Author: សឿន សំណាង

  • នាយករដ្ឋមន្ត្រី Modi ប្រកាសថា ឥណ្ឌា បានទទួលស្គាល់ និងទិញ ៥០០ Bitcoin?

    នាយករដ្ឋមន្ត្រី Modi ប្រកាសថា ឥណ្ឌា បានទទួលស្គាល់ និងទិញ ៥០០ Bitcoin?

    ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត (Hacker) បាន​ហែក​ចូល និង​គ្រប់គ្រង​គណនី​បណ្ដាញ​សង្គម​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ហើយ​ប្រកាសថា ប្រទេស​នេះ​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin និង​ទិញ​ប្រាក់​នេះ​ចំនួន ៥០០ Bitcoin។

    សារព័ត៌មាន CNN បាន​រាយការណ៍​ថា ការិយាល័យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ឱ្យដឹងថា គណនី Twitter របស់លោក Narendra Modi ត្រូវបាន​គេ​លួច​ចូល​គ្រប់គ្រង​យ៉ាង​លឿន បន្ទាប់ពី​សារ​មួយ​ត្រូវបាន​បង្ហោះ​លើ Twitter និយាយថា ប្រទេស​នេះ​បានទទួល​ស្គាល់​រូបិយវត្ថុ​ឌីជីថល Bitcoin ហើយ​ថា នឹង​បែង​ចែកជូន​ប្រជាជន។

    «បញ្ហា​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រុមហ៊ុន Twitter ហើយ​គណនី​ក៏ត្រូវ​បាន​យកមក​វិញភ្លាម។ នេះ​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែល​បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ។

    រូបភាព​ដែល​ថត​បាន​ពី​អេក្រង់​ស្ដីពី​គណនី Twitter របស់ នាយករដ្ឋមន្ត្រី​ឥណ្ឌា បង្ហាញ​ខ្លឹមសារ​ថា៖ «ឥណ្ឌា បាន​យល់ព្រម​ចាត់ទុក Bitcoin ជា​មធ្យោបាយ​ទូទាត់​ស្របច្បាប់។ រដ្ឋាភិបាល​បាន​ទិញ ៥០០ BTC» ហើយ​ថា នឹង «បែងចែក​វា​ឱ្យទៅ​ពលរដ្ឋ​របស់​ប្រទេស​នេះ»។

    បច្ចុប្បន្ន សារ​ខាងលើនេះ​ត្រូវបាន​លុបចោល​រួចហើយ។ ទន្ទឹមនឹង​សារ​ខាងលើ តំណ​ភ្ជាប់ (link) ឆបោក​មួយ​ក៏​ទំនងជា​ត្រូវបាន​គេ​ភ្ជាប់​មកជា​មួយ។

    គណនី Twitter របស់លោក Modi មាន​អ្នកតាមដាន​ជាង ៧០ លាន​នាក់ ដែល​នេះ ស្ថិតក្នុង​ចំណោម​គណនី​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​ក្នុង​ពិភពលោក។

    បច្ចុប្បន្ន ប្រទេស​ឥណ្ឌា មិនទាន់​ទទួលស្គាល់ Bitcoin ជា​មធ្យោបាយ​ទូទាត់​ស្រាប​ច្បាប់​នៅឡើយ៕

  • ម៉ាស​ពិសេស បញ្ចេញ​ពន្លឺ​នៅពេល​មាន​វត្តមាន​ វីរុស​កូ​វីដ-១៩

    ម៉ាស​ពិសេស បញ្ចេញ​ពន្លឺ​នៅពេល​មាន​វត្តមាន​ វីរុស​កូ​វីដ-១៩

    (ជប៉ុន)-ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ម៉ាស​ប្រភេទ​ថ្មី​មួយ ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​ដែល​បានមកពី​សត្វ​អូទ្រីស ដែល​អាច​រកឃើញ​វីរុស​កូ​វីដ-១៩ ដោយ​ការបញ្ចេញ​ពន្លឺ​ក្រោម​កាំរស្មី​អ៊ុ​ល​ត្រា​វី​យោ​ឡេ (UV) ដែល​នេះ​អាចជួយ​ឱ្យ​ការធ្វើ​តេស្ត​នៅផ្ទះ​ដោយ​ចំណាយ​ថវិកា​ទាប។

    ប្រភេទ​ម៉ាស​មិន​ត្បាញ​ថ្មី​នេះ មាន​ស្រទាប់​ដែល​គ្របដណ្ដប់​ដោយ​អង្គ​ប​ដិ​ប្រាណ​របស់​សត្វ​អូទ្រីស និង​អាច​រកឃើញ​វីរុស​កូ​វីដ-១៩ ដោយយោង​ទៅតាម​ការស្រាវជ្រាវ​កន្លងមក ដែល​បង្ហាញថា សត្វ​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រឆាំងនឹង​ជំងឺ។

    អង្គ​ប​ដិ​ប្រាណ​នេះ​ត្រូវបាន​យក​ពី​ស៊ុត​សត្វ​អូទ្រីស​ដែល​បាន​ចាក់​វីរុស​កូ​វីដ-១៩ អកម្ម។ អង្គ​ប​ដិ​ប្រាណ​ត្រូវបាន​បញ្ជូន​ទៅកាន់​កូន​សត្វ​អូទ្រីស តាមរយៈ​ស៊ុត​ក្រហម។ អង្គ​ប​ដិ​ប្រាណ​នេះ​ក៏​កើត​នៅលើ​សត្វ​អូទ្រីស លឿន​ជាង (៦ សប្ដាហ៍) ធៀប​នឹង​នៅលើ​សត្វ​មាន់ (១២ សប្ដាហ៍)។

    នៅក្នុង​ការពិសោធ​មួយ​របស់​សាស្ត្រាចារ្យ Yasuhiro Tsukamoto និង​សហការី ប្រចាំ​សាកលវិទ្យាល័យ​ក្យូ​តូ នៅ ជប៉ុន ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​ពាក់​ម៉ាស​ក្នុង​រយៈពេល ៨ ម៉ោង មុនពេល​ស្រទាប់​ច្រោះ​ខាងក្រៅ​ត្រូវបាន​យកចេញ និង​បាញ់​គីមី​បញ្ចេញ​ពន្លឺ​ក្រោម​រស្មី UV។ ម៉ាស​ដែល​ត្រូវបាន​ពាក់​ដោយ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ បញ្ចេញ​ពន្លឺ​ត្រង់​ច្រមុះ និង​មាត់។

    អង្គបដិប្រាណ​ដែល​យក​ពី​ស៊ុត​របស់​សត្វ​អូទ្រីស

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បានឱ្យដឹងថា អំពូល​ភ្លើង LED របស់​ទូរស័ព្ទ​ឆ្លាត​វៃ ក៏​អាច​ប្រើប្រាស់​ដើម្បី​ស្វែងរក​វីរុស​នៅលើ​ម៉ាស​ពិសេស​នេះ​ផងដែរ ដែល​នេះ​អនុញ្ញាតឱ្យ​គ្រប់គ្នា​អាចធ្វើ​តេស្ត​ដោយ​ខ្លួនឯងបាន​ទូលំទូលាយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា អាច​អភិវឌ្ឍ​ម៉ាស​ថ្មី ដើម្បីឱ្យ​ផលិតផល​នេះ​អាច​បញ្ចេញ​ពន្លឺ​ដោយ​ឯកឯង មិនចាំបាច់​ប្រើ​អំពូល​ភ្លើង​ពិសេស។ នេះ​គឺជា​ប្រភេទ​នៃ​ការធ្វើ​តេស្ត​ដំបូង​ប្រកបដោយ​ភាព​ឆាប់រហ័ស និង​ផ្ទាល់​ជាង បើ​ធៀប​នឹង​ការធ្វើ​តេស្ត PCR។

    ម៉ាស​បញ្ចេញ​ពន្លឺ​ក៏​អាច​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​មិនមាន​រោគសញ្ញា​ផងដែរ។ ការពិសោធ​របស់​សាស្ត្រាចារ្យ Tsukamoto និង​សហការី ត្រូវបាន​ធ្វើឡើង​រយៈពេល ១០ ថ្ងៃ នៅលើ​អ្នកជំងឺ​កូ​វីដ-១៩ ស្ម័គ្រចិត្ត​ចំនួន ៣២ នាក់។

    នៅលើ​ម៉ាសពិសេស​នេះ​ ទីតាំង​ដែល​បញ្ចេញ​ពន្លឺ​ គឺ​មាន​ន័យ​ថា មាន​វត្តមាន​របស់​ វីរុស​កូវីដ-១៩

    ក្រុម​ខាងលើ​បានដាក់​ពាក្យសុំ​ប័ណ្ណ​ប៉ាតង់​សម្រាប់​គំរូ​ម៉ាស​ពិសេស​នេះ​រួចហើយ។ ពួកគេ​ក៏បាន​រៀប​ផែន​ការធ្វើ​ពាណិជ្ជកម្ម ដោយ​ការលក់​នៅ ប្រទេស​ជប៉ុន និង​នៅក្រៅ​ប្រទេស ចាប់ពី​ឆ្នាំក្រោយ៕

  • ទិដ្ឋភាព​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បង្កឡើង​ដោយ​ខ្យល់កំបុតត្បូង នៅ​សហរដ្ឋ​អាម៉េរិក

    ទិដ្ឋភាព​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បង្កឡើង​ដោយ​ខ្យល់កំបុតត្បូង នៅ​សហរដ្ឋ​អាម៉េរិក

    កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​របស់ សហរដ្ឋ​អាម៉េរិក កំពុង​រត់ប្រណាំង​នឹង​ពេលវេលា​នៅក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​ខ្យល់កំបុតត្បូង ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ជាង ៨០ នាក់ នៅក្នុង​រដ្ឋ​ចំនួន ។

    រដ្ឋ Kentucky គឺជា​កន្លែង​ដែល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត បន្ទាប់ពី​មាន​ខ្យល់កំបុតត្បូង​ប្រមាណ ៣០ ករណី បាន​វាយប្រហារ​ទៅលើ​រដ្ឋ​ចំនួន ៦ របស់ អាម៉េរិក ដែល​រួមមាន រដ្ឋ Arkansas, Illinois, Kentucky, Missouri, Tennessee និង​រដ្ឋ Mississippi កាលពី​ចុង​សប្ដាហ៍​មុន។

    ក្រុមមន្ត្រី​អាម៉េរិក បច្ចុប្បន្ន បានឱ្យដឹងថា មនុស្ស​ជាង ៨០ នាក់ បាន​ស្លាប់​ដោយសារ​ខ្យល់កំបុតត្បូង ប៉ុន្តែ តួលេខ​នេះ​អាច​កើន​ឡើងដល់​ជាង ១០០ នាក់ នៅពេល​បញ្ចប់​យុទ្ធនាការ​ជួយសង្គ្រោះ។

    អភិបាលរដ្ឋ Kentucky លោក Andy Beshear បាន​ហៅ​ខ្យល់កំបុតត្បូង​នេះ​ថា​ជា «គ្រោះអាក្រក់​បំផុត សាហាវ​បំផុត និង​បង្ក​ការស្លាប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ» នេះ។

    ប្រធានាធិបតី ចូ បៃ​ដិ​ន ក៏បាន​ថ្លែងថា នេះ​អាចជា​គ្រោះធម្មជាតិ​ខ្យល់កំបុតត្បូង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។

    កងកម្លាំង​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ជួយ​ដល់​ប្រជាជន​បន្ទាប់ពី​គ្រោះធម្មជាតិ​នេះ​បានធ្វើឱ្យ​ផ្ទះសម្បែង ឃ្លាំងទំនិញ​ជាដើម ត្រូវ​ខូចខាត​ទាំងស្រុង៕

  • វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុង​សប្ដាហ៍​នេះ

    វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុង​សប្ដាហ៍​នេះ

    ព្រឹត្តិការណ៍​សម្ពោធ វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ សម្ដេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពី​ម៉ោង ០៥:០០នាទី។ នេះ​បើតាម សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន ដែល​បាន​ចុះ​កាលពី​ថ្ងៃទី ១៣ ធ្នូ ២០២១ ដោយ ឯកឧត្តម ឃួ​ង ស្រេង។

    វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នេះ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ និង​ត្រូវ​បានរៀបចំ​ពិធី​ប្រគល់-ទទួល​លក្ខណៈ​បច្ចេកទេស​រួចរាល់​កាល​ពីថ្ងៃ​ទី១២ ខែកញ្ញា​កន្លងទៅ​រួចហើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន។

    វិមាន​កីឡដ្ឋាន នៃ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​ចំណាយពេល​សាងសង់ ៤៨ ខែ ដោយ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ១៥០ លាន​ដុល្លារ​អាម៉េរិក។  វិមាន​កីឡដ្ឋាន​នេះ នឹង​ក្លាយ​ទីតាំង​សម្រាប់ កម្ពុជា រៀបចំ​ពិធី​បើក-បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម-អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣៕

  • ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២

    ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២

    រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២។ អនុក្រឹត្យ​នេះ ត្រូវបាន​ចុះ​កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ដោយ​នាយករដ្ឋមន្ត្រី។

    សេចក្ដីលម្អិត សូម​អាន​អនុក្រឹត្យ​ខាងក្រោម៖

     

  • ចិន​អំពាវនាវ​ដល់​ពលរដ្ឋ «កុំ​​ត្រលប់​មក​​ស្រុក​កំណើត»​ ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

    ចិន​អំពាវនាវ​ដល់​ពលរដ្ឋ «កុំ​​ត្រលប់​មក​​ស្រុក​កំណើត»​ ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

    នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ពលរដ្ឋ​ចិន ត្រូវបាន​អំពាវនាវ សុំ​មិន​ត្រលប់មក​ស្រុកកំណើត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ-។

    ខណ្ឌ​មួយ​នៅក្នុង​ទីក្រុង Zhangjiakou នៃ ខេត្ត Hebei បាន​អំពាវនាវ​ដល់​មន្ត្រី បុគ្គលិក​រដ្ឋ និង​បក្ខជន «ធ្វើជា​គំរូ» ដោយ​ការទទួល​អំណរ​ឆ្នាំ​ថ្មី​នៅនឹងកន្លែង ជំនួស​ឱ្យ​ការ​ត្រលប់​ទៅ​ស្រុកកំណើត និង​ចៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់។

    អាជ្ញាធរ​ខណ្ឌ​ខាងលើ ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាជន ក្នុងការ​បញ្ចុះបញ្ចូល​ញាតិ​របស់ខ្លួន​ដែល​នៅ​បរទេស ឬ​នៅ​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​កម្រិត​មធ្យម និង​ខ្ពស់ នៅក្នុង​ស្រុក កុំឱ្យ​ពួកគេ​ត្រលប់មក​ចូលឆ្នាំថ្មី​នៅឯ​ស្រុកកំណើត។

    «បើសិន​ជាមាន​តម្រូវការ​ត្រូវធ្វើ​ដំណើរ នោះ​ការធ្វើ​តេស្ត និង​ការអនុញ្ញាត ត្រូវតែ​ធ្វើឡើង​ដោយ​ការប្រុងប្រយ័ត្ន» ប្រកាស​របស់​អាជ្ញាធរ​ខណ្ឌ​ខាងលើ ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៩ ធ្នូ។

    នៅក្នុង​ខេត្ត​ក្វាង​ទុង បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​នៅក្នុង​ទីរួមស្រុក Sanxiang នៃ ទីក្រុង Zhongshan ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បញ្ចុះបញ្ចូល​បុគ្គលិក ឱ្យនៅ​ស្ងៀម នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី។ ចំណែក​នៅឯ Pingxiang នៃ​ខេត្ត Quangxi វិញ ហាង​ទំនិញ​ទាំងអស់​ក៏ត្រូវ​បានស្នើ​ឱ្យមាន​ការ​លើកទឹកចិត្ត​ដល់​បុគ្គលិក ដើម្បី​កុំឱ្យ​ពួកគេ​ធ្វើដំណើរ។

    ទន្ទឹមនឹងនេះ អាជ្ញាធរ​តំបន់​នានា​របស់ ប្រទេស​ចិន ក៏​កំពុង​បង្កើន​ការពិន័យ​ទៅលើ​អ្នក​ទាំងឡាយណា​ដែល​លាក់បាំង ឬ​កុហក ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការឆ្លង ក៏ដូចជា​រារាំង​ការខិតខំ​ក្នុងការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ លើ​ករណី​ឆ្លង​នីមួយ៕

  • ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ឆ្លង​វីរុស​កូ​វីដ-១៩

    ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ឆ្លង​វីរុស​កូ​វីដ-១៩

    ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ និង​កំពុងមាន​អាការរោគ​ស្រាល​មួយចំនួន។

    «ប្រធានាធិបតី Ramaphosa បាន​ថ្លែងថា លោក​បាន​ឆ្លង កូ​វីដ-១៩ ហើយ​ថា វា​ក៏​ជាការ​ព្រមាន​ដល់​ពលរដ្ឋ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​ប្រុងប្រយ័ត្ន​នៅ​ចំពោះមុខ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល។ ការចាក់​វ៉ាក់សាំង នៅតែ​ជា​វិធី​ការពារ​ល្អ​បំផុត ប្រឆាំងនឹង​ហានិភ័យ​នៃ​អាការ​ធ្ងន់ធ្ងរ និង​ចូល​ពេទ្យ» ការិយាល័យ​ប្រធានាធិបតី​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង បានប្រកាស​កាលពី​ថ្ងៃទី ១២ ធ្នូ។

    ប្រធានាធិបតី Ramaphosa ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល​ក្នុង​ខ្លួន បន្ទាប់ពី​បាន​ចាក​ចេញពី​តំបន់​គោរព​វិញ្ញាណក្ខន្ធ​ជាតិ Cape Twon។ គាត់​មាន​អាការ​ស្រាល​មួយចំនួន ប៉ុន្តែ នៅមាន​ស្មារតី​ល្អ និង​កំពុង​ត្រូវបាន​តាមដាន​សុខភាព​ដោយ​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​យោធា​របស់ អាហ្វ្រិក​ខាងត្បូង។

    លោក Ramaphosa បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ពេញលេញ​រួចហើយ និង​ទើបតែ​ត្រលប់​មកពី​ទស្សនកិច្ច​តំបន់​អាហ្វ្រិក​ខាងលិច។ លោក​ធ្លាប់បាន​ទទួលលទ្ធផល​អវិជ្ជមាន​នៅក្នុង​ការ​ធ្វើតេស្ត​កាលពី​ថ្ងៃទី ៨ ធ្នូ។ លោក​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ Cape Town។

    អនុ​ប្រធានាធិបតី David Mabuza នឹង​ជំនួសមុខ​ឱ្យ​លោក Ramaphosa ក្នុងការ​បំពេញ​រាល់​ភារកិច្ច​នៅក្នុង​សប្ដាហ៍​នេះ។

    យោងតាម CNN ប្រជាជន​នៅ អាហ្វ្រិក​ខាងត្បូង ប្រមាណ ៣០% បានទទួល​ការចាក់​វ៉ាក់សាំង ក្នុងនោះ​មាន ២៥% បាន​ចាក់​ពេញលេញ។ បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ជាង ៣.១ លាន​នាក់ ក្នុងនោះ មាន​ជាង ៩០,០០០ នាក់ បាន​បាត់​បង់ជីវិត៕

  • អ៊ីស្រាអែល ហាម​ធ្វើដំណើរ​ទៅមក រវាង​ប្រទេស​នេះ ជាមួយនឹង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប ព្រោះតែ​បារម្ភ​អំពី អូ​មី​ក្រុង (Omicron)

    អ៊ីស្រាអែល ហាម​ធ្វើដំណើរ​ទៅមក រវាង​ប្រទេស​នេះ ជាមួយនឹង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប ព្រោះតែ​បារម្ភ​អំពី អូ​មី​ក្រុង (Omicron)

    ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី ១២ ធ្នូ បានប្រកាស​បន្ថែម​ប្រទេស​ចំនួន ៣ នៅ អឺរ៉ុប ទៅក្នុង​បញ្ជី «ក្រហម» ដែលមាន​ប្រទេស​ប្រមាណ ៥០ ភាគច្រើន​នៅ តំបន់​អាហ្វ្រិក ដែល​ពលរដ្ឋ​របស់​ប្រទេស​នេះ ត្រូវបាន​ហាម​មិនឱ្យ​ទៅមក ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី វីរុស​បំប្លែង​ខ្លួន អូ​មី​ក្រុង។

    ប្រទេស​ចំនួន ៣ នៅ អឺរ៉ុប ដែល​ត្រូវបាន អ៊ីស្រាអែល ហាម​ការធ្វើដំណើរ​ទៅមក រួមមាន ប្រទេស​អង់គ្លេស, ដា​ណឺ​ម៉ាក និង បែលហ្ស៊ិក។ បម្រាម​ដែល​ទាក់ទិន​នឹង​ប្រទេស​ចំនួន ៣ នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១៥ ធ្នូ ២០២១។

    មុន​នោះ ប្រទេស​អ៊ីស្រាអែល ក៏​បានចេញ​បទបញ្ជា ហាម​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​បរទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ និង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ពី ៣ ទៅ ៧ ថ្ងៃ ចំពោះ ពលរដ្ឋ​អ៊ីស្រាអែល ដែល​ធ្វើដំណើរ​ពី​ប្រទេសក្រៅ ចូលមក​ស្រុក។

    បច្ចុប្បន្ន អ៊ីស្រាអែល បាន​រកឃើញ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ៥៥ នាក់ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង និង​រឹតបន្តឹង​វិធានការ​ការពារ ក្នុងនោះ​មានដូចជា ការតម្រូវ​ឱ្យ​ពាក់​ម៉ាស​ជាដើម៕

  • ចិន ជឿជាក់ថា អាច​គ្រប់គ្រង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) បាន ដោយសារ​ការរីកចម្រើន​នៃ​វ៉ាក់សាំង

    ចិន ជឿជាក់ថា អាច​គ្រប់គ្រង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron) បាន ដោយសារ​ការរីកចម្រើន​នៃ​វ៉ាក់សាំង

    បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ ប្រទេស​ចិន បានប្រកាសថា កំពុង​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ធំធេង​នៅក្នុង​ការស្រាវជ្រាវ​អំពី អូ​មី​ក្រុង (Omicron) ជិត​កន្លះ​ខែ​បន្ទាប់ពី WHO បាន​ចាត់ វ៉ា​រ្យ​ង់ នេះ ទៅក្នុង​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ដែល​គួរឱ្យ​ព្រួយបារម្ភ។

    សារព័ត៌មាន Global Times បាន​រាយការណ៍​ថា ក្រុម​អ្នកជំនាញ​ផ្នែក​រោង​ឆ្លង​នៅ ប្រទេស​ចិន បាន​អំពាវនាវ​ឱ្យមាន​ការប្រឹងប្រែង​រួម​នៅ​ទូទាំង​សកលលោក ទាក់ទង​នឹង​ការស្រាវជ្រាវ​វ៉ាក់សាំង អង្គ​ប​ដិ​ប្រាណ និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    ទន្ទឹមនឹងនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ក៏បាន​បង្ហាញ​ទំនុកចិត្ត​ទៅលើ​សក្តានុពល​របស់ ចិន នៅក្នុង​ការទប់ស្កាត់ វ៉ា​រ្យ៉​ង់ ថ្មី ក្នុង​គ្រា​ដែល​ពួកគេ​ត្រូវការ​ពេលវេលា​តែ ២ ខែ​ប៉ុណ្ណោះ ដើម្បី​អភិវឌ្ឍ​វ៉ាក់សាំង​សម្រាប់ អូ​មី​ក្រុង បើសិនជា ប្រសិទ្ធភាព​របស់ ដូ​ស​បន្ថែម ត្រូវបាន​ធ្វើឱ្យ​ថយចុះ។

    ស៊ី​ណូ​វ៉ា​ក់ (Sinovac) ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​លំដាប់​កំពូល​មួយ​របស់ ប្រទេស​ចិន កាលពី​ថ្ងៃទី ១១ ធ្នូ បានឱ្យដឹងថា បានធ្វើការ​ស្រាវជ្រាវ​អំពី អូ​មី​ក្រុង បន្ទាប់ពី​ទទួលបាន​សំណាក​ពី​ក្រុម​អ្នកស្រាវជ្រាវ​នៅ ហុងកុង។ ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក Yuen Kwok-yung នៅ​សាកលវិទ្យាល័យ​ហុងកុង បាន​បំបែក​ដោយ​ជោគជ័យ​នូវ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។ នេះ​គឺជា​ក្រុម​អ្នកឯកទេស​ដំបូង​នៅ អាស៊ី ដែល​ធ្វើបាន​ដូច្នេះ។

    លោក Wu Guizhen អ្នកជំនាញ​លំដាប់​កំពូល​ប្រចាំ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺ​ដែល​កើតឡើង​ដោយសារ​វីរុស បាន​ថ្លែងថា លទ្ធផល​នៃ​ការ​បំបែក វ៉ា​រ្យ​ង់ អូ​មី​ក្រុង របស់ ហុងកុង បាន​ជួយ​ឱ្យ ចិនដីគោក បង្កើនល្បឿន​នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​វ៉ាក់សាំង​ដែល​ទាក់ទង។

    ក្រៅពី​វ៉ាក់សាំង ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ដំបូង​របស់ ប្រទេស​ចិន ក៏​អាច​រក្សា​ប្រសិទ្ធភាព​ក្នុងការ​បន្សាប វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ផងដែរ។

    យ៉ាងណាក៏ដោយ សហគមន៍​អ្នកវិទ្យាសាស្ត្រ​នៅ ប្រទេស​ចិន ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ ប្រឆាំងនឹង SARS-CoV-2 ដែលជា​វីរុស​បង្កឱ្យមាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ (កូ​វីដ-១៩)។

    អ្នកស្រាវជ្រាវ​អំពី​ជំងឺឆ្លង Zhang Wenhong ជឿជាក់ថា ប្រទេស​ចិន មាន​សក្ដានុពល​ខ្ពស់​ផ្នែក​បច្ចេកទេស ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង អូ​មី​ក្រុង។ ទន្ទឹមនឹងនេះ លោក​ក៏បាន​លើកឡើង​នូវ សេណា​រី​យ៉ោ ចំនួន ៣ ស្ដីពី​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង។ សេណា​រី​យ៉ោ ដែល​អាក្រក់​បំផុត នោះ​គឺ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ និង​បង្ក​អាការ​ធ្ងន់ធ្ងរ ធ្វើឱ្យ​ការចាក់​វ៉ាក់សាំង​ដូច​ជំរុញ លែងមាន​ប្រសិទ្ធភាព។

    យោងតាម​លោក Zhang បើសិនជា​ករណី​ខាងលើ​កើតឡើង បណ្ដា​វ៉ាក់សាំង​ដែល​អាច​កម្ចាត់ វ៉ា​រ្យ៉​ង់ ច្រើន​ប្រភេទ​របស់ កូ​វីដ-១៩ នឹង​ក្លាយជា​វិធី​ប្រយុទ្ធប្រឆាំង​ដែល​សមស្រប​បំផុត ហើយ ប្រទេស​ចិន មាន​សក្ដានុពល​ក្នុងការ​អភិវឌ្ឍ​នូវ​ផលិតផល​ដូច្នេះ ដោយ​ប្រើពេល​តែ ២ ខែ​គត់៕