Author: សឿន សំណាង

  • កូវីដ-១៩ នៅ​ កម្ពុជា​ (១១ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ២៧៤ នាក់ទៀត និង​ជាសះស្បើយ ១០៥ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា​ (១១ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ២៧៤ នាក់ទៀត និង​ជាសះស្បើយ ១០៥ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​ នៃ​ថ្ងៃទី ១០ កុម្ភៈ កម្ពុជា​ បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន​ ២៧៤​ នាក់ ក្នុង​នោះ​មាន​ ករណីឆ្លង​សហគមន៍ ២៦៦ នាក់ និង​អ្នកដំណើរពីបរទេស ៨ នាក់។ អ្នក​វិជ្ជមាន​ថ្មី​ទាំង​នេះ សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង។

  • អេ​ស្ប៉ា​ញ និង​ អ៊ីតាលី ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ

    អេ​ស្ប៉ា​ញ និង​ អ៊ីតាលី ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ

    លើកដំបូង​ក្នុង​រយៈពេល​ជិត ២ ខែ​កន្លង ប្រជាជន​អេ​ស្ប៉ា​ញ អាច​ទុក​ម៉ាស​ក្នុង​ថង់​ជាថ្មី នៅពេល​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ដក​បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ កាលពី​ថ្ងៃទី ១០ កុម្ភៈ។

    សារព័ត៌មាន AP (អាម៉េរិក) បាន​រាយការណ៍​ថា ប្រទេស​អ៊ីតាលី ក៏មាន​គម្រោង​អនុវត្តតាម​គំរូ​របស់ អេ​ស្ប៉ា​ញ។ ទាំង អ៊ីតាលី ទាំង អេ​ស្ប៉ា​ញ សុទ្ធ​តែមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ខណៈ​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី និង​ចូល​ពេទ្យ​ថ្មី កំពុង​ថយចុះ បើ​ធៀប​នឹង​ដំណាក់កាលមុន។

    Sara de la Rubia ដែលជា​គ្រូពេទ្យ​វ័យ ៤៥ ឆ្នាំ​មួយរូប នៅ ទីក្រុង​ម៉ា​ឌ្រី​ដ ថ្លែងថា ការបោះបង់​ម៉ា​សនឹង​ក្លាយជា​វិធី​ពិសោធ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។ អេ​ស្ប៉ា​ញ និង អ៊ីតាលី ក៏​សុទ្ធ​តែមាន​ប្រជ​ន​ប្រមាណ​ជា ៨២% បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ។

    យោងតាម​ការកំណត់​ថ្មី​របស់ អេ​ស្ប៉ា​ញ សិស្សានុសិស្ស​នឹងមិន​ត្រូវ​បាន​តម្រូវឱ្យ​ពាក់​ម៉ាស​នៅក្នុង​ម៉ោង​សម្រាក។ ប៉ុន្តែ ការពាក់​ម៉ាស នៅតែ​ត្រូវ​រក្សា​នៅក្នុង​ទីតាំង​បិទ​ជិត​នៃ​ទីសាធារណៈ ដូចជា​យានយន្ត​សាធារណៈ និង​ទីតាំង​ដែល​ពិបាក​ក្នុងការ​រក្សា​គម្លាត ១.៥ ម៉ែត្រ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់។

    ប្រទេស​អ៊ីតាលី មាន​គម្រោង​ដក​វិធានការ​តម្រូវឱ្យ​ពាក់​ម៉ាស​នៅ​ខាងក្រៅ​ផ្ទះ ចាប់ពី​ថ្ងៃទី ១១ កុម្ភៈ ២០២២ (១២ កុម្ភៈ នៅ កម្ពុជា)។ ក្រៅពីនេះ រដ្ឋាភិបាល​ក៏​កំពុង​ពិភាក្សា​អំពី​ការលុបចោល​ស្ថានភាព​អាសន្ន ចាប់ពី​ថ្ងៃទី ៣១ មីនា ២០២២ ផងដែរ៕

  • ទ្វីបអាហ្វ្រិក ជិត​រួច​ផុតពី​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩! អង្គការ​សុខភាព​ពិភពលោក​ (WHO) អះអាង​ដូច្នេះ

    ទ្វីបអាហ្វ្រិក ជិត​រួច​ផុតពី​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩! អង្គការ​សុខភាព​ពិភពលោក​ (WHO) អះអាង​ដូច្នេះ

    តំណាង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ទ្វីបអាហ្វ្រិក កំពុង​ឈានទៅរក​ការចាកចេញ​ផុតពី​ជំងឺ​រាតត្បាត​សកល និង​ឆ្ពោះទៅកាន់​ដំណាក់កាល​គ្រប់គ្រង កូ​វីដ-១៩ យូរអង្វែង។

    យោងតាម​សារព័ត៌មាន​អង់គ្លេស The Guardian វេជ្ជបណ្ឌិត Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ ទ្វីបអាហ្វ្រិក អះអាងថា៖ «ជំងឺ​រាតត្បាត​សកល កំពុង​ងាក​ទៅរក​ដំណាក់កាល​មួយ​ផ្សេងទៀត។ យើង​ជឿថា ទ្វីបអាហ្វ្រិក កំពុង​ឆ្ពោះទៅកាន់​ដំណាក់កាល​រស់នៅ​ជាមួយ កូ​វីដ-១៩ ដូច​ទៅនឹង​ជំងឺ​រាតត្បាត​អសកល ពិសេស​នៅពេល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កំពុង​កើន​ឡើងជា​លំដាប់»។

    លោកស្រី Moeti ឱ្យដឹងថា សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​ថ្មី​របស់ ទ្វីបអាហ្វ្រិក បាន​មាន​ប្រសិទ្ធភាព​ជាង​មុន។ ជាក់ស្ដែង ទ្វីបអាហ្វ្រិក បាន​ចំណាយពេល ២៩ សប្ដាហ៍​ដើម្បី​អាច​គ្រប់គ្រង​រលក​នៃ​ការឆ្លង​ដំបូង ប៉ុន្តែ បច្ចុប្បន្ន រយៈពេល​នេះ​បាន​ថយ​ចុះមក​នៅត្រឹម ៦ សប្ដាហ៍​ប៉ុណ្ណោះ ក្នុង​រលក​នៃ​ការឆ្លង​ទី ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ លោកស្រី Moeti សង្កត់ធ្ងន់ថា មកដល់ពេលនេះ ប្រជាជន​អាហ្វ្រិក​ប្រមាណ ១១% ប៉ុណ្ណោះ ដែល​បាន​ចាក់​វ៉ាក់សាំង។ លោកស្រី​បង្ហើប​ឱ្យដឹងថា តួលេខ​អ្នក​ឆ្លង កូ​វីដ-១៩ នៅ អាហ្វ្រិក អាច​ខ្ពស់ជាង ៧ ដង ធៀប​នឹង​ទិន្នន័យ​ផ្លូវការ ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ អាច​ខ្ពស់ជាង​ប្រហែល​ពី ២ ដល់ ៣ ដង។ មូលហេតុ​នៃ​បញ្ហា​នេះ ត្រូវបាន​លោកស្រី Moeti បកស្រាយ​ថា គឺ​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ករណី​ឆ្លង​កំពុង​ជួប​បញ្ហា ការធ្វើ​តេស្ត​នៅមានកម្រិត ធ្វើឱ្យ​ការវាយតម្លៃ​មិនមាន​សុក្រឹតភាព។

    ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ១០ កុម្ភៈ ទ្វីបអាហ្វ្រិក បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ សរុប​ចំនួន​ជាង ១១ លាន​នាក់ ក្នុងនោះ​មាន ២៥០,០០០ នាក់ បាន​ស្លាប់។ បើសិន​ជាការ​គណនារ​បស់ WHO គឺជា​រឿង​ពិត នោះ​តួលេខ​នៃ​ករណី​ឆ្លង​សរុប​អាច​ឡើងដល់​ជិត ៧០ លាន​នាក់ និង​ស្លាប់​ជិត ៧៥០,០០០ នាក់៕

  • ឥណ្ឌូណេស៊ី ទិញ​យន្តហោះ​ចម្បាំង​ពី អាម៉េរិក រាប់​សិប​គ្រឿង ក្រោយពី​បាន​បញ្ជា​ទិញយន្ត​ហោះ​ចម្បាំង​​ពី បារាំង

    ឥណ្ឌូណេស៊ី ទិញ​យន្តហោះ​ចម្បាំង​ពី អាម៉េរិក រាប់​សិប​គ្រឿង ក្រោយពី​បាន​បញ្ជា​ទិញយន្ត​ហោះ​ចម្បាំង​​ពី បារាំង

    អាជ្ញាធរ​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ១០ កុម្ភៈ បានអនុម័ត​លើ​កញ្ចប់​អាវុធ​តម្លៃ​ជិត ១៤ ពាន់​លាន​ដុល្លារ ដែល ប្រទេស​ឥណ្ឌូណេស៊ី បានស្នើ​ទិញ ក្នុងនោះ​មាន​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង​ផងដែរ។

    ក្រៅពី​យន្តហោះ​ចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង កញ្ចប់​អាវុធ​នេះ​ក៏មាន​ឧបករណ៍​បច្ចេកវិទ្យា​ជាដើម ដែល​ទាក់ទង​នឹង​អាវុធ មានដូចជា គ្រាប់រំសេវ និង​ប្រព័ន្ធ​ទំនាក់ទំនង។ល។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AP។

    ប្រទេស​ឥណ្ឌូណេស៊ី ថ្មីៗនេះ​បានប្រកាសថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale របស់ បារាំង ចំនួន ៤២ គ្រឿង បន្ទាប់ពី​បាន​លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង​ពី ប្រទេស​រុស្ស៊ី។

    សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​លក់​អាវុធ​ថ្មី​ឱ្យ ឥណ្ឌូណេស៊ី នៅក្នុង​ស្ថានភាព​ដែល​ភាព​តានតឹង​កំពុង​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

  • អ៊ីស្រាអែល ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer-BioNTech មិន​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ

    អ៊ីស្រាអែល ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer-BioNTech មិន​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ

    ប្រភពព័ត៌មាន​ពី ទីក្រុង​តែ​ល​អា​វីវ (Tel Aviv) បានឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល ប្រកាស​កាលពី​ថ្ងៃទី ១០ កុម្ភៈ បង្ហាញថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​ជាប់ទាក់ទង​នឹង​ផលវិបាក​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ដូចជា កូន​កើតមុន​ខែ ការស្លាប់​របស់​ទារក​ទើប​កើត ឬ​ពិការភាព​ពី​កំណើត​ជាដើម។

    ការស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព Maccabi នៅ អ៊ីស្រាអែល។ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ស្ត្រី​ជាង ១៧,០០០ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer-BioNTech ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ចាប់ពី​ខែមីនា ដល់​តុលា ២០២១ និង​ស្ត្រី​ពពោះ​ចំនួន ៧,០០០ នាក់ ដែល​មិនបាន​ចាក់​វ៉ាក់សាំង។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា បណ្ដា​បញ្ហា​ដែល​បាន​កើតឡើង​នៅលើ​ទារក​ទើប​កើត ដូចដែល​បាន​និយាយ​ខាងដើម សុទ្ធតែ​មិនមាន​ភាពខុសគ្នា​រវាង​ក្រុម​ទាំងពីរ​រវាង​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង​ក្រុម​មិនបាន​ចាក់។ ក្នុងនោះ អត្រា​ការស្លាប់​របស់​ទារក​ទើប​កើត​នៃ​ក្រុម​ទាំងពីរ គឺ ០.១%, អត្រា​កើតមុន​ខែ​គឺ ៤.២% ចំពោះ​ទារក​ដែលមាន​ម្ដាយ​បាន​ចាក់​វ៉ាក់សាំង និង ៤.៨% ចំពោះ​ទារក​ដែលមាន​ម្ដាយ​មិនបាន​ចាក់​វ៉ាក់សាំង, អត្រា​ពិការ​ស្មើនឹង ១.៥% នៅលើ​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង ២.១% នៅលើ​ក្រុម​មិនបាន​ចាក់ ខណៈដែល​អត្រា​ទារក​ទើប​កើត​ដែល​ត្រូវ​ព្យាបាល​គឺ​ស្មើនឹង ៥.១% និង ៥.៣%។

    ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​លទ្ធផល​ប្រហាក់ប្រហែល​ខាងលើ ចំពោះ​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុងអំឡុង ៣ ខែ​ដំបូង​នៃ​វដ្ដ​របស់​គ​ភ៍ ជា​ពេលដែល​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​បង្ក​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​​ជំនាញ​ អ៊ីស្រាអែល នេះ​ ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី​ផ្នែក​ជំងឺ​កុមារ JAMA។

    វ៉ាក់សាំង Pfizer-BioNTech ក្នុងដំណាក់កាល​ពិសោធន៍​សាកល្បង ក្រុមហ៊ុន​មិនបាន​ពិសោធ​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ អ៊ីស្រាអែល បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​កំពុងមាន​គ​ភ៍​ផងដែរ។ ក្រោយមក បណ្ដា​អង្គការ​សុខភាព និង​ប្រទេសផ្សេងៗ ក៏បាន​ណែនាំ​ឱ្យធ្វើ​ដូចគ្នានេះដែរ។

    នៅ អ៊ីស្រាអែល គិត​មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​ជិត ៦.៩ លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩.៥ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ យ៉ាងតិច ១ ដុស, ៦.១១ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ២ និង ៤.៤៥ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ។ ស្ទើរតែ​ទាំងអស់ នៃ វ៉ាក់សាំង​កូ​វីដ-១៩ ដែល អ៊ីស្រាអែល បាន​ប្រើប្រាស់ គឺជា​វ៉ាក់សាំង​របស់ Pfizer-BioNTech៕

  • អ្នកវិទ្យាសាស្ត្រដែលបានរកឃើញវីរុសបង្កជំងឺអេដស៍ បានទទួលមរណភាព

    អ្នកវិទ្យាសាស្ត្រដែលបានរកឃើញវីរុសបង្កជំងឺអេដស៍ បានទទួលមរណភាព

    សារព័ត៌មាន AFP កាលពី​ថ្ងៃទី ១០ កុម្ភៈ បាន​រាយការណ៍​ថា អ្នក​វីរុស​សាស្ត្រ​ជនជាតិ​បារាំង Luc Montagnier បានទទួល​មរណភាព​នៅក្នុង​វ័យ ៨៩ ឆ្នាំ។

    លោក Montagnier បានទទួល​ពានរង្វាន់ ណូបែល (Nobel) កាលពី​ឆ្នាំ ២០០៨ ដោយ​សារបាន​រកឃើញ វីរុស​ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ (HIV) និង​បង្ក​ជំងឺអេដស៍ (AIDS)។

    លោក Montagnier រួម​នឹង​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​បារាំង​មួយរូប​ទៀត គឺ Francoise Barre-Sinoussi បានទទួល​ពាក់កណ្ដាល​នៃ​ពានរង្វាន់ ណូបែល​វេជ្ជសាស្ត្រ  ឆ្នាំ ២០០៨ ដោយសារ​តួនាទី​របស់​ពួកគាត់​ក្នុងការ​រកឃើញ វីរុស HIV។ ចំណែក​ពានរង្វាន់​ពាក់កណ្ដាល​ទៀត ត្រូវបាន​ប្រគល់ជូន​អ្នកស្រាវជ្រាវ​ជំងឺមហារីក ជនជាតិ​អាល្លឺម៉ង់ Harald zu Hausen។

    កើត​ឆ្នាំ ១៩៣២ លោក Montagnier បាន​រៀន​ថ្នាក់បណ្ឌិត​ផ្នែក វីរុស​សាស្ត្រ​នៅ​សាកលវិទ្យាល័យ​ប៉ារីស។ ក្រោយមក លោក​បាន​ក្លាយជា​ប្រធាន​មូលនិធិ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជំងឺអេដស៍ នៅ បារី​ស។ ក្រៅពី វីរុស HIV លោក Montagnier ក៏​ធ្លាប់បាន​រកឃើញ​របក​គំហើញ​ជាច្រើន ទាក់ទង​នឹង វីរុស ក្នុងនោះ​មាន​វិធី​ការពារ​រាងកាយ​ពី វីរុស​ជាដើម។

  • ណា​សា ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រ៉ុក្កែត​ដំបូង បាញ់​ចេញពី​ពិភព​ដទៃ

    ណា​សា ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រ៉ុក្កែត​ដំបូង បាញ់​ចេញពី​ពិភព​ដទៃ

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) បានសម្រេច​សហការ​ជាមួយ​ក្រុមហ៊ុន Lockheed Martin ដើម្បី​អភិវឌ្ឍ​រ៉ុក្កែត​តម្លៃ ១៩៤ លាន​ដុល្លារ សម្រាប់​ដឹក​សំណាក​វត្ថុ​ពី​ពិភព​អង្គារ មកកាន់​ផែនដី។

    យានអវកាស​ដែល​ហោះ​ចេញពី​ពិភព​ដទៃ ដែលមាន​ឈ្មោះថា Mars Ascent Vehicle (MAV) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេសកកម្ម​យក​សំណាក​ដី​របស់​ពិភព​អង្គារ (ប្រមូលបាន​ដោយ​រ៉ូ​បូត Perseverance របស់ ណា​សា) ដឹក​មកកាន់​ផែនដី ដើម្បី​ធ្វើការ​វិភាគ​ស៊ីជម្រៅ។

    ចាប់តាំងពី​បាន​ចុះចត​លើ​ផ្ទៃ​ពិភព​អង្គារ​កាលពី​ថ្ងៃទី ១៨ កុម្ភៈ ២០២១ យាន​រុករក Perseverance បាន​ប្រឹងប្រែង​ស្វែងរក​ភ័ស្ដុតាង​ស្ដីអំពី​ជីវិត​អតីតកាល​នៅក្នុង​មាត់​រណ្ដៅ Jezero ជាទី​ដែល​ធ្លាប់មាន​បឹង​ដែល​ពេញ​ដោយ​ទឹក និង​វាលរាប​ដីសណ្ដរ​ដែលមាន​ទន្លេ កាលពី​រាប់ពាន់​លាន​ឆ្នាំមុន។ គិត​មកដល់​ថ្ងៃទី ៣១ មករា ២០២២ Perseverance បាន​ប្រមូល​សំណាក​ស្នូល​ដី​នៃ​ផ្ទៃ​ពិភព​អង្គារ​ដោយ​ជោគជ័យ​ចំនួន ៦ លើក​មកហើយ។ ណា​សា មាន​គម្រោង​បញ្ជូន​សំណាក​វត្ថុ​ធាតុ​ទាំងនោះ​មកកាន់​ផែនដី​នៅ​ឆ្នាំ ២០២៦។

    បេសកកម្ម​ខាងលើ​នឹងមាន​ឧបសគ្គ​ច្រើន។ រ៉ុក្កែត MAV នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ពិភព​អង្គារ អម​ជាមួយនឹង​យាន​ចុះចត​មួយគ្រឿង​ផ្សេងទៀត​ដែលមាន​ឈ្មោះថា Sample Fetch Rover។ រ៉ូ​បូត​ថ្មី​នេះ​នឹង​ផ្លាស់​ទី​ទៅកាន់​ទីតាំង​ដែល Perseverance កំពុង​ស្ថិតនៅ ដើម្បី​យក​សំណាក​វត្ថុ​ធាតុ​ដែល​ប្រមូលបាន រួចហើយ​ដាក់​វា​ទៅក្នុង MAV។ ពេលនោះ Sample Fetch Rover ក៏​នឹង​ដើរតួនាទី​ជា​ជើង​ទម្រ​ដើម្បីឱ្យ MAV ហោះ​ឡើង​ត្រលប់​មកកាន់​ផែនដី។ នេះ​បើតាម Angela Jackman ដែលជា​ជំនួយការ​របស់ ណា​សា ដែល​បាន​ប្រាប់ UPI កាលពី​ថ្ងៃទី ៨ កុម្ភៈ។

    ណា​សា កាលពី​ថ្ងៃទី ៧ កុម្ភៈ បានប្រកាស​ប្រគល់​ការងារ​អភិវឌ្ឍ MAV ឱ្យទៅ​ក្រុមហ៊ុន Lockheed Martin ដែលមាន​មូលដ្ឋាន​នៅ Bethesda រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក។ រ៉ុក្កែត MAV ដែលមាន​តម្លៃ ១៩៤ លាន​ដុល្លារ​នេះ នឹងមាន​កម្ពស់​ប្រហែល ៣ ម៉ែត្រ, មាន​អង្កត់ផ្ចិត ៤៥ ស.ម និង​មាន​ទម្ងន់​ស្រាល​ជាង ៤៥៣ គីឡូក្រាម។ រ៉ូ​បូត Perseverance មាន​ទម្ងន់​ប្រហែល ១,០២៥ គីឡូក្រាម (ទម្ងន់​នៅលើ​ផែនដី)៕

  • ឥណ្ឌូណេស៊ី លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥ របស់ រុស្ស៊ី ហើយ​ងាក​មក​ទិញ​យន្តហោះ​របស់​ប្រទេស​លោកខាងលិច

    ឥណ្ឌូណេស៊ី លុបចោល​កុងត្រា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥ របស់ រុស្ស៊ី ហើយ​ងាក​មក​ទិញ​យន្តហោះ​របស់​ប្រទេស​លោកខាងលិច

    ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៤២ គ្រឿង របស់ ប្រទេស​បារាំង ក្រោយពី​បាន​លុបចោល​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥ របស់ រុស្ស៊ី។

    «យើង​បាន​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៤២ គ្រឿង។ កិច្ចព្រមព្រៀង​ទិញ​នៅថ្ងៃនេះ​រួមមាន ៦ គ្រឿង​ដំបូង ហើយ​ក្រោយមក ៣៦ គ្រឿង​ទៀត» រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្ងៃនេះ បានឱ្យដឹង​ដូច្នេះ។

    យន្តហោះ​ចម្បាំង Rafale ដែល​ទិញ​ពី បារាំង នឹង​ជួយ​ឱ្យ ឥណ្ឌូណេស៊ី ធ្វើ​ទំនើបកម្ម​ទ័ពអាកាស​របស់ខ្លួន។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​យន្តហោះ​ចម្បាំង F-១៦ របស់ អាម៉េរិក ចំនួន ៣៣ គ្រឿង និង​យន្តហោះ​ចម្បាំង ទិញ​ពី រុស្ស៊ី ចំនួន ១៦ គ្រឿង រួមមាន Su-២៧ ចំនួន ៥ គ្រឿង និង Su-៣០ ចំនួន ១១ គ្រឿង។

    Sukhoi Su-35 របស់​ រុស្ស៊ី

    ការបញ្ជាទិញ​ខាងលើនេះ​ត្រូវបាន​ចុះហត្ថលេខា​ជិត ២ ខែ បន្ទាប់ពី ឥណ្ឌូណេស៊ី បានប្រកាស​បោះបង់​កិច្ចសន្យា​ទិញ​យន្តហោះ​ចម្បាំង Su-៣៥S របស់ រុស្ស៊ី ដែលមាន​តម្លៃ​ជាង ១.១ ពាន់​លាន​ដុល្លារ ដោយ​មិនបាន​បញ្ជាក់​អំពី​មូលហេតុ។ ប៉ុន្តែ មុន​នោះ ក្រុមមន្ត្រី​អាម៉េរិក បាន​ព្រមាន​ជាច្រើនលើក​ថា ឥណ្ឌូណេស៊ី នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម បើសិន​ទិញ​អាវុធ​ពី រុស្ស៊ី៕

  • (វីដេអូ)-សេវា​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត កំពុង​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​នៅ​សិន​ជិន

    (វីដេអូ)-សេវា​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ស្វ័យប្រវត្ត កំពុង​ត្រូវបាន​ជំរុញ​ឱ្យប្រើ​ប្រាស់​នៅ​សិន​ជិន

    (ប្រទេស​ចិន)-មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន (Shenzhen Technology Center) កំពុង​ដំឡើង​បណ្ដាញ​ដ្រោ​ន និង​បន្ទប់​ប្រគល់​ទំនិញ​ខ្នាតតូច​ស្វ័យប្រវត្ត ដើម្បី​ដឹកជញ្ជូន​ទំនិញ​ដោយ​មិនបាច់​មាន​មនុស្ស នៅក្នុង​ខេត្ត​ក្វាង​ទុង ភាគខាងត្បូង​ប្រទេស​ចិន។

    មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សិន​ជិន កំពុងតែ​ឈានមុខ​គេ​ក្នុង​ការជំរុញ​សេវា​ប្រគល់​ទំនិញ​ដោយ​កូន​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ជា​ផ្នែក​មួយ​ក្នុងការ​ប្រឹងប្រែង​កសាង​ប្រព័ន្ធ​យានយន្ត​គ្មាន​មនុស្ស​បើក​នៅលើ​អាកាស លើ​ផ្ទៃសមុទ្រ និង​លើគោក។

    នៅក្បែរ​អគារ​ការិយាល័យ​មួយ​ក្នុង​ទីក្រុង​សិន​ជិន គឺជា​បន្ទប់​ទំនិញ​ស្វ័យប្រវត្ត (kiosk) ត្រូវបាន​រចនា​ឡើង​សម្រាប់​ឱ្យ​គ្រប់គ្នា​អាច​ទទួល​ទំនិញ​របស់​ពួកគេ​ដែល​ដឹកជញ្ជូន​មក​ដោយ​កូន​យន្តហោះ​ដ្រោ​ន។

    អតិថិជន​ម្នាក់​និយាយថា៖ វាយ​ជួយ​សន្សំសំច័យ​ពេល​បាន​យ៉ាងច្រើន។ ក្រៅពីនេះ ខ្ញុំ​គ្រាន់តែ​មក​ទទួល​ទំនិញ​ដែល​បាន​បញ្ជា​ទិញ ដោយ​មិនចាំបាច់​ជួប​អ្នកណា​ទាំងអស់។ សេវា​ប្រគល់​ទំនិញ​ដោយ​ដ្រោ​ន ពិតជា​ទាន់សម័យ។

    អ្នកទទួលខុសត្រូវ​លើ​សេវា​ដឹកជញ្ជូន​បានឱ្យដឹងថា ដ្រោ​ន​គ្មាន​មនុស្ស​បើក​ដឹកជញ្ជូន​ទំនិញ​បាន​លឿន​ជាង​មនុស្ស។ យើង​ទទួលបាន​ការបញ្ជាទិញ​ចាប់ពី ២០០ ទៅ ៣០០ លើក ជា​រៀងរាល់ថ្ងៃ។

    លោក Mao Yinian ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ប្រគល់​អាហារ Meituan និយាយថា ក្នុងអំឡុងពេល​មមាញឹក​នៅ​ថ្ងៃត្រង់ យើង​ប្រគល់​ទំនិញ​បាន​លឿន​ជាង ១០ នាទី ធៀប​នឹង​ការប្រគល់​ទំនិញ​ដោយ​មនុស្ស។

    ទីក្រុង​សិន​ជិន ក៏​កំពុងធ្វើការ​សាកល្បង​ប្រើប្រាស់​យន្តហោះ​ដ្រោ​ន ដើម្បី​ដឹកជញ្ជូន​កញ្ចប់​ទំនិញ និង​សម្ភារៈ​សុខាភិបាល​ផងដែរ។

    លោក Jiang Ming ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​ដ្រោ​ន Fengyi Technology បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនេះ​អាច​ដឹកទំនិញ​បាន ១០ គីឡូក្រាម និង​ហោះ​បាន​ចម្ងាយ ២០ គីឡូម៉ែត្រ។ បើសិន​ដឹក ២០ គីឡូក្រាម វា​អាច​ហោះ​បាន ១០ គីឡូម៉ែត្រ។ នៅ​ស្ទើរ​គ្រប់​ទីក្រុង ដ្រោ​ន​អាច​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​បានភ្លាមៗ បន្ទាប់ពី​អតិថិជន​បាន​បញ្ជា​ទិញ​ពី​ហាង​អន​ឡាញ៕

  • រឹបអូស​​បាន​ប្រាក់​ Bitcoin​ តម្លៃ​ ៣.៦ ​ពាន់​​លាន​​ដុល្លារ​ អាជ្ញាធរ​​អាម៉េរិក​ ប្រកាស​ថា ​«រូបិយវត្ថុ​​ឌីជីថល ​មិន​មែន​ជា​​ជម្រក​​សុវត្ថិភាព​​សម្រាប់​​ឧក្រិដ្ឋ​ជន»

    រឹបអូស​​បាន​ប្រាក់​ Bitcoin​ តម្លៃ​ ៣.៦ ​ពាន់​​លាន​​ដុល្លារ​ អាជ្ញាធរ​​អាម៉េរិក​ ប្រកាស​ថា ​«រូបិយវត្ថុ​​ឌីជីថល ​មិន​មែន​ជា​​ជម្រក​​សុវត្ថិភាព​​សម្រាប់​​ឧក្រិដ្ឋ​ជន»

    ក្រសួងយុត្តិធម៌​អាម៉េរិក រឹបអូស​ប្រាក់​ឌីជីថល Bitcoin បាន​ជាង ៩៤,០០០ កាក់ ពី​ករណី​ហែក (hack) ចូល​ប្រព័ន្ធ Bitfinex និង​បាន​អះអាងថា ប្រាក់​ឌីជីថល​វិមជ្ឈការ ដែលមាន​ដូចជា Bitcoin ឬ Dogecoin ជាដើម មិនមែនជា​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន។

    កាលពី​ថ្ងៃទី ៨ កុម្ភៈ ក្រសួងយុត្តិធម៌​អាម៉េរិក បានប្រកាសថា បាន​ចាប់ខ្លួន​ជនសង្ស័យ ២ នាក់ ដោយ​ចោទថា បាន​លាង​លុយ និង​បាន​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់ មុននឹង​ត្រូវបាន​គេ​ផ្ទេរចេញ។

    ស្ថាប័ន​នេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​ជាក់លាក់​ស្ដីពី​ការរកឃើញ​រូបិយវត្ថុ​នេះ​នៅឡើយ ប៉ុន្តែ បានឱ្យដឹងថា ពេលនោះ​ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​រហូតដល់ ៣.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​ជាង ៤.៥ ពាន់​លាន​ដុល្លារ ហើយ​វា​បាន​ក្លាយជា​ករណី​រឹបអូស​ទ្រព្យ​ធំជាងគេ​បង្អស់​ដែល​ក្រសួងយុត្តិធម៌​ធ្លាប់បាន​អនុវត្ត​កន្លងមក។

    ជនសង្ស័យ ២ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​ឈ្មោះ Ilya Lichtenstein អាយុ ៣៤ ឆ្នាំ និង​ប្រពន្ធ​របស់​ជននេះ​ឈ្មោះ Heather Morgan អាយុ ៣១ ឆ្នាំ រស់នៅក្នុង​ទីក្រុង New York។

    យោងតាម​ឯកសារ​របស់​អាជ្ញាធរ ករណី​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ខាងលើនេះ បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៦ បណ្ដាលឱ្យ​ប្រាក់ Bitcoin ចំនួន ១១៩,៧៥៤ កាក់ ត្រូវបាន​គេ​លួច​យក​ចេញពី​ផ្សារ​ជួញដូរ Bitfinex។ ចោរ​អ៊ី​ន​ធើ​ណិ​ត (Hacker) ក្រោយមក​ក៏បាន​ធ្វើការ​ជួញដូរ​ខុសច្បាប់​ជាង ២,០០០ លើក និង​បាន​ផ្ទេរ Bitcoin ខាងលើ​ចូលទៅក្នុង​កាបូប​អេឡិចត្រូនិក​មួយ​ដែល​គ្រប់គ្រង​ដោយ Lichtenstein។

    ជំនួយការក្រសួងយុត្តិធម៌អាម៉េរិក លោក Kenneth A. Polite

    ក្នុង​រយៈពេល ៥ ឆ្នាំ ប្រាក់ Bitcoin ប្រហែល ២៥,០០០ កាក់ ត្រូវបាន​ផ្ទេរ​ចេញពី​កាបូប​អេឡិចត្រូនិក Lichtenstein តាមរយៈ​ការលាង​លុយ​ដ៏​ស្មុគស្មាញ និង​បញ្ចប់​ដោយ​ការផ្ញើ​ប្រាក់​ចូលទៅក្នុង​គណនី​ដែល​គ្រប់គ្រង​ដោយ Lichtentein និង Morgan។ ប្រាក់​ដែល​នៅសល់​ក្នុង​កាបូប​នោះ ក៏​រួមមាន​ទាំង Bitcoin ជាង ៩៤ ពាន់​កាក់» ប្រកាស​របស់​សមត្ថកិច្ច​បានឱ្យដឹង​ដូច្នេះ។

    បន្ទាប់ពី​មាន​សិទ្ធិ​ឆែកឆេរ​គណនី​អន​ឡាញ​របស់ Lichtenstein ក្រុមមន្ត្រី​ស៊ើបអង្កេត​ពិសេស​ក៏បាន​រកឃើញ​ហ្វា​ល​ដែលមាន​ផ្ទុក​លេខ​សម្ងាត់​ដើម្បី​ចូលទៅ​កាន់​កាបូប​អេឡិចត្រូនិក​ខាងលើ ទើប​ពួកគេ​អាច​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់។

    «ជនល្មើស​តែងតែ​ស​ន្ស​ល់​ដាន ហើយ FBI មាន​ឧបករណ៍​ស្រាវជ្រាវ​លើ​ដាន​ទាំងនោះ បើទោះជា​វា​នាំទៅដល់​ទីណា» អនុប្រធាន​របស់ FBI លោក Paul M. Abbate បានប្រកាស​ដូច្នេះ។

    ចំណែក ជំនួយការ​ក្រសួងយុត្តិធម៌​អាម៉េរិក លោក Kenneth A. Polite ក៏បាន​អះអាងថា លទ្ធផល​នេះ​បង្ហាញថា ក្រុម​ស្រាវជ្រាវ​អាច​តាមដាន​ប្រាក់​នៅលើ blockchain និង​បញ្ជាក់ថា ប្រាក់​ឌីជីថល​វិមជ្ឈការ (ប្រាក់​នៅក្នុង​បណ្ដាញ​បច្ចេកវិទ្យា​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ធនាគារ ឬ​ប្រទេស​ណាមួយ) នឹង​មិនមែនជា​ជម្រក​សុវត្ថិភាព​សម្រាប់​សកម្ម​ភាព​លាង​លុយ​របស់​ឧក្រិដ្ឋជន៕