Author: សឿន សំណាង

  • (វីដេអូ)-ទ័ព​យន្តហោះ​ដ្រោ​ន ហោះ​គេច​ឧបសគ្គ និង​ឆ្លងកាត់​ព្រៃ​ឫស្សី​ក្រាស់ ដោយ​ស្វ័យប្រវត្តិ

    (វីដេអូ)-ទ័ព​យន្តហោះ​ដ្រោ​ន ហោះ​គេច​ឧបសគ្គ និង​ឆ្លងកាត់​ព្រៃ​ឫស្សី​ក្រាស់ ដោយ​ស្វ័យប្រវត្តិ

    នៅក្នុង​ការសាកល្បង​ហោះហើរ​របស់​សាកលវិទ្យាល័យ Zhejiang យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ចំនួន ១០ គ្រឿង បានទទួល​ជោគជ័យ​ក្នុងការ​ឆ្លងកាត់​បរិស្ថាន​ដែល​គ្មាន​ការគ្រប់គ្រង និង​សម្បូរ​ដោយ​ឧបសគ្គ នៅក្នុង​ព្រៃ​ឫស្សី។

    សារព័ត៌មាន SCMP បានឱ្យដឹងថា យន្តហោះ​ដ្រោ​ន​ស្វ័យប្រវត្តិ​ទាំង ១០ គ្រឿង​នេះ អាច​ហោះ​ឆ្លងកាត់​ព្រៃ​ឫស្សី​មួយ​នៅ ប្រទេស​ចិន។ បច្ចេកទេស​កុំព្យូទ័រ​មួយ​នាំ​ផ្លូវ​ឱ្យ​ពួកវា​គេច​ពី​ឧបសគ្គ ហោះហើរ​ប្រកបដោយ​ប្រសិទ្ធភាព និង​សហការគ្នា​ធ្វើការ​ជា​ក្រុម។

    ពួកវា​អាច​ហោះ​ឆ្លងកាត់​ចន្លោះ​ចង្អៀត​រវាង​ដើម​ឫស្សី។ ទាំង​ដើម​ឫស្សី​ឈរ​ត្រង់ ដើម​ឫស្សី​ទេរ ឫស្សី​រលំ​ទាប គម្ពោត​ព្រៃ​ក្រាស់ មែកឈើ ឬ​ស្លឹកឈើ​ជាដើម សុទ្ធតែ​មិនអាច​រារាំង​ដ្រោ​ន​ទាំងនេះ​បាន។

    នេះ​គឺជា​ផ្នែក​មួយ​នៃ​ការសាកល្បង​បច្ចេកវិទ្យា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Zhejiang ប្រទេស​ចិន​ ហើយ​វា​គឺជា​ក្រុម​យន្តហោះ​ដ្រោ​ន​ដំបូង​គេ​ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ​ក្នុង​បរិស្ថាន​មិនមាន​ការគ្រប់គ្រង។

    បើតាម​ទ្រឹស្ដី បច្ចេកវិទ្យា​នេះ​អាចជួយ​បង្កើត​ផែនទី​ពីលើ​ទី​ខ្ពស់ និង​ជួយ​ដោះស្រាយ​គ្រោះមហន្តរាយ។ល។

  • នាវា​ទេសចរណ៍​តម្លៃ​រាប់រយ​លាន​ដុល្លារ​របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវបាន​រឹបអូស​ដោយ​ប្រទេស​កោះ​តូច​មួយ​នៅ​កណ្ដាល​សាគរ

    នាវា​ទេសចរណ៍​តម្លៃ​រាប់រយ​លាន​ដុល្លារ​របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវបាន​រឹបអូស​ដោយ​ប្រទេស​កោះ​តូច​មួយ​នៅ​កណ្ដាល​សាគរ

    អាជ្ញាធរ​របស់ ប្រទេស​កោះ Fiji ជំនួសមុខ​ឱ្យ សហរដ្ឋ​អាម៉េរិក រឹបអូស​នាវា​ទេសចរណ៍​មួយគ្រឿង តម្លៃ ៣០០ លាន​ដុល្លារ របស់ មហាសេដ្ឋី​រុស្ស៊ី Kerimov នៅក្នុង​កិច្ចប្រឹងប្រែង​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

    កាលពី​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ​ ២០២២ ក្រសួងយុត្តិធម៌​របស់ អាម៉េរិក បានប្រកាសថា អាជ្ញាធរ​នៃ​ប្រទេស Fiji បាន​រឹបអូស​នាវា​ទេសចរណ៍ Amadea ប្រវែង​ជាង ១០០ ម៉ែត្រ របស់ មហាសេដ្ឋី​រុស្ស៊ី Suleyman Kerimov ក្រោម​មូល​ហេតុថា «រំលោភច្បាប់​អាម៉េរិក»។

    «ការ​រឹបអូស​នេះ​បង្ហាញ​ប្រាប់​ក្រុម​អ្នក​មាននៅ រុស្ស៊ី ថា ពួកគេ​មិនអាច​លាក់ខ្លួន​បានឡើយ សូម្បីតែ​នៅ​ទីកន្លែង​ឆ្ងាយ​ដាច់ស្រយាល​បំផុត​របស់​ពិភពលោក» អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Lisa Monaco ប្រកាស​ដូច្នេះ។

    មហាសេដ្ឋី Kerimov ដែលជា​អ្នកមាន​ជាងគេ​មួយរូប​នៅ ប្រទេស​រុស្ស៊ី រកស៊ី​ក្នុង​វិស័យ​រុករក​រ៉ែ​មាស។ លោក​គឺជា​តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់ តំណាងឱ្យ​សាធារណរដ្ឋ Dagestan នៃ សហព័ន្ធរុស្ស៊ី និង​ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន។

    សារព័ត៌មាន Forbes បាន​គណនា​ឃើញថា លោក Kerimov មានទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ មហាសេដ្ឋី​រូបនេះ​ត្រូវបាន សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​តាំងពី​ខែមីនា ២០២២ បន្ទាប់ពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

  • ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ស្រុត​រលំ​អគារ​នៅ ប្រទេស​ចិន កើន​ដល់​ជាង ៥០ នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ស្រុត​រលំ​អគារ​នៅ ប្រទេស​ចិន កើន​ដល់​ជាង ៥០ នាក់

    ក្រុមមន្ត្រី​ចិន បានបញ្ចប់​ភារកិច្ច​ជួយសង្គ្រោះ និង​បានប្រកាសថា ករណី​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​​មួយ​នៅ​ខេត្ត Huna បាន​កើន​ដល់ ៥៣ នាក់។

    «អ្នក​ដែល​ត្រូវ​ជាប់ និង​មិនអាច​ផ្លាស់​ទី​ចេញពី​កន្លែងកើតហេតុ ត្រូវបាន​រកឃើញ​អស់ហើយ។ មនុស្ស ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង ៥៣ នាក់ បាន​ស្លាប់» ទូរទស្សន៍​រដ្ឋ​ចិន ផ្សាយ​នា​ថ្ងៃនេះ​ដូច្នេះ។ មួយថ្ងៃ​មុននេះ ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​បញ្ជា​ក់ថាស្លាប់​គឺ ២៦ នាក់។

    អគារកម្ពស់​ ៦ ជាន់ ដែល​រួមមាន​រោងកុន ផ្ទះសំណាក់ ហាង​កាហ្វេ ហាង​ទំនិញ និង​ទី​ស្នាក់នៅ​មួយ​នៅ​ទីក្រុង Changsha ខេត្ត Hunan បាន​រាប​ដល់​ដី នៅក្នុង​ហេតុការណ៍​បាក់​រលំ​កាលពី​ថ្ងៃទី ២៩ មេសា។

    កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​ប្រើប្រាស់​សុនក ម៉ាស៊ីន​រុករក និង​យន្តហោះ​គ្មាន​មនុស្ស​បើក បាន​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​ក្នុង​រយៈពេល ៦ ថ្ងៃ​កន្លងមកនេះ បន្ទាប់ពី​ហេតុការណ៍​កើតឡើង។

    បច្ចុប្បន្ន អាជ្ញាធរ​ក្នុង​តំបន់ កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់ ស្វែងរក​មូលហេតុ​ដែល​នាំឱ្យមាន​ហេតុការណ៍​នេះ​កើតឡើង។

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២២

    ​​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ចំនួន ០១ នាក់​ ដែលទើប​តែ​បាន​រក​ឃើញ​​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ០៥ ឧសភា គឺ​​​ជា​​ករណី​ អូមីក្រុង និង​​ជា​ករណីឆ្លង​ក្នុង​សហគមន៍។

  • កម្ពុជា បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅ​ព្រំដែន​ថៃ​ឡើងវិញ​ហើយ

    កម្ពុជា បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅ​ព្រំដែន​ថៃ​ឡើងវិញ​ហើយ

    ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​បើក​ដំណើរ ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី ៦ ឧសភា ២០២២ ក្រោយ​ប្រជាពលរដ្ឋ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​ដោយសារ​កូ​វីដ-១។

    ការសម្រេច​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មា​ច់នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី​ជំនួប​រវាង​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អភិបាលខេត្ត​សុរិន្ទ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។

    ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ដែល​កាន់​លិខិតឆ្លងដែន (ប៉ាស្ព័រ) ត្រូវមាន​លិខិត​ថៃឡង់​ផាស (Thailand Pass) ប័ណ្ណធានា​រ៉ាប់រង​សុខភាព និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​ក្នុងករណីនេះ​នឹង​អាច​ដើរ​ពេញ​ប្រទេស​ថៃ​បាន។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប័ណ្ណ​ព្រំដែន (Border Pass) ត្រូវមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​អាច​ស្នាក់​ប្រទេស​ថៃ​បាន​ចំនួន ៣ ថ្ងៃ។

  • មហា​សេដ្ឋី Elon Musk ចង់យក​ថ្លៃ​ពី​អ្នកប្រើប្រាស់ Twitter មួយចំនួន ក្នុងនោះ​មាន​រដ្ឋាភិបាល​ផងដែរ

    មហា​សេដ្ឋី Elon Musk ចង់យក​ថ្លៃ​ពី​អ្នកប្រើប្រាស់ Twitter មួយចំនួន ក្នុងនោះ​មាន​រដ្ឋាភិបាល​ផងដែរ

    មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ឱ្យដឹងថា ចង់​កំណត់​គោលការណ៍​យក​ថ្លៃ​ប្រើប្រាស់​ចំពោះ​គណនី​មួយចំនួន ក្រោយពី​ចូល​ក្ដោប​ក្ដាប់ Twitter ជា​ផ្លូវការ។

    ក្នុង​សារ​ដែល​បាន​បង្ហោះ​ថ្មី លោក Elon Musk អះអាងថា បណ្ដាញ​សង្គម​នេះ​នឹង «នៅតែ​មិន​គិតថ្លៃ​ចំពោះ​អ្នកប្រើប្រាស់​ធម្មតា» ប៉ុន្តែ អាច​នឹង «យក​ថ្លៃ​តិចតួច​ចំពោះ​អ្នកប្រើប្រាស់​ស​ក្នុង​បំណង​ពាណិជ្ជកម្ម ឬ​រដ្ឋាភិបាល»។ ម្ចាស់​ក្រុមហ៊ុន Tesla និង SpaceX មិនបាន​និយាយ​ច្បាស់​ថា ចង់យក​ថ្លៃ​ទៅ​តាមបែប​ចុះឈ្មោះ​ប្រើប្រាស់ ឬ​តាមរយៈ​គណនី​ដែល​ត្រូវ​បង់ប្រាក់​ទៅតាម​អត្ថបទ​ដើម្បី​បង្ហាញខ្លួន​ទូលំទូលាយ​ដូច​អ្វីដែល Facebook កំពុង​ធ្វើ ឬ​យ៉ាងណា​នៅឡើយ។

    នេះ​គឺជា​បំណង​ផ្លាស់ប្ដូរ​ដំបូង​ដែល Musk ចង់​អនុវត្ត បន្ទាប់ពី​សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ កាលពី​សប្ដាហ៍​កន្លង។ មិន​ត្រឹមតែ​អ្នកលេង​រាប់លាន​នាក់​នោះទេ សូម្បីតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នៅ សហរដ្ឋ​អាម៉េរិក និង អឺរ៉ុប ក៏​កំពុង​រង់ចាំ​មើល​សកម្ម​ភាព​ផ្លាស់ប្ដូរ​របស់ Elon Musk ចំពោះ​Twitter នេះ​បើតាម CNN។

    យោងតាម​សារព័ត៌មាន​ Reuters មហាសេដ្ឋី​រូបនេះ ថែមទាំង​មាន​គម្រោង​កាត់បន្ថយ​ប្រាក់បៀវត្សរ៍​របស់​នាយ​ក​ប្រតិបត្តិ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ផងដែរ ដើម្បី​បន្ថយ​ការចំណាយ ក៏ដូចជា​អភិវឌ្ឍ​វិធី​រកប្រាក់​ថ្មី​ពី​ការ​បង្ហោះ​សារ​នៅលើ Twitter។ តាម​ការ​គណនា ខ្ទង់​ប្រាក់​ដែល​សំច័យ​បាន​ពី​ការផ្លាស់ប្ដូរ​ខាងលើ គឺ​ប្រហែល ៣ លាន​ដុល្លារ ខណៈដែល​ខ្ទង់​ប្រាក់រង្វាន់​យោងទៅតាម​ចំនួន​ភាគហ៊ុន​របស់​ក្រុមហ៊ុន ក្នុង​ឆ្នាំ ២០២១ គឺ ៦៣០ លាន​ដុល្លារ កើន ៣៣% ធៀប​នឹង​ឆ្នាំ ២០២០។

  • តម្លៃ​ភាគ​ហ៊ុន​ Twitter កើន​ឡើង​ច្រើន​ភាគ​រយ​ ក្រោយ​​ពី​ផ្សារ​ជួញ​ដូរ​ប្រាក់​ឌីជីថល​ធំជាង​គេ​ រួមចំណែក​​​ជាមួយ​ Elon Musk

    តម្លៃ​ភាគ​ហ៊ុន​ Twitter កើន​ឡើង​ច្រើន​ភាគ​រយ​ ក្រោយ​​ពី​ផ្សារ​ជួញ​ដូរ​ប្រាក់​ឌីជីថល​ធំជាង​គេ​ រួមចំណែក​​​ជាមួយ​ Elon Musk

    ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក Binance ចំណាយ​ប្រាក់ ៥០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​រួមចំណែក​ជាមួយ​មហាសេដ្ឋី Elon Musk ក្នុង​ការទិញ Twitter។

    ឯកសារ​របស់​ម្ចាស់​ក្រុមហ៊ុន Tesla ដែល​បានដាក់​ឡើងទៅ​កាន់​គណៈ​កម្ម​ការមូល​ប​ត្រ និង​ផ្សារ​ហ៊ុន​អាម៉េរិក កាលពី​ថ្ងៃទី ៥ ឧសភា​ឱ្យដឹងថា ក្រុមហ៊ុន Binance ស្ថិត​ក្នុងចំណោម​អ្នកវិនិយោគ ១៩ ភាគី ដែល​រួមចំណែក​ក្នុងករណី​ទិញដូរ​បណ្ដាញ​សង្គម Twitter។ ប្រាក់​សរុប​ដែល​ប្រមូលបាន​គឺ ៧.១ ពាន់​លាន​ដុល្លារ ក្នុងនោះ Binance គឺជា​ភាគី​មួយ​ក្នុងចំណោម​អ្នកវិនិយោគធំៗ ដោយ​ចំណាយ​រហូតដល់ ៥០០ លាន​ដុល្លារ។

    ឆ្លើយ​នឹង​សំណួរ​របស់ CoinDesk តំណាង​របស់ Binance ឱ្យដឹងថា ពួកគេ​ចូលរួម​ក្នុងករណី​ទិញដូរ​ខាងលើ ក្នុងនាម​ជា​អ្នកវិនិយោគ និង​គាំទ្រ​គម្រោង​នានា​របស់លោក Elon Musk សម្រាប់ Twitter។ ចំណែក​ស្ថាបនិក​របស់ Binance លោក Changpeng Zhao បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា នេះ​គឺជា​ការរួមចំណែក​តិចតួច​ទៅក្នុង​មុខ​ជំនួញ។

    បច្ចុប្បន្ន Binance គឺជា​ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។ Changpeng Zhao ដែលមាន​រហ័ស​នាម​ថា CZ ក៏​ជា​អ្នកមាន​ជាងគេ​បង្អស់​នៅក្នុង​ពិភព​ប្រាក់​ឌីជីថល​ផងដែរ ដោយមាន​ទ្រព្យ​ប្រហែល ៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​សារព័ត៌មាន Forbes។

    ក្រៅពី Binance នៅមាន​អ្នកវិនិយោគ​ជាច្រើន​ផ្សេងទៀត​ចូលរួម​កម្លាំង​ជាមួយ Elon Musk ក្នុងការ​ទិញដូរ Twitter ក្នុងនោះ​មានដូចជា Larry Ellison (១ ពាន់​លាន​ដុល្លារ), Sequoia Capital (៨០០ លាន​ដុល្លារ), VyCapital (៧០០ លាន​ដុល្លារ)។

    Elon Musk ប្រកាសថា បានសម្រេច​កិច្ចព្រមព្រៀង​ទិញ Twitter កាលពី​ថ្ងៃទី ២៥ មេសា ក្នុងតម្លៃ​ប្រហែល ៤៤ ពាន់​លាន​ដុល្លារ ហើយ​គ្រោង​នឹង​រួចរាល់​នៅ​ខែតុលា។

    ក្រោយពី​ព័ត៌មាន​ស្ដីពី Binance ចំណាយ​ប្រាក់​ទិញ Twitter ត្រូវបាន​ចុះផ្សាយ តម្លៃ​ភាគហ៊ុន Twitter ក៏បាន​កើន ២% ទៀត ពោលគឺ​ឡើងដល់ ៥០.១២ ដុល្លារ/ហ៊ុន ខណៈដែលប្រាក់​គ្រីបតូ (Cryptocurrency) ឬ​ហៅ​ថា ប្រាក់​ឌីជីថល ​របស់ Binance គឺ Binane Coin (BNB) កើន​ពី ៣៩៩ ឡើងដល់ ៤១៤ ដុល្លារ/កាក់។

  • កូរ៉េខាងជើង សាកល្បង​​អាវុធ​​ប្រល័យ​​លោក នៅ​ក្នុង​​ខែ​ឧសភា! ​នេះ​​ជា​ការ​​សង្ស័យ​​របស់​ សហរដ្ឋ​​អាម៉េរិក

    កូរ៉េខាងជើង សាកល្បង​​អាវុធ​​ប្រល័យ​​លោក នៅ​ក្នុង​​ខែ​ឧសភា! ​នេះ​​ជា​ការ​​សង្ស័យ​​របស់​ សហរដ្ឋ​​អាម៉េរិក

    ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ និង​យោធា​អាម៉េរិក អះអាងថា កូរ៉េខាងជើង អាច​នឹងធ្វើ​ការសាកល្បង​អាវុធ​នុយ​ក្លេ​អែរ នៅក្រោម​ដី នៅ​ចុងខែ​ឧសភា ២០២២។

    ការវាយតម្លៃ​របស់​ស្ថាប័ន​ចារកម្ម និង​យោធា​អាម៉េរិក បាន​ឈានដល់​ការ​សន្និដ្ឋានថា កូរ៉េខាងជើង កំពុង​ធ្វើ​សកម្មភាព​ត្រៀម​នៅឯ​ទីលាន​សាកល្បង​អាវុធ Punggye-ri ហើយ​អាច​សាកល្បង​នុយ​ក្លេ​អែរ នៅ​ចុងខែ​ឧសភា នេះ​បើតាម​មន្ត្រី ៣ រូប​របស់ សហរដ្ឋ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ម្សិលមិញ។

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា​មាន​សកម្មភាព​របស់​ម​នុស្ស និង​យានយន្ត​នៅលើ​ទីលាន​សាកល្បង Punggye-ri ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា កូរ៉េខាងជើង បាន​ដឹក​ឧបករណ៍​នុយ​ក្លេ​អែរ ចូលទៅក្នុង​ផ្លូវ​ក្រោម​ដី​ហើយ ឬ​នៅ។

    បើសិនជា​ករណី​សាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង វា​នឹង​ជាការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ លើក​ទី ៧ របស់ កូរ៉េខាងជើង និង​ជា​ករណី​ដំបូង​ក្នុង​រយៈពេល​ជិត ៥ ឆ្នាំ​មកនេះ។

    ទីតាំង​សាកល្បង​អាវុធ​នុយក្លេអែរ របស់ កូរ៉េខាង​ជើង

    ភាគី​កូរ៉េខាងជើង មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការសង្ស័យ​របស់ ក្រុមមន្ត្រី​អាម៉េរិក។

    ប្រធានាធិបតី​អាម៉េរិក លោក ចូរ បៃ​ដិ​ន គ្រោង​នឹងធ្វើ​ទស្ស​និច្ច​នៅ ប្រទេស​ជប៉ុន និង កូរ៉េខាងត្បូង នៅ​ចុងខែ​ឧសភា។ នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​ព័ត៌មាន​ស្ដីពី កូរ៉េខាងជើង ជិត​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ ត្រូវបាន​ចុះផ្សាយ​នៅមុន​ដំណើរ​ទស្ស​និច្ច​របស់ ប្រធានាធិបតី​អាម៉េរិក។ កាលពី​ឆ្នាំ ២០១៤ កូរ៉េខាងជើង ធ្លាប់បាន​ត្រៀម​ធ្វើតេស្ត​នុយ​ក្លេ​អែរ នៅពេល​លោក អូ​បា​ម៉ា ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាងត្បូង។ ឆ្នាំ ២០១៦ កូរ៉េខាងជើង ក៏​ធ្លាប់បាន​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ បន្ទាប់ពី​លោក អូ​បា​ម៉ា និង​ក្រុម​មេដឹកនាំ​ពិភពលោក ចាក​ចេញពី ទ្វីបអាស៊ី ក្រោយ​កិច្ចប្រជុំ​កំពូល​មួយ។

    មេដឹកនាំ​របស់ កូរ៉េខាងជើង លោក គីម ជុង​អុន ធ្លាប់បាន​និយាយថា មានតែ​កម្លាំង​នៃ​អាវុធ​នុយ​ក្លេ​អែរ ដ៏​ខ្លាំងក្លា​ប៉ុណ្ណោះ ទើប​អាច​ការពារ​ប្រទេសជាតិ​ពី​ការឈ្លានពាន​របស់​សត្រូវ៕

  • ប៉ា​ណា​ម៉ា ព្រមាន​អំពី​ជំងឺ​រាតត្បាត​បង្ក​ឡើង​ដោយ​វីរុស F៤០-៤១ នៅ​ទូទាំង​ប្រទេស​

    ប៉ា​ណា​ម៉ា ព្រមាន​អំពី​ជំងឺ​រាតត្បាត​បង្ក​ឡើង​ដោយ​វីរុស F៤០-៤១ នៅ​ទូទាំង​ប្រទេស​

    កាលពី​ថ្ងៃទី ៥ ឧសភា ស្ថាប័ន​សុខាភិបាល​របស់ ប្រទេស​ប៉ា​ណា​ម៉ា ប្រកាសថា បាន​រកឃើញ​ករណីរ​លាក​ថ្លើមភ្លាមៗ ប្រភេទ F៤០-៤១ ជា​លើកដំបូង​នៅលើ​កុមារ​តូច និង​ចាប់ផ្ដើម​បង្កើន​ការយកចិត្តទុកដាក់ ព្រមទាំង​ព្រមាន​អំពី​ជំងឺ​រាតត្បាត​នៅ​គ្រប់​គ្រឹះស្ថាន​សុខាភិបាល​ទាំងអស់​របស់​ប្រទេស​នេះ។

    យោងតាម​ប្រភពព័ត៌មាន​ពី តំបន់​អាម៉េរិក​ខាងត្បូង ក្រសួងសុខាភិបាល​រប​ស់ ប៉ា​ណា​ម៉ា ឱ្យដឹងថា ករណីនេះ​កើត​លើ​កុមារ​អាយុ ២ ឆ្នាំ​ម្នាក់ រស់នៅក្នុង​ភាគ​ខាងកើត​ខេត្ត Panama។ លទ្ធផល​នៃ​ការពិនិត្យ​បានបង្ហាញ​ថា កុមារ​រូបនេះ​បាន​រលាក​ថ្លើម​ស្រួចស្រាវ​ប្រភេទ F៤០-៤១ ដូច​ទៅនឹង​ការព្រមាន​ដែល​អង្គការ​សុខភាព​ស​ហ​រដ្ឋ​អាម៉េរិក (PAHO) និង​ការិយាល័យ​តំបន់​របស់ អង្គការ​សុខភាព​ពិភព​លក (WHO) បានលើកឡើង​មុន​នោះ។

    PAHO បាន​ព្រមាន​កាលពី​ខែមេសា ២០២២ ក៏​ដោយសារតែ​កើតមាន​ករណី​រលាក​ថ្លើមភ្លាមៗ និង​ធ្ងន់ធ្ងរ​ជាច្រើន​នាក់​ដោយ​មិនដឹង​មូលហេតុ​នៅក្នុង​ប្រទេស​មួយចំនួន និង​នៅលើ​ក្មេង។ ចំណែក WHO វិញ ថ្មីៗនេះ​បានឱ្យដឹងថា បាន​រកឃើញ​ករណី​កើត​ជំងឺ​នេះ​ប្រហែល ២៣០ នាក់ នៅ​ទូទាំង​សកលលោក។

    ជំងឺ​រលាក​ថ្លើម​នេះ​ធ្វើឱ្យ​ស្បែក​ប្រែជា​ពណ៌​លឿង ចុះរាក ក្អួតចង្អោរ និង​ឈឺពោះ។ មាន​ករណីខ្លះ​ត្រូវ​វះកាត់​ភ្ជាប់​ថ្លើម និង​មាន​ករណី​ស្លាប់​ចំនួន ៤ នាក់។ ភាគច្រើន​នៃ​ករណី​កើត​ជំងឺ​នេះ​គឺ​នៅ អឺរ៉ុប ពិសេស​គឺ ប្រទេស​អង់គ្លេស។

  • ប្រាក់ខែ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ ៖ ធ្វើ​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ នឹង​ក្លាយជា​សេដ្ឋី

    ប្រាក់ខែ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ ៖ ធ្វើ​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ នឹង​ក្លាយជា​សេដ្ឋី

    សារព័ត៌មាន Business Insider បាន​វិភាគ​ទៅលើ​ទិន្នន័យ​ពី ការិយាល័យ​ទទួលស្គាល់​និយោជិត​បរទេស របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ស្វែងយល់​អំពី​ខ្ទង់​ប្រាក់បៀវត្សរ៍​របស់​បុគ្គ​លិ​ក​ដែល​ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ ក្នុង​មុខតំណែង​វិស្វករ រចនា​ផលិតផល និង​ពាណិជ្ជកម្ម។

    យោងតាម​របាយការណ៍​កាលពី​ខែកក្កដា ២០២១ របស់ សមាគម​ឧស្សាហកម្ម​បច្ចេកវិទ្យា​កុំព្យូទ័រ (CompTIA) បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បានជ្រើសរើស​បុគ្គលិក​ជាង ៨០,០០០ នាក់ នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ ២០២១។ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google បានជ្រើសរើស​ជាង ៤,០០០ នាក់ ក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២១។

    ប្រធាន​ផ្នែក​គ្រប់គ្រង​គម្រោង, វិស្វករ​ប្រព័ន្ធ និង​អ្នកវិភាគ​ទិន្នន័យ គឺជា​មុខតំណែង​ដែល​ត្រូវបាន​គេ​ផ្សាយ​ជ្រើសរើស​ច្រើនជាងគេ។ ចំណែក​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មី ដូចជា បញ្ញា​សិប្បនិម្មិត (AI) ជាដើម មាន​រហូតដល់​ជាង ១/៤ ក្នុងចំណោម​មុខតំណែង​សរុប​ដែល​បាន​ផ្សាយ​ជ្រើសរើស។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផ្ដល់ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងគេ៖

    TikTok

    ByteDance និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ TikTok បានផ្ដល់​ប្រាក់បៀវត្សរ៍​ចាប់ពី ៥៩,៧០០ ដុល្លារ ដល់ ៤៨០,០០០ ដុល្លារ ក្នុង​ឆ្នាំ ២០២០ និង ២០២១។ ប្រាក់បៀវត្សរ៍​គោល​មធ្យ​ម​ប្រចាំឆ្នាំ​នៅ TikTok និង ByteDance គឺ ១៨៨,៥០០ ដុល្លារ​អាម៉េរិក។

    ប្រធាន​ផ្នែក​បច្ចេកទេស​ជាន់ខ្ពស់ ទទួលបាន​ប្រាក់បៀវត្សរ៍​ពី ៤៤០,០០០ ដល់ ៤៨០,០០០ ដុល្លារ/ឆ្នាំ ខណៈដែល​បុគ្គលិក​ផ្នែក​គណនី គឺ​ប្រហែល ៥៩,៧០០ ដុល្លារ/ឆ្នាំ និង HR ប្រហែល ៦៨,៤០៨ ដុល្លារ។

    Google

    Google វិស្វករ​ផ្នែក​ទន់ ទទួលបាន​បៀវត្សរ៍ ៣៥៣,០០០ ដុល្លារ/ឆ្នាំ, អនុប្រធាន​ផ្នែក​បច្ចេកទេស​ទទួលបាន ៤៧៥,០០០ ដុល្លារ/ឆ្នាំ និង​អនុប្រធាន​ជាន់ខ្ពស់ ទទួលបាន ៦៥០,០០០ ដុល្លារ/ឆ្នាំ។

    Apple

    ក្រុមហ៊ុន​នេះ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ផ្នែក​ទីផ្សារ។ តំណែង​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​នៅ Apple ទទួលបាន​ប្រាក់បៀវត្សរ៍​ឡើងដល់ ៣២៥,០០០ ដុល្លារ/ឆ្នាំ។

    Facebook

    ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​អាច​ទទួលបាន​ជាង ៣៣០,០០០ ដុល្លារ/ឆ្នាំ ចំណែក​តំណែង​ប្រធាន​បច្ចេកទេស ទទួលបាន​ប្រហែល ៣៦០,០០០ ដុល្លារ/ឆ្នាំ។ មុខតំណែង​ជា​អ្នកវិភាគ​ទិន្នន័យ ទទួលបាន​ពី ១១១,០០០ ដល់ ១៥០,០០០ ដុល្លារ/ឆ្នាំ, វិស្វករ​ផ្នែក​ទន់ ទទួលបាន​ពី ១១៨,០០០ ដល់ ១៦០,០០០ ដុល្លារ/ឆ្នាំ។

    Microsoft

    នៅក្នុង​ក្រុមហ៊ុន Microsoft បណ្ដា​មុខតំណែង​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​រួមមាន វិស្វករ​ផ្នែក​ទន់, ប្រធាន​ផ្នែក​លក់ និង​អ្នកស្រាវជ្រាវ។ នៅទីនេះ ប្រធាន​ផ្នែក​លក់ ទទួលបាន ២៥០,០០០ ដុល្លារ/ឆ្នាំ។

    Amazon

    ចាប់ពី​ខែមករា ដល់​មិថុនា ២០២១ ក្រុមហ៊ុន​នេះ​បាន​ផ្សាយ​ជ្រើសរើស​បុគ្គលិក​ជាង ២០០ នាក់ សម្រាប់​មុខតំណែង​អភិវឌ្ឍ​ផ្នែក​ទន់, វិទ្យាសាស្ត្រ​ទិន្នន័យ, បុគ្គលិក​ផ្នែក​ជំនួញ​ជាដើម ដែល​ទាំងនេះ​ទទួលបាន​ប្រាក់បៀវត្សរ៍​ពី ៩០,៨០០ ដល់ ១៨៥,០០០ ដុល្លារ/ឆ្នាំ។

    Intel

    នៅទីនេះ មុខតំណែង​ប្រធាន​ផ្នែក​បច្ចេកទេស អាច​ទទួលបាន​ប្រាក់បៀវត្សរ៍​ជាង ៣០០,០០០ ដុល្លារ/ឆ្នាំ។

    Snap

    Snap ដែលជា​ក្រុមហ៊ុនមេ​របស់ SnapChat ឱ្យដឹងថា នៅ​ចុងឆ្នាំ ២០២០ និង ២០២១ ប្រាក់បៀវត្សរ៍​គោល​ប្រចាំឆ្នាំ​សម្រាប់​បុគ្គលិក គឺ​ចាប់ពី ៥៩,០០០ ដល់ ៥០០,០០០ ដុល្លារ/ឆ្នាំ។