Author: សឿន សំណាង

  • ប្រទេស​ចិន ជិត​​បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ១ ជំនួស សហរដ្ឋ​អាម៉េរិក

    ប្រទេស​ចិន ជិត​​បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ១ ជំនួស សហរដ្ឋ​អាម៉េរិក

    ការនាំចេញ​របស់ ប្រទេស​ចិន ខ្ពស់ជាងពេលណាៗទាំងអស់ ចំណែក GDP ក៏​ខ្ពស់បំផុត​ក្នុងអំឡុងពេល​ជិត ១ ទសវត្សរ៍ បើទោះជា​មាន​វិបត្តិ​កូ​វីដ-១៩ ដូច្នេះ ថ្ងៃ​ដែល ប្រទេស​ចិន ចូលមក​កាន់កាប់​តំណែង «មហាអំណាច​សេដ្ឋកិច្ច​លេខ ១ របស់​ពិភពលោក» នឹងមិន​នៅ​យូរ​ទៀត​ទេ។

    យោងតាមសារព័ត៌មាន Bloomberg ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ស្ថិតិ​ជាតិចិន (NBS) ដែល​បានប្រកាស​កាលពី​ថ្ងៃទី ១៧ មករា ២០២២ បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ ប្រទេស​ចិន បាន​ឡើងដល់ ១១៤.៣៧ ទ្រី​លាន (១១៤,៣៧០,០០០,០០០,០០០) យុន ប្រហែល ១៨ ទ្រី​លាន​ដុល្លារ​អាម៉េរិក ខ្ពស់បំផុត​ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​កន្លង។

    ​អ្វីដែល​ពិសេស​ជាងនេះទៀត នោះ​គឺ ការនាំចេញ​សរុប​របស់ ប្រទេស​ចិន នៅ​ក្នុង​ឆ្នាំ ២០២១ បាន​កើន​ដល់ ៣.៣៦ ទ្រី​លាន (៣,៣៦០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក ខ្ពស់ជាងពេលណាៗទាំងអស់។ ឆ្នាំ ២០២១ តួលេខ​នៃ​ការនាំចេញ-នាំចូល​របស់ ប្រទេស​ចិន ក៏បាន​ឡើងដល់ ៦៧៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ សេដ្ឋកិច្ច​ប្រទេស​នេះ មាន​អតិរេក​ពាណិជ្ជកម្ម​នៃ​ការនាំចេញ-នាំចូល ឡើងដល់ ៦៧៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១។

    របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បង្ហាញថា GDP របស់ សហរដ្ឋ​អាម៉េរិក នឹង​កើន​តែ ៥.៦% នៅក្នុង​ឆ្នាំ ២០២១ ហើយ​ល្បឿន​នៃ​កំណើន​ជា​មធ្យម ត្រូវបាន​គណនា​ឃើញថា កើន​តែ ១.០៥% ក្នុងដំណាក់កាល ២០២០-​២០២។ មូលនិធិ​អន្តរជាតិ (IMF) ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ ២០២១ កើន​តែ ៦% ប៉ុណ្ណោះ។

    បច្ចុប្បន្ន អ្នកជំនាញ​ជាច្រើន​ព្រមាន​ថា ចិន អាច​ដណ្ដើមបាន​តំណែង​មហាអំណាច​សេដ្ឋកិច្ច​ទី ១ របស់​ពិភពលោក ពី​ដៃ សហរដ្ឋ​អាម៉េរិក នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ដែល​អាច​នៅ​ឆ្នាំ ២០៣០ ឬ​ឆ្នាំ ២០២៨៕

  • ក្លាយជា​មហាសេដ្ឋី ​ក្រោយ​ពី​​បោះ​បង់​​ការ​សិក្សា​ និង​​បើក​​ក្រុម​ហ៊ុន​​ផ្ដល់​​សេវា​​ទូទាត់​​វិក្កយ​បត្រ

    ក្លាយជា​មហាសេដ្ឋី ​ក្រោយ​ពី​​បោះ​បង់​​ការ​សិក្សា​ និង​​បើក​​ក្រុម​ហ៊ុន​​ផ្ដល់​​សេវា​​ទូទាត់​​វិក្កយ​បត្រ

    ប្រធាន​នាយក​ប្រតិបត្តិ​របស់ Checkout.com លោក Guillaume Pousaz បាន​បោះបង់​ការសិក្សា​នៅពេលដែល​ឱ​ពុក​របស់គាត់​មាន​ជំងឺមហារីក ហើយ​ក្រោយមក លោក​ក៏បាន​រៀន​ជិះ​ស្គី​លើ​រលក​ទឹក មុនពេល​បាន​ចូលរួម​ប្រលូក​ក្នុង​វិស័យ​ធនាគារ។

    លោក Guillaume Pousaz សិក្សា​មុខវិជ្ជា​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​នៅឯ​ស្រុកកំណើត​ក្នុង ប្រទេស​ស្វ៊ី​ស ដោយ​សង្ឃឹមថា បានធ្វើការ​ក្នុង​វិស័យ​ធនាគារ​វិនិយោគ។ ក្រោយមក ឪពុក​របស់គាត់​មាន​ជំងឺមហារីក ដូច្នេះ គាត់​ក៏បាន​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ក្នុង​ឆ្នាំ​សិក្សា​ចុងក្រោយ (២០០៥)។

    ពេល​ឪពុក​គាត់​លាចាក​លោក Guillaume Pousaz ក៏​ទៅ​រស់នៅក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក ហើយ​រៀន​ជិះ​ស្គី​លើ​រលក​សមុទ្រ ប៉ុន្តែ ចុងក្រោយ​គាត់​ក៏ត្រូវ​ចូលធ្វើ​ការឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ប្រាក់​មួយ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ​អស់​លុយ​ចាយ។

    ឆ្នាំ ២០១២ លោក Guillaume Pousaz បាន​បង្កើត​ក្រុមហ៊ុន​ទូទាត់​តាម​អន​ឡាញ Checkout.com។ «ខ្ញុំ​យល់ថា ប្រឹងប្រែង​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង វា​នឹង​ល្អ​ជាង​ការធ្វើ​ការឱ្យ​អ្នកដទៃ» លោក Guillaume Pousaz ប្រាប់ Telegraph ដូច្នេះ។

    កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​នេះ​ប្រមូល​ទុន​បាន ១ ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នកវិនិយោគ ក្នុងនោះ​ក៏មាន Tiger Global Management របស់ Chase Coleman និង Qatar Investment Authority ដែលជា​មូលនិធិ​វិនិយោគ​ជាតិ​របស់ ប្រទេស​កាតា។ Checkout.com ត្រូវបាន​កំណត់​តម្លៃ ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​ឱ្យទ្រព្យរបស់​លោក Pousaz កើន​ដល់​ប្រហែល ១៩.៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម Bloomberg Billionaires Index។

    Checkout.com ប្រមូលទុនបាន ១ ពាន់លានដុល្លារពីក្រុមអ្នកវិនិយោគ កាលពី​សប្ដាហ៍​កន្លង

    តាំងពី​ឆ្នាំ ២០០៩ បុរស​នេះ​បាន​ចំណាយ​ប្រាក់ ៣៥០,០០០ ដុល្លារ ទិញ​ក្រុមហ៊ុន​តូច​មួយ​នៅ Mauritius ដែលមាន​លិខិតអនុញ្ញាត​ក្នុងការ​ប្រតិបត្តិ​លើ​ការទូទាត់​តាមរយៈ​បណ្ដាញ​របស់ Mastercard និង Visa។ កាលណោះ ប្រព័ន្ធ​អន​ឡាញ​នានា មាន Gmail ជាដើម កំពុងស្ថិត​នៅក្នុង​ដំណាក់កាលដំបូងៗនៅឡើយ។

    ជំហាន​ដ៏​ធំ​មួយ​បាន​កើតឡើង​​ចំពោះ​ក្រុម​ហ៊ុន​នេះ​ កាលពី ៥ ឆ្នាំមុន។ Checkout ត្រូវបាន​ក្រុម​ហ៊ុន​ Netflix ជ្រើសរើស​ជា​ដៃគូ​ផ្គត់ផ្គង់​សេវា​ទូទាត់​វិក្កយបត្រ​របស់ខ្លួន។ ប្រការនេះ​បាន​ជួយ​ឱ្យ Pousaz ប្រមូល​ទុន​បានជា​លើកដំបូង។ កាលណោះ តម្លៃ​មូលធន​ទីផ្សារ​របស់ Checkout ត្រូវ​បានកំណត់​ត្រឹមតែ ២ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    Checkout រីកចម្រើន​បាន​យ៉ាង​លឿន​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង។ ក្នុង​ឆ្នាំ ២០២១ ក្រុមហ៊ុន​នេះ​បាន​បើក​ការិយាល័យ​ថ្មី​នៅក្នុង​ប្រទេស​ចំនួន ៦ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ជាង ២។ អតិថិជន​របស់ Checkout មានដូចជា ក្រុមហ៊ុន Pizza និង Coinbase ជាដើម។

    ក្រុមហ៊ុន​ដែលមាន​ការិយាល័យ​កណ្ដា​ល​នៅ ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស នេះ បានឱ្យដឹងថា ទុន​ដែល​ប្រមូលបាន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ សហរដ្ឋ​អាម៉េរិក និង​វិនិយោគ​ទៅលើ​វិស័យ​បច្ចេកវិទ្យា។

    ទ្រព្យ​ដែល​បាន​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ Pousaz បើក​បាន​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់ខ្លួន Zinal Growth។ ក្រុមហ៊ុន​នេះ​វិនិយោគ​ទៅលើ​បណ្ដា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (startup) មានដូចជា Ziina និង Wayflyer ក៏ដូចជា​ក្រុមហ៊ុន blockchain Snickerdoodle Labs ជាដើម។

    បើទោះជា​មានទ្រព្យ​ច្រើន ប៉ុន្តែ Pousaz នៅតែ​រក្សា​ទម្លាប់​រស់នៅ​តាមបែប​សាមញ្ញ។ បច្ចុប្បន្ន គាត់ និង​គ្រួសារ រស់នៅក្នុង ទីក្រុង​ឌូ​បៃ របស់ ប្រទេស​អារ៉ាប់​រួម (United Arab Emirates) ដើម្បី​គ្រប់គ្រង​មុខ​ជំនួញ​នៅ មជ្ឈិមបូព៌ា៕

  • ក្រសួង​អប់រំ ជ្រើសរើស​បេក្ខជន​ជាប់​បាក់​ឌុប​ជិត ១០,០០០ នាក់ ឱ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ថ្លៃ

    ក្រសួង​អប់រំ ជ្រើសរើស​បេក្ខជន​ជាប់​បាក់​ឌុប​ជិត ១០,០០០ នាក់ ឱ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ថ្លៃ

    ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជ្រើសរើស​បេក្ខជន​ជាប់​បាក់​ឌុប ចំនួន ៩,៨១៨ នាក់ ឱ្យទទួល​អាហារូបករណ៍ ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​បង់ថ្លៃ នេះ​បើតាម ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

    បេក្ខជន​ជាប់​បាក់​ឌុប ចំនួន ៩,៨១៨ នាក់ ដែល​ត្រូវបាន​ជ្រើសរើស នឹងត្រូវ​ទទួលបាន​អាហារូបករណ៍ ១០០% សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២។

    ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អគ្គលេខាធិការ ​ក្រសួងអប់រំ យុវជន និង​កីឡា ក៏​​បានបញ្ជាក់​ថា បេក្ខជន​ដែល​ចុះឈ្មោះ​សុំ​អាហារូបករណ៍ នឹងត្រូវ​ទទួលយក​ល​ក្ខ​ខណ្ឌ​ចំនួន ២ គឺ៖ ទី ១ ជ្រើសរើស​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​ផ្អែកលើ​និទ្ទេស​រួម​នៃ​លទ្ធផល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២០-២០២១។ ចំណែក លក្ខខណ្ឌ​ទី ២ គឺ​តាមរយៈ​ការប្រឡង​របស់​បេក្ខជន​នៅតាម​គ្រឹះស្ថានសិក្សា​នានា និង​មិនទាន់បាន​ជាប់​អាហារូបករណ៍​នៅ​ឡើយ។

    គួរ​រំលឹក​ផងដែរ​ថា យោងតាម​លទ្ធផល​ដែល​បង្ហាញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន​ជាង ៧០,០០០ នាក់ ស្មើនឹង ៦៥,៦៥% ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​រហូតដល់ ១,៧៥៣ នាក់ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​បេក្ខជន​ជាប់​និទ្ទេស A ៤៤៣ នាក់ កាលពី​ឆ្នាំ ២០១៩៕

  • ក្រុមហ៊ុន​អ៊ីស្រាអែល កំពុង​ផលិត​សាច់​ត្រី​សាល់​ម៉ុង​សិប្បនិម្មិត ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​តម្លៃ ៥៨៦ ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន​អ៊ីស្រាអែល កំពុង​ផលិត​សាច់​ត្រី​សាល់​ម៉ុង​សិប្បនិម្មិត ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​តម្លៃ ៥៨៦ ពាន់​លាន​ដុល្លារ

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែលមាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​អាហារ Plantish របស់ អ៊ីស្រាអែល កំពុង​បំពេញបេសកកម្ម​សង្គ្រោះ​មហាសមុទ្រ តាមរយៈ​ការអភិវឌ្ឍ​សាច់​ត្រី​សិប្បនិម្មិត។

    Plantish កាលពី​ថ្ងៃទី ១៣ មករា បានប្រកាសថា មុខម្ហូប «សាច់​ត្រី​សាល់​ម៉ុង​សម្រាប់​អ្នក​ចូលចិត្ត​បន្លែ» របស់​ពួកគេ ត្រូវបានធ្វើ​ត្រាប់​តាម​រូបមន្ត រចនាសម្ព័ន្ធ និង​ក្លិន​របស់​ត្រីពិត។ វា​ត្រូវបាន​ធ្វើឡើង​អំពី​ម្សៅសណ្ដែក ផ្សំ​ជាមួយ​ប្រេង​សា​រ៉ា​យ និង​វត្ថុ​ធាតុ​ស្អិត​មួយចំនួន​ផ្សេងទៀត។

    ផលិតផល​នេះ​ក៏​ផ្ដល់​ប្រូតេអ៊ីន, អូ​មេ​ហ្គា-៣, អូ​មេ​ហ្គា-៦ និង​វីតាមីន-B ប៉ុន្តែ ពុំមាន​ផ្ទុក​សារធាតុ​បារត និង​មីក្រូ​ប្លា​ស្ទិ​ក ជាដើម ដែល​អាចមាន​នៅក្នុង​ត្រី​សមុទ្រ។

    ក្រុមហ៊ុន Plantish កំពុង​សហការ​ជាមួយ​មេ​ចុងភៅ​ល្បីឈ្មោះ Jone Andres ដើម្បី​ផ្គត់ផ្គង់​មុខម្ហូប​ធ្វើ​អំពី​សាច់​ត្រី​សាល់​ម៉ុង​សិប្បនិម្មិត​របស់​ពួកគេ នៅ​ភោជនីយដ្ឋាន​មួយចំនួន​ដែល​បានជ្រើសរើស​នៅក្នុង​ឆ្នាំនេះ និង​ឆ្ពោះទៅរក​ការដាក់​លក់​ក្នុង​ទីផ្សារ​នៅក្នុង​ឆ្នាំ ២០២។

    Plantish ផលិត​សាច់​ត្រី​សាល់​ម៉ុង​ធ្វើ​អំពី​រុក្ខជាតិ​នេះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បោះ​ពុ​ម្ភ ៣D ជា​វិធី​មួយ​ដែល​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ផលិត​អាហារ​សិប្បនិម្មិត​ដែលមាន​ប្រភពពី​រុក្ខជាតិ។

    IMARC Group ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​លំដាប់​កំពូល​របស់​ពិភពលោក បានឱ្យដឹងថា ទីផ្សារ​អាហារ​សមុទ្រ​បច្ចុប្បន្ន​មានតម្លៃ​ប្រហែល ៥៨៦ ពាន់​លាន​ដុល្លារ ក្នុងនោះ​ត្រី​សាល់​ម៉ុង មាន​ចំណែក​ទីផ្សារ ៥០ ពាន់​លាន​ដុល្លារ។

    ការនេសាទ​ហូ​ស​កម្រិត​កំពុងតែ​គំរាមកំហែង​ដល់​ប្រព័ន្ធ​ជីវចម្រុះ​នៅក្រោម​ទឹកសមុទ្រ នាំឱ្យ​ប្រភេទ​ត្រី​សមុទ្រ​មួយចំនួន​ប្រឈម​នឹង​ការ​ផុត​ពូជ។ ដូច្នេះ ក្រុមហ៊ុន Plantish សង្កត់ធ្ងន់ថា ពួកគេ​កំពុង​បំពេញបេសកកម្ម​ជួយសង្គ្រោះ​ត្រី​សមុទ្រ៕

  • កូវីដ-១៩ នៅ កម្ពុជា​! រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ កម្ពុជា​! រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៧ មករា​ កម្ពុជា​ បាន​រកឃើញ​អ្នក​ឆ្លងថ្មី​នូវ​ជំងឺ​​កូវីដ-១៩ ២២ នាក់ ក្នុង​នោះ​​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ៥ នាក់ និង ករណី​ធ្វើ​ដំណើរពីបរទេស ១៧ នាក់។ ទាំង​នេះ សុទ្ធ​តែ​ជា​ករណី អូមីក្រុង​។

  • ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​ចិន​ខាងត្បូង

    ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​នាវា​វាយ​ឡើង​ច្រាំង Essex កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅលើ សមុទ្រ​ចិន​ខាងត្បូង ដើម្បី​លើកកម្ពស់​សក្ដានុពលរ​បស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក នៅក្នុង​តំបន់​នេះ។

    កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក ទើបតែ​បានប្រកាសថា ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​វាយ​ឡើង​ច្រាំង Essex ទើបតែ​បានធ្វើ​សមយុទ្ធ​វាយលុក​នៅលើ សមុទ្រ​ចិន​ខាងត្បូង។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ២ គ្រឿង បាន​ចូលមក​កាន់​តំបន់ សមុទ្រ​ចិន​ខាត​ត្បូង កាលពី​ថ្ងៃទី ១១ មករា និង​បញ្ចប់​កាលពី​ថ្ងៃទី ១៦ មករា។

    វិញ្ញាសា​នៃ​សមយុទ្ធ​នេះ​រួមមាន ការវាយប្រហារ​ដែនសមុទ្រ​ដោយមាន​ការសម្របសម្រួល ការ​ជ្រៀតចូល​តំបន់​សមុទ្រ​របស់​សត្រូវ ការ​ប្រមាញ់​នាវាមុជទឹក ការផ្គត់ផ្គង់​ប្រេង​លើ​សមុទ្រ និង​ការ​ចល័ត​ជា​ទម្រង់។

    ប្រកាស​របស់ កងទ័ពជើងទឹក​អាម៉េរិក ឱ្យដឹងថា នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​ដើម្បី​លើកកម្ពស់​លទ្ធភាព​នៃ​ការប្រុងប្រៀប និង​ការសហការ​នៃ​កងទ័ពជើងទឹក នៅក្នុង​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    នាវា​ផ្ទុក​យន្តហោះ USS Carl Vinson

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson និង​នាវា​វាយ​ឡើង​ច្រាំង Essex គឺជា​នាវា​ធំ​បំផុត​ក្នុងចំណោម​នាវាចម្បាំងធំៗជាងគេ​របស់ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក។

    ក្រុម​នាវា Carl Vinson រួមមាន នាវា​ផ្ទុក​យន្តហោះ USS Carl Vinson, នាវា​ល្បាត​មាន​កាំជ្រួច​នាំ​ផ្លូវ​ដោយ​ប្រព័ន្ធ​កំណត់​ទិស USS Lake Champlain, នាវា​ពិឃាត ៣ គ្រឿង​ដែល​រួមមាន USS Michael Murphy, USS O’Kane និង USS Chafee។ ក្រុម​សហការ​ជាមួយ​នាវា Carl Vinson គឺ​ក្រុម​ហោះហើរ​នៅលើ​នាវា​លេខ២ រួមមាន ៩ ក្រុម ដែលមាន​យន្តហោះ​ចម្បាំង​រាប់សិប​គ្រឿង ក្នុងនោះ​មាន​ទាំង​អង្គភាព​យន្តហោះ​បំបាំងកាយ F-35C ផងដែរ។

    នាវា​​ផ្ទុក​យន្ត​ហោះ​ វាយប្រហារ​ឡើង​ច្រាំង USS Essex

    ក្រុម​ប្រយុទ្ធ Essex រួមមាន នាវា​វាយប្រហារ​ឡើង​ច្រាំង USS Essex ដែលមាន​ផ្ទុក​យន្តហោះ F0-35C និង​ឧទ្ធម្ភាគចក្រ, នាវា​ផែ​វាយ​ឡើង​ច្រាំង USS Pearl Harbor និង​អង្គភាព​វាយ​ឡើង​ច្រាំង​ក្រៅប្រទេស​លេខ ១។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច មានដូចជា អង់គ្លេស បារាំង និង អាល្លឺម៉ង់ ជាដើម ថ្មីៗនេះ​បាន​បង្កើន​វត្តមាន​កង​ទ័ព​របស់ខ្លួន​នៅ សមុទ្រ​ចិន​ខាងត្បូង ក្នុង​គ្រា​ដែល​ភាព​តានតឹង​រវាង ចិនដីគោក និង​បណ្ដា​ប្រទេស​នៅជាប់ សមុទ្រ​ចិន​ខាងត្បូង កំពុង​កើនឡើង​ខ្ពស់ ទាក់ទិន​នឹង​ជម្លោះ​ដណ្ដើម​ដែនទឹក និង​កោះ​ទាំងឡាយ​នៅ​តំបន់​នេះ៕

     

  • អ៊ីស្រាអែល៖ ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ មិនអាច​ទប់ស្កាត់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង!

    អ៊ីស្រាអែល៖ ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ មិនអាច​ទប់ស្កាត់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង!

    ប្រភពព័ត៌មាន​ពី​ទីក្រុង Tel Aviv កាលពី​ថ្ងៃទី ១៧ មករា បាន​ដកស្រង់​លទ្ធផល​បឋម​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សុខាភិបាល Shedba របស់ អ៊ីស្រាអែល បង្ហាញថា ដូ​ស​ទី ៤ នៃ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​របស់ អូ​មី​ក្រុង។

    សាស្ត្រាចារ្យ Gili Regev-Yochay ដែលជា​អ្នកជំនាញ​របស់ Shedba បានឱ្យដឹងថា បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​បាន​កើនឡើង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ។ ប៉ុន្តែ ជាក់ស្ដែង​នៅតែមាន​អ្នក​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បើ​ទោះ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ រួចហើយ។ ប្រការនេះ​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​បណ្ដា វ៉ា​រ្យ៉​ង់ ដូចជា ដេ​លតា និង អាល​ហ្វា ប៉ុន្តែ មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​នៅ​ចំពោះមុខ អូ​មី​ក្រុង។

    បញ្ហា​នេះ​ត្រូវបាន​ក្រុមអ្នកវិភាគ​យល់ថា អាច​នាំឱ្យ​មានការ​មន្ទិល​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់ អ៊ីស្រាអែល នៅក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដូ​ស​ទី ៤ ដល់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ។ ក៏ប៉ុន្តែ លោកស្រី Regev-Yochay យល់ថា ដូ​ស​ទី ៤ នៅតែ​អាច​នាំមក​នូវ​ប្រសិទ្ធភាព​សម្រាប់​ក្រុម​ដែល​ងាយ​រងគ្រោះ។

  • ជាង ៤០ នាក់ បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​​លិច​ទូក​​នៅ​សមុទ្រ​របស់ ម៉ា​រ៉ុ​ក

    ជាង ៤០ នាក់ បាន​ស្លាប់ ក្នុង​ហេតុ​ការណ៍​​លិច​ទូក​​នៅ​សមុទ្រ​របស់ ម៉ា​រ៉ុ​ក

    ជន​ចំណាកស្រុក​ចំនួន ៤៣ នាក់ ក្នុងនោះ​មាន​ទារក ៣ នាក់ និង​ស្ត្រី ១៤ នាក់ បាន​បាត់​បង់ជីវិត នៅពេលដែល​​ទូក​​ដឹក​ពួកគេ​បាន​លិច​នៅឯ​សមុទ្រ Tarfaya ភាគខាងត្បូង​ប្រទេស​ម៉ា​រ៉ុ​ក។

    ប្រភពព័ត៌មាន​ពី អាហ្វ្រិក​ខាងជើង បានឱ្យដឹងថា នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី ១៧ មករា អង្គការក្រៅរដ្ឋាភិបាល Caminando Fronteras របស់ អេ​ស្ប៉ា​ញ ឱ្យដឹងថា ហេតុការណ៍​ដ៏​សន្ធ​ត់​នេះ​កើតឡើង​មួយថ្ងៃ​មុន​នោះ ក្នុងនោះ​ជនរងគ្រោះ​ភាគច្រើន​មកពី​បណ្ដា​ប្រទេស​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់ សាហា​រ៉ា របស់ អាហ្វ្រិក។ ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស​ចំនួន ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ។

    ក្រុម​ជន​ចំណាកស្រុក​ខាងលើ ត្រូវបាន​គេ​ជឿថា កំពុង​ស្វែងរក​វិធី​ទៅកាន់​ប្រជុំ​កោះ Canary របស់ អេ​ស្ប៉ា​ញ ដែលមាន​ចម្ងាយ​ពី Tarfaya ប្រហែល ១០០ គីឡូម៉ែត្រ។

    ស្ថិតនៅ​ភាគ​ពាយព្យ​បង្អស់​របស់ ទ្វីបអាហ្វ្រិក ម៉ា​រ៉ុ​ក គឺជា​ប្រទេស​សម្រាប់​ដំណើរ​ឆ្លងដែន​របស់​ព​ល​រដ្ឋ​ចំណាកស្រុក​មកពី​បណ្ដា​ប្រទេស​នៅលើ​ឆ្នេរ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឬ​តំបន់​មជ្ឈិម​បូ​ពា៍ ដែល​ស្វែងរក​ផ្លូវ​ទៅកាន់ ទ្វីបអឺរ៉ុប។

    យោងតាម​របាយការណ៍​មួយ​ដែល​បានប្រកាស​កាលពី​ដើមខែ​នេះ Caminando Fronteras បានឱ្យដឹងថា ជន​ចំណាកស្រុក​ជាង ៤,០០០ នាក់ បាន​ស្លាប់ ឬ​បាត់​ខ្លួន ក្នុង​ឆ្នាំ ២០២១ នៅពេល​ព្យាយាម​ឆ្លង​សមុទ្រ​ទៅកាន់ ប្រទេស​អេ​ស្ប៉ា​ញ ។ តួលេខ​នេះ​គឺ​ច្រើនជាង​ទ្វេដង ធៀប​នឹង​ឆ្នាំ ២០២០។ ចំណែក​ទិន្នន័យ​ថ្មី​បំផុត​របស់​ក្រសួងមហាផ្ទៃ​អេ​ស្ប៉ា​ញ បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២១ មាន​ជន​ចំណាកស្រុក​ខុសច្បាប់​ជាង ៣៧៣,០០០ នាក់ ដែល​ភាគច្រើន​មកពី ម៉ា​រ៉ុ​ក បានមក​ដល់ អេ​ស្ប៉ា​ញ ដោយ​ឆ្លងកាត់​ប្រជុំ​កោះ Balearic និង Canary៕

  • ស្មៅ​បន្លា​ព្រះខ្លប ត្រូវ​បាន​ជនជាតិ​ចិន ចាត់ទុកជា​ថ្នាំ​​​សម្រាប់​ព្យាបាល​ជំងឺច្រើន​មុខ

    ស្មៅ​បន្លា​ព្រះខ្លប ត្រូវ​បាន​ជនជាតិ​ចិន ចាត់ទុកជា​ថ្នាំ​​​សម្រាប់​ព្យាបាល​ជំងឺច្រើន​មុខ

    កាលពី​ក្មេង ខ្ញុំ​ចូលចិត្ត​លេង​ស្មៅ​បន្លា​ព្រះខ្លប​នេះ ដោយសារតែ​នៅពេល​យកដៃ​ទៅ​ប៉ះ​ភ្លាម វា​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូលក្នុង ហាក់​ផ្ដល់​ការគោរព​ដល់​ខ្ញុំ ប៉ុន្តែ មិនដឹងថា នៅ​ស្រុក​យើង មាន​បងប្អូន​ណា​យក​ស្មៅ​នេះ​មក​ធ្វើជា​ថ្នាំ ឬ​អត់។

    ស្មៅ​បន្លា​ព្រះខ្លប មាន​បន្លាខ្លីៗ ស្លឹកល្អិតៗ កាលណា​ប៉ះពាល់​នឹង​អ្វីមួយ ឬ​កម្រើក​ដោយ​ខ្យល់​ក៏​ខ្លប​ក្ដោប​ស្លឹក​ចូលក្នុង ចំណែក​ផ្ការ​របស់​វា​វិញ​មាន​សម្បុរ​ក្រហម​ស្ទើរ​ស្វាយ។ ស្មៅ​បន្លា​ព្រះខ្លប ក៏​ត្រូវបាន​អ្នកស្រុក​ខ្លះ​ហៅថា ស្មៅ​បន្លា​បង្ក្រាប។ ស្មៅ​នេះ​ភាគច្រើន​ដុះ​នៅតាម​ចំការ​ដំណាំ ក្បែរ​ផ្ទះ​នៅ​ស្រុកស្រែ នៅ​មាត់បឹង ឬ​នៅតាម​វាល​ដែលមាន​រុក្ខជាតិ​ច្រើន។

    ស្មៅ​បន្លា​ព្រះខ្លប​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Mimosa pudica L។ នៅ ប្រទេស​ចិន ស្មៅ​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ច្រើន​មុខ។

    ១-កាត់បន្ថយ​ការឈឺចាប់

    ស្លឹក និង​ដើម​របស់​ស្មៅ​នេះ​ផ្ទុក alkaloid ដែល​តែង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកាត់បន្ថយ​ការឈឺចាប់ ឬ​ប្រើ​ជា​ថ្នាំស្ពឹក។ ដូច្នេះ អ្នកស្រុក​ចិន ចូលចិត្ត​យក​ស្មៅ​បន្លា​ព្រះខ្លប​ធ្វើជា​តែ​សម្រាប់​ឆុង​ផឹក​នៅពេល​ឈឺធ្មេញ ឈឺចង្កេះ ឬ​ឈឺសន្លាក់។

    ២-ព្យាបាល​ជំងឺ​ផ្លូវដង្ហើម

    ឫស​របស់​ស្មៅ​នេះ​ត្រូវបាន​យកទៅ​ចិញ្ច្រាំ និង​យកទៅ​ព្យាបាល​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ។ យក​ឫស​របស់​វា​ដែល​បាន​ចិញ្ច្រាំ​ប្រហែល ១០០ ក្រាម ដាក់ចូល​ទឹក ៦០០ មិ​ល្លី​លីត្រ រួច​ដាំ​ឱ្យ​ពុះ​រហូត​នៅសល់​ប្រហែល ១០០ មី​ល្លិ​លីត្រ ហើយ​ចែកជា ២ សម្រាប់​ផឹក​ក្នុង ១ ថ្ងៃ និង​ត្រូវ​ផឹក​ឱ្យបាន ១០ ថ្ងៃ សម្រាប់​ការព្យាបាល​ម្ដង។

    ៣-កាត់បន្ថយ​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ប្រសាទ ពិបាក​គេង

    លាង​ស្លឹក​របស់​ស្មៅ​បន្លា​ព្រះខ្លប​ឱ្យ​ស្អាត រួច​ហាល់​ស្ងួត ទុក​ឆុង​ផឹក​ម្ដង/ថ្ងៃ ក្នុង​រយៈពេល ១០ ថ្ងៃ។

    ៤-ព្យាបាល​របួស​ស្បែក

    ក្នុង​រុក្ខជាតិ​នេះ​ផ្ទុក tannin ជំរុញ​ឱ្យ​ឈាមកក​បាន​លឿន មាន​ប្រសិទ្ធភាព​ក្នុងការ​ឃាត់ឈាម។ ពេល​ត្រូវរបួស​ស្បែក ជនជាតិ​ចិន តែង​យក​ស្លឹក​របស់​ស្មៅ​បន្លា​ព្រះខ្លប​ស្រស់ ចិញ្ច្រាំ​ឱ្យ​ល្អិត ចេញ​ជាតិ​ទឹក រួច​បិទ​លើ​កន្លែង​របួស។

    ក្រៅពីនេះ ស្មៅ​បន្លា​ព្រះខ្លប​ក៏មាន​ប្រសិទ្ធភាព​មួយចំនួនទៀត​ដូចជា៖

    -ព្យាបាល​បញ្ហា​រលាក​ក្រពះ
    -ជួយ​បណ្ដេញ​ជាតិពុល​ក្នុង​ថ្លើម
    -ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់
    -ព្យាបាល​អាការ​ទល់ពោះ ពិបាក​រំលាយ​អាហារ

    ទោះជា​យ៉ាងណាក៏ដោយ មុននឹង​ប្រើប្រាស់​ឱសថ​បុរាណ​នេះ គ្រប់គ្នា​គួរតែ​សួរ​យោបល់​ពី​គ្រូពេទ្យ​ជាមុន ពិសេស​គឺ​មិនត្រូវ​ប្រើ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​ដែលមាន​បញ្ហា​កម្លាំង​ចុះខ្សោយ ស្គម និង​ស្លេកស្លាំង៕

  • ការស្រាវជ្រាវ៖ យុវវ័យ​ដែល​ចំណាយ​ជាង ៥ ម៉ោង/ថ្ងៃ លើ​បណ្ដាញ​សង្គម ងាយ​មាន​វិបត្តិ​ផ្លូវចិត្ត

    ការស្រាវជ្រាវ៖ យុវវ័យ​ដែល​ចំណាយ​ជាង ៥ ម៉ោង/ថ្ងៃ លើ​បណ្ដាញ​សង្គម ងាយ​មាន​វិបត្តិ​ផ្លូវចិត្ត

    ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Arkansas បាន​រកឃើញថា មនុស្ស​វ័យក្មេង​ដែល​ចំណាយពេល​កាន់តែច្រើន​នៅលើ​បណ្ដាញ​សង្គម ពួកគេ​កាន់​តែមាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត។

    បច្ចុប្បន្ន មិន​ថា​ចាស់ ឬ​ក្មេង មាន ឬ​ក្រ មនុស្ស​ភាគច្រើន​បានចាត់ទុក​ថា ទូរស័ព្ទ​ឆ្លាត​វៃ​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​របស់​​ពួក​គេ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Arkansas បានឱ្យដឹងថា យុវវ័យ​ដែល​ចំណាយពេល​កាន់តែច្រើន​នៅលើ​បណ្ដាញ​សង្គម ពួកគេ​កាន់​តែមាន​ហានិភ័យ​ខ្ពស់ កើតរោគ​ចិត្ត។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ខាងលើ​បង្ហាញថា ក្រុមមនុស្ស​វ័យក្មេង​ដែល​ចំណាយពេល​ជាង ៣០០ នាទី (៥ ម៉ោង) ក្នុង ១ ថ្ងៃ សម្រាប់​ការលេង​បណ្ដាញ​សង្គម មាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត​ខ្ពស់ជាង​ជិត ៣ ដង ធៀប​នឹង​មនុស្ស​ដែល​លេង​បណ្ដាញ​សង្គម​តិចជាង ១២០ នាទី (២ ម៉ោង) រៀងរាល់ថ្ងៃ។ អ្នកវិទ្យាសាស្ត្រ​ជឿថា ការគិត​មមៃ​ទៅដល់​ថ្នាល​បច្ចេកវិទ្យា ដូចជា Instagram, Twitter ឬ Facebook ជាដើម កំពុងតែ​ចូលមក​ប្ដូរផ្លាស់​ការកើតឡើង​នៃ​មនោសញ្ចេតនា​មិត្តភក្ដិ និង​ការ​ឈានដល់​គោលដៅ​ក្នុង​ពិភព​ពិត​របស់​ពួកគេ។

    ក្រុម​អ្នកស្រាវជ្រាវ​ក៏​យល់ថា ក្រុម​យុវវ័យ​កំពុង​ប្រៀបធៀប​ខ្លួនឯង​ជាមួយនឹង​ការរស់នៅ​ដ៏​ល្អឥតខ្ចោះ​ដែល «បាន​ឆ្លងកាត់​ការកាត់ត» ដែល​ពួកគេ​បានឃើញ​លើ​បណ្ដាញ​សង្គម ដែល​ទាំងនេះ​សុទ្ធតែជា​ប្រការ​មិនអាច​កើតមាន​នៅក្នុង​ពិភព​ពិត។ បញ្ហា​នេះ​ធ្វើឱ្យ​ពួកគេ​មានការ​បន្ទោស បង្អាប់ ឬ​វាយតម្លៃ​ទាប​លើ​ខ្លួនឯង នៅពេល​ប្រៀបធៀប​ជាមួយនឹង​រូបភាព​ដែល​ពួកគេ​បានឃើញ។

    នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ដំបូង លើ​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​រោគ​ផ្លូវចិត្ត ក្រុម​អ្នកវិទ្យាសាស្ត្រ​បារម្ភ​ថា កូ​វីដ-១៩ នឹង​ធ្វើឱ្យ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​កើតឡើង ហើយ​បណ្ដាលឱ្យ​បញ្ហា​សុខភាព​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្ទង់​មតិ​លើ ជនជាតិ​អាម៉េរិក ជាង ១,០០០ នាក់ ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ដើម្បី​វាស់​ស្ទង់​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ ជាមួយនឹង​ការដែល​ពួកគេ​លេង​បណ្ដាញ​សង្គម។

    លទ្ធផល​បង្ហាញថា ក្រុមមនុស្ស​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​លើសពី ៥ ម៉ោង/ថ្ងៃ មាន​ហានិភ័យ​កើត​ជំងឺផ្លូវចិត្ត​ខ្ពស់ជាង ២.៨ ដង នៅក្នុង​រង្វង់ ៦ ខែ ធៀប​ជាមួយនឹង​អ្នក​ដែល​លេង​ត្រឹមតែ ២ ម៉ោង/ថ្ងៃ។

    វេជ្ជបណ្ឌិត Cesar Escobar-Viera ជំនួយការ​សាស្ត្រាចារ្យ​ឯកទេស​ផ្នែក​វិកលចរិត នៃ​សាកលវិទ្យាល័យ Pittsburgh បានឱ្យដឹងថា៖ «ពេលវេលា​ដែល​សល់​លើ​បណ្ដាញ​សង្គម អាច​ចូលមក​ជំនួស​សកម្មភាពសំខាន់ៗជាង ដូចជា ការបង្កើត​ទំនាក់ទំនង​ល្អ ការសម្រេចបាន​គោលដៅ​លក្ខណៈ​ឯកជន ឬ​អាជីវកម្ម ការងារ ក៏ដូចជា​ពេលវេលា​សម្រាប់​ពិចារណា​ដែលមាន​តម្លៃ»៕