Author: សឿន សំណាង

  • (វីដេអូ)-ឃ្លាំង​ដាក់​ប្រេងសាំង និង​រោងចក្រ​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត

    (វីដេអូ)-ឃ្លាំង​ដាក់​ប្រេងសាំង និង​រោងចក្រ​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត

    កងកម្លាំង​បោះ​បោរ Houthi នៅ ប្រទេស​យេ​ម៉ែន បាន «ស្រោច» រ៉ុក្កែត ទៅលើ​ឃ្លាំង​ដាក់​ប្រេងឥន្ធនៈ និង​រោងចក្រ​ចម្រាញ់​ប្រេង​របស់ អា​រ៉ា​ប៊ី​សា​អូឌីត នៅក្បែរ​ទីលានប្រណាំង​រថយន្ត F១ មុនពេល​ការប្រកួត​ចាប់ផ្ដើម។

    កាលពី​ថ្ងៃទី ២៥ មីនា កងកម្លាំងប្រដាប់អាវុធ Houthi នៅ យេ​ម៉ែន បាន​បាញ់​រ៉ុក្កែត​ទៅលើ​ឃ្លាំង​ដាក់​ប្រេង Aramco នៅ​ទីក្រុង Jeddah របស់ អា​រ៉ា​ប៊ី​សា​អូឌីត មុនពេល​ព្រឹត្តិការណ៍​ប្រ​ណែ​ង​រថយន្ត F១ ចាប់ផ្ដើម។ នេះ​គឺជា​សកម្មភាព​ត្រូវបាន​គេ​ជឿថា ដើម្បី​បង្ខំ​ឱ្យ អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ឡោមព័ទ្ធ​លើ យេ​ម៉ែន។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ RT។

    អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​បះបោរ បាន​ចេញមក​អះអាង​ទទួលខុសត្រូវ​លើ​ករណី​វាយប្រហារ​នេះ។ ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ឃ្លាំង​ដាក់​ប្រេង ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ចំណែក​រោងចក្រ​ចម្រាញ់​ប្រេង Ras Tanura និង Rabigh ដែល​នៅក្បែរនោះ ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។ គោលដៅ​នៃ​ការវាយប្រហារ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីលានប្រណាំង​រថយន្ត ដែលមាន​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ពី​ព្រលានយន្តហោះ​របស់​ទីក្រុង Jeddah។

    វីដេអូ​នៅលើ​បណ្ដាញ​សង្គម បង្ហាញថា ផ្សែង និង​ភ្លើង​កំពុង​លេប​ត្របាក់​ឃ្លាំង​ដាក់​ប្រេង និង​រោងចក្រ​ចម្រាញ់​ប្រេង។

    សម្ព័ន្ធ​អារ៉ាប់ បានប្រកាស​អំពី​ការ​វាយ​ប្រហែល​ខាងលើ ប៉ុន្តែ ថា មិន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​នៅ​តំបន់​ជុំវិញ​ទីក្រុង Jeddah នោះឡើយ៕

  • Samsung អាច​បញ្ចេញ​ស្មា​ត​ហ្វូ​ត​ប្រភេទ​មូរ នៅ​ចុងឆ្នាំ ២០២២ នេះ

    Samsung អាច​បញ្ចេញ​ស្មា​ត​ហ្វូ​ត​ប្រភេទ​មូរ នៅ​ចុងឆ្នាំ ២០២២ នេះ

    ក្រៅពី​ទូរស័ព្ទ​ឆ្លាត​វៃ​ប្រភេទ​បត់ Galaxy Z Fold៤ និង ZFlip៤ ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​ជឿថា នឹង​ប្រកាស​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​បង្អស់​នៅ​ចុងឆ្នាំ​នេះ។

    Ice Universe ដែលជា​អ្នក​តែងតែ​បញ្ចេញ​ព័ត៌មាន​ត្រឹមត្រូវ​ស្ដីពី​ផលិតផល​អនាគត​រប​ស់ Samsung ឱ្យដឹងថា ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង នេះ កំពុង​ប្រើប្រាស់​លេខ​កូដ B៤, Q៤ និង N៤ សម្រាប់​ស្មា​ត​ហ្វូ​ន ៣ ម៉ូ​ដែល​របស់ខ្លួន ដែល​គ្រោង​នឹង​ចេញលក់​នៅ​ចុងឆ្នាំ ២០២២។ ក្នុងនោះ B៤ និង Q៤ គឺជា​របស់ Z Flip៤ និង Z Fold៤ ចំណែក N៤ គឺជា​ឧបករណ៍​ថ្មី​ទាំងស្រុង។ N៤ ដែលមាន​ឈ្មោះ​កូដ​ថា Diamind នឹង​ជា​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ដំបូង​គេ​ក្នុង​ពិភពលោក។

    ក៏ប៉ុន្តែ អ្នកវិភាគ Ross Young ឱ្យដឹងថា លោក​កំពុង​ពិនិត្យមើល​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដើម្បី​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ​អាច​បង្ហាញ​វត្តមាន​នៅក្នុង​ឆ្នាំ ២០២២ ឬ​អត់។

    នៅលើ​ទីផ្សារ​បច្ចុប្បន្ន មិនទាន់មាន​ស្មា​ត​ហ្វូ​ន​ប្រភេទ​មូរ​ណាមួយ​ត្រូវបាន​ដាក់លក់​នៅឡើយ បើ​ទោះ​មាន​ក្រុមហ៊ុន​ជាច្រើន​បានដាក់​ពាក្យស្នើសុំ​បណ្ណ​កម្មសិទ្ធិបញ្ញា ឬ​លើកឡើង​អំពី​គំនិត​ស្ដីពី​ឧបករណ៍​ប្រភេទ​នេះ៕

  • មាស​ជាង ​២,០០០ ​តោន​ របស់ ​រុស្ស៊ី ​ត្រូវ​រង​​ការ​ដាក់​ទណ្ឌ​កម្ម​​ពី ​សហរដ្ឋ​​អាម៉េរិក

    មាស​ជាង ​២,០០០ ​តោន​ របស់ ​រុស្ស៊ី ​ត្រូវ​រង​​ការ​ដាក់​ទណ្ឌ​កម្ម​​ពី ​សហរដ្ឋ​​អាម៉េរិក

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ប្រកាស​ហាម​ការជួញដូ​រមាស​ជាមួយ រុស្ស៊ី ដែល​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទណ្ឌកម្ម​ត្រូវបាន​សំពង​លើ​ឃ្លាំង​មាស ២,៣០០ តោន តម្លៃ ១៤០ ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ។

    ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក កាលពី​ថ្ងៃទី ២៤ មីនា បានប្រកាសថា «ពលរដ្ឋ​អាម៉េរិក ត្រូវបាន​ហាម​ការចូលរួម​ជំនួញ​នានា ក្នុងនោះ​មាន​ទាំង​ការជួញដូរ​មាស ទាក់ទង​នឹង ធនាគារជាតិ​រុស្ស៊ី, មូលនិធិ​ហិរញ្ញវត្ថុ​ជាតិ​រុស្ស៊ី ឬ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី»។

    ការហាមឃាត់​នេះ​ត្រូវបាន​អនុវត្ត​ទៅតាម​បទបញ្ជា​ដោយយោង​ទៅតាម​ច្បាប់​អាម៉េរិក របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន នេះ​បើតាម ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក បានប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី សំដៅលើ​ក្រុមហ៊ុន​ការពារជាតិ​របស់​រដ្ឋ​ចំនួន ៤៨, តំណាងរាស្ត្រ​ចំនួន ៣២៨ រូប រួម​នឹង​ក្រុម​អ្នកមាន​ទ្រព្យ និង​អ្នកមានអំណាច​របស់ រុស្ស៊ី រាប់សិប​នាក់​ផ្សេងទៀត។

    រុស្ស៊ី បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការកសាង​ឃ្លាំង​មាសធំ​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ដោយមាន​មាស​សរុប​ប្រហែល ២,៣០០ តោន និង​មានតម្លៃ​រហូតដល់ ១៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    អាម៉េរិក និង​សម្ព័ន្ធមិត្ត យក​ឃ្លាំង​មាស​របស់ រុស្ស៊ី ជា​គោលដៅ​សម្រាប់​ការដាក់ទណ្ឌកម្ម​នេះ ក៏​ព្រោះតែ​ការលក់​មាស​របស់ រុស្ស៊ី អាចជួយ​ដំឡើងថ្លៃ​រូបិយវត្ថុ​ក្នុងស្រុក ដែល​បច្ចុប្បន្ន តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី កំពុង​ធ្លាក់​ថ្លៃ​យ៉ាងជ្រៅ ក្រោយ​ការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ពី​សំណាក់​បស្ចិម​លោក ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៕

  • កូ​វីដ-១៩​ ប្រភេទ ​អូ​មី​ក្រុង​ «​បំបាំង​កាយ» បង្ក​ឱ្យ​មាន​​អាការ​​ធ្ងន់​ធ្ងរ​​នៅ​លើ​​កុមារ

    កូ​វីដ-១៩​ ប្រភេទ ​អូ​មី​ក្រុង​ «​បំបាំង​កាយ» បង្ក​ឱ្យ​មាន​​អាការ​​ធ្ងន់​ធ្ងរ​​នៅ​លើ​​កុមារ

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង (ប្រទេស​ចិន) បាន​បង្ហាញថា កុមារ​ដែល​ឆ្លង BA.២ ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​អាច «បំបាំងកាយ» របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៃ វីរុស​កូ​វីដ-១៩ មានលទ្ធភាព​ធ្វើឱ្យ​អាការរោគ​របស់​អ្នកជំងឺ ប្រែជា​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង វីរុស​បំប្លែង​ខ្លួន​ដទៃ ឬ​ធៀប​នឹង​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្ដាសាយ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​របកគំហើញ​បឋម ព្រោះ​មិនទាន់​ត្រូវបាន​ផ្ទៀ​ត​ផ្ទាត់​ត្រឹមត្រូវ​ដោយ​អ្នកវិទ្យាសាស្ត្រ​ខាងក្រៅ​ប្រទេស​ចិន ឬ​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ក៏ដូចជា​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​បញ្ជាក់បន្ថែម។

    វេជ្ជបណ្ឌិត Beth Thielen នៅ​សាកលវិទ្យាល័យ Minnesota សហរដ្ឋ​អាម៉េរិក យល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ ហុងកុង នេះ ឱ្យ​យើង​ដឹង​អំពី​ផលប៉ះពាល់​ដំបូង​របស់ វ៉ា​រ្យ៉​ង់ BA.២ និង​បញ្ជាក់​អំពី​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩។

    ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ សាកលវិទ្យាល័យ​ហុងកុង ត្រូវបាន​ធ្វើឡើង​ដោយ​ការប្រៀបធៀប​អត្រា​នៃ​ការចូល​ពេទ្យ​របស់​កុមារ ដោយសារ BA.២ ជាមួយនឹង​បណ្ដា វីរុស​បំប្លែង​ខ្លួន​ដទៃ ក្នុងអំឡុងពេល​ពី ខែមករា ២០២០ ដល់​ខែ វិច្ឆិកា ២០២១៕

  • វិស័យ​កសិកម្ម​នៅ ​ទ្វីប​អាម៉េរិក អាចជា​គន្លឹះ​​ចម្បង​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ​ថាមពល​សកល ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន

    វិស័យ​កសិកម្ម​នៅ ​ទ្វីប​អាម៉េរិក អាចជា​គន្លឹះ​​ចម្បង​សម្រាប់​ដោះស្រាយ​បញ្ហា​សន្តិសុខ​ថាមពល​សកល ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន

    វិទ្យាស្ថានអន្តរអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម (IICA) ថ្មីៗនេះ​បាន​អះអាងថា ទ្វីប​អាម៉េរិក អាចរួមចំណែក​ដ៏​សំខាន់​នៅក្នុង​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ថាមពល​សកល ក្នុង​គ្រា​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​បច្ចុប្បន្ន ដោយសារ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន ដែល​កំពុង​នាំឱ្យមាន​បញ្ហា​ខ្វះ​ប្រេង​ប្រើប្រាស់។

    នៅក្នុង​ប្រកាស​មួយ​ដែល​ត្រូវ​បានដាក់​ចំណងជើង​ថា «សារសំខាន់​ភូមិសាស្ត្រ​នយោបាយ​របស់​វិស័យ​កសិកម្ម​ក្នុង​បញ្ហា​សន្តិសុខ​ថាមពល» វិទ្យា​ស្ថាន IICA លើកឡើងថា ទ្វីប​អាម៉េរិក កំពុង​ផលិត​ជីវឧស្ម័ន​រាវ​ប្រមាណ ៧១% នៃ​បរិមាណ​សរុប​ទូទាំង​ពិភពលោក ដែល​នេះ​គឺមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដើម្បី​ជំនួស​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​បច្ចុប្បន្ន។

    យោងតាម IICA រុស្ស៊ី គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ចម្បង​ទៅឱ្យ អឺរ៉ុប ហើយក៏​ជា​ប្រទេសមួយ​ដែល​ផលិត​ប្រេង​ក្នុង​បរិមាណ​ច្រើនជាងគេ​ក្នុង​ពិភពលោក​ផងដែរ ដូច្នេះ ទណ្ឌកម្ម​ដែល​ដាក់​ទៅលើ​វិស័យ​ថាមពល​របស់ រុស្ស៊ី ក៏​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ពិភពលោក។ តម្លៃ​ប្រេង​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គ្រា​ពិភពលោក​កំពុង​ខ្វះ​ប្រភព​ផ្គត់ផ្គង់។

    ទាក់ទង​នឹង​បញ្ហា​ខាងលើ វិស័យ​កសិកម្ម​របស់ ទ្វីប​អាម៉េរិក អាច​ដើរតួនាទី​​យ៉ាង​សំខាន់​មួយ ព្រោះតែ​ជា​ទ្វីប​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ច្រើន រួមចំណែក​មិនតិច​នោះទេ ក្នុងការ​ធានា​ដល់​សន្តិ​សុខ​ស្បៀង និង​រួមទាំង​សន្តិសុខ​ថាមពល។ IICA លើកឡើងថា គោលដៅ​ទាំងពីរ​នេះ​មិនអាច​ខ្វះ​មួយណា​បាន​ឡើង ព្រោះតែ​ភាពសម្បូរ​បែប​ក្នុងការ​ប្រើប្រាស់​ទូទៅ រួម​ជាមួយ​នឹង​​ប្រសិទ្ធភាព​នៃ​ជីវម៉ាស (ជីវម៉ាស គឺជា​រូបធាតុសរីរាង្គ​ដែលមាន​នៅក្នុង​ផលិតផល​របស់ ធម្មជាតិ​ដូចជា សត្វ ឬ​រុក្ខជាតិ) ដើម្បី​ផលិត​ឧស្ម័ន​ជីវសាស្ត្រ​ដែល​អាច​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ប្រព័ន្ធ​អាហារ​កសិកម្ម។

    វិទ្យាស្ថានអន្តរអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម (IICA)

    លោក Agustin Torroba អ្នកជំនាញ​ផ្នែក​ឥន្ធនៈ និង​ថាមពល​ជីវសាស្ត្រ​របស់ IICA បាន​និយាយថា ឧស្ម័ន​ជីវសាស្ត្រ​បានរួម​ចំណែក​ជាង ១៥០ លាន​ម៉ែត្រគូប ទៅក្នុង​ពិភពលោក ក្នុងនោះ មាន ៣៣% ជា​ប្រភេទ​ជីវ​ម៉ា​ស៊ូ​ត និង ៦៧% ជា​ប្រភេទ​អាល់កុល​ជីវសាស្ត្រ​សម្រាប់​លាយ ឬ​ជំនួស​ប្រេងសាំង។

    ទ្វីប​អាម៉េរិក កំពុង​ក្ដោប​ក្ដាប់​តួនាទី​ស្នូល​ក្នុង​ការផលិត​អាល់កុល​ជីវសាស្ត្រ ដោយ​កំពុង​ផ្គត់ផ្គង់​រហូតដល់ ៨៨% នៃ​បរិមាណ​អាកុល​ជីវសាស្ត្រ​សរុប និង ៣៦% នៃ​បរិមាណ​ជីវ​ម៉ា​ស៊ូ​ត សម្រាប់​ពិភពលោក។

    វត្ថុធាតុដើម​សម្រាប់​ផលិត​អាកុល​ជីវសាស្ត្រ ភាគច្រើន​គឺជា​ពោត និង​ស្ករអំពៅ ចំណែក​ជីវ​ម៉ា​ស៊ូ​ត ត្រូវបាន​ផលិត​ពី​ប្រេងសណ្ដែក និង​ប្រេង​របស់​ដូងប្រេង។

    បច្ចុប្បន្ន ជីវឧស្ម័ន​រាវ​ដែល​ត្រូវបាន​ផលិត​នៅ ទ្វីប​អាម៉េរិក កំពុង​ជួយ​ប៉ះប៉ូវ​ប្រមាណ ២២% នៃ​កង្វះ​ប្រេង​ពី​រ៉ែ​ធម្មជាតិ និង​បណ្ដា​និ​ស្ស​ន្ទ​វត្ថុ (និ​ស្ស​ន្ទ​វត្ថុ គឺជា វត្ថុ​ដែល​ចេញពី​ធាតុ​ដើម ដូចជា «ប្រេងដូង​គឺជា​និ​ស្ស​ន្ទ​វត្ថុ​របស់​ដូង» ឯ «ប្រេងសណ្តែក គឺជា និ​ស្ស​ន្ទ​វត្ថុ​របស់​សណ្ដែក») របស់ ទ្វីប​នេះ។ យោងតាម​ការ​គណនារ​បស់ IICA ជីវឧស្ម័ន​រាវ​អាច​ប៉ះប៉ូវ​ទៅលើ​តម្រូវការ​ប្រេង​បាន​ពី​រ៉ែ ប្រមាណ ៥៣% ឯណោះ។

  • ប្រេង​ធ្លាក់​ថ្លៃ​ច្រើន​​ភាគ​​រយ​ ក្រោយ​ពី​​សហ​ភាព​​អឺរ៉ុប​ មិន​​ព្រម​​ដាក់​ទណ្ឌ​កម្ម​​លើ​​វិស័យ​​ប្រេង​​​របស់​ ប្រទេស​រុស្ស៊ី

    ប្រេង​ធ្លាក់​ថ្លៃ​ច្រើន​​ភាគ​​រយ​ ក្រោយ​ពី​​សហ​ភាព​​អឺរ៉ុប​ មិន​​ព្រម​​ដាក់​ទណ្ឌ​កម្ម​​លើ​​វិស័យ​​ប្រេង​​​របស់​ ប្រទេស​រុស្ស៊ី

    តម្លៃ​ប្រេង បាន​ថយចុះ ២% បន្ទាប់ពី សហភាព​អឺរ៉ុប (EU) មិន​យល់​ស្របគ្នា​ក្នុង​ផែនការ​ដាក់​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី ខណៈ​សកម្មភាព​នាំចូល​ប្រេង​ពី​បំពង់​បង្ហូរ​ប្រេង Caspian Pipeline Consortium (CPC) នៅ កា​ហ្សា​ក់​ស្ថាន អាច​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​បន្ត។

    បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៤ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ២.៥៧ ដុល្លារ ប្រហែល ២.១% ចុះមក​នៅត្រឹម ១១៩.០៣ ដុល្លារ/ធុង ចំណែក​តម្លៃ​ប្រេង​ឆៅ WTI ក៏ ថយចុះ ២.៥៩ ដុល្លារ ប្រហែល ២.៣% ចុះមក​នៅត្រឹម ១១២.៣៤ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​មួយថ្ងៃ​មុន​នោះ ប្រេង​ទាំងពីរ​ប្រភេទ​នេះ សុទ្ធតែ​ឡើងថ្លៃ​ខ្ពស់បំផុត រាប់​ចាប់ពី​ថ្ងៃទី ៨ មីនា ២០២២។

    ក្រុម​មេដឹកនាំ EU នឹង​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​កំពូល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៤ មីនា ដើម្បី​រក​វិធី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​នាំចូល​ប្រេង​ពី រុស្ស៊ី។ ប៉ុន្តែ បណ្ដា​ប្រទេស​នៅ សហភាព​អឺរ៉ុប នៅតែ​ខ្វែងគំនិត​គ្នា ទាក់ទិន​នឹង​ការសម្រេច​ថា គួរ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដែរ ឬ​អត់ បន្ទាប់ពី កងទ័ព​ប្រទេស​នេះ បាន​ចូល​ឈ្លានពាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន តាំងពី​ថ្ងៃទី ២៤ កុម្ភៈ រហូតដល់​បច្ចុប្បន្ន៕

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជិត ៦០ នាក់ទៀត ក្នុង​ថ្ងៃទី ២៤ មីនា

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ជិត ៦០ នាក់ទៀត ក្នុង​ថ្ងៃទី ២៤ មីនា

    ក្នុងចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ៥៩ នាក់ ដែល​ទើប​ត្រូវ​បាន​រកឃើញនេះ មាន​​ករណីឆ្លង​ក្នុងសហគមន៍ ៥៨ នាក់ និង​អ្នកដំណើរពីបរទេស ១​ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

  • អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ដែលជា​ជំនួយ​របស់ កូរ៉េខាងត្បូង នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​ដើម​សប្ដាហ៍​ក្រោយ

    អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក ដែលជា​ជំនួយ​របស់ កូរ៉េខាងត្បូង នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ នៅ​ដើម​សប្ដាហ៍​ក្រោយ

    អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដែលមាន​តម្លៃ ៨ លាន​ដុល្លារ​អាម៉េរិក នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ​បើតាម មន្ត្រី​រដ្ឋាភិបាល។

    សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្ដល់​ជំនួយឥតសំណង សម្រាប់​ការសាងសង់​អគារ​ដែលមាន​តម្លៃ ៨ លាន​ដុល្លារ​អាម៉េរិក នេះ។ អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ ត្រូវបាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ ២០២០។

    ក្រោយ​ការដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ អគារ​ព្យាបាល​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្ដល់​សេវាកម្ម​ទាក់ទង​នឹង​ការវះកាត់ ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ប្រកបដោយ​គុណភាព​ខ្ពស់ ដោយ​ត្រូវបាន​បំពាក់​បរិក្ខា​ទំនើប​បំផុត រួម​នឹង​សមត្ថភាពរបស់​ក្រុម​វេជ្ជបណ្ឌិត និងបុគ្គលិក ដែល​ត្រូវ​បាន​បណ្តុះបណ្តាល និង ការផ្ទេរជំនាញ​ ឯកទេស​​ពីវេជ្ជបណ្ឌិត ជនជាតិកូរ៉េ។

    អគារ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា-កូរ៉េ មាន​ទីតាំង​នៅក្នុង​បរិវេណ​នៃ មន្ទីរពេទ្យ​ព្រះអង្គដួង ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី ១, ខណ្ឌ​ដូង​ពេញ, រាជធានី​ភ្នំពេញ តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម និង​ក្បែរ​រង្វង់​មូល​វត្តភ្នំ៕

  • ជាតិ​លេខ ៥១ មាន​ប្រវែង​ជិត ៣៨ គីឡូម៉ែត្រ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅថ្ងៃនេះ

    ជាតិ​លេខ ៥១ មាន​ប្រវែង​ជិត ៣៨ គីឡូម៉ែត្រ ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នៅថ្ងៃនេះ

    ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៥១ ដែលជា​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ទៅកាន់​ផ្លូវជាតិ​លេខ ៥ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

    កំ​ណាក់​ផ្លូវជាតិ​លេខ ៥១ មាន​ប្រវែង​សរុប ៣៧,៩៥ គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៥ នៅ​ឧដុង្គ ទៅដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤ នៅ ថ្នល់ទទឹង។ នេះ​គឺជា​ផ្លូវ​បេតុង​កៅស៊ូ AC កម្រាស់ ៩ សង់ទីម៉ែត្រ និង​ទទឹង​តួ​ផ្លូវ​សរុប ១២ ម៉ែត្រ ដោយមាន ២ គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍​ទៅមក និង ២ គន្លង​សម្រាប់ទោ​ចក្រយានយន្ត។

    គម្រោង​ផ្លូវជាតិ​លេខ ៥១ ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន CRBC និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ចិន ក្វាង​ចូ​វ​វ៉ាន​អាន នេះ ប្រើប្រាស់​ពេល​សាងសង់ ២៧ ខែ រាប់​ចាប់ពី​ខែមិថុនា ២០១៧ ដល់​ខែសីហា ២០១៩ និង​ចំណាយ​ថវិកា​សរុប​ជិត ៤១ លាន​ដុល្លារ​អាម៉េរិក ដែលជា​ប្រាក់កម្ចី​ពី ប្រទេស​ចិន និង​ថវិកាបដិភាគ​របស់ កម្ពុជា។

    ផ្លូវជាតិ​លេខ ៥១ ស្ថិតនៅក្នុង ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ ជាប់​ជាមួយនឹង ផ្លូវជាតិ​លេខ ៤, ផ្លូវជាតិ​លេខ ៥, ផ្លូវជាតិ​លេខ ៤១ និង​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៣, ផ្លូវជាតិ​លេខ ៤២ ទៅ​រាជធានី​ភ្នំពេញ, និង​ផ្លូវ​លេខ ១៤៤០ ទៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

    ផ្លូវ​នេះ​ស្ថិតនៅ​តំបន់​ដែល​សម្បូរ​រោងចក្រ​ឧស្សាហកម្ម សិប្បកម្ម និង​សហគ្រាស​ខ្នាត​ធំ ព្រមទាំង​ជា​តំបន់​ទីប្រជុំជន ដែលមាន​អំណោយផល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់៕

  • រុស្ស៊ី អាច​លក់​ប្រេង​ឱ្យ​អតិថិជន ដែល​ទូទាត់​ដោយ​រូបិយវត្ថុ​ឌីជីថល Bitcoin

    រុស្ស៊ី អាច​លក់​ប្រេង​ឱ្យ​អតិថិជន ដែល​ទូទាត់​ដោយ​រូបិយវត្ថុ​ឌីជីថល Bitcoin

    អាជ្ញាធរ​រុស្ស៊ី កំពុង​ពិនិត្យ​លទ្ធភាព​លក់​ប្រេង និង​ឧស្ម័ន ដែល​ទូទាត់​ដោយ​ប្រាក់​ឌីជីថល Bitcoin នៅ​ចំពោះមុខ​សម្ពាធ​ពី​ការដាក់ទណ្ឌកម្ម​របស់​បស្ចិម​លោក។

    CNBC បានឱ្យដឹងថា រុស្ស៊ី អាច​ទទួលយក​ការទូទាត់​ដោយ​រូបិយវត្ថុ​ឌីជីថល Bitcoin ចំពោះ​អតិថិជន​ដែល​បញ្ជា​ទិញ​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​លោកខាងលិច រឹតបន្តឹង​វិធានការ​ដាក់ទណ្ឌកម្ម ទាក់ទិន​នឹង​ការ​ឈ្លា​ន​របស់​ប្រទេស​នេះ នៅ អ៊ុយ​ក្រែ​ន។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៤ មីនា ប្រធាន​គណៈកម្មការ​ថា​ម​ពល នៃ សភាជាតិ​រុស្ស៊ី Pavel Zavalny យល់ថា សម្រាប់​បណ្ដា​ប្រទេស «ជិតស្និទ្ធ» ដូចជា ចិន ឬ តួ​ក​គី ជាដើម រុស្ស៊ី នឹងមាន​ការបត់បែន​ជាង នៅក្នុង​ការជ្រើសរើស​វិធី​ទូទាត់។

    លោក Pavel Zavalny បាន​ថ្លែងថា រូបិយវត្ថុ​ក្នុងស្រុក​របស់​ភាគី​អ្នកទិញ ក៏ដូចជា Bitcoin កំពុង​ត្រូវបាន​ពិចារណា​យកមក​ទូទាត់​ជំនួស សម្រាប់​ការនាំចេញ​ប្រេង​របស់ រុស្ស៊ី។

    «តាំងពី​យូរ​មកហើយ ខ្ញុំ​បានស្នើ​ទៅកាន់ ចិន ស្ដីពី​ការងា​កមក​ធ្វើការ​ទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក គឺ​ប្រាក់​រូប​រុស្ស៊ី និង​ប្រាក់​យ៉ុ​ន​ចិន។ សម្រាប់ ប្រទេស​តួ​ក​គី វា​នឹង​ជា​ប្រា​ក់លី​រ៉ា​តួ​ក​គី និង​ប្រាក់​រូប​រុស្ស៊ី» លោក Zavalny បញ្ជាក់។ ក៏ប៉ុន្តែ រុស្ស៊ី នឹងមិន​ឈប់​ត្រឹមនេះ​ទេ «អ្នក​ក៏​អាច​ជួញដូរ​ដោយ​ប្រើ​ប្រាក់ Bitcoin» ផងដែរ។

    ការ​ថ្លែង​របស់លោក Zavalny ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធានាធិបតី ពូ​ទីន កាលពី​ថ្ងៃទី ២៤ មីនា បានប្រកាស​តម្រូវឱ្យ​បណ្ដា​ប្រទេស​ដែល «មិន​ជិតស្និទ្ធ» ទូទាត់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ រូប​រុស្ស៊ី នៅពេល​ទិញ​ឧស្ម័ន​ពី​ប្រទេស​នេះ៕