Author: សឿន សំណាង

  • មហាសេដ្ឋី​លេខ ១ នៅ វៀតណាម ថា ឡាន​អគ្គិសនី VinFast ចំនួន ៦ សែន​គ្រឿង នឹងត្រូវ​នាំចេញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ ២០២៦

    មហាសេដ្ឋី​លេខ ១ នៅ វៀតណាម ថា ឡាន​អគ្គិសនី VinFast ចំនួន ៦ សែន​គ្រឿង នឹងត្រូវ​នាំចេញ​ទៅកាន់ សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ ២០២៦

    ប្រធាន​ក្រុមហ៊ុន VinGroup អះអាងថា នឹង​លក់​រថយន្ត​អគ្គិសនី​ចំនួន ៧៥០,០០០ គ្រឿង នៅលើ​ទឹកដី​អាម៉េរិក ក្នុង​ឆ្នាំ ២០២៦ ក្នុងនោះ​រថយន្ត​ដែល​ត្រូវ​នាំចូល​ពី វៀតណាម នឹងមាន​រហូតដល់ ៦០០,០០០ គ្រឿង។

    ក្នុង​កិច្ចប្រជុំ​រវាង​ក្រុមប្រឹក្សាភិបាល និង​ភាគ​ហ៊ុ​និក នា​ព្រឹក​មិញ​នេះ ក្រុមហ៊ុន VinGroup បានប្រកាស​គម្រោង​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០២២ ដែល​ក្នុងនោះ ក្រុមហ៊ុន​គ្រោង​នឹង​រកបាន​ប្រាក់ចំណូល​ជាង ៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ប្រាក់ចំណេញ​ក្រោយ​ការបង់ពន្ធ​រួច នឹងមាន​ចំនួន ២៦០ លាន​ដុល្លារ​អាម៉េរិក។

    ឆ្នាំនេះ VinFast បានបង្ហាញ​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ជាច្រើន​ម៉ូ​ដែល ហើយ​បើក​ឱ្យ​បញ្ជា​ទិញ​ចំពោះ​រថយន្ត ៣ ម៉ូ​ដែល គឺ VF ៥, VF ៨ និង VF ។ បច្ចុប្បន្ន VinFast កំពុង​ប្រគល់​រថយន្ត VFe៣៤ ដល់​អតិថិជន​នៅ វៀតណាម និង​ត្រៀម​ប្រគល់ VF ៨ និង VF ៩ ឱ្យ​អតិថិជន​នៅ​ទីផ្សារ​អន្តរជាតិ ចាប់ពី​ចុងឆ្នាំ​នេះ។

    រោងចក្រ VinFast នៅ សហរដ្ឋ​អាម៉េរិក អាច​ផលិត​រថយន្ត​បាន ១៥០,០០០ គ្រឿង/ឆ្នាំ ប៉ុន្តែ ប្រធាន​ក្រុមហ៊ុន VinGroup អះអាងថា នឹង​លក់​រថយន្ត​អគ្គិសនី​រហូតដល់ ៧៥០,០០០ គ្រឿង នៅលើ​ទីផ្សារ​នេះ​នៅ​ឆ្នាំ ២០២៦ ដូច្នេះ ក្រុមហ៊ុន​នេះ នឹងត្រូវ​នាំចូល​ពី វៀតណាម រហូតដល់ ៦០០,០០០ គ្រឿង។

  • សណ្ឋាគារ​អវកាស​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេស​រណ៍​នៅ​ឆ្នាំ ២០២៥

    សណ្ឋាគារ​អវកាស​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេស​រណ៍​នៅ​ឆ្នាំ ២០២៥

    ក្រុមហ៊ុន Orbital Assembly នៅ Fontana រដ្ឋ California សហរដ្ឋ​អាម៉េរិក បាន​បង្ហើប​ឱ្យដឹង​អំពី​ស្ថានីយ​អវកាស​ថ្មី​ចំនួន ២ ដែល​នឹង​ប្រើប្រាស់​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​អវកាស ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៥។

    ក្រុមហ៊ុន Gateway Foundation បាន​ណែនាំ​អំពី​គំនិត​សាងសង់​សណ្ឋាគារ​អវកាស​កាលពី​ឆ្នាំ ២០១៩។ គោលដៅ​របស់​ពួកគេ​គឺ​បង្កើត​ទីតាំង​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី មាន​បន្ទប់ធ្វើការ និង​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

    ស្ថានីយ Pioneer អាចដាក់​មនុស្ស​បាន ២៨ នាក់ នៅពេល​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២៥។ ស្ថានីយ​មួយទៀត​គឺ Voyager ដែល​គ្រោង​នឹង​បើកទ្វារ​ទទួលភ្ញៀវ​នៅ​ឆ្នាំ ២០២៧ អាចដាក់​មនុស្ស​បាន ៤០០ នាក់។

    «គោលដៅ​របស់​យើង​គឺ​ការនាំ​មនុស្ស​ច្រើន​នាក់​ទៅ​រស់នៅ ធ្វើការ និង​អភិវឌ្ឍ​នៅ​ទី​អវកាស» Tim Alatorre នាយក​ប្រតិបត្តិ​របស់ Orbital Assembly ដែលជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ទាំងពីរ​ខាងលើ ឱ្យដឹង​ដូច្នេះ។

    ស្ថានីយ​អវកាស​ទាំង ២ ដែលមាន​រូបរាង​ដូច​ទៅនឹង​កង់ឡាន មាន​ទំនាញ​សិប្បនិម្មិត អនុញ្ញាតឱ្យ​មនុស្ស​ដើរ​បាន​ស្រួល។ ស្ថានីយ Pioneer តូច​ជាង​ស្ថានីយ Voyager ប៉ុន្តែ​នឹងមាន​បន្ទប់​ចំនួន ៥ នៅ​ជុំវិញ​កង់​របស់​វា។

     

  • ប្រធានាធិបតី​ដំបូង​របស់ អ៊ុយ​ក្រែ​ន បានទទួល​មរណភាព

    ប្រធានាធិបតី​ដំបូង​របស់ អ៊ុយ​ក្រែ​ន បានទទួល​មរណភាព

    លោក Leonid Kravchuk ដែលជា​ប្រធានាធិបតី​ដំបូង​របស់ អ៊ុយ​ក្រែ​ន ក្រោយពី​ប្រទេស​នេះ​បាន​ផ្ដាច់​ចេញពី​សហភាពសូវៀត បានទទួល​មរណភាព​ក្នុង​វ័យ ៨៨ ឆ្នាំ។

    «នេះ​គឺជា​ដំណឹង​ដ៏​ក្រៀមក្រំ និង​ជាការ​បាត់បង់​ដ៏​ធំធេង» ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Andriy Yermak បង្ហោះ​សារ​នៅលើ Telegram ប្រកាស​អំពី​ការ​លាចាក​លោក​របស់ អតីត​ប្រធានាធិបតី Leonid Kravchuk កាលពី​ថ្ងៃទី ១០ ឧសភា ២០២២។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ហៅ​លោក Kravchuk ថា​ជា​តួអង្គ​ប្រវត្តិសាស្ត្រ និង​លើកសរសើរ​អំពី​តួនាទី​របស់លោក​នៅពេល​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​ដំណាក់កាល​លំបាក ក្រោយពី សូ​វៀត បាន​ដួលរលំ។

    លោក Kravchuk ចាប់កំណើត​ក្នុង​ឆ្នាំ ១៩៣៤ ក្នុង​គ្រួសារ​កសិករ​មួយ។ លោក​កាន់តំណែង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចន្លោះ​ឆ្នាំ ១៩៩១ ដល់ ១៩៩៤ និង​បាន​យល់ព្រម​ប្រគល់​អាវុធ​នុយ​ក្លេ​អែរ​របស់ សូ​វៀត ដែល​នៅសល់​លើទឹក​ដី អ៊ុយ​ក្រែ​ន ឱ្យ រុស្ស៊ី ទៅតាម​កិច្ចព្រមព្រៀង​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី សហរដ្ឋ​អាម៉េរិក។

    សុខភាព​របស់លោក Kravchuk ថ្មីៗបាន​ប្រែ​ជា​អាក្រក់ទៅៗ ហើយ​លោក​ក៏ត្រូវ​ឆ្លងកាត់​ការវះកាត់​បេះដូងម្ដង​រួច​ហើយ​​កាលពី​ឆ្នាំ ២០២១៕

  • ករណី​ជះ​ទឹក​ថ្នាំលាប​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី! រដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ូឡូញ ថា អាច​យល់បាន​នូវ​អារម្មណ៍​របស់​បាតុករ

    ករណី​ជះ​ទឹក​ថ្នាំលាប​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី! រដ្ឋមន្ត្រី​មហាផ្ទៃ​ប៉ូឡូញ ថា អាច​យល់បាន​នូវ​អារម្មណ៍​របស់​បាតុករ

    ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ប៉ូឡូញ រិះគន់​លើ​ករណី​បាតុករ​ជះ​ទឹក​ថ្នាំលាប​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Andreev រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៉ូឡូញ ឯណោះ​វិញ បែរជា​និយាយថា គេ​អាច​យល់បាន​នូវ​អារម្មណ៍​របស់​ក្រុមបាតុករ​នាពេលនោះ។

    «ក្រុម​អ្នកការទូត​ត្រូវតែ​ទទួលបាន​នូវ​ការការពារ​ពិសេស បើទោះជា​គោលនយោបាយ​ដែល​រដ្ឋាភិបាល​របស់​ពួកគេ​កំពុង​អនុវត្ត​បែបណាក៏ដោយ» រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ Zbigniew Rau លើកឡើង​ដូច្នេះ បន្ទាប់ពី​មាន​ករណី​ក្រុមបាតុករ​​ជះ​​ទឹក​​ថ្នាំ​លាប​​លើ ឯកអគ្គរដ្ឋទូត​រុស្ស៊ី លោក Sergei Andreev នៅ រដ្ឋ​ធានា Warsaw កាលពី​ថ្ងៃទី ៩ ឧសភា។ រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ បាន​ហៅ​ទង្វើ​នេះ​ថា​ជាហេតុ​ការណ៍ «អាក្រក់​ជាទីបំផុត»។

    ក៏ប៉ុន្តែ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ប៉ូឡូញ លោក Lan Piotr Muller កាលពី​ថ្ងៃទី ១០ ឧសភា បានឱ្យដឹងថា «អាច​យល់បាន» នូវ​ការផ្ទុះ​កំហឹង​របស់​ក្រុមបាតុករ​ដែល​បាន​ជះ​ទឹក​ថ្នាំលាប​លើ ឯកអគ្គរដ្ឋទូត​រុស្ស៊ី Andreev ហើយ​ថា «មិនមាន​មូលហេតុ​ណាមួយ​ដែល​គួរ​រិះគន់​ទង្វើ​របស់​ពួកគេ​ឡើយ»។

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់ ប៉ូឡូញ លោក Mariusz Kaminski ក៏បាន​បង្ហោះ​សារ​នៅលើ Twitter ថា «ការប្រមូលផ្ដុំ​របស់​ក្រុមប្រឆាំង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា​រឿង​ស្របច្បាប់​ទាំងស្រុង។ អារម្មណ៍​របស់​ក្រុម ស្ត្រី​អ៊ុយ​ក្រែ​ន ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម ជា​អ្នក​ដែលមាន​ស្វាមី​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី គឺជា​ប្រការ​ដែល​ងាយ​យល់»។

  • តម្លៃ​ប្រេងសាំង​​ដែល​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​ ដល់​ថ្ងៃទី ២០ ខែ​ឧសភា​ ឆ្នាំ​ ២០២២

    តម្លៃ​ប្រេងសាំង​​ដែល​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​ ដល់​ថ្ងៃទី ២០ ខែ​ឧសភា​ ឆ្នាំ​ ២០២២

    ក្រសួង​ពាណិជ្ជកម្ម​ ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​តម្លៃ​ប្រេង​ឥន្ធនៈ​ថ្មី​ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែឧសភា​​ ឆ្នាំ ២០២២ ក្នុង​នោះ ​សាំង​មាន​តម្លៃ​ ៥,៥៥០ រៀល​ ក្នុង​ ១ លីត្រ ខណៈ​ដែល​​ម៉ាស៊ូតមាន​តម្លៃ​ ៥,៨០០ រៀល ក្នុង​ ១ លីត្រ។

    ធៀប​នឹង​តម្លៃ​ដែល​​បាន​អនុវត្ត​ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែ ឧសភា​​ ឆ្នាំ ២០២២ ឃើញ​ថា តម្លៃ​សាំង​ និង​ម៉ាស៊ូត​ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​នេះ​ កើន​ ៣០០ រៀល​/​លីត្រ សម្រាប់​សាំង​ធម្មតា និង​កើន​ ២០០ រៀល​/​​លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត​។

  • តុលាការ​អាម៉េរិក កាត់ទោស​ជនសង្ស័យ​ពីបទ​សម្លាប់​ម្ដាយ​ដើម្បី​ទទួលបាន​មរតក

    តុលាការ​អាម៉េរិក កាត់ទោស​ជនសង្ស័យ​ពីបទ​សម្លាប់​ម្ដាយ​ដើម្បី​ទទួលបាន​មរតក

    ជនសង្ស័យ​មាន​អាយុ ២៨ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ម្ដាយ​ខ្លួនឯង និង​ពន្លិច​ទូក​ដែល​ដឹក​ពួកគេ​នៅក្នុងពេល​ទៅ​ស្ទូចត្រី​កាលពី​ឆ្នាំ ២០១៦ ដើម្បី​ទទួលបាន​មរតក។

    ក្រសួងយុត្តិធម៌​អាម៉េរិក ប្រកាសថា Nathan Carman អាយុ ២៨ ឆ្នាំ មកពី Vermont ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១០ ឧសភា។ Nathan ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ម្ដាយ​ឈ្មោះ Linda Carman នៅក្នុង​ដំណើរ​ទៅ​ស្ទូចត្រី​កម្សាន្ត​នៅក្នុង​រដ្ឋ Rhode Island ភាគ​ឦសាន​នៃ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ ២០១។

    ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅលើ​ទូក បន្ទាប់ពី​ករណី​ខាងលើ​កើតឡើង​បាន ៨ ថ្ងៃ។ សាកសព​របស់​អ្នកស្រី Carman មកដល់​បច្ចុប្បន្ន​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ រដ្ឋអាជ្ញា​បាន​ចោទថា ជនសង្ស័យ​នេះ​បាន​ពន្លិច​ទូក និង​មាន​ផែន​ការបោក​បន្លំ​ក្រុមហ៊ុន​ធនា​រ៉ាប់រង​ទូក។

    ជនសង្ស័យ​បាន​បដិសេធ​ការចោទប្រកាន់​ខាងលើ ប៉ុន្តែ សាក្សី​និយាយថា Nathan បាន​ដោះ​គ្រឿង​មួយចំនួន​របស់​ទូក ហើយ​យក​កាវ​មក​បិទ។

    ជនជាប់​ចោលទ Nathan Carman

    Nathan ក៏ត្រូវ​បាន​ចោទថា បាន​បាញ់សម្លាប់​ជីតា​របស់ខ្លួន ឈ្មោះ John Chakalos នៅឯ​ផ្ទះ​ក្នុង​តំបន់ Windsor រដ្ឋ Connecticut ផងដែរ។ ឯកសារ​ចោទប្រកាន់​ឱ្យដឹងថា នៅ​ថ្ងៃទី ១១ វិច្ឆិកា ២០១៣ Nathan បាន​ប្រើប្រាស់​ប័ណ្ណបើកបរ ដើម្បី​ទិញ​កាំភ្លើង ហើយ​ប្រើ​អាវុធ​នេះ​បាញ់សម្លាប់ Chakalos កាលពី​ថ្ងៃទី ២០ ធ្នូ ២០១៣ ក្នុងពេល​ជនរងគ្រោះ​កំពុង​ដេក។

    ក្រោយមក ជននេះ​ទទួលបាន​ប្រាក់ ៥៥០,០០០ ដុល្លារ ពី​គណនី​ជាច្រើន ហើយ​ក៏បាន​ទៅកាន់ Vermont ក្នុង​ឆ្នាំ ២០១។ ដោយសារតែ​គ្មាន​ការងារ​ធ្វើ មកដល់​ឆ្នាំ ២០១៦ ជនជាប់ចោទ​នេះ​ក៏​អស់ប្រាក់​ចាយ។ ខែកញ្ញា ២០១៦ ជននេះ​បាន​រៀប​គម្រោង​ទៅ​ស្ទូចត្រី​កម្សាន្ត​ជាមួយ​ម្ដាយ។

    ពាក្យបណ្ដឹង​ថ្មី បាន​ចោទ Nathan ថា បានសម្លាប់​សាច់ញាតិ ២ នាក់ ដើម្បី​យកប្រាក់​ពី​អចលនទ្រព្យ និង​មូលនិធិ​វិនិយោគ​របស់លោក Chakalos និង​គ្រួសារ។ Nathan នឹងត្រូវ​ចូល​តុលាការ​នៅ Vermont ក្នុង​ថ្ងៃទី ១១ ឧសភា​នេះ។

    កូនស្រី ៣ នាក់​របស់លោក Chakalos បាន​ប្ដឹង​ប្រឆាំង Nathan នៅ Now Hampshire ដើម្បី​រារាំង​ជននេះ​មិនឱ្យ​ទទួលបាន​មរតក​ពី​គ្រួសារ Chaklos។ ចៅក្រម​បាន​បដិសេធ​បណ្ដឹង​កាលពី​ឆ្នាំ ២០១៩ ដោយសារតែ Chakalos មិនមែនជា​ពលរដ្ឋរ​បស់ New Hampshire។ បណ្ដាំមរតក​ត្រូវបាន​បញ្ជូន​ទៅកាន់ Connecticut និង​កំពុង​រង់ចាំ​ការដោះស្រាយ៕

  • កម្ពុជា​ មាន​អ្នក​ស្លាប់​ជាង​ ៣ ពាន់​នាក់ ដោយ​សារ​ជំងឺ​កូវីដ-១៩ គិត​មក​ដល់​ថ្ងៃទី ១១ ខែ​ឧសភា ២០២២

    កម្ពុជា​ មាន​អ្នក​ស្លាប់​ជាង​ ៣ ពាន់​នាក់ ដោយ​សារ​ជំងឺ​កូវីដ-១៩ គិត​មក​ដល់​ថ្ងៃទី ១១ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១០ ខែ​ឧសភា ២០២២ កម្ពុជា មិន​មាន​អ្នក​វិជ្ជមាន​ អ្នក​ជាសះស្បើយ ឬ​អ្នក​ស្លាប់​ដោយ​សារ​ កូវីដ-១៩ ឡើយ!

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ រួម​មាន​៖
    – អ្នកឆ្លងសរុប= ១៣៦,២៦២ នាក់
    – អ្នកជាសះស្បើយ= ១៣៣,១៨៤ នាក់
    – អ្នកស្លាប់= ៣,០៥៦ នាក់

     

  • សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី «សម្លាប់​មុន រំលោភ​ក្រោយ»

    សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី «សម្លាប់​មុន រំលោភ​ក្រោយ»

    (សៀមរាប)-សមត្ថកិច្ច​ខេត្តសៀមរាប នា​ថ្ងៃទី ១១ ខែឧសភា​នេះ បាន​បញ្ជូន​បុរស​ម្នាក់​ទៅកាន់​តុលាការ ដោយ​ជាប់​​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​សម្លាប់​ហើយ​រំលោភ។

    ជនសង្ស័យ​ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ខ្វាវ លំ ភេទ​ស្រី អាយុ ៦៨ ឆ្នាំ ត្រូវជា​ជីដូន​របស់​សព​នារី​រងគ្រោះ ដែលមាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

    ដើមបណ្ដឹង​បានឱ្យដឹងថា នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២១ កន្លះ ចៅស្រី​របស់គាត់​ឈ្មោះ ផុន ឃីម ភេទ​ស្រី អាយុ ១៣ ឆ្នាំ បាន​ចេញទៅ​ឆ្លុះ​កង្កែប​តែម្នាក់ឯង​នៅក្នុង​ភូមិ បាន​ប្រហែល​មួយសន្ទុះ​គាត់​ក៏​ឃើញ​ចៅស្រី​របស់គាត់​បាន​យក​កង្កែប​មក​ទុក​នៅផ្ទះ។

    លោកយាយ​របស់​ក្មេងស្រី​រងគ្រោះ​រៀបរាប់ថា នៅ​យប់​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២១ កន្លះ ចៅស្រី​របស់គាត់​បាន​ទៅ​ឆ្លុះ​រក​កង្កែប រហូតដល់​ម៉ោង ៣ ទៀបភ្លឺ ទើប​គាត់​ដឹងថា ចៅស្រី​មិនទាន់​ត្រលប់មក​ផ្ទះ ពេលនោះ​គាត់​ក៏​ស្រែកហៅ​ឱ្យ​អ្នកជិតខាង​ជួយ​តាមរក។ ដល់​ម៉ោង ៥ ភ្លឺ ទើប​រកឃើញ​ចៅស្រី​របស់គាត់ ដេកស្លាប់​នៅលើ​វាលស្រែ។

    លោកយាយ​របស់​ក្មេងស្រី​រងគ្រោះ​បញ្ជាក់ថា បុរស​ឈ្មោះ វឿ គឺជា​អ្នក​ដែល​បាន​ប្រាប់​ចៅស្រី​របស់គាត់​ថា នៅ​ខាងលិច​ភូមិ​មាន​កង្កែប​ច្រើនណាស់ នេះ​បើ​តាម​ទំព័រ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

    ក្រោយពី​ត្រូវបាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ជ្រមុជ​ទឹក​ឱ្យស្លាប់ មុននឹង​យក​សាកសព​ទៅ​រំលោភ ហើយក៏​បោះ​សាកសព​ទៅក្នុង​ទឹក៕

  • ឧទ្ធម្ភាគចក្រ​របស់ ចិន ឆ្លង​ផុត​បន្ទាត់​ខណ្ឌ​ចែក​ច្រក​សមុទ្រ​ តៃវ៉ាន់ ជា​លើកដំបូង

    ឧទ្ធម្ភាគចក្រ​របស់ ចិន ឆ្លង​ផុត​បន្ទាត់​ខណ្ឌ​ចែក​ច្រក​សមុទ្រ​ តៃវ៉ាន់ ជា​លើកដំបូង

    ឧទ្ធម្ភាគចក្រ​វាយប្រហារ Z-១០ របស់ ចិនដីគោក បាន​ហោះ​ឆ្លង​ផុត​បន្ទាត់​ខណ្ឌ​ចែក​ដែនទឹក​នៅ​ច្រក​សមុទ្រ​របស់ កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​បេសកកម្ម​នេះ​នៅឡើយ។

    កងកម្លាំង​ការពារជាតិ​របស់ តៃវ៉ាន់ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ Z-១០ របស់ កងទ័ព​ចិន ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) នៅ​ជុំវិញ កោះ​តៃវ៉ាន់ កាលពី​ម្សិលមិញ។ ឧទ្ធម្ភាគចក្រ​នេះ​ក៏បាន​ហោះ​ឆ្លង​ផុត​បន្ទាត់​ព្រំដែន​ដែល​ត្រូវបាន​គេ​យល់ថា​ជា​បន្ទាត់​ខណ្ឌ​ចែក​នៅលើ ច្រក​សមុទ្រ​តៃវ៉ាន់។

    អង្គភាព​ឧទ្ធម្ភាគចក្រ​ប្រមាញ់​នាវាមុជទឹក Ka-២៨ របស់ កងទ័ពជើងទឹក​ចិន ក៏​ធ្វើ​សកម្មភាព​នៅ​តំបន់​ភាគ​និរតី ADIZ របស់ តៃវ៉ាន់ ផងដែរ។ គេ​មិនទាន់​ដឹងថា ឧទ្ធម្ភាគចក្រ Z-១០ មាន​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​អង្គភាព Ka-២៨ ឬ​យ៉ាងណា​នៅឡើយ។

    ក្រសួងការពារជាតិរ​បស់ ប្រទេស​ចិន មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​នៅឡើយ​ចំពោះ​ការលើកឡើង​​ខាងលើ​របស់ តៃវ៉ាន់។

    យន្តហោះ​យោធា​ចិន កម្រ​នឹង​ហោះ​ឆ្លងកាត់​បន្ទាត់​កណ្ដាល​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់។ អង្គភាព​យន្តហោះ​ចម្បាំង J-១០, J-១១ និង J-១៦ របស់​ចិន កាលពី​ថ្ងៃទី ១៩ កញ្ញា ២០២០ ធ្លាប់បាន​ហោះ​ឆ្លងកាត់​បន្ទាត់​កណ្ដាល​នេះ នៅក្នុង​ថ្ងៃ​ដែល អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Keith Krach មក​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់។ ក៏ប៉ុន្តែ លើក​នេះ​គឺជា​ករណី​ដំបូង​ដែល​ឧទ្ធម្ភាគចក្រ Z-១០ របស់​ចិន មាន​សកម្មភាព​ដូច្នេះ។

    ទីក្រុង​ប៉េកាំង បាន​រិះគន់​ច្រើនដង​ដល់​សកម្មភាព​ដូចខាងលើ​របស់ នាវាចម្បាំង​អាម៉េរិក ហើយ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា «ការបង្ក​ហេតុ និង​បញ្ជូន​សារ​ខុសឆ្គង​ដល់​ក្រុម​ផ្ដាច់ខ្លួន​នៅ តៃវ៉ាន់ ក្នុង​បំណង​បំផ្លាញ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់»។

    ចិនដីគោក ចាត់ទុក កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន ដែល​កំពុង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​រឹបអូស​យកមក​វិញ បើសិនជា​ចាំបាច់៕

  • អតីត​ប្រធានាធិបតី​របស់ កូរ៉េខាងត្បូង ត្រលប់​ទៅធ្វើ​ចំការ​នៅឯ​ស្រុកកំណើត

    អតីត​ប្រធានាធិបតី​របស់ កូរ៉េខាងត្បូង ត្រលប់​ទៅធ្វើ​ចំការ​នៅឯ​ស្រុកកំណើត

    លោក Moon Jae-in និង​ភរិយា បាន​ត្រលប់​ទៅ​ស្រុកកំណើត​នៅឯ Yangsan ដើម្បី​រស់នៅក្នុង​ជីវភាព​ថ្មី​ក្រោយ​ចប់​អាណត្តិ​ប្រធានាធិបតី។

    លោក Moon Jae-in អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោកស្រី Kim Jung-sook បាន​ត្រលប់​ទៅដល់​ផ្ទះ​នៅក្នុង​ទីក្រុង Yangsan ភាគ​ខាងកើត​នៃ ប្រទេស​កូរ៉េខាងត្បូង កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក Yoon Suk-yeol។

    «នៅពេល​ត្រលប់​ទៅផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរស្បើយ ព្រោះថា ចុងក្រោយ​ក៏បាន​សម្រេច​គ្រប់យ៉ាង​ប្រកបដោយ​សុវត្ថិភាព» លោក Moon Jae-in និយាយ​ដូច្នេះ​នៅពេល​ត្រលប់​ទៅ​ស្រុកកំណើត។

    លោក Moon Jae-in ឱ្យដឹងថា នឹង​រស់នៅក្នុង​ជីវភាព​មួយ​ក្នុងនាម​ជា​កសិករ ធ្វើ​ការងារ​កសិកម្ម និង​ក្រេប​រសជាតិ makgeolli ដែលជា​ស្រា​បិត​ពី​អង្ករ​មួយ​ប្រភេទ​របស់ កូរ៉េខាងត្បូង ជាមួយ​កសិករ​នៅក្នុង​តំបន់។

    លោក Moon Jae-in និង​ភរិយា បាន​ឡើង​រថភ្លើង​ល្បឿន​លឿន KTX នៅ សេ​អ៊ូ​ល កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ត្រលប់​ទៅ​ស្រុកកំណើត​ដែលមាន​ចម្ងាយ​ពី​សេ​អ៊ូ​ល ៤២០ គីឡូម៉ែត្រ ជាមួយនឹង​អតីត​ជំនួយការ និង​តំណាងរាស្ត្រ​មួយចំនួន​របស់​បក្ស​ប្រជាធិបតេយ្យ។

    អ្នកគាំទ្រ​ប្រហែល ១,០០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ចំ​ណាត​រថភ្លើង​សេ​អ៊ូ​ល ដើម្បី​ជូន​ដំណើរ​អតីត​ប្រធានាធិបតី ក្នុង​នោះគេ​ឃើញ​មាន​អ្នកគាំទ្រ​ខ្លះ​លើក​បដា​ដែល​សរសេរថា «លោក​នៅតែ​ជា​កំពូល​តារា​របស់ខ្ញុំ» ឬ «ខ្ញុំ​គោរព​ស្រលាញ់ Moon Jae-in»។