Author: សឿន សំណាង

  • អាម៉េរិក ថា អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​ជា​យន្តហោះ​ចម្បាំង​ពី​បរទេស

    អាម៉េរិក ថា អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​ជា​យន្តហោះ​ចម្បាំង​ពី​បរទេស

    មន្ទីរ​បញ្ច​កោណ បានប្រកាសថា អ៊ុយ​ក្រែ​ន បានទទួល​យន្តហោះ​ចម្បាំង និង​គ្រឿងបន្លាស់​ពី​បរទេស ដើម្បី​បង្កើន​ទំហំ​នៃ​ក្រុម​យន្តហោះ​ចម្បាំង។

    «ពួកគេ​បានទទួល​ប្រព័ន្ធ​នានា និង​គ្រឿងបន្លាស់​បន្ថែម​ដើម្បី​បង្កើន​ទំហំ​នៃ​ក្រុម​ហោះហើរ ប៉ុន្តែ ខ្ញុំ​នឹងមិន​និយាយ​លម្អិត​អំពី​រឿងនេះ» អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby ថ្លែង​កាលពី​ថ្ងៃទី ១៩ មេសា​ដូច្នេះ និង​បន្ថែមថា «បច្ចុប្បន្ន ពួកគេ​មាន​យន្តហោះ​ចម្បាំង​ច្រើនជាង ធៀប​នឹង​កាលពី ២ សប្ដាហ៍​មុន»។

    លោក Kirby បដិសេធ​ការ​បង្ហើប​ឱ្យដឹង​អំពី​ចំនួន ប្រភេទ និង​ប្រភព​របស់​យន្តហោះ​ចម្បាំង​បរទេស​ដែល​បាន​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន។ លោក​ថា «ប្រទេស​ផ្សេង​ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​នោះ អាចជួយ​ឱ្យ​ពួកគេ (អ៊ុយ​ក្រែ​ន) គ្រប់គ្រង និង​ប្រើប្រាស់​បាន។ អាម៉េរិក ជួយ​ដឹកជញ្ជូន​គ្រឿងបន្លាស់​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគេ ប៉ុន្តែ យើង​មិន​ដឹកជញ្ជូន​យន្តហោះ​ទាំងមូល​ឡើយ»។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​សប្ដាហ៍​កន្លង​បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​បន្ថែម​ដែលមាន​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​កញ្ចប់​ជំនួយ​នេះ​អាច​នឹងត្រូវ​បានប្រកាស​លម្អិត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។ មន្ត្រី ១ រូប នៅ សេត​វិមាន កាលពី​ថ្ងៃទី ១៦ មេសា បានឱ្យដឹងថា ការដឹកជញ្ជូន​សព្វាវុធ​នានា​នៃ​កញ្ចប់​ជំនួយ​នេះ បាន​ទៅដល់​កន្លែង​រួចហើយ។

  • បស្ចិម​លោក​សន្យា​បង្កើន​ជំនួយ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ឆ្លើយតប​​ទៅ​នឹង​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធ​នាការ​យោធា​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន

    បស្ចិម​លោក​សន្យា​បង្កើន​ជំនួយ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ឆ្លើយតប​​ទៅ​នឹង​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធ​នាការ​យោធា​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បាន​សន្យាថា នឹង​បង្កើន​ការ «ដាក់​ឱ្យនៅ​ឯកោ» ទៅលើ រុស្ស៊ី និង​ផ្ដល់ជំនួយ​ផ្នែក​អាវុធ​ដល់ អ៊ុយ​ក្រែ​ន នៅពេល​សង្គ្រាម​ឈានចូល​ដល់​ដំណាក់កាល​ថ្មី។

    «យើង​នឹង​រឹតបន្តឹង​បន្ថែមទៀត​ទៅ​លើ​វិធានការ​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង​បង្កើន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​សន្តិសុខសម្រាប់ អ៊ុយ​ក្រែ​ន» ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បាន​សរសេរ​ដូច្នេះ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ១៩ មេសា ២០២២។

    ប្រកាស​ថ្មី​ខាងលើនេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​តាមរយៈ​វីដេអូ ៩០ នាទី រវាង ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន និង​ក្រុម​មេដឹកនាំ​លោកខាងលិច កាលពី​ម្សិលមិញ។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រតិកម្ម​ឆ្លើយតប ក្រោយពី រុស្ស៊ី បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​យោធា​នៅ​ទឹកដី​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    លោក បៃ​ដិ​ន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នឹង​បញ្ជូន​អាវុធ​បន្ថែមទៀត​ឱ្យ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រថពាសដែក ២០០ គ្រឿង និង​ឧទ្ធម្ភាគចក្រ ១១ គ្រឿង​ផងដែរ នៅពេល​កញ្ចប់​ជំនួយ ៨០០ លាន​ដុល្លារ​ថ្មី​របស់ វ៉ា​ស៊ី​ង​តោន បានចាប់ផ្ដើម​ធ្លាក់​ដល់ដៃ អ៊ុយ​ក្រែ​ន។

    ប្រភពព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ លោក បៃ​ដិ​ន នឹង​ប្រកាស​កញ្ចប់​ជំនួយ​យោធា​មួយ​ផ្សេងទៀត​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​កញ្ចប់​ជំនួយ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។ បើសិនជា​ពិត​ដូច្នោះ​មែន វា​នឹង​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន ឡើងដល់​ជាង ៣ ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​ចុងខែ​កុម្ភៈ ២០២២។

    ចំណែក​សម្ព័ន្ធមិត្ត​រប​ស់ អាម៉េរិក ផ្សេងទៀត ដូចជា កាណាដា និង អង់គ្លេស ជាដើម ក៏បាន​ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​សព្វាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន ដើម្បីឱ្យ​ប្រទេស​នេះ​អាច​ទប់​ទល់នឹង​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​របស់ រុស្ស៊ី នៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​សង្គ្រាម។

  • ថ្ងៃទី​៥៥ នៃ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន៖​ ការ​ប្រយុទ្ធ​​ឈាន​ចូល​​ដល់​​ដំណាក់​កាល​​ថ្មី

    ថ្ងៃទី​៥៥ នៃ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន៖​ ការ​ប្រយុទ្ធ​​ឈាន​ចូល​​ដល់​​ដំណាក់​កាល​​ថ្មី

    ក្រសួងការពារជាតិ​រុស្ស៊ី បញ្ជាក់ថា បានចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ នៃ​យុទ្ធនាការ​យោធា និង​ធ្វើការ​វាយប្រហារ​ទៅលើ​ទីតាំង​នានា​នៅ​ពាសពេញ​ទឹកដី​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ថ្ងៃទី ២០ មេសា ២០២២ ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយថា មី​ស៊ី​ល​ការពារ​ដែនអាកាស​ដែល​បាញ់​ចាំ​គោលដៅ​កម្រិត​ខ្ពស់ បាន​កម្ទេច ១៣ គោលដៅ​របស់ អ៊ុយ​ក្រែ​ន នៅ​តំបន់ Donbass ក្នុង​គ្រា​ដែល​ការវាយប្រហារ​តាម​អាកាស​ផ្សេងទៀត បាន​បំផ្លាញ​ឧបករណ៍​យោធា ៦០ គោលដៅ ក្នុងនោះ​មាននៅ​ក្នុង​បណ្ដា​ទីរួមស្រុក​ជាប់​នឹង​សមរ​ភូមិភាគ​ខាងកើត។

    សរុប មាន​គោលដៅ​យោធា​ចំនួន ១,២៦០ ដែល​ស្ថិតនៅតាម​បណ្ដោយ​សមរភូមិ​មុខ​ប្រវែង​ជាង ៤៨០ គីឡូម៉ែត្រ ត្រូវបាន​វាយប្រហារ​ដោយ​កាំភ្លើង​ធំ និង​មី​ស៊ី​ល​របស់ រុស្ស៊ី នៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​សង្គ្រាម​នេះ។

    ភាគី​ខាង​អ៊ុយ​ក្រែ​ន ក៏បាន​បញ្ជាក់ថា មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​នៅតាម​បណ្ដោយ​សមរភូមិ​មុខ​ដែលមាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​ប្រទេស។ ការប្រយុទ្ធ​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ប្រកាសថា រុស្ស៊ី បានចាប់ផ្ដើម​បើក​ការវាយប្រហារ​ធំ​នៅ Donbass ដែលជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​របស់ អ៊ុយ​ក្រែ​ន។

  • ស្លាប់​និង​របួស ១១ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី ១៩ មេសា

    ស្លាប់​និង​របួស ១១ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នា​ថ្ងៃទី ១៩ មេសា

    នៅ​ទូទាំងប្រទេស នា​ថ្ងៃទី ១៩ មេសា ២០២២ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៥ លើក ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ ២ នាក់។

    យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទាំង ៥ លើក​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ២ នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​របួសធ្ងន់​ចំនួន ៤ នាក់, របួសស្រាល ៥ នាក់។

    ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ព្រោះ​តែ​ជិត​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​ស្ដាំ។

  • គម្រោង​សាងសង់​ «អគារ​ឈើ​» ​​​ខ្ពស់​​ជាង​គេ​​បង្អស់​​ក្នុង​​ពិភព​លោក

    គម្រោង​សាងសង់​ «អគារ​ឈើ​» ​​​ខ្ពស់​​ជាង​គេ​​បង្អស់​​ក្នុង​​ពិភព​លោក

    (ស្វ៊ី​ស)-អគារ Rocket&Tigeli កម្ពស់ ១០០ ម៉ែត្រ នឹង​ត្រូវបាន​បង្ហើយកា​រ​សាងសង់​ជា​ស្ថាពរ​ក្នុង​រយៈពេល ៤ ឆ្នាំ​ទៀត។

    ក្រុមហ៊ុន Schmidt Hammer Lassen បានបង្ហាញ​រចនា​រូបរាង​នៃ​អគារ Rocket&Tigeli ដែលជា​អគារ​ស្នាក់នៅ និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​បង្អស់​ក្នុងចំណោម​អគារ​សាងសង់​ពី​ឈើខ្ពស់ៗក្នុង​ពិភពលោក។

    ក្នុង​រយៈពេល ៤ ឆ្នាំ​ទៀត អគារ​ឈើ​កម្ពស់ ១០០ ម៉ែត្រ​នេះ​នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ទីក្រុង Winterthur ភាគ​ឦសាន​តំបន់ Zurich របស់ ប្រទេស​ស្វ៊ី​ស ក្បែរ​ព្រំដែន​អាល្លឺម៉ង់។

    គម្រោង​នេះ​នឹង​បំបែក​កំណត់ត្រា​របស់​អគារ​ធ្វើ​ពី​ឈើ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នាបច្ចុប្បន្ន ដែល​ស្ថិតនៅក្នុង ប្រទេស​ន័​រ​វែ​ស គឺ​អគារ Mjostarnet កម្ពស់ ៨៥.៤ ម៉ែត្រ។

  • ស្លឹក​តែ​កែច្នៃ​ដោយ​ដៃ មានតម្លៃ​ជាង ១៥,០០០ ដុល្លារ​អាម៉េរិក/គីឡូក្រាម តែ​អ្នក​លក់​ថា ជា​តម្លៃ​ «សមស្រប»

    ស្លឹក​តែ​កែច្នៃ​ដោយ​ដៃ មានតម្លៃ​ជាង ១៥,០០០ ដុល្លារ​អាម៉េរិក/គីឡូក្រាម តែ​អ្នក​លក់​ថា ជា​តម្លៃ​ «សមស្រប»

    (ជប៉ុន)-ស្លឹក​តែ​កែច្នៃ​ដោយ​ដៃ មកពី​ខេត្ត Shizuoka ក្នុង ១ គីឡូក្រាម ត្រូវបាន​លក់​ក្នុងតម្លៃ ១.១៦ លាន​យេន នៅក្នុង​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​នា​ដើមរដូវ​តែ​ឆ្នាំនេះ។

    ពិធី​ពិព័រណ៍​លក់​ដេញថ្លៃ​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ផ្សារ​តែ​ជប៉ុន ក្នុង​ខេត្ត Shizuoka កាលពី​ព្រឹក​ថ្ងៃទី ១៨ មេសា ២០២២ គឺ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​សម្រាប់រ​ដូ​វ​កាល​ផលិត​តែ​ថ្មី។ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​បានឱ្យដឹងថា ដើម​តែ​ឆ្នាំនេះ​លូតលាស់​យឺត​ជាង​ធម្មតា ប៉ុន្តែ នៅតែ​ធានាបាន​គុណភាព។

    ស្លឹក​តែ Saemidori កែច្នៃ​ដោយ​ដៃ មាន​ប្រភពពី​ទីក្រុង Fujinomiya ១ គីឡូក្រាម​ត្រូវបាន​លក់​ក្នុងតម្លៃ ១.១៩ លាន​យេន ស្មើនឹង ១៥,៥០០ ដុល្លារ​អាម៉េរិក ថ្លៃ​ជាង​ឆ្ងាយ​ធៀប​នឹង ១.០៨ លាន​យេន (៨,៥០០ ដុល្លារ) ដែលជា​កំណត់ត្រា​កាលពី​ឆ្នាំ ២០២១។

    នៅ Shizuoka ស្លឹក​តែនីមួយៗត្រូវបាន​ជ្រើសរើស​យ៉ាង​ម៉ត់ចត់ និង​បេះ​ដោយ​ដៃ​មនុស្ស។ ក្រោយ​ជំហាន​នៃ​ការ​ចំហុយ​ស្លឹក​តែ ក្រុម​អ្នកជំនាញ​នឹង​អនុវត្ត ៣ ដំណាក់កាល​ទៀត ដែល​ទាក់ទង​នឹង​ការ​ញី​ដោយ​ដៃ​ដើម្បី​ស្រូបយក​សំណើម និង​បង្កើតជា​រូបរាង​ពិសេស។

    ពិព័រណ៍​លក់ដេញ​ថ្លៃ​តែ​ កាលពី​ថ្ងៃទី ១៨ មេសា ២០២២ នៅ ជប៉ុន

    ដំណាក់កាល​មមាញឹក​នៃ​ការផលិត​តែ​ដែល​កែច្នៃ​ដោយ​ដៃ​នៅ ប្រទេស​ជប៉ុន ឆ្នាំនេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ធ្លាក់​ទៅ​ចុងខែ​មេសា។

    ក្រោយ​ការលក់​ដេញថ្លៃ​ជាង ១ ម៉ោង បរិមាណ​តែ​ដែល​ត្រូវបាន​លក់ កើនឡើង​ដល់ ១,៧៣២ គីឡូក្រាម ក្នុងនោះ​តម្លៃ​មធ្យម​គឺ ៥,០២៧ យេន (៤០ ដុល្លារ​អាម៉េរិក) ក្នុង ១ គីឡូក្រាម។

    Yasuhide Uchino អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​ពិព័រណ៍​លក់​ដេញថ្លៃ បាន​និយាយថា ការចំណាយ​ទៅលើ​វត្ថុធាតុដើម និង​ឥន្ធនៈ បានធ្វើឱ្យ​តម្លៃ​របស់​តែ​នេះ​ថ្លៃ​ជាង​មុន ប៉ុន្តែ ពួកគេ​បាន​ប្រឹងប្រែង​ដើម្បី​ធានាថា អាច​ផ្គត់ផ្គង់ «តែ​ឈ្ងុយឆ្ងាញ់ ជា​មួយ​នឹង​​តម្លៃ​សមស្រប»៕

  • ករណី «រំលោភ​សម្លាប់» នៅ​សង្កាត់​អូរ​ស្មាច់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣ នាក់

    ករណី «រំលោភ​សម្លាប់» នៅ​សង្កាត់​អូរ​ស្មាច់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣ នាក់

    (ឧ​ត្ត​រ​មានជ័យ)-នៅ​ថ្ងៃទី ១៨ មេសា ២០២២ កម្លាំង​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ស្រាវជ្រាវ និង​បាន​បំបែកសំណុំរឿង​ឃាតកម្ម «រំលោភ​សម្លាប់» នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

    ការ​បំបែកសំណុំរឿង​ឃាតកម្ម​បាន​ជោគជ័យ ក៏ដោយ​មានការ​ណែនាំ​ពី​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សម្របសម្រួល​ពី ឯកឧត្តម តូច សុភ​ក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

    លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់ ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ភាក់ សីហា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ នៅ​ភូមិ​អូ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ភា​ជ សុជាតិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

    ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ បាន​សារភាពថា នៅមាន​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព។ មកដល់​វេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី ១៩ មេសា ២០២២ ជនសង្ស័យ​ម្នាក់ទៀត​ដែលមាន​ឈ្មោះថា ត្រ​យ ចិ​ត្រា ភេទ​ប្រុស អាយុ ១៥ ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន។

    ជនសង្ស័យ​ទាំង ៣ នាក់​នេះ បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លប​ស្ទាក់ចាប់​ជនរងគ្រោះ​នៅតាម​ផ្លូវ ដើម្បី​យកទៅ​រំលោភ និង​សម្លាប់ ហើយ​បោះ​ចូលទៅក្នុង​ទឹកអូរ​ពិតប្រាកដ​មែន។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ មេសា ២០២២ វេលា​ម៉ោង​ប្រហែល ២៣ និង ០០ នាទី នៅ​ចំណុច​មាត់​អូរ​ខាងត្បូង​ភូមិ ស្ថិត​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​រំលោភ​សម្លាប់​ដែល​បង្កឡើង​ដោយ​ដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ។ ជនរងគ្រោះ​ឈ្មោះ ឡុង គឹម​ឡាយ ភេទ​ស្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ត្រូវបាន​ជនដៃដល់ ចាប់​យកទៅ​រំលោភ និង​សម្លាប់ ហើយក៏​ត្រូវ​បោះ​ចូលទៅក្នុង​ទឹកអូរ​ខាងត្បូង នៃ ភូមិ​ចំការចេក។

    ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន នាំទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​កាត់ទោស​នៅ​សាលាដំបូង​ខេត្ត៕

  • មហាសេដ្ឋី​លេខ ១ របស់​ពិភពលោក ប្រាប់ថា ព្រោះ​គ្មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ លោក​ត្រូវ​ស្នាក់នៅ​ដោយសារ​ផ្ទះ​របស់​មិត្តភក្ដិ

    មហាសេដ្ឋី​លេខ ១ របស់​ពិភពលោក ប្រាប់ថា ព្រោះ​គ្មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ លោក​ត្រូវ​ស្នាក់នៅ​ដោយសារ​ផ្ទះ​របស់​មិត្តភក្ដិ

    មហាសេដ្ឋី Elon Musk បានឱ្យដឹងថា បច្ចុប្បន្ន គាត់​មិនមាន​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឡើយ ហើយ​ជា​ញឹកញាប់ គាត់​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុងផ្ទះ​របស់​មិត្តភក្ដិ។

    «សូម្បីតែ​ផ្ទះ​ក៏​ខ្ញុំ​មិនមាន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ខ្ញុំ​ពិតជា​កំពុងស្នាក់នៅ​ឯ​ផ្ទះ​របស់​មិត្តសម្លាញ់​របស់ខ្ញុំ។ បើ​ខ្ញុំ​ទៅកាន់​តំបន់​ឈូង​សមុទ្រ San Francisco ជាទី​ដែល​ដាក់​មូលដ្ឋាន​បច្ចេកទេស​ស្ទើរតែ​ទាំងអស់​របស់ Tesla ខ្ញុំ​នឹង​ទៅ​ស្នាក់នៅ​ដោយសារ​ផ្ទះ​របស់​មិត្តភក្ដិ» លោក Elon Musk ចែករំលែក​នៅក្នុង​ការ​ជជែក​ជាមួយ​កម្មវិធី TED ដែល​ត្រូវបាន​ផ្សាយ​កាលពី​ចុង​សប្ដាហ៍​កន្លង។

    នៅពេល​ត្រូវបាន​សួរ​អំពី​ភាពខុសគ្នា​រវាង​អ្នកក្រ និង​អ្នក​មាននៅ អាម៉េរិក នាយក​ប្រតិបត្តិ​របស់ Tesla និយាយថា «ប្រាកដ​ជាមាន​បញ្ហា​ធំ បើសិនជា​ខ្ញុំ​ចំណាយ​រាប់ពាន់​លាន​ដុល្លារ​ក្នុង ១ ឆ្នាំៗ ទៅលើ​ការចាយវាយ​ផ្ទាល់ខ្លួន ប៉ុន្តែ មិន​ដូច្នោះ​ទេ»។

    លោក Musk ឱ្យដឹងថា លោក​មិនបាន​ចាត់ទុក​ការចំណាយ​ផ្ទាល់ខ្លួន​របស់លោក​ថា​ខ្ពស់​ឡើយ លើកលែងតែ​លោក​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន។ «ប៉ុន្តែ បើ​ខ្ញុំ​មិន​ប្រើប្រាស់​យន្តហោះ​ផ្ទាល់ខ្លួន ពេលវេលា​ធ្វើការ​របស់ខ្ញុំ​នឹង​ថយចុះ» លោក Musk បញ្ជាក់។

    កាលពី​ឆ្នាំ ២០០០ មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ បានប្រកាសថា នឹង​លក់​សម្បត្តិ​ជា​អចលនទ្រព្យ​ស្ទើរតែ​ទាំងអស់​របស់លោក ដើម្បី​បន្ធូរបន្ថយ​ការរិះគន់​អំពី​ភាព​ស្ដុកស្ដម្ភ​របស់លោក។ ចុងឆ្នាំ ២០២១ លោក Musk បាន​ក្លាយជា​មនុស្ស​គ្មាន​ផ្ទះសំបែង ក្រោយពី​បាន​លក់​ភូមិគ្រឹះ​ចុងក្រោយ​នៅ California ក្នុងតម្លៃ ៣០ លាន​ដុល្លារ។ បន្ទាប់មក លោក​ក៏បាន​ជួល​ផ្ទះមួយ​ខ្នង​ដែលមាន​តម្លៃ ៥០,០០០ ដុល្លារ នៅ Boca Chica នៃ​រដ្ឋ Texas។

    យោងតាម​តារាង​ចំណាត់ថ្នាក់​មហាសេដ្ឋី​តាម​ពេលវេលា​ជាក់ស្ដែង​របស់ ទស្សនាវដ្ដី Forbes លោក Elon Musk បច្ចុប្បន្ន​មានទ្រព្យ​សុទ្ធ​ប្រមាណ ២៦៩.៥ ពាន់​លាន​ដុល្លារ ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក៕

  • អាម៉េរិក ដក​វិធាន​ការពាក់​ម៉ាស​ទាំងស្រុង នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ

    អាម៉េរិក ដក​វិធាន​ការពាក់​ម៉ាស​ទាំងស្រុង នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ

    តុលាការ​សហព័ន្ធ បានចេញ​សេចក្ដីសម្រេច​ថ្មី ដែល​បង្គាប់​ឱ្យ​រដ្ឋាភិបាល​អាម៉េរិក ដក​វិធានការ​ទាំងស្រុង ដែល​កំពុង​បង្ខំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។

    រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន នឹងមិន​បន្ត​អនុវត្ត​វិធានការ​បង្ខំ​ឱ្យ​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទៀតឡើយ បន្ទាប់ពី​តុលាការ​សហព័ន្ធ​នៅ Florida កាលពី​ថ្ងៃ​ចន្ទ បានធ្វើការ​សម្រេច​ថា ការកំណត់​ឱ្យ​ពាក់​ម៉ាស​ដោយ​បង្ខំ​ក្នុង​រយៈពេល ១៤ ខែ​មកនេះ គឺជា​រឿង​ខុសច្បាប់ ដូច្នេះ តុលាការ​បាន​ប្រែ​ក្រឡាស់​កិច្ចខិតខំ​របស់ សេត​វិមាន ក្នុងការ​កាត់បន្ថយ​ការឆ្លង​កូ​វីដ-១។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី Reuters ដែល​បាន​ចុះផ្សាយ​នាពេលថ្មីៗនេះ។

    ការសម្រេច​ថ្មី​បំផុត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ចៅក្រម Kathryn Kimball Mizelle ជា​មន្ត្រី​តុលាការ​ដែល​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី Donald Trump បន្ទាប់ពី​មាន​ពាក្យ​ស្នើ​ឱ្យមាន​បណ្ដឹង​កាលពី​ឆ្នាំមុន របស់​ស្ថាប័ន​មួយ។

    ចៅក្រម Mizelle និយាយថា មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អាម៉េរិក (CDC) បាន​ប្រើប្រាស់​អំណាច​លើស​ដែន​កំណត់​ក្នុងការ​អនុវត្ត​បទបញ្ជា។

    លោក​ស្រី Kathryn Kimball Mizelle

    មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក ១ រូប បានឱ្យដឹងថា CDC មាន​សិទ្ធិ​ក្នុងការ​ប្ដឹង​ជំទាស់ ឬ​ស្នើឱ្យ​មានការ​ពន្យារពេល​ជាបន្ទាន់​នូវ​ការអនុវត្ត​ការកំណត់​នេះ។

    បន្ទាប់ពី​សេចក្ដីសម្រេច​ថ្មី​ត្រូវ​បានប្រកាស​ភ្លាម ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ២ គឺ United Airlines និង Alaska Airlines ក៏បាន​ប្រញាប់​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​បច្ចុប្បន្ន​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ទៅលើ​ជើងហោះហើរ​ក្នុងស្រុក។

    បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក មាន​អ្នក​ឆ្លង​កូ​វីដ-១៩ ប្រមាណ ៣៦,០០០ នាក់ និង​ស្លាប់​ជា​មធ្យម ៦០ នាក់ ជា​រៀងរាល់ថ្ងៃ។ នេះ​បើ​គិត​ទៅលើ​តួលេខ​មធ្យមភាគ​នៃ​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ ក្នុងអំឡុង ៧ ថ្ងៃ​ចុង​ក្រោយនេះ។

    ចំណែក​ភាគី​ សេត​វិមាន វិញ បាន​ហៅ​សេចក្ដីសម្រេច​ថ្មី​របស់​តុលាការ​ខាងលើ​ថា ជា​បទបញ្ជា​គួរឱ្យ​អស់សង្ឃឹម​បំផុត៕

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ១៤ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៨ មេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ១៤ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៨ មេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៨ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៤ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។