Author: សឿន សំណាង

  • នារី​ម្នាក់​ វ័យ ២៦ ឆ្នាំ រកបាន​ប្រាក់​​ចំណេញ ៧,០០០ ដុល្លារ/ខែ ពី​ការលក់​សម្លៀកបំពាក់​ជ​ជុះ

    នារី​ម្នាក់​ វ័យ ២៦ ឆ្នាំ រកបាន​ប្រាក់​​ចំណេញ ៧,០០០ ដុល្លារ/ខែ ពី​ការលក់​សម្លៀកបំពាក់​ជ​ជុះ

    Olivia Hillier ធ្វើ​ជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់​មួយ​ទឹក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល​ពី ៦,០០០ ទៅ ៧,០០០ ដុល្លារ​អាម៉េរិក ជា​រៀងរាល់ខែ។

    នាង Olivia Hillier ចាប់ផ្ដើម​ការងារ​បន្ទា​ប់​បន្សំ​របស់​នាង ដោយ​លក់​អាវយឺត​តម្លៃ ៥ ដុល្លារ​អាម៉េរិក ដែល​នាង​បានឃើញ​នៅក្នុង​ហាង​សម្លៀកបំពាក់​តម្លៃ​ទាប​មួយកន្លែង។

    Hillier គឺជា​និស្សិត​ពេទ្យ​នៅ​សាកលវិទ្យាល័យ Oakland ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាម៉េរិក។ នាង​សន្សំ​បាន​បទពិសោធន៍​មួយចំនួន​ដោយសារតែ​ការលក់​សម្លៀកបំពាក់​មួ​យ​ទឹក​នៅលើ​កម្មវិធី (App) លក់ទំនិញ​ជជុះ Poshmark។ នៅក្នុង​សម័យ​កូ​វីដ-១៩ ឆ្នាំ ២០២០ នាង​បាន​រកឃើញថា អ្នកលក់​នៅលើ Poshmark កំពុង​រកបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការ «ទិញ​ហើយ​លក់​វិញ» នូវ​សម្លៀកបំពាក់​ទាក់​សម័យ​មួយ​ទឹក។

    នារី​រូបនេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ​លើ​វិធី​ដំណើរការ​នៅលើ​ហាង​អន​ឡាញ Poshmark និង​ពិចារណា​អំពី​យុទ្ធសាស្ត្រ​លក់​របស់ខ្លួន។

    អាវយឺត​តម្លៃ ៥ ដុល្លារ​ដំបូង​របស់​នាង ក្រោយមក​ត្រូវបាន​លក់​ក្នុងតម្លៃ ២០ ដុល្លារ។ ចាប់ពីពេលនោះ​មក មុខរបរ​នេះ​បាន​នាំមក​នូវ​ចំណូល​សរុប​ជាង ១១៧,០០០ ដុល្លារ​ដល់​នាង ក្នុងនោះ ឆ្នាំ ២០២១ Hillier រកបាន​ប្រហែល ៨៥,០០០ ដុល្លារ។ ជា​រៀងរាល់ខែ នាង​រកបាន​ប្រាក់ចំណេញ​ចាប់ពី ៦,០០០ ដល់ ៧,០០០ ដុល្លារ ដែល​នេះ​ជួយ​ឱ្យ​នាង​ទិញ​បាន​ផ្ទះមួយ​ខ្នង​ដែលមាន ៥ បន្ទប់​គេង។

    ចាប់ពី​ខែសីហា ២០២០ Hillier បាន​សិក្សា​ស្រាវជ្រាវ​លម្អិត ហើយ​ចុងក្រោយ​នាង​បាន​រកឃើញថា សម្លៀកបំពាក់​បែប «vintage» ទទួលបាន​ការពេញនិយម​ជាងគេ។ អតិថិជន​សំខាន់​របស់​នាង​គឺជា​នារី​ដែលមាន​អាយុ​ចាប់ពី ២៦ ដល់ ៤០ ឆ្នាំ។

    ដំបូង នាង​គិតថ្លៃ​ពី ២០ ដល់ ៣០ ដុល្លារ​សម្រាប់​ទំនិញ​មួយ​មុខ ដោយ​មិន​គិត​អំពី​ប្រភព​ទំនិញ។ ក្រោយពី​ការស្រាវជ្រាវ នាង​បាន​កែ​ប្រែង​តម្លៃ ក្នុងនោះ រ៉ូ​ប​មួយឈុត​របស់ Hillier ត្រូវបាន​លក់​ចាប់ពី ២៥ ដល់ ២០០ ដុល្លារ អាស្រ័យ​លើ​ម៉ាក និង​តម្លៃ​លក់រាយ​របស់​ទំនិញ។

    Hillier រៀបរាប់​ប្រាប់ថា នៅ​ថ្ងៃ​សុក្រ នាង​តែងតែ​ទៅកាន់​ហាង​លក់​សម្លៀកបំពាក់​តម្លៃ​ទាប​នានា ដើម្បី​វិភាគ បែងចែក​ប្រភេទ​ទំនិញ។ ថ្ងៃអាទិត្យ នាង​ទៅ​ស្លៀកពាក់ និង​ថតរូប​សម្រាប់​កម្រង​សម្លៀកបំពាក់​ថ្មី​របស់ខ្លួន។ នៅ​ថ្ងៃ​ចន្ទ ពេលទំនេរ​ចន្លោះ​ពី​ម៉ោង​សិក្សា នាង​បង្ហោះ​រូបថត​នៃ​ផលិតផល​ថ្មី​របស់ខ្លួន​ទៅលើ Poshmark។ ថ្ងៃ​ណា​ក៏​នាង​ត្រូវ​ទៅ​ផ្ញើ​ទំនិញ​ឱ្យ​អតិថិជន។

    យោង​តាម​ CNBC ទន្ទឹមនឹង​ការស្រាវជ្រាវ ការវិភាគ ការបែងចែក​ប្រភេទ​ទំនិញ ឬ​មួយ​ការកំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​បង្ហោះ​លក់​ខាងលើ នាង Olivia​ Hillier ក៏បាន​បង្កើន​ប្រភព​ទំនិញ​តាម​ដែល​អាចធ្វើ​ទៅបាន។ ក្រៅពីនេះ ការជ្រើសរើស​កន្លែង​លក់ (គេហទំព័រ E-Commerce) ក៏ត្រូវ​បាន​នាង​យកចិត្តទុកដាក់ ដោយសារ​ថា កន្លែង​លក់​ខ្លះ​កាត់​ភាគរយ​ពី​ទំនិញ​ខ្ពស់​បន្តិច​មែន ប៉ុន្តែ សេវាកម្ម​ល្អ ខណៈ​កន្លែង​ខ្លះ​កាត់​ភាគតិច ប៉ុន្តែ សេវា​មិន​បានល្អ ដូច្នេះ​នាង​ត្រូវធ្វើ​ការជ្រើសរើស​នូវ​ថ្នាល​បច្ចេកវិទ្យា​ដែល​ផ្ដល់​បទពិសោធន៍​ល្អ​ដល់​អតិថិជន​របស់​នា​ង។

    Hillier និយាយថា «ពិតជា​អស្ចារ្យ​ណាស់​នៅពេល​វា (ថ្នាល​បច្ចេកវិទ្យា) មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​មាន​ពេលវេលា​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​នោះទេ តែ​ក៏​ឱ្យ​យើង​មានលទ្ធភាព​សម្រាប់ធ្វើ​រឿងផ្សេង» នៅពេល​លក់ដូរ​អន​ឡាញ​បែបនេះ៕

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ កូរ៉េខាងត្បូង បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និងរង​របួស​

    ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ កូរ៉េខាងត្បូង បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និងរង​របួស​

    មនុស្ស​យ៉ាងហោច​ម្នាក់​បាន​ស្លាប់ និង ២ នាក់​ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧ​ទ្ធ​ម្ភា​គ​នា​ថ្ងៃទី ១៦ ឧសភា​នេះ នៅ​ទីក្រុង Geoje ភាគខាងត្បូង​នៃ ប្រទេស​កូរ៉េខាងត្បូង។

    យោងតាម​សារព័ត៌មាន Yonhap អង្គភាព​ជួយសង្គ្រោះ​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​ឧទ្ធម្ភាគចក្រ​ខាងលើ​កំពុង​ដឹកជញ្ជូន​សម្ភារ​សំណង់​បម្រើឱ្យ​គម្រោង​ស្ដារ​ផ្លូវលំ​មួយ​ខ្សែ​សម្រាប់​ឡើងទៅ​កាន់​កំពូលភ្នំ។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅក្បែរ​កំពូលភ្នំ Seonja នៃ​ទីក្រុង Geoje។

    ជនរងគ្រោះ​ទាំង ៣ នាក់​ខាងលើ​គឺជា​សមាជិក​នៃ​ក្រុម​ហោះហើរ រួមមាន អ្នកបើកបរ ២ នាក់​ដែលមាន​អាយុ​ជាង ៦០ ឆ្នាំ និង​ជាង​ម៉ាស៊ីន​ម្នាក់​អាយុ​ប្រហែល ៣០ ឆ្នាំ។ អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​គឺជា​ប្រធាន​ក្រុម​អ្នកបើកបរ។

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ញាប់ដៃ​ញាប់ជើង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

  • «សាកសព» ដើមឈើ​ទាល​ធំ​មួយ​ដើម អាយុកាល​ប្រហែល​រាប់រយឆ្នាំ ទទួលបាន​ការគោរព​បូជា​ ក្រោយ​​ផុស​ពី​ទន្លេ​ឡើង​វិញ

    «សាកសព» ដើមឈើ​ទាល​ធំ​មួយ​ដើម អាយុកាល​ប្រហែល​រាប់រយឆ្នាំ ទទួលបាន​ការគោរព​បូជា​ ក្រោយ​​ផុស​ពី​ទន្លេ​ឡើង​វិញ

    សាលាឃុំ​ឈើទាល នៃ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ជា​ជន​នៅក្នុង​តំបន់ ពិសេស​គឺ​អ្នកមាន​ជំនឿ ចាប់ពី​ថ្ងៃ​ដែល​អាជ្ញាធរ​ឃុំ​ឈើទាល បាន​អូស «សាកសព» ដើមឈើ​ទាល​ដ៏​ធំ​មួយ​ដើម​មក​តម្កល់​នៅខាងមុខ​បរិវេណ​សាលាឃុំ។

    ប្រជាពលរដ្ឋ​ជាច្រើន​កុះករ នាំគ្នា​ទៅ​មើល និង​អុជ​ធូប​ទៀន ថ្វាយ​ផ្កា បួងសួង​សុំ​សេចក្ដីសុខ​ពី​ខ្លឹម​ដើមឈើ​ទាល​ខាងលើ ខណៈដែល​អ្នកលេង​បណ្ដាញ​សង្គម​នាំគ្នា​ចែករំលែក​ទិដ្ឋភាព​នៃ​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នេះ។

    «ដើមឈើ​ទាល​មាន​អាយុកាល​រាប់រយឆ្នាំ កប់​ក្នុង​ទឹកទន្លេ​បាសាក់​រាប់សិប​ឆ្នាំ​ទៀត សល់​តែ​ខ្លឹម​សុទ្ធ បើ​មិនបាន​ទៅ​មើល​មិន​អស់ចិត្ត​ទេ» នេះ​បើតាម​គណនី Facebook ឈ្មោះ Phoeng Seang ដែល​បាន​ទៅដល់​កន្លែង​តម្កល់ «សព» ដើមឈើ​ទាល​នៅ ឃុំ​ឈើទាល កាលពី​ម្សិលមិញ។ ម្ចាស់​គណនី​នេះ​បន្តថា «ទីតាំង» តម្កល់​ដើមឈើ​ទាល​នេះ ស្ថិត «នៅ​សាលាឃុំ​ឈើទាល ស្រុក​កៀនស្វាយ» ខេត្តកណ្ដាល។ បុរស​នេះ​ថែមទាំង​បាន​បង្ហោះ​តំណ​ភ្ជាប់​ផែនទី​នៃ​ទីតាំង​របស់​សាលាឃុំ​ឈើ​ទាល​ផងដែរ។

    នៅក្នុង​ឱកាស​នៃ​ថ្ងៃបុណ្យ​វិសាខបូជា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​រៀបចំ​ពិធី​នៅ​ទីតាំង​តម្កល់​ដើមឈើ​ទាល​នេះ។ អ្នកភូមិ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា ដើមឈើ​ទាល​នេះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជា​យូរ​មកហើយ ប៉ុន្តែ​ពេលនេះ​បែរជា​ផុស​ឡើងមក​វិញ ធ្វើឱ្យ​មនុស្សម្នា​កមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង។

    អាជ្ញាធរ​ឃុំ​ខាងលើ កាលពី​ថ្ងៃទី ១៣ ឧសភា បាន​យក​គ្រឿងចក្រ​ទៅ​អូសទាញ​ដើមឈើ​ទាល​មួយ​ដើម​ដែល​នៅសល់តែ​ឃ្លឹម​នេះ​ឡើង​ពី​ទន្លេ និង​បានដាក់​តម្កល់​នៅ​សាលាឃុំ បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ច្រើន​នាក់​ប្រុង​នឹង​អូស​ដើម​ឈើទាល​នេះ​យក​ចេញពី​កន្លែង​ដែល​គេ​ប្រទះឃើញ​ដំបូង។

  • (វីដេអូ)-ទិដ្ឋភាព​ក្នុង​ស្ថានីយ​អវកាស ISS ពេល​កំពុង​បង្កើន​កម្ពស់​នៅលើ​មេឃ

    (វីដេអូ)-ទិដ្ឋភាព​ក្នុង​ស្ថានីយ​អវកាស ISS ពេល​កំពុង​បង្កើន​កម្ពស់​នៅលើ​មេឃ

    ទីភ្នាក់ងារ​អវកាស​អឺរ៉ុប អ៊ី​សា (ESA) បាន​បង្ហោះ​វីដេអូ​ស្ដីពី​សកម្មភាព​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅពេល​យាន​របស់ រុស្ស៊ី បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​រុញ​ស្ថានីយ​នេះ​ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត​កាលពី​ខែមីនា ២០២។

    ក្រុម​ហោះហើរ​នៅលើ​ស្ថានីយ​អវកាស ISS កាលពី​ខែមីនា ដែល​ស្ថិតក្នុង​ស្ថានភាព​អណ្ដែត​ថយក្រោយ​នៅពេល​យាន​របស់ រុស្ស៊ី បញ្ឆេះ​ម៉ាស៊ីន ដើម្បី​រុញ​ស្ថានីយ​ឡើងទៅ​លើ គឺ​ក្រុម​ស្រាវជ្រាវ ៦។ សមាជិក​របស់​ក្រុម​នេះ​រួមមាន ៦ នាក់ ក្នុងនោះ​មាន ៣ នាក់​មកពី ណា​សា (NASA), ម្នាក់​មកពី អ៊ី​សា និង ២ នាក់​មកពី ទីភ្នាក់ងារ​អវកាស​រុស្ស៊ី រ៉ូ​ស្កូ​ស​មូស (Roscosmos)។

    នៅពេល​យើង​មើល​សកម្មភាព​ក្នុង​វីដេអូ​នេះ គ្រប់គ្នា​ប្រាកដជា​គិតថា ក្រុម​អវកាស​ចរ​នេះ​កំពុង​ផ្លាស់​ទី​ខាងក្នុង ISS ប៉ុន្តែ តាមពិត​មិន​ដូច្នោះ​ទេ ពោលគឺ​ស្ថានីយ​អវកាស​នេះ​កំពុង​វិលជុំ​វិញ​ពួកគេ។ ចំណែក​សកម្មភាព​ពិតប្រាកដ​ក៏​យឺត​ជាង​ទិដ្ឋភាព​ក្នុង​វីដេអូ ដោយសារតែ​វីដេអូ​នេះ​ត្រូវបាន​បង្កើនល្បឿន​លឿន​ជាង ៨ ដង ធៀប​នឹង​វីដេអូ​ដើម។

    អ៊ី​សា មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទិន្នន័យ​ស្ដីពី​កម្រិត​នៃ​ការបង្កើន​ល្បឿន​លើក​នេះ។ ក៏ប៉ុន្តែ ការបង្កើន​ល្បឿន​កាលពី​លើក​មុននេះ​គឺ ប្រើពេល ១២ នាទី និង ១៧ វិនាទី និង​មាន​ល្បឿន ១.៣៤ ម៉ែត្រ ក្នុង ១ វិនាទី។

    ក្នុង​វីដេអូ ក្រុម​អវកាស​ចរ កំពុង​ទទួល​បទពិសោធ​ន៍​ដ៏​អស្ចារ្យ។ វា​ប្រហាក់ប្រហែល​ទៅនឹង​ពេល​រថយន្ត និង​យន្តហោះ​បង្កើនល្បឿន។

    ISS តែងតែ​គោចរ​ពីលើ​ផែនដី​ក្នុងរ​យៈក​ម្អ​ស់​ប្រហែល ៤០០ គីឡូម៉ែត្រ ប៉ុន្តែ ឥទ្ធិពល​របស់​ទំនាញ​នៃ​បរិយាកាស​អាចធ្វើឱ្យ ISS ធ្លាក់​មក​ទាប​ប្រហែល ១០០ ម៉ែត្រ ជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​បានជា​ក្រុម​អ្នកគ្រប់គ្រង ត្រូវ​លើកកម្ពស់​នៃ​គន្លង​គោចរ​របស់​ស្ថានីយ​នេះ ប្រហែល ១ ដង នៅក្នុង ១ ខែ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១៦ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ១៦ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៥ ខែ​ឧសភា ២០២២ កម្ពុជា មិន​មាន​អ្នក​វិជ្ជមាន ឬ​ស្លាប់​ដោយ​សារ​​​កូវីដ-១៩ នោះ​ទេ ប៉ុន្តែ​មាន​​​​អ្នក​ជាសះស្បើយថ្មី ៣ នាក់។

  • ក្រុមហ៊ុន​រ៉ែ​ប្រេង​​មួយ​ ចំណេញ​កប់​ក្ដោង នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២

    ក្រុមហ៊ុន​រ៉ែ​ប្រេង​​មួយ​ ចំណេញ​កប់​ក្ដោង នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២

    ប្រាក់ចំណូល​ក្នុង​ត្រីមាស​ទី ១ របស់​ក្រុមហ៊ុន Saudi Aramco កើន​ជាង ៨០% ដែល​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ព្រមទាំង​បាន​បង្កើត​កំណត់ត្រា​ថ្មី​ផងដែរ។

    ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី ១៥ ឧសភា បានប្រកាសថា ប្រាក់ចំណេញ​បានកើត ៨២% ធៀប​នឹង​ឆ្នាំ​កន្លង ដោយ​ឡើងដល់ ៣៩.៥ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ។ មុន​នោះ ការស្ទង់មតិ​របស់ Reuters ទៅលើ​ក្រុមអ្នកវិភាគ បាន​ព្យាករ​ថា Saudi Aramco នឹង​រកបាន​ប្រាក់ចំណេញ​ត្រឹមតែ ៣៨.៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ប្រាក់ចំណេញ​របស់​ពួកគេ​កើនឡើង​ខ្ពស់​ដោយសារតែ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​ខ្លាំង បរិមាណ​ប្រេង​លក់​ចេញ​ច្រើនជាង​មុន ផលចំណេញ​នៅ​ដំណាក់កាល​ចម្រាញ់ និង​ក្នុង​វិស័យ​គីមី​សាស្ត្រ​ក្រោយ​ការទាញយក​ត្រូវបាន​កែលម្អ។

    កាលពី​សប្ដាហ៍​កន្លង Aramco ក៏បាន​យកឈ្នះ​លើ Apple ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​មូលធន​ទីផ្សារ ២.៤៣ ទ្រី​លាន​ដុល្លារ​អាម៉េរិក។ មូលធន​ទីផ្សារ​បច្ចុប្បន្ន​របស់ Aramco នៅតែ​ស្ថិតក្នុង​រង្វង់​នេះ។

  • អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ល្វែង​នៅក្នុង​បុរី​សូ​នី បណ្ដាលឱ្យ​មានការ​ភ័យ​ភិត​ទាំង​​យប់​ជ្រៅ​

    អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ល្វែង​នៅក្នុង​បុរី​សូ​នី បណ្ដាលឱ្យ​មានការ​ភ័យ​ភិត​ទាំង​​យប់​ជ្រៅ​

    (ភ្នំពេញ)-ផ្ទះល្វែង​មួយកន្លែង​នៅ បុរី  សូ​នី  គឺ​ផ្ទះ​លេខ​៣៣១A ស្ថិតនៅ​ផ្លូវ​លេខ​៨១៥០ny ភូមិ​ឫស្សី  សង្កាត់​ស្ទឹងមានជ័យ​ទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាលឱ្យ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវ​ខូចខាត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ៣០ នាទី​ទៀបភ្លឺ នៃ​ថ្ងៃទី ១៦ ឧសភា ២០២២។

    មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ គឺ «បណ្តាលមកពី​ការដុត​ទៀនធូប» នេះ​បើតាម​របាយការណ៍​រប​ស់លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ។ អគ្គិភ័យ​នេះ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង ប៉ុន្តែ សម្ភារ​មួយចំនួន​ក្នុងផ្ទះ​កើតហេតុ​បាន​រង​ការខូចខាត។

    នៅក្នុង​ការធ្វើអន្តរាគមន៍ កម្លាំង​ជំនាញ​បាន​ពន្លត់​អគ្គិភ័យ​ទាំងស្រុង​នៅវេលា​ម៉ោង ២ និង ៤០ នាទី​ទៀបភ្លឺ ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ២ រឿង បាញ់​ទឹក​អស់ ១ ឡាន នេះ​បើតាម​គេហទំព័រ​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ៕

  • ការសិក្សា​របស់​ក្រុមហ៊ុន Visa លើ​កំណើន​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ខណៈពេលដែល​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ

    ការសិក្សា​របស់​ក្រុមហ៊ុន Visa លើ​កំណើន​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល ខណៈពេលដែល​ប្រជាជន​កម្ពុជា​ងាក​ចេញពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ

    ភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ នៅថ្ងៃនេះ​ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ការសិក្សា​ចុងក្រោយ​របស់ខ្លួន ដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ ៣២ ភាគរយ គ្រោង​នឹង​ឈប់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ បន្ទាប់ពី​ការកើនឡើង​នៃ​ជំងឺ​រាតត្បាត Covid-19។ បើ​យោងតាម​ការសិក្សា[1] របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិ​ជននេះ បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​យ៉ាង​លឿន ពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ទៅជា​ការទូទាត់​តាមរយៈ​ឌីជីថល និង​តាមរយៈ​បច្ចេកវិទ្យា Contactless ជាពិសេស គឺ​តាមរយៈ QR កូដ  និង​កាបូប​អេ​ឡិច​ត្រូ​និ​ច (e-Wallet)។

    ជំងឺ​រាតត្បាត​កូ​វីត បាន​ព​ន្លឿ​ន​នូវ​ការទូទាត់​តាមរយៈ​ឌីជីថល​ក្នុងចំណោម​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជឿជាក់ថា ការមិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នឹងធ្វើ​ឱ្យ​សង្គម​កាន់​តែមាន​អនាម័យ (មាន​ប្រមាណ ៤៣%) កាន់​តែមាន​ប្រសិទ្ធភាព (មាន​ប្រមាណ៣៩%) និង ល្អ​សម្រាប់​បរិស្ថាន (ប្រមាណ៣៧%) ។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ដោយសារតែ​ជម្រើស​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​មាន​ច្រើន យើង​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ពី​ជំនាន់​មួយ គឺ​អំពី​របៀប​ដែល​ប្រជាជន​កម្ពុជា​ជ្រើសរើស​ការទូទាត់ និង​ការទទួលប្រាក់។ នៅ​ក្រុមហ៊ុន Visa យើង​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​អំពី​ដំណើរការ​អភិវឌ្ឍ​ទៅរក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​ទីផ្សារ ដើម្បី​ធានាបាន​នូវ​ការគាំទ្រ​ដល់​ដៃគូ​អាជីវកម្ម​ក្នុងស្រុក​ឲ្យ​ទទួលបាន​ទម្រង់​ទូទាត់​ប្រាក់​ឌីជីថល​ដែល​កាន់តែ​ឆ្លាត​វៃ ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជាង​មុន។

    ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19 ការប្រើ​សាច់ប្រាក់​សុទ្ធ បាន​ធ្លាក់ចុះ ២២ ភាគរយ បើ​ធៀប​ទៅនឹងឆ្នាំមុន។ អ្នកប្រើប្រាស់​កម្ពុជា​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ បាន​ព្យាយាម​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ ហើយ​ជា​លទ្ធផល​ស្ទើរតែ​ពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេ​អាច​ឈប់​ប្រើ​សាច់ប្រាក់​សុទ្ធ បានយូរ​រហូតដល់​ទៅ​ជាង​មួយ​សប្តាហ៍។ ក្នុងចំណោម​អ្នក​ដែល​មិនបាន​សាកល្បង​ឈប់​ប្រើ​សាច់​ប្រាក់សុទ្ធ មាន​ប្រហែល ២៩ ភាគរយ មាន​ជំនឿ​ចិត្ត​ថា ពួកគេ​អាច​ពឹង​ផ្អែកលើ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​បាន​រហូតដល់​ទៅមួយ​ខែ​ឬ​យូរ​ជាង​នេះ។

    តាមរយៈ​ការសិក្សា​ក៏បាន​បង្ហាញ​ពីស​ន្ទុះ​នៃ​ការទទួលយក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ និង​តាមរយៈ​ឌីជីថល​ផងដែរ ជាពិសេស​តាមរយៈ​ការប្រើ​កាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃ​ប្រជាជន​កម្ពុជា ជ្រើស​យក​ការទូទាត់​តាមរយៈ​កាត ហើយ​ស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុង​ប្រើ​ទាំង​កាបូប​អេ​ឡិច​ត្រូ​និ​ច នឹង កាត ដែល​នេះ​បង្ហាញ​ពី​ចំណូលចិត្ត​នៃ​ការប្រើប្រាស់​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។ ទន្ទឹមនឹងនេះ ការទូទាត់​តាមរយៈ QR កូដ មានការ​កើនឡើង​បី​ដង​ក្នុង​មួយឆ្នាំ ដែល​បច្ចុប្បន្ននេះ​អ្នកប្រើប្រាស់​មាន​ចំនួន ៣៦ ភាគរយ នៅក្នុង​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ប្រើប្រាស់​វា។ ការទូទាត់​តាមរយៈ QR កូដ គឺជា​ទម្រង់​ទូទាត់​ប្រាក់​ដែល​ពេញនិយម​បំផុត​ដែល​ស្ថិតនៅ​លំដាប់​ទី​ពីរ​នៅក្នុង​ចំណោម​ជម្រើស​នៃ​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ទាំងអស់ ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប នឹង​ហាង​លក់ទំនិញ។

    អ្នកប្រើប្រាស់ បានបង្ហាញ​ពី​ទំនោរ​ចិត្ត​លើ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ ព្រោះ​វា​ជា​ជម្រើស​ដ៏​ល្អ​ដែលមាន​បញ្ចូល​មុខងារ​ទូទាត់​ប្រាក់​ភ្ជាប់​ជាមួយ។ ធនាគារ​ឌីជីថល ក៏បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​បែប​ប្រពៃណី​ផងដែរ ខណៈដែល ៦០ភាគរយ នៃ​អ្នកប្រើប្រាស់​ឥឡូវនេះ ប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត នឹង​បាន​កោតសរសើរ​ដល់​សុវត្ថិភាព​នៃ​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ (មាន​ប្រមាណ ៥១%) ព្រមទាំង​អត្ថប្រយោជន៍​សុខភាព​ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ (មាន​ប្រមាណ ៥០%) ។

    អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្ថែមទៀតថា៖ “អ្នកប្រើប្រាស់​ជឿជាក់ថា កម្ពុជា​នឹង​ក្លាយជា​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ ដោយ​មិន​គិតពី​ផល​នៃ​ការប៉ះទង្គិច​នៃ​មេរោគ COVID-19។ ក្រុមហ៊ុន Visa មាន​សេចក្តី​រីករាយ​ក្នុងការ​គាំទ្រ​ដល់​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ សម្រាប់​ទទួលយក​ការផ្លាស់ប្តូរ​នេះ រួម​ជាមួយនឹង​សេវាកម្ម​ទូទាត់​ប្រាក់​ឈានមុខ​គេ​នៅក្នុង​ពិភពលោក ស្រប​នឹង​ការយល់ដឹង​កាន់តែច្បាស់​អំពី​ទីផ្សារ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​សម្រប​ខ្លួន ព្រមទាំង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នានា”៕

    ###

    អំពី​ក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង៖

    កញ្ញា ត្រាង ង្វៀន (Trang Nguyen)                            កញ្ញា គ្រី សុ​វណ្ណា​រី

    Head of Corporate Communications                         ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

    Visa Vietnam, Cambodia and Laos                           តំណាង​ក្រុមហ៊ុន Visa Inc.

    ទូរស័ព្ទ ៖ +84 902 831 891                                        ទូរស័ព្ទ ៖ +855 11733368

    អ៊ី​ម៉ែ​ល៖ [email protected]                               អ៊ី​ម៉ែ​ល៖ [email protected]

    [1] The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2021, surveyed amongst 6,520 consumers in Singapore, Philippines, Malaysia, Indonesia, Thailand, Vietnam, and Cambodia.

  • កងទ័ព​​រុស្ស៊ី ប្រើប្រាស់​គ្រាប់កាំភ្លើង​ត្បាល់​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​ធំ​បំផុត​ក្នុង​ពិភពលោក នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​​រុស្ស៊ី ប្រើប្រាស់​គ្រាប់កាំភ្លើង​ត្បាល់​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​ធំ​បំផុត​ក្នុង​ពិភពលោក នៅ អ៊ុយ​ក្រែ​ន

    កងកម្លាំង​របស់​ ប្រទេស​​រុស្ស៊ី ទំនងជា​កំពុងតែ​ប្រើប្រាស់​កាំភ្លើងត្បាល់ ២S៤ Tyulpan បាញ់​គ្រាប់កាំភ្លើង​ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ Smelchak ដើម្បី​វាយប្រហារ​លើ​រោងចក្រ Azovstal នៅ​ទីក្រុង​ភាគ​ត្បូង Mriupol របស់ អ៊ុយក្រែន។

    គណនី 200_zoka នៅលើ​បណ្ដាញ​សង្គម​ Twitter ដែលមាន​ជំនាញ​ខាង​បង្ហោះ​ឯកសារ​ស្ដីពី​កងទ័ព​របស់ រុស្ស៊ី ដែល​កំពុង​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ចែករំលែក​​រូបភាព​កាំភ្លើងត្បាល់​ចល័ត ២S៤ Tyulpan កំពុងតែ​បាញ់​ផ្លោង​ទៅលើ​គោលដៅ​រោងចក្រ​ផលិត​ដែកថែប Azovstal នៅ​ទីក្រុង​ភាគខាងត្បូង Mariupol។ ក៏ប៉ុន្តែ ពេលវេលា​នៃ​ការបាញ់​ផ្លោង​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

    ក្នុង​រូបថត គ្រាប់កាំភ្លើង​ត្បាល់​ទើបតែ​ចាក​ចេញពី​កាណុង ២S៤ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ទីវាល​មួយកន្លែង។ ក្រុម​អ្នកជំនាញ​យល់ថា គ្រាប់កាំភ្លើង​ក្នុង​រូបភាព​នេះ​គឺជា ១K១១៣ Smelchak ដែល​ត្រូវបាន​នាំ​ផ្លូវ​ដោយ​ពន្លឺ​ឡាស៊ែរ។

    ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ចំពោះ​ការលើកឡើង​ខាងលើ។

    ២S៤ Tyulpan គឺជា​ប្រព័ន្ធ​កាំភ្លើងត្បាល់​ចល័ត​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «មហាទេព​នៃ​សង្គ្រាម» មួយ របស់ សូ​វៀត ដែល​ត្រូវ​បានដាក់​ឱ្យប្រើ​ប​ប្រាស់​ក្នុង​ជួរ​កងទ័ព​ក្នុងអំឡុង​ទសវត្សរ៍ ១៩៧០។

  • ណា​តូ ថា អ៊ុយ​ក្រែ​ន អាច​ឈ្នះ រុស្ស៊ី

    ណា​តូ ថា អ៊ុយ​ក្រែ​ន អាច​ឈ្នះ រុស្ស៊ី

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុង​កើតឡើង​មិន​ទៅតាម​ការគ្រោងទុក និង​យល់ថា ទីក្រុង​កៀវ នឹងមាន​ប្រៀប​ជាង។

    «យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កើតឡើង​មិន​ដូច​ទៅនឹង​ផែនការ​របស់ ទីក្រុង​មូ​ស្គូ។ ពួកគេ​មិនអាច​គ្រប់គ្រង​ទីក្រុង​កៀវ ពួកគេ​កំពុង​ដកថយ​ចេញពី Kharkov ហើយ​ការ​រុលចូល​នៅ Donbass ត្រូវ​ពន្យារពេល។ រុស្ស៊ី មិនអាច​សម្រេចបាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​ពួកគេ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ​យោធា​នេះ កាលពី​ថ្ងៃទី ១៥ ឧសភា។

    យោងតាម​លោក Stoltenberg ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​ខាងលើ​គឺ «ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ អ៊ុយ​ក្រែ​ន» ការបង្កើន​លទ្ធភាព​នៃ​ការ​កំញើញ និងការ​​ការពារ​របស់ ណា​តូ ក៏ដូចជា​ផលប៉ះពាល់​យូរ​អ​ង្វែ​រដែ​ល​កើត​ពី​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី ក្នុងនោះ​ក៏មាន​គោលជំហរ​នា​ពេល​អនាគត​របស់​សម្ព័ន្ធ​យោធា​ណាតូ​ ចំពោះ ប្រទេស​រុស្ស៊ី ផងដែរ។

    លោក Stoltenberg បន្តថា «អ៊ុយ​ក្រែ​ន អាច​ឈ្នះ។ ជនជាតិ​អ៊ុយ​ក្រែ​ន កំពុងមាន​ភាពក្លាហាន​ក្នុងការ​ការពារ​ស្រុកកំណើត​របស់​ពួកគេ»។ លោក​បន្ថែមថា ប្រភព​ផ្គត់ផ្គង់​អាវុធ និង​ជំនួយ​ពី​បណ្ដា​ប្រទេស កំពុង «ធ្វើឱ្យមាន​ភាពខុសគ្នា​នៅលើ​សមរភូមិ» ដូច្នេះ​សម្ព័ន្ធមិត្ត​គួរ​បន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន។

    ចំណែក​ភាគី​ខាង រុស្ស៊ី វិញ បាន​អះអាងថា កំពុង​សម្រេចបាន​គ្រប់​គោលដៅ​នៅ អ៊ុយ​ក្រែ​ន ហើយ​ថា នឹងមិន​ប្ដូរផ្លាស់​នូវ​ដំណើរ​ការដែល​បានកំណត់។ នៅក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ១៤ ឧសភា ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ សហរដ្ឋ​អាម៉េរិក Anatoly Antonov សង្កត់ធ្ងន់ថា «យើង​នឹងមិន​ចុះចាញ់ ឬ​ដកថយ​ជាដាច់ខាត»។