Author: សឿន សំណាង

  • រុស្ស៊ី នឹង​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រភេទ​បាញ់​តាម​រន្ធ​ច្រមុះ

    រុស្ស៊ី នឹង​នាំចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រភេទ​បាញ់​តាម​រន្ធ​ច្រមុះ

    ប្រទេស​រុស្ស៊ី ប្រកាសថា មាន​គម្រោង​នាំចេញ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​បាញ់​តាម​ច្រមុះ ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រធានាធិបតី Putin ប្រើប្រាស់​ជា​ដូ​ស​ជំរុញ។

    Kirill Dmitriev ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (RDIF) ដែលជា​ស្ថាប័ន​វិនិយោគ​ទៅលើ​វ៉ាក់សាំង​យុទ្ធសាស្ត្រ​របស់ រុស្ស៊ី និង​ឃោសនា​ទៅ​ក្រៅប្រទេស កាលពី​ថ្ងៃទី 24 វិច្ឆិកា បានឱ្យដឹងថា រុស្ស៊ី នឹង​នាំចេញ​វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ​បាញ់​តាម​រន្ធ​ច្រមុះ នៅ​ឆ្នាំក្រោយ។

    ព័ត៌មាន​ខាងលើនេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធានាធិបតី Putin កាលពី​ថ្ងៃទី 24 វិច្ឆិកា បាន​បង្ហើប​ឱ្យដឹងថា បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​បាញ់ ក្រោយពី​ចាក់​វ៉ាក់សាំង Sputnik V បាន 6 ខែ ដោយសារតែ​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ថយចុះ។ ក្រៅពីនេះ លោក Putin ក៏បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ Sputnik V Light ផងដែរ។

    លោក Putin បាន​ថ្លែងថា៖ «ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទាំងអស់។ មិនមាន​អ្វី​ខុសធម្មតា។ ថ្ងៃនេះ ក្រោយ​ការប្រើប្រាស់​វ៉ាក់សាំង​បាន​ពីរដង ខ្ញុំ​អាច​ហាត់ប្រាណ​បន្តិច​បាន នៅពេល​ព្រឹក»៕

  • COVID-19! ការ​ពិសោធ​របស់​​ ​សហរដ្ឋ​អាម៉េរិក​៖ ​​ស្ករ​កៅស៊ូ​​ពិសេស​ ជួយ​កាត់បន្ថយ​បរិមាណ​វីរុស

    COVID-19! ការ​ពិសោធ​របស់​​ ​សហរដ្ឋ​អាម៉េរិក​៖ ​​ស្ករ​កៅស៊ូ​​ពិសេស​ ជួយ​កាត់បន្ថយ​បរិមាណ​វីរុស

    សាកលវិទ្យាល័យ​មួយ​របស់ សហរដ្ឋ​អាម៉េរិក បានធ្វើ​ការពិសោធ​ស្ករ​កៅស៊ូ​ដែលមាន​ផ្ទុក​ប្រភេទ​ប្រូតេអ៊ីន ដែល​អាចដាក់​អន្ទាក់ COVID-19 ដើម្បី​កាត់បន្ថយ​បរិមាណ​វីរុស​ដែលមាន​នៅក្នុង​ទឹកមាត់។

    ប្រភេទ​ស្ករ​កៅស៊ូ​នេះ មាន​ផ្ទុក CTB-ACE2 ដែលជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ត្រូវបាន​រកឃើញ​នៅលើ​ផ្ទៃ​នៃ​កោសិកា និង​ត្រូវបាន​វីរុស​ប្រើប្រាស់​ជា​ច្រក ដើម្បី​ចូលមកក្នុង​កោសិកា​របស់​រាងកាយ​ម​នុស្ស។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋ​អាម៉េរិក ដែល​បាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Molecular Therapy កាលពី​ដើមខែ​នេះ។

    ក្នុងការ​ពិសោធ​ដោយ​ប្រើប្រាស់​ទឹកមាត់​របស់​អ្នកជំងឺ COVID-19 អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វីរុស​ទាំងឡាយ​បាន​ភ្ជាប់​ខ្លួន​ទៅនឹង​ប្រូតេអ៊ីន ACE2 នៅក្នុង​ស្ករ​កៅស៊ូ ដោយ​ឯកឯង។ ជា​លទ្ធផល បរិមាណ​វីរុស​ក្នុង​សំណាក​ទឹកមាត់​បាន​ថយចុះ​ជាង 95%។

    ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ប្រភេទ​ស្ករ​កៅស៊ូ​នេះ មាន​ក្លិន និង​រសជាតិ​ដូច​ទៅនឹង​ប្រភេទ​ស្ករ​កៅស៊ូ​ធម្មតា ហើយ​ធាតុ ACE2 ក្នុងនោះ មិន​ត្រូវបាន​បំផ្លាញ​នៅពេល​ទំពារ។ ជាង​នេះ ពួកគេ​អះអាងថា ស្ករ​កៅស៊ូ​នេះ អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព​ធម្មតា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ថ្លែងថា ការប្រើប្រាស់​ស្ករ​កៅស៊ូ​ដើម្បី​កាត់បន្ថយ​បរិមាណ​វីរុស​ក្នុង​ទឹកមាត់​នឹងមាន​ផលប្រយោជន៍​ខ្លាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ និង​បណ្ដា​ប្រទេស​ដែល​មិនទាន់មាន​ប្រភព​វ៉ាក់សាំង​គ្រប់គ្រាន់ ដោយសារ​វា​មានតម្លៃ​ទាប៕

  • ស៊ុយអែត មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូងបង្អស់​របស់ខ្លួន

    ស៊ុយអែត មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូងបង្អស់​របស់ខ្លួន

    សភា​ប្រទេស​ស៊ុយអែត ទើបតែ​បានអនុម័ត​ជ្រើសតាំង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោកស្រី Magdalena Andersson ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ។

    ក្នុងការ​បោះឆ្នោត​នៅ​សភា​របស់ ប្រទេស​ស៊ុយអែត ដែលមាន 349 អាសនៈ កាលពី​ម្សិលមិញ (24 វិច្ឆិកា) មាន 117 សំឡេងគាំទ្រ​លោកស្រី Andersson, 174 សំឡេង​ប្រឆាំង ខណៈ 57 សំឡេង​អនុបវាទ និង អវត្តមាន 1 សំឡេង។

    យោងតាម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់ ស៊ុយអែត បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅតែ​អាច​ត្រូវបាន​ជ្រើសតាំង និង​ដឹកនាំ​ប្រទេស ឱ្យតែ​សំឡេង​ភាគច្រើន​នៅ​សភា (តិច​បំផុត 175 សំឡេង) មិន​ជំទាស់។

    ការជ្រើសតាំង​លោកស្រី Andersson វ័យ 54 ឆ្នាំ ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​នេះ​គឺជា​របត់​ថ្មី​ដ៏​សំខាន់​សម្រាប់ ស៊ុយអែត ដែលជា​ប្រទេសមួយ​ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់​ផ្នែក​សមភាព​យេនឌ័រ ប៉ុន្តែ មិនទាន់មាន​ស្ត្រី​ណា​ម្នាក់ កាន់តំណែង​នាយករដ្ឋមន្ត្រី។

  • ក្រុមហ៊ុន Visa ផ្តល់​បច្ចេកវិទ្យា​សុវត្ថិភាព Contactless EMV® Chip Standards ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា ដើម្បី​ជំរុញ​អន្តរ​ប្រតិបត្តិ​ការទូទាត់ តាមរយៈ​ការប្រើប្រាស់​កាត​នៅ​កម្ពុជា

    ក្រុមហ៊ុន Visa ផ្តល់​បច្ចេកវិទ្យា​សុវត្ថិភាព Contactless EMV® Chip Standards ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា ដើម្បី​ជំរុញ​អន្តរ​ប្រតិបត្តិ​ការទូទាត់ តាមរយៈ​ការប្រើប្រាស់​កាត​នៅ​កម្ពុជា

    រាជធានី​ភ្នំពេញ ថ្ងៃ​អង្គារ ៨រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ – សមាគម​ធនាគារ​នៅ​កម្ពុជា និង Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ដើម្បី​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព Visa’s contactless EMV® chip[1] standards សម្រាប់​ពង្រឹង​ប្រព័ន្ធ ecosystem នៃ​ការទូទាត់​ក្នុងស្រុក និង គាំទ្រ​ដល់​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​ដែលមាន​ឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្តង់ដា​រួម​ស្របគ្នា​ជាមួយនឹង​កាត​អន្តរជាតិ​ដទៃទៀត។

    ចាប់តាំងពី​ឆ្នាំ ២០១៩ មក Visa បានផ្តល់​សិទ្ធិ​ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព EMV® chip standards ក្នុង​ទម្រង់​ជា​បន្ទះ​ឈី​ប​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ក្នុងស្រុក ជំនួស​ការប្រើ Magnetic Stripe ដើម្បី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សម្រាប់​ការទូទាត់​តាមរយៈ​កាត។

    សេចក្តី​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ​ផងដែរ ក៏បាន​បញ្ជាក់​ពី​ការសហការ​របស់ ក្រុមហ៊ុន  Visa ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក​ឲ្យ​កាន់តែ​ប្រសើរឡើង។ ការសហការ​គ្នា​លើ​ការទូទាត់​តាមរយៈ​កាត​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់ Visa  នឹងធ្វើ​ឲ្យ​ប្រតិបត្តិការ​នៃ​ការទូទាត់​អាច​ប្រព្រឹត្តទៅ​តាមរយៈ​បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet ដែល​នឹង​ផ្តល់នូវ​ការទូទាត់​ដែល​អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «កិច្ចសហការ​រួម​នៃ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​នេះ គឺធ្វើឡើង​ស្រប​ជាមួយនឹង​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​ជួយ​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា»។ លោក​បន្តទៀតថា៖ «តាមរយៈ​កិច្ចសហកា​រួម​នេះ ក៏​នឹង​ជួយ​លើ​កម្ពស់​ស្តង់ដារ​សុវត្ថិភាព ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រព័ន្ធ ecosystem ទាំងមូល​ផងដែរ។ សមាគម​ធនាគារ​នៅ​កម្ពុជា លើកទឹកចិត្ត​ឲ្យ​សមាជិក​ទាំងអស់ ចូលរួម​ជាមួយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​រួម​នេះ ដើម្បី​អនុម័ត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន» ។

    ធនាគារពាណិជ្ជ និង គ្រឹះស្ថាន​ដាក់​ប្រាក់​បញ្ញើ មីក្រូហិរញ្ញវត្ថុ ទាំងអស់ តម្រូវ​ឱ្យចូល​រួមជាមួយ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា (CSS) នោះ​ការដាក់បញ្ចូល​ស្លាក​សញ្ញា​បង់ប្រាក់​ពីរ ឬ​ច្រើន ឬ​កម្មវិធី​ទូទាត់​ដែលមាន​លក្ខណៈ​ដូចគ្នា​នៅលើ​ឧបករណ៍​ទូទាត់​ដូចគ្នា នឹង​បង្កើន​ស្តង់ដារ​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​ទាំងមូល ។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «តាមរយៈ​ការ   ផ្តល់នូវ​បច្ចេកវិទ្យា​របស់​យើង​សម្រាប់​ការបង្កើត​នូវ​ស្លាក​សញ្ញា​ទូទាត់​រួម ជូន​ដល់​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺជា​ការបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Visa ចំពោះ​ទីផ្សារ។ កត្តា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​ទាំងមូល ឲ្យ​ទទួលបាន​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក គាំទ្រ​ដល់ ecosystem សម្រាប់​ជម្រុញ​វិស័យ​ទូទាត់​ក្នុងស្រុក​ឱ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​ចីរភាព» ។

    នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ សមាគម​ធនាគារ​នៅ​កម្ពុជា ក្រុមហ៊ុន Visa ក៏បាន​យល់ព្រម​ក្នុងការ​វិនិយោគ​លើ​ការពិនិត្យ​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទះ​ឈី​ប​កាត​របស់ CSS និង​គាំទ្រ​បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា​ក្នុង​ការងារ​នេះ​ផងដែរ។ សមាជិកសមាគម​ធនាគារ​នៅ​កម្ពុជា ដែល​ចូលរួម​សហការ​ជាមួយនឹង​គម្រោង​កាត​អន្តរជាតិ​ផ្សេងទៀត ក្រុមហ៊ុន Visa បាន​សន្យាថា នឹង​ផ្សារភ្ជាប់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ភាគី​ទី​បី​សម្រាប់​សេវាកម្ម​ដែល​ពាក់ព័ន្ធ។

    បណ្តាញ​អន្ដរ​ធនាគារ​របស់​ក​ម្ពុ​ជា (Cambodian Shared Switch) គឺជា​គ្រោងការណ៍​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​អន្តរ​ប្រតិបត្តិការ​នៃ​ប័ណ្ណ​ឥណ​ពន្ធ ដែលមាន​កម្មសិទ្ធិ​នៅតាម​បណ្តាញ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត POS នៅ​ទូទាំងប្រទេស​កម្ពុជា ៕

    អំពី​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC)

    សមាគម​ធនាគារ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៤ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ស្ថាប័ន​ផ្លូវការ​តំណាង​ឲ្យ​វិស័យ​ធនាគារឯកជន​នៅ​កម្ពុជា។ ក្នុង​ឆ្នាំ១៩៩៧ ABC ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បាន​ក្លាយជា​សមាជិក​ទី៨ នៃ​សមាគម​ធនាគារ​អាស៊ាន (ABA) នៅក្នុង​ឆ្នាំ១៩៩។ ABC ត្រូវបាន​ដំណើរការ​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹង​មាត្រា នានា​ដែល​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃទី ២៨ ខែសីហា​ឆ្នាំ ២០០១ ព្រមទាំង​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី២ ខែតុលា​ឆ្នាំ ២០០។ ទីបំផុត​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា​ឆ្នាំ ២០១២ ABC បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ។

    សមាគម មាន​គោលបំណង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែលមាន​ភាពរឹងមាំ។ អេ​ប៊ី​ស៊ី បាន​ដើរតួនាទី​យ៉ាងសកម្ម និង​សំខាន់​ក្នុង​ការជំរុញ​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាជិក​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ដើម្បី​ពង្រឹងសមត្ថភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​កើតឡើង ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់។ ដើម្បី​លើកស្ទួយ​សុខភាព​ហិរញ្ញវត្ថុ និង​វិជ្ជាជីវៈ​ជំនាញ​របស់​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​តុល្យភាព និង​និរន្តរភាព​ហើយ​ដែល​សមស្រប​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។

    បច្ចុប្បន្ន ABC មាន​សមាជិក​ចំនួន ៦៥ រួមមាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន ៤៥ ធនាគារ​ឯកទេស​ចំនួន ១៥ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ០១ (CMA) និង​ការិយាល័យ​តំណាង​ធនាគារ​ចំនួន ០៤ ដែលមាន​ទីតាំងនៅ​ប្រទេស​កម្ពុជា។

    អំពី​ក្រុមហ៊ុន Visa

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល។  បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និ​ច​ណា​ក៏បាន និង​ជា​កម្លាំង​មួយ​នៅ​ពីក្រោយ​ការកសាង​នូវ​ក្តី​សុ​បិ​ន្ត​របស់​អនាគត cashless សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល វី​សា​ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត។

    ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់៖

    កញ្ញា ត្រាង ង្វៀន (Trang Nguyen)
    ក្រុមហ៊ុន Visa Worldwide Pte. Limited
    ទូរស័ព្ទ ៖ (84) 28 3520 7439
    អ៊ី​ម៉ែ​ល ៖  [email protected]

    កញ្ញា គ្រី សុ​វណ្ណា​រី
    ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.
    ទូរស័ព្ទ ៖ (855) 11 733 368
    អ៊ី​ម៉ែ​ល ៖  [email protected]

    [1] EMV® is a registered trademark or trademark of EMVCo LLC in the United States and other countries.

  • (វីដេអូ)-ទស្សនា​​ប្រព័ន្ធ​ខាងក្នុង​នៃ​ស្ថានីយ​​​វា​រី​អគ្គិសនី​លេខ​ 4 របស់​គម្រោង​ Baihetan

    (វីដេអូ)-ទស្សនា​​ប្រព័ន្ធ​ខាងក្នុង​នៃ​ស្ថានីយ​​​វា​រី​អគ្គិសនី​លេខ​ 4 របស់​គម្រោង​ Baihetan

    ប្រទេស​ចិន កាលពី​ថ្ងៃទី 19 វិច្ឆិកា 2021 បានដាក់​ឱ្យប្រើ​ប្រាស់​ស្ថានីយ​​លេខ 4 ដែលមាន​កម្លាំង​ឡើងដល់ 1 លាន​គីឡូវ៉ាត់ នៅក្នុង​រោងចក្រ​វា​រី​អគ្គិសនី Baihetan ដែល​ស្ថិតនៅ​ភាគ​និរតី​ប្រទេស។

    ស្ថានីយ​​លេខ 4 របស់​រោងចក្រ​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 19 វិច្ឆិកា 2021 ជា​​ស្ថានីយ​​ដែលមាន​ស្លាបចក្រ​ប្រើ​កម្លាំង​ទឹក​ទី 100 នៅលើ​កំណាត់​នៃ​ខ្សែទឹក​គោល​របស់​ទន្លេ Yangtze ។

    គម្រោង Baihetan ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ស្ថានីយ​​វា​រី​អគ្គិសនី​ចំនួន 16 ក្រុម ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន។ ដោយ​ស្ថានីយ​នីមួយ​ៗអាច​ផលិត​អគ្គិសនី​បាន​ដល់ 1 លាន​គីឡូវ៉ាត់ នេះ​គឺជា​ប្រភេទ​​ស្ថានីយ​​វា​រី​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    រាប់​ចាប់តាំងពី​ស្ថានីយ​​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 28 មិថុនា 2021 គេ​ឃើញថា ស្ថានីយ​​នានា​បាន​ដំណើរការ​យ៉ាង​រលូន បង្កើតបាន​បរិមាណ​អគ្គិសនី​លើសពី 10 ពាន់​លាន​គីឡូវ៉ាត់/ម៉ោង។

    គម្រោង Baihetan ស្ថិតក្នុង​ក្រុម​ដែលមាន​រោងចក្រ​វា​រី​អគ្គិសនី​ចំនួន 6 នៅលើ​កំណាត់​គោល​នៃ​ទ​ន្លៃ Yangtze ដែលមាន​គម្រោង​វា​រី​អគ្គិសនី Three Gorges Dam។

    កម្លាំង​របស់​រោងចក្រ​ចំនួន 6 នេះ ផលិត​បាន​ថាមពល​អគ្គិសនី 71,695 គីឡូវ៉ាត់/ម៉ោង ស្មើនឹង 19.4% ធៀប​នឹង​កម្លាំង​ផលិត​នៃ​វា​រី​អគ្គិសនី​សរុប​ទូទាំងប្រទេស។

    នៅពេល​បញ្ចប់​ការស្ថាបនា Baihetan នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​វា​រី​អគ្គិសនី Three Gorges ក្នុង​ខេត្ត Hubei ប្រទេស​ចិន៕

  • ឆ្នាំ 2022 រថយន្ត​នឹងមាន​បច្ចេកវិទ្យា​ថ្មី អាច​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ថ្មើរជើង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់

    ឆ្នាំ 2022 រថយន្ត​នឹងមាន​បច្ចេកវិទ្យា​ថ្មី អាច​ផ្ញើ​សារ​ព្រមាន​ដល់​អ្នក​ថ្មើរជើង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់

    (ជប៉ុន)-បច្ចេកវិទ្យា​ថ្មី​ដែលជា​កិច្ចសហការ​អភិវឌ្ឍរ​វាង​ក្រុមហ៊ុន Honda និង SoftBank អាចជួយ​ឱ្យ​រថយន្ត​ធ្វើការ​ព្រមាន​ដល់​អ្នក​ថ្មើរជើង ឱ្យ​ចាក​ចេញពី​ផ្លូវ​រថយន្ត ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

    ក្នុង​ប្រកាស​នាពេលថ្មីៗនេះ ភាគី​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា បានចាប់ផ្ដើម​ប្រើប្រាស់​សាកល្បង​នូវ​បច្ចេកវិទ្យា​ដែល​យោងទៅតាម​ស្ថានភាព​លើ​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការគ្រោះថ្នាក់​រវាង​រថយន្ត និង​អ្នក​ថ្មើរជើង។ បច្ចេកវិទ្យា​នេះ ប្រើប្រាស់​ប្រព័ន្ធ 5G SA និង​ប្រព័ន្ធ​ទំនាក់ទំនង V2X (Vehicle to Everything) ដែល​បច្ចុប្បន្ន​ត្រូវបាន​សាកល្បង​នៅ ប្រទេស​ជប៉ុន។

    ក្នុងស្ថានភាព​ទីមួយ អ្នក​ថ្មើរជើង​បង្ហាញខ្លួន​ក្នុង​រង្វង់​នៃ​ការមើលឃើញ​របស់​រថ​យន្ត។ ពេលនោះ បើសិនជា​កាមេរ៉ា​របស់​រថយន្ត​មើលឃើញថា​មាន​ហានិភ័យ​នៃ​ការប៉ះទង្គិច​ជាមួយ​អ្នកដើរ រថយន្ត​នឹង​បញ្ជូន​សារ​ព្រមាន​ទៅកាន់​ទូរស័ព្ទ​របស់​អ្នក​ថ្មើរជើង តាមរយៈ​សេវា MEC (Multi-access edge computing ដែល​មុន​នោះ​គឺ  mobile edge computing)។ ប្រការនេះ​ជួយ​ឱ្យ​អ្នក​ថ្មើរជើង​អាច​គេច​ចេញពី​ផ្លូវ​របស់​រថយន្ត​ទាន់ពេល។

    ក្នុងស្ថានភាព​ទី​ពីរ អ្នក​ថ្មើរជើង​ស្ថិតនៅក្នុង​ចំនុច​កំបាំង។ ពេលនោះ រថយន្ត​នឹង​ពិនិត្យ​តាមរយៈ​ឧបករណ៍​ចល័ត និង​រថយន្តផ្សេងៗដែល​នៅក្បែរនោះ ដើម្បីឱ្យ​ប្រាកដថា មាន​អ្នក​ថ្មើរជើង​ណា​នៅ​ជុំវិញ​ទីនោះ ឬ​អត់។ បើ​មាន ប្រព័ន្ធ​នឹង​ព្រមាន​ដល់​ម្ចាស់​រថយន្ត ក៏ដូចជា​អ្នក​ថ្មើរជើង​នោះ។

    ក្នុងស្ថានភាព​ទី​បី ទិន្នន័យ​ស្ដីពី​តំបន់​ជាក់លាក់​ណាមួយ ត្រូវបាន​ចែករំលែក​តាមរយៈ​ប្រព័ន្ធ​រួម ដល់​បណ្ដា​រថយន្ត។ ពេលនោះ បណ្ដា​រថយន្ត​ដែល​កំពុង​បរ នឹង​ផ្ញើ​សារ​ស្ដីពី​ទីតាំង​ដែល​ពិបាក​មើលឃើញ ទៅកាន់​សេវា MEC ហើយ MEC នឹង​បញ្ជូន​សារ​ព្រមាន​ដល់​បណ្ដា​រថយន្ត​ដែល​ស្ថិតនៅក្នុង​ទីតាំងក្បែរៗនោះ។

    យោងតាម Bloomberg ក្រុមហ៊ុន Honda និង SoftBank បានចាប់ផ្ដើម​សហការគ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​តាំងតែ​ពី​ឆ្នាំ 2017។ តាម​ផែនការ នៅ​ចុងខែ​មីនា 2022 ពួកគេ​នឹង​ត​ភ្ជាប់​ប្រព័ន្ធ​នានា​ដែល​កំពុង​សាកល្បង ឱ្យទៅជា​ប្រព័ន្ធ​តែមួយ៕

  • ហាង​កាហ្វេ ទូទាត់​ប្រាក់​​ទៅតាម​​អារម្មណ៍​​របស់​​អតិថិជន​​៖ ភ្ញៀវ​ឱ្យ​ថ្លៃ​ប៉ុន្មាន​ក៏បាន តាមតែ​ចិត្ត

    ហាង​កាហ្វេ ទូទាត់​ប្រាក់​​ទៅតាម​​អារម្មណ៍​​របស់​​អតិថិជន​​៖ ភ្ញៀវ​ឱ្យ​ថ្លៃ​ប៉ុន្មាន​ក៏បាន តាមតែ​ចិត្ត

    ហាង​កាហ្វេ​តូច​មួយ​ដែល​ត្រូវបាន​រៀបចំ​យ៉ាង​ល្អ និង​មាន​កៅអី​សរុប​ត្រឹម 8 កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ ម្ចាស់​ហាង​ប្រើ​យុទ្ធសាស្ត្រ​ចម្លែក៖ «ភ្ញៀវ​ចង់ឱ្យ​ថ្លៃ​កាហ្វេ​ប៉ុន្មាន​រៀល​ក៏បាន»។

    មកដល់​ហាង​កាហ្វេ​នេះ អ្នក​អាច​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​ពែង​ក៏បាន ហើយ​ឱ្យ​ថ្លៃ​ប៉ុន្មាន​រៀល​ក៏បាន អាស្រ័យ​លើ​អារម្មណ៍​ដែល​អ្នក​កំពុងមាន បើទោះជា 1 ដុល្លារ ឬ 5 ដុល្លារ ព្រោះថា ប្រការនេះ​មិនមែនជា​រឿង​សំខាន់។

    ហាង​កាហ្វេ​ឈ្មោះ Refined នេះ ស្ថិតនៅក្នុង ទីក្រុង​ហាណូយ នៃ ប្រទេស​វៀតណាម។ កំលោះ​ម្ចាស់​ហាង​នេះ ឈ្មោះ Vu Tu។ គាត់​បាន​បោះបង់​ការងារ​ការិយាល័យ មករក​ស៊ី​មុខរបរ​កាហ្វេ។

    ហាង​កា​ហ្វា​ត្រូវបាន​លាប​ពណ៌​ខ្មៅ​ដូច​ពណ៌​កាហ្វេ។ នៅ​ខាងក្រោយ​កញ្ចក់ទ្វារ​គឺជា​ជញ្ជាំង​ទាំង 4 ដែល​ត្រូវបាន​លាប​ពណ៌​ខ្មៅ​ដូចគ្នា និង​មាន​សំឡេង​តន្ត្រី jazz សូរ​រងំ​រណ្ដំ​ចិត្ត ដែល​ស្ថិតនៅក្នុង​ផ្ទៃក្រឡា​ជិត 20 ម៉ែត្រ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ឈ្មោះ Refined ម្ចាស់​ហាង​ប្រាប់ថា ចំពោះ​គាត់ ការ​ឆុង​កាហ្វេ​មួយ​ពែង​ក៏​ត្រូវតែ​ធ្វើឱ្យបាន​ម៉ត់ចត់​ទៅតាមជំហានៗ ដូចជា ការ​ថ្លឹង​ទម្ងន់​កាហ្វេ បរិមាណ​ទឹក និង​ទឹកដោះគោ​ជាដើម។ ជាង​នេះ ដើម្បី​ជ្រើសរើស​បាន​គ្រាប់​កាហ្វេ​ឈ្ងុយឆ្ងាញ់ កំលោះ​ម្ចាស់​ហាង ត្រូវ​ដើរ​សុំ​មតិ​ពី​មនុស្ស​ជាង 300 នាក់​ឯណោះ។

    មិន​ដូច​ហាង​កាហ្វេ​ដទៃ ហាង Refined មានតែ​កន្លែង​ឆុង​កាហ្វេ និង​កៅអី​សរុប​ចំនួន 8 ប៉ុណ្ណោះ ដែល​នៅ​ជុំវិញ​កន្លែង​ឆុង។ នៅទីនេះ ភ្ញៀវ​អាច​មើលឃើញ​ដំណើរការ​ទាំង​អស់នៃ​ការ​ឆុង​កាហ្វេ។ ថ្វីបើ​តូច​ពិតមែន ប៉ុន្តែ​ហាង​កាហ្វេ​នេះ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់។

    នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី​មានគំនិត​បើកហាង​កាហ្វេ «ទូទាត់​ប្រាក់​តាម​អារម្មណ៍» បែបនេះ ម្ចាស់​ហាង​ប្រាប់ថា៖ «ខ្ញុំ​គិតពី​គុណភាព​ជាង​បរិមាណ។ បែបនេះ​គឺ​ងាយស្រួល​បម្រើភ្ញៀវ និង​សន្ទនា​ជាមួយ​ភ្ញៀវ។ ទន្ទឹមនឹងនេះ ភ្ញៀវ​គ្រប់រូប​អាច​យល់ និង​ដឹងបាន​អំពី​ដំណើរការ​នៃ​ការបង្កើត​កាហ្វេ​មួយ​ពែង​ថា វា​យ៉ាងណា»។

    មី​នុយ​របស់​ហាង​នេះ​រួមមាន 5 មុខ ក្នុងនោះ​មាន 2 មុខ​មានឈ្មោះ​ចម្លែក គឺ «Tuesday» និង «Van Mieu» ដែល​ត្រូវ​បានដាក់​ទៅតាម​អារម្មណ៍​របស់​ភ្ញៀវ​ប្រចាំ​ហាង។

    ម្ចាស់​ហាង​នេះ​និយាយ​ថា​៖ «ដំបូង​ឡើយ ខ្ញុំ​បើកហាង​នេះ​ដើម្បីឱ្យ​មិត្តភក្ដិ​បានដឹង ប៉ុន្តែ ពេល​មិត្តភក្ដិ​ទាមទារ​ជួយ​ចេញថ្លៃ​កាហ្វេ ក៏​មិនដឹង​ត្រូវធ្វើ​យ៉ាងណា ទើប​ប្រាប់​ឱ្យ​ពួកគេ​ដាក់​ប្រាក់​ក្នុង​ប្រអប់​ប៉ុន្មាន​រៀល​ក៏បាន តាមចិត្ត។ ហើយយូរៗទៅ​ក៏​ក្លាយជា​ប្រអប់ «អាស្រ័យ​លើ​អារម្មណ៍» នេះ​តែម្ដង។

    កំលោះ​ម្ចាស់​ហាង​កាហ្វេ Refined

    «ម្យ៉ាងទៀត ការ​ឆុង​កាហ្វេ​ពិបាក​នឹងធ្វើ​ឱ្យមាន «ស្ថិរភាព» ដោយសារ​ថា ថ្ងៃនេះ​ភ្ញៀវ​ញ៉ាំ​អាច​ថា​ឆ្ងាញ់ ប៉ុន្តែ​ថ្ងៃ​ផ្សេងទៀត​អាច​ថា​មិន​ឆ្ងាញ់​ក៏មាន។ ដូច្នេះ ខ្ញុំ​ទុកឱ្យ​ភ្ញៀវ​ជា​អ្នកកំណត់​ថ្លៃ​សម្រាប់​រស់ជាតិ​កាហ្វេ​ដែល​ពួកគេ​បានទទួល» ម្ចាស់ Vu Tu ថ្លែង​ដូច្នេះ៕

  • កម្ពុជា ស្នើឱ្យ វៀតណាម ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ

    កម្ពុជា ស្នើឱ្យ វៀតណាម ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់ រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ភាគី វៀតណាម ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ ដែល​សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា និង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ថ្មី ប្រចាំ កម្ពុជា កាលពី​ព្រឹក​មិញ។

    នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី 24 វិច្ឆិកា 2021 នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជា មួយ​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang ) អគ្គរដ្ឋទូត​វៀតណាម ថ្មី ប្រចាំ​នៅ កម្ពុជា។

    ឯកឧត្តម ង្វៀន ហ៊ុយ​តាំង បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់ វៀតណាម ជូន​ចំពោះ សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ កម្ពុជា ដែល​បាន​ជួយ​ដល់ វៀតណាម នាពេល​កន្លង ក៏ដូចជា​ជំនួយ​ជា​បរិក្ខា​ពេទ្យ និង​វ៉ាក់សាំង​ប្រឆាំង COVID-19 ដល់ វៀតណាម។ នេះ​បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន។

    ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា និង វៀតណាម បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ COVID-19។ សម្ដេច ក៏បាន​លើកទឹកចិត្ត​ឱ្យ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ថ្មី ផ្ដោត​ការយកចិត្តទុកដាក់​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។

    ជាង​នេះ សម្ដេច​តេ​ជោ ក៏បាន​ស្នើឱ្យ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី ប្រចាំ​នៅ​កម្ពុជា ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់​ទៅមក រវាង កម្ពុជា និង វៀតណាម ផងដែរ៕

  • ប្រទេស​ម៉ាឡេស៊ី​ កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព

    ប្រទេស​ម៉ាឡេស៊ី​ កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព

    យោងតាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្តីពី​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់ អ្នកដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី។ សម្រាប់​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ គ្រប់​ចំនួន​ដូ​ស ហើយ​ធ្វើដំណើរ​មក​ប្រទេស​ម៉ាឡេស៊ី​ក្នុង​​គោល​បំណង​ព្យាបាល និង​ថែទាំ​សុខភាព ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​កាត់បន្ថយ​រយៈពេល​ម​ក​ត្រឹម ៧ ថ្ងៃ​ប៉ុណ្ណោះ ដែល​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​និង​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តទៅ។

    អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ គ្រប់​ចំនួន​ដូ​ស តម្រូវឱ្យ​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃទី១ និង​ថ្ងៃទី ៥ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ ចំពោះ​អ្នកដំណើរ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង​មិនទាន់​គ្រប់​ចំនួន​ដូ​ស នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល  ១០ ថ្ងៃ និង​តម្រូវឱ្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ- ១៩ ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃទី១ និង​ថ្ងៃទី៨ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ សម្រាប់​អ្នកដំណើរ​ដែល​ស្វែងរក​សេវាកម្មផ្សេងៗដូចជា​ការបង្ក​កំណើត​ក្រៅ​ស្បូន (IVF) ព្យាបាល​សុខភាព​មាត់​ធ្មេញ និង​ភ្នែក ជាដើម អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ និង​តម្រូវឱ្យមាន​ការអនុញ្ញាត​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ដែល​កំពុង​ព្យាបាល។ ទាំងអស់នេះ​គឺ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​របស់​អ្នកដំណើរ​ក៏ដូចជា​អ្នកជំងឺ និង​ប្រជាជាតិ​ទាំងមូល​ក្នុង​បរិបទ​នេះ​ផងដែរ។

    លោក​វេជ្ជបណ្ឌិត Mohd Daud Mohd Arif ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) បាន​មានប្រសាសន៍ថា “ប្រទេស​ម៉ាឡេស៊ី​បាន​ត្រៀម​រួចជាស្រេច ក្នុង​ការផ្ដល់​សេវាកម្ម​ផ្នែក​ថែទាំ​សុខភាព ដែល​ធានា​នូវ​សុវត្ថិភាព និង​ជាទី​ទុកចិត្ត​បំផុត”។

    លោក​បាន​បន្តទៀតថា “ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) ពួកយើង​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​របស់​អ្នកជំងឺ និង​សុខុមាលភាព​ក្នុង​សហគមន៍​ជា​ចំបង តាមរយៈ​ការពង្រឹង​នូវ​កិច្ចសហការ​ណ៍​ដ៏​រឹងមាំ​រវាង​បណ្តា​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជនផ្សេងៗគឺ​ចាំបាច់​បំផុត។

    ចំពោះ​វិធានការ​សុខាភិបាល​ថ្មី ដែល​អ្នកដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី ត្រូវអនុវត្ត​តាំងពី​មុន​ការធ្វើដំណើរ កំឡុងពេល​ព្យាបាល ថែទាំ​សុខភាព និង​បញ្ចប់​ការព្យាបាល​មានដូចជា៖

    ១-កំណត់​ថ្ងៃ​ណាត់​ពិគ្រោះ​និង​ព្យាបាល ជាមួយ​មន្ទីរពេទ្យ​ឯកជន​ដែលជា​ដៃគូ​របស់ MHTC ហើយ​សុំ​លិខិតបញ្ជាក់​ពី​ពេទ្យ

    ២-ផ្ញើ​ឯកសារ​ទៅកាន់​មន្ទីរពេទ្យ​ដែល​អ្នក​បានជ្រើសរើស និង​ដាក់ពាក្យ​ស្នើសុំ​ចូល​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ព្យាបាល​ជំងឺ

    ៣- MHTCនឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​មន្ទីរពេទ្យ​ដែល​អ្នក​បានជ្រើសរើស

    ៤-នៅពេល​ពាក្យស្នើសុំ​បាន​ជោគជ័យ ខាង​មន្ទីរពេទ្យ​នឹង​ផ្ញើជូន​អ្នក​នូវ​លិខិតអនុញ្ញាត ដែល​ចេញ​ដោយ MHTC

    ៥- ដាក់​ស្នើសុំ​ទិដ្ឋាកា Visa (បើ​ចាំបាច់) អ្នក​គួរតែរៀបចំ​ឯកសារ​ចាំបាច់​នានា​ទុកជាមុន ដើម្បី​ត្រៀម​សម្រាប់​ការធ្វើដំណើរ​តាម​យន្តហោះ។

    ៦-បី​ថ្ងៃ មុន​កាលបរិច្ឆេទ​មកដល់​ប្រទេស​ម៉ាឡេស៊ី អ្នកធ្វើដំណើរ​ទាំងអស់ តម្រូវឱ្យ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ-១៩ លើក​ទី១ ដោយ​ម៉ាស៊ីន PCR នៅតាម​មជ្ឈមណ្ឌល​ដែល​ទទួលស្គាល់​ដោយ MHTC ។

    អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​អាច​ស្វែងរក​មន្ទីរពេទ្យ​ដែលជា​ដៃគូ ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) មានដូចជា មន្ទីរពេទ្យ Pantai Kuala Lumpur មជ្ឈមណ្ឌល​សុខភាព Ara Damansara មជ្ឈមណ្ឌល​សុខភាព Subang Jaya មជ្ឈមណ្ឌល​សុខភាព Sunway និង​មន្ទីរពេទ្យ Island ជាដើម។

    ប្រទេស​ម៉ាឡេស៊ី​ជា​ទិសដៅ​ជាទី​ពេញចិត្ត​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក ដោយបាន​ប្រមូលផ្តុំ​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​សរុប​ចំនួន ១,២២០,០០០ នាក់ ក្នុង​ឆ្នាំ ២០១៩ និង​តិច​បំផុត ៦៤៣, ០០០នាក់​ក្នុង​ឆ្នាំ២០១។

    ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយជា​ទិសដៅ​ដ៏​ពេញនិយម​កាន់តែខ្លាំង​ឡើង សម្រាប់​អ្នកធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ការព្យាបាល និង​ថែទាំ​សុខភាព ដោយសារ​វប្បធម៌​ស្រដៀង​គ្នា បូករួម​ទាំង​គុណភាព សេវាកម្ម​ដ៏​ល្អ ព្រមទាំង​តម្លៃ​សមរម្យ។

    ប័ណ្ណសរសើរ​និង​ពានរង្វាន់​ដែល​ទទួលបាន :

    • International Medical Travel Journal – Medical Travel Awards (2015-2020)
    • Asia Pacific Healthcare & Medical Tourism Awards (2017 – 2020)
    • World’s Best Hospitals for Medical Tourists by the Medical Travel Quality Alliance (2013, 2014, 2017-2019)

    សម្រាប់​ពត៌មាន​លម្អិត សូម​ចូលទៅ​កាន់ www.malaysiahealthcare.org/

  • COVID-19! ករណី​ឆ្លង​ថ្មី​នៅ កម្ពុជា ថយ​ចុះ​មក​ត្រឹម 34 នាក់ ធៀប​នឹង​​​ម្សិល​មិញ

    COVID-19! ករណី​ឆ្លង​ថ្មី​នៅ កម្ពុជា ថយ​ចុះ​មក​ត្រឹម 34 នាក់ ធៀប​នឹង​​​ម្សិល​មិញ

    រកឃើញអ្នកឆ្លងថ្មី 34 (PCR) នាក់, ជាសះស្បើយ 37 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង) ក្នុង​អំឡុង​ 24 ម៉ោង​នៃ​ថ្ងៃទី 23 វិច្ឆិកា 2021​ នៅ​ កម្ពុជា​ ក្នុង​នោះ​មាន​៖

    – ករណីឆ្លងសហគមន៍ 28 នាក់
    – អ្នកដំណើរពីបរទេស 06 នាក់

    ករណី​ COVID-19 ​សរុប​នៅ កម្ពុជា​ គិត​មក​ដល់​ថ្ងៃ​ទី 24 វិច្ឆិកា 2021​ រួម​មាន​៖
    – អ្នកឆ្លងសរុប= 119,977 នាក់
    – អ្នកជាសះស្បើយ= 116,357 នាក់
    – អ្នកស្លាប់= 2,914 នាក់

    ទិន្នន័យ​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ដូចខាងក្រោម៖

    នៅ​ទូទាំង​ពិភពលោក ករណី COVID-19 មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ 26,878 នាក់
    -ឆ្លង​សរុប ៖ 259,031,226 នាក់
    -ស្លាប់​សរុប ៖ 5,183,550 នាក់
    -ជាសះស្បើយ​សរុប ៖ 234,382,667 នាក់
    -កំពុងព្យាបាល​៖ 19,465,009​ នាក់