Author: សឿន សំណាង

  • ចូ បៃ​ឌិន អំពាវនាវ​ឱ្យ​​បោះ​បង់​​ចោល​កម្ម​សិទ្ធិ​​បញ្ហា​​វ៉ាក់​សាំង ដើម្បី​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី Omicron

    ចូ បៃ​ឌិន អំពាវនាវ​ឱ្យ​​បោះ​បង់​​ចោល​កម្ម​សិទ្ធិ​​បញ្ហា​​វ៉ាក់​សាំង ដើម្បី​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី Omicron

    លោក បៃ​ដិ​ន ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បោះបង់​ការការពារ​កម្ម​សិទ្ធិ​បញ្ញា​ចំពោះ​វ៉ាក់សាំង ដើម្បី​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក ក្នុង​បំណង​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ដែល​បង្កឡើង​ដោយ​វ៉ា​រ្យ៉​ង់ Omicron។

    កាលពី​ថ្ងៃទី 26 វិច្ឆិកា ប្រ​ធា​នាធ​បិ​តី​អាម៉េរិក លោក ចូ បៃ​ដិ​ន យល់ថា ព័ត៌មាន​ស្ដីពី​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ជាថ្មី​ម្ដងទៀត «បានបង្ហាញ​អំពី​សារសំខាន់​នៃ​ការបោះបង់​កម្មសិទ្ធិ​បញ្ហា​វ៉ាក់សាំង​ដោយ​ឆាប់រហ័ស» ដើម្បី​អនុញ្ញាតឱ្យ​ផលិត​វ៉ាក់សាំង​ទូទាំង​ពិភពលោក។

    លោក បៃ​ដិ​ន ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន បង្កើន​ជំនួយ​ជា​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​សង្គ្រាម​ប្រឆាំង​ជំងឺ​រាតត្បាត។ លោក​បញ្ជាក់ថា «សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ច្រើនជាង​ប្រទេស​នានា​បូក​ចូលគ្នា​ទៅទៀត។ ហើយ​ដល់​ពេលដែល​ប្រទេសផ្សេងៗ ត្រូវ​តាម​ឱ្យទាន់​ល្បឿន និង​ភាពជា​ប្រទេស​ចិត្ត​ទូលាយ​ដូច សហរដ្ឋ​អាម៉េរិក»។

    ការអំពាវនាវ​របស់​ប្រធានាធិបតី​អាម៉េរិក នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បាន​រឹតត្បិត​ការធ្វើដំណើរ​ទៅមក​ជាមួយនឹង​ប្រទេស​ចំនួន ៨ នៅ​ភាព​ខាងត្បូង​នៃ ទ្វីបអាហ្វ្រិក ដើម្បី​ទប់ស្កាត់​វ៉ា​រ្យ៉​ង់ Omicron ដែល​ទើប​ត្រូវបាន​រកឃើញ និង​ទើប​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) វាយតម្លៃថា មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្លាំង​ជាង Delta។

    ទិន្នន័យ​របស់​ក្រសួងការបរទេស​អាម៉េរិក បង្ហាញថា ប្រទេស​នេះ​បាន​សន្យា​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ យ៉ាងតិច ១.១ ពាន់​លាន​ដូ​ស ក្នុងនោះ ២៣៦.១ លាន​ដូ​សត្រូវ​បានប្រគល់​រួចរាល់ និង ២៧.៨ លាន​ដូ​ស កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​បណ្ដា​ប្រទេស​ជា​គោលដៅ។ ៥០% នៃ​វ៉ាក់សាំង​របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ផ្ដល់ជំនួយ​តាមរយៈ​យន្តការ Covax របស់ WHO ចំណែក​ក្រៅពីនេះ​ត្រូវបាន​ផ្ដល់ជំនួយ​លក្ខណៈ​ទ្វេភាគី។

    វ៉ា​រ្យ៉​ង់ B.1.1.529 ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ប្រទេស Botswana កាលពី​ថ្ងៃទី 11 វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ដាក់ឈ្មោះ​ឱ្យ​ថា Omicron និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​វីរុស​ដែល​គួរឱ្យ​ព្រួយបារម្ភ កម្រិត​ធ្ងន់ធ្ងរ​បំផុត៕

  • BioNTech ប្រកាសថា អាច​កែតម្រូវ​​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ក្នុង​រយៈពេល ៦ សប្ដាហ៍​ ក្នុង​គ្រា​ដែល​​វ៉ារ្យ៉ង់ Omicron កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​

    BioNTech ប្រកាសថា អាច​កែតម្រូវ​​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ ក្នុង​រយៈពេល ៦ សប្ដាហ៍​ ក្នុង​គ្រា​ដែល​​វ៉ារ្យ៉ង់ Omicron កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​

    ក្រុមហ៊ុន BioNTech ដែលជា​ដៃគូ​សហការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជាមួយនឹង Pfizer ឱ្យដឹងថា ពួកគេ​អាចធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​ដោយ​ប្រើពេល​តែ ៦ សប្ដាហ៍ បើសិនជា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron អាច​គេ​ផុតពី​អង្គ​ប​ដិ​ប្រាណ។

    «Pfizer និង BioNTech បានធ្វើ​សកម្មភាព​តាំងពី​ច្រើន​ខែ​មុន​ដើម្បី​អាច​កែសម្រួល​វ៉ាក់សាំង​ប្រភេទ mRNA ក្នុង​រយៈពេល ៦ ខែ និង​ដឹកជញ្ជូន​ឡូត៍​ទំនិញ​ដំបូង​ក្នុង​រយៈពេល ១០០ ថ្ងៃ បើសិន​មាន​វត្តមាន​វ៉ា​រ្យ៉​ង់​ដែលមាន​សមត្ថភាព​គេច​ផុតពី​ប្រព័ន្ធ​ការពារ​រាងកាយ» ក្រុមហ៊ុន​របស់ អាល្លឺម៉ង់ BioNTech បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 26 វិច្ឆិកា។

    BioNTech បន្ថែមថា ពួកគេ​កំពុង​ពិសោធ​មើលថា តើ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​ក្រុមហ៊ុន​នេះ​សហការ​អភិវឌ្ឍ​ជាមួយ​ក្រុមហ៊ុន អាម៉េរិក Pfizer មាន​ប្រសិទ្ធភាព​ចំពោះ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Omicron ឬទេ។ លទ្ធផល​ចុងក្រោយ​នៃ​ការស្រាវជ្រាវ តាម​គម្រោង​នឹងត្រូវ​បានប្រកាស​ឱ្យដឹង​ក្នុង​រង្វង់ ២ សប្ដាហ៍​ទៀត។

    វ៉ា​រ្យ៉​ង់ B.1.1.529 ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ប្រទេស Botswana កាលពី​ថ្ងៃទី 11 វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ដាក់ឈ្មោះ​ឱ្យ​ថា Omicron និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​វីរុស​ដែល​គួរឱ្យ​ព្រួយបារម្ភ កម្រិត​ធ្ងន់ធ្ងរ​បំផុត។

    ពលរដ្ឋ​​នៅ​តំបន់ពាណិជ្ជកម្ម​ Johannesburg ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាលពីថ្ងៃទី 26 វិច្ចិកា

    ក្រុមហ៊ុន Moderna របស់ អាម៉េរិក ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​ពិសោធ​បេក្ខភាព​វ៉ាក់សាំង​ជំរុញ​ចំនួន ៣ ក្នុង​គោលដៅ​អភិវឌ្ឍ​វ៉ាក់សាំង​ទុក​ចាក់​ដូ​ស​បន្ថែម​សម្រាប់តែ​វ៉ា​រ្យ៉​ង់ Omicron។

    ចំណែក​ក្រុមហ៊ុន​របស់ អាម៉េរិក មួយទៀត​គឺ Johnson & Johnson ក៏បាន​បញ្ជាក់ថា កំពុង​ពិសោធ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​របស់​ពួកគេ ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី ដើម្បី​វាយតម្លៃថា ត្រូវ​ការធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​ដែរ ឬ​យ៉ាងណា។

    AstraZeneca ដែលជា​ក្រុមហ៊ុន​របស់ អង់គ្លេស ឯណោះ​វិញ ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ Botswana និង Eswatini ជា​ប្រទេស​នៅ​តំបន់​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក ដែល​បាន​រកឃើញ Omicron ក្នុង​បំណង​ប្រមូល​ទិន្នន័យ​ជាក់ស្ដែង​ស្ដីពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង AstraZeneca ចំពោះ​វីរុស​កូ​វីដ-១៩ ប្រភេទ​ថ្មី៕

  • មូល​ប​ត្រ​មួយ​នៅ​ផ្សារ​ហ៊ុន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ឡើងថ្លៃ ១០,០០០% ចាប់ពី​បាន​ឡើង​ផ្សារ​ហ៊ុន ក្លាយជា​ករណី IPO ជោគជ័យ​បំផុត​ក្នុង​លោក នា​ឆ្នាំ ២០២១

    មូល​ប​ត្រ​មួយ​នៅ​ផ្សារ​ហ៊ុន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ឡើងថ្លៃ ១០,០០០% ចាប់ពី​បាន​ឡើង​ផ្សារ​ហ៊ុន ក្លាយជា​ករណី IPO ជោគជ័យ​បំផុត​ក្នុង​លោក នា​ឆ្នាំ ២០២១

    ក្រុមហ៊ុន​ឥណ្ឌូនេស៊ី មួយ ដែលមាន​ឯកទេស​ខាង​ផ្គត់ផ្គង់​ទិន្នន័យ Cloud Computing ទើបតែ​ក្លាយជា​ម្ចាស់ IPO ដែលមាន​ការវិវឌ្ឍ​ល្អ​បំផុត​ក្នុង​ពិភពលោក នា​ឆ្នាំ ២០២។ រាប់​ចាប់ពី​ពេល​បាន​ឡើង​ផ្សារ​ហ៊ុន​កាលពី​ខែមករា ២០២១ មូល​ប​ត្រ​នេះ​បាន​កើនឡើង​ជាង ១០០ ដង។

    កាលពី​ថ្ងៃទី ៦ មករា ក្រុមហ៊ុន DCI Indonesia (PT DCI Indonesia Tbk) បាន​ចូល​ផ្សារ​ហ៊ុន​ជា​ផ្លូវការ បន្ទាប់ពី IPO បានសម្រេច​ជោគជ័យ និង​ប្រមូល​ទុន​បាន ១៥០ ពាន់​លាន រូពៀ (ប្រហែល ១០.៥ លាន​ដុល្លារ​អាម៉េរិក)។ ចាប់ពីពេលនោះ​មក មូល​ប​ត្រ DCI បាន​កើន ១០,៨៥២% ក្លាយជា​មូល​ប​ត្រ​ដែលមាន​កំណើន​លឿន​បំផុត​នៅលើ​ផ្សារ​ហ៊ុន​ឥណ្ឌូនេស៊ី ឈរ​លំដាប់​ទី​ពីរ ដោយ​រួមចំណែក​ក្នុង​កំណើន ១២% នៃ​ស​ន្ទ​ស្សន៍ Jakarta Composite Index ចាប់ពី​ដើមឆ្នាំ​មកទល់នឹង​ពេលនេះ។

    ទីស្នាក់ការ​ក្រុម​ហ៊ុន PT DCI Indonesia Tbk (DCI)

    DCI មាន​ភាគហ៊ុន​ចំនួន ១១% ដែលជា​កម្មសិទ្ធិ​របស់ Anthoni Salim មហាសេដ្ឋី​ដែល​រកស៊ី​ក្នុង​វិស័យ​ជាច្រើន ចាប់ពី​អាហារ រហូតដល់​ទូរគមនាគមន៍ និង​អចលនទ្រព្យ។

    មិន​ត្រឹមតែ DCI នោះទេ ក្រុម​មូល​ប​ត្រ​បច្ចេកវិទ្យា​នៅលើ​ផ្សារ​ហ៊ុន​ឥណ្ឌូនេស៊ី ក៏បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន ៤ ដង​ផងដែរ៕

  • ផ្សា​រមូល​ប​ត្រ​កម្ពុជា​និង ផ្សា​រមូល​ប​ត្រ​សៀង​ហៃ ចុះហត្ថលេខា​ពី​ចម្ងាយ លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា

    ផ្សា​រមូល​ប​ត្រ​កម្ពុជា​និង ផ្សា​រមូល​ប​ត្រ​សៀង​ហៃ ចុះហត្ថលេខា​ពី​ចម្ងាយ លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា

    ផ្សា​រមូល​ប​ត្រ​កម្ពុជា នា​ថ្ងៃទី ២៦ វិច្ឆិកា នេះ បានឱ្យដឹងថា ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ​មក)  និង​ផ្សា​រមូល​ប​ត្រ​សៀង​ហៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នៅក្នុង​ថ្ងៃ​ដដែល​នេះ។

    ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ ផ​មក និង​លោក ឆៃ ជាន​ឈុន (CAI Jianchun) ប្រធាន​នាយក​នៃ​ផ្សា​រមូល​ប​ត្រ​សៀង​ហៃ ដែលជា​តំណាង​របស់​ផ្សា​រមូល​ប​ត្រ​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ពី​ចំងាយ តាមរយៈ​ប្រព័ន្ធ​វីដេអូ។

    ឯកឧត្តម ហុង សុហួរ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​នីតិវិធី​ច្បាប់​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន នៅ​ថ្ងៃទី៣០មេសាឆ្នាំ ២០១៤

    ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​កិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន​រួមមាន៖

    -ការចែករំលែក​ព័ត៌មាន​ទៅវិញទៅមក
    -ការសិក្សា​ស្រាវជ្រាវ​រួមគ្នា
    -ការផ្លាស់ប្តូរ​បុគ្គលិក និង
    -ការអភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុថ្មីៗ ជាដើម។

  • ដី​និម្មិត​មួយ​ដុំ នៅក្នុង Decentraland (ស្រដៀង Mateverse) ​ត្រូវ​បាន​លក់​ក្នុង​​តម្លៃ ២.៤ លាន​ដុល្លារ​អាម៉េរិក

    ដី​និម្មិត​មួយ​ដុំ នៅក្នុង Decentraland (ស្រដៀង Mateverse) ​ត្រូវ​បាន​លក់​ក្នុង​​តម្លៃ ២.៤ លាន​ដុល្លារ​អាម៉េរិក

    ថ្នាល Decentraland ឱ្យដឹងថា ខ្លួន​ទើបតែ​បាន​លក់​ដី​និម្មិត​មួយ​ដុំ ទំហំ ៥៦៥ ម៉ែត្រការ៉េ ក្នុងតម្លៃ ២.៤៣ លាន​ដុល្លារ​អាម៉េរិក។

    ម្ចាស់​ថ្មី​នៃ​ដី​និម្មិត​នេះ​នឹង​ជា Metaverse Group របស់ Tokens.com ជា​ក្រុមហ៊ុន​របស់ កាណាដា ដែលមាន​ជំនាញ​ខាង​ការវិនិយោគ​ក្នុង​វិស័យ​វិមជ្ឈការ​ហិរញ្ញវត្ថុ (decentralized finance)។ Tokens.com និយាយថា នឹង​ប្រើប្រាស់​ដី​និម្មិត​មួយ​ដុំ​នេះ​ដើម្បី​ពង្រីក​ខ្លួន​ទៅក្នុង​វិស័យ​ម៉ូ​ដែល​សម្លៀកបំពាក់​ឌីជីថល និង​លក់​ខោអាវ​និម្មិត​ដល់​អ្នកចូលរួម​លេង metaverse។

    ដី​មួយ​ដុំ​នេះ​រួមមាន ១១៦ ឡូត៍ ទំហំ ៦,០៩០ ហ្វ៊ី​ត​ក្រឡា (៥៦៥ ម៉ែត្រក្រឡា) ស្ថិតក្នុង​តំបន់ «ក្រុង​ម៉ូ​ដែល» នៅលើ​ផែនទី​របស់ Decentraland។

    Decentraland បានកំណត់​តម្លៃ​ដី​នេះ ៦១៨,០០០ Mana ស្មើនឹង ២.៤៣ លាន​ដុល្លារ​អាម៉េរិក។ សារព័ត៌មាន Reuters ក៏បាន​ឱ្យដឹងថា ការជួញដូរ​នេះ​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីផ្សារ OpenSea ផងដែរ។

    យោងតាម Insider នេះ​គឺជា​ដី​និម្មិត​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​នាបច្ចុប្បន្ន ពោលគឺ​ថ្លៃ​ជាង​បី​ដង​ធៀប​នឹង​ដីឡូត៍​និម្មិត​តម្លៃ ៩០០,០០០ ដុល្លារ​ដែល​ត្រូវបាន​លក់​កាលពី​ខែមិថុនា។

    ជា​មធ្យម ដី​ទំហំ ១ ហ្វ៊ូ​ត​ក្រឡា (៣០.៤៨ សង់ទីម៉ែត្រ​ក្រឡា) នៅក្នុង Decentraland មានតម្លៃ ៤០០ ដុល្លារ ខណៈដី​ពិត​នៅ San Francisco សហរដ្ឋ​អាម៉េរិក មានតម្លៃ ១,២០០ ដុល្លារ/ហ្វ៊ូ​ត​ក្រឡា។

    ពិភពនិម្មិតរបស់ Decentraland

    Decentraland ត្រូវបាន​បង្កើតឡើង​ដូច​ទៅនឹង​លំហ​អវកាស​និម្មិត (mateverse)។ ដីធ្លី និង​ទំនិញ​នៅទីនេះ​ត្រូវបាន​លក់​ក្រោមរូបភាព token មិនអាច​ជំនួស (NFT)។ អ្នកចូលរួម​នឹង​ប្រើប្រាស់​ប្រាក់​ឌីជីថល Mana ដើម្បី​ទិញ​ទំនិញ​និម្មិត និង​ដី​និម្មិត​នៅទីនេះ ដែល​ដូច​ទៅនឹង​ការវិនិយោគ។

    Decentraland មាន​លក្ខណៈ​ស្រដៀង​នឹង​ហ្គេម Minecraft។ ក្នុងនោះ ដីធ្លី​និម្មិត​ត្រូវបាន​បែង​ជា​ឡូត៍​ទំហំ ១៦x១៦ ហើយ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង NFT មួយ។ យោងតាម Coinbase ប្រាក់ Mana ក្នុង Decentraland បាន​កើន ៤០០% រាប់​ចាប់ពី​ពេល Facebook បាន​ប្ដូរ​ឈ្មោះ​ទៅជា Meta។ ក្នុង​ថ្ងៃទី 25 វិច្ឆិកា តម្លៃ​របស់​ប្រាក់​ឌីជីថល Mana ក៏បាន​ឡើងដល់​កម្រិត​ខ្ពស់​ថ្មី​គឺ ៥.៧៨ ដុល្លារ/Mana៕

  • មហាសេដ្ឋី Ray Dalio ៖ «វិធី​លឿន​បំផុត​ដើម្បី​ជោគជ័យ​គឺ​ការដឹង​ចំណុចខ្សោយ​របស់ខ្លួន»

    មហាសេដ្ឋី Ray Dalio ៖ «វិធី​លឿន​បំផុត​ដើម្បី​ជោគជ័យ​គឺ​ការដឹង​ចំណុចខ្សោយ​របស់ខ្លួន»

    មហាសេដ្ឋី​ដែលជា​កំពូល​អ្នកវិនិយោគ​មួយរូប ធ្លាប់បាន​ក្ស័យធន ធ្លាប់​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ទាំងអស់ និង​ធ្លាប់​ត្រូវ​ខ្ចីប្រាក់ ៤,០០០ ដុល្លារ​ពី​ឪពុក ក៏​ព្រោះតែ​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំងពេក។

    រ៉េ ដាលីយូ (Ray Dalio) គឺជា​ស្ថាបនិក​របស់​មូលនិធិ​វិនិយោគ​ចូល​ហ៊ុន​ឯកជន (Venture capital fund) ធំជាងគេ​ក្នុង​ពិភពលោក មាន​ឈ្មោះថា Bridgewater Associates។ មូលនិធិ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ទ្រព្យ​ប្រមាណ ១៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ ត្រូវបាន​គាត់​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៧៥ នៅ​ទីក្រុង នី​វ​យ៉​ក។ បច្ចុប្បន្ន លោក រ៉េ ដាលីយូ មានទ្រព្យ​សរុប ១៥.៦ ពាន់​លាន​ដុល្លារ នេះ​បើតាម Bloomberg Billionaires Index។

    ក្នុង​អត្ថបទ​មួយ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ខែកក្កដា លោក រ៉េ ដាលីយូ បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​ដែល​បាន​និយាយ​ក្នុង​សៀវភៅ​ឆ្នាំ 2018 របស់លោក ដែលមាន​ចំណងជើង​ថា «គោលការណ៍​ជីវភាព និង​ការងារ» និយាយ​អំពី​វិធី​ដើម្បី​រកបាន​ជោគជ័យ។ ក្នុងនោះ ក៏មាន​បញ្ជាក់​អំពី​វិធី​ដែល​គ្រប់គ្នា​អាច​រៀនសូត្រ​បាន​ពី​កំហុសឆ្គង​របស់ខ្លួន។

    «អ្នកណា​ក៏មាន​ចំនុចខ្សោយ ហើយ​វា​តែងតែ​ស្ដែង​ឱ្យឃើញ​នៅពេល​អ្នកមាន​កំហុស» មហាសេដ្ឋី រ៉េ ដាលីយូ សរសេរ​នៅលើ​បណ្ដាញ​សង្គម​ដូច្នេះ។ «វិធី​ឆាប់​រហ​ស័​យ​បំផុត​ដើម្បី​ជោគជ័យ​គឺ​ការចាប់ផ្ដើម​ដឹង​អំពី​ចំនុចខ្សោយ​របស់ខ្លួន​ថា​ជា​អ្វី និង​តែងតែ​សម្លឹងមើល​វា។ ចូរ​សរសេរ​ចេញ​នូវ​ចំណុចខ្សោយ​របស់​អ្នក រួច​ភ្ជាប់​វា​ជាមួយគ្នា»។

    ក្រោយមក អ្នក​គ្រាន់តែ​ផ្ដោតទៅលើ​ចំណុចខ្សោយសំខាន់ៗចំនួន ៣ ដើម្បី​អាច​កែតម្រូវ​ឱ្យបាន​ល្អ​បំផុត​ដោយ​មិនត្រូវ​ប្រឹង​ខ្លាំងពេក។

    លោក រ៉េ ដាលីយូ ក៏បាន​បង្ហើប​អំពី​កំហុសឆ្គង​ផ្ទាល់ខ្លួន ក្នុងនោះ​ក៏មាន​កាលៈទេសៈ​មួយ​ដែល​លោក​ហៅថា «កំហុសឆ្គង​ធំ»។ ឆ្នាំ ១៩៨២ លោក​បាន «ភ្នាល់​គ្រប់យ៉ាង​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែល​មិនអាច​កើតឡើង» ហើយ​លោក​ក៏បាន​បាត់បង់​ប្រាក់​ទាំងអស់​នៅពេល​ទីផ្សារ​មូល​ប​ត្រ​រីកចម្រើន។ លោក​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ទាំងអស់​របស់ Bridgewater នៅពេលនោះ។

    «ខ្ញុំ​ក្ស័យធន និង​ត្រូវ​ខ្ចីប្រាក់​ពី​ឪពុក ៤.០០០ ដុល្លារ ដើម្បី​ទូទាត់​ការចំណាយ​ក្នុង​គ្រួសារ»។ ប៉ុន្តែ លោក រ៉េ ដាលីយូ និយាយថា «កំហុស​នេះ​គឺជា​ប្រការ​មួយ​ល្អ​បំផុត​ដែល​ធ្លាប់បាន​កើតឡើង​ចំពោះ​ខ្ញុំ» ព្រោះ​វា​បាន​បង្ខំ​ឱ្យ​លោក​ត្រូវ​ប្រឈម​នឹង​ចំណុចខ្សោយ​របស់ខ្លួន ជា​ប្រការ​ដែល​បាន​បណ្ដាលឱ្យ​លោក​មាន​កំហុសឆ្គង​ធំ​ដល់​ថ្នាក់​នោះ។

    «វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវការ​ធ្វើឱ្យមាន​តុល្យភាព​នៃ​ចំណេះដឹង​ផ្ទាល់ខ្លួន។ ជំនួស​ឱ្យ​ការដែល​ចេះតែ​គិតថា «ខ្លួនឯង​ត្រូវ» ខ្ញុំ​ត្រូវ​ងាក​មក​សួរ​ខ្លួនឯង​ថា «ធ្វើយ៉ាងណា​ទើប​ដឹងថា ខ្លួនឯង​ត្រូវ?»» មហាសេដ្ឋី រ៉េ ដាលីយូ​ បង្ហើប​ឱ្យដឹង​ដូច្នេះ។

    មិនមែន​លោក រ៉េ ដាលីយូ តែ​ម្នាក់​ទេ​ដែល​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ស្វែងយល់​អំពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន។ មហាសេដ្ឋី​បច្ចេកវិទ្យា ម៉ាក ឃ្យូបាន (Mark Cuban) ក៏​ធ្លាប់បាន​និយាយ​បែបនេះ​កាលពី​ឆ្នាំ ២០១៨ សម្រាប់​អ្នក​ដែល​ចង់​កែប្រែ​ស្ថានការណ៍​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម។

    លោក ម៉ាក ឃ្យូបាន និយាយថា៖ «ជា​អ្នកជំនួញ​គឺ​ត្រូវតែ​រកឱ្យឃើញ​នូវ​បញ្ហា​ដែល​អាច​ផ្ដួលរំលំ​អ្នក មុនពេល​អ្នកផ្សេង​ធ្វើ​រឿងនេះ»៕

  • ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន​ជិត ៧០​% ហើយ គិត​ត្រឹម​សប្ដាហ៍​នេះ

    ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន​ជិត ៧០​% ហើយ គិត​ត្រឹម​សប្ដាហ៍​នេះ

    ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ ទៅ ក្រុងព្រះសីហនុ សម្រេចបាន ៦៩,៩៣% ហើយ គិត​ត្រឹម​សប្ដាហ៍​ទី​បី​នៃ​ខែវិច្ឆិកា ហើយ​វា​អាច​នឹង​ចប់​រួចរាល់ នៅមុន​ខែកញ្ញា ឆ្នាំ ២០២២។

    ដំណឹង​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា។

    ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ អាច​នឹង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​សាកល្បង​ធ្វើ​ចរាចរណ៍​នៅ​ចុងឆ្នាំ ២០២២ មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយមាន​ការបង់ប្រាក់។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​ត្រូវ​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី ២២ មីនា ២០១៩ នេះ ប្រើប្រាស់​ទុនវិនិយោគរ​បស់ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ជាមួយនឹង​ទឹកប្រាក់​ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក រួម​នឹង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

    គម្រោង​ផ្លូវ​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ចាប់ពី​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ និង​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ ក្នុងនោះ​មាន​ផ្លូវ​ចំនួន ៤ គន្លង ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង ឬ ១២០ គីឡូម៉ែត្រ/ម៉ោង នៅ​កន្លែង​ខ្លះ។

    យោង​ផែនការនៃ​ការ​សាង​សង់ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ នេះ នឹង​សាងសង់​រួចរាល់​​ជា​ស្ថាពរ​នៅ​ខែកញ្ញា ២០២២៕

  • Huawei ឌឺ​ដាក់​អតិថិជន៖ បញ្ចុះតម្លៃ ១០០% សម្រាប់​ទូរស័ព្ទ​ទាំងអស់ ដែល​លក់​នៅ​ទីផ្សារ​ សហរដ្ឋ​អាម៉េរិក

    Huawei ឌឺ​ដាក់​អតិថិជន៖ បញ្ចុះតម្លៃ ១០០% សម្រាប់​ទូរស័ព្ទ​ទាំងអស់ ដែល​លក់​នៅ​ទីផ្សារ​ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន​ចិន Huawei បានប្រកាស​បញ្ចុះតម្លៃ ១០០% លើ​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​ពលរដ្ឋ​អាម៉េរិក នៅក្នុង​ថ្ងៃ Black Friday ប៉ុន្តែ ជាក់ស្ដែង ពួកគេ​មិនបាន​លក់​ផលិតផល​ណាមួយ​នៅ​ទីផ្សារ​នេះ។

    «Black Friday មួយ​ដ៏​ពិសេស។ យើង​នឹង​បញ្ចុះតម្លៃ ១០០% សម្រាប់​រាល់​ទូរស័ព្ទ​ដែល​កំពុង​លក់​នៅ សហរដ្ឋ​អាម៉េរិក» គណនី Huawei អាម៉េរិក បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ២២ វិច្ឆិកា។

    ប្រកាស​របស់ Huawei ទាក់ទាញ​បានការ​ចុច​ចូលចិត្ត​ជាង 10,000 លើក រួម​នឹង​មតិ​ជាង 2,000 លើក។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព័ត៌មាន​នេះ និង​បាន​សួរ​អំពី​វិធី​ទិញ​ផលិតផល។

    នៅក្នុង​សារ​​បន្ទាប់​​ខាងក្រោម ក្រុមហ៊ុន Huawei បានសរសេរថា នេះ​គ្រាន់តែ​ជាការ​លេងសើច ព្រោះថា ជាក់ស្ដែង ពួកគេ «មិនអាច​លក់​អ្វី​បាន​នៅ សហរដ្ឋ​អាម៉េរិក»។

    Huawei ត្រូវបាន អាម៉េរិក ដាក់ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​រដ្ឋ​ចិន តាំងពី​ខែឧសភា 2019 និង​ហាម​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ អាម៉េរិក ដោយសារ​ការព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ ធ្វើឱ្យ​ផ្នែក​ឧបករណ៍​ចល័ត​របស់​ក្រុមហ៊ុន​នេះ ចុះខ្សោយ​យ៉ាង​ឆាប់រហ័ស។

    មុន​នោះ Huawei ឈរ​លំដាប់​លេខ ៣ ក្នុងចំណោម​ក្រុមហ៊ុនទូរស័ព្ទ​ធំ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ថែមទាំង​លែង​ស្ថិតនៅក្នុង Top 5 ហើយ​កំពុងតែ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យមាន​ការប្ដូរ​ផ្លាស់ ដូចជា​ការ​ងាក​ទៅ​ផ្គត់ផ្គង់​ការ​រចនា​រូបរាង​ទូរស័ព្ទ និង​ផលិតផល​ចល័ត​ដល់​ភាគី​ទី​បី ឬ​លក់​ទូរស័ព្ទ​កំណែ​ចាស់។

    ផ្នែក​ផលិតផល​ចល័ត​របស់ Huawei បាន​ខាតបង់​ប្រាក់​អស់យ៉ាង​តិច 30 ពាន់​លាន​ដុល្លារ​ក្នុងមួយៗ ដោយសារតែ​ការដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក អេ​រិ​ក ស៊ូ (Eric Xu) ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមហ៊ុន Huawei៕

  • ករណី​ឆ្លង​ថ្មី​​ជំងឺ​ COVID-19 នៅ កម្ពុជា បន្ត​ថយ​ចុះ​មក​ក្រោម​ 30 នាក់​

    ករណី​ឆ្លង​ថ្មី​​ជំងឺ​ COVID-19 នៅ កម្ពុជា បន្ត​ថយ​ចុះ​មក​ក្រោម​ 30 នាក់​

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី 29 (PCR) នាក់ ជាសះស្បើយ 30 នាក់ និងស្លាប់ 04 នាក់ (02 នាក់ មិនបានចាក់វ៉ាក់សាំង)។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី មាន​៖

    – ករណីឆ្លងសហគមន៍ 23 នាក់
    – អ្នកដំណើរពីបរទេស 06 នាក់

    ករណី​ COVID-19 ​សរុប​នៅ កម្ពុជា​ គិត​មក​ដល់​ថ្ងៃ​ទី 26 វិច្ឆិកា 2021​ រួម​មាន​៖

    – អ្នកឆ្លងសរុប= 120,038 នាក់
    – អ្នកជាសះស្បើយ= 116,417 នាក់
    – អ្នកស្លាប់= 2,922 នាក់

    ទិន្នន័យ​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ 40,348 នាក់
    -ឆ្លង​សរុប ៖ 260,311,242 នាក់
    -ស្លាប់​សរុប ៖ 5,199,470 នាក់
    -ជាសះស្បើយ​សរុប ៖ 235,255,925 នាក់
    -កំពុងព្យាបាល​៖ 19,855,847​ នាក់

  • អង្គការ​សុខភាព​ពិភពលោក កោះប្រជុំ​បន្ទាន់ ដោយសារតែ​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស​កូ​វីដ-១៩

    អង្គការ​សុខភាព​ពិភពលោក កោះប្រជុំ​បន្ទាន់ ដោយសារតែ​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស​កូ​វីដ-១៩

    អង្គការ​សុខភាព​ពិភពលោក (WHO) លើក​គម្រោង​ប្រជុំ​បន្ទាន់ និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី B.1.1.529 របស់ កូ​វីដ-១៩ បើទោះជា​ត្រូវបាន​រកឃើញ​តែ​ប៉ុន្មាន​ករណី​នៅ ទ្វីបអាហ្វ្រិក។

    «យើង​មិនទាន់​ដឹង​ច្រើន​អំពី​វ៉ា​រ្យ៉​ង់​នេះ។ អ្វីដែល​យើង​បានដឹង នោះ​គឺ​វា​មានការ​ប្រែប្រួល​ច្រើន​ទម្រង់។ ការព្រួយបារម្ភ​គឺថា នៅពេល​មានការ​ទម្រង់​ច្រើន វា​អាចមាន​ឥទ្ធិពល​ដល់​ដំណើរការ​របស់​វីរុស» វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​ប្រឆាំង កូ​វីដ-១៩ របស់ WHO ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី 25 វិច្ឆិកា។

    ស្ថាប័ន​នេះ​កំពុងតែ​តាមដាន​យ៉ាង​ម៉ត់ចត់​ចំពោះ​វ៉ា​រ្យ៉​ង់ B.1.1.529 ហើយក៏​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ពិសេស​នៅក្នុង​ថ្ងៃទី 26 វិច្ឆិកា នេះ ដើម្បី​ពិភាក្សា​អំពី​ឥទ្ធិពល​ដែល​បង្កប់​ក្នុង​វ៉ា​រ្យ៉​ង់​នេះ ដល់​វ៉ាក់សាំង និង​វិធីសាស្ត្រ​ព្យាបាល។

    វេជ្ជបណ្ឌិត Van Kerkhove បន្ថែមថា ក្រុម​ស្រាវជ្រាវ​នឹង​ពិនិត្យមើល​លទ្ធភាព​ឱ្យដឹងថា តើ B.1.1.529 អាច​ក្លាយជា​វ៉ា​រ្យ៉​ង់​ដែល​គួរឱ្យ​ព្រួយបារម្ភ ឬ​អត់ ហើយ​ក្រោយមក WHO នឹងដាក់​ឈ្មោះ​ឱ្យ​វា​ទៅតាម​អក្ខរក្រម​របស់​ក្រិ​ក។

    វ៉ា​រ្យ៉​ង់ B.1.1.529 មានការ​ប្រែប្រួល​ចំនួន 50 ទម្រង់​នៅក្នុង​ប្រូតេអ៊ីន​បន្លា ជា​ផ្នែក​ដែល​វ៉ាក់សាំង​ប្រើប្រាស់​ដើម្បី​បង្កើត​អង្គ​ប​ដិ​ប្រាណ​សម្រាប់​ប្រឆាំង​វីរុស​កូ​វីដ-១។ ចំនួន​ទម្រង់​នៃ​ការប្រែប្រួល​ក្នុង​ប្រូតេអ៊ីន​បន្លា អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការឆ្លង​របស់​វីរុស ក៏ដូចជា​កោសិកា​ពិបាក​ក្នុងការ​វាយប្រហារ​មេរោគ។

    ទ្វីបអាហ្វ្រិក ទើបតែ​បាន​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.1.529 នេះ ប៉ុន្មាន​ករណី​ប៉ុណ្ណោះ។ រដ្ឋាភិបាល​អង់គ្លេស កាលពី​ថ្ងៃទី 25 វិច្ឆិកា និយាយថា វ៉ា​រ្យ៉​ង់​ថ្មី​នេះ​គឺជា «វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​អាក្រក់​បំផុត» ព្រមទាំង​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ជាច្រើន​ដែល​ទាក់ទង​នឹង​ការធ្វើដំណើរ​ទៅមក រវាង​ប្រទេស​នេះ ជាមួយ​បណ្ដា​ប្រទេស​នៅ អាហ្វ្រិក៕