Author: សឿន សំណាង

  • Airbus គ្រោង​សាងសង់​រោងចក្រ​ផលិត​ផ្កាយរណប និង​ផ្ទះ​នៅក្រៅ​ផែនដី

    Airbus គ្រោង​សាងសង់​រោងចក្រ​ផលិត​ផ្កាយរណប និង​ផ្ទះ​នៅក្រៅ​ផែនដី

    ក្រុមហ៊ុន Airbus នឹង​បាញ់​បង្ហោះ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ​ដំបូង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅ​ឆ្នាំក្រោយ ដើម្បី​បើកផ្លូវ​សម្រាប់​គម្រោង​សាងសង់​រោងចក្រ​របស់​ខ្លួន​នៅក្នុង​ទី​អវកាស។

    ក្រុមហ៊ុន​អាកាសចរណ៍​អវកាស​អឺរ៉ុប Airbus នឹង​បញ្ជូន​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ ឡើងទៅ​កាន់​ស្ថានីយ​ ISS នៅ​ឆ្នាំ ២០២៣។ នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្កាយរណប​នៅលើ​គន្លង​គោចរ​ជុំវិញ​ផែនដី​របស់​ក្រុមហ៊ុន Airbus នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Space ចុះផ្សាយ​កាលពី​ថ្ងៃទី ៨ មិថុនា។

    ម៉ាស៊ីន​បោះ​ពុ​ម្ភ​ដែលមាន​ឈ្មោះថា Metal3D អាច​ដំណើរការ​ជាមួយ​លោហធាតុ​រាវ​ក្ដៅ​ដែលមាន​សីតុណ្ហភាព​ឡើងដល់ ១,២០០ អង្សា​សេ។ Metal3D នឹង​ក្លាយជា​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ​ដំបូង​គេ​នៅលើ ISS ដែល​អាច​អនុញ្ញាតឱ្យ​អវកាស​ចរ​បោះ​ពុ​ម្ភ​សម្ភារ​នានា​ដូចជា បន្ទះ​ស្កាត់​វិទ្យុសកម្ម។ល។ មុន​នោះ ក្រុមហ៊ុន​អាម៉េរិក Made In Space ក៏​ធ្លាប់បាន​នាំយក​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ឡើងទៅ​កាន់ ISS ប៉ុន្តែ ទាំងនោះ​មិនអាច​បោះ​ពុ​ម្ភ​លោហធាតុ។

    យោងតាម Airbus កំណែ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ក្នុងពេល​អនាគត អាច​បោះ​ពុ​ម្ភ​សម្ភារ​ដោយ​ប្រើប្រាស់​ដី​នៅលើ​ឋាន​ព្រះ​ចន្ទ និង​កែច្នៃ​គ្រឿង​ម៉ាស៊ីន​នានា​របស់​ផ្កាយរណបចាស់។ Metal3D គ្រាន់តែ​ជា​គ្រឿង​បច្ចេកវិទ្យា​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់ Airbus ក្នុង​បំណង​សាងសង់​រោងចក្រ​មួយ​នៅក្នុង​ទី​អវកាស។

    ការផលិត​ផ្កាយរណប​នៅក្នុង​ទី​អវកាស​គឺ​ល្អប្រសើរ​សម្រាប់​បរិស្ថាន ព្រោះថា វា​មិន​ទាមទារ​ឱ្យមាន​ការបាញ់​បង្ហោះ​រ៉ុក្កែត​ជាច្រើនលើក។ ក្រុមហ៊ុន Airbus សង្ឃឹមថា អាច​ផលិត​ផ្កាយរណប​ពេញលេញ​នៅក្នុង​ទី​អវកាស ក្នុងអំឡុង​ពី ៣ ទៅ ៤ ឆ្នាំ​ខាងមុខ។

    ISS គ្រាន់តែ​ជា​ចំណង​ដំបូង​របស់ Metal3D។ នៅ​ចុង​ទសវត្សរ៍​នេះ កំណែ​ទំនើប​របស់​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D លោហធាតុ នឹង​អាច​បោះ​ពុ​ម្ភ​រ៉ូ​បូត និង​ផ្ទះ​នៅលើ​ឋាន​ព្រះ​ចន្ទ៕

  • ក្រុម​ហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ឆ្ពោះ​មកកាន់​តំបន់ អាស៊ីអាគ្នេយ៍

    ក្រុម​ហ៊ុន​អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ឆ្ពោះ​មកកាន់​តំបន់ អាស៊ីអាគ្នេយ៍

    Starlink ដែលជា​សេវាកម្ម​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន SpaceX ជិត​បង្ហាញ​វត្ត​មាននៅ ហ្វ៊ី​លី​ពី​ន មុនពេល​ពង្រីក​ខ្លួន​ទៅកាន់​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ តំបន់​អាស៊ីអាគ្នេយ៍។

    «Starlink ទទួលបាន​ការយល់ព្រម​ពី ហ្វ៊ី​លី​ពី​ន» Elon Musk បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ចុងខែ​ឧសភា អម​ជាមួយនឹង​តំណ​ភ្ជាប់​ស្ដីពី​ស្ថាប័ន​គ្រប់គ្រង​ទូរគមនាគមន៍​របស់ ហ្វ៊ី​លី​ពី​ន អនុម័ត​លើ​គម្រោង​ផ្ដល់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​របស់គាត់។

    ធៀប​ទៅនឹង​តំបន់​ដទៃ អាស៊ីអាគ្នេយ៍ ត្រូវបាន​វាយតម្លៃថា​ជា​តំបន់​ក្រីក្រ​មួយ​របស់ ទ្វីបអាស៊ី ហើយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត មិនទាន់​លឿន។ វត្តមាន​របស់ Starlink នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​ជាង​បច្ចុប្បន្ន។ ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត​របស់លោក Musk ក៏បាន​បង្ហាញ​មហិច្ឆតា​ក្នុង​ការរកស៊ី​នៅទីនេះ ដោយ​អនុវត្ត​គម្រោង​តាមជំហានៗ ក្នុងនោះ ចាប់ផ្ដើម​ដោយ​ទីផ្សារ​របស់ ហ្វ៊ី​លី​ពី​ន ក្នុង​ឆ្នាំ ២០២២ បន្ទាប់មក​គឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, វៀតណាម និង មី​យ៉ាន​ម៉ា នៅ​ឆ្នាំ ២០២៣។

    ចំពោះ​តំបន់​ដែល​សម្បូរ​ទៅដោយ​កោះ​ដូច អាស៊ីអាគ្នេយ៍ អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​មានប្រៀប​ជាង​ឆ្ងាយ​ធៀប​នឹង​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រភេទ​ផ្សេង។

    បច្ចុប្បន្ន សេវា​អ៊ី​ន​ធើ​ណិ​តរបស់ Elon Musk មាន​ល្បឿន​ពី ១០០ ទៅ ២០០ MB/វិនាទី ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង​សេវា​អ៊ី​ន​ធើ​ណី​ត​ធម្មតា​នៅក្នុង​តំបន់។ យោងតាម Speedtest ល្បឿន​ទាញយក​ទិន្នន័យ​ដោយ​ទូរស័ព្ទ​របស់​អ៊ី​ន​ធើ​ណិ​ត​នៅ ឥណ្ឌូណេស៊ី គឺ ១៧.៩៦ MB/វិនាទី និង ហ្វ៊ី​លី​ពី​ន គឺ ១៩.៤៥ MB/វិនាទី។

    ទោះជា​យ៉ាងណាក៏ដោយ Starlink នៅតែ​ជួប​ឧបសគ្គ​ច្រើន ពិសេស​គឺ​តម្លៃ។ តម្លៃ​អ៊ី​ន​ធើ​ណិ​តរបស់ Starlink ជាទូទៅ​រួមមាន ៥០០ ដុល្លារ សម្រាប់​ឧបករណ៍ និង ៩៩ ដុល្លារ សម្រាប់​សេវា​អ៊ី​ន​ធើ​ណិ​ត​ប្រចាំខែ ខណៈដែល​កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ធម្មតា​នៅ ហ្វ៊ី​លី​ពី​ន មានតម្លៃ​តែ ៥.៦៧ ដុល្លារ/ខែ។ ដូច្នេះ អ៊ី​ន​ធើ​ណិ​តរបស់ Elon Musk ដំបូង​ប្រហែលជា​ត្រូវបាន​ប្រើប្រាស់​ដោយ​បណ្ដា​ក្រុមហ៊ុន​ដែល​នៅឆ្ងាយៗ ក៏ដូចជា​រដ្ឋាភិបាល កងទ័ព និង​បណ្ដាញ​ទូរគមនាគមន៍ សម្រាប់​ទុកជា​របស់​បង្ការ​អាសន្ន។

    Starlink គឺជា​គម្រោង​ប្រកបដោយ​មហិច្ឆតា​របស់​ក្រុមហ៊ុន SpaceX នៅក្នុង​ការផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ទូទាំង​សកលលោក។ យោងតាម​ស្ថិតិ ពាក់កណ្ដាល​នៃ​ពិភពលោក​បច្ចុប្បន្ន ដែល​ភាគច្រើន​ជា​អ្នកក្រីក្រ និង​អ្នក​នៅ​តំបន់​ដាច់ស្រយាល មិនមាន​អ៊ី​ន​ធើ​ណិ​ត​ប្រើប្រាស់ ឬ​ត្រូវ​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិ​ត​តម្លៃ​ថ្លៃ និង​រអាក់រអួល។

    យោងតាម​ការ​គណនារ​បស់​មហាសេដ្ឋី​អាម៉េរិក Elon Musk នៅពេល​ជោគជ័យ គម្រោង Starlink របស់ SpaceX អាច​រកបាន​ប្រាក់ចំណូល ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក ជា​រៀងរាល់ឆ្នាំ៕

  • សហរដ្ឋ​អាម៉េរិក បង្កើន​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា (Monkeypox)

    សហរដ្ឋ​អាម៉េរិក បង្កើន​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា (Monkeypox)

    រដ្ឋាភិបាល​អាម៉េរិក កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា​បន្ថែមទៀត ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ​ចេះតែ​កើនឡើង។

    បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា ចំនួន ៤៥ នាក់ នៅក្នុង ១៥ រដ្ឋ និង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។ ចំណែក ករណី​ឆ្លង​ជំងឺ​នេះ​ជាង ១,៣០០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ប្រហែល ៣០ ដែល​ស្ថិត​នៅក្រៅ ទ្វីបអាហ្វ្រិក។

    ក្រុមមន្ត្រី​សុខាភិបាល​ឱ្យដឹងថា ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​អុត​ស្វា​ក្នុង​សហគមន៍​នៅ សហរដ្ឋ​អាម៉េរិក គឺ​ទាប ប៉ុន្តែ វិធានការ​សុខាភិបាល​ចាំបាច់​នានា​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​ទប់ស្កាត់​រាល់​ស្ថានការណ៍​ដែល​អាច​កើតឡើង។ រដ្ឋាភិបាល​អាម៉េរិក បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា Jynnenos ចំនួន ៧២,០០០ ដូ​ស និង​មាន ៣០០,០០០ ដូ​ស​បន្ថែមទៀត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ កាលពី​ម្សិលមិញ រដ្ឋាភិបាល​អាម៉េរិក ក៏បាន​ប្រកាសថា បាន​បញ្ជា​ទិញ​វ៉ាក់សាំង Jynnenos ចំនួន ៥០០,០០០ ដូ​ស ហើយ​ថា នឹង​ទទួលបាន​វ៉ាក់សាំង​ទាំងនេះ​នៅ​ចុងឆ្នាំ។

    ក្រុមមន្ត្រី​​សហរដ្ឋ​អាម៉េរិក បានផ្ដល់​អនុសាសន៍​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ តាមដាន​ឱ្យបាន​ម៉ត់ចត់​ចំពោះ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា និង​ចាក់​វ៉ាក់សាំង​ជូន​ដល់​អ្នក​ដែល​បាន​ប៉ះពាល់ ឬ​នៅក្បែរ​ប្រភព​ចម្លង។ មកដល់ពេលនេះ វ៉ាក់សាំង​អុត​ស្វា​ប្រហែល ១,៤០០ ដូ​ស ត្រូវបាន​បែងចែក​ទៅកាន់​បណ្ដា​តំបន់​ដែលមាន​ករណី​ឆ្លង​ជំងឺ​នេះ។

    អុត​ស្វា​គឺជា​ជំងឺ​រាតត្បាត​ដោយ​តំបន់​នៅ ទ្វីបអាហ្វ្រិក និង​ឆ្លង​រាលដាល​តាមរយៈ​ស្នាម​ខាំ​របស់​សត្វ​កកេរ ឬ​សត្វតូចៗ និង​មិនសូវ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ប៉ុន្តែ កាលពី​ខែ​កន្លងទៅ ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាច្រើន​បានបង្ហាញ​ខ្លួន​នៅ ទ្វីបអឺរ៉ុប និង អាម៉េរិក ហើយ​ក្នុងចំណោម​នោះ មាន​អ្នកជំងឺ​ជាច្រើន​មិនមាន​ប្រវត្តិ​ដើរហើរ​នៅ​បរទេស៕

  • អាម៉េរិក ដកហូត​វិធានការ​ធ្វើតេស្ត​កូ​វីដ-១៩ ចំពោះ​ភ្ញៀវ​បរទេស

    អាម៉េរិក ដកហូត​វិធានការ​ធ្វើតេស្ត​កូ​វីដ-១៩ ចំពោះ​ភ្ញៀវ​បរទេស

    មន្ត្រីជាន់ខ្ពស់​អាម៉េរិក មួយរូប កាលពី​ថ្ងៃទី ១០ មិថុនា បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នឹង​លែង​ធ្វើតេស្ត​កូ​វីដ-១៩ ចំពោះ​អ្នកដំណើរ​ពី​បរទេស ចាប់ពី​ថ្ងៃទី ១២ មិថុនា​តទៅ។

    មន្ត្រី​ខាងលើ​បញ្ជាក់ថា មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អាម៉េរិក ដាក់ចេញ​នូវ​គោលការណ៍​ខាងលើ គឺ​យោងទៅលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​ទិន្នន័យ​ដែល​បង្ហាញថា ការធ្វើ​តេស្ត​នៅពេលនេះ លែង​ចាំបាច់​ទៀតហើយ។

    ការកំណត់​នេះ​ក៏ត្រូវ​បានលើកឡើង​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក សម្រេចបាន​លទ្ធផល​ល្អប្រសើរ​នៅក្នុង​ការទប់ស្កាត់​ជំងឺ​​កូ​វីដ​-​១៩​ ខណៈ​ដែលមាន​វ៉ាក់សាំង​គ្រប់គ្រាន់ និង​មាន​វិធី​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព នេះ​បើតាម​មន្ត្រី​ខាងលើ។

    ឥរិយាបថ​របស់ សហរដ្ឋ​អាម៉េរិក នេះ គឺជា​សញ្ញា​មួយ​បង្ហាញថា ប្រទេស​នេះ​បាន​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ-១៩ នៅពេល​វិធានការ​មួយចំនួន​ដែល​អនុវត្ត​ក្នុងអំឡុង​ការ​រាតត្បាត​របស់ កូ​វីដ-១៩ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​វិបត្តិ​មួយ​ដែល​នោះ កំពុង​ត្រូវបាន​លុបចោល​ជាបណ្ដើរ។

  • រុស្ស៊ី ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​បាល់​ទិ​ក ទន្ទឹមគ្នា​នឹង ណា​តូ

    រុស្ស៊ី ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​បាល់​ទិ​ក ទន្ទឹមគ្នា​នឹង ណា​តូ

    ក្រសួងការពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី ១០ មិថុនា បានប្រកាសថា បណ្ដា​នាវាចម្បាំង​របស់​ប្រទេស​នេះ កំពុងតែ​ធ្វើ​សមយុទ្ធ​នៅ សមុទ្រ​បាល់​ទិ​ក ស្របពេល ណា​តូ ក៏​កំពុង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នេះ។

    យោងតាម ក្រសួងការពារជាតិ​រុស្ស៊ី នាវាចម្បាំង​លើ​ផ្ទៃ​ទឹក នាវា​ដឹកជញ្ជូន​ប្រហែល ៦០ គ្រឿង និង​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​ចំនួន​ប្រហែល ៤៥ គ្រឿង រួម​នឹង ទាហាន​រុស្ស៊ី ប្រមាណ ១០,០០០ នាក់ ចូលរួម​ធ្វើ​សមយុទ្ធ​លើក​នេះ។ សមយុទ្ធ​របស់ កងទ័ព​រុស្ស៊ី ផ្ដោត​សំខាន់​ទៅលើ​ការតាមរក​គោលដៅ​នាវា​របស់​សត្រូវ បង្កើន​សមត្ថភាព​ការពារ​ដែនអាកាស ប្រឆាំង​នាវាចម្បាំង និង​ប្រឆាំង​នាវាមុជទឹក។

    កងកម្លាំង​ជើងគោក​របស់ រុស្ស៊ី ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​បណ្ដា​ទីតាំង​ដែល​បានកំណត់ នៅក្នុង​តំបន់ Kaliningrad និង​ប្រើប្រាស់​កាំភ្លើង​ធំ​វាយប្រហារ​គោលដៅ។ សមយុទ្ធ​របស់ រុស្ស៊ី នេះ នឹងត្រូវ​ធ្វើឡើង​រហូត​ដល់​ថ្ងៃទី ១៩ មិថុនា។

    សមយុទ្ធ​យោធា​របស់ រុស្ស៊ី នៅ សមុទ្រ​បាល់​ទិ​ក ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល ១៤ ប្រទេស​របស់ សម្ព័ន្ធមិត្ត​ណា​តូ និង​ដៃគូ​សហការ ហ្វាំ​ង​ឡង់ និង ស៊ុយអែត កំពុង​ចូលរួម​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​នេះ ចាប់ពី​ថ្ងៃទី ៥ ដល់ ១៧ មិថុនា ដោយមាន​ការចូលរួម​ពី​នាវា​ជាង ៤៥ គ្រឿង យន្តហោះ ៧៥ គ្រឿង និង​ទាហាន​ប្រមាណ ៧,៥០០ នាក់។

  • ស្ពាន​ល្បឿន​លឿន​ត​ភ្ជាប់​ទឹកដី​របស់ ចិន និង រុស្ស៊ី ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

    ស្ពាន​ល្បឿន​លឿន​ត​ភ្ជាប់​ទឹកដី​របស់ ចិន និង រុស្ស៊ី ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

    ទីភ្នាក់ងារសារព័ត៌មាន Moscow Times រាយការណ៍​ថា ស្ពាន​ដែល​អនុញ្ញាតឱ្យ​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ដំបូង​ដែល​ត​ភ្ជាប់​ទឹកដី​របស់ រុស្ស៊ី ជាមួយនឹង ចិន ទើបតែ​ត្រូវបាន​សម្ពោធ​បើក​ឱ្យធ្វើ​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃទី ១០ មិថុនា​នេះ។

    ភាគច្រើន​នៃ​សំណង់​របស់​ស្ពាន Blagoveshchensk-Heihe ខាងលើនេះ ត្រូវបាន​សាងសង់​រួចរាល់​តាំងពី​ចុងឆ្នាំ ២០១៩។

    កន្លងមក សកម្មភាព​ដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​នានា​រវាង​ទីក្រុង Blagoveshchensk (រុស្ស៊ី) និង Heihe (ចិន) តែងតែ​ប្រព្រឹត្ត​ទៅដោយ​ប្រើប្រាស់​ទូក​កប៉ាល់។

    រូបភាព​ពី​ពិធី​សម្ពោធ​កាលពី​ព្រឹក​មិញ​បង្ហាញថា រថយន្ត​ដឹកទំនិញ​នានា​បើរ​ឆ្លងកាត់​លើ​ស្ពាន​ដែល​ដោត​ទង់​ពណ៌​ស ខៀវ និង​ក្រហម ខណៈ​កាំជ្រួច​ផ្កា​ពណ៌​ដូចគ្នានេះ​ក៏ត្រូវ​បាន​បាញ់​ទៅលើ​អាកាស ដើម្បី​អបអរសាទរ។

    គម្រោង​ស្ពាន​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់ ១៨.៨ ពាន់​លាន​រូ​ប្ល ក្នុងនោះ ១៤ ពាន់​លាន​រូ​ប្ល ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាងសង់​ផ្នែក​ដែល​នៅលើ​ទឹកដី​របស់ រុស្ស៊ី។

    រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​រុស្ស៊ី Vitaly Savelyev បានឱ្យដឹងថា គោលបំណង​នៃ​ការសាងសង់​ស្ពាន​នេះ គឺ​ដើម្បី​បង្កើន​ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង ចិន និង រុស្ស៊ី ឱ្យបាន​ដល់ ១ លាន​តោន​ជា​រៀងរាល់ឆ្នាំ។

    https://www.youtube.com/watch?v=HjnygbNXRbo

  • (វីដេអូ)-សត្វ​ស្វា​មួយ​ក្បាល​ នាំ​កូនតូច​មកសុំ​វេជ្ជបណ្ឌិត​ឱ្យជួយ​ព្យាបាល​របួស

    (វីដេអូ)-សត្វ​ស្វា​មួយ​ក្បាល​ នាំ​កូនតូច​មកសុំ​វេជ្ជបណ្ឌិត​ឱ្យជួយ​ព្យាបាល​របួស

    (ឥណ្ឌា)-សត្វ​ស្វា​ញី ១ ក្បាល បាន​ឱប​កូនតូច​របស់​វា​មកកាន់​បន្ទប់​ពិនិត្យ​ជំងឺ​នៅក្នុង​រដ្ឋ Bihar ដើម្បី​សុំ​វេជ្ជបណ្ឌិត​ឱ្យជួយ​ព្យាបាល​របួស​នៅលើ​ផ្ទៃមុខ។

    ក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​គេ​ចែករំលែក​ត​គ្នា​នៅលើ​បណ្ដាញ​សង្គម​ក្នុង​សប្ដាហ៍​នេះ គេ​ឃើញ​សត្វ​ស្វា​ញី ១ ក្បាល រួមជាមួយ​កូន​របស់​វា បាន​មកដល់​បន្ទប់​ពិគ្រោះ​ជំងឺ SM Ahmed’s Medico នៅក្នុង​ទីក្រុង Sasaram រដ្ឋ Bihar ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ៨ មិថុនា។

    វេជ្ជបណ្ឌិត Ahmed បានឱ្យដឹងថា ដំបូង​គាត់​មាន​អារម្មណ៍​ភ័យខ្លាច​នៅពេល​ឃើញ​សត្វ​ស្វា​នេះ​ចូលមក​កាន់​ទីតាំង​របស់​គាត់ ប៉ុន្តែ​ក្រោយមក គាត់​ក៏បាន​ឃើញ​របួស​នៅលើ​មុខ​របស់​សត្វ​ស្វា​នេះ។ គាត់​ក៏​ធ្វើ​កាយវិការ​ឱ្យ​ស្វា​នេះ​ចូលមក​ខាងក្នុង​បន្ទប់​ពិនិត្យ​ជំងឺ ដោយ​យល់​ពី​គំនិត​របស់​វេជ្ជបណ្ឌិត ស្វា​នេះ​ក៏​តោង​ឡើង​កៅអី ហើយ​អង្គុយ​ឱ្យ​វេជ្ជបណ្ឌិត Ahmed មើល​របួស។ កូន​ស្វា​ក៏មាន​របួស​ត្រង់​ជើង។

    https://www.youtube.com/watch?v=5vgOi9skEHA

    លោកគ្រូ​ពេទ្យ​ក៏បាន​ចាក់​ថ្នាំ​តេតាណូស និង​លាបថ្នាំ​ព្យាបាល​ឱ្យ​ស្វា​ទាំងនេះ។ បន្ទាប់មក ពួកវា​ក៏​ដេក​សម្រាក​នៅលើ​គ្រែ​អ្នកជំងឺ។

    ហេតុការណ៍​នេះ​ក៏បាន​ដឹង​ដល់​មនុស្សម្នា​នៅ​ជុំវិញ ហើយ​ក្រុមមនុស្ស​ដែល​ចង់ដឹង​ចង់ឃើញ ក៏​នាំគ្នា​មក​មើល និង​ផ្ដិត​យក​រូបភាព​ជាក់ស្ដែង។

    បន្ទាប់ពី​បាលរ​បួស​រួច វេជ្ជបណ្ឌិត Ahmed ក៏បាន​ស្នើឱ្យ​ហ្វូងមនុស្ស​ជៀស​ចេញ ទុក​ផ្លូវ​ឱ្យ​សត្វ​ស្វា​ដើរ​ចេញពី​បន្ទប់​ព្យាបាល។

  • ឥណ្ឌា បង្កើតបាន​កំណត់ត្រា​ថ្មី៖ «សាងសង់​ផ្លូវ​កៅស៊ូ​ជាង ៧០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៥ ថ្ងៃ»

    ឥណ្ឌា បង្កើតបាន​កំណត់ត្រា​ថ្មី៖ «សាងសង់​ផ្លូវ​កៅស៊ូ​ជាង ៧០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៥ ថ្ងៃ»

    កម្មករ​ឥណ្ឌា ជាង ៧០០ នាក់ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ប្រវែង ៧៥ គីឡូម៉ែត្រ ដោយ​ប្រើពេល​ត្រឹមតែ ១០៥ ម៉ោង និង ៣៣ នាទី បង្កើតបាន​កំណត់ត្រា​ពិភពលោក​ថ្មី។

    អាជ្ញាធរ​ជាតិ​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​របស់ ឥណ្ឌា (NHAI) ផ្ដើម​សាងសង់​ផ្លូវ​បេតុង​កៅស៊ូ ១ គន្លង ភ្ជាប់ Amravati ទៅនឹង Akola ចាប់ពី​ម៉ោង ៧ និង ២៧ នាទី ព្រឹក​ថ្ងៃទី ៣ មិថុនា និង​សម្រេច​ជា​ស្ថាពរ​នៅវេលា​ម៉ោង ១៧ ថ្ងៃទី ៧ មិថុនា។ កំណត់ត្រា​ស្ដីពី​ល្បឿន​មហា​លឿន​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ Guinness។

    កម្មករ ៧២០ នាក់ មកពី​ក្រុមហ៊ុន​សាងសង់​ឯកជន Raj Path Infracon និង​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​ឯករាជ្យ រួម​នឹង​ក្រុមអ្នកតាមដាន​ដំណើរការ​សាងសង់​រប​ស់ NHAI បានធ្វើការ ២៤/២៤ ម៉ោង ហើយ​សម្រេច​ជា​ស្ថាពរ​ដោយ​ប្រើពេល​មិន​ដល់ ៥ ថ្ងៃ។

    កំណាត់​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ពី​ទីក្រុង Amravati ទៅកាន់ Akola គឺជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ ៥៣ ដែល​ត​ភ្ជាប់​បណ្ដា​ទីក្រុងសំខាន់ៗដូចជា Kolkata, Raipur, Nagpur និង Surat។

    កំណាត់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុង Amravati ទៅកាន់ Akola

    មុន​នោះ ឯតទគ្គ​កម្ម​ខាងលើ​គឺជា​របស់​ស្ថាប័ន​គ្រប់គ្រង​សំណង់​សាធារណៈ (ASHGHAL) របស់ ប្រទេស​កាតា បន្ទាប់ពី​បាន​សាងសង់​ផ្លូវ​ប្រវែង ២៥.៣ គីឡូម៉ែត្រ នៅ រដ្ឋធានី ដូ​ហា ដោយ​ប្រើពេល​តែ ១០ ថ្ងៃ។

  • អាម៉េរិក ទទួលស្គាល់ថា រុស្ស៊ី រក​ផលចំណេញ​បាន​ច្រើនជាង​ពេល​មិនទាន់​រង​ទណ្ឌកម្ម

    អាម៉េរិក ទទួលស្គាល់ថា រុស្ស៊ី រក​ផលចំណេញ​បាន​ច្រើនជាង​ពេល​មិនទាន់​រង​ទណ្ឌកម្ម

    ទីប្រឹក្សា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​សន្តិសុខ​ថាមពល​សកល បានឱ្យដឹងថា ប្រទេស​រុស្ស៊ី កំពុង​ទទួលបាន​ផលចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់។

    Amos Hochstein បេសកជន​ពិសេស​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ទទួលបន្ទុក​សន្តិសុខ​ថាមពល កាលពី​ថ្ងៃទី ៩ មិថុនា និយាយថា រុស្ស៊ី បច្ចុប្បន្ន​រកបាន​ប្រាក់​ច្រើនជាង​ពី​ការលក់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ធៀប​នឹង​ដំណាក់កាល​មុនពេល​កងទ័ព​ប្រទេស​នេះ​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    មន្ត្រី​អាម៉េរិក ទទួលស្គាល់ថា តម្លៃ​ផលិតផល​ថាមពល​ពិភពលោក​បាន​ឡើង​ខ្ពស់ ហើយ​វា​ក៏​ត្រូវបាន​រុញច្រាន​បន្ថែមទៀត​ដោយ​ទណ្ឌកម្ម​របស់​បស្ចិម​លោក ដែល​ដាក់​ទៅលើ រុស្ស៊ី ប្រការនេះ​បាន​ជួយ​ឱ្យ ទីក្រុង​មូ​ស្គូ កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​មួយ​ភាគ​ធំ​ដែល​កើតឡើង​ដោយសារ​ការ​រឹតត្បិត​ពី​លោកខាងលិច។

    នៅពេល​ត្រូវបាន​សួរថា រុស្ស៊ី កំពុង​រកបាន​ផលចំណេញ​បាន​ច្រើន​ពី​ប្រេង និង​ឧស្ម័ន ធៀប​នឹង​ប៉ុន្មាន​ខែ​មុន​មែន ឬទេ លោក Hochstein ឆ្លើយថា «ខ្ញុំ​មិនអាច​បដិសេធ​ប្រការនេះ​បានឡើយ»។

    កាលពី​ពាក់កណ្ដាល​ខែឧសភា Bloomberg បាន​ផ្សាយ​ថា ប្រាក់ចំណូល​ពី​ការលក់​ប្រេង​របស់ រុស្ស៊ី កើនឡើង​ខ្ពស់ បើទោះជា​ត្រូវ​រង​សម្ពាធ​ពី​ទណ្ឌកម្ម ដោយ​កើន​ប្រហែល ៥០% រាប់​ចាប់ពី​ដើមឆ្នាំ ២០២២។

    យោងតាម Reuters ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ខែឧសភា។ ចំណែក​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច ទៅលើ រុស្ស៊ី ទំនងជា​មិនមាន​ប្រសិទ្ធភាព។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពីពេលថ្មីៗនេះ​ក៏បាន​និយាយថា ទណ្ឌកម្ម​របស់​បស្ចិម​លោក​គឺ​ស្មើនឹង​ពាក់​ថា «កាំបិត​ចិត​ដង​ឯង»។

    កាលពី​ចុង​សប្ដាហ៍​កន្លង សមាគម​រថយន្ត​អាម៉េរិក (AAA) បានប្រកាសថា តម្លៃ​ប្រេង​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​ទ្វេដង​នៅក្នុង​សម័យ​ប្រធានាធិបតី បៃ​ដិ​ន និង​ឡើងដល់​ចំណុច​ខ្ពស់​ជាងគេ​បង្អស់​ធៀប​នឹង​គ្រប់​សម័យកាល ដោយ​ឡើងដល់ ៤.៨១ ដុល្លារ/gallon កាលពី​ថ្ងៃទី ៣ មិថុនា៕

  • គម្រោង​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ

    គម្រោង​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ

    គម្រោង​សាងសង់​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី​ទាំង ៣ ជំហាន នឹងធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់ កម្ពុជា កាន់តែ​រីកចម្រើន នៅពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ ២០៣០។

    លោក ថៃ ឬ​ទ្ធី អគ្គនាយករង ទទួលបន្ទុក​អាជីវកម្ម នៃ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី ១ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ ២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ ២០២៥។ គម្រោង​ដែល​ទទួលបាន​ប្រាក់កម្ចី​ជាង ២ ពាន់​លាន​ដុល្លារ ពី រាជរដ្ឋាភិបាល​ជប៉ុន នេះ​មាន​ប្រវែង ៣៥០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៤.៥ ម៉ែត្រ អាចឱ្យ​កប៉ាល់​ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ ជាង ១,០០០ កុងតឺន័រ ចូល​ចត​បាន និង​ជួយ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​ចុះ​ទាប​ជាង​មុន ២០០ ដុល្លារ/កុងតឺន័រ។

    ជំហាន​ទី ២ នៃ​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ខាងលើនេះ មាន​ប្រវែង ៤០០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៦.៥០ ម៉ែត្រ នេះ​បើតាម​លោក លោក ថៃ ឬ​ទ្ធី។ លោក​បន្ថែម សមត្ថភាព​របស់​កំពង់​ផែ​ជំហាន​ទី ២ ដែល​នឹងត្រូវ​បានចាប់ផ្ដើម​សាងសង់​នៅក្នុង​ឆ្នាំ ២០២៥ និង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៨ ខាងមុខនេះ អាច​អនុញ្ញាតឱ្យ​កប៉ាល់​ដែល​ផ្ទុក ១០,០០០ កុងតឺន័រ ចូល​ចត​បាន។

    លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    រីឯ​គម្រោង​កំពង់ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី ៣ នឹងមាន​ប្រវែង ៤៣០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៧.៥០ ម៉ែត្រ ហើយ​អាច​ទទួល​ការចូល​ចត​របស់​បណ្ដា​កប៉ាល់ធំៗដែល​ផ្ទុក​កុងតឺន័រ​រហូតដល់ ១៥,០០០ កុងតឺន័រ។ គម្រោង​ជំហាន​ទី ៣ នេះ​នឹង​ត្រូវបាន​សាងសង់​ចាប់ពី​ឆ្នាំ ២០២៦ ហើយ​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣០។

    តាម​ការអះអាង​របស់​លោក ថៃ ឬ​ទ្ធី នៅពេល​គម្រោង​ទាំងឡាយ​ខាងលើ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញលេញ វា​នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ខ្នាត​ធំ​ទៅ-មក កម្ពុជា បានល្អ​ប្រសើរ។ លោក​បញ្ជាក់ថា កំពង់ផែ​ជំហាន​ទី ៣ ខាងលើ នឹងមាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ​លើសពី​កំពង់ផែ​មួយចំនួន​នៅក្នុង​តំបន់ ក្នុងនោះ វា​នឹងមាន​ជម្រៅ​ទឹក​ជ្រៅ​ជាង​កំពង់ផែ Cai Mep របស់ វៀតណាម ទៀតផង។