Author: សឿន សំណាង

  • ក្មេង​តូច​ពីរ​នាក់ អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវ​ពេទ្យ​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ក្មេង​តូច​ពីរ​នាក់ អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវ​ពេទ្យ​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    (ប្រេ​ស៊ី​ល)-កុមារ​ពីរ​នាក់​ដែលមាន​អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​បុគ្គលិក​ពេទ្យ​ចាក់​ច្រឡំ​ចំ​វ៉ាក់សាំង​បង្កើត​ជំងឺ​កូ​វីដ-១។

    យោងតាម​ទូរទស្សន៍ (រុស្ស៊ី) ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីក្រុង Sorocaba ក្នុង​រដ្ឋ Sao Paulo ខាងលើនេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមមន្ត្រី​នៃ ប្រទេស​ប្រេ​ស៊ី​ល។

    កុមារ​អាយុ ៤ ខែ​ម្នាក់ និង​កុមារី​អាយុ ២ ខែ​ម្នាក់ បាន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​ក្នុង​តំបន់ កាលពី​ថ្ងៃទី ១ ខែធ្នូ ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​ចម្រុះ​បង្ការ​ជំងឺក្អកមាន់ រលាក​ថ្លើម និង ខាន់ស្លាក់។ល។

    ប៉ុន្តែ ក្រោយ​ការចាក់​វ៉ាក់សាំង កុមារ​ទាំងពីរ​ខាងលើ​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ក្អួតចង្អោរ និង​មិន​ព្រម​បៅ​ទឹកដោះ។ បើទោះជា​បាន​លេបថ្នាំ តែ​អាការ​នៅតែ​មិន​ធូរស្បើយ។

    អាណាព្យាបាល​របស់​កុមារ​ទាំងនេះ​ក៏បាន​ទាក់ទង​ទៅកាន់​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​ក្រុង Sorocaba ហើយក៏​ត្រូវបាន​ជូនដំណឹង​ថា មាន​កំហុសឆ្គង​កើតឡើង ដោយ​កុមារ​ទាំងនេះ​ត្រូវបាន​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។

    ក្រោយ​ការចាក់​វ៉ាក់សាំង​បាន​មួយថ្ងៃ បុគ្គលិក​សុខាភិបាល​បាន​រកឃើញថា កុមារ​មួយចំនួន​ត្រូវបាន​ចាក់​ច្រឡំ​វ៉ាក់សាំង នៅ​ពេល​​ពួក​គេ​​ត្រួតពិនិត្យ​ឃ្លាំង​វ៉ាក់សាំង។ បុគ្គលិក​ពេទ្យ​ដែល​ទទួលខុសត្រូវ បាន​ទទួលស្គាល់ថា បាន​ចាក់​ច្រឡំ​វ៉ាក់សាំង​ពីរ​ប្រភេទ ព្រោះតែ​ពួកវា​មាន​រូបរាង​ដូចគ្នា​ពេក។ បុគ្គលិក​សុខាភិបាល​រូបនេះ បច្ចុប្បន្ន​ត្រូវបាន​ផ្អាក​ពី​ការងារ និង​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    កុមារ​ខាងលើ កាលពី​ថ្ងៃទី ២ ខែធ្នូ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ ស្ថានភាព​សុខភាព​របស់​ពួកគេ​បាន​ប្រសើរឡើង ប៉ុន្តែ ត្រូវការ​តាមដាន​ច្រើន​ថ្ងៃ​តទៅទៀត។ ភាគី​ខាង​ក្រុមហ៊ុន Pfizer បានឱ្យដឹងថា ត្រូវ​តាមដាន​ករណីនេះ​ឱ្យបាន​ពី ១០ ទៅ ១៥ ថ្ងៃ​ទៀត។

    គិត​មកដល់​បច្ចុប្បន្ន កុមារ​ទាំងពីរ​នាក់​ខាងលើ មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ដោយសារ​ការចាក់​ច្រឡំ​វ៉ាក់សាំង​កូ​វីដ-១៩ នេះ​ទេ៕

  • គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី សម្រេចបាន ៣០% ខណៈ​ប្រមុខ​រដ្ឋាភិបាល នឹង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​សប្ដាហ៍​នេះ

    គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី សម្រេចបាន ៣០% ខណៈ​ប្រមុខ​រដ្ឋាភិបាល នឹង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​សប្ដាហ៍​នេះ

    សម្តេច​តេ​ជោ ហ៊ុនសែន នឹង​អញ្ជើញ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតក្នុង​ខេត្តកណ្ដាល និង​ខេត្តតាកែវ នៅ​ថ្ងៃ ទី ៩ ខែ​ឆ្នូ ខាងមុខ។

    ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍​ដូចខាងលើ ក្នុងពេល ឯកឧត្តម រួមជាមួយ​នឹង រដ្ឋមន្ដ្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម យូ ស៊ុនឡុង ចុះ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ កាលពី​រសៀល​ថ្ងៃទី ៦ ខែ​ឆ្នូ។

    គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ឃុំ​ព្រែកស្លែង និង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល និង​មួយផ្នែក​នៃ​ខេត្តតាកែវ កំពុង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ២,៦០០ ហិកតា ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ចំនួន ១.៥ ពាន់​លាន​ដុល្លារ ក្នុង​ង​នោះ​ទឹកប្រាក់ ១.១ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ​បរទេស និង ២៨០ លាន​ដុល្លារ​ទៀត​ជា​របស់​ក្រុមហ៊ុន CAIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ ខណៈ​ដើមទុន​ចុះបញ្ជី​មាន​រហូតដល់ ១២០ លាន​ដុល្លារ​អាមេរិក។

    គិត​មកដល់​បច្ចុប្បន្ន គម្រោង​នេះ​សម្រេចបាន​ជាង ៣០% ហើយ​បើតាម​ផែនការ គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ ២០២៣ ខាងមុខ។ ក្រោយពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹងមាន​សមត្ថភាព​ទ​ទួល​អ្នកដំណើរ​បាន ៣០ លាន​នាក់​នៅ​ឆ្នាំ ២០៣០ និង ៥០ លាន​នាក់ នៅ​ឆ្នាំ ២០៥០៕

  • បុគ្គលិក​ពេទ្យ​ផ្នែក ICU ជិត ៧០នាក់​ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់​ពី​​ពិធី​ជប់​លៀង​​បុណ្យ​​ណូអែល

    បុគ្គលិក​ពេទ្យ​ផ្នែក ICU ជិត ៧០នាក់​ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់​ពី​​ពិធី​ជប់​លៀង​​បុណ្យ​​ណូអែល

    (អេ​ស្ប៉ា​ញ)-បុគ្គលិក​ពេទ្យ​ផ្នែក ICU ចំនួន ៦៨ នាក់ ក្នុងនោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ផងដែរ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​កាលពីដើម​ខែធ្នូ។

    មន្ទីរ​សុខាភិបាល​តំបន់ អានដាលូស៊ី (Andalusia) នៅ​ភាគខាងត្បូង​នៃ ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃនេះ បានប្រកាស​ឱ្យដឹងថា តួលេខ​អ្នកជំងឺ​ក្នុង «សម្បុក​វីរុស​កូ​វីដ-១៩» នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តំបន់ ម៉ាឡាហ្គា (Malaga)​ បាន​កើន​ពី ២២ នាក់ ឡើងដល់ ៦៨ នាក់។ ភាគច្រើន​នៃ​អ្នកជំងឺ​គឺជា​បុគ្គលិក​សុខាភិបាល​នៃ​បន្ទប់​ព្យាបាល​ពិសេស (ICU)។

    អ្នកជំងឺ​ទាំងអស់​ខាងលើ សុទ្ធតែ​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល កាលពី​ថ្ងៃទី១ ធ្នូ ជាមួយនឹង​បុគ្គលិក​ជំនាញ​ក្នុង​ផ្នែក ICU ចំនួន ១៧៣ នាក់។ ពួកគេ​ធ្លាប់​ទទួលបាន​លទ្ធផល​អវិជ្ជមាន ឬ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ មុនពេល​ទៅ​ចូលរួម​ពិធីជប់លៀង។ អ្នកជំងឺ​ទាំងនេះ​មាន​រោគសញ្ញា​ស្រាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

    ក្រុមមន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​សង្កត់ធ្ងន់ថា ប្រភព​ចម្លង​មួយ​ផ្សេងទៀត​អាចជា​ពិធីជប់លៀង​រួម​សម្រាប់​បុគ្គលិក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ និង​បាន​ស្នើឱ្យ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​នានា កុំទៅ​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​ណាមួយ​នាពេលខាងមុខ។

    អភិបាលក្រុង ំាឡាហ្គា លោក ហ្វ្រានស៊ីស្កូ ដេ ឡា តូររ៉េ (Francisco de la Torre) កាលពី​ថ្ងៃទី ៥ ធ្នូ បាន​ព្រមាន​ថា ករណី​ឆ្លង​វីរុស​នៅ​ទីក្រុង​នេះ កំពុង​តែមាន​កំណើន​យ៉ាង​ឆាប់រហ័ស។ អត្រា​នៃ​អ្នក​វិជ្ជមាន​ថ្មី​ក្នុងអំឡុង ១៤ ថ្ងៃ នៅ​ទីក្រុង​នេះ គិត​ត្រឹម​ថ្ងៃទី ៣ ធ្នូ មាន ១២៧ ករណី/ពលរដ្ឋ ១០០,០០០ នាក់ ដែល​នេះ​គឺ​ជិត​ស្មើនឹង​ទ្វេដង ធៀប​នឹង​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា។ «បើសិនជា​អត្រា​នៃ​ការឆ្លង​នៅតែ​បន្ត​កើនឡើង​ទៀត រហូតដល់​ចុងខែ​ធ្នូ យើង​អាចមាន​អ្នក​ឆ្លង​ជាង ៤០០ ករណី/ពលរដ្ឋ ១០០,០០០ នាក់» លោក ហ្វ្រានស៊ីស្កូ បន្ថែម​ដូច្នេះ៕

  • ទីក្រុង​របស់ ចិន ផ្ដល់ប្រាក់​លើកទឹកចិត្ត ១,៥០០ ដុល្លារ ដល់​អ្នក​ឆ្លង​កូ​វីដ-១៩ ដែល​បាន​រាយការណ៍​ដោយ​ខ្លួនឯង

    ទីក្រុង​របស់ ចិន ផ្ដល់ប្រាក់​លើកទឹកចិត្ត ១,៥០០ ដុល្លារ ដល់​អ្នក​ឆ្លង​កូ​វីដ-១៩ ដែល​បាន​រាយការណ៍​ដោយ​ខ្លួនឯង

    ទីក្រុង ហារ​ប៊ី​ន (Harbin) នៃ ប្រទេស​ចិន ផ្ដល់ប្រាក់​រង្វាន់​ចំនួន ១,៥០០ ដុល្លារ​អាម៉េរិក ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា​​ដែល​វិជ្ជមាន​នឹង​វីរុស​កូ​វីដ-១៩ ឱ្យតែ​ពួកគេ​ពួកគេ​ទៅធ្វើ​តេស្តរ​កវី​រុស នៅពេល​មាន​រោគសញ្ញា​គួរឱ្យ​សង្ស័យ ដោយ​មិនចាំបាច់​រង់ចាំ​សមត្ថកិច្ច​តាម​ស្វែងរក។

    «យើង​ស្នើឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ស្ដីពី​ករណី​ឆ្លង​ថ្មី​នានា​ដែល​បាន​កើតឡើង។ បើសិនជា​អ្នកមាន​ភាពម្ចាស់ការ​ក្នុងការ​ទៅកាន់​មន្ទីរ​សុខាភិបាល​នៅពេល​មាន​រោគសញ្ញា​សង្ស័យថា​ឆ្លង​កូ​វីដ-១៩ អ្នកនឹង​ទទួលបាន​ប្រាក់​រង្វាន់​ ១០,០០០ យុន (ជាង ១,៥០០ ដុល្លារ​អាម៉េរិក) ក្នុងករណី​វិជ្ជមាន» សេចក្ដីប្រកាស​របស់​អា​ជ្ញា​ធរ​ក្រុង ហារ​ប៊ី​ន បានបញ្ជាក់​ដូច្នេះ​កាលពី​ចុង​សប្ដាហ៍​មុន។

    ប្រកាស​ខាងលើ​បាន​បន្ថែមថា នៅពេល​ពលរដ្ឋ​មាន​រោគសញ្ញា ដូចជា ក្អក ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឬ​បាត់បង់​រសជាតិ និង​ក្លិន​ជាដើម គួរតែ​ទាក់ទង​មជ្ឈមណ្ឌល​សុខាភិបាល ជំនួស​ឱ្យ​ការទិញ​ថ្នាំ​មក​លេប​ដោយ​ចិត្ត​ឯង។ ពលរដ្ឋ​ក៏ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​អំពី​ពេលវេលា និង​ទីតាំង​ដែល​ពួកគេ​បាន​ទៅដល់ និង​បុគ្គល​ទាំងឡាយ​ដែល​ពួកគេ​បាន​ជួប​ផងដែរ។

    ការប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង ហារ​ប៊ី​ន រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ក្រោម ១០ ករណី​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។ កាលពី​ចុង​សប្ដាហ៍​មុន ហារ​ប៊ី​ន ក៏បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៧ នាក់ ប៉ុន្តែ​ពុំមាន​អ្នក​ណាមួយ​ទទួលបាន​ប្រាក់រង្វាន់ ១០,០០០ យុន​នោះទេ ព្រោះតែ​ករណី​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​រកឃើញ​តាមរយៈ​ការធ្វើ​តេស្ត​តាម​កាលកំណត់ និង​ការស្រាវជ្រាវ។

    គណៈកម្មការ​ជាតិ​សុខាភិបាល​របស់ ចិន កាលពី​ថ្ងៃទី ៥ ធ្នូ បានប្រកាសថា បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦១ នាក់ នៅ​ទូទាំងប្រទេស នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ របស់​ប្រទេស​នេះ កើន​ដល់​ជាង ៩៩,២០០ នាក់ ខណៈ​តួលេខ​អ្នកស្លាប់​កើន​ដល់​ជាង ៤,៦០០ នាក់ រាប់​ពី​ពេល​កូ​វីដ-១៩ បង្ហាញខ្លួន រហូតដល់​បច្ចុប្បន្ន៕

  • សម្តេច​តេ​ជោ ហ៊ុន សែន នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ផ្លូវការ នៅ​សប្ដាហ៍​ក្រោយ

    សម្តេច​តេ​ជោ ហ៊ុន សែន នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជា​ផ្លូវការ នៅ​សប្ដាហ៍​ក្រោយ

    ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ត្រូវបាន សម្ដេច​តេ​ជោ ហ៊ុន សែន ជ្រើសរើស​ជា​ថ្ងៃ​សម្រាប់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ដកស្រង់ និង​ផ្សាយ​ដោយ​វិទ្យុជាតិ។

    ព្រឹត្តិការណ៍​សម្ពោធ​ពហុ​កីឡដ្ឋាន​ដែល​ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តា​មាក់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​នាពេលខាងមុខ អាច​នឹងមាន​មនុស្ស​ចូលរួម​យ៉ាងតិច ១៥,០០០ នាក់។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ មាន​ចម្ងាយ​ប្រមាណ​តែ ១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​វត្តភ្នំ និង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​ជាង ៨៥ ហិកតា។

    ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបានធ្វើ​ពិធី​ប្រគល់​និង​ទទួល​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១២ កញ្ញា​កន្លងទៅ ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន។

    ប្រសាសន៍​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ត្រូវបាន​ធ្វើឡើង​នៅពេល​សម្ដេច​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង នា​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១៕

  • វី​ង​ម៉​ល​ពង្រីក​សេវាកម្ម​ដល់​បី​ខេត្ត​បន្ថែមទៀត

    វី​ង​ម៉​ល​ពង្រីក​សេវាកម្ម​ដល់​បី​ខេត្ត​បន្ថែមទៀត

    ស្រប​ពេលដែល​តម្រូវកា​រ​ទីផ្សារ​កំពុង​កើនឡើង វី​ង​ម៉​ល​បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន​ទៅកាន់​ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អាច​បញ្ជា​ទិញ​អាហារ គ្រឿងទេស និង​ទំនិញប្រើប្រាស់​ពី​ទូរស័ព្ទ​របស់​ពួកគេ។ អតិថិជន​ទាំងអស់​ដែល​ស្ថិតនៅ​ខេត្ត​ទាំងនេះ ឥឡូវនេះ​អាចធ្វើ​ការ​កុម្ម៉ង​ទិញ​ពី​ហាង​ជាច្រើន ជាមួយ​ការដឹកជញ្ជូន​យ៉ាង​ឆាប់រហ័ស និង​មិន​អស់ថ្លៃ​សេវា។

    លោក ហាស​ហ៊ីម អាល​កា​ហ្វ ដែលជា​នាយក​គ្រប់គ្រង​ទូទាត់ អាជីវកម្ម​អេឡិចត្រូនិក​នៃ​វី​ង បាន​មានប្រសាសន៍ថា៖“ការបើក​ដំណើរការ​នៅក្នុង​ខេត្ត​ថ្មី​ទាំងបី​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ទំនិញ និង​ផលិតផល​ជាច្រើន​ប្រភេទ​ជា​រៀងរាល់ថ្ងៃ​ទៅដល់​ប្រជាជន​កម្ពុជា​គ្រប់រូប។ អ្វីដែល​ពួកគេ​ត្រូវការ គឺមាន​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ប៉ុណ្ណោះ”

    ដើម្បី​ធ្វើការ​កុម្ម៉ង់ អតិថិជន​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រួច​ចុច​ពាក្យ “វី​ង​ម៉​ល” បន្ទាប់មក​ពួកគេ​អាច​ស្វែងរក​ទំនិញ និង​បញ្ជា​ទិញ​ពី​ហាង​រាប់ពាន់។

    បន្ទាប់ពី​ធ្វើ​ការបញ្ជាទិញ​រួច អតិថិជន​នឹង​អាច​ទទួលបាន​អាហារ ឬ​ផលិតផល​ដែល​ខ្លួន​ចូលចិត្ត ហើយ​វា​នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ទីតាំង​របស់​ពួកគេ​តែម្តង។  ដើម្បី​ជួយ​ដល់​សហគមន៍ វី​ង​ម៉​ល​ផ្តល់ជូន​ប្រូ​ម៉ូ​កូដ​បញ្ចុះតម្លៃ​រហូតដល់​ទៅ​​ចំនួន​ ៥០០០០ ​ព្រម​ទាំង​​ផ្តល់​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ទៀតផង។

    លោក ហាស​ហ៊ីម អាល​កា​ហ្វ បានបញ្ជាក់​បន្ថែមទៀត​ថា៖“ដោយសារ​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធឺ​ណេ​ត​ជា​និន្នាការ​ថ្មី​នៅ​កម្ពុជា យើង​បាន​កំពុង​ព្យាយាម​អភិវឌ្ឍន៍​សេវា​ដឹកជញ្ជូន​ប្រកបដោយ ភាពងាយស្រួល រលូន និង​មាន​សុវត្ថិភាព​សម្រាប់​សហគម​ន៍​យើង។ យើង​បាន​សហការ​ជាមួយ​ហាង​ដៃគូ​ក្នុង​តំបន់​ជាច្រើន ដើម្បី​ធានាថា វី​ង​ម៉​ល ជា​បណ្តុំ​ផលិតផល​ដ៏​សំបូរបែប និង​អាច​ផ្តល់ឱកាស​រកប្រាក់​ចំណូល ដល់​អ្នក​ដឹកជញ្ជូន​របស់​ពួកយើង​រាប់រយ​នាក់”

    ចាប់តាំងពី​បើក​ដំណើរការ​មក វី​ង​ម៉​ល​បានដាក់​បញ្ចូល​នូវ​ហាង​កំពុង​ពេញនិយម​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម ដែល​ហាង​ទាំងនោះ​មាន​លក់​អាហារ​គ្រប់​ប្រភេទ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក របស់របរ​ទារក ផលិតផល​សម្រស់​និង សុខភាព ព្រមទាំង​ផលិតផល​ជាច្រើន​ផ្សេងទៀត។

    ជាមួយនឹង វី​ង​ម៉​ល អតិថិជន​អាច​តាមដាន​ការបញ្ជាទិញ​របស់​ពួកគេ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​អាច​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដោយ​មិនចាំបាច់​កាន់​សាច់ប្រាក់​នោះឡើយ។

    សម្រាប់​អតិថិជន​ដែល​មិនទាន់មាន​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ពួកគេ​អាច​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​ចុះឈ្មោះ​គណនី​ដោយ​ខ្លួនឯងបាន​យ៉ាង​ឆាប់រហ័ស។

    ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗពី​ការ​ញ្ចុះ​តម្លៃ និង​ការផ្តល់ជូន​ប្រចាំថ្ងៃ អតិថិជន​នៅក្នុង​ខេត្តបាត់ដំបង​អាច​ចុះឈ្មោះ​ប្រើប្រាស់​បណ្តាញ Telegram របស់ WingMall Battambang  តាមរយៈ​តំណ​ភ្ជាប់ https://t.me/WingMallBTB ។ សម្រាប់​អតិថិជន​នៅ​ខេត្ត​ព្រះសីហនុ​អាច​ប្រើ​តំណ https://t.me/WingMallSHV ហើយ​អ្នក​ដែល​ស្ថិតនៅ​ខេត្តកំពង់ចាម​អាច​ចូលទៅក្នុង​តំណ https://t.me/WingMallKPC

    សម្រាប់​អាជីវករ​ដែល​កំពុង​ស្វែងរក​បណ្តាញ​លក់​ផលិតផល​ដើម្បី​បម្រើ​សហគមន៍ ពួកគេ​អាចទាក់ទង វី​ង​ម៉​ល តាមរយៈ​លេខ៖ +(855) – 078 311 311៕

    ចំណង់ជើង​រូបថត៖ ឥឡូវនេះ អតិថិជន​រស់នៅ​ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ អាចធ្វើ​ការបញ្ជាទិញ​ទំនិញ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ព្រមទាំង​ទទួលបាន​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ។

  • (វីដេអូ)-ក្រុមហ៊ុន​បារាំង បង្ហាញ​យន្ត​ហោះ​​ដែលមាន​ប្រព័ន្ធ​កង្ហារ​ស្ថិតក្នុង​ស្លាប ស្អាត​ជាង​យន្តហោះ​ក្នុង​រឿង អាវ៉ា​តារ (Avatar) ទៅទៀត

    (វីដេអូ)-ក្រុមហ៊ុន​បារាំង បង្ហាញ​យន្ត​ហោះ​​ដែលមាន​ប្រព័ន្ធ​កង្ហារ​ស្ថិតក្នុង​ស្លាប ស្អាត​ជាង​យន្តហោះ​ក្នុង​រឿង អាវ៉ា​តារ (Avatar) ទៅទៀត

    (បារាំង)-យន្តហោះ​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ ATEA អាច​ដឹក​មនុ​ស្សបាន ៥ នាក់ សមស្រប​សម្រាប់​ប្រើ​ជា​តាក់ស៊ី​ហោះ​នៅក្នុង​ទីក្រុង និង​ជាយក្រុង។

    Ascendance Flight Technologies (AFT) ជា​ក្រុមហ៊ុន​មួយ​នៅ​តំបន់ Toulouse ប្រទេស​បារាំង បាន​បង្ហើប​ឱ្យដឹង​អំពី​រចនា​រូបរាង​ដ៏​ទាក់ទាញ​របស់​គំរូ​នៃ​យន្តហោះ​ដែលមាន​ឈ្មោះថា ATEA នេះ​បើតាម​ការចុះផ្សាយ​របស់​ទំព័រ Interesting Engineering កាលពី​ថ្ងៃទី ៣ ធ្នូ។ វា​គឺជា​យន្តហោះ​កូនកាត់​សាំង-អគ្គិសនី ដែលមាន​កៅអី​ចំនួន ៥ ហើយ​កង្ហារ​របស់​វា​ត្រូវបាន​បំពាក់​នៅ​ខាងក្នុង​ស្លាប។

    ATEA គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​រយៈពេល ៣ ឆ្នាំ របស់​ក្រុមហ៊ុន​ខាងលើ។ វា​ត្រូវបាន​គេ​ហៅថា យន្តហោះ​នៃ​អនាគត ដោយសារតែ​វា​បង្ហាញ​អំពី​គោលដៅ​នៃ​ការកាត់បន្ថយ​ឧស្ម័ន​ពុល​ក្នុង​វិស័យ​អាកាសចរណ៍​របស់ Ascendance Flight Technologies។

    ជាមួយនឹង​រង្វង់​ប្រតិបត្តិការ ៤០០ គីឡូម៉ែត្រ និង​ដឹក​បាន ៥ នាក់ ATEA សមស្រប​ដើម្បី​ប្រើប្រាស់​នៅក្នុង​តំបន់​ជាយក្រុង និង​ទីក្រុង ឬ​យក​ធ្វើជា​តាក់ស៊ី​ហោះ ដោយសារ​វា​ងាយស្រួល​ហោះ​ឡើង ចុះចត ក៏ដូចជា​រហ័ស​ជាង​តាក់ស៊ី​នៅលើ​ដី។

    ទ្រង់ទ្រាយ​នៃ​យន្ត​ហោះ​ក្នុង​ភាព​យន្ត​រឿង​ Avatar

    ក្រៅពី​ជួយ​សន្សំសំចៃ​ប្រេងសាំង និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន យន្តហោះ ATEA ក៏​បញ្ចេញ​សំឡេង​ទាប​ជាង ១/៤ ធៀប​នឹង​យន្តហោះ​ធម្មតា​ផងដែរ។ យន្តហោះ​នេះ​មាន​កង្ហារ​លើក​ដែល​បំពាក់​នៅក្នុង​ស្លាប​ឆ្វេង-ស្ដាំ និង​កង្ហារ​រុញច្រាន​នៅខាងមុខ និង​ខាងក្រោយ។

    «ATEA នឹងមាន​គំរូ​យន្តហោះ​ពិត​ពេញលេញ និង​អាច​ចាប់ផ្ដើម​ហោះហើរ​សាកល្បង​នៅក្នុង​ឆ្នាំ ២០២។ ដោយមាន​ការគាំទ្រ​ពី​ដៃគូ​ហិរញ្ញវត្ថុ យើង​កំពុង​អភិវឌ្ឍ​វា​យ៉ាងខ្លាំង​ក្លា…និង​ឆ្ពោះទៅរក​ការទទួលស្គាល់​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ ២០២៥» Jean-Christophe Lambert សហ​ស្ថាបនិក និង​ជា CEO របស់​ក្រុមហ៊ុន AFT បានបញ្ជាក់​ដូច្នេះ៕

  • (វីដេអូ)-អាចម៍ផ្កាយ​​ធំមួយ​ដុំ​ អាយុ​ជិត ៥ ពាន់​លាន​ឆ្នាំ ហោះ​មក​ក្បែរ​ផែនដី

    (វីដេអូ)-អាចម៍ផ្កាយ​​ធំមួយ​ដុំ​ អាយុ​ជិត ៥ ពាន់​លាន​ឆ្នាំ ហោះ​មក​ក្បែរ​ផែនដី

    អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ប្រវែង​វែង​ជាង​តួ Eiffel របស់ បារាំង និង​មាន​ផ្ទុក​លោហធាតុ​ក្នុង​បរិមាណ​ច្រើន នឹង​ហោះ​កាត់​ក្បែរ​ផែនដី ក្នុង​ល្បឿន ២៣,៧០០ គីឡូម៉ែត្រ/ម៉ោង នៅ​ថ្ងៃទី ១១ ធ្នូ ខាងមុខ។

    អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​លទ្ធភាព​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី ដោយសារ​មាន​ទំហំ​ធំ នឹង​ហោះ​កាត់មុខ​ពិភព​ផែនដី​នៅ​សប្ដាហ៍​ក្រោយ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)។ អាចម៍ផ្កាយ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា 4660 Nereus នេះ មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់​ស៊ុត និង​មាន​ប្រវែង​ប្រហែល ៣៣០ ម៉ែត្រ។ តាម​ការ​គណនា វា​នឹង​ហោះ​ចូលដល់​គន្លង​គោចរ​របស់​ផែនដី​ក្នុង​ល្បឿន ២៣,៧០០ គីឡូម៉ែត្រ/ម៉ោង នៅ​ថ្ងៃទី ១១ ខែធ្នូ។

    ក្រុម​តារាវិទូ​ឱ្យដឹងថា 4660 Nereus នឹង​គ្រាន់តែ​ហោះ​កាត់​ក្បែរ​ផែនដី និង​មិន​បង្ក​ការប៉ះទង្គិច​នោះទេ។ ប៉ុន្តែ នេះ​គឺជា​ការហោះ​ក្បែរ​ផែនដី​បំផុត​របស់​អាចម៍ផ្កាយ​នេះ ក្នុងអំឡុង ២០ ឆ្នាំ​កន្លង។ វា​នឹង​មក​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល ៣.៨៦ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ១០ ដង បើ​ធៀប​នឹង​គម្លាត​រវាង​ផែនដី និង​ព្រះ​ចន្ទ។

    អាចម៍ផ្កាយ 4660 Nereus នឹង​ហោះ​មក «ជួប» ផែនដី​ជាថ្មី នៅក្នុង​ខែមីនា ឆ្នាំ ២០៣១ និង​ខែវិច្ឆិកា ឆ្នាំ ២០៥។ ក្នុង​ខែកុម្ភៈ ឆ្នាំ ២០៦០ វា​នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត ពោលគឺ​ក្នុង​រយៈ​ចម្ងាយ​តែ ១.២ លាន​គីឡូម៉ែត្រ ឆ្ងាយ​ជាង ៣ ដង​ប៉ុណ្ណោះ ធៀប​នឹង​ចម្ងាយ​ពី​ផែនដី ទៅ​ព្រះ​ចន្ទ៕

  • កម្ពុជា នឹងមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ផ្ទាល់ខ្លួន នាពេលឆាប់ៗនេះ

    កម្ពុជា នឹងមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ផ្ទាល់ខ្លួន នាពេលឆាប់ៗនេះ

    កម្ពុជា​នឹងមាន​វត្តមាន​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅពេលឆាប់ៗនេះ ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់ ប្រជាពលរដ្ឋ។ នេះ​បើតាម​ប្រសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

    សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដូចខាងលើ នៅពេល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង នា​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១។ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​គឺ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​រួចហើយ ទាក់ទង​នឹង​ការផលិត​វ៉ាក់សាំង​កូ​វីដ នៅ កម្ពុជា។

    ការចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​ចិន នេះ ត្រូវបាន​សម្ដេច អះអាងថា កើតឡើង​បន្ទាប់ពី កម្ពុជា បានស្នើ​ដល់​រដ្ឋាភិបាល​ចិន តាមរយៈ ឯកឧត្តម វ៉ាង វិ​ន​ធាន ឱ្យមក​បង្កើត និង​ផលិត​វ៉ាក់សាំង​នៅក្នុង​ស្រុក​ខ្មែរ។

    សម្ដេច​បន្ថែមថា កម្ពុជា នៅតែ​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក ប៉ុន្តែ នឹងមាន​តម្លៃ​ទាប ហើយ​មិន​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ផងដែរ។

    អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​មរ​បស់ រដ្ឋាភិបាល​ចិន កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ពិ​ភក្សា​អំពី​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​នៅ​កម្ពុជា។ លោក​បញ្ជាក់ថា នៅក្នុង​ឆ្នាំក្រោយ កម្ពុជា នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ដែល​ផលិត​នៅក្នុង​ស្រុក​បាន​ហើយ៕