Author: សឿន សំណាង

  • សង​សំណង​ជិត ១,០០០ លាន​ដុល្លារ នឹងត្រូវ​សង់​ដល់​ជនរងគ្រោះ​ក្នុងករណី​បាក់ស្រុត​អគារ​ស្នាក់​កម្ពស់ ១២ ជាន់ នៅ Florida

    សង​សំណង​ជិត ១,០០០ លាន​ដុល្លារ នឹងត្រូវ​សង់​ដល់​ជនរងគ្រោះ​ក្នុងករណី​បាក់ស្រុត​អគារ​ស្នាក់​កម្ពស់ ១២ ជាន់ នៅ Florida

    (សហរដ្ឋ​អាម៉េរិក)-ជនរងគ្រោះ​ដែល​នៅមាន​ជីវិត និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់ស្រុត​អគារ​កម្ពស់ ១២ ជាន់ នៅ Florida សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ​កន្លង សម្រេច​ដល់​ការព្រមព្រៀង​សង​សំណង​យ៉ាងតិច ៩៩៧ លាន​ដុល្លារ​អាម៉េរិក។

    «ខ្ទង់​ប្រាក់​ដែល​ត្រូវ​ទូទាត់​សង​នៅពេលនេះ​គឺ ៩៩៧ លាន​ដុល្លារ​អាម៉េរិក។ យើង​នឹង​ទាមទារ​ឱ្យបាន​រាប់រយ​លាន​ដុល្លារ​ទៀត​សម្រាប់​ជូន​ដល់​ជនរងគ្រោះ» មេធាវី Carlos Silva តំណាង​របស់​ក្រុម​អ្នករងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ Miami រដ្ឋ Florida កាលពី​ថ្ងៃទី ១១ ឧសភា បានឱ្យដឹង​ដូច្នេះ។

    ទឹកប្រាក់​ខាងលើ​នឹង​ត្រូវបាន​ចែកជូន​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ រងរបួស ឬ​បាត់បង់​ផ្ទះ​នៅក្នុង​ហេតុការណ៍​នេះ។ យន្តការ​នៃ​ការបែងចែក​ប្រាក់​សំណង​នេះ​នឹងត្រូវ​បានកំណត់​នៅ​សប្ដាហ៍​ក្រោយ។ ខ្ទង់​ប្រាក់​សំណង​នេះ​នឹង​បានមកពី​បណ្ដា​ក្រុមហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ និង​ភាគី​ពាក់ព័ន្ធ​ដែលជា​ចុងចោទ។

    ផ្នែក​មួយ​នៃ​អគារ South Champlain កម្ពស់ ១២ ជាន់ សាងសង់​កាលពី​ឆ្នាំ ១៩៨១ នៅ Surfside ដែលជា​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​នៃ​ឆ្នេរ Miami បាន​បាក់ស្រុត​កាលពី​ថ្ងៃទី ២៤ មិថុនា ២០២១ នៅក្នុងពេល​ប្រជាជន​ជាច្រើន​សិប​នាក់​កំពុង​ទទួលទានដំណេក​នៅ​ខាងក្នុង។

    បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ណាមួយ​បង្ហាញ​អំពី​មូលហេតុ​នៃ​ការបាក់​ស្រុត​នេះ បើទោះជា​ការរកឃើញដំបូងៗបង្ហាញថា រចនាសម្ព័ន្ធ​របស់​អគារ​នេះ​បាន​ទ្រុឌទ្រោម​ទៅហើយ​ក្ដី៕

     

  • ប្រធានាធិបតី​ហ្វាំ​ង​ឡង់ យល់ព្រម​ចូល​ជា​សមាជិក​របស់ ណា​តូ (NATO)

    ប្រធានាធិបតី​ហ្វាំ​ង​ឡង់ យល់ព្រម​ចូល​ជា​សមាជិក​របស់ ណា​តូ (NATO)

    ប្រធានាធិបតី Niinisto ថ្ងៃនេះ​បាន​យល់ព្រម​ឱ្យ ប្រទេស​ហ្វាំ​ង​ឡង់ ចូល​ជា​សមាជិក​របស់ ណា​តូ (NATO) ដែល​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​ក្នុង​គោលនយោបាយ​សន្តិសុខរ​បស់​ប្រទេស​នេះ។

    «ហ្វាំ​ង​ឡង់ ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​របស់ ណា​តូ ជាបន្ទាន់» ប្រធានាធិបតី Sauli Niinisto និង​នាយករដ្ឋមន្ត្រី Sanna Marin ឱ្យដឹង​នៅថ្ងៃនេះ​ដូច្នេះ។ ក្រោយពី​មានការ​សម្រេចចិត្ត​ខាងលើ រដ្ឋាភិបាល និង​សភា​ហ្វាំ​ង​ឡង់ គ្រោង​នឹង​អនុម័ត​លើ​ការស្នើសុំ​នេះ។

    នេះ​គឺជា​សេចក្ដីសម្រេចចិត្ត​ដែល​ត្រូវបាន​គេ​ព្យាករ​មុន​រួចមកហើយ។ ក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ ប្រធានាធិបតី​ហ្វាំ​ង​ឡង់ បាន​និយាយថា «ការចូល​ជា​សមាជិក​របស់ ណា​តូ គឺ​មិន​ប្រឆាំង​នឹងនរ​ណាមួយ​ឡើយ» បើទោះជា រុស្ស៊ី ធ្លាប់បាន​ព្រមាន​ថា ទីក្រុងហែលស៊ិនគី (Helsinki) នឹងត្រូវ «រង​ផលវិបាក» បើសិន​រក​វិធី​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ។

    ក្រោយពី រុស្ស៊ី លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានសម្រេច​ចិត្ត​ពិនិត្យ​លទ្ធភាព​ចូល​ជា​សមាជិក​របស់ ណា​តូ ដោយ​បោះបង់​គោលនយោបាយ​គ្មាន​សម្ព័ន្ធ​យោធា ដែល​ប្រទេស​ទាំងពីរ​នេះ​បាន​អនុវត្ត​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ។

    នៅឯ ប្រទេស​ស៊ុយអែត ថ្ងៃទី ១៥ ឧសភា​ខាងមុខ បក្ស​កាន់អំណាច​គ្រោង​នឹងធ្វើ​ការពិចារណា​ថា តើ​គួរ​បញ្ចប់​និន្នាការ​ប្រឆាំងនឹង​ការសុំ​ចូល​ជា​សមាជិក ណា​តូ ដែល​ត្រូវបាន​រក្សា​រហូតមកដល់​បច្ចុប្បន្ន ឬ​អត់។ ឥរិយាបថ​​នេះ​ត្រូវបាន​វាយតម្លៃថា ប្រាកដ​ណាស់​ថា ស៊ុយអែត នឹងដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ។

    ចំណែក​អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg បានឱ្យដឹងថា សម្ព័ន្ធមិត្ត​យោធា​នេះ​អាច​អនុញ្ញាតឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​បាន​យ៉ាង​ឆាប់រហ័ស។

  • ក្រុមហ៊ុន​ប្រេង Saudi Aramco យកឈ្នះ​លើ Apple ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

    ក្រុមហ៊ុន​ប្រេង Saudi Aramco យកឈ្នះ​លើ Apple ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

    កាលពី​ថ្ងៃទី ១១ ឧសភា ២០២២ ក្រុមហ៊ុននាំចេញ​ប្រេង​ធំ​ផុត​ក្នុង​ពិភពលោក Saudi Aramco របស់ អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​លើ Apple របស់ អាម៉េរិក ហើយ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    ជាមួយនឹង​តម្លៃ​ភាគហ៊ុន​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១១ ឧសភា ថយចុះ​ជិត ១% មក​នៅត្រឹម ៤៥.៥ រី​យ៉ា​ល (១២.១៣ ដុល្លារ)/ហ៊ុន ក្រុមហ៊ុន​ថាមពល Saudi Aramco នៅតែមាន​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់ ៩.១ ទ្រី​លាន (៩.១ លាន​លាន) រី​យ៉ា​ល (២.៤៣០ ទ្រី​លាន​ដុល្លារ​អាម៉េរិក)។ ចំណែក​តម្លៃ​ភាគហ៊ុន​របស់ Apple វិញ ថយចុះ ៤.៥% មក​នៅត្រឹម ១៤៧.៦៣ ដុល្លារ/ហ៊ុន ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ ធ្លាក់​មក​នៅត្រឹម ២,៣៩០ ពាន់​លាន (ឬ ២.៣៩០ ទ្រី​លាន) ដុល្លារ​អាម៉េរិក។

    តម្លៃ​ភាគហ៊ុន​របស់ Saudi Aramco កើន​ជិត ៣០% ចាប់ពី​ថ្ងៃទី ២ មករា រហូតដល់​បច្ចុប្បន្ន គ្រា​ដែល​ភាគហ៊ុន​របស់ Apple ថយចុះ​ជិត ១៦% ចាប់ពី​ដើមឆ្នាំ ២០២២។

    ការដែល​តម្លៃ​ប្រេង​បាន​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ​មូលធន​ទីផ្សារ​របស់ Saudi Aramco ទទួលបាន​ប្រយោជន៍​ច្រើន។ ប្រេង​ឆៅ​បាន​ឡើងថ្លៃ​ប្រហែល ៦០% រាប់​ចាប់ពី​ឆ្នាំ ២០២១ ដោយសារតែ​តម្រូវការ​ខ្ពស់ និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។ ធនាគារ​មួយចំនួន​បាន​ព្យាករ​ថា តម្លៃ​ប្រេង​ជាធ​ម្យ​ម​អាច​ឡើងដល់ ១២០ ទៅ ១៣៥ ដុល្លារ/ធុង​បារ៉ែល ក្នុងឆ្នាំនេះ៕

     

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១២ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១២ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១១ ខែ​ឧសភា ២០២២ កម្ពុជា មិន​មាន​អ្នក​វិជ្ជមាន​ ក៏ដូចជា​អ្នក​ស្លាប់​ដោយ​សារ​​​កូវីដ-១៩ ឡើយ ខណៈ​អ្នក​ជាសះស្បើយថ្មី មាន​ ២ នាក់។

  • កម្ពុជា មិន​ជ្រើសរើស​​មហា​អំណាច​​មួយ ដើម្បី​​ប្រឆាំង​នឹង​​មហាអំណាច​​មួយ​​ឡើយ ​ខណៈ ​ទីក្រុង​​​ហាណូយ​ ស្នើ​ឱ្យ ​អាម៉េរិក ​បង្កើត​ «ក្រុម​តំណាង​រាស្ត្រ​​ស្និទ្ធ​​​នឹង​​វៀតណាម»

    កម្ពុជា មិន​ជ្រើសរើស​​មហា​អំណាច​​មួយ ដើម្បី​​ប្រឆាំង​នឹង​​មហាអំណាច​​មួយ​​ឡើយ ​ខណៈ ​ទីក្រុង​​​ហាណូយ​ ស្នើ​ឱ្យ ​អាម៉េរិក ​បង្កើត​ «ក្រុម​តំណាង​រាស្ត្រ​​ស្និទ្ធ​​​នឹង​​វៀតណាម»

    សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ប្រទេស​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ជា​មិត្ត​ដ៏​ល្អ ដោយ​មិន​ជ្រើសរើស​ចិន ប្រឆាំង​អាមេរិក ឬ​ជ្រើស​អាមេរិក ប្រឆាំង​ចិន​ឡើយ។

    ក្របខណ្ឌ​គោលការណ៍​នយោបាយ​រប​ស់​កម្ពុជា គឺធ្វើឡើង​ដើម្បី​បំរើ​សន្តិភាព និង​ការអភិវឌ្ឍ មិន​ប្រឆាំង​ប្រទេស​ដទៃ ដោយ​គោរព​ឯករាជ្យភាព​របស់ អាស៊ាន នេះ​បើតាម​ប្រសាសន៍​របស់ សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​​ជួប​​សំណេះ​សំណាល​​ជា​មួយ​​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ សហរដ្ឋអាមេរិក និង​កាណាដា​ប្រមាណ នៅ រដ្ឋធានី​វ៉ាស៊ីនតោន សហ​រដ្ឋា​អាមេរិក នា​ថ្ងៃទី ១២ ឧសភា ២០២២ ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង អាស៊ាន និង សហរដ្ឋ​អាម៉េរិក ដែល​បាន និង​កំពុង​ធ្វើឡើង​នៅ រដ្ឋធានី​វ៉ាស៊ីនតោន។

    ដោយឡែក ប្រទេសជិតខាង​របស់ កម្ពុជា គឺ វៀតណាម វិញ ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង អាស៊ាន និង សហរដ្ឋ​អាម៉េរិក ខាងលើ នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh នាំពាក្យ​របស់ ប្រធានរដ្ឋសភា​វៀតណាម Vuong Dinh Hue បាន​ស្នើឱ្យ​ប្រធានសភា​ជាន់ខ្ពស់​អាម៉េរិក Patrick Leanhy និង​សហការី ជំរុញ​ការបង្កើត «ក្រុមតំណាងរាស្ត្រ​ដែល​ស្និ​ទ្ធិ​នឹង វៀតណាម» និង​បង្កើន​សកម្មភាព​ដោះដូរ និង​ការសន្ទនា រវាង​សភា​ទាំងពីរ​ប្រទេស៕

  • វៀតណាម ស្នើឱ្យ អាម៉េរិក បង្កើត​ក្រុមតំណាងរាស្ត្រ​ដែល «ស្និ​ទ្ធិ» នឹង ទីក្រុង​ហាណូយ

    វៀតណាម ស្នើឱ្យ អាម៉េរិក បង្កើត​ក្រុមតំណាងរាស្ត្រ​ដែល «ស្និ​ទ្ធិ» នឹង ទីក្រុង​ហាណូយ

    ប្រធានសភា​វៀតណាម Vuong Dinh Hue តំណាង​ដោយ​នាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ សហរដ្ឋ​អាម៉េរិក បង្កើត​ក្រុមតំណាងរាស្ត្រ​ដែល​ស្និទ្ធ​នឹង តំណាងរាស្ត្រ​វៀតណាម។

    នាយករដ្ឋមន្ត្រី Pham Minh Chinh កាលពី​ថ្ងៃទី ១១ ឧសភា បាន​ជួប​ពិ​ភក្សា​ជាមួយ​ប្រធានសភា​ជាន់ខ្ពស់ Patrick Leanhy និង​តំណាងរាស្ត្រ​មួយចំនួន​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​ពិសេស​រវាង អាស៊ាន និង សហរដ្ឋ​អាម៉េរិក ដែល​បាន និង​កំពុង​ធ្វើឡើង​នៅ សហរដ្ឋ​អាម៉េរិក។

    ក្នុងឱកាស​នោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​នាំពាក្យ​របស់ ប្រធានរដ្ឋសភា​វៀតណាម Vuong Dinh Hue ស្នើឱ្យ​លោក Leahy និង​សហការី ជំរុញ​ការបង្កើត​ក្រុមតំណាងរាស្ត្រ​ដែល​ស្និ​ទ្ធិ​នឹង វៀតណាម និង​បង្កើន​សកម្មភាព​ដោះដូរ និង​ការសន្ទនា រវាង​សភា​ទាំងពីរ​ប្រទេស។

    នាយករដ្ឋមន្ត្រី​វៀតណាម រំពឹងថា ប្រធានសភា Leahy នឹង​បន្ត​ជា​ចលករ ដើម្បីឱ្យ​តំណាងរាស្ត្រ​ជំនាន់​បន្តបន្ទាប់​របស់ អាម៉េរិក បន្តការងារ​ដោះស្រាយ​ផលវិបាក និង​បញ្ហា​នានា​នៅក្រោយ​សង្គ្រាម​វៀតណាម។

    លោក Leahy អះអាងថា សភា​អាម៉េរិក តែងតែមាន​សមាជិក​ដែល​គាំទ្រ​ដល់​ទំនាក់ទំនង​ជាមួយ វៀតណាម ហើយ​ក្រុមតំណាងរាស្ត្រ​ផ្សេងទៀត​របស់​សភា​ជាន់ខ្ពស់​អាម៉េរិក ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​សុទ្ធតែ​សម្ដែង​ការគាំទ្រ​ដល់ វៀតណាម។

    ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ជួបពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ផងដែរ។ ក្នុងជំនួប​នេះ មេដឹកនាំ​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ល្អ មិត្ត​ភាពជា​ប្រពៃណី សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​និរន្ត​ភាព​យូរអង្វែង៕

  • (វីដេអូ)-យន្តហោះ​របស់ ចិន ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

    (វីដេអូ)-យន្តហោះ​របស់ ចិន ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

    យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines បាន​បរ​ហួស​ផ្លូវ​រត់ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ព្រលានយន្តហោះ Chongqing នា​ព្រឹក​នេះ បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស។

    «យន្តហោះ​មួយគ្រឿង​ចេញដំណើរ​ពី Chongqing ទៅកាន់​ទីក្រុង Lhasa របស់ ទី​បេ បាន​ជ្រុល​ធ្លាក់​ពី​ផ្លូវ​រត និង​ឆាបឆេះ​នៅក្នុង ព្រលានយន្តហោះ​អន្តរជាតិ Chongqing Jiangbei» នេះ​បើតាម​ទូរទស្សន៍​ចិន CCTV។

    យោងតាម​ប្រកាស​ផ្លូវការ​របស់ Tibet Airlines ក្រុម​ហោះហើរ​ដឹងថា «មាន​អ្វី​មិន​ប្រក្រតី» ក្នុងពេល​ត្រៀម​ហោះ​ឡើង ទើប​សម្រេច​មិន​ធ្វើ​ការ​ហោះ​ហើរ​។ ក្រោយមក យន្តហោះ​នេះ​ក៏បាន​ប្ដូរ​ទិស​​ចេញពី​ផ្លូវ​រត់។

    «អ្នកដំណើរ​ទាំង ១១៣ នាក់ និង​បុគ្គលិក​ហោះហើរ ៩ នាក់ ត្រូវបាន​ឈ្លៀស​ចេញពី​យន្តហោះ មនុស្ស​មួយចំនួន​រងរបួស​ស្រាល និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល» ប្រកាស​របស់​ក្រុមហ៊ុន​ខាងលើ ឱ្យដឹង​ដូច្នេះ ប៉ុន្តែ​មិនទាន់​និយាយ​លម្អិត​អំពី​ហេតុការណ៍​នេះ​នៅឡើយ។

    ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ក្រោយពី​ករណី​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន China Eastern ហោះ​ពី Kunming ទៅកាន់ Guangzhou ធ្លាក់​ដាំ​ក្បាល​ចុះ​លើ​ខ្នងភ្នំ​កាលពី​ខែមីនា ២០២២ បណ្ដាលឱ្យ​មនុស្ស​ទាំង ១៣២ នាក់​នៅលើ​យន្តហោះ បាត់បង់​ជីវិត ដោយ​មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ។

    យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Tibet Airlines
  • កូរ៉េខាងជើង រកឃើញ​ករណី​ឆ្លង​ជំងឺ​​កូ​វីដ-១៩ ដំបូងបង្អស់

    កូរ៉េខាងជើង រកឃើញ​ករណី​ឆ្លង​ជំងឺ​​កូ​វីដ-១៩ ដំបូងបង្អស់

    កូរ៉េខាងជើង ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ ដំបូងបង្អស់​របស់​ប្រទេស​នេះ ក្រោយ​រយៈពេល​ជាង ២ ឆ្នាំ ដែល​បាន​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល។

    ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ថ្ងៃនេះ​បានប្រកាសថា ករណី​កូ​វីដ-១៩ ដំបូង​នៅ​ប្រទេស​នេះ ត្រូវបាន​រកឃើញ​នៅ រដ្ឋធានី​ព្យុងយ៉ាង និង​បាន​ហៅ​ករណីនេះ​ថា​ជា «ស្ថានការណ៍​អាសន្ន​ថ្នាក់ជាតិ​ដ៏​ធ្ងន់ធ្ងរ»។ KCNA បន្ថែមថា ករណីនេះ​គឺជា​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ប្រភេទ BA.២ ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​សេចក្ដីលម្អិត​ឡើយ។

    មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន ដែល​ដឹកនាំ​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ បានប្រកាស​បើក​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ការបិទ​ខ្ទប់ «ក្នុង​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត» និង​បាន​អះអាងថា ប្រទេស​នេះ​នឹង​ឆ្លង​ផុត កូ​វីដ-១៩។

    លោក គីម ជុង​អុន បាន​ស្នើឱ្យ​រឹតបន្តឹង​ព្រំដែន និង​អំពាវនាវ​ឱ្យ​ប្រជាជន​សាមគ្គី​គ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ វីរុស ដោយ​ការបិទ​ខ្ទប់​តំបន់​របស់ខ្លួន។ «គោលដៅ​គឺ​ការលុបបំបាត់​អាសន្នរោគ​ដោយ​ប្រើពេល​ខ្លី​បំផុត» KCNA ដកស្រង់​សម្ដី​របស់លោក គីម ជុង​អុន ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ខាងលើ។

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ចុងឆ្នាំ​កន្លង បានប្រកាស​ដឹកជញ្ជូន​បរិក្ខា​ពេទ្យសំខាន់ៗសម្រាប់​ទប់ទល់​នឹង កូ​វីដ-១៩ «ក្នុង​បំណង​រក្សា​ទុកជា​របស់​បង្ការ​យុទ្ធសាស្ត្រ» ទៅកាន់ កូរ៉េខាងជើង តាមរយៈ​កំពង់ផែ  Dalian របស់ ប្រទេស​ចិន នេះ​បើ​តាម​ KCNA៕

  • ថ្ងៃទី ៧៧ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា បាន​វាយ​រុញច្រាន កងទ័ព​រុស្ស៊ី នៅ Kharkov

    ថ្ងៃទី ៧៧ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា បាន​វាយ​រុញច្រាន កងទ័ព​រុស្ស៊ី នៅ Kharkov

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា កងកម្លាំង​រុស្ស៊ី កំពុង​ត្រូវបាន​វាយ​រុញច្រាន​ចេញពី​ទីក្រុង​ភាគ​ឦសាន Kharkov ក្នុង​គ្រា​ដែល អ៊ុយ​ក្រែ​ន បង្កើន​ការ​វាយបក​នៅក្បែរ​ព្រំដែន​ជាប់​នឹង រុស្ស៊ី។

    ការប្រយុទ្ធ​គ្នា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ៧៧ នៃ​សង្គ្រាម កំពុង​បន្ត​តានតឹង​នៅ Kharkov ក្នុង​តំបន់​ភាគ​ឦសាន​របស់ អ៊ុយ​ក្រែ​ន ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ​តំបន់ Belgorod របស់ រុស្ស៊ី ចម្ងាយ​ប្រហែល ៣៩ គីឡូម៉ែត្រ។

    កងទ័ព​រុស្ស៊ី កំពុង​ត្រូវបាន​វាយ​រុញច្រាន​ចេញពី Kharkov ដែលជា​ទីក្រុង​ធំ​ទី ២ របស់ អ៊ុយ​ក្រែ​ន នេះ​បើតាម​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ប្រកាស​កាលពី​ថ្ងៃទី ១០ ឧសភា។ អភិបាលក្រុង Kharkov លោក Oleg Synegubov ក៏បាន​បញ្ជាក់ថា អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ភូមិ​មួយចំនួន​នៅ​ភាគ​ឦសាន​ទីក្រុង Kharkov ហើយ​ថា កងកម្លាំង​រុស្ស៊ី មានឱកាស​តិចតួច​ក្នុងការ​វាយប្រហារ​ទៅលើ​តំបន់​កណ្ដាល​ក្រុង។

    ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ឱ្យដឹងថា ក្រោយពី​បាន​វាយ​សម្រុក​ទៅកាន់​ភាគ​ខាងជើង និង​ភាគ​ខាងកើត Kharkov បច្ចុប្បន្ន កងកម្លាំង​អ៊ុយ​ក្រែ​ន កំពុង​ស្ថិតនៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ពី​ព្រះ​ដែន រុស្ស៊ី គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១១ ឧសភា។ មុន​នោះ កងកម្លាំង​របស់ រុស្ស៊ី ស្ថិតនៅ​ជាយក្រុង Kharkov ដែលមាន​ចម្ងាយ ៤០ គីឡូម៉ែត្រ ពី​ព្រំដែន។

    មកដល់ពេលនេះ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ចូលដល់​ថ្ងៃទី ៧៧ និង​កំពុង​ឈានទៅរក​ថ្ងៃទី ៧៨ ហើយ។ ក្រុមមន្ត្រី​អាម៉េរិក និង ណា​តូ កំពុង​សម្ដែង​ការព្រួយបារម្ភ​ថា សង្គ្រាម​នេះ​នឹង​បន្ត​ជា​ប្រភព​នៃ​អស្ថិរភាព​ក្នុង​តំបន់ និង​នៅ​ទូទាំង​សកលលោក​ក្នុង​រយៈពេល​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត ខណៈដែល​ពុំទាន់​មាន​សញ្ញា​បង្ហាញថា ភាគី​មួយណា​ជា​អ្នកឈ្នះ និង​មិនទាន់មាន​ដំណោះស្រាយ​សមស្រប។

  • សភា​​ជាន់​​ទាប​​អាម៉េរិក ​បាន​អនុម័ត​​កញ្ចប់​​ថវិកា​​ផ្ដល់​ជំនួយចំនួន​ ៤០ ​ពាន់​​លាន​​ដុល្លារ ​ដល់ ​ប្រទេស​អ៊ុយ​ក្រែ​ន

    សភា​​ជាន់​​ទាប​​អាម៉េរិក ​បាន​អនុម័ត​​កញ្ចប់​​ថវិកា​​ផ្ដល់​ជំនួយចំនួន​ ៤០ ​ពាន់​​លាន​​ដុល្លារ ​ដល់ ​ប្រទេស​អ៊ុយ​ក្រែ​ន

    សារព័ត៌មាន TASS បានឱ្យដឹងថា នៅ​ថ្ងៃទី ១១ ឧសភា​នេះ (ម៉ោង​នៅ កម្ពុជា) សភា​ជាន់​ទាប​អាម៉េរិក បានអនុម័ត​ច្បាប់​បែងចែក​ថវិកា​បន្ថែម ៤០ ពាន់​លាន​ដុល្លារ ឱ្យ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

    យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​របស់ សភា​ជាន់​ទាប សេចក្ដីព្រាងច្បាប់​នេះ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ អាច​បញ្ជូនបន្ត​ទៅកាន់​សភា​ជាន់ខ្ពស់​ដើម្បី​ធ្វើការ​អនុម័ត​បន្ត។ បើសិន​ឆ្លង​ផុត​សភា​ជាន់ខ្ពស់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា និង​អនុវត្ត។

    ប៉ុន្មាន​ថ្ងៃ​មកនេះ លោក បៃ​ដិ​ន បាន​ប្រឹងប្រែង​ជំរុញ​ឱ្យ​សភា អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​នេះ និង​បាន​ព្រមាន​ថា បើ​មិន​ឆ្លង​ផុត​សភា​ទេ នោះ ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹងត្រូវ​ផ្អាក​ជំនួយ​ដល់ ទីក្រុង​កៀវ ព្រោះថា ធនធាន​ដែល​សភា​បាន​បែងចែក​កន្លងមក បាន​អស់​ទៅហើយ។

    បើសិន​កញ្ចប់​ជំនួយ​ត្រូវបាន​អនុម័ត​ដូច​ការគ្រោងទុក ការចំណាយ​សរុប​រប​ស់ អាម៉េរិក សម្រាប់​បង្កើន​សមត្ថភាព​ការពារ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​ការដោះស្រាយ​វិបត្តិ​មនុស្សធម៌ នឹង​កើន​ដល់​ប្រហែល ៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    សកម្មភាព​របស់ រដ្ឋាភិបាល និង​សភា​អាម៉េរិក ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​មន្ត្រីជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក បាន​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កំពុង​ត្រៀម​សម្រាប់​សង្គ្រាម​យូរអង្វែង និង​អាច​ឆ្លង​ផុតពី​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន៕