Author: សឿន សំណាង

  • រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ អ៊ុយ​ក្រែ​ន

    រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ អ៊ុយ​ក្រែ​ន

    អ៊ុយ​ក្រែ​ន ត្រូវតែ​ទទួលយក និង​ធ្វើតាម​សំណើ​ទាំងអស់​របស់ រុស្ស៊ី បើសិនជា​ចង់​បញ្ចប់សង្គ្រាម ដែល​បច្ចុប្បន្ន​បាន​ឈានចូល​ដល់​ខែ​ទី ៤ នេះ​បើតាម​អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov។

    កាលពី​ថ្ងៃទី ២៣ មិថុនា លោក Peskov បាន​និយាយថា រាល់​កិច្ចព្រមព្រៀង​សន្តិភាព​អាច​កើតឡើង​បាន​លុះណាតែ អ៊ុយ​ក្រែ​ន បាន «បំពេញភារកិច្ច​ទៅតាម​រាល់​សំណើ​របស់​ភាគី រុស្ស៊ី»។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​អះអាងថា អ៊ុយ​ក្រែ​ន «ដឹង​ច្បាស់​គ្រប់យ៉ាង»។

    សម្ដី​របស់លោក Peskov ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​អត្ថបទ​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ National Interest កាលពី​សប្ដាហ៍​កន្លង ដែល​បានបង្ហាញ​អំពី​សេណារីយោ​មួយចំនួន ក្នុងនោះ​រួមមាន «អ៊ុយ​ក្រែ​ន ត្រូវ​សន្យា​ធ្វើជា​ប្រទេស​អព្យាក្រឹត​ជា​រៀងរហូត, រុស្ស៊ី ដកទ័ព​ត្រលប់​ទៅកាន់​ទីតាំង​ដូច​មុន​សង្គ្រាម ហើយ មូ​ស្គូ យល់ព្រម​ឱ្យ អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប»។ គម្រោង​ខាងលើ​ក៏បាន​អំពាវនាវ​ឱ្យ អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា គ្រី​មៀ គឺជា​របស់ រុស្ស៊ី និង​កាត់បន្ថយ​កម្លាំង​ទាហាន​អចិន្ត្រៃយ៍​នៅលើ​ដី​មក​នៅត្រឹម 150.000 នាក់។

    ការបញ្ចេញមតិ​របស់​លោក Peskov ចំពេល​ដែល អ៊ុយ​ក្រែ​ន ទទួលបាន​ការយល់ព្រម​ឱ្យ​ក្លាយជា​បេក្ខភាព​សមាជិក​របស់ សហភាព​អឺរ៉ុប ដែល​នេះ​អាច​បញ្ជាក់ថា អ៊ុយ​ក្រែ​ន ស្ថិតក្នុង​តំបន់ អឺរ៉ុប មិនមែនជា​ផ្នែក​មួយ​របស់ រុស្ស៊ី ឡើយ៕

  • អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន

    អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន

    សេត​វិមាន ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​ទៀត រួមមាន​ទាំង ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ទំនើប​ជាង​មុន​ចំនួន ៤ ប្រព័ន្ធ ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    «កញ្ចប់​ជំនួយ​នេះ​រួមមាន អាវុធ និង​យោ​ធូប​ករ​ណ៍ ក្នុងនោះ​មាន​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស។ ក្រៅពីនេះ​ក៏មាន​នាវា​ល្បាត និង​គ្រាប់កាំភ្លើង​ធំ​រាប់ម៉ឺន​គ្រាប់​ផងដែរ» អ្នកនាំពាក្យ សេត​វិមាន John Kirby កាលពី​ថ្ងៃទី ២៣ មិថុនា បានឱ្យដឹង​ដូច្នេះ និង​បន្ថែមថា ប្រភេទ​អាវុធ និង​យោ​ធូប​ករ​ណ៍​អាច​ត្រូវបាន​ប្ដូរផ្លាស់​នៅ​នាទីចុងក្រោយ។

    ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS គឺជា​អាវុធ​ដែល អ៊ុយ​ក្រែ​ន ចង់បាន​បំផុត​នៅពេល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត ហើយ រុស្ស៊ី កំពុងតែ​មានប្រៀប​ជាង ដោយមាន​ការគាំទ្រ​ពី​កាំភ្លើង​ធំ​ធុន​ធ្ងន់។

    អង្គភាព​ដំបូង​ចំនួន ៤ នៃ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស​ខាងលើ ត្រូវបាន​ប្រគល់​រួចហើយ ដើម្បី​ចាប់ផ្ដើម​កម្មវិធី​បណ្ដុះបណ្ដាល​ដល់ ទាហាន​អ៊ុយ​ក្រែ​ន ក្នុងការ​ប្រើប្រាស់​អាវុធ​ទំនើប​នេះ។ មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា ៤ អង្គភាព​ផ្សេងទៀត​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់ អ៊ុយ​ក្រែ​ន។

    យោងតាម មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏មាន​ទាំង​គ្រាប់កាំភ្លើង​ធំ​ចំនួន ៣៦,០០០ គ្រាប់, រថយន្ត​ទាញ​កាំភ្លើង​ធំ ១៥៥ ម​ម ចំនួន ១៨ គ្រឿង, កាំភ្លើង​បាញ់​គ្រាប់បែក ១,២០០ ដើម, កាំភ្លើងយន្ត ២,០០០ ដើម, នាវា​ល្បាត​ឆ្នេរសមុទ្រ និង​ទន្លេ​ចំនួន ១៨ គ្រឿង រួម​នឹង​គ្រឿងបន្លាស់​ផងដែរ។

    គិត​ចាប់តាំងពី​ពេល រុស្ស៊ី ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន សរុប ៦.១ ពាន់​លាន​ដុល្លារ រាប់ទាំង​កញ្ចប់​ជំនួយ​ថ្មី​នេះ៕

  • ទំនិញ​ឡើង​ថ្លៃខ្ពស់ រាជរដ្ឋាភិបាល​ម៉ាឡេស៊ី ផ្ដល់ប្រាក់​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​

    ទំនិញ​ឡើង​ថ្លៃខ្ពស់ រាជរដ្ឋាភិបាល​ម៉ាឡេស៊ី ផ្ដល់ប្រាក់​ជំនួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​

    នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​បន្ថែមចំនួន ៦៣០ លាន RM (១៤៣ លាន​ដុល្លារ​អាម៉េរិក) ដើម្បី​ជួយ​ដល់​បណ្ដា​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប សម្រាប់​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ ដែល​បណ្ដាលឱ្យ​មានការ​ចំណាយ​ខ្ពស់។

    គ្រួសារ​ក្រីក្រ​ទាំងឡាយ​ដែល​រកបាន​ប្រាក់ចំណូល​សរុប​ក្រោម ៤,៨៥០ RM (១,០០០ ដុល្លារ​អាម៉េរិក)/ខែ នឹង​ទទួលបាន​ប្រាក់​ជំនួយ ១០០ RM (២២ ដុល្លារ)/ម្នាក់។ ចំណែក​អ្នក​នៅ​លីវ​នឹង​ទទួលបាន ១១ ដុល្លារ/ម្នាក់។ កម្មវិធី​ខាងលើនេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី ២៧ មិថុនា និង​ចែកជា ៤ ដំណាក់កាល។

    យោងតាម​ប្រកា​សនា​ថ្ងៃនេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី យល់ថា កម្មវិធី​ផ្ដល់ជំនួយ​នេះ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ជាង ៨.៦ លាន​នាក់ ក្នុងនោះ គ្រួសារនីមួយៗនឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្ពស់បំផុត​ត្រឹម ៥០០ RM ប្រហែល ១១៣ ដុល្លារ​អាម៉េរិក។

    ដំណាក់កាល​ទី​ពីរ នឹង​បែងចែក​បន្ថែមចំនួន ៦៥០ លាន RM នាំឱ្យ​កញ្ចប់​ជំនួយ​សរុប​ឡើងដល់ ១.៧៤ ពាន់​លាន RM ប្រហែល ៣៩៥ លាន​ដុល្លារ​អាម៉េរិក។

  • រោងចក្រផលិត​រថយន្តអគ្គិសនី Tesla កំពុងតែ​ខាត​រាប់ពាន់​លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

    រោងចក្រផលិត​រថយន្តអគ្គិសនី Tesla កំពុងតែ​ខាត​រាប់ពាន់​លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

    «ទាំង​រោងចក្រ​នៅ រដ្ឋធានី Berlin ទាំង​រោងចក្រ​នៅ Austin គឺ​សុទ្ធ​ជា «ឡ​ដុត​លុយ» ដ៏​ធំ» នេះ​បើតាម មហាសេដ្ឋី Elon Musk ដែល​បាន​បង្ហើប​ឱ្យដឹង​ក្នុង​កិច្ច​សម្ភាស​មួយ​នាពេលថ្មីៗនេះ។

    ទីភ្នាក់ងារសារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា បណ្ដា​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ Tesla នៅ ប្រទេស​អាល្លឺម៉ង់ និង​នៅ Texas សហរដ្ឋ​អាម៉េរិក កំពុង​ខាត​រាបសិប​ពាន់​លាន​ដុល្លារ ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ប្រឹងប្រែង​បង្កើន​ផលិតភាព។

    នៅក្នុង​កិច្ច​សម្ភាស​មួយ​កាលពីពេលថ្មីៗនេះ នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បានឱ្យដឹងថា «ទាំង​រោងចក្រ​នៅ Berlin ទាំង​រោងចក្រ​នៅ Austin គឺ​សុទ្ធតែជា «ឡ​ដុត​លុយ» ដ៏​ធំ»។

    លោក Musk ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​អំពី​គម្រោង​កាត់បន្ថយ​បុគ្គលិក​ពេញសិទ្ធិ​ចំនួន ១០% និង​ជ្រើសរើស​បុគ្គលិក​ថ្មី​ដែល​ធ្វើតាម​កិច្ចសន្យា។ ការសម្រេច​នេះ​នឹងត្រូវ​អនុវត្ត​ក្នុងអំឡុង ៣ ខែ​ខាងមុខ។ បច្ចុប្បន្ន បុគ្គលិក​ពេញសិទ្ធិ​របស់ Tesla មាន​ចំនួន ២/៣ នៃ​កម្មករ​សរុប​របស់​ក្រុមហ៊ុន​នេះ ក្រៅពីនេះ​គឺ​សុទ្ធតែជា​បុគ្គលិក​មាន​កិច្ចសន្យា។

    យោងតាម Bloomberg ក្រុមហ៊ុន Tesla បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​ផ្ដល់​អាទិភាព​លើ​ការសាងសង់​រោងចក្រ​ថ្មី​នៅ​ពាសពេញ​ពិភពលោក ដើម្បី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​ចែកចាយ​ផលិតផល។ តាម​គម្រោង រោងចក្រ Tesla នៅ អាល្លឺម៉ង់ នឹង​ផលិត​រថយន្ត​បាន ៥០០,០០០ គ្រឿង​ជា​រៀងរាល់ឆ្នាំ។

    ក៏ប៉ុន្តែ ដោយសារតែ​ការទិញ​ដូរ Twitter នៅមាន​បញ្ហា​ច្រើន ដូច្នេះ ក្រុម​អ្នកជំនាញ​យល់ថា Elon Musk ទំនងជា​ពិបាក​ក្នុងការ​ផ្ដោតអារម្មណ៍​ទៅលើ​ការដឹកនាំ Tesla ពិសេស​គឺ​នៅក្នុង​ពេលដែល​ក្រុមហ៊ុន​ដទៃ​កំពុង​ប្រឹងប្រែង​ដណ្ដើម​ទីផ្សារ​រថយន្ត​អគ្គិសនី​ដែល​កំពុង​ផ្ទុះ​ការពេញនិយម​ខ្លាំង​នាបច្ចុប្បន្ន៕

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​បាត់បង់​ជីវិត

    ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​បាត់បង់​ជីវិត

    យោងតាម CNN ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ មនុស្ស ៦ នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​មួយគ្រឿង​នៅក្នុង​ស្រុក Logan កាលពី​ព្រលប់​ថ្ងៃទី ២២ មិថុនា។

    នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​ប្រភេទ Bell UH-1B មួយគ្រឿង​បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន​លេខ១៧ (State Route 17) នៅក្នុង​ស្រុក Logan នៃ​តំបន់​ភាគ​និរតី​របស់ រដ្ឋ Virginia ខាងលិច នា​វេលា​ម៉ោង​ប្រហែល ១៧ ម្សិលមិញ (ម៉ោង​ក្នុងស្រុក)។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ឆាបឆេះ​មុនពេល​ក្រុម​សង្គ្រោះបន្ទាន់​បាន​ទៅដល់។

    បន្ទាប់ពី​ហេតុការណ៍​ខាងលើ​បានកើត​ឡើង អភិបាលរដ្ឋ Virginia ខាងលិច លោក Jim Justice ក៏បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ និង​បញ្ជាក់ថា នឹង​ប្រកាស​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ៕

  • កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង ៣.៥ ដង ធៀប​នឹង​ទីលាន​បាល់ទាត់ ត្រូវបាន​ប្រគល់ជូន​អតិថិជន

    កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ជាង ៣.៥ ដង ធៀប​នឹង​ទីលាន​បាល់ទាត់ ត្រូវបាន​ប្រគល់ជូន​អតិថិជន

    ក្នុងអំឡុងពេល​តែ​ជាង​មួយខែ​សោះ ប្រទេស​ចិន បានប្រគល់​កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​ធំ​បំផុត​ក្នុង​ពិភពលោក ទៅឱ្យ​ក្រុមហ៊ុន Evergreen Marine របស់ តៃវ៉ាន់។

    Hudong Zhonghua Shipbuilding ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់​រដ្ឋ​ចិន បានបញ្ចប់​ការងារ​ដំឡើង​កប៉ាល់​ដឹក​កុងតឺន័រ​មហា​យក្ស Ever Alot និង​ប្រគល់ជូន​ដៃគូ​សហការ Evergreen Marine កាលពី​ថ្ងៃទី ២២ មិថុនា។

    ដោយមាន​បណ្ដោយ​ប្រវែង ៣៩៩.៩៩ ម៉ែត្រ និង​ទទឹង​ធំ​ជាង ៣.៥ ដង ធៀប​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា នេះ​គឺជា​កប៉ាល់​ដឹក​កុងតឺន័រ​ប្រភេទ​ធំ​បំផុត​ក្នុង​ពិភពលោក ពោលគឺ​ធំ​ស្មើនឹង Ever Aria ដែល​ត្រូវបាន​ប្រគល់ជូន​អតិថិជន​កាលពី​ខែ​មុន។

    Ever Alot អាច​ផ្ទុក​កុងតឺន័រ​បាន ២៤,០០០ TEU ដែល​ប្រហាក់ប្រហែល​នឹង​តុង​តឺ​ន័​រ​ស្ដង់ដា ២០ feet ចំនួន ២៤,០០០ កុងតឺន័រ។ ធៀប​នឹង​កប៉ាល់​ប្រភេទ ២៣,០០០ TEU ដែល​ប្រើប្រាស់​ឥន្ធនៈ​ធម្មតា កប៉ាល់ ២ គ្រឿង​ថ្មី​ដែល​ត្រូវបាន​សាងសង់​ដោយ Hudong Zhonghua Shipbuilding មិន​ត្រឹមតែ​អាច​ដឹក​កុងតឺន័រ​បាន​ច្រើនជាង​នោះទេ តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អនុញ្ញាតឱ្យ​វា​បញ្ចេញ​ឧស្ម័ន​កាបូន​តិចជាង ៣៨ តោន/ថ្ងៃ។

    Hudong Zhonghua Shipbuilding បានឱ្យដឹងថា ពួកគេ​ទទួលបាន​ការបញ្ជាទិញ​កប៉ាល់​ប្រភេទ​នេះ​ចំនួន ៩ គ្រឿង​ឯណោះ ហើយ ៣ គ្រឿងក្នុង​ចំណោម​នោះ​នឹងត្រូវ​ប្រគល់ជូន​អតិថិជន​នៅក្នុង​ឆ្នាំនេះ។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៣ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២៣ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២២ ខែ​មិថុនា ២០២២ កម្ពុជា ​​មិន​មាន​​​ករណី​​​ជា​សះស្បើយថ្មី​​, មិន​មាន​ករណី​​​​​​​វិជ្ជមានថ្មី និង​​មិន​មាន​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

    នេះ​គឺជា​ថ្ងៃទី ៤៧ ហើយ ដែល​ កម្ពុជា មិន​មាន​ករណី​វិជ្ជមាន​ថ្មី​នឹង​ជំងឺ​កូវីដ-១៩​។

  • ប្រទេស​ចិន ទើបតែ​រកឃើញ «ខ្សាច់​ច្រៀង» លើកដំបូង​នៅ​ឆ្នេរសមុទ្រ

    ប្រទេស​ចិន ទើបតែ​រកឃើញ «ខ្សាច់​ច្រៀង» លើកដំបូង​នៅ​ឆ្នេរសមុទ្រ

    ខ្សាច់​ច្រៀង ដែលជា​តំបន់​ខ្សាច់​បញ្ចេញ​សំឡេង​ដោយ​ធម្មជាតិ​នៅពេល​មាន​ខ្យល់​បក់ ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅលើ​កោះ ហៃ​ណាន (Hainan) របស់ ប្រទេស​ចិន។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ «ខ្សាច់​ចម្រៀង» ខាងលើ នៅតាម​ឆ្នេរ​នៃ​ឈូង​សមុទ្រ Clearwater របស់​ឧបទ្វីប Shenzhou និង​តំបន់​មួយចំនួនទៀត​នៅក្នុង ខេត្ត​ហៃ​ណាន នេះ​បើតាម​ការចុះផ្សាយ​របស់ Xinhua កាលពី​ថ្ងៃទី ២០ មិថុនា។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​បាតុភូត​សំឡេង​ខ្សាច់​ដ៏​ចម្លែក​នេះ​ត្រូវបាន​រកឃើញ​នៅឯ​ឆ្នេរសមុទ្រ​របស់ ប្រទេស​ចិន។

    ខ្សាច់​ច្រៀង ខ្សាច​ហួច ឬ​ហៅថា​ខ្សាច់​កញ្ជ្រៀវ គឺជា​តំបន់​ខ្សាច់​នៅ​សមុទ្រ​ខ្សាច់ ឬ​ឆ្នេរសមុទ្រ​ដែល​អាច​បង្កើតជា​សំឡេង​ទៅតាម​ធម្មជាតិ​នៅក្នុង​ខ្យល់ ឬ​បញ្ចេញ​សំឡេង​ចម្លែក​នៅ​ពេល​មាន​មនុស្ស​ដើរ​ ឬ​ពីលើ​ ដោយសារ​តែមាន​ការរួម​ផ្សំ​រវាង​ចំណុច​ពិសេស​នៃ​រូបវិទ្យា ដូចជា​ទំហំ និង​សមាសធាតុ​របស់​ខ្សាច់​នៅ​ទីនោះ។

    ខ្សាច់​ច្រៀង មាន​នៅលើ​តំបន់​ជាច្រើន​ក្នុង ប្រទេស​ចិន ក្នុងនោះ​មាន​ភ្នំខ្សាច់​ច្រៀង​នៅ Dunhuang ខេត្ត Gansu ជាដើម។

    ការរកឃើញ​ឆ្នេរ​ខ្សាច់​ច្រៀង​នេះ នឹង​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច ដោយសារ​ថា វា​នឹង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កាន់​តែ​ច្រើន៕

  • FDA កំពុង​ស្រាវជ្រាវ​លើ​ករណី​ទារក​ទី ១០ ដែល​បាន​ស្លាប់​បន្ទាប់ពី​ញ៉ាំ​ទឹកដោះគោ Abbott

    FDA កំពុង​ស្រាវជ្រាវ​លើ​ករណី​ទារក​ទី ១០ ដែល​បាន​ស្លាប់​បន្ទាប់ពី​ញ៉ាំ​ទឹកដោះគោ Abbott

    ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) ប្រកាស​បើក​ការស៊ើបអង្កេត​លើ​ករណី​ថ្មី​បំផុត ទាក់ទិន​នឹង​ទារក​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់ «បន្ទាប់ពី​ប្រើប្រាស់​ផលិតផល​ទឹកដោះគោ​រូបមន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Abbott»។

    FDA មិនបាន​លើកឡើង​ច្បាស់​អំពី​ផលិតផល​ជាក់លាក់​របស់ Abbott ដែល​ទារក​ម្នា​ក់បាន​ស្លាប់​នោះ​ប្រើប្រាស់ ក៏ដូចជា​ទីតាំង​ផលិត ប៉ុន្តែ​បាន​បញ្ជាក់ថា ការស៊ើបអង្កេត​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​បឋម។

    ចំណែក​អ្នកនាំពាក្យ​របស់ Abbott បានឱ្យដឹងថា បច្ចុប្បន្ន «មិនមាន​ការសន្និដ្ឋាន» ក៏ដូចជា «មិនមាន​ភ័ស្ដុតាង​ណាមួយ​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​នៃ​មូលហេតុ និង​លទ្ធផល» រវាង​បណ្ដា​ផលិតផល​របស់ Abbott និង​ការស្លាប់​របស់​ទារក​ខាងលើ​ឡើយ។

    ការស៊ើបអង្កេត​ថ្មី​បំផុត​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី FDA បាន​បើកភ្លើង​ខៀវ​ឱ្យ Abbott កាលពី​ជិត​មួយខែ​មុន ដោយ​អនុញ្ញាតឱ្យ​បើកទ្វារ​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​របស់ខ្លួន​នៅ Sturgis ក្នុង​រដ្ឋ Michigan។ នេះ​គឺជា​រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​ធំជាងគេ​បង្អស់​នៅ សហរដ្ឋ​អាម៉េរិក។

    រោងចក្រ​ខាងលើនេះ​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ​កាលពី​ខែកុម្ភៈ ២០២២ បន្ទាប់ពី​មាន​ករណី​ទារក ៤ នាក់ បាន​ឆ្លង​មេរោគ ក្នុងនោះ​មាន ២ នាក់​បាន​ស្លាប់។ ប៉ុន្តែ លទ្ធផល​នៃ​ការស៊ើបអង្កេត​បានបង្ហាញ​ថា ផលិតផល​របស់ Abbott មិនមាន​លទ្ធ​ភាពជា​ប្រភព​ចម្លង​មេរោគ​នៅក្នុង​ករណី​ស្លាប់​របស់​ទារក​ខាងលើនេះ​ទេ។

    សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​ប្រឈម​នឹង​បញ្ហា​កង្វះ​ផលិតផល​ទឹកដោះគោ​នៅ​ទូទាំងប្រទេស។ កាលពី​ថ្ងៃទី ២២ មិថុនា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន បានប្រកាសថា កំពុងតែ​ជួយ​ជ្រោ​ម​ជ្រែក​ក្នុងការ​នាំចូល​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ ប្រហែល ១៦ លាន​កំប៉ុង ពី ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ចាប់ផ្ដើម​ពី​ចុង​សប្ដាហ៍​នេះ។

    គិត​មកដល់​បច្ចុប្បន្ន FDA បាន​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ការតវ៉ា​ចំនួន ១២៩ ករណី ទាក់ទង​នឹង​ផលិតផល​ទឹកដោះគោ​របស់ Abbott ក្នុងនោះ ភាគច្រើន​គឺជា​ការតវ៉ា​ដែល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Abbott ស្ម័គ្រចិត្ត​ប្រមូល​ផលិតផល​របស់ខ្លួន​មកវិញ​កាលពី​ថ្ងៃទី ១៧ កុម្ភៈ៕

  • ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បង្ហើប​ឱ្យដឹងថា អង្គការ BRICS កំពុង​អភិវឌ្ឍ​រូបិយប័ណ្ណ​អន្តរជាតិ​ថ្មី

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បង្ហើប​ឱ្យដឹងថា អង្គការ BRICS កំពុង​អភិវឌ្ឍ​រូបិយប័ណ្ណ​អន្តរជាតិ​ថ្មី

    កាលពី​ថ្ងៃទី ២២ មិថុនា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានឱ្យដឹងថា ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទើប​លេចធ្លោ (BRICS) ដែល​រួមមាន ប្រទេស​ប្រេ​ស៊ី​ល, រុស្ស៊ី, ឥណ្ឌា, ចិន និង អាហ្វ្រិក​ខាងត្បូង កំពុងតែធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត​រូបិយប័ណ្ណ​បម្រុង​អន្តរជាតិ​ថ្មី​មួយ។

    «បញ្ហាបង្កើត​រូបិយប័ណ្ណ​បម្រុង​អន្តរជាតិ ដោយយោង​ទៅតាម​កញ្ចប់​ហិរញ្ញវត្ថុ​របស់​បណ្ដា​ប្រទេស BRICS គឺជា​ប្រធានបទ​ដែល​កំពុង​ត្រូវបាន​ពិភាក្សា» បណ្ដាញសារព័ត៌មាន RT (រុស្ស៊ី) ដកស្រង់​សម្ដី​របស់ ប្រធានាធិបតី ពូ​ទីន នៅឯ​វេទិកា​សហគ្រិន BRICS បានឱ្យដឹង​ដូច្នេះ។

    មុន​នោះ BRICS បានឱ្យដឹងថា ពួកគេ​កំពុង​អភិវឌ្ឍ​បណ្ដាញ​ទូទាត់​ប្រាក់​រួមមួយ​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​បស្ចិម​លោក។ ក្នុង​ថ្ងៃ​ដដែល លោក ពូ​ទីន ក៏បាន​អះអាងថា បណ្ដា​ធនាគារ​នៃ​បណ្ដា​ប្រទេស​ដែល​ស្ថិតក្នុង​អង្គការ BRICS អាច​ភ្ជាប់​ខ្លួន​ជាមួយ​ប្រព័ន្ធ​បញ្ជូន​សារ​ផ្នែក​ហិរញ្ញវត្ថុ (SPFS) របស់ រុស្ស៊ី ជំនួស​ឱ្យ SWIFT។ ក្រុម​ប្រទេស BRICS ក៏​កំពុងតែ​ជំរុញ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ពាណិជ្ជកម្ម។

    SPFS មានមុខ​ងារ​ដូច​ទៅនឹង​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT។ SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។ ធនាគារជាតិ​របស់ រុស្ស៊ី បាន​បង្កើត SPFS ដើម្បី​ប្រើប្រាស់​ជំនួស SWIFT គ្រា​ដែល​ប្រទេស​នេះ​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ​ការចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន៕