Author: សឿន សំណាង

  • រុស្ស៊ី ៖ ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺជា «រង្វាន់​នៃ​គោលនយោបាយ​អ៊ុយ​ក្រែ​ន»

    រុស្ស៊ី ៖ ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺជា «រង្វាន់​នៃ​គោលនយោបាយ​អ៊ុយ​ក្រែ​ន»

    ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ ប្រទេស​អង់គ្លេស Andrei Kelin យល់ថា ការដែល​នាយករដ្ឋមន្ត្រី ច​ន​សុន លាលែង​ពី​តំណែង​គឺជា «រង្វាន់» ដែល​បាន​ពី​គោលនយោបាយ​ប្រឆាំងនឹង រុស្ស៊ី ដើម្បី​គាំទ្រ អ៊ុយ​ក្រែ​ន។

    «ច​ន​សុន ផ្ដោតទៅលើ​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងពេក អំពី អ៊ុយ​ក្រែ​ន និង​បណ្ដែតបណ្ដោយ​បញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស ប្រជាជន និង​ស្ថានភាព​សេដ្ឋកិច្ច ហើយ​អ្វីដែល​កើតឡើង​នៅថ្ងៃនេះ​គឺជា​លទ្ធផល​នៃ​ការ​បណ្ដែតបណ្ដោយ​នោះ» ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ អង់គ្លេស លោក Kelin ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៧ កក្កដា។

    «ប្រជាជន​កំពុង​ត្រូវ​រង​ផលប៉ះពាល់​ពី​តម្លៃ​ទំនិញ​ឡើង​ខ្ពស់ ពន្ធ​ឡើង​ខ្ពស់។ ការសន្យា​របស់​រដ្ឋាភិបាល មិន​ត្រូវបាន​អនុវត្ត» លោក Kelin អាយុ ៦៥ ឆ្នាំ និយាយ​អំពី​បញ្ហា​ដែល​លោក ច​ន​សុន បាន​បន្សល់ទុក។

    រាប់​ចាប់តាំងពី​ថ្ងៃទី ៥ កក្កដា នៅ អង់គ្លេស មាន​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​ជំនួយការ​តំណាងរាស្ត្រ​ជិត ៦០ រូប នៃ​គណបក្ស​អភិរក្សនិយម (Conservative Party) បាននាំគ្នា​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង នៅពេល​ការគាំទ្រ​សម្រាប់​លោក ច​ន​សុន បាន​ថយចុះ​យ៉ាងគំហុក។

    លោក បូរី​ស ច​ន​សុន ថ្មីៗនេះ​បាន​ប្រឈមមុខ​នឹង​បញ្ហា និង​ការរិះគន់​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការដែល​លោក​បានធ្វើ​ពិធីជប់លៀង​ក្នុង​គ្រា​ដែល អង់គ្លេស កំពុង​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ-១៩ កាលពី​ឆ្នាំ ២០២០ បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​ព្យាករ​ថា មាន​ហានិភ័យ​ធ្លាក់​ទៅក្នុង​វិបត្តិ ព្រោះតែ​អស្ថិរភាព​ដែល​ទាក់ទិន​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​វិបត្តិ​ប្រេងឥន្ធនៈ​សកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៕

  • ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk ទទួលយក​ការទូទាត់​ដោយ​ប្រាក់​គ្រីប​តូ Dogecoin

    ក្រុមហ៊ុន​របស់​មហាសេដ្ឋី Elon Musk ទទួលយក​ការទូទាត់​ដោយ​ប្រាក់​គ្រីប​តូ Dogecoin

    The Boring Company បានឱ្យដឹងថា អតិថិជន​អាច​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ Dogecoin នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី Loop នៅ Las Vegas សហរដ្ឋ​អាម៉េរិក។

    បច្ចុប្បន្ន ប្រព័ន្ធ Loop មិន​គិតថ្លៃ​សេវា​ចំពោះ​អតិថិជន និង​មិនទាន់​ត្រូវបាន​ប្រកាស​អំពី​ពេលវេលា​ដែល​ត្រូវ​គិតថ្លៃ។ ប៉ុន្តែ ក្រុមហ៊ុន The Boring Company គ្រោង​នឹង​លក់​សំបុត្រ ១.៥ ដុល្លារ សម្រាប់​ការ​ជិះ​មួយ​លើក ឬ ២.៥ ដុល្លារ សម្រាប់​មួយថ្ងៃ។

    អតិថិជន​អាច​ស្គែ​ន​កូដ QR នៅលើ​ជញ្ជាំង​ក្នុង​ស្ថានីយ Resorts World ដើម្បី​ទិញ​សំបុត្រ។ អតិថិជន​អាច​ទូទាត់​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក, កាត់​ឥណទាន និង​ប្រាក់​ឌីជីថល​គ្រីប​តូ Dogecoin។

    ប្រព័ន្ធផ្លូវក្រោមដី Loop

    គម្រោង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​នេះ​ត្រូវបាន Elon Musk ប្រកាស​ជា​លើកដំបូង​កាលពី​ចុងឆ្នាំ ២០១៦។ លោក​បាន​ហៅ​គម្រោង​នេះ​ថា The Boring Company និង​បានឱ្យ​ជីក​កាយ​រូង​ក្រោម​ដី​នៅ​ខាងក្រៅ​ទីស្នាក់ការ​របស់ SpaceX នៅ California។

    រថយន្ត​អគ្គិសនី Tesla ដែល​បើកបរ​នៅក្នុង​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​ខាងលើ បច្ចុប្បន្ន​មាន​ល្បឿន​ប្រហែល ៥៦ គីឡូម៉ែត្រ/ម៉ោង។ ប្រព័ន្ធ​នេះ​មិនមាន​កាលបរិច្ឆេទ​នៃ​ការចេញដំណើរ​ជាក់លាក់​ដូច​រថយន្តក្រុង ឬ​រថភ្លើង​ក្រោម​ដី ប៉ុន្តែ ភ្ញៀវ​ត្រូវ​រង់ចាំតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​នឹងមាន​ជើង​អាច​ចេញដំណើរ​បាន។

    Loop មាន​ស្ថានីយ​ចំនួន ៤ នៅ Las Vegas និង​គ្រោង​សាងសង់ ៥០ កន្លែង​បន្ថែមទៀត​នៅទីនេះ។ Boring Company ក៏​កំពុង​អនុវត្ត​គម្រោង​នានា​នៅ Florida និង Texas ផងដែរ។

    ប្រាក់ឌីជីថលគ្រីបតូ Dogecoin

    និយាយ​អំពី Dogecoin វិញ៖ វា​គឺជា​ល្បែង​លេងសើច​មួយ​នៅលើ​អ៊ី​ន​ធើ​ណិ​ត​កាលពី​ឆ្នាំ ២០១៣។ ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ រង​ការរិះគន់​ជាច្រើន។ សូម្បីតែ​សហ​ស្ថាបនិក Jackson Palmer ក៏បាន​ប្រកាស​ចាកចេញ​ពី Dogecoin ដោយ​មិន​វិល​ត្រលប់។

    Dogecoin ល្បីឈ្មោះ​នៅពេល​ត្រូវបាន Elon Musk លើក​យកមក​និយាយ​ជា​ញឹកញាប់​នាពេលថ្មីៗនេះ។ ១  Dogecoin បច្ចុប្បន្ន​មានតម្លៃ​ប្រហែល ៧ សេន​ដុល្លារ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង ៦៨ សេន កាលពី​ឆ្នាំ​កន្លង។ ប្រាក់​នេះ​បាន​ឡើងថ្លៃ ៤,០០០% កាលពី​ឆ្នាំ ២០២១ ប៉ុន្តែ បាន​ធ្លាក់​ថ្លៃ ៧០% ក្នុង​រយៈពេល ១២ ខែ​កន្លង៕

  • ចិនដីគោក ធ្វើតេស្ត​យន្តហោះ​ទម្ងន់ «មហា​ស្រាល» ធ្វើ​អំពី​សរសៃ​កាបូន

    ចិនដីគោក ធ្វើតេស្ត​យន្តហោះ​ទម្ងន់ «មហា​ស្រាល» ធ្វើ​អំពី​សរសៃ​កាបូន

    យន្តហោះ ២ កៅអី ZA800 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ZAir ត្រូវបាន​ផលិត​អំពី​សរសៃ​កាបូន អាច​ហោះហើរ​ក្នុង​ល្បឿន ២២២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១,២០០ គីឡូម៉ែត្រ។

    យន្តហោះ ZA800 ត្រូវបាន​សាកល្បង​ការហោះហើរ​ដំបូង​ដោយ​ជោគជ័យ​នៅឯ​ទីក្រុង Jingmen នៃ​ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី ៤ កក្កដា។

    នេះ​គឺជា​យន្តហោះ​មួយ​ប្រភេទ​ក្នុងចំណោម​យន្តហោះ​ធុន​ស្រាល​ទំនើប​បំផុត​ក្នុង​ពិភពលោក។ វា​អាច​ហោះ​នៅពេល​យប់ ក្នុង​ល្បឿន ២២២ គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​បាន​ចម្ងាយ ១,២០០ គីឡូម៉ែត្រ។

    យន្តហោះ ២ កៅអី ZA800 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ZAir នេះ ត្រូវបាន​ផលិតឡើង​ដោយ​ធនធាន​ក្នុងស្រុក​ទាំងស្រុង។

    Xu Qiang ប្រធាន​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន ZAir និយាយថា «កន្លងមក យន្តហោះ​ប្រភេទ​នេះ​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ផលិត​អំពី​សមាសធាតុ​អា​លុយ​មី​ញូ​ម និង​មាន​ផ្នែក​ជាច្រើន ដូច្នេះ​តម្លៃ​ក៏​ថ្លៃ ហើយ​សមាសធាតុ​អា​លុយ​មី​ញូ​ម​ក៏​មិន​រឹងមាំ​ដូច​សរសៃ​កាបូន។ ដូច្នេះហើយ ការប្រើប្រាស់​សរសៃ​កាបូន​នៅក្នុង​យន្តហោះ គឺមាន​ប្រៀប​ជាង​ពីរ​ប្រការ៖ កាត់បន្ថយ​ទម្ងន់ និង​មាន​ប្រសិទ្ធភាព​ជាង»។

    តាម​គម្រោង យន្តហោះ ZA800 នឹងត្រូវ​បាន​ផលិត​ចំនួន​ច្រើន​នៅក្នុង​ឆ្នាំនេះ និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការងារ​ហ្វឹកហាត់ ការធ្វើដំណើរ​លក្ខណៈ​ឯកជន សកម្មភាព​នាំ​ផ្លូវ និង​ក្នុង​វិស័យ​ជាច្រើន​ទៀត។

  • រកឃើញ​ផ្កាយ​មួយ​ដួង ល្បឿន ២៩ លាន​គីឡូម៉ែត្រ/ម៉ោង គោចរ​កៀក​នឹង​ប្រហោង​ខ្មៅ​យក្ស

    រកឃើញ​ផ្កាយ​មួយ​ដួង ល្បឿន ២៩ លាន​គីឡូម៉ែត្រ/ម៉ោង គោចរ​កៀក​នឹង​ប្រហោង​ខ្មៅ​យក្ស

    ផ្កាយ S4716 ប្រើពេល​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ​ដើម្បី​គោចរ​បាន ១ ជុំ Sagittarius A* ដែលជា​ប្រហោង​ខ្មៅ​យក្ស​មួយ​មាន​អង្កត់ផ្ចិត​ប្រមាណ ២៣.៥ លាន​គីឡូម៉ែត្រ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ផ្កាយ S4716 ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​នេះ កំពុង​គោចរ​ជុំវិញ​ប្រហោង​ខ្មៅ Sagittarius A* ដែល​ស្ថិតនៅ​ចំ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ។ ការស្រាវជ្រាវ​ថ្មី​នេះ​ត្រូវបាន​ផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal កាលពី​ថ្ងៃទី ៥ កក្កដា។

    ផ្កាយ​ថ្មី​ដែល​ទើប​ត្រូវបាន​រកឃើញ និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា S4714 នេះ ចំណាយពេល​តែ ៤ ឆ្នាំ​ប៉ុណ្ណោះ គឺ​វិល​បាន ១ ជុំ​ប្រហោង​ខ្មៅ Sagittarius A* ដោយមាន​ល្បឿន ២៩ លាន​គីឡូម៉ែត្រ​ក្នុង ១ ម៉ោង ឬ ៨,០០០ គីឡូម៉ែត្រ/វិនាទី។ គម្លាត​ជិត​បំផុត​រវាង​ផ្កាយ S4716 និង​ប្រហោង​ខ្មៅ Sagittarius A* គឺ ១៥០ លាន​គីឡូម៉ែត្រ។

    គម្លាត​ខាងលើនេះ ឆ្ងាយ​ជាង​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ​ត្រឹមតែ ១០០ ដង​ប៉ុណ្ណោះ។ ព្រះអាទិត្យ​របស់​មនុស្ស​យើង​វិល​ជុំវិញ​ប្រហោង​ខ្មៅ Sagittarius A* ក្នុង​រយៈ​ចម្ងាយ​ប្រហែល ២៥,០០០ ឆ្នាំ​ពន្លឺ ដែល ១ ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ ៩.៥ ពាន់​លាន​គឺ​ឡូ​ម៉ែត្រ។

    ព្រះអាទិត្យរបស់មនុស្សយើងវិលជុំវិញប្រហោងខ្មៅ Sagittarius A* ក្នុងរយៈចម្ងាយប្រហែល ២៥,០០០ ឆ្នាំពន្លឺ

    ផ្កាយ S4714 ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ​ដ៏​ក្រាស់​មួយ​ដែល​ហៅថា កញ្ចុំ​ផ្កាយ S កំពុង​វិលជុំ​វិញ​ចំណុចកណ្ដាល​របស់​កាឡា​ក់​ស៊ី​មី​ល​គី​វ៉េ និង​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​នេះ។ ផ្កាយ​ទាំងអស់​របស់​កញ្ចុំ​ផ្កាយ​នេះ គោចរ​ក្នុង​ល្បឿន​មហា​លឿន ប៉ុន្តែ​កម្រិត​ពន្លឺ និង​ទំហំ​មាន​ភាពខុសគ្នា។

    Florian Peissker តារា​រូប​វិទូ​នៅ​សាកលវិទ្យាល័យ Cologne (អាល្លឺម៉ង់) ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ដែល​បាន​រកឃើញ​ផ្កាយ S4714 បានឱ្យដឹងថា «ការរកឃើញ​ផ្កាយ ១ ដួង​ដែល​គោចរ​ទៅតាម​គន្លង​ស្ថិរភាព និង​យ៉ាង​លឿន​នៅក្នុង​តំបន់​ក្បែរ​ប្រហោង​ខ្មៅ​យក្ស​បែបនេះ​គឺជា​រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត»៕

  • អំពើ​បាញ់ប្រហារ​នៅក្នុង​រដូវ​បុណ្យ​ឯករាជ្យ​អាម៉េរិក​ឆ្នាំនេះ បានសម្លាប់​មនុស្ស​រាប់​រយ​នាក់

    អំពើ​បាញ់ប្រហារ​នៅក្នុង​រដូវ​បុណ្យ​ឯករាជ្យ​អាម៉េរិក​ឆ្នាំនេះ បានសម្លាប់​មនុស្ស​រាប់​រយ​នាក់

    ករណី​អំពើហិង្សា​ទាក់ទិន​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​គួរឱ្យ​បារម្ភ នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ ៤ កក្កដា កាលពី​ចុង​សប្ដាហ៍​កន្លង ដោយ​វា​បានសម្លាប់​មនុស្ស​យ៉ាងតិច ២២០ នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជិត ៥៧០ នាក់។

    ទិន្នន័យ​របស់ Gun Violence Archive ដែលជា​អង្គការក្រៅរដ្ឋាភិបាល មាន​ជំនាញ​ក្នុងការ​តាមដាន​ករណី​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា ក្នុង​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី ១ ដល់ ៤ កក្កដា​នៃ​ទិវា​បុណ្យ​ឯករាជ្យ​កន្លងទៅ នៅក្នុង​រដ្ឋ​ស្ទើរតែ​ទាំងអស់​របស់ សហរដ្ឋ​អាម៉េរិក បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​ចំនួន​ជាង ៥០០ ករណី ក្នុងនោះ​ក៏មាន ១១ ករណី​ដែលជា​អំពើ​បាញ់រះ​លើ​ហ្វូងមនុស្ស។ មាន​រដ្ឋ​ចំនួន​តែ ៥ ប៉ុណ្ណោះ ដែល​មិនមាន​ករណី​បាញ់ប្រហារ​នៅក្នុង​រដូវ​បុណ្យ​នេះ។

    ចាប់តាំងពី​ដើមឆ្នាំ ២០២២ រហូតដល់​បច្ចុប្បន្ន មាន​អំពើ​បាញ់រះ​ចំនួន ៣១៥ ករណី នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ប្រហែល ២២,៥០០ នាក់​បាត់​បង់ជីវិត។ សហរដ្ឋ​អាម៉េរិក ចាត់ទុក​អំពើ​បាញ់ប្រហារ​ដែល​បណ្ដាលឱ្យ​មាន​មនុស្ស​យ៉ាងតិច ៤ នាក់​ស្លាប់ ឬ​របួស ថា​ជា​អំពើ​បាញ់រះ។

    ករណី​ហិង្សា​នៅក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​អាម៉េរិក ៤ កក្កដា មិនមែនជា​រឿង​កម្រ​នោះទេ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ឆ្នាំ ២០២១ មាន​មនុស្ស​ជាង ១៨០ បាន​ស្លាប់ និង ៥១៦ នាក់​រងរបួស​នៅ​ក្នុងករណី​បាញ់ប្រហារ​ក្នុង​រដូវ​បុណ្យ​ឯករាជ្យ​នេះ។

    សហរដ្ឋអាម៉េរិក ចាត់ទុកអំពើបាញ់ប្រហារដែលបណ្ដាលឱ្យមានមនុស្សយ៉ាងតិច ៤ នាក់ស្លាប់ ឬរបួស ថាជាអំពើបាញ់រះ

    សាធារណជន​អាម៉េរិក កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​ប្រើប្រាស់​កាំភ្លើង។ កាលពី​ថ្ងៃ​ទ ២៤ ឧសភា មាន​ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅឯ​សាលាបឋមសិក្សា Robb ក្នុង​តំបន់ Uvalde នៃ​រដ្ឋ Texas បាន​បណ្ដាលឱ្យ​ក្មេង​ចំនួន ១៩ នាក់ និង​មនុស្សពេញវ័យ ២ នាក់ បាត់បង់​ជីវិត។

    ក្រោយ​កើតមាន​អំពើ​បាញ់រះ​នេះ សមាជិកសភា​អាម៉េរិក បាន​ជំរុញ​ឱ្យ​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់ «ដើម្បី​សហគមន៍​មាន​សុវត្ថិភាព​ជាង​មុន» បំណង​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ។ កាលពី​ថ្ងៃទី ២៥ មិថុនា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​អនុម័ត​លើ​ច្បាប់​នេះ។

    នេះ​គឺជា​ការប្រឹងប្រែង​ថ្មី និង​សំខាន់បំផុត​របស់ រដ្ឋាភិបាល​អាម៉េរិក ក្នុងការ​ដោះស្រាយ​អំពើហិង្សា​ពាក់​ទ័​ន្ធ​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក រាប់​ចាប់តាំងពី​បទបញ្ជា​ហាម​ប្រើប្រាស់​អាវុធ​ដែលមាន​សុពលភាព ១០ ឆ្នាំ បាន​អស់​សុពលភាព​កាលពី​ឆ្នាំ ១៩៩៤៕

  • រាជរដ្ឋាភិបាល​ជប៉ុន ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ​លើ​ថ្លៃ​ប្រេងសាំង​ក្នុងស្រុក

    រាជរដ្ឋាភិបាល​ជប៉ុន ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ​លើ​ថ្លៃ​ប្រេងសាំង​ក្នុងស្រុក

    រាជរដ្ឋាភិបាល​ជប៉ុន ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើ​តម្លៃ​ប្រេងសាំង ៣.៤ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ២៧ មករា ប៉ុន្តែ ចាប់ពី​ថ្ងៃទី ៧ កក្កដា ខ្ទង់​ជំនួយ​នេះ​គ្រោង​នឹងត្រូវ​បាន​ដំឡើង​ដល់ ៤០.៨ យ៉េន/លីត្រ (ប្រហែល ១,២០០ រៀល)។

    កាលពី​ថ្ងៃទី ៦ កក្កដា ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន (METI) បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី ៤ កក្កដា តម្លៃ​លក់រាយ​ប្រេងសាំង​ជា​មធ្យម​នៅ​ប្រទេស​នេះ បាន​ធ្លាក់ចុះ ១.៣ យ៉េន/លីត្រ ធៀប​នឹង ១ សប្ដាហ៍​មុន​នោះ មក​នៅត្រឹម ១៧៣.៦ យ៉េន/លីត្រ (ប្រហែល ៥,២០០ រៀល)។ នេះ​គឺជា​លើកដំបូង​ហើយ​នៅក្នុង​រយៈ ៥ សប្ដាហ៍ ដែល​តម្លៃ​លក់រាយ​ប្រេងសាំង​ជា​មធ្យម​នៅ​ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ។

    ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ៣០ មិថុនា ដល់ ៦ កក្កដា រាជរដ្ឋាភិបាល​ជប៉ុន បាន​ឧបត្ថម្ភ ៣៨.៤ យ៉េន/លីត្រ ដល់​បណ្ដា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ប្រេងសាំង​ក្នុងប្រទេស ដើម្បី​ធ្វើឱ្យ​តម្លៃ​ប្រេងសាំង​ធ្លាក់​ថ្លៃ ៣៦.២ យ៉េន/លីត្រ។ រាជរដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ថ្លៃ​ប្រេងសាំង ឡើងដល់ ៤០.៨ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ៧ កក្កដា។

    រាជរដ្ឋាភិបាល​ជប៉ុន ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើ​តម្លៃ​ប្រេងសាំង ៣.៤ យ៉េន/លីត្រ ចាប់ពី​ថ្ងៃទី ២៧ មករា ក្នុង​បំណង​ទប់​ទល់នឹង​ការឡើង​ថ្លៃ​ខ្ពស់​របស់​ទំនិញ​នេះ។ ដំបូង​ឡើយ រដ្ឋាភិបាល​ជប៉ុន ផ្ដល់​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ត្រឹមតែ ៣.៤ យ៉េន/លីត្រ ដល់​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ប្រេងសាំង​ក្នុងស្រុក​ចំនួន ២៩ ស្ថាប័ន ហើយ​គ្រោង​នឹង​បញ្ចប់​កម្មវិធី​ឧបត្ថម្ភ​នេះ​ត្រឹម​ចុងខែ​មីនា ២០២២។ ក៏ប៉ុន្តែ ដោយសារ​ប្រេង​ឆៅ​ពិភពលោក​ចេះតែ​ឡើងថ្លៃ បន្ទាប់ពី រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ជប៉ុន ក៏ត្រូវ​ដំឡើង​ខ្ទង់​ប្រាក់​ជំនួយ និង​ពន្យារពេល​កម្មវិធី​នេះ​ជា​បន្តបន្ទាប់៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០៧ ខែ​កក្កដា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​វេលា​ទៀប​ភ្លឺ​ ​ថ្ងៃទី ០៧ ខែ​កក្កដា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ០៦ នាក់ទៀត ដែល​សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុងសហគមន៍ ខណៈ​ដែល​អ្នក​ជាសះស្បើយថ្មី​ និង​​ករណី​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​នេះ​ មិន​ទាន់មាន​។

  • Citigroup ៖ តម្លៃ​ប្រេង​អាច​ធ្លាក់​មក​នៅត្រឹម ៦៥ ដុល្លារ​អាម៉េរិក/ធុង នៅ​ចុង​ឆ្នាំនេះ

    Citigroup ៖ តម្លៃ​ប្រេង​អាច​ធ្លាក់​មក​នៅត្រឹម ៦៥ ដុល្លារ​អាម៉េរិក/ធុង នៅ​ចុង​ឆ្នាំនេះ

    ការព្រួយបារម្ភ​អំពី​ហានិភ័យ​សេដ្ឋកិច្ច​ធ្លាក់​ទៅក្នុង​វិបត្តិ បណ្ដាលឱ្យ​ប្រេង​ពិភពលោក​បន្ត​ធ្លាក់​ថ្លៃ​នៅក្នុង​ការជួញដូរ​ក្នុង​ថ្ងៃទី ៦ កក្កដា ហើយ​បើ​យោងតាម​ក្រុមហ៊ុន Citigroup តម្លៃ​ប្រេង Brent អាច​ធ្លាក់​មក​នៅត្រឹម ៦៥ ដុល្លារ/ធុង នៅ​ចុងឆ្នាំ ២០២២ បើសិនជា​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង។

    ចប់​ការជួញដូរ​នៅក្នុង​ទីផ្សារ New York កាលពី​ម្សិលមិញ តម្លៃ​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា បាន​ធ្លាក់ចុះ ៩៧ សេន​ដុល្លារ (១%) មក​នៅត្រឹម ៩៨.៥៣ ដុល្លារ/ធុង។ ក្នុង​គ្រា​នោះដែរ ក្នុង​ទីផ្សារ​នៅ ទីក្រុង​ឡុង​ដ៍ តម្លៃ​ប្រេង Brent ប្រគល់​ក្នុង​ខែកញ្ញា បាន​ធ្លាក់ចុះ ២.០៨ ដុល្លារ (២%) មក​នៅត្រឹម ១០០.៦៩ ដុល្លារ​អាម៉េរិក/ធុង។ ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ ប្រេង Brent ពេលខ្លះ​បាន​ធ្លាក់​ថ្លៃ​មក​នៅក្រោម ១០០ ដុល្លារ/ធុង។

    ក្នុងការ​ជួញដូរ​មួយថ្ងៃ​មុន​នោះ ប្រេង WTI បាន​ធ្លាក់​ថ្លៃ​មកក្រោម ១០០ ដុល្លារ/ធុង។ ជាក់ស្ដែង តម្លៃ​ប្រេង WTI ប្រគល់​ក្នុង​ខែសីហា កាលពី​ម្សិលម្ង៉ៃ​បាន​ធ្លាក់ចុះ ៨.៩៣ ដុល្លារ (៨.២%) មក​នៅត្រឹម ៩៩.៥០ ដុល្លារ​អាម៉េរិក/ធុង។

    ការប្រែប្រួល​នៃ​តម្លៃ​ប្រេង បានបង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​អ្នកវិនិយោគ​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច​សកល​ត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ ដោយសារតែ​គោលនយោបាយ​បង្កើន​ការប្រាក់​ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដែល​ប៉ះពាល់​ដល់​តម្រូវ​ការប្រើ​ប្រាស់​ថាមពល។

    យោងតាម​ក្រុមហ៊ុន Citigroup ប្រេង​ឆៅ​អាច​ធ្លាក់​ថ្លៃ​មក​នៅត្រឹម ៦៥ ដុល្លារ​អាម៉េរិក/ធុង​នៅ​ចុងឆ្នាំ​នេះ និង​នៅត្រឹម ៤៥ ដុល្លារ/ធុង​នៅ​ចុងឆ្នាំ ២០២៣ បើសិន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង។

    ក្រុមអ្នកវិភាគ​របស់ Citigroup បានឱ្យដឹងថា ការរំពឹងទុក​នេះ​គឺ​យោងទៅលើ​លក្ខខណ្ឌ «OPEC+ មិន​ធ្វើ​អន្តរាគមន៍​ចូលក្នុង​ទីផ្សារ ហើយ​ការវិនិយោគ​ទៅលើ​សកម្មភាព​រុករក​ប្រេង​ត្រូវ​ធ្លាក់ចុះ៕

  • ក្រុម​សកម្មប្រយុទ្ធ​ «ហែកគុក» នៅ អាប៊ូហ្សា រំដោះ​បាន​អ្នកទោស​ ៣០០​ នាក់

    ក្រុម​សកម្មប្រយុទ្ធ​ «ហែកគុក» នៅ អាប៊ូហ្សា រំដោះ​បាន​អ្នកទោស​ ៣០០​ នាក់

    (នី​ហ្សេ​រី​យ៉ា)-អ្នកទោស​ប្រហែល ៣០០ នាក់ បាន​រត់​គេចខ្លួនបាត់​ស្រមោល បន្ទាប់ពី​ហេតុការណ៍​សម្រុកចូល​ហែ​ក​គុក​នៅ រដ្ឋធានី​អាប៊ូហ្សា (Abuja) ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម Boko Haram។

    Shuaib Belgore លេខា​អចិន្ត្រៃយ៍​នៃ ក្រសួងមហាផ្ទៃ​នី​ហ្សេ​រី​យ៉ា កាលពី​ម្សិលមិញ​បានឱ្យដឹងថា ហេតុការណ៍​សម្រុកចូល​ហែក​គុក អាប៊ូហ្សា ជាទី​ដែល​ដាក់​អ្នកទោស ៩០០ នាក់ ដែល​បាន​កើតឡើង​នៅក្នុង​យប់​ថ្ងៃទី ៥ កក្កដា​នោះ បណ្ដាល​ឱ្យ​សន្តិសុខ​ម្នាក់​ស្លាប់ និង ៣ នាក់​ផ្សេងទៀត​រងរបួស។ មន្ត្រី​ខាងលើ​ជឿថា ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម Boko Haram ទំនងជា​មានបំណង​ស្វែងរក និង​រំដោះ​សមាជិក​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ។

    «ពួកគេ​មក​ដើម្បី​រំដោះ​សមាជិក​ក្រុម ប៉ុន្តែ​អ្នកទោស​ទាំងនេះ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដូច្នេះ​អ្នកទោស​ដទៃ​ជាច្រើន​ផ្សេងទៀត​ដ៏​បាន​រត់គេចខ្លួន។ ក៏ប៉ុន្តែ អ្នកទោស​ជាច្រើន​នាក់​ត្រូវបាន​ចាប់​ត្រលប់​មកវិញ» Belgore ឱ្យដឹង​ដូច្នេះ។

    លោក Belgore បាន​បញ្ជាក់ថា អ្នកទោស​ជាង ៦០០ នាក់ បាន​រត់គេចខ្លួន ប៉ុន្តែ ពាក់កណ្ដាល​ក្នុងចំណោម​ពួកគេ​ត្រូវបាន​ចាប់បញ្ជូន​ត្រលប់​ចូល​ពន្ធនាគារ​វិញ ចំណែក​ក្រៅពីនេះ អាជ្ញាធរ​កំពុង​តាម​ស្វែងរក។

    ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម Boko Haram ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០២ ហើយ​ក្រោយមក​ក៏​​ត្រូវ​បាន​អន្តរជាតិ​ចាត់ទុក​ថា​ជា​ក្រុម​ភេរវកម្ម។ ក្រុម​នេះ​បាន​ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​សិស្សសាលា វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ និង​ប្រជាជន​ស៊ីវិល​ផងដែរ៕

  • ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​លេខ​ទូរស័ព្ទ​សម្រាប់​ផ្ដល់​ប្រឹក្សា​យោបល់​អំពី​ការចុះបញ្ជី​យានយន្ត ឬ​បណ្ណ​បើកបរ​យានយន្ត

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​លេខ​ទូរស័ព្ទ​សម្រាប់​ផ្ដល់​ប្រឹក្សា​យោបល់​អំពី​ការចុះបញ្ជី​យានយន្ត ឬ​បណ្ណ​បើកបរ​យានយន្ត

    លោកអ្នក​ដែល​ចង់ដឹង​ព័ត៌មាន​ស្ដីពី​សេវាសាធារណៈ អាច​ហៅ​ទូរស័ព្ទ​ទៅ​លេខ ១២៧៥ ដែលជា​ខ្សែ​ទូរស័ព្ទ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ខ្សែ​ទូរស័ព្ទ​នេះ នឹង​ទទួល​ឆ្លើយ​នូវ​សំណួរ ឬ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ស្ដីពី​សេវាសាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    លោកអ្នក​នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ដោយ​ឥតគិតថ្លៃ រៀងរាល់​ម៉ោង​ធ្វើការ លើ​សេវាសាធារណៈ រួមមាន​ដូចជា ការចុះបញ្ជី​យានយន្ត, ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (ឆៀក) និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​បណ្ណ​បើកបរ​យានយន្ត​ជាដើម។ល។