Author: សឿន សំណាង

  • លោក បៃ​ដិ​ន ថា បស្ចិម​លោក​ប្ដេជ្ញា​មិនឱ្យ​ចាញ់ រុស្ស៊ី ជាដាច់ខាត

    លោក បៃ​ដិ​ន ថា បស្ចិម​លោក​ប្ដេជ្ញា​មិនឱ្យ​ចាញ់ រុស្ស៊ី ជាដាច់ខាត

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែងថា លោកខាងលិច​នឹងត្រូវ​ខាតបង់​ធ្ងន់ធ្ងរ បើសិន​ចុះចាញ់ រុស្ស៊ី និង​បានស្នើ​កញ្ចប់​ថវិកា ចំនួន ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់ អ៊ុយ​ក្រែ​ន។

    «ការប្រកួតប្រជែង​នេះ​មានតម្លៃ​មិន​ថោក​ឡើយ។ ប៉ុន្តែ តម្លៃ​ដែល​ត្រូវ​ខាតបង់​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ បើសិន​យើង​ចុះចាញ់» លោក បៃ​ដិ​ន ថ្លែង​នៅ សេត​វិមាន កាលពី​ថ្ងៃទី ២៨ មេសា​ដូច្នេះ និង​បានដាក់​សំណើសុំ​បញ្ចេញ​កញ្ចប់​ថវិកា តម្លៃ ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​បញ្ជូន​អាវុធ និង​ជំនួយ​ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន។

    មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​រដ្ឋាភិបាល​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា កញ្ចប់​ថវិកា​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ​ខាង​លើ​នេះ​ក៏​រួមមាន​ទាំង ២០ ពាន់​លាន​ដុល្លារ​សម្រាប់​ផ្ដល់ជំនួយ​ជា​យោធា សន្តិសុខ និង​ទិញ​សព្វាវុធ។ ចំណែក​ប្រហែល ៨.៥ ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​សេដ្ឋកិច្ច ជួយ​ឱ្យ ទីក្រុង​កៀវ ដោះស្រាយ​បញ្ហា​វិបត្តិ​បន្ទាន់ និង​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​ជំនួយ​មនុស្សធម៌ និង​ដោះស្រាយ​បញ្ហា ស្បៀងអាហារ​ឡើងថ្លៃ​ទូទាំង​សកលលោក។

    កញ្ចប់​ថវិកា​នេះ ត្រូវ​រង់ចាំ​ការអនុម័ត​ពី​សភា​អាម៉េរិក។ បើទោះជា​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន គឺជា​ប្រធានបទ​ទទួលបាន​ការគាំទ្រ​ច្រើន​ពីស​ភា ប៉ុន្តែ វា​ហា​ក់នៅ​ស្រពេចស្រពិល​នៅឡើយ ដោយសារតែ​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ កំពុង​ជជែក​អំពី​កញ្ចប់​ថវិកា ២២.៥ ពាន់​លាន​ដុល្លារ​សម្រាប់​ទប់ទល់​កូ​វីដ-១៩ ដែល​លោក បៃ​ដិ​ន បានស្នើ​ឡើង។

    យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់ សេត​វិមាន Jen Psaki អះអាងថា ក្រុមការងារ​របស់​ប្រធានាធិបតី នឹង​ប្រើប្រាស់​កម្លាំង​ទាំងអស់​ដើម្បី​ជំរុញ​ឱ្យ​សភា​អនុម័ត​កញ្ចប់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន នេះ។

    នៅ សេត​វិមាន លោក បៃ​ដិ​ន បាន​ថ្លែងថា ក្នុង​រថក្រោះ​របស់ រុស្ស៊ី ១ គ្រឿង ដែល អ៊ុយ​ក្រែ​ន ត្រូវ​ប្រឈមមុខ មន្ទីរ​បញ្ច​កោណ បានផ្ដល់​អាវុធ​ចំនួន ១០ ដើម ដើម្បី​កម្ទេច។

  • ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ធំ​បំផុត​ក្នុង​ពិភពលោក នៅ​ទំនប់​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ

    ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ធំ​បំផុត​ក្នុង​ពិភពលោក នៅ​ទំនប់​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ

    (ប្រទេស​ចិន)-ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ដែល​បង្កើតបាន​កំណត់ត្រា​ពិភពលោក​ចំនួន ២ កាលពី​ថ្ងៃទី ២៥ មេសា ត្រូវបាន​ចាប់ផ្ដើម​ដោះចេញ​ពី​ទំនប់​វា​រី​អគ្គិសនី Baihetan ក្រោយ​ការប្រើប្រាស់​បាន ៥ ឆ្នាំ។

    ស្ថិតនៅត្រង់​តំបន់​ព្រំប្រទល់​រវាង​ខេត្ត Sichuan និង​ខេត្ត Yannan ភាគ​និរតី​នៃ ប្រទេស​ចិន ក្រុមកម្មករ​នៅ ទំនប់​វា​រី​អគ្គិសនី Baihetan កាលពី​ថ្ងៃទី ២៥ មេសា បានចាប់ផ្ដើម​ដោះ​ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ខ្នាត​យក្ស។

    នេះ​គឺជា​ប្រព័ន្ធ​ដងសន្ទូច​ធំ​បំផុត និង​ដំណើរការ​ដោយ​សុវត្ថិភាព​យូរ​បំផុត​ក្នុង​ពិភពលោក។ ប្រព័ន្ធ​នេះ​មាន​ដងសន្ទូច​ខ្សែកាប​ចំនួន ៧ ក្នុងនោះ ដងសន្ទូច​ស្នូល​នៅលើ​កំពូល​ទំនប់​អាច​លើក​ទម្ងន់​បាន​រហូតដល់ ១០,០០០ kilonewton។

    ប្រព័ន្ធ​ដងសន្ទូច​ខ្សែកាប​ខ្នាត​យក្ស​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​ខែមីនា ២០១៧ ហើយ​មកដល់​បច្ចុប្បន្ន វា​បានសម្រេច​ភារកិច្ច​រយៈពេល ៥ ឆ្នាំ ជា​ស្ថាពរ។ ក្នុងដំណាក់កាល​ដំណើរការ វា​បាន​លើក​បេតុង​សរុប ៨,២៧៩ លាន​ម៉ែត្រគូប ដើម្បី​បម្រើ​ដល់​ការសាងសង់​ទំនប់ Baihetan។

  • ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក នៅ​រាជធានី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឆាប់ៗនេះ

    ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក នៅ​រាជធានី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឆាប់ៗនេះ

    ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ស្ថិតក្នុង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ដ៏​ខ្លី​ខាងមុខ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​គ្រា​ដែល​ការសាងសង់​បាន​រួចរាល់ ១០០% ហើយ នេះ​បើតាម​ការបញ្ជាក់​កាលពី​ព្រឹម​មិញ របស់​មន្ដ្រី​ជំនាញ​នៃ រដ្ឋបាល​រាជធានី​ភ្នំពេញ។

    ស្ពាន​ថ្មើរជើង​សន្ធរម៉ុក ត្រូវបាន​សាងសង់​រំលង​មហាវិថីធំៗ និង​នៅលើ​ចំណុចប្រសព្វ​ផ្លូវបែក​ជា ៤ ដោយ​កាត់​ទទឹង ផ្លូវ​ម៉ៅ​សេទុង ២ ខ្សែ និង​កាត់​ទទឹង ផ្លូវ​កម្ពុជា​ក្រោម ២ ខ្សែ ដែលជា​កន្លែង​មមាញឹក ដោយ​អ្នក​ថ្មើរជើង​ឆ្លងកាត់​ច្រើន ដូច្នេះ វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ចំណេញ​ពេលវេលា និង​កាត់​បន្ត​ការកកស្ទះ​ចរាចរណ៍​ផងដែរ។

    បច្ចុប្បន្ន មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ៤ កន្លែង ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង រាជធានី​ភ្នំពេញ រួមមាន ២ កន្លែង​នៅ តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ, ១ កន្លែង​នៅ តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង និង ១ កន្លែង​ទៀត នៅ​ផ្សារ​ដើម​គរ។

  • មហេសី​របស់​មហាក្សត្រ​ នៃ​ ប្រទេស​​ម៉ាឡេស៊ី រៀប​រាប់​​​អំពី​​ «បញ្ហា​​អសមត្ថ​ភាព​​បន្ត​​ពូជ»​ ដែល​​ទ្រង់​​បាន​​ឆ្លង​​កាត់

    មហេសី​របស់​មហាក្សត្រ​ នៃ​ ប្រទេស​​ម៉ាឡេស៊ី រៀប​រាប់​​​អំពី​​ «បញ្ហា​​អសមត្ថ​ភាព​​បន្ត​​ពូជ»​ ដែល​​ទ្រង់​​បាន​​ឆ្លង​​កាត់

    ព្រះ​មហេសី Azizah មានបន្ទូលថា ទ្រង់​ធ្លាប់បាន​ឆ្លងកាត់​ការបង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍ (IVF (In Vitro Fertilization)​ ចំនួន ១៦ លើក មុនពេល​ទ្រង់​គភ៌​លើកដំបូង ដែល​នេះ​គឺជា​រឿងរ៉ាវ​ពិសេស​មួយ ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មិនមាន​សមត្ថភាព​បន្ត​ពូជ។

    «ខ្ញុំ​ធ្លាប់បាន​ឆ្លងកាត់​ការបង្ក​កំណើត​ក្នុង​កែវពិសោធន៍​ចំនួន ១៦ លើក និង​បាន​ជោគជ័យ​នៅក្នុង​លើក​ទី ១។ ខ្ញុំ​នឹកស្មាន​មិន​ដល់​ថា អាច​ផ្ដល់កំណើត​ឱ្យ​កូន​ចំនួន ៥ នាក់​បន្ថែមទៀត ក្នុងនោះ​មាន​ទាំង​កូនភ្លោះ​ទៀតផង» ព្រះមហា​សី Azizah ព្រះជន្ម ៦១ វស្សា មានបន្ទូល​ប្រាប់ Telegraph កាលពី​ចុង​សប្ដាហ៍​កន្លង​ដូច្នេះ។

    មហេសី Azizah បាន​រៀប​អភិសេក​ជាមួយ មហាក្សត្រ Abdullah កាលពី​ឆ្នាំ ១៩៨៦ និង​ទ្រង់​គភ៌​បុត្រ​ដំបូង​កាលពី​ឆ្នាំ ១៩៩៥។ ក្រោយមក ទ្រង់​ក៏បាន​ប្រសូត្រ​បុត្រា ៣ អង្គ និង​បុត្រី ២ អង្គ​ថែមទៀត។

    ព្រះ​មហេសី Azizah កាលពី​ឆ្នាំ ២០០៤ បាន​បង្កើត​មូលនិធិ​ផ្ដល់កំណើត Tunku Azizah ដើម្បី​ជួយ​ដល់​សកម្មភាព​នៃ​វិធីសាស្ត្រ​ព្យាបាល​បញ្ហា​អសមត្ថភាព​បន្ត​ពូជ ពិសេស​គឺ​គូ​ស្វាមីភរិយា​ក្រីក្រ។

    «ខ្ញុំ​ដឹងថា វិធីសាស្ត្រ​នេះ​ពិតជា​ត្រូវ​ចំណាយ​ច្រើន និង​យល់ច្បាស់​ពី​ការ​ពិបាកចិត្ត​ដែល​គ្រប់គ្នា​ត្រូវ​ឆ្លងកាត់។ ក្រោយ​ការព្យាបាលម្ដងៗ អ្នក​ត្រលប់​ទៅផ្ទះ ហើយ​យំ» មហេសី Azizah រៀបរាប់។

    ក្ស​ត្រី​អង្គ​នេះ ឱ្យដឹងថា ជនជាតិ​អាស៊ី តែងតែ​លាក់បាំង​បញ្ហា​ផ្ទាល់ខ្លួន ប៉ុន្តែ ទ្រង់​យល់ថា ដល់ពេល​ដែល​គួរ​និយាយ​ដល់​បញ្ហា​អសមត្ថភាព​បន្ត​ពូជ ការបង្ក​កំណើត​ក្នុង​កែវពិសោធន៍ ហើយ​ចាប់​ផ្ដើមធ្វើ​សកម្មភាព។

    សមាជិក​រាជវង្ស ​នៃ​មហា​ក្សត្រ​របស់ ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​ ២០២០

    បុត្រា បុត្រី​របស់​មហាក្សត្រ នៃ ប្រទេស​ម៉ាឡេស៊ី សុទ្ធតែ​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗនៅ ចក្រភព​អង់គ្លេស។ ព្រះអង្គម្ចាស់ Abdullah ឡើងគ្រងរាជ្យសម្បត្តិ​កាលពី​ឆ្នាំ ២០១៩ និង​បន្ត​សោយរាជ្យ​រហូតដល់​ឆ្នាំ ២០២៤។

  • រុស្ស៊ី ដាក់ពង្រាយ​សត្វ​ផ្សោត​សមុទ្រ (dolphin) ដើម្បី​ការពារ​មូលដ្ឋានទ័ព​នៅ Crimea

    រុស្ស៊ី ដាក់ពង្រាយ​សត្វ​ផ្សោត​សមុទ្រ (dolphin) ដើម្បី​ការពារ​មូលដ្ឋានទ័ព​នៅ Crimea

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា រុស្ស៊ី ទំនងជា​កំពុង​ប្រើប្រាស់​ផ្សោត​សមុទ្រ​ដើម្បី​បង្ការ​ករណី​កងកម្លាំង​មុជទឹក​របស់​សត្រូវ វាយប្រហារ​លើ​អង្គភាព​ការពារ​កំពង់ផែ Sevastopol ក្នុងពេល​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    ទ័ពជើងទឹក​រុស្ស៊ី ដាក់ពង្រាយ​ទ្រុង​ផ្សោត​ចំនួន ២ នៅ​ច្រកចេញចូល​កំពង់ផែ Sevastopol។ ទ្រុង​ទាំងនេះ​ត្រូវបាន​ដឹក​មកកាន់​ទីតាំង​ក្នុង​ខែកុម្ភៈ មុន​ការចាប់ផ្ដើម​បើក​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​ការអះអាង​កាលពី​ថ្ងៃទី ២៧ មេសា របស់​ក្រុម​អ្នកជំនាញ​ផ្នែក​នាវាមុជទឹក និង​ប្រព័ន្ធ​ក្រោម​ទឹក H. I. Sutton បន្ទាប់ពី​បាន​វិភាគ​លើ​ទិន្នន័យ​ដែល​បាន​ពី​ផ្កាយរណប។

    Sevastopol គឺជា​មូលដ្ឋាន​ទ័ពជើងទឹក​សំខាន់បំផុត​របស់ រុស្ស៊ី នៅ សមុទ្រ​ខ្មៅ។ ខាងក្នុង​កំពង់ផែ នាវាចម្បាំង​តម្លៃ​ខ្ពស់​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី កំពុង​ចត​ឆ្ងាយ​ពី​រង្វង់​ប្រតិបត្តិ​នៃ មី​ស៊ី​ល របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ ងាយ​នឹងត្រូវ​រង​ការវាយប្រហារ​ពីក្រោម​ទឹក។

    ​មូលដ្ឋានទ័ព​ជើង​ទឹក​របស់ រុស្ស៊ី នៅ កំពង់ផែ Sevastopol

    កងកម្លាំង​របស់ រុស្ស៊ី អាច​ប្រើប្រាស់​ក្រុម​ប្រយុទ្ធ​សត្វ​ផ្សោត​សមុទ្រ​ដែល​ទទួលបាន​ការបង្ហាត់​យ៉ាង​ស្ទាត់ជំនាញ ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​មុជទឹក​របស់​សត្រូវ បង្ការ​សេណារីយោ ដែលថា កង​កុម្មង់​ដូរ​បស់ អ៊ុយ​ក្រែ​ន លួច​ចូលមក​មូលដ្ឋានទ័ព​កំពង់ផែ Sevastopol ដើម្បី​បំផ្លាញ​នាវាចម្បាំង។

    កាលពី​សម័យ​សង្គ្រាមត្រជាក់ ទ័ពជើងទឹក​របស់ សូ​វៀត បាន​អភិវឌ្ឍ​កម្មវិធី​មួយចំនួន​សម្រាប់​បង្វឹក​ថនិកសត្វ ក្នុងនោះ​មាន​សត្វ​ផ្សោត​សមុទ្រ​ផងដែរ នៅ សមុទ្រ​ខ្មៅ។ អង្គភាព​នេះ​ដាក់​មូលដ្ឋាន​នៅ Kazachya Bukhta ក្បែរ Sevastopol រហូតដល់​បច្ចុប្បន្ន។

    បន្ទាប់ពី សូ​វៀត បាន​ដួលរលំ​កាលពី​ឆ្នាំ ១៩៩១ អង្គភាព​ខាងលើ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ ហាក់​លែង​ដំណើរការ​ទៅហើយ។ នៅពេល រុស្ស៊ី កាត់​យក​ឧបទ្វីប Crimea កាលពី​ឆ្នាំ ២០១៤ អង្គភាព​នេះ​ក៏ត្រូវ​បាន​កាត់​ចូល ប្រទេស​រុស្ស៊ី សកម្មភាព​របស់​អង្គភាព​នេះ​ក៏​ដំណើរការ​ឡើងវិញ និង​ត្រូវបាន​ពង្រីក​បន្ថែម។

    ក្រុម​នាវាចម្បាំង​សមុទ្រ​ខ្មៅ របស់ រុស្ស៊ី ធ្លាប់​ដាក់ពង្រាយ​សត្វ​ផ្សោត​សមុទ្រ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក Tartus ក្នុង ប្រទេស​ស៊ី​រី អស់​ជាច្រើន​ខែ​កាលពី​ឆ្នាំ ២០១៨។ ទ្រុង​សត្វ​ផ្សោត​ចល័ត​កាលណោះ ដូច​ទៅនឹង​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​នៅ​កំពង់ផែ Sevastopol នាបច្ចុប្បន្ន។

    «មិនទាន់​ដឹង​ច្បាស់​ថា អ៊ុយ​ក្រែ​ន មាន​ផែនការ​វាយប្រហារ​កំពង់​ផែ Sevastopol ឬ​អត់​នៅឡើយ។ ក្រុម​អ្នកជំនាញ​ផ្នែក​ជើង​ទឹក​ចាត់ទុក​សត្វ​ប្រភេទ​នេះ​ថា ជា​វិធានការ​ទប់ទល់​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុម​អ្នក​មុជទឹក​របស់​សត្រូវ» Sutton បញ្ជាក់​ដូច្នេះ៕

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៥ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៧ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៥ នាក់ទៀតប៉ុណ្ណោះ ក្នុង​អំឡុង​​ថ្ងៃទី ២៧ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៧ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០៥ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • មហាសេដ្ឋី Elon Musk នឹងត្រូវ​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ បើសិន​មិន​ទិញ Twitter

    មហាសេដ្ឋី Elon Musk នឹងត្រូវ​បង់ប្រាក់​ពិន័យ ១ ពាន់​លាន​ដុល្លារ បើសិន​មិន​ទិញ Twitter

    ខ្ទង់​ប្រាក់​ពិន័យ​រហូតដល់ ១ ពាន់​លាន​ដុល្លារ​នេះ អនុវត្ត​ចំពោះ​ទាំង​លោក Musk និង​ទាំង​បណ្ដាញ​សង្គម Twitter បើសិន​មួយ​ក្នុងចំណោម​ភាគី​ទាំង ២ បញ្ឈប់​កិច្ចព្រមព្រៀង​ទិញដូរ​នេះ។

    យោងតាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើងទៅ​កាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) កាលពី​ថ្ងៃទី ២៦ មេសា Twitter នឹងត្រូវ​បង់ថ្លៃ​បញ្ចប់​កិច្ចសន្យា​ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងករណី​បញ្ឈប់​កិច្ចព្រមព្រៀង​លក់​បណ្ដាញ​សង្គម​នេះ​ឱ្យ Elon Musk ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ។ នាយក​ប្រតិបត្តិ​របស់ Tesla ក៏​នឹងត្រូវ​បង់ថ្លៃ​ពិន័យ​ដូចគ្នានេះ​ផងដែរ បើសិន​ប្ដូរ​គំនិត។

    ករណី​ដែល​ភាគី​ទាំង ២ ខាងលើ ត្រូវបាន​តម្រូវឱ្យ​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​នេះ រួមមាន «បើសិន Musk មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ដូច​បាន​ចុះ​កិច្ចព្រមព្រៀង, Twitter ទទួលយក​ការស្នើ​ទិញ​មួយ​ផ្សេងទៀត ឬ​ក្រុម​ភាគ​ហ៊ុ​និករ​បស់ Twitter បោះឆ្នោត​បដិសេធ​សំណើ ទិញ​របស់ Musk។ លោក Musk ដែលជា នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX បច្ចុប្បន្ន​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​ប្រាក់ ២៥២ ពាន់​លាន​ដុល្លារ នេះ​បើតាមទំព័របញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ប្រចាំ​ថ្ងៃ​​ Bloomberg Billionaires Index។

    នៅ​ពាក់​កណ្ដាលខែ​នេះ មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានស្នើ​ទិញ Twitter ក្នុងតម្លៃ ៥៤.២ ដុល្លារ​អាម៉េរិក/ហ៊ុន ដោយ​សាច់​ប្រាក់សុទ្ធ។ កាលពី​សប្ដាហ៍​មុន Musk ប្រកាសថា មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ។

    បច្ចុប្បន្ន ការ​ទិញដូរ​ខាងលើ កំពុងដំណើរការ​រលូន ដែល​នេះ​ផ្ទុយ​ទាំងស្រុង​បើ​ធៀប​នឹង​ការព្រួយបារម្ភ​ដំបូង។ ការ​ទិញដូរ​បណ្ដាញ​សង្គម​នេះ​ក៏​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​របស់ Twitter យល់ព្រម ហើយ​វា​នឹង​សម្រេច​ជា​ស្ថាពរ​ក្នុងឆ្នាំនេះ បើសិន​មិនមាន​ឧបសគ្គ​ពី​ក្រុម​ភាគ​ហ៊ុ​និក និង​ក្រុមមន្ត្រី​រដ្ឋាភិបាល៕

  • ឪពុក​រៀប​ផែនការ​ចាប់​កូន​យកទៅ​កប់​ទាំង​រស់ ដើម្បី​អាច​ស្វែងរកឃើញ​​កំណប់​ទ្រព្យ

    ឪពុក​រៀប​ផែនការ​ចាប់​កូន​យកទៅ​កប់​ទាំង​រស់ ដើម្បី​អាច​ស្វែងរកឃើញ​​កំណប់​ទ្រព្យ

    (ឥណ្ឌា)-បុរស​ម្នាក់​នៅក្នុង​រដ្ឋ Maharashtra មាន​ផែនការ​កប់​កូនស្រី​របស់ខ្លួន​ទាំង​រស់ ព្រោះតែ​ជឿថា ការបូជា​យញ្ញ​នេះ​នឹង​អាច​នាំខ្លួន​ទៅកាន់​កន្លែង​មាន​លាក់​កំណប់ មុនពេល​គម្រោង​នេះ​ត្រូវបាន​ប៉ូលិស​បញ្ឈប់​ទាន់ពេល។

    ប៉ូលិស​ឥណ្ឌា កាលពី​ម្សិលមិញ ឱ្យដឹងថា ក្មេងស្រី​អាយុ ១៨ ឆ្នាំ​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះភ្លាមៗ នៅមុន​ពេល​ក្រុម​ជនសង្ស័យ​សម្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា។ ក្រុម​ជនសង្ស័យ​នេះ​មាន​គ្នា ៩ នាក់ ក្នុងនោះ​មាន​ទាំង​បុរស​ម្នាក់​ជា​ឪពុក​របស់​នារី​រងគ្រោះ និង​ម្នាក់​ជា​បព្វជិត​សាសនា​ហិណ្ឌូ ផងដែរ។

    យោងតាម Dilip Bhujbal Patil អធិការនគរបាល​ខ​ណ្ឌ Yavatmal នារី​រងគ្រោះ​បាន​លួច​ស្ដាប់​ឪពុក​របស់ខ្លួន និយាយ​គ្នា​អំពី​គម្រោង​បូជាយញ្ញ ១ ម៉ោង​មុនពេល​ពិធី​បានចាប់ផ្ដើម ហើយក៏​បាន​លួច​ប្រាប់​ទៅ​មិត្តភក្ដិ​របស់​នាង។ ឪពុក​របស់​នាង​បាន​ជីករណ្ដៅ​ក្នុង​ទីលាន​ក្បែរ​ផ្ទះ​កាលពី ១ ថ្ងៃមុន​នោះ។ ជននេះ​រៀប​ផែន​ការយក​កូនស្រី​ទៅ​បូជាយញ្ញ ព្រោះតែ​ជឿថា វា​នឹង​ជួយ​ឱ្យ​ជននេះ​រកឃើញ​កំណប់។

    មិត្ត​របស់​នារី​រងគ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​ពួកគេ​បាន​សម្រុកចូល​មកដល់ នៅពេល​ក្រុមមនុស្ស ៩ នាក់ កំពុង​រៀបចំ​ពិធី។ «ពួកគេ​វិះ​នឹង​បានសម្លាប់​នាង ប៉ុន្តែ​យើង​ចាប់បាន​ភស្ដុតាង» អធិការ​ប៉ូលិស​ខណ្ឌ Yavatmal ថ្លែង​ដូច្នេះ។

    ក្រុម​ជនសង្ស័យ ក្រោយមក​ក៏ត្រូវ​បាន​ចោទប្រកាន់​ពីបទ​រៀប​ផែនការ​សម្លាប់​មនុស្ស។ ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង​ចំពោះ​បុរស​ជា​ឪពុក ដោយសារ​មានការ​ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​ផ្លូវភេទ​លើ​កូនស្រី។

    នៅ ប្រទេស​ឥណ្ឌា ថ្វីបើ​មិនមាន​ទិន្នន័យ​ផ្លូវការ​ស្ដីពី​ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​យកទៅ​បូជាយញ្ញ ប៉ុន្តែ ជា​រៀងរាល់ឆ្នាំ មាន​ក្មេង​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ពិធី​នេះ។ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មាន​ក្មេង ២ នាក់ ក្នុងនោះ​មាន​ម្នាក់​អាយុ ៣ ឆ្នាំ និង​ម្នាក់​អាយុ ៧ ឆ្នាំ បាន​បាត់​បង់ជីវិត​នៅក្នុង​ពិធី​នានា​ដែល​ត្រូវគេ​សង្ស័យថា ជា​ពិធី​បូជាយញ្ញ៕

  • ប្រទេស​កូ​វ៉ែត ដកហូត​វិធានការ​ទប់ស្កាត់ វីរុស​​កូ​វីដ-១៩ ទាំងស្រុង

    ប្រទេស​កូ​វ៉ែត ដកហូត​វិធានការ​ទប់ស្កាត់ វីរុស​​កូ​វីដ-១៩ ទាំងស្រុង

    រដ្ឋាភិបាល​កូ​វ៉ែត (Kuwait) កាលពី​ថ្ងៃទី ២៧ មេសា ប្រកាសថា សម្រេចចិត្ត​ដកហូត​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ កូ​វីដ-១៩ ទាំងអស់ ចាប់ពី​ដើមខែ​ឧសភា​ខាងមុខ។

    យោងតាម​ការសម្រេច​ខាងលើនេះ ការពាក់​ម៉ា​សលែង​ជា​វិធាន​ការតម្រូវ​ទៀតហើយ មិន​ថា​នៅក្នុង​ផ្ទះ ឬ​នៅ​ខាងក្រៅ​ផ្ទះ។ អ្នកដំណើរ​ដែល​ចូលមក​ប្រទេស​នេះ មិន​ត្រូវបាន​បែងចែក​ស្ថានភាព​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ហើយក៏​មិន​បង្ខំ​ឱ្យធ្វើ​តេស្ត PCR នោះដែរ។

    មនុស្ស​គ្រប់រូប​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ មិនត្រូវ​បង្ខំ​ឱ្យ​ពាក់​ម៉ាស នៅពេល​ចូលទៅ​ទីកន្លែង​សាធារណៈ​បិទ​ជិត។ ចំណែក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ក៏​មិនត្រូវ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ការធ្វើ​តេស្ត PCR ត្រូវធ្វើឡើង​នៅក្នុង​តែ​ករណី​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​រយៈពេល ១៤ ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ប៉ះពាល់​ចុងក្រោយ។

    សម្រាប់​អ្នក​​ទាំង​ឡាយ​ដែល​ត្រូវបាន​បញ្ជាក់ថា ឆ្លង​កូ​វីដ-១៩ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ៥ ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ទទួលបាន​លទ្ធផល​វិជ្ជមាន ព្រមទាំង​តម្រូវឱ្យ​ពាក់​ម៉ាស​ផងដែរ។

  • «ទណ្ឌកម្ម​ប្រឆាំង រុស្ស៊ី មិនមាន​ប្រសិទ្ធភាព» សហភាព​អឺរ៉ុប ទទួលស្គាល់​ដូច្នេះ

    «ទណ្ឌកម្ម​ប្រឆាំង រុស្ស៊ី មិនមាន​ប្រសិទ្ធភាព» សហភាព​អឺរ៉ុប ទទួលស្គាល់​ដូច្នេះ

    អនុរដ្ឋមន្ត្រី​របស់ ប្រទេស​ប៉ូឡូញ Mateusz Morawiecki កាលពី​ថ្ងៃទី ២៧ មេសា បាន​ថ្លែងថា រុស្ស៊ី បានទទួល​ជោគជ័យ​ក្នុងការ​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់ បស្ចិម​លោក ហើយ​លោកស្រី​ក៏បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការពិត​នេះ។

    យោងតាម​ដំណឹង​ពី RT លោក Morawiecki បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា «មកដល់ពេលនេះ យើង​ឃើញថា រុស្ស៊ី កំពុងតែ​ទប់ទល់​នឹង​ទណ្ឌកម្ម​បាន​យ៉ាង​ល្អ ដូច្នេះ ដើម្បី​ដោះ​ស្ដារ​ស្ថាន​កាណ៍​នេះ ប៉ូឡូញ នឹង​ស្រាវជ្រាវ កសាង​ទណ្ឌកម្ម​ថ្មី»។

    រុស្ស៊ី បានបង្ហាញ​ឱ្យឃើញថា បណ្ដា​ប្រទេស​ដែល​មិន​ជិតស្និទ្ធ បានទទួល​បរាជ័យ​ក្នុង​ផែនការ «ច្របាច់ក រុស្ស៊ី» នៅក្នុង​វិស័យសេដ្ឋកិច្ច។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពី​ថ្ងៃទី ២៧ មេសា បាន​ថ្លែងថា រុស្ស៊ី បាន​ទប់ស្កាត់​ទណ្ឌកម្ម​បាន​ដោយ​ជោគជ័យ ដោយ​មិន​ដួលរលំ។

    យោងតាម​លោក ពូ​ទីន រុស្ស៊ី នឹង​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​ទាំងនោះ ដោយ​ស្មារតី​បើកទូលាយ​ជាង​មុន ចំពោះ​សកម្មភាព​ជំនួញ ទំនាក់ទំនង​សហប្រតិបត្តិ​ការស្មោះត្រង់ គោរព និង​ការពារ​ដល់​ម្ចាស់​អាជីវកម្ម និង​ក្រុម​អ្នកជំនួញល្អ។

    ចំណែក ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បានប្រកាសថា សហភាព​អឺរ៉ុប (EU) កំពុង​ពិចារណា​លើ​គម្រោង​ដាក់ទណ្ឌកម្ម​ថ្មី ដើម្បី​ប្រឆាំងនឹង រុស្ស៊ី ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ លោកស្រី Ursula បញ្ជាក់ថា «កញ្ចប់​ទណ្ឌកម្ម​ទី ៦ នឹងមាន​ប្រសិទ្ធភាព»។