Author: សឿន សំណាង

  • កំណាត់​ផ្លូវ​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

    កំណាត់​ផ្លូវ​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

    នា​ព្រឹក​ថ្ងៃទី ១០ មករា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ឯកអគ្គរាជទូត​ជប៉ុន អញ្ជើញ​សម្ពោធ​ដាក់​ឱ្យធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ប្រវែង​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ។

    សម្ដេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា អញ្ជើញ​ជា​អធិបតី និង​កាត់​ខ្សែបូ​ក្នុង​ពិធី​សម្ពោធ​នេះ ដែល​ប្រារព្ធ​ឡើង​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។

    កំណាត់​ផ្លូវជាតិ​លេខ៥ ប្រវែង​ជាង ៨៤ គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ខេត្តបាត់ដំបង ទៅកាន់ ក្រុង​សិរីសោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ នេះ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១។ គម្រោង​នេះ ត្រូវបាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៦៥.៧៨ លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​អភិវឌ្ឍ​ពី រាជរដ្ឋាភិបាល​ជប៉ុន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា។ កំណាត់​ផ្លូវ​ជាង ៨៤ គីឡូម៉ែត្រ នៃ​គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ៥ បាត់ដំបង-សិរីសោភ័ណ ដែល​បាន​ស៊ីពេល​អស់ ៥៥ ខែ​ក្នុង​ការសាងសង់​នេះ ត្រូវបាន​បញ្ចប់​រួចរាល់​កាលពី​ខែ កញ្ញា ២០២១៕

  • បច្ចេកវិទ្យា ៦G លឿន​ជាង​រាប់សិប​ដង​ធៀប​នឹង​ប្រព័ន្ធ ៥G

    បច្ចេកវិទ្យា ៦G លឿន​ជាង​រាប់សិប​ដង​ធៀប​នឹង​ប្រព័ន្ធ ៥G

    (ប្រទេស​ចិន)-បន្ទប់ពិសោធន៍​បច្ចេក​វិទ្យា​ជាន់ខ្ពស់​នៅក្នុង​ខេត្ត Jiangsu បង្កើតបាន​ឯតទគ្គ​កម្ម​ថ្មី​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនាក់ទំនង​ជំនាន់​ថ្មី។

    បន្ទប់ពិសោធន៍ Purple Mountain នៅក្នុង​ទីក្រុង Nanning នៃ​ខេត្ត Jiangsu កាលពី​ថ្ងៃទី ៥ មករា បានឱ្យដឹងថា ក្រុម​អ្នកជំនាញ​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ You Xiaohu បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​ទិន្នន័យ​គ្មាន​ខ្សែ​ជំនា​ន់ទី ៦ (៦G) ជាមួយនឹង​ល្បឿន ២០៦.២៥ gigabit/វិនាទី ជា​លើកដំបូង។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ China Mobile សហការ​ជាមួយ​សាកលវិទ្យាល័យ Fudan ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី រដ្ឋាភិបាល​ចិន។

    ល្បឿន​ខាងលើ​គឺជា​ឯតទគ្គ​កម្ម​ពិភពលោក​ចំពោះ​ការបញ្ជូន​ទិន្នន័យ​គ្មាន​ខ្សែ​នៅលើ ហ្វ្រេ​កង់ terahertz (300GHz-3THz) ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ថ្នាល​សម្រាប់​ការតភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ៦G នាពេល​អនាគត នេះ​បើតាម Purple Mountain។ បច្ចេកវិទ្យា​ទំនាន់​ទំនង ៦G នឹង​ក្លាយជា​កំណែ​បន្ទាប់​របស់ ៥G ដោយមាន​ល្បឿន​លឿន​ជាង ៥G រហូតដល់​ចាប់ពី ១០ ទៅ ២០ ដង​ឯណោះ។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិសោធ​បញ្ជូន​ទិន្នន័យ​ល្បឿន​ ២០៦.២៥ gigabit/វិនាទី ដោយ​ជោគ​ជ័យ

    យោងតាម You Xiaohu បច្ចេកវិទ្យា​ថ្មី​នេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការទាក់ទង​គ្នា​រវាង​ផ្កាយរណប យានអវកាស និង​ផែនដី។

    ក្រុមហ៊ុន Huawei Technologies របស់ ចិន បាន​ព្យាករ​ថា ប្រព័ន្ធ ៦G អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ ២០៣០។ ចំណែក Ericsson ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ ៥G លំដាប់​កំពូល​មួយ រំពឹងថា បទដ្ឋាន​ដំបូង​សម្រាប់​ប្រព័ន្ធ ៦G នឹងត្រូវ​បានដាក់​ចេញ​នៅ​ឆ្នាំ ២០២៧។

    ប្រទេស​ចិន គឺជា​ប្រទេស​ដែលមាន​ស្ថានីយ​នៃ​ប្រព័ន្ធ ៥G ច្រើនជាងគេ​ក្នុង​ពិភពលោក។ គិត​ត្រឹម​ខែវិច្ឆិកា ២០២១ ចិន បាន​សាងសង់ និង​ដាក់ឱ្យ​ដំណើរការ​ស្ថានីយ​នេះ​ប្រមាណ ១.៤ លាន​កន្លែង​នៅ​ទូទាំងប្រទេស។ ប៉ុន្តែ ការដាក់​ពង្រាយ​ប្រព័ន្ធ ៥G នាបច្ចុប្បន្ន នៅមាន​ល្បឿន​យឺត​នៅឡើយ ដោយសារតែ​វា​មានតម្លៃ​ខ្ពស់៕

  • ក្រសួង​សាធារណការ​ ណែនាំ​ឱ្យប្រើ​ប្រាស់​ ក្រុម​​តេ​ឡេ​ក្រាម “សុវត្ថិភាព​​ចរាចរណ៍​​យើង​ OUR ​ROAD ​SAFETY»​ ដើម្បី​​ផ្តល់​ព័ត៌មាន​​ទាន់​​ហេតុ​ការណ៍​ ពាក់​ព័ន្ធ​​ស្ថាន​ភាព​​ចរាចរណ៍​​ផ្លូវ​គោក

    ក្រសួង​សាធារណការ​ ណែនាំ​ឱ្យប្រើ​ប្រាស់​ ក្រុម​​តេ​ឡេ​ក្រាម “សុវត្ថិភាព​​ចរាចរណ៍​​យើង​ OUR ​ROAD ​SAFETY»​ ដើម្បី​​ផ្តល់​ព័ត៌មាន​​ទាន់​​ហេតុ​ការណ៍​ ពាក់​ព័ន្ធ​​ស្ថាន​ភាព​​ចរាចរណ៍​​ផ្លូវ​គោក

    គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្កើត​ក្រុម​តេ​ឡេ​ក្រាម (Telegram Group) មួយ ដែលមាន​ឈ្មោះថា “សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ជូន​សាធារណជន​សម្រាប់​ប្រើប្រាស់​ដោយ​សេរី ដើម្បី​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ អំពី​ស្ថានភាព​ចរាចរណ៍​ផ្លូវគោក បន្ទាប់ពី​មាន​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន។

    ការបង្កើត​ក្រុម​តេ​ឡេ​ក្រាម​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អះអាងថា គឺ​ដើម្បី​បង្ការ ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្ការ ទប់ស្កាត់​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ជា​កម្មវិធី​មួយ​ដែល​បន្ថែម​ពីលើ​បណ្តាញ​សង្គម និង​កម្មវិធី​ផ្តល់ព័ត៌មាន​នានា​ដែល​គណៈកម្មាធិការ​នេះ​កំពុង​ដាក់ឱ្យ​ប្រើប្រាស់។

    គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ​ដូចខាងក្រោម ទាក់ទង​នឹង​ការផ្ដល់​ព័ត៌មាន​ពី​សំណាក់​សាធារណជន៖

    ១. ព័ត៌មាន ទីតាំង និង​ពេលវេលា នៃ​ហេតុការណ៍ ត្រូវតែ​ពិតប្រាកដ និង​ច្បាស់លាស់។
    ២. រូបភាព ឬ​វីដេអូខ្លីៗ នៃ​ហេតុការណ៍ ត្រូវតែពិតៗ និង​ជាក់ស្តែង។
    ៣. ខ្លឹមសារ​ព័ត៌មាន ត្រូវ​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌។
    ៤. មិនត្រូវ​ផ្ដល់ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ មួលបង្កាច់ ឬ​ប្រើ​ពាក្យពេចន៍​អសុរោះ ឬ​រូបភាព​អាសអាភាស។

    ក្រៅពីនេះ សាធារណជន​ក៏​អាច​រាយការណ៍​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ «ថែទាំ​ផ្លូវថ្នល់ ROAD CARE» ដែល​អាច​ទាញយក​ពី App Store ផងដែរ។

  • ស្ថិតិ​ថ្មី​ស្ដីពី​ស្ថានការណ៍​ជំងឺ​កីវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ

    ស្ថិតិ​ថ្មី​ស្ដីពី​ស្ថានការណ៍​ជំងឺ​កីវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃថ្ងៃទី ៧ មករា ២០២២ កម្ពុជា​ កឃើញអ្នកឆ្លងថ្មី ២៧ នាក់ទៀត (សុទ្ធតែ​ករណី​ អូមីក្រុង) និង​ជាសះស្បើយ ១២ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»។

     

  • ត្រូវ​ឆ្នោត​តម្លៃ ១លាន​ដុល្លារ​អាម៉េរិក ដោយសារ​អំណោយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល

    ត្រូវ​ឆ្នោត​តម្លៃ ១លាន​ដុល្លារ​អាម៉េរិក ដោយសារ​អំណោយ​ក្នុង​ថ្ងៃបុណ្យ​ណូអែល

    (សហរដ្ឋ​អាម៉េរិក)-និស្សិត​ម្នាក់​នៅ​សាកលវិទ្យាល័យ Virginia បាន​ត្រូវ​ឆ្នោត​តម្លៃ ១ លាន​ដុល្លារ​អាម៉េរិក ពី​អំណោយ​ដែល​ម្ដាយ​បានឱ្យ​ក្នុង​ថ្ងៃបុណ្យ​ណែ​អែល ឆ្នាំ ២០២១។

    Brian Donohue ដែលជា​និស្សិត​ម្នា​ក់នៅ​សាកលវិទ្យាល័យ Virginia ក្រោក​ពី​គេង​ក្នុង​ថ្ងៃបុណ្យ​ណែ​អែល ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​សន្លឹកឆ្នោត Bank a Million ១ សន្លឹក នៅក្នុង​ចំណោម​កាដូ​ដែល​ខ្លួន​បានទទួល​ពី​ម្ដាយ។ ម្ដាយ​របស់ Brian បាន​ទិញ​សន្លឹកឆ្នោត​នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ ២០២១ ពី​ហាង​ទំនិញ​មួយ​នៅ Okaton។

    Brian បាន​ផ្ទៀង​លេខឆ្នោត ហើយក៏​ឃើញថា លេខ ៤-៨-២១-២៥-៣២-៣៥ គឺជា​លេខ​ត្រូវ​រង្វាន់​តម្លៃ ១ លាន​ដុល្លារ​ក្រោយ​ការបង់ពន្ធ។ កំលោះ​នេះ​បាន​ទៅ​ទទួល​ប្រាក់រង្វាន់​កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ ប៉ុន្តែ រហូតដល់​យប់​ថ្ងៃទី ៦ មករា ២០២២ ​ទើប​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ។ Brian ឱ្យដឹងថា នឹង​ប្រើប្រាស់​លុយ​នេះ​ដើម្បី​បង់ថ្លៃ​សាលារៀន។

    ឆ្នោត Bank a Billion ត្រូវបាន​បោះផ្សាយ​ផ្ដាច់មុខ​នៅ Virginia និង​ចាប់​រង្វាន់​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍ នៅវេលា​ម៉ោង ២។ រង្វាន់​ធំជាងគេ​រួមមាន ១ លាន​ដុល្លារ, កន្លះ​លាន​ដុល្លារ និង ២៥០,០០០ ដុល្លារ ក្រោយ​ការបង់ពន្ធ​រួច។ អត្រា​នៃ​ការ​ត្រូវ​រង្វាន់​ធំជាងគេ​គឺ ១/៣.៨ លាន មានន័យថា ក្នុងចំណោម​សន្លឹកឆ្នោត​ចំនួន ៣,៨០០,០០០ សន្លឹក គឺមាន ១ សន្លឹក​ជា​រង្វាន់​ធំជាងគេ៕

  • ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    (ឥណ្ឌា)-លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ នៅក្នុង​រដ្ឋ Bihar យល់ថា វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ បាន​ជួយ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ជាង​មុន ទើបបាន​គាត់​សម្រេចចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​រហូតដល់ ១២ ដូ​ស និង​នៅតែ​មានបំណង​ទទួល​ការចាក់​ថែមទៀត។

    លោកតា Mandal ដែលជា​អតីត​បុគ្គលិក​ប្រៃសណីយ៍​ម្នាក់ បានឱ្យដឹងថា លោកតា​បានទទួល​ការចាក់​ដូ​ស​ដំបូង​នៅ​ថ្ងៃទី ១៣ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ទទួល​ការចាក់​បន្តទៀត​ចាប់ពីពេលនោះ។ លោកតា​រូបនេះ​បាន​កត់ត្រា​ពេលវេលា និង​ទីតាំងនីមួយៗបន្ទាប់ពី​បានទទួល​ការចាក់។ លោកតា Mandal អះអាងថា ដូ​ស​ទី ៩ ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី ២៤ កញ្ញា ២០២១ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Kalashan ស្រុក Madhepura។

    «ខ្ញុំ​យល់ថា វ៉ាក់សាំង​កំពុង​ជួយ​ដល់​សុខភាព​ទូទៅ​របស់ខ្ញុំ» លោកតា​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មករា នៅក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ។ លោកតា​បន្តថា «អាការ​ឈឺចង្កេះ ភាព​អស់កម្លាំង​បាន​ធូរស្រាល ហើយ​ខ្ញុំ​ក៏​ហូប​បាន​ឆ្ងាញ់​មាត់​ជាង​មុន។ ខ្ញុំ​តែងតែ​ស្វែងរក និង​ទៅកាន់​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី។ គ្មាន​នរណា​ស្គាល់​ខ្ញុំ​ឡើយ»។

    វេជ្ជបណ្ឌិត Amarendra Narayan Shahi ប្រធាន​មន្ទីរពេទ្យ​នៅ Madhepura ថ្លែងថា បាន​និយាយ​គ្នា​ជាមួយ​លោកតា Mandal ហើយ​ត្រូវ​លោកតា​ប្រាប់ថា ចង់​ចាក់​វ៉ាក់សាំង​ថែមទៀត ព្រោះ​ជឿថា វា​អាច​ព្យាបាល​ជាសះស្បើយ​នូវ​ជំងឺ​ទូទៅ​របស់​មនុស្ស​ចាស់។ «គាត់​អះអាងថា បាន​ចាក់​វ៉ាក់សាំង ១២ ដូ​ស រួចហើយ។ ខ្ញុំ​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដែលមាន​សមាជិក ៣ រូប ដើម្បី​ស្វែងរក​ការពិត» វេជ្ជបណ្ឌិត Shahi បន្ថែម​ដូច្នេះ។

    លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ

    ប្រភពព័ត៌មាន​ឱ្យដឹងថា ៩ ដូ​ស ក្នុងចំណោម ១២ ត្រូវបាន​លោកតា​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ។ ចំណែក ៣ ដូ​ស ទៀត លោកតា​ចុះឈ្មោះ​ដោយ​ប្រើប្រាស់​ប័ណ្ណបោះឆ្នោត លេខ​ទូរស័ព្ទ​របស់​ភរិយា និង​លេខ​ទូរស័ព្ទ​មិត្តភក្ដិ។

    ពុំទាន់​ដឹង​ច្បាស់​ថា ព័ត៌មាន​ស្ដីពី​ការចាក់​វ៉ាក់សាំង ១២ ដូ​ស របស់​លោកតា Mandal បាន​បែកធ្លាយ​ដោយសារ​មូលហេតុ​ណា​នោះទេ ប៉ុន្តែ ដំណឹង​នេះ​ទំនងជា​ត្រូវបាន​លោកតា Mandal និយាយប្រាប់​អ្នកណាម្នាក់ ហើយ​ម្នាក់​នោះ​ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ស្រុក Madlepura កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ។

    មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង ១២ ដូ​ស នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់លាក់​ដល់​សុខភាព ឬ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ក្រៅពី​ការប្រឆាំង​កូ​វីដ-១៩ នៅឡើយ។ ក៏ប៉ុន្តែ ជាក់ស្ដែង ការជជែក​វែកញែក​អំ​ពី​ហានិភ័យ​នៃ​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ កំពុង​ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​យល់ថា វា​អាច​នាំឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ត្រូវអស់​កម្លាំង ឬ​ទប់​មិនឱ្យ​វា​ប្រតិកម្ម​ជាមួយនឹង​កំណែ​វ៉ាក់សាំង​នាពេល​អនាគត។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នឹង​កំណត់​ច្បាស់​ថា លោកតា Mandal បានទទួល​ការចាក់​វ៉ាក់សាំង​ប៉ុន្មាន​ដូ​ស​រួចហើយ។ រដ្ឋ Bihar គឺជា​តំបន់​ដែល​កើតមាន​ករណី​ខុស​ប្រក្រតី​ច្រើនជាងគេ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ឥណ្ឌា ដែលជា​ប្រទេស​បាន​ចាក់​វ៉ាក់សាំង ១.៥ ពាន់​លាន​ដូ​ស​រួចហើយ៕

  • (វីដេអូ)-SpaceX បើក​ទំព័រ​ឆ្នាំ ២០២២ របស់ខ្លួន ដោយ​ការបាញ់​បង្ហោះ​​ផ្កាយ​រណប ៤៩ គ្រឿង

    (វីដេអូ)-SpaceX បើក​ទំព័រ​ឆ្នាំ ២០២២ របស់ខ្លួន ដោយ​ការបាញ់​បង្ហោះ​​ផ្កាយ​រណប ៤៩ គ្រឿង

    ក្រុមហ៊ុន SpaceX កាលពី​ព្រឹក​ម្សិលមិញ បាន​បំពេញបេសកកម្ម​អវកាស​ដំបូង​ក្នុង​ឆ្នាំ ២០២២ ដែល​នាំយក​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ថ្មី​ទៅកាន់​ទី​អវកាស។

    ផ្កាយរណប Starlink សរុប ៤៩ គ្រឿង ត្រូវបាន​ដាក់​នៅលើ​ក្បាល​រ៉ុក្កែត Falcon 9 ហើយ​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ ៣៩A នៅឯ​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida សហរដ្ឋ​អាម៉េរិក នៅវេលា​ម៉ោង ១៦:៤៩ នាទី ថ្ងៃទី ៦ មករា ម៉ោង​ក្នុងស្រុក ត្រូវ​នឹង​ម៉ោង ៤:៤៦ នាទី ថ្ងៃទី ៧ មករា នៅ ភ្នំពេញ។

    ប្រហែល ៩ នាទី ក្រោយ​ការបាញ់​បង្ហោះ កំណាត់​រុញច្រាន​ដំបូង​របស់ រ៉ុក្កែត (B១០៦២) បាន​ផ្ដាច់ខ្លួន និង​ចុះចត​លើ​ស្រឡាង​គ្មាន​មនុស្ស​បើក​ថ្មី​ដែលមាន​ឈ្មោះថា «A Shortfall of Gravitas» នៅលើ​មហាសមុទ្រ អា​ត្ល​ង់​ទិ​ក ជា​បេសកកម្ម​ជោគជ័យ​ដំបូង​របស់ SpaceX ក្នុង​ឆ្នាំ​ថ្មី។

    ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk បាន​បញ្ជាក់ថា ផ្កាយរណប ៤៩ គ្រឿង ត្រូវបាន​ដាក់ពង្រាយ​ដោយ​ជោគជ័យ ​បន្ទាប់​ពី​​បាញ់​បង្ហោះ​បាន​ប្រហែល ១ ម៉ោង និង ២០ នាទី ដូច្នេះ​ចំនួន​ផ្កាយរណប Starlink សរុប​ដែល​កំពុងស្ថិត​នៅក្នុង​គ​ន្ល​ង​គោចរ ឡើងដល់​ជិត ២,០០០ គ្រឿង។

    គោលដៅ​របស់ SpaceX គឺ​ការផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូទាំង​សកលលោក ពិសេស​គឺ​នៅ​តំបន់​ដាច់ស្រយាល ជាទី​ដែល​ពិបាក​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បំផុត។ បច្ចុប្បន្ន សេវាកម្ម​នេះ​របស់ SpaceX កំពុង​ត្រូវបាន​ប្រើប្រាស់​ពេញលេញ និង​មាន​ស្រាប់​នៅក្នុង​ប្រទេស​ចំនួន ២០ ដោយមាន​អ្នកប្រើប្រាស់​ជាង ១០០,០០០ នាក់​បាន​ចុះឈ្មោះ៕

  • (វីដេអូ)-ក្រុមហ៊ុន​អាម៉េរិក បង្ហាញ​យាន​ថ្មី ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស

    (វីដេអូ)-ក្រុមហ៊ុន​អាម៉េរិក បង្ហាញ​យាន​ថ្មី ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស

    នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Sierra Space បាន​តាំង​បង្ហាញ​គំរូ​យានអវកាស​ឈ្មោះ Dream Chaser ដែល​អាច​ដឹក​មនុ​ស្សបាន ៦ នាក់ ឡើងទៅ​កាន់​ទី​អវកាស។

    ក្រុមហ៊ុន Sierra Space មាន​មូលដ្ឋាន​នៅ Colorado សហរដ្ឋ​អាម៉េរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) ស្ដីពី​ការហោះហើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) សម្រាប់​ឆ្នាំនេះ។ ដើម​ឡើង Dream Chaser ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ដឹកទំនិញ​ទៅកាន់ ISS ប៉ុន្តែ នៅក្នុង​ប្រកាស​ថ្មី​មួយ​នៅ CES ២០២២ ក្រុមហ៊ុន Sierra Space បាន​បង្ហើប​ឱ្យដឹងថា កំពុង​បន្ទាន់​សម័យ​យានអវកាស​នេះ ដើម្បី​អាច​ដឹក​មនុស្ស​ទៅកាន់​ទី​អវកាស ដែល​នេះ​គឺជា​ការចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​អវកាស។

    ដោយមាន​បណ្ដោយ​ប្រមាណ ៩ ម៉ែត្រ យាន Dream Chaser អាច​ដឹក​ក្រុម​ហោះហើរ​មួយក្រុម​ដែលមាន​គ្នា ៦ នាក់ ពី​ផែនដី ទៅកាន់​មូលដ្ឋាន​ពាណិជ្ជកម្ម​នានា​នៅលើ​គន្លង​គោចរ​កម្រិត​ទាប​នៃ​ផែនដី ដែល Sierra Space គ្រោង​នឹង​សាងសង់​នៅក្នុង​ទសវត្សរ៍​ខាងមុខ។

    Sierra Space បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Blue Origin ដើម្បី​អភិវឌ្ឍ​ស្ថានីយ​អវកាស​ឯកជន​មួយ​ដែលមាន​ឈ្មោះថា Orbital Reef។ ក្រុមហ៊ុន Blue Origin មានបំណង​ប្រែក្លាយ Orbital Reef ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ទី​អវកាស ដោយមាន​សេវាកម្ម​ផលិត អាជីវកម្ម កម្សាន្ត កីឡា និង​ទេសចរណ៍​ផ្សងព្រេង។

    កាលពី​ខែ​មុន NASA បានប្រគល់​ថវិកា​ជាង ៤១៥ លាន​ដុល្លារ ទៅឱ្យ​ក្រុមហ៊ុន​ម៉ៅការ​ចំនួន ៣ គឺ Blue Origin, Northrop Grumman និង Nanoracks ដើម្បី​អភិវឌ្ឍ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម​មួយចំនួន​ដែល​វិស័យ​ឯកជន​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ និង​ជា​អ្នកគ្រប់គ្រង ក្នុង​បំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដែល​ដឹកនាំ​ដោយ សហរដ្ឋ​អាម៉េរិក នៅលើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី នៅពេល ISS «ចូលនិវត្តន៍» នៅ​ចុង​ទសវត្សរ៍​នេះ។

    ក្រុម​វិស្វករ​សង្ឃឹមថា Dream Chaser នឹង​បើក​ទំព័រ​សករាជ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​អវកាស និង​ការស្រាវជ្រាវ​អវកាស។ ជើងហោះហើរ​ដំបូង​ទៅកាន់​ទី​អវកាស​របស់ Dream Chaser អាច​កើតឡើង​នៅ​ចុងឆ្នាំ ២០២២៕

  • «កុំ​សន្សំ​ប្រាក់​សម្រាប់កូនៗ មុនពេល​សន្សំទ្រព្យ​សម្រាប់​ខ្លួនឯង» នេះ​ជា​អនុសាសន៍​របស់​អតីត​មេដឹកនាំ​មួយរូប នៃ​ក្រុមហ៊ុន​អាម៉េរិក JPMorgan

    «កុំ​សន្សំ​ប្រាក់​សម្រាប់កូនៗ មុនពេល​សន្សំទ្រព្យ​សម្រាប់​ខ្លួនឯង» នេះ​ជា​អនុសាសន៍​របស់​អតីត​មេដឹកនាំ​មួយរូប នៃ​ក្រុមហ៊ុន​អាម៉េរិក JPMorgan

    Anne Lester អតីត​ប្រធាន​ផ្នែក​ដំណោះស្រាយ​សម្រាប់​ការចូលនិវត្តន៍​របស់​ក្រុមហ៊ុន JPMorgan Asset Management បានលើកឡើង​នូវ​អនុសាសន៍​ចំនួន ៦ ប្រការ​ដែល​ទាក់ទង​នឹង​ការត្រៀម​សម្រាប់​អនាគត។

    ក្នុងចំណោម​អនុសាសន៍​ទាំងនេះ យើង​ឃើញថា អនុសាសន៍​ទី ៦ ដែល​និយាយ​អំពី «ការ​សន្សំ​ប្រាក់​សម្រាប់កូនៗ មុន​ការ​សន្សំទ្រព្យ​សម្រាប់​ខ្លួនឯង» គឺជា​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍។

    អ្នកស្រី Anne Lester លើកឡើងថា នៅពេល​អ្នក​បាន​ក្លាយជា​ឪពុក ឬ​ម្ដាយ​គេ អ្នក​ប្រាកដជា​មានបំណង​លើកយក​តម្រូវការ​រប​ស់កូនៗ ដាក់​ទៅក្នុង​បញ្ជី​អាទិភាព ជាជាង​តម្រូវការ​របស់ខ្លួន។ ប៉ុន្តែ ការ​សន្សំ​ប្រាក់​សម្រាប់​បង់ថ្លៃ​សាលា​មហាវិទ្យាល័យ​ឱ្យកូនៗ នៅមុន​ការ​សន្សំ​ប្រាក់​សម្រាប់​ដំណាក់កាល​ចូលនិវត្តន៍​របស់ខ្លួន គឺជា​កំហុសឆ្គង​មួយ​ដ៏​ធំ។

    អ្នកស្រី Anne Lester កាល​នៅ​ធ្វើ​ការ​ឱ្យ​ J.P.Morgan

    «មាន​វិធីសាស្ត្រ​ជាច្រើន​សម្រាប់​ការបង់ថ្លៃ​សាលា​នាពេល​អនាគត​របស់កូនៗ ដូចជា ការចូលរួម​ប្រកួតប្រជែង​យក​អាហារូបករណ៍ និង​ការជ្រើសរើស​សាលា​ដែលមាន​ថ្លៃ​សិក្សា​ទាប ឬ​កម្ចី​ឥណទាន​ជាដើម» អ្នកស្រី Anne Lester និយាយ​ដូច្នេះ និង​បន្តថា៖ «កូន​ម្នាក់​របស់ខ្ញុំ​បាន​ចូល​សាកលវិទ្យាល័យ​សាធារណៈ ហើយ​មួយចំនួនទៀត​បានទទួល​អាហារូបករណ៍​រៀន​នៅ​សាលា​មួយចំនួន»។

    ការសិក្សា​នាពេល​អនាគត​របស់កូនៗ គឺមាន​វិធី​ជាច្រើន​ដើម្បី​រកប្រាក់​មក​បង់ថ្លៃ​សាលា ប៉ុន្តែ ការចំណាយ​នៅក្នុង​ដំណាក់កាល​ចូលនិវត្តន៍​របស់​អ្នក ទំនងជា​មិនមាន​វិធីសាស្ត្រ​ច្រើន​នោះទេ ក្រៅតែពី​ការ​សន្សំទ្រព្យ​ពេល​ខ្លួន​នៅមាន​សមត្ថភាព​រកប្រាក់។

    ក្រៅពី​ការណែនាំ​ខាងលើ អតីត​មេដឹកនាំ​មួយរូប​របស់ JPMorgan ក៏បានផ្ដល់​អនុសាសន៍​មួយចំនួនទៀត រួមមាន៖

    ១-គួរ​មាន​ខ្ទង់​សន្សំ​សម្រាប់​បញ្ហា​បន្ទាន់
    ២-គួរ​មាន​សេវា​ធានារ៉ាប់រង​សុខភាព
    ៣-គួរ​ទូទាត់​បំណុល​ដែលមាន​ការប្រាក់​ខ្ពស់​ឱ្យបាន​ឆាប់
    ៤-គួរ​កុំ​ទិញ​ផ្ទះ​លើសពី​តម្រូវការ
    ៥-គួរ​សកម្ម​ក្នុងការ​សន្សំទ្រព្យ​សម្រាប់​ដំណាក់កាល​ចូលនិវត្តន៍

  • អំណោយ​​ជា​លើក​ទី​ ៣ របស់ កម្ពុជា សម្រាប់​ផ្ដល់ជូន សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានរៀបចំ​រួចរាល់​ហើយ

    អំណោយ​​ជា​លើក​ទី​ ៣ របស់ កម្ពុជា សម្រាប់​ផ្ដល់ជូន សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានរៀបចំ​រួចរាល់​ហើយ

    នា​ព្រឹក​ថ្ងៃទី ៦ មករា​នេះ កម្ពុជា បានរៀបចំ​រួចរាល់​ហើយ​នូវ​សម្ភារ បរិក្ខា​វេជ្ជសាស្ត្រ ដែល​ត្រូវ​យកទៅ​ប្រគល់ជូន​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសា​សនា​ថា អំណោយ​ដែល កម្ពុជា នឹង​យកទៅ​ជូន​ដល់ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ព្រឹកស្អែក​នេះ រួមមាន ម៉ាស​ធម្មតា ៣ លាន​បន្ទះ, ម៉ាស N95 ចំនួន ២ សែន​បន្ទះ, វ៉ែនតា​ការពារ​ចំនួន ១ សែន, សម្លៀកបំពាក់​ការពារ​សុវត្ថិភាព (PPE) ចំនួន ៣ ម៉ឺន​ឈុត, របាំង​ការពារ​មុខ​ចំនួន ៣ ម៉ឺន, ស្បែកជើង​កវែង ៣ ពាន់​គូ, ម៉ាស៊ីន​ជំនួយ​ដង្ហើម ៥០ គ្រឿង,  ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ៥០ គ្រឿង និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ស្វ័យប្រវត្ត​ចំនួន ៥០ គ្រឿង។

    យោងតាម​លោកស្រី យក់ សម្បត្តិ កម្ពុជា បានផ្ដល់​ជំនួយ​ជា​បរិក្ខា​វេជ្ជសាស្ត្រ​សម្រាប់​ទប់ស្កាត់​កូ​វីដ-១៩ ដល់​ប្រទេស​ចំនួន ៦ រួចហើយ។ សម្រាប់ មី​យ៉ាន​ម៉ា វិញ កម្ពុជា ផ្ដល់ជំនួយ​ចំនួន ៣ លើក​ផងដែរ រាប់ទាំង​លើក​នេះ។

    ការប្រគល់​ជូន​នូវ​អំណោយ​ដល់ ប្រទេស​មី​យ៉ាន​ម៉ា នេះ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៨ មករា ក្នុងនាម​ជា​ប្រធាន​បន្តវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍៕