Author: សឿន សំណាង

  • សហ​ស្ថាបនិក​របស់ Grab ក្លាយជា​មហាសេដ្ឋី​បានតែ​ប៉ុន្មាន​ម៉ោង​គត់ កោយ​មក​ក៏​ធ្លាក់​មកជា​សេដ្ឋី​វិញ

    សហ​ស្ថាបនិក​របស់ Grab ក្លាយជា​មហាសេដ្ឋី​បានតែ​ប៉ុន្មាន​ម៉ោង​គត់ កោយ​មក​ក៏​ធ្លាក់​មកជា​សេដ្ឋី​វិញ

    Anthony Tan មាន​ពេល​មួយ​នោះ កាន់កាប់​ទ្រព្យ​ជាង ១,០០០ លាន​ដុល្លារ​អាម៉េរិក ក៏ប៉ុន្តែ ក្រោយ​ការជួញដូរ​ភាគហ៊ុន​ចុងក្រោយ​នៃ​ថ្ងៃ​ដដែល ទ្រព្យ​របស់គាត់​នៅសល់តែ ៧២៥ លាន​ដុល្លារ​ប៉ុណ្ណោះ ដោយសារតែ​ភាគហ៊ុន Grab ធ្លាក់​ថ្លៃ។

    «ភាគហ៊ុន​នឹង​តែងតែ​ឡើងថ្លៃ និង​ធ្លាក់​ថ្លៃ» Anthony Tan សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Grab Holdings ថ្លែង​ដូច្នេះ​នៅ សិង្ហ​បុរី កាលពី​ថ្ងៃទី ២ ធ្នូ ២០២។ ភាគហ៊ុន Grab កាលពី​ម្សិលមិញ ត្រូវបាន​ដាក់ឱ្យ​ជួញដូរ​ដំបូង​នៅលើ​ផ្សា​រមូល​ប​ត្រ Nasdaq (សហរដ្ឋ​អាម៉េរិក) បន្ទាប់ពី​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ SPAC (ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស) មួយ ដែល​គាំទ្រ​ដោយ Altimeter Capital កាលពី​ខែសីហា។

    ភាគហ៊ុន Grab កើនឡើង​ខ្ពស់​នៅមុន​ការជួញដូរ ប៉ុន្តែ​នៅពេល​ផ្សារ​ហ៊ុន​បើកទ្វារ វា​បែរជា​ធ្លាក់ចុះ ហើយ​ពេល​បញ្ចប់​ការជួញដូរ វា​បាត់បង់​ជាង ២១%។ បញ្ហា​នេះ​ធ្វើឱ្យ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន ត្រូវ​បាត់បង់ ១៧,០០០ លាន​ដុល្លារ។ ចំណែក​ទ្រព្យ​របស់លោក Anthony Tan វិញ មានពេលខ្លះ​កើនឡើង​ដល់​ជាង ១,០០០ លាន​ដុល្លារ ប៉ុន្តែ​ពេល​ចប់​ការជួញដូរ​ក្នុង​ថ្ងៃ​ដដែល នៅសល់តែ ៧២៥ លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​បើតាម​សារព័ត៌មាន Bloomberg Billionaires Index។

    លោក Anthony Tan បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន​ត្រឹមតែ ២.២% ប៉ុន្តែ មាន​សិទ្ធិ​បោះឆ្នោត​ប្រហាក់ប្រហែល​នឹង ៦០.៤%។

    លោក Anthony Tan

    បើទោះជា​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ ក្រុម​មេដឹកនាំសំខាន់ៗផ្សេងទៀត​របស់ Grab នៅតែ​កាន់កាប់​ទ្រព្យ​ច្រើន​គួរឱ្យកត់សម្គាល់។ សហ​ស្ថាបនិក Hooi Ling Tan និង​ប្រធាន Ming Maa បច្ចុប្បន្ន​មានទ្រព្យ ២២៤ លាន​ដុល្លារ និង ១២៦ លាន​ដុល្លារ។ ក្រុមហ៊ុន​ជប៉ុន SoftBank បាន​វិនិយោគ ៣,០០០ លាន​ដុល្លារ​ទៅលើ Grab កាលពី​ឆ្នាំ ២០១។ ភាគហ៊ុន​របស់ SoftBank នៅក្នុង Grab បច្ចុប្បន្ន​មានតម្លៃ ៦.១ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Grab មិនទាន់មាន​ប្រាក់ចំណេញ ប៉ុន្តែ អ្នកវិនិយោគ​នៅតែ​ទទួលយក​កិច្ចព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​ដទៃ។ យោងតាម​កិច្ចព្រមព្រៀង Grab ទទួលបាន ៤.៥ ពាន់​លាន​ដុល្លារ​ពី​ការ​ទិញដូរ​ក្រុមហ៊ុន​នេះ។

    ឆ្នាំនេះ Grab មានការ​ប្រែប្រួល​ច្រើន។ ការច្របាច់បញ្ចូលគ្នា​ជាមួយនឹង​ក្រុមហ៊ុន Altimeter ក៏​ត្រូវបាន​ពន្យារពេល​យូរ។

  • គម្រោង «ច្រកទ្វារ​សកល» តម្លៃ ៣៤០ ពាន់​លាន​ដុល្លារ របស់ EU ដែល​ប្រជែង​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិន នឹង​ផ្ដោតទៅលើ​វិស័យ​ណាខ្លះ?

    គម្រោង «ច្រកទ្វារ​សកល» តម្លៃ ៣៤០ ពាន់​លាន​ដុល្លារ របស់ EU ដែល​ប្រជែង​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ» របស់ ចិន នឹង​ផ្ដោតទៅលើ​វិស័យ​ណាខ្លះ?

    «ច្រកទ្វារ​សកល (Global Gateway)» ដែលជា​គម្រោង​ខ្នាត​យក្ស​របស់ សហភាព​អឺរ៉ុប (EU) ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​នឹង​គម្រោង «ខ្សែក្រវាត់​និង​ផ្លូវ (BRI)» របស់ ចិន មាន​គោលដៅ​អភិវឌ្ឍ​វិស័យ​ជាច្រើន​នៅ​ទូទាំង​សកលលោក ក្នុងនោះ​ក៏មាន​បច្ចេកវិទ្យា​ឌីជីថល ផងដែរ។

    គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ «ច្រកទ្វារ​សកល» របស់ សហភាព​អឺរ៉ុប ដែលមាន​គោលដៅ​ប្រមូល​ទុន ៣០០ ពាន់​លាន​អឺរ៉ូ (៣៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក) ពី​ថវិកា​សាធារណៈ និង​ឯកជន ក្នុងដំណាក់កាល​ពី​ឆ្នាំ ២០២១ ដល់ ២០២៧ គឺ​ផែនការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​នៅ​ខាងក្រៅ​ទឹកដី​របស់ EU ក្នុងទិសដៅ​អភិវឌ្ឍ​វិស័យ​ជាច្រើន​ដូចជា បច្ចេកវិទ្យា​ឌីជីថល ចរាចរណ៍ ថាមពល​ស្អាត ប្រព័ន្ធ​សុខាភិបាល អប់រំ និង​ស្រាវជ្រាវ។

    អំពី​បច្ចេកវិទ្យា​ឌីជីថល សហភាព​អឺរ៉ុប នឹង​វិនិយោគ​ទៅលើ​ប្រព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ករ​វាង​បណ្ដា​ប្រទេស ប្រព័ន្ធ​ផ្កាយរណប ហេដ្ឋារចនាសម្ព័ន្ធ​ពពក (Cloud infrastructure) ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ជា​ស​កល​ ការ​ចែក​រំលែក​​ទិន្នន័យ និង​ការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត។ គម្រោង​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ តំបន់​អាម៉េរិក​ឡាទីន។

    ចំណែក​វិស័យ​ថាមពល​ស្អាត EU នឹង​បំពាក់​ប្រព័ន្ធ​ថាមពល​នានា ដែល​ប្ដូរ​ទៅរក​ថាមពល​កកើតឡើង​វិញ និង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ដើម្បី​ជំរុញ​ការផលិត​អ៊ីដ្រូសែន​កកើតឡើង​វិញ។ គម្រោង​នេះ​ផ្ដោត​សំខាន់​ជាងគេ​ទៅលើ តំបន់​អាហ្វ្រិក។

    ចំពោះ​វិស័យ​ចរាចរណ៍ ដែល​ត្រូវបាន​គេ​យល់ឃើញថា ប្រឈមមុខ​ផ្ទាល់​ជាមួយនឹង BRI សហភាព​អឺរ៉ុប​ក៏​នឹង​វិនិយោគ​ទៅលើ​ផ្លូវដែក ផ្លូវគោក កំពង់ផែ ព្រលានយន្តហោះ និង​ច្រកព្រំដែន។ វិស័យ​ផ្លូវ​គមនាគមន៍​នេះ​នឹង​ផ្ដល់​អាទិភាព​ដល់​តំបន់​មជ្ឈិមបូព៌ា និង តំបន់​អាហ្វ្រិក​ខាងជើង។

    ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen)

    សម្រាប់​វិស័យ​សុខាភិបាល​វិញ EU នឹង​ជួយ​ដល់​បណ្ដា​ប្រទេស​ក្នុង​ការផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ពិសេស​គឺ​បណ្ដា​ប្រទេស​នៅក្នុង តំបន់​អាហ្វ្រិក។

    រីឯ​វិស័យ​អប់រំ សហភាព​អឺរ៉ុប នឹង​វិនិយោគ​បន្ថែមទៀត​ទៅក្នុង​តំបន់​នានា​របស់​ពិភពលោក ក្នុងនោះ​ក៏​នឹងមាន​ការពង្រីក​សកម្ម​ភាព​អប់រំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត រួម​នឹង​ការដោះដូរ​និស្សិត​ឱ្យមក​សិក្សា​ក្នុង តំបន់​អឺរ៉ុប។ល។

    បើទោះជា​ឯកសារ​ស្ដីពី «ច្រកទ្វារ​សកល» មិនបាន​និយាយ​ដល់ ប្រទេស​ចិន ប៉ុន្តែ ក្រុមអ្នកវិភាគ​វាយតម្លៃថា គម្រោង​នេះ​បាន​បង្ហាញថា សហភាព​អឺរ៉ុប កំពុងតែ «ភ្ញាក់ខ្លួន» នៅ​ចំពោះមុខ​សំណើ​ប្រកួតប្រជែង​ជាមួយ ទីក្រុង​ប៉េកាំង។

    ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៣ បានចាប់ផ្ដើម​យុទ្ធសាស្ត្រ​វិនិយោគ​ទូទាំង​សកលលោក​ដែល​ប្រទេស​នេះ​​បាន​ដាក់​​​ឈ្មោះថា «ខ្សែក្រវាត់​និង​ផ្លូវ (BRI)» ជា​គម្រោង​លំដាប់​កំពូល​របស់ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង។ ទីក្រុង​ប៉េកាំង ឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១៣៩.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​ត្រឹម​ឆ្នាំ ២០២០ ក្នុងនោះ​មាន ២២.៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​សម្រាប់​ឆ្នាំ ២០២០ ក្នុង​ក្របខណ្ឌ​នៃ​គម្រោង BRI របស់ខ្លួន៕

  • ក្រសួងសុខាភិបាល ត្រូវបាន​ស្នើឱ្យ​ពិចារណា​ដក​ការហាមឃាត់​លើ​​អ្នកដំណើរ​មកពី​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អាហ្វ្រិក

    ក្រសួងសុខាភិបាល ត្រូវបាន​ស្នើឱ្យ​ពិចារណា​ដក​ការហាមឃាត់​លើ​​អ្នកដំណើរ​មកពី​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អាហ្វ្រិក

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ឱ្យ ក្រសួងសុខាភិបាល ពិចារណា​ឡើងវិញ​លើ​ការហាមឃាត់​អ្នកដំណើរ​មកពី​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អាហ្វ្រិក ដែល​បាន​ធ្វើឡើង​ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) នាពេល​កន្លង។

    សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្ដេច ហាក់ដូចជា​បាន​យល់ស្រប​ជាមួយនឹង​ការសោកស្ដាយ​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ទាក់ទិន​នឹង​បណ្ដា​ប្រទេស​ដែល​បាន​ហាមឃាត់​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ខាងត្បូង ដោយសារតែ​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។ ការ​ថ្លែង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​មិញ។

    ប្រមុខ​រដ្ឋាភិបាល ថ្លែងថា វា​មិន​គប្បី​ទាល់តែសោះ នៅពេល​ទុកឱ្យ តំបន់​អាហ្វ្រិក នៅឯ​កោ ហើយ កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល​កំពុង​ចូលរួម​ការហាមឃាត់​នេះ។

    សម្ដេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ កាលពីព្រឹកមិញ

    ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​ចុងខែ​វិច្ឆិកា បានប្រកាស​ហាម​អ្នកដំណើរ​ពី តំបន់​អាហ្វ្រិក​ខាងត្បូង ចូលមក កម្ពុជា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) ដែល វ៉ា​រ្យ៉​ង់ នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ចូលក្នុង​បញ្ជី​ឈ្មោះ​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរឱ្យ​ព្រួយបារម្ភ។

    ប្រទេស​ទាំង ១០ ដែល កម្ពុជា បាន​ហាម រួមមាន បុ​ត​ស្វា​ណា អេ​ស្វា​ទី​នី ឡេ​សូ​តូ ម៉ូ​សំ​ប៊ិក ណា​មី​ប៊ី អាហ្វ្រិក​ខាងត្បូង ស៊ីម​បា​វ៉េ ម៉ាឡាវី អង់​ហ្គោ​ឡា និង​សំ​ប៊ី៕

  • (វីដេអូ)-រ៉ូ​បូត​មានជីវិត «xenobot» ដែល​បង្កើតឡើង​អំពី​កោសិកា​កង្កែប បានចាប់ផ្ដើម​រស់ និង​បង្កើត​កូនចៅ​ដោយ​ខ្លួនឯង

    (វីដេអូ)-រ៉ូ​បូត​មានជីវិត «xenobot» ដែល​បង្កើតឡើង​អំពី​កោសិកា​កង្កែប បានចាប់ផ្ដើម​រស់ និង​បង្កើត​កូនចៅ​ដោយ​ខ្លួនឯង

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​បណ្ដា​ប្រទេស​បាន​រកឃើញ​សមត្ថភាព​នៃ​ការរស់រាន​របស់ រ៉ូ​បូត​មានជីវិត ដែល​ត្រូវបាន​គេ​បង្កើតឡើង​ពី​កោសិកា​ដើម​របស់​សត្វ​កង្កែប។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក ទើបតែ​បាន​បង្កើត​ប្រព័ន្ធ​រ៉ូ​បូត​មានជីវិត​ដំបូង និង​បានដាក់​ឈ្មោះ​ឱ្យ​វា​ថា xenobot។ ពួកគេ​និយាយថា ទម្រង់​នៃ​ជីវិត​ថ្មី​អាច​រស់រានមានជីវិត​ទៅតាម​វិធី​ដែល​មិនមាន​នៅក្នុង​ធម្មជាតិ ទាំង​នៅលើ​សត្វលោក ទាំង​នៅលើ​រុក្ខជាតិ។

    ដោយ​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​ដើម​របស់​កង្កែប​អាហ្វ្រិក (Xenopus laevis) ប្រវែង​ទទឹង​នៃ​ដងខ្លួន​របស់ រ៉ូ​បូត xenobot នេះ មិន​ដល់ ១ មិល្លីម៉ែត្រ​នោះទេ។ ព័ត៌មាន​អំពី​រ៉ូ​បូត​មានជីវិត​ទាំងនេះ​ត្រូវបាន​ប្រកាស​លើកដំបូង​កាលពី​ឆ្នាំ ២០២០ បន្ទាប់ពី​មានការ​ពិសោធ​មួយ​អំពី​សមត្ថភាព​នៃ​ការផ្លាស់​ទី​ដោយ​ខ្លួនឯង ការ​សហការគ្នាជាមួយ​នឹង​រ៉ូ​បូត​មានជីវិត​ដទៃ និង​ការ​ជាសះស្បើយ​ដោយ​ឯកឯង។

    ក្នុង​របាយការណ៍​នៃ​ការស្រាវជ្រាវ​ថ្មី ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Vermont, សាកលវិទ្យាល័យ Tufts និង វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Harvard ឱ្យដឹងថា ពួកគេ​បាន​រកឃើញ​របៀប​នៃ​ការបង្កើត​កូនចៅ​បែប​ជីវសាស្ត្រ​ដែល​មិនទាន់​កើតមាន​នៅលើ​ទម្រង់​ជីវិត​ណាមួយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានដឹង។ អ្នកវិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ទម្រង់​ជីវិត​បែបនេះ។

    «កង្កែប​មាន​របៀប​បន្ត​ពូជ​ដោយឡែក ប៉ុន្តែ​នៅពេល​អ្នក…បំបែក​កោសិកា​ចេញពី អំប្រ៊ីយ៉ុង (Embryo) និង​បង្កើត​ឱកាស​ឱ្យ​ពួកវា​ស្វែងរក​វិធី​រស់ក្នុង​បរិស្ថាន​ថ្មី។ ពួកវា​មិន​ត្រឹមតែ​រកឃើញ​វិធី​ផ្លាស់​ទីនោះ​ទេ តែ​ក៏​ទំនងជា​បាន​រកឃើញ​វិធី​ថ្មី​ក្នុងការ​បន្ត​ពូជ​ទៀតផង»។

    ជា​រ៉ូ​បូត ឬ​ជា​ទម្រង់​នៃ​ជីវិត?

    កោសិកា​ដើម (stem cell) គឺជា​កោសិកា​ដែល​មិនមាន​មុខងារ​ជាក់លាក់ មាន​សមត្ថភាព​រីកចម្រើន​ទៅជា​ទម្រង់​កោសិកា​ផ្សេង។ ដើម្បី​បង្កើត​រ៉ូ​បូត​មានជីវិត xenobot ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កោស​កោសិកា​រស់​ពី អំ​ព្រី​យ៉ុង របស់​សត្វ​កង្កែប ហើយ​ទុកឱ្យ​ពួកវា​រីកចម្រើន​ដោយ​ខ្លួនឯង។

    Josh Bongard សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ជា​អ្នកឯកទេស​ខាង​រ៉ូ​បូត​ប្រចាំ​សាកលវិទ្យាល័យ Vermont អះអាងថា៖ «មនុស្ស​ភាគច្រើន​យល់ថា រ៉ូ​បូត ត្រូវបាន​បង្កើតឡើង​ពី​លោហធាតុ និង​សេ​រ៉ា​មិច ប៉ុន្តែ និយមន័យ​នៃ រ៉ូ​បូត ដែល​យោងទៅតាម​សកម្មភាព​របស់​វា នោះ​គឺ ការធ្វើ​ការជំនួស​មនុស្ស»។

    លោក​បន្តថា៖ «យល់​ទៅតាម​របៀបនេះ រ៉ូ​បូត​មានជីវិត (xenobot) គឺជា រ៉ូ​បូត ផង និង​ជា​ទម្រង់​នៃ​ជីវិត​មួយ​ផងដែរ ដែល​បង្កើតឡើង​ពី​កោសិកា​កង្កែប​ដែល​មិនមាន​ការកែប្រែ​ហ្សែ​ន។

    យោងតាម​លោក Bongard ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សមត្ថភាព​នៃ​ការបង្កើត​កូនចៅ​របស់ រ៉ូ​បូត xenobot ដែលជា​សត្វមានជីវិត​ត្រូវបាន​បង្កើតឡើង​ពី​កោសិកា​ចំនួន ៣,០០០ របស់​សត្វ​កង្កែប។ ក៏ប៉ុន្តែ ដំណាក់កាល​នៃ​ការកកើត​កូនចៅ​របស់​ពួកវា កើតឡើង​តែ​ក្នុង​រយៈពេល​មួយ​មានកំណត់។

    បច្ចេកវិទ្យា​រ៉ូ​បូត xenobot នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ក្មេងខ្ចី​នៅឡើយ ដែល​វា​អាច​ប្រៀបបាន​ទៅនឹង​កុំព្យូទ័រ​មួយគ្រឿង​កាលពី​ជំនាន់​ឆ្នាំ ១៩៤០៕

  • (វីដេអូ)-ម៉ូ​ដែល​តាក់ស៊ី​ហោះ​ថ្មី​បំផុត​ របស់ ក្រុមហ៊ុន​ចិន អាច​ហោះ​ក្នុង​ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង

    (វីដេអូ)-ម៉ូ​ដែល​តាក់ស៊ី​ហោះ​ថ្មី​បំផុត​ របស់ ក្រុមហ៊ុន​ចិន អាច​ហោះ​ក្នុង​ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង

    តាក់ស៊ី​ហោះ PantalaConcept H ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង បំពាក់​ស្លាប​កង្ហារ​ចំនួន ២២ គ្រឿង និង​អាច​​ហោះ​ហើរ​ក្នុង​រយៈ​ចម្ងាយ ២៥០ គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ចិន Pantuo Aviation បាន​បង្ហើប​ឱ្យដឹង​អំពី​គំរូ​តាក់ស៊ី​ហោះ​ថ្មី​ដែលមាន​ឈ្មោះថា PantalaConcept H ។ យន្តហោះ​នេះ​ដែលមាន​រូបរាង​ស្រដៀង​ទៅនឹង​យន្តហោះ​អគ្គិសនី​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ Lilium Jet របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Lilium GmbH។ នេះ​បើតាម Interesting Engineering ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៣០ វិច្ឆិកា។

    PantalaConcept H ដំណើរការ​ដោយ​អគ្គិសនី​ទាំងស្រុង និង​ប្រើប្រាស់​អាគុយ​ប្រភេទ lithium-ion។ វា​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ ២៥០ គីឡូម៉ែត្រ និង​ល្បឿន​ប្រមាណ ៣០០ គីឡូម៉ែត្រ/ម៉ោង ក្រោយពេល​បាន​បញ្ចូល​ថាមពល​ពេញ។ PantalaConcept H មាន​ស្លាប​កង្ហារ​ចំនួន ២២ ហើយ​ស្លាប​កង្ហារ​ទាំងនេះ​អាច​បញ្ជា​ឱ្យ​ផ្ដេច​បាន​ដើម្បី​ប្ដូរ​ពី​ទម្រង់​ហោះ​ឡើង​ត្រង់​ទៅជា​ទម្រង់​ហោះ​ឆ្ពោះទៅមុខ។

    តាម​គម្រោង តាក់ស៊ី​ហោះ​ដែល​អាច​ដឹក​មនុ​ស្សបាន ៧ នាក់​នេះ នឹងត្រូវ​បានដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០២។ បច្ចុប្បន្ន ក្រុមហ៊ុន Pantuo Aviation កំពុងធ្វើការ​អភិវឌ្ឍ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​នៅឡើយ៕

  • ទម្លាប់ល្អៗនៅពេល​ព្រលប់​របស់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត (Bill Gates) ដែល​គ្រប់គ្នា​គួរតែ​យក​ជា​គំរូ

    ទម្លាប់ល្អៗនៅពេល​ព្រលប់​របស់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត (Bill Gates) ដែល​គ្រប់គ្នា​គួរតែ​យក​ជា​គំរូ

    ការ​លាងចាន​ក្រោយពេល​បរិភោគ​អាហារ និង​ការអាន​សៀវភៅ​មុនពេល​ចូល​ទទួលទានដំណេក បាន​ជួយ​ឱ្យ​មហាសេដ្ឋី​អាម៉េរិក លោក ប៊ី​ល ហ្គេ​ត កាត់បន្ថយ​ភាព​តានតឹង​ក្រោយពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ ព្រមទាំង​ជួយ​បង្កើន​ចំណេះដឹង​ផងដែរ។

    គ្រប់គ្នា​ទំនងជា​ចាប់អារម្មណ៍​ទៅលើ​តែ​ទម្លាប់​ពេលព្រឹក ដោយសារតែ​វា​ជា​កិច្ច​ការដែល​ជួយ​ឱ្យ​យើង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការ​ពេញ​មួយថ្ងៃ។

    ក៏ប៉ុន្តែ ទម្លាប់​ពេល​ព្រលប់​ក៏​សំខាន់​ណាស់ដែរ។ បើសិន​ជាមាន​ទម្លាប់​ល្អ អ្នកនឹង​អាច​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​បាន​គេង​លក់​ស្រួល។ ប្រការនេះ​ពិតជា​សំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

    ជា​អ្នកជំនួញ និង​ជា​សប្បុរសជន​ដែល​ទទួលបាន​ជោគជ័យ លោក ប៊ី​ល ហ្គេ​ត ក៏មាន​ទម្លាប់​ល្អ​មួយចំនួន​នៅពេល​ព្រលប់​ដែល​គួរឱ្យ​យើង​យក​ជា​គំរូ។ កាលពី​ឆ្នាំ ២០១៤ នៅលើ​បណ្ដាញ​សង្គម Reddit នៅពេល​ត្រូវបាន​សួរថា «សូម​រៀបរាប់​អំពី​ការងារ​ដែល​លោក​ចូលចិត្ត​ធ្វើ​បំផុត និង​ពុំមាន​អ្នកណា​នឹកស្មាន​ដល់» មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ឆ្លើយថា «ខ្ញុំ​លាងចាន​រាល់ពេល​ព្រលប់។ អ្នកដទៃ​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​នេះ។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ធ្វើទៅ​តាមរបៀប​របស់ខ្ញុំ»។

    ការលាង​ចាន​នឹង​ជួយ​ឱ្យ​អ្នកជំនួញ​ទាំងឡាយ​បាន​សម្រាក​ខួរក្បាល​បន្ទាប់ពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ។ ខួរក្បាល​នឹង​បាន​សម្រាក ដោយ​ចាក​ផុតពី​ការងារ​ដែល​ប្រើ​ខួរក្បាល។ ជំនួស​មកវិញ ការងារ​លាងចាន​គ្រាន់តែ​ផ្ដោតទៅលើ​ការធ្វើដដែលៗ ដូចជា លាង​ឱ្យ​ស្អាត ជូត​ឱ្យ​ស្ងួត និង​ដាក់​ចូលក្នុង​រាវ។

    ទម្លាប់​ទី​ពីរ​របស់លោក ប៊ី​ល ហ្គេ​ត គឺ​ការអាន​សៀវភៅ។ រៀងរាល់​ព្រលប់​មុនពេល​ចូលសម្រាន្ត គាត់​តែ​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​អាន​សៀវភៅ។ គាត់​ចូលចិត្ត​អាន​ស្ទើ​ប​គ្រប់​ប្រធានបទ តាំងពី​នយោបាយ រហូតដល់​ព្រឹត្តិការណ៍​សង្គម។

    មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​គេ​ចាត់ទុក​ការអាន​សៀវភៅ​ថា​ជា​ទម្លាប់​ល្អ។ ការអាន​សៀវភៅ​ជួយ​ឱ្យ​យើង​បង្កើន​ចំណេះដឹង មើលឃើញ​ហេតុការណ៍​ពី​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​ភាព​ច្នៃប្រឌិត។ល។

  • ភ័ស្ដុតាង​បង្ហាញថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង អាចមាន​វត្ត​មាននៅ អឺរ៉ុប មុនពេល​ត្រូវគេ​រកឃើញ​នៅ អាហ្វ្រិក​ខាងត្បូង

    ភ័ស្ដុតាង​បង្ហាញថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង អាចមាន​វត្ត​មាននៅ អឺរ៉ុប មុនពេល​ត្រូវគេ​រកឃើញ​នៅ អាហ្វ្រិក​ខាងត្បូង

    ក្រុមមន្ត្រី​សុខាភិបាល​មួយចំនួន​ បានលើកឡើង​នូវ​ភ័ស្ដុតាង​ថ្មី​បង្ហាញថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) ប្រហែលជា​បាន​ឆ្លង​រាលដាល​ខាងក្រៅ ទ្វីបអាហ្វ្រិក មុនពេល​ទ្វីប​នេះ​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ទីមួយ។

    យោងតាម​សារព័ត៌មាន NBCNews ក្រុមមន្ត្រី​សុខាភិបាល​នៃ ប្រទេស​ហូ​ឡង់ បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នៅក្នុង​សំណាក​ដែល​ត្រូវបាន​យក​ចាប់​ថ្ងៃទី ១៩ វិច្ឆិកា និង ២៣ វិច្ឆិកា។ ប្រការនេះ​បង្ហាញថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ប្រហែលជា​បានកកើតឡើង​នៅ ទ្វីបអឺរ៉ុប មុនពេល​ត្រូវបាន​រកឃើញ​នៅ ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ក៏ប៉ុន្តែ វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សាធារណៈ​របស់ ហូ​ឡង់ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នកជំងឺ​ទាំងនេះ​ធ្លាប់បាន​ទៅកាន់​បណ្ដា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក ឬ​យ៉ាងណា​នៅឡើយ»។

    ដើម​សប្ដាហ៍​នេះ ហូ​ឡង់ បាន​រកឃើញ​យ៉ាង ១៤ ករណី​ដែល​បាន​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង នៅក្នុង​ចំណោម​អ្នកដំណើរ​ដែល​បាន​ត្រលប់​មកពី អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២៦ វិច្ចិកា។

    ចំណែក នី​ហ្សេ​រី​យ៉ា វិញ ក៏បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង នៅក្នុង​សំណាក​ដែល​យក​កាលពី​ខែតុលា នេះ​បើតាម​សារព័ត៌មាន AP ដកស្រង់​ប្រភពព័ត៌មាន​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ។

    កាលពីដើម​ខែវិច្ឆិកា អាហ្វ្រិក​ខាងត្បូង បាន​រកឃើញ​ប្រការចម្លែកៗនៅក្នុង​ការពិសោធ​សំណាក​កូ​វីដ-១៩ ហើយ​ក្រោយមក​ក៏​ចាប់ផ្ដើម​មានការ​វិភាគ​នានា។ ថ្ងៃទី ២៤ វិច្ឆិកា អាជ្ញាធរ​របស់ អាហ្វ្រិក​ខាងត្បូង បាន​ព្រមាន និង​រាយការណ៍​អំពី វ៉ា​រ្យ៉​ង់ ថ្មី របស់ កូ​វីដ-១៩ ដែល​ហៅថា B.1.1.529។ ពីរ​ថ្ងៃ​ក្រោយមក អង្គការ​សុខភាព​ពិភពលោក បានដាក់​ឈ្មោះ​ឱ្យ B.1.1.529 នេះ​ថា អូ​មី​ក្រុង (Omicron) និង​ចាត់​ចូលក្នុង​ក្រុម​វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ៕

  • កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់មាន​ ៥ ករណី​

    កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់មាន​ ៥ ករណី​

    កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ជំងឺ​ជាសះស្បើយ​ចំនួន ១៩ នាក់ និងស្លាប់ ៥ នាក់ ក្នុង​នោះ​មាន​ ៤ នាក់ មិនបានចាក់វ៉ាក់សាំង។

    ករណី​ឆ្លង​ថ្មី​ទាំង​ ២៣ នាក់​នេះ មាន​ ២០​ នាក់​ជា​ករណីឆ្លង​ក្នុង​សហគមន៍ និង​ ៣ នាក់ជា​ករណី​នាំ​ចូល។

    គិតត្រឹមព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ​ ករណី​ឆ្លង​ ស្លាប់ និង​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ សរុប​ នៅ កម្ពុជា​ រួម​មាន​៖

    – អ្នកឆ្លងសរុប= ១២០,១៨៣ នាក់
    – អ្នកជាសះស្បើយ= ១១៦,៥៤៨ នាក់
    – អ្នកស្លាប់= ២,៩៤៩ នាក់

    នៅទូទាំង​សកល​លោក ករណី​ឆ្លង​ ស្លាប់ និង​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ រួម​មាន​៖
    – ឆ្លង​ថ្មី = ៣៧,៦៤៩
    – ឆ្លង​សរុប​ = ២៦៣,៧៥៦,៥៧០ នាក់
    – ស្លាប់​សរុប​ = ៥,២៤២,១២៦ នាក់
    – ជាសះស្បើយ​សរុប​ = ២៣៨,០៩៤,៨៧៣ នាក់
    – កំពុងព្យាបាល​សរុប​ = ២០,៤១៩,៥៧១ នាក់

  • សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត

    សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពី​សម្តេច គឺ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេលខាងមុខ។

    សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ២ ធ្នូ ២០២១ បានប្រកាសថា សម្ដេច​គឺជា​អ្នកគាំទ្រ​ផ្ទាល់​ដល់​បេក្ខភាព​នាយករដ្ឋមន្ត្រី របស ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តាមរយៈ​ការបោះឆ្នោត។

    ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ត្រូវបាន​ធ្វើឡើង​នៅ​​ក្នុងឱកាស​សម្ពោធ​ផ្លូវ​ រួម​នឹង​​​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​តម្លៃ​សរុប​ប្រមាណ ៣០០ លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ។

    ឯកឧត្តម ហ៊ុន ម៉ាណែត ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក

    ក្នុង​ពិធីសម្ពោធ​ខាងលើ​នេះ សម្តេច​តេ​ជោ ហ៊ុន ក៏​បាន​បញ្ជាក់​ថា ការបណ្តុះបណ្តាល​កូន មិនមែន​យកមក​ឱ្យធ្វើ «មេចោរ» នោះទេ៕

  • ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​កម្ចាត់​រាល់ វ៉ា​រ្យ៉​ង់ របស់ កូ​វីដ-១៩

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​កម្ចាត់​រាល់ វ៉ា​រ្យ៉​ង់ របស់ កូ​វីដ-១៩

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ប្រកាសថា រកឃើញ និង​បំបែកចេញ​បាន​នូវ​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​អាចជា «ឱសថ​ទិព្វ» សម្រាប់​ទប់ទល់​នឹង​រាល់ វីរុស​បំប្លែង​ខ្លួន​របស់ កូ​វីដ-១៩ ដែល​ធ្លាប់បាន​រកឃើញ​កន្លង​មក។

    ក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ ប្រទេស​ចិន (ក្នុងនោះ​មាន សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun Yat-sen) នៅ ខេត្ត​ក្វាង​ចូ​វ និង សាកលវិទ្យាល័យ ចេជាំង (Zhejiang) នៅ ខេត្ត ហាងចូវ (Hangzhou) បានឱ្យដឹងថា ពួកគេ​ទំនងជា​បាន​រកឃើញ «ឱសថ​ទិព្វ» សម្រាប់​ដោះស្រាយ​បញ្ហា​វិបត្តិ​កូ​វីដ-១។

    ទូរទស្សន៍ RT (រុស្ស៊ី) ផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​អះអាងថា អង្គ​ប​ដិ​ប្រាណ 35B5 ដែល​ពួកគេ​រកឃើញ បានបង្ហាញ​ប្រសិទ្ធភាព​ទាំង​នៅក្នុង​បន្ទប់ពិសោធន៍ ទាំង​នៅក្នុង​ការពិសោធ​លើ​រាងកាយ​មានជីវិត។

    35B5 អាច​បន្សាប វីរុស​កូ​វីដ-១៩ ប្រភេទ​ដំបូង ក៏ដូចជា​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​បាន និង​កំពុង​បង្ក​ការព្រួយបារម្ភ (VOC) ដល់​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ពិសោធ​ថ្នាំ​នេះ​នៅលើ​សត្វ​កណ្ដុរ​ដែលមាន​ផ្ទុក វ៉ា​រ្យ៉​ង់ ដូច​នៅលើ​មនុស្ស។ 35B5 អាច​ភ្ជាប់​ខ្លួន​ទៅនឹង​តំបន់​ស្ថិរភាព​បំផុត​របស់ ប្រូ​តេ​អ៊ី S (Spike protein/S-protein) នៅលើ វីរុស រួច​បន្សាប​រាល់ វ៉ា​រ្យ៉​ង់ របស់​វា រួមទាំង អូ​មី​ក្រុង (Omicron) ផងដែរ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា របកគំហើញ​នេះ​អាចជួយ​ដល់​ការអភិវឌ្ឍ​វ៉ាក់សាំង​រួមមួយ ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង វីរុស​កូ​វីដ-១៩ គ្រប់​ប្រភេទ៕