Author: សឿន សំណាង

  • មហា​ព្យុះព្រឹល វាយ​ប្រហារ​ទឹកដី​ភាគ​ខាងកើត​​របស់ សហរដ្ឋ​អាម៉េរិក

    មហា​ព្យុះព្រឹល វាយ​ប្រហារ​ទឹកដី​ភាគ​ខាងកើត​​របស់ សហរដ្ឋ​អាម៉េរិក

    ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាងកើត​នៃ ទឹកដី​សហរដ្ឋ​អាម៉េរិក កំពុងស្ថិត​ក្រោម​ព្រឹល​យ៉ាង​ក្រាស់ ដោយសារតែ​ព្យុះ​ព្រឹល​នា​រដូវរងា​ធំ​បំផុត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​មកនេះ។

    តំបន់​ភាគ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៩ មករា បាន​រង​ការវាយប្រហារ​ពី​ព្យុះ​ព្រឹល​យ៉ាង​ធំ​មួយ ធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី បណ្ដាលឱ្យ​ចរាចរណ៍​មាន​ភាពច្របូកច្របល់។

    នៅក្នុង​រូបថត​ខាងលើ​គឺជា​គ្រឿងចក្រ​កំពុង​ឈូស​ព្រឹល ដើម្បី​សម្អាត​ផ្លូវ​ថ្នើ​រ​ជើង​នៅក្នុង​តំបន់ ម៉ែន​ហា​ធិ​ន (Manhattan) ក្នុង​ទីក្រុង​នី​វ​យ៉​ក កាលពី​ថ្ងៃទី ២៩ មករា។

    ក្រុម​បុគ្គលិក​កំពុងតែ​ឈូស​ព្រឹល​ចេញពី​រថយន្ត​នៅ ប្រូ​វី​ដិ​ន (Providence) ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ រ៉ូ​ដ អៃ​ឡែ​ន (Rhode Island) កាលពី​ថ្ងៃទី ២៩ មករា នៅពេល​ព្យុះ​ព្រឹល​វាយប្រហារ។

    បុគ្គលិក​សណ្ឋាគារ XV Beacon នៅ​ទីក្រុង ប៊ូ​ស្តុ​ន (Boston) រដ្ឋ ម៉ាស្សា​ជូ​សេត (Massachusetts) កំពុង​សម្អាត​ព្រឹល​នៅខាងមុខ​អគារ។

    អាជ្ញាធរ​គ្រប់គ្រង​អាកាសធាតុ​ជាតិ (NWS) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ព្យុះ​ព្រឹល​នេះ​មាន​កម្លាំង​ខ្លាំង​បំផុត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លងមកនេះ បណ្ដាលឱ្យ​ប្រជាជន​ប្រហែល ៧០ លាន​នាក់​រង​ផលប៉ះពាល់ ពិសេស​គឺ​នៅក្នុង​បណ្ដា​ទីក្រុង​ដូចជា នី​វ​យ៉​ក និង ប៊ូ​ស្តុ​ន ជាដើម។

    (រូប​ខាងលើ) ស្ត្រី​ម្នាក់​កំពុង​ដឹក​សុនក​ដើរលេង​ក្នុង​ឧទ្យាន សែន​ត្រល់​ផាក់ (Central Park) របស់ ទីក្រុង​នី​វ​យ៉​ក បន្ទាប់ពី​ព្យុះ​ព្រឹល​បាន​វាយប្រហារ។

    តំបន់​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង រដ្ឋ​នី​វ​យ៉​ក និង ម៉ាស្សា​ជូ​សេត មាន​ព្រឹល​កម្រាស់ ៦១ ស.ម។ ផ្ទះ​ជាង ៩៥,០០០ ខ្នង នៅ ម៉ាស្សា​ជូ​សេត ត្រូវ​ដាច់​ចរន្តអគ្គិសនី។

    ប្រជាជន​នៅក្នុង​បណ្ដា​ទីក្រុង​ភាគ​ខាងកើត​របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ណែនាំ​ឱ្យ​ចៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់ ព្រោះតែ​អាកាសធាតុ​មិន​អំណោយ។ នៅ ឡង់ អៃ​ឡែ​ន (Long Island) នៃ រដ្ឋ​នី​វ​យ៉​ក មាន​ករណី​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​រថយន្ត​ដោយសារ​អាកាសធាតុ​ត្រជាក់​ពេក។

    ព្យុះ​ព្រឹល​ខាងលើ​ក៏បាន​បណ្ដាលឱ្យ​ជើងហោះហើ​រ​ទៅមក​រវាង សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស ត្រូវ​លុបចោល​ក្នុង​ថ្ងៃទី ២៩ មករា និង ៣០ មករា។

    អាជ្ញាធរ​នៅ នី​វ​យ៉​ក (New York), នី​វ​ជឺ​ស៊ី (New Jersey), វឺ​ជី​នា (Virginia), ម៉ា​រី​ឡែ​ន (Maryland) និង ដេ​ឡា​វ៉ែ (Delaware) ប្រកាសអាសន្ន​ដើម្បីឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។

    បន្ទាប់ពី​បាន​វាយប្រហារ​រដ្ឋ​ចំនួន ១០ នៅ សហរដ្ឋ​អាម៉េរិក ព្យុះ​ព្រឹល​នេះ​កំពុងធ្វើដំណើរ​ទៅ​ទិស​ខាងជើង ឆ្ពោះ​ចូល​ទឹកដី កាណាដា៕

  • ធនាគារ​ពាណិជ្ជកម្ម «វ័យជាង ៩០ ឆ្នាំ» នៅ សហរដ្ឋ​អាម៉េរិក ត្រៀម​ផ្ដល់​សេវា Bitcoin (BTC) ដល់​អតិថិជន

    ធនាគារ​ពាណិជ្ជកម្ម «វ័យជាង ៩០ ឆ្នាំ» នៅ សហរដ្ឋ​អាម៉េរិក ត្រៀម​ផ្ដល់​សេវា Bitcoin (BTC) ដល់​អតិថិជន

    Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់​ធនាគារ Flushing មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​នី​វ​យ៉​ក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា New York Digital Investment Group (NYDIG) នៅក្នុង​ការផ្ដល់សេវា Bitcoin ដល់​អតិថិជន​របស់​ខ្លួន។

    កិច្ចសហការ​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​ធនា​ការ Flushing ផ្ដល់​សេវា​ទិញ លក់ និង​កាន់កាប់ Bitcoin នៅក្នុង​បរិស្ថាន​សុវត្ថិភាព​បំផុត។ ទន្ទឹមនឹងនេះ Flushing ក៏បាន​បញ្ជាក់ថា ពួកគេ​នឹង​បញ្ចេញ​សេវាកម្ម​មួយចំនួន​ដែល​ទាក់ទង​នឹង BTC នៅ​ចុង​ត្រីមាស​នេះ ហើយ​ថា នឹង​បង្ហើប​ឱ្យដឹង​អំពី​ដំណើរការ​លម្អិត​របស់​សេវា​កម្មនេះ។

    ធនាគារ Flushing ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩២៩។ យោងតាម​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បច្ចុប្បន្ន ធនាគារ​នេះ​កំពុង​កាន់កាប់​ទ្រព្យ​តម្លៃ ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល ២០០ លាន​ដុល្លារ។

    លោក John R. Buran ប្រធាន​របស់ Flushing Financial Corporation ដែលជា​ក្រុមហ៊ុនមេ​របស់ ធនា​ការ Flushing បានឱ្យដឹងថា ការផ្ដល់សេវា​ទាក់ទង​នឹង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ Bitcoin របស់​ក្រុមហ៊ុន គឺ​ដោយសារ​ចង់​តាម​ឱ្យទាន់​និន្នាការ​ប្រាក់​ឌីជីថល​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ។

    Bitcoin គឺជា​រូបិយវត្ថុ​ឌីជីថល ប្រភេទ គ្រីប​តូ (Cryptocurrency) ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទូទាត់​រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាង​សុវត្ថិភាព និង​យ៉ាង​សម្ងាត់ ដែល​មិន​ស្ថិតក្រោម​ការតាមដាន​ពី​សំណាក់​អាជ្ញាធរ ស្ថាប័នរដ្ឋ ឬ​ប្រទេស​ណាមួយ៕

  • កូវីដ នៅ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៥៤ នាក់ទៀត កាលពី​ម្សិល​មិញ

    កូវីដ នៅ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៥៤ នាក់ទៀត កាលពី​ម្សិល​មិញ

    ក្នុង​ចំណោម​ ៥៤​ នាក់​ដែលសុទ្ធតែ​ជា​ករណី​ អូមីក្រុង​ ​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ មករា ២០២២ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ៤៥ នាក់ និង​​អ្នកដំណើរពីបរទេស ៩ នាក់។

  • រូបិយវត្ថុ​ឌីជីថល​ Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រាក់​ស្របច្បាប់​របស់​រដ្ឋ​មួយ​នៅ​ អាម៉េរិក បើសិនជា​បេក្ខភាព​​​​​រូប​នេះ​​ជាប់ឆ្នោត​ជា​អភិបាល​

    រូបិយវត្ថុ​ឌីជីថល​ Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​ប្រាក់​ស្របច្បាប់​របស់​រដ្ឋ​មួយ​នៅ​ អាម៉េរិក បើសិនជា​បេក្ខភាព​​​​​រូប​នេះ​​ជាប់ឆ្នោត​ជា​អភិបាល​

    បេក្ខភាព​អភិបាលរដ្ឋ Texas នៃ សហរដ្ឋ​អាម៉េរិក លោក Don Huffines បាន​បញ្ជាក់ថា នឹងមាន​គោល នយោបាយ «ត្រួសត្រាយ​ផ្លូវ» ជាច្រើន សម្រាប់​រូបិយវត្ថុ​ឌីជីថល​ប្រភេទ​គ្រីប​តូ Bitcoin បើសិនជា​លោក​បាន​ជាប់ឆ្នោត​នៅ​ខែវិច្ឆិកា ២០២២។

    លោក Don Huffines អតីត​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ដែល​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដើម្បី​ក្លាយជា​អភិបាលរដ្ឋ Texas បាន​បង្ហោះ​សេចក្ដីព្រាង​គោលនយោបាយ​មួយ​ដែល​គាំទ្រ​ដល់ Bitcoin នៅលើ​គេហទំព័រ​របស់លោក។ លោក​ប្រកាសថា នឹង​ប្រែក្លាយ Texas ឱ្យទៅជា «ឋានសួគ៌» សម្រាប់ Bitcoin នៅពេល​លោក​បាន​ជាប់ឆ្នោត។

    «ខ្ញុំ​បាន​វិនិយោគ​ទៅលើ Bitcoin តាំងពី​ច្រើន​ឆ្នាំ​មកនេះ និង​មាន​ទំនុកចិត្ត​លើ​ប្រាក់​ប្រភេទ​នេះ…។ ជា​រដ្ឋ​ដែល​ជឿនលឿន​ក្នុង​វិស័យ​បច្ចេកវិទ្យា ដូច្នេះ Texas ត្រូវតែ​ឈានមុខ​គេ​ក្នុង​ការទទួលយក Bitcoin និង​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ (Cryptocurrency គឺជា​លុយ​ឌីជីថល បង្កើតឡើង​ដើម្បី​ទូទាត់ រវាង​អ្នកមាន​កាក់​គ្រីប​តូ ទៅ​បុគ្គល​ម្នាក់ទៀត ដោយ​មិន​ឆ្លងកាត់​ធនាគារ ហើយ​ត្រូវបាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ដោយ​ទិន្នន័យ​កុំព្យូទ័រ​លក្ខណៈ Cryptography យ៉ាងរឹងមាំ បំណង​រក្សា​សុវត្ថិភាព​កំណត់ត្រា​ប្រតិបត្តិការ ដើម្បី​គ្រប់គ្រង​ការបង្កើត​កាក់​ថ្មី និង​ដើម្បី​បញ្ជាក់​ប្រតិបត្តិ​ការផ្ទេរ​កាក់​រប​ស់​ម្ចាស់​កាក់)» លោក Don Huffines សរសេរ​ដូច្នេះ។

    លោក​បន្តថា៖ «ខ្ញុំ​សន្យាថា នឹងធ្វើ​ឱ្យ Texas ក្លាយជា​ចំណុចកណ្ដាល​នៃ Bitcoin របស់​ពិភពលោក និង​ការពារ​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ពី​ការកំណត់​ដ៏​តឹងរឹង​របស់​អាជ្ញាធរ​ស​ហ​ព័ន្ធ»។

    នៅក្នុង​សេចក្ដីព្រាង​គោលនយោបាយ​របស់ លោក Don Huffines មាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន៖

    -បង្កើត​គណៈកម្មការ​គោល​នយោបាយ Bitcoin និង​ប្រាក់​ឌីជីថល​គ្រីប​តូ ដើម្បី​ជ្រើសរើស​រូបិយវត្ថុ​គ្រិ​ប​តូ​មួយចំនួន​ដែល​អាច​ប្រើ​ជា​អន្តរការី​នៅក្នុង​ការជួញដូរ​តម្លៃ​នៅ​រដ្ឋ Texas ជា​ជំនួយ​សម្រាប់​ប្រាក់​ដុល្លារ​អាម៉េរិក​បច្ចុប្បន្ន។

    -ទទួលស្គាល់ Bitcoin ជា​ប្រាក់​ស្របច្បាប់​នៅ Texas

    -ការពារ Texas ពី​ឥទ្ធិពល​របស់​អាជ្ញាធរ​សហព័ន្ធ…

    -ការពារ​អ្នកទទួលយក Bitcoin នៅ Texas…

  • ក្រុម​ហ៊ុន​ចិន កំពុង​អភិវឌ្ឍ​​យន្ត​ហោះ​​អវកាស​​ល្បឿន​​លឿន​​ជាង​​យន្ត​ហោះ​ Concorde ​២​ ដង

    ក្រុម​ហ៊ុន​ចិន កំពុង​អភិវឌ្ឍ​​យន្ត​ហោះ​​អវកាស​​ល្បឿន​​លឿន​​ជាង​​យន្ត​ហោះ​ Concorde ​២​ ដង

    ក្រុមហ៊ុន Space Transportation (凌空天行 / Linkong Tian Xing)កំពុង​អភិវឌ្ឍ​គំរូ​យន្តហោះ​អវកាស​ដែលមាន​ល្បឿន​ជាង ៤,០០០ គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ទ្វេដង​ធៀប​នឹង​យន្តហោះ Concorde។

    ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា Tianxing រ៉ុក្កែត​នេះ​អាច​ហោះ​ឡើង​ត្រង់ នាំយក​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាតតូច​ទៅជា​មួយ។ ពេល​ឡើងដល់​កម្ពស់​សមល្មម យន្តហោះ​អវកាស​នឹង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត ហើយ​ហោះ​សំដៅ​ចូល​ទី​អវកាស​ក្នុង​ល្បឿន​ប្រហែល ៤,១៨៤ គីឡូម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន Space Transportation នៅ​ទីក្រុង​ប៉េកាំង បាន​អភិវឌ្ឍ​យន្តហោះ​នេះ​តាំងពី​ឆ្នាំ ២០១៨។ ពួកគេ​និយាយ​ថា ប្រព័ន្ធ​យាន​នេះ​គឺជា «រ៉ុក្កែត​ដែលមាន​ស្លាប» និង​អាច​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៥។

    ជើង​ទម្រ​របស់​យន្ត​ហោះ​អវកាស​

    ជើងហោះហើរ​សាកល្បង​បាន​បង្ហាញថា រ៉ុក្កែត​មេ​អាច​ហោះ​ឡើង និង​ចុះចត​មកវិញ​ដោយ​ជោគជ័យ។ ជើង​ហោះហើរ​សាកល្បង​ជាមួយនឹង​យន្តហោះ​គំរូ​ដែលមាន​ខ្នាត​ពេញលេញ​នឹងត្រូវ​បានធ្វើ​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ បើសិនជា​ដំណើរ​ការល្អ ជាមួយនឹង​ល្បឿន​ជិត ៤,២០០ គីឡូម៉ែត្រ/ម៉ោង យន្តហោះ​អវកាស​របស់ ក្រុម​ហ៊ុន Space Transportation នឹង​ហោះហើរ​បាន​លឿន​ជាង ២ ដង បើ​ធៀប​ជាមួយនឹង​យន្តហោះ Concorde (ដែល​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង និង​អង់គ្លេស) និង​អាច​ហោះ​ពី ក្រុង​ឡុង​ដ៍ ទៅដល់ ក្រុង​នី​វ​យ៉​ក ដោយ​ចំណាយពេល​តែ ១ ម៉ោង។

    កាលពី​ឆ្នាំមុន Space Transportation ប្រមូល​ទុន​បាន ៤៦.៣ លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង និង​សាកល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត ១០ លើក។

    នៅ ប្រទេស​ចិន ក្រៅពី​ក្រុមហ៊ុន Space Transportation ក៏​នៅមាន​ក្រុមហ៊ុន​មួយទៀត​ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​អវកាស នោះ​គឺ ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អាកាសចរណ៍​អវកាស​ចិន (របស់​រដ្ឋាភិបាល)។ រដ្ឋាភិបាល​ចិន និយាយ​ថា យន្តហោះ​អវកាស​របស់​ពួកគេ​អាច​ហោះ​ឡើងដល់​គន្លង​គោចរ​ដោយ​មិន​ត្រូវការ​រ៉ុក្កែត​ខ្នាត​ធំ។ ប្រការនេះ​មានន័យថា យន្តហោះ​នោះ​នឹង​អាច​ហោះ​ឡើង និង​ចុះចត​នៅលើ​ព្រលានយន្តហោះ​ណា​ក៏បាន៕

  • ចិន ព្រមាន​អំពី​ហានិភ័យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ អាម៉េរិក ដោយសារតែ កោះ​តៃវ៉ាន់

    ចិន ព្រមាន​អំពី​ហានិភ័យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ អាម៉េរិក ដោយសារតែ កោះ​តៃវ៉ាន់

    ឯកអគ្គរដ្ឋទូត​ចិន បាន​ចោទប្រកាន់ សហរដ្ឋ​អាម៉េរិក ថា កំពុង​ញុះញង់ កោះ​តៃវ៉ាន់ ឱ្យ​ទាមទារ​ឯករាជ្យ និង​បាន​ព្រមាន​ថា ឥរិយាបថ​នេះ​ធ្វើឱ្យ​ហានិភ័យ​ផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​កាន់តែ​ខ្ពស់។

    «បញ្ហា កោះ​តៃវ៉ាន់ គឺជា​ចំណុចក្ដៅ​សំខាន់បំផុត​រវាង ចិន និង អាម៉េរិក។ បើសិនជា អាជ្ញាធរ​កោះ​តៃវ៉ាន់ ក្រោម​ការ​ញុះញង់​របស់ អាម៉េរិក បន្ត​តាមរក​ឯករាជ្យ នោះ​ជម្លោះ​ប្រដាប់អាវុធ​រវាង​មហាអំណាច​ចិន និង អាម៉េរិក នឹងមាន​ហានិភ័យ​កាន់តែ​ខ្ពស់» ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ សហរដ្ឋ​អាម៉េរិក លោក Qin Gang បាន​ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ កាលពី​ថ្ងៃទី ២៨ មករា។

    មតិ​របស់លោក Gang ត្រូវ​បានលើកឡើង​បន្ទាប់ពី ទីក្រុង​តៃប៉ិ និង វ៉ា​ស៊ី​ង​តោន បង្ហាញ​ឥរិយាបថ​ស្និទ្ធស្នាល​មួយចំនួន។ អនុ​ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te កាលពី​ថ្ងៃទី ២៥ មករា បាន​ឆៀង​ចូលជួប​ពិភាក្សា​ជាមួយ តំណាងរាស្ត្រ​អាម៉េរិក យ៉ាងតិច ១៧ រូប ក្នុង​គ្រា​ដែល​លោក​ឆ្លងកាត់​ប្រទេស​នេះ ឆ្ព​ស់​ទៅកាន់ ហុង​ឌូ​រ៉ា​ស បើទោះជា​មុន​នោះ​មានការ​ព្រមាន​ពី​សំណាក់ ទីក្រុង​ប៉េកាំង។

    ពីរ​ថ្ងៃ​ក្រោយមក អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី Kamala Harris បានឱ្យដឹងថា លោកស្រី​បាន​ពិភាក្សា​ជាមួយ​លោក Lai «អំពី​ចំណាប់អារម្មណ៍​រួម​ក្នុង​តំបន់»។ សម​ភាគី​ទាំងពីរ​សុទ្ធតែ​ទៅកាន់ ហុង​ឌូ​រ៉ា​ស ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី លោកស្រី Xiomara Castro

    ចាប់ពី​ឆ្នាំ ២០២១ មាន​អតីតមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ រួម​នឹង​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ជាច្រើន​ក្រុម បាន​ទៅកាន់​ទឹកដី​នៃ កោះ​តៃវ៉ាន់ និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី Tsai Ing-wen និង​ក្រុមមន្ត្រី​របស់ កោះ​នេះ ធ្វើឱ្យ​អាជ្ញាធរ​ចិនដីគោក មាន​ការខឹង​យ៉ាងខ្លាំង និង​ព្រមាន​ជា​បន្តបន្ទាប់​ទៅលើ​ទំនាក់ទំនង​នេះ។

    សហរដ្ឋ​អាម៉េរិក ទទួលស្គាល់​គោលនយោបាយ «ចិន​តែមួយ» ខណៈដែល ចិនដីគោក ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។ ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅតែ​សន្យា​ជួយ កោះ​តៃវ៉ាន់ ក្នុងការ​រក្សា​សិទ្ធិ​ម្ចាស់ការ ដោយយោង​តាមច្បាប់​ទំនាក់​ទំនង​ជាមួយ តៃវ៉ាន់ ឆ្នាំ ១៩៧៩ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់ កោះ​នេះ៕

     

  • (វីដេអូ)-ក្រុមហ៊ុន​ជប៉ុន ចាប់ផ្ដើម​លក់​ម៉ូតូ​ហោះ កម្លាំង ២២៨ សេះ

    (វីដេអូ)-ក្រុមហ៊ុន​ជប៉ុន ចាប់ផ្ដើម​លក់​ម៉ូតូ​ហោះ កម្លាំង ២២៨ សេះ

    ម៉ូតូ​ហោះ​របស់​ក្រុមហ៊ុន​មួយ​នៅ ប្រទេស​ជប៉ុន ដែល​ប្រើប្រាស់ rotor ធំ​ចំនួន ២ ដំណើរការ​ដោយ​ម៉ាស៊ីន​ហ្គាស Kawasaki កម្លាំង ២២៨ សេះ ត្រូវបាន​ដាក់ឱ្យ​បញ្ជា​ទិញ​ជា​ផ្លូវការ។

    ក្រុមហ៊ុន A.L.I Technologies បានឱ្យដឹងថា ម៉ូ​ដែល​គំរូ​នៃ​ម៉ូតូ​ហោះ​របស់​ពួកគេ អាច​ហោះ​ក្នុង​ល្បឿន ៨០ គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បណ្ដែត​ខ្លួន​ដល់​កម្ពស់​ប្រហែល ២.៤ ម៉ែត្រ និង​ហោះ​បាន ៤០ នាទី បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ ដងខ្លួន​ដែល​ធ្វើ​អំពី​សរសៃ​កាបូន​របស់​ម៉ូតូ​ហោះ​នេះ មាន​ទម្ងន់ ២៩៩ គីឡូក្រាម និង​បណ្ដោយ ៣.៦៥ ម៉ែត្រ។

    ប្រព័ន្ធ​សម្រាប់​ការបើកបរ​ស្វ័យប្រវត្ត​របស់​ម៉ូតូ​នេះ​គឺជា​លទ្ធផល​នៃ​ការសហការ​រវាង​ក្រុមហ៊ុន A.L.I Technologies និង​ក្រុមហ៊ុន Toda Racing។

    https://www.youtube.com/watch?v=NlnS7ffVaWY

    ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​នៅ ជប៉ុន ម៉ូតូ​ហោះ XTurismo Limited Edition របស់ ក្រុមហ៊ុន A.L.I Technologies ត្រូវបាន​អនុញ្ញាតឱ្យ​ហោះ​តែ​ពីលើ​ផ្លូវ​ប្រណាំង​ប៉ុណ្ណោះ។ A.L.I Technologies មាន​គម្រោង​ផលិត​ម៉ូតូ​ហោះ​នេះ​ត្រឹមតែ ២០០ គ្រឿង សម្រាប់​ក្រុម​អតិថិជន​ដែលមាន​ចំណូលចិត្ត។

    https://www.youtube.com/watch?v=3UShvVyTz64

    ជំនួស​ឱ្យ​ម៉ូតូ XTurismo Limited Edition ក្រុមហ៊ុន A.L.I Technologies មានបំណង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ម៉ូតូ​ហោះ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ប្រើប្រាស់​ក្នុង​ទីក្រុង សម្រាប់​បេសកកម្ម​ស្វែង និង​ជួយសង្គ្រោះ​នៅក្នុង​ហេតុការណ៍​នានា​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ៕

  • «ឱសថទិព» របស់​អ្នក​វិទ្យាសាស្ត្រ​ អាច​បណ្ដុះ​ជើង​ដែល​បាន​កាត់​ផ្ដាច់​របស់​កង្កែប​ ឱ្យ​ដុះ​ឡើង​វិញ

    «ឱសថទិព» របស់​អ្នក​វិទ្យាសាស្ត្រ​ អាច​បណ្ដុះ​ជើង​ដែល​បាន​កាត់​ផ្ដាច់​របស់​កង្កែប​ ឱ្យ​ដុះ​ឡើង​វិញ

    នៅក្នុង​ជំហាន​ដ៏​អស្ចារ្យ​នៃ​វេជ្ជសាស្ត្រ​ក្នុងការ​បង្កើត​អវយវៈ​ឡើងវិញ កង្កែប​មួយ​ក្បាល​បាន​ដុះ​ជើង​ដែល​បាន​ដាច់​ទាំងស្រុង​របស់​វា​ឡើងវិញ នៅពេល​អ្នកវិទ្យាសាស្ត្រ​ព្យាបាល​ដោយ​ឱសថ​ពិសេស។

    សារព័ត៌មាន Guardian បាន​ចុះផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​ពេលវេលា ២៤ ម៉ោង ក្នុងការ​ព្យាបាល​កង្កែប​អាហ្វ្រិក ដែលជា​ធម្មតា​មិនអាច​ដុះ​អវយវៈ​ដែល​ដាច់​ឡើងវិញ​បាន។ ជា​លទ្ធផល ជើង​ដែល​បាន​ដាច់​របស់​វា​បាន​ដុះ​ឡើងវិញ​ក្រោយ​រយៈពេល ១៨ ខែ បន្ទាប់ពី​បាន​ព្យាបាល។

    ជោគជ័យ​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​ដែលថា អនាគត ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​នៅលើ​មនុស្ស។

    លោក Nirosha Murugan នៃ​សាកលវិទ្យាល័យ Tufts (សហរដ្ឋ​អាម៉េរិក) ដែលជា​អ្នកស្រាវជ្រាវ​របស់​ក្រុម​ខាងលើ ឱ្យដឹងថា៖ «ដោយ​គ្រាន់តែ​ព្យាបាល​ក្នុង​រយៈពេល​ខ្លី ដើម្បី​ចាប់ផ្ដើម​ដំណើរការ​អូសបន្លាយ​ច្រើន​ខែ យើង​អាច​ជំរុញ​សមត្ថភាព​បង្កើត​ឡើងវិញ​របស់​ក​ង្កែ​ប ហើយ​ទំនងជា​អាចធ្វើ​បាន​នៅលើ​សត្វ​មួយចំនួន​ផ្សេងទៀត»។

    នៅក្នុង​ការពិសោធ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Science Advances នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កាត់​ជើង​ខាងក្រោយ​របស់​កង្កែប​មួយ​ក្បាល និង​រុំ​របួស​ក្នុង​ថង់ silicon ដែល​ផ្ទុក​ថ្នាំ​ព្យាបាល​ពិសេស​ដែលមាន ៥ សមាសធាតុ។ សមាសធាតុ​និមួយៗ មាន​គោលដៅ​ដោយឡែក ដូចជា កាត់បន្ថយ​ការ​រលាក ឆ្លង​រោគ និង​ផលិត collagen ដើម្បី​ទប់ស្កាត់​បញ្ហា​ស្លាកស្នាម​រីក​ធំ និង​សារធាតុ​ជួយ​ជំរុញ​ការរីកលូតលាស់​របស់​សរសៃវិញ្ញាណ សរសៃឈាម និង​សាច់ដុំ​ថ្មី​ផងដែរ។

    ការពិសោធ​នេះ​ត្រូវបានធ្វើ​ឡើងវិញ​នៅលើ​កង្កែប​រាប់សិប​ក្បាល ហើយ​ជា​លទ្ធផល កង្កែប​ជាច្រើន​ក្បាល បាន​ដុះ​អវយវៈ​មកវិញ។

    លោក Bob Lanza ប្រធាន​អង្គការ​វេជ្ជសាស្ត្រ Astellas បាន​រៀបរាប់ថា របកគំហើញ​ខាងលើនេះ​គឺជា​ការរីកចម្រើន​ដ៏​អស្ចារ្យ និង​ជា​សមិទ្ធិផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល៕

  • អាម៉េរិក ច្រានចោល​ព័ត៌មាន​ដែលថា «ចូ បៃ​ដិ​ន ព្រមាន​ថា រុស្ស៊ី ជិត​បើក​ការវាយប្រហារ អ៊ុយ​ក្រែ​ន»

    អាម៉េរិក ច្រានចោល​ព័ត៌មាន​ដែលថា «ចូ បៃ​ដិ​ន ព្រមាន​ថា រុស្ស៊ី ជិត​បើក​ការវាយប្រហារ អ៊ុយ​ក្រែ​ន»

    សេត​វិមាន​អះអាងថា ព័ត៌មាន​របស់ CNN ដែល​ផ្សាយ​ថា «ប្រធានាធិបតី បៃ​ដិ​ន ព្រមាន​ថា រុស្ស៊ី ហាក់​ប្រាកដជា​បើក​ការវាយប្រហារ​លើ ប្រទេស​អ៊ុយ​ក្រែ​ន» នៅក្នុង​ខែកុម្ភៈ គឺជា «ព័ត៌មាន​មិន​ពិត»។

    សារព័ត៌មាន CNN ថ្ងៃនេះ បាន​ដកស្រង់​សម្ដី​របស់​មន្ត្រីជាន់ខ្ពស់ អ៊ុយ​ក្រែ​ន សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៧ មករា បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន គឺ​លោក វ៉ូឡូឌីមារ ហ្សេឡែនស្គី (Volodymyr Zelensky)។ មន្ត្រី​រូបនេះ​ថ្លែងថា លោក បៃ​ដិ​ន បាន​ព្រមាន​ទៅ​លោក វ៉ូឡូឌីមារ ហ្សេឡែនស្គី ថា រុស្ស៊ី អាច «ជិត​បើក​ការវាយប្រហារ» ហើយ​សេណា​រី​យ៉ោ​នេះ ហាក់​ប្រាកដជា​នឹង​កើតឡើង​នៅក្នុង​ខែកុម្ភៈ។

    មន្ត្រី​ខាងលើ​បន្តថា លោក បៃ​ដិ​ន ថ្លែងថា ទីក្រុង Kiev នឹងត្រូវ «ពេញ​ដោយ» កងកម្លាំង​រុស្ស៊ី ព្រោះថា កងទ័ព​រុស្ស៊ី «អាច​ស្វែងរក​វិធី​ចូលកាន់​កាប់​ទឹកដី» របស់ អ៊ុយ​ក្រែ​ន។

    ទោះជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក អេមីលី ហ័ន (Emily Horne) បាន​ច្រានចោល​ការចុះផ្សាយ​របស់ CNN។ «ប្រភពព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​នានា​កំពុង «ធ្វើឱ្យ​បែកធ្លាយ» ព័ត៌មាន​មិន​ពិត» លោកស្រី អេមីលី ហ័ន បញ្ជាក់​ដូច្នេះ។

    ចំណែក សឺជី នីគីហ្វរ៉ូវ (Sergii Nykyforov) ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី វ៉ូឡូឌីមារ ហ្សេឡែនស្គី វិញ ក៏បាន​ហៅ​ព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ថា «សុទ្ធតែ​មិនមែនជា​ការពិត»។

    នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាម៉េរិក កាលពី​ម្សិលមិញ ប្រធានាធិបតី វ៉ូឡូឌីមារ ហ្សេឡែនស្គី បាន​អះអាង​ជាថ្មី​ថា ការគំរាមកំហែង​ពី រុស្ស៊ី គឺជា «គ្រោះថ្នាក់ ប៉ុន្តែ ជាការ​ស្រមើស្រមៃ» ហើយ​ថា អ៊ុយ​ក្រែ​ន ក៏​មិន​ប្រាកដថា ការវាយប្រហារ​នឹង​កើតឡើង ឬ​អត់​នោះដែរ ខណៈដែល​លោក បៃ​ដិ​ន បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការរួម​ដៃ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ ដើម្បី «ប្រតិកម្ម​ដាច់ខាត បើសិន រុស្ស៊ី បើក​ការវាយប្រហារ​លើ អ៊ុយ​ក្រែ​ន»។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ចោទប្រកាន់ថា ទាហាន​ជាង ១០០,០០០ នាក់ របស់ រុស្ស៊ី ដែល​កំពុង​ធ្វើ​សមយុទ្ធ​ក្បែរ​ព្រំដែន​ជាប់ ទឹកដី​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង NATO មានការ​បារម្ភ​ថា រុស្ស៊ី កំពុង​រៀប​ផែនការ​បើក​ការវាយប្រហារ​ប្រទេសជិតខាង​នេះ។ រុស្ស៊ី ជា​ញឹកញាប់ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ សហរដ្ឋ​អាម៉េរិក និង​ក្រុម​ប្រទេស​លោកខាងលិច៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ៣៨ នាក់ ក្នុង​ថ្ងៃទី ២៧ មករា ២០២២

    កូវីដ-១៩! កម្ពុជា​ រកឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ៣៨ នាក់ ក្នុង​ថ្ងៃទី ២៧ មករា ២០២២

    ក្នុង​អំឡូង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៧ មករា ២០២២ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​ ៣៨ នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ២៩ នាក់ និង​ករណី​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ៩ នាក់​។