Author: សឿន សំណាង

  • មហាសេដ្ឋី Elon Musk សម្រេច​លក់​ភាគហ៊ុន Tesla តម្លៃ​ 930 លាន​ដុល្លារ​បន្ថែមទៀត ក្រោយ​ការជជែក​តវ៉ា​​ជា​មួយ​​តំណាងរាស្ត្រ​អាម៉េរិក

    មហាសេដ្ឋី Elon Musk សម្រេច​លក់​ភាគហ៊ុន Tesla តម្លៃ​ 930 លាន​ដុល្លារ​បន្ថែមទៀត ក្រោយ​ការជជែក​តវ៉ា​​ជា​មួយ​​តំណាងរាស្ត្រ​អាម៉េរិក

    លោក​ Musk បាន​លក់​ភាគ​ហ៊ុន​ចំនួន​ 934,091 ហ៊ុន​ បន្ទាប់​ពី​អនុវត្ត​សិទ្ធិ​ទិញ​មូលបត្រ​ចំនួន​ 2.1​ លាន​ហ៊ុន​ក្នុង​តម្លៃ​ 6.24​ ដុល្លារ​/ហ៊ុន​ កាលពី​ថ្ងៃ​ចន្ទ​ ទី 15 វិច្ឆិកា។ មូលបត្រ​ Tesla មាន​តម្លៃ​ 1,013.39​ ដុល្លារ​/ហ៊ុន​ នៅពេល​បិទ​ទ្វារ​។

    នេះគឺជា​លើក​ទីពីរ​ហើយ​ក្នុង​សប្ដាហ៍​នេះ​ដែល​មហា​សេដ្ឋី​ Elon Musk បាន​អនុវត្ត​សិទ្ធិ​ទិញ​មូលបត្រ​របស់​ខ្លួន​។ កាលពី​ថ្ងៃចន្ទ​សប្ដាហ៍​មុន​ លោក​ក៏​បាន​លក់​ភាគ​ហ៊ុន​ចំនួន​ 934,000​ ហ៊ុន​ក្នុង​តម្លៃ​ 1.1 ពាន់​លាន​ដុល្លារ​ផងដែរ​ បន្ទាប់​ពី​អនុវត្ត​សិទ្ធិ​ទិញ​មូលបត្រ​ជិត​ 2.2​ លាន​ហ៊ុន​។

    កាលពី​សប្ដាហ៍​មុន តំណាងរាស្ត្រ​នៃ​សភា​ជាន់ខ្ពស់ Bernie Sanders ក៏បាន​បង្ហោះ​សារ​នៅលើ Twitter និង​និយាយថា ត្រូវការ​តម្រូវឱ្យ​ក្រុម​អ្នកមាន​បំផុត​បង់ពន្ធ​ឱ្យបាន​ស្មើភាព​គ្នា។ ជាការ​ឆ្លើយតប លោក Musk សួរថា៖ «ចង់ឱ្យ​ខ្ញុំ​លក់​ភាគហ៊ុន​បន្ថែមទៀត​ដែរ​ទេ​លោក Bernie? គ្រាន់តែ​និយាយ​មួយ​ម៉ាត់​បាន​ហើយ»។

    តាម​ការពិត ការលក់​ភាគហ៊ុន Tesla មួយចំនួន​របស់​មហា​សេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ​គឺជា​ការគ្រោងទុក​តាំងពី​ខែកញ្ញា​មក​ម្លេះ ដែល​កាលណោះ​លោក Musk ធ្លាប់បាន​និយាយថា ខ្លួន​អាច​នឹង​លក់​ភាគហ៊ុន​ក្នុង​ចំនួន​ច្រើន​នៅ​ចុងឆ្នាំ​ 2021​ នេះ។

    ដើម្បី​ឱ្យបាន 10% ដែល​លោក​បានលើកឡើង​នៅក្នុង​ការស្ទង់មតិ​ពាក់ព័ន្ធ​នឹង កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Programme) លោក Musk ត្រូវ​ការលក់​ភាគហ៊ុន Tesla ប្រហែល 17 លាន​ហ៊ុន​ឯណោះ។

    សំអាង​លើ​ទ្រព្យ 279.3 ពាន់​លាន​ដុល្លារ លោក Elon Musk គឺជា​អ្នកមាន​ជាងអ្នកណាៗទាំងអស់​ក្នុង​ពិភពលោក។ ទ្រព្យ​របស់​មហាសេដ្ឋី​រូបនេះ​បាន​កើន​បន្ថែម 109.6 ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ដើមឆ្នាំ​ដល់​បច្ចុប្បន្ន៕

  • ថ្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ចាប់ពី​ថ្ងៃទី 16 ដល់ 30 វិច្ឆិកា

    ថ្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ចាប់ពី​ថ្ងៃទី 16 ដល់ 30 វិច្ឆិកា

    រសៀល​ថ្ងៃទី 16 វិច្ឆិកា​នេះ ក្រសួងពាណិជ្ជកម្ម បាន​សេចក្ដីជូនដំណឹង​ស្ដីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​លក់​ប្រេង​នានា​នៅ កម្ពុជា ដែល​រាប់​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 វិច្ឆិកា ឆ្នាំ 2021។

    ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅក្នុង​អំឡុងពេល​ខាងលើ រួមមាន៖

    – ប្រេងសាំង​ធម្មតា = 4,450 រៀល/លីត្រ
    – ប្រេងម៉ាស៊ូត = 4,050 រៀល/លីត្រ

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • ចំនួន​អ្នក​មាននៅ កូរ៉េខាងត្បូង កើនឡើង​ច្រើន​ដោយសារ​វិនិយោគ​លើ​ភាគហ៊ុន

    ចំនួន​អ្នក​មាននៅ កូរ៉េខាងត្បូង កើនឡើង​ច្រើន​ដោយសារ​វិនិយោគ​លើ​ភាគហ៊ុន

    ចំនួន​អ្នកវិនិយោគ​លើ​ភាគហ៊ុន​នៅ កូរ៉េខាងត្បូង បាន​កើនឡើង​ច្រើន បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ។

    យោងតាម​របាយការណ៍​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 14 វិច្ឆិកា ចំនួន​អ្នកមាន​ទ្រព្យ​ចាប់ពី 1 ពាន់​លាន​វ៉ុ​ន (ប្រហែល 847,000 ដុល្លារ​អាម៉េរិក) ឡើងទៅ នៅ កូរ៉េខាងត្បូង បាន​កើន​ជិត 11% កាលពី​ឆ្នាំ 2020 ធៀប​នឹង​ឆ្នាំ 2019 ដែល​នេះ ភាគច្រើន​គឺ​ដោយសារ​ភាគហ៊ុន​ឡើងថ្លៃ។

    ជាក់ស្ដែង បើ​យោងតាម Korea Wealth Report 2021 របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ KB តួលេខ​នេះ​បាន​កើន 10.9% ឡើងដល់ 39,300 នាក់​ក្នុង​ឆ្នាំ 2020 ប្រហាក់ប្រហែល​នឹង 0.76% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 52 លាន​នាក់​របស់ កូរ៉េខាងត្បូង។ ក្រៅពីនេះ អត្រាកំណើន​នៃ​អចលនទ្រព្យ​ក្នុង​បញ្ជី​វិនិយោគ​របស់​ពួកគេ​ក៏បាន​កើនឡើង មួយផ្នែក​គឺ​ដោយសារ​ត្រូវបាន​ជំរុញ​ដោយ​លំនៅឋាន​ឡើងថ្លៃ​ខ្ពស់។

    របាយការណ៍​បានឱ្យដឹងថា ទ្រព្យសម្បត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ក្រុម​អ្នក​មាននៅ កូរ៉េខាងត្បូង បាន​កើន 21.6% ធៀប​នឹង​ឆ្នាំមុន ដោយ​ឡើងដល់ 2,618 ពាន់​លាន​វ៉ុ​ន ក៏ដោយ​សារ​មូល​ប​ត្រ​ឡើងថ្លៃ​ខ្លាំង។ ក្នុងចំណោម​នេះ 59% នៃ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន បានមកពី​អចលនទ្រព្យ ខណៈ 36.6% ត្រូវបាន​វិនិយោគ​ទៅលើ​ទ្រព្យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

    អ្នក​មាននៅ កូរ៉េខាងត្បូង វិនិយោគ​ទៅក្នុង​វិស័យ​អចលនទ្រព្យ​នៅពេល​ទីផ្សារ​អចលនទ្រព្យ​នៅ​ជនបទ​ឡើងថ្លៃ។ ចំណែក​ជនជាតិ​កូរ៉េខាងត្បូង ដែលមាន​ទ្រព្យ​ក្រោម 1 ពាន់​លាន​វ៉ុ​ន វិនិយោគ 78.2% ទៅលើ​អចលនទ្រព្យ និង​ត្រឹមតែ 17.1% ប៉ុណ្ណោះ​ដែល​ត្រូវបាន​វិនិយោគ​ទៅលើ​ទ្រព្យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

    នៅក្នុង​ការស្ទង់មតិ​មួយ​របស់ KB ដែល​បាន​ធ្វើឡើង​ចំពោះ​មនុស្ស​ជាង 400 នាក់​នៅ កូរ៉េខាងត្បូង បាន​បង្ហាញថា អត្រា​នៃ​ចំនួន​មនុស្ស​ដែល​វិនិយោគ​ទៅលើ​ភាគហ៊ុន បាន​កើន 5.2% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ 2019៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 48 នាក់ទៀត កាល​ពី​ 24 ម៉ោង​ នៃ​ថ្ងៃទី 15​ វិច្ឆិកា

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 48 នាក់ទៀត កាល​ពី​ 24 ម៉ោង​ នៃ​ថ្ងៃទី 15​ វិច្ឆិកា

    ក្នុងចំណោម​ករណី​ឆ្លង​ថ្មីទាំង​ 48 នាក់​ រួម​មាន​៖
    – ករណីឆ្លងសហគមន៍ 37 នាក់
    – អ្នកដំណើរពីបរទេស 11 នាក់

    នៅ​ កម្ពុជា​ គិតត្រឹមព្រឹក ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021​ ករណី​ COVID-19 សរុប​ រួម​មាន​៖ 
    – អ្នកឆ្លងសរុប= 119,636 នាក់
    – អ្នកជាសះស្បើយ= 116,024 នាក់
    – អ្នកស្លាប់= 2,876 នាក់

    នៅ​ទូទាំង​ពិភពលោក​ ករណី​ COVID-19 សរុប​ រួម​មាន​៖
    – អ្នកឆ្លងសរុប= 254,589,524 នាក់
    – អ្នកជាសះស្បើយ= 230,189,150 នាក់
    – អ្នកស្លាប់= 5,121,992 នាក់

  • វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 2 លាន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក

    វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 2 លាន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក

    វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន 2 លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ផ្តល់ជូន រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវបាន​ដឹក​មកដល់​នៅ​ព្រឹក​ថ្ងៃទី 27 វិច្ចិកា 2021 នឹងមាន​ការអញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន។

    កន្លងមក ចិន គឺជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ច្រើនជាងគេ​មក កម្ពុជា ហើយ កម្ពុជា ក៏បាន និង​កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​ពី ចិន ក្នុង​បរិមាណ​ច្រើន​ផងដែរ។

    រដ្ឋាភិបាល​ចិន បានសម្រេច​បន្ត​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 រួម​នឹង​ជំនួយ​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល ដល់ កម្ពុជា នាពេលខាងមុខ ដែល​នេះ​គឺជា​លទ្ធផល​មួយ​នៅក្នុង​ជំនួប​រវាង សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៕

  • ក្រោយ​បាន​យកឈ្នះ អាម៉េរិក ចិន បាន​ក្លាយជា​ប្រទេស​អ្នកមាន​លំដាប់​ទីមួយ​របស់​ពិភពលោក

    ក្រោយ​បាន​យកឈ្នះ អាម៉េរិក ចិន បាន​ក្លាយជា​ប្រទេស​អ្នកមាន​លំដាប់​ទីមួយ​របស់​ពិភពលោក

    បរិមាណ​ទ្រព្យសម្បត្តិ​ទូទាំង​ពិភពលោក បាន​កើនឡើង​បី​ដង​ក្នុង​ពីរ​ទសវត្សរ៍​កន្លង ដោយសារ​ការដែល​ប្រទេស​ចិន បាន​យកឈ្នះ សហរដ្ឋ​អាម៉េរិក ក្នុងការ​ដណ្ដើម​តំណែង​កំពូល​លើសគេ​លើ​លោក​ទាក់ទង​នឹង​ទំហំ​ទ្រព្យសម្បត្តិ។

    របាយការណ៍​ដែល​ទើប​ត្រូវបាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ McKinsey & Co ចុះផ្សាយ បាន​បង្ហាញថា ប្រទេស​ចិន បាន​នាំមុខ សហរដ្ឋ​អាម៉េរិក និង​ក្លាយជា​ប្រទេស​ដែល​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។

    យោងតាម​សារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិ​សរុប​របស់ ប្រទេស​ចិន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល 20 ឆ្នាំ​កន្លង នាំឱ្យ​ទ្រព្យ​សរុប​កើនឡើង​ច្រើនជាង​មុន 17 ដង ពោលគឺ​ពី 7 លាន​លាន (7 ទ្រី​លាន/7,000,000,000,000) ដុល្លារ​កាលពី​ឆ្នាំ 2000 ឡើងដល់ 120 លាន​លាន (120 ទ្រី​លាន) ដុល្លារ នៅ​ឆ្នាំ 2020។

    ប្រទេស​ចិន បច្ចុប្បន្ន​កាន់កាប់​ជិត 1/3 នៃ​តម្លៃ​ទ្រព្យ​សរុប​របស់​ពិភពលោក​ដែល​បាន​កើនឡើង​ក្នុង​រយៈពេល 20 ឆ្នាំ​កន្លង​មក​នេះ​។ ឆ្នាំ 2000 ចិន បាន​ចូល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ មាន​កំណើន​គួរឱ្យ​ចាប់អារម្មណ៍។

    ក្នុងដំណាក់កាល​ដូចគ្នានេះ ទ្រព្យ​សប្ប​ត្តិ​សរុប​របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​កើនឡើង​ទ្វេដង។ ប៉ុន្តែ បើ​យោងតាម​ក្រុម​ហ៊ុន​ McKinsey ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ត្រូវ «ប្រគល់» តំណែង​លេខ​មួយ​ទៅឱ្យ​ទីក្រុង​ប៉េកាំង នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ប្រទេស​អ្នកមាន​ជាងគេ​ទាំង 10 ក្នុង​ពិភពលោក ដោយសារតែ​ទ្រព្យសម្បត្តិ​សរុប​របស់ អាម៉េរិក កើន​ដល់​ត្រឹមតែ 90 លាន​លាន (90 ទ្រី​លាន) ដុល្លារ នៅក្នុង​ឆ្នាំ 2020។

    ជា​សរុប ទ្រព្យសម្បត្តិ​ទូទាំង​ពិភពលោក បាន​កើន​ដល់ 514 លាន​លាន (511 ទ្រី​លាន) ដុល្លារ នៅក្នុង​ឆ្នាំ 2020 ដោយ​កើន​ពី 156 លាន​លាន​ដុល្លារ កាលពី​ឆ្នាំ 2000៕

  • ជំនួប​កំពូល អាម៉េរិក-ចិន! ប្រធានាធិបតី Biden អំ​នាវ​ឱ្យមាន​ការទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ

    ជំនួប​កំពូល អាម៉េរិក-ចិន! ប្រធានាធិបតី Biden អំ​នាវ​ឱ្យមាន​ការទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ

    ប្រធានាធិបតី​អាម៉េរិក យល់ថា ត្រូវការ «របង​ការពារ» ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ប្រដាប់អាវុធ ខណៈ​​ដែល​ប្រធានាធិបតី​ចិន សង្កត់​ធ្ងន់ថា ត្រូវតែ​កែសម្រួល​ទំនាក់ទំនង នៅក្នុង​ជំនួប​កំពូល​នា​ព្រឹក​នេះ។

    ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden និង​ប្រធានាធិបតី ចិន Xi Jinping បានចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី 16 វិច្ឆិកា (ព្រលប់​ថ្ងៃទី 15 វិច្ឆិកា នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក)។ វីដេអូ​ដែល​ផ្ដល់​ដោយ​សេត​វិមាន​បង្ហាញថា លោក Biden អង្គុយ​ក្បែរ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken និង​អ្នកបកប្រែ​ម្នាក់ ហើយ​នៅក្បែរនោះ​គឺ​អេក្រង់​ទូរទស្សន៍​ដែល​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាមួយនឹង​លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង។

    នៅក្នុង​ជំនួប​នេះ លោក Biden ថ្លែងថា ត្រូវការ «របង​ការពារ» ដើម្បី​ធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ មិន​នាំទៅរក​ជម្លោះ​ប្រដាប់អាវុធ បើទោះជា​មាន ឬ​មិនមាន​ចេតនា។ លោក​បន្តថា ប្រទេស​ទាំងពីរ​នឹងមាន «ជំនួប​ពិភាក្សា​ត្រង់​ទៅ ត្រង់​មក»។

    កន្លងមក លោក Biden បានប្រកាសថា នឹង​សង្កត់ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស សេដ្ឋកិច្ច និង​ធានា​ឱ្យបាន​នូវ​សេរីភាព យុត្តិធម៌​សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

    ចំណែក​លោក Xi Jinping វិញ បាន​ថ្លែងថា៖ «ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក ត្រូវការ​បង្កើន​ទំនាក់ទំនង និង​សហការគ្នា»។

    លោក Xi Jinping បន្តថា៖ «ចិន និង អាម៉េរិក គួរតែ​គោរព​គ្នា រួមរស់​នៅក្នុង​សន្តិភាព​ជាមួយគ្នា និង​សហការគ្នា​​ដើម្បី​​​ស្វែង​រក​​ផល​ប្រយោជន៍​រួម»។

    ក្រោយ​ការ​ថ្លែង​ដំបូង មេដឹកនាំ​ទាំងពីរ​បន្ត​ពិភាក្សា​សម្ងាត់ ហើយ​ក្រុម​អ្នកយកព័ត៌មាន​ត្រូវបាន​ស្នើឱ្យ​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ។

    នេះ​គឺជា​ជំនួប​កំពូល​អន​ឡាញ​ដំបូង​រវាង​មេដឹកនាំ​ទាំងពីរ រាប់​ចាប់ពី​ពេល​លោក Biden បាន​ឡើងកាន់​អំណាច។

    មុន​ជំនួប​កំពូល​នេះ ជំនួយការ​ផ្នែក​សារព័ត៌​មាននៅ​សេត​វិមាន Jen Psaki បានឱ្យដឹងថា «ជំនួប​នឹងត្រូវ​បានធ្វើ​ឡើង​ច្រើន​ម៉ោង ហើយ​មេដឹកនាំ​ទាំងពីរ​រូប​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ​ប្រកបដោយ​ការទទួលខុសត្រូវ ក៏ដូចជា​កិច្ចសហការ​ក្នុង​វិស័យ​ដែល​ប្រទេស​ទាំងពីរ​យកចិត្តទុកដាក់​រួម។ រីឯ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន Hua Chunying ឱ្យដឹងថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ការយល់ឃើញ និង​ទំនាក់ទំនង​ទ្វេភាគី រួម​នឹង​បញ្ហា​​ដែល​​ទាក់​ទង​​នឹង​​ផលប្រយោជន៍​របស់​ចិន និង សហរដ្ឋ​អាម៉េរិក។

    ក្រុមអ្នកតាមដាន​ស្ថានការណ៍​អន្តរជាតិ មិន​រំពឹង​ច្រើន​ទៅលើ​ជំនួប​កំពូល​រវាង អាម៉េរិក-ចិន លើក​នេះ​ទេ ប៉ុន្តែ បាន​វាយ​តម្លៃ​ថា ​ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​នៅពេល​មេដឹកនាំ​ទាំងពី​រូប​សុទ្ធតែ​មានបំណង​ផ្សះផ្សា​ទំនាក់ទំនង​ដែល​បាន​ប្រេះស្រាំ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ៕

  • រុស្ស៊ី បង្ហោះ​រ៉ុក្កែត បាញ់​កម្ទេច​​ផ្កាយ​រណប​​ជា 1,500 បំណែក ធ្វើឱ្យ​ក្រុម​អ្នក​​អវកាស​​​ភ័យ​ស្លន់ស្លោ ខណៈ អាម៉េរិក ប្រតិកម្ម​ខ្លាំងក្លា

    រុស្ស៊ី បង្ហោះ​រ៉ុក្កែត បាញ់​កម្ទេច​​ផ្កាយ​រណប​​ជា 1,500 បំណែក ធ្វើឱ្យ​ក្រុម​អ្នក​​អវកាស​​​ភ័យ​ស្លន់ស្លោ ខណៈ អាម៉េរិក ប្រតិកម្ម​ខ្លាំងក្លា

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​ចោទប្រកាន់ រុស្ស៊ី ថា មាន «ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​គ្មាន​ការទទួលខុសត្រូវ» ​នៅ​ពេល​សាកល្បង​ប្រើ​អាវុធ​បាញ់​កម្ទេច​ផ្កាយរណប​ជា 1,500 បំណែក នៅលើ​គន្លង​គោចរ ធ្វើឱ្យ​ក្រុម​អ្នក​អវកាស​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ត្រូវ​រក​កន្លែង​សុវត្ថិភាព។

    យោងតាម​សារព័ត៌មាន Guardian សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ រុស្ស៊ី ថា «ធ្វើ​ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​មិនមាន​ការទទួលខុសត្រូវ» បន្ទាប់ពី​ទីក្រុង​មូ​ស្គូ បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប​នៅ​ទី​អវកាស។

    រុស្ស៊ី បាន​បាញ់​បង្ហោះ​រ៉ុក្កែត​សំដៅ​ផ្កាយរណប​មួយគ្រឿង​របស់ខ្លួន កាលពី​ចុង​សប្ដាហ៍​កន្លង ធ្វើឱ្យ​ផ្កាយរណប​ត្រូវ​បែកខ្ចាយ​ជា 1,500 បំណែក នៅលើ​កន្លង​គោចរ​ដែល​គេ​អាច​មើលឃើញ និង​បំណែកតូចៗរាប់រយ​ផ្សេងទៀត​ដែល​មិនអាច​មើលឃើញ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុងធ្វើការ​នៅលើ ISS ភ្លាមនោះ​ត្រូវបាន​ណែនាំ​ឱ្យចូល​ជ្រក​ក្នុង «សម្បក​សង្គ្រោះ​ជីវិត» ពិសេស បន្ទាប់ពី​បំណែក​នានា​របស់​ផ្កាយរណប​បាន​ហោះ​ខ្ទាត​ចេញទៅ​ក្នុង​ទី​អវកាស។ «សម្បក​សង្គ្រោះ​ជីវិត» ពិសេស​នេះ អាច​ផ្ដាច់ខ្លួន​ចេញពី ISS និង​នាំ​អ្នក​អវកាស​ត្រលប់​មកកាន់​ផែនដី។

    Ned Price អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក កាលពី​ថ្ងៃទី 15 វិច្ឆិកា បានប្រកាសថា៖ «ការសាកល្បង​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​អវកាស​ចរ​នៅលើ ISS ក៏ដូចជា​សកម្មភាព​ហោះហើរ​ក្នុង​អវកាស​ផ្សេងទៀត​របស់​មនុស្ស ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់»។

    «សហរដ្ឋ​អាម៉េរិក នឹងធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់ រុស្ស៊ី» លោក Ned Price អះអាង​ដូច្នេះ។

    បំណែក​របស់​ផ្កាយ​រណប​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​ហោះ​ហើរ​នៅក្នុង​ទីអវកាស​

    ក្រៅពី​ក្រសួងការបរទេស ក្រសួងការពារជាតិរ​បស់ សហរដ្ឋ​អាម៉េរិក និង អង់គ្លេស ក៏បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បំណែក​ផ្កាយរណប​ដែល រុស្ស៊ី បាន​កម្ទេច​នេះដែរ។

    ការសាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប កម្រ​នឹង​ត្រូវបាន​គេ​ធ្វើឡើង ហើយ​វា​តែង​ត្រូវបាន​សហគមន៍​អ្នក​អវកាស​​​រិះគន់ ​ដោយ​សារ​តែ​វា​បង្ក​ហានិភ័យ​ដល់​ការហោះហើរ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ កាលពី​ឆ្នាំ 2020 សហរដ្ឋ​អាម៉េរិក ក៏​ធ្លាប់បាន​រិះគន់ រុស្ស៊ី ម្ដង​រួចហើយ បន្ទាប់ពី​ប្រទេស​នេះ​បង្ហោះ​រ៉ុក្កែត​សំដៅ​កម្ទេច​ផ្កាយរណប​មួយគ្រឿង នៅក្នុង​ក្របខណ្ឌ​នៃ​ការសាកល្បង​អាវុធ។

    កងទ័ព និង​ក្រសួងការពារជាតិ​រប​ស់ រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​អំពី​ការចោទប្រកាន់​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ចំពោះ​បញ្ហា​ខាងលើ​នៅឡើយ។

    យោងតាម​របាយការណ៍​របស់ Spaceflight Now ក្រុម​អវកាស​ចរ​របស់ NASA រួមមាន Raja Chari, Tom Marshburn, Kayla Barron និង អវកាស​ចរ Matthias Maurer របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាននាំគ្នា​ឈ្លៀស​ខ្លួន​ទៅកាន់​យានអវកាស SpaceX Crew Dragon ដើម្បី​ធានា​សុវត្ថិភាព។ ចំណែក​អ្នក​អវកាស Shkaplerov និង Pyotr Dubrov របស់ រុស្ស៊ី និង​អ្នក​អវកាស Mark Vande Hei របស់ NASA ក៏បាន​ឡើង​យានអវកាស Soyuz របស់ រុស្ស៊ី ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ចំនួន 3 បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប រួមមាន សហរដ្ឋ​អាម៉េរិក (មួយ​លើក កាលពី​ឆ្នាំ 1959), រុស្ស៊ី (4 លើក ក្នុងនោះ 3 លើក​ក្នុង​ឆ្នាំ 2020 និង 1 លើក​ក្នុង​ឆ្នាំ 2021) និង ប្រទេស​ចិន (1 លើក​ក្នុង​ឆ្នាំ 2007)៕

  • ប្រធានាធិបតី​អាម៉េរិក អនុម័ត​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ខ្ទង់​លាន​​​លាន​​ដុល្លារ

    ប្រធានាធិបតី​អាម៉េរិក អនុម័ត​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ខ្ទង់​លាន​​​លាន​​ដុល្លារ

    ប្រធានាធិបតី Joe Biden បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សហរដ្ឋ​អាម៉េរិក ដែលមាន​តម្លៃ 1.2 លាន​លាន (1,200 ពាន់​លាន/1.2 ទ្រី​លាន) ដុល្លារ ដែលជា​កញ្ចប់​ថវិកា​ធំ​បំផុត​ក្នុងអំឡុង​ជាង​ពាក់កណ្ដាល​សតវត្ស​រ៍ម​ក​នេះ។

    សេចក្ដីព្រាងច្បាប់​ដែល​ត្រូវបាន​លោក Biden ចុះហត្ថលេខា​នៅ​សេត​វិមាន កាលពី​ថ្ងៃទី 15 វិច្ឆិកា​កន្លង​ទៅនឹង​ផ្ដល់​ថវិកា​ចំនួន 1.2 លាន​លាន​ដុល្លារ ដើម្បី​ជួសជុល​ស្ពាន ផ្លូវ ប្ដូរ​ប្រព័ន្ធ​បំពង់​បង្ហូរទឹក កសាង​ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី និង​ពង្រីក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត។ នេះ​គឺជា​ខ្ទង់​ថវិកា​វិនិយោគ​ធំ​បំផុត​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ពេល​បង្កើត​ប្រព័ន្ធ​ផ្លូវថ្នល់​ល្បឿន​លឿន​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1950។

    «ថ្ងៃនេះ យើងទាំងអស់គ្នា ចុងក្រោយ​ក៏​សម្រេចបាន​ប្រការនេះ។ សារ​ដែល​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​អាម៉េរិក នោះ​គឺថា ប្រទេសជាតិ​កំពុងដំណើរការ​ឡើងវិញ ហើយ​ជីវភាព​របស់​អ្នក​ទាំងអស់គ្នា​នឹង​បាន​ប្ដូរផ្លាស់​ទៅតាម​ទិសដៅ​ល្អប្រសើរ​ជាង​នេះ» លោក Joe Biden ថ្លែង​នៅ​ចំពោះមុខ​មនុស្ស​រាប់រយ​នាក់ នៅឯ​វាលស្មៅ​របស់​សេត​វិមាន។

    លោក Biden បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែលមាន​បញ្ហា​មិន​ចុះសម្រុង​គ្នា ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្ដីព្រាងច្បាប់​នេះ។

    អ្នកនាំពាក្យ​របស់​សេត​វិមាន Jen Psaki បានឱ្យដឹងថា ប្រធានាធិបតី Biden «ខកចិត្ត​ព្រោះតែ​ភាពអវិជ្ជមាន និង​បញ្ហា​ផ្ទៃក្នុង» របស់​បក្ស​ប្រជាធិបតេយ្យ ក្រោយ​លោក​ឡើងកាន់​អំណាច​បាន 10 ខែ ប៉ុន្តែ ខ្ទង់​ថវិកា​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ត្រូវបាន​វាយតម្លៃថា​នឹង​អាច​កែលម្អ​ស្ថានការណ៍។

    លោក Biden គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ New Hampshire នៅ​ថ្ងៃទី 16 វិច្ឆិកា ដើម្បី​ពិនិត្យ​ស្ពាន​មួយ​ខ្សែ​ដែល​ស្ថិតក្នុង​បញ្ជី​ដែល​ត្រូវ​ជួសជុល ក្រោយមក លោក​នឹង​ទៅកាន់ Detroit ដើម្បី​ជួប​សុខទុក្ខ​តំណាង​សហជីព៕

  • ក្រសួង​អប់រំ ​ប្រកាស​ជ្រើសរើស​បុគ្គលិក​អប់រំ ទៅ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ កូរ៉េខាងត្បូង

    ក្រសួង​អប់រំ ​ប្រកាស​ជ្រើសរើស​បុគ្គលិក​អប់រំ ទៅ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ កូរ៉េខាងត្បូង

    ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ជ្រើសរើស​បុគ្គលិក​អប់រំ គ្រូឧទ្ទេស និង​គ្រូបង្រៀន ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្នែក​អប់រំ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ ប្រទេស​កូរ៉េខាងត្បូង ដើម្បី​លើកកម្ពស់​គុណភាព​ធន​ធាន​មនុស្ស​ផ្នែក​ព័ត៌មានវិទ្យា សម្រាប់​បម្រើការ​នៅ កម្ពុជា។

    អាហារូបករណ៍​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​ផ្នែក​ការអប់រំ​បច្ចេកវិទ្យា​ព័ត៌មាន ( ITC education ) នឹង​ត្រូវបាន​ផ្ដល់ជូន​បេក្ខភាព​ប្រលង​ជាប់​ចំនួន 15 កន្លែង​ឱ្យទៅ​បន្ត​ការសិក្សា​រយៈពេល 17 ខែ ដែល​ចាប់ពី​ខែកុម្ភៈ ឆ្នាំ 2022 ដល់​ខែមិថុនា ឆ្នាំ 2023 នៅ​សាកលវិទ្យាល័យ​អប់រំ​កូរ៉េ (Korea National University of Education: KNUNE) នៃ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​កិច្ចសហការ​រវាង ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ទីភ្នាក់ងារ​សហការ​ប្រតិបត្តិ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

    ការទទួល​ពាក្យ​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2021។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ លេខ 012 697 117 ឬ អ៊ី​មេ​ល៖ [email protected]