Author: សឿន សំណាង

  • ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​ច្បាប់​បង្កើនល្បឿន​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​ច្បាប់​បង្កើនល្បឿន​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​លើក​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក​ម្ម​វិធី​ក្នុង​សង្គ្រាមលោកលើកទី ២ ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។

    «ច្បាប់​ឱ្យ​ខ្ចី-ឱ្យ​ជួល (Lend-Lease) ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ២០២២» នេះ ត្រូវបាន​លោក បៃ​ដិ​ន ចុះហត្ថលេខា​អនុម័ត​ចុងក្រោយ​កាលពី​ថ្ងៃទី ៩ ឧសភា។ លោក បៃ​ដិ​ន ក៏​ប្រកាសថា សហរដ្ឋ​អាម៉េរិក គាំទ្រ «ជនជាតិ​អ៊ុយ​ក្រែ​ន ប្រយុទ្ធ​ការពារ​ទឹកដី និង​ប្រជាធិបតេយ្យ» នៅ​ចំពោះមុខ​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី។

    លោក បៃ​ដិ​ន ក៏បាន​ឱ្យដឹងថា បាន​ត្រៀម​រួចរាល់​ហើយ​ក្នុងការ​បោះបង់​សំណើ​ជំនួយ​សម្រាប់​កម្មវិធី​ប្រឆាំង​កូ​វីដ-១៩ របស់​រដ្ឋាភិបាល ដែល​ត្រូវ​បានស្នើ​ទន្ទឹមគ្នា​នឹង​កញ្ចប់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ដើម្បី​ទទួលបាន​កញ្ចប់​ថវិកា ៣៣ ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រទេសមួយ​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន។ លោក បៃ​ដិ​ន បញ្ជាក់ថា មិនអាច​ពន្យារពេល​ទៀតឡើយ​ចំពោះ​កិច្ចប្រឹងប្រែង​នេះ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី

    ច្បាប់ Lend-Lease ដើម្បី​ផ្ដល់ជំនួយ​យោធា​ទ្រង់ទ្រាយ​ធំ និង​រហ័ស ដល់ អ៊ុយ​ក្រែ​ន នេះ ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​កាលពី​ថ្ងៃទី ២៨ មេសា ២០២២ ក្រោយពី​សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​បាន ៣ សប្ដាហ៍។ ច្បាប់​នេះ​នឹង​ពង្រីក​ជំនួយ​ទាក់ទង​នឹង​កាំភ្លើង​ធំ មី​ស៊ី​ល​ការពារ​ដែនអាកាស អាវុធ​ប្រឆាំង​រថក្រោះ និង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​របស់​បស្ចិម​លោក សម្រាប់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​ត្រូវបាន​ដាក់ឱ្យ​ដាច់ដោយឡែក​ពី​កិច្ចប្រឹងប្រែង​បញ្ជូន​សព្វាវុធ​ពី​ឃ្លាំង​របស់ អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ធ្វើឡើង​នាពេល​កន្លង។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់ អាម៉េរិក និង​បាន​ហៅ​ការសម្រេចចិត្ត​នេះ​ថា​ជា ជំហាន​ប្រវត្តិសាស្ត្រ។

    ចំណែក​ភាគី​ខាង រុស្ស៊ី វិញ មិនទាន់មាន​ប្រតិកម្ម​អ្វី​ឡើយ ប៉ុន្តែ ប្រធានសភា​ឌូ​ម៉ា លោក Vyacheslav Volodin កាលពី​ថ្ងៃទី ២៩ មេសា ធ្លាប់បាន​ព្រមាន​ថា «ជនជាតិ​អ៊ុយ​ក្រែ​ន ច្រើន​ជំនាន់​នាពេល​អនាគត នឹងត្រូវ​សងបំណុល» សម្រាប់​អាវុធ គ្រាប់រំសេវ និង​ស្បៀង​ដែល អាម៉េរិក ផ្ដល់ឱ្យ ដោយសារតែ​ច្បាប់ Lend-Lease របស់ អាម៉េរិក បានកំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រគល់​​ទំនិញ​ថា ទីក្រុង​កៀវ ត្រូវ «សង​មកវិញ​នូវ​យោ​ធូប​ករ​ណ៍​ដែល​បាន​ខ្ចី ឬ​បាន​ជួល»៕

  • ​រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែនធំជាងគេ​បង្អស់​នៅ​​ក្នុង​ពិភព​លោក កំពុង​តាំង​បង្ហាញ​នៅ​ អាហ្វ្រិក​ខាង​ត្បូង

    ​រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែនធំជាងគេ​បង្អស់​នៅ​​ក្នុង​ពិភព​លោក កំពុង​តាំង​បង្ហាញ​នៅ​ អាហ្វ្រិក​ខាង​ត្បូង

    ក្រុមហ៊ុន Anglo American កាលពី​ថ្ងៃទី ៨ ឧសភា បានបង្ហាញ​រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​ដែលមាន​ទម្ងន់ ២២០ តោន នៅឯ​អណ្ដូងរ៉ែ​ប្លា​ទីន​មួយ​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង។

    ត្រូវបាន​គេ​ឃោសនា​ថា​ជា​រថយន្ត​ដែល​នឹង​ចូលមក​ជំនួស​យានយន្ត​ម៉ា​ស៊ូ​តរបស់ Anglo American រថយន្ត​ដឹកទំនិញ​ខ្នាត​យក្ស​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទះមួយ​ខ្នង។ វា​ប្រើប្រាស់​ថ្ម​អ៊ីដ្រូសែន ២ មេ​ហ្គា​វ៉ា​ត់ និង​មាន​សមត្ថភាព​ដឹក​រ៉ែ​ទម្ងន់ ២៩០ តោន ហើយ​បច្ចុប្បន្ន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​អណ្ដូងរ៉ែ Mogalakwena មាន​ចម្ងាយ​ពី​ទីក្រុង Johannesburg ប្រហែល ២៥០ គីឡូម៉ែត្រ។

    ក្រុមហ៊ុន​រុករក​រ៉ែ​អន្តរជាតិ Anglo American ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​អង់គ្លេស ឱ្យដឹងថា ពួកគេ​មានបំណង​សម្រេចបាន​គោលដៅ​បន្សាប​កាបូន នៅ​ឆ្នាំ ២០៤០។

    បច្ចេកទេស​របស់ Anglo American គឺ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ដើម្បី​បំបែក​ទឹក​ឱ្យទៅជា​អាតូម​អ៊ីដ្រូសែន និង​អុកស៊ីសែន។ អ៊ីដ្រូសែន នៅពេល​ត្រូវបាន​ដុត​ឆេះ​នឹង​បញ្ចេញ​តែ​ចំហាយ​ទឹក​ប៉ុណ្ណោះ ពោលគឺ​មិន​ដូច​ទៅនឹង​ប្រេងឥន្ធនៈ​ដែល​បានមកពី​ហ្វូ​ស៊ី​ល ដែល​បញ្ចេញ​ឧស្ម័ន CO២ ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ។

    នាយក​ប្រតិបត្តិ Duncan Wanblad បានឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ Anglo American នឹង​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន ជំនួស​បណ្ដា​រថយន្ត​ដែល​ដើរ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត។

    កាលពី​ខែវិច្ឆិកា ២០២១ បណ្ដា​ប្រទេស​អ្នកមាន រួមមាន បារាំង, អាល្លឺម៉ង់, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក បាន​សន្យា​ជួយ​ផ្នែក​បច្ចេកទេស និង​ជំនួយ​ជា​ទឹកប្រាក់​យ៉ាងតិច ៨.៥ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ឱ្យ អាហ្វ្រិក​ខាងត្បូង ប្ដូរផ្លាស់​ទៅរក​សេដ្ឋកិច្ច​ដែល​បញ្ចេញ​កាបូន​កម្រិត​ទាប៕

  • ក្បួន​ដង្ហែ​របស់​ទ័ពអាកាស​រុស្ស៊ី អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​អាល្លឺម៉ង់ ឆ្នាំ ២០២២

    ក្បួន​ដង្ហែ​របស់​ទ័ពអាកាស​រុស្ស៊ី អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​អាល្លឺម៉ង់ ឆ្នាំ ២០២២

    ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​និយម បានបញ្ចប់​ដោយ​ជោគជ័យ ប៉ុន្តែ ក្បួន​ដង្ហែ​របស់ ទ័ពអាកាស​រុស្ស៊ី ត្រូវបាន​លុបចោល ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ។

    រុស្ស៊ី បាន​ប្រមូល​យន្តហោះ​ចំនួន ៧៧ គ្រឿង សម្រាប់​ព្រឹត្តិការណ៍​ព្យុហយាត្រា​ឆ្នាំនេះ ក្នុងនោះ​មាន​វត្តមាន​របស់​យន្ត​ហោះ​ដែលជា​បញ្ជាការដ្ឋាន​លើ​អាកាស II-៨០ ដំបូង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «យន្តហោះ​នៃ​ថ្ងៃ​អវសាន​នៃ​ផែនដី» របស់ រុស្ស៊ី។ អង្គភាព​យន្តហោះ​ចម្បាំង MIG-២៩SMT ក៏បាន​ចូលរួម​ហ្វឹកហាត់​រៀប​ជា​អក្សរ Z សម្រាប់​​​ព្រឹត្តិការណ៍​ព្យុហយាត្រា ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​កងកម្លាំង​ដែល​កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្រុម​តន្ត្រី​យោធា​បាន​ចាក​ចេញពី​ទីលាន​ក្រហម បញ្ចប់​ព្រឹត្តិការណ៍​ព្យុហយាត្រា​ឆ្នាំ​ ២០២២ ដោយ​ជោគ​ជ័យ។

    អង្គភាព​យន្តហោះ​ចម្បាំង MIG-២៩SMT ក៏បាន​ចូលរួម​ហ្វឹកហាត់​រៀប​ជា​អក្សរ Z
  • (វីដេអូ)-រុស្ស៊ី កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​ព្យុហយាត្រា​ អបអរខួប​ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​សត្រូវ

    (វីដេអូ)-រុស្ស៊ី កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​ព្យុហយាត្រា​ អបអរខួប​ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​សត្រូវ

    រុស្ស៊ី ប្រារព្ធ​ពិធី​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​​នៅលើ​ទីលាន​ក្រហម ក្នុង រដ្ឋធានី​មូ​ស្គូ គម្រប់​ខួប ៧៧ ឆ្នាំ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​ការពារជាតិ​ដ៏​មហាអស្ចារ្យ​របស់​ប្រទេស​នេះ។

    ក្រុមនីមួយៗនៃ​ក្បួនព្យុហយាត្រា​កំពុង​ស្ថិតនៅលើ​ទីតាំង​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីលាន​ក្រហម ខណៈដែល​កម្លាំង​លប​បាញ់ (sniper force) ក៏ត្រូវ​បានដាក់​ពង្រាយ​នៅតាម​ទីតាំងខ្ពស់ៗដើម្បី​ការពារ​ព្រឹត្តិការណ៍។

    ព្រឹត្តិការណ៍​ព្យុហយាត្រា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​វេលា​ម៉ោង​ ១០ ព្រឹក​ នៅ​ ទីក្រុង​មូស្គូ (ម៉ោង ១៤ នៅ​ ភ្នំពេញ) ដើម្បី​អបអរ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​​លើ​ ណាស៊ីអាល្លឺម៉ង់។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ឈាន​ជើង​ឡើងលើ​វេទិកា និង​ស្វាគមន៍​ដល់​ក្រុមមន្ត្រី និង​ក្រុម​អតីត​ទាហាន​របស់ រុស្ស៊ី។ លោក​ ពូទីន អាន​សុន្ទរកថា នៅ​មុន​ពិធី​ព្យុហយាត្រា​ចាប់​ផ្ដើម​។ លោក​​លើក​សរសើរ​ចំពោះ​សង្គ្រាម​ការ​ពារ​ជាតិ​ (Great Patriotic War) និង​ការ​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​របស់ ​ពលរដ្ឋ​សូវៀត​ ក្នុង​បុព្វហេតុ​​ប្រឆាំង​នឹង​លទ្ធិ​ហ្វាស៊ីនិយម។

    ព្រឹត្តិការណ៍​ព្យុហយាត្រា​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក៏ប៉ុន្តែ ក្បួន​របស់​កងទ័ព​អាកាស​របស់​ រុស្ស៊ី ត្រូវ​បាន​លុប​ចោល​ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​។

  • អ្នកមាន​បំណង​ទៅ​កម្សាន្ត​នៅ ខេត្ត​ព្រះសីហនុ ក្នុង​ខែ​នេះ មាន​ឱកាស​ទស្សនា​​ពិព័រណ៍ និង​​ប្រកួត​ប្រណាំង​​កង់

    អ្នកមាន​បំណង​ទៅ​កម្សាន្ត​នៅ ខេត្ត​ព្រះសីហនុ ក្នុង​ខែ​នេះ មាន​ឱកាស​ទស្សនា​​ពិព័រណ៍ និង​​ប្រកួត​ប្រណាំង​​កង់

    មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ នៅឯ​ទីលាន​តេ​ជោ (ពយ តា​មូង) នឹងមាន កម្មវិធី​តាំងពិព័រណ៍ និង​ប្រកួត​ចម្អិន​ម្ហូបអាហារ ភេសជ្ជៈ និង​ប្រកួតប្រណាំង​កង់។

    ស្ថាប័ន​ខាងលើ​បន្ថែមថា ព្រឹត្តិការណ៍​តាំងពិព័រណ៍ និង​កម្មវិធី​ប្រកួត​ទាំងឡាយ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​​ទាក់​ទាញ​​ភ្ញៀវ​​ទេសចរណ៍​មកលេង ខេត្ត​ព្រះសីហនុ ឱ្យបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត។

    មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុងឱកាស​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា។ ខាងក្រោម​នេះគឺជា​កម្មវិធី និង​ពាក្យសុំ​ចុះឈ្មោះ ប្រកួត​ម្ហូបអាហារ និង ប្រកួតប្រណាំង​កង់៖

  • មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ទស្សនកិច្ច Mariupol របស់ អ៊ុយ​ក្រែ​ន

    មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ទស្សនកិច្ច Mariupol របស់ អ៊ុយ​ក្រែ​ន

    ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Khusnullin ធ្វើដំណើរ​ទៅកាន់ Mariupol ដែលជា​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ដោយ​ចាត់ទុកថា នេះ​ជា​ដែនដី​ទើប​រំដោះ​បាន​របស់ «ប្រទេស​ដែល​ស្និទ្ធ​នឹង រុស្ស៊ី»។

    «ខ្ញុំ​ធ្វើ​ទស្សនកិច្ច​បណ្ដា​តំបន់​ដែល​ត្រូវបាន​រំដោះ​របស់ «សាធារណរដ្ឋ​ប្រជាមានិត Donetsk (DNR) និង សាធារណរដ្ឋ​ប្រជាមានិត Lugansk (LNR)។ ខ្ញុំ​បានធ្វើ​ទស្សនកិច្ច Mariupol, Volnovakha, Lugansk និង​បណ្ដា​ទីក្រុង​ផ្សេងទៀត និង​បាន​ជួប​សន្ទនា​ជាមួយ​ប្រជាជន​ក្នុងស្រុក» ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Marat Khusnullin ប្រកាស​លើ Telegram កាលពី​ថ្ងៃទី ៨ ឧសភា។

    រូបថត​នានា​ដែល​ត្រូវ​បានប្រកាស​ឱ្យដឹង បង្ហាញថា លោក Khusnullin បាន​ជួប​លោក Denis Pushilin ដែលជា​មេដឹកនាំ​របស់ DNR។

    ទីក្រុង​ Mariupol

    ទីប្រឹក្សា​របស់​អភិបាលក្រុង Mariupol លោក Petro Andrushenko និយាយថា Khusnullin បានមក​កាន់ Mariupol។ លោក​បន្ថែមថា ទស្សនកិច្ច​បែបនេះ​គឺ​ជា​ការ​ដែល​បង្ហាញ​ថា រុស្ស៊ី កាន់តែ​ឆ្ពោះទៅរក​ការ​រឹបអូស​តំបន់​ទាំងនេះ ដាក់បញ្ចូល​ទៅក្នុង ប្រទេស​រុស្ស៊ី»។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៩ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៩ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៨ ខែ​ឧសភា ២០២២ កម្ពុជា មិន​មាន​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩​ ឡើយ​ ប៉ុន្តែ មាន​អ្នក​ជាសះស្បើយ​ ០១ នាក់។

  • អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះមួយ​ និង​ទ្រព្យសម្បត្តិ​ទាំង​អស់​​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួ​នៅ​ស្រុក​ថ្ពង

    អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះមួយ​ និង​ទ្រព្យសម្បត្តិ​ទាំង​អស់​​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួ​នៅ​ស្រុក​ថ្ពង

    (កំពង់ស្ពឺ)-កាលពី​ថ្ងៃទី ៨ ឧសភា ២០២២ វេលា​ម៉ោងជាង ២២ និង ១០ នាទី មាន​ករណី​អគ្គិភ័យ​មួយ​ធ្វើឱ្យ​ផ្ទះ ១ ខ្នង និង​ទ្រព្យ​ជាច្រើន​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួ ស្ថិតនៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ត្រូវ​បាត់បង់​គ្មាន​សល់ នេះ​បើតាម អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។

    ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ខា​លើ ដែលមាន​ឈ្មោះថា ផន ខន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​រងរបួស ហើយ​ផ្ទះ​របស់គាត់​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​អស់​គ្មាន​សល់។

    សមត្ថកិច្ច​ឱ្យដឹងថា ផ្ទះ​របស់​ជនរងគ្រោះ មាន​ទំហំ ៦ម​x៨ម ធ្វើ​ពី​ឈើ ប្រក់​ក្បឿង ថ្ម​ក្រោម។ ក្រៅពី​ផ្ទះ  ករណី​អគ្គិភ័យ​នេះ​ក៏បាន​ឆេះ​មាស​របស់​ម្ចាស់ផ្ទះ​អស់ ៣ តំឡឹង, ប្រាក់​ដុល្លារ​អស់ ៨,០០០ ដុល្លារ ,ប្រាក់រៀល​អស់ ១០,០០០,០០០ រៀល, ស្រូវ​ចំនួន ១ តោន និង​អង្ករ ១០០ គីឡូក្រាម ព្រមទាំង​សៀវភៅ​ស្នាក់នៅ(ក២), អត្តសញ្ញាណប័ណ្ណ និង​សម្ភារៈ ឯកសារ​ជាច្រើន​ផ្សេងទៀត​ផងដែរ។

    មូល​ហេតុដែល​បណ្ដាល​កើតមាន​អគ្គិភ័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក្នុង​តំបន់​ប​ញ្ជា​ក់ថា គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ៕

  • គម្រោង​ធំ​របស់ មហាសេដ្ឋី Elon Musk ដែល​ត្រៀម​សម្រាប់ Twitter

    គម្រោង​ធំ​របស់ មហាសេដ្ឋី Elon Musk ដែល​ត្រៀម​សម្រាប់ Twitter

    លោក Elon Musk អាច​បញ្ឈប់​ការងារ​របស់​បុគ្គលិក​ច្រើន​រយ​នាក់ មុនពេល​ជ្រើសរើស​បុគ្គលិក​ជំនាញ​ថ្មី ដើម្បី​ត្រៀម​សម្រាប់​គម្រោង​ពាណិជ្ជកម្ម និង​ផលិត​ពិសេស​របស់​បណ្ដាញ​សង្គម Twitter។

    នៅក្នុង​ឯកសារ​ផ្ញើ​ទៅកាន់​ក្រុម​អ្នកវិនិយោគ​ដែល New York Times ទទួលបាន មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង Elon Musk បាន​គូសវាស​ផែនការ​ជាច្រើន​សម្រាប់ Twitter បើសិន​ការ​ទិញដូរ​ដែលមាន​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​របស់លោក បានសម្រេច​ជា​ស្ថាពរ។

    កែទម្រង់​ធនធានមនុស្ស

    New York Times យល់ថា បន្ទាប់ពី​ចូល​គ្រប់គ្រង Twitter ម្ចាស់ SpaceX អាច​កាន់កាប់​តំណែង CEO ជា​​បណ្ដោះ​អាសន្ន​ និង​បញ្ឈប់​បុគ្គលិក​រាប់រយ​នាក់ មុននឹង​ជ្រើសរើស​អ្នកជំនាញ​ថ្មី​ផ្នែក​បច្ចេកទេស។ លោក Elon Musk គ្រោង​នឹង​រក​បុគ្គលិក​ឱ្យបាន​ប្រហែល ១១,០៧២ នាក់ នៅ​ឆ្នាំ ២០២៥ ខណៈ​បច្ចុប្បន្ន Twitter មានតែ​ជាង ៧,៥០០ នាក់។

    លោក Musk ក៏​គ្រោង​នឹង​ប្ដូរផ្លាស់​ទម្រង់​ដឹកនាំ​មួយចំនួន​ផងដែរ។ កាលពី​ចុង​សប្ដាហ៍​កន្លង លោក​ធ្លាប់បាន​និយាយថា លោក​ជឿថា មេដឹកនាំ​គ្រប់រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា ត្រូវតែ​ជាម​នុស្ស​ឆ្នើម​ក្នុង​ផ្នែក​បច្ចេកវិទ្យា។

    ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ជំនួញ

    លោក Musk ប្រកាស​កែលម្អ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់ Twitter ឱ្យ​ឡើងដល់ ២៦.៤ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២៨។ កាលពី​ឆ្នាំ​កន្លង បណ្ដាញ​សង្គម​នេះ​រកចំណូលបាន ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក Musk ក៏​នឹង​កាត់បន្ថយ​កញ្ចប់​ចំណាយ​ទៅលើ​ការ​ផ្សារ​ពាណិជ្ជកម្ម​របស់ Twitter ផងដែរ។

    អូសទាញ​អ្នកប្រើប្រាស់​ថ្មី​បន្ថែមទៀត

    មហាសេដ្ឋី Elon Musk មាន​គម្រោង​ទាក់ទាញ​អ្នកប្រើប្រាស់ Twitter ឱ្យបាន​ដល់ ៩៣១ លាន​នាក់ នៅ​ឆ្នាំ ២០២៨។ កាលពី​ចុងឆ្នាំ ២០២១ Twitter មាន​អ្នកប្រើប្រាស់ ២១៧ លាន​នាក់។

    លោក Elon Musk ក៏​ឱ្យដឹងថា នឹងមាន​ការយកថ្លៃ​ប្រើប្រាស់​បន្ថែម ៣ ដុល្លារ/ខែ សម្រាប់​គណនី Twitter Blue ហើយ​ថា Twitter Blue នឹងមាន​អ្នកប្រើប្រាស់ ៦៩ លាន​នាក់​នៅ​ឆ្នាំ ២០២៥ និង ១៥៩ លាន​នាក់​នៅ​ឆ្នាំ ២០២៦។

    គម្រោង​សំខាន់​មួយចំនួន​ផ្សេងទៀត

    នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ Tesla ក៏បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង «X» ដ៏​អាថ៌កំបាំង ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ផលិតផល​ថ្មី​របស់ Twitter។ លោក Musk មិនបាន​និយាយ​លម្អិត ប៉ុន្តែ លោក​បានលើកឡើង​អំពី​បទពិសោធន៍​នៃ​មុខងារ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​នៅលើ Twitter។ គម្រោង «X Subscriber» នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំក្រោយ ហើយ​នឹងមាន​អ្នកប្រើប្រាស់​ប្រហែល ៩ លាន​នាក់​ក្នុង​ឆ្នាំ​ដំបូង។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី ៦ ឧសភា លោក Musk ឱ្យដឹងថា ដើម្បី​បានសម្រេច​គម្រោង​ខាងលើ លោក​នឹង​ដឹកនាំ Twitter ផ្ដោតទៅលើ​វិស័យសំខាន់ៗចំនួន ៤ គឺ បច្ចេកទេសផ្នែក​ទន់, រចនា, ការពារ​ទិន្នន័យ និង​ផ្នែក​រឹង​សម្រាប់​ម៉ាស៊ីន​មេ (server)៕

  • ជនភៀសខ្លួន​ជាង ៤០ នាក់ លង់ទឹក​ស្លាប់​នៅ​សមុទ្រ​នៃ​តំបន់​សាហា​រ៉ា​ខាងលិច

    ជនភៀសខ្លួន​ជាង ៤០ នាក់ លង់ទឹក​ស្លាប់​នៅ​សមុទ្រ​នៃ​តំបន់​សាហា​រ៉ា​ខាងលិច

    កាលពី​ថ្ងៃទី ៨ ឧសភា ស្ថាប័ន​ជួយសង្គ្រោះ​ជនភៀសខ្លួន Caminando Fronteras របស់ អេ​ស្ប៉ា​ញ បានឱ្យដឹងថា មនុស្ស​យ៉ាងតិច ៤៤ នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក​នៅក្នុង​ហេតុការណ៍​លិច​​ទូក​​មួយគ្រឿង​នៅលើ​សមុទ្រ​នៃ​ឆ្នេរ Cap Boujdour ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ ម៉ា​រ៉ុ​ក ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​សាហា​រ៉ា។

    លោកស្រី Helena Maleno ជា​បុគ្គលិក​របស់​ស្ថាប័ន​ខាងលើ បាន​ប្រាប់ថា មនុស្ស ១២ នាក់ ត្រូវបាន​ជួយសង្គ្រោះ ហើយ​សាកសព ៧ នាក់ ត្រូវបាន​ស្រង់​ឡើងគោក នៅក្នុង​ហេតុការណ៍​នេះ ខណៈដែល​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ​កំពុង​ត្រូវបានធ្វើ​បន្ត។

    បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​គោលដៅ​របស់​ទូក និង​ជនភៀសខ្លួន​ទាំងនេះ​នៅឡើយ ប៉ុន្តែ កន្លងមក ក្រុម​ជន​ចំណាកស្រុក​ភាគច្រើន​ស្វែងរក​ផ្លូវ​ទៅកាន់​កោះ Canary របស់ ប្រទេស​អេ​ស្ប៉ា​ញ ដោយ​សង្ឃឹមថា នឹងមាន​ជីវភាព​ប្រសើរឡើង។