Author: សឿន សំណាង

  • នាយករដ្ឋមន្ត្រី​កាណាដា ធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រកាស​ផ្ដល់​អាវុធ​ថ្មី

    នាយករដ្ឋមន្ត្រី​កាណាដា ធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រកាស​ផ្ដល់​អាវុធ​ថ្មី

    នាយករដ្ឋមន្ត្រី​របស់ ប្រទេស​កាណាដា Justin Trudeau កាលពី​ថ្ងៃទី ៨ ឧសភា ឱ្យដឹងថា នឹង​ផ្ដល់ជំនួយ​ជា​អាវុធ និង​យោ​ធូប​ករ​ណ៍​ថ្មី​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​ដំណើរ​ទស្សនកិច្ចភ្លាមៗរបស់លោក មកកាន់​ប្រទេស​នេះ។

    «ថ្ងៃនេះ ខ្ញុំ​ប្រកាស​ផ្ដល់ជំនួយ​យោធា​បន្ថែម កាមេរ៉ា​ហោះ​គ្មាន​មនុស្ស​បើក រូបភាព​ផ្កាយរណប អាវុធ​ខ្នាតតូច គ្រាប់​រំ​សេវា រួម​នឹង​ជំនួយ​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង​ជំនួយ​សម្រាប់​សកម្មភាព​រុករក និង​កម្ទេច​គ្រាប់មីន» នៅ អ៊ុយ​ក្រែ​ន ផងដែរ នាយករដ្ឋមន្ត្រី Trudeau ថ្លែង​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន ក្រោយពី​បាន​ជួប​សន្ទនា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ រដ្ឋធានី​កៀវ។

    «ហើយ​យើង​កំពុង​លើកឡើង​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ​បុគ្គល ៤០ រូប និង ៥ អង្គភាព​របស់ រុស្ស៊ី និង​ក្រុម​អ្នកមាន ក៏ដូចជា​សហការី​ជិតស្និទ្ធ​របស់ រដ្ឋាភិបាល​រុស្ស៊ី ក្នុង​វិស័យ​ការពារជាតិ» លោក Trudeau បន្ថែម​ដូច្នេះ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ឱ្យដឹង​ជាមុន ទៅកាន់ អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​កាណាដា បាន​ទៅដល់​ទីរួមស្រុក Irpin ដែល​នៅ​ខាងក្រៅ រដ្ឋធានី​កៀវ។ នេះ​គឺជា​ទីកន្លែង​ដែល​ធ្លាប់មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន និង​កម្លាំង​របស់ រុស្ស៊ី មុនពេល មូ​ស្គូ សម្រេចចិត្ត​ដកថយ​ដើម្បី​ប្រមូល​កម្លាំង​នៅ​ភាគ​ខាងកើត​កាលពី​ខែមីនា។

    នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ក៏បាន​ប្រកាស​បើក​ឡើងវិញ​ស្ថានទូត​របស់ កាណាដា នៅ អ៊ុយ​ក្រែ​ន ផងដែរ។

    ក្នុងដំណើរទស្សនកិច្ចមិនឱ្យដឹងជាមុន ទៅកាន់ អ៊ុយក្រែន កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកាណាដា បានទៅដល់ទីរួមស្រុក Irpin ដែលនៅខាងក្រៅ រដ្ឋធានីកៀវ។

    កាណាដា បានរួម​ចំណែក ២៥ លាន​ដុល្លារ ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ អង្គការសហប្រជាជាតិ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​រក្សា​សន្តិសុខ​ស្បៀង​នៅ អ៊ុយ​ក្រែ​ន។ ទន្ទឹមនឹងនេះ កាណាដា ក៏មាន​គម្រោង​លើកលែង​ពន្ធ​ពាណិជ្ជកម្ម​ចំពោះ​រាល់​ទំនិញ​ដែល កាណាដា នាំចូល​ពី អ៊ុយ​ក្រែ​ន នៅ​ឆ្នាំក្រោយ។

  • ក្រុម​ប្រទេស G៧ សន្យាថា នឹង​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​ប្រទេស G៧ សន្យាថា នឹង​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G៧ កាលពី​ថ្ងៃទី ៩ ឧសភា បាន​សន្យាថា នឹង​ហាមឃាត់​ការ​នាំចូល​ប្រេង ឬ​លុបបំបាត់​ប្រេង​របស់ រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​លើ ទីក្រុង​មូ​ស្គូ ព្រោះតែ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    «យើង​សន្យាថា​លុបបំបាត់​ជាបណ្ដើរៗនូវ​ស្ថានភាព​ពឹងផ្អែក​របស់​យើង​ទៅលើ​ថាមពល​របស់ រុស្ស៊ី ក្នុងនោះ​មាន​ទាំង​​ការ​លុប​ចោល ឬ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី» ប្រកាស​របស់ G៧ មាន​ឃ្លា​សរសេរ​ដូច្នេះ។ «យើង​ធានាថា​នឹងធ្វើ​ដូច្នេះ​ឱ្យបាន​ទាន់ពេល និង​មាន​សណ្ដាប់ធ្នាប់ ទន្ទឹមនឹងនេះ ក៏​នឹង​ទុក​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ពិភពលោក​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​មក​ជំនួស»។

    G៧ ក៏បាន​ឱ្យដឹងថា សមាជិក​ទាំងឡាយ​នឹង​អនុវត្ត​វិធានការ​នានា​ដើម្បី​ហាមឃាត់ ឬ​ទប់ស្កាត់​ការផ្ដល់​សេវាកម្មសំខាន់ៗដែល មូ​ស្គូ ពឹងផ្អែក ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ដាក់​សេដ្ឋកិច្ច​របស់ រុស្ស៊ី ឱ្យនៅ​ឯកោ។

    ជប៉ុន ដែលជា​​ប្រទេស​មិនសូវ​សម្បូរ​ធនធានធម្មជាតិ និង​កំពុង​នាំចូល​ប្រេង​ឆៅ​ពី រុស្ស៊ី កន្លងមកធ្លាប់​​មានការ​រារែក​ក្នុងការ​សម្រេចចិត្ត​លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី។ ក៏​ប៉ុន្តែ ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ G៧ កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា លោក​នឹង​អនុវត្ត​វិធានការ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី។

    ការសន្យា​របស់​ក្រុម​ប្រទេស G៧ នឹង​ជាការ «សំពង​ធ្ងន់ធ្ងរ​ទៅលើ​សរសៃឈាម​សំខាន់» របស់ សេដ្ឋកិច្ច​រុស្ស៊ី និង​នាំឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ បាត់បង់​ប្រភព​ផ្គត់ផ្គង់​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​សេត​វិមាន។

    G៧ (Group of Seven) គឺជា​វេទិកា​នយោបាយ​អន្តរជាតិ​ដែលមាន​ប្រទេស​រីកចម្រើន​ជាងគេ​ចំនួន ៧ ជា​សមាជិក រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, ជប៉ុន, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក។ ក្រៅពីនេះ សហភាព​អឺរ៉ុប ក៏​ជា «សមាជិក​មួយ​ដែល​មិន​ត្រូវបាន​រាប់បញ្ចូល»។

  • ប្រជុំ​កោះ Faroe ក្លាយជា «កំពង់ផែ» ថ្មី សម្រាប់​កប៉ាល់​ទាំងឡាយ​របស់ រុស្ស៊ី ដែល​ត្រូវ​ហាម​ចូល​ចត​នៅ អឺរ៉ុប

    ប្រជុំ​កោះ Faroe ក្លាយជា «កំពង់ផែ» ថ្មី សម្រាប់​កប៉ាល់​ទាំងឡាយ​របស់ រុស្ស៊ី ដែល​ត្រូវ​ហាម​ចូល​ចត​នៅ អឺរ៉ុប

    ដោយ​ត្រូវបាន​ហាមឃាត់​ចូល​ចត​នៅ​កំពង់ផែ​នានា​របស់ អឺរ៉ុប ចាប់តាំងពី​កញ្ចប់​ទណ្ឌកម្ម​ទី ៥ របស់ សហភាព​អឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី ១៦ មេសា បណ្ដា​ទូក កប៉ាល់​របស់ រុស្ស៊ី បាន​រកឃើញ​កំពង់ផែ​ដ៏​សមគួរ​សម្រាប់​ពួកគេ នោះ​គឺ​ប្រជុំ​កោះ Faroe។

    ប្រជុំ​កោះ Faroe ដែលជា​ទឹកដី​ស្វយ័ត​មួយ​របស់ ប្រទេស​ដា​ណឺ​ម៉ាក ស្ថិតនៅ មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។ អាជ្ញាធរ​របស់ ប្រជុំ​កោះ Faroe អនុញ្ញាតឱ្យ​បណ្ដា​ទូក កប៉ាល់​របស់ រុស្ស៊ី ចូល​ចត និង​លើកដាក់​ទំនិញ​ដោយ​សេរី។

    ប្រជុំ​កោះ​ដែលមាន​ប្រជាជន​ជាង ៥០,០០០ នាក់ និង​ស្ថិតនៅ​ចន្លោះ​ប្រជុំ​កោះ Shetland និង Iceland នេះ គឺជា​ចំណុច​គោល​មួយ​នៃ​ចរាចរណ៍​ដែនសមុទ្រ​សំខាន់​ចំពោះ​កប៉ាល់​នេសាទ​របស់ រុស្ស៊ី ដោយសារ​ជាទី​កន្លែង​ផ្ទេរ និង​ផ្ទុក​ជលផល​មួយផ្នែកធំ​ក្នុងចំណោម ៣៧០,០០០ តោន ដែល​បណ្ដា​កប៉ាល់​របស់​ប្រទេសផ្សេងៗនាំចូល​កំពង់ផែ​នានា​របស់​ប្រទេស​នេះ។

    នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក លោក Mette Frederiksen គ្រាន់តែ​អាច​សង្ឃឹមថា ក្រុម​មេដឹកនាំ​របស់ ប្រជុំ​កោះ Faroe «គោរព​តាម​ការសម្រេច» របស់ EU។ ដា​ណឺ​ម៉ាក មិនអាច​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រជុំ​កោះ​នេះ តាំងតែ​ពី​ឆ្នាំ ១៩៤៨។

    ជា​ទឹកដី​ដែល​ផ្សារភ្ជាប់​ជាមួយ EU ប៉ុន្តែ ប្រជុំ​កោះ Faroe មិន​ទទួលរង​ចំណង​ផ្នែក​ច្បាប់​ក្នុងការ​អនុវត្ត​វិធានការ​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ឡើយ។ ប្រជុំ​កោះ​នេះ​បន្ត​បង្កើន​ចំនួន និង​ពង្រីង​កំពង់ផែ​របស់ខ្លួន​សម្រាប់​បណ្ដា​កប៉ាល់​នេសាទ​របស់ រុស្ស៊ី និង​ការនាំចេញ​ជលផល​រប​ស់​ខ្លួន​ទៅកាន់ រុស្ស៊ី។ ចំណែក ដា​ណឺ​មាក វិ ក៏​មិន​ចង់​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ធំ​បំផុត​របស់ខ្លួន ដែល​កាន់កាប់ ២៣.២% (ឆ្នាំ ២០២១) ក្នុងការ​នាំចេញ​ជលផល និង ៩៥% នៃ​ពាណិជ្ជកម្ម​របស់​ពួកគេ៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០២ នាក់ទៀត ក្នុង​ថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០២ នាក់ទៀត ក្នុង​ថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០២២

    ​​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ចំនួន ០២ នាក់​ ដែលទើប​តែ​បាន​រក​ឃើញ​​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ០៦ ឧសភា គឺ​​​ជា​​ករណី​ អូមីក្រុង និង​​ជា​ករណីឆ្លង​ក្នុង​សហគមន៍។

  • ក្រសួងការពារជាតិ​ក​ម្ពុ​ជា ជ្រើសរើស​ទាហាន​រាប់រយ​នាក់ ដើម្បី​រៀបចំ​កង​កាំជ្រួច​ការពារ​អាកាសរ​យៈ​កម្ពស់​មធ្យម

    ក្រសួងការពារជាតិ​ក​ម្ពុ​ជា ជ្រើសរើស​ទាហាន​រាប់រយ​នាក់ ដើម្បី​រៀបចំ​កង​កាំជ្រួច​ការពារ​អាកាសរ​យៈ​កម្ពស់​មធ្យម

    ព័ត៌មាន​ស្ដីពី​សេចក្ដីប្រកាស​ជើង​រើស​ពលទាហាន​នេះ ត្រូវបាន​បង្ហោះ​កាល​ព្រឹក​ថ្ងៃទី ៧ ឧសភា ២០២២ ដោយ​ទំព័រ Facebook «កងកម្លាំងប្រដាប់អាវុធ​កម្ពុជា» អម​ជាមួយនឹង​រូបភាព​ទាហាន​នៃ​អង្គភាព​មួយចំនួន​ផងដែរ។

    សេចក្ដីសម្រេច​នោះ លើកឡើងថា រាជរដ្ឋាភិបាល «អនុញ្ញាតឱ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ពលទាហាន​ថ្មី​ចំនួន ៤០២ (បួន​រយ​ពីរ) នាក់ ដើម្បី​រៀបចំ​កង​កាំជ្រួច​ការពារ​អាកាសរ​យៈ​កម្ពស់​មធ្យម ចំណុះ​បញ្ជាការដ្ឋាន​ការពារ​អាកាស អគ្គបញ្ជាការដ្ឋាន»។

    សេចក្ដីសម្រេច​ដែល​ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ ក៏បាន​បញ្ជាក់ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រី​សេដ្ឋកិច្ច អគ្គមេបញ្ជាការ នៃ កងយោធពល​ខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃ​ក្រសួង និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​សេចក្ដីសម្រេច​នេះ ចាប់ពី​ថ្ងៃទី​ចុះហត្ថលេខា​តទៅ។

  • ក្រុម​អវកាស​ចរ ISS ត្រលប់​មក​កាន់​ផែនដី ក្រោយ​បំពេញ​បេសក​កម្ម​ ៦​ ខែ

    ក្រុម​អវកាស​ចរ ISS ត្រលប់​មក​កាន់​ផែនដី ក្រោយ​បំពេញ​បេសក​កម្ម​ ៦​ ខែ

    យាន SpaceX ដឹក​អ្នក​អវកាស​របស់ ណា​សា និង ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ត្រលប់​មកដល់​ផែនដី​ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​ហោះហើរ ២៣.៥ ម៉ោង។

    នៅវេលា​ម៉ោង ០០ និង ៤៣ នាទី ព្រឹក​ថ្ងៃទី ៦ ឧសភា (ម៉ោង ១១ និង ៤៣ នាទី នៅ ភ្នំពេញ) យានអវកាស Dragon Endurance ដឹក​អ្នក​អវកាស Kayla Barron, Raja Chari, Tom Marshburn របស់ ណា​សា និង Matthias Maurer របស់ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ចុះចត​លើ​ផ្ទៃសមុទ្រ Tampa នៅ Florida សហរដ្ឋ​អាម៉េរិក ដោយ​ឆត្រយោង ហើយ​នេះ​គឺជា​ការបញ្ចប់​បេសកកម្ម Crew-៣ បន្ទាប់ពី​ពួកគេ​បានធ្វើការ​នៅលើ​ស្ថានីយ​អវកាស​អន្តរ​ជាំ​តិ (ISS) អស់​រយៈពេល ៦ ខែ។

    ក្នុង​បេសកកម្ម​របស់ខ្លួន អ្នក​អវកាស ៤ រូបនេះ បានធ្វើ​ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​រាប់រយ​លើក រួមមាន​ទាំង​ការដាំ​ដើម​ម្ទេស ច្នៃ​បង់​រុំ​របួស​អភិវឌ្ឍ​ពី​កោសិកា​ស្បែក ការស្រាវជ្រាវ​បេតុង​បង្កក​រឹង និង​តាមដាន​ផែនដី។ល។

  • ក្លឹប​បាល់​ទាត់​ Chelsea ត្រូវបាន​លក់​ដោយ​ជោគជ័យ ប៉ុន្តែ មហា​សេដ្ឋី Abramovich មិនទទួល​បាន​ ១ រៀល​ណា​សោះ

    ក្លឹប​បាល់​ទាត់​ Chelsea ត្រូវបាន​លក់​ដោយ​ជោគជ័យ ប៉ុន្តែ មហា​សេដ្ឋី Abramovich មិនទទួល​បាន​ ១ រៀល​ណា​សោះ

    គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់ Chelsea ថ្មីៗនេះ​បានប្រកាស​ជា​ផ្លូវការ​ថា ក្រុម​អ្នកវិនិយោគ​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី Todd Boehly សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ក្លឹប Chelsea ពី មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ក្នុងតម្លៃ​ជាង ៤ ពាន់​លាន​ផោន ដែល​ប្រហែល​នឹង ៤.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    តាម​គម្រោង មហាសេដ្ឋី Boehly នឹង​ទូទាត់ ២.៥ ពាន់​លាន​ផោន ដើម្បី​ទិញ​ភាគហ៊ុន និង ១.៧៥ ពាន់​លាន​ផោន​ដែល​នៅសល់​នឹង​ត្រូវបាន​ទូទាត់​ក្រោមរូបភាព​វិនិយោគ​ទៅលើ​ក្លឹប ដូចជា សាងសង់​ទីលាន​ប្រកួត ឬ​ចំណាយ​ទៅលើ​ក្រុមបាល់ទាត់​នារី​ជាដើម។

    ប្រាក់ ២.៥ ពាន់​លាន​ផោន​ខាងលើ នឹងត្រូវ​បាន​ផ្ទេរ​ទៅក្នុង​គណនី​មួយ​នៅ អង់គ្លេស ហើយ​ត្រូវ​បង្កកភ្លាមៗ ដើម្បី​កុំឱ្យ​លោក Abramovich ផ្ទេរ​ចេញទៅ​បរទេស។ ប្រាក់​ទាំងនេះ​នឹងត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​មនុស្សធម៌។

    ដូច្នេះ មហាសេដ្ឋី​រុស្ស៊ី Abramovich ហាក់​មិន​ទទួលបាន​សូម្បីតែ ១ រៀល ពី​ការលក់​ក្រុមបាល់ទាត់​របស់លោក។

    មហា​សេដ្ឋី Todd Boehly

    ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន Wall Street Journal ឱ្យដឹងថា ការ​ទិញដូរ​ខាងលើនេះ​នៅតែ​ត្រូវការ​ឱ្យមាន​ការអនុម័ត​ជា​ផ្លូវការ​ពី រដ្ឋាភិបាល​អង់គ្លេស។

    លោក Abramovich ដែល​កាន់កាប់​ក្រុមបាល់ទាត់ Chelsea ជិត ២០ ឆ្នាំ​មកនេះ បាន​ចំណាយ​ប្រាក់កាស​ជាច្រើន​ដើម្បី​ទិញ​កីឡាករ ក៏ដូចជា​ទទួលយក​ការខាតបង់​ជាង ១ ពាន់​លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​ក្លឹប​នេះ​ទៅជា​ក្រុមបាល់ទាត់​លេចធ្លោ​ជាងគេ​មួយ​នៅ ពានរង្វាន់​បាល់ទាត់​អង់គ្លេស Premier League (ព្រី​មៀ​រលីគ)។

    ឆ្នាំ ២០២១ Chelsea គឺជា​ក្រុម​ដែល​ដណ្ដើមបាន​តំណែង​ជើងឯក UEFA Champions League (UCL) នៅ​អឺរ៉ុប។

    ប៉ុន្តែ ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែមីនា ២០២២ មហាសេដ្ឋី Abramovich ត្រូវ​បង្ខំចិត្ត​លក់​ក្លឹប​នេះ។ រដ្ឋាភិបាល​អង់គ្លេស បាន និង​កំពុង​តាមដាន​ការទិញ​ដូរ​ក្លឹប​បាល់ទាត់ Chelsea យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធានាថា មហាសេដ្ឋី Abramovich នឹង​មិនអាច​ទទួលបាន​ផលប្រយោជន៍​ពី​ការទិញ​ដូរ​នេះ៕

  • ក្រុមប្រឹក្សាសន្តិសុខ នៃ​ ​អង្គ​ការ​សហប្រជាជាតិ​ ចេញប្រកាស​ដំបូង​ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រុមប្រឹក្សាសន្តិសុខ នៃ​ ​អង្គ​ការ​សហប្រជាជាតិ​ ចេញប្រកាស​ដំបូង​ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំ​ជា​លើកដំបូង​ចំពោះ​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចៀសវាង​ការប្រើ​ពាក្យពេចន៍​រិះគន់​លើ រុស្ស៊ី។

    «ក្រុមប្រឹក្សាសន្តិសុខ សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរក្សា​សន្តិភាព និង​សន្តិសុខ​របស់ អ៊ុយ​ក្រែ​ន» ប្រកាស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី ៦ ឧសភា មាន​ឃ្លា​លើកឡើង​ដូច្នេះ ។ «ក្រុមប្រឹក្សាសន្តិសុខ​រំលឹក​ឡើងវិញ​ថា យោងតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ប្រទេស​ជា​សមាជិក​ទាំងអស់ សុទ្ធ​តែមាន​កាតព្វកិច្ច​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ដោយ​សន្តិវិធី»។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន ១៥ ក្នុងនោះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៥ គឺ សហរដ្ឋ​អាម៉េរិក រុស្ស៊ី អង់គ្លេស បារាំង និង ចិន ប្រកាស​អំពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី មូ​ស្គូ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ចុងខែ​កុម្ភៈ។

    រុស្ស៊ី បាន​ប្រើ​សិទ្ធិ​វេតូ (veto) ដើម្បី​ទប់ស្កាត់ ក្រុមប្រឹក្សាសន្តិសុខ អនុម័ត​ប្រកាស​ស្ដីពី អ៊ុយ​ក្រែ​ន នាពេល​កន្លង។ ដើម្បី​ត្រូវបាន​អនុម័ត សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​នេះ​ត្រូវការ​សំឡេងគាំទ្រ​យ៉ាង ៩ និង​មិន​ត្រូវបាន​ប្រទេស​ណាមួយ​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍ ជំទាស់។

    Juan Ramon De La Fuente ឯកអគ្គរដ្ឋទូត​រប​ស់ ម៉ិ​ក​ស៊ិ​ក ប្រចាំ​នៅ អង្គការសហប្រជាជាតិ ដែលជា​ប្រទេសមួយ​បាន​ជួយ​ធ្វើ​សេចក្ដីព្រាង​នៃ​សេចក្ដីប្រកាស​ដែល​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី ៦ ឧសភា យល់ថា នេះ​គឺជា «ជំហាន​សាមញ្ញ​ដំបូង ប៉ុន្តែ​វា​នឹង​គូសវាស​ផ្លូវ​ដើរ​ត្រឹមត្រូវ» នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ចំណាយពេល​រហូត ២ ខែ ដើម្បី​ធ្វើ​សេចក្ដីព្រាង​នៃ​ប្រកាស​មួយ​នេះ។

  • ស្រីលង្កា ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន 

    ស្រីលង្កា ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន 

    ប្រធានាធិបតី Rajapaksa សម្រេចចិត្ត​ដាក់​ប្រទេស​ស្រីលង្កា ក្នុងស្ថានភាព​ប្រកាសអាសន្ន អនុញ្ញាតឱ្យ​ដាក់ពង្រាយ​កងទ័ព​ដើម្បី​ជួយ​ដល់​កម្លាំង​ប៉ូលិស​ក្នុង​ការរក្សា​សណ្ដាប់ធ្នាប់។

    ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៦ ឧសភា ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បន្ទាប់ពី​ហាង​នានា​ត្រូវបាន​បិទ និង​ចរាចរណ៍​ត្រូវ​រាំងស្ទះ​ដោយសារ​បាតុកម្ម។ អ្នកនាំពាក្យ​ម្នាក់​របស់​ប្រធានាធិបតី Rajapaksa ឱ្យដឹងថា ស្ថានការណ៍​ប្រកាសអាសន្ន​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់​កណ្ដាលយប់។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល ស្រីលង្កា បានដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​ប្រកាសអាសន្ន ក្នុងអំឡុង ៥ សប្ដាហ៍​មកនេះ ក្នុងនោះ លើកទីមួយ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១ មេសា និង​បញ្ចប់​នៅ​ថ្ងៃទី ១៤ មេសា ក្រោយពី​ហ្វូង​បាតុករ​រក​វិធី​សម្រុកចូល​ផ្ទះ​របស់ ប្រធានាធិបតី។

    បទបញ្ជា​ខាងលើ​អនុញ្ញាតឱ្យ​កងកម្លាំង​សន្តិសុខ​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​រយៈពេល​យូរ ដោយ​មិន​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ស្ថាប័ន​យុត្តិធម៌ និង​អនុញ្ញាតឱ្យ​ដាក់ពង្រាយ​កងទ័ព សម្រាប់​ជួយ​ដល់​កម្លាំង​ប៉ូលិស ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

    ប៉ូលិស​ស្រីលង្កា កាលពី​ថ្ងៃទី ៦ ឧសភា បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក និង​ឡាន​បាញ់​ទឹក ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ព្យាយាម​ចូលទៅក្នុង​វិមាន​សភា ដើម្បី​ស្នើឱ្យ​លោក Rajapaksa ចុះ​ចេញពី​តំណែង។ មនុស្ស​រាប់ពាន់នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រធានាធិបតី ខណៈដែល​បាតុករ​ច្រើន​ក្រុម​ផ្សេងទៀត រក​វិធី​សម្រុកចូល​ផ្ទះ​របស់​ក្រុមមន្ត្រីសំខាន់។

    ក្នុង​ថ្ងៃ​ដដែល កម្មករ កម្មការិនី រាប់ពាន់នាក់​នៅ ស្រីលង្កា បានធ្វើ​កូដកម្ម នាំឱ្យ​សេវាកម្ម​តាមផ្លូវ​ដែក និង​រថយន្តក្រុង​សាធារណៈ​ត្រូវ​រាំងស្ទះ។ សេវាកម្ម​រថយន្តក្រុង​ឯកជន​ដែលមាន ២/៣ នៃ​សេវា​រថយន្តក្រុង​សរុប​នៅ​ប្រទេស​នេះ​ក៏​មិន​ដំណើរការ។

    ក្រុមបាតុករ​បាន​ទម្លាក់កំហុស​លើ ប្រធានាធិបតី Rajapaksa និង​ក្រុមមន្ត្រី​របស់លោក ទាក់ទិន​នឹង​កំហុសឆ្គង​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច បង្កឱ្យមាន​បញ្ហា​ដាច់​ភ្លើង ខ្វះ​ស្បៀងអាហារ ឥន្ធនៈ និង​ថ្នាំពេទ្យ​យ៉ាងធ្ងន់ធ្ងរ ក្នុង​រយៈពេល​ច្រើន​ខែ។

    ប្រធានាធិបតី​របស់ ស្រីលង្កា ប្រកាសថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ បើ​ទោះ​បាតុកម្ម​ចេះតែ​ធំ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

    ស្រីលង្កា កាលពី​ថ្ងៃទី ១២ មេសា ២០២២ បានប្រកាស​ក្ស័យធន និង​មិនមាន​លទ្ធភាព​សងបំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក ព្រមទាំង​បានស្នើ​ឱ្យ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផ្ដល់ជំនួយ​ផងដែរ៕

    លោក Mahinda Rajapaksa

     

  • កប៉ាល់​ទេសចរណ៍​ល្បឿន​លឿន​ធំ​បំផុត​នៅ វៀតណាម ត្រៀម​ដឹក​ភ្ញៀវ​ទៅ-មក​កោះ​ត្រឡាច

    កប៉ាល់​ទេសចរណ៍​ល្បឿន​លឿន​ធំ​បំផុត​នៅ វៀតណាម ត្រៀម​ដឹក​ភ្ញៀវ​ទៅ-មក​កោះ​ត្រឡាច

    នៅ​ ហៃហ្វុង នៅ​ថ្ងៃទី ៦ ឧសភា​នេះ ក្រុមហ៊ុន​កប៉ាល់​ល្បឿន​លឿន ហ្វ៊ូ​ក្វុ​ក (កោះត្រល់-Phu Quoc) សហការ​ជាមួយ​ក្រុមហ៊ុន​ការពារជាតិ​មួយ​របស់ រដ្ឋ​វៀតណាម បាន​សម្ពោធ​ដាក់​បណ្ដែត​ទឹក​កប៉ាល់ ថាំង​ឡុង ដែលជា​កប៉ាល់​ល្បឿន​លឿន និង​ធំ​បំផុត​នៅ វៀតណាម ដើម្បី​ត្រៀម​ដំណើរការឆាប់ៗនេះ។

    តាម​គម្រោង កប៉ាល់​ខាងលើនេះ​នឹង​ដឹក​អ្នកដំណើរ​ពី វ៉ុ​ង​តៅ (Vung Tau) ទៅ​កោះ​កូន​ដៅ (កោះ​ត្រឡាច-Con Dao) ចាប់ពី​ខែកក្កដា ឆ្នាំ ២០២២។

    កប៉ាល់​ល្បឿន​លឿន​ឈ្មោះ ថាំង​ឡុង មាន​បណ្ដោយ​ប្រវែង ៧៧.៤៦ ម៉ែត្រ, កម្ពស់ ៤ ជាន់ ក្នុងនោះ ២ ជាន់​ជា​ប្រភេទ Eco, ១ ជាន់​ជា​ប្រភេទ​ពិសេស (VIP) និង​ជាន់​លើ​បង្អស់​ជា «Café Roof Top»។ កប៉ាល់​ថាំង​ឡុង អាច​ដឹក​មនុ​ស្សបាន ១,០១៧ នាក់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce MTU ចំនួន ៣ គ្រឿង ដែលមាន​កម្លាំង​សរុប ១១,៥៨០ សេះ។ ចំណែក​ដងខ្លួន​របស់​វា ធ្វើ​អំពី​សមាសធាតុ​អា​លុយ​មី​ញូ​ម នាំចូល​ពី អ៊ីតាលី។ កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូតដល់​ជាង ៥៥ គីឡូម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន​គ្រប់គ្រង​កប៉ាល់​ល្បឿន​លឿន ហ្វ៊ូ​ក្វុ​ក ឱ្យដឹងថា បច្ចុប្បន្ន ពួកគេ​មាន​កប៉ាល់​ចំនួន ១១ គ្រឿង​កំពុងដំណើរការ ដែល​ទាំងអស់​សុទ្ធតែជា​ប្រភេទ​ទំនើប និង​សុវត្ថិភាព​លំដាប់​កំពូល​នៅ វៀតណាម។ ចំណែក ក្រុមហ៊ុន​ផលិត​កប៉ាល់​របស់​កង​ទ័ព​វៀតណាម និយាយថា ក្រុមហ៊ុន​នេះ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការធ្វើ​ទំនើបកម្ម​ផលិតផល ទាំង​ក្នុង​វិស័យ​យោធា និង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ពង្រីក​ទីផ្សារ ទាំង​ក្នុង និង​ក្រៅប្រទេស។