Author: សឿន សំណាង

  • សហភាព​អឺរ៉ុប គូសវាស​គម្រោង «ច្រកទ្វារសកល» ដើម្បី​ទប់ទល់​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិនដីគោក

    សហភាព​អឺរ៉ុប គូសវាស​គម្រោង «ច្រកទ្វារសកល» ដើម្បី​ទប់ទល់​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិនដីគោក

    សហភាព​អឺរ៉ុប ប្រកាស​គម្រោង​ប្រមូល​ទុន ៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ការវិនិយោគ​ទៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ពាសពេញ​ពិភពលោក ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ (Belt and Road Initiative / One Belt One Road / OBOR) របស់ ចិនដីគោក។

    «Global Gateway (ច្រកទ្វារសកល) នឹង​ឆ្ពោះទៅរក​ការប្រមូល​ទុនវិនិយោគ​នានា​ដែល​ឡើងដល់ ៣០០ ពាន់​លាន​អឺរ៉ូ (៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​ដំណាក់កាល​ឆ្នាំ ២០២១-២០២៧ ដែលជា​ការប្រមូលផ្ដុំ​ប្រភពធនធាន​របស់​សហភាព​អឺរ៉ុប បណ្ដា​ប្រទេស​ជា​សមាជិក ស្ថាប័នហិរញ្ញវត្ថុ​អឺរ៉ុប និង​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​របស់​បណ្ដា​ប្រទេស» ឯកសារ​របស់​គណៈកម្មកា​រ​អឺរ៉ុប បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ១ ធ្នូ ២០២។

    ក្នុង​គម្រោង​នេះ សហភាព​អឺរ៉ុប មិនបាន​និយាយ​ដល់ «គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ» របស់ ប្រទេស​ចិន នោះទេ ប៉ុន្តែ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) សង្កត់ធ្ងន់ថា គម្រោង «ច្រកទ្វារសកល» គឺជា «ទិសដៅ​វិនិយោគ​ធំ ទៅក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ពិភពលោក» ដែល​នេះ លោកស្រី ទំនងជា​ចង់​និយាយថា «ច្រកទ្វារសកល» គឺជា​គម្រោង​សម្រាប់​ធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង «គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់​និង​ផ្លូវ» របស់ ប្រទេស​ចិន។

    ក្រៅពី​ការប្រមូល​ទុន​សម្រាប់​គម្រោង «ច្រកទ្វារសកល» ខាងលើ សហភាព​អឺរ៉ុប ក៏មាន​ផែនការ​ចែករំលែក​បច្ចេក​វិទ្យា និង​ជំនាញ​របស់ អឺរ៉ុប ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ។

    ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៣ បានចាប់ផ្ដើម​យុទ្ធសាស្ត្រ​វិនិយោគ​ទូទាំង​សកលលោក​ដែល​ប្រទេស​នេះ​ឱ្យ​ឈ្មោះថា «ខ្សែក្រវាត់​និង​ផ្លូវ» ជា​គម្រោង​លំដាប់​កំពូល​របស់ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។ ទីក្រុង​ប៉េកាំង ឱ្យដឹងថា ខ្លួន​បាន​វិនិយោគ ១៣៩.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ឆ្នាំ ២០២០ ក្នុងនោះ​មាន ២២.៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​សម្រាប់​ឆ្នាំ ២០២០៕

  • អាម៉េរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​

    អាម៉េរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​

    អ្នកជំងឺ​កូ​វីដ-១៩ ដែល​ផ្ទុក​វីរុស​ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង ដែល​ត្រូវបាន​រកឃើញ​នៅ សហរដ្ឋ​អាម៉េរិក គឺជា​អ្នកដំណើរ​ត្រលប់​មកពី អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

    មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគរាតត្បាត (CDC) របស់ អាម៉េរិក នា​ថ្ងៃនេះ បានឱ្យដឹងថា ករណី​ឆ្លង​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​គឺជា​ពលរដ្ឋ​របស់​រដ្ឋ California ដែល​បាន​ត្រលប់​មកពី ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា ហើយ​មួយ​សប្ដាហ៍​ក្រោយមក​ក៏បាន​ធ្វើតេស្ត​រកឃើញថា វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    CDC របស់ អាម៉េរិក បានប្រកាសថា «អ្នកជំងឺ​នេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង មាន​អាការរោគ​ស្រាល និង​បាន​ប្រសើរ​ឡើងវិញ​ហើយ។ ករណី​ប៉ះពាល់​ផ្ទាល់​ត្រូវបាន​ស្រាវជ្រាវ ធ្វើតេស្ត និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន»។

    អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​របស់ អាម៉េរិក លោក Anthony Fauci ឱ្យដឹងថា អ្នកជំងឺ​នេះ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​មិនទាន់បាន​ចាក់​ដូ​ស​ជំរុញ។ លោក​ថា ត្រូវការ​ពេល​ជាង ២ សប្ដាហ៍ ដើម្បី​ដឹង​អំពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង ក៏ដូចជា​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វ៉ា​រ្យ៉​ង់​នេះ។

    អូ​មី​ក្រុង បានបង្ហាញ​វត្តមាន​ដំបូង​នៅ ប្រទេស​ប៊ុត​ស្វា​ណា (Botswana) កាលពី​ថ្ងៃទី ១១ វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រកឃើញ និង​ប្រកាស​ជា​សាធារណៈ នៅពេល​ករណី​ឆ្លង​នៅ​ប្រទេស​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស។ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​ចាត់ អូ​មី​ក្រុង ចូលទៅក្នុង​ក្រុម​វ៉ា​រ្យ៉​ង់​ដែល​គួរឱ្យ​ព្រួយបារម្ភ។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ជាង ២០ ហើយ ដែល​បាន​រកឃើញ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ ក្នុងនោះ​ក៏មាន​ទាំង​បណ្ដា​ប្រទេស​នៅ ទ្វីបអឺរ៉ុប និង​អាស៊ី ផងដែរ៕

  • ពលរដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​សម្រុក​លាឈប់​ពី​ការងារ ដើម្បី​បើកមុខ​របរ​ផ្ទាល់ខ្លួន

    ពលរដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក នាំគ្នា​សម្រុក​លាឈប់​ពី​ការងារ ដើម្បី​បើកមុខ​របរ​ផ្ទាល់ខ្លួន

    កូ​វីដ-១៩ បានធ្វើឱ្យ​ស្មារតី​ម្ចាស់ការ​ក្នុងការ​រកប្រាក់ កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក នៅពេល​មនុស្ស​រាប់លាន​នាក់ បាន​បោះបង់​ការងារ​ដើម្បី​បើកមុខ​របរ ឬ ក្រុមហ៊ុន​ថ្មី​ផ្ទាល់ខ្លួន ឬ​ធ្វើការ​ដោយ​សេរី។

    ពលរដ្ឋ​អាម៉េរិក កាន់តែច្រើនឡើងៗ បាន និង​កំពុង​ស្វែងរក​ភាពបត់បែន​ក្នុង​ការងារ ព្រោះតែ​ខ្លាចរអា​ក្នុងការ​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ-១៩ ការពិបាក​ទ្រាំ​ជាមួយនឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង ឬ​គ្រាន់តែ​ជាការ​ធុញ​នឹង​ការងារ​នៅក្នុង​ការិយាល័យ។ ជា​លទ្ធផល ស្ថាន​ភាពខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​មួយចំនួន​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុមហ៊ុន​នានា​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ «ត្រូវ​កែសម្រួល​គោលការណ៍» ដើម្បី​អាច​ជ្រើសរើស​បាន​បុគ្គលិក។

    ក្រសួង​ការងារ​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា តួលេខ​នៃ​កម្លាំង​ពលកម្ម​សេរី បាន​កើន ៥ សែន​នាក់ ចាប់ពី​កូ​វីដ-១៩ បានបង្ហាញ​វត្តមាន នាំឱ្យ​តួលេខ​សរុប​កើន​ឡើងដល់ ៩.៤៤ លាន​នាក់។ នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​រាប់​ចាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០។ តួលេខ​សរុប​នៃ​អ្នក​ដែល​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង កើន ៦% ខណៈដែល​ការងារ​សរុប និយាយ​រួម នៅតែ​ទាប​ជាង​ជិត ៣% ធៀប​នឹង​ដំណាក់កាល​មុន​វិបត្តិ​សុខភាព។

    អ្នក​ស្រី Kimberly Friddle កំពុង​ធ្វើ​ការ​នៅ​ឯផ្ទះ​ ជាមួយ​កូន​ស្រី​ច្បង​ Samantha

    យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​របស់ សហរដ្ឋអាមេរិក គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំនេះ មាន​ក្រុមហ៊ុន​ថ្មី​ចំនួន ៤.៥៤ លាន​ត្រូវបាន​បង្កើតឡើង កើន ៥៦% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១។ នេះ​ក៏​ជា​តួលេខ​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ ២០០។ ២/៣ នៃ​តួលេខ​នេះ​គឺជា​ក្រុមហ៊ុន​ដែល​មិនមាន​គម្រោង​ជ្រើសរើស​បុគ្គលិក។

    ឆ្នាំនេះ អត្រា​កម្លាំង​ពលកម្ម​អាម៉េរិក ដែល​ធ្វើ​ការឱ្យ​ក្រុមហ៊ុន​មួយ​ដែលមាន​បុគ្គលិក​យ៉ាងតិច ១,០០០ នាក់ បាន​ថយចុះ​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ ២០០៤ នេះ​បើតាម​ទិន្នន័យ​របស់ ក្រសួង​ការងារ។ ចំណែក​អត្រា​នៃ​អ្នកធ្វើ​ជំនួញ​ដោយ​ខ្លួនឯងបាន​ឡើងដល់​ចំណុច​ខ្ពស់បំផុត​ក្នុងអំឡុង ១១ ឆ្នាំ​មកនេះ។ កាលពី​ខែតុលា ២០២១ ក្រុម​នេះ​មាន​ត្រឹមតែ ៥.៩% ប៉ុណ្ណោះ​​នៅ​ក្នុងចំណោម​កម្លាំង​ពលកម្ម​សរុប​នៅ អាម៉េរិក ពោលគឺ​ខ្ពស់ជាង​បើ​ធៀប​នឹង ៥.៤% កាលពី​ខែកុម្ភៈ ២០២។

    ការកើនឡើង​នៃ​ចំនួន​អ្នកធ្វើ​ជំនួញ​ដោយ​ខ្លួនឯង កើតឡើង​ទន្ទឹមគ្នា​នឹង​ការកើនឡើង​នៃ​តួលេខ​អ្នក​បោះបង់​ការងារ​នៅ សហរដ្ឋ​អាម៉េរិក។ ក្នុង​ខែកញ្ញា ទីផ្សារការងារ​នៅ អាម៉េរិក បាន​កត់ត្រា​នូវ​ចំនួន​អ្នក​បោះបង់​ការងារ​ខ្ពស់បំផុត ពោលគឺ ៤.៤ លាន​នាក់៕

  • សូរ្យគ្រាស​ទាំង​ស្រុង​តែ​មួយ​គត់​ក្នុង​ឆ្នាំ​ ២០២១ ជិត​កើត​ឡើង​ហើយ

    សូរ្យគ្រាស​ទាំង​ស្រុង​តែ​មួយ​គត់​ក្នុង​ឆ្នាំ​ ២០២១ ជិត​កើត​ឡើង​ហើយ

    ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA) បាន​ឱ្យ​ដឹង​ថា សូរ្យគ្រាស​ទាំង​ស្រុង​តែ​មួយ​គត់​ក្នុង​ឆ្នាំ​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី ៤ ធ្នូ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ​ បាតុភូត​នេះ​អាច​ត្រូវ​បាន​មើល​ឃើញ​តែ​នៅ​ក្នុង​តំបន់​ប៉ូល​ខាង​ត្បូង​ប៉ុណ្ណោះ​។

    បាតុភូត​សូរ្យគ្រាសនេះ​​​នឹង​ឡើង​ដល់​ចំណុច​កំពូល​នៅ​វេលា​ម៉ោង​ប្រហែល​ ១៤៖៣៣​ នាទី ថ្ងៃទី ៤ ធ្នូ (ម៉ោង​នៅ​ភ្នំពេញ) សម្រាប់​អ្នក​រស់​នៅ​ក្បែរ​ជាយ​ផ្ទាំង​ទឹកកក​ Ronne នៅ​ប៉ូល​ខាង​ត្បូង​។ ប្រជាជន​ក្នុងតំបន់​ខ្លះ​នៅ​ប៉ូល​ខាង​ត្បូង​ អាច​តាមដាន​ព្រឹត្តិការណ៍​សូរ្យគ្រាស​មួយ​ចំហៀង​។

    ព្រឹត្តិការណ៍​សូរ្យគ្រាស​ទាំង​ស្រុង​បន្ទាប់​នឹង​កើត​ឡើង​នៅ​ថ្ងៃទី ៨ មេសា ២០២៤ និង​អាច​មើល​ឃើញ​ពី​តំបន់​​ជា​ច្រើន​នៅ កាណាដា ម៉ិកស៊ិក និង សហរដ្ឋ​អាម៉េរិក​។

    អ្នក​រស់​នៅ​ក្បែរ​ជាយ​ផ្ទាំង​ទឹកកក​ Ronne នៅ​ប៉ូល​ខាង​ត្បូង​ ទើប​អាចមើល​ឃើញ​បាតុភូត​នេះ

    បាតុភូត​សូរ្យ​គ្រាស​កើត​ឡើង​នៅ​ពេល​ ព្រះចន្ទ​គោចរ​ដល់​ចន្លោះ​ផែន​ដី​ និង​ព្រះអាទិត្យ​ ពេល​នោះ ស្រមោល​របស់​ព្រះចន្ទ​គ្រប​ដណ្ដើប​លើ​ផែនដី​។ ក្នុង​បាតុភូត​សូរ្យ​គ្រាស​ទាំង​ស្រុង​ ទាំង​ផែនដី ព្រះចន្ទ និង​ព្រះអាទិត្យ​ ត្រូវ​តែ​ស្ថិត​នៅ​លើ​បន្ទាត់​ត្រង់​។ ព្រះអាទិត្យ​ត្រូវ​បាន​បាំង​ដោយ​ព្រះចន្ទ នៅ​ពេល​គេ​មើល​ពី​ផែនដី​៕

  • អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន៖ អាម៉េរិក និង ជប៉ុន នឹង «ធ្វើ​សកម្មភាព» បើសិន ចិន វាយប្រហារ តៃវ៉ាន់

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន៖ អាម៉េរិក និង ជប៉ុន នឹង «ធ្វើ​សកម្មភាព» បើសិន ចិន វាយប្រហារ តៃវ៉ាន់

    អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe អះអាងថា សម្ព័ន្ធមិត្ត ជប៉ុន-អាម៉េរិក មិនអាច​ឱបដៃ​ឈរ​មើល​នោះឡើយ បើសិនជា ចិនដីគោក វាយប្រហារ ចិនតៃវ៉ាន់។

    «ស្ថានការណ៍​អាសន្ន​នៅ តៃវ៉ាន់ គឺជា​ស្ថានការណ៍​អាសន្ន​របស់ ជប៉ុន ដូច្នេះ វា​ក៏​ជា​ស្ថានការណ៍​អាសន្ន​ចំពោះ​សម្ព័ន្ធភាព ជប៉ុន-អាម៉េរិក។ ប្រជាជន​នៅ ទីក្រុង​ប៉េកាំង ពិសេស​គឺ​ប្រធានាធិបតី ស៊ី ជីន​ពីង មិនត្រូវ​យល់​ខុស​អំពី​ប្រការនេះ» លោក Shinzo Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​តាម​ប្រព័ន្ធ​វីដេអូ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​តៃវ៉ាន់ នា​ថ្ងៃនេះ។

    លោក Abe ថ្លែងថា ប្រជុំ​កោះ Senkaku ដែល ចិន ហៅថា Diaoyu និង​កោះ​នានា​ដូចជា Sakishima, Yonaguni របស់ ជប៉ុន មាន​ចម្ងាយ​ពី កោះ​តៃវ៉ាន់ ត្រឹមតែ ១០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ការវាយប្រហារ​ប្រដាប់អាវុធ​មួយ​សំដៅលើ កោះ​តៃវ៉ាន់ នឹង​ជាការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់ ជប៉ុន។

    លោក Abe បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន ប៉ុន្តែ លោក​នៅតែមាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​សេរី ដែល​កំពុង​កាន់អំណាច។

    ផែនទីបង្ហាញ​ពី​ទឹកដី​របស់​ កោះតៃវ៉ាន់ ប្រទេស​ចិន និង​ ជប៉ុន

    លោក Abe បញ្ជាក់ថា «តៃវ៉ាន់ ដែលមាន​កម្លាំង​ខ្លាំងក្លា​ជាង រីកចម្រើន និង​ធានា​សេរីភាព សិទ្ធិមនុស្ស ក៏​ជា​ផលប្រយោជន៍​របស់ ជប៉ុន។ ពិតណាស់ ប្រការនេះ​ក៏​ជា​ផលប្រយោជន៍​របស់​ពិភពលោក​ទាំងមូល»។

    ទីក្រុង​ប៉េកាំង តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា ចិន ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ដណ្ដើមយក កោះ​តៃវ៉ាន់ ត្រលប់​មកវិញ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ។

    ចំណែក អាម៉េរិក វិញ មិនមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ កោះ​តៃវ៉ាន់ ប៉ុន្តែ​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​កោះ​នេះ។ កាលពី​ខែ​មុន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken ថ្លែងថា អាម៉េរិក និង​សម្ព័ន្ធមិត្ត នឹង «ធ្វើ​សកម្មភាព» បើសិន ចិនដីគោក ប្រើ​អាវុធ​ដើម្បី​ប្ដូរផ្លាស់​ស្ថានការណ៍​នៅលើ កោះ​តៃវ៉ាន់៕

  • ប្រធានាធិបតី​រុស្ស៊ី និយាយថា អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក ខ្លាំង​ជាង ចិន

    ប្រធានាធិបតី​រុស្ស៊ី និយាយថា អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក ខ្លាំង​ជាង ចិន

    លោក Putin យល់ថា សហរដ្ឋ​អាម៉េរិក កំពុង​ដើរ​មុន ចិន មួយ​ជំហាន ទាក់ទង​នឹង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង បើ​ទោះ​ជា​​មិនបាន​ប្រកាស​ជា​សាធារណៈ​អំពី​បញ្ហា​នេះ។

    «យើង​បាន​មើលឃើញ​ប្រតិកម្ម​របស់ អាម៉េរិក ចំពោះ​ការសាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ ចិន កាលពីពេលថ្មីៗនេះ» ប្រធានាធិបតី​រុស្ស៊ី លោក Putin ថ្លែង​ដូច្នេះ​នៅក្នុង​វេទិកា​វិនិយោគ VTB Capital ដែលមាន​ឈ្មោះថា «ប្រទេស​រុស្ស៊ី​ហៅ ឬ Russia Calling» កាលពី​ថ្ងៃទី ៣០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំ​ដឹងថា អាម៉េរិក បាន​ដើរ​មុន​បន្តិច​ក្នុងការ​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង។ ពួកគេ​គ្រាន់តែ​មិន​និយាយ​អំពី​កិច្ចការ​នោះ និង​មិនមាន​អ្នកណា​បង្ក​ការភ្ញាក់ផ្អើល​អំពី​វា»។

    ការ​ថ្លែង​របស់លោក Putin ត្រូវបាន​ធ្វើឡើង មួយខែ​ក្រោយពី ចិន ត្រូវបាន​គេ​សង្ស័យថា បាន​សាកល្បង​រ៉ុក្កែត​ល្បឿន​លឿន​ជាង​សំឡេង​ដែលមាន​សមត្ថភាព​ហោះហើរ​ជុំវិញ​ពិភពលោក។ សារព័ត៌មាន​របស់ អាម៉េរិក ដកស្រង់​សម្ដី​របស់​មន្ត្រី​មួយចំនួន ឱ្យដឹងថា ពួកគេ «ភ្ញាក់ផ្អើល» ចំពោះ​ការរីកចម្រើន​នេះ​របស់ ចិន។

    មេបញ្ជាការរង​នៃ​កងទ័ព​អវកាស​អាម៉េរិក លោក David Thompson កាលពី​ថ្ងៃទី ២០ វិច្ឆិកា យល់ថា សមត្ថភាព​នៃ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក «មិនទាន់​សម័យ» ដូច​កម្មវិធី​ដែល​អភិវឌ្ឍ​ដោយ រុស្ស៊ី និង ចិន ព្រមទាំង​បាន​ព្រមាន​ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុងតែ​អន់ថយ​ជាង​គូបដិបក្ខ​នានា​ក្នុងការ​រត់ប្រណាំង​អាវុធ​ទំនើប។

    រ៉ុក្កែងល្បឿនលឿនជាងសំឡេងរបស់ អាម៉េរិក ដែលត្រូវបានបាញ់សាកល្បងនៅ Hawaii កាលពីខែមីនា ឆ្នាំ ២០២០

    ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១៨ វិច្ឆិកា ក៏បាន​សាកល្បង​រ៉ុក្កែត​ល្បឿន​លឿន​ជាង​សំឡេង Zircon ដែល​បាញ់​ចេញពី​នាវា​អម​ការពារ Gorshkov ផងដែរ។ ចំណែក​ការសាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​ខែតុលា សុទ្ធតែ​ត្រូវបាន​គេ​យល់ថា បាន​បរាជ័យ។

    លោក Putin សង្កត់ធ្ងន់ថា រុស្ស៊ី ផ្ដល់​តម្លៃ​ខ្ពស់​ដល់​កិច្ចសន្ទនា​ជាមួយ អាម៉េរិក និង ចិន។ «យើង​គិតដល់​កិច្ចការ​ការពារ​សន្តិសុខ​ជាតិ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​នានា​ទៅតាម​ទិសដៅ​សំខាន់​របស់​ប្រទេសជាតិ។ ឧទាហរណ៍​មួយ នោះ​គឺ ត្រូវការ​សន្ទនា​ស្ដីអំពី​ស្ថិរភាព​យុទ្ធសាស្ត្រ​ជាមួយ អាម៉េរិក និង ចិន» លោក Putin ថ្លែង​ដូច្នេះ។

    ទាក់ទង​នឹង​ការ​ថ្លែង​របស់​ប្រធានាធិបតី​រុស្ស៊ី ភាគី​ប្រ​ទស​ចិន និង សហរដ្ឋ​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ៕

  • កម្ពុជា រៀបចំ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទាញព្រ័ត្រ ថ្នាក់ជាតិ ឆ្នាំ ២០២១

    កម្ពុជា រៀបចំ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទាញព្រ័ត្រ ថ្នាក់ជាតិ ឆ្នាំ ២០២១

    ការប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវ​បានធ្វើ​ឡើង​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តកណ្តាល។

    សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បានឱ្យដឹងថា កីឡាករ​ដែល​ចូលរួម​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ដណ្ដើម​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២១ នេះ នឹងត្រូវ​ប្រកួត ២ វិញ្ញាសា រួមមាន វិញ្ញាសា​ប្រកួត​ផ្នែក​បុរស ៤ នាក់​ទល់នឹង ៤ នាក់ លើ​ទម្ងន់ ៣០០ គីឡូក្រាម និង​វិញ្ញាសា​ប្រកួត​នារី ៤ នាក់​ទល់នឹង ៤ នាក់ លើ​ទម្ងន់ ២៥០ គីឡូក្រាម។

    ការប្រកួត​នេះ​ក្នុង​បំណង​ជ្រើសរើស​ក្រុម​ជើងឯក ដាក់​ប​ញ្ជូ​ល​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ការប្រកួត​នៅ ស៊ី​ហ្គេម លើក​ទី ៣២ ក្នុង​ឆ្នាំ ២០២៣ ដែល កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង។ នេះ​បើតាម កញ្ញា មាស តឿ មន្ត្រី​សហព័ន្ធ​កីឡា​​ទាញ​ព្រ័ត្រ របស់ កម្ពុជា។

    រាល់​ការចំណាយ​លើ​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​ធ្វើដំណើរ គឺជា​បន្ទុក​របស់​ក្លិបនីមួយៗ នៅតាម​ក្រសួង ស្ថាប័ន ឬ​រាជធានី-ខេត្ត ដែល​បាន​ចុះឈ្មោះ​ចូលរួម៕

  • កូវីដ-១៩! ករណី​ឆ្លងថ្មីនៅ​ កម្ពុជា​ កើន​ឡើងបន្តិច​​ ធៀប​នឹង​ថ្ងៃ​ម្សិល​មិញ (៣០ វិច្ឆិកា)

    កូវីដ-១៩! ករណី​ឆ្លងថ្មីនៅ​ កម្ពុជា​ កើន​ឡើងបន្តិច​​ ធៀប​នឹង​ថ្ងៃ​ម្សិល​មិញ (៣០ វិច្ឆិកា)

    ក្នុង​រយៈ​ពេល ២៤ ម៉ោងនៃ​ថ្ងៃទី ៣០ វិច្ឆិកា ២០២១ កម្ពុជា បាន​រកឃើញ​ករណីឆ្លងថ្មី​ចំនួន ២៦ នាក់ ខណៈករណី​ស្លាប់ថ្មី មាន​ចំនួន​ ៤ នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ៣៣,៣០១ នាក់
    -ឆ្លង​សរុប ៖ ២៦៣,០៥៧,០៨៥ នាក់
    -ស្លាប់​សរុប ៖ ៥,២៣៣,៣៣៦ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៧,៥៤០,០៧៥ នាក់

  • ក្រសួងទេសចរណ៍ ណែ​នាំឱ្យ​អាជីវកម្ម​នានា អនុវត្តន៍​វិធាន​ស្ដង់ដា​​ការ​ពារ​​ជំងឺ​​កូ​វីដ-១៩ ពេល​បើក​​ដំណើរ​ការ​​ឡើងវិញ

    ក្រសួងទេសចរណ៍ ណែ​នាំឱ្យ​អាជីវកម្ម​នានា អនុវត្តន៍​វិធាន​ស្ដង់ដា​​ការ​ពារ​​ជំងឺ​​កូ​វីដ-១៩ ពេល​បើក​​ដំណើរ​ការ​​ឡើងវិញ

    ក្រសួងទេសចរណ៍​បាន​ក្រើនរំលឹក​ដល់​អាជីវកម្ម​មួយចំនួន រួមមាន ខារ៉ាអូខេ ក្លឹប​កម្សាន្ត រង្គសាល ឌី​ស្កូ​តែ​ក និង​ម៉ាស្សា អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ឱ្យបាន​ត្រឹមត្រូវ​តាម។

    ការ​ក្រើនរំលឹក​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អាជីវកម្ម ខារ៉ាអូខេ ក្លឹប​កម្សាន្ត រង្គសាល ឌី​ស្កូ​តែ​ក និង​ម៉ាស្សា ត្រូវបាន រាជរដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ចាប់ពី​ថ្ងៃទី ៣០ ខែវិច្ឆិកា។

    ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍​ក៏បាន​ណែនាំ​ឱ្យ រដ្ឋបាល​រាជធានី-ខេត្ត ធ្វើការ​ពិនិត្យ​វាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​​អាជីវ​ទាំងនេះ មុននឹង​អនុញ្ញាតឱ្យ​បើក​ឡើងវិញ។

  • កម្ពុជា និង​ឡាវ បានឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​នៅក្នុង​វិស័យ​នានា​ដែល​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ

    កម្ពុជា និង​ឡាវ បានឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​នៅក្នុង​វិស័យ​នានា​ដែល​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ

    សម្តេច​តេ​ជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ បាន​ជួប​ពិភាក្សាគ្នា​ស៊ីជម្រៅ លើ​វិស័យ​នយោបាយ ការពារជាតិ និង​សន្តិសុខ ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់​តាមផ្លូវ​គោក និង​អាកាស ថាមពល ទេសចរណ៍ ការអប់រំ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១។

    ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់ កម្ពុជា ចាប់ពី​ថ្ងៃទី ២៩-៣០ វិច្ឆិកា របស់ នាយករដ្ឋមន្ត្រី​ឡាវ ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) ​តប​តាម​ការអញ្ជើញ​របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​​កម្ពុជា។

    នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​កម្ពុជា និង​ឡាវ។ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​ផងដែរ។

    សេចក្ដីលម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ កម្ពុជា ដូចខាងក្រោម៖