Author: សឿន សំណាង

  • (វីដេអូ)-យន្តហោះ​ចម្បាំង​របស់ ចិន ធ្លាក់ចំ​ផ្ទះ​ប្រជាជន​នៅ​ខេត្ត Hubei បណ្ដាល​ឱ្យមនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់​

    (វីដេអូ)-យន្តហោះ​ចម្បាំង​របស់ ចិន ធ្លាក់ចំ​ផ្ទះ​ប្រជាជន​នៅ​ខេត្ត Hubei បណ្ដាល​ឱ្យមនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់​

    យន្តហោះ​ចម្បាំង J-៧ របស់ ប្រទេស​ចិន ធ្លាក់​ត្រង់​តំបន់​ប្រជុំជន​នៅក្នុង​ខេត្ត Hubei ក្នុងពេល​ហ្វឹកហាត់ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ២ នាក់​រងរបួស។

    ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង J-៧ បាន​ជួប​គ្រោះថ្នាក់​កាលពី​ព្រឹក​មិញ ពេល​កំពុង​ហ្វឹកហាត់​ហោះហើរ​នៅក្បែរ​ព្រលានយន្តហោះ Laohekou ក្នុង​ខេត្ត Hubei។

    រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ​នេះ​ត្រូវ​បាក់​បែកខ្ទេច​បន្ទាប់ពី​ធ្លាក់ចំ​តំបន់​ប្រជុំជន​ក្បែរ​ដងផ្លូវ បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ឆាបឆេះ។ អ្នកបើកបរ​បាន​ចុច​ឆត្រយោង​រំដោះខ្លួន​មុនពេល​យន្តហោះ​ធ្លាក់​ដល់​ដី ប៉ុន្តែ​ត្រូវ​រងរបួស​ធ្ងន់។

    CCTV ឱ្យដឹងថា អ្នកបើកបរ​យន្តហោះ​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។ សមត្ថកិច្ច​ក៏​បាន​ឱ្យ​ដឹង​ថា មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ រួម​នឹង​ចំនួន​អ្នក​ស្លាប់​ និង​រងរបួស​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត និង​តាម​ដាន​ជា​បន្ត​។

    នៅ ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៥ មាន​ករណី​ធ្លាក់​យន្តហោះ​យោធា ១ គ្រឿង ទៅលើ​ខ្នងភ្នំ ប៉ុន្តែ អ្នកបើកបរ​បាន​រួច​ពី​ការស្លាប់។ នៅ​ឆ្នាំ ២០១៣ អ្នកបើកបរ​យន្តហោះ​ចម្បាំង​ម្នាក់​របស់ ចិន ក៏បាន​បាត់បង់​ជីវិត​នៅពេល​យន្តហោះ​ធ្លាក់​នៅពេល​កំពុង​ហ្វឹកហាត់​ហោះហើរ​ពេលយប់៕

    https://www.youtube.com/watch?v=amjR1RPgY5I

  • ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ ចិន បង្ហើប​​អំពី​​កំណែ​​គំរូ​​តាក់​ស៊ី​​ហោះ​ ល្បឿន​ ៣០០​ គីឡូ​ម៉ែត្រ/​ម៉ោង

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ ចិន បង្ហើប​​អំពី​​កំណែ​​គំរូ​​តាក់​ស៊ី​​ហោះ​ ល្បឿន​ ៣០០​ គីឡូ​ម៉ែត្រ/​ម៉ោង

    កំណែ​គំរូ​តាក់ស៊ី​ហោះ​ដែលមាន​ទំហំ​ស្មើនឹង ១/២ នៃ​កំណែ​ពិត​របស់​ក្រុមហ៊ុន Pantuo Aviation សម្រេចបាន​នូវ​ការសាកល្បង​ស្ដីពី​រចនា​រូបរាង និង​ប្រព័ន្ធ​ហោះហើរ។

    ក្រុមហ៊ុន Pantuo Aviation បាន​បង្ហើប​ឱ្យដឹង​អំពី​រចនា​រូបរាង​របស់​តាក់ស៊ី​ហោះ Pantala Concept H កាលពី​ឆ្នាំ​កន្លង។ ពេលនេះ បន្ទាប់ពី​ការប្រឹងប្រែង​អភិវឌ្ឍ​អស់​រយៈពេល​មួយឆ្នាំ Pantuo Aviation ក៏បាន​បញ្ចេញ​វីដេអូ​ដំបូង​ស្ដីពី T១ ដែលជា​កំណែ​គំរូ​ដែលមាន​ទំហំ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ទំហំ​របស់ Pantala Concept H នេះ​បើតាម New Atlas ចេញផ្សាយ​កាលពី​ថ្ងៃទី ៧ មិថុនា។

    តាម​គម្រោង Pantala Concept H នឹងមាន​ល្បឿន ៣០០ គីឡូ​ម៉េ​ត្រ/ម៉ោង និង​ហោះ​បាន​រយៈ​ចម្ងាយ ២៥០ គីឡូម៉ែត្រ។ តាក់ស៊ី​ហោះ​នេះ​ប្រើប្រាស់​អគ្គិសនី​ទាំងស្រុង ដោយ​បំពាក់​ថ្ម lithium-ion និង​ប្រព័ន្ធ​កង្ហារ​ចំនួន ២២ គ្រឿង។ កង្ហារ​ទាំងអស់​របស់ Pantala Concept H នឹង​ផ្ដេកខ្លួន​នៅពេល​ងាក​ពី​ការហោះ​ឡើង​ត្រង់​ទៅរក​ការហោះ​ឆ្ពោះទៅមុខ។

    យោងតាម Pantuo Aviation ការប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ឆ្នាំ​កន្លង​បាន​នាំមក​នូវ​មូលដ្ឋាន​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ Pantala Concept H កំណែ​ពេញលេញ។ ក្រុមហ៊ុន​នេះ​ដាក់​គោលដៅ​យក​ឱ្យបាន​នូវ​វិញ្ញាបនបត្រ​ទទួលស្គាល់ ហើយ​ចាប់ផ្ដើម​ដំណើរការ​សេវាកម្ម​តាក់ស៊ី​ហោះ​របស់ខ្លួន​យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៧។

    ក្រៅពី Pantuo Aviation ក៏​នៅមាន​ក្រុមហ៊ុន​របស់ អាល្លឺម៉ង់ ចំនួន ២ គឺ Lilium និង Volocoter ដែល​សុទ្ធតែ​ប្រកាសថា​នឹង​ដំណើរការ​សេវា​តាក់ស៊ី​ហោះ​របស់ខ្លួន​នៅ​ឆ្នាំ ២០២៤។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ទីផ្សារ​តាក់ស៊ី​ហោះ​នឹងមាន​តម្លៃ​ឡើងដល់ ៦.៦៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣០។

  • រាជបុត្រី​នៃ​រាជវង្ស​ន័​រ​វែ​ស ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​អាម៉េរិក

    រាជបុត្រី​នៃ​រាជវង្ស​ន័​រ​វែ​ស ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​អាម៉េរិក

    រាជវាំង​ន័​រ​វែ​ស ប្រកាសថា ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា បាន​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​អាម៉េរិក ឈ្មោះ Durek Verret ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​គ្រូមន្តអាគម។

    «ព្រះមហាក្សត្រ និង​ព្រះ​អគ្គមហេសី ប្រទាន​ពរ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត សង្ឃឹមថា អ្នក​ទាំងពីរ​នឹង​ទទួលបាន​ប្រការល្អៗបំផុត​ក្នុង​អនាគត» រាជវាំង​ន័​រ​វែ​ស ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មិថុនា ជាការ​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា រាជបុត្រី Martha Louis បាន​ភ្ជាប់ពាក្យ។

    ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជា​រាជបុត្រី​របស់​មហាក្សត្រ Harald ឈរ​លំដាប់​ទី ៤ នៅក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ត្រូវ​ស្នង​រាជបល្ល័ង្ក ប៉ុន្តែ បាន​បោះបង់​តំណែង ឋានៈ និង​ភារកិច្ច​ជា​រាជវង្ស​ស្ទើរតែ​ទាំងអស់​ដើម្បី​ផ្ដោតលើ​សកម្មភាព​ផ្ទាល់ខ្លួន។ ព្រះ​នាង​គឺជា​មនុស្ស​ជឿ​លើ​រឿង​អ​បិ​យ​ជំនឿ និង​ធ្លាប់​ប្រកាសថា​អាច​ទំនាក់ទំនង​បាន​ជាមួយនឹង​ពពួក​ទេវតា។

    រាជបុត្រី​អង្គ​នេះ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ Durek Verret តាំងពី​ខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «គ្រូមន្តអាគម Durek» ធ្លាប់​ព្យាបាល​ជំងឺ​ឱ្យ​តារា​សម្ដែង​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

    ព្រះ​នាង Martha ធ្លាប់បាន​រៀប​អភិសេក​ជាមួយ​កំពូល​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស Ari Behn កាលពី​ឆ្នាំ ២០០២ និង​មាន​បុត្រី ៣ អង្គ​ជាមួយគ្នា។ អ្នក​ទាំង​ពីរបាន​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ហើយ​ក្រោយមក Ari Behn បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំ ២០១៩ ក្នុង​វ័យ ៤៧ ឆ្នាំ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៩ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០៩ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ០៨ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

  • អង្គការសហប្រជាជាតិ ថា «គ្រោះ​ទូរ​ភិ​ក្ស​អាក្រក់​បំផុត» នឹង​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    អង្គការសហប្រជាជាតិ ថា «គ្រោះ​ទូរ​ភិ​ក្ស​អាក្រក់​បំផុត» នឹង​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    (សហរដ្ឋ​អាម៉េរិក)-អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពិភពលោក អាច​រុញច្រាន​មនុស្ស ១.៦ ពាន់​លាន​នាក់​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​អាក្រក់​បំផុត។

    «ផលប៉ះពាល់​ពី​សង្គ្រាម​ទៅលើ​សន្តិសុខ​ស្បៀង ថាមពល និង​ហិរញ្ញវត្ថុ គឺជា​ឥទ្ធិពល​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្ងន់ធ្ងរ និង​កំពុងតែ​បង្កើនល្បឿន» អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres អធិប្បាយ​នៅក្នុង​របាយការណ៍​ស្ដីពី​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៨ មិថុនា។

    លោក Antonio Guterres និយាយថា សង្គ្រាម​នេះ​អាច​បណ្ដាលឱ្យមាន​គ្រោះ​អត់ឃ្លាន​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក និង​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាង​ច្របូកច្របល់​ទាក់ទង​នឹង​សេដ្ឋកិច្ចសង្គម។ «មាន​វិធី​តែមួយគត់​ដើម្បី​ទប់ស្កាត់​ព្យុះ​ដែល​កំពុងតែ​កកើតឡើង​នេះ នោះ​គឺ​ការបញ្ចប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន» លោក Antonio Guterres សង្កត់ធ្ងន់​ដូច្នេះ។

    មេដឹកនាំ​អង្គការ​ពិភពលោក​រូបនេះ ស្នើ​ឱ្យមាន​កិច្ចចរចា​ជា​កញ្ចប់​ដែល​អនុញ្ញាតឱ្យ​នាំចេញ​ស្បៀង​របស់ អ៊ុយ​ក្រែ​ន តាម​ច្រក​សមុទ្រ​ខ្មៅ និង​នាំចេញ​ស្បៀង និង​ជីរ​បស់ រុស្ស៊ី ដោយ​មិនមាន​ការរារាំង។

    របាយការណ៍​របស់ អង្គការសហប្រជាជាតិ ឱ្យដឹងថា ប្រទេស​ចំនួន ៩៤ ជាទី​ដែលមាន​មនុស្ស​រស់នៅ​ប្រហែល ១.៦ ពាន់​លាន​នាក់ រង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ស្បៀងអាហារ និង​ថាមពល។

    នៅ​ចុង​ឆ្នាំនេះ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន អាច​នឹង​ធ្វើឱ្យ​បាត់បង់​សន្តិសុខ​ស្បៀង បណ្ដាលឱ្យ​មនុស្ស​ជាង ៣២៣ លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់ ធៀប​នឹង ៤៧ លាន​នាក់​នាបច្ចុប្បន្ន។ ជនជាតិ​អាហ្វ្រិក​ប្រហែល ៥៨ លាន​នាក់​ទៀត អាច​នឹង​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​ក្នុងឆ្នាំនេះ។

    ស្ថានភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង អាច​កើន​ដល់ ២.៨ លាន​នាក់​នៅ​ឆ្នាំ ២០២២ ចំណែក ៥០០ លាន​នាក់​នៅ អាស៊ីអាគ្នេយ៍ ក៏​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​នេះដែរ។

    របាយការណ៍​ខាងលើ​បាន​លើកឡើងថា «ត្រូវតែ​អនុវត្ត​នូវ​កិច្ចប្រឹងប្រែង​ជាក់ស្ដែង​បន្ថែមទៀត​ដើម្បី​ធានាថា​ប្រភព​ផ្គត់​ផ្គង់ស្បៀង និង​ថាមពល បាន​ទៅ​ដល់ដៃ​អ្នក​ដែល​ងាយ​រង​ផលប៉ះពាល់​បំផុត»៕

  • ខេត្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ចង់​ធ្វើ​ប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី

    ខេត្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ចង់​ធ្វើ​ប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី

    អាជ្ញាធរ​ដែល​គាំទ្រ​ដោយ ទីក្រុង​មូ​ស្គូ នៅ​ខេត្ត Zaporizhzhia ប្រកាស​អំពី​គម្រោង​ធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ខេត្ត​នេះ​ទៅក្នុង សហព័ន្ធរុស្ស៊ី នៅ​ឆ្នាំនេះ។

    «ប្រជាជន​នឹង​សម្រេច​លើ​អនាគត​របស់​ខេត្ត Zaporizhzhia។ ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ជាមួយ រុស្ស៊ី នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំនេះ» Vladimir Rogov ដែលជា​មន្ត្រី​ម្នាក់​ត្រូវបាន រុស្ស៊ី គាំទ្រ នៅ​ខេត្ត Zaporizhzhia ភាគ​អាគ្នេយ៍​នៃ ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៨ មិថុនា។

    លោក Rogov អះអាងថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នឹងមាន​សុពលភាព​បើសិន​ប្រជាជន​ជាង ៥០% បោះឆ្នោត ដោយ​សង្កត់ធ្ងន់ថា នេះ​គឺជា​ឱកាស​ដើម្បី​លុបបំបាត់​ការកំណត់​ដែល អ៊ុយ​ក្រែ​ន បាន​អនុវត្ត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លងទៅ។

    រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​ខាងលើ ក្នុង​គ្រា​ដែល​មន្ត្រី​របស់ អ៊ុយ​ក្រែ​ន មួយរូប បាន​ទាត់ចោល​គម្រោង​ធ្វើ​ប្រជាមតិ និង​អះអាងថា ប្រជាជន​នៅ​មូលដ្ឋាន​នឹងមិន​បោះឆ្នោត​ស្ដីពី​បញ្ហា​ច្របាច់​បញ្ចូល​ទៅក្នុង ប្រទេស​រុស្ស៊ី ឡើយ។

    កងទ័ព​រុស្ស៊ី ដណ្ដើមបាន ២/៣ នៃ​ទឹកដី​របស់​ខេត្ត Zaporizhzhia ដែលមាន​ប្រជាជន​ប្រហែល ១.៦ លាន​នាក់​កំពុង​រស់នៅ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំជាងគេ​មួយ​នៅក្នុង​តំបន់​ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន។ ការដណ្ដើម​បាន​តំបន់​នេះ អនុញ្ញាតឱ្យ រុស្ស៊ី ឆ្ពោះទៅកាន់​ភាគ​កណ្ដាលរ​បស់ អ៊ុយ​ក្រែ​ន។

  • រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក សម្លាប់​មនុស្ស ១៧ នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស

    រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក សម្លាប់​មនុស្ស ១៧ នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស

    (អ៊ីរ៉ង់)-រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក និង​ជ្រុល​ទៅបុក​ត្រាក់ទ័រ​មួយគ្រឿង​ដែល​នៅក្បែរនោះ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៧ នាក់ និង​រាប់សិប​នាក់​រងរបួស។

    រថភ្លើង​ដឹក​អ្នកដំណើរ ៣៤៨ នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃទី ៨ មិថុនា នៅពេល​កំពុងធ្វើដំណើរ​ពី​ទីក្រុង Mashhad ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីរ៉ង់ ទៅកាន់​ទីក្រុង Yazd ដែល​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ។

    អ្នកនាំពាក្យ​អង្គភាព​សង្គ្រោះបន្ទាន់ Mojtaba Khaledi បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ថា «មនុស្ស ១៧ នាក់​បាន​ស្លាប់ និង ៣៧ នាក់​ក្នុងចំណោម​អ្នករងរបួស ៨៦ នាក់ ត្រូវ​ចូល​ពេទ្យ។ ចំនួន​អ្នកស្លាប់​អាច​កើនឡើង ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន»។

    Khaledi ឱ្យដឹងថា រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ២៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣ គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់​កន្លែងកើតហេតុ។

    អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៦ ក៏មាន​ករណី​គ្រោះថ្នាក់​រថភ្លើង​មួយ​កើតឡើង បន្ទាប់ពី​រថភ្លើង ២ ខ្សែ បាន​បុក​គ្នា និង​ឆាបឆេះ​នៅ​ភាគ​ខាងជើង​ប្រទេស បណ្ដាលឱ្យ​មនុស្ស ៤៤ នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់​រងរបួស ។ មេដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ផ្លូវដែក​របស់ អ៊ីរ៉ង់ ពេល​នោះបាន​លាលែង​ពី​តំណែង បន្ទាប់ពី​បុគ្គលិក ៤ នាក់​របស់លោក​ត្រូវបាន​ចាប់ខ្លួន។

  • ខាង​អគ្គិសនី​ធ្វើ​កូដកម្ម ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ

    ខាង​អគ្គិសនី​ធ្វើ​កូដកម្ម ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ

    បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹងធ្វើ​ឱ្យ​ស្ថានការណ៍​នៅ ស្រីលង្កា កាន់តែ​ស្មុគស្មាញ ក្នុង​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមកនេះ​មិនទាន់មាន​ច្រកចេញ។

    ប្រទេស​ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​ចាប់ពី​ព្រឹក​ថ្ងៃទី ៩ មិថុនា ដោយសារតែ​សហជីព​ក្នុង​វិស័យ​អគ្គិសនី​របស់​ប្រទេស​នេះ ប្រកាស​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល។

    សហជីព​អគ្គិសនី​ស្រីលង្កា បានឱ្យដឹងថា កូដកម្ម​នេះ​នឹងមិន​មានកំណត់​ពេល​ឡើយ។ បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹង​នាំឱ្យ​ស្ថានការណ៍​នៅ​ប្រទេស​កោះ​មួយ​នេះ​កាន់​ដុនដាប​ថែម​មួយកម្រិត​ទៀត ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រកឃើញ​ដំណោះស្រាយ​សមស្រប។

    យោងតាម​សហជីព​អគ្គិសនី​ស្រីលង្កា វិស្វករ​ប្រហែល ៩០០ នាក់ ក្នុងចំណោម ១,១០០ នាក់ របស់​ក្រុមហ៊ុន​អគ្គិសនី Ceylon ដែលជា​ស្ថាន​ប័ន​របស់​រដ្ឋ និង​ជា​អ្នក​ផលិត​អគ្គិសនី​ធំជាងគេ​នៅ ស្រីលង្កា បាន​ចុះឈ្មោះ​មិន​មក​ធ្វើការ​ក្នុង​ថ្ងៃទី ៩ មិថុនា។ ក្រុម​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ផ្នែក​ផលិត បញ្ជូន​ថាមពល និង​បែងចែក​អគ្គិសនី នឹង​ចាក​ចេញពី​កន្លែងធ្វើការ​នៅ​ពាក់​កណ្ដាលយប់។

    ស្រីលង្កា កំពុងតែ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​រាប់​ចាប់តាំងពី​ដណ្ដើមបាន​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨។ ប្រជាជន ២២ លាន​នាក់​របស់​ប្រទេស​នេះ​កំពុងតែ​ជួប​ការលំបាក​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ឧស្ម័ន ស្បៀងអាហារ ឱសថ និង​ទំនិញ​ចាំបាច់​ជាច្រើន​ផ្សេងទៀត។

    បញ្ហា​ដាច់​ភ្លើង​បានកើត​ឡើងជា​ញឹកញាប់​នៅ ស្រីលង្កា គិត​ចាប់ពី​ដើមឆ្នាំ​នេះ ព្រោះតែ​ខ្វះ​រូបិយប័ណ្ណ​អន្តរជាតិ​ដើម្បី​នាំចូល​ឧស្ម័ន​បម្រើ​ដល់​ការផលិត​អគ្គិសនី។

    បច្ចុប្បន្ន ស្ថានការណ៍​ដាច់​ភ្លើង​បាន​ប្រសើរឡើង​បន្តិច​ហើយដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ច្រើន ជួយ​ឱ្យ​បណ្ដា​រោងចក្រ​វា​រី​អគ្គិសនី​ដំណើរការបាន​រលូន​ជាង​មុន។ ក៏ប៉ុន្តែ បើសិន​កូដកម្ម​ក្នុង​វិស័យ​អគ្គិសនី​មិនត្រូវ​បាន​ដោះស្រាយ ស្រីលង្កា អាច​នឹង​ធ្លាក់​ទៅក្នុង​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​យូរអង្វែង​ជាថ្មី៕

  • ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មាន​ជើងហោះហើរ ភ្នំពេញ-បាងកក ជារៀង​រាល់​ថ្ងៃ

    ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត មាន​ជើងហោះហើរ ភ្នំពេញ-បាងកក ជារៀង​រាល់​ថ្ងៃ

    (បាងកក,០៣ មិថុនា​​ ២០២២) – ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបង្កើនជើងហោះហើរអន្តរជាតិរបស់ខ្លួន ភ្នំពេញ-បាងកក (សុវណ្ណភូមិ) ដោយបន្ថែមកាលវិភាគហោះហើរជាប្រចាំថ្ងៃ។ ​ដើម្បីឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរនៅទូទាំងពិភពលោក ក៏ដូចជាការដកចេញនូវវិធានការ ‘Test & Go’ នៅក្នុងប្រទេសថៃផងនោះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត នឹងបង្កើនជើង​ហោះ​ហើររបស់ខ្លួនដោយមាន​កាល​វិភាគ​ហោះ​ហើរ​រហូត​ទៅ​ដល់​ ២ ជើងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពី ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ ដែលនឹងភ្ជាប់ទំនាក់ទំនងប្រជាជន និងភ្ញៀវទេសចររវាងប្រទេសទាំងពីរជាមួយនឹងជម្រើសនៃការធ្វើដំណើរឱ្យកាន់តែភាពសម្បូរបែប និងងាយស្រួល។

    ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដែលមានកាលវិភាគត្រឹមតែមួយជើងក្នុងមួយថ្ងៃ (ជើងហោះហើរប្រចាំថ្ងៃ) ដោយបច្ចុប្បន្នថៃ វៀតចេតបានបង្កើនការហោះហើរ ២ ដងក្នុងមួយថ្ងៃ ដូចទៅតាមកាលវិភាគហោះហើរខាងក្រោម៖

    លេខហោះហើរប្រភពដើមគោលដៅការចេញដំណើរការមកដល់ថ្ងៃហោះហើរ
    VZ720បាងកកភ្នំពេញ08:3009:40ប្រចាំថ្ងៃ
    VZ721ភ្នំពេញបាងកក10:4011:55
    VZ722បាងកកភ្នំពេញ17:0518:15ប្រចាំថ្ងៃ(*ចាប់ពីថ្ងៃ 03 កក្កដា, 2022)
    VZ723ភ្នំពេញបាងកក19:1020:25

     

    លោក Woranate Laprabang, នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏មានប្រសាសន៍ផងដែរថា “ផ្នែកឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍កំពុងស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញបន្ទាប់ពីការអាក់ខានដោយសារជំងឺរាតត្បាត​កូវីដ-១៩។ សព្វថ្ងៃនេះ ប្រទេសជាច្រើនបានដកការរឹតបន្តឹងក្នុងការធ្វើដំណើរ ដោយបើកព្រំដែនរបស់ពួកគេឡើងវិញសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការស្តារទីផ្សារមួយនេះឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការការបើកដំណើរការឡើងវិញនៃជើងហោះហើរអន្តរជាតិរបស់យើង។ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២​ មក យើង​​បានបង្កើនជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ដោយផ្តល់ជូនប្រជាជន និងភ្ញៀវទេសចរ​ពីប្រទេសកម្ពុជា និងប្រទេសថៃ នូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាពរបស់យើងក្នុងតម្លៃសមរម្យ»។

    លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានសហការជាមួយមន្ទីរពេទ្យ Phyathai ដោយដាក់ចេញនូវកញ្ចប់ពិសេស ‘Buy 1 Get 1 Free’ ដែលរួមមានសេវាកម្មពិនិត្យសុខភាពដល់អតិថិជននៅមន្ទីរពេទ្យ  Phyathai និងសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃរបស់ក្រុម​ហ៊ុន ថៃ វៀតចេត ពី ភ្នំពេញ ទៅ បាងកក ដែល​ជួយ​សម្រួលដល់ភ្ញៀវទេសចរពី កម្ពុជា ទៅកាន់ ប្រទេសថៃ ក្នុងការធ្វើដំណើរ និងពិនិត្យសុខភាព។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ  http://skyfun.travel

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកដំណើរដែលចូលទៅកាន់ប្រទេសថៃមិនតម្រូវឱ្យមានវិញ្ញាបនបត្រធ្វើតេស្តិ៍កូវីដ-១៩ មុនពេលចូលប្រទេស ឬពេលមកដល់នោះទេ។  លើសពីនេះ អ្នកដំណើរមិនតម្រូវឱ្យធ្វើចត្តាឡីស័កពេលមកដល់  ដោយសារការដកចេញនូវវិធានការ ‘Test & Go’ ចាប់តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២មក។

    ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានផ្តល់នូវសេវាកម្មឈានមុខគេដល់អ្នកដំណើរប្រកបដោយ កម្រិតសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើដំណើរអំឡុងពេលការរីករាលដាលនៃជំងឺកូវិដ-១៩នេះ។ ក្រុមការងារអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការសម្លាប់មេរោគលើយន្តហោះទាំងអស់របស់ក្រុមហ៊ុនដោយអនុលោមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសថៃ ​​និងសេចក្តីណែនាំរបស់ CAAT ដើម្បីកាត់បន្ថយហានិភ័យដែលអាចប៉ះពាល់ទៅដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបុគ្គលិករបស់ក្រុមហ៊ុន។

    អំពីក្រុមហ៊ុន ថែវៀតចេត

    ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើសមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។

    ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុនកំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា “ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច” ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។

    បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុង​នោះ​រួម​មាន​ជើង​ហោះ​ហើរ​ពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៊ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់។

    សម្រាប់ព័ត៌មានបន្ថែម៖​ 012 33 00 22 ឬ www.vietjetair.com

  • សិង្ហ​បុរី រឹតបន្តឹង​សន្តិសុខ​ដើម្បី​ត្រៀម​ការពារ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ឆ្នាំ​ ២០២២ ដែល​នឹង​មាន​ប្រតិភូ​ជាង​ ៥០០ ក្រុម​ចូល​រួម​

    សិង្ហ​បុរី រឹតបន្តឹង​សន្តិសុខ​ដើម្បី​ត្រៀម​ការពារ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ឆ្នាំ​ ២០២២ ដែល​នឹង​មាន​ប្រតិភូ​ជាង​ ៥០០ ក្រុម​ចូល​រួម​

    រដ្ឋាភិបាល​សិង្ហ​បុរី ថ្មី ៗនេះ​បានឱ្យដឹងថា នឹង​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ដើម្បី​ធានា​ចរាចរណ៍​ឱ្យបាន​រលូន ក៏ដូចជា​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ដល់​ក្រុម​ប្រតិភូ​នានា​ដែល​នឹងចូលរួម ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La ២០២២។

    ក្រសួងការពារជាតិ​សិង្ហ​បុរី អះអាងថា នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​រៀប​ចំ និង​ដៃគូ​សហការ​នានា​ដើម្បី​រៀបចំ​វិធាន​ការធានា​សន្តិសុខ​ខ្ពស់បំផុត និង​ធ្វើការ​កែសម្រួល​ស្ថានការណ៍​នានា​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រតិភូ​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ។

    ទាហាន​រាប់ពាន់នាក់​របស់ សិង្ហ​បុរី ក៏ត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ដំឡើង​កាមេរ៉ា នៅ​ជុំវិញ​សណ្ឋាគារ IISS Shangri-La ២០២២ សម្រាប់​តាមដាន​រាល់​សភាពការណ៍​ដើម្បី​អាច​រកឃើញ និង​ទប់​ទល់នឹង​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​នៃ​ព្រឹត្តិការណ៍​នេះ។

    ប្រជាជន​សិង្ហ​បុរី ត្រូវបាន​ស្នើឱ្យ​ចៀស​ពី​បណ្ដា​ដងផ្លូវ​ដែល​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ មិថុនា ហើយ​ត្រូវគោរព​តាម​ការណែនាំ​របស់​ប៉ូលិស​នៅពេល​ចូលរួម​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្បែរ​តំបន់​សណ្ឋាគារ Shangri-La។

    ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La លើក​ទី ១៩ ឆ្នាំ ២០២២ ត្រូវបាន​រៀបចំ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ផ្អាក​ពីរ​ឆ្នាំ​ដោយសារ​កូ​វីដ-១៩។ ឆ្នាំនេះ Shangri-La គ្រោង​នឹង​ទទួល​ប្រតិភូ​ជាង ៥០០ ក្រុម មកពី​ប្រទេស និង​ដែនដី​ជិត ៥០ ក្នុង​ពិភពលោក។

    ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La គឺជា​វេទិកា​លំដាប់​កំពូល​ដែល​ពិភាក្សាគ្នា​អំពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក។ នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ធ្វើជា​វាគ្មិន​សំខាន់ ថ្លែង​សន្ទរកថាគន្លឹះៗនៅក្នុង​ថ្ងៃ​បើក​កិច្ចសន្ទនា។ ក្រៅពីនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក និង ចិន ក៏បាន​បញ្ជាក់ថា នឹងចូលរួម​កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី​ នេះ​។

    ចំណែក​ កម្ពុជា វិញ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ​ចូលរួម​កិច្ចសន្ទនា Shangri-La លើក​ទី ១៩ នេះផងដែរ៕