត់​រដ្ឋធានី New Delhi របស់​ប្រ​ទស​ឥណ្ឌា កាលពី​ថ្ងៃទី 9 វិច្ឆិកា ភាគច្រើន​ត្រូវបាន​គេ​យល់ថា កើតឡើង​ដោយសារ​ទឹក​សំណល់​ឧស្សាហកម្ម​ខុសច្បាប់ ហើយ​ទឹក​មាន​ផ្ទុក​ជាតិពុល​មិនទាន់​ឆ្លងកាត់​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់។ នេះ​បើតាម​សកម្មជន​បរិស្ថាន Varun Gulati។

    យោងតាម Gulati រោងចក្រ​កាត់ដេរ ដែល​ស្ទើរតែ​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ដោយ​មិន​ស្របច្បាប់​នៅក្នុង​តំបន់​ប្រជុំជន​នៅ​រដ្ឋធានី កំពុង​បញ្ចេញ​ទឹក​សំណល់​ពុល​ចូលទៅក្នុង​បណ្ដា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ច្រើនជាង​កម្រិត​អនុញ្ញាត ហើយ​ការរំលោភបំពាន​នៅតែ​បន្ត​ដោយ​មិនទាន់​ត្រូវបាន​ត្រួតពិនិត្យ និង​គ្រប់គ្រង​ឱ្យបាន​ល្អ។

    ពពុះ​ពុល​ត្រូវបាន​គេ​ដឹង​ច្រើន​នៅពេល​ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ ចុះ​លុបលាង​ខ្លួន​ក្នុង​ទឹកទន្លេ Yamuna នៅក្នុង​ពិធីបុណ្យ Chhath Puja ដែលជា​បុណ្យ​អំណរគុណ​ព្រះអាទិត្យ​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី។ ពួកគេ​ងូតទឹក និង​បួងសួង​នៅ​កណ្ដាល​លំហូរ​ពពុះទឹក​ពណ៌​សក្បុស ហាក់បីដូចជា​កំពុងស្ថិត​នៅលើ​ពពក នៅលើ​អាកាស។

    របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ឆ្នាំ 2020 បានឱ្យដឹងថា គុណភាព​ទឹក​នៅក្នុង​ទន្លេ Yamuna កាន់តែ​អាក្រក់ទៅៗនៅក្នុង​រយៈពេល 5 ឆ្នាំ​កន្លង៕

  • សហរដ្ឋ​អាម៉េរិក សម្រេច​បន្ត​អនុវត្ត​បទបញ្ជា​របស់ Trump ដែល «ហាម​ការវិនិយោគ​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ចិន»

    សហរដ្ឋ​អាម៉េរិក សម្រេច​បន្ត​អនុវត្ត​បទបញ្ជា​របស់ Trump ដែល «ហាម​ការវិនិយោគ​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ចិន»

    សហរដ្ឋ​អា​ម៉​រិ​ក នឹង​បន្ត​រក្សា​បម្រាម​លើ​ការ​វិយោគ​ទៅក្នុង​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​ទីក្រុង វ៉ា​ស៊ី​ង​តោន យល់ថា ជា​កម្មសិទ្ធិ ឬ​មាន​ទំនាក់ទំនង​ជាមួយនឹង​កងទ័ព​រំដោះប្រជាជន​ចិន។

    ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង​បក្ស​ប្រជាធិបតេយ្យ បាន​និយាយថា លោក Joe Biden នឹង​បន្ត​អនុវត្ត​ការ​រឹតបន្តឹង​នៅក្នុង​បទបញ្ជា​ដែល​បានដាក់​ចេញ​ដោយ​អតីត​ប្រធានាធិបតី សហរដ្ឋ​អាម៉េរិក លោក Donald Trump កាលពី​ខែវិច្ឆិកា 2020។

    បទបញ្ជា​នេះ ដើមឡើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​របស់ សហរដ្ឋ​អាម៉េរិក មូលនិធិ​សោធន​និវត្តន៍ និង​ស្ថាប័នផ្សេងៗ ទិញ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន​ចិន ដែល​ត្រូវបាន​មន្ទីរ​បញ្ច​កោណ​កំណត់ថា មាន​ជាប់ទាក់ទង​នឹង​កងទ័ព​ចិន។

    ប្រធានាធិបតី Biden កាលពី​ខែមិថុនា ធ្លាប់បាន​កែសម្រួល​បញ្ហា​មួយចំនួន​ដែល​ត្រូវបាន​ចាត់ទុកថា​ជា «កំហុសឆ្គង​ផ្នែក​ច្បាប់» នៅក្នុង​បទបញ្ជា​នា​សម័យ​លោក Trump ដោយ​ស្នើឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក អនុវត្ត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ថ្មី​ដែលមាន​ក្រុមហ៊ុន​ចំនួន 59 ជំនួស​ឱ្យ​បញ្ជី​ឈ្មោះ​មុន​នោះ​ពី​មន្ទីរ​បញ្ច​កោណ។ ក្នុង​បញ្ជី​ឈ្មោះ​នេះ មាន​ទាំង​ក្រុមហ៊ុន​ផលិត​ឈី​ប​លំដាប់​កំពូល​របស់​ចិន SMIC និង​ក្រុមហ៊ុន​ប្រេង CNOOC ផងដែរ។

    ក្រុម​ប្រកាន់​តឹង​ចំពោះ​ចិនដីគោក នៅ​ទីក្រុង វ៉ា​ស៊ី​ង​តោន បាន​សាទរ នៅពេល​ប្រធានាធិបតី Biden សម្រេច​បន្ត​អនុវត្ត​បទបញ្ជា ប៉ុន្តែ ពួកគេ​នៅតែ​រិះគន់​រដ្ឋបាល​របស់លោក Biden ដោយសារតែ​មិនទាន់បាន​បន្ថែម​ក្រុមហ៊ុន​ចិន​ណាមួយ​ចូលក្នុង​បញ្ជី​ឈ្មោះ​ថ្មី បន្ទាប់ពី​មានការ​កែសម្រួល​កាលពី​ខែមិថុនា៕

  • ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់ ដែល​វិជ្ជមាន​នឹង COVID-19 បាន​សម្រាលកូន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

    ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់ ដែល​វិជ្ជមាន​នឹង COVID-19 បាន​សម្រាលកូន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

    ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់​ដែលមាន​ផ្ទុក​វីរុស COVID-19 ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ជួយ​សម្រាលកូន​បាន​ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។

    មន្ត្រី​សុខាភិបាល​ប្រចាំ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រី​ទាំង 3 រូប​ខាងលើ រួមមាន ទីមួយ៖ ស្ត្រី​ម្នាក់​អាយុ 31 ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង, ទី​ពីរ៖ ស្ត្រី​ម្នាក់​អាយុ 25 ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង និង​ទី​បី៖ ជា​ស្ត្រី​អាយុ 21 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

    បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​ស្ត្រី​សម្រាលកូន​ខាងលើ​មាន​ភាពល្អប្រសើរ នេះ​បើតាម​​ទំព័រ​ Facebook របស់​មន្ទីរពេទ្យ​ខេត្ត​ស្វាយ​រៀង​។

    មន្ទីរពេទ្យ​ស្វាយរៀង​បាន​ជួយ​សម្រាលកូន​ជូន​ដល់​ស្ត្រី​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 61 ករណី​ហើយ គិត​មកដល់​បច្ចុប្បន្ន៕

  • ស្ដាយ​ជំនួស Bill Gates! បើសិន​បន្តដំណើរ​ជាមួយ Microsoft មកដល់​បច្ចុប្បន្ន លោក​អាចមាន​ទ្រព្យ​ច្រើនជាង Elon Musk ទ្វេដង

    ស្ដាយ​ជំនួស Bill Gates! បើសិន​បន្តដំណើរ​ជាមួយ Microsoft មកដល់​បច្ចុប្បន្ន លោក​អាចមាន​ទ្រព្យ​ច្រើនជាង Elon Musk ទ្វេដង

    មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ក្នុង​សម័យនេះ មិនមែនជា​បុគ្គល​ដែល​ជួយ​ឱ្យ Microsoft រីកចម្រើន​បំផុត ហើយក៏​មិនមែនជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នោះដែរ។

    លោក Bill Gates គួរ​ណាស់​តែមាន​ទ្រព្យ​ច្រើនជាង​លោក Elon Musk និង​លោក Jeff Bezos បូក​ចូលគ្នា

    សារព័ត៌មាន Bloomberg បាន​អះអាងថា មហាសេដ្ឋី Bill Gates ប្រហែលជា​មានការ​សោកស្ដាយ​នៅពេល​បានឃើញ​តម្លៃ​មូល​ប​ត្រ​របស់ Microsoft នាបច្ចុប្បន្ន។ គួរ​ណាស់​តែ​លោក​បាន​ក្លាយជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក​នាពេលនេះ ពោលគឺ​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Jeff Bezos បូក​ចូលគ្នា បើសិនជា​លោក Bill Gates នៅតែ​បន្ត​រក្សា​ភាគហ៊ុន​របស់ខ្លួន​នៅ Microsoft រហូតដល់​បច្ចុប្បន្ន។

    យោងតាម​ស្ថិតិ​របស់ Bloomberg មហាសេដ្ឋី Bill Gates បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 138.5 ពាន់​លាន​ដុល្លារ។ កាលពី​ខែកញ្ញា ឆ្នាំ 1998 លោក Gates កាន់កាប់​ភាគហ៊ុន​ជាង 2 ពាន់​លាន​ហ៊ុន​របស់ Microsoft ហើយ​នោះ​គឺជា​អំឡុង​ពេលដែល​ក្រុមហ៊ុន​នេះ​ក្លាយជា​ស្ថាប័ន​ដែលមាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក។

    លោក​ Bill Gates និង​អតីត​ភរិយា​ Melinda French Gates

    បច្ចុប្បន្ន Microsoft នៅតែ​ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​លោក ដោយមាន​មូលធន​ទីផ្សារ 2.5 លាន​លាន (2.5 ទ្រី​លាន) ដុល្លារ។ ប្រការនេះ​មានន័យថា ភាគហ៊ុន​រាប់ពាន់​លាន​ហ៊ុន​ដែល​លោក Bill Gates ធ្លាប់បាន​កាន់កាប់ បើសិន​រក្សាទុក​ដល់​ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នឹងមាន​តម្លៃ​សរុប​ប្រហែល 693 ពាន់​លាន​ដុល្លារ ច្រើនជាង​ទ្វេដង​ធៀប​នឹង​ទ្រព្យ 340.4 ពាន់​លាន​ដុល្លារ​របស់លោក Elon Musk និង​ច្រើនជាង 3 ដង ធៀប​នឹង​ទ្រព្យ 200.3 ពាន់​លាន​ដុល្លារ​របស់លោក Jeff Bezos។

    ក៏ប៉ុន្តែ គួរឱ្យ​ស្ដាយ​ខ្លាំងណាស់ ប្រការ​ទាំងនោះ​មិនបាន​កើតឡើង​នោះទេ។ លោក Bill Gates បាន​លក់​ភាគហ៊ុន​ស្ទើរតែ​ទាំងអស់​របស់ខ្លួន នៅពេល​លោក​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ឆ្នាំទៅ។ កាលណោះ (ប្រហែល​ខែមីនា ឆ្នាំ 2020) លោក Gates បានប្រកាសថា នឹង​ចាក​ចេញពី​ក្រុមហ៊ុន​លំដាប់​យក្ស Microsoft ដើម្បី​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ នៅសល់​ភាគហ៊ុន​ត្រឹមតែ 1.3% ប៉ុណ្ណោះ នៅក្នុង​ក្រុមហ៊ុន Microsoft។

    ការចាកចេញ​ពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ឆ្នាំ 2020 របស់លោក Gates កើតឡើង​ដោយសារ​កត្តា​មួយចំនួន ពិសេស​គឺ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង។ល។ ក្រោយមក បញ្ហា​អវិជ្ជមាន​ជាច្រើន​របស់លោក​ក៏ត្រូវ​បាន​គេ​បើក​កកាយ​យកមក​និយាយ​ជា​ហូរហែ៕

  • (វីដេអូ)-ស្ពាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D ​ដំឡើង​ពី​ផ្ទាំង​បេតុង 500 ស្រទាប់

    (វីដេអូ)-ស្ពាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D ​ដំឡើង​ពី​ផ្ទាំង​បេតុង 500 ស្រទាប់

    (អ៊ីតាលី)-ស្ពាន​ថ្នើ​រ​ជើង​ប្រវែង 16 ម៉ែត្រ ក្នុង​ឧទ្យាន​មួយ​នៅ​ទីក្រុង Venice ត្រូវបាន​សាងសង់​ពី​ផ្ទាំង​បេតុង​ចំនួន 53 ដុំ ដែល​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D និង​ប្រើពេល​តែ 84 ម៉ោង​ប៉ុណ្ណោះ។

    ស្ពានបេតុង​ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D នេះ ឈរ​ជាប់​យ៉ាង​មាំ​ដោយ​មិន​ចាំ​បាច់​​ប្រើ​ប្រាស់​​ទម្រ ឬ​គ្រោង​ដែក។

    ក្រុមហ៊ុន Zaha Hadid Architects និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជាតិ​ស្វី​ស (ETH Zurich) គឺជា​អ្នក​រចនា Striatus ដែលជា​ស្ពាន​ថ្នើ​រ​ជើង 3D ត្រូវបាន​ដំឡើង​ដោយ​មិនបាច់​មាន​ទម្រ​ង ឬ​គ្រោងឆ្អឹង។

    ស្ពាន​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង Venice ប្រទេស អ៊ីតាលី នេះ មាន​ប្រវែង 16 ម៉ែត្រ ទទឹង 12 ម៉ែត្រ និង​ត្រូវបាន​ដំឡើង​ពី​ដុំ​បេតុង​ចំនួន 53 ដុំ ហើយ​ក្នុង 1 ដុំៗ មាន​បេតុង​ចំនួន 500 ស្រទាប់ និង​ប្រើពេល​ចាប់ពី 1 ម៉ោង ដល់ 2 ម៉ោង​ក្នុង​ការបោះ​ពុ​ម្ភ 1 ដុំ។

    ពេលវេលា​សរុប​ដែល​ត្រូវបាន​ចំណាយ​សម្រាប់​ការបោះ​ពុ​ម្ភ​ដុំ​បេតុង​ទាំងនោះ​គឺ 84 ម៉ោង។ ដំណាក់កាល​នៃ​ការ​បង្ហើយ​ការងារ​សាងសង់​ដែល​រួមមាន ដំណាក់កាល​ចាក់គ្រឹះ ដំឡើង​តួ ដំឡើង​កាំជណ្ដើរ និង​ផ្ទៃ​ខាងមុខ​របស់​ស្ពាន បាន​ស៊ីពេល​អស់ 35 ថ្ងៃ។

    សំណង់​នេះ​ជួយ​លើកកម្ពស់​តម្លៃ​សិល្បៈ​ក្នុងការ​សាងសង់​ដោយ​ថ្ម​បុរាណ។ ដុំ​បេតុង​ត្រូវបាន​តម្រៀប​យ៉ាង​សមស្រប​ដើម្បីឱ្យ​ទម្ងន់​របស់​សំណង់​ត្រូវបាន​បែងចែក​ស្មើគ្នា​ដល់​គ្រឹះ​ទាំងឡាយ​របស់​វា និង​មិនចាំបាច់​មាន​គ្រោងឆ្អឹង​ខាងក្នុង៕

  • NASA ពន្យារពេល​នាំ​មនុស្ស​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ ក្នុង​បេសកកម្ម Artemis

    NASA ពន្យារពេល​នាំ​មនុស្ស​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ ក្នុង​បេសកកម្ម Artemis

    ប្រធាន​អង្គការ NASA កាលពី​ថ្ងៃទី 9 វិច្ឆិកា បានឱ្យដឹងថា ជើងហោះហើរ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើកដំបូង​ក្រោយ​រយៈពេល 50 ឆ្នាំ នឹងមិន​អាចធ្វើ​ទៅបាន​មុន​ឆ្នាំ 2055 ឡើយ។

    ប្រការនេះ​មានន័យថា បេសកកម្ម Artemis 3 ត្រូវបាន​ពន្យារពេល​យ៉ាងតិច​មួយឆ្នាំ ធៀប​នឹង​ថ្ងៃ​កំណត់​ដំបូង​ដែល​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Donald Trump បានដាក់​ចេញ។ មូល​ហេតុដែល​នាំឱ្យមាន​ការពន្យារ​ពេលនេះ កើតឡើង​ដោយសារ​បញ្ហា​ផ្លូវច្បាប់ ទាក់ទិន​នឹង​កិច្ចសន្យា​ក្នុងការ​អភិវឌ្ឍ​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ថ្មីៗនេះ ក្រុមហ៊ុន Blue Origin របស់​មហាសេដ្ឋី Jeff Bezos បានដាក់​ពាក្យ​ប្ដឹង ដោយ​យល់ថា NASA និង​រដ្ឋាភិបាល «លម្អៀង» ទៅរក SpaceX ទាក់ទិន​នឹង​ការប្រគល់​កិច្ចសន្យា​អភិវឌ្ឍ​ប្រព័ន្ធ​បាញ់​បង្ហោះ និង​ចុះចត។ ប៉ុន្តែ ក្រោយមក NASA បានឈ្នះ​ក្ដី។

    លោក Bill Nelson

    «យើង​ខាត​ពេល​អស់​ជិត 7 ខែ ដោយសារ​រឿងក្ដី ហើយ​ប្រការនេះ​បានធ្វើឱ្យ​បេសកកម្ម​ចុះចត​ដំបូង​របស់​មនុស្ស លើ​ឋាន​ព្រះ​ចន្ទ (រាប់​ចាប់ពី​ឆ្នាំ 1972) ត្រូវ​ថយ​ទៅក្រោយ​ឆ្នាំ 2025» ប្រធាន​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) លោក Bill Nelson បកស្រាយ​ដូច្នេះ។ លោក​បន្តថា នឹងមាន​ការចុះ​ចត​ដោយ​គ្មាន​មនុស្ស​បើកបរ នៅក្នុងពេល​ណាមួយ​មុនពេល​មនុស្ស​ឈាន​ជើង​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ជាថ្មី។

    NASA កំពុង​តែមាន​គោលដៅ​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី ក្រោយ​រយៈពេល 5 ទសវត្សរ៍ រាប់​ចាប់ពី​ព្រឹត្តិការណ៍​ឡើង​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​កម្មវិធី Apollo 17 កាលពី​ឆ្នាំ 1972។ គម្រោង​ថ្មី (Artemis) នេះ រួមមាន បេសកកម្ម Artemis 1, 2, 3 ដែល​គ្រោង​អនុវត្ត​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ 2022។

    កាលពី​ថ្ងៃទី 5 វិច្ឆិកា NASA បានឱ្យដឹងថា ពួកគេ​សម្រេចបាន​ការងារសំខាន់ៗមួយចំនួន នៅពេល​ដំឡើង​យានអវកាស Orion ទៅលើ​ក្បាល​រ៉ុក្កែត SLS Block 1 ដែលមាន​កម្ពស់ 98 ម៉ែត្រ ខាងក្នុង​រោងចក្រ​ដំឡើង​នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ NASA ដែលមាន​ទីតាំងនៅ​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។

    Artemis 3 នឹងប្រើប្រាស់ប្រព័ន្ធ Starship របស់ក្រុមហ៊ុន SpaceX ដើម្បីនាំយាន Orion ចុះចតលើដីឋានព្រះចន្ទ

    បេសកកម្ម​ដំបូង (Artemis 1) គឺជា​ការហោះហើរ​គ្មាន​មនុស្ស​បើកបរ ដើម្បី​ពិនិត្យ​ស្ថានភាព​ហោះហើរ​ក្នុង​ទី​អវកាស​ជ្រៅ​របស់​យាន Orion ហើយនឹង​ចុះចត​លើ​ផែនដី​វិញ ដោយ​ប្រើ​ឆត្រយោង។ បើសិនជាអ្វីៗដំណើរការ​ដោយ​រលូន នោះ Artemis 1 នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 12 ខែកុម្ភៈ ឆ្នាំ 2022។

    ចំណែក​បេសកកម្ម Artemis 2 និង Artemis 3 វិញ​គឺ សុទ្ធ​តែមាន​អវកាសយានិក​ទៅជា​មួយ។ តាម​ផែនការ Artemis 2 នៅតែ​ប្រើប្រាស់​រ៉ុក្កែត SLS Block 1 របស់ NASA ដើម្បី​នាំ​យាន Orion ទៅ​ហោះហើរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ខណៈ Artemis 3 នឹង​ប្រើប្រាស់​ប្រព័ន្ធ Starship របស់​ក្រុមហ៊ុន SpaceX ដើម្បី​នាំ​យាន Orion ចុះចត​លើដី​ឋាន​ព្រះ​ចន្ទ៕

  • ឧកញ៉ា​ម្នាក់​ចូលខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ក្រោយ​មាន​ដីកាចាប់ខ្លួន

    ឧកញ៉ា​ម្នាក់​ចូលខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល ក្រោយ​មាន​ដីកាចាប់ខ្លួន

    ឧកញ៉ា លី សាយ​ឃាង បាន​ចូលខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តាម​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​នេះ​បើតាម​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

    សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2021 បានចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា លី សាយ​ឃាង ពាក់ព័ន្ធ​បទល្មើស​រំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។

    ជន​ត្រូវ​ចោទ​ឈ្មោះ លី សាយ​ឃាង ភេទ​ប្រុស អាយុ 58 ឆ្នាំ ជា​ជនជាតិខ្មែរ និង​មាន​មុខរបរ​អ្នកជំនួញ​នេះ មាន​ស្រុកកំណើត​នៅ​ឃុំ​ថ្ម​ស ស្រុក​គិរីសាគរ ខេត្តកោះកុង និង​មាន​ទីលំនៅ​ផ្ទះ​លេខ 53 ផ្លូវ​លេខ 184 សង្កាត់​ផ្សារ​ថ្មី 3 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    យោងតាម​ដីកាចាប់ខ្លួន លោក​ឧកញ៉ា លី សាយ​ឃាង ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី រំលោភ​លើ​ទំនុកចិត្ត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ , សង្កាត់​និមិត្ត និង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ 2018 និង​អំឡុង​ឆ្នាំ 2017៕