Author: សឿន សំណាង

  • មហាសេដ្ឋី​រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី​អាម៉េរិក Warren Buffet ទៅទៀត

    មហាសេដ្ឋី​រូបនេះ បច្ចុប្បន្ន​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី​អាម៉េរិក Warren Buffet ទៅទៀត

    Gautam Adani បាន​លោត​ឡើងទៅ​គ្រង​តំណែង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ៥ ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ ១២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway ទៅទៀត។ នេះ​បើ​តាម​​​ទំព័រ Bloomberg Billionaires Index ចេញផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

    មហាសេដ្ឋី Buffett ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Berkshire Hathaway Inc បច្ចុប្បន្ន​មានទ្រព្យ​ប្រមាណ ១២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក Adani បាន​កើន ៤៨ ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ដើមឆ្នាំ ២០២២។ ចំណែក​ទ្រព្យ​របស់លោក Buffett វិញ បាន​កើនឡើង ១១ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ។

    ទាំង​លោក Buffett ទាំង​លោក Adani សុទ្ធតែ​មិនទាន់​ឆ្លើយ​បត​នឹង​សំណើសុំ​ការអធិប្បាយ ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ​នៅឡើយ។

    មហាសេដ្ឋី Adani គឺជា​ស្ថាបនិក និង​ជា​ប្រធាន​របស់ Adani Group ដែលជា​ក្រុមហ៊ុន​ខ្នាត​យក្ស រកស៊ី​ក្នុង​វិស័យ​ជាច្រើន ដូចជា ថាមពល រ៉ែ អចលនទ្រព្យ និង​កសិកម្ម​ជាដើម។

    Adani Group មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៧ ដែល​បាន​ឡើង​ផ្សារ​ហ៊ុន និង​មាន​មូលធន​ទីផ្សារ​តម្លៃ​ប្រមាណ ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន លោក Adani ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បន្ទាប់ពី លោក Elon Musk នាយក​ប្រតិបត្តិ របស់ Tesla, លោក Bezos ស្ថាបនិក​របស់ Amazon, លោក Bernard Arnault នាយក​ប្រតិបត្តិ​របស់ LVMH និង​លោក Bill Gates សហ​ស្ថាបនិក​របស់ Microsoft៕

  • អាម៉េរិក ចាប់ខ្លួន​មេដឹកនាំ​ប្រជុំ​កោះ Virgin នៃ​ចក្រភព​អង់គ្លេស

    អាម៉េរិក ចាប់ខ្លួន​មេដឹកនាំ​ប្រជុំ​កោះ Virgin នៃ​ចក្រភព​អង់គ្លេស

    ក្រុមមន្ត្រី​អាម៉េរិក បាន​ចាប់ខ្លួន​មេដឹកនាំ Fahie រួម​នឹង​មន្ត្រី​ម្នាក់ទៀត​នៃ ប្រជុំ​កោះ Virgin របស់ ចក្រភព​អង់គ្លេស ដោយ​ចោទថា មាន​ផែនការ​ដឹកជញ្ជូន​ថ្នាំញៀន។

    អភិបាល​ប្រជុំ​កោះ Virgin នៃ ចក្រភព​អង់គ្លេស Andrew Fahie ត្រូវបាន​កងកម្លាំង​ប្រឆាំង​គ្រឿងញៀន (DEA) របស់ ក្រសួងយុត្តិធម៌​អាម៉េរិក ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ មេសា នៅ​ទីក្រុង Miami រដ្ឋ Florida ក្រោម​បទ​ចោទថា មាន​ផែនការ​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​ទឹកដី​របស់ អាម៉េរិក និង​លាងលុយកខ្វក់។

    John Rankin ដែលជា​មន្ត្រី​ម្នាក់​របស់​ប្រជុំ​កោះ​ខាងលើ ក៏បាន​ទទួលស្គាល់​ព័ត៌មាន​នេះ។ «នេះ​គឺជា​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​បំផុត​សម្រាប់​សាធារណជន។ ខ្ញុំ​អំពាវនាវ​ឱ្យ​គ្រប់គ្នា​រក្សា​ភាពស្ងប់ស្ងាត់» លោក Rankin ថ្លែង​ដូច្នេះ។

    ក្រៅពី​អភិបាល​ប្រជុំ​កោះ Falhei កងកម្លាំង​របស់ អាម៉េរិក ក៏បាន​ចាប់ខ្លួន​ប្រធាន​កំពង់ផែ​នៃ ប្រជុំ​កោះ Virgin គឺ លោកស្រី Oleanvine Maynard និង​កូនប្រុស​ឈ្មោះ Kadeem ផងដែរ។

    ប្រជុំ​កោះ Virgin នៃ​ ចក្រ​ភព​អង់គ្លេស​ គឺជា​ដែនដី​ឯនាយសមុទ្រ​របស់ ចក្រភព​អង់គ្លេស ស្ថិតនៅក្នុង​តំបន់ សមុទ្រ​ការី​ប៊ី​ន (Caribbean Sea) មាន​ផ្ទៃក្រឡា ប្រហែល ១៥៣ គីឡូម៉ែត្រ និង​មាន​ប្រជាជន​សរុប​ជាង ២៨,០០០ នាក់។ ប្រជុំ​កោះ​នេះ ទទួលបាន​សិទ្ធិ​ស្វ័យ​សម្រេច​កាលពី​ឆ្នាំ ១៩៦៧៕

  • ស្ថាបនិក​របស់ SpaceX នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​បង្អស់​ ​​នៅ សហរដ្ឋ​អាម៉េរិក បើសិន​ទិញ Twitter

    ស្ថាបនិក​របស់ SpaceX នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​បង្អស់​ ​​នៅ សហរដ្ឋ​អាម៉េរិក បើសិន​ទិញ Twitter

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក អាច​ទទួលបាន​ងារ​ថ្មី​ផ្សេង​មួយទៀត នោះ​គឺ នាយក​ប្រតិបត្តិ​ដែល​ជាប់បំណុល​ច្រើន​បំផុត​នៅ សហរដ្ឋ​អាម៉េរិក។

    លោក Elon Musk ត្រូវការ​ប្រាក់ ៤៤ ពាន់​លាន​ដុល្លារ ដើម្បី​អាច​ទិញ​បាន Twitter ហើយ​លោក​ត្រូវ​ចំណាយ​ប្រាក់ ២/៣ ក្នុងចំណោម​កញ្ចប់​ថវិកា​សម្រាប់​ទិញ​បណ្ដាញ​សង្គម​នេះ។ ៤៤ ពាន់​លាន​ដុល្លារ​គឺជា​ចំនួន​ច្រើន បើ​ទោះ​លោក Musk មានទ្រព្យ​សុទ្ធ​សរុប​ប្រហែល ២៥០ ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់លោក Musk ផ្សារភ្ជាប់​ទៅនឹង​ភាគហ៊ុន Tesla រួម​នឹង​ទុន​នៅក្នុង​ក្រុមហ៊ុន SpaceX និង The Boring ដូច្នេះ លោក​នឹងត្រូវ​លក់​ភាគហ៊ុន​រាប់លាន​ហ៊ុន និង​ចំណាយ​បន្ថែម​រាប់លាន​ដុល្លារ​ដើម្បី​ប្រមូលប្រាក់​ឱ្យបាន​គ្រប់​ចំនួន​សម្រាប់​ទិញ​បណ្ដាញ​សង្គម។

    យោងតាម​របាយការណ៍​ដែល​បាន​បញ្ជូន​ទៅកាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​ដូរ Twitter របស់លោក Musk នឹង​រួមមាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

    ដោយសារតែ​បណ្ដា​ធនាគារ​តម្រូវឱ្យ​មានកា​រ​ធានា​ខ្ពស់​សម្រាប់​ភាគហ៊ុន​ដែល​អាចមាន​ការប្រែប្រួល​ខ្ពស់​ដូចជា Tesla ជាដើម លោក Musk នឹងត្រូវ​ដាក់បញ្ចាំ​ភាគហ៊ុន Tesla ប្រហែល ៦៥ ពាន់​លាន​ដុល្លារ ឬ​ប្រហាក់ប្រហែល​នឹង ១/៤ នៃ​ទ្រព្យ​បច្ចុប្បន្ន​របស់លោក សម្រាប់​ប្រាក់កម្ចី។

    ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Audit Analytics បានឱ្យដឹងថា លោក Musk បាន​ត្រៀម​ភាគហ៊ុន​តម្លៃ​ជាង ៩០ ពាន់​លាន​ដុល្លារ​សម្រាប់​ការដាក់​បញ្ចាំ។ ខ្ទង់​ប្រាក់​នេះ​ធ្វើឱ្យ​លោក Musk ក្លាយជា​កូនបំណុល​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន​ធំ​បំផុត​ក្នុងចំណោម CEO នៅ សហរដ្ឋ​អាម៉េរិក។ តួលេខ​នេះ​ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​នាយក​ប្រតិបត្តិ​ដែលជា​កូនបំណុល​ធំ​ទី ២ គឺ Larry Ellison ប្រធាន និង​ជា CEO របស់ Oracle។ លោក Larry Ellison ជំពាក់​បំណុល ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម ISS Corporate Solutions៕

  • ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ផ្ទះ​ជាង ១០០ ខ្នង រក​ការខូចខាត

    ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ផ្ទះ​ជាង ១០០ ខ្នង រក​ការខូចខាត

    កាលពី​ល្ងាច​ថ្ងៃទី ២៨ មេសា ២០២២ មាន​ហេតុការណ៍​ខ្យល់​បោកបក់​ខ្លាំង ព្រម​ជាមួយនឹង​ភ្លៀង​ធំ បានធ្វើឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១១០ ខ្នង ក្នុង​តំបន់​មួយចំនួន​របស់ ស្រុក​ម៉ាឡៃ នៃ ខេត្តបន្ទាយមានជ័យ ត្រូវ​រង​ការខូចខាត។

    គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​ចំនួន ៣ នៃ​តំបន់​ខាងលើ ក្នុងនោះ​ក៏មាន ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ-ឈ្នះ របស់ ឃុំ​ទួល​ពង្រ ផងដែរ ដែលមាន​ផ្ទះ​ចំនួន ៥៥ ខ្នង​បាន​រង​ផលប៉ះពាល់។ នេះ​បើតាម លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ។ លោក​បាន​បន្ថែមថា ពុំមាន​ករណី​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រងរបួស​នោះឡើយ នៅក្នុង​ហេតុការណ៍​នេះ។

    យោងតាម​លោក​អភិបាលស្រុក​ម៉ាឡៃ ក្រោយ​កើតហេតុ​ការណ៍​នេះ អាជ្ញាធរ​មូលដ្ឋាន​រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច បាន​ចុះជួយ​រៀបចំ ជួសជុល សាងសង់​ផ្ទះ​ជូន​ប្រជាជន​ជាបណ្ដើរៗហើយ។ លោក​ថា ជំនួយ​ជា ស័ង្កសី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ជាដើម ក៏​ត្រូវបាន​នាំយកទៅ​ចូលរួមចំណែក​ជួយ​ដល់​ជីវភាព​របស់​ពួកគាត់​ផងដែរ។

  • ម្ចាស់ Facebook រកប្រាក់​បាន ១១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ថ្ងៃ

    ម្ចាស់ Facebook រកប្រាក់​បាន ១១ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង ១ ថ្ងៃ

    ភាគហ៊ុន Meta Platforms ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោត​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​ថ្ងៃទី ២៨ មេសា ជួយ​ឱ្យទ្រព្យរបស់ មហាសេដ្ឋី Mark Zuckerberg កើនឡើង​ខ្ពស់បំផុត​គិត​មកដល់​បច្ចុប្បន្ន។

    បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ២៨ មេសា ភាគហ៊ុន Meta Platforms កើន ១៧.៦% ក្រោយ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី ១ បង្ហាញថា បណ្ដាញ​សង្គម​នេះ​ទាក់ទាញ​បាន​អ្នកប្រើប្រាស់​ថ្មី​ច្រើនជាង​ការរំពឹងទុក។ ប្រការនេះ​ជួយ​ឱ្យ នាយក​ប្រតិបត្តិ Zuckerberg រកបាន ១១ ពាន់​លាន​ដុល្លារ​បន្ថែមទៀត នេះ​បើតាម Bloomberg Billionaires Index។

    ដោយសារតែ​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន​មាន​លទ្ធផល​ល្អ​កាលពី​ម្សិលមិញ ចំណាត់ថ្នាក់​មហាសេដ្ឋីរ​បស់​ម្ចាស់ Facebook ក៏​លោត​ឡើង​បាន ៦ កាំ ពោលគឺ​ឈរ​លំដាប់​ទី ១២ ក្នុងចំណោម​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​សម្បត្តិ​សរុប ៧៥.៩ ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន លោក Zuckerberg កាន់កាប់​ភាគហ៊ុន ១៣% នៅក្នុង​ក្រុមហ៊ុន Meta។

  • មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla រាប់​លាយ​ហ៊ុន ដើម្បី​យកប្រាក់​មក​សម្រេច​មហិច្ឆតា «លើកកម្ពស់​សេរីភាព​បញ្ចេញមតិ»

    មហាសេដ្ឋី Elon Musk លក់​ភាគហ៊ុន Tesla រាប់​លាយ​ហ៊ុន ដើម្បី​យកប្រាក់​មក​សម្រេច​មហិច្ឆតា «លើកកម្ពស់​សេរីភាព​បញ្ចេញមតិ»

    ក្រុមអ្នកវិភាគ​ទីផ្សារ​យល់ថា មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ត្រូវ​ការលក់​ភាគហ៊ុន​របស់លោក ដើម្បី​មាន​ប្រាក់​សម្រាប់​ទិញ​បណ្ដាញ​សង្គម Twitter។

    យោងតាម​ឯកសារ​ដែល​បញ្ជូន​ទៅកាន់​គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEO) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla បាន​លក់​ភាគហ៊ុន​ប្រហែល ៤.៤ លាន​ហ៊ុន ក្នុងអំឡុង​ថ្ងៃទី ២៦ និង ២៧ មេសា។ ចំនួន​ភាគហ៊ុន​នេះ មានតម្លៃ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម Twitter មហាសេដ្ឋី​រូបនេះ​ប្រកាសថា «ថ្ងៃនេះ ពុំមាន​គម្រោង​លក់​ភាគហ៊ុន Tesla បន្ថែមទៀត​​ឡើយ»។

    ក្រុមអ្នកវិភាគ​នៅ Wall Street និង​អ្នកវិនិយោគ​យល់ថា លោក Musk អាច​នឹងត្រូវ​ការលក់​ភាគហ៊ុន​ដើម្បី​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ Twitter ដែល​លោក​គិតថា អាច​នឹង​កែលម្អ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅលើ​ប​ញ្ដា​ញ​សង្គម។ មហាសេដ្ឋី​លេខ ១ ក្នុង​ពិភពលោក និង​បណ្ដាញ​សង្គម Twitter ដើម​សប្ដាហ៍​នេះ បាន​យល់ព្រម​ទិញដូរ Twitter ក្នុងតម្លៃ​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាលពី​សប្ដាហ៍​មុន លោក Musk ប្រកាសថា បាន​ធានាថា​មាន​ប្រាក់ ៤៦.៥ ពាន់​លាន​ដុល្លារ សម្រាប់​ការទិញ​ដូរ​នេះ ក្នុងនោះ​មាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

    ចំណែក​ឯ​តម្លៃ​ភាគហ៊ុន​របស់ Tesla នៅលើ​ផ្សា​រមូល​ប​ត្រ វិញ កាលពី​ម្សិលមិញ ការជួញដូរ​ត្រូវ​បានបញ្ចប់​ក្នុងតម្លៃ ៤៩.១១ ដុល្លារ/ហ៊ុន ទាប​ជាង​ច្រើន​ដុល្លារ ធៀប​នឹង ៥៤.២ ដុល្លារ/ហ៊ុន ដែល​លោក Musk បានដាក់​លក់៕

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៦ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៦ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០៦ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។

  • ស្ថានីយ​ប្រេងសាំង​បើក​ថ្មី ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​មក​ឃោសនា បណ្ដាល​ឱ្យ​​ចរាចរណ៍​ត្រូវ​កកស្ទះ

    ស្ថានីយ​ប្រេងសាំង​បើក​ថ្មី ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​មក​ឃោសនា បណ្ដាល​ឱ្យ​​ចរាចរណ៍​ត្រូវ​កកស្ទះ

    (ប្រទេស​ចិន)- ស្ថានីយ​ប្រេងសាំង​ថ្មី​មួយកន្លែង​នៅ​ទីក្រុង Qingdao ជួល​ស្រី​ស្អាត​ស្លៀក​ខ្លី​ជាច្រើនរូប ឱ្យ​មកជួយ​ផ្សព្វផ្សាយ បណ្ដាលឱ្យ​អ្នកបើកបរ​នាំគ្នា​មកចាក់​សាំង ធ្វើឱ្យ​ចរាចរណ៍​ត្រូវ​កកស្ទះ​ធ្ងន់ធ្ងរ។

    ស្ថានីយ​ប្រេងសាំង​ដែល​ស្ថិតក្នុង​ទីក្រុង Qingdao ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន បាន​សម្ពោធ​បើក​ដំណើរការ​ក្នុង​សប្ដាហ៍​នេះ និង​បាន​ជួល​នារី​បង្ហាញ​ម៉ូដ​ច្រើន​នាក់ ដើម្បី​ឱ្យជួយ​ឃោសនា បម្រើសេវា​ដល់​អតិថិជន។

    «ចាក់​សាំង​ដោយ​មិន​គិតថ្លៃ ចាក់​សាំង​ដោយ​មិន​គិតថ្លៃ» នារី​បង្ហាញ​ម៉ូដ​ស្លៀក​ប៊ី​គី​នី ពណ៌​ខៀវ ស្រែក​ដូច្នេះ។

    អ្នកបើកបរ​រថយន្ត​ម្នាក់ ឱ្យដឹងថា ស្ថានីយ​ប្រេង​នេះ​កំពុង​ឃោសនា ប្រូ​ម៉ូ​សិន ដោយ​អនុញ្ញាតឱ្យ​អតិថិជន​ចាក់​សាំង​ដោយ​ឥតគិតថ្លៃ បើសិន​ធ្វើ​ប័ណ្ណសមាជិក និង​បញ្ចូល​លុយ​ទៅក្នុង​ប័ណ្ណ​នេះ។ ការ​ប្រូ​ម៉ូ​សិន ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៦ ខែ​មេសា ដល់​ថ្ងៃ​ទី ២ ខែ​ឧសភា។ បុគ្គលិក​របស់​ស្ថានីយ​ប្រេងសាំង​ខាងលើ បាន​បដិសេធ​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន។

    អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​របស់​ទីក្រុង Qingdao បាន​ស្នើឱ្យ​ស្ថានីយ​ប្រេងសាំង​នេះ បញ្ឈប់ «សកម្មភាព​ឃោសនា​ដែល​មិន​សមស្រប» ព្រោះតែ​បង្ក​ការកកស្ទះ​ចរាចរណ៍។

    អ្នកលេង​បណ្ដាញ​សង្គម​នៅ ប្រទេស​ចិន មានមតិផ្សេងៗគ្នា​ចំពោះ​ព័ត៌មាន​ខាងលើ។ អ្នកខ្លះ​ថា «ស្លៀក​ប៊ី​គី​នី តើ​វា​មាន​បញ្ហា​អ្វី ខ្ញុំ​ឃើញថា ពុំមាន​បញ្ហា​អ្វី​សោះ»។ ចំណែក​អ្នក​ខ្លះទៀត សរសេរ​រិះគន់ថា នេះ​គឺជា​របៀប​ផ្សព្វផ្សាយ «មួយរៀល»។

    ក៏ប៉ុន្តែ មាន​មនុស្ស​មួយចំនួន​យល់ថា ការ​ដែលមាន​រថយន្ត​ជាច្រើន​មកចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​ថ្មី​នេះ ក៏​ព្រោះតែ​តម្លៃ​ទាប។ វិក្កយបត្រ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើ​បញ្ហា​ញ​សង្គម​បង្ហាញថា តម្លៃ​ក្នុងពេល​ប្រូ​ម៉ូ​សិន នៅទីនេះ ទាប​ជាង​ពាក់កណ្ដាល​ធៀប​នឹង​តម្លៃ​ដើម ១.២១ ដុល្លារ​អាម៉េរិក/លីត្រ។

  • អាម៉េរិក ប្រើប្រាស់​កម្មវិធី​ពី​សម័យ​សង្គ្រាមលោកលើកទី ២ ដើម្បី​អាច​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន បាន​លឿន

    អាម៉េរិក ប្រើប្រាស់​កម្មវិធី​ពី​សម័យ​សង្គ្រាមលោកលើកទី ២ ដើម្បី​អាច​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន បាន​លឿន

    សភា​អាម៉េរិក អនុម័ត​ច្បាប់​ដើម្បី​ធ្វើឱ្យ​រស់​ឡើងវិញ​នូវ​កម្មវិធី​ដែល​ធ្លាប់​ត្រូវបាន​អនុវត្ត​ក្នុង​សង្គ្រាមលោកលើកទី ២ បំណង​ធ្វើឱ្យ​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន មានដំណើរ​ការ​រលូត និង​ឆាប់រហ័ស។

    សភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០២២​ បានអនុម័ត​លើ​សេចក្ដីព្រាង​នៃ «ច្បាប់​ឱ្យ​ខ្ចី-ឱ្យ​ជួល ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ២០២២» ដោយមាន ៤១៧ សំឡេងគាំទ្រ និង ១០ សំឡេង​ប្រឆាំង បន្ទាប់ពី​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​រួច​កាលពី​ប៉ុន្មាន​ថ្ងៃមុន។ សេចក្ដីព្រាងច្បាប់​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់ សេត​វិមាន ដើម្បី ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ចុងក្រោយ។

    ក្រោយពី​លោក បៃ​ដិ​ន បាន​ចុះហត្ថលេខា​រួច ច្បាប់​នេះ​នឹង​ធ្វើឱ្យ​កម្មវិធី​ជំនួយ Lend-Lease (ឱ្យ​ខ្ចី-ឱ្យ​ជួល) កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ២ រស់​ឡើងវិញ ក្នុងនោះ វា​នឹង​អនុញ្ញាតឱ្យ អាម៉េរិក ឱ្យ​ខ្ចី ឬ​ផ្ដល់ជំនួយ​សព្វាវុធ ដល់​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដោយ​ប្រើពេល​អនុម័ត​ខ្លី​បំផុត។

    ក្រុម​ទាហាន​អ៊ុយក្រែន ឈរ​ក្បែរ​មីស៊ីល​ ដែល​ទទួល​បាន​ពី​ អាម៉េរិក

    ក្រៅពី អ៊ុយ​ក្រែ​ន បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី ដូចជា ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ក៏​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​នេះ​ផងដែរ។

  • អាម៉េរិក ផ្ដល់ជំនួយ​ដល់ វៀតណាម ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនទឹក

    អាម៉េរិក ផ្ដល់ជំនួយ​ដល់ វៀតណាម ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនទឹក

    សហរដ្ឋ​អាម៉េរិក ប្រគល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​ថែទាំ​កប៉ាល់ និង​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ប៉ូលិស​ជើង​ទឹក​វៀតណាម អាច​លើកកម្ពស់​សមត្ថភាព​ការពារ​សន្តិសុខ​លើ​ផ្ទៃសមុទ្រ។

    «យើង​ទើបតែ​បាន​ចូលរួម​ពិធី​ប្រគល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​ថែទាំ ឱ្យ ប៉ូលិស​ការពារ​ដែនសមុទ្រ​វៀតណាម នៅ ហៃ​ហ្វុ​ង» បណ្ឌិត Robert Pope ប្រធាន​ផ្នែក​កាត់បន្ថយ​ការគំរាមកំហែង និង​សហ​ប្រ​ត្រិ​ប​ត្តិ​ការ (CTR) នៃ អង្គភាព​កាត់បន្ថយ​ការគំរាមកំហែង​ផ្នែក​ការពារជាតិ​អាម៉េរិក (DTRA) បាន​និយាយ​នៅ រដ្ឋធានី​ហាណូយ កាលពី​ល្ងាចម្សិលមិញ​ដូច្នេះ។

    លោក Pope ឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​អាច​ថែទាំ​កប៉ាល់ធំៗ ជួយ​ឱ្យ​ពួកវា​ដំណើរការ​បានល្អ និង​យូរអង្វែង។ «ប្រការនេះ​នឹង​ជួយ​ដល់ វៀតណាម ល្បាត​សមុទ្រ​របស់ខ្លួន ដើម្បី​ធានា​សេរីភាព​ចំពោះ​ចរាចរណ៍​ផ្លូវទឹក និង​ពាណិជ្ជកម្ម»។

    វរសេនីយ៍ឯក Thomas M. Stevenson មន្ត្រី​អនុព័ន្ធយោធា​អាម៉េរិក ប្រចាំ វៀតណាម និយាយថា DTRA បាន​ជួយ​ដល់​ការសាងសង់​មូលដ្ឋាន​ហ្វឹកហ្វឺន និង​ថែទាំ ៤ កន្លែង សម្រាប់​ប៉​លិ​ស​នៅក្នុង ៤ តំបន់​សមុទ្រ​របស់ វៀតណាម។ នៅក្នុង​មជ្ឈមណ្ឌល​ទាំងនេះ អាម៉េរិក បានផ្ដល់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងឡាយ​ជួយ​ឱ្យ​ក្រុម​នាវិក​វៀតណាម ធ្វើការ​ហ្វឹកហ្វឺន ក្នុងការ​បើកបរ លើកកម្ពស់​សមត្ថភាព​ប្រើប្រាស់​កប៉ាល់ ដើម្បី​បម្រើ​ដល់​សកម្មភាព​ល្បាត និង​ការពារ​ដែនទឹក​របស់​ពួកគេ​ឱ្យបាន​ល្អ​ជាង​មុន។

    ក្រៅពីនេះ អាម៉េរិក ក៏​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដល់ វៀតណាម ផងដែរ ដើម្បី​ជួយ​ឱ្យ នាវា​របស់ ប៉ូលិស​វៀតណាម ពង្រឹង និង​ពង្រីក​សមត្ថភាព​ល្បាត​លើ​ដែនសមុទ្រ។

    ទំនាក់ទំនង​រវាង អាម៉េរិក-វៀតណាម បាន​ត្រលប់មក​ជាធម្មតា​វិញ ចាប់ពី​ឆ្នាំ ១៩៩។ ប្រទេស​ទាំង ២ បាន​បង្កើត​ទំនាក់ទំនង​ពេញលេញ​កាលពី​ឆ្នាំ ២០១៣ ហើយ អាម៉េរិក ក៏បាន​ប្រកាស​ដក​ការហាមឃាត់​អាវុធ​ចំពោះ ប្រទេស​វៀតណាម កាលពី​ឆ្នាំ ២០១៦។

    គិត​មកដល់​ឆ្នាំ ២០២០ ការដោះដូរ​ពាណិជ្ជកម្ម​រវាង អាម៉េរិក និង វៀតណាម បាន​កើន​ឡើងដល់ ៩០.៥ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ៤៥០ លាន​ដុល្លារ​កាលពី​ឆ្នាំ ១៩៩៤៕