Author: សឿន សំណាង

  • វីងសម្ពោធជាផ្លូវការ”ភ្នាក់ងារ វីង ម៉ាស្ទ័រ”ដំបូងបង្អស់ដែលមិនធ្លាប់មានដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា

    វីងសម្ពោធជាផ្លូវការ”ភ្នាក់ងារ វីង ម៉ាស្ទ័រ”ដំបូងបង្អស់ដែលមិនធ្លាប់មានដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា

    អតិថិជនរបស់វីងអាចមកកាន់”ភ្នាក់ងារវីង ម៉ាស្ទ័រ”ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដោយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរ។
    វីងបានដាក់ដំណើរការជាផ្លូវការ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេដែលមិនធ្លាប់មាន ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅកម្ពុជា។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ ក្រុមហ៊ុន វីង ម៉ាន់ នី (ខេមបូឌា)ម.ក មានប្រសាសន៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតរបស់វីង ខណៈពេលដែលយើងខិតខំប្រឹងប្រែងផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញមួយដល់សហគមន៍កាន់តែច្រើនបន្ថែមទៀត។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងក្លាយជាកាតាលីករមួយទៀត ដើម្បីជួយជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមប្រជាជនដែលមិនមានធនាគារនៅក្នុងប្រទេសកម្ពុជា”។

    “ភ្នាក់ងារវីង ម៉ាស្ទ័រ” ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អតិថិជនគ្រប់រូបដែលចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែច្រើន ទាំងការផ្ទេរប្រាក់ក្នុងស្រុក ការទូទាត់វិក្កយបត្រ និងសេវាផ្សេងជាច្រើនទៀត។ “ភ្នាក់ងារវីង ម៉ាស្ទ័រ” នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារវីង ដែលនៅជិតៗនោះ ធានាឲ្យបាននូវការបំពេញសាច់ប្រាក់ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុលឿនរហ័ស។

    “ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំបូងគេ មានទីតាំងនៅជិតផ្សារផ្អាវក្នុងខេត្តកំពង់ចាម។ ដោយមានមុខងារដូចគ្នានឹងការិយាល័យកណ្តាលរបស់វីងក្នុងរាជធានីភ្នំពេញ ”ភ្នាក់ងារវីង ម៉ាស្ទ័រ” ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់រូបដូចជា៖ វីងវេរលុយ ដាក់ប្រាក់ និងដកប្រាក។ អតិថិជនក៏អាចស្នើសុំកាត Master និង Visa ពី “ភ្នាក់ងារវីង ម៉ាស្ទ័រ” បានផងដែរ។

    លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ “អតិថិជននៅតែអាចទៅកាន់ភ្នាក់ងារវីង ដែលនៅជិតនោះ ព្រមទាំងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងជាធម្មតា ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ‘ភ្នាក់ងារវីង ម៉ាស្ទ័រ’ នឹងផ្តល់សេវាកម្មទាំងអស់ដូចគ្នាទៅនឹងការិយាល័យកណ្តាលរបស់វីង ដែលជួយសន្សំសំចៃពេលវេលា និងការចំណាយលើការធ្វើដំណើររបស់អតិថិជន។”

    “ភ្នាក់ងារវីង ម៉ាស្ទ័រ” ដំណើរការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ “ភ្នាក់ងារវីង ម៉ាស្ទ័រ” ជាច្រើនទៀតនឹងបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅផ្សារដងទង់ ក្នុងខេត្តកោះកុង ផ្សារថ្នល់ទទឹង និងផ្សារកំពង់លួង ខេត្តកណ្តាល ផ្សារទីរួមខេត្តកំពង់ស្ពឺ និងផ្សារឈូកមាសក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍។

    ដើម្បីអបអរការដាក់ដំណើរការ “ភ្នាក់ងារវីង ម៉ាស្ទ័រ” អតិថិជនដែលបើកគណនីវីងនៅភ្នាក់ងារទាំងនេះ ហើយដាក់ប្រាក់ 25 ដុល្លារអាមេរិក ឬ 100,000 រៀល នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ 100 ដុល្លារ។ អ្នកឈ្នះចំនួន 25 នាក់នឹងត្រូវបានជ្រើសរើសនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022។ អ្នកឈ្នះនឹងទទួលបានរង្វាន់ជាសាច់ប្រាក់បញ្ចូលទៅក្នុងគណនីវីងរបស់ពួកគេតែម្តង៕

  • រីករាយជាមួយការសម្រាកលម្ហែកម្សាន្តក្នុងក្រុងកំពត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នៅបុរីហ្គ្រីនកំពត

    រីករាយជាមួយការសម្រាកលម្ហែកម្សាន្តក្នុងក្រុងកំពត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នៅបុរីហ្គ្រីនកំពត

    កំពត ៖ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើដែនដីខេត្តកំពត Meas Development Group (Cambodia) មានមោទនភាពក្នុងការបង្ហាញនូវគម្រោងលំនៅដ្ឋាន និងផ្ទះអាជីវកម្ម ដែលនាំមកជូនសម្រាប់ទីផ្សារវិនិយោគអចលនទ្រព្យកម្ពុជា ដោយ បុរី ហ្គ្រីន កំពត។

    ជាមួយនឹងភាពជោគជ័យជាង ១៥ ឆ្នាំលើវិស័យសំណង់ និងការអភិវឌ្ឍអចលនទ្រព្យ ខុនដូ ផ្សារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម ក្រុមហ៊ុន Meas Development Group (Cambodia) មានបំណងចូលរួមជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ដែលកំពុងកើតមានរួចជាស្រេចនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងខេត្តកំពត ដោយក្នុងនោះរួមមានវិស័យដឹកជញ្ជូន កសិកម្ម ថាមពល ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងជាមជ្ឈមណ្ឌលទេសចរណ៍នៃឧបទ្វីបឥណ្ឌូចិនមួយផងនោះ។

    បុរី ហ្គ្រីន ត្រូវបានរចនាឡើងសម្រាប់វិនិយោគិនឆ្លាតវៃ ដែលស្វែងរកនូវបទពិសោធន៍រស់នៅប្រកបដោយភាពស្រស់បំព្រង សុខដុម និងបែបធម្មជាតិនៃទីក្រុងកំពត រួមជាមួយទីតាំងដ៏មានសក្តានុពល ដែលអចលនទ្រព្យនៅក្នុងបុរី នឹងអាចជួយទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ពោលគឺអតិថិជនអាចបើកអាជីវកម្មនៅជាន់ទី ១ នៃផ្ទះរបស់ពួកគាត់បាន ដែលជាកត្តាមួយផ្តល់នូវទំនុកចិត្តដ៏កក់ក្តៅក្នុងការទាញយកផលចំណេញត្រឡប់មកវិញបានយ៉ាងឆាប់រហ័សសម្រាប់ការវិនិយោគរបស់ពួកគាត់។

    ជាមួយភាពទំនើបឡូយឆាយបែបផ្តាច់មុខនិងឯកជន បុរី ហ្គ្រីន មានផ្តល់ជូននូវគេហដ្ឋានបែបប្រណីតចំនួនប្រហាក់ប្រហែល ១៥០ខ្នង អមដោយហេដ្ឋារចនាសម្ព័ន្ធសហគមន៍លំដាប់ពិភពលោក។ ជាមួយការលក់សម្រេចបានជាង ៥០% ដែលមកទល់បច្ចុប្បន្ននេះ បុរី ហ្គ្រីន គ្រោងនឹងប្រគល់គេហដ្ឋានជូនដល់ម្ចាស់ភ្លាមៗនាខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ ដោយក្នុងនោះបុរីបានផ្តល់ជូននូវជម្រើសជាច្រើនដូចជា ផ្ទះអាជីវកម្មជម្រើស ២ជាន់ និង៣ជាន់ ផ្ទះល្វែងជាប់គ្នា និងផ្ទះវីឡាជាដើម ដល់វិនិយោគិនថ្មីៗ ដែលទើបអញ្ជើញមកដល់ទឹកដីខេត្តកំពតផងដែរ។

    កំពត ជាខេត្តមួយ ដែលតំណាងឱ្យដែនដីដ៏ស្រស់ស្អាតបែបធម្មជាតិដ៏ប្រណិតបំផុតមួយ ល្អសក្តិសមសម្រាប់វិនិយោគិនដែលមានបំណងចង់បានផ្ទះអាជីវកម្ម ដែលពួកគាត់ពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការជាវគេហដ្ឋាននៅតំបន់ប្រជុំជនធំៗដូចជារាជធានីភ្នំពេញ ឬក្រុងព្រះសីហនុជាដើម។ បុរី និងធនាគារជាដៃគូ មានផ្តល់ជូននូវគោលការណ៍ទូទាត់ប្រាក់ដែលមានភាពបត់បែនបំផុត ពោលគឺមានចាប់ពី ២០០ ដុល្លារក្នុងមួយខែឡើងទៅ ដែលអនុញ្ញាតឱ្យវិនិយោគិនឆ្លាតវៃ អាចដាក់អគារសម្រាប់ជួល ឬបើកអាជីវកម្ម ដើម្បីបានចំណូលត្រឡប់មកវិញ សម្រាប់ទូទាត់សងជូនធនាគារយ៉ាងងាយស្រួលបំផុត។

    ជាមួយលទ្ធភាពធ្វើដំណើរឆ្លងកាត់ពីផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងកំពតដែលទើបនឹងអភិវឌ្ឍនាពេលថ្មីៗផងនោះ បានធ្វើឱ្យសកម្មភាពនៃការបើកអាជីវកម្មនៅក្នុងបុរីហ្គ្រីន មានសភាពអ៊ូរអរជាខ្លាំង ហើយការជួលហាងដោយយីហោល្បីៗក៏មានសន្ទុះខ្លាំងប្រហាក់ប្រហែលគ្នា ពោលគឺជម្រុញឱ្យមានការកើនឡើងនូវតម្លៃនៃការជួល និងការកាន់កាប់អគារនៅក្នុងតំបន់ជុំវិញ។ អតិថិជន ដែលអញ្ជើញមកកាន់សហគមន៍ដ៏ស្ងប់ស្ងាត់របស់បុរី ហ្គ្រីន មានដូចជាមកពីផ្សារកណ្តាលនៃខេត្តកំពត ស្ថានីយ៍រថភ្លើងកំពត និងសង្កាត់ពាណិជ្ជកម្មនៅតាមផ្លូវជាតិលេខ ៣ ជាដើម។ ការបញ្ចប់ការសាងសង់ផ្សារទំនើប Furi Mall នៅច្រកចូលបុរីហ្គ្រីន នាឆ្នាំ ២០២២ មុខនេះ ក៏ជាគុណសម្បត្តិដ៏ល្អវិសេសមួយទៀត បន្ថែមទៅលើលទ្ធភាពទទួលបានប្រាក់ចំណូលត្រឡប់មកវិញសម្រាប់ផ្ទះអាជីវកម្ម នឺងជីវិតប្រកបដោយភាពសុខដុមរបស់ម្ចាស់គេហដ្ឋាន។

     

    ការលក់បញ្ចុះតម្លៃក្នុងរដូវកាលដំណាច់ឆ្នាំនេះ គឺមានផ្តល់ជូនដល់អតិថិជន ដោយមានកំណត់ និងទៅលើប្រភេទគេហដ្ឋានមួយចំនួន រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021 ប៉ុណ្ណោះ។ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទមកកាន់ផ្នែកប្រឹក្សារបស់បុរី ហ្គ្រីន ចាប់ពីថ្ងៃនេះតទៅ រហូតដល់រដូវកាលដំណាច់ឆ្នាំត្រូវបានបញ្ចប់ ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើឱ្យក្តីសុបិននៃការវិនិយោគអចលនទ្រព្យរបស់អ្នកក្លាយជាការពិត និងការសម្រាកលម្ហែកម្សាន្ត “តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល” នាទឹកដីខេត្តកំពតដ៏ស្រស់ស្អាតនៅឆ្នាំ ២០២២។

    បុរីហ្គ្រីន សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Meas Development Group ៖ អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០១។
    ទាញយកព័ត៌មានទាំងស្រុងនៅទីនេះ៖ www.boreygreen.com

  • (វីដេអូ)-កូន​យន្តហោះ​ទំនើប មាន​កង្ហារ​ចំនួន ១២ គ្រឿង ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើកដំបូង

    (វីដេអូ)-កូន​យន្តហោះ​ទំនើប មាន​កង្ហារ​ចំនួន ១២ គ្រឿង ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើកដំបូង

    (សហរដ្ឋ​អាម៉េរិក)-ដោយ​អាច​ហោះ​ក្នុង​ល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រង្វង់​ប្រតិបត្តិការ​ជិត ១០០ គីឡូម៉ែត្រ និង​មិន​បញ្ចេញ​សំឡេង​ខ្លាំង កូន​យន្តហោះ Maker សមស្រប​សម្រាប់​ជើងហោះហើរ​ជុំវិញ​ទីក្រុង។

    កូន​យន្តហោះ​គំរូ ដំណើរការ​ស្វ័យប្រវត្ត ដែលមាន​កៅអី ២ និង​មាន​ឈ្មោះថា Maker របស់ Archer Aviation ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី មាន​ទីស្នាក់ការ​នៅ សហរដ្ឋ​អាម៉េរិក បានទទួល​ជោគជ័យ​នៅក្នុង​ការហោះហើរ​សាកល្បង​នៅនឹងកន្លែង​ដំបូង​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

    Maker ត្រូវបាន​បំពាក់​កង្ហារ​ចំនួន ១២ គ្រឿង ដែលមាន​តួនាទី​ក្នុង​ការលើក​យន្តហោះ​ឡើង​ត្រង់​ទៅលើ ដែល​នេះ​ពិតជា​សម​ស្រាប​សម្រាប់​ទីតាំង​ចង្អៀត​ដូចជា​នៅក្នុង​ទីក្រុង​ជាដើម។ បន្ទាប់ពី​បាន​ហោះ​ឡើង​ត្រង់ កង្ហារ​ចំនួន ៦ គ្រឿងក្នុង​ចំណោម ១២ គ្រឿង​នេះ អាច​ផ្ដេកខ្លួន ៩០ អង្សា ដើម្បី​បំពេញ​មុខងារ​រុញច្រាន នាំ​យន្តហោះ​ទៅកាន់​គោលដៅ។ ខាងក្នុង​យន្តហោះ មាន​ភាព​ធំ​ទូលាយ ស្រួល​ដាក់​ជើង និង​អាច​មើលឃើញ​ក្នុង​រង្វង់ ២៧០ អង្សា នៅពេល​ហោះ​ពីលើ​ទីក្រុង។

    Maker មាន​ទម្ងន់​ស្រាល ដោយសារតែ​ផលិត​អំពី​សរសៃ​កាបូន។ កូន​យន្តហោះ​នេះ ត្រូវបាន​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន តាំងពី​ប្រព័ន្ធ​ថ្ម រហូតដល់​ប្រព័ន្ធគ្រប់គ្រង​កម្ដៅ។ល។

    ដោយ​អាច​ហោះ​ក្នុង​ល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រង្វង់​ប្រតិបត្តិការ​ជិត ១០០ គីឡូម៉ែត្រ និង​មិន​បញ្ចេញ​សំឡេង​ខ្លាំង កូន​យន្តហោះ Maker សមស្រប​សម្រាប់​ជើង​ហោះ​រយៈ​ចម្ងាយ​ខ្លី​នៅក្នុង​ទីក្រុងធំ។ Maker ប្រើប្រាស់​អគ្គិសនី​ទាំងស្រុង ដូច្នេះ​វា​មិន​បញ្ចេញ​ឧស្ម័ន​ពុល។ វា​ក៏​ហោះហើរ​យ៉ាង​ស្រួល ដោយមាន​សំឡេង​រំខាន​ត្រឹមតែ ៤៥ dB ប៉ុណ្ណោះ។

    «ជោគជ័យ​ក្នុងការ​ហោះហើរ​សាកល្បង​នៅនឹងកន្លែង​លើកដំបូង​នេះ យើង​បាន​បោះ​ទៅមុខ ១ ជំហាន និង​បញ្ជាក់ថា ក្រុមហ៊ុន Archer អាចធ្វើ​ការ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​ប៉ះពាល់​ដល់​គុណភាព និង​សុវត្ថិភាព» Adam Goldstein ស្ថាបនិក​របស់​ក្រុមហ៊ុន Archer ថ្លែង​ដូច្នេះ និង​បន្ថែមថា «យើង​ត្រៀមខ្លួន​ដើម្បី​បន្តការងារ​ជាមួយនឹង​ល្បឿន​នេះ ដើម្បី​ផ្ដល់​សេវាកម្ម​ហោះហើរ​រួម​នៅ​ចុងឆ្នាំ ២០២៤»៕

  • មហាសេដ្ឋី​ដែល​ពូកែ​រកប្រាក់​ជាងគេ​បំផុត​ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ ២០២១

    មហាសេដ្ឋី​ដែល​ពូកែ​រកប្រាក់​ជាងគេ​បំផុត​ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ ២០២១

    មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk គ្រប់គ្រង​ចំណាត់ថ្នាក់​របស់ខ្លួន​ដូច​ទៅនឹង​ឆ្នាំមុន នៅពេល​នាំមុខគេ​នៅក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ដែល​ពូកែ​រកប្រាក់​បំផុត​ក្នុងឆ្នាំនេះ ដោយ​រកបាន​ជាង ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ស្ថិតិ​ថ្មី​បំផុត​របស់​ទស្សនាវដ្ដី Forbes បាន​បង្ហាញថា ឆ្នាំ ២០២១ នេះ នៅតែ​ជា​ឆ្នាំ​ដ៏​ជោគជ័យ​របស់​ក្រុម​អ្នកមាន។ ក្នុងចំណោម​មហាសេដ្ឋី​ទាំង ២,៦៦០ នាក់ របស់​ពិភពលោក មាន ១,៨០០ នាក់ មានទ្រព្យ​កើនឡើង ធៀប​នឹង​ដើមឆ្នាំ ក្នុងនោះ មហាសេដ្ឋី​ខ្លះ រកបាន​បន្ថែម​ខ្ទង់​រាប់រយ​លាន ប៉ុន្តែ អ្នកមាន​ខ្លះ​រកបាន​រហូតដល់​ខ្ទង់រយ​ពាន់​លាន​ដុល្លារ។

    ក្រោម​ខាង​នេះ​គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​ខ្ពស់បំផុត​ក្នុង​ឆ្នាំ ២០២១ គិត​ត្រឹម​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១។

    ១-អ៊ី​ឡុ​ន ម៉ាស (Elon Musk)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ២៦៥.៤ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ១០៩.៨ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ទីភ្នាក់ងារ​អវកាស ក្នុងនោះ​តម្លៃ​ភាគហ៊ុន Tesla និង​តម្លៃ​មូលធន​របស់ SpaceX បាន​កើនឡើង​ខ្ពស់។

    ២-ហ្គោ​តាម អា​ដា​នី (Gautam Adani)

    -ប្រទេស៖ ឥណ្ឌា
    -ទ្រព្យ​សរុប៖ ៨១.១ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៥២.៥ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុ​មា​ហ៊ុន​ពហុ​វិស័យ ក្នុងនោះ ភាគហ៊ុន Adani Gas កើន ៤០០% ក្នុង​ឆ្នាំ ២០២១, Adani Transmission កើន ៣៣០% និង Adani Enterprise កើន ២៥០%។

    ៣-ឡែ​រី ភេ​ក (Larry Page)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ១២៦.៣ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៤៩.១ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា, ភាគហ៊ុន Alphabet (ក្រុមហ៊ុនមេ​របស់ Google) បាន​កើន ៧១% ក្នុងឆ្នាំនេះ។

    ៤-ឡែ​រី អេ​លី​សឹ​ន (Larry Ellison)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ១៣៥.៧ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៤៧.៥ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា, លោក​ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​លំដាប់​ទី ២ របស់ Tesla។

    ៥-ស៊ើ​រ​ហ្គេ ប្រ៊ី​ន (Sergey Brin)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ១២១.៧ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៤៦.៧ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ លោក​ជា​សហ​ស្ថាបនិក​របស់ Google។

    ៦-បឺ​រណាត អារ​ណូ​វ (Bernard Arnault)

    -ប្រទេស៖ បារាំង
    -ទ្រព្យ​សរុប៖ ១៩៣.៩ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៤៣ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​លក់​ផលិតផល​ប្រណិត LVMH។

    ៧- ស្ទី​វ បាល​មឺ​រ (Steve Ballmer)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ១០៧.៥ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៣២.៣ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្លិប​បាល់បោះ Los Angeles Clippers និង Microsoft។

    ៨-ចាង យី​ម៉ី​ង (Zhang Yiming)

    -ប្រទេស៖ ចិន
    -ទ្រព្យ​សរុប៖ ៥៩.៤ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ៣១.៧ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ បណ្ដាញ​សង្គម TikTok, Douyin នៃ​ក្រុមហ៊ុន ByteDance។

    ៩-រ៉ូ​ប៊ី​ន ហ្ស៊ឹ​ង (Robin Zeng)

    -ប្រទេស៖ ចិន
    -ទ្រព្យ​សរុប៖ ៥៧.៦ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ២៦.៨ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី CATL។

    ១០-ប៊ី​ល ហ្គេ​ត (Bill Gates)

    -ប្រទេស៖ សហរដ្ឋ​អាម៉េរិក
    -ទ្រព្យ​សរុប៖ ១៣៩.២ ពាន់​លាន​ដុល្លារ
    -ទ្រព្យ​ដែល​បាន​កើនឡើង​ក្នុងឆ្នាំនេះ៖ ១៨.៩ ពាន់​លាន​ដុល្លារ
    -វិស័យ​ជំនួញ​ដែលជា​ប្រភព​ចំណូល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft។

  • អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ព្រឹក​នេះ

    អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ព្រឹក​នេះ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ អគារ​រដ្ឋបាល​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែលមាន​ទីតាំង​ក្បែរ មហាវិថី​ព្រះ​នរោត្តម, សង្កាត់​ផ្សារ​ថ្មី ៣, ខ័​ណ្ឌ​ដូនពេញ, រាជធានី ភ្នំពេញ។

    អគារ​រដ្ឋបាល​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាប់ផ្តើម​សាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ និង​បានបញ្ចប់​នៅក្នុង​ខែកក្កដា ឆ្នាំ ២០២០ នេះ​បើតាម​វិទ្យុជាតិ​កម្ពុជា។

    អគារ​នេះ​មាន ៣៥ ជាន់,កម្ពស់ ១២០ ម៉ែត្រ, បណ្តោយ ៥៤ ម៉ែត្រ និង​ទទឹង​ប្រវែង​ជាង ២៦ ម៉ែត្រ។ ក្នុង​អគារ មាន​ចំណត​យានយន្ត ៨ ជាន់ (បូក​ទាំង​ក្រោម​ដី ២ ជាន់) អាច​ចត​រថយន្ត​បាន ១៤២ គ្រឿង និង​ម៉ូតូ ១០២ គ្រឿង។

    ផ្នែកនីមួយៗត្រូវបាន​រៀប​ទៅតាម​ជាន់ រួមមាន៖ បញ្ជរ​ព័ត៌មាន (ជាន់​ទី១); ច្រកចេញ-ចូល​តែមួយ (ជាន់​ទី៦); សាលប្រជុំ និង​បន្ទប់​ប្រជុំ សាលប្រជុំ​ធំ​ចំនួន ២ សម្រាប់​ផ្ទុក​អ្នកចូលរួម ១៩៨ នាក់ និង ១២៨ នាក់ និង​បន្ទប់​ប្រជុំ​តូច​មួយចំនួន, ការិយាល័យ ២៣ ជាន់, ការិយាល័យ​អគ្គនាយក, បន្ទប់ទទួលភ្ញៀវ, ការិយាល័យ​អគ្គនាយករង, ការិយាល័យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​ការិយាល័យ​មន្ត្រី, អាហា​រដ្ឋា​ន (ជាន់​ទី២០); ក្លឹប​ហាត់ប្រាណ ស្ទី​ម និង​សោ​ណា (ជាន់​ទី ៣១); ស្កា​យ​បារ (ជាន់​ទី ៣៣ និង ៣៤)។

  • ស្ថិតិ​​នៃ​ករណី​ឆ្លង​​ជំងឺ​​កូវីដ-១៤​ នៅ​ ​កម្ពុជា​​ គិត​​ត្រឹម​ព្រឹក​​ព្រលឹម​​ ​ថ្ងៃ​ទី​ ២៣​ ខែ​ធ្នូ ​ឆ្នាំ ​២០២១

    ស្ថិតិ​​នៃ​ករណី​ឆ្លង​​ជំងឺ​​កូវីដ-១៤​ នៅ​ ​កម្ពុជា​​ គិត​​ត្រឹម​ព្រឹក​​ព្រលឹម​​ ​ថ្ងៃ​ទី​ ២៣​ ខែ​ធ្នូ ​ឆ្នាំ ​២០២១

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​ មាន​ ១០ នាក់ និង​ពុំ​មាន​​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​ជំងឺ​កូវីដ-១៩​ នោះ​ទេ នៅ​ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

  • ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​​ឱ្យ​នៅ​កណ្ដាលវាល ទារក​ទើប​កើត​ម្នា​ក់នៅ ឥណ្ឌា រស់រានមានជីវិត​ព្រោះ​ភាពកក់ក្ដៅ​​បាន​ពី​សុនក

    ត្រូវ​ឪពុកម្ដាយ​បោះបង់ចោល​​ឱ្យ​នៅ​កណ្ដាលវាល ទារក​ទើប​កើត​ម្នា​ក់នៅ ឥណ្ឌា រស់រានមានជីវិត​ព្រោះ​ភាពកក់ក្ដៅ​​បាន​ពី​សុនក

    ទារិកា​ទើប​កើត​ម្នា​ក់នៅ ប្រទេស​ឥណ្ឌា ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅ​កណ្ដាល​វាលស្រែ ហើយ​នៅ​ជុំវិញ​មាន​សត្វ​សុនក ១ ក្រុម កំពុងផ្ដល់​ភាពកក់ក្ដៅ។

    សារព័ត៌មាន​របស់ ឥណ្ឌា សប្ដាហ៍​នេះ​បាន​រាយការណ៍​ថា ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​អ្នកភូមិ Saristal ក្នុង​ខេត្ត Chhattisgarh រកឃើញ ដោយសារតែ​សំឡេង​យំ។ ទារិកា​នេះ​ត្រូវគេ​ទុកចោល​លើ​វាលស្រែ ក្នុង​សភាព​គ្មានអ្វី​ដណ្ដប់​កាយ ប៉ុន្តែ មិនមាន​របួសស្នាម និង​មាន​សុនក​តូច​ប៉ុន្មាន​ក្បាល​នៅ​ជុំវិញ។

    មេ​សុនក​ត្រូវគេ​ជឿថា ជា​អ្នក​ដែល​បានឃើញ​ទារិកា​នេះ​មុនគេ ហើយក៏​ដេក​នៅក្បែរនោះ នាំឱ្យ​កូន​សុនក​ធ្វើតាម។ អ្នកភូមិ​និយាយថា ទារិកា​នេះ​នៅមាន​ជីវិត​ក៏​ប្រហែលជា​ដោយសារ​ទទួលបាន​ភាព​កក់ក្ដៅ​ពី​សុនក នៅក្នុង​គ្រា​ដែល​សីតុណ្ហភាព​ក្នុង​តំបន់​នេះ ថយចុះ​ទាប​ខ្លាំង​នៅពេល​យប់។

    ទារិកា​ទើប​កើត​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Akanksha។ អ្នកភូមិ និង​មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ដល់​ប៉ូលិស និង​ទាក់ទង​មន្ត្រី​សុខាភិបាល ដើម្បី​នាំ Akanksha ទៅកាន់​មន្ទីរពេទ្យ។

    អ្នកភូមិ​ម្នាក់​ឈ្មោះ Premnath ឱ្យដឹងថា ក្មេង​ទើប​កើត​ដែល​អាច​នៅមាន​ជីវិត​ឆ្លង​រាត្រី​បាន គឺជា «អព្ភូតហេតុ» ព្រោះថា ឆ្កែព្រៃ​ជាច្រើន​ក្បាល​អាចមាន​ភាព​សាហាវ និង​ស្រេកឃ្លាន។

    «ពួកគេ​មិនមែនជា​ឪពុកម្ដាយ​ទេ ពួកគេ​គឺជា​ជនល្មើស» Premnath ថ្កោលទោស​អ្នក​ដែល​បាន​បោះបង់ចោល​ទារិកា​ទើប​កើត​នេះ។

    ក្រុមមន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​តំបន់ បានប្រកាសថា កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រក​ឪពុកម្ដាយ​របស់​ទារិកា​រូបនេះ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕

  • អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅ​ប្រទេស​នេះ សុទ្ធតែ​បានជា​សះស្បើយ​បន្ទាប់ពី​ទទួល​ការព្យាបាល​តាម​វិធី​សាមញ្ញ។

    «ក្រោយពី​បានធ្វើ​រោគវិនិច្ឆ័យ​ភ្លាម យើង​ចាប់ផ្ដើម​ព្យាបាល​ដោយ​ប្រើ​ថ្នាំ cortisone និង​ថ្នាំ​ប្រភេទ ibuprofen កម្រិត​ស្រាល​ជាដើម ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់​សាច់ដុំ និង​ឈឺក្បាល។ ទាំងអស់​គឺមាន​តែ​ប៉ុណ្ណឹង។ មិនចាំបាច់​ប្រើប្រាស់​អុកស៊ីសែន និង​ថ្នាំ​ប្រឆាំង​វីរុស» វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វិ​ជ្ជ​សាស្ត្រ​អាហ្វ្រិក​ខាងត្បូង ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២១ ធ្នូ ២០២១។

    ក្រោយ​ការតាមដាន​ករណី​ឆ្លង អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង អស់​រយៈពេល ៥ សប្ដាហ៍ អ្នកស្រី Coetzee បង្ហើប​ឱ្យដឹងថា អ្នកជំងឺ​សុទ្ធ​តែមាន​រោគសញ្ញា​ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់កម្លាំង។

    «ពួកគេ​អាចមាន ឬ​មិនមាន​រោគសញ្ញា​ក្អក។ បើសិនជា​ក្អក គឺ​ក្អក​ស្ងួត អម​ជាមួយនឹង​អាការ​ឈឺបំពង់ក» អ្នកស្រី Coetzee ថ្លែង​ដូច្នេះ និង​បន្ថែមថា «យោងតាម​ការស្រាវជ្រាវថ្មីៗនេះ អូ​មី​ក្រុង បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម​ដូច ដេ​លតា»។

    ករណី​ឆ្លង​ថ្មី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បានចាប់ផ្ដើម​មាន​សញ្ញា​ថយចុះ។ ជាក់ស្ដែង ករណី​ឆ្លង​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ឡើងដល់​ជិត ២៧,០០០ នាក់ ចំណែក​ថ្ងៃទី ២១ ធ្នូ បាន​ថយ​មក​នៅត្រឹម ១៥,៤២៤ នាក់។ ប្រការនេះ​ធ្វើឱ្យ​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​អះអាងថា អូ​មី​ក្រុង បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​រួចហើយ នៅ អាហ្វ្រិក​ខាងត្បូង។

    បច្ចុប្បន្ន អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់​វា៕

  • ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​តូច និង​បឋម​មួយចំនួន​បានបង្ហាញ​ថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង ធៀប​នឹង វីរុស​បំប្លែង​ខ្លួនមុនៗ បើទោះជា​តួលេខ​នៃ​ករណី​ឆ្លង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ស្ថាប័ន​សុខាភិបាល​សាធារណៈ របស់​ប្រទេស​ស្កុ​តឡែ​ន (PHS) នៃ ចក្រភព​អង់គ្លេស បង្ហាញថា អត្រា​នៃ​អ្នកជំងឺ​ដែល​ឆ្លង អូ​មី​ក្រុង ត្រូវ​ចូល​ពេទ្យ គឺមាន​ភាគរយ​ទាប ពោលគឺ ទាប​ជាង ២/៣ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ នេះ​បើតាម​សម្ដី​របស់​វេជ្ជបណ្ឌិត Jim McMenamin ប្រធាន​ផ្នែក​គ្រប់គ្រង​ករណី​អាសន្ន​របស់ PHS។

    ក៏ប៉ុន្តែ ក្រុម​របស់ McMenamin នៅតែ​ព្រមាន​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅតែ​អាច​ប្រឈម​នឹង​ការរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី អូ​មី​ក្រុង ព្រោះថា វីរុស​បំប្លែង​ខ្លួន​នេះ ឆ្លង​រាលដាល​លឿន​ជាង វ៉ា​រ្យ៉​ង់ មុន។

    ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Imperial College London របស់ អង់គ្លេស ក៏បាន​ប្រកាស​លទ្ធផល​ដូច​ទៅនឹង ក្រុម​របស់ McMenamin។ ពួកគេ​រកឃើញថា អ្នក​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ពី ១៥ ទៅ ២០% និង​បង្ក​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង ធៀប​នឹង ដេ​លតា។

    ក្រៅពីនេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់ របស់​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ចុះផ្សាយ​នៅលើ​ទំព័រ MedRxiv កាលពី​ថ្ងៃទី ២១ ធ្នូ បានឱ្យដឹង​ដែរ​ថា អ្នកជំងឺ​ទាំងឡាយ​ដែល​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ៨០% ធៀប​នឹង​អ្នក​ដែល​ឆ្លង វ៉ា​រ្យ៉​ង់ ដទៃ។

    ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ស្រាវជ្រាវ​ខាងលើ​ក៏បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​ប៉ុណ្ណោះ។

    មកដល់​បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ខណៈដែល​វា​កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ នេះ​បើតាម WHO៕

     

  • WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា និន្នាការ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​បណ្ដា​ប្រទេស​អ្នកមាន នឹង​បណ្ដាលឱ្យ​ជំងឺ​រាតត្បាត​សកល អាច​អូស​បន្លាយពេល​យូរ ជាជាង​ការបញ្ចប់។

    «យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​នានា អាចធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង ត្រូវ​បង្វែរ​ទិស​ទៅរក​បណ្ដា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ដែល​នេះ​នឹង​ផ្ដល់​ឱកាសល្អ​ដល់​ការឆ្លង​រាលដាល និង​បំប្លែង​ខ្លួន​របស់​វីរុស (នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង)» ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus (WHO) ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ។

    ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ តាំងពី​យូរ​មកហើយ បាន​ព្រមាន​ថា បញ្ហា​វិសមភាព​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ មិន​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស ស្រប​ពេលដែល​បណ្ដា​ប្រទេស​អ្នកមាន បង្កើន​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ដូ​ស​ជំរុញ​ទ្រង់ទ្រាយ​ធំ។

    «ពុំមាន​ប្រទេស​ណាមួយ​អាច​បន្ថែម​កម្លាំង​តែឯង​ដើម្បី​ចាក​ផុតពី​ជំងឺ​រាតត្បាត​សកល​ឡើយ» លោក Tedros បញ្ជាក់​ដូច្នេះ។

    ប្រសាសន៍​របស់​មេដឹកនាំ WHO នេះ ត្រូវបាន​លើកឡើង​នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ក្លាយជា​ឧបសគ្គ​ចំពោះ​ក្ដីសង្ឃឹម​ដែលថា «ប្រការ​អាក្រក់​បំផុតរ​បស់​ជំងឺ​រាតត្បាត​សកល បាន​កន្លងផុតទៅ»។ WHO បានឱ្យដឹងថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នូវ​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅឡើយ៕