Author: សឿន សំណាង

  • តំណាងរាស្ត្រ​រុស្ស៊ី ស្នើឱ្យ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប

    តំណាងរាស្ត្រ​រុស្ស៊ី ស្នើឱ្យ​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប

    តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Klintsevich និយាយថា រុស្ស៊ី គួរតែ​កម្ទេច​មូលដ្ឋាន​ទ័ព​អាម៉េរិក បន្ទាប់ពី​ប្រទេស​នេះ​ប្រកាស​ផ្ដល់​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS ឱ្យ អ៊ុយ​ក្រែ​ន។

    ក្នុង​វីដេអូ​ដែល​ដកស្រង់​ពី​កម្មវិធី​ទូរទស្សន៍​របស់ រុស្ស៊ី បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ២ មិថុនា តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Frant Klintsevich និយាយថា «ដល់ពេល​ដែល​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​ដើម្បី​ព្រមាន​ចំពោះ​ពួកគេ ទាក់ទិន​នឹង​ការផ្ដល់​ប្រព័ន្ធ​ដូចនេះ» ចង់​សំដៅលើ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង M១៤២ (HIMARS) ដែល សហរដ្ឋ​អាម៉េរិក ប្រកាសថា​នឹង​បញ្ជូនទៅឱ្យ អ៊ុយ​ក្រែ​ន។

    យោងតាម​លោក Frant Klintsevich រុស្ស៊ី ត្រូវការ​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ និង​បាញ់​ចាំ​គោលដៅ​កម្រិត​ខ្ពស់ ដើម្បី​វាយប្រហារ​លើ​ទីតាំង​ប្រគល់ និង​ទទួល​អាវុធ ដើម្បី​ជាការ​ព្រមាន។ «ដល់​ពេលដែល​ត្រូវកម្ទេច​បណ្ដា​មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប» លោក Frant Klintsevich និយាយ​ដូច្នេះ និង​បន្ថែមថា «នេះ​គឺជា​យោបល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ។ រុស្ស៊ី ត្រូវ​ការធ្វើ​ដូច្នេះ បើសិនជា​មិនមាន​អ្នកណា​ស្ដាប់​យើង ហើយ​ជនជាតិ​រុស្ស៊ី ត្រូវបាន​គំរាមកំហែង​នៅលើ​ទឹកដី​របស់ខ្លួន»។

    លោក Frant Klintsevich ឱ្យដឹងថា សូ​វៀត ធ្លាប់បាន​បាញ់​ទម្លាក់​យន្តហោះ​អាម៉េរិក រហូតដល់ ១,២៧០ គ្រឿង​នៅក្នុង​សង្គ្រាម​កូរ៉េ ពី​ឆ្នាំ ១៩៥០ ដល់ ១៩៥៣ បើទោះជា​ពេលនោះ​ប្រទេស​ទាំងពីរ​មិនមាន​សង្គ្រាម​នឹង​គ្នា។

    ការលើកឡើង​របស់លោក Frant Klintsevich ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អាម៉េរិក ប្រកាសថា នឹង​ដឹក​កាំជ្រួច​ហ្វូង HIMARS ដែល​បាញ់​បាន​ចម្ងាយ ៨០ គីឡូម៉ែត្រ ទៅឱ្យ អ៊ុយ​ក្រែ​ន។ កាលពី​ថ្ងៃទី ២ មិថុនា ទីក្រុង​កៀវ បាន​សន្យាថា នឹងមិន​ប្រើប្រាស់​អាវុធ​នេះ​ដើម្បី​វាយប្រហារ​លើ​គោលដៅ​ក្នុង​ទឹកដី​របស់ រុស្ស៊ី ឡើយ។

    ចំណែក រុស្ស៊ី វិញ កន្លងមក​ក៏​ធ្លាប់​អះអាងថា ការដែល​បស្ចិម​លោក​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ឱ្យ អ៊ុយ​ក្រែ​ន នឹង​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​កាន់តែ​យូរ។

    សហរដ្ឋ​អាម៉េរិក រក្សា​កម្លាំង​របស់ខ្លួន​យ៉ាងច្រើន​នៅ អឺរ៉ុប ក្នុងនោះ​មាន​មូលដ្ឋានទ័ព​ចំនួន ១១៩ កន្លែង​នៅ អាល្លឺម៉ង់ (គិត​ត្រឹម​ឆ្នាំ ២០២១)។ មូលដ្ឋានទ័ព​អាម៉េរិក ដែល​ធំជាងគេ​បង្អស់​នៅ អាល្លឺម៉ង់ គឺ មូលដ្ឋាន​ទ័ពអាកាស Ramstein ដោយមាន​ទំហំ ១២ គីឡូម៉ែត្រ​ក្រឡា។

    ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ដែល អាម៉េរិក ដាក់​មូលដ្ឋានទ័ព គឺជា​សមាជិក អង្គការ​ណា​តូ។ បើសិនជា រុស្ស៊ី វាយប្រហារ​លើ មូលដ្ឋានទ័ព​អាម៉េរិក នៅ អឺរ៉ុប នោះ​មានន័យថា ណា​តូ មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​មាត្រា​នៃ​កិច្ចព្រមព្រៀង​ការពារ​គ្នា​របស់​សម្ព័ន្ធ​យោធា​នេះ។

  • ទិដ្ឋភាព​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ​របស់​មហាក្សត្រិយានី​អង់គ្លេស

    ទិដ្ឋភាព​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ​របស់​មហាក្សត្រិយានី​អង់គ្លេស

    នៅក្នុង​ពិធី​ព្យុហយាត្រា រំលឹក​ខួប​នៃ​ការ​គ្រង​រាជ ៧០ ឆ្នាំ​របស់ មហាក្សត្រិយានី​អង់គ្លេស កងទ័ព​អង់គ្លេស បញ្ចេញ​ទាហាន ១,៤០០ នាក់ និង សេះ​ប្រយុទ្ធ ២០០ ក្បាល។

    ព្យុហយាត្រា​នេះ​ត្រូវបាន​ធ្វើឡើង​នៅខាងមុខ​រាជវាំង Buckingham នា​ថ្ងៃនេះ ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​រំលឹក​ខួប​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រី Elizabeth ទី​ពីរ របស់ ចក្រភព​អង់គ្លេស។

    មហាក្សត្រី Elizabeth ទីពីរ របស់ ចក្រភពអង់គ្លេស
  • អាល្លឺម៉ង់ សន្យា​ផ្តល់ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ

    អាល្លឺម៉ង់ សន្យា​ផ្តល់ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ

    កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហ​ប្រតិ​ប​តិ្ត​ការ រវាង កម្ពុជា និង អាល្លឺម៉ង់ ត្រូវបាន​ចុះហត្ថលេខា​រួចហើយ ដោយ​ក្នុងនោះ អាល្លឺម៉ង់ សន្យា​ផ្តល់​ឥណទាន សម្បទាន​ជាថ្មី ចំនួន ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ​លើក​ទី២ ដែល​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ ខេត្តសៀមរាប។

    ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​រប​ស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២២។

    កន្លងមក អាល្លឺម៉ង់ ក៏​ធ្លាប់​បានផ្តល់​ឥណទាន​ស​ម្ប​ទាន ប្រមាណ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា លើក​ទី១ សម្រាប់​គម្រោង​ខាងលើ កាលពី​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២០ អាល្លឺម៉ង់ ក៏បានផ្តល់ ៣០ លាន​អឺរ៉ូ ទៀត ដល់ កម្ពុជា សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ។

    លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតរបស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែឧសភា ឆ្នាំ ២០២២

    គិត​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ដំណាច់ឆ្នាំ ២០២១ អាល្លឺម៉ង់ បានផ្តល់​ហិរញប្បទាន​សហប្រតិបត្តិកា​រ ដល់ កម្ពុជា សរុប​ប្រហែល ៧២០ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន ហិរញ្ញប្បទាន​ឥត​សំណង ប្រហែល ៦៥០ លាន​ដុល្លារ និង​ឥណទាន​សម្បទាន ប្រហែល ៧០ លាន​ដុល្លារ​អាម៉េរិក។

  • កូនជ្រូក​ដែល​កើត​ពី​ការបន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​ទាំងស្រុង មាន​សុខ​ភាពល្អ! អ្នកវិទ្យាសាស្ត្រ​ថា ជារឿង​ «ជោគជ័យ»

    កូនជ្រូក​ដែល​កើត​ពី​ការបន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​ទាំងស្រុង មាន​សុខ​ភាពល្អ! អ្នកវិទ្យាសាស្ត្រ​ថា ជារឿង​ «ជោគជ័យ»

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ថ្មីៗនេះ បាន​អភិវឌ្ឍ​យន្តការ​បន្ត​ពូជ​ជ្រូក​តាមបែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង​តាមរយៈ​ការប្រើប្រាស់​រ៉ូ​បូត ដែល​នេះ​អាចជួយ​ឱ្យ​ប្រទេស​ដែល​បរិភោគ​សាច់ជ្រូក​ច្រើនជាងគេ​ក្នុង​ពិភពលោក កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពូជ​ជ្រូក​នាំចូល។

    យោងតាម​សារព័ត៌មាន​ចិន ក្រុម​អ្នកស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Zhao Xin នៃ​សាកលវិទ្យាល័យ Nankai រួម​នឹង​វិទ្យាស្ថាន​បសុសត្វ និង​បសុពេទ្យ នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម Tianjin បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​យន្តការ​បន្ត​ពូជ​ជ្រូក​បែប​សិប្បនិម្មិត និង​ស្វ័យប្រវត្តិ​ទាំងស្រុង ដោយ​ការប្រើប្រាស់​រ៉ូ​បូត និង​បាន «បន្ត​ពូជ» ដោយ​ជោគជ័យ​ទៅលើ​សត្វ​ជ្រូក Landrace ចំនួន ៧ ក្បាល កាលពី​ថ្ងៃទី ៣១ មីនា ២០២២។

    ជ្រូក​មេ​ធម្មតា​មួយ​ក្បាល​បាន «ពពោះ​ជំនួស» ក្នុង​រយៈពេល ១១០ ថ្ងៃ ហើយ​បង្កើតបាន​កូនជ្រូក ៧ ក្បាល។ ទាំងនេះ​គឺជា​កូនជ្រូក​ដែល​ត្រូវបាន​បន្ត​ពូជ​ដោយ​ស្វ័យប្រវត្តិ និង​ដោយ​មិនត្រូវ​ការ​ឈ្មោល​ដំបូង​គេ​ក្នុង​ពិភពលោក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា ចំនួន​កូនជ្រូក​ក្នុង​មួយ​សម្បុក​ដែល​ជ្រូក​មេ «ពពោះ​ជំនួស» ដោយ​យន្តការ​ស្វ័យប្រវត្តិ​បាន​បង្កើត បាន​កើន​ដល់ ៨ ក្បាល ស្មើនឹង​ជាង ៦០% ធៀប​នឹង​មធ្យមភាគ​មិន​ដល់ ៥ ក្បាល​ក្នុង ១ សម្បុក​ដែល​បង្កើត​ដោយ​ការបន្ត​ពូជ​សិប្បនិម្មិត​ធម្មតា។

    ជ្រូក​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ​សម្បុក​ដំបូង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ បច្ចុប្បន្ន​ត្រូវបាន​ដាក់ឱ្យ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន។ ៩ ក្នុងចំណោម​កូនជ្រូក ១៣ ក្បាល ដែល​បង្កើត​ដោយ​យន្តការ​បន្ត​ពូជ​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្តិ មាន​សុខ​ភាពល្អ និង​ត្រូវបាន​រក្សា​ទុកជា​ជ្រូក​ពូជ ដែល​នេះ​បង្ហាញថា អត្រា​ជ្រើសរើស​ពូជ​ដែល​សម្រេចបាន​គឺ​កើន​ដល់ ៦៩% ខ្ពស់ជាង​ទ្វេដង ធៀប​នឹង​អត្រា ៣៥% នៃ​ការ​រក្សាទុក​ជ្រូក​ពូជ​ធម្មតា។

  • ប្រធានាធិបតី​នៅ អាស៊ីអាគ្នេយ៍ ត្រលប់​​​ទៅ​​រក​​ការ​ងារ​​ជា​​គ្រូប​ង្រៀន​​វិញ ​ក្រោយ​ពី​​ចប់​​អាណត្តិ

    ប្រធានាធិបតី​នៅ អាស៊ីអាគ្នេយ៍ ត្រលប់​​​ទៅ​​រក​​ការ​ងារ​​ជា​​គ្រូប​ង្រៀន​​វិញ ​ក្រោយ​ពី​​ចប់​​អាណត្តិ

    ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Rodrigo Duterte ទើបតែ​បាន​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​ការងារ​ដែល​លោក​នឹងធ្វើ​បន្ទាប់ពី​ចប់​អាណត្តិ​ប្រធានាធិបតី។ លោក Duterte នឹង​ធ្វើជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ប៉ូលិស​ក្នុង​ទីក្រុង Davao ដែលជា​ស្រុកកំណើត​របស់លោក។

    ព័ត៌មាន​នេះ កន្លងមក​ធ្លាប់​ត្រូវបាន​លើកឡើង​ដោយ​ជំនួយការ​ប្រធានាធិបតី ប៉ុន្តែ​មិនទាន់​និយាយ​ច្បាស់​ថា លោក Duterte នឹង​បង្រៀន​មុខវិជ្ជា​អ្វី និង​នៅទីណា។ នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អត្ត​ព​លិ​ក​ហ្វ៊ី​លី​ពី​ន ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ SEA Games លើក​ទី ៣១ នៅ វៀតណាម ប្រធានាធិបតី Duterte ថ្លែងថា «ខ្ញុំ​នឹង​វិល​ត្រលប់​ទៅរក​ការងារ​ជា​គ្រូបង្រៀន។ ខ្ញុំ​ធ្លាប់ជា​សាស្ត្រាចារ្យ​ក្រៅ​ម៉ោង​នៅ វិទ្យាស្ថាន​ប៉ូលិស​មួយ នៅ​ទីក្រុង Davao។ ខ្ញុំ​កំពុង​រៀប​គម្រោង​វិល​ទៅរក​ការងារ​នេះ នៅពេល​ចប់​អាណត្តិ​ប្រធានាធិបតី ដើម្បី​បង្រៀន​មុខវិជ្ជា​ច្បាប់ព្រហ្មទណ្ឌ និង​រឿងក្ដី​ព្រហ្មទណ្ឌ»។

    ប្រធានាធិបតីហ្វ៊ីលីពីន លោក Rodrigo Duterte

    លោក Duterte ធ្លាប់ជា​រដ្ឋអាជ្ញា​តុលាការ​នៅ Davao មុនពេល​ឈាន​ជើង​ចូល​វិស័យ​នយោបាយ​ក្នុងនាម​ជា​អភិបាលរងក្រុង។

    អាណត្តិ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន របស់ លោក Duterte នឹងត្រូវ​ចប់​នៅ​ថ្ងៃទី ៣០ មិថុនា​ខាងមុខ។ ប្រធានាធិបតី​ជាប់ឆ្នោត​បន្ត​គឺ Ferdinand Marcos Jr ក៏​នឹងត្រូវ​ឡើងកាន់តំណែង​នេះ​នៅក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ។

  • ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន ផលិត​នៅ ប្រទេស​វៀតណាម

    ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន ផលិត​នៅ ប្រទេស​វៀតណាម

    ម៉ូ​ដែល​មួយចំនួន​នៃ​ទូរស័ព្ទ​ឆ្លាត​វៃ​របស់ ក្រុមហ៊ុន​ចិន Xiaomi នឹង​ក្លាយជា​ផលិតផល «made in Vietnam» ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍។

    ឡូ​ទូរស័ព្ទ «made in Vietnam» ដំបូង​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ឃ្លាំង​របស់​អ្នក​ចែកចាយ Digiworld នេះ​បើតាម​ប្រកាស​របស់​ក្រុមហ៊ុន Xiaomi កាលពី​ថ្ងៃទី ៣១ ឧសភា។ នេះ​គឺជា​ផលិតផល​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង ក្រុមហ៊ុន​ចិន Xiaomi និង DBG Technology ដែលមាន​រោងចក្រ​នៅ​ខេត្ត Thai Nguyen ភាគ​ខាងជើង​នៃ ប្រទេស​វៀតណាម។

    យោងតាម Xiaomi Vietnam ក្រុមហ៊ុន DBG Technology ដើរតួនាទី​ជា​ប្រតិបត្តិ​ករ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ Xiaomi Vietnam។ រោងចក្រ DBG Technology ដំណើរការ​ចាប់ពី​ខែមិថុនា​ឆ្នាំ​កន្លង ដោយ​ទទួលខុសត្រូវ​ក្នុងការ​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​របស់ វៀតណាម និង​នាំចេញ​ទៅកាន់​ទីផ្សារ អាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី និង ថៃ ជាដើម។

    តំណាង​របស់ Xiaomi ឱ្យដឹងថា រោងចក្រ​ខាងលើ​ផលិត​តែ​ម៉ូ​ដែល​មួយចំនួន​របស់​ទូរស័ព្ទ Xiaomi តែប៉ុណ្ណោះ។

    ក្រុមហ៊ុន​វិភាគ​ទីផ្សារ​បច្ចេកវិទ្យា Canalys បានឱ្យដឹងថា Xiaomi គឺជា​ស្មា​ត​ហ្វូ​ន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ស្ដីពី​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន​ផ្គត់ផ្គង់​ច្រើនជាងគេ​នៅ វៀតណាម នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំនេះ។

    មុន​នោះ ទូរស័ព្ទ Xiaomi ភាគច្រើន​ត្រូវបាន​ផលិត​នៅក្នុង ប្រទេស​ចិន និង ឥណ្ឌា។ ខុសពី Samsung ដែលមាន​រោងចក្រ​ផ្ទាល់ខ្លួន ក្រុមហ៊ុន Xiaomi តែងតែ​ដំឡើង​ទូរស័ព្ទ​របស់ខ្លួន​តាម​រយៈ​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ ដូចជា Foxcom, DBG, BYD, Flex ជាដើម ដូច​ទៅនឹង​វិធី​ដែល​ក្រុមហ៊ុន Apple កំពុង​ធ្វើ​នាបច្ចុប្បន្ន។

  • អង់គ្លេស បញ្ជាក់ថា ជំងឺ​អុត​ស្វា (monkeypox) ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស

    អង់គ្លេស បញ្ជាក់ថា ជំងឺ​អុត​ស្វា (monkeypox) ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស

    ស្ថាប័ន​សន្តិសុខ​សុខាភិបាល​អង់គ្លេស (UKHSA) កាលពី​ថ្ងៃទី ០១ មិថុនា បានឱ្យដឹងថា ជំងឺ​អុត​ស្វា​ពិតជា​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

    យោងតាម Reuters វីរុស​ដែល​តែង​បង្ក​ជា​ជំងឺ​រាតត្បាត​នៅ អាហ្វ្រិក​ខាងលិច និង អាហ្វ្រិក​កណ្ដាល នេះ ត្រូវបាន​គេ​ជឿថា អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាមរយៈ​ការប៉ះពាល់។ កាលពីដើម​ខែឧសភា ករណី​ឆ្លង​ជំងឺ​អុត​ស្វា ត្រូវបាន​រកឃើញ​នៅ​ខាងក្រៅ​ដែនដី​នៃ ទ្វីបអាហ្វ្រិក។

    «ការផ្ទុះ​ឆ្លង​ជំងឺ​នាបច្ចុប្បន្ន គឺជា​សញ្ញា​ដំបូង​បង្ហាញថា វីរុស​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅក្នុង ប្រទេស​អង់គ្លេស ក្នុង​ស្ថានការណ៍​ដែល​ទំនាក់ទំនង​រវាង​បណ្ដា​ករណី​ឆ្លង និង​ការ​ដើរហើរ​ទៅកាន់​ប្រទេស​ណាមួយ​ដែលមាន​ជំងឺ​នេះ នៅតែ​មិនទាន់​ត្រូវបាន​គេ​ដឹង» UKHSA ប្រកាស​ដូច្នេះ។

    UKHSA ឱ្យដឹងថា ភាគច្រើន​នៃ​ករណី​ឆ្លង​នៅ អង់គ្លេស (១៣២ ករណី) ត្រូវបាន​រកឃើញ​នៅ ទីក្រុង​ឡុង​ដ៍ ក្នុងនោះ ១១១ ករណី​គឺជា​មនុស្ស​ដែល​ស្ថិតក្នុង​សហគមន៍ LGBTQ (អ្នក​ដែលមាន​ភេទ​ពិសេស/ស្រលាញ់​ភេទ​ដូចគ្នា)។ គិត​មកដល់​បច្ចុប្បន្ន UKHSA រក​ឃើញតែ​ករណី​ឆ្លង​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​បណ្ដា​ក្លឹប​រាត្រី​សម្រាប់​មនុស្ស​ភេទ​ទី​បី បន្ទប់​ឆ្ពុង (ស្ទី​ម​សូ​ណា) និង​កម្មវិធី​ណាត់ជួប​លើ​ទូរស័ព្ទ នៅ អង់គ្លេស ក៏ដូចជា​នៅ​បរទេស​ប៉ុណ្ណោះ។

    អង់គ្លេស កំពុងតែ​ចាក់​វ៉ាក់សាំង Imvanex របស់​ក្រុមហ៊ុន Bavarian Nordic ដល់​ក្រុមមនុស្ស​ដែល​បាន​ប៉ះពាល់​ទៅនឹង​មនុស្ស​ដែល​ត្រូវបាន​បញ្ជាក់ថា មាន​ផ្ទុក ឬ​សង្ស័យថា​មាន​ផ្ទុក​វីរុស​អុត​ស្វា។

    បច្ចុប្បន្ន ករណី​ឆ្លង​ជំងឺ​អុត​ស្វា​បន្ត​កើនឡើង​នៅ​ខាងក្រៅ ទ្វីបអាហ្វ្រិក ដែល​ភាគច្រើន​នៅ អឺរ៉ុប។ ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​នេះ។

    ជំងឺ​អុត​ស្វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​លើ​មនុស្ស​កាលពី​ឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយ​ចាប់ពីពេលនោះ​មក ករណី​ឆ្លង​ស្ទើរតែ​ទាំងអស់​ត្រូវបាន​រកឃើញ​នៅ​តំបន់​ជនបទ និង​ព្រៃ​ត្រូ​ពិ​ក។ ប៉ុន្មាន​ទសវត្សរ៍​កន្លងមក មានតែ​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញ។ ក្រោយមក ក្នុង​ឆ្នាំ ២០១៧ មាន​ជាង ២,៨០០ ករណី​ត្រូវបាន​សង្ស័យថា​បាន​ឆ្លង​ជំងឺ​នេះ នៅក្នុង​ប្រទេស​ចំនួន ។ ឆ្នាំ ២០២០ ចំនួន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​អុត​ស្វា​បាន​កើន​ដល់​ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មាន​រហូតដល់ ៩៥%។ តួលេខ​នៃ​ករណី​សង្ស័យ​នេះ ក្រោយមក​បាន​ថយ​ចុះមក​នៅត្រឹម​ប្រហែល ៣,២០០ នាក់ ក្នុង​ឆ្នាំ ២០២១។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) ជំងឺ​អុត​ស្វា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ វីរុស​នេះ​ឆ្លង​នៅពេល​មនុស្ស​ប៉ះពាល់​គ្នា​យូរ​ជាមួយនឹង​របួស ធាតុ​រាវ​របស់​រាងកាយ តំណក់ទឹក​ផ្លូវដង្ហើម ឬ​ស​ម្ភ​រ​ដែលមាន​ផ្ទុក​វីរុស ដូចជា ភួយ​ខ្នើយ​ជាដើម។ អាការ​ដំបូង​នៃ​ជំងឺ​អុត​ស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ ឈឺ​ខ្នង និង​សាច់ដុំ ក្រោយមក​ក៏​ចេញ​ពងមាន​ខ្ទុះ​លើ​ស្បែក​នៅត្រង់​មុខ ដៃ និង​កន្លែង​ជាច្រើន​ទៀត​របស់​រាងកាយ។ រោង​សញ្ញា​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​រង្វង់​ពី ១ ទៅ ២ សប្ដាហ៍ រាប់​ចាប់ពី​ពេល​ឆ្លង​វីរុស។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០២ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០២ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០១ ខែ​មិថុនា ២០២២ កម្ពុជា ​​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​ ០១ នាក់, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

  • កិច្ចព្រមព្រៀង​ផ្ទេរ​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន របស់ អាល្លឺម៉ង់ និង ក្រិ​ក

    កិច្ចព្រមព្រៀង​ផ្ទេរ​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន របស់ អាល្លឺម៉ង់ និង ក្រិ​ក

    ប្រទេស​អាល្លឺម៉ង់ នឹង​ជញ្ជូន​រថក្រោះ IFV ឱ្យ ក្រិ​ក ដើម្បី ទីក្រុងអាថែន (Athens) អាច​ប្រគល់​អាវុធ​ជំនាន់ សូ​វៀត ឱ្យ អ៊ុយ​ក្រែ​ន។

    ទំព័រ EURACTIV.fr កាលពី​ថ្ងៃទី ០១ មិថុនា ឱ្យដឹងថា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Ola Scholz ប្រកាសថា បានសម្រេច​កិច្ចព្រមព្រៀង​មួយ​ជាមួយ ក្រិ​ក ដែល​អនុញ្ញាតឱ្យ​ផ្ទេរ​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។

    លោក Scholz បកស្រាយ​ថា ការផ្ដល់​ជំនួយ​ជា​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​វិធី «បណ្ដា​ប្រទេស​ដែលមាន​អាវុធ​ពី​ជំនាន់ សូ​វៀត» អាច​ប្រគល់​អាវុធ​របស់​ពួកគេ​ឱ្យ អ៊ុយ​ក្រែ​ន គឺ​ដូច​ទៅនឹង​កិច្ចព្រមព្រៀង​ដោះដូរ​ចង្វាក់​ផលិតកម្ម​ជាមួយ ឆែក។

    នាយករដ្ឋមន្ត្រី Scholz មិនបាន​លើកឡើង​ច្បាស់​អំពី​រថក្រោះ​ដែល ទីក្រុង​បែរ​ឡាំង នឹង​ប្រគល់ឱ្យ ក្រិ​ក ឬ​អាវុធ​ប្រភេទ​ណា​ដែល ទីក្រុង​អាថែន នឹង​ផ្ទេរ​ទៅឱ្យ ទីក្រុង​កៀវ ប៉ុន្តែ ឱ្យដឹងថា «ក្រសួងការពារជាតិរ​បស់​ប្រទេស​ទាំងពីរ​នេះ នឹង​ធ្វើការ​លម្អិត ហើយ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ឆាប់រហ័ស»។

    យោងតាម​ប្រភពព័ត៌មាន​ការពារជាតិ​មួយ ទីក្រុង​បែរ​ឡាំង មាន​គោលដៅ​ផ្ដល់​រថក្រោះ IFV Marder ចាស់ៗប្រហែល ១០០ គ្រឿង ទៅឱ្យ ក្រិ​ក។ ជំនួស​មកវិញ ទីក្រុង​អាថែន នឹង​ផ្ដល់​រថក្រោះ IFV BMP ប្រភេទ​សូ​វៀត ទៅឱ្យ អ៊ុយ​ក្រែ​ន។

  • អាម៉េរិក អាច​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បំពាក់អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ឱ្យ អ៊ុយ​ក្រែ​ន

    អាម៉េរិក អាច​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បំពាក់អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ឱ្យ អ៊ុយ​ក្រែ​ន

    អាជ្ញាធរ​របស់​ប្រធានាធិបតី បៃ​ដិ​ន គ្រោង​នឹង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) MQ-១C ចំនួន ៤ គ្រឿង ដែល​អាច​បំពាក់​មី​ស៊ី​ល Hellfire ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ត្រូវបាន​រារាំង​ដោយ សភា​អាម៉េរិក។

    រដ្ឋាភិបាល​អាម៉េរិក គ្រោង​នឹង​ប្រកាសប្រាប់ សភា​អាម៉េរិក អំពី​គម្រោង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ខ្នាត​មធ្យម MQ-១C Gray Eagle ចំនួន ៤ គ្រឿង ឱ្យ អ៊ុយ​ក្រែ​ន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ក៏ប៉ុន្តែ ការជួញដូរ​អាវុធ​នេះ​ទំនងជា​នឹងត្រូវ​បាន​រារាំង​នៅ​សភា ក៏ដូចជា​ប្រឈម​នឹង​ការលុបចោល​ព្រោះតែ​ការផ្លាស់ប្ដូរ​គោលនយោបាយ​នៅ​នាទីចុងក្រោយ នេះ​បើតាម​ប្រភពព័ត៌មាន​អនាមិក​ដែល​បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី ០១ មិថុនា។

    ថវិកា​សម្រាប់​ទិញ​យន្តហោះ និង​ការហ្វឹកហ្វឺន​ដល់​ទាហាន​របស់ អ៊ុយ​ក្រែ​ន នឹងត្រូវ​បាន​យក​ពី​កញ្ចប់​ជំនួយ​សន្តិសុខ ៤០ ពាន់​លាន​ដុល្លារ​ដែល សភា​អាម៉េរិក បាន​បែងចែក​ឱ្យ អ៊ុយ​ក្រែ​ន កាលពី​ខែ​កន្លង។ យន្តហោះ MQ-១C ១ គ្រឿង​មានតម្លៃ​ដើម​ប្រហែល​ជាង ២០ លាន​ដុល្លារ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ការចំណាយ​លើ​ការអភិវឌ្ឍ និង​បំពាក់អាវុធ។

    អ្នកនាំពាក្យ​របស់ សេត​វិមាន បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​អំពី​បញ្ហា​នេះ ខណៈដែល​អ្នកនាំពាក្យរ​បស់ មន្ទីរ​បញ្ចោ​កោណ ឱ្យដឹងថា «មិនមាន​អ្វី​ដែល​​ត្រូវ​ប្រកាស»។