Author: សឿន សំណាង

  • Elon Musk និយាយថា នឹង​ដក​បម្រាម​លើ​ការប្រើ Twitter ចំពោះ អតីត​ប្រធានាធិបតី​អាម៉េរិក

    Elon Musk និយាយថា នឹង​ដក​បម្រាម​លើ​ការប្រើ Twitter ចំពោះ អតីត​ប្រធានាធិបតី​អាម៉េរិក

    មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ឱ្យដឹងថា ក្នុងនាម​ជា​ម្ចាស់ Twitter លោក​នឹង​ដក​បម្រាម​របស់​បណ្ដាញ​សង្គម Twitter ដែល​បាន​ហាម​លោក Donald Trump ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ។

    «ខ្ញុំ​នឹង​ប្រែ​ក្រឡាស់​បម្រាម​នេះ​ជា​រៀងរហូត» លោក Musk ថ្លែង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់ Financial Times កាលពី​ថ្ងៃទី ១០ ឧសភា។ លោក​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន លោក​មិនទាន់​ក្លាយជា​ម្ចាស់ Twitter ទើប​ប្រការនេះ​មិនទាន់​ប្រាកដថា​នឹង​កើតឡើង​នៅឡើយ។

    ការទិញ​ដូរ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ របស់​នាយក​ប្រតិបត្តិ​របស់ Tesla កំពុងស្ថិត​ក្នុងការ​រង់ចាំ​ការគាំទ្រ​ពី​ភាគ​ហ៊ុ​និក និង​អាជ្ញាធរ​អាម៉េរិក។ ក៏ប៉ុន្តែ លោក Musk ធ្លាប់​និយាយ​ច្រើនលើក​ហើយ​ថា នឹង​កាត់បន្ថយ​ការត្រួតពិនិត្យ​ខ្លឹមសារ ឬ​ដាក់​ការហាមឃាត់​ប្រើប្រាស់​បណ្ដោះអាសន្ន ជំនួស​ឱ្យ​ការហាមឃាត់​ជា​រៀងរហូត។

    អតីត​ប្រធានាធិបតី​អាម៉េរិក លោក Donald Trump

    លោក Donald Trump ត្រូវបាន​ដកហូត​សិទ្ធិ​ប្រើប្រាស់ Twitter និង​បណ្ដាញ​សង្គម​មួយចំនួនទៀត បន្ទាប់​ពីសារ និង​សម្ដី​របស់លោក ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ត្រូវបាន​គេ​គិត បាន​ជំរុញឱ្យមាន​ស្ថានការណ៍​ច្របូកច្របល់​នៅ Capitol Hill ដែលជា​តំបន់​មាន​ស្ថាប័នរដ្ឋសំខាន់ៗ កាលពី​ខែមករា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ជ័យជម្នះ​របស់លោក Biden បន្ទាប់ពី​ការបោះឆ្នោត។

    មុន​នោះ អតីត​ប្រធានាធិបតី​អាម៉េរិក លោក Trump ក៏បាន​ប្រកាសថា នឹងមិន​ត្រលប់មក​ប្រើប្រាស់ Twitter ឡើយ បើទោះជា​ត្រូវបាន​អនុញ្ញាត។ ជំនួស​មកវិញ លោក​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន (Truthsocial) ទោះបីជា​នៅពេលនេះ​វា​មិនទាន់​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ច្រើន​ក៏ដោយ៕

  • ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ​បន្ទាប់​ពី​បាន​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅពេល​ស្ថានភាព​កូ​វីដ-១៩ កាន់តែ​ធូរស្រាល

    ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ​បន្ទាប់​ពី​បាន​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅពេល​ស្ថានភាព​កូ​វីដ-១៩ កាន់តែ​ធូរស្រាល

    ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជាប់​នឹង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត ត្រូវបាន អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រេច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ ក្រោយ​ស្ថានភាព​កូ​វីដ-១៩ បាន​ធូរស្បើយ។

    ការបើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ ឡើងវិញ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយមាន​ការសម្របសម្រួល​ពី ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង ភាគី​ថៃ ដឹកនាំ​ដោយ​លោក វ៉ា​ត់ថៈ​ណា វុ​ត​ធិ​ឆាត អភិបាលខេត្ត​ស៊ីសាកេត រួម​ជាមួយនឹង​ក្រុមមន្ត្រី​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំងពីរ។

    នៅមុន​ការបើក​ច្រក​អន្តរជាតិ​ជាំ​សា​ងាំ នេះ កម្ពុជា-ថៃ ក៏បាន​សម្រេច​បើក​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី ៦ ឧសភា ២០២២ បន្ទាប់ពី​មាន​ការ​ពិភាក្សា និង​​ការ​សម្របសម្រួល​ដោយ​ជោគជ័យ​។

  • «ដៃស្ដាំ» របស់​មហាសេដ្ឋី​លេខ​ ១ របស់​ពិភពលោក​ Elon Musk គឺជា​អ្នកណា?

    «ដៃស្ដាំ» របស់​មហាសេដ្ឋី​លេខ​ ១ របស់​ពិភពលោក​ Elon Musk គឺជា​អ្នកណា?

    ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លង «ដៃស្ដាំ» របស់លោក Elon Musk ទទួល​ភារកិច្ច​ដោះស្រាយ​បញ្ហា​ទ្រព្យសម្បត្តិ និង «សកម្មភាព​នានា​ដែល​កើតឡើង​ដោយ​អារម្មណ៍​រំជើបរំជួលភ្លាម» របស់​មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk។

    លោក Jared Birchall អាយុ ៤៧ ឆ្នាំ ត្រូវបាន​វាយតម្លៃថា ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់បំផុត​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ Elon Musk និង​បណ្ដាញ​ទំនាក់ទំនង​របស់​មហា​សេដ្ឋី​រូបនេះ។ លោក Birchall ត្រូវបាន​ចាត់ទុក​ដូចជា​អ្នកគ្រប់គ្រង​គ្រួសារ​របស់លោក Musk ព្រោះ​លោក​កាន់កាប់​ក្រុមហ៊ុន​គ្រួសារ Excession របស់ Musk ដែលជា​កន្លែង​ដោះស្រាយ​បញ្ហា​គ្រប់យ៉ាង ចាប់ពី ការរៀបចំ​ខ្ទង់​ប្រាក់កម្ចី ជួល​អង្គរក្ស ទិញ​លក់​ផ្ទះ រហូតដល់​គំនិត «ឡប់» និង​បង្ក​ចម្រូងចម្រាស​ជា​ញឹកញាប់​របស់​ម្ចាស់ SpaceX។

    បុគ្គល​សំខាន់​ក្នុងការ​ទិញដូរ Twitter

    ដោយសារតែ​ជា​បុគ្គល​ដែលមាន​ការងារ​ត្រូវ​ដោះស្រាយ​នៅ​ខាងក្រោយ ទើប​លោក Birchall មិនត្រូវ​បាន​គេ​ស្គាល់​ច្រើន។ ប៉ុន្តែ ថ្មីៗនេះ តួនាទី​របស់លោក Birchall ត្រូវគេ​ដឹង​តាមរយៈ​ករណី​ទិញដូរ​បណ្ដាញ​សង្គម Twitter ដោយសារតែ អ្នក «បង្វិលប្រាក់» ក្នុងការ​ទិញដូរ​ដែល​មានតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​នេះ​គឺជា​រូបលោក។

    ប្រភពព័ត៌មាន​របស់ Bloomberg ឱ្យដឹងថា Birchall គឺជា​ផ្នែក​មួយ​នៃ​រង្វង់​ត​ភ្ជាប់​រវាង Musk ជាមួយនឹង Wall Street នៅក្នុង​ការរៀបចំ​ខ្ទង់​កម្ចី​នានា។ បើទោះជា​ខ្វះ​បទពិសោធន៍​ក្នុងការ​ទិញដូរ​ដែលមាន​តម្លៃ​ពាន់​លាន​ដុល្លារ ប៉ុន្តែ Birchall គឺជា​បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ធនាគារ តាមរយៈ​ក្រុមហ៊ុន​ចាស់ Morgan Stanley ដើម្បី​ជំរុញ​ការខ្ចីប្រាក់ ឬ​វិនិយោគ។

    ថ្ងៃទី ៥ ឧសភា Musk បាន​បង្ហើប​ឱ្យដឹង​អំពី​ក្រុម​អ្នកវិនិយោគ​ដែល​កំពុង​បោះទុន​ជាង ៧ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ការទិញ Twitter។ អ្នកវិនិយោគ​ទាំងនេះ​រួមមាន មហាសេដ្ឋី Larry Ellison ម្ចាស់​ក្រុមហ៊ុន Oracle, ក្រុមហ៊ុន Sequoia Capital និង ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល Binance ជាដើម។ ប្រភពព័ត៌មាន​ពី Binance ឱ្យដឹងថា Birchall គឺជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​បាន​ទាក់ទង​មកកាន់​ក្រុមហ៊ុន​នេះ។ Birchall បាន​ប្រឹងប្រែង​ទាក់ទង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ជួយ​ជំរុញ​ការងារ​ទាំងនេះ។

    ជីវភាព​សុខសាន្ត

    Birchall មាន​រូបរាង​ខាងក្រៅ​មិនជា​ពិសេស​ប៉ុន្មាន ដូច្នេះ អតីត​មិត្ត​រួមការ​ងារ​នៅ Goldman Sachs និង Merrill Lynch ហាក់​មិនបាន​ចងចាំ​រូបលោក​ឡើយ។

    Birchall ចាប់ផ្ដើម​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ Goldman Sachs ឆ្នាំ ១៩៩៩ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ Brigham Young។ ឆ្នាំ ២០០០ លោក​ប្ដូរ​ទៅកាន់ Merrill Lynch នៅ Los Angeles ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បញ្ឈប់​ពី​ការងារ​ដោយសារតែ​ផ្ញើ​សំបុត្រ​ឱ្យ​អតិថិជន​ដោយ​មិនមាន​ការយល់ព្រម​រប​ស់​គណៈ​គ្រប់គ្រង។

    ឆ្នាំ ២០១០ Birchall ធ្វើ​ការឱ្យ Morgan Stanley។ មនុស្ស​មួយចំនួន​ប្រាប់ថា Birchall មិនមែនជា​បុគ្គលិក​ឆ្នើម ប៉ុន្តែ ពូកែ​ខាង​គ្រប់គ្រង​ទ្រព្យសម្បត្តិ ពិសេស​គឺ​ទ្រព្យ​របស់​អ្នកមាន។

    ក្រោយមក មហាសេដ្ឋី Elon Musk ក៏បាន​ហៅ​ទូរស័ព្ទ​ទៅកាន់ Birchall។

    ឆ្នាំ ២០១៦ Birchall បាន​ចាក​ចេញពី Morgan Stanley ដើម្បី​មកជួយ Tesla បង្កើត​ក្រុមហ៊ុន Excession ហើយ​ធ្វើ​ការឱ្យ Elon Musk រហូតដល់​បច្ចុប្បន្ន៕

  • ចិន ​បញ្ជូន​​​យាន​អវកាស​​​ដឹកទំនិញ Tianzhou ៤ ហោះ​ឡើង​ទៅ​កាន់​​ស្ថានីយ​អវកាស Tiangong

    ចិន ​បញ្ជូន​​​យាន​អវកាស​​​ដឹកទំនិញ Tianzhou ៤ ហោះ​ឡើង​ទៅ​កាន់​​ស្ថានីយ​អវកាស Tiangong

    ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​បេសកកម្ម​ដឹកទំនិញ​ថ្មី​ឡើងទៅ​កាន់​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស​ចិន ដើម្បី​ត្រៀម​ទទួល​ក្រុម​អវកាស​ចរ​ថ្មី​ដែល​នឹង​ហោះ​ឡើង​នៅក្នុង​ខែមិថុនា​ខាងមុខ។

    រ៉ុក្កែត Long March ៧ នាំ​យានអវកាស​គ្មាន​មនុស្ស​បើក Tianzhou ៤ បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​​បង្ហោះ​​ផ្កាយ​រណប​ Wenchang នៅ​ខេត្ត Hainan ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ម៉ោង ១២ និង ៥៦ នាទី ថ្ងៃទី ១០ ឧសភា (ម៉ោង​នៅ ភ្នំពេញ)។

    យាន​ដឹកទំនិញ​នេះ​នឹង​ត​ភ្ជាប់​ជាមួយ Tianhe ដែលជា​បន្ទប់​ស្នូល​របស់​ស្ថានីយ​អវកាស Tiangong បន្ទាប់ពី​បាញ់​បង្ហោះ​បាន​ប្រហែល​ជាង ៦ ម៉ោង។

    Tianzhou ៤ គឺជា​បេសកកម្ម​ទី ៦ ក្នុងចំណោម ១១ បេសកកម្ម ដែល​ធ្វើ​ឡើង​ដើម្បី​​​ស្ថាបនា​ស្ថានីយ​អវកាស​ចិន។ បន្ទប់​ទី ២ Wentian និង​ទី ៣ Mengtian របស់​ស្ថានីយ​អវកាស​នេះ នឹង​ត​ភ្ជាប់​ជាមួយ​បន្ទប់​ស្នូល Tienhe នៅ​ចុង​ឆ្នាំនេះ​នៅក្នុង​បេសកកម្ម Tianzhou 14 ដើម​បង្កើតបានជា​ប្រព័ន្ធ​ដែលមាន​រាង​ជា​អក្សរ T នៅលើ​គន្លង​គោចរ។

  • អតីត​នាយករដ្ឋមន្ត្រី​ស្រីលង្កា ត្រូវ​កងទ័ព​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព

    អតីត​នាយករដ្ឋមន្ត្រី​ស្រីលង្កា ត្រូវ​កងទ័ព​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព

    កងទ័ព​ស្រីលង្កា ជម្លៀស​អតីត​នាយករដ្ឋមន្ត្រី​ដែល​ទើបតែ​បាន​លាលែង​ពី​តំណែង Rajapaksa ចេញពី​ភូមិគ្រឹះ​នៅ កូឡុំបូ បន្ទាប់ពី​បាតុករ​រាប់ពាន់នាក់​ឡោមព័ទ្ធ​តំបន់​នេះ។

    «ក្រោយពី​បេសកកម្ម​មុន​អរុណរះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa និង​គ្រួសារ​របស់លោក ត្រូវបាន​កងទ័ព​ធ្វើការ​ឈ្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព។ យ៉ាងហោចណាស់​មាន​គ្រាប់បែក​សាំង​ចំនួន ១០ គ្រាប់ ត្រូវបាន​គប់​ចូល​ទីតាំង​ផ្ទះ» មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយរូប​របស់ ស្រីលង្កា បានឱ្យដឹង​នៅថ្ងៃនេះ។

    ជម្លៀស​នេះ​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី ប្រទេស​ស្រីលង្កា កើតមាន​បាតុកម្មហិង្សា បណ្ដាលឱ្យ​មនុស្ស ៥ នាក់​ស្លាប់ និង​ជិត ២០០ នាក់​រងរបួស។ បាតុករ​រាប់ពាន់នាក់​បាន​ឡោមព័ទ្ធ និង​បំផ្លាញ​ខ្លោងទ្វារ​ចូល​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​នៅ កូឡុំបូ និង​ព្យាយាម​សម្រុកចូល​ខាងក្នុង។

    ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa ដែលជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Rajapaksa បាន ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន​កាលពី​ថ្ងៃទី ៦ ឧសភា និង​បានប្រគល់​អំណាច​ឱ្យ​កងទ័ព​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុមបាតុករ​ដែល​ចេះតែធំឡើង។

    លោក Rajapaksa កាលពី​ថ្ងៃទី ៩ ឧសភា បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្អូនប្រុស​ដែលជា​ប្រធានាធិបតី ដើម្បី​បើកផ្លូវ​ឱ្យមាន​រដ្ឋាភិបាល​សាមគ្គី​ថ្មី​មួយ» ក្រោយពី​កើតមាន​អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​ត្រកូល Rajapaksa និង​ក្រុមបាតុករ​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល។

    ស្រីលង្កា កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត រាប់​ចាប់តាំងពី​បាន​ឯករាជ្យ។ កាលពី​ខែមេសា រដ្ឋាភិបាល​បានប្រកាស​ក្ស័យធន ដោយ​មិនមាន​ប្រាក់​សម្រាប់​សងបំណុល​ប​រទេស ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប្រជាជន​រស់នៅក្នុង​ស្ថានភាព​ដាច់​ភ្លើង ខ្វះ​ស្បៀងអាហារ ឥន្ធនៈ ថ្នាំសង្កូវ ជាដើម អស់​ជាច្រើន​ខែ​មកហើយ។

    វិបត្តិ​បានកើត​ឡើង​បន្ទាប់ពី កូ​វីដ-១៩ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រភព​ចំណូល​សំខាន់​ពី​បរទេស ធ្វើឱ្យ​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​ស្ថាន​ខ្វះ​ថវិកា​ដើម្បី​សងបំណុល បង្ខំ​ឱ្យ​រដ្ឋាភិបាល​ហាម​ការ​នាំចូល​ទំនិញ​ជាច្រើន​ប្រភេទ ហើយ​ជា​លទ្ធផល ស្ថានភាព​ខ្វះខាត​កាន់តែ​ធ្ងន់ធ្ងរឡើងៗ បណ្ដាលឱ្យ​បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ដាច់​ភ្លើង​រយៈពេល​យូរ។

    អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa
  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១០ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១០ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៩ ខែ​ឧសភា ២០២២ កម្ពុជា មិន​មាន​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩​ ឡើយ​ ប៉ុន្តែ មាន​អ្នក​ជាសះស្បើយ​ ០២ នាក់។

    សម្រាប់​រយៈ​ពេល​ ៣​ ថ្ងៃ​មក​នេះ​ កម្ពុជា ពុំ​មាន​អ្នក​វិជ្ជមាន​នឹង​ វីរុស​កូវីដ-១៩ ទេ​ ដែល​នេះ​គឺជា​ដំណឹង​ល្អ​បន្ថែម​ទៀត​សម្រាប់​មនុស្ស​គ្រប់​រូប​។​

     

  • ប្រទេស​នេះ​កំពុង​ត្រៀម​​ដំណើរការ​ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​លើទឹក​ធំ​បំផុត​នៅ អឺរ៉ុប

    ប្រទេស​នេះ​កំពុង​ត្រៀម​​ដំណើរការ​ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​លើទឹក​ធំ​បំផុត​នៅ អឺរ៉ុប

    ព័រ​ទុយ​ហ្គា​ល់ កំពុង​ត្រៀម​សម្រាប់​ដំណើរការ​ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​លើទឹក​របស់​ទំនប់ Alqueva នៅ​ភាគខាងត្បូង​ប្រទេស​នេះ ចាប់ពី​ខែកក្កដា​ខាងមុខ។

    ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​ធំ​បំផុត​នៅ អឺរ៉ុប នេះ គឺជា​ផ្នែក​មួយ​ក្នុងចំណោម​គម្រោង​របស់ ព័រ​ទុយ​ហ្គា​ល់ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល នាំចូល​ពី​បរទេស ដែល​បច្ចុប្បន្នកំពុង​ឡើងថ្លៃ​ខ្ពស់ ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

    ថ្មីៗនេះ កប៉ាល់​សណ្ដោង​ចំនួន ២ គ្រឿង បាន​អូស​ប្រព័ន្ធ​មួយ​ដែលមាន​ផ្ទាំង​សូ​ឡា​ចំនួន ១២,០០០ ផ្ទាំង ទំហំ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន ៤ ទៅដល់​ទំនប់ Alqueva រួចហើយ។ ប្រព័ន្ធ​អណ្ដែត​លើទឹក​នេះ​ត្រូវបាន​ដំឡើង​ដោយ​ក្រុមហ៊ុន​អគ្គិសនី EDP របស់ ព័រ​ទុយ​ហ្គា​ល់ នៅលើ​ទឹក​បឹង​ជីក​ធំ​បំផុត​នៅ អឺរ៉ុប​ខាងលិច និង​មាន​កម្លាំង ៥ មេ​ហ្គា​វ៉ា​ត់។

    ព័រ​ទុយ​ហ្គា​ល់ កំពុង​ព​ន្លឿ​ន​ការ​ងាក​ទៅប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ នៅពេល​រង​ផលប៉ះពាល់​ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ បើ​ទោះ​ប្រទេស​នេះ​ស្ទើរតែ​មិន​ប្រើប្រាស់​ថាមពល អ៊ី​ដ្រូ​កាបូន (hydrocarbon) របស់ រុស្ស៊ី។

    ផ្ទាំង​សូ​ឡា​ខាងលើ​នឹង​ផលិត​អគ្គិសនី​បាន ៧.៥ GWh ក្នុង ១ ឆ្នាំ ហើយ​វា​នឹង​ត្រូវបាន​បន្ថែម​ថ្ម lithium ដើម្បី​អាច​រក្សាទុក​អគ្គិសនី​បាន ២ GWh។ គម្រោង​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ចំនួន ១,៥០០ គ្រួ ឬ​ស្មើនឹង ៣០% នៃ​តម្រូវការ​អគ្គិសនី​របស់​ទីរួមស្រុក Moura និង Portel ដែល​នៅក្បែរនោះ។

    កាលពី​ឆ្នាំ ២០១៧ EDP ក៏បាន​ដំឡើង​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត ដែលមាន​ផ្ទាំង​សូ​ឡា​ចំនួន ៨៤០ ផ្ទាំង នៅលើ​ផ្ទៃ​ទឹក​របស់​ទំនប់ Alto Rabagao ផងដែរ។ នេះ​គឺជា​គម្រោង​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​ទឹក​ដំបូងបង្អស់​នៅ អឺរ៉ុប។

  • ក្រឡាប់​រថភ្លើង​នៅ អូទ្រីស! យ៉ាងតិច ១១ នាក់ បាន​ស្លាប់ និង​រងរបួស

    ក្រឡាប់​រថភ្លើង​នៅ អូទ្រីស! យ៉ាងតិច ១១ នាក់ បាន​ស្លាប់ និង​រងរបួស

    មនុស្សម្នា​ក់បាន​ស្លាប់ និង​ប្រហែល ១០ នាក់​ផ្សេងទៀត រងរបួស នៅពេល​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក​កាលពី​ថ្ងៃទី ៩ ឧសភា នៅ Muenchendorf ជាយក្រុង​ភាគខាងត្បូង​នៃ រដ្ឋធានី​វី​យែ​ន របស់ អូទ្រីស។

    យោងតាម​ក្រុមមន្ត្រី​ក្នុង​តំបន់ រថភ្លើង​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុង​ដឹក​អ្នកដំណើរ​ប្រហែល ១០០ នាក់។ ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​អ្នកដំណើរ​ម្នាក់​ស្លាប់ ខណៈដែល ៣ នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង ៩ នាក់​រងរបួស​ស្រាល។

    ទូរថភ្លើង​ចំនួន ២ បាន​ធ្លាក់​ពី​ផ្លូវដែក​នេះ រួមមាន ទូ​ទី ១ ខ្ទាត​ធ្លាក់ចូល​វាល និង​ទូ ១ ទៀត​ខ្ទាត​ទៅលើ​ផ្លូវ​ដែល​អម​សងខាង​ផ្លូវដែក។

    បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​ភ្លាម ក្រុម​សង្គ្រោះ​ក៏បាន​មកដល់​កន្លែងកើតហេតុ។ បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ ប៉ុន្តែ រថភ្លើង​នេះ​ត្រូវបាន​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ឯកជន Raaberbahn។

  • ពលរដ្ឋ​អាល្លឺម៉ង់ រំឭក​ខួប ៧៧ ឆ្នាំ នៃ​ជ័យជម្នះ​លើ ហ្វា​ស៊ី​ស​និយម

    ពលរដ្ឋ​អាល្លឺម៉ង់ រំឭក​ខួប ៧៧ ឆ្នាំ នៃ​ជ័យជម្នះ​លើ ហ្វា​ស៊ី​ស​និយម

    ទន្ទឹមគ្នា​នឹង​ព្រឹត្តិការណ៍​ជាច្រើន​ដែល​ត្រូវបាន​ធ្វើឡើង​នៅ សហព័ន្ធរុស្ស៊ី ដើម្បី​រំឭក​ខួប ៧៧ ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​លើ ហ្វា​ស៊ី​ស​និយម កាលពី​ថ្ងៃទី ៩ ឧសភា ប្រជាជន​នៅ ទីក្រុង​បែរ​ឡាំង ក៏ដូចជា​ទីក្រុង​ជាច្រើន​ផ្សេងទៀត​របស់ អាល្លឺម៉ង់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីលាន​បូជនីយស្ថាន ដើម្បី​រំឭក​ព្រឹត្តិការណ៍​នេះ និង​ដើម្បី​គោរព​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​នៃ​ទាហាន​ក្រហម​សូ​វៀត ដែល​បាន​ពលី​ជីវិត ជួយសង្គ្រោះ​មនុស្សជាតិ​ពី​សោកនាដកម្ម​ប្រល័យ​ពូជ​សាស្ត្រ​របស់ ហ្វា​ស៊ី​ស​និយម។

    ក្រោយពី​សង្គ្រាមលោកលើកទី ២ បានបញ្ចប់ កងទ័ព​ក្រហម​សូ​វៀត បាន​សាងសង់ បូជនីយស្ថាន​សូ​វៀត ចំនួន ៤ កន្លែង នៅ ទីក្រុង​បែរ​ឡាំង។ បូជនីយស្ថាន​ទាំងនេះ​ត្រូវបាន​កសាងឡើង​ដើម្បី​ទុកជា​ការ​នឹក​ដល់​គុណ​របស់​ទាហាន​ក្រហម​ដែល​បាន​បាត់បង់​ជីវិត ក្នុងនោះ​មាន ទាហាន​សូ​វៀត ប្រហែល ៨០,០០០ នាក់ ដែល​បាន​ពលី​នៅក្នុង​ការ​វាយ​សម្រុកចូល​មូលដ្ឋានទ័ព​របស់ ហ៊ី​ត្លែរ (អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ/Adolf Hitler – (២០ មេសា ១៨៨៩ – មេសា ១៩៤៥)) គឺជា​អ្នកនយោបាយ​សញ្ជាតិ​អាល្លឺម៉ង់ ដើមកំណើត​អូទ្រីស។ គាត់​ធ្លាប់ជា​អ្នកដឹកនាំ​គណបក្ស​ណា​ស៊ី និង​ជា​ព្រឺ​ទ្ធ​បុរស​របស់ អាល្លឺម៉ង ពី​ឆ្នាំ ១៩៣៣ ដល់ ១៩៤៥ ហើយក៏​ជា​អ្នកដឹកនាំ​ផ្តាច់ការ​របស់ ណា​ស៊ី​អាល្លឺម៉ង់ (Führer und Reichskanzler) ពី​ឆ្នាំ ១៩៣៤ ដល់​ឆ្នាំ ១៩៤។ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ គឺជា​ចំណុចកណ្តាល​នៃ ណា​ស៊ី​អាល្លឺម៉ង់ សង្គ្រាមលោកលើកទី ២ នៅ អឺរ៉ុប ក៏ដូចជា​ការសម្លាប់រ​ង្គា​ល​ផងដែរ) នៅ ទីក្រុង​បែរ​ឡាំង ក្នុង​ខែមេសា-ឧសភា ១៩៤៥។

    រាប់សិប​ឆ្នាំ​កន្លងមកនេះ ឱ្យតែ​ដល់​ថ្ងៃ ៩ ឧសភា ពលរដ្ឋ​តែងតែ​នាំយក​ផ្កា​មក​បូជា និង​រំឭក​នឹក​គុណ​ទាហាន​ដែល​បាន​បាត់​បង់ជីវិត។ ឆ្នាំនេះ ដោយសារ​តែមាន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​បារម្ភ​អំពី​ស្ថានការណ៍​ច្របូកច្របល់ អាជ្ញាធរ​បែរ​ឡាំង បានចេញ​បទបញ្ជា​ហាម​លើក​ទង់​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅក្នុង​បណ្ដា​ទីតាំង​ដែល​ប្រារព្ធ​ព្រឹត្តិការណ៍​ជ័យជម្នះ​លើ ហ្វា​ស៊ីត​និយម​នៅ រដ្ឋធានី។ ក៏ប៉ុន្តែ ការហាមឃាត់​នេះ​មិន​អនុវត្ត​ចំពោះ​អ្នកការទូត ឬ​អតីត​ទាហាន​ដែល​ធ្លាប់បាន​ចូលរួម​ធ្វើ​សង្គ្រាមលោកលើកទី ២ ឡើយ។

     

  • លោក បៃ​ដិ​ន បារម្ភ​ថា ប្រធានាធិបតី ពូ​ទីន «មិនមាន​ច្រកចេញ» នៅ អ៊ុយ​ក្រែ​ន

    លោក បៃ​ដិ​ន បារម្ភ​ថា ប្រធានាធិបតី ពូ​ទីន «មិនមាន​ច្រកចេញ» នៅ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​សម្ដែង​ការព្រួយបារម្ភ ខ្លាច ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនមាន​ច្រកចេញ​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហើយ វ៉ា​ស៊ី​ង​តោន កំពុង​ប្រឹងប្រែង​ស្វែងរក​វិធី​ដោះស្រាយ។

    «យើង​បាន​ប្រមូល​កម្លាំង​ពិភពលោក​ដើម្បី​ទប់ស្កាត់ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន។ ខ្ញុំ​ជឿថា ពូ​ទីន គិតថា គាត់​អាច​ផ្ដួលរំលំ ណា​តូ និង សហភាព​អឺរ៉ុប។ ប៉ុន្តែ ពេលនេះ គោលដៅ​នោះ​ហាក់​នៅ​សែនឆ្ងាយ» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ​នៅក្នុង​ព្រឹត្តិការណ៍​រៃអង្គាសប្រាក់​សម្រាប់​បក្ស​ប្រជាធិបតេយ្យ នៅ​ជាយក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ៩ ឧសភា។

    យោងតាម​លោក បៃ​ដិ​ន ប្រធានាធិបតី​រុស្ស៊ី ជាម​នុស្ស «មានការ​គិតគូរ​វែង​ឆ្ងាយ» ប៉ុន្តែ បច្ចុប្បន្ន «មិនដឹងថា​ត្រូវធ្វើ​អ្វី​ឱ្យ​ប្រាកដ»។ លោក បៃ​ដិ​ន បារម្ភ​ថា មេដឹកនាំ​របស់ រុស្ស៊ី មិនអាច​រកឃើញ​ច្រកចេញ​ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    «ខ្ញុំ​កំពុង​ប្រឹងប្រែង​ស្វែងយល់​ឱ្យដឹងថា យើង​នឹងធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ» ប្រធានាធិបតី​អាម៉េរិក និយាយ​ដូច្នេះ។

    ប្រធានាធិបតីរុស្ស៊ី លោក ពូ​ទីន

    បច្ចុប្បន្ន រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ដើម្បី​ប្រតិកម្ម​ទៅនឹង​សម្ដី​របស់ ប្រធានាធិបតី​អាម៉េរិក ខាងលើនេះ​នៅឡើយ។

    កាលពី​ម្សិល​មិញ ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើក​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​ក​ម្ម​វិធី​ក្នុង​សង្គ្រាមលោកលើកទី ២ ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​នឹង​ពង្រីក​ជំនួយ​ទាក់ទង​នឹង​កាំភ្លើង​ធំ មី​ស៊ី​ល​ការពារ​ដែនអាកាស អាវុធ​ប្រឆាំង​រថក្រោះ និង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​របស់​បស្ចិម​លោក សម្រាប់ អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​ត្រូវបាន​ដាក់ឱ្យ​ដាច់ដោយឡែក​ពី​កិច្ចប្រឹងប្រែង​បញ្ជូន​សព្វាវុធ​ពី​ឃ្លាំង​របស់ អាម៉េរិក ឱ្យ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ធ្វើឡើង​នាពេល​កន្លង។